Blog Archives

បាបមិត្ត


បាប​មិត្ត ៤ យ៉ាង​ដែលមិនត្រូវរាប់រកមានដូចខាងក្រោម ៖

ក-មិត្ត​ល្មោភ ៖

មិត្ត​នេះ​គិត​តែ​ប្រយោជន៍​ខ្លួន , ចាយ​បន្តិច​បន្តួច តែ​សម្លឹង​យក​ប្រយោជន៍​ច្រើន​ឥត​អៀនខ្មាស , ល្មោភ​មិន​ចេះ​ល្មម, ល្មោភ​មិន​ចេះ​ស្កប់ស្កល់ ដូច​ច្បាប់​ពាក្យ​ចាស់​ថា « បាន​ហើយ​ចង់​បាន​ទៀត ឆ្លៀត​ហើយ​ឆ្លៀត​ពុំ​គិត​ឈ្វេង មើល​យល់​តែ​មុខ​ឯង មិន​ឃើញ​គេ​ឯ​ទៀត​ផង »

ខ-មិត្ត​បាន​តែ​មាត់ ៖

គឺ​មិត្ត​ល្អ​តែ​វាចា ផ្អែមល្ហែម​តែ​សំដី ។ មិត្ត​នេះ​មាន​សំដី​សំដៅ​រៀបរយ​ល្អ និយាយ​ពាក្យ​បាទ ចាស ជានិច្ច , តែ​ពេល​មាន​ការ​ពឹងពាក់​ម្ដងម្កាល តែង​និយាយ​ដោះ​ដៃ​ថា​យ៉ាង​នេះ យ៉ាង​នោះ, បាន​ត្រឹម​តែ​ថា មិន​អី​ទេ, កុំ​ព្រួយ ! ចាំ​មើល បន្តិច​ទៀត​ទៅ ! ទៅ​ភ័យ​អី !…។ មិត្ត​បែប​នេះ លោក​សន្មត​ថា « មនុស្ស​ឆ្អិន​ក្រៅ ឆៅ​ក្នុង » ចាត់​ជា​មនុស្ស​មិន​បាន​ការ យក​ជា​គ្នា​មិន​កើត ។ មនុស្ស​ឆ្អិន​ក្រៅ ឆៅ​ក្នុង​គឺ​មនុស្ស​បាន​តែ​មាត់,ពេល​មាន​អាសន្ន​រត់​រក​គេ​ជួយ ពេល​ផុត​ព្រួយ​ធ្វើ​ព្រងើយ ។ មិត្ត​បែប​នេះ មិន​ចេះ​យក​អាសារ​នរណា​ទេ, មិន​ចេះ​ជួយ​ទុក្ខ​ធុរៈ​នរណា​ទេ ។ មិត្ត​បាន​តែ​មាត់ ជា​មិត្ត​មាន​សំដី​ក្រៅ​ផ្អែម មាន​ចិត្ត​ខាង​ក្នុង​ល្វីង​ជូរចត់ មាន​ទំនង​ត្រូវ​គ្នា​នឹង​សុភាសិត​ច្បាប់​ពាក្យ​ចាស់​ថា

« ចូល​ព្រៃ​សត្វ​សាហាវ ស្រែក​អំពាវ​គ្នា​មក​ជុំ ដល់​បាន​ស្ករ​ទឹក​ឃ្មុំ ពួន​សំងំ​ស៊ី​ម្នាក់​ឯង »

គ-មិត្ត​ចាក់​បណ្ដោយ ៖

មិត្ត​និយាយ​ចាក់​បណ្ដោយ គឺ​និយាយ​តម្រូវ​អធ្យាស្រ័យ តម្រូវ​ចំណុច មិន​ទទឹង មិន​ប្រឆាំង មិន​ជំទាស់ ។ មិត្ត​នេះ បើ​មាន​កិច្ចការ​អ្វី​គួរ​ពិគ្រោះ​ប្រឹក្សា​ជាមួយ ចេះ​តែ​អ៊ឺអើ, ចេះ​តែ​ហៃអើ ទោះ​ត្រូវ​ក៏​ដោយ ខុស​ក៏​ដោយ មិន​រាំរាំង​ទទឹង​ទាស់​ឡើយ , ជា​មិត្ត​ផ្សំ​យក​លាភ, និយាយ​សរសើរ​យើង​តែ​នឹង​មុខ និយាយ​ដើម​យើង​ប្រាប់​អ្នក​ដទៃ​ពី​ក្រោយ​ខ្នង ។

ឃ-មិត្ត​ស្រឡាញ់​តែ​ផ្លូវ​វិនាស៖

គឺ​មិត្ត​ដែល​ចូលចិត្ត​ប្រព្រឹត្ត​អបាយមុខ ។ ពុទ្ធសាសនា​ប្រាប់​ថា អបាយមុខ (ប្រធាន​នៃ​សេចក្ដី​វិនាស ) ដោយ​សង្ខេប​មាន ៤ យ៉ាង​គឺ ៖ លេង​ស្រី (ឥត្ថីធុត្ត ) , លេង​ស្រា, (សុរាធុត្ត ) លេង​ល្បែង​ភ្នាល់ ឬ​ល្បែង​ស៊ីសង (អក្ខធុត្ត ) និង សេពគប់​ជន​អាក្រក់​ជា​មិត្ត (បាបមិត្ត )

មិត្ត ៤ ពួក​ដែល​រៀបរាប់​មក​នេះ ជា​មិត្ត​មិន​ត្រូវ​សេពគប់ មិន​ត្រូវ​រាប់អាន, លោក​រាប់​បញ្ចូល​ក្នុង​បាបមិត្ត ព្រោះ​ជា​មិត្ត​នាំ​អោយ​កើត​ទោស​ទុក្ខ , នាំ​អោយ​ខូចខាត​ទ្រព្យ​សម្បត្តិ ។ មិត្ត​បែប​នេះ​កុំ​សេពគប់​ស្និទ្ធស្នាល គ្រាន​តែ​រាប់អាន​តាម​ធម្មតា​បាន​ហើយ ។ បើ​អ្នក​រក​មិត្ត​ល្អ មិន​បាន​ទេ សូវ​នៅ​ម្នាក់​ឯង​ល្អ​ជាង ។ 

រៀបរៀង៖⁣ ឱម ខែម 

អត្ថបទទាក់ទង៖

កំណាព្យ៖ ពណ៌សម្លៀកបំពាក់តាមថ្ងៃ


ថ្ងៃ​នេះ​ មាន​កំណាព្យ​មួយ​ដែល​ទើប​នឹង​តែង​រួច​ ដើម្បី​ចែក​ជូន​ប្រិយមិត្ត​ទាំងអស់​គ្នា​នៅ​ភូមិ​វ៉ើតប្រេស​នេះ​ ជា​ការ​កំសាន្ដ​នា​ចុង​សប្ដាហ៍។ កំណាព្យ​នេះ​មាន​ចំណង​ជើង​ថា “​ពណ៌​សម្លៀក​បំពាក់​តាម​ថ្ងៃ​“​ ដែល​មាន​អត្ថន័យ​ដូច​ត​ទៅ​៖​

kamnap

%d bloggers like this: