
0.000000
0.000000
បុណ្យចូលឆ្នាំខ្មែរ
គ្រប់ប្រជាជាតិក្នុងលោក សុទ្ធតែមានការចូលឆ្នាំរបស់ខ្លួន គ្រាន់តែប្លែកគ្នាត្រង់ការកំណត់ពេកចូល និងពិធីធ្វើខុសគ្នាប៉ុណ្ណោះ ។ ឯប្រជាជនខ្មែរ ក៏មានការចូលឆ្នាំប្រពៃណីរបស់ខ្លួន តាំងពីបុរាណកាលមកដែរ ។
I- ពេលវេលាចូលឆ្នាំខ្មែរ
កាលដើមឡើយ ខ្មែរយើងប្រារព្ធធ្វើបុណ្យចូលឆ្នាំ ក្នុងខែមិគសិរ ព្រោះគេកំណត់យកខែនេះ ជាខែដើមឆ្នាំ ។ នាសម័យព្រេងនាយ ឆ្នាំនីមួយ ៗ ចែកជា ៣ រដូវ តាមចន្ទគតិ គឺ ហេមន្តរដូវ គិម្ហរដូវ និង វស្សានរដូវ ។ បុរាណាចារ្យលោកគិតថា ហេមន្តរដូវ ជារដូវត្រជាក់ ត្រូវចាត់ទុកជារដូវដើមឆ្នាំ ប្រៀបបាននឹងពេលព្រឹក ដែលផុតពីរាត្រី គឺជាដើមថ្ងៃ ។ គិម្ហរដូវ ជារដូវក្ដៅ ត្រូវចាត់ទុកជាកណ្ដាលឆ្នាំ ប្រៀបដូចជាពេលថ្ងៃត្រង់ ។ វស្សានរដូវ ជារដូវដែលមេឃមីរ ងងឹតមានភ្លៀងផ្គរ ត្រូវចាត់ទុកជាចុងឆ្នាំ ប្រៀបបាននឹងពេលព្រលប់ ។
ចំណេរកាលក្រោយមក, គ្រាដែលបុព្វបុរសខ្មែរយើង អនុលោមប្រើចុល្លសករាជជាសំខាន់នោះ (មិនដឹងជាប្រើនៅក្នុងរជ្ជកាលនៃព្រះរាជាអង្គណាទេ) ទើបការចូលឆ្នាំថ្មី មានការប្រែប្រួល ហើយកំណត់យកខែចេត្រ ជាខែដើមឆ្នាំវិញ ។ ឯថ្ងៃចូលឆ្នាំខ្មែរ តែងប្រព្រឹត្តទៅ មិនមុនថ្ងៃ ៤ កើត ខែចេត្រ និងមិនក្រោយថ្ងៃ ៤ កើត ខែពិសាខ ព្រោះបុព្វបុរសយើងយល់ឃើញថា នៅខែមិគសិរនេះ ប្រជាកសិករខ្មែរយើង រវល់មមាញឹកក្នុងរបរកសិកម្ម មានស្រែចំការ ជាដើម ទើបលោកលើកកំណត់ពេលចូលឆ្នាំ មកធ្វើនៅក្នុងខែចេត្រវិញ ដោយហេតុថា ខែចេត្រកិច្ចការច្រូតកាត់ បោកបែន បានចប់សព្វគ្រប់ ហើយប្រជាពលរដ្ឋខ្មែរយើងទំនេរ មានឱកាសធ្វើបុណ្យទាន កំសាន្ត សប្បាយ តាមប្រាថ្នា ។ ការកំណត់នេះ ក៏ជាប់ជាប្រពៃណី រហូតមកដល់សព្វថ្ងៃ ។
II- ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរ ជាព្រឹត្តិការណ៍យ៉ាងធំមួយក្នុងទឹកចិត្ត និងជីវភាពខ្មែរ ។ មុនពេលចូលឆ្នាំថ្មីមកដល់ គេនាំគ្នារៀបចំ តុបតែងផ្ទះសម្បែង សំអាតទីធ្លា វត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់រានទេវតា បុកអង្ករ រកឧស ដងទឹក ត្រៀមសំលៀកបំពាក់ថ្មី ៗ – ល – អោយហើយស្រេច ។ពេលចូលឆ្នាំ ជាពេលជម្រះឧបទ្រពចង្រៃនៃឆ្នាំចាស់អោយជ្រះស្រឡះ ដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្ដីសោមនស្ស ក្សេមក្សាន្ត និងសុភមង្គល ។
ឆ្នាំថ្មីមកដល់, ស្នូរស្គរ រគាំង សំឡេងធម៌ពរជ័យ លាន់ឮរន្ទឺអឺងកង ចេញពីវត្តអារាម ។ ភ្លើងទៀនឆេះព្រោងព្រាត ផ្សែងធូបហុយចេញពីគ្រប់រានទេវតា តាមដងផ្លូវ មុខផ្ទះសម្បែង វត្តអារាម ។ ចាស់ទុំ ក្រមុំ កម្លោះ និងក្មេង ៗ សប្បាយក្អាកក្អាយជាងគេ ព្រោះជាឱកាសដ៏ពិសេសបំផុត សំរាប់ពួកគេចូលឆ្នាំ កំសាន្តល្បែងប្រជាប្រិយ ជាមួយគ្នា ដោយគ្មានចាស់ទុំណា ខាឃាំងរាំងជាត់អ្វីឡើយ។
ពេលព្រលប់, គេនាំគ្នាទៅស្ដាប់ធម៌អាថ៌ក្នុងវត្ត ។ អ្នកខ្លះដែលមិនបានទៅស្ដាប់លោកឯវត្ត ក៏ប្រមូលគ្នាលេងល្បែងប្រជាប្រិយផ្សេង ៗ តាមចំណង់ ។ គេនាំគ្នាលេងល្បែងចាប់កូនខ្លែង, លាក់កន្សែង, ក្រុងមាន់, ទាញព្រ័ត្រ, ច្រៀងប្របកៃ, ស្ដេចចង់, ឈូង, អង្គញ់, រាំវង់ - ល – យ៉ាងសប្បាយរីករាយ ។ គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកស្ថានទៅកាន់បរលោកហើយ ។ គេនាំគ្នាជញ្ជូនដីចំរើនទីវត្ត ពូនភ្នំខ្សាច់ រែកទឹកស្រង់ព្រះ ស្រង់ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ ។ ពេលត្រឡប់ទៅភូមិវិញ គេអញ្ជើញមាតាបិតា ជីដូនជីតា ចាស់ទុំ មកផ្ងូតទឹក ជូនសំលៀកបំពាក់ថ្មី នំ ចំណី ដើម្បីជាកិច្ចតបស្នងសងគុណ ចំពោះបុព្វការីជនរបស់គេ តាមគ្រប់វត្តអារាម គេសង្កេតឃើញចាស់ទុំ ក្រមុំ កម្លោះ ក្មេងក្មាង ប្រមូលផ្ដុំជួបជុំគ្នាក្រោមម្លប់ឈើធំ ៗ ក្រសាលលេងល្បែងប្រជាប្រិយផ្សេង ៗ តាមចំណង់ចំណូលចិត្ត ។ គេនាំគ្នាទៅទស្សនាកំសាន្តប្រាសាទបុរាណ រមណីយដ្ឋាន គោរពបូជាវត្ថុសក្តិសិទ្ធិ ភ្ជាប់បរិយាកាសរីករាយនេះ ទៅនឹងបរិយាកាស នាសម័យព្រេងនាយ ដ៏រុងរឿង ។ នៅតាមខេត្ត តំបន់ខ្លះ ពេលចូលឆ្នាំម្ដង ៗ គេមិនមែនសប្បាយតែក្នុងរយៈពេលបីថ្ងៃប៉ុណ្ណោះទេ, គេចាប់ផ្ដើមលេងសប្បាយរបៀបនេះ មុន និង ក្រោយប៉ុន្មានថ្ងៃចូលឆ្នាំ ទៀតផង ។ គេនាំគ្នាធ្វើបុណ្យអោយអស់ចិត្ត សប្បាយអោយអស់ចិត្ត ដើម្បីអបអរសាទរចំពោះជីវិតថ្មីរបស់គេ ដែលបានហែលឆ្លងកាត់ឧបសគ្គ ទទួលជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅ និងដើម្បីត្រៀមចាំបំពេញភារកិច្ចថ្មី ត្រៀមចាំរដូវដកស្ទូង ត្រៀមចាំទឹកភ្លៀងដែលនឹងបង្អុរចុះ នាដើមវស្សាន្តរដូវនៃឆ្នាំថ្មី ដ៏ខ្លីខាងមុខ ។
III- ជំនឿ និង ពិធីផ្សេង ៗ 1
១- ទេវតាឆ្នាំថ្មី៖ ក្នុងសង្ក្រាន្តសូត្រ និទានថា ក្នុងដើមភទ្ទកប្បនេះ មានបុរសម្នាក់ឈ្មោះធម្មបាល ជាអ្នកប្រាជ្ញចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ។ ធម្មបាល តែងសម្ដែងមង្គលដល់មនុស្សផងទាំងពួង ។ លុះកបិលមហាព្រហ្ម (សម័យកាលនោះ គេគោរពបូជាមហាព្រហ្ម និងកបិលមហាព្រហ្ម) ជ្រាបថា ធម្មបាលកុមារ ជាអ្នកប្រាជ្ញ ក៏មកសួរប្រស្នា ៣ ខ ហើយសន្យាថា ប្រសិនបើធម្មបាលដោះស្រាយប្រស្នានេះរួច កបិលមហាព្រហ្ម នឹងកាត់ក្បាលខ្លួនបូជាធម្មបាល តែបើធម្មបាលដោះមិនរួចទេ ត្រូវកាត់ក្បាលបូជាមហាព្រហ្មវិញ ។ ធម្មបាល សុំបង្អង់ ៧ ថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្តែ ៦ ថ្ងៃកន្លងផុតទៅហើយ នៅតែគិតមិនឃើញសោះ ធម្មបាល ក៏ភៀសខ្លួនទៅពួននៅក្រោមដើមត្នោតមួយគូ ដែលជាលំនៅសំបុកនៃសត្វឥន្ទ្រី ។ ជាភ័ព្វសំណាងល្អ ធម្មបាលក៏បានឮឥន្ទ្រីញី - ឈ្មោល និយាយគ្នាថា៖
– ញី៖ព្រឹកនេះ យើងបានអាហារពីណាស៊ី ?
– ឈ្មោល៖យើងនឹងបានស៊ីសាច់ធម្មបាល ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច ។
– ញី៖ប្រស្នានោះ ដូចម្ដេច ?
– ឈ្មោល៖ – (ខ ១) វេលាព្រឹក សិរី ស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ, ហេតុនោះ មនុស្សទាំងឡាយ ត្រូវយកទឹកលាងមុខ ។
– (ខ ២) ថ្ងៃត្រង់ សិរី ស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូង, ហេតុនោះ មនុស្សទាំងឡាយ ទើបយកទឹកលាងទ្រូង ។
– (ខ ៣) វេលាល្ងាច សិរី ស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅជើង, ហេតុនោះ មនុស្សទាំងឡាយ ទើបយកទឹកលាងជើង ។
ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រី ក៏បានជាពន្លឺមកបំភ្លឺដោះស្រាយប្រស្នាកបិលមហាព្រហ្មរួច ជៀសផុតពីក្ដីមរណៈ ។ កបិលមហាព្រហ្ម សុខចិត្តចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល ។ មុននឹងកាត់ក្បាល កបិលមហាព្រហ្ម ហៅទេពធីតា ៧ អង្គ ដែលជាបុត្រីរបស់ខ្លួន អោយយកពានមកទ្រក្បាល (ព្រោះបើដាក់ក្បាលនោះលើផែនដី នឹងកើតជាភ្លើងឆេះលោកធាតុ, បើបោះទៅលើអាកាស នឹងរាំងភ្លៀង, បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់) រួចហើយ ក៏កាត់ក្បាលអោយទៅនាង ទុង្សា ជាកូនច្បង ។ នាងទុង្សា ហែក្បាលកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ អស់ ៦០ នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌប ភ្នំកៃលាស ។ លុះដល់គម្រប់មួយឆ្នាំសង្ក្រាន្ត ទើបនាងទេពធីតាទាំង ៧ អង្គ ផ្លាស់វេនគ្នា មកដង្ហែក្បាលកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ ជារៀងរាល់ឆ្នាំ ។ បុត្រីទាំង ៧ អង្គនោះគឺ៖
១- បើសង្ក្រាន្តចំថ្ងៃអាទិត្យត្រូវវេននាង ទុង្សា,
២- បើសង្ក្រាន្តចំថ្ងៃចន្ទត្រូវវេននាង គោរាគៈ,
៣- បើសង្ក្រាន្តចំថ្ងៃអង្គារត្រូវវេននាង រាក្យសា,
៤- បើសង្ក្រាន្តចំថ្ងៃពុធត្រូវវេននាង មណ្ឌា,
៥- បើសង្ក្រាន្តចំថ្ងៃព្រហស្បតិ៍ត្រូវវេននាង កិរិណី,
៦- បើសង្ក្រាន្តចំថ្ងៃសុក្រត្រូវវេននាង កិមិរា,
៧- បើសង្ក្រាន្តចំថ្ងៃសៅរ៍ត្រូវវេននាង មហោទរា ។
ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតា ដែកត្រូវវេនដង្ហែក្បាលកបិលមហាព្រហ្ម និងត្រូវអភិបាលពិភពលោក រៀងរាល់ឆ្នាំថ្មីចូលមកថល់ ពុំដែលអាក់ខានឡើយ ។
២- ពិធីស្រង់ព្រះ៖មហាសំការសូត្រ ដែលមានមកក្នុងគម្ពីរសុត្តជាតក ជាមគធភាសា បាននិទានថា ថ្ងៃសង្ក្រាន្តឆ្នាំថ្មីជិតចូលមកដល់ ព្រះបាទបសេនទិកោសល បានរៀបចំជាបារាំយ៉ាងស្អាតនៅឆ្នេរស្ទឹងមួយ ហើយក៏និមន្តព្រះពុទ្ធ និងព្រះសង្ឃស្រង់ទឹក រួចសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធ ព្រមទាំងភិក្ខុសង្ឃ នៅទីនោះ ។ គម្ពីរនេះដដែល បញ្ជាក់ទៀតថា អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូ ឧបជ្ឈាយ៍ មានអានិសង្សច្រើនណាស់ ។ អនាគតជាតិ នឹងបានទៅកើតក្នុងទេវលោក បានជាស្ដេចចក្រពត្តិ មានបុណ្យបារមីច្រើន មានរូបល្អ មានទ្រព្យសម្បត្តិច្រើន មានសេចក្ដីសុខគ្រប់យ៉ាង – ល - ។
គម្ពីរបញ្ញាសជាតក ត្រង់ជាតកទី ៣១ បានបញ្ជាក់អំពីអានិសង្ស នៃការស្រង់ទឹកព្រះសង្ឃ ដូចមហាសំការសូត្រដែរ គ្រាន់តែខុសគ្នាត្រង់មិនបានបញ្ជាក់ថា ក្នុងឱកាសចូលឆ្នាំនោះប៉ុណ្ណោះ ។ លោកលើកឧទាហរណ៍ ដូចជា ព្រះបាទបុប្ជរាជដែលបាននិមន្តព្រះឧសភត្ថេរ ក្នុងសាសនាព្រះពុទ្ធសរណង្ករ អោយស្រង់ទឹក ។ លុះអនាគតជាតិទៅ បានទៅកើតក្នុងទេវលោក មានបុណ្យបារមីច្រើន ហើយទីបំផុតបានទៅជាស្ដេចចក្រពត្តិ ក្នុងជម្ពូទ្វីបនេះ ។
នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ពេលចូលឆ្នាំម្ដង ៗ គេតែងធ្វើពិធីមួយ ដោយនិមន្តព្រះពុទ្ធរូបមានមហិទ្ធិឫទ្ធិ ២៥ អង្គ ដែលជាតំណាងអាណាខេត្តទាំងឡាយក្នុងព្រះរាជាអាណាចក្រ មកធ្វើពិធីស្រង់ទឹកនៅប្រាសាទជ័យស្រី (ប្រាសាទព្រះខ័ន) រួចគេដង្ហែព្រះពុទ្ធរូបទាំងនោះ ជាក្បួនយ៉ាងមហោឡារិក មុននឹងយកទៅតំកល់នៅកន្លែងដើមវិញ ។
ដោយមានជំនឿលើនិទាន និងទំនៀមរបស់ដូនតាយើង ដូចខាងលើនេះហើយ បានជាមានទម្លាប់ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ ។ តែដល់ពេលចូលឆ្នាំម្ដង ៗ គេតែងធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប – ព្រះសង្ឃ – មាតាបិតា - ជីដូនជីតា បុព្វការី នៅតាមវត្តអារាម និងតាមភូមិ ស្រុក ។
៣- ពិធីពូនភ្នំខ្សាច់៖ មហាសំការសូត្របានបញ្ជាក់ថាៈ ពេលសង្ក្រាន្តឆ្នាំថ្មីជិតមកដល់ ព្រះបាទបសេនទិកោសល បានទូលសួរព្រះពុទ្ធថា ក្រោយព្រះអង្គបរិនិព្វានទៅ បើដល់រដូវសង្ក្រាន្តចូលឆ្នាំថ្មីម្ដង ៗ តើខ្ញុំព្រះអង្គគួរបំពេញកុសលអ្វីខ្លះ ? ព្រះពុទ្ធត្រាស់ថា «គួរសាងវាលុកចេតិយ នៅឆ្នេរស្ទឹង ទន្លេ ហើយនាំយកគ្រឿងសក្ការៈ ទៀនធូប គ្រឿងក្រអូប ផ្កា ជាដើម មកបូជាចុះ» ។ ព្រះអង្គបានបញ្ជាក់អំពីអានិសង្សនៃការសាងវាលុកចេតិយនោះ ថាមានអានិសង្សច្រើនវិសេសណាស់ ដូចគ្នានឹងស្រង់ទឹកព្រះសង្ឃដែរ ។
គម្ពីរអានិសង្សវិលុកចេតិយ ជាសាស្ត្រាស្លឹករឹតភាសាខ្មែរ មានតែមួយខ្សែ ហើយមានបីនិទាន៖
– និទានទី ១ ៖ ដំណាលពីបារិកពោធិសត្វ និងពួកពាណិជ ដែលបានពូនភ្នំខ្សាច់ឧទ្ទិសជាតំណាងចូឡាមមណីចេតិយ ដែលតំកល់ព្រះចង្កូមកែវរបស់ព្រះពុទ្ធពីបុរាណ ប្រតិស្ឋនៅស្ថានត្រៃត្រិង្សទេវលោកនោះ ។ លុះអនាគតជាតិទៅ បានទៅកើតក្នុងសុគតិភព កើតជាស្ដេចចក្រពត្តិ ជាច្រើនជាតិ ហើយទីបំផុត បានត្រាស់ថាព្រះពុទ្ធយើងនេះ ។
– និទានទី ២ ៖ ដំណាលពីនាយនេសាទម្នាក់ (ឈ្មោះមិនប្រាកដ) ដែលជាអ្នកសម្លាប់សត្វជាអាហារ តាំងពីតូចមក ។ ថ្ងៃមួយ អ្នកនេសាទនេះ បានប្រគេនបាយមួយពំនូតដល់ភិក្ខុមួយអង្គ ។ ពេលដែលគាត់ស្លាប់ទៅ យមរាជបានយកទៅវាយសួរចម្លើយ ហើយចាប់បោះទៅក្នុងរណ្ដៅភ្លើងនរក តែមិនឆេះ បែរជាខ្ទាតចេញមកវិញ ។ នាយយមបាល ក៏វាយសួរម្ដងទៀត ។ ទទួលពេលនោះ នាយនេសាទក្រឡេកឃើញអណ្ដាតភ្លើងនរក មានសម្បុរដូចចីវរលោក ក៏នឹកដល់ទានរបស់ខ្លួន ហើយជំរាបយមបាល តាមដំណើររឿងធ្វើទាន ។ ពួកយមបាល ក៏អនុញ្ញាតអោយបុរសនោះ ទៅកើតក្នុងទេវលោកចំនួន ៧ ថ្ងៃ ហើយសឹមត្រឡប់មកស្ថាននរកវិញ ។ ទេវបុត្រនោះ ឈ្មោះថា «អន្នំលោកង្សិនី 2» មានប្រពន្ធសំណប់ចិត្តឈ្មោះនាង សុបណ្ណឱរ៉ៃ ។ គាត់បាននិយាយរឿងរ៉ាវរបស់គាត់ ដែលធ្លាក់ទៅនរកនោះប្រាប់ភរិយា ដោយសព្វគ្រប់ ។ នាងសុវណ្ណឱរ៉ៃ ក៏អោយស្វាមីខ្លួនសាងវាលុកចេតិយ ហើយឆ្លងអោយស្រេចក្នុងថ្ងៃទី ៧ ។ លុះដល់ថ្ងៃទី ៧ យមរាជ ក៏តាមមកហៅ អន្នំលោកង្សិនី ទៅស្ថាននរកវិញ ។ នាងប្រពន្ធ ក៏ចេញមកនិយាយតបថា “យើងមិនបើកទ្វារអោយស្វាមីយើងទៅទេ ព្រោះស្វាមីយើង បានសាងវាលុកចេតិយ និងធ្វើ ពិធីឆ្លងរួចហើយ, បើនៅតែត្រូវការយកប្ដីយើងទៅធ្វើទោសនោះ ចូរអ្នករាប់គ្រាប់ខ្សាច់នេះអោយអស់សិន” ។ យមរាជ ក៏ចាប់ផ្ដើមរាប់គ្រាប់ខ្សាច់ពេញមួយព្រឹកថ្ងៃត្រង់ មិនចេះអស់សោះ ។ យមរាជ ក៏ទាល់តម្រិះ ហើយត្រឡប់ទៅស្ថាននរកវិញ ។
– និទានទី ៣ ៖ ដំណាលពីចៅកម្ជិលខ្សាច់ ថា “មានក្មេងម្នាក់ ចេះតែពូនខ្សាច់ នៅទីផ្នូកខ្សាច់មុខផ្ទះ ហើយដេកននៀលលេងរាល់ ៗ ថ្ងៃ ប្រឡាក់ប្រឡូសទៅដោយខ្សាច់ មើលមិនយល់, គេក៏នាំគ្នាហៅថា ចៅកម្ជិលខ្សាច់ តមក ។ ថ្ងៃមួយ ព្រះឥន្ទ្រទតឃើញយ៉ាងនេះ ក៏អោយនាងទេពធីតាម្នាក់ ចុះមកធ្វើជាប្រពន្ធ ។ ក្រោយមក ព្រះរាជាទ្រង់ចូលទីវង្គត ហើយគ្មានអ្នកណាស្នងរាជ្យ ពួកមន្ត្រី ក៏ធ្វើបុស្បុកផ្សងរកអ្នកមានបុណ្យបារមី ។ បុស្បុក ក៏ទៅត្រូវលើចៅកម្ជិលខ្សាច់ ។ គេក៏នាំគ្នាអញ្ជើញចៅកម្ជិលខ្សាច់នោះ ទៅអោយសោយរាជ្យជាសុខ តទៅ” ។
ដោយមាននិទានបែបនេះហើយបានជា ខ្មែរយើងមានជំនឿជាប់តរៀងរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែភ្នំខ្សាច់នេះ គេមិនមែនធ្វើតែក្នុងឱកាសចូលឆ្នាំប៉ុណ្ណោះទេ សូម្បីនៅក្នុងពិធីបុណ្យផ្សេង ៗ ក៏គេនិយមធ្វើដែរ ព្រោះជឿថាជាការរំដោះកម្មពៀរវេរាដែលធ្វើអាក្រក់ កន្លងមក ។
សេចក្ដីសន្និដ្ឋាន៖
កាលបរិច្ឆេទ នៃការចូលឆ្នាំប្រពៃណីរបស់ប្រជាជាតិនានាក្នុងលោក តែងមានការប្រែប្រួលជាធម្មតា មិនថាឡើយតែពេលវេលាចូលឆ្នាំ របស់ប្រជាជនកម្ពុជាទេ ។ ពិធីនានាក្នុងឱកាសចូលឆ្នាំខ្មែរនោះ ក៏មានប្រការខ្លះមិនសមរម្យ រកកល់ទៅជារឿងភូតភរ គួរអោយពិបាកជឿកើត សំរាប់មនុស្សមានវិចារណញ្ញាណ ។ ប៉ុន្តែរឿងខ្លះ ក៏ជាប្រភពនៃការដឹកនាំមនុស្សអោយចេះសាមគ្គីគ្នា ស្រឡាញ់ រាប់អានគ្នា បំផុសលើកទឹកចិត្តមនុស្សអោយខិតខំបំពេញកុសលកម្ម លើកស្ទួយសង្គមជាតិ ឆ្ពោះទៅកាន់ភាពរឹងមាំ រីកចំរើនដែរ ។
កាលពីព្រេងនាយ ពិធីទាំងឡាយក្នុងឱកាសចូលឆ្នាំខ្មែរ សុទ្ធសឹងមានប្រភពភ្ជាប់មកពីលទ្ធិព្រាហ្មណ៍ ប៉ុន្តែចាប់ពីពេលដែលប្រជារាស្ត្រ ទទួលយកពុទ្ធសាសនា មកគោរពប្រតិបត្តិជំនួសសាសនាព្រាហ្មណ៍ ពិធីខាងដើមមួយចំនួន ក៏បានសម្របសម្រួលខ្លួនទៅតាមពិធីរបស់ពុទ្ធសាសនា ហើយក្រោយមក ក៏រលាយសាច់ឈាមផ្សំចូលគ្នាគ្រប់អន្លើ ស្ទើរមើលពុំយល់ ហើយប្រការមួយចំនួនទៀត ដែលប្រាសចាកហេតុផលខ្លាំងពេក ក៏រលាយរសាយបាត់ធាតុពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏មាន ។
ទោះបីយ៉ាងណាក៏ដោយ បុណ្យចូលឆ្នាំនេះ ពិជាកថាខ័ណ្ឌមួយសំខាន់ចាំបាច់បំផុត ក្នុងទំព័រជីវិតមនុស្សគ្រប់រូប គ្រប់ជាតិសាសន៍ ក៏ដូចជាខ្មែរគ្រប់រូបដែរសំរាប់ត្រួតពិនិត្យ វាយតំលែសរុបលទ្ធផលការងារ បេសកកម្ម បទពិសោធន៍ដែលខ្លួនបានអនុវត្តកន្លងមកក្នុងរយៈពេលមួយឆ្នាំ ហើយប្រមើលមើលទៅក្រោយ ដកស្រង់យកចំណុចល្អ ៗ បន្តអនុវត្តអោយប្រាកដ និង ជោគជ័យជាងទៀត នាឆ្នាំថ្មី ដ៏ក្សេមក្សាន្ត ។
រៀបរៀងសង្ខេប ដោយ
ម៉ែន ប្រាង * អាំ ឆន
1ស្រង់សង្ខេបពីព្រះរាជពិធីទ្វាទសមាស ភាគ ១
2អានថា អាន់ណាំង លោកាំង សិណី
បុណ្យមាឃបូជាជាពីធីបុណ្យមួយដែលមានសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ។ ពិធីបុណ្យព្រះ ពុទ្ធសាសនាមួយនេះ ត្រូវបានគេសង្កេតឃើញមានការប្រារព្ធឡើងដោយពុទ្ធសាសនិក ខ្មែរនៅប្រទេសកម្ពុជា ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ឬភាគខាងត្បូងនៃប្រទេសយួន ពុទ្ធសាសនិកលាវ និង ពលរដ្ឋសៀម។ ពិធីបុណ្យនេះ ប្រារព្ធឡើងនៅថ្ងៃ ១៥ កើតខែមាឃ នៃចន្ទគតិរៀងរាល់ឆ្នាំ ។ ការប្រារព្ធ ពិធីបុណ្យនេះ ក្នុងបំណងរំឭកដល់ព្រឹត្តិការណ៍ ២ សំខាន់ៗនៅក្នុងព្រះពុទ្ធសាសនាគឺ៖
១-រំឮកដល់ថ្ងៃ ចតុរង្គសន្និបាត (អានថា៖ ចៈ ឬ ចា-តុ-រ៉ង់-គៈ-សន់-និ-បាត) នៃព្រះ ភិក្ខុសង្ឃទាំង ១២៥០អង្គ នាថ្ងៃ ១៥ កើត ខែមាឃ នៅក្នុងវត្តវេឡុវ័ន ឋិតនៅក្នុង កលន្ទកនិវាបស្ថាន ក្រុងរាជគ្រឹះ មកធរដ្ឋ ក្នុងសម័យសព្វថ្ងៃនេះ សំដៅត្រង់ ប្រទេសឥណ្ឌាដែលហៅថា ប៊ិហារ (ពិហារ) ។
២-រំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ គឺពេលនោះព្រះអង្គមានព្រះជន្ម បើគិតតាមឈ្មោះខែ នៅខ្វះប្រហែល ៤ខែ និងបើគិតតាមចំនួនថ្ងៃ នៅខ្វះ ៨៨ថ្ងៃ ទៀត នឹងគម្រប់ ៨០ឆ្នាំគត់ ។ ព្រះអង្គទ្រង់កំណត់នូវព្រះជន្មាយុសង្ខារថា “ម្នាលភិក្ខុទាំងឡាយ គិតពីថ្ងៃនេះទៅ នៅខ្វះតែ ៣ ខែទៀតទេ តថាគតនឹងរលត់ខន្ធចូលកាន់និព្វាន”។ ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នៅក្នុងវត្តវេឡុវ័ន ឋិតនៅក្នុង កលន្ទកនិវាបស្ថាន ក្រុងរាជគ្រឹះ មកធរដ្ឋ ព្រះពុទ្ធសមណគោត្តម ទ្រង់បានប្រកាសបង្កើតព្រះពុទ្ធ សាសនាឡើងក្នុងលោកតាមរយៈ «ចតុរង្គសន្និបាត» ដែលមានសមាជិកព្រះអរហន្ត សាវ័កចំនួន ១២៥០អង្គ ។
ពាក្យ «មាឃបូជា» ៖តាមភាសាបាលីសកលគេហៅពិធីបុណ្យនេះថា Mãgha Pujã (អានថា៖ ម៉ាឃៈ ប៉ូឆា) ភាសាខ្មែរហៅថា មាឃបូជា (ត្រូវអានថា៖មាឃៈបូជា មិនត្រួវអានថា មាឃ-បូជា ឡើយ) ជនជាតិសៀមហៅថា มาฆบูชา (អានថា៖ ម៉ាឃៈបូឆា) និងជនជាតិលាវហៅថាມະຄະບູຊາ (អានថាៈ ម៉ាឃៈបូឆ្សា) ។
អត្ថន័យ៖ យោងតាមវចនានក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ត្រង់ទំព័រ ៨៧២ បានពន្យល់អត្ថន័យត្រង់ពាក្យ « មាឃបូជា» ថា ការបូជានៅក្នុងខែមាឃ ឬពិធីបុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ ។
មាឃបូជា មាឃៈ– សំ. បា. ( ន. ) (មាឃ + បូជា) ការធ្វើបូជាក្នុងខែមាឃ ។ ឈ្មោះ បុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឮកដល់សាវ័កសន្និបាត “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធដែលហៅថា ចាតុរង្គសន្និបាត “ការប្រជុំមានអង្គបួន” គឺ៖
១- ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (ថ្ងៃពេញបូណ៌មីខែមាឃ)
២-ព្រះភិក្ខុសង្ឃ ចំនួន ១.២៥០ រូប ឥតបានមកកំណត់ពេលគ្នាជាមុនសោះក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្តា
៣- ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជា ឯហិភិក្ខុ ដូចគ្នាទាំងអស់
៤- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត ។ ការប្រជុំមានអង្គ ៤ ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់ ក្នុងវេលានោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង ឱវាទបាតិមោក្ខ។ ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់ យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំថា ជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជា ៖ ថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា ។
ពិធីបុណ្យមាឃបូជានេះ លោក ធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ បានធ្វើការអត្ថាធិប្បាយមួយថា បុណ្យនេះប្រារព្ធឡើងដើម្បីរំឮកដល់ថៃ្ង ដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់ ។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការណ៍ចំនួន ១១ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ប្រកាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា ។ គោលការណ៍ទាំង១១ ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សាឲ្យយល់ដឹង និងអនុវត្តដូចតទៅ ៖
១-គោលបំណង៖គោលបំណងរបស់របស់ព្រះពុទ្ធសាសនាឬដូចជាគោលបំណងរបស់ពុទ្ធសាសនិកម្នាក់ៗ គឺសែ្វងរកនិព្វានដែលប្រែថាសភាវៈប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្ហា នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនឹង ពាក្យថា “សន្តិ “ដែលប្រែថា” សេចក្តីស្ងប់ ” ។ យើងអាចនិយាយថា គោលបំណងរបស់ព្រះពុទ្ធសាសនាគឺការបង្កើតឡើងនូវសន្តិភាពក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃសន្តិភាពក្នុងសង្គមដែលខ្លួនរស់នៅផង ។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែងធ្វើឲ្យសម្រេច ។
២-គោលដៅ៖ សន្តិភាព ឬ និព្វានមិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារផ្តល់ ឬប្រទានឲ្យដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព ៣ យ៉ាងគឺ៖
ក. ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់ គ្រប់ប្រភេទមិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។
ខ. ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំ ថៃ្ងទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី ។
គ. ពង្រឹងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោងចិត្តឲ្យ អស់ទៅរហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ ។
៣. លក្ខណៈរបស់ពុទ្ធសាសនិកជន៖
លក្ខខណ្ឌទី១៖មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អនិងកម្ចាត់អំពើអាក្រក់ ។
លក្ខខណ្ឌទី២៖មិនប្រើអំពើហិង្សាក្នុងការរស់នៅ ។
លក្ខខណ្ឌទី៣៖មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។
លក្ខខណ្ឌទី៤៖រក្សាសីលរស់នៅក្នុងច្បាប់យកច្បាប់ជាធំ។
លក្ខខណ្ឌទី៥៖បរិភោគប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
លក្ខខណ្ឌទី៦៖ចូលចិត្តភាពស្ងប់ស្ងាត់និងបង្កើតបរិយាកាសស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។
៤.មេរៀនពីបុណ្យមាឃបូជា៖
ថៃ្ងនេះជាថៃ្ងដែលព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ប្រការនេះសម្រាប់ ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់
ចំណុច១៖ក្នុងឋានៈជាបរិស័ទការអនុវត្តន៍តាមប្រការទាំង១១នេះនឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ ។
ចំណុច២៖ក្នុងឋានៈជាពលរដ្ឋក្នុងសង្គម ការមានគោលបំណងរួមមានគោលដៅ ដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវសន្តិភាព និង ការអភិវឌ្ឍដែលប្រកបដោយនិរន្តភាព។
ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅក្នុងសង្គម ឬ ប្រទេសជាតិមួយដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ ការអភិវឌ្ឍដល់ប្រទេសជាតិ តែឯងនោះ ការគោរពតាមគោលការណ៍ទាំង ១១ប្រការនេះនឹងកាត់បន្ថយបាននូវ អស្ថិរភាពជម្លោះ និង អំពើហិង្សា ដែលកើតមកពីការប្រកូតប្រជែងគ្នាបាន ។
ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹង នាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា ការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាក៏ដោយ។
ចំណុច៥៖ក្នុងឋានៈជាអន្តរជាតិការគោរពតាមគោលការណ៍នេះនឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុ ដ៏យូរអងែ្វងបានដោយ មិនបាច់ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ ៕
ព្រះពុទ្ធសាសនា និងសង្គមខ្មែរ
យើងចង់ដឹងថា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាលនេះ តើព្រះពុទ្ធសាសនា បានជួយអភិវឌ្ឍន៍សង្គមខ្មែរដែរឬទេ ? សំនួរនេះ តម្រូវអោយយើងឆ្លើយ និងដោះស្រាយបំភ្លឺ ដោយប្រើការសិក្សាស្រាវជ្រាវ តាមសម័យកាលនីមួយ ៗ ដូចតទៅនេះ :
• សម័យនគរភ្នំ (ព.ស, ៥៤៣ – ១០៩៣, គ.ស ទី ១ – ៥៥០)
ខាងចុងគ្រឹស្តសតវត្សទី ៥ និងដើមគ្រឹស្តសតវត្សទី ៦ ព្រះបាទកៅណ្ឌិន្យជយវរ្ម័ន ព្រះចៅនគរភ្នំ បានបញ្ជូនអ្នកប្រាជ្ញពីរអង្គ គឺព្រះសង្ឃបាលត្ថេរ និងព្រះមន្ទ្រសេនត្ថេរ ដែលចេះភាសាច្រើន អោយទៅជួយប្រែព្រះត្រៃបិដកជូនប្រទេសចិន តាមសេចក្ដីសុំពីព្រះចៅក្រុងចិន ព្រះនាម វូ ក្នុងរាជវង្សលាង ។ ព្រះថេរៈទាំងពីរអង្គនេះក៏ទទួលព្រះរាជានុញ្ញាតអោយទៅបំពេញប្រេសិតកម្មនេះ តាមសំណើររបស់ព្រះចៅក្រុងចិន នៅ “ហ្វូណន – ក្វាង” ប្រែថា ការិយាល័យនៃប្រទេសនគរភ្នំ ។ នេះជាប្រេសិតកម្មដ៏ខ្ពង់ខ្ពស់ ដែលព្រះថេរៈទាំងពីរអង្គ បានបំពេញជាផ្លូវរដ្ឋជូនប្រទេសទាំងពីរ ដែលបង្កើតបានជាមិត្តភាពមួយ ចងភ្ជាប់ប្រទេសទាំងពីរ អោយស្រឡាញ់រាប់អានគ្នា ។ ចំណងមិត្តភាពនេះ បានបន្តដល់ព្រះមហាក្សត្រក្រោយ ៗ ទៀតផង ។
សេចក្ដីប្រែព្រះត្រៃបិដក ជាស្នាព្រះហស្តនៃព្រះថេរៈទាំងពីរអង្គនេះ មានចារជាប់ព្រះនាមក្នុងព្រះត្រៃបិដកចិន រហូតមកដល់សព្វថ្ងៃនេះ ។ កាលសម្ដេចព្រះឧបយុវរាជ សីហនុ វរ្ម័ន យាងទៅប្រទេសចិន ក្នុងឆ្នាំ ១៩៥៦ អធិបតីនៃសមាគមពុទ្ធសាសនាចិន បានយកស្នាព្រះហស្តនោះមកថ្វាយសម្ដេចទត ទុកជាសក្ខីភាពនៃមិត្តភាពខ្មែរ – ចិន ដែលមានអាយុ ១៥០០ ឆ្នាំ មកហើយ ។
នៅ ព.ស. ១០២៧, គ.ស. ៤៨៤ ព្រះបាទកៅណ្ឌិន្យជយវរ្ម័នដដែល បានបញ្ជូនព្រះសាក្យនាគសេនត្ថេរ ជាប្រេសិតទៅកាន់ព្រះចៅក្រុងចិន ព្រះនាម វុ - ទី ។ ប្រេសិតកម្មរបស់ព្រះថេរៈអង្គនេះ មានលក្ខណៈជាការទូត ពីព្រោះភារកិច្ចនេះជាទំនាក់ទំនងការងាររបស់ប្រទេសជាតិទាំងពីរ នេះជាការបញ្ជាក់បានថា ភិក្ខុសង្ឃនៃព្រះពុទ្ធសាសនា មានមុខងារសំខាន់ណាស់ក្នុងសង្គម ។
• សម័យចេនឡា (ព.ស. ១០៩៣ – ១៣៤៥, គ.ស. ៥៥០ – ៨០២)
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ១ វត្តព្រៃវៀរ ជាវត្តមួយគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ បំភ្លេចចោលមិនបាន ។ វត្តនេះស្ថិតនៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាវត្តបរមបុរាណមួយជាប់ឋិតថេរចីរកាល តាំងពីកានោះមក រហូតមកដល់សព្វថ្ងៃនេះ ។ ទៅដល់វត្តនេះភ្លាម យើងឃើញសម្បត្តិវប្បធម៌ខ្មែរពីបុរាណ គួរអោយរំភើបចិត្តខ្លាំងណាស់ រំភើបដោយនឹកដល់បុព្វបុរសយើង គឺពិតជាបុព្វការីជន គួរជាទីគោរពសក្ការៈរបស់យើងជំនាន់ក្រោយ ។ និយាយនេះ ហាក់ដូចជាមានតែវត្តព្រៃវៀរមួយនេះ ដែលមានតួនាទីថែរក្សាសម្បត្តិវប្បធម៌ជាតិ ។ តាមពិត អោយតែវត្តអារាមរបស់ព្រះពុទ្ធសាសនា គឺជាជង្រុកវប្បធម៌របស់ខ្មែរ ទោះក្នុងសម័យកាលណាក៏ដោយ ។ ប៉ុន្តែ ចុះណុចដែលគួរអោយចាប់អារម្មណ៍នោះគឺ វត្តនេះកើតឡើងតាំងពី គ.ស. ៦៦៤ ហើយឋិតថេរ រហូតមកដល់សព្វថ្អៃនេះ ពុំមានរលុបរលាយទៅណា ហើយបានរក្សាទុកនូវវប្បធម៌របស់ជាតិអោយយើងរហូតដល់សព្វថ្ងៃនេះ ទៀតផង ។
• សម័យមហានគរ (ព.ស. ១៣៤៥ – ១៩៥៧, គ.ស. ៨០២ – ១៤៣២)
លោក ចូវ តាកួន ព្រះរាជទូតព្រះចៅក្រុងចិន ប្រចាំប្រទេសមហានគរ បានសរសេរក្នុងឆ្នាំ ១២៩៦ ថា «ព្រះរាជា ពិគ្រោះកិច្ចការធំ ៗ ជាមួយនឹងព្រះភិក្ខុសង្ឃ» ។
ឯលោក សឺដែស ប្រវត្តិវិទូបារាំង បានសរសេរក្នុងកាលានុប្បវត្តិលាវ និយាយថា ព្រះរាជកុមារ ហ្វា - ងូម បានទៅសិក្សាចំណេះវិជ្ជានៅប្រទេសខ្មែរ ក្នុងរជ្ជកាលព្រះបាទជយវិមបរមេស្វរៈ ។ ព្រះរាជកុមារនេះ បំពេញការសិក្សាក្នុងសំណាក់ព្រះមហាថេរខ្មែរមួយអង្គ មានឋានៈខ្ពង់ខ្ពស់ ព្រះនាម “មហា ផះ សម៉នចៅ” (មហាសមណៈ) ។ លុះព្រះជន្មបាន ១៦ ព្រះវស្សា ព្រះមហាក្សត្រខ្មែរ សព្វព្រះទ័យណាស់ ទ្រង់ព្រះមេត្តាប្រោសលើកព្រះរាជធីតា ព្រះនាម “កែវ ឬ យ៉តកែវ” អភិសេកប្រទានជាអគ្គជាយា ។ លុះដល់ គ.ស. ១៣៥៣ ព្រះរាជាកុមារ ហ្វា - ងូម បានអភិសេកជាព្រះមហាក្សត្រលាវ ព្រះនាម “ព្រះយ៉ា ហ្វា - ងូម” ហើយទ្រង់ដាក់នាមរាជធានីលាវថា “ល៉ានឆាង” ។ កាលណោះ នៅមិនទាន់មាននាមថា “លួងព្រះបាង” នៅឡើយទេ ។ រួចហើយ ព្រះយ៉ា ហ្វា - ងូម បានសុំព្រះរាជានុញ្ញាតពីព្រះមហាក្សត្រខ្មែរ និមន្តមហាព្រះសមណៈជាគ្រូរបស់ព្រះអង្គ គណៈសង្ឃខ្មែរ និងសិល្បករខ្មែរច្រើននាក់ ព្រមទាំងគម្ពីរដីកា យកទៅប្រតិស្ឋាននៅប្រទេសលាវ ។ ដើម្បីអោយកើតមានសិរីសួស្ដីជ័យមង្គលដល់ប្រទេស និងប្រជាជន របស់ព្រះអង្គ ទ្រង់ក៏សុំព្រះរាជានុញ្ញាតពីព្រះមហាក្សត្រខ្មែរ និមន្តពុទ្ធបដិមា * សក្តិសិទ្ធិមួយអង្គទៀត ដែលមានកិត្តិនាមល្បីល្បាញ យកទៅប្រតិស្ឋានទុកជាមង្គល ឬជាកិត្តិយសដល់ព្រះរាជធានីល៉ានឆាង ។ លុះបានទៅប្រតិស្ឋាននៅព្រះរាជធានីល៉ានឆាងហើយ ព្រះពុទ្ធរូបអង្គនេះ ត្រូវបានថ្វាយនាមថា “ព្រះបាង” ។ រាជធានីល៉ានឆាង តាំងពីបានព្រះបាងទៅប្រតិស្ឋានទុកជាជយមង្គលហើយ ក៏បាននាមាភិធេយ្យថ្មីថា “រាជធានី លួងព្រះបាង” តាំងពីពេលនោះមក រហូតដល់សព្វថ្ងៃនេះ ។
សេចក្ដីរៀបរាប់ខាងលើនេះ យើងឃើញថា ប្រេសិតមួយក្រុមធំ ដែលព្រះមហាក្សត្រខ្មែរបញ្ជូនទៅនោះ មានទ្រង់ទ្រាយជាផែនការមួយ រៀបចំឡើងដើម្បីជួយអភិវឌ្ឍប្រទេសលាវ ក្រោមការដឹកនាំរបស់មហាសមណៈ និងព្រះយ៉ា ហ្វា - ងូម ។ ព្រោះហេតុនេះ សេចក្ដីរុងរឿងនៃព្រះពុទ្ធសាសនា និងសិល្បវិជ្ជាការនានា នៅប្រទេសលាវ អាចកើតចេញពីឥទ្ធិពលនៃវប្បធម៌ខ្មែរពីបុរាណទាំងអស់ ។
នេះជាការអភិវឌ្ឍន៍ដ៏ធំមួយ ដែលព្រះពុទ្ធសាសនាបានជួយបំពេញថ្វាយព្រះមហាក្សត្រខ្មែរ ក៏ដូចជាសង្គមខ្មែរ បង្កើតបានជាមិត្តភាពមួយយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរ ។ ពង្សាវតារខ្មែរបានឆ្លាក់ប្រវត្តិនេះ ទុកជាកិត្តិយសដ៏ខ្ពង់ខ្ពស់ នៃព្រះមហាក្សត្រខ្មែរ គណៈសង្ឃខ្មែរ ប្រជាជនខ្មែរ ។ និស្សិតលាវ ជាបព្វជិតក្ដី គ្រហស្ថក្ដី តែងមកសិក្សានៅប្រទេសខ្មែរ ក្រោមការឧបត្ថម្ភពីមហាក្សត្រខ្មែរ ។
• សម័យអាណានិគមបារាំង (គ.ស. ១៨៦៣ – ១៩៥៣)
ក្នុងសម័យនេះ បារាំងបានប៉ុនប៉ងលុបបំបាត់អក្សរខ្មែរ ។ នៅតាមសាលារៀន បារាំងអោយរៀងអក្សរឡាតាំងជំនួសអក្សរខ្មែរ ។ នេះជាព្រឹត្តិការណ៍ ដ៏រំជួលមួយក្នុងសង្គមខ្មែរ ប៉ុន្តែ ពុំមានខ្មែរណាហ៊ានតវ៉ាឡើយ ។ រឿងនេះ បារាំងខំព្យាយាមខ្លាំងណាស់ ប៉ុន្តែ ពេលក្រោយមក ស្រាប់តែបារាំងអោយរៀងអក្សរឡើងវិញ ។ តើមូលហេតុអ្វីបានជាបារាំងលះបង់គំនិតលុបបំបាត់អក្សរខ្មែរ ។
ការដោះស្រាយបញ្ហាខាងលើ ទៅតាមសម័យកាលនីមួយ ៗ ធ្វើអោយយើងដឹងច្បាស់ដោយខ្លួនឯងថា វត្តអារាមជាជង្រុកវប្បធម៌ ជាមជ្ឈមណ្ឌលផ្សព្វផ្សាយពុទ្ធិ និងថែរក្សាសម្បត្តិវប្បធម៌ជាតិ តាំងពីអតីតកាលដ៏យូរលង់មកហើយ ។ ឯព្រឹត្តិការណ៍លុបបំបាត់អក្សរជាតិ ដែលជាព្រឹត្តិការណ៍ដែលគួរអោយរន្ធត់នោះ ត្រូវបានវត្តអារាមប្រឈមមុខតទល់ទៀត ។ ភិក្ខុ - សាមណេរគ្រប់វត្តអារាម នៅតែសរសេរចារជាអក្សរខ្មែរដដែល សូត្រធម៌ បង្ៀនធម៌ ជាអក្សរខ្មែរ ។ បង្រៀនអក្សរខ្មែរដល់កូនចៅដែលទៅនៅវត្ត ។ គម្ពីរដីកា សាស្ត្រាស្លឹករឹត ក្បួនតម្រាទាំងឡាយ ត្រូវភិក្ខុ- សាមណេរគ្រប់វត្ត ថែរក្សាទុកយ៉ាងម៉ត់ចត់ ។ ការប្រឈមមុខតទល់នឹងបារាំងរបស់វត្តអារាមនេះ ធ្វើអោយបារាំងទាល់ច្រក ពីព្រោះបារាំអមិនហ៊ានរំលោភលើវត្តអារាម ។ មនុស្សខ្មែរនាពេលនោះ មានការរួមគំនិតគ្នាខ្លាំងណាស់ ។ ពុទ្ធបរិស័ទគ្រប់វត្ត មានគំនិតប្រឆាំងបារាំងដូច ៗ គ្នា ប៉ុន្តែ វត្តអារាម (ភិក្ខុ -សាមណេរ) ជាអ្នកចេញមុខ ។ ឥទ្ធិពលនេះ ធ្វើអោយសាលារៀនអក្សរឡាតាំងរបស់បារាំងចុះខ្សោយ ជាលំដាប់ ។ ទីបំផុត បារាំងអោយរៀនអក្សរខ្មែរដដែល ។ ប្រសិនបើ គ្មានវត្តអារាមទេនោះ អក្សរជាតិរបស់យើង ត្រូវលុបរលាយបាត់អស់តាំងពីពេលនោះឯង ។
• សម័យសង្គមរាស្ត្រនិយម (១៩៥៣ – ១៩៧០)
ក្នុងសម័យសង្គមរាស្ត្រនិយម រដ្ឋាភិបាល និងវត្តអារាម មានការជិតដិតគ្នាល្អណាស់ ។ គំនិតនេះ ពិតជាមានការដិតដាមជាប់ឥទ្ធិពលពីមហាក្សត្រមុន ៗ ដូចជាព្រះបាទជ័យវរ្ម័នទី ២ រហូតដល់ជ័យវរ្ម័នទី ៧ ជាដើម ។ ព្រះបាទជ័យវរ្ម័នទី ២ ដែលតាំងរាជធានី នៅលើភ្នំគូលេន ហៅ «មហេន្ទ្របព៌ត» ព្រះអង្គបានរៀបចំពិធីសំខាន់ ៗពីរគឺ ពិធី «ទេវរាជ» និងពិធី «ពុទ្ធរាជ» ។ ពិធីទាំងពីរនេះហើយ ដែលធ្វើអោយយើងយល់ថា ព្រះអង្គឱបសាសនាទាំងពីរគឺ ព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ។ តាមពិត កំណើតសាសនារបស់ព្រះអង្គគឺ ព្រហ្មញ្ញសាសនា តែក្រោយមក ដោយពុទ្ធសាសនារីកចំរើន ព្រះអង្គក៏បែរមកកាន់ពុទ្ធសាសនាទៀត ។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា ព្រះបាទជ័យវរ្ម័នទី ២ ជាបុព្វការីរបស់ព្រះបាទជ័យវរ្ម័នទី ៧ ។ ឯសម័យសង្គមរាស្ត្រនិយម ដ៏ដូច្នោះដែរ ។ យើងសង្កេតឃើញថា ស្ទើរតែគ្រប់វត្តអារាម បានសាងសង់សាលារៀនសំរាប់កុមារ កុមារី ក្នុងចំណុះជើងវត្ត ។ កាលនោះ ការសាងសង់ទាំងឡាយ មានសាលាបឋមសិក្សា រហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ច្រើនតែព្រះសង្ឃជាប្រធាននៃការសាងសង់ ។ មានវត្តជាច្រើនបានជួយផ្ដល់ការងាយស្រួលដល់គ្រូបង្រៀន ដោយផ្ដល់ទីកន្លែងស្នាក់នៅក្នុងវត្ត និងផ្គត់ផ្គង់ភោជនាហារទៀតផង ។
នៅឯក្រុងភ្នំពេញវិញ វត្តនីមួយ ៗ ផ្ទុកដោយសិស្ស និងនិស្សិត ស្នាក់នៅរៀនសូត្រ ឆ្នាំខ្លះ ភិក្ខុ - សាមណេរមានតិចជាងសិស្ស និស្សិត ។ គ្រាន់តែវត្តឧណ្ណាលោមមួយ ឆ្នាំខ្លះ ភិក្ខុ - សាមណេរមានត្រឹម ៤០០ អង្គ ឯសិស្ស និស្សិត មានដល់ទៅជាង ៥០០ នាក់ ក៏មាន ។ សិស្ស និស្សិត ទាំងនេះមានការស្រឡាញ់ស្និទ្ធស្នាលជាមួយភិក្ខុ - សាមណេរណាស់ ។ សាស្ត្រាចារ្យខ្លះ បន្តស្នាក់នៅក្នុងវត្ត រហូតដល់មានគូស្រករ ទើបចេញពីវត្ត ដោយនាំយកនូវស្លាកស្នាមស្រឡាញ់វត្ត និងភិក្ខុ - សាមណេរទៅជាមួយផង ។ មានសកម្មភាពវប្បធម៌ច្រើនទៀត ដែលវត្តអារាម និងព្រះសង្ឃពុទ្ធសាសនិកយើង បានរួមចំណែកលើកស្ទួយសង្គមជាតិ ។
តាមការសិក្សាដោយសង្ខេបរបស់យើង, យើងឃើញថា តាំងពីបុរាណរៀងមក ព្រះពុទ្ធសាសនាបានដើតួនាទីជាប្រវត្តិសាស្ត្រ ដោយបានរួមចំណែកដល់ភាពថ្កុំថ្កើងរុងរឿង និងកិត្យានុភាពនៃមាតុភូមិអង្គរ ដោយបានថែរក្សា លើកតម្កើង អត្តសញ្ញាណជាតិកម្ពុជា ភាសា អក្សរសាស្ត្រ វប្បធម៌ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរដ៏ល្អបវរ ព្រមទាំងបានបង្ហាញផ្លូវរស់នៅ ដ៏សុខសាន្តដល់ខេមរជនគ្រប់រូបអោយដើរឆ្ពោះទៅកាន់សន្តិភាព វិបុលភាព និងសុភមង្គល ដោយចៀសវាងអំពើហឹង្សា អកុសលកម្ម បាបកម្មផ្សេង ៗ ។
នាដំណាក់កាលបច្ចុប្បន្ននេះ ព្រះពុទ្ធសាសនា ដែលស្ទើរតែផុតរលត់សូន្យសុងក្នុងកម្លុងឆ្នាំ ១៩៧៥ – ១៩៧៩ បានរីកចំរើនឡើងវិញ ក្នុងសន្ទុះមួយថ្មី ដោយបានទទួលការឧបត្ថម្ភពីពុទ្ធសាសនិកដ៏សប្បុរសក្នុងប្រទេស និងក្រៅប្រទេស ។ ជាមួយនឹងការរីកចំរើននេះ ទោះបីបញ្ហាថ្មី ៗ បានកើតមានឡើងនៅក្នុងសាសនមណ្ឌល ក៏មន្ត្រីសង្ឃ និងមន្ត្រីធម្មការខេត្ត ក្រុងរបស់យើង បានរិះរកវិធីសាស្ត្រដោះស្រាយមួយដ៏សមហេតុផល សំដៅពង្រឹងតួនាទីព្រះពុទ្ធសាសនានៅក្នុងសង្គមឡើងវិញ តាមរយៈតួនាទីរបស់វត្តអារាម, របស់ព្រះសង្ឃ និងការអប់រំ ឃោសនាផ្សព្វផ្សាយអំពីព្រះធម៌ ពុទ្ធឱវាទ សីលធម៌ ចរិយាធម៌ ដើម្បីបង្កើនជំនឿទុកចិត្តរបស់ពុទ្ធសាសនិកជនទៅលើព្រះពុទ្ធសាសនា និងតម្រង់ទិសសង្គម និងយុវវ័យជំនាន់ក្រោយ ៗ អោយបន្តគោរពចំពោះព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនៃយើង ។ សកម្មភាពដែលមន្ត្រីសង្ឃ និងមន្ត្រីធម្មការខេត្ត ក្រុង របស់យើង យកព្រះទ័យយកចិត្តទុកដាក់ជាពិសេសនោះគឺ ការបន្តការគាំទ្រដល់ការងារមនុស្សធម៌ និងសង្គមកិច្ច ដូចជាកសាងវត្តអារាម កសាងបណ្ណាល័យ កសាងសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យការទំនុកបំរុងដល់ចាស់ព្រឹទ្ធាចារ្យគ្មានកូនចៅ កុមារកំព្រា និងប្រជារាស្ត្រជួមគ្រោះភ័យដោយប្រការផ្សេង ៗ ជាដើម ព្រោះយើងមានជំនឿជឿជាក់ កិច្ចការទាំងអស់នេះ ទោះធំឬតូច, ច្រើនឬតិចក្ដី សុទ្ធតែមានឥទ្ធិពលចូលជ្រៅក្នុងជីវភាពសង្គម ដែលញ៉ាំងអោយតូនាទីព្រះពុទ្ធសាសនា កាន់តែរីកចំរើនរឹងមាំទៅអនាគត ៕
កែសម្រួល ៖ ឱម ខែម និង សុខ សេង
*ពុទ្ធបដិមាអង្គនេះ ប្រហែលព្រះពុទ្ធរូបព្រះនាម «ជយពុទ្ធមហានាថ» ពីព្រោះ ពុទ្ធរូប នាមជយពុទ្ធមហានាថ ទាំង ២៥ អង្គ មានកិត្តិនាមល្បីល្បាញខ្លាំងណាស់ដល់ប្រទេសនានា ។
![]()
ប្រទេសនានានៅលើពិភពលោកនេះ សុទ្ធតែមានវប្បធម៌ អរិយធម៌ រៀងៗខ្លួនដើម្បីបញ្ជាក់អត្តសញ្ញាណជាតិ ទៅកាន់មនុស្សម្នាទាំងពួងក្នុងលោកឲ្យដឹង និង ស្គាល់កាន់តែច្បាស់ពីតម្លៃនៃជាតិសាសន៍ខ្លួន។ ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយទៀត តែងតែមានការចម្លង ឬ ដកស្រង់យកចំណុចល្អពីគ្នាទៅវិញទៅមក ដើម្បីបានជាប្រយោជន៍ដល់សង្គមរៀងៗខ្លួន ប៉ុន្ដែចំណុចខ្លះយើងមិនគួរបណ្ដោយឲ្យមានសកលភាវូបនីយកម្មនៃវប្បធម៌ជ្រុលហួសហេតុពេកនោះទេ ពិសេសគឺការដែលយើងមិនបានច្នៃប្រឌិតឲ្យមានលក្ខណៈជាតិ វានឹងក្លាយជាការបន្ថោកតម្លៃយ៉ាងធ្ងន់ធ្ងរដល់ភាពថ្លៃថ្នូរនៃសង្គមមនុស្សក្នុងប្រទេសជាតិខ្លួនជាក់ជាមិនខានឡើយ។
១៤ កុម្ភៈ ដែលលោកខាងលិចចាត់ទុកថាជា ទិវានៃសេចក្ដីស្រឡាញ់ នោះត្រូវបានយុវវ័យខ្មែរឈាមរាវ ឬ ប្រភេទនៃសត្វមមាចដែលចង់ខ្លាំងជាមួយនឹងភ្លើងមួយក្ដាប់ធំ យកមកកាឡៃក្នុងន័យដើម្បីស្វែងរកការសប្បាយក្នុងផ្លូវកាមគុណ ដែលជាកត្តានាំមកនូវភាពអាម៉ាស់ និង ជាការបន្ថោកតម្លៃវប្បធម៌ សីលធម៌សង្គមយ៉ាងខ្លាំងដែលមិនអាចទទួលយកបានឡើយ។ គេប្រើប្រាស់ថ្ងៃមួយនេះជារៀងរាល់ឆ្នាំ ដើម្បីសេចក្ដីសប្បាយផ្ទាល់ខ្លួន ប៉ុន្ដែវាបានធ្វើឲ្យជនរួមជាតិដទៃទៀតដែលរស់ក្នុងសង្គមកម្ពុជា ត្រូវរងនូវភាពអាម៉ាស់ផងដែរ ដោយសារតែប្រភេទនៃយុវវ័យជំពូកនោះ។
ទាំងស្រី ទាំងប្រុស សុទ្ធតែជ្រួលជ្រើម ត្រេកត្រអាលក្នុងផ្លូវកាមគុណ និង ឈ្លក់វង្វេងដោយចេតនាពិតៗ ហើយកំពុងតែនាំគ្នាព្រួតដៃវាយបន្ថោកតម្លៃកិត្តិយសខ្លួនឯងឲ្យស្អុយរលួយ កិត្តយសគ្រួសារ ពិសេសនោះគឺបន្ថោកដល់តម្លៃសង្គមកម្ពុជាទាំងមូលឲ្យកាន់តែធ្លាក់ទាបស្ទើរដល់ដី ដោយសារតែអំពើអបាយមុខនៃយុវវ័យពាលាអាវាសែ ដែលប្រព្រឹត្តទាំងងងើល ដើម្បីតែក្ដីសប្បាយផ្ទាល់ខ្លួន។
សង្គមគេមិនបំបិទសិទ្ធិនោះទេ ប៉ុន្តែយុវវ័យប្រភេទនេះ គួរប្រើប្រាស់សេរីភាពខ្លួនឲ្យបានត្រឹមត្រូវ ប្រកបដោយភាពថ្លៃថ្នូរ និង មានដែនកំណត់។ ទិវានេះបើយកមកកាឡៃឲ្យល្អគឺពិតជាល្អ តែបើយកមកកាឡៃឲ្យអាក្រក់គឺពិតជាអាក្រក់ និងគួរឲ្យស្អប់ខ្ពើមជាទីបំផុត។ យើងអាចយកទិវានេះមកសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះជីដូនជីតា មាតាបិតា បងប្អូន មិត្តភក្ដិ និង មនុស្សផ្សេងៗ ក្នុងន័យត្រឹមត្រូវ ប្រកបដោយភាពថ្លៃថ្នូរបំផុត(ករណីដែលយើងចង់ទទួលយកវប្បធម៌នេះ ) ប៉ុន្ដែក្រុមយុវជន យុវតីដែលពោរពេញដោយភាពជ្រួលជ្រើម និង ត្រេកត្រអាលបំផុតនោះ មិនបានយកមកអនុវត្តន៍ប្រកបដោយភាពថ្លៃថ្នូរទេ គេមានចេតនាតែមួយមុខគត់គឺសេចក្ដីសប្បាយផ្នែកកាមគុណ។
១៤ កុម្ភៈ មិនបានធ្វើឲ្យយុវវ័យខ្មែរឈ្លក់វង្វេង ជ្រួលជ្រើម និង ត្រេកត្រអាលនោះទេ ប៉ុន្តែយុវវ័យខ្មែរមួយក្ដាប់ធំនេះទេ ដែលជាអ្នកឈ្លក់វង្វេង ជ្រួលជ្រើម និង ត្រេកត្រអាល ដោយចេតនាពិតៗជាមួយថ្ងៃ ១៤ កុម្ភៈ។
១៤ កុម្ភៈ មិនបានបំផ្លិចបំផ្លាញវប្បធម៌ដ៏ផូរផង់នៃប្រជាជាតិកម្ពុជានោះទេ ប៉ុន្ដែយុវវ័យនៃប្រជាជាតិកម្ពុជាមួយក្ដាប់ធំនេះទេ ដែលជាអ្នកយកថ្ងៃ ១៤ កុម្ភៈ មកបំផ្លិចបំផ្លាញវប្បធម៌ដ៏ផូរផង់នៃប្រជាជាតិខ្លួន។
១៤ កុម្ភៈ មិនបានធ្វើឲ្យបាត់បង់តម្លៃកិត្តិយស និង ភាពថ្លៃថ្នូរនៃស្ដ្រីខ្មែរនោះទេ ប៉ុន្ដែស្ដ្រីខ្មែរជាយុវតីមួយពួកនេះទេ ដែលយកថ្ងៃ ១៤ កុម្ភៈ ដើម្បីបំផ្លាញតម្លៃកិត្តិយស និង ភាពថ្លៃថ្នូររបស់ខ្លួនឯង។
១៤ កុម្ភៈ មិនបានធ្វើឲ្យបាត់បង់តម្លៃកិត្តិយស និង ភាពថ្លៃថ្នូរនៃបុរសខ្មែរនោះទេ ប៉ុន្ដែបុរសខ្មែរជាយុវជនមួយពួកនេះទេ ដែលយកថ្ងៃ ១៤ កុម្ភៈ ដើម្បីបំផ្លាញតម្លៃកិត្តិយស និង ភាពថ្លៃថ្នូររបស់ខ្លួនឯង។
សរុបសេចក្ដីមកបើមិនបានជួយចូកជួយចែវដល់វប្បធម៌ជាតិឲ្យបានរុងរឿងទេ កុំយកជើងរាទឹកដោយអំពើពាល អាវាសែដែលបន្ថោកតម្លៃវប្បធម៌ជាតិសាសន៍ខ្លួន។ បើឥតទ្រាំពុំបានចង់ទទួលយកថ្ងៃ ១៤ កុម្ភៈ មកអនុវត្តន៍ ក៏គួរតែអនុវត្តន៍ដោយភាពថ្លៃថ្នូរ ត្រឹមត្រូវបំផុត នាំផលចំណេញដល់វប្បធម៌ និង សង្គមជាតិខ្លួន៕
បទវិចារណកថាខ្លីនេះ បរិយាយតែចំពោះយុវវ័យដែលភ្លើតភ្លើន និង មានចេតនាប្រព្រឹត្តអំពើអបាយទាំងងងើលតែប៉ុណ្ណោះ !!!
ដោយ៖ បូណា
![]()
ថ្ងៃនេះខ្ញុំលើកយកពាក្យជាបរិវាស័ព្ទមកបង្ហាញអ្នកទាំងអស់គ្នាជាបន្ដទៀត។បរិវាស័ព្ទគឺជាស័ព្ទដែលប្រើសម្រាប់ហែហមភ្ជាប់នឹងស័ព្ទដើមក្នុងចំណោមកន្សោមពាក្យនីមួយៗ ពោលគឺប្រៀបធៀបដូចជាបរិវារដើម្បី សម្រួលដល់សម្ដីនិយាយ និងសំឡេងពិរោះផ្ដួលតាមសំឡេងស័ព្ទដើម ឲ្យមានភាពចាប់ចុងជួនសម្រួលដល់ការស្ដាប់ និង ដើម្បីពន្យល់ន័យសេចក្ដីនៃពាក្យខាងដើមឲ្យច្បាស់។ បរិវាស័ព្ទ ឬ ពាក្យគន្លាស់កាត់នេះយើងមិនចេះតែគន្លាស់តាមការនឹកឃើញនោះទេ គឺគន្លាស់ឲ្យត្រូវន័យនៃពាក្យផង។ជាទូទៅក្នុងបរិវាស័ព្ទនេះ ពាក្យខាងដើមជាពាក្យដែលមានអត្ថន័យ រីឯពាក្យខាងចុងដែលត្រូវយកមកគន្លាស់ នោះឥតមានអត្ថន័យច្បាស់លាស់ទេ គឺគ្រាន់យកមកដើម្បីបញ្ជាក់ន័យនៃពាក្យខាងដើម។ ខាងក្រោមនេះជាបរិវាស័ព្ទនៃពាក្យកកែង ៖

យោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ទំព័រ ២ ជួរខាងស្ដាំ បន្ទាត់ទី ៧ ៖
កកែង កកោង (គុ. ឬ ន.)កិរិយាពុំគប្បី . កោង, ព្រហើន, ឥតមាន លំអុតលំឱន ។
អាស្រ័យហេតុនេះ បរិវាស័ព្ទនៃពាក្យកកែង អាចគន្លាស់បានជាពាក្យ ” កកែង ធ្វើ ឫកដូចព្រះស្ដោង” គឺ “កកោង ធ្វើឫកដូចព្រះស្ដែង “ មានន័យថា សម្ដែងឫកដូចអ្នកធំសម្បើមណាស់ ។
ដោយ៖ បូណា