Monthly Archives: October 2012

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ៣)


(តពីវគ្គទី ២)

​បុព្វហេតុខ្លះៗ ស្ដីពីជម្លោះរវាងក្រុមធម៌​ចាស់ និង ធម៌​ថ្មី​៖

​     ​    បន្ទាប់​ពី​សម្តេចព្រះសង្ឃរាជ​គណៈមហានិកាយ និល ទៀង ចូល​ទីវង្គ​ត​បាន​ប្រមាណ​ជា​១​ឆ្នាំ ទើប​ព្រះករុណា ស៊ីសុវត្ថិ សព្វព្រះទ័យ​តែងតាំង​ព្រះ​ថេរៈ កែ អ៊ុក គង់នៅ​វត្ត​ឧណ្ណា​លោម ក្រុងភ្នំពេញ ជា​ព្រះ​ធម្ម​លិខិត ព្រះសង្ឃ​នាយក​គណៈមហានិកាយ​នៅ ព​.​ស ២៤៥៨ គ​.​ស ១៩១៤ ។​

សម័យ​នោះ ព្រះសង្ឃ​គង់​ក្នុង​វត្ត​ឧណ្ណាលោម ជា​ព្រះមហា​ថេរៈ មាន​សមណសក្តិ និង វ័យ​ប្រហាក់ប្រហែលគ្នា នឹង​ព្រះអង្គ ហើយ​ព្រះ​ថេរៈ​អង្គ​ខ្លះ​ទៀត​មាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់​ជាង​នោះ ទើប​ពុំ​សូវ​មាន​ការគោរព​កោតក្រែង​ចំពោះ​ព្រះសង្ឃ​នាយក​អង្គ​នេះឡើយ ។ ហេតុនេះ នៅក្នុង​វត្ត​ឧណ្ណា​លោម ជា​វត្ត​ប្រមុខ នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​នោះ មាន​ភាព​រកាំរកូស​ច្រើន មិនសូវ​រៀបរយ​សណ្តាប់ធ្នាប់​ឡើយ ហើយក៏​ពុំ​មាន​ការសិក្សា​រក​ខុស​ត្រូវ​ក្នុង​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​ ដែរ ពោល​គឺ​ប្រតិ​ប​តិ្ត​តាម​ទំនៀម​ទំលាប់​សុទ្ធសាធ ។​

​    ​ថ្ងៃមួយ ជា​ពេល​ជិត​ចូល​វស្សា មាន​អ្នកអង្គម្ចាស់​១​អង្គ ( នាម … ? ) ទំនង​ជា​ដោយហេតុ​បានឃើញ​ភាពឆ្គាំឆ្គង​នៃ​ភិក្ខុ សាមណេរ​ក្នុង​វត្ត​នេះ​ជា​ដើម​នោះ បាន​ទៅ​ទូល​ស្នើរ​សម្តេច​ព្រះ​សង្ឃនាយក កែ អ៊ុក សុំ​បង្កើតអោយមាន​ព្រះសង្ឃ​សំដែង​ព្រះ​វិន័យ​ក្នុង​វិហារ​វត្ត​ឧណ្ណាលោម​ រាល់​រាត្រី ដើម្បីអោយ ភិក្ខុ សាមណេរ​ស្តាប់​រហូតដល់​ចេញ​វស្សា ។​

​     ​សម្តេចព្រះសង្ឃរាជ ក៏​សព្វព្រះទ័យ និង បាន​ស​ម្រឹត​សម្រាំង​ព្រះសង្ឃ​ក្នុង​វត្ត​ឧណ្ណា​លោម បាន​៣​អង្គ​ដែល​ជា​អ្នក​មាន​ភាព​ឆ្លៀវឆ្លាត​ផ្នែក​ខាង​ធម៌​វិន័យ ។ ព្រះភិក្ខុ​៣​រូប​នោះ​គឺ ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ​, ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត និង ព្រះគ្រូ សង្ឃ​វិជ្ជា ហួត តាត ។

​ទទួលបាន​កាតព្វកិច្ច​ដ៏​ សំខាន់​នេះ ព្រះគ្រូ​ទាំង​៣​រូប​ដែល​មាន​ប្រតិពល​ផ្នែក​ធម៌​វិន័យ​ស្រាប់ ហើយ​នោះ​ក៏​បន្ថែម​ការ​សំភី​របស់ខ្លួន​ក្នុង​ការសិក្សា​ស្រា​ជ្រាវ​រាវរក​ឬ​ សគល់ នៃ ព្រះ​វិន័យ​ទ្វេ​ឡើង ហើយ​នាំ​យក​មក​សំដែង និង បង្រៀន​ដល់​ភិក្ខុ​សាមណេរ​ក្នុង​អារាម​នេះ ។

​    ​មិនយូរប៉ុន្មាន បន្ទាប់ពី​បាន​ស្តាប់ និង បាន​រៀន​មក ភិក្ខុ​សាមណេរ​ជាច្រើន​ក្នុង​វត្ត​ឧណ្ណាលោម ចាប់ផ្តើម​ភ្ញាក់រលឹក និង មើលឃើញ​ពី​កំហុស​ដែល​បាន​ប្រតិបត្តិ​កន្លងមក ជាហេតុ​នាំ​អោយ មានការ និយាយ​គ្នា​ច្រើន​ឡើងៗ​ជា​រៀងរាល់ថ្ងៃ​អំពី​ផ្លូវ​ប្រតិបត្តិ​ខុស និង ត្រូវ ។

ប្រការនេះ​បាន​បណ្តាល​អោយ​សម្តេច​ព្រះ​សង្ឃនាយក និង ព្រះមហា​ថេរៈ​មួយចំនួន​ក្នុង​ជួរ​រាជា​គណៈ​កើត​ទោមនស្ស​យ៉ាង​ក្រៃលែង ( ត្បិត​អ្នក​ទាំងនោះ​ក៏​ប្រតិបត្តិ​បែប​មាន​កំហុស​នោះដែរ ) ។ មិនតែប៉ុណ្ណោះ​សោត ពួក​មនុស្ស​ថ្នាក់​កំពូល​នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​ក្នុងប្រទេស កម្ពុជា​ទាំងនេះ​បាន​ពោល​លើក​ទោស​ដាក់​ព្រះសង្ឃ​ក្មេងៗ ដែល​មាន​ព្រះគ្រូ​ទាំង​៣​រូប​ជា​ប្រមុខ​នេះ​ថា ពោល​ពាក្យ​ផ្តេសផ្តាស បង្កា​ច់ បង្ខុស ពី​ទំនៀម ទំលាប់​ចាស់​ដែល​ពួកខ្លួន​ធ្លាប់​បាន​ប្រតិបត្តិ ជា​យូរលង់​ណាស់​មកហើយ និង បាន​ហាមឃាត់​ភិក្ខុ​សាមណេរ លែង​អោយ​ទៅ​ស្តាប់ទៅ​រៀន​ទៀត ។

​កម្មវិធី​សំដែង​វិន័យ​ក៏​ចប់​ត្រឹម​នេះ ប៉ុន្តែ​ចរន្ត​នៃ​ការ​ចង់ដឹង ខុស និង ត្រូវ​ពិតប្រាកដ​នេះ មិនបាន បញ្ចប់​ត្រឹមនេះ​ទេ ហើយ​មនសិការ​នេះ រឹតតែ​ខ្លាំងក្លា​ឡើង ។     ​ចំណែក​ព្រះគ្រូ​ទាំង​៣​រូប​ក៏​បាន​បន្ថែម ការព្យាយាម​សិក្សា​ពិនិត្យ​គម្ពីរ​នានា ( កាល​នោះ​សុទ្ធតែ​ជា​គម្ពីរ​ភាសាបាលី ) របស់​ខ្លួន​កាន់តែ​ខ្លាំង និង ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ជាង​មុន ដោយសារ​ពួក​លោក​យល់ និង ប្រាកដថា អ្វី​ដែល​ពួក​លោក​បាន និង កំពុង​ធ្វើ​នោះ​គឺ​ពិតជា​ត្រឹម និង ត្រូវ ឥត​មាន​ល្អៀង​ប្រាសចាក​ពី​ពុទ្ធដីកា​ឡើយ ហើយ​ក៏​ប្រាកដ​ក្នុង​ចិត្ត​ថា រាល់​កិច្ចានុកិច្ច​នោះ ត្បិត​តែ​ចិត្ត​បង្កា​ច់ បំបាក់​អ្នកដទៃ ឬ ថា​ឥច្ឆា​ឈ្នានិស​បុគ្គល​ណា​ម្នាក់ ឬ ថា​ដោយសា​រ​មហិច្ឆត្តា​ប្រាថ្នា​លើកតំកើង​ខ្លួនឯង ក៏​ទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្តីចំរើន និង ភាព​ត្រឹម និង ត្រូវ​នៃ​ព្រះពុទ្ធសាសនា អោយ​ពុទ្ធសាសនិក​មាន​ប្រាជ្ញា ប្រាសចាក​ការជឿ និង ប្រតិបត្តិ​ទាំង​ភាព​ងងឹត ងងល់ និង សេចក្តីចំរើន​ដល់​ប្រទេសជាតិ​ពិតៗ ។ នឹង​ថា​ការ​ពោល​អះអាង​ទាំងនោះ​ជា​គំនិត​របស់ ពួក​លោក​ផ្ទាល់ ក៏​មិនមែន ប៉ុន្តែ​វិន័យ​ទាំងនោះ​មាន​ចែង​ក្នុង​គម្ពីរ​នានា មាន​ព្រះ​ត្រ័យ​បិដក ជាអាទិ៍ ដោយ​ពិត គ្រាន់តែ​ថា គម្ពីរ​ទាំងនោះ​ជា​ភាសាបាលី ដែល​ពួក អ្នក​ប្រកាន់​បុរាណ​និយម​មិនចេះ ឬ មិន​ខ្វល់​ក្នុង​ការពិនិត្យ​តែ​ប៉ុណ្ណោះ ។

​    ​ពាក្យ​ថា “ ធម៌​ចាស់ ” និង “ ធម៌​ថ្មី ” ក៏​បាន​ចាប់បដិសន្ធិ​ឡើង​ក្នុង​ទឹកដី​ខ្មែរ​ចាប់ពីពេលនោះ ពោល​គឺ​ចេញពី​វត្ត​ឧណ្ណាលោម ។ ក្រុម​ដែល​ប្រកាន់ខ្ជាប់​របៀប​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​តាម​ទំលាប់ តៗ​គ្នា​ពី​បុរាណ  ( ទោះ​ជា​ទំលាប់​នោះ​មិន​ត្រឹ​ត្រូវតាម​ពុទ្ធោវាទ​ក្តី ) ហៅថា “ ពួក​ធម៌​ចាស់ ” ហើយ​ពួក​នេះ​មិន​រវីរវល់ នឹងសិក្សា ពិនិត្យ ផ្ទៀងផ្ទាត់​ជាមួយនឹង​គម្ពីរ​ដី​ការ​ដែល​ជា​គោល​គ្រឹះ​នៃ ព្រះពុទ្ធសាសនា​ឡើយ ។

​    ​ក្រុម​ដែល​សិក្សា​ពិនិត្យ និង ប្រតិបត្តិ​តាម​ដែល​មានចែង​ក្នុង​គម្ពីរ​ដីការ ហើយ​ហ៊ាន​កែប្រែ​ប្រសិនបើ​ឃើញ​ថា​ទំលាប់​ណា​ខុស ។ ក្រុម​ត្រូវបាន​ហៅថា “ ក្រុម​ធម៌​ថ្មី ” ។
​    ​សម្តេចព្រះ​មហាសុមេធាធិបតី ហួត តាត បាន​បញ្ចេញ​ទស្សនៈ​ថា “ ពាក្យ ធម៌​ចាស់ និង​ធម៌​ថ្មី នេះ ជា​ពាក្យ​អ​ព្វ​មង្គល អ្នក​បង្កើត​អោយ​មាន​ពាក្យ​នេះ ជា​កំហុស​ដ៏​ធំ​សម្បើម និង គួរអោយ សោកស្តាយ​យ៉ាង​ក្រៃលែង ព្រោះ​ធ្វើអោយ​សង្គម​ពុទ្ធសាសនិក​ខ្មែរ​បែកបាក់​សាមគ្គី  ” ។​

​    ​នៅក្នុង​ពិធី​ថ្វាយ​សញ្ញប​ត្រ មហា​បណ្ឌិត អក្សរសាស្ត្រ​ខ្មែរ ដល់ សម្តេចព្រះសង្ឃរាជ ជួន ណាត នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ ១៩៦៧ ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បាន​មាន​ព្រះ​បន្ទូល​ថា “ អ្នកខ្លះ​និយាយ​ខុស​ទាំងស្រុង​ថា នៅក្នុង​សាសនា​យើង​មាន​ធម៌​ថ្មី ធម៌​ចាស់ ។ តាម​ការពិត​យើង ពុំ​មាន​ធម៌​២​ទេ មានតែ​១​គត់ ។ ដែល​និយាយថា ធម៌​ថ្មី​នោះ គឺ​ការ​ដែល​ខំ​ស​ម្រឹត​សម្រាំង​ព្រះ​សាសនា អោយ​ផុត​អំពី​ជំនឿ​ខុស អំពី​ការ​យល់​ហួស​ហេតុផល និង ទម្លាប់​ខុស គឺ​ពុំមែន​ធ្វើអោយ ព្រះពុទ្ធសាសនា​ទៅជា​បែប​ថ្មី​ទេ ។ ការពិត​គឺ​ធ្វើ​អោយ​ព្រះ​សាសនា​ត្រឡប់​ទៅ​រក​ប្រភព​ដើម​ដ៏​ត្រឹម ត្រូវ​ល្អ​វិញ​តែ​ប៉ុណ្ណោះ ” ។​

​    ​សម្តេចព្រះ​ធម្មលិខិត  កែ អ៊ុក ព្រះសង្ឃ​នាយក​គណៈមហានិកាយ និង ព្រះមហា​ថេរៈ​មួយ ចំនួន​ដែល​ស្ថិត​នៅក្នុង​ជួរ​រាជាគណៈ ជា​មេក្លោង ក្រុម​អភិ​រ័ក្ស​បែប​បុរាណ​និយម ។ ក្រុម​នេះ​ក៏បាន ប្រឆាំង​ដាច់ខាត​ផងដែរ​នូវ​ការសិក្សា​ផ្នែក​បរិយតិ្តធម៌ ដែល​តម្រូវ​អោយ​បកប្រែ​គម្ពីរ​ព្រះពុទ្ធសាសនា ពី​ភាសាបាលី មក​ជា​ភាសាជាតិ ។ ក្រុម​បុរាណ​និយម នេះ​ក៏​បាន​ប្រឆាំង​ផងដែរ នឹង ការយក​គម្ពីរ ដីកា​ព្រះពុទ្ធ​សាសនា​មក​បោះពុម្ព​ជា​សៀវភៅ​ដែល​ប្រើ​ក្រដាស ដោយ​ក្រុម​នេះ​បាន​តម្រូវ​អោយ​រក្សា គម្ពីរ​ដីកា​នានា អោយ​នៅ​ជា​សាស្ត្រា​ស្លឹករឹត ដដែល ។

​    ​ប៉ុន្តែ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត , ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត , ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ និង ព្រះ​បវរ​ញាណ​វិជ្ជា ល្វី ឯម បាន​បន្ថែម​ការព្យាយាម​រិត​តែ​ខ្លាំងក្លា​ក្នុង​ការស្រាវជ្រាវ​ចងក្រង ជា​សៀវភៅ​ដូច​ជា​សៀវភៅ សាមណេរ​វិន័យ , ភិក្ខុ​បាតិមោក្ខ​សង្ខេប , បព្វជ្ជា​ខន្ធ​ក​សង្ខេប​, សីមា​វិនិច្ឆ័យ​សង្ខេប , គ​ហិប្ប​ដិប​ត្ត  និង កឋិន​ក្ខ​ន្ធ​ក ជាដើម បើ​ទោះជា​ត្រូវ​បាន​ក្រុម​សម្តេច ព្រះសង្ឃ​នាយក កែ អ៊ុក បង្ក​ជា​ឧបសគ្គ​រារាំង​យ៉ាងណាក្តី ។​

​    ​ទំនាស់​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​រីក​រាលដាល តាំងពី​ថ្នាក់​រាជធានី​រហូតដល់ ខេត្ត ខណ្ឌ ជនបទ ទូទាំង​ប្រទេស ដែលនាំអោយ​សាមគ្គីភាព​របស់​ពុទ្ធបរិស័ទ​ខ្មែរ​ជួប​ភាព​ប្រេះឆា​យ៉ាង​ជូរចត់ រហូតដល់ ព្រះ​ធម្មលិខិត ព្រះសង្ឃ​នាយក កែ អ៊ុក បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​ក្រសួង​ធម្មការ ដើម្បី​សុំ​ព្រះរាជ អន្តរាគមន៍​ពី​ព្រះករុណា ស៊ីសុវត្ថិ ។​
​    ​បន្ទាប់​ពី​ព្រះរាជសវនាការ និង ជ្រាប​សព្វ​សេចក្តី​មក ព្រះករុណា​បាន​មាន​ព្រះបន្ទូល​សរសើរ យ៉ាង​ក្រៃលែង​ចំពោះ​កិច្ចការ​របស់​ព្រះ​ថេរៈ ទាំង​៤​អង្គ​នេះ និង បាន​ព្រះរាជទាន​ប្រាក់រង្វាន់ ចំនួន ២០​រៀល ( កាល​នោះ​ចំនួន​នេះ​មិនមែន​តិច​ឡើយ ) ដល់​ព្រះគ្រូ​សង្ឃ​សត្ថា ។

​ សោតឯ​ព្រះករុណា មុនី​វង្ស ដែល​កាលនោះ​ទ្រង់​នៅ​ជា ព្រះអង្គម្ចាស់ នៅឡើយ​នោះ ទ្រង់​តែង​មាន​ការសព្វព្រះទ័យ​ចំពោះ​កិច្ចានុកិច្ច​របស់​ព្រះ​ភិក្ខុ​ទាំង​៤ ​រូប​នេះ​ជា​ខ្លាំង ហើយ​មាន​ពេលខ្លះ​បាន​មាន បន្ទូល​ជាមួយ​ព្រះករុណា ស៊ីសុវត្ថិ ថា “ ព្រះសង្ឃ​ចាស់ៗ​ទាំងនោះ ( ក្រុម​របស់ សម្តេច កែ អ៊ុក ) គ្មាន​ចេះ​អ្វី​សោះ អាង​តែ ខ្លួនឯង​ជា​មនុស្ស​ចាស់ ជា​អ្នក​ធំជាងគេ មានគំនិត​ឈ្នានិស គេ មិន​ចង់អោយ​គេ​ចេះដឹង​…​គួរតែ​ដក ចេញពី​តំណែង​ទើប​សម ” ។​

​    ​ក្រុម​នេះ​មិន​បាន​បញ្ចប់​ត្រឹម​នេះ​ឡើយ ហើយ​បាន​បន្ត​ប្រឆាំង​នឹង​កិច្ចានុកិន្ច​របស់​ព្រះគ្រូ អនាគត មហា​បុរស​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំង​នេះ​ដោយ​ប្រការ​ផ្សេងៗ​ទៀត ដែល​ក្នុង​ក៏​មាន​ទាំង​កុង្សីយ៍ សេនាបតី នៃ ក្រសួង​ធម្មការ ក៏​ហាក់​មាន​ទំនោរ​ទៅខាង​ក្រុម​បុរាណ​និយម​ដែរ និង មាន​ចំណែក​ក្នុងការ​បន្ទច់ បង្អាក់​នូវ​ការបោះពុម្ព​ជា​សៀវភៅ​របស់​ព្រះ​ភិក្ខុ​អនាគត​បណ្ឌិត​ទាំងនេះ ។​

​    ​គណៈកម្មការ​មួយ​ត្រូវបាន​ប្រកាស​តែង​តាំ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា គ​.​ស ១៩៣៧ ដែល មាន​សមាជិក​៤​រូប​ដើម្បី​សិក្សា​ពី​ភាព​ផ្សេង​គ្នា​រវាង​ធម៌​ចាស់ និង ធម៌​ថ្មី និង ដើម្បី​រក​មធ្យោបាយ​បន្សាត់ បង់​នូវ​ជម្លោះសាសនា​នាពេលនោះ ។ សមាជិក​ទាំង​បួន​រូប​នោះ​គឺ ព្រះគ្រូ​សំ​សត្ថា ជួន ណាត​, ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត​, ភិក្ខុ អ៊ុំ ស៊ូ និង ភិក្ខុ មឿង ។​

​     ​អ្នកប្រាជ្ញ​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ល្វី ហ្វី​ណូត៍ ជា​ចាងហ្វាង​សាលា​បារាំងសែស ( សាលា​ចុង​បូព៌​ពា ) នា​ទីក្រុង ហាណូយ បាន​មក​ដល់​ប្រទេស​ខ្មែរ​នៅ​ឆ្នាំ​១៩២២​ក្នុង​បេសកកម្ម ពិនិត្យមើល​កិច្ចការ​នៅ​នគរវត្ត និង ការសិក្សា​នានា​នៅ​ប្រទេស​ខ្មែរ ។ លោក ហ្វី​ណូត៍ ជា​អ្នក​ស្ទាត់ ជំនាញ​នូវ​ភាសាបាលី សំស្ក្រឹត និង អក្សរ​ខ្មែរ​បុរាណ ដែល​មាន​ចារិក​លើ​ផ្ទាំង​ថ្ម​នានា ។ លោក​យល់ថា ខ្មែរ​មិន​គួរ​សិក្សា​ភាសាឡាតាំង ទៀត​ទេ ព្រោះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​អក្សរសាស្ត្រ​ជាតិ​របស់​ខ្លួន ហើយ ថា​នៅ​សាលា​ធំៗ ខ្មែរ​គួរ​សិក្សា ភាសាបាលី និង សំស្ក្រឹត ត្បិត​ភាសា​ខ្មែរ​មាន​ទំនាក់ទំនង​យ៉ាង ច្រើន​ជាមួយ​ភាសា​ទាំងពីរ​នេះ ។​

​     ​លោក​បាន​មើលឃើញ​ទៀតថា ឥឡូវនេះ ភាសាបាលី​មាន​អ្នកសិក្សា​ច្រើន​គួរសម​ហើយ ប៉ុន្តែ នៅ​មិនទាន់មាន​អ្នកសិក្សា​ភាសាសំស្ក្រឹត​សោះឡើយ ហេតុនេះ​លោក​បាន​ពិគ្រោះ​ជាមួយ ឡឺ​រ៉េស៊ីដង់ត៍ ស៊ូ​ប៉េ​រី​យើរ ( ប្រចាំ​នៅ​កម្ពុជា ) ថា​ត្រូវ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ពី​រូប​ដែល​មាន​ចំណះ​វិជ្ជា​ច្បាស់លាស់​ ផ្នែក ភាសាបាលី ( ងាយស្រួល​បង្រៀន​ភាសាសំស្ក្រឹត ព្រោះ​ភាសា​ទាំងពីរ​នេះ​ប្រហាក់ប្រហែលគ្នា ) ទៅ​ទីក្រុង​ហាណូយ ហើយ​លោក​នឹង​បង្រៀន​ដោយផ្ទាល់ បន្ទាប់មក​នឹង​បញ្ជូន​ព្រះសង្ឃ ទាំង​ពីរ​រូប​នោះ អោយ​ត្រឡប់​មក​បណ្តុះបណ្តាល​ភាសា​នេះ​នៅ​កម្ពុជា​វិញ ។​

​     ​រាជការ​ខ្មែរ​ជ្រើសរើស​ព្រះសង្ឃ​បាន​មួយ​រូប​គឺ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ដែល​កាលនោះ ព្រះអង្គ​មាន​នាទី​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី​នៅ​សាលា​បាលី​ ជាន់ខ្ពស់ ( ពុទ្ធិក​សកល វិទ្យាល័យ​ព្រះ​សុរា​ម្រឹត ) ។
​ព្រះគ្រូ​សង្ឃ ​សត្ថា បាន​មាន​ព្រះ​ថេរ​ដីកា​ថា “ បើ​រាជការ​បញ្ជូន​ព្រះសង្ឃ​អង្គណា​ទីទៃ​ពី ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត នោះ ព្រះអង្គ​នឹង​មិន​និមន្ត​ទៅ​សិក្សា​ឡើយ ត្បិត​មានតែ​ព្រះគ្រូ​រូបនេះ​ទេ ដែល​មាន​ចំណេះវិជ្ជា​ផ្នែក​ភាសាបាលី និង សំស្ក្រឹត​នេះ​ស្រាប់ សោតឯ​អាធ្យាស្រ័យ​ក៏​ត្រូវ​គ្នា​ជាមួយ នឹង​ព្រះអង្គ​ផង​ទៀត ” ។ ដោយហេតុនេះ ព្រះគ្រូ​សង្ឃ​វ​ជ្ជា នៃ យើង​ក៏​បាន​ត្រូវ​បញ្ជូន​ទៅ​សិក្សា នៅ​ទីក្រុង​ហាណូយ ជាមួយ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ទៀត​។

​    ​ពួក​អ្នក​ប្រកាស​ខ្លួន​ថា ជា​អ្នក​ធម៌​ចាស់ ពេល​បាន​ដឹងថា ព្រះគ្រូ​ទាំង​ពីរ​រូប​ដែលជា​អ្នក​ដឹក នាំ​ការសិក្សា​កែប្រែ​នូវ​ការប្រតិបត្តិ​ខុសឆ្គង​អោយ​ត្រឡប់​ជា​ត្រឹមត្រូវ​ វិញ​តាម​ពុទ្ធបញ្ញត្តិ​នេះ ត្រូវបាន រាជ​ការជ្រើសរើស​បញ្ជូន​អោយ​ទៅ​សិក្សា​នៅ​ហាណូយ​យ៉ាងនេះ ពួក​នេះ​មាន​ការ​សប្បាយចិត្ត ហើយ បាន​ផ្សព្វផ្សាយ​ថា ការបញ្ជូន​នេះ​ជា​លេស​ដែល​រាជការ​បោះបង់​ភិក្ខុ​ទាំង​ទ្វេ​នេះ​ចោល​តែ​ ប៉ុណ្ណោះ ហេតុនេះ មុខ​ជា​នឹង​មិន​មាន​ថ្ងៃ​ណា​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ឡើយ ។​
​ព្រះ ​គ្រូ​មាន​សារជាតិ​ជា​បណ្ឌិត​មិន​មាន​ទោមនស្ស​នឹង​រឿង​នេះ​ឡើយ លោក​បាន​ខិតខំ​សិក្សា មិន​តែ​ភាសាសំស្ក្រឹត​ឡើយ លោក​ថែមទាំង​បាន​សិក្សា​នូវ​អក្សរ​សិលា​ចារិក និង ស្វែងយល់​ពី​ជីវភាព ស្រុកទេស​នៅ​ទីនោះ​ផងដែរ ។

​    ​ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយមក​អនាគត​មហា​បុរស​របស់​យើង ទាំង​ទ្វេ ត្រូវបាន​បញ្ជូន​ត្រឡប់​មក មាតុប្រទេស​វិញ ហើយ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ត្រូវបាន​អោយ បន្ត​កិច្ចការ​ជា​សាស្ត្រាចារ្យ ភាសាបាលី​តទៅទៀត ខណៈ​ព្រះគ្រូ សង្ឃ​វិជ្ជា ហួត តាត ត្រូវ​បាន​តែង តាំង​ជា​សាស្ត្រាចារ្យ​បង្រៀន ភាសាសំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់ ហើយក៏​ជា​សាស្ត្រាចារ្យ​ភាសាសំស្ក្រឹត​ដំបូង​គេ​នៅ​កម្ពុជា ចាប់ តាំង​ពី​ការដួលរលំ​អាណាចក្រ​អង្គរ ។

(តទៅវគ្គទី ៤)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

Advertisements

ម្ហូបជនបទ


[…] កាលពីពេលកន្លងទៅ បានធ្វើដំណើរទៅខេត្តតាកែវ…ហើយក៏មិនភ្លេចមុខម្ហូបជនបទមួយមុខនេះដែរ។ មិនប្រាកដថាអ្នកទីក្រុងចូលចិត្តវានោះទេ តែសម្រាប់ខ្ញុំឆ្ងាញ់រកពាក្យនិយាយគ្មាន អាចនិយាយបានថា គ្រាន់តែក្រឡេកឃើញភ្លាមឃ្លានភ្លែត ហើយបើបានជាមួយឡាប់យេរបន្តិចមិនដឹងជាយ៉ាងណានោះទេ។ ជាមួយនឹងក្លិនឆ្ងុយភាយៗតាមខ្យល់ ស្ទើរតែស្រក់ទឹកមាត់ខ្ជាក…ផ្ញើជូនអ្នកភូមិសម្រាប់ អាហារថ្ងៃត្រង់ថ្ងៃនេះ  […]

ក្ដាមបំពង

ទំនៀម​របស់​ប្រជារាស្ត្រ​កម្ពុជា ក្នុង​ការ​រៀប​រណ្ដាប់​អង្គ​កឋិន​ទាន


ទំនៀម​របស់​ប្រជារាស្ត្រ​កម្ពុជាក្នុង​ការ​រៀប​រណ្ដាប់​អង្គ​កឋិន​ទាន​មាន​ដូច​ខាង​ក្រោម៖

-​ រណ្ដាប់​អង្គ​កឋិន​១​សម្រាប់ សម្រាប់​ប្រគេន​ព្រះ​ថេរៈ​១​អង្គ​ដែល​ក្រាល​គ្រង​គឺ ស្បង់​១ ចីពរ​១, សង្ឃាដី​១, អង្ស័ក​១, វត្ថពន្ធ​ចង្កេះ​១, វត្ថពន្ធ​ទ្រូង​១, និសីទនៈ​១, ឆត្រ​១, បាត​១, កំសៀវ​ទឹក​១, កន្ទេល​១, ខ្នើយ​១, មុង​១, ភួយ​១, គ្រែ​១, ឆ្នាំង​១, ចាន​ស្លាប​ព្រា….។
រណ្ដាប់​ញត្តិ ឬ​រណ្ដាប់​សូត្រ​ឆ្វេង-ស្ដាំ ២​សម្រាប់ : សំរាប់​ប្រគេន​ព្រះ​ថេរៈ​២​អង្គ ដែល​សូត្រ​ញត្តិ​គឺ​មាន​ចីវរ​១, លៀង, (ស្បង់​១, ចីពរ​១) និង​បរិក្ខារ​មួយ​ចំនួន​ទៀត….។

រណ្ដាប់​បរិក្ខារ​ច្រើន​សម្រាប់ សម្រាប់​ប្រគេន​ព្រះ​ភិក្ខុ​សង្ឃ​បរិស័ទ ដែល​គង់​ហត្ថបាស​អនុមោទនា​កឋិន​។ រណ្ដាប់​នេះ គេ​និយម​រៀប​ធ្វើ​ជា​កញ្ចប់ ហើយ​ក្នុង​កញ្ចប់​នេះ​មាន​ជា​អាទិ៍៖ ស្បង់​ឬ​សាដក​១​ទៀន​ធូប តែ ស្ករ បារី ឈើ​គូស ច្រាស​ថ្នាំ​ដុស​ធ្មេញ ថ្នាំ​ពេទ្យ សាប៊ូ សៀវភៅ ប៊ិច ខ្មៅ​ដៃ (ប្រាក់)​។ រណ្ដាប់​នេះ គេ​អាច​ធ្វើ​ឲ្យ​មាន​ចំនួន​ច្រើន សម្រាប់​ប្រគេន​សាមណេរ​ផង ប្រសិន​បើ​វត្ត​នោះ​មាន​សាមណេរ​។ ក្រៅ​ពី​រណ្ដាប់​ទាំង​បី​ផ្នែក​នេះ អ្នក​សាមី​ដើម​ទាន តែង​ប្រកាស​បវារណា​នូវ​ប្រាក់​មួយ​ចំនួន​សម្រាប់​ប្រគេន​ព្រះ​សង្ឃ​ផ្ទាល់ និង​មួយ​ចំនួន​ធំ​សម្រាប់​កសាង​សមិទ្ធិ​ផ្សេង​ៗ ដូច​ជា កុដិ វិហារ ស្រះ ខ្លោង​ទ្វារ របង​វត្ត សាលា​រៀន មន្ទីរ​ពេទ្យ…។    បណ្ដា​បរិក្ខារ​ទាំងអស់​នៃ​កឋិន​ទាន និយាយ​សរុប​មាន​តែ​ពីរ​យ៉ាង​គឺ​ស្បង់​១​ឬ​ចីពរ​១, ឬ​សង្ឃាដី​១, ប៉ុណ្ណោះ​ជា​កឋិន​ចីវរ គឺ​ចីវរ​ដែល​ភិក្ខុ​ត្រូវ​ក្រាល​និង​បរិក្ខារ​ក្រៅ​ពី​នេះ​ហៅ​ថា អានិសង្ស​លាភ​។

កម្ម​វិធី​កឋិន ៖

បណ្ដា​២៩​ថ្ងៃ គឺ​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​កត្តិក បើ​អ្នក​សាមី​ដើម​ទាន​ស្ម័គ្រ​ថ្ងៃ​ណាមួយ​ហើយ គេ​តែង​បោះ​ជា​កម្មវិធី​ផ្សព្វ​ផ្សាយ​ចែក​ចាយ​ដល់​ញាតិ មិត្ត ជិត​ឆ្ងាយ​ដើម្បី​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កឋិន​របស់​គេ​។ សម័យ​បច្ចុប្បន្ន គេ​ចូល​ចិត្ត​កំណត់​កម្ម​វិធី​នេះ​ឲ្យ​ត្រូវ​លើ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ គឺ​សូត្រ​មន្ត​ថ្ងៃ​សៅ ដង្ហែ​ទៅ​អាទិត្យ​។

ក/ថ្ងៃ​សូត្រ​មន្ត ៖ ថ្ងៃ​សូត្រ​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​កឋិន​ទាន ដែល​គេ​និយម​ធ្វើ​នៅ​វេលា​ល្ងាច​។ ល្ងាច​នោះ នៅ​គេហដ្ឋាន​អ្នក​សាមី​ដើម​កឋិន​ទាន គេ​សង្កេត​ឃើញ​មាន ៖
-​ ពិធី​ទទួល​បដិសណ្ឋារៈ​យ៉ាង​អធិកអធម​ដោយ​ភោជនាហារ​យ៉ាង​ពោរពាស ចំពោះ​ភ្ញៀវ​ជិត​ឆ្ងាយ ដែល​អញ្ជើញ​មក​ចូល​បច្ច័យ​ចាប់​កុសល​ជាមួយ​។
– ពិធី​ចម្រើន​ព្រះ​បរិត្ត និង​សំដែង​ធម៌​ទេសនា​។
– ជួន​កាល​មាន​សំដែង​សិល្បៈ ជូន​ភ្ញៀវ​កម្សាន្ត​ផង​។
– នៅ​ក្នុង​វត្ត​ដែល​ទទួល​អង្គ​កឋិនទាន ក៏មាន​ពិធី​សូត្រ​មន្ត​ទេសនា​ដែរ

ខ/ថ្ងៃ​ដង្ហែ ឬ​ថ្ងៃ​ថត ៖ជា​ថ្ងៃ​ទី​២​នៃ​កឋិន​ទាន ដែល​គេ​និយម​ធ្វើ​នៅ​ពេល​ព្រឹក​។ ព្រឹក​នេះ គេ​សង្កេត​ឃើញ៖
– ការ​ជបជុំ​គ្នា​នៅ​ផ្ទះ​អ្នក​សាមី​ដើម​ទាន ដើម្បី​រថយន្ត​ចូល​រួម​ដង្ហែ​អង្គ​កឋិន​ទាន​ឆ្ពោះ​ទៅ​កាន់​វត្ត​ដែល​បាន​ គ្រោង​ទុក​។
– ពេល​ដង្ហែ គេ​សង្កេត​ឃើញ​នៅ​ជាប់​និង​មុខ​រថយន្ត នៃ​អង្គ​កឋិន​មាន​ចង​បដា​អក្សរ​ធំ​ៗ​ថា “កឋិនទាន​ដង្ហែ​ទៅ​កាន់​វត្ត…….”​។
– នៅ​លើ​រថយន្ត មាន​ក្រុម​ឆៃយ៉ាំ ឡក​លេង​ប្រគំ​កំដរ លាន់​ឮ​រំពង​រហូត​ដល់​វត្ត​។
– នៅ​ឯ​វត្ត​អារាម​វិញ គេ​បាន​រៀបចំ​បោស​ច្រាស​យ៉ាង​ស្អាត​តុបតែង​លំអ​ដោយ​ទង់​ជ្វាលា ទង់​ជាតិ ទង់​សាសនា រំយោល​ផ្កា​ភ្ញី​យ៉ាង​ល្អល្អះ​ព្រោងព្រាត​។
– បន្ទាប់​ពី​ប្រគេន​ភត្តាហារ និង​ពិធី​ទទួល​អង្គ​កឋិន និង​ជួន​ភោជនាហារ​ចំពោះ​ភ្ញៀវ​មក​មាន​ពិធី​ដង្ហែ​អង្គ​កឋិន​ប្រទក្សិណ​ព្រះ​ វិហារ​ជា​ទក្ខិណាព័ត៌ (បត់​ពី​ឆ្វេង​ទៅ​ស្ដាំ) ដោយ​មាន​ក្រុម​ឆៃយ៉ាំ​ប្រគំ​ឡក​លេង​រាំ​លេង​រាំ​យោង​មុខ​យ៉ាង​ក្រមិចក្រមើម​ គួរ​សប្បាយ​រីករាយ​ជ្រះថ្លា, បន្ទាប់​មក មាន​លោក​អាចារ្យ​នាំ​មុខ​អ្នក​ដើម​ទាន​ទូល​ត្រៃ​ធំ រណ្ដាប់​សូត្រ​ឆ្វេង-ស្ដាំ និង​កាន់​រណ្ដាប់​បរិក្ខារ​ផ្សេង​ៗ រួច​ហើយ​ចូល​ទៅ​តម្កល់​ក្នុង​កណ្ដាល​ព្រះ​វិហារ ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ពុទ្ធ​បដិមា និង​ព្រះ​ភិក្ខុ​សង្ឃ​។ ពេល​នោះ មាន​ពិធី​នមស្សការ​ព្រះ​រតនត្រ័យ សមាទាន​សីល ប្រកាស​បច្ច័យ​សង្កត់​ត្រៃ​វេរ​អង្គ​កឋិន​ចំពោះ​ព្រះ​សង្ឃ ពិធី​ក្រាល​កឋិន ព្រះ​សង្ឃ​សូត្រ​ធម៌​អនុមោទនា​ឲ្យ​ពរ​សាធុការ​ដល់​សាមី​ដើម​ទាន និង​សប្បុរសជន​ទាំងអស់​។

វិធី​វេរ​អង្គ​កឋិន ៖

តាម​ទម្លាប់​របស់​លោក​អាចារ្យ​ដែល​ជា​អ្នក​តំណាង​ម្ចាស់​កឋិន តែង​វេរ​អង្គ​កឋិន​ចំពោះ​ព្រះ​សង្ឃ​តាម​វិធី​ពីរ​យ៉ាង ស្រេច​ហើយ​លើ​ការ​ចូល​ចិត្ត​របស់​ខ្លួន ៖

-​ ពិធី​វេរ​បែប​ទី​១៖ បើ​គេ​យក​សាច់​សំពត់​សុទ្ធ​មក​វេរ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ក្រាល​កឋិន​នោះ លោក​អាចារ្យ​តែង​វេរ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់)​។ ឥមំ ទុស្សំ កឋិនំ សង្ឃស្ស ទេម, ទុតិយម្បិ ឥមំ….ទេម, តតិយម្បិ ឥមំ…ទេម យើង​ខ្ញុំ​ទាំងឡាយ សូម​វេរ​នូវ​សំពត់​នេះ​ដើម្បី​កឋិន​ចំពោះ​ព្រះ​សង្ឃ, អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង​។
– បើ​គេ​យក​ចីវរ​ធ្វើ​ស្រេច​មក​វេរ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ក្រាល​កឋិន​នោះ​លោក​អាចារ្យ​តែង​វេរ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់) ឥមំ កឋិនចីវរំ សង្ឃស្ស ទេម, ទុតិយម្បិ ឥមំ…ទេម, តតិយម្បិ ឥមំ…ទេម យើង​ខ្ញុំ​ទាំងឡាយ សូម​វេរ​នូវ​កឋិន​ចីវរ​នេះ​ចំពោះ​ព្រះ​សង្ឃ អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង​។
– ប្រសិន​បើ​មាន​បរិក្ខារ​ផ្សេង​ៗ ក្រៅ​ពី​សំពត់​កឋិន ឬ​កឋិន​ចីវរ​ផង​ដែល​ហៅ​ថា​អានិសង្ស​លាភ នោះ​លោក​អាចារ្យ​តែង​វេរ​បន្ថែម​ទៀត​ថា យេនម្ហាកំ កឋិនំ គហិតំ កឋិនានិសំសានិតស្សេវ ទេម, ទុតិយម្បិ យេនម្ហាកំ…ទេម, តតិយម្បិ យេនម្ហាកំ… ទេម រី​កឋិន​នៃ​យើង​ខ្ញុំ​ទាំងឡាយ គឺ​លោក​ម្ចាស់​អង្គ​ណា​ទទួល​កាន់​យក យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​នូវ​បរិក្ខារ​ទាំងឡាយ​ជា​អានិសង្សលាភ នៃ​កឋិន​ចំពោះ​លោក​ម្ចាស់​អង្គ​នោះ​ឯង​។ អស់​វារៈ​ពីរ​ដង​ផង​។ អស់​វារ​បី​ដង​ផង​។

ចុចដើម្បីមើលអត្ថបទទាំងស្រុង

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ២)


(តពីវគ្គទី ១)

សមណសក្ដិដែលសម្ដេចបានទទួល៖

  • ថ្ងៃទី​២២​​ ខែ​កក្កដា ​ឆ្នាំ​១៩២២​ សម្ដេចព្រះមហាសង្ឃរាជ​ ប្រទានឋានន្ដរសក្ដិជាព្រះគ្រូសង្ឃវិជ្ជា។
  • ឆ្នាំ ១៩១៩ រាជការតែងតាំងជាក្រុមជំនុំរៀបចំបង្កើតវចនានុក្រមខ្មែរ។
  • ឆ្នាំ ១៩២២ រាជការចាត់ឲ្យទៅរៀនភាសាសំស្រ្កឹត អក្សរថ្ម ខ្មែរបុរាណ និង ប្រវត្តិពុទ្ធសាសនានៅបរទេស ក្នុងសំណាក់លោក ល្វី ហ្វីណូត៍ ចាងហ្វាងសាលាបារាំងសែស នៅអាស៊ីអាគ្នេយ៍​ក្រុងហាណូយ​ ជាមួយនឹងព្រះគ្រូសង្ឃសត្ថា​ ជួន ណាត។
  • ឆ្នាំ ១៩២៤ មកពីហាណួយវិញ រាជការតែងតាំងជាសាស្ដ្រាចារ្យបង្រៀនភាសាសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់។
  • ឆ្នាំ ១៩២៥ រាជការតែងតាំងជាសមាជិកពិនិត្យវិញ្ញាសា​នៃសៀវភៅទាំងឡាយ​ដែលគ្រឹះស្ថាននោះ ត្រូវបោះផ្សាយ។
  • ឆ្នាំ ១៩២៨ រាជការចាត់តាំងឲ្យធ្វើបរិវដ្ដ គមនាគមន៍ ដែនកូសាំងស៊ីន​ ជាមួយនឹងអធិបតីនៃព្រះរាជបណ្ណាល័យកម្ពុជា ដើម្បីពន្យល់ព្រះសង្ឃ និង គ្រហស្ថជាតិខ្មែរ ឲ្យពេញចិត្តសិក្សាអក្សរសាស្ដ្រជាតិខ្មែរជាដើម។        ក្រោយមក ជាតំណាងយ៉ាងខ្ពង់ខ្ពស់ នៃព្រះករុណាអម្ចាស់ជីវិតលើត្បូង ជាមួយនឹងអធិបតីនៃប្រទេសឥណ្ឌូចិនបារាំងសែស ដើម្បីពន្យល់រាស្ដ្រអំពីប្រយោជន៍ និង ការបង្កើតពុទ្ធសាសនបណ្ឌិត្យ។
  • ឆ្នាំ ១៩៣១ សម្ដេចស៊ីសុវត្ថិមុនីវង្ស ប្រទានសមណស័ក្ដិឡើងទីជា វិសុទ្ធិវង្ស​ ទីរាជាគណៈកិត្តិយស ឆ្នាំនោះដែររាជការឲ្យនិមន្ដទៅក្រុងវៀងចន្ទន៍  និង ហ្លួងព្រះបាង ប្រទេសលាវជាមួយនឹងព្រះសាសនសោភ័ណ ជួន ណាត ជាតំណាងប្រទេសខ្មែរ ក្នុងមហាសន្និបាតនៃពិធីបុណ្យពុទ្ធសាសនបណ្ឌិត្យនៃប្រទេសលាវផង និង​ ការប្រជុំដើម្បីបង្កើតសាលាបាលីជាន់ខ្ពស់ក្នុងប្រទេសលាវផង។
  • ឆ្នាំ ១៩៣៥ ត្រូវបានចាត់តាំងឲ្យទៅបង្រៀនសំស្ក្រឹត និង ភាសាខ្មែរនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ និង ទទួលជាអធិបតីរងក្រុមជំនុំប្រែត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។
  • ឆ្នាំ ១៩៤០ បានឡើងជាព្រះសាក្យវង្ស ហួត តាត ទីរាជាគណៈថ្នាក់ត្រី ។
  • ឆ្នាំ ១៩៤៤ ជាព្រះគ្រូសូត្រស្ដាំ វត្តឧណ្ណាលោម។
  • ឆ្នាំ ១៩៤៥ ឡើងជាព្រះមហាវិមលធម្ម និង ចាអធិបតីនៃថេរសភាជាន់ខ្ពស់ ដែលធ្លាប់ធ្វើជាសមាជិកច្រើនឆ្នាំមកហើយ។
  • ឆ្នាំ ១៩៤៧ ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការវប្បធម៌ផ្នែកអក្សរ “ក” ដែលក្រោយមកឡើងជាអនុប្រធាននៃគណៈកម្មការវប្បធម៌ជំនួសសម្ដេច ជួន ណាត ដែលលាឈប់ក្នុងពេលព្រះអង្គមានករណីយកិច្ចច្រើនពេក។
  • ឆ្នាំ ១៩៤៣,១៩៤៨,១៩៥១ និង ឆ្នាំ ១៩៥៤ សម្ដេចត្រូវបានតែងតាំងជាសមាជិកឆ្លើយឆ្លងសាសាលាចុងបូព៌ា។
  • ថ្ងៃទី ២៦​ ឧសភា ១៩៤៨ បានឡើងជាព្រះពោធិវ័ង្ស ទីរាជាគណៈថ្នាក់ឯក និង តែងតាំងជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ និង ជាអធិបតីនៃក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។
  • ថ្ងៃទី ២៨​ វិច្ឆិកា ១៩៥៥ រាជការតែងតាំងជាអគ្គាធិការនៃពុទ្ធិកសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ថ្ងៃទី ២៤​ ខែកក្កដា ឆ្នាំ១៩៦៤ បានទទួលព្រះឋានៈដ៏ខ្ពង់ខ្ពស់ជាទីប្រឹក្សាជាទីសម្ដេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្យលេខ៥ រវ ចុះថ្ងៃទី ២៤ ខែកក្កដា​ ឆ្នាំ ១៩៦៤។
  • ឆ្នាំ ១៩៦៩ ក្រោយពីសម្ដេចព្រះសង្ឃរាជ ជួន ណា ចូលព្រះទីវង្គតទៅ សម្ដេចព្រះពោធិវ័ង្ស ហួត តាត បានទទួលឋានៈជាព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃរាជ។

សម្ដេចព្រះប្រមុខរដ្ឋទ្រង់ប្រគេនគ្រឿងឥស្សរិយយស មហាសិរីវឌ្ឍន៍សុវត្ថារា ចំពោះសម្ដេចព្រះពោធិវ័ង្ស ហួត តាត

កិច្ចការងារបម្រើសាសនា៖

  • ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥២ សម្ដេចព្រះពោធិវ័ង្ស ហួត តាត ត្រូវរាជរដ្ឋាភិបាលតែងតាំងជាប្រធានគណៈប្រតិភូ តំណាំងពុទ្ធសាសនាកម្ពុជា ទៅប្រទេសជប៉ុន ចូលរួមមហាសន្និបាតលើកទី២ នៃពុទ្ធិកសមាគមពិភពលោក នៅតូក្យូ និង ក្រុងផ្សេងទៀតក្នុងប្រទេសនេះរយៈពេល ១ខែ ២០ថ្ងៃ។
  • ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៥៣ ព្រះករុណាជីវិតលើត្បូង នរោត្ដម សីហនុ រាជានុញ្ញាតសម្ដេចព្រះពោធិវ័ង្ស ព្រះមហាប៉ាង ខាត់ ដើម្បីសង្កេតការសិក្សា នៅពុទ្ធិកមហាវិទ្យាល័យនានា នៅប្រទេសថៃ។ ត្រឡប់មកវិញរាយការណ៍ថ្វាយសម្ដេចអគ្គសាសនូបត្ថម្ភ ទ្រង់អនុញ្ញាតឲ្យបង្កើតពុទ្ធិមហាវិទ្យាល័យព្រះសីហនុរាជ សម្រាប់បព្វជិតជាតិខ្មែរ ដោយព្រះរាជក្រមលេខ៨៧៩ ន.ស. ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៥៤។
  • ថ្ងៃទី២៣ ខែមីនា ឆ្នាំ ១៩៥៤ សម្ដេចព្រះពោធិវ័ង្ស ជាប្រធានប្រតិភូខ្មែរទៅប្រទេសជប៉ុន ចូលរួមសន្និសិទអន្ដរជាតិ ដើម្បីស្វែងរកសន្ដិភាពក្នុងពិភពលោក។ ដំណើរលើកនេះអស់រយៈពេល ២ខែ ២០ថ្ងៃ។
  • ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៥៤ បាននិមន្ដទៅប្រទេសភូមាចូលរួមធ្វើឆដ្ឋសង្គាយនា និង ចូលរួមសន្និសិទលើកទី៣ នៃពុទ្ធិកសមាគមពិភពលោក ដែលធ្វើនៅទីក្រុងរ៉ង់ហ្គូន។
  • ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៥៥ សម្ដេចព្រះពោធិវ័ង្ស ជាមួយលោក យឹម វ៉ែន ទីប្រឹក្សាបច្ចេកទេស នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និង លោក កាន់ ម៉េងកៅ ជាវេយ្យាវច្ចករក្នុងដំណើរទស្សនាពិនិត្យការសិក្សាលើកទី២ នៅប្រទេសថៃម្ដងទៀត។
  • ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៥៦ សម្ដេចព្រះពោធិវ័ង្ស អមដំណើរដោយលោក ជា ទន់ សាស្ដ្រាចារ្យពុទ្ធិកវិទ្យាល័យបាននិមន្ដទៅធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិចអស់រយៈពេល ៣ខែ តាមការនិមន្ដរបស់រដ្ឋាភិបាលអាមេរិច ដោយបានយល់ព្រមពីរាជរដ្ឋាផិបាលខ្មែរ។
  • ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៧៥ សម្ដេចដឹកនាំគណៈប្រតិភូខ្មែរ ទៅប្រទេសលាវ ចូលរួមបុណ្យពុទ្ធសតវត្សទី២៥ នៅទីក្រុងវៀងចន្ទន៍ និង ក្រុងហ្លួងព្រះបាង។
  • ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៨ ត្រូវបានពុទ្ធិកសមាគមចិន និមន្ដទៅទស្សនាប្រទេសចិន រយៈពេល ១ខែកន្លះ។
  • ឆ្នាំ១៩៥៩ រាជរដ្ឋាភិបាលកម្ពុជា ចាត់តាំងសម្ដេចជាតំណាងចូលរួមបុណ្យអនុឆដ្ឋសង្គាយនា នៅក្រុងរ៉ង់ហ្គូន ជាមួយនឹងលោក ជា ទន់ សាស្ដ្រាចារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត អស់រយៈពេល ២សប្ដាហ៍។ បន្ទាប់ពីនោះនិមន្ដបង្ហួសទៅគោរពពុទ្ធបូជនីយដ្ឋាននានា នៅប្រទេសឥណ្ឌា ចំនួន ១ខែ ហើយឆ្លងទៅកោះសិរីលង្កា ដើម្បីធ្វើអភិវន្ទន៍ព្រះចង្កូមកែវ និង ទស្សនាសាលារៀនខាងពុទ្ធសាសនា នៅទីនោះចំនួន ២សប្ដាហ៍ទៀត។

(តទៅវគ្គទី ៣)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ១)


ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៥ នៃ​គណៈ​មហា​និកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ជីវប្រវត្តិសង្ខេប
ព្រះនាម​ដើម៖ ហួត តាត​
ព្រះនាម​ពេញ៖ សម្ដេចព្រះ​មហាសុមេធាធិបតី ហួត តាត ព្រះសង្ឃរាជ គណៈមហានិកាយ​
ប្រសូត៖ ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥/គ.ស.​១៨៩២ សុគត ឆ្នាំ​ថោះ ព.ស.​២៥១៩/គ.ស.​១៩៧៥
ស្រុកកំណើត៖⁣ ​ភូមិ​ផ្សារ​ឧដ្ដុង្គ ឃុំវាំងចាស់⁣ ស្រុកឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ
​សុគត៖ ព​.​ស​.២៥១៩/​គ​.​ស​.១៩៧៥ (៨៤​ឆ្នាំ​)
​ឋានៈ ៖សម្ដេចព្រះសង្ឃរាជ (​គណៈមហានិកាយ​)
ទ្រង់​កាន់​តំណែង​៖ ពី​ព.ស.​២៥១៣ ដល់ ព.ស.​២៥១៩(៦​ឆ្នាំ​) ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ
បន្ត​ពី៖ ជួន ណាត​
​បន្ត​ដោយ៖ ទេព វង្ស​

សម្ដេច​ព្រះ​មហាសុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៥ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយត្រូវបានចាត់ទុកជាមហា​បុរស​ខ្មែរទី២។ សម្តេចព្រះ​មហាសុមេធាធិបតី​ ហួត តាត ជា​សមាជិក​គណៈកម្មកា​រ​រៀបចំ និង ពិនិត្យ​វចនានុក្រម​ខ្មែរ និង ជា​អ្នក​មាន​ចំណែក​គុណូបការៈ​ដ៏​សំខាន់​ក្នុង​ព្រះពុទ្ធសាសនា អក្សរសាស្ត្រ ប្រពៃណីជាតិ​, វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ និង សាលា​បាលី​ជាន់ខ្ពស់ ហើយព្រះអង្គជា​កល្យាណមិត្ត និង សហការី​របស់​សម្តេច​សង្ឃរាជ​មហា​បុរស​ខ្មែរទី១ ជួន ណាត ។​

សម្តេចព្រះ​មហាសុមេធាធិបតី សង្ឃ​រាជ ហួត តាត ប្រសូត្រ​នៅ​ថ្ងៃអាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​២៤៣៥ គ​.​ស ១៨៩២ នៅ​ភូមិ​ផ្សារ​ឧដុង្គ ឃុំវាំងចាស់⁣ ស្រុកឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ ។ ព្រះអង្គមាន បិតា​នាម ហុក សេង ហៅ ហួត មាតា​នាម ង៉ែត និងមានបងប្អូនចំនួន ០៤នាក់គឺ៖

  • អ្នកស្រី ហួត ⁣ស៊ុន
  • អ្នកស្រី ហួត ហួយ
  • ខ្លួនសម្ដេចផ្ទាល់ និង
  • លោក ហួត ⁣គ្រុយ ។

​    ​អាយុ ​៧​ឆ្នាំ កុមារ​ហួត តាត ត្រូវបានមាតាបិតានាំទៅរៀន​អក្សរសាស្ត្រជាតិ លេខនព្វន្ត​ ក្នុង​សំណាក់ព្រះ​ធម្ម​ឃោសា​ចារ្យ មាស គង់នៅវត្តប្រាង្គ រហូតចេះអាន សរសេរច្បាស់លាស់ អាចប្រើការបាន។

អាយុ ១៣ឆ្នាំ បួសជាសាមណេរក្នុង​សំណាក់ព្រះ​ធម្ម​ឃោសា​ចារ្យ មាស។ សាមណេរ ហួត តាត បានបំពេញឧបជ្ឈាយវត្ត[១] ១វស្សា ព្រះធម្ម​ឃោសា​ចារ្យ ជាឧ​បជ្ឈាយ៍ [២] ក៏អនិច្ចធម្មទៅ។ សាមណេរក៏ទៅរៀននៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះធម្មលិខិត សូរ ជាក្មួយព្រះឧបជ្ឈាយ៍ កាលលោកនៅមានព្រះ ជន្មតែងបាន ផ្ដាំឲ្យមើលខុសត្រូវ សាមណេរ ហួត តាតនោះផង។

ព្រះធម្មលិខិត សូរ អនិច្ចធម្មដោយជរាពាធ នាំឲ្យសាមណេរ ហួត តាត អស់ទីពឹងពំនាក់ដូចមុន ប៉ុន្ដែម្ដងនេះនេន អាយុ ១៧ឆ្នាំ លោកបានតស៊ូប្រឹងប្រែងរៀនសូត្រ ដល់ អាយុ ១៩ឆ្នាំ បានចេះដឹងអាចបង្រៀនបាន ហើយលោកក៏ធ្វើជាអាចារ្យបង្រៀនព្រះត្រៃបិដកផង ខំរៀនខ្លួនឯងផង នាំឲ្យមានកិត្តិស័ព្ទល្បីរន្ទឺឆ្ងាយ រហូតដល់ព្រះ មហាសង្ឃរាជ ទៀង ប្រោសប្រណីដល់សាមណេរ ហួត តាត ជាច្រើន។

ឆ្នាំ ១៩១២ សាមណេរ ហួត តាត មានអាយុ ២០ឆ្នាំបរិបូណ៌ ដែលកំពុងជាប់ចិត្តរៀនព្រះត្រៃបិដក ដោយកម្លាំងសទ្ធាដ៏បរិសុទ្ធ បានសូមឧបសម្ប័ទ[៣]ជា ភិក្ខុក្នុងពុទ្ធសីមាវត្ត ឧណ្ណាលោម មានព្រះ មហាសង្ឃរាជ ទៀង ជាឧបជ្ឈាយ៍ មានព្រះវនរ័ត ចាន់  និង លោកគ្រូវិមលធម្ម គង់ ជាឧបសម្បទាចារ្យ [៤]ដែលមាន ព្រះឧបជ្ឈាយ៍ប្រទានប្បញ្ញតិ្តថា “វជិរប្បញ្ញោ” ។

តាំងពីឧបសម្បទា[៥]ហើយ ភិក្ខុ ហួត តាត កាន់តែខិតខំព្យាយាមសិក្សារៀនសូត្រទ្វេឡើង។ ឆ្នាំ ១៩១៣ បានប្រឡងជាប់មហា៤ប្រយោគ ដែលជាប្រយោគផុតថ្នាក់ ក្នុងសម័យនោះ នៅវិហារព្រះកែវមរកត ក្រុងភ្នំពេញ នាំឲ្យអាចារ្យ និង មន្ដ្រីសង្ឃគ្រប់អង្គស្ងើចសរសើរ។

 

[១] វត្ត​ប្រតិបត្តិ​ដែល​សទ្ធិ​វិហារិក​ត្រូវ​ធ្វើ​ចំពោះ​ឧ​បជ្ឈាយ៍​របស់​ខ្លួន

[២] គ្រូ​បង្រៀន​ធម៌ ឬ​គ្រូបង្រៀន​ច្បាប់ ។ ព. ពុ. ព្រះ​ថេរៈ ដែល​ភិក្ខុ​ឬ​សាម​ណេរ​សូម​និស្ស័យ​ប្រគល់​ខ្លួន​ឲ្យ​លោក​ត្រួត​ត្រា​ស្តី​ថា ទូន្មាន​បង្រៀន​ប្រដៅ​។

[៣]ការ​ដល់​នូវ​ភាព​ជា​ភិក្ខុ ឬ​ការ​បាន​ជា​ភិក្ខុ​ភាព គឺ​ការ​បួសជា​ភិក្ខុ ឬ​ការ​បំបួស​សាមណេរ​ឲ្យ​បាន​ជាភិក្ខុ ( ដោយ​ញត្តិចតុត្ថកម្ម​វាចា​តាម​លក្ខណ​ប្បញ្ញត្តិ​ក្នុង​វិន័យ​ពុទ្ធ​សាសនា ) : បាន​ឧ​បសម្ប័ទ សម្រេច​ឧបសម្បទានៅ​វេលា… ។

[៤] លោក​គ្រូ​សូត្រ

[៥] (​សំ. បា. ឧបសម្បទា, ឬ​សំ. ឧបសម្បទ៑ ក៏​មាន​ខ្លះ )

(តទៅវគ្គទី ២)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

ស្វែងយល់ពីពាក្យខ្មែរ ៖ គប់គិត និង ឃុបឃិត


កន្លងមក តាមការសង្កេតរបស់ខ្ញុំ នៅលើទំព័រកាសែតក្ដី ទូរទស្សន៍ក្ដី និង កន្លែងផ្សេងៗទៀតមានការ ប្រើប្រាស់ ពាក្យខុស ពោលគឺ លើការសរសេរ និងការអានជាដើម ដែលនាំឲ្យភាសាខ្មែរស្ថិតក្នុងភាពមិនច្បាស់លាស់ ។ គួរខ្មែរគ្រប់រូបប្រើប្រាស់ពាក្យដែល ត្រឹម ត្រូវបំផុត កុំប្រើតាមទម្លាប់តៗគ្នា ព្រោះពេលខ្លះវាខុសទាំងស្រុង ដែល នាំឲ្យបាត់បង់តម្លៃនៃភាសាជាតិយើង ។ ក្នុងការប្រើប្រាស់ ពាក្យពេចន៍នេះដែរ យើងឃើញថាខ្មែររស់នៅកម្ពុជា ក្រោមប្រើប្រាស់បានត្រឹមត្រូវជាង ខ្មែរនៅ កម្ពុជា។ ខាងក្រោមនេះជា ពាក្យ ដែលយើងគួរស្វែងយល់ទាំងអស់ គ្នា និង ប្រើប្រាស់ឲ្យបាន ត្រឹមត្រូវតាម វចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត  ដែលពេលនេះខ្ញុំ លើកយក ពាក្យចំនួន ពីរ មកបង្ហាញដូចតទៅ ៖

យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទំព័រ ១២៩ ជួរខាងស្ដាំ បន្ទាត់ទី ២ ៖

គប់គិត  កិ.  រួមគំនិតគ្នា, គិតគូរគ្នា។  ឧទាហរណ៍៖ សុខ គប់គិតជាមួយសៅ ដើម្បីដណ្ដើមយក​កង់របស់ ណារី ។

គួរកត់សម្គាល់ ៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ។  ឧទាហរណ៍៖ សុខ ឃុបឃិតជាមួយសៅ ដើម្បីដណ្ដើមយកកង់របស់ ណារី។

យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ដដែល ៖

ឃុបឃិត  ពុំឃើញមាននៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ ។ មួយវិញទៀត ពាក្យ “ឃុបឃិត” នេះគ្មានអត្ថន័យទាល់តែសោះ  មិនដឹងជាចង់មានន័យថាយ៉ាងដូចម្ដេច?  មិនដឹងជាចង់សំដៅទៅលើអ្វី? ….?

គួរកត់សម្គាល់៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ពោលគឺច្រើនតែនិយាយ ឬ សរសេរ ថា ឃុបឃិត ដែលគ្មានអត្ថន័យទាល់តែសោះ មកជំនួសពាក្យ គប់គិត ដែលត្រឹមត្រូវ ។

តាមរយៈពាក្យពេចន៍ទាំងពីរ ដែលបានលើកឡើងខាងលើនេះ យើងគួរតែពិចារណាឡើងវិញ ដើម្បីកុំឲ្យភាសាខ្មែរស្ថិតក្នុងភាពមិនច្បាស់លាស់។ ពិសេសគឺអង្គភាពដែលពាក់ព័ន្ធនឹងការងារភាសាជាតិ ត្រូវតែពិនិត្យ ជជែកពិភាក្សាគ្នា និង លើកហេតុផលឲ្យកាន់តែច្បាស់លាស់ អំពីពាក្យពេចន៍ខ្មែរ ដើម្បីឆ្ពោះទៅរកការឯកភាពគ្នាក្នងការប្រើប្រាស់ភាសាជាតិខ្មែរយើង។ បើទោះបីជាយើងបង្កើតពាក្យថ្មីជំនួសពាក្យចាស់ យ៉ាងណាក្ដី ពាក្យថ្មីនោះត្រូវតែមានអត្ថន័យ មានភាពត្រឹមត្រូវ និង សមស្របបំផុត  ប៉ុន្ដែបើពាក្យចាស់ មានអត្ថន័យត្រឹមត្រូវ គ្រប់គ្រាន់ហើយ យើងគួរគប្បីបន្ដប្រើប្រាស់ កុំយកពាក្យដែលគ្មានអន្ថន័យមកជំនួស ព្រោះនាំឲ្យបាត់បង់តម្លៃនៃភាសាជាតិ ។

ដោយ៖ បូណា

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ


ជីវប្រវត្ដិសង្ខេប
ឈ្មោះ ៖ ក្រមង៉ុយ
នាមដើម​​​​៖ អ៊ុក អ៊ូ
នាមអ្នកស្រុកហៅ៖ ភិរម្យ ង៉ុយ
គោរមងារ៖ ព្រះភិរម្យភាសា
នាមបិតា៖ អ៊ុក (គរម្យងារបិតា ចៅពញាធម្មធារា)
នាមមាតា៖ អៀង
ចាប់កំណើត៖ ឆ្នាំ ១៨៦៥
ស្រុកកំណើត៖ ភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល
នាមភរិយា៖ អ៊ិន
កូន៖ ៦នាក់
អនិច្ចកម្ម៖ នៅឆ្នាំ ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ
ក្រមង៉ុយ ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរ។

អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជាចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូន ទីពីរ នៅក្នុងគ្រួសារ។

កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់ លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាក សិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឳពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំលោកបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានឧបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុ ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹង ចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើន កន្លែងទៀត។

លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេល សុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក សិករធម្មតា។

លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះ ភ្លេងនិងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយ គេ និយមហៅ លោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់ អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។

ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវ គាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។

ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀងឬទេសនា ក្នុងពេល មានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែង ប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀត ពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង៖

១-អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
២-អំពីការជ្រើសរើសគូស្រករ
៣-អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
៤-អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
៥-អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
៦-អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នក បួស
៧-អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
៨-អំពីការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ
៩-អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘

កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះ ស៊ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យ នឹង ថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាត អោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ»ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជ វាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះ មួយទៀតថា ង៉ុយ ឬ ក្រមង៉ុយរៀងដរាបមក។

កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃ ថែមទៀត។ ស្ដេច សៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេសជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះ ភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំ អញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយឯក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួល សេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រ ទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។

មានដំណាលថា ក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នក ចំរៀងមាត់ឯកម្នាក់ ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបាន សួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិ រម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ ឬ អោយឆ្លើយកុហក ?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើយអោយ ត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្ណេះទៀតបើភិ រម្យយូ មិនជឿត្រូវទៅមើលចុះ។

ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើ ទៅតាម ទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូ យ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យ ង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។

លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យ ជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយ បានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំង នឹង ថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅ ឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិ និង ជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរ នេះទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។

នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់ គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រី សុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។

ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោក ជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។ តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖

១ – ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២

២ – ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២

៣ – សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១

៤ – ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ

៥ – បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។

ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូដែរ គឺចំរៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស…..

អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺ៖

១ – ឈ្មោះដូង
២ – ឈ្មោះចេង
៣ – ឈ្មោះចា
៤ – ឈ្មោះចិន
៥ – ឈ្មោះចុង
៦ – ឈ្មោះចេវ

ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺ កូនទី៥ ដែលគេនិយម ហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គម ស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅឯលិចពោចិនតុង កូន អាចារ្យចុងចៅអាចារ្យង៉ុយ។

អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺទល់លាមក។ សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦)

នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយ មានវិបរិតទូទាំងប្រ ទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និង ប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិ សេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវក គ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគម បារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជា ប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។

ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រង បារាំង ទាំងខាងរដ្ឋ បាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖

១-មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
២-មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
៣-មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
៤-ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du Royaume (៣)
៥-ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីល ធម៌រស់នៅ សំលៀក បំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘

ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ – ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើ ទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិ គមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗអោយ ធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយឥតមាន ស្គាល់ឈ្មោះ និង ស្រុកកំណើតរបស់គេឡើយ(៤)

ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និង រាំង ស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីឯ ពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងឧបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និង ការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិត បណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រ ជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។

១ – នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯក រាជ្យ(La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀប រាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។

២ – នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញ ទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការនៃរាជ រដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ១៥៩៥ ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមាន ការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…។

៣ – បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានឯកសារមហាបុ រសខ្មែរ។
៤ – កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាលសួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំ ដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយ ច្បាំងបារាំង។ ក្រោយឆ្នាំ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់ អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

ប្រភព៖មណ្ឌលវប្បធម៌ខ្មែរនៅស្វីស

ព្រះរាជជីវប្រវត្តិសម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត (វគ្គទី ៤)


(តពីវគ្គទី ៣)

១១. ចរិត​លក្ខណៈ​បរិច្ឆេទ (កំណត់​អំពី​លក្ខណៈ​នៃ​ចរិត​ប្រក្រតី)៖

ការ ​ប្រព្រឹត្ត​ជាប់​ដោយ​កាយ វាចា ចិត្ត​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា “ចរិត​ប្រក្រតី”។ ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោតគ្រាត។ ការ​និយាយ​កុហក​លេង​ចំពោះ​មិត្ត​សំឡាញ់ យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​កុហក។

ការ​ជក់​បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី។

ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ។

ការ ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគ ដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា “ចរិត​ប្រក្រតី” សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ ប៉ុន្តែ​ចរិត​របស់​សម្ដេច​ជា​ចរិត​ធូរ​ស្រាល ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេល​វេលា ខូចខាត​ប្រយោជន៍​នោះ​ឡើយ។

មនុស្ស​ ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់ជោក​ធ្ងន់​ណាស់ ដូច​យ៉ាង​ចរិតប្រក្រតី​ផឹក​ស្រា​ទាល់​តែ​កឹកជាប់ ដែល​អាច​លះបង់​ចេញ​មិន​បាន។ ចរិត​ប្រក្រតី​បែប​នេះ ឈ្មោះ​ថា​ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួន​ឯង ទាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។

ការ​ជក់​អាភៀន ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀន លះ​ចេញ​បាន​ដោយ​កម្រ​ណាស់។ ការ​ញៀន​អាភៀន​នេះ ហៅ​ថា ចរិត​ប្រក្រតី​ជក់​អាភៀន។ មនុស្ស​អ្នក​មាន​ចរិត​បែប​នេះ នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត ទាំង​ទ្រព្យ​សម្បត្តិ ជាង​ចរិត​អ្នក​ផឹក​សុរា​ច្រើន​ណាស់​ទៅ​ទៀត។

ចរិត​ប្រក្រតី​នៃ​សម្ដេច​ព្រះសង្ឃរាជ៖

១. ព្រះអង្គ​សោយ​ស្លា​ម្លូ ជា​ញឹក​ញយ​ណាស់​ក្នុង​ថ្ងៃ​នីមួយ​ៗ មិន​សោយ​បារី។ ប៉ុន្តែ​លោក​អ្នក​ធ្លាប់​ដឹង​ឃើញ​និយាយ​ថា សម្ដេច​ព្រះសង្ឃរាជ កាល​ពី​ព្រះជន្ម​រវាង​២០​ឆ្នាំ រហូត​ដល់​ព្រះជន្ម​ជាង​៣០​ឆ្នាំ ឃើញ​សម្ដេច​សោយ​បារី​ដែរ ប៉ុន្តែ​សោយ​រង្វើល​ៗ​មិន​ញឹកញាប់​ទេ លុះ​ដល់​មក​ព្រះជន្ម​រវាង​៤០​ឆ្នាំ ទើប​សម្ដេច​សោយ​ស្លា​ម្លូ​កាន់​តែ​ញឹកញាយ​ឡើង​ដរាប​មក។

២. សម្ដេច កាល​បើ​មាន​រោគ​ផ្ដាសាយ ដែល​នាំ​ឲ្យ​តឹង​ច្រមុះ និង​ក្អក​ដោយ​រោគ​ផ្ដាសាយ​នោះ ច្រើន​តែ​ឃើញ​សម្ដេច​សោយ​ថ្នាំ​ចិន​ញាត់​ខ្សៀ ហើយ​សម្ដេច​មាន​បន្ទូល​ថា រោគ​ផ្ដាសាយ​នេះ​បាន​តែ​ជក់​ថ្នាំ​ចិន ទើប​ឆាប់​ជា​សះ​ស្បើយ ថ្នាំ​ចិន​នេះ​នាំ​ឲ្យ​ជា​ឫស​ដូង​ច្រមុះ​ថែម​ទៀត។

៣. សម្ដេច​មាន​ចរិត​ប្រក្រតី ក្នុង​ការ​សោយ​ក្រយាហារ ច្រើន​តែ​សព្វ​ព្រះទ័យ​នឹង​សម្ល​ស្រឡក់ ប្រហើរ និង​កកូរ ពុំ​សូវ​សោយ​សាច់​ឈាម​ទេ។ ម្ហូប​៣​មុខ​ខាង​លើ​នេះ ច្រើន​តែ​ឲ្យ​គេ​ស្ល​នឹង​ត្រី​ឆ្អើរ បើ​ពុំ​មាន​ម្ហូប​នេះ​ទេ ច្រើន​សព្វ​ព្រះទ័យ​ម្ហូប​ក្រៀមក្រោះ មាន​បុក​ត្រី​ឆ្អើរ ម្ជូរ​ក្រសាំង ឬ​ផ្លែ​ម្កាក់​ជា​ដើម។ សម្ដេច ពុំ​សូវ​សោយ​បង្អែម​ច្រើន​ទេ សោយ​តែ​បន្ដិចបន្តួច មិន​សូវ​សោយ​កាហ្វេ ទឹក​ក្រូច ទឹក​ម៉ាណាត់​ញឹកញាយ​ទេ សោយ​តែ​ទឹក​តែ និង​ស្ករ​ស។

៤. សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​នឹង​កូន​ឈើ​ផ្សេង​ៗ ដែល​មាន​មែក​ច្រើន ដូច​យ៉ាង​ដើម​ច្រកែង ទួយ រទាំង​ជា​ដើម យក​មក​ដាំ​ដាក់​ក្នុង​ផើង​ជា​ច្រើន ចំនួន​ជាង​១០០​ផើង។

៥. ដើម​ឈើ​ឯ​ទៀត​ៗ ជា​ឈើ​ដំណាំ​ស្រុក​ក្ដី ឈើ​ក្នុង​ព្រៃ​ក្ដី សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ដាំ​ច្រើន​ណាស់ ដូច​ឈើ​ក្នុង​របង​ឈាបនដ្ឋាន​វត្ត​ឧណ្ណាលោម និង​ឈើ​វត្ត​ពោធិព្រឹក្ស។

កម្មវិធី​ប្រចាំ​ថ្ងៃ​របស់​សម្ដេច៖

កម្មវិធី​របស់​សម្ដេច​ទៀងទាត់​ចំពោះ​ត្រង់​តែ​សោយ​ក្រយាហារ​ពេល​ថ្ងៃ​ ត្រង់ ហើយ​នឹង​ពេល​ដែល​ធ្វើ​ការ ដូច​យ៉ាង​សម្ដេច​សរសេរ​ដក​ស្រង់​ធម៌​អាថ៌​រៀបចំ​ធ្វើ​សៀវភៅ​ផ្សេង​ៗ មាន​វចនានុក្រម​ខ្មែរ​ជា​ដើម​នេះ ទៀងទាត់​រៀងរាល់​យប់​ទាល់​ៗ​ភ្លឺ រវាង​ម៉ោង​៦​កន្លះ ឬ​ម៉ោង​៧ ទើប​សោយ​យាគូ ជួន​កាល​ពេល​ព្រឹក មិន​ទាំង​សោយ​យាគូ​ថែម​ទៀត ឃើញ​ថា​ពេល​យាគូ​ពុំ​សូវ​ទៀងទាត់​ទេ។

ពេល​ដែល​សម្ដេច​កំពុង​ជាប់​ព្រះហស្ថ​សរសេរ ហើយ​មាន​ភ្ញៀវ​ចូល​មក​ថ្វាយ​បង្គំ​គាល់ សម្ដេច​ក៏​ចូល​មក​គាល់​ធ្វើ​បដិសណ្ឋារៈ​ភ្លាម​ៗ ហើយ​មិន​ឲ្យ​នៅ​យូរ​ទេ ព្រោះ​មាន​កិច្ចការ​ច្រើន​ណាស់ បើ​ថ្ងៃ​ណា​មួយ​ដែល​សម្ដេច​ទំនេរ​មិន​មាន​កិច្ចការ ហើយ​មាន​ភ្ញៀវ បព្វជិត ឬ​គ្រហស្ថ​ចូល​មក​ថ្វាយ​បង្គំ​គាល់​នោះ សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ប្រាស្រ័យ​ទាក់ទង ដោយ​ព្រះរាជ​ឱង្ការ​សាកសួរ​ពី​នេះ ពី​នោះ ហើយ​ទ្រង់​ដឹក​នាំ​បំភ្លឺ​អំពី​ផ្លូវ​លោក ផ្លូវ​សាសនា​យ៉ាង​ពិស្ដារ វែង​ឆ្ងាយ​ណាស់​អស់​៤-៥​ម៉ោង​ក៏​មាន ទាល់​តែ​ភ្លឺ​ក៏​មាន មិន​ចេះ​ត្អូញ​ថា​ងងុយ​សឹង ថា​ចុក​រួយស្រពន់​ទេ ឲ្យ​តែ​ភ្ញៀវ​នោះ​ទ្រាំ​អង្គុយ​ចូល​ចិត្ត​ស្ដាប់​ចុះ។ ការណ៍​នេះ ចំពោះ​តែ​ពេល​ណា​មួយ​ដែល​សម្ដេច​មាន​ព្រះ​សុខភាព​រាង​កាយ​ស្រួល​ល្អ។

ក្នុង​ថ្ងៃ​យប់​នីមួយ​ៗ សម្ដេច​ព្រះសង្ឃរាជ ចេះ​តែ​មាន​កម្មវិធី​ជានិច្ចកាល ដូច​យ៉ាង​កាល​សម្ដេច​នៅ​ក្នុង​រវាង​ព្រះជន្ម​៣០​ឆ្នាំ រហូត​ដល់​មក​ព្រះជន្ម​ជាង​៦០​ឆ្នាំ ក៏​នៅ​តែ​ខំ​ប្រឹង​បង្រៀន​ភិក្ខុ សាមណេរ​ចំនួន​២០ ឬ​៣០​អង្គ​ក្នុង​ពេល​យប់​ៗ ចំពោះ​ភិក្ខុ សាមណេរ នៅ​ក្នុង​កុដិ​របស់​ព្រះ​អង្គ​ខ្លះ មក​ពី​កុដិ​ដទៃ​ខ្លះ។ សម្ដេច​មាន​កម្មវិធី​ចំពោះ​ពេល​បង្រៀន​នោះ​ទៀងទាត់​ណាស់ កម្មវិធី​ដែល​ត្រូវ​បង្រៀន​ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ ដែល​ឥឡូវ​នេះ​ហៅ​ថា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត​ផង កម្មវិធី​បង្រៀន​ក្នុង​ពេល​យប់​ឯ​កុដិ​នោះ​ផង។

អព្ភូត​ហេតុ​មុន​ពេល​ដែល​ព្រះសង្ឃរាជ​ព្រះអាពាធ៖

នៅ​ថ្ងៃ​ពុធ ១៣​រោច ខែ​ស្រាពណ៍ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៦៩ សម្ដេច​ព្រះសង្ឃរាជ​មាន​ព្រះ​ឱង្ការ​ថា​ “ខ្ញុំ​ពី​យប់​មិញ​សុបិន​និមិត្ត​មួយ​ចំឡែក​ណាស់ គឺ​ឃើញ​ចេតិយ​ពីរ​លើ​អាកាស មក​អំពី​ទិស​ឦសាន​តម្រង់​មក​រក​ខ្ញុំ​ដែល​កំពុង​អង្គុយ​នៅ​យ៉​កុដិ​ខាង​មុន​ ចេតិយ​នោះ មាន​ពណ៌​ដូច​មាស លុះ​អណ្ដែត​ចូល​មក​ជិត ឃើញ​ចេតិយ​នោះ​កាន់​តែ​តូច ហើយ​បាត់​មួយ នៅ​តែ​មួយ​អណ្ដែត​មក​ជិត​អាត្មា អាត្មា​ក៏​លូក​ដៃ​ទៅ​ទ្រ​ចេតិយ​នោះ រួច​ក៏​ភ្ញាក់​ខ្លួន​ព្រឺត​ឡើង ក្នុង​ពេល​ជិត​ភ្លឺ​រវាង​ម៉ោង​៤។ ព្រះ​ឱង្ការ សម្ដេច​ព្រះសង្ឃរាជ​នេះ ក្នុង​ពេល​ប្រជុំ​សង្ឃ ដើម្បី​តាំង​គណៈ​កម្មការ​ធម្មវិន័យ ក្នុង​ថ្ងៃ​២​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ឆ្នាំ​១៩៦៩។ បន្ទាប់​មក​ទៀត​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា អង្គការ​ធម្មវិន័យ​របស់​យើង​នៅ​ខ្វះ​សៀវភៅ​ធម៌​ជា​ច្រើន​មុខ ព្រោះ​ហេតុ​នោះ​យើង​ត្រូវ​តាំង​គណៈ​កម្មការ​ជា​ថ្មី​ទៀត ដើម្បី​ប្រជុំ​គ្នា​រៀប​ចំ​ធ្វើ​សៀវភៅ​ធម៌ ត្រូវ​ដក​ស្រង់​ធម៌វិន័យ អំពី​បាលី និង​អដ្ឋកថា មក​រៀបរៀង​អត្ថាធិប្បាយ តម្រូវ​តាម​ថ្នាក់​ត្រី ទោ ឯក។

“ត្រង់​ដែល​អាត្មា​យល់​សប្ដិ​ឃើញ​ចេតិយ​នោះ ប្រហែល​ជា​និម្មិត្ត​មួយ​ប្រផ្នូល​ឲ្យ​យើង​ដឹង​ថា​គណៈ​កម្មការ​ធម្មវិន័យ​ របស់​យើង នឹង​បាន​សម្រេច​ដោយ​ល្អ”។ ព្រះ​សុបិន​និមិត្ត នៃ​សម្ដេច​ដែល​ឃើញ​ចេតិយ​មួយ​គូ​នេះ ទុក​ជា​អព្ភូត​ហេតុ​មួយ​ដ៏​អស្ចារ្យ​ចម្លែក​ណាស់។

អព្ភូត​ហេតុ​មួយ​ទៀត នៅ​ថ្ងៃ​១៣​កើត និង​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ និង​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩ នៅ​វេលា​យប់​ពី​ម៉ោង​២០​ទៅ​ម៉ោង​២២ ឃើញ​ព្រះ​ច័ន្ទ​មាន​រស្មី​លឿង ខៀវ ក្រហម មាន​រង្វង់​មូល​ព័ទ្ធ​ជុំវិញ​ព្រះ​ច័ន្ទ ដែល​យើង​ធ្លាប់​ហៅ​ថា​ព្រះ​ច័ន្ទ​បាំង​ឆ័ត្រ។

១២. ជីវិតាវសាន​បរិច្ឆេទ (កំណត់​អំពី​ទី​បំផុត​នៃ​ព្រះ​ជីវិត)៖

រាប់​តាំង​ពី​ថ្ងៃ​១៣​រោច ខែ​ស្រាពណ៍ ជា​ថ្ងៃ​ដែល​ទ្រង់​ឃើញ​សុបិន​និម្មិត្ត រហូត​មក​ដល់​ថ្ងៃ​១២​កើត ខែ​ភទ្របទ គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា មក​ដល់​ថ្ងៃ​ទី​២៣ កញ្ញា ត្រូវ​ជា​១៤​ថ្ងៃ គឺ​សម្ដេច​ចាប់​មាន​អាពាធ ក្នុង​ថ្ងៃ​១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​១៥ និង​៤៥​នាទី។

ព្រះសង្ឃ​ដែល​ធ្លាប់​ចូល​គាល់​បម្រើ​ព្រះអង្គ នាំ​គ្នា​អង្គុយ​នៅ​ក្រៅ​បន្ទប់​ក្រឡា​ព្រះ​បន្ទំ ស្រាប់​តែ​ឮ​សូរ​កណ្ដឹង​រោទ៍​ប្លែក​ពី​ធម្មតា ក៏​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​ភ្លាម។ គ្រា​នោះ​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា “អាត្មា​ចុក​ទ្រូង​ណាស់!”។ ក្នុង​ពេល​នោះ ព្រះសង្ឃ​ដែល​នៅ​កំដរ​នោះ ក៏​ជំនុំ​ពិគ្រោះ​គ្នា​ឲ្យ​ព្រះ​សិរិវិសុទ្ធ ម៉ី យ៉ាំ និយាយ​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ក្រសួង​ធម្មការ។ គ្រូ​ពេទ្យ​ជា​ច្រើន​នាក់ គឺ​លោក វេជ្ជបណ្ឌិត ថោ ប៉េងថុង, មី សាម៉ឺឌី, យូ គឹមយាន, ព្រំ ភួន, រស សារី, និង​លោក​វេជ្ជបណ្ឌិត ម៉ា ហ្សូ ជាតិ​បារាំង ក៏​បាន​មក​ជា​បន្ទាប់​គ្នា ពិនិត្យ​ឃើញ​ថា​អាការ​រោគ​នៃ​សម្ដេច​មិន​ទាន់​ធ្ងន់ធ្ងរ​ប៉ុន្មានទេ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រសួង​សុខាភិបាល​ក៏​បាន​ចាត់​លោក​គ្រូ​ពេទ្យ យូ គឹមយាន និង​លី គឹមសាន ឲ្យ​មក​នៅ​រក្សា​ព្រះរោគ​ប្រចាំ​ការ ប្រកប​ឱសថ​ថ្វាយ​ជា​ដរាប​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​២៥ កញ្ញា ១៩៦៩ វេលា​ម៉ោង​២០​និង​២០​នាទី ស្រាប់​តែ​ព្រះ​អស្សាសៈ បស្សាសៈ នៃ​ព្រះ​អង្គ​រលត់​ស្ងប់​ឈឹង អំពី​ព្រះ​កាយ​ទ្រង់​សោយ​ទិវង្គត ក្នុង​គម្រប់​ព្រះជន្ម​៨៦​ព្រះ​វស្សា នៅ​លើ​ព្រះ​ទែន​សយនា ដោយ​ស្ងប់ស្ងៀម​នា​ល្វែង​ធំ នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​ព្រះអង្គ កណ្ដាល​ពួក​ថេរានុត្ថេរៈ មាន​ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម នា​វត្ត​ឧណ្ណាលោម។ ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុបដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​ក្រុង​ភ្នំពេញ។

បន្ទាប់​ពី​បាន​ដំណឹង​នៃ​ការ​សោយ​ព្រះទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​ជា​ អម្ចាស់​ភ្លាម ក្នុង​រាត្រី​នោះ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​ស្ដេច​យាង​រលះរលាំង​មក​កាន់​មហា​កុដិ​ វត្ត​ឧណ្ណាលោម​ភ្លាម ដើម្បី​ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​សព។ សម្ដេច​ព្រះ​ពោធិវ័ង្ស ក៏​និមន្ត​មក​គង់​នៅ​ជិត​ព្រះ​បរម​សព តាំង​ពី​ពេល​មុន​សម្ដែង​ព្រះ​សមាន​ទុក្ខ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បរម​ សព។

ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ដែរ ហើយ​ពេល​ជាមួយ​គ្នា​នោះ ឯកឧត្ដម ឧត្ដម​សេនីយ៍​ឯក លន់ នល់ នាយករដ្ឋមន្ត្រី, អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ឧបនាយក​រដ្ឋមន្ត្រី​ទី​១ ព្រម​ទាំង​សមាជិក​រដ្ឋមន្ត្រី ឧកញ៉ា​មហា​មន្ត្រី កែ មាស ចាងហ្វាង​ពិធីការ​ព្រះបរមរាជវាំង និង​មន្ត្រី​នានា​ក្នុង​ព្រះ​បរម​រាជ​វាំង ឧត្ដម​សេនីយ៍​ឯក ង៉ោ ហ៊ូ ទី​ប្រឹក្សា​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ លោក​អ៊ី ទុយ អភិបាល ក្រុង​ភ្នំពេញ ឯកឧត្ដម ទិម ដុង ប្រតិភូ​រាជរដ្ឋាភិបាល​ប្រចាំ​ខេត្ត​កណ្ដាល ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ទាំង​ឡាយ សហជីវិន លាង ហ័បអាន នាយក​វិជ្ជាឋាន​ពុទ្ធសាសនបណ្ឌិត្យ ក្រុម​អភិបាល​ពុទ្ធិក​សមាគម​ទាំង​បី មាន​លោក​ ទា ប៊ុនឡុង ជាដើម។

អស់​លោក​អ្នក​ឥស្សរជន​ធំ​តូច ដែល​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។

បន្ទាប់​ពី​ពេល​នោះ​មក ព្រះសង្ឃ​ជា​ច្រើន​អង្គ​មាន​ព្រះ​ពុទ្ធឃោសាចារ្យ រាជ កឹង មេ​គណ​ក្រុង​ភ្នំពេញ និង​ព្រះ​មុនីកោសល្យ សូរ ហាយ ចៅ​អធិការ​វត្ត​និរោធរង្សី ជា​ដើម ព្រម​ទាំង​ព្រះ​រាជា​គណៈ និង​ឋានានុក្រម ជា​ច្រើន​រយ​អង្គ​និមន្ត​មក​ព្រោងព្រាត សុទ្ធ​តែ​មាន​មុខ​ក្រៀមក្រំ ស្រងូតស្រងាត់​គ្រប់​ៗ​អង្គ ដោយ​សេចក្ដី​ស្ដាយ​ស្រណោះ​អាឡោះ​អាល័យ ចំពោះ​សម្ដេច​ជា​អង្គ​ម្ចាស់។

លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សពសុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។ លោក​អ្នក​ខ្លះ​មាន​ទឹក​ភ្នែក​ហូរ​រហាម ហើយ​បន្លឺ​វាចារ​ថ្ងូរ​ថា ឱ! សម្ដេច​ព្រះសង្ឃរាជ ចូល​ទិវង្គត​ហើយ​តើ! សូម្បី​ព្រះ​អង្គ មាន​ព្រះ​ជន្ម​៨៦​ពិត​មែន ប៉ុន្តែ​យើង​ខ្ញុំ​ព្រះ​អង្គ​នៅ​តែ​ស្ដាយ​ស្រណោះ ចង់​ឲ្យ​សម្ដេច​គង់​នៅ​ជាង​រយ​ព្រះ​វស្សា​ដោយ​យើង​ខ្ញុំ​ព្រះ​អង្គ​ធ្លាប់​ ស្ដាប់​ព្រះ​រាជ​ឱវាទ ធ្លាប់​ឃើញ​ធ្លាប់​គោរព​សម្ដេច​ជា​អង្គ​ម្ចាស់ ឥឡូវ​នេះ​ស្រាប់​តែ​សម្ដេច​ជា​អង្គ​ម្ចាស់​ចូល​ទិវង្គត ទៅ​កាន់​បរលោក​នាយ​ចោល​យើង​ខ្ញុំ​ទៅ​ហើយ។ ការ​ចូល​ទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ នាំ​ឲ្យ​ទូល​ព្រះ​បង្គំ​គ្រប់​រូប​រហេងរហាង ត្រមង់ត្រមោច​ក្នុង​ចិត្ត​អស់​សេចក្ដី​សង្ឃឹម​កក់​ក្ដៅ​ចំពោះ​សម្ដេច​ទៅ​ ហើយ។

សម្ដេច​ព្រះសង្ឃរាជ ដែល​ព្រះ​អង្គ​បាន​យាង​មក​សោយ ព្រះ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ព្រះ​អង្គ​បាន​ធ្វើ​ប្រយោជន៍ ទាំង​ផ្លូវ​ព្រះពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ណាស់ ឈ្មោះ​ថា​ព្រះ​អង្គ​បាន​លើក​ព្រះ​ពុទ្ធ​សាសនា លើក​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំថ្កើន​រុង​រឿង រួម​ជាមួយ​នឹង​សម្ដេច​ព្រះ​ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ​ដែល​យឹតយោង​ប្រជា​ ពលរដ្ឋ ដោយ​ព្រះ​មធ្យោបាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត ឲ្យ​ប្រទេស​ជាតិ​មាន​ឯកភាព សាមគ្គីភាព សន្តិភាព បាន​ឯករាជ្យ​ដ៏​បរិបូរណ៍ ដូច​សេចក្ដី​ប្រាថ្នា ហើយ​យ៉ាង​ណា​សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះរាជ​ជីវ​ប្រវត្តិ​ល្អ​ណាស់ មាន​ព្រះ​បំណង​សម្រេច​ក៏​យ៉ាង​នោះ​ដែរ។

ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ ព្រះ​បរម​សព​ត​ទៅ។

រយៈ​កាល​មុន​អំពី​កាល​ដែល​សម្ដេច​ទ្រង់​សោយ​ព្រះ​ទិវង្គត៖

សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះ​អាពាធ​ជា​ដំបូង​ក្នុង​ថ្ងៃ​អង្គារ ១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯកស័ក ត្រូវ​នឹង​ថ្ងៃ​២៣ ខែ​កញ្ញា ឆ្នាំ​១៩៦៩។ ដំណឹង​ព្រះ​អាពាធ​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ បាន​ថ្វាយ​ចំពោះ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​រួច​ហើយ។ ឯកឧត្ដម អ៊ឹង ហុងសាធ តាម​ព្រះរាជ​បញ្ជា​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​ចាត់​ឲ្យ​អស់​លោក​វេជ្ជបណ្ឌិត​ខ្មែរ បារាំង​ដ៏​ជំនាញ​ៗ​ទាំង​ឡាយ មក​ជួយ​ខ្វល់ខ្វាយ​ព្យាបាល​រោគ​ព្រះអង្គ​យ៉ាង​ពេញ​សមត្ថភាព ប៉ុន្តែ​ធ្វើ​ម្ដេច​ឡើយ​នឹង​អាច​យក​ជ័យ​ជម្នះ​លើ​មច្ចុសង្គ្រាម​បាន។

សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​ទ្រង់​បាន​ជ្រាប​ព្រះអង្គ​ជា​មុន ចាប់​តាំង​ពី​ថ្ងៃ​ប្រឈួន ទ្រង់​មាន​ព្រះ​ឱង្ការ​ប្រាប់​ព្រះសង្ឃ និង​អស់​លោក​ដែល​មក​ថ្វាយ​បង្គំ​សាកសួរ​ព្រះសុខភាព​ថា “អាត្មា​មាន​ជំងឺ​ម្ដង​នេះ ដូច​ជា​គ្មាន​សង្ឃឹម​ទេ” ព្រះរាជ​ឱង្ការ​នេះ ធ្វើ​ឲ្យ​យើង​រាល់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ប៉ុន្តែ​យើង​រាល់​គ្នា​ជឿ​ទុក​ថា ព្រះអង្គ​មុខ​ជា​នឹង​គង់​ព្រះជន្មាយុ​ត​ទៅ​ទៀត​បាន ពីព្រោះ​សង្កេត​ទៅ​ព្រះសរីរាង្គកាយ​ព្រះអង្គ​ ពុំ​ឃើញ​មាន​ប្រែ​ប្រួល​ប្លែក​ប៉ុន្មាន​ទេ ម្យ៉ាង​ទៀត ទ្រង់​នៅ​ចាំ​ព្រះ​ស្មារតី​ល្អ​ណាស់ អាច​មាន​ព្រះ​ឱង្ការ​មាំមួន សំណេះសំណាល​នឹង​អស់​លោក ទាំង​ព្រះសង្ឃ គ្រហស្ថ ដែល​មក​ក្រាប​បង្គំ​គាល់​នោះ បាន​ស្រួល​នៅ​ឡើយ ជា​ពិសេស​កាល​ពី​ព្រឹក​នៃ​ថ្ងៃ​សោយ​ព្រះទិវង្គត​នេះ​ឯកឧត្ដម​នាយក​ រដ្ឋមន្ត្រី នឹង​អ្នក​អង្គ​ម្ចាស់​ឧបនាយករដ្ឋមន្ត្រី​ទី​១ បាន​ចូល​បង្គំ​គាល់​ព្រះអង្គ​ដើម្បី​សាកសួរ​ព្រះរោគ​ព្រះអង្គ​ផង ដើម្បី​ក្រាប​បង្គំ​លា​ព្រះអង្គ​ទៅ​កាន់​បរទេស​តាម​ការ​អញ្ជើញ​នៃ​ សាធារណរដ្ឋ​ចិន​ប្រជាមានិត និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​ផង។

គ្រា​នោះ​ព្រះអង្គ​បាន​ទទួល​រាក់ទាក់ ហើយ​បាន​ប្រសិទ្ធពរ​ជូន​ចំពោះ ឯកឧត្ដម​នាយករដ្ឋមន្ត្រី និង​ថ្វាយ​ចំពោះ​អ្នក​អង្គ​ម្ចាស់ ឧបនាយករដ្ឋមន្ត្រី​ទី​១ សូម​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ក្រៅ​បាន​ជោគជ័យ។ ក្រោយ​មក​ទៀត​សម្ដេច​ក៏​ព្រះរាជទាន​សន្ទនា​ជាមួយ​លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​លោក ទ្រិញ វ៉ាញ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​អំពី​ការ​ធ្វើ​ចេតិយ។ ព្រះអង្គ​ទ្រង់​មាន​ព្រះរាជ​បន្ទូល​ហូរហែ ហើយ​ទ្រង់​និទាន​អំពី​ចេតិយ​ឈ្មោះ សិង្គុត្តរៈ នៅ​សហភាព​ភូមា​ថែម​ទៀត​ផង។ រួច​ព្រះអង្គ​ត្រាស់​រំលឹក​អំពី​ការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​ដែល​ទ្រង់​ បាន​ខិតខំ​កែ​សម្រួល​បន្ថែម​ពាក្យ​ជា​ច្រើន​ទៀត ទោះ​បី​ជរា​និង​ព្យាធិ​ចេះ​តែ​បៀតបៀន​ព្រះអង្គ​ក៏​ដោយ។ សភាព​ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះអង្គ​នៅ​រឹងប៉ឹង​ណាស់ មិន​គួរ​ឡើយ​នឹង​ប្រែប្រួល​ដោយ​ឆាប់​រហ័ស​ដូច្នេះ​សោះ នាំ​ឲ្យ​យើង​ក្រៀមក្រំ​ស្រងាក​ចិត្ត​ដូច​ជា​យើង​ធ្លាក់​បេះដូង។ នេះ​ហើយ​សម​ដូច​ព្រះ​ថេរដីកា​របស់​ព្រះអង្គ ដែល​ទ្រង់​ត្រាស់​ជា​រឿយ​ៗ​ថា៖ ជួន​កាល​ពេល​ព្រឹក​មនុស្ស​សត្វ​ជួប​គ្នា​រញង់ លុះ​ពេល​ល្ងាច​ក៏​ស្រាប់​តែ​បែក​គ្នា​ភ្លាម​ៗ។ សភាព​នេះ​ត្រូវ​ដូច​ព្រះ​តម្រាស់​នោះ​ណាស់ ព្រះអង្គ​យាង​ទៅ​ចោល​ពុទ្ធ​បរិស័ទ​រាល់​គ្នា ឥត​មាន​ប្រទាន​ដំណឹង​ជា​មុន​ឲ្យ​ច្បាស់​ដល់​យើង ដើម្បី​នឹង​ព្យាបាល​ព្រះអាការ​រោគ​ឲ្យ​បាន​យូរ​ថ្ងៃ​សោះ គួរ​ឲ្យ​យើង​ខ្ញុំ​ស្ដាយ​ក្រៃ​ពេក​ណាស់​នឹង​រក​ពាក្យ​ណា​មួយ​ថ្លែង​រៀបរាប់​ ពុំ​បាន​ឡើយ។ ព្រះអង្គ​សោយ​ទិវង្គត​នេះ ធ្វើ​ឲ្យ​រញ្ជួយ​សកល​កម្ពុជា ព្រោះ​ព្រះអង្គ​មាន​ព្រះគុណ​ធម៌​ច្រើន​ណាស់​លើ​ពុទ្ធ​បរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ។ សម្ដេច​ទ្រង់​សោយ​ព្រះទិវង្គត បាត់​ព្រះ​រូប​ពិត​មែន ប៉ុន្តែ​ព្រះ​កិត្តិនាម​ឋិត​នៅ​ដដែល។

អស់​លោក​អ្នក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ! ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ​នេះ ជា​ព្រះ​សព​ត្រូវ​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ទក្ខិណា​នុប្បទាន​រៀង​រាល់​ថ្ងៃ​ត​ទៅ ទម្រាំ​គណៈ​កម្មការ​បុណ្យ​ជំនុំ​គ្នា​ដោះស្រាយ រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​កំណត់​យក​ថ្ងៃ​ណា ខែ​ណា ត​ទៅ​ជា​ក្រោយ។ ឥឡូវ​នេះ គណៈ​កម្មការ​បុណ្យ​បណ្ដោះ​អសន្ន បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ត​រៀង​ទៅ ចំនួន​៦​ខែ គិត​ពី​ខែ​នេះ​ទៅ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ៕ ចប់ដោយបរិបូរណ៍

អត្ថបទដែលទាក់ទង៖

ប្រភព៖ ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្ដេចសង្ឃរាជ

ព្រះរាជជីវប្រវត្តិសម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត (វគ្គទី ៣)


(តពីវគ្គទី ២)

ស្នា​ព្រះហស្ត​ខាង​អក្សរសាស្ត្រ​នៃ​សម្ដេច៖

ព្រះសង្ឃរាជ ​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់ ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​ ជា​ពិសេស គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀង និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ សម្រាប់​ពុទ្ធ​បរិស័ទ​រៀន​សូត្រ។ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ៖

១. វចនានុក្រម​ខ្មែរ មាន​២​ភាគ ក្នុង​ព.ស.​២៤៦១ គ.ស.​១៩១៧ សៀវភៅ​នេះ​បាន​បោះពុម្ព​ច្រើន​គ្រា​មក​ហើយ។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍​បាលី) មាន​២​ភាគ តាំង​ពី​ព.ស.​២៤៦២ គ.ស.​១៩១៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។
៣. គហិបដិបត្តិ ក្នុង​ព.ស.​២៤៦៨ គ.ស.​១៩២៦ ជាមួយ​នឹង​ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូ និង​ព្រះ​ពោធិវ័ង្ស ហួត​ តាត តាម​បញ្ជា​នៃ​ព្រះ​តេជ​ព្រះគុណ​ព្រះមហា​វិមលធម្ម ថោង (ពុទ្ធសាសន​បណ្ឌិត្យ)។
៤. សាមណេរ​វិន័យ ក្នុង​ព.ស.​២៤៦០ គ.ស.​១៩១៧ ជាមួយ​នឹង​ព្រះថេរៈ​ទាំង​ពីរ​ព្រះអង្គ​ខាង​លើ​នេះ​ដែរ។
៥. បាតិមោក្ខ​សំវរ​សង្ខេប (សម្រាយ) ព.ស.​២៤៧០ គ.ស.​១៩២៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ មាន​សៀវភៅ​ឯ​ទៀត​ៗ​ជា​ច្រើន​ដែល​ជា​បន្ទាប់​បន្សំ។
៦. កាព្យ​លោក​ធម៌ បោះពុម្ព​ដំបូង​ក្នុង​ព.ស.​២៥០០ គ.ស.​១៩៥៧។ កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.​២៤៧៥ គ.ស.​១៩៣៣។
៨. ព.ស.​២៤៨៤ គ.ស.​១៩៤១ សម្ដេច​បាន​តែង​សុភមង្គល​គាថា​បាលី​បឋ្យាវត្ត​៧​គាថា ព្រម​ទាំង​ប្រែ​ជា​សម្រាយ​ផង សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​វរ្ម័ន។
៩. បព្វជ្ជាខន្ធកៈ​ពិស្ដារ។
១០. ចីវរក្ខន្ធៈ​ពិស្ដារ។
១១. អត្ថបទ ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធសាសន​ បណ្ឌិត្យ តាំង​ពី​ឆ្នាំ​១៩២៦ និង​ឆ្នាំ​ត​ៗ​មក ដែល​ពុំ​អាច​ស្រាវជ្រាវ​មក​ដាក់​ក្នុង​ទីនេះ​បាន​ដោយ​ពេល​មមា​ញឹក​ ព្រម​ទាំង​អត្ថបទ​ធម៌​ឯ​ទៀត​ៗ​ជា​ច្រើន ដែល​បោះពុម្ព​ចុះ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធ​ចក្រ។
១២. បាន ​ពិនិត្យ​កែ​សម្រួល​ពាក្យ​ពេចន៍​របស់​គណៈកម្មការ​ខេមរយានកម្ម ដោយ​ព្រះ​មេត្តា​ជួយ​ឲ្យ​គណៈកម្មការ​នេះ​ជា​របស់​ក្រសួង​អប់រំ​ជាតិ បាន​រួបរួម​បោះពុម្ព​ជា​សៀវភៅ​ទស្សនាវដ្ដី​សម្រាប់​បង្រៀន​សិស្ស​ផ្នែក​ មធ្យម​សិក្សា​ចេញ​រៀងរាល់​ខែ។ ព្រះ​កេរ្តិ៍​មួយ​សំខាន់​ណាស់​ដែល​រលឹក​ឃើញ​បាន​រាល់​ថ្ងៃ គឺ​ព្រះរាជ​និពន្ធ​ទំនុក​ច្រៀង បទ​នគរ​រាជ សម្រាប់​ភ្លេង​ជាតិ​ខ្មែរ ទ្រង់​បាន​និពន្ធ​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៤១ និង​ទំនុក​ ព្រម​ទាំង​បទ សរភញ្ញ ដែល​ទ្រង់​បាន​និពន្ធ​កាល​ពី​ឱកាស​បុណ្យ​ពុទ្ធសករាជ​២៥០០។

ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ៖

ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​យើង​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះ​តែ​គោល​ធំ​ៗ ដោយ​សង្ខេប​មាន​ប្រាំ​យ៉ាង ដូច​សេចក្ដី​រៀបរៀង​វែកញែក​តទៅ​នេះ៖

១. វីរិយភាព​ក្នុង​ការ​សិក្សា
២. បដិភាណប្បញ្ញា “ប្រាជ្ញា​វាងវៃ”
៣. វេសារជ្ជប្បញ្ញា “បញ្ញា​ក្លៀវក្លា​អង់អាច”
៤. ធម្មទេសនា​កោសល្យ “ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា”
៥. បណីត​សកម្មភាព​ “សកម្មភាព​ដ៏​ប្រសើរ”

អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណ​សម្បត្តិ​នីមួយ​ៗ៖

១. វីរិយភាព នៃ​សម្ដេច​ជា​អម្ចាស់ ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ ក្មេង គឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​ មក​បច្ឆិមវ័យ​ហើយ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ សូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ ហើយ​ក៏​ដោយ។ វីរិយភាព នេះ​ប្រែ​ថា សេចក្ដី​ព្យាយាម​ ឬ​ថា​ប្រឹង​ប្រែង រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ ហៅ​ថា វីរយៈ​បារមី។

បណ្ដា​កិច្ចការ​គ្រប់​យ៉ាង រមែង​ប្រកប​ដោយ​ឧបសគ្គ គឺ​ធម៌​ជា​គរឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​ តែ​ថា​បើ​សេចក្ដី​ព្យាយាម មាន​កម្លាំង​ក្លៀវក្លា ក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត​សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ វីរយៈធម៌​ដ៏​រឹង​ប៉ឹង​ជា​ទី​បំផុត បាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់​យ៉ាង​បាន​ ជា​ដរាប ទោះ​បី​ព្រះ​អង្គ​ហត់​នឿយ​ណាស់ ប៉ុន្តែ​ព្រះអង្គ​មិន​សូវ​ចេះ​ត្អូញត្អែរ​ឡើយ។ ករណីកិច្ច​ណា​មួយដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដី ដោយ​វាចា​ក្ដី ដោយ​ចិត្ត​ក្ដី អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង នៃ​សេចក្ដី​ព្យាយាម​ទាំង​អស់។ ឥរិយាបទ​ទាំង​៤ គឺ​ការ​ដើរ ឈរ អង្គុយ ដេក ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បាន ដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ។

សម្ដេច​ព្រះសង្ឃរាជ ព្រះអង្គ​មាន​វីរិយបារមី​ដ៏​បរិបូណ៌​ណាស់ សូម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយ ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះកាយពល​ឡើយ។ ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ ទ្រង់​ឥត​មាន​សំចៃ​កម្លាំង និង​ពេល​វេលា​ទេ។ សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ យក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់ ខំ​ប្រឹង​សរសេរ​រៀបរៀង តាំង​ពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មាន លុះ​ទ្រង់​សោយ​យាគូ​រួច ចាប់​សរសេរ​ត​ទៅ​ទៀត ទាល់​តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន។ ក្នុង​រយៈ​វេលា​យប់​មួយ សម្ដេច​ទ្រង់​បាន​ផ្ទុំ​ក្នុង​រវាង​៤ ឬ​៥​ម៉ោង​ប៉ុណ្ណោះ។ ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់។

២. បដិភាណប្បញ្ញាបញ្ញា​វាងវៃ” ប្រាជ្ញា​សំដៅ​យក​ការ​ចេះ​ដឹង​យល់​ទូទៅ ឬ​ការ​យល់​ច្បាស់លាស់​ចំពោះ​ហេតុការណ៍​ផ្សេង​ៗ​តាម​ធម្មតា។ ដែល​លោក​ហៅ​ថា “បដិភាណប្បញ្ញា” នោះ សំដៅ​យក​ប្រាជ្ញា​ដែល​កើត​ឡើង​ភ្លាម​ៗ ហើយ​អាច​ឆ្លើយ​តប​វិញ​បាន​ភ្លាម មិន​បាច់​គិតគូរ​អស់​វេលា​យូរ​ទេ។ ប្រាជ្ញា​របស់​សម្ដេច​កើត​ឡើង​រហ័ស​ក្នុង​ពេល​ដែល​គេ​ចោទ​សួរ ឬ​និយាយ​ឲ្យ​ឮ​ភ្លាម​ក៏​អាច​ដឹង​ទាន់​ចាប់​ភ្លឹក​នឹក​ឃើញ ឆ្លើយ​វិញ​បាន​ភ្លាម ហាក់​ដូច​ជា​បាន​គូស​ដៅ​ទុក​យូរ​ហើយ។ ប្រាជ្ញា​ស្មារតី​រហ័ស​វាងវៃ ប្រកប​ដោយ​សមត្ថភាព ឆាប់​យល់​ហេតុការណ៍​គ្រប់​យ៉ាង ដែល​អាច​ដឹង​ទាន់​ភ្លាម​ៗ ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ ហៅ​ថា “បដិភាណប្បញ្ញា”។

សម្ដេច​ព្រះសង្ឃរាជ មាន​បដិភាណប្បញ្ញា​នេះ​បរិបូណ៌​ណាស់ ដូច​យ៉ាង សម្ដេច​ដែល​បាន​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​ណា​មួយ ដែល​មាន​សមាជិក​ជាន់​ខ្ពស់ ហើយ​គេ​ត្រូវ​សាកសួរ​និយាយ​ពិភាក្សា​ការណ៍​ជា​ចាំបាច់ ដែល​ទាក់ទង​មក​លើ​សម្ដេច​ភ្លាម ទ្រង់​ក៏​អាច​ឆ្លើយ​ដោះស្រាយ​ទាន់​បាន​ភ្លាម​វិញ​ដែរ។

៣. វេសារជ្ជប្បញ្ញា “បញ្ញា​អង់អាច ក្លៀវក្លា” ភាព​នៃ​ប្រាជ្ញា​អង់អាច​ក្លៀវក្លា​នេះ ជា​គុណ​សម្បត្តិ​មួយ​ដ៏​ប្រសើរ​របស់​មនុស្ស។ ប្រាជ្ញា​របស់​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​របស់​យើង រាប់​ថា​ជា​ប្រាជ្ញា​មួយ​ដ៏​ខ្ពង់ខ្ពស់ អាច​ពោល​បាន​ថា សម្ដេច​មាន​វេសារជ្ជប្បញ្ញា​គ្រប់គ្រាន់ ព្រោះ​ព្រះអង្គ​បាន​ទទួល​ព្រះកិត្តិនាម​ដ៏​ខ្ចរខ្ចាយ​ទៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ដូច​យ៉ាង​សម្ដេច​ទ្រង់​យ៉ាង​ទៅ​កាន់​ទី​ប្រជុំ​ធំ​ៗ​ក្នុង​ប្រទេស​ដទៃ​ ព្រះអង្គ​តែង​បន្លឺ​សីហនាទ ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ក្លៀវក្លា អង់អាច​ឥត​ញាប់ញ័រ​តក់ស្លុត​ចំពោះ​ទី​ប្រជុំ​នោះ​ឡើយ។

ប្រាជ្ញា​ដែល​ក្លៀវក្លា​អង់អាច ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ​ហៅ​ថា “វេសារជ្ជប្បញ្ញា”។

៤. ធម្មទេសនាកោសល្យ “ក្លារ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា”

ភាព​នៃ​ការ​ឈ្លាសវៃ​មាន​ច្រើន​យ៉ាង គឺ​ឈ្លាសវៃ​ក្នុង​អំពើ​បាប​ក៏​មាន ក្នុង​អំពើ​បុណ្យ​ក៏​មាន​ឈ្លាសវៃ​ក្នុង​អំពើ​ឥត​ប្រយោជន៍​ក៏​មាន ក្នុង​អំពើ​មាន​ប្រយោជន៍​ក៏​មាន។ ការ​ឈ្លាសវៃ​ក្នុង​ទី​នេះ​សំដៅ​យក​ហេតុការណ៍​ដែល​មាន​ប្រយោជន៍​ចំពោះ​មនុស្ស ​ក្នុង​បច្ចុប្បន្ន និង​ក្នុង​អនាគត។ ដែល​ហៅ​ថា “ធម្មទេសនាកោសល្យ” សំដៅ​យក​ការ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា។ សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា​ដោយ​ គ្រប់គ្រាន់។

ធម្មទេសនា​នៃ​សម្ដេច​ប្រកប​ដោយ​ប្រយោជន៍​ទាំង​ផ្លូវ​លោក ទាំង​ផ្លូវ​ធម៌ អាច​បំភ្លឺ​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ផ្លូវ​ខុស ផ្លូវ​ត្រូវ ឲ្យ​ជឿជាក់​ចំពោះ​ជាតិ សាសនា និង​ព្រះ​រាជ​បល្ល័ង្ក។ ព្រះធម្មទេសនា នៃ​សម្ដេច​ព្រះសង្ឃរាជ​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​មួយ​ដ៏​ស្ដុកស្ដម្ភ​អាច​ បំភ្លឺ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ព្យាយាម មាន​ជំហរ​រឹងប៉ឹង ឲ្យ​ប្រឹងប្រែង​ប្រកប​ការងារ​កុំ​ឲ្យ​ខ្ជិលច្រអូស ឲ្យ​មាន​ធម៌សាមគ្គី មូលមិត្ត​ជា​ឯកភាព​ក្នុង​រវាង​ជាតិ សាសនា និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង ដើម្បី​ឲ្យ​ខ្ពង់ខ្ពស់​ថ្កើង​រុងរឿង​ត​ទៅ​អនាគត។ ធម្មទេសនា​នៃ​សម្ដេច ឈ្មោះ​ថា​ជា​ធម្មទេសនា​ទ្រោល​បំភ្លឺ​ពុទ្ធ​បរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ ប្រយោជន៍​គ្រប់​យ៉ាង បំភ្លឺ​ទាំង​ខាង​គុណសម្បត្តិ ទាំង​គុណ​វិបត្តិ ជា​ធម្មទេសនា​ប្រកប​ដោយ​មធ្យោបាយដ៏​ប្រសើរ​វិសេស អាច​ដឹក​នាំ​ចង្អុល​បង្ហាញ​ប្រយោជន៍​បច្ចុប្បន្ន និង​ប្រយោជន៍​អនាគត ហៅ​ថា​ជា​ព្រះ​ធម្មួទេសនា​ដាស់​ពុទ្ធ​បរិស័ទ​ឲ្យ​ភ្ញាក់​ខ្លួន​ក្រោក​ឡើង ប្រកប​ការងារ​ដើម្បី​ឲ្យ​មាន​ជីវភាព​ខ្ពង់ខ្ពស់​ឲ្យ​សមគួរ​ដល់​កិត្តិយស​ របស់​យើង​រាល់​គ្នា ជា​ប្រជាពលរដ្ឋ​របស់​ប្រទេស​ឯករាជ្យ​ ឲ្យ​ចេះ​ឈឺឆ្អាល​ស្រឡាញ់​ជាតិ សាសនា និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង។

សម្ដេច​ព្រះសង្ឃរាជ មាន​ធម្មទេសនា​កោសល្យ​ដ៏​បរិបូណ៌។ ធម្មទេសនា​របស់​សម្ដេច​គួរ​រាប់​ថា​ជា​ធម្មទេសនា​យឺតយោង ស្រោចស្រង់​ប្រជាពលរដ្ឋ​ឲ្យ​មាន​សតិសម្បជញ្ញៈ​រឹងប៉ឹង បរិបូណ៌​ឡើង​ទាំង​ផ្លូវ​ពុទ្ធចក្រ និង​ផ្លូវ​អាណាចក្រ ដើម្បី​ឲ្យ​ចក្រ​ទាំង​ពីរ​វិល​លឿន​ទៅ​ស្មើ​គ្នា។ ធម្មទេសនា​របស់​សម្ដេច​គួរ​លើក​ថា ជា​ធម្មទេសនា​បើក​លោក គឺ​ប្រទេស​កម្ពុជា​ទាំង​មូល​ឲ្យ​មាន​ប្រាជ្ញា​ស្មារតី​ភ្លឺ​ស្វាង រុង​រឿង​ឡើង​ដោយ​ពិត ដែល​អាច​ផ្ដល់​មធ្យោបាយ​ដ៏​ប្រសើរ ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​ខ្លួន​ប្រាណ​ចេះ​ជួយ​ខ្លួន​ដោយ​ខ្លួន​ឯង។

សម្ដេច​ព្រះសង្ឃរាជ ជា​ព្រះធម្មកថិក​មួយ​ព្រះអង្គ​យ៉ាង​ឯក ពុំ​មាន​ព្រះធម្មកថិក​ណា​មួយ​ប្រៀប​ស្មើ​បាយ​ឡើយ។ ធម្មទេសនា​ដែល​ពីរោះ​ក្បោះក្បាយ​ប្រកប​ដោយ​ពាក្យ​ពេចន៍ ប្រយោគ​មាន​ប្រធាន​មាន​របៀប​រៀបរយ មាន​កម្រង​នៃ​ពាក្យ​សម្ដី​ដ៏​ត្រឹមត្រូវ​ឥត​ឃ្លៀងឃ្លាត ភ្លាំងភ្លាត់​ទាំង​ប្រកប​ដោយ​ឧត្ដមគតិ ដៅ​ចំពោះ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​អនាគត​ដូច​សេចក្ដី​អធិប្បាយ​មក​នេះ​ហៅ​ថា “ធម្មទេសនាកោសល្យ”។

៥. បណីត​សកម្មភាព “សកម្មភាព​ដ៏​ប្រសើរ”

ការងារ​របស់​សម្ដេច​ព្រអសង្ឃរាជ សុទ្ធ​តែ​ជា​ការងារ​មាន​ប្រយោជន៍​ដ៏​ឧត្ដុងឧត្ដម ចំពោះ​ពុទ្ធ​បរិស័ទ ពុំ​មាន​ការងារ​ណា​មួយ ដែល​ឥត​ប្រយោជន៍​នោះ​ទេ។

សម្ដេច​បាន​ធ្វើ​បុណ្យ​ផ្សេង​ៗ​ជា​ច្រើន​ដង​ណាស់ មាន​កឋិន​ទាន​ជា​ដើម ក្នុង​ឆ្នាំ​នីមួយ​ៗ​បាន​ធ្វើ​កឋិន​២ ឬ​៣​វត្ត រៀង​រាល់​ឆ្នាំ ឥត​ដែល​ខាន​ឡើយ។

កិច្ចការ​របស់​សម្ដេច​សុទ្ធ​តែ​មាន​គោលដៅ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ សេចក្ដី​ចម្រើន ទាំង​លោក​នេះ ទាំង​លោក​ខាង​មុខ​ដោយ​ពិត​ប្រាកដ សឹង​មាន​ភ័ស្តុតាង​យ៉ាង​ជាក់លាក់​ក្នុង​ព្រះរាជ​ជីវ​ប្រវត្តិ​នេះ។ ចូរ​មើល​បរិច្ឆេទ​នៃ​ព្រះរាជ​ជីវ​ប្រវត្តិ​ត្រង់​បរិច្ឆេទ​ទី​៥ ទី​៦ និង​ទី​១០។

សម្ដេច​មាន​ព្រហ្មវិហារ​ដ៏​ទូលាយ សង្គ្រោះ​ដល់​សាធារណជន​មិន​ត្បិតត្បៀត​ពេក​ឡើយ កិច្ចការ​ដែល​ចេះ​តែ​មាន ចេះ​តែ​ដើរ​ទៅ​ស្រួល មិន​ចេះ​ឈប់ មិន​ចេះ​គាំង នៅ​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ ហៅ​ថា “បណីត​សកម្មភាព”។

សកម្មភាព​របស់​សម្ដេច​ព្រះសង្ឃរាជ ប្រកប​ដោយ​ហេតុ​ផល​ល្អ​ណាស់ អាច​បង្ហាញ​ជា​ឧទាហរណ៍​មួយ ដើម្បី​បញ្ជាក់​វរជន បញ្ញវន្ត​ទាំង​សម័យ​ចាស់ សម័យ​ថ្មី​ដែល​គួរ​ជា​ទិដ្ឋានុគតិ (ការ​យក​តម្រាប់​តាម) បាន​ដោយ​ពិត ដោយ​ហេតុ​ដែល​ឃើញ​រូបរាង កិច្ចការ​ជា​ភ័ស្តុតាង​ផង ទ្រឹស្ដី​ការងារ​ដ៏​ប្រសើរ​យ៉ាង​នេះ​ផង​ទើប​ហៅ​ថា “បណីត​សកម្មភាព”។

(តទៅវគ្គទី ៤)

អត្ថបទដែលទាក់ទង៖

ព្រះរាជជីវប្រវត្តិសម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត (វគ្គទី ២)


(តពីវគ្គទី ១)

៧.ឋានន្តរ​បរិច្ឆេទ (កំណត់​អំពី​ឋានន្តរ)៖

  • ព.ស.​២៤៨៦ គ.ស.​១៩៤២ សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរ ជា​ចាងហ្វាង​នៃ សាលា​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំពេញ ដែល​សព្វ​ថ្ងៃ​កែ​ប្រែ​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត។
  • ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅ​អធិការ​វត្ត​ឧណ្ណាលោម។
  • ព.ស.​២៤៨៩ គ.ស.​១៩៤៥ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ។
  • ព.ស.​២៤៩១ គ.ស.​១៩៤៧ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុ​ប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ ក នៃ គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។
  • ព.ស. ​២៤៩២ គ.ស.​១៩៤៨ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្មវិន័យ​ពិនិត្យ​ការ​ ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្មវិន័យ​ក្នុង​ព្រះរាជាណាចក្រ។
  • គ.ស. ​១៩៦១ រហូត​មក សម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​ធ្វើ​ ជា​ព្រះប្រធាន​នៃ ការសម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុ​ជាតិ រៀងរាល់​ថ្ងៃ​សុក្រ។
  • គ.ស.​១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ។
  • គ.ស.​១៩៦៩ ព្រះអង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។

ព្រះ​កិច្ចការ​ដែល​​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស៖

  • នៅ​ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភួ​នៃ​មន្ត្រី​សង្ឃ ទៅ​កាន់​ក្រុង​វៀងច័ន្ទន៍ និង​ក្រុង​ហ្លួង​ព្រះបាង ប្រទេស​លាវ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ ផង។
  • ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ដឹកនាំ​ គណៈ​ប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ក្នុង​ដែន​កូសាំងស៊ីន កម្ពុជា​ក្រោម។
  • នៅ​ព.ស.​២៤៨៣ គ.ស.​១៩៣៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ ម្ដង​ទៀត ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅ​ប្រទេស​លាវ ផង ដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​បរិយត្តធម៌ និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា នៃ​ប្រទេស​កម្ពុជា ទាំង​ប្រជាជាតិ​នៅ​ក្នុង​ទី​ប្រជុំជន និង​ក្នុង​ខេត្ត​នានា នៃ​ព្រះរាជាណាចក្រ​លាវ ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​គន្លង​ព្រះ​ពុទ្ធ​សាសនា ផង។
  • ព.ស.​២៤៨៧ គ.ស.​១៩៤៣ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ហើយ​នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក។
  • ព.ស. ​២៤៩៤ គ.ស.​១៩៥០ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​ បង្កើត​ពុទ្ធិក​សមាគម​ពិភព​លោក​នៅ​ក្រុង​កោលម្បូ ប្រទេស​ស្រី​លង្កា ទ្វីប។
  • នៅ​ព.ស.​២៤៩៧ គ.ស.​១៩៥៣ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ប្រឹក្សា​សម្រេច​រឿង​ឆដ្ឋសង្គាយនា នៅ​ក្រុង​រង្គូន សហភាព​ភូមា។
  • ក្នុង​ឆ្នាំ​ជា​បន្ទាប់​នៅ​ព.ស.​២៤៩៨ គ.ស.​១៩៥៤ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​​ក្រុង​រង្គូន ប្រទេស​ភូមា ម្ដង​ទៀត ដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។
  • កន្លង​មួយ​ឆ្នាំ​ក្រោយ​មក ព.ស.​២៤៩៩ គ.ស.​១៩៥៥ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆដ្ឋសង្គាយ នៅ​ក្រុង​រង្គូន ប្រទេស​ភូមា ជា​លើក​ទី​បី​ដើម្បី​ប្រជុំ ហើយ​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។
  • នៅ​ព.ស.​២៥០៣ គ.ស.​១៩៥៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជកត៌ា និង​ក្រុង​សឹម៉ារ៉ាំង កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។
  • ព.ស. ​២៥០៣ ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​ពិធី​សន្មត​រោង​ឧបោសថ ព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុល​បុត្រ អ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង។

៨.សមណសក្ដិ​បរិច្ឆេទ (កំណត់​អំពី​សមណស័ក្តិ)៖

ដោយ ​ព្រះមហា​វិរិយភាព​របស់​សម្ដេច ដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក​ដែល​យើង​បាន​ឃើញ​ជា​ភស្តុតាង សម្ដេច​ក៏​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់លំដោយ ដូច​តទៅ​នេះ​គឺ៖

  • ព.ស.​២៤៥៤ គ.ស.​១៩១០ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ក្នុង​សមណស័ក្តិ ជា​ព្រះ​បាឡាត់​សាក្យបុត្តិយ៍ (បាឡាត់​របស់​ព្រះ​សក្យវង្ស នុត វត្ត​ឧណ្ណាលោម)។
  • ព.ស.​២៤៥៦ គ.ស.​១៩១២ សម្ដេច​បាន​ទទួល​សមណស័ក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា (ទី​ឋានានុក្រម សម្រាប់​ថ្នាក់​ឯក​របស់​សម្ដេច​ព្រះសង្ឃ​រាជ​ព្រះនាម​ ទៀង)។
  • ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះ​សាសនសោភ័ណ (រាជាគណៈ​កិត្តិយស)។
  • ព.ស.​២៤៨៤ គ.ស.​១៩៤០ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះពុទ្ធ​ឃោសាចារ្យ (រាជាគណៈ​ថ្នាក់​ទី​២)។
  • ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​បាន​ឡើង​ជា​សមណស័ក្តិ​ជា​ព្រះពោធិវ័ង្ស (រាជា​គណៈ​ថ្នាក់​ទី​១)។
  • ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ខ្ពស់​បំផុត​ជា​ព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
  • ព.ស. ​២៤៩៤ គ.ស.​១៩៥០ ព្រះករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​បាន​ប្រោស​ប្រទាន​ប្រគេន​ព្រះ​ឋានៈ​ជា​ សម្ដេច​ព្រះ​មហាសុមេធាធិបតី សង្ឃនាយក​គណៈ​មហានិកាយ។
  • លុះ​ដល់​មក​ព.ស.​២៤៩៨ គ.ស.​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា បាន​ប្រគេន​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អគ្គ​មហា​បណ្ឌិត​សហភាព​ភូមា។
  • ស្រាប់​តែ​ដល់​មក​ព.ស.​២៥០១ គ.ស.​១៩៥៧ រដ្ឋាភិបាល​សហភាព​ភូមា បាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អភិធជៈ​មហារដ្ឋ​គរុ នៃ​សហភាព​ភូមា​ទៀត ដែល​ជា​សមណស័ក្តិ​ដ៏​ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា។
  • ខែ ​កុម្ភៈ គ.ស.​១៩៦៤ អ្នក​និពន្ធ​ខ្មែរ​ទាំង​អស់​បាន​ថ្វាយ​ព្រះឋានៈ​ព្រះអង្គ​ជា ព្រះអគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ ផង។
  • ព.ស.​២៥០៧ គ.ស.​១៩៦៣ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ នៃ​ប្រទេស​កម្ពុជា ទ្រង់​បាន​ប្រោស​ប្រទាន​ព្រះ​ឋានៈ​សម្ដេច​ជា សម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១។
  • ថ្ងៃ​ទី​២៨ ឧសភា ១៩៦៧ ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ ពេញ​លក្ខណៈ​អំពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ក្នុង​នាម​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុសាស្ត្រ នៃ​ភូមិន្ទ​សកល​វិទ្យាល័យ។

៩.ឥស្សរិយ​បរិច្ឆេទ (កំណត់​អំពី​ឥស្សរិយយស)៖

គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះ គឺ៖

  • មេដាយ​អស្សឫទ្ធិ​មុនីសារភរណ៍ នៅ​ព.ស.​២៤៦១ គ.ស.​១៩១៧។
  • មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៦៧ គ.ស.​១៩៣២។
  • មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ នៅ​ព.ស.​២៤៧៦ គ.ស.​១៩៣២។
  • មេដាយ​សេនា​នៃ​បណ្ឌិត​សភា សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨១ គ.ស.​១៩៣៧។
  • មេដាយ​អស្សឫទ្ធិ​ដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨៦ គ.ស.​១៩៤២។
  • មេដាយ​សេនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៨៨ គ.ស.​១៩៤៤។
  • មេដាយ​សេនាដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨។
  • មេដាយ​មហា​សិរីវឌ្ឍន៍ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥០៥ គ.ស.​១៩៦២។
  • មេដាយ​មហា​សិរីវឌ្ឍ​សុវត្ថារា នៅ​ព.ស.​២៥០៦ គ.ស.​១៩៦៣។
  • មេដាយ​ជាតូបការ ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥១៣ គ.ស.​១៩៦៩។

១០.ពុទ្ធវុឌ្ឍិ​បរិច្ឆេទ (កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោក និង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា)៖

កិច្ចការ​ឯ​ទៀត​របស់​សម្ដេច ក្រៅ​ពី​មុខ​ការ​ខាង​សិក្សា​ដែល​សុទ្ធ​តែ​ជា​ការ​មាន​ប្រយោជន៍​ជា​សាធារណៈ​ក្នុង​ព្រះ​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ​នោះ នៅ​មាន​ច្រើន​ទៅ​ទៀត និយាយ​ដោយ​សង្ខេប​គឺ​ចាប់​តាំង​ពី​ឆ្នាំ​ឆ្លូវ​សប្ត​ស័ក ព.ស.​២៤៧០ គ.ស.​១៩២៤ រៀង​មក សម្ដេច​បាន​ធ្វើ​ការ​ឧបត្ថម្ភ​​វត្ត​ពោធិ​ព្រឹក្ស (ហៅ​វត្ត​ពោល្យំ) ក្នុង​សង្កាត់​រលាំង​កែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ជា​ទី​ជាតិ​ភូមិ​របស់​សម្ដេច ដូច​មាន​សេនាសនភ័ណ្ឌ​តទៅ​នេះ៖

  • សម្ដេច​បាន​ជាវ​ដី​ជុំ​វិញ​វត្ត​ចំនួន​ជាង​៣​ហិកតា ពង្រីក​ទី​វត្ត​ឲ្យ​ធំ​ទូលាយ​ច្រើន​ជាង​ពី​ដើម។
  • បាន​ជួយ​ឧបត្ថម្ភ​លើក​ថ្នល់ ភ្ជាប់​ពី​ថ្នល់​ជាតិ​ចូល​មក​វត្ត​សុរភី និង​ពោធិ​ព្រឹក្ស រួម​ចម្ងាយ​៣​គឺឡូម៉ែត្រ។
  • បាន ​ស្ថាបនា​វិហារ​បេតុង​អារម៉េ សាលា​បាលី​រង (ពុទ្ធិក​បឋម​សិក្សា) រៀប​ចំ​ទី​វត្ត​ពោធិ​ព្រឹក្ស​ទាំង​មូល ឲ្យ​មាន​ទេសភាព​សមរម្យ​តាម​សម័យ​និយម។
  • បាន​ស្ថាបនា​ស្ពាន​ធំ​មួយ និង​ស្ពាន​តូច​មួយ​សុទ្ធ​តែ​បេតុង​អារម៉េ ឆ្លង​ស្ទឹង​តូច​រាំង​ព្រំ​ប្រទល់ សង្កាត់​រលាំងកែន និង​សង្កាត់​រកាកោះ។
  • បាន​ឧបត្ថម្ភ​ក្នុង​ការ​ ស្ថាបនា​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា សុរភី​ពោធិព្រឹក្ស​៣​ខ្នង តាំង​ពី​គ.ស.​១៩៤៨ រៀង​រហូត​ដល់​សាលា​នេះ​ឡើង​ដល់​ថ្នាក់​ឧត្ដមដ្ឋាន សម្រាប់​កូន​ចៅ​អ្នក​ស្រុក​ជើង​វត្ត​សុរភី និង​វត្ត​ពោធិព្រឹក្ស។
  • បាន​ឧបត្ថម្ភ​ឲ្យ​គេ​ធ្វើ​ថ្នល់​លំ​មួយ ចាក់​ក្រួស​បាយ​ក្រៀម ប្រើ​ការ​បាន​ដោយ​ស្រួល។
  • បាន​ជាវ​ទី​ដី​៣​ហិកតា​កន្លះ​ទុក​ដាក់​ជា​សាសន​សម្បត្តិ​រៀង​ទៅ។
  • បាន​ស្ថាបនា​ខ្លោង​ទ្វារ​របង​អារម៉េ​មួយ។
  • បាន​ស្ថាបនា អាវសថសាលា (សាលា​សំណាក់) ១​ខ្នង។
  • បាន​ចាត់​ការ​ឲ្យ​ជីក​ស្រះ​មួយ​ទំហំ​១០០​ម៉ែត្រ​បួន​ជ្រុង នៅ​ត្រង់​ទី​ថ្នល់​បែក​ចេញ​ពី​ថ្នល់​ជាតិ​ក្នុង​សង្កាត់​រកាកោះ។
  • បាន​ជួយ​ឧបត្ដម្ភ​ជីក​អណ្ដូង​បុក​ប្រើ​ស្នប់​៣​កន្លែង។
  • បាន​ស្ថាបនា​គិលានដ្ឋាន​មួយ​ខ្នង​ ប្រសូតិ​គ្រឹះ (មន្ទីរ​សម្ភព) មួយ​ខ្នង​ ដោយ​បេតុង​អារម៉េ។
  • បាន​ធ្វើ​កំពែង​បេតុង​អារម៉េ បណ្ដោយ​១០០​ម៉ែត្រ ទទឹង​៥២​ម៉ែត្រ ព័ទ្ធ​ជុំវិញ​មន្ទីរ​ពេទ្យ​ទាំង​ពីរ​ខ្នង​នេះ។
  • បាន​ស្ថាបនា​អគារ​គព្ភិនី​សំណាក់​ក្នុង​កំពែង​នោះ​ដែរ។
  • បាន​ស្ថាបនា​អគារ​បេតុង​អារម៉េ​២​ខ្នង ក្រៅ​កំពែង​នោះ​សម្រាប់​គិលានសមណៈ។
  • បាន​ចាត់​ការ​ឲ្យ​លើក​ទំនប់​ទឹក​១​កន្លែង​បណ្ដោយ​៩០០​ម៉ែត្រ ទទឹង​៨០០​ម៉ែត្រ (ដោយ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​សព្វ​ព្រះទ័យ​បាន​ប្រោស​ប្រទាន​ព្រះរាជានុញ្ញាត​ឲ្យ​លើក​ទំនប់​ទឹក​នោះ)។
  • បាន ​ឧបត្ថម្ភ​ឲ្យ​វេយ្យាវច្ចករ​ដាំ​ដំណាំ​លើ​ទី​ដី​ខាង​លើ​នេះ ជា​ប្រយោជន៍​ដល់​គិលានដ្ឋាន និង​ប្រសូតិគ្រឹះ​របស់​សម្ដេច​ទៅ​ក្នុង​អនាគត​កាល (ស្ថាបនកម្ម​ទាំង​នេះ​នៅ​ក្នុង​ភូមិ​ស្រែ​បន្ទាយ សង្កាត់​រកាកោះ)។
  • បាន ​លះបង់​ទី​ដី​មួយ​កន្លែង ដែល​សម្ដេច​បាន​ជាវ​ហើយ​នោះ​ជូន​ព្រះ​រាជរដ្ឋាភិបាល​ឲ្យ​ស្ថាបនា​អគារ​មណ្ឌល ​នីតិកម្ម (ប៉ុស្តិ​ប៉ូលីស) និង​មន្ទីរ​រាជ​សហករណ៍​។ល។
  • បាន​ផ្ដើម​គំនិត​ធ្វើ​សមាគម​កសាង​មន្ទីរ​ពេទ្យ​ព្រះសង្ឃ ក្រុង​ភ្នំពេញ។
  • បាន​កសាង​វិហារ​វត្ត​ឧណ្ណាលោម ដែល​ជា​វិហារ​ធំ​បំផុត​ជាង​វិហារ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​បី​ជាន់ ក្នុង​ព.ស.​២៤៩៩ គ.ស.​១៩៥៦។
  • បាន​ផ្ដើម​កសាង​ព្រះ​សក្យមុនី​ចេតិយ នៅ​ខាង​កើត​ស្ថានីយ៍​រាជាយស្ម័យយាន។
  • បាន​ទំនុកបម្រុង​ ព្រម​ទាំង​ចាត់​ចែង​សមណ​និស្សិត​បញ្ជូន​ឲ្យ​ទៅ​រៀន​ឯ​បរទេស មាន​ប្រទេស​ឥណ្ឌា ភូមា ជាដើម។
  • បាន​បង្កើត​ការ​សិក្សា​ធម្មវិន័យ ដើម្បី​សិក្ខាកាម​កុល​បុត្រ​ទូទៅ​ពេញ​ប្រទេស​កម្ពុជា។
  • បាន​បង្កើត​ការ​អប់រំ​យុវជន​ដោយ​សីលធម៌​ដែល​នៅ​ក្នុង​វត្ត​ឧណ្ណាលោម ឬ​វត្ត​ឯ​ទៀត​ៗ ដែល​មាន​យុវជន​នៅ​វត្ត​ជា​ច្រើន​នាក់។
  • បាន​ផ្ដើម​កសាង​ឈាបនដ្ឋាន (ទី​បូជា​សព) ក្នុង​វត្ត​ឧណ្ណាលោម ដែល​មាន​លោក​អ្នក​ឧកញ៉ា​តេជះ តាន់ ម៉ៅ ជា​អ្នក​ចេញ​ប្រាក់​កសាង​ឲ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា មុន​ដំបូង​បង្អស់ គ.ស.​១៩៥៣។
  • បាន​ផ្ដើម​សង់​ឧបដ្ឋាន​សាលា​សម្រាប់​មន្ត្រី​សង្ឃ ដែល​និមន្ត​មក​ក្នុង​ឱកាស​អនុសំវច្ឆរ​មហា​សន្និបាត ដើម្បី​ប្រជុំ​ទទួល​ភត្តាហារ និង​សម្រាប់​ភ្ជុំបិណ្ឌ ដែល​គហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញ​ប្រាក់​កសាង។
  • បាន​បង្កើត​ឲ្យ​មាន​ការ​ហាត់​រៀន​ប្រឡង​សូត្រ​បាតិមោក្ខ​បាលី។
  • បាន ​រៀបចំ​តាំង​គណៈកម្មការ​សង្ឃ និង​គណៈ​កម្មការ​គ្រហស្ថ​តាម​ផ្លូវ​ការ​គ្រប់​វត្ត​ទាំង​អស់ ដើម្បី​រៀបចំ​ទី​វត្ត​ឲ្យ​ស្អាត ទាំង​មាន​របៀប​រៀបរយ តាំង​ពី​ឆ្នាំ​១៩៥៥​ដរាប​មក។

តទៅវគ្គទី ៣

អត្ថបទដែលទាក់ទង៖

%d bloggers like this: