Monthly Archives: March 2013

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

គ្រប់​ប្រជាជាតិ​ក្នុង​លោក សុទ្ធ​តែ​មាន​ការ​ចូល​ឆ្នាំ​របស់​ខ្លួន គ្រាន់​តែ​ប្លែក​គ្នា​ត្រង់​ការ​កំណត់​ពេក​ចូល និង​ពិធី​ធ្វើ​ខុស​គ្នា​ប៉ុណ្ណោះ ។ ឯ​ប្រជាជន​ខ្មែរ ក៏​មាន​ការ​ចូល​ឆ្នាំ​ប្រពៃណី​របស់​ខ្លួន តាំង​ពី​បុរាណ​កាល​មក​ដែរ ។

I- ពេល​វេលា​ចូល​ឆ្នាំ​ខ្មែរ

កាល​ដើម​ឡើយ ខ្មែរ​យើង​ប្រារព្ធ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ ក្នុង​ខែ​មិគសិរ ព្រោះ​គេ​កំណត់​យក​ខែ​នេះ ជា​ខែ​ដើម​ឆ្នាំ ។ នា​សម័យ​ព្រេងនាយ ឆ្នាំ​នីមួយ ៗ ចែក​ជា ៣ រដូវ តាម​ចន្ទ​គតិ គឺ ហេមន្ត​រដូវ គិម្ហ​រដូវ និង វស្សាន​រដូវ ។ បុរាណាចារ្យ​លោក​គិត​ថា ហេមន្ត​រដូវ ជា​រដូវ​ត្រជាក់ ត្រូវ​ចាត់​ទុក​ជា​រដូវ​ដើម​ឆ្នាំ ប្រៀប​បាន​នឹង​ពេល​ព្រឹក ដែល​ផុត​ពី​រាត្រី គឺ​ជា​ដើម​ថ្ងៃ ។ គិម្ហ​រដូវ ជា​រដូវ​ក្ដៅ ត្រូវ​ចាត់​ទុក​ជា​កណ្ដាល​ឆ្នាំ ប្រៀប​ដូចជា​ពេល​ថ្ងៃ​ត្រង់ ។ វស្សាន​រដូវ ជា​រដូវ​ដែល​មេឃ​មីរ ងងឹត​មាន​ភ្លៀង​ផ្គរ ត្រូវ​ចាត់​ទុក​ជា​ចុង​ឆ្នាំ ប្រៀប​បាន​នឹង​ពេល​ព្រលប់ ។

ចំណេរ​កាល​ក្រោយ​មក, គ្រា​ដែល​បុព្វបុរស​ខ្មែរ​យើង អនុលោម​ប្រើ​ចុល្លសករាជ​ជា​សំខាន់​នោះ (មិន​ដឹង​ជា​ប្រើ​នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះ​រាជា​អង្គ​ណា​ទេ) ទើប​ការ​ចូល​ឆ្នាំ​ថ្មី មាន​ការ​ប្រែប្រួល ហើយ​កំណត់​យក​ខែ​ចេត្រ ជា​ខែ​ដើម​ឆ្នាំ​វិញ ។ ឯ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ តែង​ប្រព្រឹត្ត​ទៅ មិន​មុន​ថ្ងៃ ៤ កើត ខែ​ចេត្រ និង​មិន​ក្រោយ​ថ្ងៃ ៤ កើត ខែ​ពិសាខ ព្រោះ​បុព្វបុរស​យើង​យល់​ឃើញ​ថា នៅ​ខែ​មិគសិរ​នេះ ប្រជា​កសិករ​ខ្មែរ​យើង រវល់​មមាញឹក​ក្នុង​របរ​កសិកម្ម មាន​ស្រែ​ចំការ ជាដើម ទើប​លោក​លើក​កំណត់​ពេល​ចូល​ឆ្នាំ មក​ធ្វើ​នៅ​ក្នុង​ខែ​ចេត្រ​វិញ ដោយ​ហេតុ​ថា ខែ​ចេត្រ​កិច្ចការ​ច្រូត​កាត់ បោក​បែន បាន​ចប់​សព្វ​គ្រប់ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ទំនេរ មាន​ឱកាស​ធ្វើ​បុណ្យ​ទាន កំសាន្ត សប្បាយ តាម​ប្រាថ្នា ។ ការ​កំណត់​នេះ ក៏​ជាប់​ជា​ប្រពៃណី រហូត​មក​ដល់​សព្វ​ថ្ងៃ ។

II- ទិដ្ឋភាព​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​ព្រឹត្តិការណ៍​យ៉ាង​ធំ​មួយ​ក្នុង​ទឹក​ចិត្ត និង​ជីវភាព​ខ្មែរ ។ មុន​ពេល​ចូល​ឆ្នាំ​ថ្មី​មក​ដល់ គេ​នាំ​គ្នា​រៀបចំ តុបតែង​ផ្ទះ​សម្បែង សំអាត​ទីធ្លា វត្ត​អារាម ផ្លូវ​ថ្នល់ ចេតិយ រមណីយដ្ឋាន សង់​រាន​ទេវតា បុក​អង្ករ រក​ឧស ដង​ទឹក ត្រៀម​សំលៀក​បំពាក់​ថ្មី ៗ – ល – អោយ​ហើយ​ស្រេច ។ពេល​ចូល​ឆ្នាំ ជា​ពេល​ជម្រះ​ឧបទ្រព​ចង្រៃ​នៃ​ឆ្នាំ​ចាស់​អោយ​ជ្រះ​ស្រឡះ ដើម្បី​ទទួល​ឆ្នាំ​ថ្មី ទេវតា​ថ្មី ក្នុង​ក្ដី​សោមនស្ស ក្សេមក្សាន្ត និង​សុភមង្គល ។

ឆ្នាំ​ថ្មី​មក​ដល់, ស្នូរ​ស្គរ រគាំង សំឡេង​ធម៌​ពរ​ជ័យ លាន់​ឮ​រន្ទឺ​អឺងកង ចេញ​ពី​វត្ត​អារាម ។ ភ្លើង​ទៀន​ឆេះ​ព្រោងព្រាត ផ្សែង​ធូប​ហុយ​ចេញ​ពី​គ្រប់​រាន​ទេវតា តាម​ដង​ផ្លូវ មុខ​ផ្ទះ​សម្បែង វត្ត​អារាម ។ ចាស់​ទុំ ក្រមុំ កម្លោះ និង​ក្មេង ៗ សប្បាយ​ក្អាក​ក្អាយ​ជាង​គេ ព្រោះ​ជា​ឱកាស​ដ៏​ពិសេស​បំផុត សំរាប់​ពួក​គេ​ចូល​ឆ្នាំ កំសាន្ត​ល្បែង​ប្រជាប្រិយ ជា​មួយ​គ្នា ដោយ​គ្មាន​ចាស់​ទុំ​ណា ខា​ឃាំង​រាំង​ជាត់​អ្វី​ឡើយ​។

ពេល​ព្រលប់, គេ​នាំ​គ្នា​ទៅ​ស្ដាប់​ធម៌​អាថ៌​ក្នុង​វត្ត ។ អ្នក​ខ្លះ​ដែល​មិន​បាន​ទៅ​ស្ដាប់​លោក​ឯ​វត្ត ក៏​ប្រមូល​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ផ្សេង ៗ តាម​ចំណង់ ។ គេ​នាំ​គ្នា​លេង​ល្បែង​ចាប់​កូនខ្លែង, លាក់​កន្សែង, ក្រុង​មាន់, ទាញ​ព្រ័ត្រ, ច្រៀង​ប្របកៃ, ស្ដេច​ចង់, ឈូង, អង្គញ់, រាំ​វង់ ល – យ៉ាង​សប្បាយ​រីករាយ ។ គេ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការីជន ញាតិ​សន្តាន ដែល​បាន​ចែក​ស្ថាន​ទៅ​កាន់​បរលោក​ហើយ ។ គេ​នាំ​គ្នា​ជញ្ជូន​ដី​ចំរើន​ទី​វត្ត ពូន​ភ្នំ​ខ្សាច់ រែក​ទឹក​ស្រង់​ព្រះ ស្រង់​ព្រះ​សង្ឃ និង​ចាស់​ព្រឹទ្ធាចារ្យ ។ ពេល​ត្រឡប់​ទៅ​ភូមិ​វិញ គេ​អញ្ជើញ​មាតា​បិតា ជីដូន​ជីតា ចាស់​ទុំ មក​ផ្ងូត​ទឹក ជូន​សំលៀក​បំពាក់​ថ្មី នំ ចំណី ដើម្បី​ជា​កិច្ច​តបស្នង​សងគុណ ចំពោះ​បុព្វការី​ជន​របស់​គេ តាម​គ្រប់​វត្ត​អារាម គេ​សង្កេត​ឃើញ​ចាស់​ទុំ ក្រមុំ កម្លោះ ក្មេង​ក្មាង ប្រមូល​ផ្ដុំ​ជួប​ជុំ​គ្នា​ក្រោម​ម្លប់​ឈើ​ធំ ៗ ក្រសាល​លេង​ល្បែង​ប្រជាប្រិយ​ផ្សេង ៗ តាម​ចំណង់​ចំណូល​ចិត្ត ។ គេ​នាំ​គ្នា​ទៅ​ទស្សនា​កំសាន្ត​ប្រាសាទ​បុរាណ រមណីយដ្ឋាន គោរព​បូជា​វត្ថុ​សក្តិសិទ្ធិ ភ្ជាប់​បរិយាកាស​រីករាយ​នេះ ទៅ​នឹង​បរិយាកាស នា​សម័យ​ព្រេងនាយ ដ៏​រុងរឿង ។ នៅ​តាម​ខេត្ត តំបន់​ខ្លះ ពេល​ចូល​ឆ្នាំ​ម្ដង ៗ គេ​មិនមែន​សប្បាយ​តែ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​ទេ, គេ​ចាប់​ផ្ដើម​លេង​សប្បាយ​របៀប​នេះ មុន និង ក្រោយ​ប៉ុន្មាន​ថ្ងៃ​ចូល​ឆ្នាំ ទៀត​ផង ។ គេ​នាំ​គ្នា​ធ្វើ​បុណ្យ​អោយ​អស់​ចិត្ត សប្បាយ​អោយ​អស់​ចិត្ត ដើម្បី​អបអរ​សាទរ​ចំពោះ​ជីវិត​ថ្មី​របស់​គេ ដែល​បាន​ហែល​ឆ្លង​កាត់​ឧបសគ្គ ទទួល​ជោគជ័យ​ក្នុង​រយៈ​ពេល​ឆ្នាំ​ចាស់​កន្លង​ទៅ និង​ដើម្បី​ត្រៀម​ចាំ​បំពេញ​ភារកិច្ច​ថ្មី ត្រៀម​ចាំ​រដូវ​ដក​ស្ទូង ត្រៀម​ចាំ​ទឹក​ភ្លៀង​ដែល​នឹង​បង្អុរ​ចុះ នា​ដើម​វស្សាន្ត​រដូវ​នៃ​ឆ្នាំ​ថ្មី ដ៏​ខ្លី​ខាង​មុខ ។

III- ជំនឿ និង ពិធី​ផ្សេង ៗ 1

ទេវតា​ឆ្នាំ​ថ្មី​ ក្នុង​សង្ក្រាន្ត​សូត្រ និទាន​ថា ក្នុង​ដើម​ភទ្ទ​កប្ប​នេះ មាន​បុរស​ម្នាក់​ឈ្មោះ​ធម្មបាល ជា​អ្នក​ប្រាជ្ញ​ចេះ​ចប់​ត្រៃវេទ ព្រម​ទាំង​ចេះ​ភាសា​សត្វ​បក្សី​ផង ។ ធម្មបាល តែង​សម្ដែង​មង្គល​ដល់​មនុស្ស​ផង​ទាំង​ពួង ។ លុះ​កបិល​មហា​ព្រហ្ម (សម័យ​កាល​នោះ គេ​គោរព​បូជា​មហា​ព្រហ្ម និង​កបិល​មហា​ព្រហ្ម) ជ្រាប​ថា ធម្មបាល​កុមារ ជា​អ្នក​ប្រាជ្ញ ក៏​មក​សួរ​ប្រស្នា ៣ ខ ហើយ​សន្យា​ថា ប្រសិន​បើ​ធម្មបាល​ដោះស្រាយ​ប្រស្នា​នេះ​រួច កបិល​មហា​ព្រហ្ម នឹង​កាត់​ក្បាល​ខ្លួន​បូជា​ធម្មបាល តែ​បើ​ធម្មបាល​ដោះ​មិន​រួច​ទេ ត្រូវ​កាត់​ក្បាល​បូជា​មហា​ព្រហ្ម​វិញ ។ ធម្មបាល សុំ​បង្អង់ ៧ ថ្ងៃ​សិន ដើម្បី​គិត​ប្រស្នា ប៉ុន្តែ ៦ ថ្ងៃ​កន្លង​ផុត​ទៅ​ហើយ នៅ​តែ​គិត​មិន​ឃើញ​សោះ ធម្មបាល ក៏​ភៀស​ខ្លួន​ទៅ​ពួន​នៅ​ក្រោម​ដើម​ត្នោត​មួយ​គូ ដែល​ជា​លំនៅ​សំបុក​នៃ​សត្វ​ឥន្ទ្រី ។ ជា​ភ័ព្វ​សំណាង​ល្អ ធម្មបាល​ក៏​បាន​ឮ​ឥន្ទ្រី​ញី ឈ្មោល និយាយ​គ្នា​ថា​៖

ញីព្រឹក​នេះ យើង​បាន​អាហារ​ពី​ណា​ស៊ី ?

ឈ្មោល​៖យើង​នឹង​បាន​ស៊ី​សាច់​ធម្មបាល ដែល​ត្រូវ​កបិល​មហា​ព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច ។

ញីប្រស្នា​នោះ ដូចម្ដេច ?

ឈ្មោល​៖ – (ខ ១) វេលា​ព្រឹក សិរី ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ, ហេតុ​នោះ មនុស្ស​ទាំងឡាយ ត្រូវ​យក​ទឹក​លាង​មុខ ។

– (ខ ២) ថ្ងៃ​ត្រង់ សិរី ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង, ហេតុ​នោះ មនុស្ស​ទាំងឡាយ ទើប​យក​ទឹក​លាង​ទ្រូង ។

– (ខ ៣) វេលា​ល្ងាច សិរី ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង, ហេតុ​នោះ មនុស្ស​ទាំងឡាយ ទើប​យក​ទឹក​លាង​ជើង ។

ពាក្យ​ពេចន៍​ទាំង​ប៉ុន្មាន​របស់​ឥន្ទ្រី ក៏​បាន​ជា​ពន្លឺ​មក​បំភ្លឺ​ដោះស្រាយ​ប្រស្នា​កបិល​មហា​ព្រហ្ម​រួច ជៀស​ផុត​ពី​ក្ដី​មរណៈ ។ កបិល​មហា​ព្រហ្ម សុខ​ចិត្ត​ចាញ់ ព្រម​កាត់​ក្បាល​បូជា​ធម្មបាល ។ មុន​នឹង​កាត់​ក្បាល កបិល​មហា​ព្រហ្ម ហៅ​ទេពធីតា ៧ អង្គ ដែល​ជា​បុត្រី​របស់​ខ្លួន អោយ​យក​ពាន​មក​ទ្រ​ក្បាល (ព្រោះ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នឹង​កើត​ជា​ភ្លើង​ឆេះ​លោកធាតុ, បើ​បោះ​ទៅ​លើ​អាកាស នឹង​រាំង​ភ្លៀង, បើ​ចោល​ទៅ​ក្នុង​សមុទ្រ ទឹក​នឹង​រីង​ស្ងួត​អស់) រួច​ហើយ ក៏​កាត់​ក្បាល​អោយ​ទៅ​នាង ទុង្សា ជា​កូន​ច្បង ។ នាង​ទុង្សា ហែ​ក្បាល​កបិល​មហា​ព្រហ្ម ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ អស់ ៦០ នាទី ទើប​អញ្ជើញ​ក្បាល​នោះ​ទៅ​ប្រតិស្ឋាន​ទុក​ក្នុង​មណ្ឌប ភ្នំ​កៃលាស ។ លុះ​ដល់​គម្រប់​មួយ​ឆ្នាំ​សង្ក្រាន្ត ទើប​នាង​ទេពធីតា​ទាំង ៧ អង្គ ផ្លាស់​វេន​គ្នា មក​ដង្ហែ​ក្បាល​កបិល​មហា​ព្រហ្ម ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ជា​រៀង​រាល់​ឆ្នាំ ។ បុត្រី​ទាំង ៧ អង្គ​នោះ​គឺ​៖

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​អាទិត្យត្រូវ​វេន​នាង ទុង្សា,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃចន្ទត្រូវ​វេន​នាង គោរាគៈ,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​អង្គារត្រូវ​វេន​នាង រាក្យសា,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​ពុធត្រូវ​វេន​នាង មណ្ឌា,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​ព្រហស្បតិ៍ត្រូវ​វេន​នាង កិរិណី,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​សុក្រត្រូវ​វេន​នាង កិមិរា,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​សៅរ៍ត្រូវ​វេន​នាង មហោទរា ។

ដោយ​មាន​និទាន​បែប​នេះ​ហើយ ទើប​ខ្មែរ​យើង​មាន​ជំនឿ ហើយ​បាន​រៀបចំ​ជា​ពិធី​បូជា​ទេវតា ដែក​ត្រូវ​វេន​ដង្ហែ​ក្បាល​កបិល​មហា​ព្រហ្ម និង​ត្រូវ​អភិបាល​ពិភពលោក រៀងរាល់​ឆ្នាំ​ថ្មី​ចូល​មក​ថល់ ពុំ​ដែល​អាក់​ខាន​ឡើយ ។

ពិធី​ស្រង់​ព្រះ​មហា​សំការសូត្រ ដែល​មាន​មក​ក្នុង​គម្ពីរ​សុត្តជាតក ជា​មគធ​ភាសា បាន​និទាន​ថា ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជិត​ចូល​មក​ដល់ ព្រះ​បាទ​បសេនទិកោសល បាន​រៀបចំ​ជា​បារាំ​យ៉ាង​ស្អាត​នៅ​ឆ្នេរ​ស្ទឹង​មួយ ហើយ​ក៏​និមន្ត​ព្រះ​ពុទ្ធ និង​ព្រះ​សង្ឃ​ស្រង់​ទឹក រួច​សមាទាន​សីល ប្រគេន​ភត្តាហារ​ចំពោះ​ព្រះ​ពុទ្ធ ព្រម​ទាំង​ភិក្ខុ​សង្ឃ នៅ​ទី​នោះ ។ គម្ពីរ​នេះ​ដដែល បញ្ជាក់​ទៀត​ថា អ្នក​ដែល​បាន​ស្រង់​ទឹក​ព្រះ​សង្ឃ មាតា​បិតា គ្រូ ឧបជ្ឈាយ៍ មាន​អានិសង្ស​ច្រើន​ណាស់ ។ អនាគត​ជាតិ នឹង​បាន​ទៅ​កើត​ក្នុង​ទេវលោក បាន​ជា​ស្ដេច​ចក្រពត្តិ មាន​បុណ្យ​បារមី​ច្រើន មាន​រូប​ល្អ មាន​ទ្រព្យ​សម្បត្តិ​ច្រើន មាន​សេចក្ដី​សុខ​គ្រប់​យ៉ាង – ល

គម្ពីរ​បញ្ញាសជាតក ត្រង់​ជាតក​ទី ៣១ បាន​បញ្ជាក់​អំពី​អានិសង្ស នៃ​ការ​ស្រង់​ទឹក​ព្រះ​សង្ឃ ដូច​មហា​សំការសូត្រ​ដែរ គ្រាន់​តែ​ខុស​គ្នា​ត្រង់​មិន​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​នោះ​ប៉ុណ្ណោះ ។ លោក​លើក​ឧទាហរណ៍ ដូចជា ព្រះ​បាទ​បុប្ជរាជ​ដែល​បាន​និមន្ត​ព្រះ​ឧសភត្ថេរ ក្នុង​សាសនា​ព្រះ​ពុទ្ធ​សរណង្ករ អោយ​ស្រង់​ទឹក ។ លុះ​អនាគត​ជាតិ​ទៅ បាន​ទៅ​កើត​ក្នុង​ទេវលោក មាន​បុណ្យ​បារមី​ច្រើន ហើយ​ទី​បំផុត​បាន​ទៅ​ជា​ស្ដេច​ចក្រពត្តិ ក្នុង​ជម្ពូទ្វីប​នេះ ។

នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី ៧ ពេល​ចូល​ឆ្នាំ​ម្ដង ៗ គេ​តែង​ធ្វើ​ពិធី​មួយ ដោយ​និមន្ត​ព្រះ​ពុទ្ធរូប​មាន​មហិទ្ធិឫទ្ធិ ២៥ អង្គ ដែល​ជា​តំណាង​អាណា​ខេត្ត​ទាំងឡាយ​ក្នុង​ព្រះ​រាជា​អាណាចក្រ មក​ធ្វើ​ពិធី​ស្រង់​ទឹក​នៅ​ប្រាសាទ​ជ័យស្រី (ប្រាសាទ​ព្រះ​ខ័ន) រួច​គេ​ដង្ហែ​ព្រះ​ពុទ្ធរូប​ទាំង​នោះ ជា​ក្បួន​យ៉ាង​មហោឡារិក មុន​នឹង​យក​ទៅ​តំកល់​នៅ​កន្លែង​ដើម​វិញ ។

ដោយ​មាន​ជំនឿ​លើ​និទាន និង​ទំនៀម​របស់​ដូនតា​យើង ដូច​ខាង​លើ​នេះ​ហើយ បាន​ជា​មាន​ទម្លាប់​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ តែ​ដល់​ពេល​ចូល​ឆ្នាំ​ម្ដង ៗ គេ​តែង​ធ្វើ​ពិធី​ស្រង់​ទឹក​ព្រះ​ពុទ្ធរូប – ព្រះ​សង្ឃ – មាតា​បិតា ជីដូន​ជីតា បុព្វការី នៅ​តាម​វត្ត​អារាម និង​តាម​ភូមិ ស្រុក ។

ពិធី​ពូន​ភ្នំ​ខ្សាច់​ មហា​សំការសូត្រ​បាន​បញ្ជាក់​ថា​ៈ ពេល​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជិត​មក​ដល់ ព្រះ​បាទ​បសេនទិកោសល បាន​ទូល​សួរ​ព្រះ​ពុទ្ធ​ថា ក្រោយ​ព្រះ​អង្គ​បរិនិព្វាន​ទៅ បើ​ដល់​រដូវ​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី​ម្ដង ៗ តើ​ខ្ញុំ​ព្រះ​អង្គ​គួរ​បំពេញ​កុសល​អ្វី​ខ្លះ ? ព្រះ​ពុទ្ធ​ត្រាស់​ថា «គួរ​សាង​វាលុក​ចេតិយ នៅ​ឆ្នេរ​ស្ទឹង ទន្លេ ហើយ​នាំ​យក​គ្រឿង​សក្ការៈ ទៀន​ធូប គ្រឿង​ក្រអូប ផ្កា ជាដើម មក​បូជា​ចុះ» ។ ព្រះ​អង្គ​បាន​បញ្ជាក់​អំពី​អានិសង្ស​នៃ​ការ​សាង​វាលុក​ចេតិយ​នោះ ថា​មាន​អានិសង្ស​ច្រើន​វិសេស​ណាស់ ដូច​គ្នា​នឹង​ស្រង់​ទឹក​ព្រះ​សង្ឃ​ដែរ ។

គម្ពីរ​អានិសង្ស​វិលុក​ចេតិយ ជា​សាស្ត្រា​ស្លឹករឹត​ភាសា​ខ្មែរ មាន​តែ​មួយ​ខ្សែ ហើយ​មាន​បី​និទាន​៖

និទាន​ទី ១ ៖ ដំណាល​ពី​បារិក​ពោធិសត្វ និង​ពួក​ពាណិជ ដែល​បាន​ពូន​ភ្នំ​ខ្សាច់​ឧទ្ទិស​ជា​តំណាង​ចូឡាម​មណីចេតិយ ដែល​តំកល់​ព្រះ​ចង្កូម​កែវ​របស់​ព្រះ​ពុទ្ធ​ពី​បុរាណ ប្រតិស្ឋ​នៅ​ស្ថាន​ត្រៃត្រិង្ស​ទេវលោក​នោះ ។ លុះ​អនាគត​ជាតិ​ទៅ បាន​ទៅ​កើត​ក្នុង​សុគតិភព កើត​ជា​ស្ដេច​ចក្រពត្តិ ជា​ច្រើន​ជាតិ ហើយ​ទី​បំផុត បាន​ត្រាស់​ថា​ព្រះ​ពុទ្ធ​យើង​នេះ ។

និទាន​ទី ២ ៖ ដំណាល​ពី​នាយ​នេសាទ​ម្នាក់ (ឈ្មោះ​មិន​ប្រាកដ) ដែល​ជា​អ្នក​សម្លាប់​សត្វ​ជា​អាហារ តាំង​ពី​តូច​មក ។ ថ្ងៃ​មួយ អ្នក​នេសាទ​នេះ បាន​ប្រគេន​បាយ​មួយ​ពំនូត​ដល់​ភិក្ខុ​មួយ​អង្គ ។ ពេល​ដែល​គាត់​ស្លាប់​ទៅ យមរាជ​បាន​យក​ទៅ​វាយ​សួរ​ចម្លើយ ហើយ​ចាប់​បោះ​ទៅ​ក្នុង​រណ្ដៅ​ភ្លើង​នរក តែ​មិន​ឆេះ បែរ​ជា​ខ្ទាត​ចេញ​មក​វិញ ។ នាយ​យមបាល ក៏​វាយ​សួរ​ម្ដង​ទៀត ។ ទទួល​ពេល​នោះ នាយ​នេសាទ​ក្រឡេក​ឃើញ​អណ្ដាត​ភ្លើង​នរក មាន​សម្បុរ​ដូច​ចីវរលោក ក៏​នឹក​ដល់​ទាន​របស់​ខ្លួន ហើយ​ជំរាប​យមបាល តាម​ដំណើរ​រឿង​ធ្វើ​ទាន ។ ពួក​យមបាល ក៏​អនុញ្ញាត​អោយ​បុរស​នោះ ទៅ​កើត​ក្នុង​ទេវលោក​ចំនួន ៧ ថ្ងៃ ហើយ​សឹម​ត្រឡប់​មក​ស្ថាន​នរក​វិញ ។ ទេវបុត្រ​នោះ ឈ្មោះ​ថា «អន្នំលោកង្សិនី 2» មាន​ប្រពន្ធ​សំណប់​ចិត្ត​ឈ្មោះ​នាង សុបណ្ណឱរ៉ៃ ។ គាត់​បាន​និយាយ​រឿងរ៉ាវ​របស់​គាត់ ដែល​ធ្លាក់​ទៅ​នរក​នោះ​ប្រាប់​ភរិយា ដោយ​សព្វ​គ្រប់ ។ នាង​សុវណ្ណឱរ៉ៃ ក៏​អោយ​ស្វាមី​ខ្លួន​សាង​វាលុក​ចេតិយ ហើយ​ឆ្លង​អោយ​ស្រេច​ក្នុង​ថ្ងៃ​ទី ៧ ។ លុះ​ដល់​ថ្ងៃ​ទី ៧ យមរាជ ក៏​តាម​មក​ហៅ អន្នំលោកង្សិនី ទៅ​ស្ថាន​នរក​វិញ ។ នាង​ប្រពន្ធ ក៏​ចេញ​មក​និយាយ​តប​ថា យើង​មិន​បើក​ទ្វារ​អោយ​ស្វាមី​យើង​ទៅ​ទេ ព្រោះ​ស្វាមី​យើង បាន​សាង​វាលុក​ចេតិយ និង​ធ្វើ ពិធី​ឆ្លង​រួច​ហើយ, បើ​នៅ​តែ​ត្រូវ​ការ​យក​ប្ដី​យើង​ទៅ​ធ្វើ​ទោស​នោះ ចូរ​អ្នក​រាប់​គ្រាប់​ខ្សាច់​នេះ​អោយ​អស់​សិន។ យមរាជ ក៏​ចាប់​ផ្ដើម​រាប់​គ្រាប់​ខ្សាច់​ពេញ​មួយ​ព្រឹក​ថ្ងៃ​ត្រង់ មិន​ចេះ​អស់​សោះ ។ យមរាជ ក៏​ទាល់​តម្រិះ ហើយ​ត្រឡប់​ទៅ​ស្ថាន​នរក​វិញ ។

និទាន​ទី ៣ ៖ ដំណាល​ពី​ចៅ​កម្ជិល​ខ្សាច់ ថា មាន​ក្មេង​ម្នាក់ ចេះ​តែ​ពូន​ខ្សាច់ នៅ​ទី​ផ្នូក​ខ្សាច់​មុខ​ផ្ទះ ហើយ​ដេក​ននៀល​លេង​រាល់ ៗ ថ្ងៃ ប្រឡាក់​ប្រឡូស​ទៅ​ដោយ​ខ្សាច់ មើល​មិន​យល់, គេ​ក៏​នាំ​គ្នា​ហៅ​ថា ចៅ​កម្ជិល​ខ្សាច់ ត​មក ។ ថ្ងៃ​មួយ ព្រះ​ឥន្ទ្រ​ទត​ឃើញ​យ៉ាង​នេះ ក៏​អោយ​នាង​ទេពធីតា​ម្នាក់ ចុះ​មក​ធ្វើ​ជា​ប្រពន្ធ ។ ក្រោយ​មក ព្រះ​រាជា​ទ្រង់​ចូល​ទីវង្គត ហើយ​គ្មាន​អ្នក​ណា​ស្នង​រាជ្យ ពួក​មន្ត្រី ក៏​ធ្វើ​បុស្បុក​ផ្សង​រក​អ្នក​មាន​បុណ្យ​បារមី ។ បុស្បុក ក៏​ទៅ​ត្រូវ​លើ​ចៅ​កម្ជិល​ខ្សាច់ ។ គេ​ក៏​នាំ​គ្នា​អញ្ជើញ​ចៅ​កម្ជិល​ខ្សាច់​នោះ ទៅ​អោយ​សោយរាជ្យ​ជា​សុខ តទៅ

ដោយ​មាន​និទាន​បែប​នេះ​ហើយ​បាន​ជា ខ្មែរ​យើង​មាន​ជំនឿ​ជាប់​តរៀង​រហូត​មក​ដល់​បច្ចុប្បន្ន ប៉ុន្តែ​ភ្នំ​ខ្សាច់​នេះ គេ​មិនមែន​ធ្វើ​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប៉ុណ្ណោះ​ទេ សូម្បី​នៅ​ក្នុង​ពិធី​បុណ្យ​ផ្សេង ៗ ក៏​គេ​និយម​ធ្វើ​ដែរ ព្រោះ​ជឿ​ថា​ជា​ការ​រំដោះ​កម្ម​ពៀរ​វេរា​ដែល​ធ្វើ​អាក្រក់ កន្លង​មក ។

សេចក្ដី​សន្និដ្ឋាន​៖

កាល​បរិច្ឆេទ នៃ​ការ​ចូល​ឆ្នាំ​ប្រពៃណី​របស់​ប្រជាជាតិ​នានា​ក្នុង​លោក តែង​មាន​ការ​ប្រែប្រួល​ជា​ធម្មតា មិន​ថា​ឡើយ​តែ​ពេល​វេលា​ចូល​ឆ្នាំ របស់​ប្រជាជន​កម្ពុជា​ទេ ។ ពិធី​នានា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នោះ ក៏​មាន​ប្រការ​ខ្លះ​មិន​សមរម្យ រក​កល់​ទៅ​ជា​រឿង​ភូតភរ គួរ​អោយ​ពិបាក​​ជឿ​កើត សំរាប់​មនុស្ស​មាន​វិចារណញ្ញាណ ។ ប៉ុន្តែ​រឿង​ខ្លះ ក៏​ជា​ប្រភព​នៃ​ការ​ដឹកនាំ​មនុស្ស​អោយ​ចេះ​សាមគ្គី​គ្នា ស្រឡាញ់ រាប់អាន​គ្នា បំផុស​លើក​ទឹក​ចិត្ត​មនុស្ស​អោយ​ខិតខំ​បំពេញ​កុសលកម្ម លើក​ស្ទួយ​សង្គម​ជាតិ ឆ្ពោះ​ទៅ​កាន់​ភាព​រឹងមាំ រីក​ចំរើន​ដែរ ។

កាល​ពី​ព្រេងនាយ ពិធី​ទាំងឡាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ សុទ្ធសឹង​មាន​ប្រភព​ភ្ជាប់​មក​ពី​លទ្ធិ​ព្រាហ្មណ៍ ប៉ុន្តែ​ចាប់​ពី​ពេល​ដែល​ប្រជារាស្ត្រ ទទួល​យក​ពុទ្ធសាសនា មក​គោរព​ប្រតិបត្តិ​ជំនួស​សាសនា​ព្រាហ្មណ៍ ពិធី​ខាង​ដើម​មួយ​ចំនួន ក៏​បាន​សម្រប​សម្រួល​ខ្លួន​ទៅ​តាម​ពិធី​របស់​ពុទ្ធសាសនា ហើយ​ក្រោយ​មក ក៏​រលាយ​សាច់​ឈាម​ផ្សំ​ចូល​គ្នា​គ្រប់​អន្លើ ស្ទើរ​មើល​ពុំ​យល់ ហើយ​ប្រការ​មួយ​ចំនួន​ទៀត ដែល​ប្រាស​ចាកហេតុ​ផល​ខ្លាំង​ពេក ក៏​រលាយ​រសាយ​បាត់​ធាតុ​ពី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ក៏​មាន ។

ទោះបី​យ៉ាង​ណា​ក៏​ដោយ បុណ្យ​ចូល​ឆ្នាំ​នេះ ពិ​ជា​កថាខ័ណ្ឌ​មួយ​សំខាន់​ចាំបាច់​បំផុត ក្នុង​ទំព័រ​ជីវិត​មនុស្ស​គ្រប់​រូប គ្រប់​ជាតិ​សាសន៍ ក៏​ដូចជា​ខ្មែរ​គ្រប់​រូប​ដែរ​សំរាប់​ត្រួត​ពិនិត្យ វាយ​តំលែ​សរុប​លទ្ធផល​ការងារ បេសកកម្ម បទ​ពិសោធន៍​ដែល​ខ្លួន​បាន​អនុវត្ត​កន្លង​មក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​ប្រមើល​មើល​ទៅ​ក្រោយ ដក​ស្រង់​យក​ចំណុច​ល្អ ៗ បន្ត​អនុវត្ត​អោយ​ប្រាកដ និង ជោគជ័យ​ជាង​ទៀត នា​ឆ្នាំ​ថ្មី ដ៏​ក្សេមក្សាន្ត ។

រៀបរៀង​សង្ខេប ដោយ

ម៉ែន ប្រាង * អាំ ឆន

1ស្រង់​សង្ខេប​ពី​ព្រះ​រាជ​ពិធី​ទ្វា​ទសមាស ភាគ ១

2អាន​ថា អាន់ណាំង លោកាំង សិណី

Advertisements
%d bloggers like this: