អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ (តចប់)


អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ (ត​ពី​ខ្សែ ៤ )

លោក​ល្វីហ្វីណូត៍ អាចារ្យ​បង្រៀន​ឧត្ដមវិជ្ជា សាលាកូឡែសដឺហ្រ្វង្ស

នៅ​ក្រុងប៉ារីស​ជា​អ្នក​អធិប្បាយ

ក្រុមការ ជុំម៉ៅ

ធ្វើ​រាជការ​នៅ​ព្រះរាជ​បណ្ណាល័យ ប្រែ​ចេញ​ជា​ភាសា​ខ្មែរ

(ចប់)

5-Douglass-1927-Angkor-Watបន្ទាយ​ឆ្មារ​នៅ​ជាយ​ខាង​កើត​បំផុត​ទី​រួម​ខែត្រ​បាត់ដំបង នៅ​លើ​ជើង​ភ្នំ​ដង​រែក គឺ​ជា​ប្រាសាទ ១ ដែល​បាក់​បែក​អន្ធការ​ជាង​គេ​ហើយ​ប្រហែល​ជា​ទី​ក្រុង​ស្ដេច​ដែល​ផុត​ត្រឹម​ប្រាសាទ​នេះ មោនសៀ គ្រោលីយេ បាន​ពិនិត្យ​សព្វ​គ្រប់​ទៅ​ឃើញ​ថា ប្រាសាទ​នេះ​​ប្រហែល​ពិត​ជា​របស់​ស្ដេច​ជ័យវរ័ន្ម​ទី ២ គឺ​ប្រាសាទ​អម្រេន្ទ្របុរ ដែល​សាង​ក្នុង​សករាជ ៨០០ ក្នុង​ពាក់​កណ្ដាល​ឆ្នាំ ៩០០ នៃ​គ្រិស្ដ​សករាជ ។

បើ​យើង​ពិនិត្យ​បន្ទាយឆ្មារ​អំពី​ខាង​សាសនា​នោះ​នឹង​ស្គាល់​បែប​យ៉ាង ១ រំពេច​នៅ​វេលា​ដែល​ក្រឡេក​ទៅ​ចំ គឺ​ដំបូល​ទាំង​អស់​នោះ​មាន​បន្តុប​កំពូល​ថ្ម​រចនា​នៅ​ខាង​លើ​មុខ​ពុទ្ធរូប ដែល​ទ្រង់​ភ្នែន​ក្នុង​ក្បាំង ដែល​លក​ខូង​គ្រប់​តែ​សសរ​ទាំង​អស់​នោះ មាន​រចនា​ជា​រូប​ស្រ្តី​ទេពអប្សរ និង​ពុទ្ធរូប​គ្រប់​កន្លែង គេ​បាន​ឃើញ​នៅ​មេទ្វារ​ខាង​លើ រឿង​រ៉ាវ​ទាំង​ឡាយ​របស់​ព្រះពុទ្ធ​មាន​ត្រង់​ចេញ​ពី​នគរ​ទៅ​ទ្រង់​ផ្នួស​ឬ​ត្រង់​គេ​គោរព​ព្រះពុទ្ធ​ជា​ដើម​នៅ​ជញ្ជាំង​ខាង​លិច​ប៉ែក​ខាង​ត្បូង នៅ​ជញ្ជាំង​ថែវ​នោះ មាន​ឆ្លាក់​ជា​រូប ៨ កម្ពស់​ប្រហែល ២ ម៉ែត្រ​ជា​រូប​លោកេស្វរៈ​ច្រើន​យ៉ាង ។

មាន​រូប​ពោធិ៍សត្វ​ដដែល​នេះ​មួយ និង​ព្រះពុទ្ធរូប ២ អង្គ គេ​បាន​រក​ឃើញ​ក្នុង​កន្លែង​ដែល​បាក់​បែក ។

ឃើញ​ថា​រូប​ទាំង​ប៉ុន្មាន​ដែល​មាន​លើ​ប្រាសាទ​នោះ ជា​រូប​ក្នុង​ព្រះពុទ្ធ​សាសនា​ទាំង​អស់ លើក​តែ​កន្លែង​មួយ​ចេញ គឺ​បន្ទប់​ដែល​មាន​ក្រឡា​ខ្វែង ៤ ជ្រុង នៅ​ខាង​មាត់​ទ្វារ​ចូល​ទៅ​កំពែង​ខាង​ក្នុង បន្ទប់​នោះ មាន​ខ្លោង​ទ្វារ​ឆ្លាក់​ជា​រឿង​ព្រះ​ឥសូរ​សុទ្ធ មាន​រូប ព្រះសិវ ១ ព្រះព្រហ្ម ១, និង​ព្រះវិស្ណុ ១, អង្គុយ​សំពះ ឯ​ខ្លោង​ទ្វារ​ឯ​ទៀត​នោះ​បែប​មិន​ប្រាកដ​ប៉ុន្តែ​វិមាន​នេះ​ដែល​នៅ​ក្នុង​ចំណោម​ប្រាសាទ​ធំ​ៗ នោះ​ហាក់​ដូច​ជា​មាន​ភាព​ជា​គេ​មិន​រាប់​អាន ហើយ​នៅ​ដោយ​ចំណែក​ដាច់​ពី​ប្រាសាទ​ឯ​ទៀត ដែល​ជា​ប្រាសាទ​សម្រាប់​ពុទ្ធសាសនា ។

ម្យ៉ាង​វិញ​ទៀត​ឯ​ជញ្ជាំង​ថែវ​នោះ ក្រៅ​ពី​រូប​លោកេស្វរ​ទាំង ៨ គ្មាន​អ្វី​ជា​សម្គាល់​ខាង​ផ្លូវ​សាសនា​ឡើយ គឺ​មាន​តែ​រឿង​ចម្បាំង​ជា​ក្បួន​ហែ​និង​រឿង​រ៉ាវ​របស់​ស្ដេច គេ​ឃើញ​មាន​រឿង​ព្រាហ្មណ៍​អង្គុយ​គោរព​លិង្គ ១ ដែរ ប៉ុន្តែ​រឿង​នេះ​គ្រាន់​តែ​ជា​តុប​តែង​ជា​គំនូរ​ប៉ុណ្ណោះ​ទេ និង​បាន​ជា​ការ​សម្រាប់​គោរព​របស់​អ្នក​សាង ក៏​ទេ​ដែរ ។

ក្នុង​ទី​នេះ​យើង​ឃើញ​រូប​ព្រះ​ដែល​មាន​សល់​នៅ​អង្គរ​ធំ ម្យ៉ាង​វិញ​ទៀត​យើង​ឃើញ​រូប​ទាំង​ឡាយ ដែល​ពួក​អ្នក​គោរព​រូប​នៅ​អង្គរ​បាន​វាយ​ចោល កោស​ចោល​និង​ធ្វើ​ឲ្យ​ខុស​រាង​ចេញ​ក្នុង​ក្រុង​ទាំង​ពីរ​នេះ​ឃើញ​តែ​លោកេស្វរ​ជា​ប្រធាន លោកេស្វរ នេះ​គេ​ឃើញ​លេច​ភាព​ហាក់​ដូច​ជា​ចៅហ្វាយ​នៃ​ទី​ក្រុង​នោះ ។ អម្រិន្ទ្របុរ និង យសោធរបុរ ជា​ទី​ក្រុង​ពីរ​មាន​ភាព​ដូច​គ្នា​ហើយ​ទី​ក្រុង ១ នៅ​មាន​សណ្ឋាន​ជា​ទី​ក្រុង​សម្រាប់​ពុទ្ធសាសនា ឯ​ទី​ក្រុង ១ ទៀត​នោះ​បាត់​អស់​ខ្លះ​ទៅ សេច​ក្ដី​ដែល​ដូច​គ្នា​នេះ​បញ្ជាក់​ទៅ​ដោយ​ស្ថាន​ផ្សេង​ៗ ទៀត គឺ​នៅ​ជញ្ជាំង​ខាង​ក្រោម​កំពូល​មុខ​បួន​និង​ខឿន​ទ្ររូប​នាគ នៅ​ខាង​កើត​ទី​ក្រុង​មាន​ស្រះ​ធំ ១ រាង​បួន​ជ្រុង​ទ្រវែង ឯ​ផែន​ទី​ក៏​គ្មាន​សេច​ក្ដី​ប្លែក​ជា​លក្ខ័ខ័ណ្ឌ គឺ​គ្រាន់​តែ​ប្លែក​ថា ក្រុង​អង្គរ​ធំ​នោះ មាន​ទំហំ​ផែន​ទី​រាប​ធំ​ជាង​បន្ទាយ​ឆ្មារ ២ ដង ហើយ ១ ទៀត​ឯ​សីមា​នៃ​អង្គរធំ​នៅ​ក្នុង​កំផែង​ជុំ​វិញ ឯ​សីមា​នៃ​បន្ទាយឆ្មា​វិញ​នោះ​នៅ​ជា​កណ្ដាល​កំផែង​និង​ដី​ទួល ដែល​លើក​សម្រាប់​ការពារ​ខាង​ក្រៅ​ក្រុង ក្រៅ​ពី​សេច​ក្ដី​ទាំង​នេះ អង្គរធំ​ជា​ប្រាសាទ​មាន​ភាព​សុទ្ធ​នឹង​បន្ទាយ​ឆ្មា ជា​ក្រុង ១ យ៉ាង​ធំ យ៉ាង​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត ដែល​បញ្ជាក់​ដោយ​ពិត​អំពី​អាណាចក្រ​ដ៏​ធំ​ទូលាយ​របស់​ម្ចាស់​ផែន​ដី ហើយ​ដែល​យើង​ហៅថា​របៀប​តាក់​តែង​ក្រុង​និង​រចនា​ប៉ុន្តែ​បែប​ដែល​កសាង​ទី​ក្រុង បែប​ដែល​តុប​តែង​ទី​ក្រុង​មាន​ភាព​លំនាំ​មិន​ឆ្ងាយ​អំពី​បែប​ភាប​ទី​ក្រុង​ជាន់​មុន​ៗ ឡើយ យើង​សម្គាល់​ឃើញ​សេច​ក្ដី​ប្លែក​បន្ទាប់​បន្សំ ១ ទៀត តែ​មិន​នាំ​ឲ្យ​ប្រែប្រួល​ខូច​យោបល់​នេះ​ទេ គឺ​ថា​កោស​បន្ទាយឆ្មារ​មាន​ប្រាសាទ​តូច ១ សម្គាល់​បាន​ណាស់​ឯ​អង្គរធំ​វិញ​នោះ គ្មាន​ប្រាសាទ​តូច​នេះ​ឡើយ ប៉ុន្តែ​ប្រាសាទ​តូច​នេះ​ឃើញ​មាន​នៅ​ក្នុង​ប្រាសាទ​ធំ​ៗ ជិត​ទី​នោះ​សាង​ក្នុង​គ្រា​ជា​មួយ បាន​ជា​ខ្ញុំ​និយាយ​ក្នុង​ស្ថាន​នេះ​ឲ្យ​ឃើញ​ជា​ពិស្ដារ​បន្តិច ព្រោះ​ការ​កសាង​នេះ​ជា​គោល ១ ដ៏​ឧត្ដម​ក្នុង​ពង្សាវតារ​ហើយ​ម្យ៉ាង​ទៀត ព្រោះ​ខ្ញុំ​ចង់​តម្រូវ​សេច​ក្ដី​យល់​ឃើញ​ជា​ថ្មី​អំពី​រឿង​នេះ ។ ប្រាសាទ​តូច​ៗ​ទាំង​នេះ​មាន​បណ្ដោយ​ពី ១២ ទៅ ១៥ ម៉ែត្រ​សាង​ពី​ថ្ម​ភក់ និង​ថ្ម​បាយ​ក្រៀម​រាង​មាន​កម្រាស់​ធ្ងន់​ប្រាសាទ​ទាំង​នេះ​មាន ៣ ចំណែក​ខាង​កើត​មាន​យ៉ នៅ​កណ្ដាល​មាន​បន្ទប់​វែង ១ ហើយ​ខាង​លិច​មាន​កន្លែង​សន្និ​បាត ១ មាន​កំពូល​ខ្ពស់​ឡើង​សម្រាប់​លោកកេស្វរ ដូច​មាន​ខ្លោង​ទ្វារ​ជា​សំអាង​ស្រាប់ ។ បន្ទប់​វែង​នោះ​មាន​ពិតាន ១ សម្គាល់​ឃើញ​ពី​ខាង​ក្រៅ មាន​ដំបូល​កណ្ដាល ១ និង​ថែវ​សង​ខាង ២ ហើយ​ខាង​ក្នុង​គេ​សម្គាល់​ឃើញ​មាន​ស្នាម​ខ្ពស់​ទាប ហាក់​ដូច​ជា​គេ​បាន​បំបាត់​សសរ ២ ជួរ​ចោល ហើយ​រំលប់​ជ្រុង​ចេញ គួរ​តែ​សម្គាល់​ថា លើក​តែ​ត្រង់​ព្រះ​បាទ ពិធូរ​ចេញ នោះ​បន្ទប់​នេះ​ទទួល​ពន្លឺ​តែ​ពី​ទិស​ខាង​ត្បូង ឯ​ជញ្ជាំង​ខាង​កើត​នោះ​ងងឹត​សូន្យ គ្រាន់​តែ​មាន​ធ្វើ​បែប​ជា​បង្អួច​បញ្ឆោត​ប៉ុណ្ណោះ ។

សព្វ​ថ្ងៃ​នេះ គេ​បាន​រក​ឃើញ​ប្រាសាទ​ធំ​ៗ ១៥ យ៉ាង​នេះ គឺ​ប្រាសាទ​ព្រះខ័ន​ទាំង​ពីរ តាព្រហ្ម, បេងមាលា និង បន្ទាយឆ្មា ឯ​ប្រាសាទ​ឯ​ទៀត​នោះ រៀប​គ្នា​តាម​បណ្ដោយ​តាម​ផ្លូវ​ធំ ២ នៃ​ស្រុក​ខ្មែរ​ចាស់ គឺ​ជា​ផ្លូវ​ដែល​ចេញ​ពី​អង្គរធំ​ទាំង ២ ហើយ ១ ឆ្ពោះ​ទៅ​ខាង​កើត​គឺ​ចំ​ទៅ​ព្រះខ័ន ១ ទៀត​ឆ្ពោះ​ទៅ​ទិស​ពាយព្យ​នោះ​ចំ​ទៅ​ភីម៉ៃ ។

តាម​ធម្មតា​ប្រាសាទ​ទាំង​នេះ​ឆ្ងាយ​ពី​គ្នា ពី ១៥ ២០ គីឡូម៉ែត្រ ហើយ​នៅ​ទៀង​តែ​ពីខាង​ជើង​ផ្លូវ ហើយ​គឺ​ឲ្យ​យល់​បាន​ថា ប្រាសាទ​ទាំង​នេះ​ទទួល​ពន្លឺ​តែ​ពី​ទិស​ខាង​ត្បូង ហេតុ​នេះ​ឲ្យ​យល់​ឃើញ​ថា ប្រាសាទ​ទាំង​នេះ​គេ​សាង​តាម​លំនាំ​ផ្លូវ ទុក​សម្រាប់​អ្នក​ដំណើរ ។ បើ​គេ​ពិចារណា​ឃើញ​ថា​ប្រាសាទ​ទាំង​នេះ​សាង​សម្រាប់​លោកេស្វរ ហើយ​ពោធិសត្វ​នេះ ជួន​កាល​មាន​នាម​ថា លោកេស្វរ​នៃ​មន្ទីរ​ឱសថ គឺ​អរោគ្យសាលី នោះ​គេ​នឹង​យល់​ថា ប្រាសាទ​ដែល​សាង​រៀប​រៀង​ជា​លំដាប់​តាម​ផ្លូវ​នោះ ជា​មន្ទីរ​ព្យាបាល​រោគ គឺ​អរោគ​សាលា សម្រាប់​អ្នក​ដំណើរ​ដែល​ឆ្ពោះ​ទៅ​កាន់​វិហារ​ដ៏​ប្រសើរ ប្រហែល​ជា​ទៅ​កាន់​ប្រាសាទ​នៃ​លោក​ដ៏​មាន​ឥទ្ធិឫទ្ធិ​ដែល​កំចាត់​បង់​នូវ​ទុក្ខ​បាន បើ​ប្រសិន​ជា​ប្រាសាទ​ទាំង​នោះ គេ​សាង​សម្រាប់​ឧបត្ថម្ភ​មនុស្ស​ជម្ងឺ​មែន​នោះ គេ​គ្មាន​សង្ស័យ​អ្វី​ឡើយ ដែល​ឃើញ​ប្រាសាទ​ទាំង​នេះ​នៅ​ក្នុង​កំផែង​ក្រៅ​ឆ្ងាយ​អំពី​ទី​ប្រជុំ ដើម្បី​កុំ​ឲ្យ​សៅហ្មង​ដល់​សេច​ក្ដី​បរិសុទ្ធ ។

ដោយ​ជា​ការ​ពិបាក​នឹង​រិះ​រក​សេច​ក្ដី និង​អធិប្បាយ​ឲ្យ​ចំ​ប្រាកដ ហើយ​ដោយ​ប្រាសាទ​នោះ​មាន​ឈ្មោះ​ផ្សេង​ៗ ដូច​ជា​ប្រាសាទ​ទ័ព​ជ័យ​ដែល​គេ​តែង​តែ​កំណត់​នាម​ដូច្នេះ នោះ​នាម​នោះ ហាក់​ដូច​ជា​មិន​មែន​ជា​ឈ្មោះ​ពិត​ប្រាកដ​របស់​ប្រាសាទ​នេះ​ឡើយ ហេតុ​ដូច្នេះ​យើង​ត្រូវ​តែ​តាំង​នាម​ដោយ​សន្មត កំណត់​ហៅ​ជា អរោគ្យសាលា​វិញ លើក​លែង​តែ​ក្នុង​ស្ថាន​ដែល​អ្នក​ឯ​ណា ១ បាន​រក​ភស្ដុតាង​ឃើញ​ពិត​ប្រាកដ អំពី​ឈ្មោះ​នៃ​ប្រាសាទ​ទាំង​នេះ ដូច្នេះ​ឃើញ​ថា​បន្ទាយ​ឆ្មា​នោះ មាន​អរោគ្យសាលា ១ ឯ​អង្គរធំ​នោះ​គ្មាន​ឡើយ ព្រោះ​ថា​ប្រាសាទ​ដែល​នៅ​ឃ្លាត​ដាច់​ពី​គេ​នេះ​មិន​ជា​សម្រាប់​ត្រូវ​ការ​ដល់​ទី​ក្រុង​ធំ​ទេ ប៉ុន្តែ​គេ​ឃើញ​មាន​អរោគ្យសាលា​នេះ​ក្នុង​ប្រាសាទ​ផ្សេង​ៗ ជិត​ទី​នោះ គឺ​នៅ​ប្រាសាទ​តាព្រហ្ម ប្រាសាទ​ព្រះខ័ន និង​ប្រាសាទ​មួយ​ទៀត នៅ​ដាច់​ពី​គេ​ក្នុង​ព្រៃ​ជា​ខាង​ជើង​ក្រុង គឺ​ប្រាសាទផ្ទូ តាម​ដែល​បាន​ពិនិត្យ​ឃើញ​គេ​នឹង​សម្គាល់​បាន​ថា​ប្រាសាទ​បន្ទាប់​​បន្សំ​នេះ កើត​ក្នុង​ជាន់​ដែល​យើង​ហៅ​ថា ជាន់​រចនា​ប្រាសាទ​បាយ័ន ហើយ​ប្រាសាទ​នេះ​គេ​នឹង​ត្រូវ​ការ​ពិនិត្យ​ជា​ក្រោយ នៅ​វេលា​ដែល​គេ​បាន​ច្បាប់ នូវ​រឿង​រ៉ាវ​អំពី​ប្រាសាទ​ដែល​សាង​ក្រោយ​ៗ ដូច​ជា​ប្រាសាទ​ព្រះខ័ន​ខាង​កើត នឹង​បេងមាលា ។

វេលា​នេះ​យើង​ត្រឡប់​ទៅ​សេច​ក្ដិ​ខាង​ដើម​វិញ គឺ​អំពី​សាង​អង្គរ​ធំ ខ្ញុំ​ស្មាន​ថា​បាន​ពោល​ខាង​ដើម​ហើយ ថា​អង្គរ​ធំ​នោះ កាល​ដើម​ជា​ទី​ក្រុង​សម្រាប់​ពុទ្ធ​សាសនា នៅ​ក្នុង​សេច​ក្ដី​ទំនុក​បម្រុង នៃ​លោកេស្វរ​ដូច​ជា​បន្ទាយ​ឆ្មារ​ដែរ ប៉ុន្តែ​ប្រហែល​ជា​ស្ដេច ១ អង្គ​កាន់​ពុទ្ធ​សាសនា​បាន​សាង​ឯ​ស្ដេច​នោះ​ប្រហែល​ជា​មីន​មែន​យសោវ័រ្មន ដែល​កាន់​សាសនា​ព្រះឥសូរ​នោះ​ឡើយ សេច​ក្ដី​សន្និដ្ឋាន​នេះ​ខ្ញុំ​មិន​ភ្លេច​ទេ ច្បាប់​ជា​ទាស់​ខុស​ជា​ខ្លាំង​អំពី​ចារឹក​នៅ​ស្ដុក​កក់​ធំ តែ​យើង​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ប្រាកដ។

ចារឹក​នេះ​ធ្វើ​ត​ក្នុង​សករាជ ៩៧៤ គឺ​ក្នុង​គ្រិស្ដសករាជ ១០៥២ កំណត់ ១០៥ ឆ្នាំ មុន​ឆ្នាំ​ដែល​យសោវ័រ្មន​ទិវង្គត ចារឹក​នេះ​មិន​មែន​ធ្វើ​សម្រាប់​ចុះ​សេច​ក្ដី​អ្វី​ៗ ក្នុង​ជាន់​នោះ​ទាំង​អស់​ឡើយ ឯ​សេច​ក្ដី​ក្នុង​នោះ​គឺ​ស្រង់​យក​តាម​គោល​ដើម​មក ឯ​គោល​នោះ​គឺ​ជា​បែប​ពង្សាវតារ ដែល​គេ​កត់​ត្រា​រៀង​ៗ មក​ចំនួន ២៥០ ឆ្នាំ ប៉ុន្តែ​ត្រូវ​បញ្ចូល​ក្នុង​នេះ​គំនិត​និង​ប្រយោជន៍​របស់​បុរោហិត​ដែល​បាន​តែង​សេច​ក្ដី​នោះ ក្នុង​សំអាង​យើង​នោះ​ថា នៅ​បន្ទាយ​បាយ័ន គេ​យក​ព្រះឥសូរ​ជំនួស​ព្រះ​ពុទ្ធ មិន​ត្រូវ​ឆ្ងល់​ឡើយ​ពី​ក្រុម​ហោតា គឺ​ក្រុម​សង្ឃការី​ឌែល​យល់​ឃើញ​ថា​ជា​ការ​អាប់​ឱន​ណាស់ ដែល​យក​ព្រះ​ខ្លួន​ទៅ​តម្កល់​ក្នុង​ទី​ដែល​គេ​សាង​សម្រាប់​ព្រះ​ឯ​ទៀត​ក្នុង​ស្រុក​ខ្មែរ​ពី​ដើម សេច​ក្ដី​នេះ​ឃើញ​ជា​ការ​ប្លែក​ពី​ការ​អ្វី​ៗ ទាំង​អស់​ព្រោះ​គេ​មិន​ដែល​កសាង​បដិមាករ​ឯ​ណា​មួយ​ទៅ​តម្កល់​ក្នុបង​ប្រាសាទ​ដែល​គេ​បោះ​បង់​ឡើយ តែ​ត្រង់​នេះ​ស្ថាន​ដែល​បង្កើត​ឲ្យ​មាន​ឡើង ដោយ​ហេតុ​តែ​មាន​ប្រាសាទ​ស្ដេច​នៅ​កណ្ដាល​នគរ តែ​ថា​ដែល​បង្កើត​មាន​យ៉ាង​ដូច្នេះ​ក៏​មិន​គួរ​ដែរ រួច​គេ​ឃើញ​ថា​អយ្យកោ​របស់​សទាសិវ​ចូល​ចិត្ត​បំបិទ​បំបាំង​សេច​ក្ដី​ដែល​មិន​ល្អ​នេះ​ឲ្យ​ស្ងាត់​ស្ងៀម​ទៅ យើង​បន្ថែម​ថា​ឯ​ប្រាសាទ​នោះ គេ​បាន​សង​ទៅ​សាសនា​ដើម​វិញ ក្នុង​រាជ​ស្ដេច​កាន់​ពុទ្ធ​សាសនា​ដែល​គ្រង​រាជ្យ​ជាន់​ក្រោយ ឯ​សេច​ក្ដី​អួត​អាង​របស់​ស្ដេច​យសោវ័រ្មន សេច​ក្ដី​មានៈ​និង​គំនិត​របស់​បុរោហិត​នៃ​ស្ដេច​នេះ ព្រម​ព្រៀង​ជា​មួយ​គ្នា ហើយ​តាំង​ខ្លួន​ថា​ជា​អ្នក​ដែល​បាន​កសាង​អង្គរធំ​និង​ប្រាសាទ​បាយ័ន ប៉ុន្តែ​មាន​ការ ១ នាំ​ឲ្យ​ទើស​ទែង​ទៅ​លើ​សេច​ក្ដី​នេះ​ទៀត គឺ​អំពី​រឿង​រ៉ាវ​ព្រះពុទ្ធ​ដែល​ជា​លំអ​ទីក្រុង​នោះ នៅ​លើ​កំពូល​ដំបូល​នោះ​បាន​រៀប​រៀង​នូវ​ពុទ្ធរូប​ទ្រង់​ភ្នែន​ជា​ជួរ​ក្នុង​ក្បាំង​ដែល​លក​ខូង តែ​រូប​ទាំង​នោះ​គេ​រំលើង​ចោល​អស់ នៅ​ជញ្ជាំង​និង​នៅ​សសរ​បាយ័ន​នោះ​ដេរ​ដាស ទៅ​ដោយ​រូប​ព្រះពុទ្ធ​ជា​ច្រើន ហើយ​រូប​ទាំង​នោះ​គេ​គាស់​ចោល​ចេញ ឬ ក្លាយ​រាង​ឲ្យ​ទៅ​ជា​បែប​តា​បស​មាន​ពុក​មាត់ ពុក​ចង្កា​ទៅ​វិញ ឬ ឆ្លាក់​ធ្វើ​ទៅ​ជា​លិង្គ ឬ​ឆ្លាក់​ជា​បាច់​ផ្កា​តែ​មិន​ឃើញ​មាន​ជាប់​បំពា​បំពាន​ដល់​ទិអន្តរាយ​នោះ​ទេ ដែល​គេ​ធ្វើ​នោះ គឺ​ធ្វើ​ដោយ​ពិនិត្យ​ពិច័យ​ដោយ​សេច​ក្ដី​ព្យាយាម​អត់​ធ្មត់​ត្រឹម​ត្រូវ​តាម​ទំនៀម​ទម្លាប់​អ្នក​ស្រុក ការ​នោះ​ប្រហែល​ជា​ធ្វើ​បាន​បង្គាប់​សេនាបតី​ម្នាក់​ដែល​បាន​ចាក់​ក្រសួង​គមនាការ ដោយ​យក​ប្រាក់​ឃ្លាំង​ទៅ​ចំណាយ គ្រា​នោះ​គួរ​ឲ្យ​ឃើញ​ប្លែក​ដែល​គេ​មិន​បាន​បំបាត់​រូប​លោកេស្វរ​ចេញ ព្រោះ​ពោធិសត្វ​នេះ​មាន​ដៃ​ជើង​និង​ក្បាល​ច្រើន ដូច​ជា​ព្រះនារាយណ៍​ឬ​ព្រះឥសូរ​ដែរ​ហើយ​គេ​ទុក​រូប​ទាំង​នេះ​ជំនួស​ព្រះឥសូរ និង​ព្រះនរាយណ៍​នេះ​បាន​ដោយ​ងាយ ឯ​ប្រាសាទ​ខ្លះ​នៅ​អង្គរ​ដែល​មាន​ពុទ្ធ​រូប​ជា​ច្រើន​ដែល​លុប​ចេញ​មិន​អស់​នោះ ធ្វើ​ឲ្យ​យើង​ឃើញ​ជា​រឿង​ព្រះពុទ្ធ​សាក្យមុនី មាន​រឿង​ចេញ​ពី​នគរ​ទៅ​ទ្រង់​ផ្នួស ឬ​ត្រង់​ដែល​កាត់​ព្រះ​កេសា រូប​ទាំង​នេះ វេលា​ដែល​ឃើញ​គេ​អាច​និង​វិនិច្ឆ័យ​វាយ​សេច​ក្ដី​អំពី​ពួក​ព្រាហ្មណ៍​បាន​ដោយ​ងាយ ។

បើ​ដូច្នេះ​ឃើញ​ថា យសោវ័រ្មន​នេះ​មិន​មែន​ជា​អ្នក​សាង​អង្គរធំ និង​បាយ័ន​ឡើយ ថ្វី​បើ​ឃើញ​មាន​សេច​ក្ដី​អំនួត និង​ចារឹក​របស់​ស្ដេច​នេះ និយាយ​បញ្ជាក់ ក្រៅ​ពី​សំអាង​ខាង​ផ្លូវ​សាសនា​នោះ យើង​មាន​សំអាង​យ៉ាង​ត្រឹម​ត្រូវ​ដោយ​ពិត​នោះ ១ ទៀត គឺ​ថា យើង​មាន​ប្រាសាទ ១ ដែល​សាង​ក្នុង​រាជ្យ​ស្ដេច​យសោវ័រ្មន គឺ​ប្រាសាទ​ភ្នំ​បាខែង​ដេល​ហៅ​ថា យសោធរេស្វរ បើ​មាន​នរណា ១ យក​ប្រាសាទ​នេះ​ទៅ​ផ្គូរ​គ្នា​នឹង​ប្រាសាទ​បាយ័ន​នោះ អ្នក​នោះ​និង​បាន​សេច​ក្ដី​ច្បាស់​ភ្លាម​ថា មិន​មែន​ជា​ថ្វី​ដៃ​ម្ចាស់​ផែន​ដី​ជា​មួយ​គ្នា​ឡើយ ។

សព្ទ​នេះ​មិន​មែន​ធ្វើ​ត្រាប់​ឲ្យ​ដូច​ទេ គ្រាន់​តែ​ជា​ការ​ជួយ​ណែ​អ្នក​ប្រែ​ចារឹក​នោះ ចេញ​ពិ​ថ្ម ៖

សព្ទ

មនវ្រះបាទ បរមេស្វរ មក​អំវីជ្វា បិក្រុង​និនៅ​នគរ​ឥន្រ្ទបបុរ​ស្ដែង​អញ សិវកៃវល្យ ត គឺ​ប្រាជ្ញ​គរុ​ជាប​រោហិត តវ្រះបាទ​បរមេស្វរ មនវ្រះ​បាទ​ថ្លែង​មក​អំវីឥន្រ្ទបុរ មន​ព្រះ​បាទ​បរមេស្វរ​ក្រុង​នីអា្យ នគរ​ហិរិហរាលយ មនវ្រះ​បាទ​បរមេស្វរ ទៅ​ក្រុង​នីអា្យមហេន្ទ្របរ្វត មាន​វ្រាហ្មណជ្មះ ហិរណ្យទាម​ប្រាជ្ញ​សិទ្ធិវិទ្យា មក​អំវីជនបទ បិវ្រះ​បាទ​បរមេស្វរ អញ្ជេញ​ធ្វើ​វិធី​លេហ លេង​កំបីកម្វុជ​ទេស នេះ​អាយត្ត តជ្វា​ល្យើ លេង​អាចតិ កម្រតេង​ផ្ទៃ​ក្រោម ម្វា្យគុះតជា ចក្រវត្តិ វ្រាហ្មណ​នោះ​ធ្វើ​វិធី​ដោយ​វ្រះវិនាសិខ​ប្រតិស្ឋាគម្រតេង ជគតតរាជ វ្រាហ្មណ​នោះ​ប្រៀន​ព្រះវិនាសិខ នយោត្តរ សម្មោហ សិរស្ឆេទ ស្យងមនស្វតមុខ ចុញបិសរសិរ បិប្រៀនស្ដេងអញ សិវកែវល្យនុគិ ប្រើស្ដេងអញ សិវកៃវល្យ គិត​ធ្វើ​វិធី​នាកម្រតេង​ជគតតរាជ មនវ្រះ​បាទ​បរមេស្វរ ស្ដ័ចវិង​មក​គ្រង និអាយ​នគរ​ហរិហរាលយ វ្រះកម្រ​តេងអញ​ត​រាជតិ​នាម​មក​ឧកវ្រះ​បាទ​បរមេស្វរ សូគ្គិត​នៅ​នគរ ហរិហរាលយ ។

បើ​ថា យសោវរ្ម័ន មិន​មែន​ជា​អ្នក​កសាង​អង្គរធំ និង​បាយ័ន​ទេ នោះ​យើង​ត្រូវ​រក​រូប​អ្នក​ដែល​កសាង​នេះ​ឲ្យ​ឃើញ ដោយ​រាប់​រឿង​តាម​ជួរ​ក្រសែ​ស្ដេច​ដែល​គ្រង​រាជ្យ​មុន​ៗ ។

ឥន្ទ្រវរ្ម័ន​ជា​បិតា​ស្ដេច​នេះ យើង​មិន​ត្រូវ​យក​មក​និយាយ​ឡើយ ដោយ​ក្សត្រិយ៍​នេះ​កាន់​សាសនា​ព្រះឥសូរ​យ៉ាង​មាំ​មួន​ណាស់ ហើយ​ប្រាសាទ​ទាំង​ប៉ុន្មាន​ដែល​បាន​សាង​នោះ សម្រាប់​តែ​ផ្ទះ​ឥសូរ​ទាំង​អស់ ម្យ៉ាង​វិញ​ទៀត​ឥន្រ្ទវរ្ម័ន​នេះ ជា​វង្សក្សត្រិយ៍​ថ្មី​មិន​ជាប់​ទៅ​ក្នុង​វង្ស​មុន​ឡើយ ។

វង្ស​ក្រោយ​នេះ​មាន​តែ​ស្ដេច​ពីរ​ព្រះអង្គ នាម​ជ័យវរ្ម័ន​ទី ២ បរមេស្វរ (សករាជ ៧២៤ ទៅ ៧៩១) ត្រូវ​និង​គ្រិស្ត​សករាជ ៨០២ ដល់ ៨៦៩ និង​ជ័យវរ្ម័ន​ទី ៣ វិស្ណុលោក​ពី​សករាជ ៧៩១ ទៅ​ដល់ ៧៩៩ ត្រូវ​និង​គ្រិសករាជ ៨៦៩ ដល់ ៨៧៧ ស្ដេច​នេះ​កាន់​សាសនា​ព្រះនរាយណ៍ (វិស្ណុ) ដូច​មាន​ព្រះនាម​ជា​សម្គាល់​ស្រាប់ ។

ជ័យវរ្ម័ន​ទី ៣ គ្រង​រាជ្យ​បាន​តិច​ណាស់ នឹង​សម្គាល់​ថា​ជា​អ្នក​សាង​អង្គរ​មិន​បាន ។

រឿង​រ៉ាវ​ប្រែ​ផ្សេង​ទៅ​វិញ​កាល​ណា យើង​រាប់​ឡើង​ដល់​ជយវរ្ម័ន​ទី ២ បរមស្វរ គឺ​ថា​ត្រង់​នេះ​យើង​បាន​ដឹង​ថា មាន​ស្ដេច ១ អង្គ​ដែល​មាន​ឫទ្ធិ ហើយ​ជា​អ្នក​សាង​ទី​ក្រុង​ជា​ច្រើន​ផង ។

ចារឹក​នៅ​ស្ដុក​កក់​ធំ​ដែល​ពណ៌នា​ពី​ស្ដេច​នេះ ដូច​មាន​ខាង​ក្រោយ​ព្រះបាទ​បរមស្វរ​យាង​មក​ពី​ក្រុង​ជ្វា ដើម្បី​គ្រង​រាជ្យ​ក្នុង​ឥន្ទ្របុរ ក្នុង​វេលា​នោះ​មាន​គ្រូ សិវកៃវល្យ​ជា​រាជ​រោហិត ត​ពី​នោះ​មក ព្រះបាទ​បរមស្វរ​យាង​ទៅ​ឯ​ឥន្ទ្របុរ ហើយ​ព្រះអង្គ​គង់​នៅ​ក្នុង​ហរិហរាលយ ទើប​ព្រះអង្គ​យាង​ទៅ​តាំង​ក្រុង​អម្រេន្ទ្របុរ ហើយ​ទៅ​គង់​នៅ​មហេន្ទ្របរ្វត ក្នុង​វេលា​នោះ​មាន​ព្រាហ្មណ៍ ១ ឈ្មោះ​ហិរណយទាម ជា​អ្នក​ប្រាជ្ញ​ក្នុង​សីល​វិទ្យា​មក​ពីស្រុក​ជន​បទ ព្រោះ​ព្រះអង្គ​ឲ្យ​អញ្ជើញ​មក​ធ្វើ​ពិធី​ដើម្បី​កុំ​ឲ្យ​ក្រុង​កម្ពុជា ជា​ចំណុះ​ស្រុក​ជ្វា ហើយ​ឲ្យ​មាន​ក្នុង​នគរ​នេះ​ស្ដេច​ចក្រវត្តិ ១ ព្រះអង្គ ព្រាហ្មណ៍​នេះ​បាន​រៀប​ពិធី​តាម​ដោយ​ព្រះវិនាសិខ ហើយ​ប្រតិស្ឋាន​ស្ដេច​ទេវរាជ (គម្រតេងជគតត រាជ) ព្រាហ្មណ៍​នេះ​បាន​បង្រៀន ព្រះវិនាសិខ នយោត្តរ សម្មោហ សិរស្ឆេទ ព្រាហ្មណ៍​បាន​សូត្រ​តាំង​ពី​ដើម​លុះ​ចប់ ដើម្បី​សរសេរ ហើយ​បង្រៀន​ដល់​ស្ដែង​អញ សិវកែល្យ​បាន​បង្គាប់​ដល់​សិវកែវល្យ ឲ្យ​ធ្វើ​ពិធី​នៃ​ទេវរាជ វេលា​នោះ​ព្រះបាទ​បរមេស្វរ​ត្រឡប់​ទៅ​គង់​ក្រុង​ហរិហរាលយ​វិញ ហើយ​បាន​នាំ​ទេវរាជ​ទៅ​ទុក​ក្នុង​ទី​នោះ​ផង ព្រះបាទ​បរមេស្វរ​ទិវង្គត​ក្នុង​ហរិហរាលយ ។

ឯ​ពង្សាវតារ​របស់​ស្ដេច​នេះ គេ​សរសេរ​គ្មាន​ផ្ចិត​ផ្ចង់​ឡើយ ប៉ុន្តែ​អាច​នឹង​ដក​យក​សេច​ក្ដី​ដែល​មាន​ប្រយោជន៍​បាន​គឺ​ជ័យវ័រ្មន​និយាយ​ក្នុង​ចារឹក​ថា​ព្រះអង្គ​យាង​មក​ពី​ស្រុក​ជ្វា ឈ្មោះ​ស្រុក​នេះ​មិន​ច្បាស់​សោះ (សព្វ​ថ្ងៃ​ខ្មែរ​ទាំង​ឡាយ​ហៅ​ឈ្មោះ​នេះ ដល់​ប្រជុំ​ស្រុក​មាលយូ) ជ័យវ័រ្មន​បាន​និយាយ​ពី​មហានគរ ស្រីវិជ័យ​កាល​ក្នុង​ឆ្នាំ ៨០០ ទៅ ៩០០ អំពី​ដែល​នគរ​នេះ​ផ្សាយ​ព្រះរាជ​អាណា​ខែត្រ​ទៅ​លើ​តំបន់​ខាង​ត្បូង បើ​មិន​មែន​ផ្សាយ​ទូទៅ​លើ​តំបន់​កោះ​ជ្វា​ទាំង​មូល ហើយ​ថា​ក្នុង​ឆ្នាំ​នោះ​ស្ដេច​ស្រុក​មាលាយូ​មក​វាយ​ស្រុក​ខ្មែរ​មាន​ជ័យ​ទៀត ដូច​មាន​រឿង​រ៉ាវ​របស់ អាប៊ុសាអីដហាសាន់ នៅ​សិរាហ្វ៍ និយាយ​ថា​ស្ដេច​ខ្មែរ​ម្នាក់​មក​ពី​តំបន់​បាន​ដន ហើយ​ប្រហែល​ជា​ម្ចាស់​ផែនដី​ស្រុក​នោះ​ជួយ​ផង ដើម្បី​មក​ដណ្ដើម​យក​រាជ្យ​នគរ​ខ្មែរ ប៉ុន្តែ​គ្មាន​សេច​ក្ដី​អ្វី​ជា​ពិត​សោះ ឯ​នគរ​នេះ​កាន់​ពុទ្ធ​សាសនា​ទាំង​អស់ ហើយ​ជឿ​គោរព​លោកេស្វរ បើ​ដូច្នោះ​ហើយ យើង​មាន​សំអាង​ជា​ច្រើន​ដែល​និង​ពន្យល់​រឿង​រ៉ាវ​អង្គរធំ​បាន យើង​ត្រូវ​ពិនិត្យ​តាម​រឿង​រ៉ាវ​ស្ដេច​ដែល​មក​វាយ​យក​ស្រុក​ខ្មែរ ។

ស្ដេច​នេះ​បាន​មក​លុក​លុយ​ស្រុក​ខ្មែរ ហើយ​វាយ​ដណ្ដើម​យក​បាន​ក្រុង​ឥន្រ្ទបុរ រួច​ពី​នោះ​ស្ដេច​ឡើង​ពី​ឥន្រ្ទបុរ​ទៅ​ឯ​ហរិហរាលយ ត​ពី​នោះ​ទៀត ទ្រង់​ស្ដេច​ទៅ​តាំង​ក្រុង អម្រេន្ទ្របុរ គឺ​បន្ទាយ​ឆ្មារ សាង​លើ​មហេន្ទ្របរ្វត គឺ​ភ្នំគូលែន ហើយ​ត្រឡប់​មក​ឯ ហរិហរាលយ វិញ​ក៏​ទិវង្គត​ទៅ យើង​និបង​បន្ថែម​ថា នៅ​វេលា​ដែល​សាង​អង្គរធំ​ហើយ​នោះ យើង​មិន​ដឹង​ជា​គេ​ឲ្យ​ឈ្មោះ​អ្វី​សោះ សទាសិវ​មិន​បាន​ដាក់​ឈ្មោះ​ឲ្យ​យើង​ដឹង ព្រោះ​សទាសិវ​នេះ​ចង់​ឲ្យ​គេ​ថា​ការ​កសាង​នេះ ជា​សំណា​ស្នា​ដៃ​របស់​យសោវ័រ្មន​វិញ ដូច្នេះ​ឃើញ​ច្បាស់​ប្រាកដ​ថា ប្រាសាទ​ទាំង​ប៉ុន្មាន​ដែល​ជ័យ​វ័រ្មន ២ បាន​សាង​នោះ សុទ្ធ​តែ​ជា​ប្រាសាទ​សម្រាប់​ពុទ្ធ​សាសនា​ទាំង​អស់​ទី​ហើយ​ឧទ្ទិស​ថ្វាយ​ដល់​លោកេស្វរ ។ ចារឹក​នៅ​ស្ដុក​កក់​ធំ​និយាយ​ថា​ស្ដេច​នេះ​បាន​ឲ្យ​ព្រាហ្មណ៍​ម្នាក់​មក​ពី​ស្រុក​មិន​បាន​កំណត់​ឈ្មោះ ហៅ​ថា​ជនបទ​មក​បង្រៀន​បុរោហិត​ស្ដេច​នេះ អំពី​វិជ្ជា​ទាំង​ឡាយ​ផ្សេង​ៗ ហើយ​បង្កើត​នូវ​ការ​គោរព​ដល់​ទេវរាជ ដើម្បី​កុំ​ឲ្យ​ស្រុក​ខ្មែរ​ចុះ​ចូល​ស្រុក​ជ្វា​ទៀត ហើយ​ឲ្យ​ស្រុក​ខ្មែរ​នេះ មាន​ស្ដេច​ចក្រពត្រាធិរាជ ១

រឿង​នេះ​ឃើញ​ជា​ប្លែក​តែ​ឯង ប៉ុន្តែ​បើ​ទុក​ជា​ប្លែក​ដូច្នេះ ក៏​គង់​តែ​ចូល​ជា​ពង្សវតារ​ដែរ គេ​នឹង​មិន​យក​ក្បួន​ដែល​មាន​រាយ​ឈ្មោះ​នេះ​ជា​ប្រយោជន៍​ក៏​បាន ក្បួន​នេះ​ចារឹក​ជា​អក្សរ​តន្ត្រ ដែល​គេ​មិន​ស្គាល់​សោះ​នៅ​ក្នុង​ស្រុក​ឥណ្ឌា ហើយ​ដែល​មាន​ចំណង​ជើង​ប្លែក​ៗ គឺ​វិនាសិខនយោត្តរ សម្មោហ សិរស្ឆេទ នោះ​ឃើញ​ថា​ក្បួន​ទាំង​នេះ មាន​លាយ​ធម៌​អាថ៌​ខ្លះ​មន្ត​អាគម​ខ្លះ ហើយ​កើត​មាន​ជា​ច្រើន​ក្នុង​សាសនា​ដែល​រោយ​រៀវ​ទៅ ការ​ដែល​ជា​ធំ​នោះ គឺ​ដែល​បាន​ប្រតិបត្តិ​គោរព​នូវ​លឹង្គ ដើម្បី​ឲ្យ​បាន​នគរ​ខ្មែរ​ជា​ឯករាជ្យ ឯ​នាម​ចក្រពត្រា​នោះ ជា​តម្លៃ​ណាស់ គឺ​ជា​ងារ​ម្ចាស់​ផែនដី​ដែល​មាន​ក្រ​ស័ត្រ​ជា​ច្រើន​នៅ​ក្នុង​អំណាច ហើយ​ម្ចាស់​ផែនដី​នោះ គ្មាន​លុះ​អំណាច​ផែនដី​ណា​មួយ​សោះ ។

វេលា​ដែល​យសាវរ្ម័ន​ទី ២ ឡើង​គ្រង​រាជ្យ​នោះ ព្រះអង្គ​នៅ​ក្នុង​អំណាច​ផែនដី​ជ្វា (អាយត្ត) គឺ​ថា​ជា​ក្រស័ត្រ​ចំណុះ​មហារាជ​នៅ​ស្រិវិជ័យ​ដោយ​ជា​ចំណុះ​តាំង​ពី​ដើម​មក ហើយ​មក​គង់​នៅ​ក្នុង​ស្រុក​ខ្មែរ​ជា​ក្រោយ​ឬ​ដោយ​ព្រោះ​តែ​ស្រុក​ខ្មែរ​ច្បាំង​ចាញ់​មហារាជ​ដែល​ពោល​ហើយ​នេះ ដូច​ជា​អាប៊ុសាអ៊ីដ បាន​និទាន​ទុក ស្ដេច​នោះ​មាន​ប្រាថ្នា​នឹង​ផ្ដាច់​ចំណង​ដែល​ចង​ឱវាទ​គេ​ចេញ ប៉ុន្តែ​ចុះ​ហេតុ​ដូច​ម្ដេច បាន​ជា​ការ​ដែល​គ្រាន់​តែ​គោរព​ព្រះ ១ ថ្មី នោះ អាច​និង​នាំ​ឲ្យ​ស្ដេច​នេះ សម្រេច​តាម​គំនិត​បាន ? យើង​ស្មាន​ថា សេច​ក្ដី​នេះ​នឹង​ពន្យល់​បាន ព្រះ​នេះ​ដែល​ជា​លឹង្គ ១ ឈ្មោះ​ថា​គម្រតេង​ជគតតរាជ នោះ​មិន​មែន​ប្រាកដ​ជា​ឈ្មោះ​ដែល​មាន​និយាយ​ក្នុង​ចារឹក​នៅ​ស្ដុក​កក់​ធំ​នោះ​ទេ ឯ​ចារឹក​ធ្វើ​ឲ្យ​យើង​ដឹង​ថា​ព្រះ​នោះ ទំនុក​បម្រុង​នូវ​អំណាច​ម្ចាស់​ផែនដី​ត​ៗ គ្នា (គិត​ចាំ​រាជ្យ​គម្រតេង​ផ្ទៃ​ក្រោម​ប្រទាន​មក)

គេ​និង​យក​លឹង្គ​នេះ​ធៀប​នឹង​លឹង្គ​ភទ្រេស្វរ​នៅ​ស្រុក​មីសីន ដែល​ព្រះឥសូរ​ឲ្យ​មក​ស្ដេច ដែល​គ្រង​រាជ្យ​ជា​ដំបូង​នៅ​ស្រុក​ចម្ប៉ា​បាន ដែល​គេ​ទុក​ជា ខ្លឹម​នៃ​រាជានុភាព​របស់​រាជវង្ស​ត​ៗ គ្នា (សន្តតិរាជ្យ​សោរភទ្រេស្វរេ) ឯ​ស្ដេច​ដែល​គោរព​ដល់​លឹង្គ​ដូច្នេះ នោះ​បាន​ទទួល​នាម​ផ្ទាល់​ពី​ស្ថាន​សួគ៌​មក មិន​មែន​ទទួល​ពី​ស្ដេច​ឯ​ណា ១ ឡើយ គឺ​បាន​ជា​ស្ដេច​ចក្រវត្តិ​ដោយ​អំណាច​ទិព្វ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ជ័យ​វរ្ម័ន​ទី ២ ដែល​ចង់​តាំង​ខ្លួន​ជា​ឯករាជ្យ បាន​សាង​រូប​ទេវរាជ​នេះ ក្នុង​នគរ​ព្រះអង្គ ។

តើ​ក្នុង​ស្ថាន​នេះ យើង​ត្រូវ​ជឿ​ថា ស្ដេច​នេះ​បោះ​បង់​ពុទ្ធ​សាសនា​ចោល​ទៅ​កាន់​សាសនា​ព្រះឥសូរ​វិញ​ឬ​អ្វី ត្រង់​នេះ​ដូច​ជា​គ្មាន​ប្រយោជន៍​ប៉ុន្មាន​ទេ ព្រោះ​គេ​អាច​និង​ទុក​សាសនា​ចាស់ សម្រាប់​គោរព​បាន​ផង​ហើយ​ទៅ​បូជា​ព្រះថ្មី​បាន​ឥត​ទាស់​អ្វី​ផង ។

ស្ដេច​ស្រុក​ខ្មែរ​ទាំង​ឡាយ តាម​ធម្មតា ច្រើន​តែ​មាន​អធ្យាស្រ័យ​ហើយ​មិន​គិត​ថា ខុស​អំពី​សេច​ក្ដី​ដែល​គោរព​ប្រតិបត្តិ ដល់​ព្រះឥសូរ​ជា​មួយ​និង​ព្រះពុទ្ធ ។

ម្យ៉ាង​វិញ​ទៀត ពួក​អាចារ្យ ដែល​នៅ​ក្នុង​បង្គាប់​ស្ដេច ក៏​មាន​បញ្ញា​ចេះ​ប្រមូល​សេច​ក្ដី​ជឿ​មិន​ឲ្យ​ទាស់​ទែង​គ្នា​បាន ឯ​ព្រះរាជ​បុត្រ​ជ័វ័រ្មន​ទី ២ នោះ​ក៏​គោរព​ដល់​ទេវរាជ​ដែល​ជា​សាសនា​ព្រះ​ឥសូរ​ដែរ ពិត​មែន​តែ​ទ្រង់​កាន់​សាសនា​ព្រះ​នារាយណ៍ ។

សេច​ក្ដី​សន្និដ្ឋាន​ទាំង​ប៉ុន្មាន​ដែល​ពោល​មក​នេះ នាំ​យើង​មក​ដាក់​នៅ​មុខ​សេច​ក្ដី​ដែល​គេ​ស្មាន​ថា​លំអិត​បាន​ហើយ​ៗ ត្រូវ​តែ​យក​មក​សើរើ​វិញ ក្នុង​វេលា​នេះ ។ ក្នុង​ប្រាសាទ​ខ្លះ​ដែល​ស្ដេច​ជ័យ​វរ័្មន​បាន​សាង​នោះ គេ​ឃើញ​មាន​កំពូល​មុខ ៤ ជា​ច្រើន យើង​បាន​ពន្យល់​មុន​នេះ​បន្តិច​អំពី​កំពូល​ទាំង​នេះ ថា​គេ​បាន​ធ្វើ​ប្រែ​កែ​ទៅ​ជា​លឹង្គ​មុខ ៤ វិញ ហើយ​សេច​ក្ដី​ពន្យល់​នេះ​ក៏​បាន​យល់​ព្រម​ព្រៀង​គ្នា​មក ។

សេច​ក្ដី​ពន្យល់​នេះ បាន​យល់​ព្រម​ថា ទាំង​បន្ទាយឆ្មារ ទាំង​បន្ទាយបាយ័ន និង​ប្រាសាទ​ឯ​ទៀត​ផ្សេង​ៗ ដែល​មាន​សណ្ឋាន​ប្រហែល​គ្នា​នោះ​ជា​ថ្វី​ដៃ​របស់​យសោវរ័្មន ដែល​ជា​ស្ដេច​កាន់​សាសនា​ព្រះ​ឥសូរ ហើយ​គោរព​ប្រតិបត្តិ​ដល់​លឹង្គ​នោះ ប៉ុន្តែ​សេច​ក្ដី​ពន្យល់​នេះ​ឃើញ​មិន​ពិត​ជា​ច្រើន​ប្រសិន​បើ​ប្រាសាទ​ទាំង​នេះ​ជា​ការ​ថ្វី​ដៃ​របស់​ស្ដេច ១ អង្គ ដែល​កាន់​ពុទ្ធ​សាសនា​វិញ ។

តើ​ខុស​ឆ្គង​យ៉ាង​ណា​ទៅ ប្រសិន​បើ​ជា​ថា​រូប​មុខ ៤ នេះ​ជា​រូប​របស់​លោកេស្វរ​វិញ ដោយ​ហេតុ​ថា​រូប​ដែល​មាន​មុខ​ច្រើន​យ៉ាង​នេះ​មិន​សូវ​ក្រ​ប៉ុន្មាន​ទេ ពិត​មែន​តែ​គំរូ​មុខ​នេះ​មិន​ជា​ឃើញ​ញឹក​ញយ តែ​ថា​ក្នុង​ស្ថាន​នេះ យើង​គួរ​បញ្ចូល​ទៅ​ជា​ទំនង​ការ​អលង្ការ​វិញ ម្យ៉ាង​វិញ​ទៀត​គួរ​យល់​ថា​មុខ ៤ នេះ​ជា​មុខ​ដែល​បែរ​ក្រឡេក​ទៅ​គ្រប់​ទិស​ទាំង​អស់​ភ្លាម​ៗ ដើម្បី​ឲ្យ​ពរ​សព្ទ​សាធុការ ជា​ជាង​ដែល​យល់​ថា​ជា​ក្បាល​ដែល​មាន​មុខ ៤ នោះ​វិញ​បាន​ជា​ថា​ដូច្នេះ ព្រោះ​ជា​មុខ​ដែល​មាន​នៅ​ប្រាសាទ​បន្ទាយ​ឆ្មារ នោះ​ឃើញ​មាន​មុខ​ផ្សេង​ៗ មក​ជ្រៀត​នៅ​ជា​កណ្ដាល​នៃ​មុខ ៤ នោះ​ទៀត ហើយ​ដូច​ជា​មុខ​ដែល​មាន​នៅ​ប្រាសាទ​ស្ទឹង ជិត​ប្រាសាទ​ព្រះខ័ន ខាង​កើត​នោះ​ក៏​ឃើញ​មាន​ទំនង​អលង្ការ​អ្វី​មក​ជ្រៀត​នៅ​ចន្លោះ​មុខ ៤ នោះ​ដែរ ក្នុង​ស្ថាន​ទាំង​នេះ​ហាក់​ដូច​ជា​គេ​ចង់​ឲ្យ​ឃើញ​តែ​មុខ ១ ដាច់​ពី​គេ​កុំ​ឲ្យ​ជាប់​និង​ក្បាច់​អលង្ការ​ឯ​ទៀត ឯ​សេច​ក្ដី​យល់​ឃើញ​របស់​ខ្ញុំ​ថា អង្គរធំ​នឹង​ប្រាសាទ​កណ្ដាល​គឺ​ប្រាសាទ​បាយ័ន​នោះ ស្ដេច​ជ័យ​វរ្ម័ន​ទី ២ មរមេស្វរ​បាន​សាង​ក្នុង​ឆ្នាំ ៨៥០ គឺ ៥០ ឆ្នាំ​មុន​ឆ្នាំ​ដែល​គេ​ធ្លាប់​ជឿ​មក ប្រាសាទ​បាយ័ន​កាល​ដើម​ថ្វាយ​ដល់​ពុទ្ធ​សាសនា ហើយ​ត​មក​ស្ដេច​ដដែល​នេះ បាន​ដាក់​ទៅ​ជា​សម្រាប់​លឹង្គ​វិញ ត​ពី​សេច​ក្ដី​ផ្លាស់​ប្ដូរ​សាសនា​នេះ​មក ពុទ្ធ​រូប ឬ​រឿង​រ៉ាវ​ក្នុង​ពុទ្ធ​សាសនា​ទាំង​ឡាយ​នៅ​អង្គរធំ គេ​បាន​វាយ​ចោល​ក៏​មិន​ដឹង ហើយ​ប្រាសាទ​បន្ទាប់​បន្សំ​ឯ​ទៀត ដែល​ជា​ប្រាសាទ​សម្រាប់​សាសនា​ព្រះ​ឥសូរ​នោះ បាន​សាង​បន្ថែម​ជា​ក្រោយ​នៅ​ក្នុង​ទី​បាយ័ន ខ្ញុំ​មិន​មែន​អួត​ថា​សំអាង​ខ្ញុំ​នេះ អាច​បំបាត់​នូវ​សេច​ក្ដី​សង្ស័យ ហើយ​បំភ្លឺ​នូវ​សេច​ក្ដី​ងងិត​គ្រប់​ស្ថាន​បាន​ឡើយ ដែល​ខ្ញុំ​និយាយ​នេះ គឺ​ថា​ក្នុង​ការ​ដែល​កំពុង​ធៀប​រក​សព្វ​ថ្ងៃ​នេះ សេច​ក្ដី​យល់​ឃើញ​របស់​ខ្ញុំ ហាក់​ដូច​ជា​ឃើញ​ពិត​ជាង​សេច​ក្ដី​ឯ​ទៀត ក្នុង​ការ​ដែល​បាន​ដឹង​ស្គាល់ ក្នុង​ពួក​សេច​ក្ដី​ទាំង​នេះ​មាន​សេច​ក្ដី ១ ឥត​មាន​សន្ទិះ​សង្ស័យ​ឡើយ គឺ​អំពី​ដែល​ព្រះ​ពុទ្ធ​សាសនា​រុង​រឿង​ថ្កុំ​ថ្កើង​ណាស់ ក្នុង​ជាន់​ដែល​គេ​រាប់​អាន​ក្បាច់​អលង្ការ​ក្នុង​នគរ​ខ្មែរ កាល​ជាន់​ដើម គឺ​ព្រោះ​តែ​ជឿ​ពុទ្ធ​សាសនា​នេះ​ហើយ បាន​ជា​ស្រុក​ខ្មែរ​កាល​ជាន់​ដើម គឺ​ព្រោះ​តែ​ជឿ​ពុទ្ធ​សាសនា​នេះ​ហើយ បាន​ជា​ស្រុក​ខ្មែរ​កាល​ក្នុង​ឆ្នាំ ៩០០ មាន​សាង​ប្រាសាទ​ដេរ​ដាស ដូច​កាល​នគរ​បារាំង​សែស​ក្នុង​ឆ្នាំ ១១០០ ដែរ​មិន​ជា​ទាស់​ទេ​ដែល​រាប់​បញ្ចូល​ប្រាសាទ​ខ្លះ​ក្នុង​ជាន់​ដើម​ដែល​ធ្វើ​ពី​ថ្ម​បាយ​គ្រៀម​ផង ឯ​ព្រះ​ដែល​សម្រាប់​សាសនា​ក្នុង​ស្រុក​ខ្មែរ​ក្នុង​ដើម​ឆ្នាំ ៩០០ នោះ​មិន​មែន​ជា​ហរិហរ​ក្នុង​ជាន់​ដំបូង ឬ​ព្រះ​ឥសូរ​ក្នុង​ជា​ត​មក​ឡើយ គឺ​ជា​រូប​លោកេស្វរ​ដែល​មាន​មុខ​ច្បាស់ ហើយ​ញញឹម​មាន​មេត្តា​ទៅ​រក​សេច​ក្ដី​ឈឺ​ចាប់​និង​ទុក្ខ​ភ័យ​របស់​មនុស្ស គឺ​ថា​ជា​តួ​អង្គ​ពោធិសត្វ ដែល​អ្នក​កាន់​ពុទ្ធ​សាសនា​ឲ្យ​នាម​ថា​ព្រះ​មហាករុណា ។ ជា​ក្រោយ​ដែល​សាសនា​ព្រាហ្មណ៍ មក​លុក​លុយ​សង្កត់​សង្កិន​កំណត់ ៣ ឆ្នាំ​នោះ ពុទ្ធ​សាសនា​ថ្កុំ​ថ្កើង​ឡើង​វិញ ក្នុង​រាជ្យ​ជ័យ​វរ្ម័ន​ទី ២ ដែល​មាន​កិរិយា​ប្រហែល​គ្នា​និង​ជ័យ​វរ្ម័ន​ទី ១ ព្រោះ​ជា​អ្នក​ច្បាំង​ច្រើន ជា​អ្នក​សាង​ប្រាសាទ​ច្រើន សាង​ទី​ព្យាបាល​រោគ​ច្រើន​ដូច​គ្នា បើ​ដូច្នេះ​ឃើញ​ថា​សម័យ​ដែល​រុង​រឿង ២ ដង ក្នុង​ពង្សាវតារ​ខ្មែរ​នោះ គឺ​នៅ​ក្នុង​សម័យ​ពុទ្ធ​សាសនា​ទាំង​អស់ ហើយ​គេ​និង​បញ្ចប់​សេច​ក្ដី​យល់​ឃើញ​អំពី​រឿង​នេះ​បាន​ថា​សាសនា​សព្វ​ថ្ងៃ​នេះ ដែល​អ្នក​ស្រុក​ស្រឡាញ់​ណាស់ មិន​មែន​ទើប​និង​​នាំ​យក​ពី​ស្រុក​ក្រៅ​មក​ទេ ប៉ុន្តែ​គ្មាន​សាលា និង​សិក្សា​សាសនា​នេះ ក៏​កប់​ឫស​ចុះ​ទៅ​ក្នុង​គំនរ​យ៉ាង​ជ្រៅ​នៃ​រឿង​រ៉ាវ​ក្នុង​នគរ ។

(ចប់​តែ​ប៉ុណ្ណេះ)

អត្ថបទទាក់ទង៖

អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ

ដើម​កំណើត​ប្រាសាទ​អង្គរ​ (ត)

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on November 17, 2015, in ប្រវត្តិសាស្រ្ដ and tagged . Bookmark the permalink. 2 Comments.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s