អំពីដើម​កំណើត​ប្រាសាទ​អង្គរ​ (ត)


ដើម​កំណើត​ប្រាសាទ​អង្គរ

(ត​ពីខ្សែ ៣)

លោក ល្វី ហ៊្វ‍ីណូត៍ ចាងហ្វាង​សាលា​បារាំង​សែស

នៅ​ចុង​បូព៌ា​ប្រទេស ហាណូយ ជា​អ្នក​អធិប្បាយ

ក្រុម​ការ ជុំម៉ៅ ធ្វើ​រាជការ​នៅ​ព្រះ​រាជ​បណ្ណាល័យ

ប្រែ​ចេញ​ជា​ភាសា​ខ្មែរ

5-Douglass-1927-Angkor-Watប្រាសាទ​បាយ័ន​មាន​រាង ៤ ជ្រុង ធំ​ក្រោម​តូច​លើ មាន ៣ ថ្នាក់ ថ្នាក់ ២ ខាង​ក្រោម ហើយ​ថ្នាក់ ១ ដែល​ខ្ពស់​ជាង​គេ​នោះ មាន​លំពូល​ទៅ​ទៀត ដែល​ជា​កន្លែង​សម្រាប់​ធ្វើ​សន្និបាត ប៉ុន្តែ​ភ្នំ​កណ្ដាល​នេះ ទាំង​ខាង​ក្រោម ទាំង​កំពូល មិន​ធ្វើ​ឲ្យ​ដូចជា​ផែនទី​ដំបូង​នោះ​ទេ តាម​ផែនទី​ដើម​ថែវ​នៃ​ថ្នាក់​ទី ២ នោះ​ព័ទ្ធ​ជុំវិញ​ធ្លា ១ ជា​ខ្វែង​ជើង​ក្អែក ហើយ​ត្រូវ​ជាប់​ទៅ​លើ​ថ្នាក់​ក្រោម​នៃ​ប្រាសាទ​នោះ ឯ​ទី​សន្និបាត​កណញដាល​នោះ​មាន​ទំហំ​ល្មម អស់​ទាំង​កំពូល​ថែវ​ទាំង​នោះ មាន​ខ្លោង​ទ្វារ​ឆ្លាក់​ក្បាច់​ដ៏​ផ្ចិតផ្ចង់​នៅ​កន្លែង​វាល នឹង​មាន​ពន្លឺ​ពេញ សព្វ​ថ្ងៃ​នេះ​ខ្លោង​ទ្វារ​ទាំង​នោះ​មើល​មិន​ឃើញ​ឡើយ ។ ចុះ​ដោយ​ហេតុ​អ្វី បាន​ជា​មើល​មិន​ឃើញ គឺ​ថា​ជា​ក្រោយ​គំនិត​ថ្មី​ទៀត​នោះ ថ្នាក់​ខាង​លើ​បាន​បន្ដុប​ខ្ពស់ និង​ពង្រីក​ឲ្យ​ទូលាយ​ឡើង ទូលាយ​លុះ​ដល់​ទៀប​នឹង​ប៉ះ​ថែវ​ខាង​ក្រោម មក​គាំ​នឹង​ខ្លោង​ទ្វារ​ដែល​ចូល​ខាង​ក្រៅ ខ្លោង​ទ្វារ​ទាំង​នេះ​បាត់​អស់​មើល​មិន​ឃើញ ដោយ​អំណាច​ប៉ះ​ភ្ជិត​ជា​ថ្មី​ទាំងអស់ ឯ​ប៉ះ​នោះ​ជួន​កាល​ទុក​របស់​ចាស់​ឲ្យ​នៅ ជួន​កាល​កាត់​ខ្លះ​ចេញ ដោយ​របស់​ទាំង​នោះ​នៅ​ទាប​ជាង ឬ​ខ្ពស់​ជាង​បន្ទាត់ ដែល​គេ​ប៉ះ​គ្នា​នេះ ។

កាល​ក្នុង​ឆ្នាំ ១៩៣២ គេ​នៅ​ត្រឹម​សេចក្ដី​ត្រង់​នេះ លុះ​ដល់​មោន​សៀរ ប៉ារមង់ចេ ជា​អ្នក​ពិនិត្យ​ប្រាសាទ​បាយ័ន ចង់​មើល​ខ្លោង​ទ្វារ ១ ឲ្យ​ច្បាស់​នឹង​ពន្លឺ​ថ្ងៃ ក៏​បាន​ឲ្យ​គាស់​បំណាស់ ដែល​ប៉ះ​នៅ​ថ្នាក់​ខាង​លើ​ដែល​បាំង​នោះ​ចេញ លុះ​ភ្លឺ​ច្បាស់​ទៅ ទើប​ឃើញ​លេច​រូប ១ ឡើង គឺ​រូប​ទេវតា ១ ឈរ​លើ​ត្របក​ឈូក ដៃ​ទាំង ៤ កាន់​នូវ​ផ្គាំ សៀវភៅ​ផ្កា​ឈូក និង​គ្រឿង ១ ទៀត​បាក់​ដាច់ ប្រហែល​ដូចជា​ដប​ ១ នៅ​កំពូលម្កុដ​ខាង​មុខ​មាន​ព្រះ​ពុទ្ធ​រូប ១ ។ ជា​ឥត​ប្រយោជន៍ នឹង​យោបល់​ទៅ​ឆ្ងាយ អំពី​ទ្រង់ទ្រាយ​រូប​នេះ ព្រោះ​រូបរាង​ធ្វើ​មិន​ឲ្យ​មាន​សង្ស័យ​សោះ គឺ​ជា​រូប​ពោធិសត្វ​លោកេស្វរ ឬអវលោកេ​តេស្វរ ជា​អ្នក​ទ្រទ្រង់​នូវ​មនុស្ស​ជាតិ និង​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ជម្ងឺ ។

សួរ​ថា​តើ​ខ្លោង​ទ្វារ​នេះ ប្លែក​តែ​ឯង​ពី​គេ​ក្នុង​ខ្លោង​ទ្វារ​ទាំងអស់​ជុំវិញ​ភ្នំ​កណ្ដាល​នោះ​ឬ​អ្វី ឆ្លើយ​ថា​មិនមែន​ដូច្នោះ​ឡើយ ។

គេ​បាន​ឃើញ​រូប​លោកេស្វរ ១ ទៀត ដូចជា​រូប​មុន​នោះ​ដែរ ប៉ុន្តែ​ដោយ​នៅ ៗ ទី​ខ្ពស់​ជាង​មុន នោះ​គេ​បាន​កាត់​ព្រះ​កេស​ចេញ នូវ​វេលា​ដែល​គេ​ប៉ះ​នូវ​មេ​ដំបូល​ខាង​លើ ឃើញ​មាន​រូប​មនុស្ស ១ បាក់​បែក​ប្រហែល​ជា​ព្រះពុទ្ធ​រូប​ទ្រង់​ភ្នែន រូប​ឈរ​ជា​ច្រើន​បាក់​កំបុត ហើយ​ឆ្លាក់​ទៅ​ជា​លិង្គ​វិញ ឃើញ​មាន​រូប​ព្រះ​ឥន្ទ្រ​ជិះ​ដំរី ត​មក​ទៀត​មាន​រឿង​ព្រាហ្មណ៍​ជំទន់​ម្នាក់ ត្រូវ​ព្រួញ​ស្ដេច​ទសរថ​ស្លាប់ ប្រហែល​ជា​ធ្វើ​តាម​រឿង​សាមជាតត៍ ។

ក្នុង​ជំនុំ​ខ្លោង​ទ្វារ​ទាំងអស់ មាន​ខ្លោង​ទ្វារ​រឿង​ព្រះ​ឥសូរ​តែ​មួយ នៅ​លើ​ជណ្ដើរ​មុខ​ខាង​ជើង ខ្លោង​ទ្វារ​នោះ​ធ្វើ​ជា​រូប​ព្រះ​ឥសូរ មាន​ព្រះ​ព្រហ្ម និង​ព្រះ​នារាយណ៍ លុត​ជង្គង់​ប្រណម្យ​ឆ្វេង​ស្ដាំ ព្រះ​ឥសូរ​ឈរ​ក្នុង​ប្រឡោះ​ទ្វារ​មាន​រនាំង ២ ជាន់​ទម្លាក់​មក​ខាង​ក្រោយ ដៃ​ខាង​ស្ដាំ​កាន់​ផ្គាំ ដៃ​ខាង​ឆ្វេង​កាន់​បែប​ជា​ពាន ១ នៅ​មេ​ទ្វារ​ខាង​លើ គេ​ឃើញ​មាន​រូប​ជីញ្ជក់ ឬ​រូប​ក្រពើ ប្រជុំ​រូប​ទាំងអស់​ហាក់​ដូច ទំនង​ជា​ធ្វើ​រឿងរ៉ាវ​មិនមែន​ជា​ធ្វើ​សម្រាប់​គោរព​ឡើយ លើក​ចេញ​តែ​ខ្លោង​ទ្វារ ១ នេះ ខ្លោង​ទ្វារ​ទាំងអស់​ឯ​ទៀត ក្នុង​ថែវ​ជាន់​ទី ២ នោះ សុទ្ធ​តែ​ឬ​ទុក​ជា​ខ្លោង​ទ្វារ​ខាង​ពុទ្ធ​សាសនា​ទាំងអស់ ។

យើង​ឡើង​ទៅ​លើ​មេ​ដំបូល យើង​បាន​ឃើញ​នៅ​ទី​នោះ បំណែក​ព្រះ​ពុទ្ធ​អង្គ ដែល​បាក់​បែក​រាត់រាយ​ជា​ច្រើន គឺ​ស្នាម​រណ្ដៅ​ដែល​បន្តុប​នូវ​ពុទ្ធ​រូប​ធ្វើ​ជា​កំពូល គេ​វាយ​កំទេច​ចោល​ទាំងអស់ លើក​តែ​រូប​ខ្លះ​ដែល​ធ្វើ​រាង​ជា​ឥសី នោះ​គេ​ទុក​ទាំងអស់ មាន​កន្លែង​សន្និបាត ១ តូច​ខាង​ទិស​ឦសាន នោះ​រូប​ទាំងឡាយ​គេ​បំផ្លាញ​កំទេច​ចេញ​ទាំងអស់ ឯ​ប្រាសាទ​តូច ១ ដែល​ជាប់​ពី​បន្ទប់ ខាង​ត្បូង​ប្រាសាទ​ធំ​ក៏​ដូច​គ្នា​ដែរ ស្នាម​ដែល​នៅ​សល់​លើ​ខ្លោង​ទ្វារ​ខាង​ត្បូង​នោះ ធ្វើ​ឲ្យ​យើង​សម្គាល់​បាន​ជា​ពុទ្ធ​រូប ១ អង្គ​ទ្រង់​ភ្នែន និង​រូប​លោកេស្វរ ១ អង្គ ឈរ​នៅ​លើ​សសរ និង​ជញ្ជាំង​ត​ពី​កន្លែង​មហា​សន្និបាត​ទៅ នោះ​រូប​ព្រះ​ពុទ្ធ​ទាំងឡាយ​ដែល​បានឆ្លាក់​ជាប់​នៅ​ជាប់​នៅ​នោះ គេ​បាន​ដុស​ចេញ ប៉ុន្តែ​នៅ​មើល​ច្បាស់​ជា​ប្រាកដ ហើយ​នៅ​លើ​ជញ្ជាំង​កំពូល​ទៀត ក៏​ឃើញ​ពុទ្ធ​រូប​ជា​ច្រើន​ដែល​គេ​វាយ​បំបាក់​ចេញ ឬ​ឆ្លាក់​ទៅ​ជា​លឹង្គ​វិញ ។

សួរ​ថា ចុះ​អ្វី​ខ្លះ ដែល​ជា​របស់​សម្រាប់​សាសនា​ព្រះ​ឥសូរ​ជា​ប្រាកដ​នៅ​ក្នុង​បន្ទាយ​បាយ័ន​នោះ ឆ្លើយ​ថា​ខ្ញុំ​ស្មាន​ថា​មាន​តែ​របស់​តែ​ប៉ុន្មាន​ដូច​មាន​ខាង​ក្រោយ​នេះ​ទេ គឺ ១ជញ្ជាំង​ថែវ​ខាង​ក្នុង ឯ​ជញ្ជាំង​ថែវ​ខាង​ក្រៅ​នោះ​គ្មាន​ឆ្លាក់​រូប​អ្វី​ទេ ២មាន​អាស្រម ៤ ឬ ៤ មួយ​សម្រាប់​វិស្ណុ ឬ​ព្រះ​នារាយណ៍ ក្រៅ​ពី​នោះ​សម្រាប់​សិវ ឬ​ព្រះ​ឥសូរ​ទាំងអស់ វត្ថុ​ទាំង​ប៉ុន្មាន​នេះ​នឹង​ថា​ទើប​នឹងសាង​ជា​ក្រោយ​ប្រាសាទ​នោះ​ក៏​ថា​បាន ហើយ​សេចក្ដី​ដែល​ថា​ទើប​នឹង​សាង​ជា​ក្រោយ​នោះ ឃើញ​ពិត​ប្រាកដ​ណាស់​ដល់​អាស្រម ១ ក្នុង​ពួក​អាស្រម​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ទើប​នឹង​និយាយ​ខាង​លើ​នេះ ដែល​នៅ​ក្នុង​ព្រម​ខាង​ទិស​ឦសាន​នៃ​ថ្នាក់​ទី ២ បើ​គេ​ទៅ​ឈរ​ពី​ខាង​មុខ​អាស្រម​នេះ មាន​ជើង​ភ្នំ​កណ្ដាល​នៅ​ពី​ខាង​ឆ្វេង ហើយ​មាន​ថែវ​ដែល​ព័ទ្ធ​ជុំ​វិញ​ខាង​ស្ដាំ នោះ​គេ​នឹង​ឃើញ​ខ្លោង​ទ្វារ ១ នៅ​ពី​ខាង​មុខ​ជា​កណ្ដាល​ជញ្ជាំង ២ ផ្ទាំង ក្លោង​ទ្វារ​នោះ​មាន​រូប​សិវ គឺ​ព្រះ​ឥសូរ ឯ​ជញ្ជាំង​នៅ​ទិស​ខាង​កើត​មាន​រូប​លឹង្គ ហើយ​ឯ​ជញ្ជាំង​នៅ​ជ្រុង​ខាង​លិច​វិញ​នោះ​នៅ​ទទេ​គ្មាន​ឆ្លាក់​អ្វី​សោះ សួរ​ថា​តើ​ដោយ​ហេតុ​អ្វី​បាន​ជា​យ៉ាង​ដូច្នេះ ឆ្លើយ​ថា​ដោយ​ហេតុ​បន្តិច​សោះ​ទេ គឺ​ជញ្ជាំង​នេះ​ហើប​នឹង​ប៉ះ​ដល់​ជើង​ភ្នំ​កណ្ដាល​ហើយ​ជាង​ឆ្លាក់​គ្មាន​កន្លែង​វាល នឹង​លូក​ដៃ​ឆ្លាក់​ទៅ​ឆ្លាក់​បាន គឺ​ជា​ភ័ស្ដុតាង​ថា អាស្រម​សម្រាប់​សិវ​នេះ ទើប​នឹង​សាង​ជា​គ្រា​ក្រោយ​ប្រាសាទ​នោះ នៅ​លើ​កន្លែង​ដែល​មិន​បាន​បម្រុង​ទុក​នឹង​សាង​ឡើង​។

សេចក្ដី​ត្រង់​នេះ មាន​បុច្ឆា​ថា ចុះ​ប្រាសាទ​សម្រាប់​ព្រះ​ឥសូរ​ម្ដេច​ក៏​ឲ្យ​មាន​លាយ​ឡំ​រូប​ផ្សេង ៗ សម្រាប់​ពុទ្ធ​សាសនា ដែល​គេ​ឃើញ​មាន​នៅ​ជំវិញ​កន្លែង​សន្និបាត ហើយ​នឹង​រឿងរ៉ាវ​ជា​ច្រើន នៅ​ជាប់​នឹង​ជញ្ជាំង​បន្ទប់​សន្និបាត​នោះ​ផង ឆ្លើយ​ថា​តាម​គំនិត​ខ្ញុំ ការ​ទាំង​នេះ​នឹង​យក​ជា​ប្រធាន​មិន​បាន ខ្ញុំ​មិនមែន​មិន​ដឹង​ទេ ថា​នៅ​ក្នុង​ស្រុក​ខ្មែរ​នេះ មាន​សាសនា​លាយ​ឡំ​ចូល​គ្នា ដោយ​មាន​ពួក​ដូច​គ្នា ហើយ​ដោយ​សេចក្ដី​អនុញ្ញាត អំពី​ម្ចាស់​ផែនដី​នឹង​សេនាបតី ស្ដេច​យសោវរ្ម័ន បាន​សាង​ប្រាសាទ ២ ប្រាសាទ​១ សម្រាប់​សាសនា​ព្រាហ្មណ៍ ១ ទៀត​សម្រាប់​ពុទ្ធ​សាសនា ។

ស្ដេច​រាជេន្ទ្រ​វរ្ម័ន គ្រង​រាជ​ពី​សករាជ្យ ៨៦៦​ទៅ​ដល់ ៨៩០ ត្រូវ​នឹង​គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ជា​ក្រស័ត្រ​កាន់​សាសនា​ព្រះ​ឥសូរ មាន​សេនាបតី​ម្នាក់​កាន់​ពុទ្ធ​សាសនា សេនាបតី​នោះ បាន​សាង​ប្រាសាទ​សម្រាប់​សាសនា​ព្រាហ្មណ៍​ថ្វាយ​ស្ដេច និង​សាង​ប្រាសាទ សម្រាប់​ពុទ្ធ​សាសនា​សម្រាប់​ខ្លួន​ឯង ចារឹក​នៅ​ប្រាសាទ​ព្រះ​ខ័ន បាន​បញ្ចូល​ធម៌​ព្រះ​ឥសូរ និង​ធម៌​ព្រះ​ពុទ្ធ​ជា​មួយ​គ្នា ។

យើង​សម្គាល់​ឃើញ​ថា សេចក្ដី​ចូល​គ្នា​នេះ មាន​លក្ខខ័ណ្ឌ​ខ្លះ​គឺ​ចូល​គ្នា​តែ​ដោយ​សម្ដី មិន​បាន​ជា​ចូល​ដល់​ទៅ​រួម​វិហារ ជា​មួយ​គ្នា​នោះ​ទេ មហា​ក្សត្រិយ៍​បាន​សាង​ទី​សន្និបាត​ទាំងឡាយ សម្រាប់​ព្រះ​ផ្សេង ៗ មាន​សម្រាប់​ព្រះ​ពុទ្ធ​ផង ឯ​សាសនា​ដែល​នៅ​ជិត​គ្នា តែ​មិនមែន​សត្រូវ​នឹង​គ្នា នេះ​មាន​អាស្រម​ជា​ច្រើន​ផ្សេង​ពី​គ្នា នៅ​ក្នុង​វិហារ​ជា​មួយ​បាន ប៉ុន្តែ​បើ​ស្ដេច​កាន់​សាសនា​ព្រះ​ឥសូរ បាន​សាង​ប្រាសាទ ១ សម្រាប់​លឹង្គ​ជា​អ្នក​ទ្រទ្រង់​នៅ​នគរ ហើយ​មក​រៀប​តុបតែង​នូវ​រូប​ព្រះ​ពុទ្ធ នឹង​រូប​ពោធិសត្វ​ជុំវិញ​ជា​ច្រើន ទុក​ជា​របស់​គោរព​ផង​ទៀត នោះ​ឃើញ​ថា​ជា​សេចក្ដី​ពិបាក​នឹង​គិត ហើយ​គួរ​ឲ្យ​សង្ស័យ ។

សេចក្ដី​ដែល​ឲ្យ​សង្ស័យ​ក្នុង​ស្ថាន​នេះ យើង​ត្រូវ​ទុក ១ អន្លើ​សិន ហើយ​យើង​ត្រូវ​ពិចារណា​សួរ​ថា តើ​ប្រាសាទ​បាយ័ន មិនមែន​ជា​សាង​សម្រាប់​ព្រះ​ពុទ្ធ​សាសនា ជា​មុន​ដែល​នឹង​បាន​មក សម្រាប់​សាសនា​ព្រះ​ឥសូរ​ទេ​ឬ​អ្វី ការ​ត្រង់​នេះ​បើ​នឹង​និយាយ​ទៅ ហាក់​ដូចជា​ឃ្លាត​ពី​សេចក្ដី​ដែល​គេ​ធ្លាប់​ជឿ​ត ៗ មក ។

យើង​បញ្ជាក់​បន្តិច​ទៅ​ចុះ ហើយ​ពិចារណា​ថា ប្រសិន​បើ​ប្រាសាទ​កណ្ដាល​នៃ​ទីក្រុង​នោះ ជា​ប្រាសាទ​សម្រាប់​ពុទ្ធ​សាសនា​ហើយ តើ​ទីក្រុង​ទាំង​មូល​នោះ កាន់​ពុទ្ធ​សាសនា​ដែរ​ឬ​ទេ ។

បើ​ឆ្លើយ​ឲ្យ​ត្រូវ​នឹង​សេចក្ដី​បុច្ឆា គួរ​តែ​ឲ្យ​ពិចារណា​ដល់​ទី​ឋាន​ដែល​មាន​ជា​ប្រធាន នៅ​ក្នុង​ក្រុង​នោះ គឺ​ទ្វារ​នឹង​កុំ​ផែង​ជុំវិញ សួរ​ថា​ចុះ​តើ​ទ្វារ​នោះ នឹង​ឲ្យ​យើង​បាន​ដឹង​ការ​យ៉ាង​ណា​ខ្លះ ឆ្លើយ​ថា​ខ្លោង​ទ្វារ​ទាំងឡាយ​នោះ បាក់​បែក​អស់​ទៅ​ហើយ នៅ​សល់​តែ​ចំណែក ១ គង់​នៅ ៗ ទ្វារ​ជ័យ ចំណែក​នោះ​ឃើញ​ជា​រាង​ចង្កេះ​ឆ្វេង និង​ក្បាល​រូប​មនុស្ស ១ ឈរ​ជា​កណ្ដាល​រូប​ហោះ​ឯ​ទៀត​ជា​ច្រើន លុះ​ធៀប​រូប​នេះ​ទៅ​នឹង​រូប​ឯ​ទៀត ដែល​មាន​ភាព​ដូច​គ្នា នាំ​ឲ្យ​សម្គាល់​បាន​ថា រូប​នេះ​ជា​រូប​លោកេស្វរ ។

បន្ទប់​ខាង​លើ​នៃ​ទី​ដែល​ហៅ​ថា គោបុរ នោះ​មាន​ខ្លោង​ទ្វារ​បន្តុប​នូវ​រូប​ទាំងអស់ ឃើញ​មាន​សល់​រូប​ខ្លះ​ដែល​គង់​នៅ គឺ​សុទ្ធ​តែ​ជា​ព្រះ​ពុទ្ធ​រូប​ទ្រង់​ភ្នែន ។

ឥឡូវ​នេះ បើ​យើង​ឡើង​ទៅ​លើ​បន្ទាយ​ក្រៅ ហើយ​ដើរ​ជុំវិញ​មើល​ទៅ​ប្រាសាទ​ជ្រុង​ទាំង​បួន នោះ​យើង​គ្មាន​សង្ស័យ​អ្វី​សោះ រូប​លោកេស្វរ​ធំ ៗ និង​លេច​ឡើង​ដេរដាស​នាំ​ឲ្យ​យើង​ស្គាល់​បាន​ដោយ​ងាយ ។

ឯ​សេចក្ដី​យល់​ឃើញ​នោះ​យ៉ាង​ដូច្នេះ គឺ​ថា​លោកេស្វរ​នោះ​ជា​រូប​ទេវតា ដែល​មាន​ដៃ​ជើង​ច្រើន​នៅ​អង្គរ​ធំ ហើយ​អង្គរ​ធំ​នេះ ដែល​គេ​ស្មាន​ថា សង់​សម្រាប់​សាសនា​សិវ​ជា​ដរាប​មក​នោះ កាល​វេលា​សាង​នោះ គេ​សាង​សម្រាប់​ពុទ្ធ​សាសនា​ទេ ។

សេចក្ដី​យល់​ឃើញ​នេះ ទាស់​គ្នា​យ៉ាង​ធំ នឹង​គំនិត​ដែល​ធ្លាប់​ជឿ​មក​ហើយ ដែល​យើង​ត្រូវ​តែ​រក​សំអាង​អំពី​សេចក្ដី​យល់​ឃើញ​នេះ ដោយ​រក​រឿង​ប្រហែល​គ្នា​មក​អធិប្បាយ គឺ​ថា​យើង​បាន​ដឹង​ជា​មាន​ប្រាសាទ ១ ផ្សេង​ទៀត មាន​បែប​ផែន​ប្រហែល​នឹង​អង្គរ​ធំ​ដែរ ដែល​ហៅ​ថា​ប្រាសាទ​បន្ទាយ​ឆ្មារ​។

(មាន​ត​ទៅ​ខ្សែ​ក្រោយ​ទៀត)

អត្ថបទទាក់ទង៖

អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ

អំពី​ដើម​កំណើត​ប្រាសាទ​អង្គរ (តចប់)

 

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on November 17, 2015, in ប្រវត្តិសាស្រ្ដ and tagged . Bookmark the permalink. 2 Comments.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s