វិបត្ដិក្នុងរាជវង្សខ្មែរ នៃសតវត្សទី១៥


វិបត្ដិក្នុងរាជវង្សខ្មែរ នៃសតវត្សទី១៥

ក. ការកសាងភ្នំដូនពេញ
រាជពង្សាតារខ្លះបាននិទានពីប្រវត្ដិសាស្រ្ដនៃក្រុងភ្នំពេញដោយមានសេចក្ដីសំរួលដូចតទៅ៖
ក្នុងកាលដែលកន្លងយូរទៅហើយ មានស្រ្ដីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ដែលអ្នកផងហៅថា
ដូនពេញ។ ផ្ទះគាត់តាំងនៅលើទួលខ្ពស់មួយនៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ)។
នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបន្ដាលអោយបាក់ច្រាំងរលំដើមគគីរជាច្រើន
ហើយអន្ដែតបន្ដោយទឹកតាមទន្លេមេគង្គរហូតមកដល់ទន្លេច្រាបឈាម។ ក្នុងចំនោមនោះ មានដើមគគីរធំមួយ
បានអន្ដែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ។ គាត់ក៏បានបបួលញាតិមិត្ដជិតខាងជិះទូកទៅចងដើមគគីរ
នោះ ហើយនាំយកមកលើគោក។ កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះ
អង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ។ ពួកអ្នកស្រុកបានដង្ហែ រូបបដិមាទាំ
ងនោះ យកទៅកំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដី ពូនដំបូកធំខាងអិសានផ្ទះ និងអោយ
គេយកដើមគគីរនោះសង់ព្រះវិហារតូចមួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបទៅតំកល់នៅក្នុងព្រះ
វិហារនោះនៅក្នុងឆ្នាំជូត ឆស័ក ព.ស.១៩១៦ គ.ស. ១៣៧៣។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខា
ងទិសអិសានព្រះវិហារ រួចយកបដិមាថ្មទៅតំកល់ទុកនៅទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ តរៀងមក
(សព្វថ្ងៃគេហៅថា លោកតាព្រះចៅ)។ ពិធីបុណ្យសំពោធក៏ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីសំពោធពុទ្ធសេនាសនៈ
យ៉ាងអធិកអធម។ ដោយអាស្រ័យហេតុនេះ ភ្នំនោះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗទៅក្លា
យនៅត្រឹម ភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ។
គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះ រាជពង្សាវតារ និងអត្ថបទចំ
លងតៗមកទៀត និយាយមិនស្របគ្នាសោះ ខ្លះថាមានព្រះពុទ្ធបដិមា ៤អង្គធ្វើពីលង្ហិន និង បដិមាថ្មកាន់ស័ង្ខ និង
គទា (ព្រះនរាយន៍?) ខ្លះថាមានព្រះពុទ្ធរូបពីរព្រះអង្គ មានព្រះភ័ក្រ្ដឈមជា ៤ទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំ
រិទ្ធមួយព្រះអង្គមានព្រះភ័ក្រ្ដ៤ តាំងសមាធិ និងរូបសិលា ១ ដៃកាន់ស័ង្ខមានផ្នួងសក់ ដូចជាពួកព្រាហ្មណ៍ តែបើ
តាមរូបសំនាកដែលមានតំកល់ក្នុងព្រះវិហារវត្ដភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃ គឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គ គង់លើ
បុស្បុកទល់ព្រះប្រឹស្ឋ(ខ្នង) និងគ្នា។

ខ. ការកសាងរាជធានីចតុមុខ
ក្នុងភាគ១ យើងបានឃើញថា នៅគ.ស ១៤៣១ ព្រះបាទបរមរាជាពញាយ៉ាតបានលើករាជធានីទៅតាំងនៅទួល
បានសានក្នុងខេត្ដ ស្រីសឈរវិញ តែគង់នៅទីនោះបានតែមួយឆ្នាំ (ក្បួនខ្លះថាដល់៩ឆ្នាំ) ដោយមានទឹកជំនន់ធំ
ខុសធម្មតា ព្រះអង្គក៏បញ្ជាអោយលើករាជធានីពីទួលបាសានទៅតាំងនៅក្រុងភ្នំពេញវិញ នៅលើត្រើយខាងលិ
ចនៃទន្លេច្រាបឈាម។

ព្រះអង្គទ្រង់ត្រាស់បង្គាប់អោយ សំដេចចៅពញាកែ និង អុកញ៉ាហោរាធិបតីខៀវ ព្រមដោយមន្រ្ដីអែទៀតខ្លះផង
អោយទៅពិនិត្យមើលទីដីដែលស្ថិតនៅជិតៗភ្នំដូនពេញ។ លុះទៅធ្វើការពិនិត្យក្បួនតំរាសព្វគ្រប់ហើយ មន្រ្ដីទាំង
នោះក៏ថ្វាយដំនឹងទៅព្រះរាជាវិញថា តំបន់ដែលស្ថិតនៅទិសអគ្នេយ៍នៃភ្នំដូនពេញ មានជ័យភូមិល្អល្មមស្ថាបនា
រាជធានីបាន។ ព្រះអង្គក៏ទ្រង់ត្រាស់អោយអោយអស់ចៅហ្វាយស្រុកកែនរាស្រ្ដ មកជួយកសាងព្រះរាជនិវេសន៍
លើកដីធ្វើកំពែងសង់ប្រាសាទ និងតំនាក់តូចធំក្នុងរយៈពេលដ៏ខ្លីបំផុត។ លុះកិច្ចការបានបំពេញចប់សព្វគ្រប់ហើយ
ព្រះអង្គក៏យាងមកគង់នៅរាជរាំងភ្នំដូនពេញតាមផ្លូវទឹកដោយមាននាម៉ឺនសព្វមុខមន្រ្ដីដង្ហែមកផង។

លុះយាងមកដល់ហើយ ព្រះអង្គក៏ទ្រង់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខេត្ដសំរោងទង អោយកែនរាស្រ្ដ
លើកដីទៅចាក់បំពេញតំបន់ជុំវិញវត្ដភ្នំ និង ក្នុងរាជវាំង។ ដូច្នេះតំបន់នោះក៏បានរាបស្មើល្អ រហូតដល់មាត់ទន្លេ
ដែលអ្នកផងនិយមហៅ កំពង់រាប ចាប់តាំងពីនោះមក។ អែទីដែលចៅពញាតេជោអោយរាស្រ្ដជីកយកអាច់ដី
នោះ ក៏ក្លាយទៅជាបឹងមួយធំជ្រៅទូលាយ ទើបបានគេអោយឈ្មោះហៅ បឹងតេជោ តរៀងមក គឺទីដីត្រង់ផ្សារ
ថ្មីសព្វថ្ងៃ។

តមកទៀតព្រះរាជាទ្រង់ត្រាស់បង្គាប់ អុកញ៉ា
វង្សាអនុជិតផ្លុង ចៅហ្វាយស្រុកខេត្ដបាទីអោយ
ជីកព្រែកបង្ហូរទឹកទន្លេចូលទៅក្នុងបារាយមួយ
នៅក្នុងរាជធានីសំរាប់យកទឹកប្រើប្រាស់ដល់
ប្រជារាស្រ្ដទាំងអស់គ្នា ព្រែកនោះគេហៅថា
ព្រែកអុកញ៉ាផ្លុង។ បើតាមស្រាវជ្រាវទៅឃើញ
ថា ពីដើមព្រែកនេះស្ថិតនៅតាមបន្ដោយសួន
ច្បារនៅមុខស្ថានីយកន្ដាលនៃអាយស្ម័យយាន
គឺស្របនឹងវិថីអុកញ៉ាផ្លុងសព្វថ្ងៃនេះអែង។

ដើម្បីជាកិច្ចការពារ ព្រះរាជាទ្រង់បញ្ជាអោយ
ជីកគូ និងលើកជាកំពែង តាំងជាសើនបន្ទាយ
ព័ទ្ធជុំវិញរាជធានី ដូច្នេះនៅទិសខាងត្បូងគឺ ព្រែ
កតាកែវ ខាងលិចព្រែកអូរគរ ខាងជើង ព្រែក
ពោងពាយ រឺ ព្រែកចិនដំដែក ព្រោះកន្លែងនោះ
មានជនជាតិចិនរកស៊ីរបរដំដែក។ ក្រៅពីមុខ
ងារការពារក្រុង ព្រែកទាំងនោះនៅមានមុខ
ងារសំខាន់ម្យ៉ាងទៀត គឺយកទឹកសំរាប់អោយ
រាស្រ្ដធ្វើស្រែនៅទិសខាងលិច។ ពួកនាម៉ឺនសព្វមុខមន្រ្ដី និង ពួកប្រជារាស្រ្ដបានសង់គេហដ្ឋានរៀងៗខ្លួនក្នុងបរិ
វេណនៃរាជធានី។

លុះសំរេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថា ក្រុងចតុមុខមង្គលសកលកម្ពុជាធិបតី សីរី
ធរ បវរ អិន្ទបត្ដបុរី រដ្ឋរាជ សីមាមហានគរ។ ចំនែកអែទន្លេច្រាបឈាម ក៏ត្រូវបានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខ
វិញដែរ។

ក្រោយបន្ដិចមក ព្រះរាជបុត្រច្បងព្រះនាម នរាយណ៍រាជា ទ្រង់បានតែងតាំងជាអុបរាជហើយយាង ទៅគង់ក្នុង
តំនាក់នៅ ជ្រោយរលួស។ អែព្រះរាជបុតទីពីរព្រះនាម ស្រីរាជា យាងទៅគង់នៅខាងលិច ត្រង់ដីទួលមួយកន្លែង
ដែលតមកគេហៅថា ទួលព្រះស្រី (ម្ដុំវត្ដព្រះពុទ្ធមានបុណ្យសព្វថ្ងៃ)។
នៅគ្រានោះ ព្រះវិហារកសាងឡើងដោ
យដូនពេញក៏បានទ្រុឌទ្រោមខ្លះទៅតាម
កាលវេលា។ ព្រះបាទបរមរាជាចៅពញា
យ៉ាត ទ្រង់បានក៏សាងវិហារនោះជាថ្មីឡើ
ងវិញ ដោយពង្រីកនិងពូនភ្នំនោះអោយ
កាន់តែខ្ពស់ជាងដើមហើយទ្រង់ចាត់អោ
យក្រាលថ្មនៅកំពូលខាងលើ និង កសាង
ចេតិយមួយយ៉ាងធំពីខាងក្រោយព្រះវិហារ
។រួចព្រះអង្គទ្រង់បញ្ជាអោយទៅយកព្រះ
ពុទ្ធបដិមាលង្ហិន ដែលសេសសល់នៅន
គរវត្ដព្រមទាំរូបសិង្ហតោ មកតំកល់ និង តាំងនៅលើភ្នំនោះ។ ពិធីត្រូវធ្វើអស់រយៈពេលបីថ្ងៃ គេយកព្រះពុទ្ធបដិមា
ដែលដូនពេញបានរកឃើញពីក្នុងដើមគគីរពីមុននោះទៅតំកល់ក្នុងជាន់ខាងលើនៃចេតិយធំ អែព្រះពុទ្ធបដិមាដែ
លយកពីនគរវត្ដត្រូវបានកំកល់នៅជាន់ក្រោម។ វត្ដភ្នំដូនពេញត្រូវប្រសិទ្ធនាមថ្មីថា វត្ដចេតិយបព៌ត វិញ។

ក្រៅពីនេះ ព្រះរាជាទ្រង់បានចាត់អោយកសាងវត្ដអារាមនៅច្រើនកន្លែងក្នុងរាជធានី វត្ដពីរនៅខាងកើតវត្ដភ្នំគឺ
វត្ដធម្មលង្កា និង វត្ដកោះ វត្ដមួយនៅខាងត្បូងអូរចិនដំដែក គឺវត្ដព្រះពុទ្ធឃោសារាម រឺ វត្ដចិនដំដែក នៅជាប់នឹង
វត្ដភទ្ធរង្សី មានវិថីអុកញ៉ាអ៊ុំ ខ័ណ្ឌកន្ដាល។ នៅខាងមុខព្រះវិហារវត្ដនេះ (សព្វថ្ងៃគេឃើញមានរូបទ្វារបោល
ពីរនាក់ជារូបចិនដែលគេអាចមើលស្គាល់យ៉ាងងាយ ដោយសារលក្ខណៈ មុខមាត់សំលៀកបំពាក់ និងគ្រឿងអា
វុធ) វត្ដមួយនៅត្រង់មាត់ទន្លេ ក្បែរពាមព្រែកអុកញ៉ាផ្លុង គឺវត្ដពាមផ្លុង វត្ដមួយនៅត្រង់ចេតិយធំ វត្ដអុណ្ណោលោម
ហើយវត្ដមួយទៀតហៅ វត្ដខ្ពបតាយ៉ង គួរគប្បីកត់សំគាល់ថាវត្ដចុងក្រោយនេះ សព្វថ្ងៃស្ថិតនៅត្រង់វត្ដបទុមវតី។
តាមអក្សរចារឹកតំកល់នៅទីនោះ ព្រះបរមរាជាចៅពញាយ៉ាតបានសាងវត្ដនេះនៅគ.ស.១៤៤២ លើកទីមួយមាន
ទំហំ ២០២ម x ២៦០ម ។ វត្ដនេះហៅថា វត្ដខ្ពបតាយ៉ង ព្រោះនៅខាងត្បូងមានខ្ពបរបស់តាយ៉ង។ ព្រះវិហារវត្ដ
នេះត្រូវបានកសាងថ្មីពីរលើកទៀត លើកទី១ នៅគ.ស.១៨៦៥ ក្នុងរជ្ជកាលព្រះបាទសំដេចនរោត្ដម លើកទី២ នៅ
គ.ស.១៩៣៧ ក្នុងរជ្ជកាលរបស់ព្រះស៊ីសុវត្ដិមុនីវង្ស។ គួរគប្បីជ្រាបម្យ៉ាងទៀតថា វត្ដអុណ្ណាលោមនៅរក្សាឈ្មោះ
ដដែលតាំងពីពេលកសាងរហូតដល់សព្វថ្ងៃ ហើយឈ្មោះនេះត្រូវបានប្រសិទ្ធឡើងដោយយកតាមឈ្មោះចេតិយ
ដែលគេបញ្ចុះព្រះអុណ្ណាលោម គឺរោមប្រជុំចិញ្ចើមនៃព្រះ អស្សជិតត្ថេរ។ នៅខាងមុខវត្ដនេះ គឺនៅជិតមាត់ទន្លេ
ព្រះរាជាទ្រង់អោយសាងឃ្លាំងមឿងមួយ (អ្នកតាចាំស្រុក) ឈ្មោះអ្នកតាប្រាជ្ញ។

គ. វិបត្ដិក្នុងរាជវង្សខ្មែរ
១. ព្រះបាទបរមរាជា ចៅពញាយ៉ាត (១៣៩៣ – ១៤៦៣)
ព្រះបាទបរមរាជាចៅពញាយ៉ាត បានសោយរាជនៅរាជធានីចតុមុខ ដោយបានសុខសាន្ដរហូតរៀងមក។ អែក
សារខ្លះបាននិយាយថា ប្រទេសចិន យួន ចាម ជ្វា បាននាំគ្រឿងបណ្ណាការមកក្រាបទូលថ្វាយពឹងបុណ្យបារមីជា
ច្រើន។ អែកសារខ្លះទៀត បានបញ្ជាក់ថា ពួកយួនដែលកំពុងចាប់ផ្ដើមមកតាំងនៅប្រទេសកម្ពុជា គឺសុទ្ធសឹងជា
ពួកអ្នកជំនួញ និងពួកជាង តែការផ្ទៀងផ្ទាត់ជាមួយសៀវភៅប្រវត្ដិសាស្រ្ដយួនពុំឃើញមានបញ្ជាក់ពីចំនុចនេះ
សោះ។ចំពោះទំនាក់ទំនងជាមួយប្រទេសចិនវិញ លោក Etienne Aymonier បានសរសេរដាយរំលឹកសំដីរបស់
លោកMoura ថា «នៅឆ្នាំ ១៤២១ ស្ដេចពញាយ៉ាត ដែលពួកអ្នកកាលប្បវត្ដិចិន និយមហៅ Chieu-binh-nha
បានបញ្ជូនរាជទូតទៅគាល់ព្រះចៅក្រុងចិន។ រាជទូតរូបនេះ បាននាំយកព្រះរាជសារ ដែលព្រះរាជាទ្រង់បាន
សរសេរដោយព្រះហស្ថផ្ទាល់ ហើយតំកល់ក្នុងហិបមួយធ្វើពីមាស ដែលត្រូវថ្វាយជាដង្វាយដល់ព្រះចៅក្រុងចិន
ព្រមជាមួយនឹងភ្លុកដំរី លក្ដម្រេច ក្រមួន កុយរមាស គ្រឿងក្រអូប សត្វក្ងោក…»។

គណបេសកកម្មទូតបញ្ជូនទៅប្រទេសចិន ត្រូវផុតរលត់សឹងតែអស់រលីងចាប់ពី គ.ស.១៤៣៥ ប៉ុន្ដែគេឃើញពួក
អ្នកកាលប្បវត្ដិចិនបានកត់ត្រាទុកពីគណបេសកកម្មទូតមួយនៅ គ.ស.១៤៥២ មានសេចក្ដីដូចតទៅ «តាមក្រមនៃ
រាជវង្សមិង ឆ្នាំទី៣ គិងថៃ (១៤៥២) នៃរជ្ជកាលព្រះបាទ Tai-tsoung គេបានថ្វាយទៅព្រះចៅប្រទេសចិនលានូវ
កំនាត់សូត្រប៉ាក់២ផ្ទាំង សំពត់ផ្កា៦ផ្ទាំង ស្បៃធ្វើពីសូត្រ៤ផ្ទាំង។ គេបានថ្វាយទៅព្រះអគ្គមហេសីសំពត់ផ្កា៤ផ្ទាំង
និងស្បៃ៣ផ្ទាំង លោកប្រធានគណបេសកកម្ម អ្នកបកប្រែភាសាទាំងអស់ និងពួកភ្នាក់ងារអែទៀតៗ បានទទួល
នូវអាវផាយធំ សំពត់ផ្កា និងសំពត់សូត្រ ពួកនេះបានទទួលការជប់លៀងភោជនាហារយ៉ាងអ៊ឹកធឹក។ នៅពេល
ធ្វើដំនើរត្រលប់មកស្រុកវិញ នាយក្រុមភស្ដុភារនៃខេត្ដក្វាងទុងបានទទួលបញ្ជាអោយធ្វើបដិសន្ឋារកិច្ចចំពោះពួក
នេះទៀត។ ក្នុងរយៈពេលយប់ថ្ងៃដែលស្នាក់នៅ នៅក្នុងប្រទេសចិន គេបានចែកអោយពួកនេះក្នុងមួយក្រុមៗ
មាន ១០នាក់ នូវចៀម២ ក្ងានញី២ ស្រា២០ដប អង្ករ ម្សៅមី និងបន្លែសំរាប់ចំអិនធ្វើជាអាហារបរិភោគ»។

គួរគប្បីជ្រាបថា ក្បួនរាជពង្សាវតារផ្សេងៗ បាននិយាយស្របគ្នាថា ព្រះបាទបរមរាជាចៅពញាយ៉ាត មានរាជបុ
ត្របីអង្គ តែពុំសូវស្របគ្នាចំពោះនាមមហេសីរបស់ព្រះអង្គៈ
១. នរាយរាជា រាជបុត្រ អ្នកម្នាងទេវី (ក្បួនខ្លះថា ជារាជបុត្រអ្នកម្នាងស្រីសៀម ស្រងៀម រឺ ស៊ីសាងាម)
២. ស្រីរាជា រាជបុត្រ អ្នកម្នាងបទុមកេសរ (ក្បួនខ្លះថា រាជបុត្រអ្នកម្នាង ចន្ទ រឺចាន់
៣. ធម្មរាជា រាបុត្រអ្នកម្នាងស្រីសៀមស្រងៀម រឺ ស៊ីសាងាម»

ព្រះបាទនរាយរាជា (១៤៦៣ – ១៤៦៩)
មកដល់ គ.ស. ១៤៦៣ ព្រះបាទបរមរាជាចៅពញាយ៉ាត ទ្រង់បានបង្វែរាជសម្បត្ដិទៅអោយបុត្រច្បង គឺនរាយរា
ជា ដែលមាននាមសំរាប់រាជថា ព្រះបាទសំដេចព្រះរាជអោង្ការ ព្រះនរាយរាជាធិបតី ព្រះស្រីសុយោពណ៌ ធម្មិក
មហារាជាធិរាជបរមបពិត្របណ្ឌិតជាអិសូរ គង់នៅរាជវាំងចតុមុខរៀងមក។

នៅគ.ស.១៤៦៦ ព្រះវររាជបិតាបានសោយទីវង្គតទៅដោយជរារោគ ក្នុងជន្មាយុជាង៧០វស្សា។ នៅគ.ស
១៤៦៧ ព្រះអង្គទ្រង់បានសាងព្រះចេតិយនៅលើភ្នំដូនពេញ ដើម្បីធ្វើបុណ្យ បញ្ចុះព្រះបរមអដ្ឋិព្រះបិតា។ សព្វ
ថ្ងៃមានអក្សរចារឹកលើថ្មតាមបញ្ជារបស់ព្រះបាទសំដេចព្រះស៊ីសុវត្ដិ តំកល់នៅទីនោះតាំងពី គ.ស.១៩១៧រៀង
មក។

ព្រះបាទស្រីរាជា (១៤៦៩ – ១៤៨៥)
ព្រះបាទសំដេចនរាយរាជាសោយរាជបានតែ ៥ -៦វស្សា (១៤៦៣ -១៤៦៩) ក៏សោយទីវង្គតទៅដោយប្រឈួនជា
ទំងន់។ អែកសារខ្លះបានបញ្ជាក់ថាព្រះអង្គមានរាជបុត្រជាមួយអ្នកម្នាងកែវ ព្រះនាមស្រីសុរិយោទ័យ។ គេមិន
ដឹងច្បាស់ថា នៅពេលនោះ ព្រះរាជបុត្រមានព្រះជន្មប៉ុន្មានវស្សាទេ តែបើតាមប៉ាន់ស្មានមើលទៅឃើញថាទំនង
ជានៅក្មេងពេកទើបព្រះរាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្រ្ដី សូមយាងព្រះស្រីរាជា ជាព្រះអនុជបន្ទាប់អោយ
ឡើងសោយរាជស្នងព្រះជេដ្ឋា ដោយមានព្រះនាមសំរាប់រាជថា ព្រះរាជអោង្ការព្រះស្រីរាជារាមាធិបតីធម្មិកវរ
គោត្ដមបរមមហាចក្រពត្រាធិរាជ ព្រះបរមនាថមហាបពិត្រ។

នៅ គ.ស. ១៤៧១ ព្រះអង្គទ្រង់បានសាងព្រះចេតិយនៅខាងជើងភ្នំដូនពេញ ត្រង់ទិសអិសាន ដើម្បីធ្វើបុណ្យ
បញ្ចុះព្រះបរមអដ្ឋិព្រះនរាយរាជា។ ចេតិយនេះបានស្ថិតនៅរហូតដល់សព្វថ្ងៃហើយមានអក្សរចារឹកតាមបង្គាប់
របស់ព្រះបាទស៊ីសុវត្ដិកំកល់នៅទីនោះតាំងពី គ.ស. ១៩១៧ រៀងមក។
គឺចាប់តាំងពីរជ្ជកាលរបស់ព្រះបាទស្រីរាជានេះហើយ ដែលប្រទេសខ្មែរត្រូវពើបប្រទះនូវទុក្ខវេទនាយ៉ាងខ្លាំង
បន្ដាលមកពីវិបត្ដិក្នុងរាជវង្សខ្មែរ។

ក្បួនពង្សាវតារខ្លះបានសរសេរថានៅ គ.ស១៤៧៥ ឆ្លៀតអោកាសដែលព្រះបិតុលា (អូវពុកមា) លើកទ័ពទៅវាយ
រំដោះ យកអានាខេត្ដខាងលិច ដែលត្រូវសៀមត្រួតត្រាជាយូរមកហើយនោះ ដោយបានកៀរយកមនុស្សជាច្រើន
ពាន់នាក់នៅបស្ចឹមបុរី នគរយុក ចូលមកប្រទេសខ្មែរ ក្មួយរបស់ព្រះអង្គ គឺស្រីសុរិយោទ័យមានចិត្ដលោភចង់យក
រាយសម្បត្ដិសោយ ក៏ថយពីចតុមុខទៅសង្កត់រាស្រ្ដ កទ័ពបានច្រើន ពេលនោះព្រះធម្មរាជាជាអុបរាជ បានចាត់
មន្រ្ដីអោយទៅឈរខេត្ដ ពីសំរោងទងទៅដល់ទឹកខ្មៅ ហើយទ្រង់ចាត់អោយយកដំនឹងទៅថ្វាយព្រះស្រីរាជា។
ព្រះអង្គក៏ប្រញាប់លើកទ័ពមកត្រលប់មកវិញ ហើយចំបាំងក៏ផ្ទុះឡើងរវាងមា និង ក្មួយ។ ក្បួនខ្លះនិយាយខ្លីជាង
នេះ គឺមិនបានបញ្ជាក់ហេតុផលអ្វីអោយច្បាស់លាស់ទេ។ ចំពោះប្រវត្ដិវិទូបរទេសខ្លះមានលោក Dauphin
Meunier ជាដើម ទំនាស់នេះបន្ដាលមកពីព្រះស្រីសុរិយោទ័យយល់ថា ព្រះអង្គត្រូវតែមានសិទ្ធិសោយរាជតពីព្រះ
បិតា គឺព្រះនរាយរាជា

ឃ. អន្ដរាគមរបស់សៀម
ក្បួនពង្សាវតារផ្សេងៗ សុទ្ធតែបាននិយាយពីអន្ដរាគមរបស់សៀម ក្នុងជំលោះរវាងស្ដេចខ្មែរ ប៉ុន្ដែរបៀបធ្វើអន្ដ
រាគមនោះឃើញថា មានបែបខុសៗគ្នា។ ក្បួនខ្លះបញ្ជាក់ថា គឺព្រះធម្មរាជាដែលត្រូវជាបុត្ររបស់អ្នកម្នាងសៀម
ស្រងៀមនេះអែង ដែលទៅពឹងកំលាំងរបស់សៀម ដើម្បីដោះស្រាយបញ្ហាចំបាំងក្នុងគ្រួសារផង និង ដើម្បីបាន
សោយរាជតែម្នាក់អែងផង។

ព្រះបាទធម្មរាជា (១៤៨៦ – ១៥០៤)
នៅគ.ស. ១៤៨៥ ព្រះចៅមហាចក្រពត្រាធិរាជស្ដេចសៀមសោយរាជនៅក្រុងអយុធ្យា ទ្រង់បានយល់ព្រមតាមសំ
នូមរបស់ស្ដេចធម្មរាជា ហើយទ្រង់បានបញ្ជាអោយលើកទ័ពចូលមកក្នុងប្រទេសខ្មែរ។ ដោយយល់ឃើញថា ប្រ
ជានុរាស្រ្ដបាននឿយណាយ នឹងសង្រ្គាមខ្លាំងពេកហើយ ព្រះបាទស្រីរាជា ក៏ទ្រង់យល់ព្រមចូលមកផ្សះផ្សាបញ្ចប់
សង្គ្រាម។ ចំនែកខាងព្រះស្រីសុរិយោទ័យ ដោយពួករេហ៍ពលពុំព្រមច្បាំងតទៅទៀត ព្រះអង្គក៏ត្រូវបង្ខំព្រះហរិ
ទ័យយាងចូលរួមក្នុងកិច្ចចរចារកសន្ដិភាពដែរ។ ជាកិច្ចដោះស្រាយ ព្រះចៅចក្រពត្រ ក៏បានសំរេចថាត្រូវតែចាប់
ព្រះស្រីរាជា និង ស្រីសុរិយោទ័យទៅគង់អែស្រីអយុធ្យា ទើបប្រទេសខ្មែរបានសុខសន្ដិភាពឡើងវិញ។

ក្បួនខ្លះនិយាយថា ឆ្លៀតអោកាសដែលប្រទេសខ្មែរកំពុងតែមានចលាចលដោយសង្គ្រាមរវាងស្រីរាជា និង ស្រី
សុរិយោទ័យ សៀមបានលើកទ័ពចូលមកច្បាំងយកបានចន្ទបុរី មហានគរវត្ដ នគរាជាសីមា ហើយចាប់បានទាំង
ស្ដេចស្រីរាជា ទាំងស្រីសុរិយោទ័យ និងក្របគ្រួនាំយកទៅស្រីអយុធ្យា ហើយទុកនាយគង់អោយនៅរក្សាស្រុកភ្នំ
ពេញ។ គ្រានោះស្ដេចធម្មរាជាដែលទៅឈរនៅនគរវត្ដ បានថយទៅបាភ្នំ កទ័ពមកច្បាំងយកបានភ្នំពេញ ហើយ
ឡើងសោយរាជដោយមានព្រះនាមថា ព្រះបាទសំដេចព្រះរាជអោង្ការព្រះធម្មរាជាមហាចក្រពត្រាធិរាជ។

ក្បួនខ្លះទៀតនិយាយថា គឺស្ដេចស្រីសុរិយោទ័យអង្គអែងតែម្ដង ដែលបានទៅពឹងអោយសៀមជួយ។ ពួកនេះបា
នលើកទ័ពចូលមកវាយយកបាននគររាជ អង្គរ ចន្ទបុរី។ ចំនែកអែធម្មរាជា ដែលមានភារកិច្ចការពារក្រុងចតុមុខ
ក៏បែរជាក្បត់ចូលដៃជាមួយសត្រូវប្រឆាំង នឹងព្រះស្រីរាជា ជាស្ដេចពេញច្បាប់ទៅវិញ។ ស្ដេចស្រីសុរិយោទ័យ
លុះឃើញដូច្នោះ ក៏យាងទៅជួប នឹងស្ដេចសៀម តែត្រូវស្ដេចសៀមចាប់ខ្លួននាំយកទៅប្រទេសសៀមទៅ។

គួរគប្បីបញ្ជាក់ថា ព្រះស្រីរាជា និងស្រីសុរិយោទ័យសុទ្ធតែបានសុគតនៅប្រទេសសៀមទាំងពីរព្រះអង្គ (ក្បួនខ្លះ
ថាសុគតនៅតាមផ្លូវ)។ ព្រះស្រីរាជាមានបុត្រជាមួយអ្នកម្នាងកេសរ នាមចៅពញាអុង។ ចំនែកអែព្រះធម្មរាជា
ត្រូវបានអភិសេកអោយឡើងសោយរាជនៅគ.ស. ១៤៨៦ ហើយប្រទេសខ្មែរក៏បានសុខរៀងមក រហូតដល់ពេល
សោយទីវង្គតនៅគ.ស.១៥០៤ ព្រះអង្គមានបុត្រពីរព្រះអង្គ
១. ចៅពញាដាំខាត់រាជា បុត្រអគ្គមហេសី សំដេចព្រះភគវតីស្រីទេពធិតា
២. ពញាចន្ទរាជា បុត្រ អ្នកម្នាងទេពបុប្ផា
អែកសារខ្លះបានបញ្ជាក់ថា ព្រះអង្គជាព្រះរាជាដែលទ្រង់ប្រកបដោយទសពិធរាជធម៌ យកព្រះរាជហរិទ័យទុក
ដាក់នឹងវាសនាប្រជារាស្រ្ដ និងព្រះពុទ្ធសាសនាខ្លាំងណាស់។ ព្រះអង្គទ្រង់បានសាងព្រះចេតិយនៅខេត្ដអាសន្ទុក
ដើម្បីតំកល់សារីរិកធាតុ ហើយមានហរិទ័យប្រាថ្នាចង់បានជាពុទ្ធភូមិទៀតផង។

ក្នុងរយៈពេលជាង១០ឆ្នាំ គឺពីគ.ស. ១៤៧៥ ដល់ ១៤៨៥ ប្រទេសខ្មែរបានជួបនូវវិបត្ដិមួយដ៏ធ្ងន់ដែលបន្ដាលមកពី
ទំនាស់ក្នុងរាជវង្សដែលដឹកនាំជាតិក្នុងពេលនោះ។ ចំបាំងដែលជាវិធីដែលគេប្រើសំរាប់ដោះស្រាយជំលោះនោះ
បានធ្វើអោយប្រជានុរាស្រ្ដទុក្ខវេទនាយ៉ាងសំបើម បានធ្វើអោយសេដ្ឋកិច្ចចុះអោនថយ និងជាពិសេសធ្វើអោយ
ប្រជាជាតិខ្មែរធ្លាក់ដុនដាបជាលំដាប់។ នេះជាលើកទី១ ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ដែលគេឃើញមានស្ដេចខ្មែរ ទៅ
អន្ទងពឹងពាក់បរទេសជិតខាងអោយចូលមកជួយដោះស្រាយបញ្ហារបស់ជាតិអែងផ្ទាល់ នេះគឺតំរាប់អាក្រក់មួយ
សំរាប់ព្រះរាជាសោយរាជតៗមក ហើយដែលរត់ទៅសុំជំនួយពីបរទេស ជាលេសអោយគេមានអោកាសលូកដៃ
ចូលមកជ្រៀតជ្រែកក្នុងផ្ទៃរបស់ខ្មែរ។ ហើយទាញយកផលប្រយោជន៍អោយគេ។ នេះក៏ជាលើកទី១ ដែរ ដែល
មានស្ដេចខ្មែរទៅរស់នៅបរទេស (ពញាអុង) ក្នុងការទំនុកបំរុងរបស់គេ។ ចំរឿងនេះលោក Moura បានចាត់
ទុកថាជាកលយុទ្ធមួយរបស់ស្ដេចសៀម សំរាប់ទុកជាគូប្រជែង នឹងព្រះមហាក្សត្រខ្មែរអង្គណាដែលចង់រំដោះព្រះ
អង្គអោយរួចពីចំនុះរបស់សៀម។

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 10, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s