Category Archives: ប្រាសាទព្រះវិហារ

Security Council urges permanent ceasefire after recent Thai-Cambodia clashes


Amb. Maria Luiza Ribeiro Viotti of Brazil

14 February 2011 – Voicing grave concern about the recent armed clashes between Cambodia and Thailand, the Security Council today urged the South-East Asian neighbours to establish a permanent ceasefire following closed-door talks on the situation.

“The members of the Security Council called on the two sides to display maximum restraint and avoid any action that may aggravate the situation,” Ambassador Maria Luiza Ribeiro Viotti of Brazil, which holds the monthly presidency of the 15-member body for February, said in a statement read out to the press after the meeting.

“The members of the Security Council further urged the parties to establish a permanent ceasefire and to implement it fully and resolve the situation peacefully and through effective dialogue,” the statement added.

Tensions first escalated between the two countries in July 2008 following the build-up of military forces near the Preah Vihear temple, which dates back to the 11th century and is located on the Cambodian side of the border. The Hindu temple was inscribed on the World Heritage List of the UN Educational, Scientific and Cultural Organization (UNESCO) that same month.

Clashes between the two neighbours resumed earlier this month, prompting calls for calm and restraint by Secretary-General Ban Ki-moon as well as UNESCO Director-General Irina Bokova.

During its session today, the Council was briefed by Under-Secretary-General for Political Affairs B. Lynn Pascoe and Marty Natalegawa, the Minister of Foreign Affairs of Indonesia and Chair of the regional grouping known as the Association of Southeast Asian Nations (ASEAN).

It also heard from Hor Namhong, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of Cambodia, and Kasit Piromya, Minister of Foreign Affairs of Thailand.

The Council expressed support for ASEAN’s active efforts regarding the situation between Cambodia and Thailand, and encouraged the parties to continue to cooperate with the organization in this regard. The issue is expected to be discussed at the meeting of ASEAN foreign ministers on 22 February.

Advertisements

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៥)


2008-07-30

បើ ​តាម​ចំណារ​លើ​សិលា​ចារឹក​នៅ​នឹង​ភ្នំ​សណ្ដក កា​លេខ ១៩៤ និង​នៅ​ភ្នំ​ព្រះវិហារ កា​លេខ ៣៩៨ បាន​ឲ្យ​ដឹង​ថា ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ទិវាក ឬ ទិវាការៈ បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ។

RFA Photo/Uy Sophea

ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំដងរែក នៅ​ខេត្ត​ព្រះវិហារ​។

ព្រាហ្មណ៍ទិវាក ក៏​បាន​ទទួល​ភារៈ ជា​អ្នក​ចាត់ចែង​បញ្ជា​ត​ពី​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ គឺ​ថា លោក​ចាត់ចែង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ដែល​សម្រាប់​ប្រើប្រាស់​ក្នុង​ការកសាង​ប្រាសាទ​ទាំង​អស់ នៅ​ក្នុង​ស្រុក​ខ្មែរ នា​កាលណោះ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិ​សាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា បាន​សេចក្តី​ថា ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​ដែល​ព្រាហ្មណ៍ទិវាក បាន​ទទួល​ជា​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ រួមមាន​គ្រឿង​អលង្ការ​ជា​មាស ជា​ពេជ្រ​ដ៏​មាន​តម្លៃ និង​ជា​វត្ថុ​មាន​តម្លៃ​ជា​មធ្យម​ក្តី  គឺ​លោក​យក​ទៅ​ថ្វាយ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។

លោក​សាស្ត្រាចារ្យ ឃិន សុខ មាន​អធិប្បាយ​ដូច្នេះ​ថា ៖ «ក្នុង​ ការរក្សា​ទាក់ទង​នឹង​អាទិទេព ស្រីសិខៈ រិស្វារៈ​ហ្នឹង គឺ​លោក​ធ្វើអី​ខ្លះ​នៅ​នឹង​ព្រះវិហារ? ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោក​ទៅ​សង់​រូប​អាទិទេព​ផ្សេង​ៗ លោក​ឲ្យ​ដី​ភូមិ លោក​ទៅ​បោះ​ព្រំប្រទល់ លោក​ឲ្យ​ពល​សម្រាប់​ភូមិ​ណា ដែល​ត្រូវការ​សម្រាប់​ធ្វើ​ម៉េច​ឲ្យ​អាច​បាន​ធ្វើការ យក​ស្រូវ យក​អង្ករ​ហ្នឹង យក​មក​បូជា​ធ្វើ​ពិធី​ផ្សេង​ៗ នៅក្នុង​ប្រាសាទ​ព្រះវិហារ​នេះ ។ ហើយ​មួយ​ពេល​នោះ លោក​ទទួល​បាន​បុស្បុក​មាស​ជា​រង្វាន់​ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ លោក​យក​ទៅ​ថ្វាយ​អាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេល​ដែល​ចូលឆ្នាំ​ក៏​លោក​ធ្វើ​សម្រាប់​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺ​លោក​យក​សំរឹទ្ធ​ទៅ​ក្រាល​នៅ​កណ្តាល​ប្រាសាទ ដែល​គេ​យល់​ថា​ប្រាសាទ​នៅ​ឯ​ចុង​ភ្នំ​នោះ ហើយ​យក​ចាន​ធ្វើ​អំពី​មាស ពី​ប្រាក់ យក​ទៅ​ប្រើប្រាស់​នៅក្នុង​ប្រាសាទ មាន​ឲ្យ​ជា​សត្វ​ពាហនៈ មាន​ឲ្យ​ជា​ខ្ញុំ​បម្រើ ។ បន្ទាប់​មក​ទៀត លោក​ធ្វើការ​ជួសជុល​សំណង់​ផ្សេង​ៗ លោក​ជា​អ្នក​ទទួល​ព្រះករុណា​យាង​ទៅ​ណា លោក​ទៅ​តាម​ដើម្បី​នឹង​ទទួល​កិច្ចការ​ដែល​ពិនិត្យមើល​ប្រាសាទ​នានា ក្នុង​ព្រះរាជាណាចក្រ ។ អ៊ីចឹង​ផ្នែក​ខាង​បូជា ផ្នែក​ខាង​រក្សា​ប្រាសាទ គឺ​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ លោក​ផ្ទុកផ្ដាក់​ទៅ​លើ​ព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះ​ឯង»

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្នុរ ប្រាសាទ​បាពួន រំឭក​គុណ​ព្រះឥសូរ ។

លោក​សាស្ត្រាចារ្យ​អធិប្បាយ​បន្ថែម​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់ ​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១  ជាពិសេស​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវ​ធ្វើ​ម៉េច បន់​ស្រន់ គោរព​បូជា យ៉ាង​ដាច់​ខាត ។ សេចក្តី​សង្ខេប​របស់​ខ្ញុំ ទីតាំង​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ទី​មួយ គឺ​គេ​ទុក​អាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាល​គេ​សរសេរ ខរៈ ស្វារៈ ជួនកាល​គេ​សរសេរ សិខៈ រិស្វារៈ ប៉ុន្តែ​គឺ​ជា​ឈ្មោះ​តែ​មួយ​ទេ ។  គឺ​ជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់ ។ គេ​ជឿ​ថា នាំ​ភោគ​ផល នាំ​សេចក្តី​សុខ​មក​ដល់​ប្រទេស​ខ្មែរ ។ ទី​២ ប្រាសាទ​ភ្នំ​ព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជា​ទីកន្លែង​សម្រាប់​ព្រះរាជា​គង់​នៅ​ទេ ។ មិនមែន​មាន​ទីភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ។ គឺ​មានតែ​កន្លែង​សម្រាប់​អ្នកបួស ឲ្យ​ចូល​មក​តាំង​សីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះ ត​ទៅ​ទៀត ។ បើ​បាន​អញ្ជើញ​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​៣ រាប់​ពី​ក្រោម​ទៅ នៅ​ខ្លោង​ទ្វារ​ទី​៣  ហ្នឹង​មាន​សិលា​ចារឹក​កា​លេខ ៣៨១ នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺ​ជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព​និង​ថែ​រក្សា​អាទិទេព ស្រីសិខៈ រិស្វារៈ នោះ​ត​ទៅ​ទៀត ។ ដូច្នេះ​ប្រាសាទ​ភ្នំ​ព្រះវិហារ ខុសពី​ប្រាសាទ​ឯទៀត​ៗ»

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ តាំងពី​ប្រមាណ ១​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​កសាង​ឡើង​នៅ​ក្នុង​ដែនដី​ខ្មែរ ក្នុង​គ្រា​ដែល​ប្រទេស​ថៃ ឬ សៀម នៅ​ពុំទាន់​មាន​វត្តមាន​នៅ​លើ​ទីតាំង​សព្វថ្ងៃ​នេះ នៅ​ឡើយ​ទេ ។

អ្នកប្រវត្តិ​វិទូ​មាន​ជំនឿ​ថា ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ។ ដំណាក់​កាល​ទី​មួយ គេ​គិត​សង្ស័យ​ថា សង់​ឡើង​កាល​ពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះបាទ​ជយវរ្ម័ន​ទី​២ ។

កាលពី​ប្រមាណ​ជា​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ នោះ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ ។ លុះ​មក​ដល់​រជ្ជកាល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​នៅពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​១១ មាន​ការកសាង​ប្រាសាទ​ព្រះវិហារ​ជា​ដំណាក់កាល​ធំ​ទី​២ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំ​ជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅ​ក្នុង​ដែនដី​នៃ​ប្រាសាទ​ព្រះវិហារ​នោះ ។

បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ គឺ​នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង​ឲ្យ​កាន់តែ​ល្អ​ដែល​ជា​ការ​កសាង​ក្នុង​ដំណាក់កាល​ធំ​ ទី​៣ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ប្រទេស​ថៃ ឬ​សៀម មាន​កំណើត​លើ​ដែនដី​សព្វថ្ងៃ​នេះ គឺ​ចាប់​ពី​សតវត្សរ៍​ទី​១៣ ក្រោយ​មក ។

សូមរំឭក​ជូន​ថា ទីតាំង​ដែល​ធ្វើ​ប្រាសាទ​ព្រះវិហារ ដែល​ស្ថិតនៅ​លើ​កំពូល​ភ្នំ ទី​ខ្ពស់​ជាង គេ​នោះ​មាន​កំពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។

បើ​គិត​ពី​ផ្លូវចូល​ពី​ដី​ទំនាប មាន​កាំ​ជណ្តើរ​សម្រាប់​ឡើង​បន្តិច​ម្តង​ៗ​រហូត​ដល់​តួ​ប្រាសាទ​ដែល​នៅ​លើ​ កំពូល​ភ្នំ​នោះ​គឺ​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ដែល​ក្នុង​នោះ គេ​ត្រូវ​ឆ្លងកាត់​ខ្លោង​ទ្វារ​៥ ។

លុះ​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ បាន​ប្រកាស​ជា​ផ្លូវការ​ទទួលស្គាល់​ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ ថា ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ខ្មែរ​ឈ្នះ​ក្តី​លើ​ភាគី​ប្រទេស​ថៃ ៕

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៤)


2008-07-24

លោក ​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែល​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះបាទ​ជយវរ្ម័ន​ទី​២ ក្នុង​រជ្ជកាល​នៅ​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ជា​អ្នកនាំ​យក​លិង្គ​អាទិទេព ស្រីសិខៈ រិស្វារៈ ទៅ​ដាក់​ប្រតិស្ឋ​នៅ​លើ​កំពូល​ភ្នំ​ព្រះវិហារ ។

RFA Photo/Keo Nimol

ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នៅ​លើ​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

ក្រុម​អ្នកប្រវត្តិ​វិទូ​គិត​ថា តំបន់​ប្រាសាទ​ព្រះវិហារ​នា​កាលណោះ ពុំ​ដូច​សព្វថ្ងៃ​នេះ​ទេ គឺ​ថា អាស្រម​អាច​សង់​ឡើង​អំពី​ឈើ ដែល​ជា​ទីស្នាក់នៅ​របស់​ពួក​ព្រាហ្មណ៍ ឆ្មាំ និង​អ្នក​បម្រើ ដែល​នៅ​ថែ​រក្សា គោរព​បូជា លិង្គ​អាទិទេព​នៅ​ទីនោះ ។

នៅក្នុង​ចំណោម​អ្នក​ដែល​នៅ​បម្រើ​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះ​មាន​បុរស​ម្នាក់​ឈ្មោះ ស្រីសុកៈរាមា ជា​មនុស្ស​សំខាន់ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ រំឭក​សង្ខេប​នូវ​ប្រវត្តិ​របស់ ស្រីសុកៈរាមា ដែល​ទាក់ទិន​នឹង​សំណង់​ប្រាសាទ​ព្រះវិហារ ៖ «ស្រីសុកៈរាមា ​នេះ គឺ​ក្រុមគ្រួសារ​របស់​គាត់ ជា​អ្នករក្សា​ទុក​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ តាំងពី​ព្រះរាជា​កម្ពុ រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ កិច្ចការ​រាជការ និង​រឿង​ស្នាព្រះហស្ត​ផ្សេង​ៗ តាំងពី​សម័យ​មុន​អង្គរ​គឺ​ព្រះបាទ​ស្រីប្បវរ័្មន រហូត​មក​ដល់​ព្រះបាទ ស្រី សុរិយវរ័្មន​នេះ មាន​ទាំងអស់ គេ​សរសេរ​ទុក ខ្ញុំ​មើល​នៅ​ស្លឹក​ហ្នឹង គឺ​ស្លឹករឹត​ហើយ ។ ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ​ផង និង​ទុក​នៅ​នឹង​ប្រាសាទ​មួយ​ទៀត ដែល​សព្វថ្ងៃ​នេះ នៅ​នឹង​ប្រាសាទ​ខាង​ជើង​ភ្នំ​ដងរែក ។ គេ​យក​គាត់​មក​និយាយ​នេះ គឺ​គាត់​ជា​អ្នកគោរព​ត្រឹមត្រូវ ជួយ​ធ្វើការ​បោស​សំអាត រៀបចំ​គោរព ស្រី សិខារិស្វារៈ ។ ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​ជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា ថេរវាទ ។ លោក​នៅតែ​គោរព​ព្រះឥសូរ ព្រោះ​នៅក្នុង​សិលាចារឹក​នេះ​ឯង គេ​បាន​និយាយ​ថា ដើម្បី​កំណត់​ព្រំប្រទល់​អំណាច​របស់​លោក​បណ្តោះ​អាសន្ន លោក​ឲ្យ​គេ​ធ្វើ​លិង្គ​៤ ដែល​លិង្គ​នីមួយ​ៗ​ឈ្មោះ​ដដែល​គឺ សុរិយ វ៉ារមិស្វារៈ គឺ​ឥសូរ​ដែល​មាន​ឈ្មោះ​ហៅ​ថា សុរិយវរ្ម័ន​នេះ​ឯង ។ លិង្គ​៤​នេះ​យក​ទៅ​ទុក នៅក្នុង​ខេត្ត​បាត់ដំបង គឺ​វត្ត​ឯក គឺ​ឈ្មោះ​ថា ជ័យក្សេត្រ នៅ​ព្រំប្រទល់​ខាងលិច ។  នៅ​ព្រំប្រទល់​ខាងជើង គឺ​យក​លិង្គ​មួយ ផ្សេង​ទៀត​ដែល​ព្រះនាម​ដដែល​នោះ យក​មក​ទុក​នៅ​ព្រះវិហារ កំណត់​បណ្តោះ​អាសន្ន​ព្រំប្រទល់​អំណាច​របស់​លោក​នៅផ្នែ​ខាង​ជើង ។ មាន​មួយ​ទៀត​យក​ទៅ​ទុក​នៅ​លើ​ភ្នំ សូរិយាទ្រិ គឺ​ភ្នំ​ព្រះឥសូរ ភ្នំ​ឥសូរ​យើង​នៅ​ខេត្ត​តាកែវ​សព្វថ្ងៃ​នេះ ហ្នឹង​គឺ​ផ្នែក​ទិស​ខាង​ត្បូង ។ ហើយ​មាន​មួយ​ទៀត លិង្គ​ឈ្មោះ​ដដែល​ហ្នឹង គឺ​ទុក​នៅ​ឥសាន តិរថៈ ប្រហែល​ជា​នៅតាម​ដង​ទន្លេ​មេគង្គ ប្រហែល​ជា​នៅ​ខាង​ក្រចេះ​ស្ទឹងត្រែង ។ លិង្គ​ទាំងបួន​នេះ គេ​យក​ទៅ​ប្រតិស្ឋ​នៅ​ទិស​ទាំងបួន​ហ្នឹង នៅ​នឹង​គ.ស. ១០១៨ ។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ លោក​បាន​ធ្វើ​សម្រាប់​ប្រាសាទ​ភ្នំ​ព្រះវិហារ»

ក្រុម​អ្នក​សិក្សា​ខាង​ផ្នែក​ប្រវត្តិសាស្ត្រ​និង​ប្រាសាទ បាន​រក​ឃើញ​បន្ថែម​ថា ក្រៅពី​ស្ថាបនា​លិង្គ​ព្រះ​អាទិទេព​នោះ ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​បាន​ចំណាយ​ទ្រព្យ​សម្បតិ្ត ដើម្បី​បន្ត​ការកសាង​ប្រាសាទ​ព្រះវិហារ ។

ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ដែល​ក្រុម​អ្នក​ប្រវត្តិ​វិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ តែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅក្នុង​ដែន​ដី​នៃ​ប្រាសាទ​ព្រះវិហារ ។ បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយវរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​រំឭក​បន្ថែម​អំពី​មនុស្ស​សំខាន់​ម្នាក់​ទៀត ដែល​មាន​ប្រវត្តិ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​នោះ​ដែរ ៖ «សិលាចារឹក​ នៅ​នឹង​ភ្នំ​សន្តក កា​លេខ ១៩៤ នៅភ្នំ​ព្រះវិហារ​នេះ កា​លេខ ៣៨៣ និយាយ​ច្រើន​ណាស់ តែ​អំពី​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។  ហេតុអ្វី ព្រាហ្មណ៍​នេះ បម្រើ​ស្តេច​ខ្មែរ​តាំងតែ​ពី​នៅ​វ័យ​ក្មេង តាំងតែ​ពី​ជំនាន់​រជ្ជកាល​ព្រះបាទ ឧទ័យៈទិត្យ​វរ័្មន ទី​២ ដែល​លោក​កសាង​ប្រាសាទ បាពួន  ហើយ​រហូតមក​ដល់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ។ លោក​បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយវរ្ម័ន​ទី​២  ហើយ​ លោក​តែងតាំង​ជា​ព្រាហ្មណ៍​ធំ សម្រាប់​ធ្វើរាជាភិសេក​ទាំងអស់​ស្តេច​ទាំង​ប៉ុន្មាន ។ សេចក្តី​សំខាន់​នៃ​សិលា​ចារឹក​ដែល​ទាក់ទង​នឹង​ព្រះវិហារ គឺ​លោក​ជា​អ្នក​ចាត់ចែង​ត​បញ្ជា​ពី​ព្រះបាទ សុរិយវរ្ម័ន​ទី​២ មក ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រាសាទ​ទាំងអស់ នៅក្នុង​ស្រុក​ខ្មែរ​ហ្នឹង គឺ​លោក​ចាត់​ចែង ។ ដូច្នេះ​ចំពោះ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ដែល​មាន​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោក​មាន​កិច្ចការ​សម្រាប់​ប្រាសាទ​ព្រះវិហារ»

ស្ដាប់សំឡេង

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៣)


2008-07-23

ប្រាសាទ ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម​ភ្នំ ដោយ​ព្រះបាទ សុរិយ​វរ្ម័ន​ទី១ នៅ​ពាក់​កណ្តាល​ទីមួយ​នៃ​សតវត្សរ៍​ទី​១១ នៅ​ក្នុង​ដែនដី​ស្រុក​ខ្មែរ ដែល​កាលណោះ​នៅ​ពុំទាន់​មាន​ប្រទេស​ថៃ នៅ​ឡើយ​ទេ ។

RFA Photo/Keo Nimol

ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា ប្រាសាទ​ព្រះវិហារ​សង់​ឡើង​ដោយ​បែរមុខ​ទៅ​ទិស​ខាងជើង មាន​ជណ្តើរ​ឡើង​ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។  ដើម្បី​ឡើង​ទៅដល់​ប្រាង្គ​ប្រាសាទ​សំខាន់ ដែល​នៅលើ​កំពូលភ្នំ​ខ្ពស់​ជាង​គេ​នោះ គេ​ត្រូវ​ឆ្លងកាត់​ខ្លោង​ទ្វារ​៥ ។

ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ មាន​កម្ពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។

ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ  ដែល​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះបាទ ជយវរ័ន្ម​ទី​២ ក្នុង​រជ្ជកាល​នៅ​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ជា​អ្នកនាំ​យក​លិង្គ​អាទិទេព​នោះ ទៅ​ដាក់​ទៅ​ប្រតិស្ឋ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ​ឯង ។ លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត អំពី​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ  ដល់​ពេល​ដែល​លោក​ចាស់​ទៅ លោក​ទៅ​រៀន​ធម៌ តាំង​សីល​នៅ​លិង្គ​បូ ៗ គឺ​ជា​វត្ត​ភូ នៅខាង​ត្បូង​ស្រុក​លាវ សព្វ​ថ្ងៃ​នេះ ។ រួច​ហើយ លោក​បាន​កសាង​លិង្គ​មួយ យក​ថ្ម​នោះជា​បំណែក​នៃ​លិង្គ​ធំ​មួយ ។ លិង្គ​នោះ​ឈ្មោះ​ថា ស្រីសិខៈ រិ ស្វារៈ  លោក​យក​លិង្គ​នេះ​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ ។  ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈ​នេះ ពេល​ក្រោយ​ឆ្នាំ​ក្រោយ មក​ទៀត គេ​តែងតែ​ហៅ​សម្រាប់​ឈ្មោះ​លិង្គ​ផង និង​ឈ្មោះ​ទី​ប្រាសាទ​វិហារ​នេះ​ផង  ដូច្នេះ​អ្នក​ដែល​មក​ប្រតិស្ឋស្ថាន  ស្រីសិខៈ រិស្វារៈ ថ្ម​ហ្នឹង​គឺ​ជា​បំណែក​មួយ ដែល​នៅ​នឹង​លិង្គបូ នោះ នៅ​វត្តភូ​នោះ គឺ​យក​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ​នោះ  គឺ​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។  ពេល​នោះ អ្នក​ប្រាជ្ញ​ដែល​សិក្សា​ពី​សិលាចារឹក និង​អំពី​ប្រាសាទ​ព្រះវិហារ​នោះ គេ​សន្មត់​ថា ទីនោះ​ប្រហែល​ជា​ទីតាំង​ទាំង​ប៉ុន្មាន គឺ​មិនមែន​ដូច​សព្វថ្ងៃ​នេះ​ទេ ។  មាន​តែ​អាស្រម​ធ្វើ​អំពី​ឈើ ពីព្រោះ​ជា​ទីកន្លែង​សម្រាប់​ស្នាក់នៅ​នៃ​ពួក​ព្រាហ្មណ៍ ដែល​មាន​ភារៈ​ទទួល​គោរព​ថែរក្សា​លិង្គ ស្រីសិខៈ រិស្វារៈ នេះឯង»

បើតាម​អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង​និង​សំស្រ្កឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តៈបៈស្វិន្រ្ទ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន​នឹង​ប្រវតិ្ត​ប្រាសាទ​ព្រះវិហារ ។ តៈបៈស្វិន្រ្ទៈ​បណ្ឌិត មាន​អាស្រម​មួយ នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទ​ព្រះវិហារ​នោះ ។ នៅ​រវាង​ឆ្នាំ​១០២៤  គឺ​លោក​បាន​ទទួល​អង្រឹង​ស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជាច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះអង្គ​ដឹងគុណ​ដល់​លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែល​បាន​ថែ​រក្សា​លិង្គ​ព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។ លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​បន្ថែម​អំពី​ព្រះបាទ សុរិយវរ្ម័ន​ទី​១ ដែល​មាន​ជំនឿ​ខ្លាំង​ចំពោះ​លិង្គ​ព្រះអាទិទេព​នោះ ។

លោក​សាស្ត្រាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត​ដូច្នេះ​ថា ៖ «ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់  នេះ​បើ​តាម​សិលាចារឹក ។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះនាម ស្រីសិខៈ រិស្វារៈ ដែល​ធ្វើ​រួច​ហើយ​ពី​វត្តភូ យក​មក​ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ លិង្គ​នេះ​ឯង តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ បដិហារ​ឲ្យ​លោក​ឃើញ ។ លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង  មាន​តែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះ​ទេ  គាត់​ធ្វើ ហើយ​លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ហ្នឹង​ដល់​លោក​និង​ប្រទេស​កម្ពុជា ។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត  ព្រះអង្គម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់ ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ដែល​នៅ​បម្រើ​នៅក្នុង​ប្រាសាទ​ព្រះវិហារ នៅដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ  មាន​អ្នក​ខ្លះ ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​ហ្នឹង គេ​មាន​ឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​យើង​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើង​ភ្នំ អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព នៅ​បូជា អ្នក​ដែល​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ថែ​រក្សា ។ អ៊ីចឹង ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំង​អស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ។ មិនមែន​គ្រាន់​ជា​អ្នក​បម្រើ យើង​ធ្វើ​តាម​ចិត្ត អត់​ទេ ។ សម្បថ​នោះ​មាន​អី​ខ្លះ​ទៅ? គឺ​ថា សម្បថ​នោះ​មាន បើ​អ្នក​ឯង​ស្បថ​ថា យាម​ប្រាសាទ គឺ​ប្រាកដ​ជា​យាម​ប្រាសាទ ។ បើ​អ្នក​ឯង​ថែ​ទាំ​ប្រាសាទ ប្រាកដ​ជា​ថែទាំ​ប្រាសាទ ។ ហើយ​លោក​បញ្ជាក់​ថា បើ​អ្នកឯង​ជា​អ្នកថែទាំ​ប្រាសាទ អ្នកឯង​ជា​អ្នក​ការពារ អ្នក​នៅ​បម្រើ​ទាំងអស់​ហ្នឹង សូម្បី​តែ​នៅក្នុង​ប្រាសាទ ក៏​ត្រូវ​ការរពារ អ្នក​អស់​ហ្នឹង សូម្បី​តែ​គេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រាសាទ ឧទាហរណ៍​ដូចជា​ទៅ​ធ្វើ​ស្រែ ឃ្វាល​គោ ដែល​នៅ​ក្រៅ​រង្វង់​ប្រាសាទ អ្នកឯង​ក៏​ត្រូវ​ការពារ​គេ​នោះ​ដែរ ។ ហើយ​លោក​ឲ្យ​ការពារ​កុំ​ឲ្យ​មាន​ពួក​បះបោរ មក​ធ្វើ​បាប​អ្នកស្រុក​អស់​នោះ ។ ដូច្នេះ​សម្បថ​នេះ​មិន​ដូច​សម្បថ​ដែល​ពួកអ្នក​រាជការ គេ​ហៅ​តម្រួត​លោក​ឲ្យ​ធ្វើ​ស្បថ​ចំពោះ​លោក ដែល​គេ​ចារ​នៅ​លើ​ខ្លោង​ទ្វារ​ប្រាសាទ​វិមាន​អាកាស នៅ​អង្គរ​នោះ​មិន​ដូចគ្នា​ទេ ។ នេះ​គឺ​យើង​ស្បថ យើង​សម្រេច​ថា យើង​នៅ​បម្រើ​អាទិទេព សិខៈ រិស្វារៈ នៅ​នឹង​ភ្នំ​ព្រះវិហារ​នេះ»

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ នោះ ត្រូវ​បាន​សរសេរ​ឡើង​កាលពី​ឆ្នាំ​១០៣៧ ៕

ស្ដាប់សំឡេង

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​២)


2008-07-18

ឯកសារ ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ តាំង​ពី​១​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​កសាង​ឡើង​នៅ​ក្នុង​ដែនដី​ខ្មែរ ។

RFA Photo/Keo Nimol

ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា។

បើតាម​សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​សរសេរ​ដោយ​លោក អាល់បែរ ឡឺបោននឺ និង​លោក ក្លូដ ហ្សាក់ បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់​តាំង​ពី​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ នៅពាក់​កណ្តាល​ទីមួយ​នៃ​សតវត្សរ៍​ទី​១១ ។

ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង ក្នុងគ្រា​ដែល​ស្រុក​ខ្មែរ​មាន​ផ្ទៃដី​ធំ​ធេង​លាត​សន្ធឹង​រហូត​ដល់​ប្រទេស​ ភូមា ខាងជើង​ទៅ​ដល់​ទីក្រុង​វៀងច័ន្ទ ប្រទេស​លាវ ។ ចំណែក​ប្រទេស​ថៃ​សព្វថ្ងៃ គឺ​ពុំទាន់​មាន​ទេ ដី​ស្រុក​ថៃ​សព្វថ្ងៃ គឺ​ជា​ដែនដី​ខ្មែរ​នា​កាលណោះ ។ ហេតុនេះ​ហើយ ទើប​ព្រះមហាក្សត្រ​ខ្មែរ​សង់​ប្រាសាទ​ព្រះវិហារ​បែរ​ទៅ​ទិស​ខាង​ជើង​ដែល​មាន ​ដី​ទំនាប ងាយ​ធ្វើ​ជណ្តើរ​ឡើង ប្រសើរ​ជាង​ទិស​ខាង​ត្បូង ដែល​មាន​ជញ្ជាំង​ភ្នំ​ចោទ​ខ្ពស់​ពេក ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា មាន​ប្រសាសន៍​ថា បើគិត​ចាប់​ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។

មុន​នឹង​ឡើង​ពី​ដី​ទំនាប ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លង​កាត់​ខ្លោង​ទ្វារ ៥ ។ ឡើង​ពី​កាំ​ទី​មួយ ដើម្បី​ទៅ​ដល់​ខ្លោង​ទ្វារ​ទី​មួយ គេ​ត្រូវ​ឆ្លង​កាត់​ជណ្តើរ ១៥៩​កាំ ដែល​មាន​ចម្ងាយ ៧៩​ម៉ែត្រ ។ បន្តទៀត គេ​ត្រូវ​ដើរ​ពី​ខ្លោង​ទ្វារ​ទីមួយ តាម​ជណ្តើរ​ដែល​មាន​ចម្ងាយ ២៥៥​ម៉ែត្រ ទើប​គេ​ទៅ​ដល់​ខ្លោង​ទ្វារ​ទី​២ ។

នៅលើ​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​២ គេ​មាន​ធ្វើ​ហោជាង ដែល​មាន​គូរ​រូប​កូរ​សមុទ្រ​ទឹក​ដោះ ។ ហើយ​នៅ​ខាង​ឆ្វេង​ដៃ​មាន​ស្រះ​មួយ ដែល​មាន​ទទឹង ១៨​ម៉ែត្រ​និង​បណ្តោយ ៣៦​ម៉ែត្រ ។ ស្រះ​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​ថា កាល​ពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ សព្វថ្ងៃ​គឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើង​គ្រងរាជ្យ​នៅថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេក​ព្រះមហាក្សត្រ​ថៃ នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បន្ត​អំពី​ទីតាំង​ភូមិសាស្រ្ត​នៃ​សំណង់​ប្រាសាទ​ព្រះវិហារ ដោយ​រាប់​ចាប់​ពី​ខ្លោង​ទ្វារ​ទីពីរ​ឡើង​ទៅ ៖ «ឥឡូវ​នេះ ចូល​មក​ដល់​ខ្លោង​ទ្វារ​ទី​២ ហើយ​ឡើង​មក​ទៀត ហើយ​ចម្ងាយ ១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាង​ឆ្វេង​ដៃ​ដដែល​ហ្នឹង មាន​តួប្រាសាទ​តូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក ១៥០​ម៉ែត្រ​ហ្នឹង បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៣​ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការកសាង​ប្រាសាទ គឺ​នៅក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១  ប្រហែល​ជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំង​សីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោង​ទ្វារ​ទី​បី​មក​នេះ ។ នៅ​ចន្លោះ​ពី​ខ្លោង​ទ្វារ​ទី​បី​និង​ខ្លោង​ទ្វារ​ទី​បួន មាន​ផ្លូវ​ដើរ ប្រហែល ៤០​ម៉ែត្រ ។ ផ្លូវ​ដើរ ៤០​ម៉ែត្រ​នេះ​ឯង ដែល​មាន​ធ្វើជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះ​ឯង ។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ។  មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ។ នៅ​ទិស​ខាង​លិច​ឬ​ក៏​នៅ​ស្តាំដៃ​ហ្នឹង មាន​អគារ​មួយ នៅខាង​ឆ្វេង​ដៃ​អត់​មាន​ទេ ។អគារ​នេះ​ឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី​ធំ​ៗ​សំណាក់​ឬ​ក៏​តាំង​សីល​ នៅត្រង់​កន្លែង​ហ្នឹង»

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ចម្ងាយ​ពី​ខ្លោង​ទ្វារ​ទី​៤ ទៅ​ដល់​ខ្លោង​ទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ ។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោង​ទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយ​បង្អស់ ដែល​ស្ថិត​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ មាន​កំពស់ ៥២៥​ម៉ែត្រ ៖ «ប្រាសាទ​នេះ​មិន​ជា​ធំ​ប៉ុន្មាន​ទេ មិន​ជា​ធំ​ហ្នឹង គឺ​មិន​បាន​ដល់​ប្រាសាទ​នៅ​ភ្នំ​ជីសូរ នៅ​ខេត្ត​តាកែវ​ផង ។ កន្លែង​នេះ​ឯង គឺ​ជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បើ​យើង​គិត​តែ​តួ​ប្រាសាទ​ធំ​ចុងក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរ​ទៅ​ខាង​ក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។ ដូច្នេះ​ចុង​ខាង​ក្រោយ​នេះ​ឯង ប្រហែល​ជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។  មក​ដល់​ឆ្នាំ​២០០៨ នេះ មាន​បាត់បង់​ក៏​ច្រើន បាក់​បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វថ្ងៃ​នេះ យើង​មើល​ទៅ​តាំងពី​ក្បាច់​ចម្លាក់ គួរ​ឲ្យ​ស្រលាញ់​ជា​ទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់»

លោក​សាស្រ្តាចារ្យ​បញ្ជាក់​ថា ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។  គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ  ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ តើ​ព្រះអង្គ​ម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះបាទ​ជយវរ្ម័ន​ទី​២  គឺ​លោក​សោយរាជ្យ​នៅពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ ។  ខ្ញុំ​អធិប្បាយ​ទាំង​អស់​នេះ ខ្ញុំ​អត់​មាន​បន្ថែម​ទេ ខ្ញុំ​ស្រង់​សេចក្តី​ទាំងអស់ ដូច​ខ្ញុំ​ជម្រាប​បន្តិច​ម្តង​ៗ​នោះ ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។  ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ»

ស្ដាប់សំឡេង

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​១)


2008-07-17

មាន ​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​ប្រាសាទ​ព្រះវិហារ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នោះ មាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃ សព្វ​ថ្ងៃ​នេះ​ទៅវិញ? តើ​អ្នកណា​ជា​អ្នក​កសាង​ប្រាសាទ​ព្រះវិហារ​នោះ?

Photo: Bun Tharum, http://tharum.info

ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។

លោក​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅ​ឡើយ​ទេ ។

ពិសេស កាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​បន្ថែម​យ៉ាងដូច្នេះ ៖ «ខ្មែរ​យើង​ មួយ​ចំនួន មិន​យល់​អំពី​ប្រាសាទ​ព្រះវិហារ ចោទ​សួរ​ថា ផ្លូវ​ដែល​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ហ្នឹង ផ្លូវ​ដែល​ស្រួល​នោះ គឺ​ទៅពី​ស្រុក​សៀម ។ ហេតុអ្វី បើ​ជា​ប្រាសាទ​ខ្មែរ ម៉េច​ក៏​គេ​ធ្វើ​ផ្លូវ​ឡើង​ទៅ​ពី​ស្រុក​សៀម​ទៅ​វិញ ។ ដើម្បី​ឲ្យ​បាត់​ការងឿង​ឆ្ងល់​ចំពោះ​បញ្ហា​នេះ ខ្ញុំ​សូម​ជម្រាប សូម​ឲ្យ​ជ្រាប​ថា ប្រាសាទ​ព្រះវិហារ​នេះ មាន​នៅ​ក្នុង​ទឹកដី​ខ្មែរ​តាំងតែ​ពី​ដើម​មក​យូរ​ណាស់​ហើយ ដី​ខ្មែរ​គឺ​ស្រុក​សៀម មិន​ទាន់​មាន​ឯណា ។ ដី​ខ្មែរ​មាន​នៅ​រហូត​ទៅ​ដល់​ប្រទេស​ភូមា ។ បើ​ខាង​ជើង​នោះ រហូត​ទៅ​ដល់​ក្រុង​ឈៀងម៉ៃ ពីព្រោះ​ខ្មែរ​កាន់​អំណាច​រហូត​ទៅ​ដល់​ទីនោះ ។ ដូច្នេះ​មិនមែន​មក​ចោទ​ថា ដីត្រង់​កន្លែង​នោះ មាន​សៀម មាន​អី បើ​សៀម​មិនទាន់​មក​ដល់​ឯណា ។ សៀម​ទាល់​តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើប​នឹង​ចុះមក ។ ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូល​ភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ ។ ខ្មែរ​ចង់​ធ្វើ​ត្រង់​ណា បែរ​ទៅ​ត្រង់​ណា គេ​ធ្វើ​តាម​តែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ ។ ដូច្នេះ​សុំ​កុំ​ឲ្យ​ងឿង​ឆ្ងល់ បើ​មាន​អ្នកណា​ផ្សេង​ទៀត​ថា ទេ ប្រាសាទ​ហ្នឹង​មិនគួរ​ជា​របស់​ខ្មែរ ហ្នឹង​គឺ​ខុស​ហើយ ។ ពីព្រោះ​ដី​ខ្មែរ​នៅ​វាត​តាំង​ពី​ដែន​ដី​កម្ពុជា​ក្រោម កូសាំងស៊ីន រហូត​ទៅ​ដល់​ខាង​ជើង​នោះ គឺ​រហូត​ទៅ​ដល់​វៀងច័ន្ទ​ឯណោះ ។ ហ្នឹង បើ​ផ្នែក​ខាង​ស្រុក​លាវ ។ សៀម​អត់ទាន់​មាន​ទេ ដូច្នេះ​គេ​យក​ដី​នេះ យក​មក​ធ្វើ​ជា​ប្រាសាទ ដែល​វាល​ទំនាប ដែល​ឡើង​មក​សព្វថ្ងៃ គឺ​ឡើង​មក​ពី​ខាងជើង ហើយ​គេ​ធ្វើ​ប្រាសាទ​ហ្នឹង បែរមុខ​ទៅ​ទិស​ខាងជើង ។ ប្រាសាទ​នេះ មិន​មាន​លក្ខណៈ​ដូច​ប្រាសាទ​ឯ​ទៀត​ៗ​ទេ ។ ដូច្នេះ សូម​កុំ​ឲ្យ​ងឿងឆ្ងល់​ទៀត ផ្លូវ​ដែល​គេ​ធ្វើ​មក​ពី​ស្រុក​សៀម​ៗ ពុំ​ទាន់​មាន​ទេ ។ សព្វថ្ងៃ​យើង​ច្រឡំ សព្វថ្ងៃ​យើង​ភ្លេច​ប្រវត្តិ ដូច្នេះ គេ​ធ្វើ​ពី​ដី​ខ្មែរ​មក​ហ្នឹង រួច​ដី​ខ្មែរ​នៅខាង​ជើង​ឯណោះ វា​វាល​ទំនាប  ហើយ​នៅឯ​ខាង​ស្រុក​ខ្មែរ សព្វថ្ងៃ​ឯណេះ វា​ដី​ត្រង់​ហ្នឹង​គឺ​ជា​ល្បាក់ គឺ​ជា​ជញ្ជាំង​ភ្នំ ។ ម្ល៉ោះ​ហើយ គេ​ធ្វើ​ហ្នឹង គឺ​សម្រាប់​ឲ្យ​មាន​ព្រាហ្មណ៍​ហ្នឹង ទៅ​រក្សា​លិង្គ​របស់​ព្រះឥសូរ ហើយ​កន្លែង​នោះ​គឺ​កន្លែង​គេ​តាំង​សិល្ប៍»

តាម​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយ​រាជ្យ នៅពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៥២៥​ម៉ែត្រ ។

បើគិត​ពី​ផ្លូវ​ចូល​ពី​ដី​ទំនាប ឡើង​ទៅ​ដល់​ប្រាសាទ​នៅលើ​កំពូលភ្នំ​នោះ គឺ​កាំជណ្តើរ​សម្រាប់​ឡើង​បន្តិច​ម្តងៗ រហូត​ដល់​ប្រាសាទ​ដែល​នៅ​លើ​កំពូលភ្នំ​នោះ គឺ​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​បង្ហាញ​អំពី​ទីតាំង​ភូមិសាស្រ្ត​នៃ​សំណង់​ប្រាសាទ​ព្រះវិហារ ដែល​មាន​រួមទាំង​កាំជណ្តើរ​ទាំងអស់​នោះ​ផង ៖ «ប្រាសាទ​ព្រះវិហារ​នេះ​គឺ ​សង់​ឡើង​អំពី​ថ្ម ហ្នឹង​ចាប់​តាំងពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​មួយ សំណង់​ហ្នឹង​មិនមែន​ធ្វើ​តែ​មួយ​ពេល​ទេ ។ ធ្វើ​បើ​គិត​ឲ្យ​មែន​ទែន មាន​បី​ពេល ។ ឥឡូវ​នេះ ខ្ញុំ​ជូន​គ្រាន់តែ​ជម្រាប​ត្រួសៗ​អំពី​ផ្លូវ​ចូល​មក​ហ្នឹង​មាន​អី​ខ្លះ​ៗ ។ ទីមួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ ៥៤​ម៉ែត្រ​គេ​ធ្វើ​ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើង​ជណ្តើរ​ហ្នឹង​មក​ហើយ  បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ ២៥​ម៉ែត្រ ហ្នឹង ចូល​មក​ខ្លោង​ទ្វារ​ទី​១ ។ បើ​សិន​ណា​អស់​លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទីមួយ ប្រាសាទ​ធំ​បំផុត មក​ឯ​ខាង​ដើម ។ ខ្ញុំ​ដើម្បី​នឹង​សម្រួល​អស់​លោក ឲ្យ​ឃើញ​រូប​ប្រាសាទ​ហ្នឹង  ខ្ញុំ​រាប់​តាម​ជណ្តើរ​ដែល​យើង​ឡើង ។ សង្ខេប​យើង​ឡើង​តាម​ផ្លូវ​ជម្រាល​ធម្មតា ៥៤​ម៉ែត្រ បូក​នឹង ២៥​ម៉ែត្រ បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​១ ។ បន្ទាប់​ពី​ខ្លោង​ទ្វារ​ទី​១​ហ្នឹង ត្រូវ​ធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ គេ​មាន​បោះគោល​តាម​សង​ខាង​ផ្លូវ ដើរ​មក​បាន​ចូល​ខ្លោង​ទ្វារ​ទី​២ ។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក ។ នៅពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ។ ពេល​ដែល​ព្រះមហាក្សត្រ​នៅស្រុក​សៀម​សព្វថ្ងៃ លោក​ឡើង​សោយរាជ្យ  ធ្វើ​ពិធី​រាជា​ភិសេក គេ​មក​យក​ទឹក​ពី​ស្រះ​ហ្នឹង ដើម្បី​យក​ទៅ​បំពេញ​ពិធី​អភិសេក​ព្រះកូណា​ដែល​នៅ​ស្រុកសៀម សព្វថ្ងៃ»

សូម​បញ្ជាក់​ជូន​ថា លោក​សាស្រ្តាចារ្យ ឃិន សុខ មាន​ប្រសាសន៍​អំពី​ស្តេច​សៀម​នេះ គឺ​សំដៅ​ចំពោះ​ព្រះមហាក្សត្រ​ថៃ​សព្វថ្ងៃ គឺ​ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត ។

បើតាម​ឯកសារ​ប្រវត្តិសាស្រ្ត​ស្តីពី​ព្រះរាជាថៃ ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​វ៉ឹបសាយថ៍ Wikipedia បាន​ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិផុន អាឌុលយ៉ាដេត បច្ចុប្បន្ន​មាន​ព្រះជន្ម ៨១​ព្រះវស្សា ឡើង​គ្រង​រាជ្យ​តាំងពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕
ស្ដាប់សំឡេង