រាពណ៍ (ក្រុង​រាពណ៍)


រាពណ៍ (ក្រុង​រាពណ៍)

ដោយ ធន់ ហ៊ិន

krong-reap1ស្ដេច​របស់​ពួក​ខ្មោច​បិសាច ពួក​ព្រាយ​អសុរកាយ ឬ​ពួក​យក្ស​នៅ​នគរ​លង្កា (កោះស្រីលង្កា) ដែល​បាន​បណ្ដេញ​បង​ប្អូន​រួម​ឪពុក​របស់​ខ្លួន គឺ​ព្រះ​កុវេរៈ (មាតា​ឈ្មោះ​ឥទាវិទា) ចេញ​ពី​នគរ​លង្កា។ ក្រុង​រាពណ៍​ជា​បុត្រ​របស់​ព្រះ​វិស្រវៈ ជា​មួយ​នាង​និកស្សា បុត្រី​របស់​រក្សាសៈ មួយ​រូប​ឈ្មោះ​សុមាលី ។ ក្រុង​រាពណ៍ និង​ព្រះ​កុវេរៈ​ត្រូវ​ជា​ចៅ​របស់​ឫសី​បុលច្ឆា បាន​ទទួល​ការ​ចែក​អំណាច​គ្នា​គ្រប់​គ្រង គឺ​ក្រុង​រាពណ៍​ធ្វើ​ជា​ស្ដេច​ពួក​ខ្មោច ព្រាយ​បិសាច ដែល​ហៅ​ថា​ពួក​រក្សាសៈ (ឫរាក្ស័ស) ហើយ​ព្រះកុវេរៈ​ធ្វើ​ជា​ស្ដេច​នៃ​ពួក​យក្ស ។ឫសី​បុលច្ឆា​​មិន​មែន​គ្រាន់​តែ​ជា​បុព្វ​ជា​បិតា​របស់​ក្រុង​រាពណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ក៏​ជា​អ្នក​បង្កើត​ឲ្យ​មាន​ពូជ​ពង្ស​នៃ ពួក​ខ្មោច​ព្រាយ បិសាច អសុរកាយ អារក្ស​ទឹក ម្រេញ គង្វាល ។ល។ ផង​ដែរ ។ តាម​ការ​កាន់​វត្ត​ប្រតិបត្តិ​ដ៏​តឹង​រ៉ឹង និង​ការ​ប្ដេជ្ញា​ខ្លួន​ថ្វាយ​ចំពោះ​ព្រះ​ព្រហ្ម​ក្រុង​រាពណ៍​ក៏​បាន​ទទួល​ពរ​ពី ព្រះ​ព្រហ្ម​ថា ឲ្យ​វា​មាន​ឫទ្ធិចេស្ដា​លើ​ពួក​ទេពតា​និង​ខ្មោច​ព្រាយ បិ​សាច​នានា ប៉ុន្តែ ថា​ឲ្យ​វា​ស្លាប់​ដោយ​សារ​ស្រី​ម្នាក់ ។ តាម​អានុភាព​នៃ​ពរ​នេះ ក្រុង​រាពណ៍​អាច​ប្រែ​កាឡា​ខ្លួន​ទៅ​ជា​រូប​រាង​អ្វី​ក៏​បាន​តាម​តែ​ចិត្ត​វា​ចង់ ហើយ​អាច​ប្រព្រឹត្ត​នូវ​រាល់​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង​ក្នុង​កម្រិត​ដ៏​ខ្ពស់​ហួស គឺ​លើស​ពី​អ្វី​ដែល​ពួក​យក្ស និង​ពួក​ព្រាយ​បិសាច ឯ​ទៀត​ៗ​អាច​ធ្វើ​បាន ។ ក្នុង​រឿង​រាមាយណៈ មាន​ការ​ពណ៌នា​ថា ក្រុង​រាពណ៍​មាន​ក្បាល​ដប់ មាន​ដៃ​ម្ភៃ មាន​ភ្នែក​សម្បុរ​ដូច​ស្ពាន់ មាន​ធ្មេញ​ភ្លឺ​ដូច​ជា​ព្រះ​ចន្ទ​ក្នុង​ដើម​ខ្នើត មាន​រូប​ដូច​ជា​ដុំ​ពពក​មួយ​ដុំ​ដ៏​ក្រាស់​ឃ្មឹក ឬ​ដូច​ជា​ភ្នំ​មួយ ឬ​ដូច​ជា​យមរាជ ដែល​កំពុង​ហា​មាត់​ប្រុង​ចាំ​ត្របាក់ ។ វា​មាន​លក្ខណៈ​សម្បត្តិ​ជា​ស្ដេច​គ្រប់​គ្រាន់​ទាំង​អស់ ប៉ុន្តែ​នៅ​លើ​ខ្លួន​ប្រាណ​របស់​វា​មាន​ស្លាក​ស្នាម​ជា​ច្រើន ។ ស្នាក​ស្នាម​ទាំង​នោះ ជា​ការ​បញ្ជាក់​ពី​ការ​រង​របួស ដែល​វា​បាន​ទទួល​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ជា​មួយ​ពួក​ទេវតា ។ មាន​ស្នាម​នៅ​លើ​ខ្លួន​វា​ខ្លះ​ទៀត ដោយ​មក​ពី​ខ្លួន​វា​ត្រូវ​នឹង​កាំ​រន្ទះ​របស់​ព្រះ​ឥន្ទ្រា ត្រូវ​នឹង​ភ្លុក​ដំរី​របស់​ព្រះ​ឥន្ទរា​ឈ្មោះ​ព្ធរាវ័ត ត្រូវ​នឹង​ថាស​ជា​អាវុធ​របស់​ព្រះ​វិស្ណុ ។ វា​មាន​កម្លាំង​រហូត ដល់​អាច​ធ្វើ​ឲ្យ​រញ្ជួយ​ទឹក​សមុទ្រ ឬ​ក៏​ញែក​កំពូល​ភ្នំ​ឲ្យ​បែក​ចេញ​ពី​គ្នា​បាន ។ វា​ជា​អ្នក​បំពាន​ច្បាស់​នានា និង​ពូកែ​ខាង​ចាប់​រំលោភ​ភរិយា​របស់​មនុស្ស​ម្នា​ផង ។ ដោយ​ហេតុ​តែ​ខ្លួន​វា​ធំ ហើយ​ខ្ពស់​ដូច​ភ្នំ បើ​វា​ទៅ​ទី​ណា​ម្ដង​ៗ​វា​តែង​ធ្វើ​ឲ្យ​គេ​ខ្លាច​នៅ​ទី​នោះ សូម្បី​តែ​ព្រះ​អាទិត្យ​ក៏​មិន​ហ៊ាន​ជះ​កម្ដៅ​ទៅ​លើ​វា ព្រះ​វា​យោក៍​មិន​ហ៊ាន​បក​បោក ព្រះ​សាគរ​ក៏​មិន​ហ៊ាន​ឲ្យ​ទឹក​រលក​ដែរ ។ អំពើ​អាក្រក់​របស់​វា​ញាំង​ឲ្យ​មាន​សម្រែក​សង​សឹក​យ៉ាង​ខ្លាំង​ៗ ដែល​បន្លឺ​ឡើង​ឮ​រហូត​ទៅ​ដល់​ឋាន​សួគ៌ា ។ ព្រះ​វិស្ណុ​ក៏​ប្រកាស​ថា ក្រុង​រាពណ៍​កាន់​ឫក​ក្រ​អឺត​ក្រទម​ហួស​ពេក​ណាស់ នឹង​សុំ​ឲ្យ​វា​ជួយ​រក្សា​មនុស្ស​សត្វ​ផង​ក៏​មិន​បាន គួរ​តែ​ឲ្យ​វា​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​នៃ​សត្វ​លោក​ទាំង​អស់​នោះ ទៅ​វិញ​ចុះ ។ ហេតុ​ដូច្នេះ​ហើយ ព្រះ​វិស្ណុះ​ក៏​យោន​យក​កំណើត​មក​កើត​ជា​ព្រះ​រាម​ចន្ទ្រ​ក្នុង​គោល​បំណង​ដ៏​បន្ទាន់​បំផុត​មួយ គឺ​កម្ទេច​ក្រុង​រាពណ៍ ។ ដើម្បី​ឲ្យ​បាន​សម្រេច​នូវ​គោល​បំណង​នេះ ទ័ព​ស្វា និង​ទ័ព​ខ្លា​ឃ្មុំ​ជា​ច្រើន ក៏​ត្រូវ​ព្រះ​អង្គ​បង្កើត​ឲ្យ​មាន​ឡើង​ផង​ដែរ ។ សង្គ្រាម​រវាង​ព្រះ​រាម​និង​ក្រុង​រាពណ៍​ត្រូវ​ផ្ទុះ​ឡើង ដោយ​សារ​ក្រុង​រាពណ៍​ត្រូវ​មោហ៍​បាំង គឺ​ងុប​ងុល​តែ​ជា​មួយ​និង​តណ្ហា​ក្រាស់​របស់​វា ។ វា​កើត​ចិត្ត​ប្រតិព័ទ្ធ​ទៅ​លើ​ព្រះ​នាង​សីតា​យ៉ាង​ខ្លាំង រហូត​ដល់​ទ្រាំ​លែង​បាន វា​ក៏​ចេញ​ចាក​ពី​ក្រុង​លង្កា​យាត្រា​សំដៅ​ទៅ​កាន់​អាស្រម​របស់​ព្រះ​រាម តាម​ការ​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បួស​ដើរ​បិណ្ឌ​បាត ។ ក្នុង​ខណៈ​ដែល​ព្រះ​រាម​ចេញ​ទៅ​ដេញ​ចាប់​ប្រើស​មាស ក្លែង​ដោយ​ប្អូន​ជីដូន​មួយ​របស់​វា​ឈ្មោះ មារីចៈ វា​ក៏​ទៅ​លួច​ចាប់​បង្ខំ​យក​ព្រះ​នាង​សីតា​ទៅ​កាន់​ក្រុង​លង្កា​បាត់​ទៅ ។ ក្រុង​រាពណ៍​បង្ខំ​ឲ្យ​ព្រះ​នាង​សីតា​ព្រម​ធ្វើ​ជា​ឯកអគ្គមហេសី​របស់​វា​ទាំង​គំរាម​ថា និង​សម្លាប់ ឬ​ស៊ី​ព្រះ​នាង​ល្គឹក​ណា​ព្រះ​នាង​មិន​យល់​ព្រម​បំពេញ​បំណង​របស់​វា​ទេ ។ ប៉ុន្តែ​ព្រះ​នាង​សីតា​ប្រកែក​ជា​រៀង​រាល់​លើក ហើយ​លើក​ណា​ក៏​ព្រះ​នាង​ចេះ​តែ​មាន​វាសនា​និង​ចៀស​ផុត​ពី​សេចក្ដី​ស្លាប់ ឬ​ការ​រំលោភ​ពី​ក្រុង​រាពណ៍​ដែរ ដោយ​សារ​តែ​មាន​ការ​បន្ទច់​បង្អាក់​ពី​ភរិយា​ម្នាក់​របស់​ក្រុង​រាពណ៍ ។ ហនុមាន​ជា​អ្នក​រក​ព្រះ​នាង​សីតា​ឃើញ​នៅ​ឯ​កោះ​លង្កា ។ បន្ទាប់​ពី​ព្រះ​រាម​បាន​ទទួល​ដំណឹង​យ៉ាង​ច្បាស់​ពី​ហនុមាន ដែល​មាន​ទ័ព​របស់​គេ​ជា​ស្វា និង​ជា​ខ្លា​ឃ្មុំ ឲ្យ​ជួយ​ព្រះ​អង្គ ។ ពួក គេ​នាំ​គ្នា​សង់​ស្ពាន​មួយ​ធ្វើ​ពី​ដុំ​ថ្ម​បណ្ដែត​ទឹក ដែល​ពួក​គេ​នាំ​គ្នា​ហៅ​ថា​ស្ពាន​ព្រះ​រាម (សព្វ​ថ្ងៃ​ស្ពាន​នេះ​បាន​ប្រែ​ឈ្មោះ​ថា ស្ពាន​អាដាំ) រួច​ទើប​គេ​នាំ​គ្នា​លើក​ទ័ព​ជា​ក្បួន ដើរ​ឆ្លង​ស្ពាន​នោះ​ទៅ​កាន់​ក្រុង​លង្កា។

មុន​និង​សង្គ្រាម​ផ្ទុះ​ឡើង​រវាង​ក្រុង​រាពណ៍ និង​ព្រះ​រាម​នុះ ក្រុង​រាពណ៍​មាន​ទំនាស់​មួយ​យ៉ាង​ខ្លាំង​ជា​មួយ​វិភេសន៍ ជា​ប្អូន​បង្កើត​របស់​ខ្លួន ។ វិភេសន៍​បាន​ផ្ដល់​យោបល់​ជំទាស់​យ៉ាង​ចាស់​អហឹងកា​ថា មិន​ត្រូវ​ធ្វើ​សង្គ្រាម​ប្រឆាំង​និង​ព្រះ​រាម​ទេ ព្រោះ​វិភេសន៍​បាន​ប្រមើល​មើល​ឃើញ​បរាជ័យ​មក​ខាង​ក្រុង​រាពណ៍​រួច​ជា​ស្រេច ហើយ​តាម​បរាជ័យ​នេះ ក្រុង​លង្កា​ទាំង​មូល​នឹង​ត្រូវ​ទទួល​រង​នូវ​សេចក្ដី​វិនាស​ខ្ទេច​ខ្ទី​អស់ ហើយ​អស់​រហូត​ដល់​ពូជ​ពង្ស​យក្ស​ទៀត​ផង ។ ការ​លើក​យោបល់​ជំទាស់​ផ្ទួន​ៗ​របស់​វិភេសន៍ និង​ការ​អះអាង​ដដែល​ៗ​ថា ព្រះ​រាម​នឹង​ទទួល​ជ័យ​ជម្នះ​ជា​ដាច់​ខាត ដោយ​វិភេសន៍​យោង​លើ​ជ័យ​ជម្នះ​ដ៏​ធំ​ធេង​លើទ័ព​យក្ស​កន្លង​មក ធ្វើ​ឲ្យ​ក្រុង​រាពណ៍​យល់​ថា ប្អូន​របស់​ខ្លួន​កើត​ចិត្ត​ក្បត់ ចង់​ដណ្ដើម​យក​រាជ​បល្ល័ង្គ​ពី​ខ្លួន ទើប​បាន​ជា​និយាយ​កាន់​ជើង​សត្រូវ ។ ក្រុង​រាពណ៍​ខឹង​វិភេសន៍​យ៉ាង​ខ្លាំង ទាំង​ជេរ​ប្រទេច​វិភេសន៍ ដោយ​ប្រើ​ពាក្យ​សម្ដី​ដ៏​ដែន​ធ្ងន់​ៗ ។ ការ​ដៀន​ត្មះ និង​ការ​ជេរ​ប្រមាថ​កាត​ទាន​នេះ នា​ឲ្យ​វិភេសន៍​ទ្រាំ​លែង​បាន ក៏​ប្រើ​សម្ដី​ទ្រគោះ​ខ្លះ​ៗ​តប​ទៅ​លើ​ក្រុង​រាពណ៍​វិញ ទាំង​បញ្ចប់​សេចក្ដី​ថា​ខ្លួន​វា​នឹង​ក្រុង​រាពណ៍ ត្រូវ​តែ​ចែក​ផ្លូវ​គ្នា ។ ដោយ​ហេតុ​តែ​វិភេសន៍​ដឹង​ខ្លួន​ថា ខ្លួន​ថា ពី​ពេល​នេះ​ទៅ វា​គ្មាន​អ្វី​ជា​ទី​ពឹង​ទៀត​ទេ ហើយ​ក៏​លែង​អាច​រស់​នៅ​ក្នុង​នគរ​របស់​ខ្លួន​បាន​ទៀត​ផង វិភេសន៍​ក៏​ហោះ​ទៅ​ដុំ​ចុះ​ចូល​ជា​មួយ​ព្រះ​រាម​ទៅ ដោយ​មាន​សេនា​ស្មោះ​ត្រង់​ចំនួន​បួន​រូប​ដងហែ​តាម​ទៅ​ផង ។

ព្រះ​រាម និង​ក្រុង​រាពណ៍​បើក​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​យូរ និង​យ៉ាង​របឹង​រឹង​រូស​ដូច​គ្នា ពុំ​មាន​ខាង​ណា​មាន​ប្រៀប​ជាង​ខាង​ណា​ឡើយ គឺ​ម្ដង​ខាង​ព្រះ​រាម​ទន់​ដៃ​ជាង ម្ដង​ខាងក្រុង​រាពណ៍ទន់​ដៃ​ជាង ។ ព្រះ​រាម​បាន​បញ្ជូន​សរ​ដ៏​មុត​ៗ​ដូច​គ្រាប់​ភ្លៀង​ទៅ​ត្រូវ​ដាច់​ក្បាល​ក្រុង​រាពណ៍​ធ្លាក់​ដល់​ដី ប៉ុន្តែ​ក្បាល​វា​ដាច់​ពេល​ណា ក្បាល​ថ្មី​ក៏​ដុះ​ឡើង​វិញ​ភ្លាម​ដែរ ។ នៅ​ទី​បំផុត​ព្រះ​រាម​ប្រើ​សរ​របស់​ព្រះ​ព្រហ្ម បាញ់​ចេញ​ទៅ​ទម្លុះ​ដើម​ទ្រូវ​ធ្លាយ​នៅ​ខាង​ខ្នង​របស់​ក្រុង​រាពណ៍ រួច​ហោះ​ទៅ​ដល់​មហាសមុទ្រ ហើយ​បត់​ត្រឡប់​មក​យ៉ាង​ស្អាំត ចូល​ក្នុង​បំពង់​ព្រួញ​របស់​ព្រះ​រាម​វិញ ។ របួស​ក៏​ធ្ងន់​ធ្ងរ​នេះ​បណ្ដាល​ឲ្យ​ក្រុង​រាពណ៍​ដួល​ផ្ងារ​ជង្គ្រាង​នៅ​លើ​ព្រះ​ធរណី ក្ស័យ​ជីវី​ក្នុង​ពេល​នោះ​ទៅ ។ នាង​មន្តោទរី​ក៏​ទៅ​ឱប​សព​ស្វាមី​ទួញ​យំ​ជា​យោបំ គួរ​ឲ្យ​អាសូរ​ពន់​ពេក ។ ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា នៅ​នា​ឋាន​សួគ៌ា​នោះ​ពួក​ទេវតា​ផង​ទាំង​ឡាយ​នាំ​គ្នា​ប្រគំ​តូរ្យតន្ត្រី សើម្បី​សម្ដែង​សេចក្ដី​រីករាយ​របស់​ខ្លួន​ខ្លះ​ទៀត​ប្រមូល​គ្នា​បាច​ផ្កា ជា​និមិត្ត​រូប​នៃ​សព្ទសាធុការ​ពរ ថ្វាយ​ព្រះ​រាម​ហើយ​សម្ដែង​ពាក្យ​ពោល​សរសើរ​ថា ព្រះ​រាម​គឺ​ជា​ព្រះ​វិណ្ណុ ដោយ​ហេតុ​ថា​បើ​ព្រះ​រាម​មិន​បាន​សម្លាប់​ក្រុង​រាពណ៍​ទេ ពួក​ទេពនិករ​អម​មេឃ​ទាំង​អស់​គ្នា និង​ត្រូវ​ទទួល​រង​នូវ​ក្ដី​វិនាស​ជា​មិន​ខាន​ឡើយ ។

ថ្វី​បើ​ក្រុង​រាពណ៍​ជា​ស្ដេច​របស់​ពួក​យក្ស អារុក្ស អារក្ស និង​ព្រាយ​បិសាច​អសុរកាយ​ក៏​ដោយ ក៏​វា​ជាប់​ពូជ​ពង្ស​ជា​ព្រាហ្មណ៍​ដែរ បើ​គិត​ទៅ​តាម​បិតា​របស់​វា ។ វា​ចេះ​ភាសា​សំស្ក្រឹត​យ៉ាង​ពូកែ តែង​តែ​ប្រារព្ធ​ពិធី​សាសនា​តាម​គម្ពីរ​វេទ ។ ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​សព​របស់​វា​ត្រូវ​បាន​គេ​យក​ទៅ​បូជា ដូច​ជា​ពួក​ព្រាហ្មណ៍​ដែរ ។

មាន​រឿង​មួយ​ទៀត​ដំណាល​ថា មាន​កាល​មួយ​នោះ ក្រុង​រាពណ៍​បាន​ចាប់​យក​ទេវតា​ខ្លះ​មក​តម្រូវ​ឲ្យ​ធ្វើ​ការ​តាម​មុខ​នាទី​របស់​ខ្លួន នៅ​ក្នុង​វាំង​របស់​វា ដូច​ជា​តម្រូវ​ឲ្យ​ព្រះ​អគ្គី​ធ្វើ​ជា​ចុង​ភៅ ព្រះ​វរុណ​ជា​អ្នក​ផ្ដល់​ទឹក​ព្រះ​កុវេរៈ​ជា​អ្នក​ផ្តល់​លុយ ព្រះ​វាយុ​ជា​អ្នក​បោស​សម្អាត​ផ្ទះ​ជា​ដើម ។ មាន​រឿង​មួយ​និទាន​ថា ក្រុង​រាពណ៍​បាន​ផឹក​ស្រា ហើយ​ដោយ​កើត​ចិត្ត​ជោរ​ជា​មួយ​នឹង​ជោគជ័យ​របស់​ខ្លួន វា​ក៏​ធ្វើ​ដំណើរ​កម្សាន្ត​លេង ។ លុះ​ទៅ​ដល់​ធានី​មហិស្នតី របស់​ព្រះ​បាទ កត្តវរិយៈ ដែល​មាន​ព្រះ​ហស្ថ​មួយ​ពាន់​ក្រុង​រាពណ៍​ក៏​ត្រូវ​រក្សត្រិយ៍​អង្គ​នេះ ចាប់​បង្ខាំង​ទុក​ជា​ឈ្លើយ បី​ដូច​សត្វ​ធាតុ​នៅ​ក្បែរ​បុរី​នោះ​ទៅ​។

ឯ​អគ្គមហេសី​របស់​ក្រុង​រាពណ៍​គឺ​នាង​មន្ទោទរី ។ មាន​ភរិយា​ជា​ច្រើន​នាក់​ទៀត ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង​បូជា​សព​ក្រុង​រាពណ៍ ដើម្បី​ស្លាប់​រួម​ជា​មួយ​គ្នា​នឹង​ស្វាមី​របស់​ខ្លួន ។ បុត្រ​របស់​ក្រុង​រាពណ៍​ឈ្មោះ ឥន្ទ្រជិន (ដែល​មាន​ឈ្មោះ​មួយ​ទៀត​ថា មេឃនាទ) រាពណី, អ័ក្ស ស្រីសិរ, ទេវាន្តកៈ នរាន្តកៈ និង​អតិកាយ ។ មាន​ប្រភព​ខ្លះ​ទៀត​អះ​អាង​ថា ក្រុង​រាពណ៍​មាន​ប្រពន្ធ​ជា​ច្រើន​រាប់​មិន​ងស់ កូន​ក៏​មាន​ច្រើន​រាប់​មិន​អស់​ដែរ ។ ដោយ​ហេតុ​តែ​វា​មាន​ក្បាល​ដល់​ទៅ​ដប់ ទើប​ក្រុង​រាពណ៍​មាន​ឈ្មោះ​ផ្សេង​ៗ​ទៀត​ថា ទសកណ្ឌ (កដប់) ទស​មុខ (មុខ​ដប់)

មាន​រឿង​មួយ​ទៀត​តំណាល​ថា មាន​ម្ដង​នោះ ក្រុង​រាពណ៍​ចេញ​ទៅ​ធ្វើ​ចម្បាំង​តតាំង​នឹង​ពួក​ទេវតា ដោយ​មាន​បុត្រ​របស់​ខ្លួន ឈ្មោះ​មេឃនាទ​ទៅ​ជា​មួយ​ផង ។ នៅ​ក្នុង​សង្គ្រាម​នោះ មេឃនាទ ដែល​ចេះ​វិជ្ជា​បំបាំង​ខ្លួន​បាន​លប​ចូល​ទៅ​ចាប់​ព្រះ​ឥន្ទ្រា​បាន ដោយ​ចង​ស្លាប​សេក ព្រះ​ឥន្ទ្រា រួច​នាំ​យក​ទៅ​បង្ខាំង​ទុក​នៅ​ឯ​កោះ​លង្កា ។ ពួក​ទេវតា​បាន​ទៅ​អង្វរ​សុំ​ឲ្យ​ព្រះ​ព្រហ្ម​ជួយ​អន្តរាគមន៍​សុំ​យក​ព្រះ​ឥន្ទ្រា​មក​វិញ ។ មេឃនាទ​យល់​ព្រម​ដោយ​ដាក់​លក្ខខណ្ឌ​សុំ​ឲ្យ​ព្រះ​ព្រហ្ម​ឲ្យ​ពរ​ដល់​ខ្លួន​វា ដើម្បី​ឲ្យ​ខ្លួន​វា​បាន​ជីវិត​អមតៈ ប៉ុន្តែ ព្រះ​ព្រហ្ម​មិន​ព្រម​តាម​សំណូម​ពរ​នេះ​ទេ គឺ​ព្រម​ត្រឹម​តែ​ប្រទាន​ឈ្មោះ​ឲ្យ​វា​ថា ឥន្ទ្រជិតដែល​មាន​ន័យ​ថា ជា​អ្នក​ឈ្នះ​ព្រះ​ឥន្ទ្រ​ប៉ុណ្ណោះ ។ មេឃនាទ​នៅ​តែ​មិន​ព្រម គឹ​វា​ទទូច​សុំ​រហូត​ដល់​បាន​សម្រេច​តាម​បំណង​របស់​វា ។

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on November 20, 2014, in វប្បធម៌. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s