Blog Archives
បណ្ណាល័យគ្រួសារ
Posted by Bona
បណ្ណាល័យគ្រួសារជាពាក្យដែលខ្ញុំដាក់ឈ្មោះឲ្យបន្ទប់សៀវភៅដ៏តូចមួយនៅក្នុងផ្ទះ។ បើទោះបីជាចំនួនសៀវភៅមានតិចតួចស្ដួចស្ដើងក៏ពិតមែន ប៉ុន្ដែវាបានដើរតួនាទីយ៉ាងសកម្មសម្រាប់សមាជិកគ្រួសារទាំងអស់ចាប់ពីតូចរហូតដល់ធំ ដែលតែងតែប្រើប្រាស់វាជាប្រចាំដើម្បីបំពេញតម្រូវការនៃការអាន ការស្រាវជ្រាវផ្សេងៗ ។ ជាមួយនឹងចំនួនសៀវភៅដែលមានប្រមាណជាជិត ៥០០០ក្បាល នៅក្នុងទូ ក្នុងបាវនិង ជាង ២០០០ក្បាលទៀតជាប្រភេទសៀវភៅអេឡិចត្រូនិច វាបានឆ្លើយតបតម្រូវការនៃការអានក្នុងផ្ទះបានមួយភាគធំដោយមិនចាំបាច់ធ្វើដំណើរទៅកាន់បណ្ណាល័យជាតិ ឬ បណ្ណាល័យផ្សេងៗឡើយ។
បន្ទប់សៀវភៅដ៏តូចមួយនេះរួមមានសៀវភៅដូចជា៖ អក្សរសាស្រ្ដខ្មែរ ប្រវត្តិសាស្រ្ដ វប្បធម៌ អរិយធម៌ខ្មែរ ភាសាបរទេស ព្រះពុទ្ធសាសនា នយោបាយ បច្ចេកវិទ្យាព័ត៌មានវិទ្យា ។ល។ និយាយពីបរិមាណគឺមិនអាចប្រៀបស្មើជាមួយនឹង បណ្ណាល័យធំៗបានទេ តែបើនិយាយពីគុណប្រយោជន៍វិញគឺមិនចាញ់ឈ្នះគ្នានោះឡើយ ដោយសារបន្ទប់ដ៏តូចនេះបម្រើឲ្យការអាន និង ការស្រាវជ្រាវ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ទាំងថ្ងៃឈប់សម្រាក បុណ្យជាតិ និង អន្តរជាតិ ដែលបណ្ណាល័យធំៗ និង បណ្ណាល័យដទៃទៀតមិនអាចធ្វើដូចបាន។ បណ្ណាល័យផ្សេងៗ បើកឲ្យដំណើរការមានការកំណត់ជាក់លាក់ ប៉ុន្ដែបន្ទប់សៀវភៅដ៏តូចនេះបំពេញតម្រូវការដល់សមាជិកគ្រួសារគ្មានកាលកំណត់ ពោលគឺ ឲ្យតែចង់អាន ឬ ស្រាវជ្រាវ យើងអាចធ្វើបានគ្រប់ពេលវេលា មិនថាពេលយប់ ឬ ពេលថ្ងៃនោះទេ។
នឹកទៅដល់កាលវ័យកុមារ ពេលចង់អានសៀវភៅផ្សេងៗ យើងត្រូវខ្ចីគេខ្ចីឯង ឬ ខ្ចីនៅបណ្ណាល័យរបស់សាលារៀន ដែលមានសៀវភៅដើម្បីបានអាននូវរាល់អត្ថបទដែលយើងត្រូវការ វាជាពេលវេលាដ៏លំបាកមួយសម្រាប់រូបខ្ញុំនៅពេលដែលឃើញមិត្តភក្ដិគេមានសៀវភៅប្លែកៗល្អៗ ពេលនោះទាមទារឲ្យយើងខ្ចីគេដើម្បីបានអានទោះជាបានអានតិចក្ដីច្រើនក្ដីក៏ដោយ ជួនកាលអាចសុំគេដើម្បីយកវាមកចម្លងទុកប្រសិនបើវាជាសៀវភៅដ៏ល្អហើយមានតម្លៃទៀតនោះ សម័យដែលជនបទពុំទាន់មានសម្ភារទំនើបៗសម្រាប់ថតចម្លងឯកសារផ្សេងៗ យើងត្រូវចម្លងឯកសារដោយដៃផ្ទាល់ដើម្បីរក្សាទុក ហើយបើប្រៀបជាមួយអ្នកទីក្រុងគេអាចមានលទ្ធភាពជាង ប៉ុន្តែក៏មានយុវវ័យមួយចំនួនក៏មិនចូលចិត្តការអានដែរ ខណៈពេលដែលគេមានសៀវភៅគ្រប់គ្រាន់ ខុសពីក្មេងជនបទមួយចំនួនដែរខ្វះខាត ហើយត្រូវការឯកសារនោះ។
ក្រោយបញ្ចប់ថ្នាក់បឋមសិក្សា ហើយឈានជើងចូលរៀននៅអនុវិទ្យាល័យ ខ្ញុំចាប់ផ្ដើមចេះសន្សំ ប្រមែប្រមូលសៀវភៅ រួមមាន៖ ការខ្ចីគេខ្លះ ចម្លងខ្លះ ដើម្បីបានឯកសារទុកសម្រាប់ពេលមួយដែលត្រូវការ។ តាំងពីមុនរហូតមកដល់ពេលនេះខ្ញុំមានសៀវភៅផ្ទាល់ខ្លួនប្រមាណជាជាង ៣០០០ក្បាលរួមទាំងសៀវភៅអេឡិចត្រូនិចផង ដោយមិនរាប់បញ្ចូលសៀវភៅរបស់សមាជិកនៃគ្រួសារផ្សេងៗទៀត។
ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំង និង ឲ្យតម្លៃខ្ពស់ទៅអង្គការមួយចំនួន ដែលបង្កើតឲ្យមានបណ្ណាល័យចល័ត បម្រើឲ្យការអានសម្រាប់ក្មេងៗនៅជនបទនាពេលបច្ចុប្បន្ន ខណៈដែលក្មេងៗនៅទីក្រុងមួយចំនួនធំ គេស្ថិតក្នុងភាពសំបូរបែបនោះ។ ជាការប្រសើរណាស់ដែលនាំឲ្យកុមារាកុមារីក្រីក្រនៅជនបទ ដែលគ្មានលទ្ធភាពទិញសៀវភៅ ឬ ស្វែងរកសៀវភៅដើម្បីបំពេញតម្រូវការនៃការអានរបស់ខ្លួន អាចមានសៀវភៅសម្រាប់អាន តាមរយៈបណ្ណាល័យចល័ត ដែលបង្កើតនៅលើរថយន្ដមួយត្រាច់ចរទៅគ្រប់ភូមិស្រុកសម្រាប់ផ្ដល់ការអានដល់ក្មេងៗ។
ពេលមួយដែលមិនត្រូវការយើងអាចនឹងគិតថាសៀវភៅគ្មានប្រយោជន៍ នេះគឺជាការយល់ខុសទាំងស្រុង ឲ្យតែមានសៀវភៅ មានការអាន ការស្រាវជ្រាវ នឹងនាំមកនូវភាពរីកចម្រើន ទោះតិចក្ដី ច្រើនក្ដី ។ ជាបទពិសោធន៍ ពេលដែលខ្ញុំទៅប្រទេសមួយក្នុងតំបន់យើង ខ្ញុំសង្កេតឃើញប្រជាជនគេភាគច្រើន ចូលចិត្តការអាន។ តាមរយៈនេះខ្ញុំក៏ចង់ឲ្យយើងទាំងអស់គ្នាចូលចិត្តការអានដែរ ដើម្បីភាពរីកចម្រើននៃចំណេះដឹងរបស់យើង។
សម្រាប់ខ្ញុំ គឺនៅតែចូលចិត្តការអាន និង ស្រាវជ្រាវឯកសារចាស់ៗ ដើម្បីបង្កើនចំណេះដឹង ហើយអ្វីដែលនៅតែធ្វើឲ្យខ្ញុំចូលចិត្តជាងគេគឺ អក្សសាស្រ្ដជាតិខ្មែរ បើទោះជាសព្វថ្ងៃខ្ញុំមានជំនាញបច្ចេកវិទ្យា ដែលឃ្លាតឆ្ងាយពីអក្សរសាស្រ្ដក៏ដោយក្ដី ក៏ខ្ញុំនៅតែបន្ដមើល និង ឆ្លៀតអានវាដែរ ពេលខ្លះខ្ញុំតែងជាកំណាព្យជាដើម។
សម្រាប់បទបរិយាយដ៏ខ្លីមួយនេះ ខ្ញុំចង់ឲ្យប្រជាជាតិខ្មែរទាំងក្មេងទាំងចាស់ស្រឡាញ់ចូលចិត្តការអាន និង ស្រាវជ្រាវគ្រប់ៗគ្នា និង គួរតែមានបន្ទប់សៀវភៅតូចមួយក្នុងគ្រួសារតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីបម្រើឲ្យការអានឆ្ពោះទៅរកភាពរីកចម្រើន៕
“មានសៀវភៅ មានការអាន មានការរីកចម្រើន ”
Posted in ផ្ទាល់ខ្លួន, វិស័យអប់រំ
Tags: ការអាន, បណ្ណាល័យគ្រួសារ, ភ្លៀង, សៀវភៅ, Facebook, Funny thing, Linux, Login, Operating system, Synaptic (software), Twitter