Monthly Archives: November 2014

រាពណ៍ (ក្រុង​រាពណ៍)


រាពណ៍ (ក្រុង​រាពណ៍)

ដោយ ធន់ ហ៊ិន

krong-reap1ស្ដេច​របស់​ពួក​ខ្មោច​បិសាច ពួក​ព្រាយ​អសុរកាយ ឬ​ពួក​យក្ស​នៅ​នគរ​លង្កា (កោះស្រីលង្កា) ដែល​បាន​បណ្ដេញ​បង​ប្អូន​រួម​ឪពុក​របស់​ខ្លួន គឺ​ព្រះ​កុវេរៈ (មាតា​ឈ្មោះ​ឥទាវិទា) ចេញ​ពី​នគរ​លង្កា។ ក្រុង​រាពណ៍​ជា​បុត្រ​របស់​ព្រះ​វិស្រវៈ ជា​មួយ​នាង​និកស្សា បុត្រី​របស់​រក្សាសៈ មួយ​រូប​ឈ្មោះ​សុមាលី ។ ក្រុង​រាពណ៍ និង​ព្រះ​កុវេរៈ​ត្រូវ​ជា​ចៅ​របស់​ឫសី​បុលច្ឆា បាន​ទទួល​ការ​ចែក​អំណាច​គ្នា​គ្រប់​គ្រង គឺ​ក្រុង​រាពណ៍​ធ្វើ​ជា​ស្ដេច​ពួក​ខ្មោច ព្រាយ​បិសាច ដែល​ហៅ​ថា​ពួក​រក្សាសៈ (ឫរាក្ស័ស) ហើយ​ព្រះកុវេរៈ​ធ្វើ​ជា​ស្ដេច​នៃ​ពួក​យក្ស ។ឫសី​បុលច្ឆា​​មិន​មែន​គ្រាន់​តែ​ជា​បុព្វ​ជា​បិតា​របស់​ក្រុង​រាពណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ក៏​ជា​អ្នក​បង្កើត​ឲ្យ​មាន​ពូជ​ពង្ស​នៃ ពួក​ខ្មោច​ព្រាយ បិសាច អសុរកាយ អារក្ស​ទឹក ម្រេញ គង្វាល ។ល។ ផង​ដែរ ។ តាម​ការ​កាន់​វត្ត​ប្រតិបត្តិ​ដ៏​តឹង​រ៉ឹង និង​ការ​ប្ដេជ្ញា​ខ្លួន​ថ្វាយ​ចំពោះ​ព្រះ​ព្រហ្ម​ក្រុង​រាពណ៍​ក៏​បាន​ទទួល​ពរ​ពី ព្រះ​ព្រហ្ម​ថា ឲ្យ​វា​មាន​ឫទ្ធិចេស្ដា​លើ​ពួក​ទេពតា​និង​ខ្មោច​ព្រាយ បិ​សាច​នានា ប៉ុន្តែ ថា​ឲ្យ​វា​ស្លាប់​ដោយ​សារ​ស្រី​ម្នាក់ ។ តាម​អានុភាព​នៃ​ពរ​នេះ ក្រុង​រាពណ៍​អាច​ប្រែ​កាឡា​ខ្លួន​ទៅ​ជា​រូប​រាង​អ្វី​ក៏​បាន​តាម​តែ​ចិត្ត​វា​ចង់ ហើយ​អាច​ប្រព្រឹត្ត​នូវ​រាល់​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង​ក្នុង​កម្រិត​ដ៏​ខ្ពស់​ហួស គឺ​លើស​ពី​អ្វី​ដែល​ពួក​យក្ស និង​ពួក​ព្រាយ​បិសាច ឯ​ទៀត​ៗ​អាច​ធ្វើ​បាន ។ ក្នុង​រឿង​រាមាយណៈ មាន​ការ​ពណ៌នា​ថា ក្រុង​រាពណ៍​មាន​ក្បាល​ដប់ មាន​ដៃ​ម្ភៃ មាន​ភ្នែក​សម្បុរ​ដូច​ស្ពាន់ មាន​ធ្មេញ​ភ្លឺ​ដូច​ជា​ព្រះ​ចន្ទ​ក្នុង​ដើម​ខ្នើត មាន​រូប​ដូច​ជា​ដុំ​ពពក​មួយ​ដុំ​ដ៏​ក្រាស់​ឃ្មឹក ឬ​ដូច​ជា​ភ្នំ​មួយ ឬ​ដូច​ជា​យមរាជ ដែល​កំពុង​ហា​មាត់​ប្រុង​ចាំ​ត្របាក់ ។ វា​មាន​លក្ខណៈ​សម្បត្តិ​ជា​ស្ដេច​គ្រប់​គ្រាន់​ទាំង​អស់ ប៉ុន្តែ​នៅ​លើ​ខ្លួន​ប្រាណ​របស់​វា​មាន​ស្លាក​ស្នាម​ជា​ច្រើន ។ ស្នាក​ស្នាម​ទាំង​នោះ ជា​ការ​បញ្ជាក់​ពី​ការ​រង​របួស ដែល​វា​បាន​ទទួល​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​ទេវតា ។ មាន​ស្នាម​នៅ​លើ​ខ្លួន​វា​ខ្លះ​ទៀត ដោយ​មក​ពី​ខ្លួន​វា​ត្រូវ​នឹង​កាំ​រន្ទះ​របស់​ព្រះ​ឥន្ទ្រា ត្រូវ​នឹង​ភ្លុក​ដំរី​របស់​ព្រះ​ឥន្ទរា​ឈ្មោះ​ព្ធរាវ័ត ត្រូវ​នឹង​ថាស​ជា​អាវុធ​របស់​ព្រះ​វិស្ណុ ។ វា​មាន​កម្លាំង​រហូត ដល់​អាច​ធ្វើ​ឲ្យ​រញ្ជួយ​ទឹក​សមុទ្រ ឬ​ក៏​ញែក​កំពូល​ភ្នំ​ឲ្យ​បែក​ចេញ​ពី​គ្នា​បាន ។ វា​ជា​អ្នក​បំពាន​ច្បាស់​នានា និង​ពូកែ​ខាង​ចាប់​រំលោភ​ភរិយា​របស់​មនុស្ស​ម្នា​ផង ។ ដោយ​ហេតុ​តែ​ខ្លួន​វា​ធំ ហើយ​ខ្ពស់​ដូច​ភ្នំ បើ​វា​ទៅ​ទី​ណា​ម្ដង​ៗ​វា​តែង​ធ្វើ​ឲ្យ​គេ​ខ្លាច​នៅ​ទី​នោះ សូម្បី​តែ​ព្រះ​អាទិត្យ​ក៏​មិន​ហ៊ាន​ជះ​កម្ដៅ​ទៅ​លើ​វា ព្រះ​វា​យោក៍​មិន​ហ៊ាន​បក​បោក ព្រះ​សាគរ​ក៏​មិន​ហ៊ាន​ឲ្យ​ទឹក​រលក​ដែរ ។ អំពើ​អាក្រក់​របស់​វា​ញាំង​ឲ្យ​មាន​សម្រែក​សង​សឹក​យ៉ាង​ខ្លាំង​ៗ ដែល​បន្លឺ​ឡើង​ឮ​រហូត​ទៅ​ដល់​ឋាន​សួគ៌ា ។ ព្រះ​វិស្ណុ​ក៏​ប្រកាស​ថា ក្រុង​រាពណ៍​កាន់​ឫក​ក្រ​អឺត​ក្រទម​ហួស​ពេក​ណាស់ នឹង​សុំ​ឲ្យ​វា​ជួយ​រក្សា​មនុស្ស​សត្វ​ផង​ក៏​មិន​បាន គួរ​តែ​ឲ្យ​វា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​នៃ​សត្វ​លោក​ទាំង​អស់​នោះ ទៅ​វិញ​ចុះ ។ ហេតុ​ដូច្នេះ​ហើយ ព្រះ​វិស្ណុះ​ក៏​យោន​យក​កំណើត​មក​កើត​ជា​ព្រះ​រាម​ចន្ទ្រ​ក្នុង​គោល​បំណង​ដ៏​បន្ទាន់​បំផុត​មួយ គឺ​កម្ទេច​ក្រុង​រាពណ៍ ។ ដើម្បី​ឲ្យ​បាន​សម្រេច​នូវ​គោល​បំណង​នេះ ទ័ព​ស្វា និង​ទ័ព​ខ្លា​ឃ្មុំ​ជា​ច្រើន ក៏​ត្រូវ​ព្រះ​អង្គ​បង្កើត​ឲ្យ​មាន​ឡើង​ផង​ដែរ ។ សង្គ្រាម​រវាង​ព្រះ​រាម​និង​ក្រុង​រាពណ៍​ត្រូវ​ផ្ទុះ​ឡើង ដោយ​សារ​ក្រុង​រាពណ៍​ត្រូវ​មោហ៍​បាំង គឺ​ងុប​ងុល​តែ​ជា​មួយ​និង​តណ្ហា​ក្រាស់​របស់​វា ។ វា​កើត​ចិត្ត​ប្រតិព័ទ្ធ​ទៅ​លើ​ព្រះ​នាង​សីតា​យ៉ាង​ខ្លាំង រហូត​ដល់​ទ្រាំ​លែង​បាន វា​ក៏​ចេញ​ចាក​ពី​ក្រុង​លង្កា​យាត្រា​សំដៅ​ទៅ​កាន់​អាស្រម​របស់​ព្រះ​រាម តាម​ការ​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បួស​ដើរ​បិណ្ឌ​បាត ។ ក្នុង​ខណៈ​ដែល​ព្រះ​រាម​ចេញ​ទៅ​ដេញ​ចាប់​ប្រើស​មាស ក្លែង​ដោយ​ប្អូន​ជីដូន​មួយ​របស់​វា​ឈ្មោះ មារីចៈ វា​ក៏​ទៅ​លួច​ចាប់​បង្ខំ​យក​ព្រះ​នាង​សីតា​ទៅ​កាន់​ក្រុង​លង្កា​បាត់​ទៅ ។ ក្រុង​រាពណ៍​បង្ខំ​ឲ្យ​ព្រះ​នាង​សីតា​ព្រម​ធ្វើ​ជា​ឯកអគ្គមហេសី​របស់​វា​ទាំង​គំរាម​ថា និង​សម្លាប់ ឬ​ស៊ី​ព្រះ​នាង​ល្គឹក​ណា​ព្រះ​នាង​មិន​យល់​ព្រម​បំពេញ​បំណង​របស់​វា​ទេ ។ ប៉ុន្តែ​ព្រះ​នាង​សីតា​ប្រកែក​ជា​រៀង​រាល់​លើក ហើយ​លើក​ណា​ក៏​ព្រះ​នាង​ចេះ​តែ​មាន​វាសនា​និង​ចៀស​ផុត​ពី​សេចក្ដី​ស្លាប់ ឬ​ការ​រំលោភ​ពី​ក្រុង​រាពណ៍​ដែរ ដោយ​សារ​តែ​មាន​ការ​បន្ទច់​បង្អាក់​ពី​ភរិយា​ម្នាក់​របស់​ក្រុង​រាពណ៍ ។ ហនុមាន​ជា​អ្នក​រក​ព្រះ​នាង​សីតា​ឃើញ​នៅ​ឯ​កោះ​លង្កា ។ បន្ទាប់​ពី​ព្រះ​រាម​បាន​ទទួល​ដំណឹង​យ៉ាង​ច្បាស់​ពី​ហនុមាន ដែល​មាន​ទ័ព​របស់​គេ​ជា​ស្វា និង​ជា​ខ្លា​ឃ្មុំ ឲ្យ​ជួយ​ព្រះ​អង្គ ។ ពួក គេ​នាំ​គ្នា​សង់​ស្ពាន​មួយ​ធ្វើ​ពី​ដុំ​ថ្ម​បណ្ដែត​ទឹក ដែល​ពួក​គេ​នាំ​គ្នា​ហៅ​ថា​ស្ពាន​ព្រះ​រាម (សព្វ​ថ្ងៃ​ស្ពាន​នេះ​បាន​ប្រែ​ឈ្មោះ​ថា ស្ពាន​អាដាំ) រួច​ទើប​គេ​នាំ​គ្នា​លើក​ទ័ព​ជា​ក្បួន ដើរ​ឆ្លង​ស្ពាន​នោះ​ទៅ​កាន់​ក្រុង​លង្កា។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

Advertisements