Blog Archives

អំពីត្រា និង​ផ្លិត​មន្ត្រី​សង្ឃ


ត្រា និង​ផ្លិត​មន្ត្រី​សង្ឃ

សម្ដេចព្រះសង្ឃរាជ, ព្រះសង្ឃនាយក ឬ​សម្ដេច​ព្រះ​សង្ឃ​នាយក និង​មន្ត្រី​សង្ឃ​ទីរាជាគណៈ, ឋានានុក្រម​គ្រប់​ថ្នាក់ មាន​ត្រា​និង​ផ្លិត​ជា​គ្រឿង​សំគាល់ ដូច​ខាង​ក្រោម​នេះ

អំពីត្រា

ត្រា​សម្ដេច​ព្រះ​សង្ឃរាជ

ត្រូវ​ធ្វើ​មាន​រូប​ប្រាសាទ នៅ​ចំ​កណ្ដាល ខាង​ស្ដាំ​មាន​ ​ស្រួច ខាង​ឆ្វេង​មាន​ថូ​ទឹក​កណ្ឌី មាន​ក្បាច់ភ្ញី​ ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​មាន​ក្បាច់​ត្របក​ឈូក ។

ត្រា​ព្រះ​រាជា​គណៈ គ្រប់​ថ្នាក់

ត្រូវ​ធ្វើ​ស្រួច នៅ​ចំ​កណ្ដាល មាន​ក្បាច់​ភ្ញី​ភ្លើង​ ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ មាន​ក្បាច់​ត្របក​ឈូក ។

ត្រា​មេគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥៥ម ត្រូវ​ធ្វើ​ជា​ក្បាច់​រូប​ផ្លិត​ស្រួច មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ ត្រូវ​ធ្វើ​ ក្បាច់​ត្របក​ឈូក នៅ​ក្រោម​​ត្រូវ​មាន​ឆ្លាក់​ អក្សរ​ខ្មែរ​សំគាល់​ថា​ជា មេគណ ។

ត្រា​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥៣ម ត្រូវ​ធ្វើ​ក្បាច់​ជា​​ផ្លិតរូប​ឆែក​ជុំ​ វិញ មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ ត្រូវ​ធ្វើ​ ក្បាច់​ត្របក​ឈូក នៅ​ក្រោម​​ត្រូវ​មាន​ ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា អនុគណ ។

ត្រា​ឋានានុក្រម (ព្រះគ្រូនិង​ព្រះ​បាឡាត់ ព្រះ​វិន័យធរ និង​ព្រះ​វិន័យធម្ម ឬ​ព្រះ​ធម្មធរ)

ត្រូវ​ធ្វើ​ផ្លិត​មូល​ឆែក​ជុំ​វិញ​ចំ​កណ្ដាល មាន​ក្បាច់​ភ្ញី​ ភ្លើង​ខាង​ៗ នៅ​គែម​រឿ​ជុំ​វិញ មាន​ក្បាច់​ត្របក​ឈូក​។

ត្រា​ព្រះ​សមុហ៍

ត្រូវ​ធ្វើ​ផ្លិត​មុខ​ព្រហ្ម​ចំ​កណ្ដាល មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ មាន​ក្បាច់​ត្របក​ឈូក ។

ត្រា​ព្រះ​បាឡាត់​គណ​ ព្រះ​វិន័យធរ​គណ និង ព្រះ​វិន័យធរ​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​រូប​ផ្លិត​មូល​ឆែក​ជុំ​វិញ មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា បាឡាត់​គណ វិន័យធរ​គណ ឬ វិន័យធរ​អនុគណ ។

ត្រា​ព្រះ​សមុហ៍​គណ​គណ និង ព្រះ​សមុហ៍​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​រូប​ផ្លិត​មុខ​ព្រហ្ម ដូច​ផ្លិត​សម្រាប់​សមុហ៍ របស់​ព្រះ​រាជា​គណៈ​ទាំង ៤ ថ្នាក់ មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា សមុហ៍​គណ ឬ សមុហ៍​អនុគណ ។

ត្រា​លេខាធិការ​គណ និង អនុលេខាធិការ​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​រូប​សីមា មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា លេខាធិការ​គណ ឬ អនុ​លេខាធិការ​អនុគណ ។

ត្រា​ចៅអធិការ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​​ផ្លិត​មុខ​ព្រហ្ម ផ្លិត​រងមាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា ចៅអធិការ នាម​វត្ត ឈ្មោះ​ឃុំ ស្រុក ខេត្ត ។

អំពីផ្លិត

ផ្លិត​សម្ដេច​ព្រះ​សង្ឃរាជ

សម្ដេចព្រះសង្ឃរាជត្រូវប្រើផ្លិត ពណ៌​លឿង

ផ្លិត​ព្រះ​រាជា​គណៈ

ព្រះរាជាគណៈគ្រប់ថ្នាក់ត្រូវប្រើផ្លិតតាមឋានៈដូចខាងក្រោម៖

ថ្នាក់​ឯក : ពណ៌​ក្រហម

 – ថ្នាក់​ទោ : ពណ៌​បៃតង

ថ្នាក់​ត្រី : ពណ៌ស្វាយ

ថ្នាក់​ចត្វា : ពណ៌​ខៀវ

ផ្លិត​ឋានានុក្រម

ព្រះ​គ្រូ ព្រះ​បាឡាត់ ព្រះ​វិន័យធរ ព្រះ​វិន័យធម្ម ឬ​ ព្រះ​ធម្មធរ ត្រូវ​ប្រើ​ផ្លិត​មូល​ឆែក​ជុំ​វិញ ។ ឯ​ព្រះ​សមុហ៍ ត្រូវ​ប្រើ​ផ្លិត​មុខ​ព្រហ្ម ។ ចំពោះ​ពណ៌ ត្រូវ​ធ្វើ​ តាម​ថ្នាក់​ព្រះ​រាជា​គណៈ​ដែល​បាន​តែងតាំង ។

រៀបរៀងដោយ៖ ម៉ី យ៉ាំ (១៩៩៨)

Advertisements

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ៤ ជាវគ្គបញ្ចប់)


(តពីវគ្គទី ៣)

ចំណេះដឹង និង ការកសាង៖

សម្ដេចព្រះពោធិវ័ង្ស ហួត តាត មានចំណេះវិជ្ជាខាងផ្លូវលោក និង សាសនាដូចតទៅនេះ៖

  • ចេះភាសាបាលី យ៉ាងស្ទាត់ជំនាញ
  • ចេះអក្សរទេវនាគិរី និង ភាសាសំស្ក្រឹតយ៉ាងល្អិតល្អន់
  • ចេះភាសាបារាំង និង អង់គ្លេសល្មមប្រើការបាន
  • ចេះភាសាថៃ លាវ អាចនិយាយបាន និង សរសេរបាន
  • ចេះអានអក្សរថ្មខ្មែរបុរាណ។

សម្ដេចសង្ឃរាជ ហួត តាត និមន្ដមកដល់កន្លែងតាំងពិពណ៌ពុទ្ធសាសនា (ភ្នំពេញ ១៩៥១)

គិតត្រឹមពីពេលដែលឡើងកាន់តំណែងជាចាងហ្វាងពុទ្ធិកវិទ្យាល័យមក សម្ដេចបានបង្កើត៖

  • គិលានដ្ឋានមួយសម្រាប់សមណនិស្សិតពុទ្ធិកវិទ្យាល័យព្យាបាលជំងឺ
  • សុំរដ្ឋាភិបាលបង្កើនថ្នាក់រៀន ដែលមានសិស្សដល់ទៅ ២០០នាក់ចូលរៀននៅគ្រឹះស្ថានសិក្សានេះ
  • សុំកែប្រែឈ្មោះពីសាលាបាលីជាន់ខ្ពស់ ទៅជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត និង កែប្រែកម្មវិធីបង្រៀនឲ្យចម្រើនខាងផ្លូវសាសនា និង ផ្លូវលោក
  • សុំបង្កើតអគ្គាធិការដ្ឋានសិក្សាមួយនៅភ្នំពេញ និង កែប្រែពីសាលាបាលីរង ឲ្យទៅសាលាជាពុទ្ធិកបឋមសិក្សាវិញ និង កែប្រែកម្មវិធីសម្រាប់បង្រៀនទៀត
  • ឆ្នាំ ១៩៦៥ បានស្នើឲ្យរៀបចំកែប្រែទម្រង់សាលាពុទ្ធិកបឋមសិក្សាម្ដងទៀត ដើម្បីឲ្យសាលានេះ មានជំហររឹងប៉ឹង និង ដំណើរការល្អ
  • កសាងកុដិ សាលាធម្មមន្ទីរ សាលាពុទ្ធិកបឋមសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ នៅស្រុកឧដុង្គ វិហារបេតុងនៅវត្តប្រាង្គ
  • ឆ្នាំ ១៩៦៦ សាងមណ្ឌលសុខភាបមួយនៅទីប្រជុំជនឧដុង្គ សមិទ្ធិផលផ្សេងក្នុងវត្តឧណ្ណាលោមមានដូចជា៖ ឧបដ្ឋានសាលា កុដិ  និងពុទ្ធិកបឋមសិក្សាជាដើម
  • ចាត់ចែងកសាងអាគារសិក្សាឲ្យកើតឡើងយ៉ាងសមរម្យក្នុងបរិវេណពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និង ពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ដែលមានសម្ដេចសីហនុជាប្រមុខរដ្ឋបរិច្ចាគព្រះរាជទ្រព្យផ្ទាល់

គ្រឿងឥស្សរិយយស ដែលសម្ដេចទទួលបាន៖

  • ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ១៩៣២ មេដាយមាស មុនីសារភណ្ឌនៃប្រទេសកម្ពុជា
  • ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ១៩៣២ មេដាយសឹវ៉ាលីយេ អស្សរិទ្ធិ ដំរី១លាន និងស្វេតឆត្រក្រុងហ្លួងព្រះបាង
  • ថ្ងៃទី០១ មករា ឆ្នាំ១៩៤៤ មេដាយសឹវ៉ាលីយេ ដឺឡាឡេស្យុងដូនើរ នៃប្រទេសបារាំង
  • ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ១៩៥២ មេដាយ សេន
  • ថ្ងៃទី០៥ មេសា ឆ្នាំ១៩៦២ មេដាយវរសេនា
  • ថ្ងៃទី១៩ ឧសភា ឆ្នាំ១៩៦៤ មេដាយ មហាសិរីវឌ្ឍន៍សុវត្ថារា

សម្ដេចព្រះប្រមុខរដ្ឋទ្រង់ប្រគេនគ្រឿងឥស្សរិយយស មហាសិរីវឌ្ឍន៍សុវត្ថារា ចំពោះសម្ដេចព្រះពោធិវ័ង្ស ហួត តាត

ស្នាព្រះហស្តតែងនិពន្ធ៖

សម្ដេចបានបន្សល់ទុកនូវគម្ពីរដីកាដែលបានប្រែពីភាសាបាលីមកជាភាសាខ្មែរ ជាច្រើនច្បាប់មាននៅតាមបណ្ណាល័យជាតិកម្ពុជា  បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ និង បណ្ណាគារឯកជនខ្លះទៀតដែលបានបោះពុម្ពផ្សាយមានដូចជា៖

  • សៀវភៅសាមណេរវិន័យ
  • បកិណ្ណកបរិត្ត
  • សត្តបរិត្ត និង ទ្វាទសបរិត្ត
  • សុរាមេរយកថា
  • សីមាវិនិច្ឆ័យ
  • អក្ខទោសកថា
  • សិង្គាលោវាទសូត្រ
  • សារទេសនា
  • ធម្មសង្គហៈ
  • វេយ្យាករណ៍សំស្ក្រឹត
  • ពុទ្ធសាសនាសង្ខេប ក្នុងផ្នែកយុវពុទ្ធិកសិក្សាសម្រាប់យុវជនសិក្សា
  • ភិក្ខុអបរិហានីយធម្មសូត្រ
  • ឥទ្ធិបាទបរិយាយ
  • អរិយទ្រព្យបរិយាយ
  • សាមគ្គីធម៌
  • ឧបក្កិលេសធម៌
  • ពុទ្ធសាសន៍សង្ខេប
  • រដ្ឋបាលសូត្រ
  • ពុទ្ធិកសិក្សាបច្ចុប្បន្ន
  • ការប្រាស្រ័យរឭកចំពោះបងប្អូន
  • ស្វែងយល់អំពីអង្គរ
  • កល្យាណមិត្ត ។ល។

សម្ដេចសង្ឃរាជ ជួន ណាត ហួត តាត និង កញ្ញា ការបឺុឡែស (កូសាំងស៊ីន ឆ្នាំ ១៩៣៩)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ៣)


(តពីវគ្គទី ២)

​បុព្វហេតុខ្លះៗ ស្ដីពីជម្លោះរវាងក្រុមធម៌​ចាស់ និង ធម៌​ថ្មី​៖

​     ​    បន្ទាប់​ពី​សម្តេចព្រះសង្ឃរាជ​គណៈមហានិកាយ និល ទៀង ចូល​ទីវង្គ​ត​បាន​ប្រមាណ​ជា​១​ឆ្នាំ ទើប​ព្រះករុណា ស៊ីសុវត្ថិ សព្វព្រះទ័យ​តែងតាំង​ព្រះ​ថេរៈ កែ អ៊ុក គង់នៅ​វត្ត​ឧណ្ណា​លោម ក្រុងភ្នំពេញ ជា​ព្រះ​ធម្ម​លិខិត ព្រះសង្ឃ​នាយក​គណៈមហានិកាយ​នៅ ព​.​ស ២៤៥៨ គ​.​ស ១៩១៤ ។​

សម័យ​នោះ ព្រះសង្ឃ​គង់​ក្នុង​វត្ត​ឧណ្ណាលោម ជា​ព្រះមហា​ថេរៈ មាន​សមណសក្តិ និង វ័យ​ប្រហាក់ប្រហែលគ្នា នឹង​ព្រះអង្គ ហើយ​ព្រះ​ថេរៈ​អង្គ​ខ្លះ​ទៀត​មាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់​ជាង​នោះ ទើប​ពុំ​សូវ​មាន​ការគោរព​កោតក្រែង​ចំពោះ​ព្រះសង្ឃ​នាយក​អង្គ​នេះឡើយ ។ ហេតុនេះ នៅក្នុង​វត្ត​ឧណ្ណា​លោម ជា​វត្ត​ប្រមុខ នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​នោះ មាន​ភាព​រកាំរកូស​ច្រើន មិនសូវ​រៀបរយ​សណ្តាប់ធ្នាប់​ឡើយ ហើយក៏​ពុំ​មាន​ការសិក្សា​រក​ខុស​ត្រូវ​ក្នុង​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​ ដែរ ពោល​គឺ​ប្រតិ​ប​តិ្ត​តាម​ទំនៀម​ទំលាប់​សុទ្ធសាធ ។​

​    ​ថ្ងៃមួយ ជា​ពេល​ជិត​ចូល​វស្សា មាន​អ្នកអង្គម្ចាស់​១​អង្គ ( នាម … ? ) ទំនង​ជា​ដោយហេតុ​បានឃើញ​ភាពឆ្គាំឆ្គង​នៃ​ភិក្ខុ សាមណេរ​ក្នុង​វត្ត​នេះ​ជា​ដើម​នោះ បាន​ទៅ​ទូល​ស្នើរ​សម្តេច​ព្រះ​សង្ឃនាយក កែ អ៊ុក សុំ​បង្កើតអោយមាន​ព្រះសង្ឃ​សំដែង​ព្រះ​វិន័យ​ក្នុង​វិហារ​វត្ត​ឧណ្ណាលោម​ រាល់​រាត្រី ដើម្បីអោយ ភិក្ខុ សាមណេរ​ស្តាប់​រហូតដល់​ចេញ​វស្សា ។​

​     ​សម្តេចព្រះសង្ឃរាជ ក៏​សព្វព្រះទ័យ និង បាន​ស​ម្រឹត​សម្រាំង​ព្រះសង្ឃ​ក្នុង​វត្ត​ឧណ្ណា​លោម បាន​៣​អង្គ​ដែល​ជា​អ្នក​មាន​ភាព​ឆ្លៀវឆ្លាត​ផ្នែក​ខាង​ធម៌​វិន័យ ។ ព្រះភិក្ខុ​៣​រូប​នោះ​គឺ ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ​, ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត និង ព្រះគ្រូ សង្ឃ​វិជ្ជា ហួត តាត ។

​ទទួលបាន​កាតព្វកិច្ច​ដ៏​ សំខាន់​នេះ ព្រះគ្រូ​ទាំង​៣​រូប​ដែល​មាន​ប្រតិពល​ផ្នែក​ធម៌​វិន័យ​ស្រាប់ ហើយ​នោះ​ក៏​បន្ថែម​ការ​សំភី​របស់ខ្លួន​ក្នុង​ការសិក្សា​ស្រា​ជ្រាវ​រាវរក​ឬ​ សគល់ នៃ ព្រះ​វិន័យ​ទ្វេ​ឡើង ហើយ​នាំ​យក​មក​សំដែង និង បង្រៀន​ដល់​ភិក្ខុ​សាមណេរ​ក្នុង​អារាម​នេះ ។

​    ​មិនយូរប៉ុន្មាន បន្ទាប់ពី​បាន​ស្តាប់ និង បាន​រៀន​មក ភិក្ខុ​សាមណេរ​ជាច្រើន​ក្នុង​វត្ត​ឧណ្ណាលោម ចាប់ផ្តើម​ភ្ញាក់រលឹក និង មើលឃើញ​ពី​កំហុស​ដែល​បាន​ប្រតិបត្តិ​កន្លងមក ជាហេតុ​នាំ​អោយ មានការ និយាយ​គ្នា​ច្រើន​ឡើងៗ​ជា​រៀងរាល់ថ្ងៃ​អំពី​ផ្លូវ​ប្រតិបត្តិ​ខុស និង ត្រូវ ។

ប្រការនេះ​បាន​បណ្តាល​អោយ​សម្តេច​ព្រះ​សង្ឃនាយក និង ព្រះមហា​ថេរៈ​មួយចំនួន​ក្នុង​ជួរ​រាជា​គណៈ​កើត​ទោមនស្ស​យ៉ាង​ក្រៃលែង ( ត្បិត​អ្នក​ទាំងនោះ​ក៏​ប្រតិបត្តិ​បែប​មាន​កំហុស​នោះដែរ ) ។ មិនតែប៉ុណ្ណោះ​សោត ពួក​មនុស្ស​ថ្នាក់​កំពូល​នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​ក្នុងប្រទេស កម្ពុជា​ទាំងនេះ​បាន​ពោល​លើក​ទោស​ដាក់​ព្រះសង្ឃ​ក្មេងៗ ដែល​មាន​ព្រះគ្រូ​ទាំង​៣​រូប​ជា​ប្រមុខ​នេះ​ថា ពោល​ពាក្យ​ផ្តេសផ្តាស បង្កា​ច់ បង្ខុស ពី​ទំនៀម ទំលាប់​ចាស់​ដែល​ពួកខ្លួន​ធ្លាប់​បាន​ប្រតិបត្តិ ជា​យូរលង់​ណាស់​មកហើយ និង បាន​ហាមឃាត់​ភិក្ខុ​សាមណេរ លែង​អោយ​ទៅ​ស្តាប់ទៅ​រៀន​ទៀត ។

​កម្មវិធី​សំដែង​វិន័យ​ក៏​ចប់​ត្រឹម​នេះ ប៉ុន្តែ​ចរន្ត​នៃ​ការ​ចង់ដឹង ខុស និង ត្រូវ​ពិតប្រាកដ​នេះ មិនបាន បញ្ចប់​ត្រឹមនេះ​ទេ ហើយ​មនសិការ​នេះ រឹតតែ​ខ្លាំងក្លា​ឡើង ។     ​ចំណែក​ព្រះគ្រូ​ទាំង​៣​រូប​ក៏​បាន​បន្ថែម ការព្យាយាម​សិក្សា​ពិនិត្យ​គម្ពីរ​នានា ( កាល​នោះ​សុទ្ធតែ​ជា​គម្ពីរ​ភាសាបាលី ) របស់​ខ្លួន​កាន់តែ​ខ្លាំង និង ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ជាង​មុន ដោយសារ​ពួក​លោក​យល់ និង ប្រាកដថា អ្វី​ដែល​ពួក​លោក​បាន និង កំពុង​ធ្វើ​នោះ​គឺ​ពិតជា​ត្រឹម និង ត្រូវ ឥត​មាន​ល្អៀង​ប្រាសចាក​ពី​ពុទ្ធដីកា​ឡើយ ហើយ​ក៏​ប្រាកដ​ក្នុង​ចិត្ត​ថា រាល់​កិច្ចានុកិច្ច​នោះ ត្បិត​តែ​ចិត្ត​បង្កា​ច់ បំបាក់​អ្នកដទៃ ឬ ថា​ឥច្ឆា​ឈ្នានិស​បុគ្គល​ណា​ម្នាក់ ឬ ថា​ដោយសា​រ​មហិច្ឆត្តា​ប្រាថ្នា​លើកតំកើង​ខ្លួនឯង ក៏​ទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្តីចំរើន និង ភាព​ត្រឹម និង ត្រូវ​នៃ​ព្រះពុទ្ធសាសនា អោយ​ពុទ្ធសាសនិក​មាន​ប្រាជ្ញា ប្រាសចាក​ការជឿ និង ប្រតិបត្តិ​ទាំង​ភាព​ងងឹត ងងល់ និង សេចក្តីចំរើន​ដល់​ប្រទេសជាតិ​ពិតៗ ។ នឹង​ថា​ការ​ពោល​អះអាង​ទាំងនោះ​ជា​គំនិត​របស់ ពួក​លោក​ផ្ទាល់ ក៏​មិនមែន ប៉ុន្តែ​វិន័យ​ទាំងនោះ​មាន​ចែង​ក្នុង​គម្ពីរ​នានា មាន​ព្រះ​ត្រ័យ​បិដក ជាអាទិ៍ ដោយ​ពិត គ្រាន់តែ​ថា គម្ពីរ​ទាំងនោះ​ជា​ភាសាបាលី ដែល​ពួក អ្នក​ប្រកាន់​បុរាណ​និយម​មិនចេះ ឬ មិន​ខ្វល់​ក្នុង​ការពិនិត្យ​តែ​ប៉ុណ្ណោះ ។

​    ​ពាក្យ​ថា “ ធម៌​ចាស់ ” និង “ ធម៌​ថ្មី ” ក៏​បាន​ចាប់បដិសន្ធិ​ឡើង​ក្នុង​ទឹកដី​ខ្មែរ​ចាប់ពីពេលនោះ ពោល​គឺ​ចេញពី​វត្ត​ឧណ្ណាលោម ។ ក្រុម​ដែល​ប្រកាន់ខ្ជាប់​របៀប​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​តាម​ទំលាប់ តៗ​គ្នា​ពី​បុរាណ  ( ទោះ​ជា​ទំលាប់​នោះ​មិន​ត្រឹ​ត្រូវតាម​ពុទ្ធោវាទ​ក្តី ) ហៅថា “ ពួក​ធម៌​ចាស់ ” ហើយ​ពួក​នេះ​មិន​រវីរវល់ នឹងសិក្សា ពិនិត្យ ផ្ទៀងផ្ទាត់​ជាមួយនឹង​គម្ពីរ​ដី​ការ​ដែល​ជា​គោល​គ្រឹះ​នៃ ព្រះពុទ្ធសាសនា​ឡើយ ។

​    ​ក្រុម​ដែល​សិក្សា​ពិនិត្យ និង ប្រតិបត្តិ​តាម​ដែល​មានចែង​ក្នុង​គម្ពីរ​ដីការ ហើយ​ហ៊ាន​កែប្រែ​ប្រសិនបើ​ឃើញ​ថា​ទំលាប់​ណា​ខុស ។ ក្រុម​ត្រូវបាន​ហៅថា “ ក្រុម​ធម៌​ថ្មី ” ។
​    ​សម្តេចព្រះ​មហាសុមេធាធិបតី ហួត តាត បាន​បញ្ចេញ​ទស្សនៈ​ថា “ ពាក្យ ធម៌​ចាស់ និង​ធម៌​ថ្មី នេះ ជា​ពាក្យ​អ​ព្វ​មង្គល អ្នក​បង្កើត​អោយ​មាន​ពាក្យ​នេះ ជា​កំហុស​ដ៏​ធំ​សម្បើម និង គួរអោយ សោកស្តាយ​យ៉ាង​ក្រៃលែង ព្រោះ​ធ្វើអោយ​សង្គម​ពុទ្ធសាសនិក​ខ្មែរ​បែកបាក់​សាមគ្គី  ” ។​

​    ​នៅក្នុង​ពិធី​ថ្វាយ​សញ្ញប​ត្រ មហា​បណ្ឌិត អក្សរសាស្ត្រ​ខ្មែរ ដល់ សម្តេចព្រះសង្ឃរាជ ជួន ណាត នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ ១៩៦៧ ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បាន​មាន​ព្រះ​បន្ទូល​ថា “ អ្នកខ្លះ​និយាយ​ខុស​ទាំងស្រុង​ថា នៅក្នុង​សាសនា​យើង​មាន​ធម៌​ថ្មី ធម៌​ចាស់ ។ តាម​ការពិត​យើង ពុំ​មាន​ធម៌​២​ទេ មានតែ​១​គត់ ។ ដែល​និយាយថា ធម៌​ថ្មី​នោះ គឺ​ការ​ដែល​ខំ​ស​ម្រឹត​សម្រាំង​ព្រះ​សាសនា អោយ​ផុត​អំពី​ជំនឿ​ខុស អំពី​ការ​យល់​ហួស​ហេតុផល និង ទម្លាប់​ខុស គឺ​ពុំមែន​ធ្វើអោយ ព្រះពុទ្ធសាសនា​ទៅជា​បែប​ថ្មី​ទេ ។ ការពិត​គឺ​ធ្វើ​អោយ​ព្រះ​សាសនា​ត្រឡប់​ទៅ​រក​ប្រភព​ដើម​ដ៏​ត្រឹម ត្រូវ​ល្អ​វិញ​តែ​ប៉ុណ្ណោះ ” ។​

​    ​សម្តេចព្រះ​ធម្មលិខិត  កែ អ៊ុក ព្រះសង្ឃ​នាយក​គណៈមហានិកាយ និង ព្រះមហា​ថេរៈ​មួយ ចំនួន​ដែល​ស្ថិត​នៅក្នុង​ជួរ​រាជាគណៈ ជា​មេក្លោង ក្រុម​អភិ​រ័ក្ស​បែប​បុរាណ​និយម ។ ក្រុម​នេះ​ក៏បាន ប្រឆាំង​ដាច់ខាត​ផងដែរ​នូវ​ការសិក្សា​ផ្នែក​បរិយតិ្តធម៌ ដែល​តម្រូវ​អោយ​បកប្រែ​គម្ពីរ​ព្រះពុទ្ធសាសនា ពី​ភាសាបាលី មក​ជា​ភាសាជាតិ ។ ក្រុម​បុរាណ​និយម នេះ​ក៏​បាន​ប្រឆាំង​ផងដែរ នឹង ការយក​គម្ពីរ ដីកា​ព្រះពុទ្ធ​សាសនា​មក​បោះពុម្ព​ជា​សៀវភៅ​ដែល​ប្រើ​ក្រដាស ដោយ​ក្រុម​នេះ​បាន​តម្រូវ​អោយ​រក្សា គម្ពីរ​ដីកា​នានា អោយ​នៅ​ជា​សាស្ត្រា​ស្លឹករឹត ដដែល ។

​    ​ប៉ុន្តែ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត , ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត , ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ និង ព្រះ​បវរ​ញាណ​វិជ្ជា ល្វី ឯម បាន​បន្ថែម​ការព្យាយាម​រិត​តែ​ខ្លាំងក្លា​ក្នុង​ការស្រាវជ្រាវ​ចងក្រង ជា​សៀវភៅ​ដូច​ជា​សៀវភៅ សាមណេរ​វិន័យ , ភិក្ខុ​បាតិមោក្ខ​សង្ខេប , បព្វជ្ជា​ខន្ធ​ក​សង្ខេប​, សីមា​វិនិច្ឆ័យ​សង្ខេប , គ​ហិប្ប​ដិប​ត្ត  និង កឋិន​ក្ខ​ន្ធ​ក ជាដើម បើ​ទោះជា​ត្រូវ​បាន​ក្រុម​សម្តេច ព្រះសង្ឃ​នាយក កែ អ៊ុក បង្ក​ជា​ឧបសគ្គ​រារាំង​យ៉ាងណាក្តី ។​

​    ​ទំនាស់​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​រីក​រាលដាល តាំងពី​ថ្នាក់​រាជធានី​រហូតដល់ ខេត្ត ខណ្ឌ ជនបទ ទូទាំង​ប្រទេស ដែលនាំអោយ​សាមគ្គីភាព​របស់​ពុទ្ធបរិស័ទ​ខ្មែរ​ជួប​ភាព​ប្រេះឆា​យ៉ាង​ជូរចត់ រហូតដល់ ព្រះ​ធម្មលិខិត ព្រះសង្ឃ​នាយក កែ អ៊ុក បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​ក្រសួង​ធម្មការ ដើម្បី​សុំ​ព្រះរាជ អន្តរាគមន៍​ពី​ព្រះករុណា ស៊ីសុវត្ថិ ។​
​    ​បន្ទាប់​ពី​ព្រះរាជសវនាការ និង ជ្រាប​សព្វ​សេចក្តី​មក ព្រះករុណា​បាន​មាន​ព្រះបន្ទូល​សរសើរ យ៉ាង​ក្រៃលែង​ចំពោះ​កិច្ចការ​របស់​ព្រះ​ថេរៈ ទាំង​៤​អង្គ​នេះ និង បាន​ព្រះរាជទាន​ប្រាក់រង្វាន់ ចំនួន ២០​រៀល ( កាល​នោះ​ចំនួន​នេះ​មិនមែន​តិច​ឡើយ ) ដល់​ព្រះគ្រូ​សង្ឃ​សត្ថា ។

​ សោតឯ​ព្រះករុណា មុនី​វង្ស ដែល​កាលនោះ​ទ្រង់​នៅ​ជា ព្រះអង្គម្ចាស់ នៅឡើយ​នោះ ទ្រង់​តែង​មាន​ការសព្វព្រះទ័យ​ចំពោះ​កិច្ចានុកិច្ច​របស់​ព្រះ​ភិក្ខុ​ទាំង​៤ ​រូប​នេះ​ជា​ខ្លាំង ហើយ​មាន​ពេលខ្លះ​បាន​មាន បន្ទូល​ជាមួយ​ព្រះករុណា ស៊ីសុវត្ថិ ថា “ ព្រះសង្ឃ​ចាស់ៗ​ទាំងនោះ ( ក្រុម​របស់ សម្តេច កែ អ៊ុក ) គ្មាន​ចេះ​អ្វី​សោះ អាង​តែ ខ្លួនឯង​ជា​មនុស្ស​ចាស់ ជា​អ្នក​ធំជាងគេ មានគំនិត​ឈ្នានិស គេ មិន​ចង់អោយ​គេ​ចេះដឹង​…​គួរតែ​ដក ចេញពី​តំណែង​ទើប​សម ” ។​

​    ​ក្រុម​នេះ​មិន​បាន​បញ្ចប់​ត្រឹម​នេះ​ឡើយ ហើយ​បាន​បន្ត​ប្រឆាំង​នឹង​កិច្ចានុកិន្ច​របស់​ព្រះគ្រូ អនាគត មហា​បុរស​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំង​នេះ​ដោយ​ប្រការ​ផ្សេងៗ​ទៀត ដែល​ក្នុង​ក៏​មាន​ទាំង​កុង្សីយ៍ សេនាបតី នៃ ក្រសួង​ធម្មការ ក៏​ហាក់​មាន​ទំនោរ​ទៅខាង​ក្រុម​បុរាណ​និយម​ដែរ និង មាន​ចំណែក​ក្នុងការ​បន្ទច់ បង្អាក់​នូវ​ការបោះពុម្ព​ជា​សៀវភៅ​របស់​ព្រះ​ភិក្ខុ​អនាគត​បណ្ឌិត​ទាំងនេះ ។​

​    ​គណៈកម្មការ​មួយ​ត្រូវបាន​ប្រកាស​តែង​តាំ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា គ​.​ស ១៩៣៧ ដែល មាន​សមាជិក​៤​រូប​ដើម្បី​សិក្សា​ពី​ភាព​ផ្សេង​គ្នា​រវាង​ធម៌​ចាស់ និង ធម៌​ថ្មី និង ដើម្បី​រក​មធ្យោបាយ​បន្សាត់ បង់​នូវ​ជម្លោះសាសនា​នាពេលនោះ ។ សមាជិក​ទាំង​បួន​រូប​នោះ​គឺ ព្រះគ្រូ​សំ​សត្ថា ជួន ណាត​, ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត​, ភិក្ខុ អ៊ុំ ស៊ូ និង ភិក្ខុ មឿង ។​

​     ​អ្នកប្រាជ្ញ​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ល្វី ហ្វី​ណូត៍ ជា​ចាងហ្វាង​សាលា​បារាំងសែស ( សាលា​ចុង​បូព៌​ពា ) នា​ទីក្រុង ហាណូយ បាន​មក​ដល់​ប្រទេស​ខ្មែរ​នៅ​ឆ្នាំ​១៩២២​ក្នុង​បេសកកម្ម ពិនិត្យមើល​កិច្ចការ​នៅ​នគរវត្ត និង ការសិក្សា​នានា​នៅ​ប្រទេស​ខ្មែរ ។ លោក ហ្វី​ណូត៍ ជា​អ្នក​ស្ទាត់ ជំនាញ​នូវ​ភាសាបាលី សំស្ក្រឹត និង អក្សរ​ខ្មែរ​បុរាណ ដែល​មាន​ចារិក​លើ​ផ្ទាំង​ថ្ម​នានា ។ លោក​យល់ថា ខ្មែរ​មិន​គួរ​សិក្សា​ភាសាឡាតាំង ទៀត​ទេ ព្រោះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​អក្សរសាស្ត្រ​ជាតិ​របស់​ខ្លួន ហើយ ថា​នៅ​សាលា​ធំៗ ខ្មែរ​គួរ​សិក្សា ភាសាបាលី និង សំស្ក្រឹត ត្បិត​ភាសា​ខ្មែរ​មាន​ទំនាក់ទំនង​យ៉ាង ច្រើន​ជាមួយ​ភាសា​ទាំងពីរ​នេះ ។​

​     ​លោក​បាន​មើលឃើញ​ទៀតថា ឥឡូវនេះ ភាសាបាលី​មាន​អ្នកសិក្សា​ច្រើន​គួរសម​ហើយ ប៉ុន្តែ នៅ​មិនទាន់មាន​អ្នកសិក្សា​ភាសាសំស្ក្រឹត​សោះឡើយ ហេតុនេះ​លោក​បាន​ពិគ្រោះ​ជាមួយ ឡឺ​រ៉េស៊ីដង់ត៍ ស៊ូ​ប៉េ​រី​យើរ ( ប្រចាំ​នៅ​កម្ពុជា ) ថា​ត្រូវ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ពី​រូប​ដែល​មាន​ចំណះ​វិជ្ជា​ច្បាស់លាស់​ ផ្នែក ភាសាបាលី ( ងាយស្រួល​បង្រៀន​ភាសាសំស្ក្រឹត ព្រោះ​ភាសា​ទាំងពីរ​នេះ​ប្រហាក់ប្រហែលគ្នា ) ទៅ​ទីក្រុង​ហាណូយ ហើយ​លោក​នឹង​បង្រៀន​ដោយផ្ទាល់ បន្ទាប់មក​នឹង​បញ្ជូន​ព្រះសង្ឃ ទាំង​ពីរ​រូប​នោះ អោយ​ត្រឡប់​មក​បណ្តុះបណ្តាល​ភាសា​នេះ​នៅ​កម្ពុជា​វិញ ។​

​     ​រាជការ​ខ្មែរ​ជ្រើសរើស​ព្រះសង្ឃ​បាន​មួយ​រូប​គឺ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ដែល​កាលនោះ ព្រះអង្គ​មាន​នាទី​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី​នៅ​សាលា​បាលី​ ជាន់ខ្ពស់ ( ពុទ្ធិក​សកល វិទ្យាល័យ​ព្រះ​សុរា​ម្រឹត ) ។
​ព្រះគ្រូ​សង្ឃ ​សត្ថា បាន​មាន​ព្រះ​ថេរ​ដីកា​ថា “ បើ​រាជការ​បញ្ជូន​ព្រះសង្ឃ​អង្គណា​ទីទៃ​ពី ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត នោះ ព្រះអង្គ​នឹង​មិន​និមន្ត​ទៅ​សិក្សា​ឡើយ ត្បិត​មានតែ​ព្រះគ្រូ​រូបនេះ​ទេ ដែល​មាន​ចំណេះវិជ្ជា​ផ្នែក​ភាសាបាលី និង សំស្ក្រឹត​នេះ​ស្រាប់ សោតឯ​អាធ្យាស្រ័យ​ក៏​ត្រូវ​គ្នា​ជាមួយ នឹង​ព្រះអង្គ​ផង​ទៀត ” ។ ដោយហេតុនេះ ព្រះគ្រូ​សង្ឃ​វ​ជ្ជា នៃ យើង​ក៏​បាន​ត្រូវ​បញ្ជូន​ទៅ​សិក្សា នៅ​ទីក្រុង​ហាណូយ ជាមួយ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ទៀត​។

​    ​ពួក​អ្នក​ប្រកាស​ខ្លួន​ថា ជា​អ្នក​ធម៌​ចាស់ ពេល​បាន​ដឹងថា ព្រះគ្រូ​ទាំង​ពីរ​រូប​ដែលជា​អ្នក​ដឹក នាំ​ការសិក្សា​កែប្រែ​នូវ​ការប្រតិបត្តិ​ខុសឆ្គង​អោយ​ត្រឡប់​ជា​ត្រឹមត្រូវ​ វិញ​តាម​ពុទ្ធបញ្ញត្តិ​នេះ ត្រូវបាន រាជ​ការជ្រើសរើស​បញ្ជូន​អោយ​ទៅ​សិក្សា​នៅ​ហាណូយ​យ៉ាងនេះ ពួក​នេះ​មាន​ការ​សប្បាយចិត្ត ហើយ បាន​ផ្សព្វផ្សាយ​ថា ការបញ្ជូន​នេះ​ជា​លេស​ដែល​រាជការ​បោះបង់​ភិក្ខុ​ទាំង​ទ្វេ​នេះ​ចោល​តែ​ ប៉ុណ្ណោះ ហេតុនេះ មុខ​ជា​នឹង​មិន​មាន​ថ្ងៃ​ណា​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ឡើយ ។​
​ព្រះ ​គ្រូ​មាន​សារជាតិ​ជា​បណ្ឌិត​មិន​មាន​ទោមនស្ស​នឹង​រឿង​នេះ​ឡើយ លោក​បាន​ខិតខំ​សិក្សា មិន​តែ​ភាសាសំស្ក្រឹត​ឡើយ លោក​ថែមទាំង​បាន​សិក្សា​នូវ​អក្សរ​សិលា​ចារិក និង ស្វែងយល់​ពី​ជីវភាព ស្រុកទេស​នៅ​ទីនោះ​ផងដែរ ។

​    ​ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយមក​អនាគត​មហា​បុរស​របស់​យើង ទាំង​ទ្វេ ត្រូវបាន​បញ្ជូន​ត្រឡប់​មក មាតុប្រទេស​វិញ ហើយ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ត្រូវបាន​អោយ បន្ត​កិច្ចការ​ជា​សាស្ត្រាចារ្យ ភាសាបាលី​តទៅទៀត ខណៈ​ព្រះគ្រូ សង្ឃ​វិជ្ជា ហួត តាត ត្រូវ​បាន​តែង តាំង​ជា​សាស្ត្រាចារ្យ​បង្រៀន ភាសាសំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់ ហើយក៏​ជា​សាស្ត្រាចារ្យ​ភាសាសំស្ក្រឹត​ដំបូង​គេ​នៅ​កម្ពុជា ចាប់ តាំង​ពី​ការដួលរលំ​អាណាចក្រ​អង្គរ ។

(តទៅវគ្គទី ៤)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ២)


(តពីវគ្គទី ១)

សមណសក្ដិដែលសម្ដេចបានទទួល៖

  • ថ្ងៃទី​២២​​ ខែ​កក្កដា ​ឆ្នាំ​១៩២២​ សម្ដេចព្រះមហាសង្ឃរាជ​ ប្រទានឋានន្ដរសក្ដិជាព្រះគ្រូសង្ឃវិជ្ជា។
  • ឆ្នាំ ១៩១៩ រាជការតែងតាំងជាក្រុមជំនុំរៀបចំបង្កើតវចនានុក្រមខ្មែរ។
  • ឆ្នាំ ១៩២២ រាជការចាត់ឲ្យទៅរៀនភាសាសំស្រ្កឹត អក្សរថ្ម ខ្មែរបុរាណ និង ប្រវត្តិពុទ្ធសាសនានៅបរទេស ក្នុងសំណាក់លោក ល្វី ហ្វីណូត៍ ចាងហ្វាងសាលាបារាំងសែស នៅអាស៊ីអាគ្នេយ៍​ក្រុងហាណូយ​ ជាមួយនឹងព្រះគ្រូសង្ឃសត្ថា​ ជួន ណាត។
  • ឆ្នាំ ១៩២៤ មកពីហាណួយវិញ រាជការតែងតាំងជាសាស្ដ្រាចារ្យបង្រៀនភាសាសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់។
  • ឆ្នាំ ១៩២៥ រាជការតែងតាំងជាសមាជិកពិនិត្យវិញ្ញាសា​នៃសៀវភៅទាំងឡាយ​ដែលគ្រឹះស្ថាននោះ ត្រូវបោះផ្សាយ។
  • ឆ្នាំ ១៩២៨ រាជការចាត់តាំងឲ្យធ្វើបរិវដ្ដ គមនាគមន៍ ដែនកូសាំងស៊ីន​ ជាមួយនឹងអធិបតីនៃព្រះរាជបណ្ណាល័យកម្ពុជា ដើម្បីពន្យល់ព្រះសង្ឃ និង គ្រហស្ថជាតិខ្មែរ ឲ្យពេញចិត្តសិក្សាអក្សរសាស្ដ្រជាតិខ្មែរជាដើម។        ក្រោយមក ជាតំណាងយ៉ាងខ្ពង់ខ្ពស់ នៃព្រះករុណាអម្ចាស់ជីវិតលើត្បូង ជាមួយនឹងអធិបតីនៃប្រទេសឥណ្ឌូចិនបារាំងសែស ដើម្បីពន្យល់រាស្ដ្រអំពីប្រយោជន៍ និង ការបង្កើតពុទ្ធសាសនបណ្ឌិត្យ។
  • ឆ្នាំ ១៩៣១ សម្ដេចស៊ីសុវត្ថិមុនីវង្ស ប្រទានសមណស័ក្ដិឡើងទីជា វិសុទ្ធិវង្ស​ ទីរាជាគណៈកិត្តិយស ឆ្នាំនោះដែររាជការឲ្យនិមន្ដទៅក្រុងវៀងចន្ទន៍  និង ហ្លួងព្រះបាង ប្រទេសលាវជាមួយនឹងព្រះសាសនសោភ័ណ ជួន ណាត ជាតំណាងប្រទេសខ្មែរ ក្នុងមហាសន្និបាតនៃពិធីបុណ្យពុទ្ធសាសនបណ្ឌិត្យនៃប្រទេសលាវផង និង​ ការប្រជុំដើម្បីបង្កើតសាលាបាលីជាន់ខ្ពស់ក្នុងប្រទេសលាវផង។
  • ឆ្នាំ ១៩៣៥ ត្រូវបានចាត់តាំងឲ្យទៅបង្រៀនសំស្ក្រឹត និង ភាសាខ្មែរនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ និង ទទួលជាអធិបតីរងក្រុមជំនុំប្រែត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។
  • ឆ្នាំ ១៩៤០ បានឡើងជាព្រះសាក្យវង្ស ហួត តាត ទីរាជាគណៈថ្នាក់ត្រី ។
  • ឆ្នាំ ១៩៤៤ ជាព្រះគ្រូសូត្រស្ដាំ វត្តឧណ្ណាលោម។
  • ឆ្នាំ ១៩៤៥ ឡើងជាព្រះមហាវិមលធម្ម និង ចាអធិបតីនៃថេរសភាជាន់ខ្ពស់ ដែលធ្លាប់ធ្វើជាសមាជិកច្រើនឆ្នាំមកហើយ។
  • ឆ្នាំ ១៩៤៧ ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការវប្បធម៌ផ្នែកអក្សរ “ក” ដែលក្រោយមកឡើងជាអនុប្រធាននៃគណៈកម្មការវប្បធម៌ជំនួសសម្ដេច ជួន ណាត ដែលលាឈប់ក្នុងពេលព្រះអង្គមានករណីយកិច្ចច្រើនពេក។
  • ឆ្នាំ ១៩៤៣,១៩៤៨,១៩៥១ និង ឆ្នាំ ១៩៥៤ សម្ដេចត្រូវបានតែងតាំងជាសមាជិកឆ្លើយឆ្លងសាសាលាចុងបូព៌ា។
  • ថ្ងៃទី ២៦​ ឧសភា ១៩៤៨ បានឡើងជាព្រះពោធិវ័ង្ស ទីរាជាគណៈថ្នាក់ឯក និង តែងតាំងជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ និង ជាអធិបតីនៃក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។
  • ថ្ងៃទី ២៨​ វិច្ឆិកា ១៩៥៥ រាជការតែងតាំងជាអគ្គាធិការនៃពុទ្ធិកសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ថ្ងៃទី ២៤​ ខែកក្កដា ឆ្នាំ១៩៦៤ បានទទួលព្រះឋានៈដ៏ខ្ពង់ខ្ពស់ជាទីប្រឹក្សាជាទីសម្ដេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្យលេខ៥ រវ ចុះថ្ងៃទី ២៤ ខែកក្កដា​ ឆ្នាំ ១៩៦៤។
  • ឆ្នាំ ១៩៦៩ ក្រោយពីសម្ដេចព្រះសង្ឃរាជ ជួន ណា ចូលព្រះទីវង្គតទៅ សម្ដេចព្រះពោធិវ័ង្ស ហួត តាត បានទទួលឋានៈជាព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃរាជ។

សម្ដេចព្រះប្រមុខរដ្ឋទ្រង់ប្រគេនគ្រឿងឥស្សរិយយស មហាសិរីវឌ្ឍន៍សុវត្ថារា ចំពោះសម្ដេចព្រះពោធិវ័ង្ស ហួត តាត

កិច្ចការងារបម្រើសាសនា៖

  • ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥២ សម្ដេចព្រះពោធិវ័ង្ស ហួត តាត ត្រូវរាជរដ្ឋាភិបាលតែងតាំងជាប្រធានគណៈប្រតិភូ តំណាំងពុទ្ធសាសនាកម្ពុជា ទៅប្រទេសជប៉ុន ចូលរួមមហាសន្និបាតលើកទី២ នៃពុទ្ធិកសមាគមពិភពលោក នៅតូក្យូ និង ក្រុងផ្សេងទៀតក្នុងប្រទេសនេះរយៈពេល ១ខែ ២០ថ្ងៃ។
  • ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៥៣ ព្រះករុណាជីវិតលើត្បូង នរោត្ដម សីហនុ រាជានុញ្ញាតសម្ដេចព្រះពោធិវ័ង្ស ព្រះមហាប៉ាង ខាត់ ដើម្បីសង្កេតការសិក្សា នៅពុទ្ធិកមហាវិទ្យាល័យនានា នៅប្រទេសថៃ។ ត្រឡប់មកវិញរាយការណ៍ថ្វាយសម្ដេចអគ្គសាសនូបត្ថម្ភ ទ្រង់អនុញ្ញាតឲ្យបង្កើតពុទ្ធិមហាវិទ្យាល័យព្រះសីហនុរាជ សម្រាប់បព្វជិតជាតិខ្មែរ ដោយព្រះរាជក្រមលេខ៨៧៩ ន.ស. ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៥៤។
  • ថ្ងៃទី២៣ ខែមីនា ឆ្នាំ ១៩៥៤ សម្ដេចព្រះពោធិវ័ង្ស ជាប្រធានប្រតិភូខ្មែរទៅប្រទេសជប៉ុន ចូលរួមសន្និសិទអន្ដរជាតិ ដើម្បីស្វែងរកសន្ដិភាពក្នុងពិភពលោក។ ដំណើរលើកនេះអស់រយៈពេល ២ខែ ២០ថ្ងៃ។
  • ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៥៤ បាននិមន្ដទៅប្រទេសភូមាចូលរួមធ្វើឆដ្ឋសង្គាយនា និង ចូលរួមសន្និសិទលើកទី៣ នៃពុទ្ធិកសមាគមពិភពលោក ដែលធ្វើនៅទីក្រុងរ៉ង់ហ្គូន។
  • ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៥៥ សម្ដេចព្រះពោធិវ័ង្ស ជាមួយលោក យឹម វ៉ែន ទីប្រឹក្សាបច្ចេកទេស នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និង លោក កាន់ ម៉េងកៅ ជាវេយ្យាវច្ចករក្នុងដំណើរទស្សនាពិនិត្យការសិក្សាលើកទី២ នៅប្រទេសថៃម្ដងទៀត។
  • ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៥៦ សម្ដេចព្រះពោធិវ័ង្ស អមដំណើរដោយលោក ជា ទន់ សាស្ដ្រាចារ្យពុទ្ធិកវិទ្យាល័យបាននិមន្ដទៅធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិចអស់រយៈពេល ៣ខែ តាមការនិមន្ដរបស់រដ្ឋាភិបាលអាមេរិច ដោយបានយល់ព្រមពីរាជរដ្ឋាផិបាលខ្មែរ។
  • ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៧៥ សម្ដេចដឹកនាំគណៈប្រតិភូខ្មែរ ទៅប្រទេសលាវ ចូលរួមបុណ្យពុទ្ធសតវត្សទី២៥ នៅទីក្រុងវៀងចន្ទន៍ និង ក្រុងហ្លួងព្រះបាង។
  • ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៨ ត្រូវបានពុទ្ធិកសមាគមចិន និមន្ដទៅទស្សនាប្រទេសចិន រយៈពេល ១ខែកន្លះ។
  • ឆ្នាំ១៩៥៩ រាជរដ្ឋាភិបាលកម្ពុជា ចាត់តាំងសម្ដេចជាតំណាងចូលរួមបុណ្យអនុឆដ្ឋសង្គាយនា នៅក្រុងរ៉ង់ហ្គូន ជាមួយនឹងលោក ជា ទន់ សាស្ដ្រាចារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត អស់រយៈពេល ២សប្ដាហ៍។ បន្ទាប់ពីនោះនិមន្ដបង្ហួសទៅគោរពពុទ្ធបូជនីយដ្ឋាននានា នៅប្រទេសឥណ្ឌា ចំនួន ១ខែ ហើយឆ្លងទៅកោះសិរីលង្កា ដើម្បីធ្វើអភិវន្ទន៍ព្រះចង្កូមកែវ និង ទស្សនាសាលារៀនខាងពុទ្ធសាសនា នៅទីនោះចំនួន ២សប្ដាហ៍ទៀត។

(តទៅវគ្គទី ៣)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ១)


ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៥ នៃ​គណៈ​មហា​និកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ជីវប្រវត្តិសង្ខេប
ព្រះនាម​ដើម៖ ហួត តាត​
ព្រះនាម​ពេញ៖ សម្ដេចព្រះ​មហាសុមេធាធិបតី ហួត តាត ព្រះសង្ឃរាជ គណៈមហានិកាយ​
ប្រសូត៖ ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥/គ.ស.​១៨៩២ សុគត ឆ្នាំ​ថោះ ព.ស.​២៥១៩/គ.ស.​១៩៧៥
ស្រុកកំណើត៖⁣ ​ភូមិ​ផ្សារ​ឧដ្ដុង្គ ឃុំវាំងចាស់⁣ ស្រុកឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ
​សុគត៖ ព​.​ស​.២៥១៩/​គ​.​ស​.១៩៧៥ (៨៤​ឆ្នាំ​)
​ឋានៈ ៖សម្ដេចព្រះសង្ឃរាជ (​គណៈមហានិកាយ​)
ទ្រង់​កាន់​តំណែង​៖ ពី​ព.ស.​២៥១៣ ដល់ ព.ស.​២៥១៩(៦​ឆ្នាំ​) ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ
បន្ត​ពី៖ ជួន ណាត​
​បន្ត​ដោយ៖ ទេព វង្ស​

សម្ដេច​ព្រះ​មហាសុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៥ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយត្រូវបានចាត់ទុកជាមហា​បុរស​ខ្មែរទី២។ សម្តេចព្រះ​មហាសុមេធាធិបតី​ ហួត តាត ជា​សមាជិក​គណៈកម្មកា​រ​រៀបចំ និង ពិនិត្យ​វចនានុក្រម​ខ្មែរ និង ជា​អ្នក​មាន​ចំណែក​គុណូបការៈ​ដ៏​សំខាន់​ក្នុង​ព្រះពុទ្ធសាសនា អក្សរសាស្ត្រ ប្រពៃណីជាតិ​, វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ និង សាលា​បាលី​ជាន់ខ្ពស់ ហើយព្រះអង្គជា​កល្យាណមិត្ត និង សហការី​របស់​សម្តេច​សង្ឃរាជ​មហា​បុរស​ខ្មែរទី១ ជួន ណាត ។​

សម្តេចព្រះ​មហាសុមេធាធិបតី សង្ឃ​រាជ ហួត តាត ប្រសូត្រ​នៅ​ថ្ងៃអាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​២៤៣៥ គ​.​ស ១៨៩២ នៅ​ភូមិ​ផ្សារ​ឧដុង្គ ឃុំវាំងចាស់⁣ ស្រុកឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ ។ ព្រះអង្គមាន បិតា​នាម ហុក សេង ហៅ ហួត មាតា​នាម ង៉ែត និងមានបងប្អូនចំនួន ០៤នាក់គឺ៖

  • អ្នកស្រី ហួត ⁣ស៊ុន
  • អ្នកស្រី ហួត ហួយ
  • ខ្លួនសម្ដេចផ្ទាល់ និង
  • លោក ហួត ⁣គ្រុយ ។

​    ​អាយុ ​៧​ឆ្នាំ កុមារ​ហួត តាត ត្រូវបានមាតាបិតានាំទៅរៀន​អក្សរសាស្ត្រជាតិ លេខនព្វន្ត​ ក្នុង​សំណាក់ព្រះ​ធម្ម​ឃោសា​ចារ្យ មាស គង់នៅវត្តប្រាង្គ រហូតចេះអាន សរសេរច្បាស់លាស់ អាចប្រើការបាន។

អាយុ ១៣ឆ្នាំ បួសជាសាមណេរក្នុង​សំណាក់ព្រះ​ធម្ម​ឃោសា​ចារ្យ មាស។ សាមណេរ ហួត តាត បានបំពេញឧបជ្ឈាយវត្ត[១] ១វស្សា ព្រះធម្ម​ឃោសា​ចារ្យ ជាឧ​បជ្ឈាយ៍ [២] ក៏អនិច្ចធម្មទៅ។ សាមណេរក៏ទៅរៀននៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះធម្មលិខិត សូរ ជាក្មួយព្រះឧបជ្ឈាយ៍ កាលលោកនៅមានព្រះ ជន្មតែងបាន ផ្ដាំឲ្យមើលខុសត្រូវ សាមណេរ ហួត តាតនោះផង។

ព្រះធម្មលិខិត សូរ អនិច្ចធម្មដោយជរាពាធ នាំឲ្យសាមណេរ ហួត តាត អស់ទីពឹងពំនាក់ដូចមុន ប៉ុន្ដែម្ដងនេះនេន អាយុ ១៧ឆ្នាំ លោកបានតស៊ូប្រឹងប្រែងរៀនសូត្រ ដល់ អាយុ ១៩ឆ្នាំ បានចេះដឹងអាចបង្រៀនបាន ហើយលោកក៏ធ្វើជាអាចារ្យបង្រៀនព្រះត្រៃបិដកផង ខំរៀនខ្លួនឯងផង នាំឲ្យមានកិត្តិស័ព្ទល្បីរន្ទឺឆ្ងាយ រហូតដល់ព្រះ មហាសង្ឃរាជ ទៀង ប្រោសប្រណីដល់សាមណេរ ហួត តាត ជាច្រើន។

ឆ្នាំ ១៩១២ សាមណេរ ហួត តាត មានអាយុ ២០ឆ្នាំបរិបូណ៌ ដែលកំពុងជាប់ចិត្តរៀនព្រះត្រៃបិដក ដោយកម្លាំងសទ្ធាដ៏បរិសុទ្ធ បានសូមឧបសម្ប័ទ[៣]ជា ភិក្ខុក្នុងពុទ្ធសីមាវត្ត ឧណ្ណាលោម មានព្រះ មហាសង្ឃរាជ ទៀង ជាឧបជ្ឈាយ៍ មានព្រះវនរ័ត ចាន់  និង លោកគ្រូវិមលធម្ម គង់ ជាឧបសម្បទាចារ្យ [៤]ដែលមាន ព្រះឧបជ្ឈាយ៍ប្រទានប្បញ្ញតិ្តថា “វជិរប្បញ្ញោ” ។

តាំងពីឧបសម្បទា[៥]ហើយ ភិក្ខុ ហួត តាត កាន់តែខិតខំព្យាយាមសិក្សារៀនសូត្រទ្វេឡើង។ ឆ្នាំ ១៩១៣ បានប្រឡងជាប់មហា៤ប្រយោគ ដែលជាប្រយោគផុតថ្នាក់ ក្នុងសម័យនោះ នៅវិហារព្រះកែវមរកត ក្រុងភ្នំពេញ នាំឲ្យអាចារ្យ និង មន្ដ្រីសង្ឃគ្រប់អង្គស្ងើចសរសើរ។

 

[១] វត្ត​ប្រតិបត្តិ​ដែល​សទ្ធិ​វិហារិក​ត្រូវ​ធ្វើ​ចំពោះ​ឧ​បជ្ឈាយ៍​របស់​ខ្លួន

[២] គ្រូ​បង្រៀន​ធម៌ ឬ​គ្រូបង្រៀន​ច្បាប់ ។ ព. ពុ. ព្រះ​ថេរៈ ដែល​ភិក្ខុ​ឬ​សាម​ណេរ​សូម​និស្ស័យ​ប្រគល់​ខ្លួន​ឲ្យ​លោក​ត្រួត​ត្រា​ស្តី​ថា ទូន្មាន​បង្រៀន​ប្រដៅ​។

[៣]ការ​ដល់​នូវ​ភាព​ជា​ភិក្ខុ ឬ​ការ​បាន​ជា​ភិក្ខុ​ភាព គឺ​ការ​បួសជា​ភិក្ខុ ឬ​ការ​បំបួស​សាមណេរ​ឲ្យ​បាន​ជាភិក្ខុ ( ដោយ​ញត្តិចតុត្ថកម្ម​វាចា​តាម​លក្ខណ​ប្បញ្ញត្តិ​ក្នុង​វិន័យ​ពុទ្ធ​សាសនា ) : បាន​ឧ​បសម្ប័ទ សម្រេច​ឧបសម្បទានៅ​វេលា… ។

[៤] លោក​គ្រូ​សូត្រ

[៥] (​សំ. បា. ឧបសម្បទា, ឬ​សំ. ឧបសម្បទ៑ ក៏​មាន​ខ្លះ )

(តទៅវគ្គទី ២)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

%d bloggers like this: