Blog Archives

វត្តព្រែកតាដួង


ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី ០៩ ហើយបុណ្យភ្ជុំបិណ្ឌក៏កាន់តែខិតជិតមកដល់ដែរ ។ ថ្ងៃនេះខ្ញុំបង្ហាញអ្នក ភូមិ​​ទាំង អស់នូវទិដ្ឋភាពខ្លះៗ ក្នុងបរិវេណវត្ត​ព្រែកតាដួង​ដែលស្ថិតនៅស្រុកកំណើតរបស់ខ្ញុំ ។​    ព្រែកតាដួងជាវត្ត មួយក្នុងចំណោមវត្តអារាមជាច្រើនទៀតរបស់ស្រុកកោះធំ  ដែលមាន​ទីតាំង​ភូមិសាស្ដ្រ នៅ ក្នុងដែនដីនៃ ឃុំ ព្រែកថ្មី  ស្រុកកោះធំ  ខេត្តកណ្ដាល។  វត្តនេះស្ថិតនៅតាមបណ្ដោយដងទន្លេបាសាក់ត្រើយ ខាងលិចក្បែរ ផ្លូវជាតិលេខ ២១ ។  ទីអារាម ព្រែក តាដួងមានព្រំប្រទល់ខាងត្បូងជាប់ភូមិព្រែកតាដួង   ខាងលិចជាប់ផ្លូវជាតិ​លេខ ២១ និង វិទ្យាល័យព្រែកតាដួង  ខាងកើតជាប់ដង​ទន្លេ​បាសាក់  និង ខាង ជើងជាប់ភូមិស្វាយតាមេឃ ឃុំ កោះធំ “ខ”។ ក្រោមការដឹកនាំកសាងរបស់ព្រះគ្រូចៅអធិការចុង​ក្រោយដែលជាទីប្រឹក្សារបស់​សម្ដេច​ព្រះ​សង្ឃ រាជ រួម ជា មួយពុទ្ធបរិស័ទ  សមិទ្ធិផលផ្សេងៗ រួមមាន៖ កុដិ  ព្រះវិហារ   សាលាធម្មសភា  សាលាបុណ្យ  ពុទ្ធិកបឋមសិក្សា សួនច្បារ និង ផ្លូវបេតុងក្នុងវត្តទាំងមូល  ត្រូវបានលេចឡើងជាបន្ដបន្ទាប់ ធ្វើឲ្យទិដ្ឋភាពក្នុង​វត្តកាន់​តែគួរឲ្យ​ចាប់​អារម្មណ៍ និង មានបរិស្ថានល្អ។ ខាងក្រោមនេះជារូបភាពដែលបង្ហាញពី ទិដ្ឋភាព ក្នុងវត្ត៖

Advertisements

ទំនួញប្រេត


ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី ០២ !!!​ តើអ្នកភូមិទាំងអស់គ្នាទៅបានប៉ុន្មានវត្តហើយ​ ?

ចុចដើម្បីមើលអត្ថបទកំណាព្យទាំងស្រុង

បរាភវសូត្រ


បរាភវសូត្រ​ (អាន​ថា​ ប៉ៈ រ៉ា​ ភៈ​ វៈ)៖​  ជាធម៌សម្ដែងពីហេតុនៃសេចក្ដីវិនាស(១២ប្រការ) យើងតែង​​ត្រូវ​​បានឮ​ព្រះសង្ឃ​សូត្រជា​រៀងរាល់​ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ និង​ ភ្ជុំបិណ្ឌ។ នៅ​ក្នុង​បរាភវសូត្រ​នេះ​​ជា​រឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា​ នាំ​ឲ្យ​វិនាស។

តាម​ពិត​បរាភវសូត្រ​មាន​ន័យ​ថា “មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស”។ សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។ ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស​ ហើយ​ឲ្យ​គេ​ជៀសវាង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស​ហើយ​ ប្រសិន​បើ​គេ​មិន​បាន​ស្ដាប់​ធម៌​នេះ​ គេ​អាច​​នឹង​មិន​ដឹង​ពី​ហេតុ​​ដែល​នាំ​ឲ្យ​វិនាស​​ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស​ជា​​ហេតុ​នាំ​ឲ្យ​វិនាស​ទៅ​វិញ​ទេ។ ក្នុង​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុ​ផល​សាមញ្ញៗ​ និង​ជាក់ស្ដែង​​ដូចជា​ថា​ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាព​ជា​បុគ្គល​អកត្ដញ្ញូ​ មិន​ដឹង​គុណ​ឪពុកម្ដាយ​ អ្នក​លេង​ល្បែង​ ៣​ប្រការ​ គឺ​​ល្បែង​ស្រី​ ល្បែង​ស្រា​ និង​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ ភាព​ជា​អ្នក​ខ្ជិល​ច្រអូស​ជា​ដើម​ថា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស។

ស្ដាប់សំឡេង៖ [audio “http://www.bodhikaram.com/Dhamma%20Talks/para-sutha.mp3%5D

បរាភវសូត្រ
(បទបឋ្យាវត្ត)

បរាភវន្តំ បុរិសំ មយំ បុច្ឆា… មគោតមំ
ភវន្តំ បុដ្ឋុមាគម្ម កឹ… បរា…ភវតោ មុខំ ។

យើង​ខ្ញុំ​ទាំង​ឡាយ          មក​សូម​ទូល​សួរ            នូវ​ហេតុ​ដែល​គួរ             ចម្រើន​វិនាស
ប្រុស​ស្រី​ក្នុង​លោ            ក​សន្និវាស                   ដែល​នឹង​វិនាស              សាប​សូន្យ​ចាក​គុណ។
ឆ្ពោះ​ព្រះ​គោត្ដម             ព្រះ​អង្គ​មាន​បុណ្យ           មេត្តា​និមន្ត                   សម្តែង​ឲ្យ​ទាន
ធម្មជាតិ​ដូច​ម្តេច            ដែល​ជា​ប្រធាន               នាំ​សត្វ​…ឲ្យ​មាន…         សេចក្តី​វិនាស។

ចុចដើម្បីមើលអត្ថបទទាំងស្រុង

កំណាព្យ៖ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ


ថ្ងៃស្អែកគឺ ជាថ្ងៃទី ០១ រោច ខែ ភទ្របទ  ពស ២៥៥៦ ត្រូវនឹងថ្ងៃ ច័ន្ទទី ០១ ខែ តុលា ឆ្នាំ ២០១២  ជា ថ្ងៃកាន់បិណ្ឌទី ០១ ពិតជាកាលវេលាដ៏មានអត្ថន័យសម្រាប់ពុទ្ធសាសនិកជន ទូទាំងប្រទេស យកឱកាសនេះឧទ្ទិស⁣⁣ កុសលជូនដល់ញាតិ សន្ដាន និង បុព្វការីជន ។  

សង្ឃឹមថាព្រឹកស្អែកនេះ អ្នកភូមិវ៉ើតប្រេសនឹង បានទៅវត្តគ្រប់ៗគ្នា !!!  ដើម្បីអបអរ និង អនុមោទនា បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ  ខ្ញុំបានឆ្លៀតពេលមួយរសៀលថ្ងៃអាទិត្យនេះ និពន្ធកំណាព្យបានបួនដប់ល្បះ ទុកជាធម្មទាន និង ជាគតិសម្រាប់ប្រៀនប្រដៅអប់រំដល់ក្មេងៗជំនាន់ក្រោយកុំឲ្យភ្លេចបុណ្យប្រពៃណី និង សាសនារបស់ខ្លួន ។

បើមានចំណុចខ្វះខាតដោយប្រការណាមួយ  សូមអ្នកភូមិជួយបញ្ចេញមតិយោបល់ កែលម្អ !!!

ខាងក្រោមនេះជាអត្ថបទកំណាព្យរបស់ខ្ញុំ៖

១- ក ការកាន់បិណ្ឌតាមប្រពៃ                              ខ ខំលកលៃនឹកដូនតា

     គ គិតគ្រប់គ្នាបុត្រធីតា                                      ឃ ឃើញញាតិកាសុខសិរី ។

២- ង ងាកចិន្ដាប្រឹងសន្សំ                                      ច ចាត់រៀបចំប្រុងស្មារតី

     ឆ ឆាប់ឧទ្ទិសបុព្វការី                                          ជ ជនប្រុសស្រីថ្ងៃបុណ្យទាន ។

៣- ឈ ឈប់និន្ទាឈ្នានីសគ្នា                            ញ ញឹមគ្រប់គ្រានាំសុខសាន្ដ

    ដ ដាក់បាយបិណ្ឌតាមលំអាន                         ឋ ឋិតដល់ឋានទីងងឹត ។

៤- ឌ ឌឺដងគ្នានាំចំបែង                                           ឍ ធានាថ្លែងតែពាក្យពិត

     ណ ណែនាំញាតិកុំធ្វេសចិត្ត                            ត តាំងគំនិតគ្រប់អាត្មា ។

៥- ថ ថ្នមថែថួនតរៀងទៅ                                      ទ ទាញកូនចៅទៅវត្តវ៉ា

    ធ ធូបបូជាបុណ្យសាសនា                                 ន នាំកាយាបានកុសល ។

៦- ប បោះបាយបិណ្ឌជូនដូនតា                           ផ ផុតទុក្ខាបុណ្យតបផ្ដល់

    ព ពេញដោយចិត្តឥតកិច្ចកល                          ភ ភ្ជុំមកដល់ជួបជុំគ្នា ។

៧- ម មានបាយនំម្ហូបចំណី                                     យ យើងឃ្មាតឃ្មីគ្រប់ទិវា

    រ រីករាយក្រៃសុខរម្យនា                                        ល លែងវេទនាប្រេតអវិចី ។

៨- វ វត្តអារាមពេលទៀបភ្លឺ                                      ស ស័ព្ទរន្ទឺជនប្រុសស្រី

    ហ ហារហៅគ្នារៀបចំណី                                    ឡ ឡើងឃ្មាតឃ្មីសែនដូនតា ។

៩- អ អស់សេចក្ដីក្នុងកំណាព្យ                               ចុងចួនជើងកាព្យនឹងស្ដីហារ

    មានតែឧទ្ទិសជូនញាតិកា                                    វេលាថ្លៃថ្លាបុណ្យភ្ជុំបិណ្ឌ ៕

ដោយ៖ បូណា

សល់តែ ៣ថ្ងៃទៀតបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ចូលមកដល់


              បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះ​រាជា​ណាចក្រ​កម្ពុជា​តាំង​ពី​បុរាណ​រៀង​មក​ (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះ​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ៣ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិសន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅវត្ត​អារាម។​

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា៖  ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា “បាយបិណ្ឌ”) ។
បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង ​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះឯង។

មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ ៖

  1. ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)
  2. ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
  3. ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។

%d bloggers like this: