បុណ្យមាឃបូជា


បុណ្យមាឃបូជា


meakha bochea

បុណ្យ​មាឃ​បូជា​ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សំខាន់​បំផុត​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ ។ ពិធី​បុណ្យ​ព្រះ ពុទ្ធសាសនា​មួយ​នេះ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​ការ​ប្រារព្ធ​ឡើង​ដោយ​ពុទ្ធសាសនិក​ ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ ខ្មែរ​ក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​ ឬ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​យួន​ ពុទ្ធសាសនិក​​លាវ​ និង​​ ពលរដ្ឋ​សៀម​។ ពិធី​បុណ្យ​នេះ​ ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ ១៥​ កើត​ខែ​មាឃ​ នៃ​ចន្ទគតិ​រៀង​រាល់​ឆ្នាំ ។​ ការ​ប្រារព្​ធ ពិធី​បុណ្យ​នេះ​ ក្នុង​បំណង​រំឭក​ដល់​ព្រឹត្តិការណ៍​ ​២​ សំខាន់ៗ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​គឺ៖

រំឮក​ដល់​ថ្ងៃ​ ចតុរង្គសន្និបាត​ (អាន​ថា៖​ ចៈ ឬ ចាតុរ៉ង់គៈសន់និបាត)​ នៃ​ព្រះ​ ភិក្ខុ​សង្ឃ​ទាំង​ ១២៥០អង្គ​ នា​ថ្ងៃ​ ១៥​ កើត​ ខែ​មាឃ​ នៅ​ក្នុង​វត្ត​វេឡុវ័ន​ ឋិត​នៅ​ក្នុង​ កលន្ទកនិវាបស្ថាន​ ក្រុង​រាជ​គ្រឹះ​ មកធរដ្ឋ​ ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ សំដៅ​ត្រង់​ ប្រទេស​ឥណ្ឌា​ដែល​ហៅ​ថា ប៊ិហារ​ (ពិហារ)​

រំឭក​ដល់​ថ្ងៃព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុ​សង្ខារ​ គឺ​ពេលនោះ​ព្រះអង្គ​មាន​ព្រះជន្ម​ បើ​គិត​តាម​ឈ្មោះខែ​ នៅ​ខ្វះ​ប្រហែល ៤ខែ​ និង​បើ​គិត​តាម​ចំនួន​ថ្ងៃ​ នៅ​ខ្វះ​ ៨៨​ថ្ងៃ​ ទៀត​ នឹង​គម្រប់​ ៨០ឆ្នាំគត់​ ។ ព្រះ​អង្គ​ទ្រង់​កំណត់​នូវ​ព្រះ​ជន្មាយុ​សង្ខារ​ថា “ម្នាល​ភិក្ខុ​ទាំង​ឡាយ គិត​ពី​ថ្ងៃ​នេះ​ទៅ​ នៅ​ខ្វះ​តែ​ ៣ ខែ​ទៀត​ទេ តថា​គត​នឹង​រលត់​ខន្ធ​ចូល​កាន់​និព្វាន​”​។​ ៥៨៨ឆ្នាំ​ មុន​គ្រិស្តសករាជ​ នៅ​ក្នុង​វត្តវេឡុវ័ន​ ឋិត​នៅ​ក្នុង​ កលន្ទកនិវាបស្ថាន​ ក្រុង​រាជ​គ្រឹះ​ មកធរដ្ឋ​ ព្រះពុទ្ធសមណគោត្តម​ ទ្រង់​បាន​ប្រកាស​បង្កើត​ព្រះពុទ្ធ សាសនា​ឡើង​ក្នុង​លោក​តាម​រយៈ​ «ចតុរង្គសន្និបាត»​ ដែល​មាន​សមាជិក​ព្រះអរហន្ត​ សាវ័ក​ចំនួន​ ១២៥០អង្គ​ ។

ពាក្យ​ «មាឃបូជា​» តាម​ភាសា​បាលី​សកល​គេ​ហៅ​ពិធី​បុណ្យ​នេះ​ថា​ Mãgha Pujã​ (អានថា៖ ម៉ាឃៈ ប៉ូឆា)​ ភាសា​ខ្មែរ​ហៅថា​ មាឃបូជា​ (ត្រូវ​អាន​ថា៖​មាឃៈ​បូជា ​មិន​ត្រួវ​អាន​ថា​ មាឃបូជា​ ឡើយ)​ ជន​ជាតិ​សៀម​ហៅថា​ มาฆบูชา (អានថា៖ ម៉ាឃៈបូឆា)​ និង​ជនជាតិ​លាវ​ហៅថា​ມະຄະບູຊາ (អានថាៈ ម៉ាឃៈបូឆ្សា)​ ។​

អត្ថន័យ៖ យោង​តាម​វចនានក្រមខ្មែរ​របស់​សម្តេច​ព្រះសង្ឃរាជ​ ជួន ណាត​ (ជោតញ្ញាណោ)​ ត្រង់​ទំព័រ ​៨៧២​ បាន​ពន្យល់​អត្ថន័យ​ត្រង់​ពាក្យ​ « មាឃបូជា​» ថា​ ការ​បូជា​នៅ​ក្នុង​ខែមាឃ​ ឬ​ពិធី​បុណ្យ​មួយ​សម្រាប់​ពុទ្ធ​សាសនា ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ ។

មាឃ​បូជា​ មាឃៈ​– សំ. បា. ( . ) (មាឃ + បូជា) ការ​ធ្វើ​បូជា​ក្នុង​ខែមាឃ​ ។ ឈ្មោះ​ បុណ្យ​មួយ​សម្រាប់​ពុទ្ធសាសនា​ ធ្វើ​ក្នុង​ថ្ងៃ​ពេញបូណ៌មី​ខែមាឃ​ រំឮក​ដល់​សាវ័ក​សន្និបាត​ “ការ​ប្រជុំ​សាវ័ក​” នៃ​ព្រះសម្ពុទ្ធ​ដែល​ហៅ​ថា​ ចាតុរង្គសន្និបាត​ “ការ​ប្រជុំ​មានអង្គបួន” គឺ៖

ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ​ (ថ្ងៃពេញបូណ៌មីខែមាឃ)​

ព្រះភិក្ខុ​សង្ឃ​ ​ចំនួន ១.២៥០​ រូប​ ឥត​បាន​មក​កំណត់​ពេល​គ្នា​ជា​មុន​សោះ​ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា​ ក្នុង​សំណាក់​ព្រះបរមសាស្តា​

ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធ​តែ​ជា​ ឯហិភិក្ខុ​ ដូច​គ្នា​ទាំង​អស់​

ព្រះ​ភិក្ខុសង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះអរហន្ត​ ។​ ការ​ប្រជុំ​មាន​អង្គ​ ៤​ ដូច្នេះ​ ក្នុង​ពុទ្ធសម័យ​មាន​តែ​ម្ដង​គត់​ ក្នុង​វេលា​នោះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ ឱវាទបាតិមោក្ខ​។ ពួក​ពុទ្ធមា​មក​ជន​គ្រប់​ប្រទេស​ក្នុង​សាសន​កាល​រៀង​មក​ កំណត់​ យក​ថ្ងៃ​ពេញបូណ៌មី​ខែមាឃ​រាល់​ឆ្នាំ​ថា ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​បូជា​ ៖ ថ្ងៃមាឃបូជា​, ធ្វើមាឃបូជា, បុណ្យមាឃបូជា ។

ពិធី​បុណ្យ​មាឃបូជានេះ​ លោក​ ធម្មបណ្ឌិត​ ហេង មណីចិន្តា​ នាយក​អង្គការ​ពុទ្ធសាសនា​ ដើម្បី​អភិវឌ្ឍន៍​ បាន​ធ្វើ​ការ​អត្ថាធិប្បាយ​មួយ​ថា​ បុណ្យ​នេះ​ប្រារព្ធ​ឡើង​ដើម្បី​រំឮក​ដល់​ថៃ្ង​ ដែល​ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ ព្រះពុទ្ធសាសនា​ឡើង​ក្នុងលោក​ នា​ប្រទេស​ឥណ្ឌា​កាល​ពី​ ៥៨៨ឆ្នាំ​ មុន​គ្រិស្តសករាជ​ នា​ថៃ្ង ១៥​ កើត​ ខែមាឃ​ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន​ ៩ខែគត់​ ។ ការ​បង្កើត​ព្រះពុទ្ធសាសនា​ ក្នុង​ឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ចំណោម​ ព្រះសង្ឃ​ចំនួន​ ១២៥០អង្គ​ ជា​សមាជិក​ក្នុង​អង្គ​មហា​សន្និបាត​មួយ​ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំងអស់​ ។​ នៅ​ក្នុង​មហាសន្និបាត​នោះ​ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​ប្រកាស​នៅ​គោលការណ៍​ចំនួន​ ១១ប្រការ​ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត​ទាំង​អស់​ប្រកាន់​យក​ជា​វិថី​ជីវិត​ និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ ដល់​ជន​ដទៃ​ទៀត​ ឲ្យ​បាន​យល់​ពី​ពុទ្ធសាសនា​ ។​ គោលការណ៍​ទាំង​១១​ ប្រការ​នេះ​ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា​ “ឱវាទ​បាដិមោក្ខ” ​ដែល​ពុទ្ធសាសនិកជន​ម្មាក់​ៗ​ ត្រូវ​យក​មក​សិក្សា​ឲ្យ​យល់ដឹង​ និង​អនុវត្ត​ដូច​តទៅ ៖​

គោលបំណង៖​គោល​បំណង​របស់​របស់​ព្រះពុទ្ធសាសនា​​ឬ​ដូចជា​គោល​បំណង​របស់​ពុទ្ធសាសនិក​ម្នាក់ៗ​ គឺ​សែ្វង​រក​និព្វាន​ដែល​ប្រែថា​សភាវៈប្រាសចាក​ ទុក្ខ​មិន​មាន​ សេចក្តី​ទុក្ខ​ មិន​មាន​បញ្ហា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន​ ពាក្យ​និព្វាន​នេះ​ មាន​ន័យ​ស្មើ​នឹង​ ពាក្យថា​ “សន្តិ “ដែល​ប្រែថា​” សេចក្តីស្ងប់ ” ។​ យើង​អាច​និយាយ​ថា​ គោលបំណង​របស់​ព្រះពុទ្ធសាសនា​គឺ​ការ​បង្កើត​ឡើង​នូវ​សន្តិភាព​ក្នុង​ដួង​ចិត្ត​នេះ​ដែរ​ ក៏​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​ក្នុង​សង្គម​​ដែល​ខ្លួន​រស់​នៅ​ផង​ ។ ការកាន់​ព្រះពុទ្ធសាសនា ​គឺ​ជា​ការ​ប្រឹង​ប្រែង​ ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន​ និង​ចូល​រួម​ចំណែក​ដល់​សន្តិភាព​សង្គម​ និង​ពិភពលោក​ នេះ​ជា​កាតព្វកិច្ច​ ដែល​ពុទ្ធសាសនិក​ម្នាក់ៗ​ ត្រូវ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សម្រេច​ ។

គោលដៅ៖​ សន្តិភាព​ ឬ និព្វាន​មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ​ និង​ក៏​មិន​អាច​កើត​ឡើង​ដោយ​សារ​ផ្តល់​ ឬ​ប្រទាន​ឲ្យ​ដោយ​ចិត្ត​ស្រឡាញ់​ មេត្តា​របស់​ អាទិទេព​ ឬ​ព្រះ​ជា​ម្ចាស់​អង្គ​ណា​មួយ​ឡើយ​ សន្តិភាព​នេះ​ កើត​ដោយ​សារ​ការ​សន្សំ​ របស់​សកម្មភាព​ ៣​ យ៉ាង​គឺ៖

. ការ​មិន​ធ្វើ​អាក្រក់​ ការ​កម្ចាត់​អំពើ​អាក្រក់​ និង​ការពារ​អំពើ​អាក្រក់​ គ្រប់​ប្រភេទ​មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី​។

. ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ​ និង​រក្សា​អំពើ​ល្អ​ឲ្យ​ស្ថិត​សេ្ថរ​គង់វង្ស​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ ថៃ្ង​ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវសម្តី ។​

. ពង្រឹង​ចិត្ត​ដែល​ជា​មូលដ្ឋាន​នៃ​អំពើ​ ដោយ​កម្ចាត់​កិលេស​ ឬ​មេរោគ​ដែល​តោង​ចិត្ត​ឲ្យ​ អស់​ទៅ​រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ​ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ​ ។

. លក្ខណៈ​របស់​ពុទ្ធសាសនិក​ជន៖

លក្ខខណ្ឌទី១៖មាន​ការ​អត់ធ្មត់​ក្នុង​ការ​ធ្វើ​អំពើល្អ​​និងកម្ចាត់​អំពើ​អាក្រក់ ។
លក្ខខណ្ឌទី២៖មិនប្រើអំពើហិង្សាក្នុងការរស់នៅ ។
លក្ខខណ្ឌទី៣៖មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។
លក្ខខណ្ឌទី៤៖រក្សាសីលរស់នៅក្នុងច្បាប់យកច្បាប់ជាធំ។
លក្ខខណ្ឌទី៥៖បរិភោគប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
លក្ខខណ្ឌទី៦៖ចូលចិត្តភាពស្ងប់ស្ងាត់និងបង្កើតបរិយាកាសស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។

.មេរៀនពីបុណ្យមាឃបូជា៖
ថៃ្ង​នេះ​ជា​ថៃ្ង​ដែល​ព្រះពុទ្ធអង្គ​ទ្រង់​ប្រកាស​គោលការណ៍​ទាំង​១១​ប្រការ​នេះ​សម្រាប់​ ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់

ចំណុច១៖ក្នុង​ឋានៈ​ជា​បរិស័ទ​ការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ​នឹង​នាំ​ទៅ​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ ។

ចំណុច២៖​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ក្នុង​សង្គម​ ការមានគោលបំណងរួមមានគោលដៅ ដូចគ្នា និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នា​នេះ​ នឹង​អាច​នាំ​មក​នូវ​សន្តិភាព​ និង ​ការអភិវឌ្ឍ​ដែល​ប្រកប​ដោយ​និរន្តភាព​។

ចំណុច៣៖ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ​ក្នុង​សង្គម​ ឬ ​ប្រទេសជាតិ​មួយ​ដែល​ព្យាយាម ​សែ្វង​រក​នូវ​ឱកាស​ ដើម្បី​រក្សា​សន្តិភាព​ និង​ជំរុញ​ដល់​ ការ​អភិវឌ្ឍ​ដល់​ប្រទេស​ជាតិ​ តែ​ឯង​នោះ​ ការ​គោរព​តាម​គោលការណ៍​ទាំង​ ១១ប្រការ​នេះ​នឹង​កាត់​បន្ថយ​បាន​នូវ​ អស្ថិរភាព​ជម្លោះ​ និង អំពើហិង្សា​ ដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន​ ។

ចំណុច៤៖ ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា​ ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ ​នឹង​ នាំ​ឲ្យ​មាន​ការ​យោគ​យល់​ការ​ផ្តល់​កិត្តិយស​ ដល់​គ្នា​និង​គ្នា​ ការរស់​នៅ​ជុំ​គ្នា​ ក្នុង​ឋានៈ​ជា​មនុស្ស​ជាតិ​បាន​ បើ​ទោះ​ជា​មាន​ សាសនា​ខុស​គ្នា​ក៏​ដោយ។

ចំណុច៥៖ក្នុង​ឋានៈ​ជា​អន្តរជាតិ​ការ​គោរព​តាម​គោលការណ៍​នេះ​នឹង​នាំ​មក​នូវ​និរន្តរភាព​ របស់​មនុស្សជាតិ​ បរិស្ថាន​ធម្មជាតិ​ ពិភពសត្វ​ និង​អាកាសធាតុ​ ដ៏​យូរអងែ្វង​បាន​ដោយ​ មិន​បាច់​ព្រួយបារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា​ ដើម្បី​រស់​ឡើយ​ ៕

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on February 23, 2013, in ព្រះពុទ្ធសាសនា and tagged , , , , , , , , . Bookmark the permalink. 4 Comments.

  1. អាត្មា​ឃើញ​ប្លុក​នេះ​រៀប​ចំ​បាន​ល្អ​ណាស់​សូម​សរសើរ​ដោយ​ស្មោះ​! អាត្មា​ចង់​សុំ​រៀន​សូត្រ​តាម​ផង​បាន​ដែរ​ឬ​ទេ?

    • ប្លក់នេះមិនជាល្អណាស់ណាទេ ព្រះតេជព្រះគុណ!! គ្រាន់តែចែករំលែកនូវចំណេះដឹង សម្រាប់ខ្ញុំព្រះករណាមិនទៅកំណាញ់ទេ។ ដោយក្ដីរីករាយ និង ស្វាគមន័បំផុត

  2. បើ​គិត​តាម​ខែ​នៅ​ខ្វះ​ ៨ខែ​ និង​បើ​គិត​តាម​ចំនួន​ថ្ងៃ​ នៅ​ខ្វះ​ ៨៨​ ថ្ងៃ​ ? ៨ខែ មាន​ដល់ទៅ ២០០ ថ្ងៃជាងឯណោះ ? ខ្ញុំឥត​យល់ ។

    • អរគុណ !! កែសម្រួលរួចហើយ ប្រមាណជា ៤ខែ ទេ បើគិតការរាប់តាមឈ្មោះខែ ។ អ្វីដែលតថាគត កំណត់នោះគឺ ៣ខែ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: