Monthly Archives: November 2012

ស្វែងយល់ពីពាក្យខ្មែរ ៖ កាឡា និង ក្រឡា


សប្ដាហ៍​នេះ​ខ្ញុំលើក​យកពាក្យ​ចំនួនពីរ​ទៀត​ដែល​ខ្មែរ​តែងតែ​ប្រើប្រាស់​ច្រឡំ​មក​បង្ហាញ​​ ដើម្បី​ជា​ចំណេះ​ដឹង​ និង​ ជា​ការ​ពិភាក្សា​គ្នា​សម្រាប់​ភាសា​ជាតិ​របស់​យើង​គ្រប់​គ្នា​។​ ពាក្យ​ទាំង​ពីរដែល​នឹង​ត្រូវបង្ហាញ​នៅ​ ពេល​នេះ​ គឺ​ ពាក្យ​ “កាឡា” និង “ក្រឡា” ​។​

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដី​ពន្យល់​នៃ​ពាក្យ​ទាំងពីរ​ តាម​រយៈ​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ​ ជួន​ ណាត​ ដែល​មាន​អត្ថន័យ​ដូច​តទៅ៖​

កាឡា(កិប្លែង​ខ្លួន, និម្មិត​ខ្លួន​ឲ្យ​ប្លែក​ពី​ប្រក្រតី ។ ឧទាហរណ៍៖ យក្ស​កាឡា​ខ្លួន​ជា​ប្រើស​មាស ។

គួរកត់សម្គាល់៖ខ្មែរយើងតែងតែប្រើប្រាស់ច្រឡំនូវពាក្យនេះទាំងការនិយាយ និង ការសរសេរដោយប្រើពាក្យក្រឡា ទៅវិញ។ ឧទាហរណ៍៖យក្ស​ក្រឡាខ្លួន​ជា​ប្រើស​មាស ។

ក្រឡា (លាន; ឋាន​រាប​មាន​ជា​ខណ្ឌ​ៗ ៖ ក្រឡា​ចត្រង្គ, ក្រឡា​កន្ទេល, ក្រឡា​មង ។ ទី​ដែល​ស្ដេច​ផ្ទំ​ហៅ ក្រឡា​បន្ទំ ឬ ក្រឡា​ព្រះ​បន្ទំ; ទី​ដែល​សម្រាប់​គាល់​ស្ដេច​ហៅ ក្រឡា​គំនាល់ ឬ ក្រឡា​ព្រះ​គំនាល់; ទី​ដែល​ចៅក្រម​ពិភាក្សា​ក្ដី​ហៅ  ក្រឡា​ក្រម ។

តាម​រយៈ​នៃ​អត្ថន័យ​របស់​ពាក្យ​នីមួយៗ​ ខាង​លើ​គប្បី​យើង​គ្រប់គ្នា​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវក្នុង​ការ​សរសេរ​ និង​ និយាយ​ ពោល​គឺ​ប្រើប្រាស់​ពាក្យ​ឲ្យត្រូវ​នឹង​ន័យរបស់​ពាក្យ​ផ្ទាល់​ កុំចេះ​តែនឹក​ឃើញ​ប្រើតាមចិត្ត​ព្រោះវា​គ្មាន​ន័យត្រឹមត្រូវ។​

ដោយ៖ បូណា

អត្ថបទទាក់ទង៖

ក្ដួច​និង​ជីវិត​រស់​នៅ​របស់​ប្រជាជន​ខ្មែរ


សេចក្ដី​ផ្ដើម

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ ដែល​មាន​អាកាសធាតុ​ក្ដៅ​ហើយ​សើម ដែល​ជា​កត្តា​ដ៏​សំខាន់​ដល់​ការ​លូតលាស់​នៃ​រុក្ខជាតិ​គ្រប់​ប្រភេទ ។ ព្រៃ​ឈើ​ដែល​គេ​ឃើញ​មាន​ដុះ​ច្រើន​ជាង​គេ គឺ​នៅ​តំបន់​ខ្ពង់រាប​តាម​ដង​ទន្លេ​មេគង្គ និង​តំបន់​ភ្នំ ។ ដោយ​សារ​កម្ពុជា​យើង សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​បែប​នេះ​ហើយ ទើប​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​យើង​នៅ​សម័យ​ដើម ច្រើន​ពឹង​ផ្អែក​ទៅ​លើ​ធម្មជាតិ​សំរាប់​ញ៉ាំង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​អោយ​ប្រព្រឹត្ត​ទៅ​បាន ដូចជា ចូល​ព្រៃ​កាប់​ឈើ​យក​មក​សង់​ផ្ទះ ​ធ្វើ​ជា​ជំរក បេះ​ផ្លែ​ឈើ បន្លែ មើម​ដំឡូង មើម​ក្ដួច បរបាញ់​សត្វ​ព្រៃ ធ្វើ​ជា​ចំណី​អាហារ​តាម​ទំនៀម​ទំលាប់​របស់​ប្រជាជន​ខ្មែរ ។

ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ការ​កាប់​ព្រៃ​ឈើ និង​ការ​បរបាញ់​បំផ្លាញ​សត្វ​ព្រៃ​ត្រូវ​បាន​ច្បាប់​របស់​រដ្ឋ​ហាម​ឃាត់​ព្រោះ​របរ​ទាំងនេះ​ធ្វើ​អោយ​ប៉ពាល់​ដល់​បរិស្ថាន​ធម្មជាតិ ដែល​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ មាន​ភាព​រាំង​ស្ងួត​ទឹក​ជំនន់ ។

កាល​ពី​សម័យ​ដើម ប្រជាជន​ខ្មែរ នៅ​ពេល​ដែល​ជួប​ប្រទះ​គ្រោះ​ទុរ្ភឹក្ស​បណ្ដាល​មក​ពី​សង្រ្គាម ភាព​រាំង​ស្ងួត ទឹក​ជំនន់ ពួក​គាត់​តែង​តែ​បបួល​គ្នីគ្នា​ចូល​ព្រៃ ដើម្បី​ស្វែង​រក​បន្លែ ផ្លែឈើ មើម​ដំឡូង មើម​ក្ដួច យក​មក​ច្នៃ និង​ចំអិន​ធ្វើ​ជា​ចំណី​អាហារ ។ បច្ចុប្បន្ន ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​មិន​បាន​ដឹង​ពី​សារប្រយោជន៍​នៃ​មើម​ក្ដួច​ថា អាច​យក​មក​បរិភោគ​បណ្ដោះ​អាសន្ន នៅ​ពេល​ជួប​ប្រទះ​គ្រោះ​ទុរ្ភឹក្ស​នោះ​ឡើយ ។

ដូចនេះ អត្ថបទ​និយាយ​អំពី​ក្ដួច គឺ​ចង់​បង្ហាញ​អំពី​ទំនៀម​ទំលាប់​របស់​ខ្មែរ​សម័យ​ដើម​ក្នុង​ការ​ច្នៃ​មើម​ក្ដួច ដើម្បី​យក​មក​ចំអិន​ធ្វើ​ជា​ចំណី​អាហារ​ជំនួស​បាយ អង្ករ ព្រោះ​មើម​ក្ដួច​សំបូរ​ដោយ​ម្សៅ សារជាតិ​អាមីដុង (Amidon ) ខ្ពស់​អាច​ទ្រទ្រង់​រូបរាង​កាយ​ដល់​ប្រជាជន​ខ្មែរ​​យើង​បាន និង​មាន​អត្ថប្រយោជន៍​ផ្សេង​ៗ ជា​ច្រើន​ទៀត ព្រម​ទាំង​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​សហគមន៍ និង​បរិស្ថាន​ធម្មជាតិ ។

ទ្រង់ទ្រាយ​រក្ខជាតិ​ក្ដួច

ទ្រង់ទ្រាយ​ក្ដួច

ដើម ៖ ដើម​របស់​ក្ដួច​មាន​លក្ខណៈ​ជា​វល្លិ​មាន​បន្លា​ស្រួច​ៗ ដូច​បន្លា​ត្រស់ ហើយ​មាន​ថ្នាំង ដែល​ក្នុង​ថ្នាំង មាន​ប្រវែង​ប្រហែល​ពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ ។ នៅ​ត្រង់​ចំណុច​ថ្នាំង​នីមួយ​ៗ មាន​ដុះ​ចេញ​នូវ​ស្លឹក និង ផ្កា ។ ដើម​របស់​ក្ដួច​មាន​ពណ៌​ពីរ​បែប ទី ១ ពណ៌​ស្វាយ​ក្រមៅ ប្រៀប​ដូច​សំបក​ផ្លែ​ទំពាំង​បាយជូរ​ព្រៃ ពណ៌​នេះ​គឺ​គេ​សម្គាល់​ថា ជា​ក្ដួច​ដំណើប ។ ទី ២ ពណ៌​បៃតង គឺ​គេ​សម្គាល់​ថា​ជា​ក្ដួច​ខ្សោយ ។

សន្លឹក ៖ ស្លឹក​របស់​ក្ដួច​មាន​សណ្ឋាន​ចែក​ជា​បី ហើយ​ស្រួច​ខង​ចុង និង មាន​ទ្រនុង​រឹង​​ស្លឹក​របស់​ក្ដួច​មាន​ពណ៌​បៃតង ហើយ​មាន​រោម​ខ្លី​ៗ និង​មាន​ក្លិន​ក្រពុល ។

ផ្កា ៖ ផ្កា​របស់​ក្ដួច​វា​ដុះ​ចេញ​ពី​ថ្នាំង​ជាមួយ​ស្លឹក ។ ផ្កា​នេះ​មាន​ពណ៌​ស រាង​តូច​ល្អិត និង​មាន​ទង​ទ្រវែង ហើយ​មាន​ក្លិន ក្រពុល​ស្រាល ។

ផ្លែ ៖ ផ្លែ​របស់​ក្ដួច​មាន​ទំរង់​បី​ជ្រុង ប្រហាក់​ប្រហែល​ផ្លែ​ស្ពឺ ។ ផ្លែ​ក្ដួច​មាន​ពណ៌​បៃតង ។ ពេល​ផ្លែ​វា​ចាស់ វា​ប្ដូរ​ទ្រង់ទ្រាយ​បះ​កន្ទុយ​ឡើង​លើ ។ ក្នុង​មួយ​ចង្កោម​មាន​ប្រមាណ​ពី ១០ ទៅ ២០ ផ្លែ ។ ក្នុង​ផ្លែ​នីមួយ​ៗ មាន​គ្រាប់​សំប៉ែត​ៗ​ចំនួន ៣ គ្រាប់ ពេល​ផ្លែ​ក្ដួច​ទុំ វា​ផ្ទុះ​ធ្លាក់​គ្រាប់​មក​លើ​ដី ។ នៅ​រដូវ​ភ្លៀង​ធ្លាក់​គ្រាប់​នេះ​អាច​ដុះ​លុតលាស់​បាន ។

មើម ៖ មើម​របស់​ក្ដួច​មាន​រាង​មូល ខ្លះ​ទ្រវែង ទៅ​តាម​សណ្ឋាន​ដី ដែល​អំណោយ​ផល​ដល់​ការ​ចុះ​មើម ។ សំបក​មើម​ក្ដួច​មាន​ពណ៌​គគីរ​ស្រដៀង​សំបក​ដំឡូង ដៃ​ខ្លា មាន​ឫស​ស្មេញស្មាញ​ព័ទ្ធ​ជុំវិញ​មើម ដូចជា​ឫស​ឫស្សី ។ ក្ដួច​មាន​មើម​ព័ទ្ធ​ជុំវិញ​ដើម ក្នុង​ដើម​មាន​មើម​ចំនួន ពី ១ ទៅ ៨ មើម ។ មើម​នីមួយ​ៗ​ដុះ​ចេញ​ពី​គល់​តែ​មួយ ។ សាវ់​មើម​ក្ដួច​មាន​ពីរ​ប្រភេទ គឺ​សាច់​ពណ៌​លឿង និង ស ហើយ​មាន​ក្លិន​ក្រពុល និង​រមាស់​ទៀត​ផង ។

ប្រភេទ​ក្ដួច

ក្ដួច​មាន​ពីរ​ប្រភេទ ៖

ក្ដួច​ខ្សោយ ៖ ដើម​របស់​ក្ដួច​ខ្សោយ​មាន​ពណ៌​បៃតង ហើយ​ធំ​ជាង​ដើម​ក្ដួច​ដំណើប ។ ចំពោះ​សណ្ឋាន​ស្លឹក គឺ​មាន​លក្ខណៈ​ដូចគ្នា មិន​ថា​ដំណើប ឬ ខ្សោយ​ឡើយ ។ មើម​របស់​ក្ដួច​ខ្សោយ​មាន​សំបក​ពណ៌​គគីរ​ដូច​ក្ដួច​ដំណើប​ដែរ តែ​សាច់​របស់​មើម​ក្ដួច​ខ្សោយ​មាន​ពណ៌​ស ដូច​សាច់​ប៉ិគក់ ។

ក្ដួច​ដំណើប ៖ ដើម​របស់​ក្ដួច​ដំណើប​មាន​ពណ៌​ស្វាយ​ក្រមៅ ដូច​សំបក​ផ្លែ​ទាំពាំង​បាយជូ​ព្រៃ​។ មើម​របស់​ក្ដួច​ដំណើប​ច្រើន​តែ​ចុះ​រាក់​ៗ​ឬ សើ​ៗ មើល​ឃើញ​នៅ​លើ​ដី ។ សំបក​របស់​ក្ដួច​ដំណើប​ដូច​ក្ដួច​ខ្សោយ​ដែរ តែ​សាច់​មើម​ក្ដួច​ដំណើប​មាន​ពណ៌​លឿង​ខុស​ពី​ក្ដួច​ខ្សោយ ។

តំបន់​ដែល​មាន​ក្ដួច

ទីកន្លែង ៖ ក្ដួច​ជា​រុក្ខជាតិ​វល្លិ គ្មាន​ដៃ​នៅ​ត្រង់​ចំណុច​ថ្នាំង ដូច​វល្លិ​ននោង​ទេ ដូចនេះ​ការ​ដុះ​លូតលាស់​របស់​វា គឺ​វា​អាស្រ័យ​ពឹងពាក់​ទៅ​លើ​រុក្ខជាតិ​ផ្សេង​ៗ ដើម្បី​ងាយ​ស្រួល​ដល់​វល្លិ​របស់​វា​រុំ​ព័ទ្ធ វារ​ឡើង​មែក​ឈើ ។ វល្លិ​របស់​វា​ព័ទ្ធ​ពី​ឆ្វេង​ទៅ​ស្ដាំ ។ រុក្ខជាតិ​ក្ដួច​គេ​ឃើញ​មាន​ដុះ​នៅ​តាម​តំបន់​ភ្នំ​តំបន់​ព្រៃ​របោះ និង​នៅ​តាម​តំបន់​ខ្ពង់រាប ។ រុក្ខជាតិ​ក្ដួច​គេ​អាច​យក​មក​ដាំ​នៅ​ក្បែរ​របង​ផ្ទះ​ដែល​មាន​ទី​ខ្ពស់​មិន​លិច​ទឹក ។

ក្ដួច​អាច​ដុះ​នៅ​តាម​កន្លៀត​ថ្ម ឬ​ដុះ​នៅ​លើ​ដី​បន្តិច​បន្តួច​លើ​ផ្ទាំង​ថ្ម ប៉ុន្តែ​ក្ដួច​ដែល​ដុះ​នៅ​តាម​កន្លៀត​ថ្ម មិន​មន​មើម​ធំ ឬ​មូល​ដូច​ក្ដួច​ដេល​ដុះ​នៅ​លើ​ដី​ធម្មតា​នោះ​ទេ មើម​របស់​វា​មាន​រាង​សំប៉ែត ហើយ​ជា​ផល​វិបាក​ដល់​ការ​ជីក​យក​មើម ។​ចំណែក​ឯ​ក្ដួច​ដែល​ដុះ​នៅ​លើ​ផ្ទាំង​ថ្ម​ដែល​មាន​ដី​បន្តិច​បន្តួច​នោះ ពុំ​មាន​មើម​ធំ​ទេ ហើយ​ជីវិត​របស់​វា ក៏​មិន​អាច​រស់​បាន​យូរ​អង្វែង​ដែរ ។

ជីវិត​ក្រាំង៖ក្ដួច​ជា​រុក្ខជាតិ​ដែល​មាន​ដើម​ទោល (១ ដើម ) វា​អាច​កោ​ទាំង​ដើម កោ​ទាំង​មើម តែ​គល់​របស់​ក្ដួច​មិន​អាច​ស្លាប់​ទេ​ ទោះបី​នៅ​រដូវ​ណា​ក៏​ដោយ ។ បើ​គេ​ចង់​ដាំ​ក្ដួច​គេ​ពុំ​សូវ​យក​គ្រាប់​ឬ កូន​ក្ដួច​មក​ដាំ​នោះ​ទេ គេ​ច្រើន​តែ​យក​គល់​របស់​វា​ទៅ​ដាំ ព្រោះ​គល់​របស់​ក្ដួច​ឆាប់​លូតលាស់ និង​ចុះ​មើម​រហ័ស​ជាង ការ​ដាំ​កូន និង​ដាំ​គ្រាប់ ។

អ្នក​រក​របរ​ក្ដួច​មាន​ទំលាប់​មួយ គឺ​ក្រោយ​ពេល​គាស់​មើម​ក្ដួច​ហើយ ពួក​គា់​ច្រើន​តែ​យក​ក្ដួច​នេះ​ទៅ​កប់​កន្លែង​ដើម​វិញ ។ ព្រោះ​គល់​នេះ​ពេល​រដូវ​ភ្លៀង​ឆ្នាំ​ក្រោយ​នឹង​ផ្ដល់​ផល​បន្ត​ទៀត ។ គេ​មិន​អាច យក​ចំណែក​នៃ​មើម​ក្ដួច ណា​មួយ​យក​ទៅ​ដាំ​ដុះ​ទេ ។

កោរ​មើម ៖ មើម​របស់​ក្ដួច ដល់​រយៈ​ពេល​ណា​មួយ​ជា​កំណត់ វា​ត្រូវ​សុះ​អស់ ហើយ​វា​នៅ​តែ​ឫស​ស្មេញស្មាញ ដូចជា​ស្មាញ​ននោង ជាប់​ជាមួយ​គល់​របស់​វា ។ បន្ទាប់​មក ពេល​រដូវ​ភ្លៀង​ធ្លាក់ វា​ក៏​ចាប់​ផ្ដួចផ្ដើម​មើម​ថ្មី​នៅ​ជុំវិញ​គល់​របស់​វា​វិញ ។ មើម​ដែល​កោរ​ច្រើន​លើក ច្រើន​សារ ធ្វើ​អោយ​មើម​ក្រោយ​មាន​ផល​កាន់​តែ​ច្រើម ។ ការ​កោ​មើម​មិន​មាន​រយៈពេល​កំណត់​ច្បាស់លាស់​ទេ គឺ​អាស្រ័យ​ទៅ​លើ​តំបន់​និង​អាកាសធាតុ ។ បើ​អកាសធាតុ​ក្ដៅ ឬ​មើម​នៅ​ននលគល​លើ​ដី មិនមាន​ស្លឹក​គ្រប​ទេ ធ្វើ​អោយ​មើម​នេះ​ឆាប់​កោ តែ​បើ​មើម​ដែល​នៅ​ម្លប់​ក្នុង​ព្រៃ​ហើយ​មិន​ជាំ​ទឹក ធ្វើ​អោយ​ការ​កោរ​មើម​មាន​រយៈ​ពេល​យូរ ។

កោរ​ដើម ដើម​របស់​ក្ដួច ចាប់​ផ្ដើម​ស្វិត​ពី​ចុង​មក​គល់​នៅ​សល់​ដើម​ប្រវែង​ប្រហែល ២ ម៉ែត្រ ពី​ដី វា​ក៏​ចាប់​ផ្ដើម​ដុះ​ចេញ​នូវ​ដើម​ថ្មី​រុំ​ព័ទ្ធ​ដើម​ចាស់​នេះ ។ ដើម​របស់​ក្ដួច​ច្រើន​កោរ​នៅ​រដូវ​ប្រាំង ។

ការ​ស្វែង​រក​ក្ដួច

ការ​រុករក​មើម​ក្ដួច​ភាគ​ច្រើន​ប្រជាជន​រស់​នៅ​តាម​តំបន់​ភ្នំ ជើង​ភ្នំ និង​ខ្ពង់រាប ។ល។ ពេល​គេ​ជួប​ប្រទះ​គ្រោះ​ទុរ្ភឹក្ស ពួក​គាត់​តែង​បបួល​គ្នីគ្នា​ក្នុង​គ្រួសារ ឬ​ជា​ក្រុម​នាំ​គ្នា​ទៅ​ជីក​មើម​ក្ដួច​នៅ​តំបន់​ភ្នំ ឬ តំបន់ ដែល​ពួក​គេ​ធ្លាប់​ទៅ​រក ដូចជា​ប្រជាជន​នៅ​ស្រុក គិរីវង្ស ខេត្ត តាកែវ បាន​អោយ​ឈ្មោះ​ទួល​មួយ​ថា (ព្រៃ​ក្ដួច )

ឧបករណ៍​ដែល​ពួក​គាត់​យក​ទៅ​ជាមួយ​សំរាប់​រក​ក្ដួច គឺ​មាន កាំបិត ចបជីក ការុង ។

ការ​រក​ក្ដួច ៖ គេ​ស្វែង​រក​មើល​ទៅ​លើ​ដើមឈើ ហើយ​សំឡឹង​រក​សន្លឹក និង​ដើម​របស់​ក្ដួច​ដែល​រុំ​ព័ទ្ធ​តាម​មែក​ឈើ ។ បន្ទាប់​មក​គេ​តាម​ដាន​រហូត​ដល់​គល់​របស់​វា ។ នៅ​ពេល​ដែល​គេ​ឃើញ​គល់​របស់​វា គេ​យក​ឈើ​ចាក់​មើម​ថា តើ​មាន​មើម​ធំ ឬ តូច តិច​ឬ ច្រើន ។ បើ​មើម​នេះ​នៅ​តូច​គេ​ទៅ​រក​ផ្សេង​ទៀត ។

ការ​ធ្វើ​ក្ដួច ៖ ពេល​គេ​យក​មើម​ក្ដួច​មក​ពី​ព្រៃ គេ​លាង​ទឹក​អោយ​ជ្រះ​ដី ។ ក្រោយ​មក​គេ​យក​ទៅ​ចិត​សំបក​ចេញ បន្ទាប់​ពី​ចិត​សំបក​រួច គេ​យក​ទៅ​លាង​ទឹក​រួច ហាន់ ឬ​ឈូស​ជ​បន្ទះ​ស្ដើង​ៗ ហើយ​យក​ទៅ​ដាក់​ក្នុង​កូន​ពាង​រួច​រោយ​អំបិល​ជា​ស្រទាប់​ៗ ហើយ​ផ្អាប់​ទុក​ចោល​មួយ​យប់ ។ លុះ​ព្រឹក​ឡើង​គេ​ធ្វើ​ការ​ស្រង់​ក្ដួច​ចាក់​ដាក់​ក្នុង​កញ្ជើរ ឬ​ល្អី យក​ទៅ​សំអាត​សារជាតិ​ពុល​នៅ​កន្លែង​ផ្លូវ​ទឹក​ហូរ តែ​គេ​មិន​អាច​យក​ក្ដួច​ទៅ​សំអាត​នៅ​កន្លែង​ដែល​មាន​ទឹក​នឹង ដូចជា​ស្រះ ត្រពាំង ដែល​គេ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទេ ព្រោះ​ធ្វើ​អោយ​អ្នក​ដែល​យក​ទឹក​ទៅ​ប្រើប្រាស់​មាន​គ្រោះថ្នាក់ (ពុល ) ។ ពេល​គេ​យក​ក្ដួច​ទៅ​កន្លែង​ទឹក​ហូរ គេ​ជាន់​ឬ​ជ្រាវ​ច្របាច់​ទាល់​តែ​ឃើញ​ទឹក​ឡើង​ថ្លា​ហើយ​ទុក ចោល​ក្នុង​ស្រែ​ឬ​ផ្លូវ​ទឹក​ហូរ​ឆ្លងកាត់​ក្នុង​រយៈ​ពេល​មួយ​យប់ មួយ​ថ្ងៃ ។ ការ​ទុក​ចោល​នេះ​គេ​ឧស្សាហ៍​ទៅ​ជ្រាវ ឬ​ច្របាច់​លាង​ពី​បី ទៅ​បួន​ដង ដើម្បី​អោយ​សារជាតិ​ពុល​ហូរ​ទៅ​តាម​ទឹក ។ ក្រោយ​មក​គេ​ឃើញ​មាន ក្ដាម ខ្យង ខ្ចៅ ត្រីចង្វារ ឬ​ត្រី​ក្រឹម​ចូល​ក្នុង​កញ្ជើរ ឬ​ល្អី​ក្ដួច​ដែល​ត្រាំ​ពន្លិច​ក្នុង​ទឹក ។ ពេល​នោះ​គេ​សន្និដ្ឋាន​បាន​ថា ក្ដួច​ដែល​គេ​ធ្វើ​កន្លង​មក​អស់​នូវ​សារជាតិ​ពុល​ហើយ ។ ក្រោយ​មក​គេ​ច្រក​ក្នុង​ការុង​ចង​មាត់​អោយ​ជិត រួច​យក​ទៅ​ដាក់​លើ​គ្រែ​រនាប ហើយ​យក​ដុំ​ថ្ម ឬ​ត្បាល់​កិន​ម្សៅ​សង្កត់​ពី​លើ​ដើម្បី​អោយ​ទឹក​ហូរ​ស្រក់​ចេញ​ពី​ក្ដួច ដែល​នៅ​ក្នុង​ការុង​ប្រៀប​ដូច​យើង​កិន​ម្សៅ​អង្ករ រួច​សង្កត់​ច្រោះ​អោយ​អស់​ជាតិ​ទឹក​នោះ​ដែរ ។ នៅ​ពេល​ស្រក់​ទឹក​អស់​ពី​ការុង យើង​ចាក់​ដាក់​ចង្អេរ ឬ​កន្ទេល​ស្លឹក​ត្នោត រួច​យក​សំដិល​ហាល​ថ្ងៃ​អោយ​ក្រៀម ទើប​គេ​អាច​រក្សា​ទុក​បាន​យូរ ។ ប៉ុន្តែ​ក្ដួច​នៅ​សើម​យក​មក​ដាំ​បាយ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាង​ក្ដួច​ហាល​ក្រៀម ។

ក្នុង​ការ​ធ្វើ​ក្ដួច​នេះ គេ​ហាមប្រាម​ចំពោះ​អ្នក​ដែល​ទើប​សំរាល​កូន​រួច គឺ​មិន​អាច​មក​ហាន់​ក្ដួច ឬ មក​ជ្រាវ​ច្របាច់​ក្ដួច​បាន​ទេ ព្រោះ​ក្ដួច​ធ្វើ​អោយ​រមាស់​ដៃ ក្លិន​របស់​វា​ក្រពុល​អាច​ធ្វើ​អោយ​អ្នក​កូន​ខ្ចី​ទាស់​បាន ។ ហេតុនេះ អ្នក​ដែល​ទើប​សំរាល​កូន​រួច មិន​អាច​មក​ធ្វើ​ក្ដួច​បាន​ទេ ។ ប៉ុន្តែ​អ្នក​ទើប​សំរាល​កូន​អាច​បរិភោគ​បាយ ឬ បង្អែម​ក្ដួច​ដោយ​មិន​មាន​បញ្ហា​ទាស់ ឬ​ផ្ដល់​ផល​ប៉ះពាល់​ផ្សេង​ៗ​ដល់​សុខភាព​ឡើយ ។

សារប្រយោជន៍​រុក្ខជាតិ​ក្ដួច

ធ្វើ​ចំណី​អាហារ នៅ​ពេល​ប្រជាជន​ខ្មែរ​ជួប​ប្រទះ នឹង​គ្រោះ​ទុរ្ភឹក្ស​ដោយ​សារ​ទឹក​ជំនន់ គឺ​គេ​យក​មើម​ក្ដួច​មក​ធ្វើ​ជា​អាហារ​ជំនួស​បាយ ឬ​យក​មក​ដាំ​លាយ​ជាមួយ​អង្ករ ។ រុក្ខជាតិ​ក្ដួច​មិនមាន​តម្រូវ​ការ​តែ​នៅ​ពេល​ជួប​ប្រទះ​គ្រោះទុរ្ភឹក្ស​ប៉ុណ្ណោះ​ទេ ទោះបី​ជា​សម័យ​ដែល​សម្បូរ​ស្រូវ​អង្ករ​ហើយ​ក៏​ដោយ ក៏​ប្រជាជន​ខ្មែរ នៅ​តែ ទៅ​រក​មើម​ក្ដួច​មក​ជា​នំ​ចំណី បង្អែម​ជា​ដើម ជា​ពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយាល​តំបន់​ភ្នំ ឬ​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ទី​ផ្សារ ដូចជា​បច្ចុប្បន្ន​នេះ នៅ​ភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក គិរីវង្ស ខេត្ត តាកែវ ប្រជាជន​បាន​ទៅ​រក​ក្ដួច​មក​ដាំ​បាយ​នឹង​ធ្វើ​ជា​នំ​ចំណី​បាន​ជា​ច្រើន​បែប​ច្រើន​យ៉ាង ព្រោះ​មើម​ក្ដួច​សម្បូរ​ដោយ​ម្សៅ​សារជាតិ​អាមីដុង និង​មាន​រសជាតិ​ឈ្ងុយ ឆ្ងាញ់​ថែម​ទៀត​ផង ។

ធ្វើ​ឱសថ ទោះបី​ជា​បច្ចុប្បន្ន​មាន​ការ​រីកចំរើន​ផ្នែក​ខាង​គីមី​សាស្រ្ត ឱសថសាស្រ្ត ដែល​បាន​នឹង​កំពុង​នាំ​ចូល​មក​ពី​បណ្ដា​ប្រទេស​ជឿនលឿន​មួយ​ចំនួន​លើ​ពិភពលោក ក៏​ដោយ ក៏​ប្រជាជន​ខ្មែរ​យើង​តែង​តែ​មាន​ជំនឿ​ទៅ​លើ​ឱសថ​បុរាណ​ដែល​ផ្សំ​អំពី ​សំបក ត្រួយ ដើម ឫស វល្លិ មើម រុក្ខជាតិ​សម្រាប់​ព្យាបាល​រោគ​ដែរ ដូចជា​ម្សៅ​មើម​ក្ដួច គេ​អាច​យក​មក​សូន​ជាមួយ​ទឹក​ឃ្មុំ អាច​កែ​រោគ​បញ្ចុះ​ព្រូន ផ្សះ​ដំបៅ គ្រុន​ក្ដៅ គ្រុន​ចាស់ ។

ធ្វើ​ម្សៅ​លាប​មុខ កាល​ពី​សម័យ​ដើម គេ​ច្រើន​តែ យក​ម្សៅ​ក្ដួច​មក​ផ្សំ​ជាមួយ​ទឹក​ខ្លឹម​ចន្ទ​ធ្វើ​ម្សៅ​លាប​មុខ សំរាប់​ប្រើ​ក្នុង​ពិធី​ផ្សេង​ៗ ដូចជា​មាន​ពិធី​បុណ្យ​ទាន ឬ​ប្រើ​សំរាប់​អ្នក​របាំ អ្នក​ល្ខោន។​ ធ្វើ​ថ្នាំ​កំចាត់​សត្វ​ល្អិត ; យើង​ដឹង​ហើយ​ថា ក្ដួច​គឺ​ជា​រុក្ខជាតិ​ពុល ដូចនេះ គេ​អាច​យក​មើម​ក្ដួច​ទៅ​លាយ​ផ្សំ​ជាមួយ​ទឹក​នោម និង​ថ្នាំ​ជក់ ។

សន្និដ្ឋាន

ក្នុង​កាលៈទេសៈ​ធម្មតា ក្ដួច​ជា​រុក្ខជាតិ ដែល​គេ​មិន​សូវ​ចាប់​អារ្មណ៍​ប៉ុន្មាន​លើយ ។ ប៉ុន្តែ​វា​ដើរ​តួនាទី​សំខាន់​នៅ​ពេល​ដែល​ស្រុក​កើត​ទុរ្ភឹក្ស​អត់​បាយ ។ ពេល​នោះ​ទើប​គេ​ដឹង​ថា រុក្ខជាតិ​នេះ​មាន​គុណប្រយោជន៍ មិន​អន់​ជាង​បាយ​ប៉ុន្មាន​ឡើយ ។ ការ​ស្គាល់​រុក្ខជាតិ​ក្ដួច គឺ​ពិត​ជា​មិន​អត់​ប្រយោជន៍​ទេ ទោះ​បី​វា​ជា​រុក្ខជាតិ​វល្លិ​ក្ដី ក៏​វា​មាន​ចំណែក​ក្នុង​ការ​ញ៉ាំង​បរិស្ថាន​ឲ្យ​មាន​លក្ខណៈ​ស្រស់​បំព្រង ធ្វើ​អោយ​ដី​ជក់​ជាតិ​សើម​បាន​យូរ និង​ផ្ដល់​នូវ​អាកាសធាតុ​ត្រជាក់ ធ្វើ​ឲ្យ​អាកាសធាតុ បរិសុទ្ធ ក៏​ដូចជា​បង្កើត​ឡើង​នូវ​ទេសភាព គួរជា​ទី​ចាប់​អារម្មណ៍​ដង​ដែរ ។

មាន​ព្រៃ​មាន​ក្ដួច​មាន​ជីវិត មាន​ព្រៃ​មាន​សត្វ បក្សា​បក្សី ម្រឹគីម្រឹគា ក្ដួច​ផ្សារ​ភ្ជាប់​នឹង​ព្រៃ ដែល​ជា​ប្រភព​នៃ​ជីវិត​ខ្មែរ ។

ដូចនេះ​វា​ជា​ការ​សំខាន់​ណាស់ ដែល​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​ពង្រឹង​ការ​ការពារ បរិស្ថាន ដើម្បី​អោយ​មាន​ការ​អភិវឌ្ឍន៍​និរន្តរភាព ។ រាជរដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ បាន​បង្កើត​ច្បាប់​ស្ដី​ពី​ការ​ការពារ​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដើម្បី​កាត់​បន្ថយ អ្វី​ដែល​ជា​ផល​ប៉ហពាល់​លើ​បរិស្ថាន​ធម្មជាតិ ។

រុក្ខជាតិក្ដួច ជាប្រភេទវល្លិ​ដើមមានបន្លា មើមមានជាតិពុល ហើយរមាស់ (រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

វល្លិក្ដួច (រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

រុក្ខជាតិក្ដួច (រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

រូបភាពនៃវល្លិក្ដួច (រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

រុក្ខជាតិក្ដួច ខេត្តកំពង់ធំ​(រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

រុក្ខជាតិក្ដួច ខេត្តកំពង់ធំ​ (រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

 

 

 

ដោយ៖​ ចិន ទីរិទ្ធី , នួន សោភ័ណ ​(កម្ពុជសុរិយា ឆ្នាំ ២០០០)

ស្វែងយល់ពីពាក្យខ្មែរ ៖ ខ្មែរនីយកម្ម ខេមរនីយកម្ម និង ខេមរយានកម្ម


ថ្ងៃនេះខ្ញុំលើកយកពាក្យចំនួន ៣⁣ មកបង្ហាញអ្នកទាំងអស់គ្នា ដែលក្នុងនេះរួមមានពាក្យដូចជា ៖ ខ្មែរនីយកម្ម  ខេមរនីយកម្ម⁣ និង ខេមរយានកម្ម ។ ពាក្យថានីយកម្មគឺជាពាក្យបាលីដែលមាន ន័យ ថាធ្វើឲ្យ​ទៅជា។តាមរយៈនេះយើងអាចផ្សំពាក្យខ្មែរ ឬ បាលីមួយចំនួនជាមួយនឹងពាក្យផ្សេងទៀត​ដើម្បី​បង្កើតបាន​ ជាពាក្យថ្មីមួយមានអត្ថន័យ​គ្រប់គ្រាន់​សមស្របអាចទទួលយកបានក្នុងភាសាជាតិរបស់ យើង។​ ខាងក្រោម​នេះគឺជាសេចក្ដីពន្យល់អំពីន័យនៃពាក្យទាំង ៣ ៖

ខ្មែរនីយកម្ម មានន័យថាធ្វើឲ្យទៅជាខ្មែរ។ ពាក្យនេះកើតចេញពីការផ្សំរវាង ពាក្យជាភាសាខ្មែរ ខ្មែរបូកនឹងពាក្យជា ភាសាបាលីនីយកម្ម។ពាក្យនេះត្រូវបានបង្កើតឡើង​ដោយបណ្ឌិតអក្សរសាស្ដ្រខ្មែរ ជំនាន់ថ្មី។

ខេមរនីយកម្ម ក៏មានន័យថាធ្វើឲ្យទៅជាខ្មែរដែរ ។ពាក្យនេះកើតចេញពីការផ្សំ រវាងពាក្យជាភាសាបាលី ខេមរៈបូកនឹង ពាក្យជាភាសាបាលី នីយកម្ម។ ពាក្យនេះត្រូវបានបង្កើតឡើងដោយលោក សាស្ដ្រចារ្យបណ្ឌិត កេង វ៉ាន់សាក់ នាសម័យ មុន។

ខេមរយានកម្ម មានន័យថាការប្រើប្រាស់ភាសាខ្មែរជាយាន។ នាសម័យដើម អត្ថបទផ្សេងៗក្នុងវិស័យអប់រំភាគ​ច្រើនសុទ្ធតែជា ភាសាបរទេស ពិសេសភាសាបារាំងភាគច្រើន អាស្រ័យហេតុនេះការធ្វើ ខេមរយានកម្មគឺមានន័យ​ថាយើងបកប្រែពាក្យ ពីភាសាបរទេសមានបារាំងជាដើមមកជាភាសាខ្មែរ ហើយទុកជាយាន សម្រាប់អ្នកសិក្សាស្រាវជ្រាវ​ជំនាន់ក្រោយដើម្បីរៀន សូត្រ តទៅ មុខទៀត។ពាក្យនេះ ត្រូវបានបង្កើតឡើងដោយលោកសាស្ដ្រចារ្យបណ្ឌិត កេង វ៉ាន់សាក់ នាសម័យ មុន។

សរុបសេចក្ដីមក ពាក្យថា ខ្មែរនីយកម្មនិង ខេមរនីយកម្ម មានអត្ថន័យដូចគ្នា ប៉ុន្ដែយើងអាច​ប្រើប្រាស់បាន នៅក្នុងបរិបទខុសគ្នា។ ពាក្យទាំងពីរខាងលើ ខ្ញុំយល់ឃើញថាមានភាពត្រឹមត្រូវដូចគ្នា អាចទទួលយកបាន ទាំងពីរ​ពាក្យក្នុងការប្រើប្រាស់ក្នុងភាសាជាតិយើង។ បណ្ឌិតសម័យដើមលោកផ្ដោត​លើ​ការបូកភាសាបាលីនិងបាលី ដោយមិន​ចង់​ប្រើភាសាខ្មែរទៅបូកជាមួយបាលីដែលមិនត្រូវក្បួន ប៉ុន្ដែបណ្ឌិតសម័យថ្មីលោកគិតទៅលើបរិបទ នៃការប្រើប្រាស់ពាក្យ ដូច្នេះត្រូវម្យ៉ាងដែរ។ ទាំងពីរពាក្យនេះ​សុទ្ធ​តែ​មាន​ន័យ​គ្រប់គ្រាន់អាចទទួលយកបាន ហើយសមស្របនឹងភាសាជាតិយើង។ រីឯពាក្យ ខេមរយានកម្ម មានន័យជាការប្រើប្រាស់ភាសាខ្មែរជាយានក្នុងការសិក្សា ព្រោះពីមុនអត្ថបទភាគច្រើន​ជា​ភាសា​បារាំង ដូចជា៖ គណិតវិទ្យា រូបវិទ្យា ជាដើមដែលទាមទារ ឲ្យយើងប្រែសម្រួល មកជាភាសាខ្មែរដើម្បីងាយស្រួលដល់អ្នកសិក្សាទូទៅ។

ដោយ៖ បូណា

អត្ថបទទាក់ទង៖

មេដឹកនាំមហាយក្សទាំងពីរ


ស្របពេលដែលសហរដ្ឋអាមេរិច ទើបតែបោះឆ្នោតរើសបានប្រធានាធិបតីថ្មី តាមរយៈការបោះ ឆ្នោតកាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយលោក បារ៉ាក់ អូបាម៉ា​ នៅបន្ដជា ប្រធានា ធិបតីនោះនៅឯសាធារណរដ្ឋប្រជាមានិតចិនក៏បានបើកមហាសនិ្នបាតគណបក្សកុម្មុយនីស្ដចិនដើម្បី រើសមេដឹកនាំថ្មីដែរ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយសម្រេចតែងតាំងលោក ស៊ី ជីនពីង អនុប្រធានាធិបតីចិនឲ្យក្លាយជាអគ្គលេខាបក្សកុម្មយនីស្ដចិន និង ជាប្រធានាធិបតី ជំនួសលោក ហ៊ូ ជីនតាវ សម្រាប់ខែមីនា ឆ្នាំ២០១៣ និង លោក លោក លី ខឺឈាំងជា នាយករដ្ឋមន្ដ្រីថ្មីជំនួសលោក វេន ជាវប៉ាវ ដែលចប់អាណ្ណត្តិ។​

ទោះបីចិនជារដ្ឋកុម្មុយនីស្ដ ប៉ុន្ដែចិនតែងតែផ្លាស់ប្ដូរមេដឹកនាំរបស់ខ្លួនជារៀងរាល់ ១០ឆ្នាំម្ដង ដើម្បីកុំឲ្យមានអំពើពុករលួយ និង បក្ខពួកនិយមកើតមាន​ឡើង​ក្នុងសង្គមចិន៕

ដោយ៖ បូណា

អំពីត្រា និង​ផ្លិត​មន្ត្រី​សង្ឃ


ត្រា និង​ផ្លិត​មន្ត្រី​សង្ឃ

សម្ដេចព្រះសង្ឃរាជ, ព្រះសង្ឃនាយក ឬ​សម្ដេច​ព្រះ​សង្ឃ​នាយក និង​មន្ត្រី​សង្ឃ​ទីរាជាគណៈ, ឋានានុក្រម​គ្រប់​ថ្នាក់ មាន​ត្រា​និង​ផ្លិត​ជា​គ្រឿង​សំគាល់ ដូច​ខាង​ក្រោម​នេះ

អំពីត្រា

ត្រា​សម្ដេច​ព្រះ​សង្ឃរាជ

ត្រូវ​ធ្វើ​មាន​រូប​ប្រាសាទ នៅ​ចំ​កណ្ដាល ខាង​ស្ដាំ​មាន​ ​ស្រួច ខាង​ឆ្វេង​មាន​ថូ​ទឹក​កណ្ឌី មាន​ក្បាច់ភ្ញី​ ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​មាន​ក្បាច់​ត្របក​ឈូក ។

ត្រា​ព្រះ​រាជា​គណៈ គ្រប់​ថ្នាក់

ត្រូវ​ធ្វើ​ស្រួច នៅ​ចំ​កណ្ដាល មាន​ក្បាច់​ភ្ញី​ភ្លើង​ ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ មាន​ក្បាច់​ត្របក​ឈូក ។

ត្រា​មេគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥៥ម ត្រូវ​ធ្វើ​ជា​ក្បាច់​រូប​ផ្លិត​ស្រួច មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ ត្រូវ​ធ្វើ​ ក្បាច់​ត្របក​ឈូក នៅ​ក្រោម​​ត្រូវ​មាន​ឆ្លាក់​ អក្សរ​ខ្មែរ​សំគាល់​ថា​ជា មេគណ ។

ត្រា​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥៣ម ត្រូវ​ធ្វើ​ក្បាច់​ជា​​ផ្លិតរូប​ឆែក​ជុំ​ វិញ មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ ត្រូវ​ធ្វើ​ ក្បាច់​ត្របក​ឈូក នៅ​ក្រោម​​ត្រូវ​មាន​ ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា អនុគណ ។

ត្រា​ឋានានុក្រម (ព្រះគ្រូនិង​ព្រះ​បាឡាត់ ព្រះ​វិន័យធរ និង​ព្រះ​វិន័យធម្ម ឬ​ព្រះ​ធម្មធរ)

ត្រូវ​ធ្វើ​ផ្លិត​មូល​ឆែក​ជុំ​វិញ​ចំ​កណ្ដាល មាន​ក្បាច់​ភ្ញី​ ភ្លើង​ខាង​ៗ នៅ​គែម​រឿ​ជុំ​វិញ មាន​ក្បាច់​ត្របក​ឈូក​។

ត្រា​ព្រះ​សមុហ៍

ត្រូវ​ធ្វើ​ផ្លិត​មុខ​ព្រហ្ម​ចំ​កណ្ដាល មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ មាន​ក្បាច់​ត្របក​ឈូក ។

ត្រា​ព្រះ​បាឡាត់​គណ​ ព្រះ​វិន័យធរ​គណ និង ព្រះ​វិន័យធរ​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​រូប​ផ្លិត​មូល​ឆែក​ជុំ​វិញ មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា បាឡាត់​គណ វិន័យធរ​គណ ឬ វិន័យធរ​អនុគណ ។

ត្រា​ព្រះ​សមុហ៍​គណ​គណ និង ព្រះ​សមុហ៍​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​រូប​ផ្លិត​មុខ​ព្រហ្ម ដូច​ផ្លិត​សម្រាប់​សមុហ៍ របស់​ព្រះ​រាជា​គណៈ​ទាំង ៤ ថ្នាក់ មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា សមុហ៍​គណ ឬ សមុហ៍​អនុគណ ។

ត្រា​លេខាធិការ​គណ និង អនុលេខាធិការ​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​រូប​សីមា មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា លេខាធិការ​គណ ឬ អនុ​លេខាធិការ​អនុគណ ។

ត្រា​ចៅអធិការ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​​ផ្លិត​មុខ​ព្រហ្ម ផ្លិត​រងមាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា ចៅអធិការ នាម​វត្ត ឈ្មោះ​ឃុំ ស្រុក ខេត្ត ។

អំពីផ្លិត

ផ្លិត​សម្ដេច​ព្រះ​សង្ឃរាជ

សម្ដេចព្រះសង្ឃរាជត្រូវប្រើផ្លិត ពណ៌​លឿង

ផ្លិត​ព្រះ​រាជា​គណៈ

ព្រះរាជាគណៈគ្រប់ថ្នាក់ត្រូវប្រើផ្លិតតាមឋានៈដូចខាងក្រោម៖

ថ្នាក់​ឯក : ពណ៌​ក្រហម

 – ថ្នាក់​ទោ : ពណ៌​បៃតង

ថ្នាក់​ត្រី : ពណ៌ស្វាយ

ថ្នាក់​ចត្វា : ពណ៌​ខៀវ

ផ្លិត​ឋានានុក្រម

ព្រះ​គ្រូ ព្រះ​បាឡាត់ ព្រះ​វិន័យធរ ព្រះ​វិន័យធម្ម ឬ​ ព្រះ​ធម្មធរ ត្រូវ​ប្រើ​ផ្លិត​មូល​ឆែក​ជុំ​វិញ ។ ឯ​ព្រះ​សមុហ៍ ត្រូវ​ប្រើ​ផ្លិត​មុខ​ព្រហ្ម ។ ចំពោះ​ពណ៌ ត្រូវ​ធ្វើ​ តាម​ថ្នាក់​ព្រះ​រាជា​គណៈ​ដែល​បាន​តែងតាំង ។

រៀបរៀងដោយ៖ ម៉ី យ៉ាំ (១៩៩៨)

គម្ពីរ​ស្លឹករឹត​ ឬ សាស្ដ្រាស្លឹករឹត


(ប្រភពរូបភាព៖​ http://www.postkhmer.com)

គម្ពីរ​នេះ កើត​មាន​នៅ​ប្រទេស​កម្ពុជា អស់​កាល​យូរ​លង់​ហើយ ។ តាំង​ពី​មាន​ព្រះ​ពុទ្ធសាសនា ផ្សាយ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​កាល​ណា គេ​ឃើញ​មាន​គម្ពីរ​ស្លឹករឹត តាំង​ពី​ពេល​នោះ​មក ។ ក្នុង​សម័យ​ដើម, ព្រះ​ពុទ្ធ​វចនៈ ទាំង​ព្រះ​វិន័យ ព្រះ​អភិធម្ម ទាំង​បាលី សម្រាយ​ក្ដី ក្បួន​ហោរាស្ត្រ តម្រា សម្រាប់​ទស្សន៍ទាយ​ក្ដី ច្បាប់​ផ្សេង ៗ សម្រាប់​គ្រប់គ្រង​ប្រទេស មាន​ច្បាប់ ជ័យជេដ្ឋាជាដើម​ក្ដី នៅ​ក្នុង​ប្រទេស​កម្ពុជា សុទ្ធ​តែ​គេ​ចារ​ចុះ​លើ​ស្លឹករឹត ឬ ក្រាំង​ទាំងអស់ ដោយ​គេ​និយម​ថា​ជា​ថា​វរ​វត្ថុ​ជាប់​រឹងមាំ តម្កល់​ទុក​បាន​យូរ​អង្វែង ។

ឯ​របៀប​ដែល​ធ្វើ​ស្លឹករឹត​អោយ​បាន​ចារ​ជា​អក្សរ កើត​មាន​ដូច​តទៅ​នេះ​

មុន​ដំបូង​ស្វែង​រក​ដើម​ស្លឹករឹត

ស្លឹក​រឹត ជា​រុក្ខជាតិ​ព្រៃ ដុះ​នៅ​លាយឡំ​ជា​មួយ​នឹង​ឫស្សី និង​រុក្ខជាតិ​ផ្សេង ៗ ជា​រុក្ខជាតិ​មាន​តែ​ដើម ធាង ស្លឹក ដុះ​ចេញ​មក​ជា​កំពូល​ប៉ុណ្ណោះ គ្មាន​មែក​ទេ (សម្បូរ​ជាង​គេ​នៅ​ខេត្ត​ក្រចេះ) ។ កាល​ណា​គេ​ត្រូវ​ការ​ប្រើប្រាស់ គេ​កាប់​យក​តែ​កំពូល​របស់​វា មក​កាត់​ជា​បី​កំណាត់​

កំណាត់​ខាង​គល់ គេ​យក​ទ្រនុង​ចេញ, ទ្រនុង​យក​ទៅ​ធ្វើ​ជា​ខ្នួច ឬ​ចំណង​ផ្សេង ៗ រី​ស្លឹក គេ​យក​ទ្រនុង​របស់​វា​មក​ដេរ​ភ្ជាប់​ធ្វើ​ជា​រនាំង សម្រាប់​បាំង ឬ ប្រក់ ។

កំណាត់​ខាង​កណ្ដាល ធ្វើ​ជា​ស្លឹក​រឹត សម្រាប់​ចារ ឬ​សរសេរ​អក្សរ​ជា​គម្ពីរ ឬ​ក្បួន​ច្បាប់​ផ្សេង ៗ ពីព្រោះ​វា​ស្មើ មិន​រៀវ មិន​ក្រាស់ ស្ដើង ។

កំណាត់​ខាង​ចុង គេ​ដេរ​ភ្ជាប់​ដោយ​ទ្រនុង​របស់​វា​ធ្វើ​ជា​ភ្ជល់ ។

ចំពោះ​ស្លឹករឹត ដែល​គេ​យក​មក​ចារ​ជា​អក្សរ ចារឹក​ជា​គម្ពីរ ឬ​ក្បួន​ច្បាប់​ផ្សេង ៗ, មុន​ដំបូង គេ​ត្រូវ​យក​ស្លឹករឹត​ទៅ​សក សក​អោយ​អស់​ទ្រនុង ចៀរ​អោយ​ស្មើ យក​ទៅ​ហាល​ថ្ងៃ​អោយ​ស្ងួត រួច​ហើយ​យក​ទៅ​ហាល​សន្សើម​ពេល​យប់ ដើម្បី​អោយ​វា​លាក​ត្រង់​មក​វិញ ។ រួច​គេ​ធ្វើ​ប្រដាប់​សម្រាប់​ចោះ​ប្រហោង ២ លែ​ជា ៣ ភាគ ចម្ងាយ​ពី​គ្នា ២០ សង្ទីម៉ែត្រ ចោះ​ប្រហោង ២ ចម្ងាយ​ពី​គ្នា​ដូច​ស្លឹករឹត​ដែរ យក​ឆ្អឹង​ឆត្រ ១ គូ សម្រួច​អោយ​ត្រង់ ដោត​នៅ​ប្រហោង​ក្រប​ខាង​ក្រោម រួច​យក​ស្លឹករឹត​ដែល​ចោះ​ប្រហោង ២ ហើយ ទៅ​ចុះ​ស៊ក​ចំ​ដែក​ស្រួច​ទាំង ២ ។ លុះ​ស៊ក​បាន ចំនួន ២០០ សន្លឹក​ហើយ ត្រូវ​យក​ក្រប​មួយ​ទៀត ទៅ​ដាក់​ពី​លើ ស៊ក​អោយ​ចំ​ប្រហោង​ទាំង​ពីរ រួច​បញ្ចូល​ទៅ​ក្នុង​ផ្នោះ ឃ្នាប ។ ផ្នោះ​នោះ គេ​ធ្វើ​ដោយ​ឈើ​មាន​ខ្លឹម រឹង មាន​ប្រហោង​ទាំង​ពីរ​ខាង ទំហំ​ល្មម​ដាក់​ស្លឹករឹត​ចូល បណ្ដោយ​ក៏​ប្រវែង​ស្លឹករឹត​ដែរ ។ លុះ​បញ្ចូល​ទាំង​ស្លឹករឹត ទាំង​ក្រប​ហើយ គេ​រឹត​ដោយ​ដែក​អង្គំ ឬ ស្នៀត​អោយ​ណែន​រឹង​ដូច​ឈើ រួច​ហើយ​ផ្ដេក​ផ្នោះ​ច្រឹប​ស្លឹករឹត​ដែល​លើស​ចោល​ទុក​ត្រឹម​តែ​ប្រវែង ៥៥ សង្ទីម៉ែត្រ រួច​យក​ដែល​ឈួស​ដ៏​មុត ឈូស​អោយ​ស្មើ​បណ្ដោះ​អាសន្ន​ទើប​ដោះ​ចេញ​ពី​ផ្នោះ យក​ខ្សែ​ទ្រនុង​រឹត​មក​ចង​បណ្ដោះ​អាសន្ន​រួច​យក​ទៅ ឆ្អើរ​ភ្លើង ឆ្អើរ​ល្មម​ហើយ​ទើប​បក​ពង្រាយ​យក​ទៅ​វាយ​បន្ទាត់ ជា ៥ ឬ តាម​តែ​លៃលក ។

របៀប​វាយ​បន្ទាត់

មុន​នឹង​ចារ គេ​ត្រូវ​វាយ​បន្ទាត់​លើ​ស្លឹករឹត​ជា​មុន​សិន ទើប​ចារ​ទៅ​វា​ត្រង់ ។ ឯ​របៀប​វាយ​បន្ទាត់ ដូច​ខាង​ក្រោម​នេះ

គេ​យក​ឈើ​បន្ទះ​ទំហំ​ ទោល ២ សង្ទីម៉ែត្រ បន្ទារ ៣ សង្ទីម៉ែត្រ ឈូស​អោយ​ស្អាត យក​មក​វាយ​ជា​ផ្នោះ​រាង​បួន​ជ្រុង​ទ្រវែង បណ្ដោយ​ប្រវែង ៧០ សង្ទីម៉ែត្រ ទទឹង​ប្រវែង ២០ សង្ទីម៉ែត្រ អោយ​រឹងមាំ រួច​អារ – ក្រិត ៦ គំនូស​ឃ្លាត​ពី​គ្នា ១ សង្ទម៉ែត្រ ។ នៅ​ចុង​សងខាង​ផ្នោះ ត្រូវ​ចោះ​ប្រហោង​ទាំង ២ ខាង​អោយ​ធំ ខាង​ដើម​មាន ៦ ខាង​ចុង​មាន​តែ ១ យក​ឫស្សី​បិត​អោយ​មូល​ស្អាត ធ្វើ​របួត​ស៊ក​ចូល​ក្នុង​ប្រហោង​នៅ​ចុង​សងខាង​ផ្នោះ​នោះ រួច​យក​ខ្សែ​អំបោះ​ដែល​គេ​វេញ​អោយ​រឹងមាំ អោយ​ឆ្មារ​ល្មម​ធ្វើ បន្ទាត់​បាន ទៅ​ចង​របួត​ម្ខាង​ដែល​មាន​តែ ១ រួច​យក​ចុង​ខ្សែ​ម្ខាង​ទៀត​ទៅ​ចង​នឹង របួត​ទាំង ៦ ដែល​នៅ​ចុង​ផ្នោះ​ម្ខាង​ទៀត ។ គេ​ចង​របៀប​នេះ ដើម្បី​ងាយ​រឹត​ខ្សែ​ទាំង ៦ អោយ​តឹង​ស្មើ​គ្នា ។ បើ​ខ្សែ​ណា​មួយ​ធូរ គេ​រឹត​តែ​របួត​ដែល​ចង​ខ្សែ​នោះ ។ គេ​ដាក់​ខ្សែ​នីមួយ ៗ អោយ​ចំកម្រិត​ដែល​អារ​អង្កន់​ជា​ស្នាម រួច​យក​ធ្យូង​យ៉ាង​ខ្មៅ មក​បុក​អោយ​ម៉ដ្ឋ​លាយ​ជា​មួយ​ទឹក​អោយ​ខាប់ យក​ស្រកី​ដូង​ដំ​អោយ​ទក់​ជ្រលក់​ទៅ​នឹង​ទឹក​ធ្យូង រួច​លាប​ខ្សែ​បន្ទាត់​ទាំង ៦ កូត​ទៅ​កូត​មក អោយ​សព្វ រួច​យក​ស្លឹករឹត ទៅ​ដាក់​តម្រៀប​លើ​ក្ដារ​ស្មើ រៀប​អោយ​ត្រឹម​លើ​ខ្សែ​បន្ទាត់ ទាំង​ផ្នោះ​ដាក់​ទទឹង​ស្លឹករឹត​ខាង​ដើម​ខាង​ចុង លៃ​ទុក ៤ សង្ទីម៉ែត្រ វាយ​បន្ទាត់ ១ ទុក​ជា​ខ្នាត​សិន រួច​ហើយ​ទើប​ចាប់​វាយ​បណ្ដោយ​ស្លឹករឹត ៥ បន្ទាត់ ឬ ៦ បន្ទាត់ តាម​តែ​ពេញ​ចិត្ត ។

របៀប​ចារ​អក្សរ

មុន​នឹង​ចារ ត្រូវ​មាន​ឧបករណ៍ ៣ គឺ​

ឈើ​ទ្រនាប់ ឈើ​ទ្រនាប់​សំប៉ែត​ប្រវែង ៣០ សង្ទីម៉ែត្រ បន្ទារ​ប៉ុន​ស្លឹករឹត ឈូស​អោយ​ស្អាត យក​សាច់​សំពត់​ដេរ​ស្រោប​ពី​ក្រៅ ដើម្បី​ចារ​ទៅ​ទន់​ផង ទប់​កុំ​អោយ​រអិល​ផង ។

ស្នាប់​ដៃ ស្នាប់​ដៃ​ធ្វើ​ដោយ​ស្លឹករឹត ១ សន្លឹក រង្វង់​ប៉ុន​ឈើ​ទ្រនាប់​សម្រាប់​ស្រោប​ពី​លើ​ឈើ​ទ្រនាប់ រួច​ច្រក​ស្លឹករឹត​ចូល​ក្នុង​ស្នាប់​ដៃ ដើម្បី​ចារ​ទៅ​កុំ​អោយ​រអិល ។

ដែក​ចារ ដែល​ចារ​ដង​ឈើ​មូល ស្រួច​ដើម​ស្រួច​ចុង គេ​បង្កប់​ដែក​ទាំង​ពីរ​ខាង សំលៀង​នឹង​ថ្ម​អោយ​មូល – មុត ។ (គេ​ច្រើន​យក​ម្ជុល​ដេរ​យន្ត​ខាង​គល់ ពីព្រោះ វា​រឹង​មុត​ស្អាត​ល្អ)

ចាប់​ផ្ដើម​ចារ ត្រូវ​យក​ស្លឹករឹត​មួយ​សន្លឹក​ម្ដង បញ្ចូល​ក្នុង​ស្នាប់​ដៃ​ដាក់​ស្នាប់​ដៃ​នៅ​ខាង​លើ​បង្គាប​មេ​ដៃ​ខាង​ឆ្វេង យក​ដែក​ចារ​កាន់​ដៃ​ខាង​ស្ដាំ ដាក់​សង្កត់​លើ មៃ​ដៃ ខាង​ឆ្វេង​លៃ​អោយ​ល្មម​ទើប​ចាប់​ផ្ដើម​ចារ​តទៅ ចារ​ម្ខាង​អស់​ហើយ ត្រឡប់ ចារ​ម្ខាង​ទៀត ។ ចុះ​លេខ​រៀង​នៅ​ដើម​សន្លឹក​ជួន​កាល​គេ​ប្រើ​ជា​អក្សរ ។

របៀប​លុប​អក្សរ

កាល​ណា​គេ​ចារ​អក្សរ​ឡើង​ស្លឹករឹត​ហើយ គេ​លែង​ហៅ​ថា ស្លឹករឹត​ទៀត​ហើយ គឺ​ហៅ​ថា សាស្ត្រាវិញ ។ ចារ​ហើយ​ត្រូវ​លុប​អក្សរ​ទៀត ទើប​មើល​បាន ។

លុះ​អក្សរ គឺ​ធ្វើ​អក្សរ​អោយ​មើល​ឃើញ​ច្បាស់ ។ គេ​ត្រូវ​រក​ធ្យូង​ម្រែង​ភ្លើង​យ៉ាង​ខ្មៅ លាយ​ជា​មួយ​ជ័រ​ទឹក​យ៉ាង ថ្លា​កូរ​អោយ​ចូល​គ្នា​សព្វ រួច​យក​សាច់​ក្រណាត់​មក​ចង​ជា​កញ្ចប់​ជ្រលក់​ក្នុង​ទឹក​ខ្មៅ យក​ជូត​អក្សរ​លើ​ស្លឹករឹត ជូត​អោយ​ពេញ​ទាំងអស់ ទោះ​ជា​ស្លឹករឹត​ទទេ​ក៏​ដោយ ។ ជូត​សព្វ​ហើយ ត្រូវ​យក​ដី​ខ្សាច់​ល្អិត​ម៉ត់​ស្អាត ទៅ​បាច​លើ​ស្លឹករឹត រួច​យក​ក្រណាត់​ទៅ​ជូត ដៃ​ម្ខាង​ទ្រាប់​ក្រណាត់​ទាញ​ស្លឹក​សាស្ត្រា ដៃ​ម្ខាង​ទៀត​ទ្រាប់​ក្រណាត់​ទប់ ។ ធ្វើ​ដូច្នេះ ទាល់​តែ​អស់​ជ័រ​ទឹក​ស្អាត​រលីង រួច​យក​ទៅ​ហាល​ថ្ងៃ​អោយ​ស្ងួត​ស្រួល ទើប​ប្រមូល​យក​មក​តម្រៀប​ស្លឹក​តាម​លេខ​ទំព័រ មួយ​កណ្ឌ​ម្ដង ៗ ដរាប​ដល់​ចប់ ១ គម្ពីរ រួច​ហើយ រៀបចំ​ឈូស​ដុស​ខាត់ អោយ​ស្អាត ដើម្បី​ទឹបមាស ។

របៀប​ឈូស​សម្អាត

លុះ​ដល់​អក្សរ​មើល​ឃើញ​ច្បាស់​ហើយ គេ​ត្រូវ​ឈូស ដុស​ខាត់​អោយ​ស្អាត​សម្រេច ដើម្បី​ទឹបមាស ។ មុន​ដំបូង គេ​ត្រូវ​ឈូស​ឈើ​ធ្វើ​ក្រប ២ ទៀត សម្រេច​មាន​ទំហំ​ ៖ ប្រវែង ៥៥ សង្ទីម៉ែត្រ បន្ទារ ៥,៥ សង្ទីម៉ែត្រ ទោល ២ សង្ទីម៉ែត្រ ២ បន្ទះ ចោះ​ប្រហោង ២ ដូច​មុន រួច​យក​ទ្រនុង​រឹត​យ៉ាង​រឹងមាំ ១ គូ បិត​អោយ​មូល​ស្អាត សម្រួច​ចុង​ដោត​ក្នុង​ប្រហោង​ក្រប​ខាង​ក្រោម​បញ្ឈរ​ឡើង​រួច​យក​ស្លឹក​ទទេ​ពីរ​សន្លឹក​សិន ទើប​ស៊ក​ស្លឹក​ដែល​មាន​អក្សរ​ជា​បន្ត​បន្ទាប់​ដល់​ចប់ លុះ​ចប់​ហើយ ត្រូវ​ស៊ក​សន្លេក​ទទេ ២ សន្លឹក​ទៀត រួច​ទើប​បញ្ចូល​ទៅ​ក្នុង​ផ្នោះ រឹត​អោយ​ណែន​រឹង​ដូច​ឈើ សំលៀង​ដែក​ឈូស​អោយ​មុត​ស្មើ ឈូស​អោយ​ស្មើ​នឹង​ក្រប​ទាំង​ពីរ​ខាង យក​ក្រដាស​ខាត់​សាច់​ល្អិត ខាត់​អោយ​ស្អាយ​ឡើង​រលោង រួច​ហើយ​ទើប​យក​ទឹក​ម្រ័ក្សណ៍​យ៉ាង​ថ្លា លាប​ពេញ​ទាំងអស់ យក​ទៅ​ហាល​ថ្ងៃ​មួយ​ស្របក់​ធំ រួច​យក​ជាតិ​ហិង្គុល​ពណ៌​ក្រហម បុក​អោយ​ម៉ដ្ឋ លាយ​ដោយ​ម្រ័ក្សណ៍ លាប​ពី​លើ​ម្រ័ក្សណ៍​ទៀត ទុក​អោយ​ស្ងួត​ល្អ ទើប​ចាប់​ផ្ដើម​ទឹបមាស ។

រៀប​ទឹបមាស

មុន​ដំបូង គេ​វាស់​ចែក​សាស្ត្រា​ជា​បី​ភាគ​ស្មើ​គ្នា ភាគ​ខាង​ដើម និង​ខាង​ចុង​គេ​ទឹបមាស ភាគ​កណ្ដាល គេ​ទុក​នៅ​ជា​ជាតិ​ហិង្គុល​ក្រហម​ដដែល ។ មុន​នឹង​ទឹប គេ​យក​មើម​ខ្ទឹម​ស ទៅ​មុខ​អោយ​ល្អិត​ម៉ដ្ឋ​ខៃ យក​ស្បៃ​មុង​ទៅ​ខ្ចប់ រួច​ជូត​អោយ​សព្វ ទើប​យក​មាស​សន្លឹក​សុទ្ធ ទៅ​បិទ​ពី​លើ​អោយ​រាប​ស្មើ​ល្អ មួយ​សន្លឹក​ម្ដង ៗ រួច​ហើយ​គ្រប​អោយ​ជិត​ចំនួន ៧ ទៅ ១០ ថ្ងៃ ទើប​បក​រំគាយ​សន្លឹក​ចេញ រៀបចំ​ស៊ក​ខ្សែ​មួយ​កណ្ឌ​ម្ដង ៗ ។

របៀប​ធ្វើ​ខ្សែ​សាស្ត្រា

ខ្សែ​សាស្ត្រា គេ​ធញវើ​ដោយ​អំបោះ​ស្លាត់ ដែល​មាន​ជាតិ​រលោង – ទន់ គេ​យក​ទៅ​ជ្រលក់​អោយ​មាន​ពណ៌​ផ្សេង ៗ រួច​ក្រង​ចាក់​ជា​កន្ទុយ​កណ្ដុរ ៤ ឬ ៥ ធ្លុង រឹត​អោយ​ណែន ម្ខាង​ទៀត​ទុក​អោយ​មាន​កន្ទុយ​រំភាយ ។ រួច​ហើយ​យក​ខ្សែ​ទៅ​ដោត​នៅ​ប្រហោង​ស្លឹក​សាស្ត្រា​ខាង​ឆ្វេង​តែ​មួយ​ទេ ប្រហោង​ខាង​ស្ដាំ​ទុក​ចោល ។ មុន​ដំបូង ត្រូវ​ដោត​ស្លឹក​ចំណង​ជើង បន្ទាប់​មក ស្លឹក​ទទេ ២ សន្លឹក​ទៀត ស្លឹក​ដែល​មាន​អក្សរ ខាង​ចុង​បំផុត ស្លឹក​ទទេ ២ សន្លឹក​ទៀត រួច​បញ្ចូល​កន្ទុយ​ខ្សែ​ក្នុង​កន្លះ រឹត​អោយ​ស្មើ​គ្រប់​កណ្ឌ ។ លុះ​ចប់​មួយ​គម្ពីរ​ហើយ ត្រូវ​តម្រៀប​ពី​កណ្ឌ​ទី ១ ដល់​ចប់ រួច​យក​ក្រប​ទាំង​ពីរ ដាក់​គាប​គ្នា យក​ខ្សែ​អំបោះ​វេញ​អោយ​តឹង ២ ខ្សែ ដែល​ម្ខាង​មាន​កន្លុះ​ស៊ក​កន្ទុយ​ខ្សែ​ក្នុង​កន្លុះ ទាំង​ពីរ​ឆ្វេង​ស្ដាំ ព័ទ្ធ ២ – ៣ ជុំ រឹត​អោយ​ណែន​ស្មើ​គ្នា​ចង​អោយ​ជាប់ រួច​ហើយ​យក​សំបក​គម្ពីរ​មក​រុំ ។

របៀប​ធ្វើ​សំបក​គម្ពីរ

សំបក​គម្ពីរ ជា​គ្រឿង​ប្រដាប់​ខាង​ក្រៅ គេ​ធ្វើ​សម្រាប់​រុំ​ការពារ​គម្ពីរ​ខាង​ក្នុង​អោយ​ល្អ​ស្អាត ស្ថិតស្ថេរ​បាន​យូរ ។ គ្រឿង​ប្រដាប់​នេះ គេ​ថ្វើ​ដោយ​៖

ដំបូង គេ​យក​ទ្រនុង​រឹត​រើស​យក​តែ​រឹង ៗ មក​កាត់​ប្រវែង​គម្ពីរ បិត​អោយ​ស្មើ​ស្អាត យក​អំបោះ​មក​វេញ​ធ្វើ​ខ្សែ​កម្រង ក្រង​អោយ​ញឹក អោយ​បាន​ទំហំ​ធំ​ជាង​គម្ពីរ ៣ ដង ។

យក​សាច់​ក្រណាត់​ស​ស្ងាត ទៅ​ដេរ​ស្រោប​កម្រង​ទ្រនុង រឹត​ទុក​ជាយ​ទាំង​ពីរ​ខាង ប្រវែង​ល្មម​បត់​មក​ទល់​គ្នា ឬ លើស​បន្តិច​ក៏​បាន ។

យក​សាច់​សំពត់​ល្អ​មាន​ពណ៌​ផ្សេង ៗ ឬ ហូល ។ល។ ស្រេះ​អង្កាំ​ខ្លះ​ផង​ក៏​មាន រុំ​ពី​ខាង​ក្រៅ​ទៀត ។

មាន​ខ្សែ​ដែល​ដេរ​ដោយ​សាច់​សំពត់​ល្អ – សំប៉ែត​ប្រហែល​ជា ១ សង្ទីម៉ែត្រ ប្រវែ​ជាង ១ ម៉ែត្រ ដេរ​ភ្ជាប់​ទៅ​នឹង​សាច់​សំពត់​ខាង​ក្រៅ សម្រាប់​រុំ កុំ​អោយ​រាត់រាយ ។


ថ្ងៃ​ទី ៣១ ខែ ឧសភា ឆ្នាំ ១៩៩៤

រៀបរៀង​ដោយ៖ សម្ដេច​ព្រះ​មង្គល​ទេពាចារ្យ អ៊ុម ស៊ុម

អគ្គាធិការ​នៃ​ពុទ្ធិក​សិក្សា

ចៅអធិការ​វត្ត​មហាមន្ត្រី

រាជធានី ភ្នំពេញ

ក្មួយប្រុសខ្ញុំ៖ អបអរសាទរខួបកំណើតគម្រប់ ៥ឆ្នាំ


ពីកម្ពុជា៖ កម្មវិធី និង ថ្ងៃខួបកំណើតគម្រប់ ៥ឆ្នាំរបស់ក្មួយប្រុសបានមកដល់ដោយ សារតែនៅឆ្ងាយពីគ្នាក្នុងឋានៈជាមាបានត្រឹមតែជូនពរក្មួយពី ចម្ងាយតាមរយៈសារ អេឡិច ត្រូនិចទៅម្ដាយក្មួយ⁣កាលពីពីរថ្ងៃមុន និង បានទូរស័ព្ទជូនពរផ្ទាល់មាត់កាលពីព្រឹក ព្រលឹម ថ្ងៃនេះ ម៉ោងនៅកម្ពុជាដើម្បីឲ្យត្រូវនឹងកម្មវីធីនៅទីនោះ។ តាមរយៈទំព័រប្លក់នេះ សូមឲ្យ ក្មួយប្រុសបានជួបតែសេចក្ដីសុខ ចម្រើន កាន់តែ ឆ្លាតវាងវៃឡើង ស្ដាប់បង្គាប់ឪពុក ម្ដាយ ។ល។ 😀 Happy Birthday to You !!! Wishing you all the best for your Birthday. From Uncle.

អត្ថបទទាក់ទង៖

%d bloggers like this: