និយាយ​ពី​ប្រទេស​ភូមា ក្នុង​សម័យ​អង់គ្លេស​ចាត់ការ​គ្រប់គ្រង


និយាយ​ពី​ប្រទេស​ភូមា ក្នុង​សម័យ​អង់គ្លេស​ចាត់ការ​គ្រប់គ្រង

ដកស្រង់ចេញពីទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ ១៩៤០

មាន​ទស្សនាវដ្ដី​អង់គ្លេស​មួយ ហៅ​ថា “Gèographical magazine” ចុះ​ថ្ងៃ​ផ្សាយ​ក្នុង​ខែ​ឲកតូប្រិ៍​ឆ្នាំ ១៩៣៩ មាន​រឿង​មួយ​និយាយ​ពី​ប្រទេស​ភូមា ដែល​ចៅក្រម​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​លោក Murice collis បាន​រៀបរៀង​ឡើង ។ លោក​នេះ​បាន​នៅ​ក្នុង​ស្រុក​ភូមា​ជា​វេលា​យូរ បាន​តែង​រឿងរ៉ាវ​ស្រុក​នេះ ដូច​មាន​ខាង​ក្រោម​នេះ

កាល​ពី​សតវត្ស​ទី ១៩ នៃ​ពុទ្ធសករាជ ប្រទេស​ភូមា​ជា​ប្រទេស​ដែល​មាន​ជនជាតិ​ផ្សេង ៗ ជា​ច្រើន​ជាតិ ដូចជា​ភូមា អារកាន តាឡេង នឹង​ឆាន ជាដើម ដែល​មាន​ចំនួន​ច្រើន ។ ពួក​ជនជាតិ​ភូមា​នេះ​ធ្លាប់​លើក​ទ័ព​ចូល​លុក​លុយ​ដណ្ដើម​យក​ក្រុង​អយុធ្យា​របស់​សៀម​បាន​ហើយ ទើប​លើក​ទ័ព​ចូល​ទៅ​វាយ​ស្រុក​ក្លិង្គ​ទៀត ។ ក្នុង​ខណៈ​នោះ​រាជការ​ប្រទេស​អង់គ្លេស​ចង់​ធ្វ់​សន្តិភាព​នឹង​ប្រទេស​ភូមា​ដែរ តែ​យល់​ថា​ការ​ធ្វើ​បែប​នេះ​មិន​មាន​ប្រយោជន៍​ទេ ទើប​រាជការ​អង់គ្លេស​វាយ​ដណ្ដើម​យក​ខែត្រ​ទាំងឡាយ​តាម​មាត់​សមុទ្រ​ប្រទេស​ភូមា ក្នុង ព. . ២៣៦៨ ។

ក្នុង​រវាង ២៧ ឆ្នាំ​ត​មក ទើប​ពួក​អង់គ្លេស​ធ្វើ​ចម្បាំង​នឹង​រាជ​សំណាក់​ក្រុង​អង្វៈ​លុក​លុយ​យក​បាន​ខែត្រ​ខ្លះ​ដែល​មាន​ផែនដី​ជីជាតិ​ល្អ​អំពី​ប្រទេស​ភូមា​ទៅ ។

ក្នុង​រវាង ព. . ២៤២៨ ទើប​មាន​ពួក​បារាំងសែស​មក​តាំង​ទី​កន្លែង​នៅ​ប្រទេស​ឥណ្ឌូស៊ីន ហើយ​បាន​បញ្ចូន​ពួក​ទូត ១ ក្រុម​ទៅ​ក្រុង​មណ្ឌលេ ដើម្បី​ធ្វើ​ខ​សន្យា​ខាង​ផ្លូវ​ជំនួញ​នឹង​ព្រះ​ចៅ​ធីបូរ ។ ឯ​ពួក​អង់គ្លេស​មាន​សេចក្ដី​ស្ញើប​ក្រែង​អានុភាព​របស់​បារាំងសែស​រាល​ដាល​ចូល​មក​ដល់​មហា​អាណា​ចក្រ​ឥណ្ឌៀ ទើប​អ្នក​សម្រេច​រាជការ​ប្រទេស​ឥណ្ឌៀ​បង្ខំ​ស្ដេច​ក្រុង​មណ្ឌលេ​ឲ្យ​ទ្រង់​ទទួល​អ្នក​ដំណាង​រាជការ​អង់គ្លេស​ម្នាក់ ឲ្យ​ដូចជា​ទ្រង់​ទទួល​អ្នក​ដំណាង​បារាំងសែស​ដែរ ។ ឯ​ស្េដច​ភូមា​មិន​ទ្រង់​យល់​ព្រម ទ្រង់​មាន​ព្រះ​ឱង្ការ​ថា ប្រទេស​ទ្រង់​ជា​ប្រទេស​ឯករាជ្យ ត្រូវ​តែ​ទ្រង់​មាន​អំណាច​ធ្វើការ​អ្វី ៗ បាន​តាម​សព្វ​ព្រទ័យ​របស់​ទ្រង់ ។ ក្នុង​ខណៈ​នោះ​ឯង មន្ត្រី​ធំ​ជា​អ្នក​សម្រេច​រាជការ​ប្រទេស​ឥណ្ឌៀ បាន​ប្រកាស​សង្គ្រាម​នឹង​ប្រទេស​ភូមា ក្នុង​រវាង ១៥ ថ្ងៃ មណ្ឌលេ​ភូមា​ក៏​នៅ​ក្នុង​កណ្ដាប់​ដៃ​អង់គ្លេស ព្រះ​រាជវាំង​ក៏​ត្រូវ​គេ​រឹប​ជាន់ មាន​ព្រះ​រាជ​ទ្រព្យ​ខ្លះ​ក្នុង​ឃ្លាំង​ហ្លួង ដល់​មក​ឥឡូវ​នេះ​គេ​យក​ទៅ​ដំកល់​ទុក​ក្នុង​ពិពិធភណ្ឌ​ស្ថាន​ធំ​នៅ​ក្រុង​ឡនដន​អង់គ្លេស​ក៏​មាន សល់​អំពី​នេះ គេ​យក​ទៅ​លក់​ឡាយឡុង គិត​ជា​ប្រាក់​ប្រហែល​ជា ១.០៧២.៤០០ រៀល ឯ​ព្រះ​រាជា​ភូមា​នឹង​អគ្គ​មហេសី​នឹង​ព្រះ​វរ​ជននី​មាតា​ត្រូវ​និរទេស​ទៅ​នៅ​ស្រុក​ឥណ្ឌា ។

ប្រទេស​ភូមា​នេះ​មាន​ទំហំ​ដី​ធំ​ប្រហែល​នឹង​មហា​នគរ​បារាំងសែស ប៉ុន្តែ​មាន​ចំនួន​មនុស្ស​តិច ប្រហែល ១ ភាគ ក្នុង ៤ ភាគ នៃ​បណ្ដា​រាស្ត្រ​ប្រទេស​បារាំង ។

ក្នុង​រវាង ព. . ១៧៤៣ ពួក​ជាតិ​តារតារ្ស​ព្យាយាម​នឹង​លុក​លុយ​ប្រទេស​ភូមា​តែ​មិន​បាន​សម្រេច​ឡើយ រហូត​មក​ដល់​វេលា​អង់គ្លេស​មក​គ្រប់គ្រង​ស្រុក​ភូមា​ដោយ​ធ្វើ​សង្គ្រាម​មាន​ជ័យជំនះ ហេតុ​នេះ​បាន​ជា​គ្រឿង​ភ្លេង​តូរ្យតន្ត្រី បែប​ការ​កសាង នឹង​បែប​របាំ​រាំរែក​ទាំងឡាយ ទើប​គង់​ទ្រង់​ដូច​ដើម​ដដែល ព្រម​ទាំង​គ្រឿង​ចម្លាក់​នឹង​បែប​គំនូរ ដែល​សម្រាប់​ប្រើ​ជា​គ្រឿង​ប្រដាប់​សម្រាប់​ការ​កសាង​ផ្សេង ៗ ក៏​ល្មម​ជា​គំនូរ​បែប​ផែន​ដល់​ពួក​ភូមា​ជាន់​ក្រោយ ព្រោះ​បែប​ផែន​ជាន់​ដើម​សុទ្ធសិង​តែ​វិសេស ៗ គួរ​ប្រកាន់​ជា​ច្បាប់​បាន​ព្រម​ទាំង​បែប​សំលៀក​បំពាក់ ។

អក្សរ​សាស្ត្រ​ភូមា​បាន​ផ្ញើ​ទុក​នឹង​ព្រះ​ពុទ្ធសាសនា ៗ នេះ​ឯង​ដែល​នាំ​បណ្ដាល​ឲ្យ​កើត​បែប​សិល្បកម្ម​គ្រប់​ចំពូក​ឡើង ។ អ្នក​តែង​សេចក្ដី​នេះ​បាន​កត់​សំគាល់​ទុក​ថា ក្នុង​វេលា ៥០ ឆ្នាំ​ត​មក​នៅ​វេលា​ដែល​អង់គ្លេស​ចូល​មក​គ្រប់គ្រង​ប្រទេស​ភូមា​ហើយ បែប​សិល្បកម្ម​របស់​ភូមា គេ​នាំ​គ្នា​បោះបង់​ចោល ឯ​ផល​ប្រយោជន៍​របស់​ស្រុក អង់គ្លេស​នាំ​យក​ទៅ​ចាយ​វាយ ដើម្បី​សាង​មន្ទីរ​ព្យាបាល​រោគ​ក្នុង​ប្រទេស​ភូមា ហើយ​សេចក្ដី​ត្រូវ​ការ​របស់​រាជការ​ចំពោះ​ការ​ចេះ​ភាសា​អង់គ្លេស​ទើប​មាន​ប្រយោជន៍​ដល់​ក្រសួង​រាជការ សាលា​បង្រៀន​ភូមា​តោង​មាន​បង្រៀន​ភាសា​អង់គ្លេស​ផង ។ មិន​យូរ​ប៉ុន្មាន នៅ​ទីក្រុង​រួម​ខែត្រ​ក្រៅ សុទ្ធតែ​មាន​មន្ទីរ​ព្យាបាល​រោគ ១ សាលា​បង្រៀន ១ គុក ១ ប៉ុស្ដិ៍​ប៉ូលីស ១ ។ ឯ​ពួក​អ្នក​ស្រុក​ដ៏​ច្រើន​ជា​អ្នក​រក​ស៊ី​ធ្វើ​ស្រែ ជា​របរ​សម្រាប់​ទុក​បរិភោគ​ផ្ទាល់​ខ្លួន​ផង សម្រាប់​លក់​ចំណាយ​បង់ពន្ធ​ជូន​រាជការ​ផង លក់​ចំណាយ​ទៅ​ទិញ​សំពត់​អាវ​នឹង​គ្រឿង​ប្រដាប់​ប្រដា​ផ្សេង ៗ ដែល​ខ្លួន​ត្រូវ​ការ​ផង (តាម​ទំនង​នេះ អ្នក​ស្រែ​ស្រុក​ភូមា​ដូច​អ្នក​ស្រែ​ស្រុក​ខ្មែរ​ដែរ)

ស្រុក​យ៉ាងគុង​ទុក​ជា​ក្រុង​ធំ​របស់​ភូមា ពី​ដើម​មក​រាជការ​ប្រទេស​ភូមា​ភ្ជាប់​នឹង​រាជការ​ស្រុក​ឥណ្ឌៀ ទើប​តែ​មក​ដល់​ឆ្នាំ ១៩៣៧ ប្រទេស​ភូមា​បាន​ញែក​ពី​គ្នា​ដាច់​ស្រឡះ​ពី​ប្រទេស​ឥណ្ឌៀ ។ តាម​ធម្មតា បណ្ដា​មហា​ក្សត្រ​ប្រទេស​ភូមា​ទ្រង់​សព្វ​ព្រះ​ទ័យ​មាស​ពេជ្រ​ណាស់ ហេតុ​នេះ​បាន​ជា​ត្បូង​ទទឹម​ដែល​ជា​ដុំ​ថ្ម​មាន​ដំឡៃ​មាន​នៅ​ក្នុង​ស្រុក (ទ្រង់​ឲ្យ​គាស់​កកាយ​យក​មក​ធ្វើ​ជា​គ្រឿង​ប្រដាប់​ប្រដា​ផ្សេង ៗ) វត្ថុ​មាន​ដំឡៃ​អស់​នេះ រាជការ​អង់គ្លេស​បាន​ចាត់ចែង​ឲ្យ​ជីក​គាស់​យក​មក​បាន​ច្រើន ដូចជា​ត្បូង​ទទឹម អណ្ដូង​ប្រេង​កាត កាត់​កាប់​ព្រៃ​ឈើ​ដែល​មាន​ដំឡៃ ។

រួម​ទាង​ដុំ​ថ្ម​ជា​លោហធាតុ​ជាតិ​ប្រាក់ សាំងកាសី, សំណ, ស្ពាន់, នីកែល, សំណ​យ៉ាង​រឹង នឹង​មាស (បាន​ជា​ចំនួន​ច្រើន) ប៉ុន្តែ​ផល​ចំណូល​អស់​នេះ បាន​មក​ជា​ប្រយោជន៍​ប្រទេស​ភូមា​តែ​មួយ​ភាគ​តូច​ទេ ឯ​ផល​ប្រយោជន៍​ជា​ចំណែក​ធំ​រាជការ​ចាត់​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​ដល់​រាជការ​ប្រទេស​ឥណ្ឌៀ​ដែល​ទើប​តែ​ដាច់​ពី​គ្នា​ស្រឡះ​ក្នុង​ឆ្នាំ ១៩៣៧ នេះ​ឯង ។

ឯ​បណ្ដា​ប្រជាជន​ជាតិ​ឥណ្ឌូ មាន​ចំនួន​ណែនណាន់​តាន់តាប់​ណាស់ សព្វ​ថ្ងៃ​មាន​ចំនួន​ច្រើន​ជាង​រាស្ត្រ​ភូមា ដល់​ទៅ ១២ ភាគ (1/12) ហើយ​នៅ​ក្រុង​យ៉ាង​គុង​មាន​ជន​ជាតិ​ហិណ្ឌូ​ច្រើន​ជាង​ជន​ជាតិ​ភូមា​ទៅ​ទៀត (ទំនង​ចិន​យួន​នៅ​ផ្សារ​ក្រុង​ភ្នំពេញ​ច្រើន​ជាង​ជាតិ​ខ្មែរ) ជំនួញ​ជួយ​ប្រែ​គ្រប់​មុខ​នៅ​ក្នុង​កណ្ដាប់​ដៃ​ជាតិ​ភូមា​តែ​បន្តិច​បន្តួច ក្រៅ​អំពី​នេះ​នៅ​ក្នុង​ដៃ​ក្លិង្គ​ទាំងអស់ ។ តាំង​អំពី​ពុទ្ធ​សករាជ ២៣៩៥ អង់គ្លេស​ចូល​ទៅ​គ្រប់គ្រង​ប្រទេស​ភូមា ហើយ​ប្រគល់​មុខ​ក្រសួង​រាជការ​ឲ្យ​បរិវារ​ជន (ក្លិង្គ) កាន់​ការ​ក្រសួង​រាជការ​គ្រប់​តំណែង ។ ប្រសិន​បើ​រាជការ​ថ្មី​ប្រទេស​ភូមា​អាច​គិតគូរ​ឲ្យ​បាន​សម្រេច​ប្រស្នា​ធំ ៗ ទាំងអស់​នេះ ព្រម​ទាំង​ជំនឿ​ការ​សិក្សា​អ្នក​ស្រុក​របស់​ខ្លួន​ឲ្យ​ជឿនលឿន​ទៅ​ខាង​មុខ​ផង ហើយ​ចាត់ចែង​កិច្ចការ​ផ្សេង ៗ ដោយ​ខ្លួន​ឯង​បាន រៀបចំ​ជន​ជាន់​កណ្ដាល​ឲ្យ​មាន​ការ​សិក្សា​ខ្ពស់​ឡើង​ទៀត ទើប​ធ្វើ​កិច្ចការ​ផ្សេង ៗ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ស្រួល ។

ខ​ធំ ៗ ដែល​ពួក​ក្រុម​ជំនុំ​រាជការ​ថ្មី​ជាតិ​ភូមា​រៀបចំ​ឲ្យ​បាន​សម្រេច​នេះ ត្រូវ​តែ​រៀបចំ​ធ្វើ​ក្រុង​យ៉ាងគុង​ជា​ទីក្រុង​ធំ​របស់​ប្រទេស​ភូមា ហើយ​ត្រូវ​រើស​រក​កន្លែង​មួយ​ដ៏​ធំ​សម្រាប់​ធ្វើ​ជំនួញ​របស់​ប្រទេស​ជាតិ​តទៅ ក្នុង​ទី​បំផុត ត្រូវ​ជួយ​ទំនុក​បំរុង​បែប​រចនា​របស់​ជាតិ​ភូមា​ដោយ​បង្កើត​ឲ្យ​មាន​សារមន្ទីរ​មួយ ក្រសួង​រៀបចំ​បុរាណ​វត្ថុ​មួយ សាលា​រចនា​មួយ បណ្នាល័យ​សម្រាប់​ជាតិ​មួយ ដើម្បី​ជួយ​ឲ្យ​មាន​សេចក្ដី​ក្លាហាន​ដល់​ពួក​អ្នក​តែង​រឿង​ជា​ជាតិ​ភូមា​ជំនាន់​ក្រោយ ដែល​សរសើរ​ពី​ការងារ​របស់​ភូមា​ជាន់​ដើម ។

លោក​អ្នក​តែង​រឿង​នេះ​បញ្ចប់​យោបល់​របស់​លោក ដោយ​ពាក្យ ១ ម៉ាត់​ថា ត្រូវ​ជួយ​ជ្រោមជ្រែង​ជីវិត​វិញ្ញាណ​ជាតិ​ភូមា ឲ្យ​មាន​លក្ខណៈ​បែប​ភាព​ជា​ភូមា​គ្រប់​បរិបូណ៌​កុំ​ឲ្យ​ទៅ​ជា​ជាតិ​ប្រឡាំ​ប្រកូវ (ដូចជា​សត្វ​ប្រឡាំងកាស) មិន​មែន​ជា​ជន​ឱរុប មិន​មែន​ជា​ជន​ឥណ្ឌូ មិន​មែន​ជា​ជន​ភូមា​មុខ​គួរ​ឲ្យ​អាណិត​ណាស់ ដែល​ពួក​នេះ​ជ្រុល​គំនិត​ដើរ​តាម​បែប​ស៊ីវិឡៃ​មួយ ដែល​មិន​មែន​ជា​របស់​ខ្លួន ។

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 7, 2017, in ប្រវត្តិសាស្រ្ដ, អន្ដរជាតិ and tagged , , . Bookmark the permalink. Leave a comment.

Leave a comment