Blog Archives

ក្ដួច​និង​ជីវិត​រស់​នៅ​របស់​ប្រជាជន​ខ្មែរ


សេចក្ដី​ផ្ដើម

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ ដែល​មាន​អាកាសធាតុ​ក្ដៅ​ហើយ​សើម ដែល​ជា​កត្តា​ដ៏​សំខាន់​ដល់​ការ​លូតលាស់​នៃ​រុក្ខជាតិ​គ្រប់​ប្រភេទ ។ ព្រៃ​ឈើ​ដែល​គេ​ឃើញ​មាន​ដុះ​ច្រើន​ជាង​គេ គឺ​នៅ​តំបន់​ខ្ពង់រាប​តាម​ដង​ទន្លេ​មេគង្គ និង​តំបន់​ភ្នំ ។ ដោយ​សារ​កម្ពុជា​យើង សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​បែប​នេះ​ហើយ ទើប​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​យើង​នៅ​សម័យ​ដើម ច្រើន​ពឹង​ផ្អែក​ទៅ​លើ​ធម្មជាតិ​សំរាប់​ញ៉ាំង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​អោយ​ប្រព្រឹត្ត​ទៅ​បាន ដូចជា ចូល​ព្រៃ​កាប់​ឈើ​យក​មក​សង់​ផ្ទះ ​ធ្វើ​ជា​ជំរក បេះ​ផ្លែ​ឈើ បន្លែ មើម​ដំឡូង មើម​ក្ដួច បរបាញ់​សត្វ​ព្រៃ ធ្វើ​ជា​ចំណី​អាហារ​តាម​ទំនៀម​ទំលាប់​របស់​ប្រជាជន​ខ្មែរ ។

ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ការ​កាប់​ព្រៃ​ឈើ និង​ការ​បរបាញ់​បំផ្លាញ​សត្វ​ព្រៃ​ត្រូវ​បាន​ច្បាប់​របស់​រដ្ឋ​ហាម​ឃាត់​ព្រោះ​របរ​ទាំងនេះ​ធ្វើ​អោយ​ប៉ពាល់​ដល់​បរិស្ថាន​ធម្មជាតិ ដែល​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ មាន​ភាព​រាំង​ស្ងួត​ទឹក​ជំនន់ ។

កាល​ពី​សម័យ​ដើម ប្រជាជន​ខ្មែរ នៅ​ពេល​ដែល​ជួប​ប្រទះ​គ្រោះ​ទុរ្ភឹក្ស​បណ្ដាល​មក​ពី​សង្រ្គាម ភាព​រាំង​ស្ងួត ទឹក​ជំនន់ ពួក​គាត់​តែង​តែ​បបួល​គ្នីគ្នា​ចូល​ព្រៃ ដើម្បី​ស្វែង​រក​បន្លែ ផ្លែឈើ មើម​ដំឡូង មើម​ក្ដួច យក​មក​ច្នៃ និង​ចំអិន​ធ្វើ​ជា​ចំណី​អាហារ ។ បច្ចុប្បន្ន ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​មិន​បាន​ដឹង​ពី​សារប្រយោជន៍​នៃ​មើម​ក្ដួច​ថា អាច​យក​មក​បរិភោគ​បណ្ដោះ​អាសន្ន នៅ​ពេល​ជួប​ប្រទះ​គ្រោះ​ទុរ្ភឹក្ស​នោះ​ឡើយ ។

ដូចនេះ អត្ថបទ​និយាយ​អំពី​ក្ដួច គឺ​ចង់​បង្ហាញ​អំពី​ទំនៀម​ទំលាប់​របស់​ខ្មែរ​សម័យ​ដើម​ក្នុង​ការ​ច្នៃ​មើម​ក្ដួច ដើម្បី​យក​មក​ចំអិន​ធ្វើ​ជា​ចំណី​អាហារ​ជំនួស​បាយ អង្ករ ព្រោះ​មើម​ក្ដួច​សំបូរ​ដោយ​ម្សៅ សារជាតិ​អាមីដុង (Amidon ) ខ្ពស់​អាច​ទ្រទ្រង់​រូបរាង​កាយ​ដល់​ប្រជាជន​ខ្មែរ​​យើង​បាន និង​មាន​អត្ថប្រយោជន៍​ផ្សេង​ៗ ជា​ច្រើន​ទៀត ព្រម​ទាំង​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​សហគមន៍ និង​បរិស្ថាន​ធម្មជាតិ ។

ទ្រង់ទ្រាយ​រក្ខជាតិ​ក្ដួច

ទ្រង់ទ្រាយ​ក្ដួច

ដើម ៖ ដើម​របស់​ក្ដួច​មាន​លក្ខណៈ​ជា​វល្លិ​មាន​បន្លា​ស្រួច​ៗ ដូច​បន្លា​ត្រស់ ហើយ​មាន​ថ្នាំង ដែល​ក្នុង​ថ្នាំង មាន​ប្រវែង​ប្រហែល​ពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ ។ នៅ​ត្រង់​ចំណុច​ថ្នាំង​នីមួយ​ៗ មាន​ដុះ​ចេញ​នូវ​ស្លឹក និង ផ្កា ។ ដើម​របស់​ក្ដួច​មាន​ពណ៌​ពីរ​បែប ទី ១ ពណ៌​ស្វាយ​ក្រមៅ ប្រៀប​ដូច​សំបក​ផ្លែ​ទំពាំង​បាយជូរ​ព្រៃ ពណ៌​នេះ​គឺ​គេ​សម្គាល់​ថា ជា​ក្ដួច​ដំណើប ។ ទី ២ ពណ៌​បៃតង គឺ​គេ​សម្គាល់​ថា​ជា​ក្ដួច​ខ្សោយ ។

សន្លឹក ៖ ស្លឹក​របស់​ក្ដួច​មាន​សណ្ឋាន​ចែក​ជា​បី ហើយ​ស្រួច​ខង​ចុង និង មាន​ទ្រនុង​រឹង​​ស្លឹក​របស់​ក្ដួច​មាន​ពណ៌​បៃតង ហើយ​មាន​រោម​ខ្លី​ៗ និង​មាន​ក្លិន​ក្រពុល ។

ផ្កា ៖ ផ្កា​របស់​ក្ដួច​វា​ដុះ​ចេញ​ពី​ថ្នាំង​ជាមួយ​ស្លឹក ។ ផ្កា​នេះ​មាន​ពណ៌​ស រាង​តូច​ល្អិត និង​មាន​ទង​ទ្រវែង ហើយ​មាន​ក្លិន ក្រពុល​ស្រាល ។

ផ្លែ ៖ ផ្លែ​របស់​ក្ដួច​មាន​ទំរង់​បី​ជ្រុង ប្រហាក់​ប្រហែល​ផ្លែ​ស្ពឺ ។ ផ្លែ​ក្ដួច​មាន​ពណ៌​បៃតង ។ ពេល​ផ្លែ​វា​ចាស់ វា​ប្ដូរ​ទ្រង់ទ្រាយ​បះ​កន្ទុយ​ឡើង​លើ ។ ក្នុង​មួយ​ចង្កោម​មាន​ប្រមាណ​ពី ១០ ទៅ ២០ ផ្លែ ។ ក្នុង​ផ្លែ​នីមួយ​ៗ មាន​គ្រាប់​សំប៉ែត​ៗ​ចំនួន ៣ គ្រាប់ ពេល​ផ្លែ​ក្ដួច​ទុំ វា​ផ្ទុះ​ធ្លាក់​គ្រាប់​មក​លើ​ដី ។ នៅ​រដូវ​ភ្លៀង​ធ្លាក់​គ្រាប់​នេះ​អាច​ដុះ​លុតលាស់​បាន ។

មើម ៖ មើម​របស់​ក្ដួច​មាន​រាង​មូល ខ្លះ​ទ្រវែង ទៅ​តាម​សណ្ឋាន​ដី ដែល​អំណោយ​ផល​ដល់​ការ​ចុះ​មើម ។ សំបក​មើម​ក្ដួច​មាន​ពណ៌​គគីរ​ស្រដៀង​សំបក​ដំឡូង ដៃ​ខ្លា មាន​ឫស​ស្មេញស្មាញ​ព័ទ្ធ​ជុំវិញ​មើម ដូចជា​ឫស​ឫស្សី ។ ក្ដួច​មាន​មើម​ព័ទ្ធ​ជុំវិញ​ដើម ក្នុង​ដើម​មាន​មើម​ចំនួន ពី ១ ទៅ ៨ មើម ។ មើម​នីមួយ​ៗ​ដុះ​ចេញ​ពី​គល់​តែ​មួយ ។ សាវ់​មើម​ក្ដួច​មាន​ពីរ​ប្រភេទ គឺ​សាច់​ពណ៌​លឿង និង ស ហើយ​មាន​ក្លិន​ក្រពុល និង​រមាស់​ទៀត​ផង ។

ប្រភេទ​ក្ដួច

ក្ដួច​មាន​ពីរ​ប្រភេទ ៖

ក្ដួច​ខ្សោយ ៖ ដើម​របស់​ក្ដួច​ខ្សោយ​មាន​ពណ៌​បៃតង ហើយ​ធំ​ជាង​ដើម​ក្ដួច​ដំណើប ។ ចំពោះ​សណ្ឋាន​ស្លឹក គឺ​មាន​លក្ខណៈ​ដូចគ្នា មិន​ថា​ដំណើប ឬ ខ្សោយ​ឡើយ ។ មើម​របស់​ក្ដួច​ខ្សោយ​មាន​សំបក​ពណ៌​គគីរ​ដូច​ក្ដួច​ដំណើប​ដែរ តែ​សាច់​របស់​មើម​ក្ដួច​ខ្សោយ​មាន​ពណ៌​ស ដូច​សាច់​ប៉ិគក់ ។

ក្ដួច​ដំណើប ៖ ដើម​របស់​ក្ដួច​ដំណើប​មាន​ពណ៌​ស្វាយ​ក្រមៅ ដូច​សំបក​ផ្លែ​ទាំពាំង​បាយជូ​ព្រៃ​។ មើម​របស់​ក្ដួច​ដំណើប​ច្រើន​តែ​ចុះ​រាក់​ៗ​ឬ សើ​ៗ មើល​ឃើញ​នៅ​លើ​ដី ។ សំបក​របស់​ក្ដួច​ដំណើប​ដូច​ក្ដួច​ខ្សោយ​ដែរ តែ​សាច់​មើម​ក្ដួច​ដំណើប​មាន​ពណ៌​លឿង​ខុស​ពី​ក្ដួច​ខ្សោយ ។

តំបន់​ដែល​មាន​ក្ដួច

ទីកន្លែង ៖ ក្ដួច​ជា​រុក្ខជាតិ​វល្លិ គ្មាន​ដៃ​នៅ​ត្រង់​ចំណុច​ថ្នាំង ដូច​វល្លិ​ននោង​ទេ ដូចនេះ​ការ​ដុះ​លូតលាស់​របស់​វា គឺ​វា​អាស្រ័យ​ពឹងពាក់​ទៅ​លើ​រុក្ខជាតិ​ផ្សេង​ៗ ដើម្បី​ងាយ​ស្រួល​ដល់​វល្លិ​របស់​វា​រុំ​ព័ទ្ធ វារ​ឡើង​មែក​ឈើ ។ វល្លិ​របស់​វា​ព័ទ្ធ​ពី​ឆ្វេង​ទៅ​ស្ដាំ ។ រុក្ខជាតិ​ក្ដួច​គេ​ឃើញ​មាន​ដុះ​នៅ​តាម​តំបន់​ភ្នំ​តំបន់​ព្រៃ​របោះ និង​នៅ​តាម​តំបន់​ខ្ពង់រាប ។ រុក្ខជាតិ​ក្ដួច​គេ​អាច​យក​មក​ដាំ​នៅ​ក្បែរ​របង​ផ្ទះ​ដែល​មាន​ទី​ខ្ពស់​មិន​លិច​ទឹក ។

ក្ដួច​អាច​ដុះ​នៅ​តាម​កន្លៀត​ថ្ម ឬ​ដុះ​នៅ​លើ​ដី​បន្តិច​បន្តួច​លើ​ផ្ទាំង​ថ្ម ប៉ុន្តែ​ក្ដួច​ដែល​ដុះ​នៅ​តាម​កន្លៀត​ថ្ម មិន​មន​មើម​ធំ ឬ​មូល​ដូច​ក្ដួច​ដេល​ដុះ​នៅ​លើ​ដី​ធម្មតា​នោះ​ទេ មើម​របស់​វា​មាន​រាង​សំប៉ែត ហើយ​ជា​ផល​វិបាក​ដល់​ការ​ជីក​យក​មើម ។​ចំណែក​ឯ​ក្ដួច​ដែល​ដុះ​នៅ​លើ​ផ្ទាំង​ថ្ម​ដែល​មាន​ដី​បន្តិច​បន្តួច​នោះ ពុំ​មាន​មើម​ធំ​ទេ ហើយ​ជីវិត​របស់​វា ក៏​មិន​អាច​រស់​បាន​យូរ​អង្វែង​ដែរ ។

ជីវិត​ក្រាំង៖ក្ដួច​ជា​រុក្ខជាតិ​ដែល​មាន​ដើម​ទោល (១ ដើម ) វា​អាច​កោ​ទាំង​ដើម កោ​ទាំង​មើម តែ​គល់​របស់​ក្ដួច​មិន​អាច​ស្លាប់​ទេ​ ទោះបី​នៅ​រដូវ​ណា​ក៏​ដោយ ។ បើ​គេ​ចង់​ដាំ​ក្ដួច​គេ​ពុំ​សូវ​យក​គ្រាប់​ឬ កូន​ក្ដួច​មក​ដាំ​នោះ​ទេ គេ​ច្រើន​តែ​យក​គល់​របស់​វា​ទៅ​ដាំ ព្រោះ​គល់​របស់​ក្ដួច​ឆាប់​លូតលាស់ និង​ចុះ​មើម​រហ័ស​ជាង ការ​ដាំ​កូន និង​ដាំ​គ្រាប់ ។

អ្នក​រក​របរ​ក្ដួច​មាន​ទំលាប់​មួយ គឺ​ក្រោយ​ពេល​គាស់​មើម​ក្ដួច​ហើយ ពួក​គា់​ច្រើន​តែ​យក​ក្ដួច​នេះ​ទៅ​កប់​កន្លែង​ដើម​វិញ ។ ព្រោះ​គល់​នេះ​ពេល​រដូវ​ភ្លៀង​ឆ្នាំ​ក្រោយ​នឹង​ផ្ដល់​ផល​បន្ត​ទៀត ។ គេ​មិន​អាច យក​ចំណែក​នៃ​មើម​ក្ដួច ណា​មួយ​យក​ទៅ​ដាំ​ដុះ​ទេ ។

កោរ​មើម ៖ មើម​របស់​ក្ដួច ដល់​រយៈ​ពេល​ណា​មួយ​ជា​កំណត់ វា​ត្រូវ​សុះ​អស់ ហើយ​វា​នៅ​តែ​ឫស​ស្មេញស្មាញ ដូចជា​ស្មាញ​ននោង ជាប់​ជាមួយ​គល់​របស់​វា ។ បន្ទាប់​មក ពេល​រដូវ​ភ្លៀង​ធ្លាក់ វា​ក៏​ចាប់​ផ្ដួចផ្ដើម​មើម​ថ្មី​នៅ​ជុំវិញ​គល់​របស់​វា​វិញ ។ មើម​ដែល​កោរ​ច្រើន​លើក ច្រើន​សារ ធ្វើ​អោយ​មើម​ក្រោយ​មាន​ផល​កាន់​តែ​ច្រើម ។ ការ​កោ​មើម​មិន​មាន​រយៈពេល​កំណត់​ច្បាស់លាស់​ទេ គឺ​អាស្រ័យ​ទៅ​លើ​តំបន់​និង​អាកាសធាតុ ។ បើ​អកាសធាតុ​ក្ដៅ ឬ​មើម​នៅ​ននលគល​លើ​ដី មិនមាន​ស្លឹក​គ្រប​ទេ ធ្វើ​អោយ​មើម​នេះ​ឆាប់​កោ តែ​បើ​មើម​ដែល​នៅ​ម្លប់​ក្នុង​ព្រៃ​ហើយ​មិន​ជាំ​ទឹក ធ្វើ​អោយ​ការ​កោរ​មើម​មាន​រយៈ​ពេល​យូរ ។

កោរ​ដើម ដើម​របស់​ក្ដួច ចាប់​ផ្ដើម​ស្វិត​ពី​ចុង​មក​គល់​នៅ​សល់​ដើម​ប្រវែង​ប្រហែល ២ ម៉ែត្រ ពី​ដី វា​ក៏​ចាប់​ផ្ដើម​ដុះ​ចេញ​នូវ​ដើម​ថ្មី​រុំ​ព័ទ្ធ​ដើម​ចាស់​នេះ ។ ដើម​របស់​ក្ដួច​ច្រើន​កោរ​នៅ​រដូវ​ប្រាំង ។

ការ​ស្វែង​រក​ក្ដួច

ការ​រុករក​មើម​ក្ដួច​ភាគ​ច្រើន​ប្រជាជន​រស់​នៅ​តាម​តំបន់​ភ្នំ ជើង​ភ្នំ និង​ខ្ពង់រាប ។ល។ ពេល​គេ​ជួប​ប្រទះ​គ្រោះ​ទុរ្ភឹក្ស ពួក​គាត់​តែង​បបួល​គ្នីគ្នា​ក្នុង​គ្រួសារ ឬ​ជា​ក្រុម​នាំ​គ្នា​ទៅ​ជីក​មើម​ក្ដួច​នៅ​តំបន់​ភ្នំ ឬ តំបន់ ដែល​ពួក​គេ​ធ្លាប់​ទៅ​រក ដូចជា​ប្រជាជន​នៅ​ស្រុក គិរីវង្ស ខេត្ត តាកែវ បាន​អោយ​ឈ្មោះ​ទួល​មួយ​ថា (ព្រៃ​ក្ដួច )

ឧបករណ៍​ដែល​ពួក​គាត់​យក​ទៅ​ជាមួយ​សំរាប់​រក​ក្ដួច គឺ​មាន កាំបិត ចបជីក ការុង ។

ការ​រក​ក្ដួច ៖ គេ​ស្វែង​រក​មើល​ទៅ​លើ​ដើមឈើ ហើយ​សំឡឹង​រក​សន្លឹក និង​ដើម​របស់​ក្ដួច​ដែល​រុំ​ព័ទ្ធ​តាម​មែក​ឈើ ។ បន្ទាប់​មក​គេ​តាម​ដាន​រហូត​ដល់​គល់​របស់​វា ។ នៅ​ពេល​ដែល​គេ​ឃើញ​គល់​របស់​វា គេ​យក​ឈើ​ចាក់​មើម​ថា តើ​មាន​មើម​ធំ ឬ តូច តិច​ឬ ច្រើន ។ បើ​មើម​នេះ​នៅ​តូច​គេ​ទៅ​រក​ផ្សេង​ទៀត ។

ការ​ធ្វើ​ក្ដួច ៖ ពេល​គេ​យក​មើម​ក្ដួច​មក​ពី​ព្រៃ គេ​លាង​ទឹក​អោយ​ជ្រះ​ដី ។ ក្រោយ​មក​គេ​យក​ទៅ​ចិត​សំបក​ចេញ បន្ទាប់​ពី​ចិត​សំបក​រួច គេ​យក​ទៅ​លាង​ទឹក​រួច ហាន់ ឬ​ឈូស​ជ​បន្ទះ​ស្ដើង​ៗ ហើយ​យក​ទៅ​ដាក់​ក្នុង​កូន​ពាង​រួច​រោយ​អំបិល​ជា​ស្រទាប់​ៗ ហើយ​ផ្អាប់​ទុក​ចោល​មួយ​យប់ ។ លុះ​ព្រឹក​ឡើង​គេ​ធ្វើ​ការ​ស្រង់​ក្ដួច​ចាក់​ដាក់​ក្នុង​កញ្ជើរ ឬ​ល្អី យក​ទៅ​សំអាត​សារជាតិ​ពុល​នៅ​កន្លែង​ផ្លូវ​ទឹក​ហូរ តែ​គេ​មិន​អាច​យក​ក្ដួច​ទៅ​សំអាត​នៅ​កន្លែង​ដែល​មាន​ទឹក​នឹង ដូចជា​ស្រះ ត្រពាំង ដែល​គេ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទេ ព្រោះ​ធ្វើ​អោយ​អ្នក​ដែល​យក​ទឹក​ទៅ​ប្រើប្រាស់​មាន​គ្រោះថ្នាក់ (ពុល ) ។ ពេល​គេ​យក​ក្ដួច​ទៅ​កន្លែង​ទឹក​ហូរ គេ​ជាន់​ឬ​ជ្រាវ​ច្របាច់​ទាល់​តែ​ឃើញ​ទឹក​ឡើង​ថ្លា​ហើយ​ទុក ចោល​ក្នុង​ស្រែ​ឬ​ផ្លូវ​ទឹក​ហូរ​ឆ្លងកាត់​ក្នុង​រយៈ​ពេល​មួយ​យប់ មួយ​ថ្ងៃ ។ ការ​ទុក​ចោល​នេះ​គេ​ឧស្សាហ៍​ទៅ​ជ្រាវ ឬ​ច្របាច់​លាង​ពី​បី ទៅ​បួន​ដង ដើម្បី​អោយ​សារជាតិ​ពុល​ហូរ​ទៅ​តាម​ទឹក ។ ក្រោយ​មក​គេ​ឃើញ​មាន ក្ដាម ខ្យង ខ្ចៅ ត្រីចង្វារ ឬ​ត្រី​ក្រឹម​ចូល​ក្នុង​កញ្ជើរ ឬ​ល្អី​ក្ដួច​ដែល​ត្រាំ​ពន្លិច​ក្នុង​ទឹក ។ ពេល​នោះ​គេ​សន្និដ្ឋាន​បាន​ថា ក្ដួច​ដែល​គេ​ធ្វើ​កន្លង​មក​អស់​នូវ​សារជាតិ​ពុល​ហើយ ។ ក្រោយ​មក​គេ​ច្រក​ក្នុង​ការុង​ចង​មាត់​អោយ​ជិត រួច​យក​ទៅ​ដាក់​លើ​គ្រែ​រនាប ហើយ​យក​ដុំ​ថ្ម ឬ​ត្បាល់​កិន​ម្សៅ​សង្កត់​ពី​លើ​ដើម្បី​អោយ​ទឹក​ហូរ​ស្រក់​ចេញ​ពី​ក្ដួច ដែល​នៅ​ក្នុង​ការុង​ប្រៀប​ដូច​យើង​កិន​ម្សៅ​អង្ករ រួច​សង្កត់​ច្រោះ​អោយ​អស់​ជាតិ​ទឹក​នោះ​ដែរ ។ នៅ​ពេល​ស្រក់​ទឹក​អស់​ពី​ការុង យើង​ចាក់​ដាក់​ចង្អេរ ឬ​កន្ទេល​ស្លឹក​ត្នោត រួច​យក​សំដិល​ហាល​ថ្ងៃ​អោយ​ក្រៀម ទើប​គេ​អាច​រក្សា​ទុក​បាន​យូរ ។ ប៉ុន្តែ​ក្ដួច​នៅ​សើម​យក​មក​ដាំ​បាយ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាង​ក្ដួច​ហាល​ក្រៀម ។

ក្នុង​ការ​ធ្វើ​ក្ដួច​នេះ គេ​ហាមប្រាម​ចំពោះ​អ្នក​ដែល​ទើប​សំរាល​កូន​រួច គឺ​មិន​អាច​មក​ហាន់​ក្ដួច ឬ មក​ជ្រាវ​ច្របាច់​ក្ដួច​បាន​ទេ ព្រោះ​ក្ដួច​ធ្វើ​អោយ​រមាស់​ដៃ ក្លិន​របស់​វា​ក្រពុល​អាច​ធ្វើ​អោយ​អ្នក​កូន​ខ្ចី​ទាស់​បាន ។ ហេតុនេះ អ្នក​ដែល​ទើប​សំរាល​កូន​រួច មិន​អាច​មក​ធ្វើ​ក្ដួច​បាន​ទេ ។ ប៉ុន្តែ​អ្នក​ទើប​សំរាល​កូន​អាច​បរិភោគ​បាយ ឬ បង្អែម​ក្ដួច​ដោយ​មិន​មាន​បញ្ហា​ទាស់ ឬ​ផ្ដល់​ផល​ប៉ះពាល់​ផ្សេង​ៗ​ដល់​សុខភាព​ឡើយ ។

សារប្រយោជន៍​រុក្ខជាតិ​ក្ដួច

ធ្វើ​ចំណី​អាហារ នៅ​ពេល​ប្រជាជន​ខ្មែរ​ជួប​ប្រទះ នឹង​គ្រោះ​ទុរ្ភឹក្ស​ដោយ​សារ​ទឹក​ជំនន់ គឺ​គេ​យក​មើម​ក្ដួច​មក​ធ្វើ​ជា​អាហារ​ជំនួស​បាយ ឬ​យក​មក​ដាំ​លាយ​ជាមួយ​អង្ករ ។ រុក្ខជាតិ​ក្ដួច​មិនមាន​តម្រូវ​ការ​តែ​នៅ​ពេល​ជួប​ប្រទះ​គ្រោះទុរ្ភឹក្ស​ប៉ុណ្ណោះ​ទេ ទោះបី​ជា​សម័យ​ដែល​សម្បូរ​ស្រូវ​អង្ករ​ហើយ​ក៏​ដោយ ក៏​ប្រជាជន​ខ្មែរ នៅ​តែ ទៅ​រក​មើម​ក្ដួច​មក​ជា​នំ​ចំណី បង្អែម​ជា​ដើម ជា​ពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយាល​តំបន់​ភ្នំ ឬ​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ទី​ផ្សារ ដូចជា​បច្ចុប្បន្ន​នេះ នៅ​ភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក គិរីវង្ស ខេត្ត តាកែវ ប្រជាជន​បាន​ទៅ​រក​ក្ដួច​មក​ដាំ​បាយ​នឹង​ធ្វើ​ជា​នំ​ចំណី​បាន​ជា​ច្រើន​បែប​ច្រើន​យ៉ាង ព្រោះ​មើម​ក្ដួច​សម្បូរ​ដោយ​ម្សៅ​សារជាតិ​អាមីដុង និង​មាន​រសជាតិ​ឈ្ងុយ ឆ្ងាញ់​ថែម​ទៀត​ផង ។

ធ្វើ​ឱសថ ទោះបី​ជា​បច្ចុប្បន្ន​មាន​ការ​រីកចំរើន​ផ្នែក​ខាង​គីមី​សាស្រ្ត ឱសថសាស្រ្ត ដែល​បាន​នឹង​កំពុង​នាំ​ចូល​មក​ពី​បណ្ដា​ប្រទេស​ជឿនលឿន​មួយ​ចំនួន​លើ​ពិភពលោក ក៏​ដោយ ក៏​ប្រជាជន​ខ្មែរ​យើង​តែង​តែ​មាន​ជំនឿ​ទៅ​លើ​ឱសថ​បុរាណ​ដែល​ផ្សំ​អំពី ​សំបក ត្រួយ ដើម ឫស វល្លិ មើម រុក្ខជាតិ​សម្រាប់​ព្យាបាល​រោគ​ដែរ ដូចជា​ម្សៅ​មើម​ក្ដួច គេ​អាច​យក​មក​សូន​ជាមួយ​ទឹក​ឃ្មុំ អាច​កែ​រោគ​បញ្ចុះ​ព្រូន ផ្សះ​ដំបៅ គ្រុន​ក្ដៅ គ្រុន​ចាស់ ។

ធ្វើ​ម្សៅ​លាប​មុខ កាល​ពី​សម័យ​ដើម គេ​ច្រើន​តែ យក​ម្សៅ​ក្ដួច​មក​ផ្សំ​ជាមួយ​ទឹក​ខ្លឹម​ចន្ទ​ធ្វើ​ម្សៅ​លាប​មុខ សំរាប់​ប្រើ​ក្នុង​ពិធី​ផ្សេង​ៗ ដូចជា​មាន​ពិធី​បុណ្យ​ទាន ឬ​ប្រើ​សំរាប់​អ្នក​របាំ អ្នក​ល្ខោន។​ ធ្វើ​ថ្នាំ​កំចាត់​សត្វ​ល្អិត ; យើង​ដឹង​ហើយ​ថា ក្ដួច​គឺ​ជា​រុក្ខជាតិ​ពុល ដូចនេះ គេ​អាច​យក​មើម​ក្ដួច​ទៅ​លាយ​ផ្សំ​ជាមួយ​ទឹក​នោម និង​ថ្នាំ​ជក់ ។

សន្និដ្ឋាន

ក្នុង​កាលៈទេសៈ​ធម្មតា ក្ដួច​ជា​រុក្ខជាតិ ដែល​គេ​មិន​សូវ​ចាប់​អារ្មណ៍​ប៉ុន្មាន​លើយ ។ ប៉ុន្តែ​វា​ដើរ​តួនាទី​សំខាន់​នៅ​ពេល​ដែល​ស្រុក​កើត​ទុរ្ភឹក្ស​អត់​បាយ ។ ពេល​នោះ​ទើប​គេ​ដឹង​ថា រុក្ខជាតិ​នេះ​មាន​គុណប្រយោជន៍ មិន​អន់​ជាង​បាយ​ប៉ុន្មាន​ឡើយ ។ ការ​ស្គាល់​រុក្ខជាតិ​ក្ដួច គឺ​ពិត​ជា​មិន​អត់​ប្រយោជន៍​ទេ ទោះ​បី​វា​ជា​រុក្ខជាតិ​វល្លិ​ក្ដី ក៏​វា​មាន​ចំណែក​ក្នុង​ការ​ញ៉ាំង​បរិស្ថាន​ឲ្យ​មាន​លក្ខណៈ​ស្រស់​បំព្រង ធ្វើ​អោយ​ដី​ជក់​ជាតិ​សើម​បាន​យូរ និង​ផ្ដល់​នូវ​អាកាសធាតុ​ត្រជាក់ ធ្វើ​ឲ្យ​អាកាសធាតុ បរិសុទ្ធ ក៏​ដូចជា​បង្កើត​ឡើង​នូវ​ទេសភាព គួរជា​ទី​ចាប់​អារម្មណ៍​ដង​ដែរ ។

មាន​ព្រៃ​មាន​ក្ដួច​មាន​ជីវិត មាន​ព្រៃ​មាន​សត្វ បក្សា​បក្សី ម្រឹគីម្រឹគា ក្ដួច​ផ្សារ​ភ្ជាប់​នឹង​ព្រៃ ដែល​ជា​ប្រភព​នៃ​ជីវិត​ខ្មែរ ។

ដូចនេះ​វា​ជា​ការ​សំខាន់​ណាស់ ដែល​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​ពង្រឹង​ការ​ការពារ បរិស្ថាន ដើម្បី​អោយ​មាន​ការ​អភិវឌ្ឍន៍​និរន្តរភាព ។ រាជរដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ បាន​បង្កើត​ច្បាប់​ស្ដី​ពី​ការ​ការពារ​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដើម្បី​កាត់​បន្ថយ អ្វី​ដែល​ជា​ផល​ប៉ហពាល់​លើ​បរិស្ថាន​ធម្មជាតិ ។

រុក្ខជាតិក្ដួច ជាប្រភេទវល្លិ​ដើមមានបន្លា មើមមានជាតិពុល ហើយរមាស់ (រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

វល្លិក្ដួច (រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

រុក្ខជាតិក្ដួច (រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

រូបភាពនៃវល្លិក្ដួច (រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

រុក្ខជាតិក្ដួច ខេត្តកំពង់ធំ​(រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

រុក្ខជាតិក្ដួច ខេត្តកំពង់ធំ​ (រូបភាពផ្ដល់ដោយ៖​បងកល្យាណ)

 

 

 

ដោយ៖​ ចិន ទីរិទ្ធី , នួន សោភ័ណ ​(កម្ពុជសុរិយា ឆ្នាំ ២០០០)

Advertisements

អំពីត្រា និង​ផ្លិត​មន្ត្រី​សង្ឃ


ត្រា និង​ផ្លិត​មន្ត្រី​សង្ឃ

សម្ដេចព្រះសង្ឃរាជ, ព្រះសង្ឃនាយក ឬ​សម្ដេច​ព្រះ​សង្ឃ​នាយក និង​មន្ត្រី​សង្ឃ​ទីរាជាគណៈ, ឋានានុក្រម​គ្រប់​ថ្នាក់ មាន​ត្រា​និង​ផ្លិត​ជា​គ្រឿង​សំគាល់ ដូច​ខាង​ក្រោម​នេះ

អំពីត្រា

ត្រា​សម្ដេច​ព្រះ​សង្ឃរាជ

ត្រូវ​ធ្វើ​មាន​រូប​ប្រាសាទ នៅ​ចំ​កណ្ដាល ខាង​ស្ដាំ​មាន​ ​ស្រួច ខាង​ឆ្វេង​មាន​ថូ​ទឹក​កណ្ឌី មាន​ក្បាច់ភ្ញី​ ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​មាន​ក្បាច់​ត្របក​ឈូក ។

ត្រា​ព្រះ​រាជា​គណៈ គ្រប់​ថ្នាក់

ត្រូវ​ធ្វើ​ស្រួច នៅ​ចំ​កណ្ដាល មាន​ក្បាច់​ភ្ញី​ភ្លើង​ ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ មាន​ក្បាច់​ត្របក​ឈូក ។

ត្រា​មេគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥៥ម ត្រូវ​ធ្វើ​ជា​ក្បាច់​រូប​ផ្លិត​ស្រួច មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ ត្រូវ​ធ្វើ​ ក្បាច់​ត្របក​ឈូក នៅ​ក្រោម​​ត្រូវ​មាន​ឆ្លាក់​ អក្សរ​ខ្មែរ​សំគាល់​ថា​ជា មេគណ ។

ត្រា​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥៣ម ត្រូវ​ធ្វើ​ក្បាច់​ជា​​ផ្លិតរូប​ឆែក​ជុំ​ វិញ មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ ត្រូវ​ធ្វើ​ ក្បាច់​ត្របក​ឈូក នៅ​ក្រោម​​ត្រូវ​មាន​ ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា អនុគណ ។

ត្រា​ឋានានុក្រម (ព្រះគ្រូនិង​ព្រះ​បាឡាត់ ព្រះ​វិន័យធរ និង​ព្រះ​វិន័យធម្ម ឬ​ព្រះ​ធម្មធរ)

ត្រូវ​ធ្វើ​ផ្លិត​មូល​ឆែក​ជុំ​វិញ​ចំ​កណ្ដាល មាន​ក្បាច់​ភ្ញី​ ភ្លើង​ខាង​ៗ នៅ​គែម​រឿ​ជុំ​វិញ មាន​ក្បាច់​ត្របក​ឈូក​។

ត្រា​ព្រះ​សមុហ៍

ត្រូវ​ធ្វើ​ផ្លិត​មុខ​ព្រហ្ម​ចំ​កណ្ដាល មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ មាន​ក្បាច់​ត្របក​ឈូក ។

ត្រា​ព្រះ​បាឡាត់​គណ​ ព្រះ​វិន័យធរ​គណ និង ព្រះ​វិន័យធរ​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​រូប​ផ្លិត​មូល​ឆែក​ជុំ​វិញ មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា បាឡាត់​គណ វិន័យធរ​គណ ឬ វិន័យធរ​អនុគណ ។

ត្រា​ព្រះ​សមុហ៍​គណ​គណ និង ព្រះ​សមុហ៍​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​រូប​ផ្លិត​មុខ​ព្រហ្ម ដូច​ផ្លិត​សម្រាប់​សមុហ៍ របស់​ព្រះ​រាជា​គណៈ​ទាំង ៤ ថ្នាក់ មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា សមុហ៍​គណ ឬ សមុហ៍​អនុគណ ។

ត្រា​លេខាធិការ​គណ និង អនុលេខាធិការ​អនុគណ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​រូប​សីមា មាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា លេខាធិការ​គណ ឬ អនុ​លេខាធិការ​អនុគណ ។

ត្រា​ចៅអធិការ

ត្រូវ​ធ្វើ​ទំហំ ០,០៥០ ម ត្រូវ​ធ្វើ​ក្បាច់​ជា​​ផ្លិត​មុខ​ព្រហ្ម ផ្លិត​រងមាន​ក្បាច់​ភ្ញី​ភ្លើង​ខាង ៗ នៅ​គែម​រឿ​ជុំ​វិញ​ត្រូវ​ធ្វើ​ក្បាច់​ត្របក​ឈូក នៅ​ក្រោម​រូប​ផ្លិត​ត្រូវ​មាន​ឆ្លាក់​អក្សរ​ខ្មែរ​សំគាល់​ថា​ជា ចៅអធិការ នាម​វត្ត ឈ្មោះ​ឃុំ ស្រុក ខេត្ត ។

អំពីផ្លិត

ផ្លិត​សម្ដេច​ព្រះ​សង្ឃរាជ

សម្ដេចព្រះសង្ឃរាជត្រូវប្រើផ្លិត ពណ៌​លឿង

ផ្លិត​ព្រះ​រាជា​គណៈ

ព្រះរាជាគណៈគ្រប់ថ្នាក់ត្រូវប្រើផ្លិតតាមឋានៈដូចខាងក្រោម៖

ថ្នាក់​ឯក : ពណ៌​ក្រហម

 – ថ្នាក់​ទោ : ពណ៌​បៃតង

ថ្នាក់​ត្រី : ពណ៌ស្វាយ

ថ្នាក់​ចត្វា : ពណ៌​ខៀវ

ផ្លិត​ឋានានុក្រម

ព្រះ​គ្រូ ព្រះ​បាឡាត់ ព្រះ​វិន័យធរ ព្រះ​វិន័យធម្ម ឬ​ ព្រះ​ធម្មធរ ត្រូវ​ប្រើ​ផ្លិត​មូល​ឆែក​ជុំ​វិញ ។ ឯ​ព្រះ​សមុហ៍ ត្រូវ​ប្រើ​ផ្លិត​មុខ​ព្រហ្ម ។ ចំពោះ​ពណ៌ ត្រូវ​ធ្វើ​ តាម​ថ្នាក់​ព្រះ​រាជា​គណៈ​ដែល​បាន​តែងតាំង ។

រៀបរៀងដោយ៖ ម៉ី យ៉ាំ (១៩៩៨)

គម្ពីរ​ស្លឹករឹត​ ឬ សាស្ដ្រាស្លឹករឹត


(ប្រភពរូបភាព៖​ http://www.postkhmer.com)

គម្ពីរ​នេះ កើត​មាន​នៅ​ប្រទេស​កម្ពុជា អស់​កាល​យូរ​លង់​ហើយ ។ តាំង​ពី​មាន​ព្រះ​ពុទ្ធសាសនា ផ្សាយ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​កាល​ណា គេ​ឃើញ​មាន​គម្ពីរ​ស្លឹករឹត តាំង​ពី​ពេល​នោះ​មក ។ ក្នុង​សម័យ​ដើម, ព្រះ​ពុទ្ធ​វចនៈ ទាំង​ព្រះ​វិន័យ ព្រះ​អភិធម្ម ទាំង​បាលី សម្រាយ​ក្ដី ក្បួន​ហោរាស្ត្រ តម្រា សម្រាប់​ទស្សន៍ទាយ​ក្ដី ច្បាប់​ផ្សេង ៗ សម្រាប់​គ្រប់គ្រង​ប្រទេស មាន​ច្បាប់ ជ័យជេដ្ឋាជាដើម​ក្ដី នៅ​ក្នុង​ប្រទេស​កម្ពុជា សុទ្ធ​តែ​គេ​ចារ​ចុះ​លើ​ស្លឹករឹត ឬ ក្រាំង​ទាំងអស់ ដោយ​គេ​និយម​ថា​ជា​ថា​វរ​វត្ថុ​ជាប់​រឹងមាំ តម្កល់​ទុក​បាន​យូរ​អង្វែង ។

ឯ​របៀប​ដែល​ធ្វើ​ស្លឹករឹត​អោយ​បាន​ចារ​ជា​អក្សរ កើត​មាន​ដូច​តទៅ​នេះ​

មុន​ដំបូង​ស្វែង​រក​ដើម​ស្លឹករឹត

ស្លឹក​រឹត ជា​រុក្ខជាតិ​ព្រៃ ដុះ​នៅ​លាយឡំ​ជា​មួយ​នឹង​ឫស្សី និង​រុក្ខជាតិ​ផ្សេង ៗ ជា​រុក្ខជាតិ​មាន​តែ​ដើម ធាង ស្លឹក ដុះ​ចេញ​មក​ជា​កំពូល​ប៉ុណ្ណោះ គ្មាន​មែក​ទេ (សម្បូរ​ជាង​គេ​នៅ​ខេត្ត​ក្រចេះ) ។ កាល​ណា​គេ​ត្រូវ​ការ​ប្រើប្រាស់ គេ​កាប់​យក​តែ​កំពូល​របស់​វា មក​កាត់​ជា​បី​កំណាត់​

កំណាត់​ខាង​គល់ គេ​យក​ទ្រនុង​ចេញ, ទ្រនុង​យក​ទៅ​ធ្វើ​ជា​ខ្នួច ឬ​ចំណង​ផ្សេង ៗ រី​ស្លឹក គេ​យក​ទ្រនុង​របស់​វា​មក​ដេរ​ភ្ជាប់​ធ្វើ​ជា​រនាំង សម្រាប់​បាំង ឬ ប្រក់ ។

កំណាត់​ខាង​កណ្ដាល ធ្វើ​ជា​ស្លឹក​រឹត សម្រាប់​ចារ ឬ​សរសេរ​អក្សរ​ជា​គម្ពីរ ឬ​ក្បួន​ច្បាប់​ផ្សេង ៗ ពីព្រោះ​វា​ស្មើ មិន​រៀវ មិន​ក្រាស់ ស្ដើង ។

កំណាត់​ខាង​ចុង គេ​ដេរ​ភ្ជាប់​ដោយ​ទ្រនុង​របស់​វា​ធ្វើ​ជា​ភ្ជល់ ។

ចំពោះ​ស្លឹករឹត ដែល​គេ​យក​មក​ចារ​ជា​អក្សរ ចារឹក​ជា​គម្ពីរ ឬ​ក្បួន​ច្បាប់​ផ្សេង ៗ, មុន​ដំបូង គេ​ត្រូវ​យក​ស្លឹករឹត​ទៅ​សក សក​អោយ​អស់​ទ្រនុង ចៀរ​អោយ​ស្មើ យក​ទៅ​ហាល​ថ្ងៃ​អោយ​ស្ងួត រួច​ហើយ​យក​ទៅ​ហាល​សន្សើម​ពេល​យប់ ដើម្បី​អោយ​វា​លាក​ត្រង់​មក​វិញ ។ រួច​គេ​ធ្វើ​ប្រដាប់​សម្រាប់​ចោះ​ប្រហោង ២ លែ​ជា ៣ ភាគ ចម្ងាយ​ពី​គ្នា ២០ សង្ទីម៉ែត្រ ចោះ​ប្រហោង ២ ចម្ងាយ​ពី​គ្នា​ដូច​ស្លឹករឹត​ដែរ យក​ឆ្អឹង​ឆត្រ ១ គូ សម្រួច​អោយ​ត្រង់ ដោត​នៅ​ប្រហោង​ក្រប​ខាង​ក្រោម រួច​យក​ស្លឹករឹត​ដែល​ចោះ​ប្រហោង ២ ហើយ ទៅ​ចុះ​ស៊ក​ចំ​ដែក​ស្រួច​ទាំង ២ ។ លុះ​ស៊ក​បាន ចំនួន ២០០ សន្លឹក​ហើយ ត្រូវ​យក​ក្រប​មួយ​ទៀត ទៅ​ដាក់​ពី​លើ ស៊ក​អោយ​ចំ​ប្រហោង​ទាំង​ពីរ រួច​បញ្ចូល​ទៅ​ក្នុង​ផ្នោះ ឃ្នាប ។ ផ្នោះ​នោះ គេ​ធ្វើ​ដោយ​ឈើ​មាន​ខ្លឹម រឹង មាន​ប្រហោង​ទាំង​ពីរ​ខាង ទំហំ​ល្មម​ដាក់​ស្លឹករឹត​ចូល បណ្ដោយ​ក៏​ប្រវែង​ស្លឹករឹត​ដែរ ។ លុះ​បញ្ចូល​ទាំង​ស្លឹករឹត ទាំង​ក្រប​ហើយ គេ​រឹត​ដោយ​ដែក​អង្គំ ឬ ស្នៀត​អោយ​ណែន​រឹង​ដូច​ឈើ រួច​ហើយ​ផ្ដេក​ផ្នោះ​ច្រឹប​ស្លឹករឹត​ដែល​លើស​ចោល​ទុក​ត្រឹម​តែ​ប្រវែង ៥៥ សង្ទីម៉ែត្រ រួច​យក​ដែល​ឈួស​ដ៏​មុត ឈូស​អោយ​ស្មើ​បណ្ដោះ​អាសន្ន​ទើប​ដោះ​ចេញ​ពី​ផ្នោះ យក​ខ្សែ​ទ្រនុង​រឹត​មក​ចង​បណ្ដោះ​អាសន្ន​រួច​យក​ទៅ ឆ្អើរ​ភ្លើង ឆ្អើរ​ល្មម​ហើយ​ទើប​បក​ពង្រាយ​យក​ទៅ​វាយ​បន្ទាត់ ជា ៥ ឬ តាម​តែ​លៃលក ។

របៀប​វាយ​បន្ទាត់

មុន​នឹង​ចារ គេ​ត្រូវ​វាយ​បន្ទាត់​លើ​ស្លឹករឹត​ជា​មុន​សិន ទើប​ចារ​ទៅ​វា​ត្រង់ ។ ឯ​របៀប​វាយ​បន្ទាត់ ដូច​ខាង​ក្រោម​នេះ

គេ​យក​ឈើ​បន្ទះ​ទំហំ​ ទោល ២ សង្ទីម៉ែត្រ បន្ទារ ៣ សង្ទីម៉ែត្រ ឈូស​អោយ​ស្អាត យក​មក​វាយ​ជា​ផ្នោះ​រាង​បួន​ជ្រុង​ទ្រវែង បណ្ដោយ​ប្រវែង ៧០ សង្ទីម៉ែត្រ ទទឹង​ប្រវែង ២០ សង្ទីម៉ែត្រ អោយ​រឹងមាំ រួច​អារ – ក្រិត ៦ គំនូស​ឃ្លាត​ពី​គ្នា ១ សង្ទម៉ែត្រ ។ នៅ​ចុង​សងខាង​ផ្នោះ ត្រូវ​ចោះ​ប្រហោង​ទាំង ២ ខាង​អោយ​ធំ ខាង​ដើម​មាន ៦ ខាង​ចុង​មាន​តែ ១ យក​ឫស្សី​បិត​អោយ​មូល​ស្អាត ធ្វើ​របួត​ស៊ក​ចូល​ក្នុង​ប្រហោង​នៅ​ចុង​សងខាង​ផ្នោះ​នោះ រួច​យក​ខ្សែ​អំបោះ​ដែល​គេ​វេញ​អោយ​រឹងមាំ អោយ​ឆ្មារ​ល្មម​ធ្វើ បន្ទាត់​បាន ទៅ​ចង​របួត​ម្ខាង​ដែល​មាន​តែ ១ រួច​យក​ចុង​ខ្សែ​ម្ខាង​ទៀត​ទៅ​ចង​នឹង របួត​ទាំង ៦ ដែល​នៅ​ចុង​ផ្នោះ​ម្ខាង​ទៀត ។ គេ​ចង​របៀប​នេះ ដើម្បី​ងាយ​រឹត​ខ្សែ​ទាំង ៦ អោយ​តឹង​ស្មើ​គ្នា ។ បើ​ខ្សែ​ណា​មួយ​ធូរ គេ​រឹត​តែ​របួត​ដែល​ចង​ខ្សែ​នោះ ។ គេ​ដាក់​ខ្សែ​នីមួយ ៗ អោយ​ចំកម្រិត​ដែល​អារ​អង្កន់​ជា​ស្នាម រួច​យក​ធ្យូង​យ៉ាង​ខ្មៅ មក​បុក​អោយ​ម៉ដ្ឋ​លាយ​ជា​មួយ​ទឹក​អោយ​ខាប់ យក​ស្រកី​ដូង​ដំ​អោយ​ទក់​ជ្រលក់​ទៅ​នឹង​ទឹក​ធ្យូង រួច​លាប​ខ្សែ​បន្ទាត់​ទាំង ៦ កូត​ទៅ​កូត​មក អោយ​សព្វ រួច​យក​ស្លឹករឹត ទៅ​ដាក់​តម្រៀប​លើ​ក្ដារ​ស្មើ រៀប​អោយ​ត្រឹម​លើ​ខ្សែ​បន្ទាត់ ទាំង​ផ្នោះ​ដាក់​ទទឹង​ស្លឹករឹត​ខាង​ដើម​ខាង​ចុង លៃ​ទុក ៤ សង្ទីម៉ែត្រ វាយ​បន្ទាត់ ១ ទុក​ជា​ខ្នាត​សិន រួច​ហើយ​ទើប​ចាប់​វាយ​បណ្ដោយ​ស្លឹករឹត ៥ បន្ទាត់ ឬ ៦ បន្ទាត់ តាម​តែ​ពេញ​ចិត្ត ។

របៀប​ចារ​អក្សរ

មុន​នឹង​ចារ ត្រូវ​មាន​ឧបករណ៍ ៣ គឺ​

ឈើ​ទ្រនាប់ ឈើ​ទ្រនាប់​សំប៉ែត​ប្រវែង ៣០ សង្ទីម៉ែត្រ បន្ទារ​ប៉ុន​ស្លឹករឹត ឈូស​អោយ​ស្អាត យក​សាច់​សំពត់​ដេរ​ស្រោប​ពី​ក្រៅ ដើម្បី​ចារ​ទៅ​ទន់​ផង ទប់​កុំ​អោយ​រអិល​ផង ។

ស្នាប់​ដៃ ស្នាប់​ដៃ​ធ្វើ​ដោយ​ស្លឹករឹត ១ សន្លឹក រង្វង់​ប៉ុន​ឈើ​ទ្រនាប់​សម្រាប់​ស្រោប​ពី​លើ​ឈើ​ទ្រនាប់ រួច​ច្រក​ស្លឹករឹត​ចូល​ក្នុង​ស្នាប់​ដៃ ដើម្បី​ចារ​ទៅ​កុំ​អោយ​រអិល ។

ដែក​ចារ ដែល​ចារ​ដង​ឈើ​មូល ស្រួច​ដើម​ស្រួច​ចុង គេ​បង្កប់​ដែក​ទាំង​ពីរ​ខាង សំលៀង​នឹង​ថ្ម​អោយ​មូល – មុត ។ (គេ​ច្រើន​យក​ម្ជុល​ដេរ​យន្ត​ខាង​គល់ ពីព្រោះ វា​រឹង​មុត​ស្អាត​ល្អ)

ចាប់​ផ្ដើម​ចារ ត្រូវ​យក​ស្លឹករឹត​មួយ​សន្លឹក​ម្ដង បញ្ចូល​ក្នុង​ស្នាប់​ដៃ​ដាក់​ស្នាប់​ដៃ​នៅ​ខាង​លើ​បង្គាប​មេ​ដៃ​ខាង​ឆ្វេង យក​ដែក​ចារ​កាន់​ដៃ​ខាង​ស្ដាំ ដាក់​សង្កត់​លើ មៃ​ដៃ ខាង​ឆ្វេង​លៃ​អោយ​ល្មម​ទើប​ចាប់​ផ្ដើម​ចារ​តទៅ ចារ​ម្ខាង​អស់​ហើយ ត្រឡប់ ចារ​ម្ខាង​ទៀត ។ ចុះ​លេខ​រៀង​នៅ​ដើម​សន្លឹក​ជួន​កាល​គេ​ប្រើ​ជា​អក្សរ ។

របៀប​លុប​អក្សរ

កាល​ណា​គេ​ចារ​អក្សរ​ឡើង​ស្លឹករឹត​ហើយ គេ​លែង​ហៅ​ថា ស្លឹករឹត​ទៀត​ហើយ គឺ​ហៅ​ថា សាស្ត្រាវិញ ។ ចារ​ហើយ​ត្រូវ​លុប​អក្សរ​ទៀត ទើប​មើល​បាន ។

លុះ​អក្សរ គឺ​ធ្វើ​អក្សរ​អោយ​មើល​ឃើញ​ច្បាស់ ។ គេ​ត្រូវ​រក​ធ្យូង​ម្រែង​ភ្លើង​យ៉ាង​ខ្មៅ លាយ​ជា​មួយ​ជ័រ​ទឹក​យ៉ាង ថ្លា​កូរ​អោយ​ចូល​គ្នា​សព្វ រួច​យក​សាច់​ក្រណាត់​មក​ចង​ជា​កញ្ចប់​ជ្រលក់​ក្នុង​ទឹក​ខ្មៅ យក​ជូត​អក្សរ​លើ​ស្លឹករឹត ជូត​អោយ​ពេញ​ទាំងអស់ ទោះ​ជា​ស្លឹករឹត​ទទេ​ក៏​ដោយ ។ ជូត​សព្វ​ហើយ ត្រូវ​យក​ដី​ខ្សាច់​ល្អិត​ម៉ត់​ស្អាត ទៅ​បាច​លើ​ស្លឹករឹត រួច​យក​ក្រណាត់​ទៅ​ជូត ដៃ​ម្ខាង​ទ្រាប់​ក្រណាត់​ទាញ​ស្លឹក​សាស្ត្រា ដៃ​ម្ខាង​ទៀត​ទ្រាប់​ក្រណាត់​ទប់ ។ ធ្វើ​ដូច្នេះ ទាល់​តែ​អស់​ជ័រ​ទឹក​ស្អាត​រលីង រួច​យក​ទៅ​ហាល​ថ្ងៃ​អោយ​ស្ងួត​ស្រួល ទើប​ប្រមូល​យក​មក​តម្រៀប​ស្លឹក​តាម​លេខ​ទំព័រ មួយ​កណ្ឌ​ម្ដង ៗ ដរាប​ដល់​ចប់ ១ គម្ពីរ រួច​ហើយ រៀបចំ​ឈូស​ដុស​ខាត់ អោយ​ស្អាត ដើម្បី​ទឹបមាស ។

របៀប​ឈូស​សម្អាត

លុះ​ដល់​អក្សរ​មើល​ឃើញ​ច្បាស់​ហើយ គេ​ត្រូវ​ឈូស ដុស​ខាត់​អោយ​ស្អាត​សម្រេច ដើម្បី​ទឹបមាស ។ មុន​ដំបូង គេ​ត្រូវ​ឈូស​ឈើ​ធ្វើ​ក្រប ២ ទៀត សម្រេច​មាន​ទំហំ​ ៖ ប្រវែង ៥៥ សង្ទីម៉ែត្រ បន្ទារ ៥,៥ សង្ទីម៉ែត្រ ទោល ២ សង្ទីម៉ែត្រ ២ បន្ទះ ចោះ​ប្រហោង ២ ដូច​មុន រួច​យក​ទ្រនុង​រឹត​យ៉ាង​រឹងមាំ ១ គូ បិត​អោយ​មូល​ស្អាត សម្រួច​ចុង​ដោត​ក្នុង​ប្រហោង​ក្រប​ខាង​ក្រោម​បញ្ឈរ​ឡើង​រួច​យក​ស្លឹក​ទទេ​ពីរ​សន្លឹក​សិន ទើប​ស៊ក​ស្លឹក​ដែល​មាន​អក្សរ​ជា​បន្ត​បន្ទាប់​ដល់​ចប់ លុះ​ចប់​ហើយ ត្រូវ​ស៊ក​សន្លេក​ទទេ ២ សន្លឹក​ទៀត រួច​ទើប​បញ្ចូល​ទៅ​ក្នុង​ផ្នោះ រឹត​អោយ​ណែន​រឹង​ដូច​ឈើ សំលៀង​ដែក​ឈូស​អោយ​មុត​ស្មើ ឈូស​អោយ​ស្មើ​នឹង​ក្រប​ទាំង​ពីរ​ខាង យក​ក្រដាស​ខាត់​សាច់​ល្អិត ខាត់​អោយ​ស្អាយ​ឡើង​រលោង រួច​ហើយ​ទើប​យក​ទឹក​ម្រ័ក្សណ៍​យ៉ាង​ថ្លា លាប​ពេញ​ទាំងអស់ យក​ទៅ​ហាល​ថ្ងៃ​មួយ​ស្របក់​ធំ រួច​យក​ជាតិ​ហិង្គុល​ពណ៌​ក្រហម បុក​អោយ​ម៉ដ្ឋ លាយ​ដោយ​ម្រ័ក្សណ៍ លាប​ពី​លើ​ម្រ័ក្សណ៍​ទៀត ទុក​អោយ​ស្ងួត​ល្អ ទើប​ចាប់​ផ្ដើម​ទឹបមាស ។

រៀប​ទឹបមាស

មុន​ដំបូង គេ​វាស់​ចែក​សាស្ត្រា​ជា​បី​ភាគ​ស្មើ​គ្នា ភាគ​ខាង​ដើម និង​ខាង​ចុង​គេ​ទឹបមាស ភាគ​កណ្ដាល គេ​ទុក​នៅ​ជា​ជាតិ​ហិង្គុល​ក្រហម​ដដែល ។ មុន​នឹង​ទឹប គេ​យក​មើម​ខ្ទឹម​ស ទៅ​មុខ​អោយ​ល្អិត​ម៉ដ្ឋ​ខៃ យក​ស្បៃ​មុង​ទៅ​ខ្ចប់ រួច​ជូត​អោយ​សព្វ ទើប​យក​មាស​សន្លឹក​សុទ្ធ ទៅ​បិទ​ពី​លើ​អោយ​រាប​ស្មើ​ល្អ មួយ​សន្លឹក​ម្ដង ៗ រួច​ហើយ​គ្រប​អោយ​ជិត​ចំនួន ៧ ទៅ ១០ ថ្ងៃ ទើប​បក​រំគាយ​សន្លឹក​ចេញ រៀបចំ​ស៊ក​ខ្សែ​មួយ​កណ្ឌ​ម្ដង ៗ ។

របៀប​ធ្វើ​ខ្សែ​សាស្ត្រា

ខ្សែ​សាស្ត្រា គេ​ធញវើ​ដោយ​អំបោះ​ស្លាត់ ដែល​មាន​ជាតិ​រលោង – ទន់ គេ​យក​ទៅ​ជ្រលក់​អោយ​មាន​ពណ៌​ផ្សេង ៗ រួច​ក្រង​ចាក់​ជា​កន្ទុយ​កណ្ដុរ ៤ ឬ ៥ ធ្លុង រឹត​អោយ​ណែន ម្ខាង​ទៀត​ទុក​អោយ​មាន​កន្ទុយ​រំភាយ ។ រួច​ហើយ​យក​ខ្សែ​ទៅ​ដោត​នៅ​ប្រហោង​ស្លឹក​សាស្ត្រា​ខាង​ឆ្វេង​តែ​មួយ​ទេ ប្រហោង​ខាង​ស្ដាំ​ទុក​ចោល ។ មុន​ដំបូង ត្រូវ​ដោត​ស្លឹក​ចំណង​ជើង បន្ទាប់​មក ស្លឹក​ទទេ ២ សន្លឹក​ទៀត ស្លឹក​ដែល​មាន​អក្សរ ខាង​ចុង​បំផុត ស្លឹក​ទទេ ២ សន្លឹក​ទៀត រួច​បញ្ចូល​កន្ទុយ​ខ្សែ​ក្នុង​កន្លះ រឹត​អោយ​ស្មើ​គ្រប់​កណ្ឌ ។ លុះ​ចប់​មួយ​គម្ពីរ​ហើយ ត្រូវ​តម្រៀប​ពី​កណ្ឌ​ទី ១ ដល់​ចប់ រួច​យក​ក្រប​ទាំង​ពីរ ដាក់​គាប​គ្នា យក​ខ្សែ​អំបោះ​វេញ​អោយ​តឹង ២ ខ្សែ ដែល​ម្ខាង​មាន​កន្លុះ​ស៊ក​កន្ទុយ​ខ្សែ​ក្នុង​កន្លុះ ទាំង​ពីរ​ឆ្វេង​ស្ដាំ ព័ទ្ធ ២ – ៣ ជុំ រឹត​អោយ​ណែន​ស្មើ​គ្នា​ចង​អោយ​ជាប់ រួច​ហើយ​យក​សំបក​គម្ពីរ​មក​រុំ ។

របៀប​ធ្វើ​សំបក​គម្ពីរ

សំបក​គម្ពីរ ជា​គ្រឿង​ប្រដាប់​ខាង​ក្រៅ គេ​ធ្វើ​សម្រាប់​រុំ​ការពារ​គម្ពីរ​ខាង​ក្នុង​អោយ​ល្អ​ស្អាត ស្ថិតស្ថេរ​បាន​យូរ ។ គ្រឿង​ប្រដាប់​នេះ គេ​ថ្វើ​ដោយ​៖

ដំបូង គេ​យក​ទ្រនុង​រឹត​រើស​យក​តែ​រឹង ៗ មក​កាត់​ប្រវែង​គម្ពីរ បិត​អោយ​ស្មើ​ស្អាត យក​អំបោះ​មក​វេញ​ធ្វើ​ខ្សែ​កម្រង ក្រង​អោយ​ញឹក អោយ​បាន​ទំហំ​ធំ​ជាង​គម្ពីរ ៣ ដង ។

យក​សាច់​ក្រណាត់​ស​ស្ងាត ទៅ​ដេរ​ស្រោប​កម្រង​ទ្រនុង រឹត​ទុក​ជាយ​ទាំង​ពីរ​ខាង ប្រវែង​ល្មម​បត់​មក​ទល់​គ្នា ឬ លើស​បន្តិច​ក៏​បាន ។

យក​សាច់​សំពត់​ល្អ​មាន​ពណ៌​ផ្សេង ៗ ឬ ហូល ។ល។ ស្រេះ​អង្កាំ​ខ្លះ​ផង​ក៏​មាន រុំ​ពី​ខាង​ក្រៅ​ទៀត ។

មាន​ខ្សែ​ដែល​ដេរ​ដោយ​សាច់​សំពត់​ល្អ – សំប៉ែត​ប្រហែល​ជា ១ សង្ទីម៉ែត្រ ប្រវែ​ជាង ១ ម៉ែត្រ ដេរ​ភ្ជាប់​ទៅ​នឹង​សាច់​សំពត់​ខាង​ក្រៅ សម្រាប់​រុំ កុំ​អោយ​រាត់រាយ ។


ថ្ងៃ​ទី ៣១ ខែ ឧសភា ឆ្នាំ ១៩៩៤

រៀបរៀង​ដោយ៖ សម្ដេច​ព្រះ​មង្គល​ទេពាចារ្យ អ៊ុម ស៊ុម

អគ្គាធិការ​នៃ​ពុទ្ធិក​សិក្សា

ចៅអធិការ​វត្ត​មហាមន្ត្រី

រាជធានី ភ្នំពេញ

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ៤ ជាវគ្គបញ្ចប់)


(តពីវគ្គទី ៣)

ចំណេះដឹង និង ការកសាង៖

សម្ដេចព្រះពោធិវ័ង្ស ហួត តាត មានចំណេះវិជ្ជាខាងផ្លូវលោក និង សាសនាដូចតទៅនេះ៖

  • ចេះភាសាបាលី យ៉ាងស្ទាត់ជំនាញ
  • ចេះអក្សរទេវនាគិរី និង ភាសាសំស្ក្រឹតយ៉ាងល្អិតល្អន់
  • ចេះភាសាបារាំង និង អង់គ្លេសល្មមប្រើការបាន
  • ចេះភាសាថៃ លាវ អាចនិយាយបាន និង សរសេរបាន
  • ចេះអានអក្សរថ្មខ្មែរបុរាណ។

សម្ដេចសង្ឃរាជ ហួត តាត និមន្ដមកដល់កន្លែងតាំងពិពណ៌ពុទ្ធសាសនា (ភ្នំពេញ ១៩៥១)

គិតត្រឹមពីពេលដែលឡើងកាន់តំណែងជាចាងហ្វាងពុទ្ធិកវិទ្យាល័យមក សម្ដេចបានបង្កើត៖

  • គិលានដ្ឋានមួយសម្រាប់សមណនិស្សិតពុទ្ធិកវិទ្យាល័យព្យាបាលជំងឺ
  • សុំរដ្ឋាភិបាលបង្កើនថ្នាក់រៀន ដែលមានសិស្សដល់ទៅ ២០០នាក់ចូលរៀននៅគ្រឹះស្ថានសិក្សានេះ
  • សុំកែប្រែឈ្មោះពីសាលាបាលីជាន់ខ្ពស់ ទៅជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត និង កែប្រែកម្មវិធីបង្រៀនឲ្យចម្រើនខាងផ្លូវសាសនា និង ផ្លូវលោក
  • សុំបង្កើតអគ្គាធិការដ្ឋានសិក្សាមួយនៅភ្នំពេញ និង កែប្រែពីសាលាបាលីរង ឲ្យទៅសាលាជាពុទ្ធិកបឋមសិក្សាវិញ និង កែប្រែកម្មវិធីសម្រាប់បង្រៀនទៀត
  • ឆ្នាំ ១៩៦៥ បានស្នើឲ្យរៀបចំកែប្រែទម្រង់សាលាពុទ្ធិកបឋមសិក្សាម្ដងទៀត ដើម្បីឲ្យសាលានេះ មានជំហររឹងប៉ឹង និង ដំណើរការល្អ
  • កសាងកុដិ សាលាធម្មមន្ទីរ សាលាពុទ្ធិកបឋមសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ នៅស្រុកឧដុង្គ វិហារបេតុងនៅវត្តប្រាង្គ
  • ឆ្នាំ ១៩៦៦ សាងមណ្ឌលសុខភាបមួយនៅទីប្រជុំជនឧដុង្គ សមិទ្ធិផលផ្សេងក្នុងវត្តឧណ្ណាលោមមានដូចជា៖ ឧបដ្ឋានសាលា កុដិ  និងពុទ្ធិកបឋមសិក្សាជាដើម
  • ចាត់ចែងកសាងអាគារសិក្សាឲ្យកើតឡើងយ៉ាងសមរម្យក្នុងបរិវេណពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និង ពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត ដែលមានសម្ដេចសីហនុជាប្រមុខរដ្ឋបរិច្ចាគព្រះរាជទ្រព្យផ្ទាល់

គ្រឿងឥស្សរិយយស ដែលសម្ដេចទទួលបាន៖

  • ថ្ងៃទី១៨ កុម្ភៈ ឆ្នាំ១៩៣២ មេដាយមាស មុនីសារភណ្ឌនៃប្រទេសកម្ពុជា
  • ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ១៩៣២ មេដាយសឹវ៉ាលីយេ អស្សរិទ្ធិ ដំរី១លាន និងស្វេតឆត្រក្រុងហ្លួងព្រះបាង
  • ថ្ងៃទី០១ មករា ឆ្នាំ១៩៤៤ មេដាយសឹវ៉ាលីយេ ដឺឡាឡេស្យុងដូនើរ នៃប្រទេសបារាំង
  • ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ១៩៥២ មេដាយ សេន
  • ថ្ងៃទី០៥ មេសា ឆ្នាំ១៩៦២ មេដាយវរសេនា
  • ថ្ងៃទី១៩ ឧសភា ឆ្នាំ១៩៦៤ មេដាយ មហាសិរីវឌ្ឍន៍សុវត្ថារា

សម្ដេចព្រះប្រមុខរដ្ឋទ្រង់ប្រគេនគ្រឿងឥស្សរិយយស មហាសិរីវឌ្ឍន៍សុវត្ថារា ចំពោះសម្ដេចព្រះពោធិវ័ង្ស ហួត តាត

ស្នាព្រះហស្តតែងនិពន្ធ៖

សម្ដេចបានបន្សល់ទុកនូវគម្ពីរដីកាដែលបានប្រែពីភាសាបាលីមកជាភាសាខ្មែរ ជាច្រើនច្បាប់មាននៅតាមបណ្ណាល័យជាតិកម្ពុជា  បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ និង បណ្ណាគារឯកជនខ្លះទៀតដែលបានបោះពុម្ពផ្សាយមានដូចជា៖

  • សៀវភៅសាមណេរវិន័យ
  • បកិណ្ណកបរិត្ត
  • សត្តបរិត្ត និង ទ្វាទសបរិត្ត
  • សុរាមេរយកថា
  • សីមាវិនិច្ឆ័យ
  • អក្ខទោសកថា
  • សិង្គាលោវាទសូត្រ
  • សារទេសនា
  • ធម្មសង្គហៈ
  • វេយ្យាករណ៍សំស្ក្រឹត
  • ពុទ្ធសាសនាសង្ខេប ក្នុងផ្នែកយុវពុទ្ធិកសិក្សាសម្រាប់យុវជនសិក្សា
  • ភិក្ខុអបរិហានីយធម្មសូត្រ
  • ឥទ្ធិបាទបរិយាយ
  • អរិយទ្រព្យបរិយាយ
  • សាមគ្គីធម៌
  • ឧបក្កិលេសធម៌
  • ពុទ្ធសាសន៍សង្ខេប
  • រដ្ឋបាលសូត្រ
  • ពុទ្ធិកសិក្សាបច្ចុប្បន្ន
  • ការប្រាស្រ័យរឭកចំពោះបងប្អូន
  • ស្វែងយល់អំពីអង្គរ
  • កល្យាណមិត្ត ។ល។

សម្ដេចសង្ឃរាជ ជួន ណាត ហួត តាត និង កញ្ញា ការបឺុឡែស (កូសាំងស៊ីន ឆ្នាំ ១៩៣៩)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

និគមជនបទ៖​ ស្ពានមួយក្នុងស្រុកព្រៃកប្បាស


ខេត្តតាកែវ៖​ ជាផ្នែកមួយនៃដំណើរទៅកាន់ភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស នាឱកាសមុន បុណ្យភ្ជុំបិណ្ឌ មួយថ្ងៃ គឺថ្ងៃបិណ្ឌទី១៤ ខ្ញុំបានធ្វើដំណើរតាមផ្លូវលំជនបទ ឆ្លងកាត់​ពីភូមិមួយទៅភូមិមួយពីឃុំមួយចូលទៅ ឃុំមួយទៀត តាមបណ្ដោយផ្លូវលំពីស្រុកកោះធំ ខេត្តកណ្ដាល ទៅកាន់ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ជាមួយនឹងបរិយាកាស​ដ៏ល្អ​នៅឯទីជនបទ ពិតជា​ទទួល​បា​ន​អារម្មណ៍ស្រស់ថ្លា ជាមួយនឹងខ្យល់ធម្មជាតិ ​ ដែលមិនអួអាប់ដូចទីក្រុង។  តាមរយៈដំណើរនេះ ខ្ញុំបានឆ្លងកាត់ស្ពានឈើចាស់មួយ ស្ថិតក្នុង​ឃុំកំពង់រាប ស្រុកព្រៃកប្បាស ដែលជាចំណុចសំខាន់ក្នុងការតភ្ជាប់ពីតំបន់ខាងកើតទៅតំបន់ខាងលិច ដោយពុំចាំបាច់ ធ្វើដំណើរតាមទូកដនោះទេ នារដូវវស្សា (ពីមុនៗមកការ​ធ្វើដំណើ​​រ​នារដូវវស្សា ចាំបាច់​ត្រូវការ​ទូកដ ដើម្បី ចម្លង)។​ អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍នឹងស្ពានមួយនេះ​ គឺមហាកម្លាំងសាមគ្គីរបស់​ប្រជារាស្ដ្រដែល​រស់នៅ តាមនិគមជនបទ ពិសេស​អ្នកនៅ​ម្ដុំស្ពាន​នេះ​ផ្ទាល់ ពួកគាត់មានទឹកចិត្តក្នុងការ សាងសង់ស្ពានមួយនេះ ដើម្បីប្រយោជន៍សាធារណៈ បើទោះជាជីវភាព​របស់ពួកគាត់មិនប្រសើរក៏ដោយក្ដី៕

ទិដ្ឋភាពស្ពានឈើចាស់​ ដែលមានសភាពរដិបរដុប

ទិដ្ឋភាពពីចម្ងាយ

ទិដ្ឋភាពស្ពាន និង តំបន់ខាងលិច​ ផ្នែកមួយនៃឃុំកំពង់រាប​ ព័ទ្ធជុំវិញដោយផ្ទៃទឹកល្វឹងល្វើយ

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ៣)


(តពីវគ្គទី ២)

​បុព្វហេតុខ្លះៗ ស្ដីពីជម្លោះរវាងក្រុមធម៌​ចាស់ និង ធម៌​ថ្មី​៖

​     ​    បន្ទាប់​ពី​សម្តេចព្រះសង្ឃរាជ​គណៈមហានិកាយ និល ទៀង ចូល​ទីវង្គ​ត​បាន​ប្រមាណ​ជា​១​ឆ្នាំ ទើប​ព្រះករុណា ស៊ីសុវត្ថិ សព្វព្រះទ័យ​តែងតាំង​ព្រះ​ថេរៈ កែ អ៊ុក គង់នៅ​វត្ត​ឧណ្ណា​លោម ក្រុងភ្នំពេញ ជា​ព្រះ​ធម្ម​លិខិត ព្រះសង្ឃ​នាយក​គណៈមហានិកាយ​នៅ ព​.​ស ២៤៥៨ គ​.​ស ១៩១៤ ។​

សម័យ​នោះ ព្រះសង្ឃ​គង់​ក្នុង​វត្ត​ឧណ្ណាលោម ជា​ព្រះមហា​ថេរៈ មាន​សមណសក្តិ និង វ័យ​ប្រហាក់ប្រហែលគ្នា នឹង​ព្រះអង្គ ហើយ​ព្រះ​ថេរៈ​អង្គ​ខ្លះ​ទៀត​មាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់​ជាង​នោះ ទើប​ពុំ​សូវ​មាន​ការគោរព​កោតក្រែង​ចំពោះ​ព្រះសង្ឃ​នាយក​អង្គ​នេះឡើយ ។ ហេតុនេះ នៅក្នុង​វត្ត​ឧណ្ណា​លោម ជា​វត្ត​ប្រមុខ នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​នោះ មាន​ភាព​រកាំរកូស​ច្រើន មិនសូវ​រៀបរយ​សណ្តាប់ធ្នាប់​ឡើយ ហើយក៏​ពុំ​មាន​ការសិក្សា​រក​ខុស​ត្រូវ​ក្នុង​ការប្រតិបត្តិ​ព្រះពុទ្ធសាសនា​ ដែរ ពោល​គឺ​ប្រតិ​ប​តិ្ត​តាម​ទំនៀម​ទំលាប់​សុទ្ធសាធ ។​

​    ​ថ្ងៃមួយ ជា​ពេល​ជិត​ចូល​វស្សា មាន​អ្នកអង្គម្ចាស់​១​អង្គ ( នាម … ? ) ទំនង​ជា​ដោយហេតុ​បានឃើញ​ភាពឆ្គាំឆ្គង​នៃ​ភិក្ខុ សាមណេរ​ក្នុង​វត្ត​នេះ​ជា​ដើម​នោះ បាន​ទៅ​ទូល​ស្នើរ​សម្តេច​ព្រះ​សង្ឃនាយក កែ អ៊ុក សុំ​បង្កើតអោយមាន​ព្រះសង្ឃ​សំដែង​ព្រះ​វិន័យ​ក្នុង​វិហារ​វត្ត​ឧណ្ណាលោម​ រាល់​រាត្រី ដើម្បីអោយ ភិក្ខុ សាមណេរ​ស្តាប់​រហូតដល់​ចេញ​វស្សា ។​

​     ​សម្តេចព្រះសង្ឃរាជ ក៏​សព្វព្រះទ័យ និង បាន​ស​ម្រឹត​សម្រាំង​ព្រះសង្ឃ​ក្នុង​វត្ត​ឧណ្ណា​លោម បាន​៣​អង្គ​ដែល​ជា​អ្នក​មាន​ភាព​ឆ្លៀវឆ្លាត​ផ្នែក​ខាង​ធម៌​វិន័យ ។ ព្រះភិក្ខុ​៣​រូប​នោះ​គឺ ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ​, ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត និង ព្រះគ្រូ សង្ឃ​វិជ្ជា ហួត តាត ។

​ទទួលបាន​កាតព្វកិច្ច​ដ៏​ សំខាន់​នេះ ព្រះគ្រូ​ទាំង​៣​រូប​ដែល​មាន​ប្រតិពល​ផ្នែក​ធម៌​វិន័យ​ស្រាប់ ហើយ​នោះ​ក៏​បន្ថែម​ការ​សំភី​របស់ខ្លួន​ក្នុង​ការសិក្សា​ស្រា​ជ្រាវ​រាវរក​ឬ​ សគល់ នៃ ព្រះ​វិន័យ​ទ្វេ​ឡើង ហើយ​នាំ​យក​មក​សំដែង និង បង្រៀន​ដល់​ភិក្ខុ​សាមណេរ​ក្នុង​អារាម​នេះ ។

​    ​មិនយូរប៉ុន្មាន បន្ទាប់ពី​បាន​ស្តាប់ និង បាន​រៀន​មក ភិក្ខុ​សាមណេរ​ជាច្រើន​ក្នុង​វត្ត​ឧណ្ណាលោម ចាប់ផ្តើម​ភ្ញាក់រលឹក និង មើលឃើញ​ពី​កំហុស​ដែល​បាន​ប្រតិបត្តិ​កន្លងមក ជាហេតុ​នាំ​អោយ មានការ និយាយ​គ្នា​ច្រើន​ឡើងៗ​ជា​រៀងរាល់ថ្ងៃ​អំពី​ផ្លូវ​ប្រតិបត្តិ​ខុស និង ត្រូវ ។

ប្រការនេះ​បាន​បណ្តាល​អោយ​សម្តេច​ព្រះ​សង្ឃនាយក និង ព្រះមហា​ថេរៈ​មួយចំនួន​ក្នុង​ជួរ​រាជា​គណៈ​កើត​ទោមនស្ស​យ៉ាង​ក្រៃលែង ( ត្បិត​អ្នក​ទាំងនោះ​ក៏​ប្រតិបត្តិ​បែប​មាន​កំហុស​នោះដែរ ) ។ មិនតែប៉ុណ្ណោះ​សោត ពួក​មនុស្ស​ថ្នាក់​កំពូល​នៃ​ព្រះពុទ្ធសាសនា​មហានិកាយ​ក្នុងប្រទេស កម្ពុជា​ទាំងនេះ​បាន​ពោល​លើក​ទោស​ដាក់​ព្រះសង្ឃ​ក្មេងៗ ដែល​មាន​ព្រះគ្រូ​ទាំង​៣​រូប​ជា​ប្រមុខ​នេះ​ថា ពោល​ពាក្យ​ផ្តេសផ្តាស បង្កា​ច់ បង្ខុស ពី​ទំនៀម ទំលាប់​ចាស់​ដែល​ពួកខ្លួន​ធ្លាប់​បាន​ប្រតិបត្តិ ជា​យូរលង់​ណាស់​មកហើយ និង បាន​ហាមឃាត់​ភិក្ខុ​សាមណេរ លែង​អោយ​ទៅ​ស្តាប់ទៅ​រៀន​ទៀត ។

​កម្មវិធី​សំដែង​វិន័យ​ក៏​ចប់​ត្រឹម​នេះ ប៉ុន្តែ​ចរន្ត​នៃ​ការ​ចង់ដឹង ខុស និង ត្រូវ​ពិតប្រាកដ​នេះ មិនបាន បញ្ចប់​ត្រឹមនេះ​ទេ ហើយ​មនសិការ​នេះ រឹតតែ​ខ្លាំងក្លា​ឡើង ។     ​ចំណែក​ព្រះគ្រូ​ទាំង​៣​រូប​ក៏​បាន​បន្ថែម ការព្យាយាម​សិក្សា​ពិនិត្យ​គម្ពីរ​នានា ( កាល​នោះ​សុទ្ធតែ​ជា​គម្ពីរ​ភាសាបាលី ) របស់​ខ្លួន​កាន់តែ​ខ្លាំង និង ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ជាង​មុន ដោយសារ​ពួក​លោក​យល់ និង ប្រាកដថា អ្វី​ដែល​ពួក​លោក​បាន និង កំពុង​ធ្វើ​នោះ​គឺ​ពិតជា​ត្រឹម និង ត្រូវ ឥត​មាន​ល្អៀង​ប្រាសចាក​ពី​ពុទ្ធដីកា​ឡើយ ហើយ​ក៏​ប្រាកដ​ក្នុង​ចិត្ត​ថា រាល់​កិច្ចានុកិច្ច​នោះ ត្បិត​តែ​ចិត្ត​បង្កា​ច់ បំបាក់​អ្នកដទៃ ឬ ថា​ឥច្ឆា​ឈ្នានិស​បុគ្គល​ណា​ម្នាក់ ឬ ថា​ដោយសា​រ​មហិច្ឆត្តា​ប្រាថ្នា​លើកតំកើង​ខ្លួនឯង ក៏​ទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្តីចំរើន និង ភាព​ត្រឹម និង ត្រូវ​នៃ​ព្រះពុទ្ធសាសនា អោយ​ពុទ្ធសាសនិក​មាន​ប្រាជ្ញា ប្រាសចាក​ការជឿ និង ប្រតិបត្តិ​ទាំង​ភាព​ងងឹត ងងល់ និង សេចក្តីចំរើន​ដល់​ប្រទេសជាតិ​ពិតៗ ។ នឹង​ថា​ការ​ពោល​អះអាង​ទាំងនោះ​ជា​គំនិត​របស់ ពួក​លោក​ផ្ទាល់ ក៏​មិនមែន ប៉ុន្តែ​វិន័យ​ទាំងនោះ​មាន​ចែង​ក្នុង​គម្ពីរ​នានា មាន​ព្រះ​ត្រ័យ​បិដក ជាអាទិ៍ ដោយ​ពិត គ្រាន់តែ​ថា គម្ពីរ​ទាំងនោះ​ជា​ភាសាបាលី ដែល​ពួក អ្នក​ប្រកាន់​បុរាណ​និយម​មិនចេះ ឬ មិន​ខ្វល់​ក្នុង​ការពិនិត្យ​តែ​ប៉ុណ្ណោះ ។

​    ​ពាក្យ​ថា “ ធម៌​ចាស់ ” និង “ ធម៌​ថ្មី ” ក៏​បាន​ចាប់បដិសន្ធិ​ឡើង​ក្នុង​ទឹកដី​ខ្មែរ​ចាប់ពីពេលនោះ ពោល​គឺ​ចេញពី​វត្ត​ឧណ្ណាលោម ។ ក្រុម​ដែល​ប្រកាន់ខ្ជាប់​របៀប​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​តាម​ទំលាប់ តៗ​គ្នា​ពី​បុរាណ  ( ទោះ​ជា​ទំលាប់​នោះ​មិន​ត្រឹ​ត្រូវតាម​ពុទ្ធោវាទ​ក្តី ) ហៅថា “ ពួក​ធម៌​ចាស់ ” ហើយ​ពួក​នេះ​មិន​រវីរវល់ នឹងសិក្សា ពិនិត្យ ផ្ទៀងផ្ទាត់​ជាមួយនឹង​គម្ពីរ​ដី​ការ​ដែល​ជា​គោល​គ្រឹះ​នៃ ព្រះពុទ្ធសាសនា​ឡើយ ។

​    ​ក្រុម​ដែល​សិក្សា​ពិនិត្យ និង ប្រតិបត្តិ​តាម​ដែល​មានចែង​ក្នុង​គម្ពីរ​ដីការ ហើយ​ហ៊ាន​កែប្រែ​ប្រសិនបើ​ឃើញ​ថា​ទំលាប់​ណា​ខុស ។ ក្រុម​ត្រូវបាន​ហៅថា “ ក្រុម​ធម៌​ថ្មី ” ។
​    ​សម្តេចព្រះ​មហាសុមេធាធិបតី ហួត តាត បាន​បញ្ចេញ​ទស្សនៈ​ថា “ ពាក្យ ធម៌​ចាស់ និង​ធម៌​ថ្មី នេះ ជា​ពាក្យ​អ​ព្វ​មង្គល អ្នក​បង្កើត​អោយ​មាន​ពាក្យ​នេះ ជា​កំហុស​ដ៏​ធំ​សម្បើម និង គួរអោយ សោកស្តាយ​យ៉ាង​ក្រៃលែង ព្រោះ​ធ្វើអោយ​សង្គម​ពុទ្ធសាសនិក​ខ្មែរ​បែកបាក់​សាមគ្គី  ” ។​

​    ​នៅក្នុង​ពិធី​ថ្វាយ​សញ្ញប​ត្រ មហា​បណ្ឌិត អក្សរសាស្ត្រ​ខ្មែរ ដល់ សម្តេចព្រះសង្ឃរាជ ជួន ណាត នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ ១៩៦៧ ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បាន​មាន​ព្រះ​បន្ទូល​ថា “ អ្នកខ្លះ​និយាយ​ខុស​ទាំងស្រុង​ថា នៅក្នុង​សាសនា​យើង​មាន​ធម៌​ថ្មី ធម៌​ចាស់ ។ តាម​ការពិត​យើង ពុំ​មាន​ធម៌​២​ទេ មានតែ​១​គត់ ។ ដែល​និយាយថា ធម៌​ថ្មី​នោះ គឺ​ការ​ដែល​ខំ​ស​ម្រឹត​សម្រាំង​ព្រះ​សាសនា អោយ​ផុត​អំពី​ជំនឿ​ខុស អំពី​ការ​យល់​ហួស​ហេតុផល និង ទម្លាប់​ខុស គឺ​ពុំមែន​ធ្វើអោយ ព្រះពុទ្ធសាសនា​ទៅជា​បែប​ថ្មី​ទេ ។ ការពិត​គឺ​ធ្វើ​អោយ​ព្រះ​សាសនា​ត្រឡប់​ទៅ​រក​ប្រភព​ដើម​ដ៏​ត្រឹម ត្រូវ​ល្អ​វិញ​តែ​ប៉ុណ្ណោះ ” ។​

​    ​សម្តេចព្រះ​ធម្មលិខិត  កែ អ៊ុក ព្រះសង្ឃ​នាយក​គណៈមហានិកាយ និង ព្រះមហា​ថេរៈ​មួយ ចំនួន​ដែល​ស្ថិត​នៅក្នុង​ជួរ​រាជាគណៈ ជា​មេក្លោង ក្រុម​អភិ​រ័ក្ស​បែប​បុរាណ​និយម ។ ក្រុម​នេះ​ក៏បាន ប្រឆាំង​ដាច់ខាត​ផងដែរ​នូវ​ការសិក្សា​ផ្នែក​បរិយតិ្តធម៌ ដែល​តម្រូវ​អោយ​បកប្រែ​គម្ពីរ​ព្រះពុទ្ធសាសនា ពី​ភាសាបាលី មក​ជា​ភាសាជាតិ ។ ក្រុម​បុរាណ​និយម នេះ​ក៏​បាន​ប្រឆាំង​ផងដែរ នឹង ការយក​គម្ពីរ ដីកា​ព្រះពុទ្ធ​សាសនា​មក​បោះពុម្ព​ជា​សៀវភៅ​ដែល​ប្រើ​ក្រដាស ដោយ​ក្រុម​នេះ​បាន​តម្រូវ​អោយ​រក្សា គម្ពីរ​ដីកា​នានា អោយ​នៅ​ជា​សាស្ត្រា​ស្លឹករឹត ដដែល ។

​    ​ប៉ុន្តែ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត , ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត , ព្រះគ្រូ​វិមល​បញ្ញា អ៊ុំ ស៊ូ និង ព្រះ​បវរ​ញាណ​វិជ្ជា ល្វី ឯម បាន​បន្ថែម​ការព្យាយាម​រិត​តែ​ខ្លាំងក្លា​ក្នុង​ការស្រាវជ្រាវ​ចងក្រង ជា​សៀវភៅ​ដូច​ជា​សៀវភៅ សាមណេរ​វិន័យ , ភិក្ខុ​បាតិមោក្ខ​សង្ខេប , បព្វជ្ជា​ខន្ធ​ក​សង្ខេប​, សីមា​វិនិច្ឆ័យ​សង្ខេប , គ​ហិប្ប​ដិប​ត្ត  និង កឋិន​ក្ខ​ន្ធ​ក ជាដើម បើ​ទោះជា​ត្រូវ​បាន​ក្រុម​សម្តេច ព្រះសង្ឃ​នាយក កែ អ៊ុក បង្ក​ជា​ឧបសគ្គ​រារាំង​យ៉ាងណាក្តី ។​

​    ​ទំនាស់​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​រីក​រាលដាល តាំងពី​ថ្នាក់​រាជធានី​រហូតដល់ ខេត្ត ខណ្ឌ ជនបទ ទូទាំង​ប្រទេស ដែលនាំអោយ​សាមគ្គីភាព​របស់​ពុទ្ធបរិស័ទ​ខ្មែរ​ជួប​ភាព​ប្រេះឆា​យ៉ាង​ជូរចត់ រហូតដល់ ព្រះ​ធម្មលិខិត ព្រះសង្ឃ​នាយក កែ អ៊ុក បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​ក្រសួង​ធម្មការ ដើម្បី​សុំ​ព្រះរាជ អន្តរាគមន៍​ពី​ព្រះករុណា ស៊ីសុវត្ថិ ។​
​    ​បន្ទាប់​ពី​ព្រះរាជសវនាការ និង ជ្រាប​សព្វ​សេចក្តី​មក ព្រះករុណា​បាន​មាន​ព្រះបន្ទូល​សរសើរ យ៉ាង​ក្រៃលែង​ចំពោះ​កិច្ចការ​របស់​ព្រះ​ថេរៈ ទាំង​៤​អង្គ​នេះ និង បាន​ព្រះរាជទាន​ប្រាក់រង្វាន់ ចំនួន ២០​រៀល ( កាល​នោះ​ចំនួន​នេះ​មិនមែន​តិច​ឡើយ ) ដល់​ព្រះគ្រូ​សង្ឃ​សត្ថា ។

​ សោតឯ​ព្រះករុណា មុនី​វង្ស ដែល​កាលនោះ​ទ្រង់​នៅ​ជា ព្រះអង្គម្ចាស់ នៅឡើយ​នោះ ទ្រង់​តែង​មាន​ការសព្វព្រះទ័យ​ចំពោះ​កិច្ចានុកិច្ច​របស់​ព្រះ​ភិក្ខុ​ទាំង​៤ ​រូប​នេះ​ជា​ខ្លាំង ហើយ​មាន​ពេលខ្លះ​បាន​មាន បន្ទូល​ជាមួយ​ព្រះករុណា ស៊ីសុវត្ថិ ថា “ ព្រះសង្ឃ​ចាស់ៗ​ទាំងនោះ ( ក្រុម​របស់ សម្តេច កែ អ៊ុក ) គ្មាន​ចេះ​អ្វី​សោះ អាង​តែ ខ្លួនឯង​ជា​មនុស្ស​ចាស់ ជា​អ្នក​ធំជាងគេ មានគំនិត​ឈ្នានិស គេ មិន​ចង់អោយ​គេ​ចេះដឹង​…​គួរតែ​ដក ចេញពី​តំណែង​ទើប​សម ” ។​

​    ​ក្រុម​នេះ​មិន​បាន​បញ្ចប់​ត្រឹម​នេះ​ឡើយ ហើយ​បាន​បន្ត​ប្រឆាំង​នឹង​កិច្ចានុកិន្ច​របស់​ព្រះគ្រូ អនាគត មហា​បុរស​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំង​នេះ​ដោយ​ប្រការ​ផ្សេងៗ​ទៀត ដែល​ក្នុង​ក៏​មាន​ទាំង​កុង្សីយ៍ សេនាបតី នៃ ក្រសួង​ធម្មការ ក៏​ហាក់​មាន​ទំនោរ​ទៅខាង​ក្រុម​បុរាណ​និយម​ដែរ និង មាន​ចំណែក​ក្នុងការ​បន្ទច់ បង្អាក់​នូវ​ការបោះពុម្ព​ជា​សៀវភៅ​របស់​ព្រះ​ភិក្ខុ​អនាគត​បណ្ឌិត​ទាំងនេះ ។​

​    ​គណៈកម្មការ​មួយ​ត្រូវបាន​ប្រកាស​តែង​តាំ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា គ​.​ស ១៩៣៧ ដែល មាន​សមាជិក​៤​រូប​ដើម្បី​សិក្សា​ពី​ភាព​ផ្សេង​គ្នា​រវាង​ធម៌​ចាស់ និង ធម៌​ថ្មី និង ដើម្បី​រក​មធ្យោបាយ​បន្សាត់ បង់​នូវ​ជម្លោះសាសនា​នាពេលនោះ ។ សមាជិក​ទាំង​បួន​រូប​នោះ​គឺ ព្រះគ្រូ​សំ​សត្ថា ជួន ណាត​, ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត​, ភិក្ខុ អ៊ុំ ស៊ូ និង ភិក្ខុ មឿង ។​

​     ​អ្នកប្រាជ្ញ​ជាតិ​បារាំង​ម្នាក់​ឈ្មោះ ល្វី ហ្វី​ណូត៍ ជា​ចាងហ្វាង​សាលា​បារាំងសែស ( សាលា​ចុង​បូព៌​ពា ) នា​ទីក្រុង ហាណូយ បាន​មក​ដល់​ប្រទេស​ខ្មែរ​នៅ​ឆ្នាំ​១៩២២​ក្នុង​បេសកកម្ម ពិនិត្យមើល​កិច្ចការ​នៅ​នគរវត្ត និង ការសិក្សា​នានា​នៅ​ប្រទេស​ខ្មែរ ។ លោក ហ្វី​ណូត៍ ជា​អ្នក​ស្ទាត់ ជំនាញ​នូវ​ភាសាបាលី សំស្ក្រឹត និង អក្សរ​ខ្មែរ​បុរាណ ដែល​មាន​ចារិក​លើ​ផ្ទាំង​ថ្ម​នានា ។ លោក​យល់ថា ខ្មែរ​មិន​គួរ​សិក្សា​ភាសាឡាតាំង ទៀត​ទេ ព្រោះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​អក្សរសាស្ត្រ​ជាតិ​របស់​ខ្លួន ហើយ ថា​នៅ​សាលា​ធំៗ ខ្មែរ​គួរ​សិក្សា ភាសាបាលី និង សំស្ក្រឹត ត្បិត​ភាសា​ខ្មែរ​មាន​ទំនាក់ទំនង​យ៉ាង ច្រើន​ជាមួយ​ភាសា​ទាំងពីរ​នេះ ។​

​     ​លោក​បាន​មើលឃើញ​ទៀតថា ឥឡូវនេះ ភាសាបាលី​មាន​អ្នកសិក្សា​ច្រើន​គួរសម​ហើយ ប៉ុន្តែ នៅ​មិនទាន់មាន​អ្នកសិក្សា​ភាសាសំស្ក្រឹត​សោះឡើយ ហេតុនេះ​លោក​បាន​ពិគ្រោះ​ជាមួយ ឡឺ​រ៉េស៊ីដង់ត៍ ស៊ូ​ប៉េ​រី​យើរ ( ប្រចាំ​នៅ​កម្ពុជា ) ថា​ត្រូវ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ពី​រូប​ដែល​មាន​ចំណះ​វិជ្ជា​ច្បាស់លាស់​ ផ្នែក ភាសាបាលី ( ងាយស្រួល​បង្រៀន​ភាសាសំស្ក្រឹត ព្រោះ​ភាសា​ទាំងពីរ​នេះ​ប្រហាក់ប្រហែលគ្នា ) ទៅ​ទីក្រុង​ហាណូយ ហើយ​លោក​នឹង​បង្រៀន​ដោយផ្ទាល់ បន្ទាប់មក​នឹង​បញ្ជូន​ព្រះសង្ឃ ទាំង​ពីរ​រូប​នោះ អោយ​ត្រឡប់​មក​បណ្តុះបណ្តាល​ភាសា​នេះ​នៅ​កម្ពុជា​វិញ ។​

​     ​រាជការ​ខ្មែរ​ជ្រើសរើស​ព្រះសង្ឃ​បាន​មួយ​រូប​គឺ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ដែល​កាលនោះ ព្រះអង្គ​មាន​នាទី​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី​នៅ​សាលា​បាលី​ ជាន់ខ្ពស់ ( ពុទ្ធិក​សកល វិទ្យាល័យ​ព្រះ​សុរា​ម្រឹត ) ។
​ព្រះគ្រូ​សង្ឃ ​សត្ថា បាន​មាន​ព្រះ​ថេរ​ដីកា​ថា “ បើ​រាជការ​បញ្ជូន​ព្រះសង្ឃ​អង្គណា​ទីទៃ​ពី ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត នោះ ព្រះអង្គ​នឹង​មិន​និមន្ត​ទៅ​សិក្សា​ឡើយ ត្បិត​មានតែ​ព្រះគ្រូ​រូបនេះ​ទេ ដែល​មាន​ចំណេះវិជ្ជា​ផ្នែក​ភាសាបាលី និង សំស្ក្រឹត​នេះ​ស្រាប់ សោតឯ​អាធ្យាស្រ័យ​ក៏​ត្រូវ​គ្នា​ជាមួយ នឹង​ព្រះអង្គ​ផង​ទៀត ” ។ ដោយហេតុនេះ ព្រះគ្រូ​សង្ឃ​វ​ជ្ជា នៃ យើង​ក៏​បាន​ត្រូវ​បញ្ជូន​ទៅ​សិក្សា នៅ​ទីក្រុង​ហាណូយ ជាមួយ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ទៀត​។

​    ​ពួក​អ្នក​ប្រកាស​ខ្លួន​ថា ជា​អ្នក​ធម៌​ចាស់ ពេល​បាន​ដឹងថា ព្រះគ្រូ​ទាំង​ពីរ​រូប​ដែលជា​អ្នក​ដឹក នាំ​ការសិក្សា​កែប្រែ​នូវ​ការប្រតិបត្តិ​ខុសឆ្គង​អោយ​ត្រឡប់​ជា​ត្រឹមត្រូវ​ វិញ​តាម​ពុទ្ធបញ្ញត្តិ​នេះ ត្រូវបាន រាជ​ការជ្រើសរើស​បញ្ជូន​អោយ​ទៅ​សិក្សា​នៅ​ហាណូយ​យ៉ាងនេះ ពួក​នេះ​មាន​ការ​សប្បាយចិត្ត ហើយ បាន​ផ្សព្វផ្សាយ​ថា ការបញ្ជូន​នេះ​ជា​លេស​ដែល​រាជការ​បោះបង់​ភិក្ខុ​ទាំង​ទ្វេ​នេះ​ចោល​តែ​ ប៉ុណ្ណោះ ហេតុនេះ មុខ​ជា​នឹង​មិន​មាន​ថ្ងៃ​ណា​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ឡើយ ។​
​ព្រះ ​គ្រូ​មាន​សារជាតិ​ជា​បណ្ឌិត​មិន​មាន​ទោមនស្ស​នឹង​រឿង​នេះ​ឡើយ លោក​បាន​ខិតខំ​សិក្សា មិន​តែ​ភាសាសំស្ក្រឹត​ឡើយ លោក​ថែមទាំង​បាន​សិក្សា​នូវ​អក្សរ​សិលា​ចារិក និង ស្វែងយល់​ពី​ជីវភាព ស្រុកទេស​នៅ​ទីនោះ​ផងដែរ ។

​    ​ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយមក​អនាគត​មហា​បុរស​របស់​យើង ទាំង​ទ្វេ ត្រូវបាន​បញ្ជូន​ត្រឡប់​មក មាតុប្រទេស​វិញ ហើយ​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត ត្រូវបាន​អោយ បន្ត​កិច្ចការ​ជា​សាស្ត្រាចារ្យ ភាសាបាលី​តទៅទៀត ខណៈ​ព្រះគ្រូ សង្ឃ​វិជ្ជា ហួត តាត ត្រូវ​បាន​តែង តាំង​ជា​សាស្ត្រាចារ្យ​បង្រៀន ភាសាសំស្ក្រឹត​នៅ​សាលា​បាលី​ជាន់ខ្ពស់ ហើយក៏​ជា​សាស្ត្រាចារ្យ​ភាសាសំស្ក្រឹត​ដំបូង​គេ​នៅ​កម្ពុជា ចាប់ តាំង​ពី​ការដួលរលំ​អាណាចក្រ​អង្គរ ។

(តទៅវគ្គទី ៤)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

ទំនៀម​របស់​ប្រជារាស្ត្រ​កម្ពុជា ក្នុង​ការ​រៀប​រណ្ដាប់​អង្គ​កឋិន​ទាន


ទំនៀម​របស់​ប្រជារាស្ត្រ​កម្ពុជាក្នុង​ការ​រៀប​រណ្ដាប់​អង្គ​កឋិន​ទាន​មាន​ដូច​ខាង​ក្រោម៖

-​ រណ្ដាប់​អង្គ​កឋិន​១​សម្រាប់ សម្រាប់​ប្រគេន​ព្រះ​ថេរៈ​១​អង្គ​ដែល​ក្រាល​គ្រង​គឺ ស្បង់​១ ចីពរ​១, សង្ឃាដី​១, អង្ស័ក​១, វត្ថពន្ធ​ចង្កេះ​១, វត្ថពន្ធ​ទ្រូង​១, និសីទនៈ​១, ឆត្រ​១, បាត​១, កំសៀវ​ទឹក​១, កន្ទេល​១, ខ្នើយ​១, មុង​១, ភួយ​១, គ្រែ​១, ឆ្នាំង​១, ចាន​ស្លាប​ព្រា….។
រណ្ដាប់​ញត្តិ ឬ​រណ្ដាប់​សូត្រ​ឆ្វេង-ស្ដាំ ២​សម្រាប់ : សំរាប់​ប្រគេន​ព្រះ​ថេរៈ​២​អង្គ ដែល​សូត្រ​ញត្តិ​គឺ​មាន​ចីវរ​១, លៀង, (ស្បង់​១, ចីពរ​១) និង​បរិក្ខារ​មួយ​ចំនួន​ទៀត….។

រណ្ដាប់​បរិក្ខារ​ច្រើន​សម្រាប់ សម្រាប់​ប្រគេន​ព្រះ​ភិក្ខុ​សង្ឃ​បរិស័ទ ដែល​គង់​ហត្ថបាស​អនុមោទនា​កឋិន​។ រណ្ដាប់​នេះ គេ​និយម​រៀប​ធ្វើ​ជា​កញ្ចប់ ហើយ​ក្នុង​កញ្ចប់​នេះ​មាន​ជា​អាទិ៍៖ ស្បង់​ឬ​សាដក​១​ទៀន​ធូប តែ ស្ករ បារី ឈើ​គូស ច្រាស​ថ្នាំ​ដុស​ធ្មេញ ថ្នាំ​ពេទ្យ សាប៊ូ សៀវភៅ ប៊ិច ខ្មៅ​ដៃ (ប្រាក់)​។ រណ្ដាប់​នេះ គេ​អាច​ធ្វើ​ឲ្យ​មាន​ចំនួន​ច្រើន សម្រាប់​ប្រគេន​សាមណេរ​ផង ប្រសិន​បើ​វត្ត​នោះ​មាន​សាមណេរ​។ ក្រៅ​ពី​រណ្ដាប់​ទាំង​បី​ផ្នែក​នេះ អ្នក​សាមី​ដើម​ទាន តែង​ប្រកាស​បវារណា​នូវ​ប្រាក់​មួយ​ចំនួន​សម្រាប់​ប្រគេន​ព្រះ​សង្ឃ​ផ្ទាល់ និង​មួយ​ចំនួន​ធំ​សម្រាប់​កសាង​សមិទ្ធិ​ផ្សេង​ៗ ដូច​ជា កុដិ វិហារ ស្រះ ខ្លោង​ទ្វារ របង​វត្ត សាលា​រៀន មន្ទីរ​ពេទ្យ…។    បណ្ដា​បរិក្ខារ​ទាំងអស់​នៃ​កឋិន​ទាន និយាយ​សរុប​មាន​តែ​ពីរ​យ៉ាង​គឺ​ស្បង់​១​ឬ​ចីពរ​១, ឬ​សង្ឃាដី​១, ប៉ុណ្ណោះ​ជា​កឋិន​ចីវរ គឺ​ចីវរ​ដែល​ភិក្ខុ​ត្រូវ​ក្រាល​និង​បរិក្ខារ​ក្រៅ​ពី​នេះ​ហៅ​ថា អានិសង្ស​លាភ​។

កម្ម​វិធី​កឋិន ៖

បណ្ដា​២៩​ថ្ងៃ គឺ​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​កត្តិក បើ​អ្នក​សាមី​ដើម​ទាន​ស្ម័គ្រ​ថ្ងៃ​ណាមួយ​ហើយ គេ​តែង​បោះ​ជា​កម្មវិធី​ផ្សព្វ​ផ្សាយ​ចែក​ចាយ​ដល់​ញាតិ មិត្ត ជិត​ឆ្ងាយ​ដើម្បី​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កឋិន​របស់​គេ​។ សម័យ​បច្ចុប្បន្ន គេ​ចូល​ចិត្ត​កំណត់​កម្ម​វិធី​នេះ​ឲ្យ​ត្រូវ​លើ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ គឺ​សូត្រ​មន្ត​ថ្ងៃ​សៅ ដង្ហែ​ទៅ​អាទិត្យ​។

ក/ថ្ងៃ​សូត្រ​មន្ត ៖ ថ្ងៃ​សូត្រ​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​កឋិន​ទាន ដែល​គេ​និយម​ធ្វើ​នៅ​វេលា​ល្ងាច​។ ល្ងាច​នោះ នៅ​គេហដ្ឋាន​អ្នក​សាមី​ដើម​កឋិន​ទាន គេ​សង្កេត​ឃើញ​មាន ៖
-​ ពិធី​ទទួល​បដិសណ្ឋារៈ​យ៉ាង​អធិកអធម​ដោយ​ភោជនាហារ​យ៉ាង​ពោរពាស ចំពោះ​ភ្ញៀវ​ជិត​ឆ្ងាយ ដែល​អញ្ជើញ​មក​ចូល​បច្ច័យ​ចាប់​កុសល​ជាមួយ​។
– ពិធី​ចម្រើន​ព្រះ​បរិត្ត និង​សំដែង​ធម៌​ទេសនា​។
– ជួន​កាល​មាន​សំដែង​សិល្បៈ ជូន​ភ្ញៀវ​កម្សាន្ត​ផង​។
– នៅ​ក្នុង​វត្ត​ដែល​ទទួល​អង្គ​កឋិនទាន ក៏មាន​ពិធី​សូត្រ​មន្ត​ទេសនា​ដែរ

ខ/ថ្ងៃ​ដង្ហែ ឬ​ថ្ងៃ​ថត ៖ជា​ថ្ងៃ​ទី​២​នៃ​កឋិន​ទាន ដែល​គេ​និយម​ធ្វើ​នៅ​ពេល​ព្រឹក​។ ព្រឹក​នេះ គេ​សង្កេត​ឃើញ៖
– ការ​ជបជុំ​គ្នា​នៅ​ផ្ទះ​អ្នក​សាមី​ដើម​ទាន ដើម្បី​រថយន្ត​ចូល​រួម​ដង្ហែ​អង្គ​កឋិន​ទាន​ឆ្ពោះ​ទៅ​កាន់​វត្ត​ដែល​បាន​ គ្រោង​ទុក​។
– ពេល​ដង្ហែ គេ​សង្កេត​ឃើញ​នៅ​ជាប់​និង​មុខ​រថយន្ត នៃ​អង្គ​កឋិន​មាន​ចង​បដា​អក្សរ​ធំ​ៗ​ថា “កឋិនទាន​ដង្ហែ​ទៅ​កាន់​វត្ត…….”​។
– នៅ​លើ​រថយន្ត មាន​ក្រុម​ឆៃយ៉ាំ ឡក​លេង​ប្រគំ​កំដរ លាន់​ឮ​រំពង​រហូត​ដល់​វត្ត​។
– នៅ​ឯ​វត្ត​អារាម​វិញ គេ​បាន​រៀបចំ​បោស​ច្រាស​យ៉ាង​ស្អាត​តុបតែង​លំអ​ដោយ​ទង់​ជ្វាលា ទង់​ជាតិ ទង់​សាសនា រំយោល​ផ្កា​ភ្ញី​យ៉ាង​ល្អល្អះ​ព្រោងព្រាត​។
– បន្ទាប់​ពី​ប្រគេន​ភត្តាហារ និង​ពិធី​ទទួល​អង្គ​កឋិន និង​ជួន​ភោជនាហារ​ចំពោះ​ភ្ញៀវ​មក​មាន​ពិធី​ដង្ហែ​អង្គ​កឋិន​ប្រទក្សិណ​ព្រះ​ វិហារ​ជា​ទក្ខិណាព័ត៌ (បត់​ពី​ឆ្វេង​ទៅ​ស្ដាំ) ដោយ​មាន​ក្រុម​ឆៃយ៉ាំ​ប្រគំ​ឡក​លេង​រាំ​លេង​រាំ​យោង​មុខ​យ៉ាង​ក្រមិចក្រមើម​ គួរ​សប្បាយ​រីករាយ​ជ្រះថ្លា, បន្ទាប់​មក មាន​លោក​អាចារ្យ​នាំ​មុខ​អ្នក​ដើម​ទាន​ទូល​ត្រៃ​ធំ រណ្ដាប់​សូត្រ​ឆ្វេង-ស្ដាំ និង​កាន់​រណ្ដាប់​បរិក្ខារ​ផ្សេង​ៗ រួច​ហើយ​ចូល​ទៅ​តម្កល់​ក្នុង​កណ្ដាល​ព្រះ​វិហារ ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ពុទ្ធ​បដិមា និង​ព្រះ​ភិក្ខុ​សង្ឃ​។ ពេល​នោះ មាន​ពិធី​នមស្សការ​ព្រះ​រតនត្រ័យ សមាទាន​សីល ប្រកាស​បច្ច័យ​សង្កត់​ត្រៃ​វេរ​អង្គ​កឋិន​ចំពោះ​ព្រះ​សង្ឃ ពិធី​ក្រាល​កឋិន ព្រះ​សង្ឃ​សូត្រ​ធម៌​អនុមោទនា​ឲ្យ​ពរ​សាធុការ​ដល់​សាមី​ដើម​ទាន និង​សប្បុរសជន​ទាំងអស់​។

វិធី​វេរ​អង្គ​កឋិន ៖

តាម​ទម្លាប់​របស់​លោក​អាចារ្យ​ដែល​ជា​អ្នក​តំណាង​ម្ចាស់​កឋិន តែង​វេរ​អង្គ​កឋិន​ចំពោះ​ព្រះ​សង្ឃ​តាម​វិធី​ពីរ​យ៉ាង ស្រេច​ហើយ​លើ​ការ​ចូល​ចិត្ត​របស់​ខ្លួន ៖

-​ ពិធី​វេរ​បែប​ទី​១៖ បើ​គេ​យក​សាច់​សំពត់​សុទ្ធ​មក​វេរ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ក្រាល​កឋិន​នោះ លោក​អាចារ្យ​តែង​វេរ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់)​។ ឥមំ ទុស្សំ កឋិនំ សង្ឃស្ស ទេម, ទុតិយម្បិ ឥមំ….ទេម, តតិយម្បិ ឥមំ…ទេម យើង​ខ្ញុំ​ទាំងឡាយ សូម​វេរ​នូវ​សំពត់​នេះ​ដើម្បី​កឋិន​ចំពោះ​ព្រះ​សង្ឃ, អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង​។
– បើ​គេ​យក​ចីវរ​ធ្វើ​ស្រេច​មក​វេរ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ក្រាល​កឋិន​នោះ​លោក​អាចារ្យ​តែង​វេរ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់) ឥមំ កឋិនចីវរំ សង្ឃស្ស ទេម, ទុតិយម្បិ ឥមំ…ទេម, តតិយម្បិ ឥមំ…ទេម យើង​ខ្ញុំ​ទាំងឡាយ សូម​វេរ​នូវ​កឋិន​ចីវរ​នេះ​ចំពោះ​ព្រះ​សង្ឃ អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង​។
– ប្រសិន​បើ​មាន​បរិក្ខារ​ផ្សេង​ៗ ក្រៅ​ពី​សំពត់​កឋិន ឬ​កឋិន​ចីវរ​ផង​ដែល​ហៅ​ថា​អានិសង្ស​លាភ នោះ​លោក​អាចារ្យ​តែង​វេរ​បន្ថែម​ទៀត​ថា យេនម្ហាកំ កឋិនំ គហិតំ កឋិនានិសំសានិតស្សេវ ទេម, ទុតិយម្បិ យេនម្ហាកំ…ទេម, តតិយម្បិ យេនម្ហាកំ… ទេម រី​កឋិន​នៃ​យើង​ខ្ញុំ​ទាំងឡាយ គឺ​លោក​ម្ចាស់​អង្គ​ណា​ទទួល​កាន់​យក យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​នូវ​បរិក្ខារ​ទាំងឡាយ​ជា​អានិសង្សលាភ នៃ​កឋិន​ចំពោះ​លោក​ម្ចាស់​អង្គ​នោះ​ឯង​។ អស់​វារៈ​ពីរ​ដង​ផង​។ អស់​វារ​បី​ដង​ផង​។

ចុចដើម្បីមើលអត្ថបទទាំងស្រុង

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ២)


(តពីវគ្គទី ១)

សមណសក្ដិដែលសម្ដេចបានទទួល៖

  • ថ្ងៃទី​២២​​ ខែ​កក្កដា ​ឆ្នាំ​១៩២២​ សម្ដេចព្រះមហាសង្ឃរាជ​ ប្រទានឋានន្ដរសក្ដិជាព្រះគ្រូសង្ឃវិជ្ជា។
  • ឆ្នាំ ១៩១៩ រាជការតែងតាំងជាក្រុមជំនុំរៀបចំបង្កើតវចនានុក្រមខ្មែរ។
  • ឆ្នាំ ១៩២២ រាជការចាត់ឲ្យទៅរៀនភាសាសំស្រ្កឹត អក្សរថ្ម ខ្មែរបុរាណ និង ប្រវត្តិពុទ្ធសាសនានៅបរទេស ក្នុងសំណាក់លោក ល្វី ហ្វីណូត៍ ចាងហ្វាងសាលាបារាំងសែស នៅអាស៊ីអាគ្នេយ៍​ក្រុងហាណូយ​ ជាមួយនឹងព្រះគ្រូសង្ឃសត្ថា​ ជួន ណាត។
  • ឆ្នាំ ១៩២៤ មកពីហាណួយវិញ រាជការតែងតាំងជាសាស្ដ្រាចារ្យបង្រៀនភាសាសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់។
  • ឆ្នាំ ១៩២៥ រាជការតែងតាំងជាសមាជិកពិនិត្យវិញ្ញាសា​នៃសៀវភៅទាំងឡាយ​ដែលគ្រឹះស្ថាននោះ ត្រូវបោះផ្សាយ។
  • ឆ្នាំ ១៩២៨ រាជការចាត់តាំងឲ្យធ្វើបរិវដ្ដ គមនាគមន៍ ដែនកូសាំងស៊ីន​ ជាមួយនឹងអធិបតីនៃព្រះរាជបណ្ណាល័យកម្ពុជា ដើម្បីពន្យល់ព្រះសង្ឃ និង គ្រហស្ថជាតិខ្មែរ ឲ្យពេញចិត្តសិក្សាអក្សរសាស្ដ្រជាតិខ្មែរជាដើម។        ក្រោយមក ជាតំណាងយ៉ាងខ្ពង់ខ្ពស់ នៃព្រះករុណាអម្ចាស់ជីវិតលើត្បូង ជាមួយនឹងអធិបតីនៃប្រទេសឥណ្ឌូចិនបារាំងសែស ដើម្បីពន្យល់រាស្ដ្រអំពីប្រយោជន៍ និង ការបង្កើតពុទ្ធសាសនបណ្ឌិត្យ។
  • ឆ្នាំ ១៩៣១ សម្ដេចស៊ីសុវត្ថិមុនីវង្ស ប្រទានសមណស័ក្ដិឡើងទីជា វិសុទ្ធិវង្ស​ ទីរាជាគណៈកិត្តិយស ឆ្នាំនោះដែររាជការឲ្យនិមន្ដទៅក្រុងវៀងចន្ទន៍  និង ហ្លួងព្រះបាង ប្រទេសលាវជាមួយនឹងព្រះសាសនសោភ័ណ ជួន ណាត ជាតំណាងប្រទេសខ្មែរ ក្នុងមហាសន្និបាតនៃពិធីបុណ្យពុទ្ធសាសនបណ្ឌិត្យនៃប្រទេសលាវផង និង​ ការប្រជុំដើម្បីបង្កើតសាលាបាលីជាន់ខ្ពស់ក្នុងប្រទេសលាវផង។
  • ឆ្នាំ ១៩៣៥ ត្រូវបានចាត់តាំងឲ្យទៅបង្រៀនសំស្ក្រឹត និង ភាសាខ្មែរនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ភ្នំពេញ និង ទទួលជាអធិបតីរងក្រុមជំនុំប្រែត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។
  • ឆ្នាំ ១៩៤០ បានឡើងជាព្រះសាក្យវង្ស ហួត តាត ទីរាជាគណៈថ្នាក់ត្រី ។
  • ឆ្នាំ ១៩៤៤ ជាព្រះគ្រូសូត្រស្ដាំ វត្តឧណ្ណាលោម។
  • ឆ្នាំ ១៩៤៥ ឡើងជាព្រះមហាវិមលធម្ម និង ចាអធិបតីនៃថេរសភាជាន់ខ្ពស់ ដែលធ្លាប់ធ្វើជាសមាជិកច្រើនឆ្នាំមកហើយ។
  • ឆ្នាំ ១៩៤៧ ត្រូវបានតែងតាំងជាសមាជិកគណៈកម្មការវប្បធម៌ផ្នែកអក្សរ “ក” ដែលក្រោយមកឡើងជាអនុប្រធាននៃគណៈកម្មការវប្បធម៌ជំនួសសម្ដេច ជួន ណាត ដែលលាឈប់ក្នុងពេលព្រះអង្គមានករណីយកិច្ចច្រើនពេក។
  • ឆ្នាំ ១៩៤៣,១៩៤៨,១៩៥១ និង ឆ្នាំ ១៩៥៤ សម្ដេចត្រូវបានតែងតាំងជាសមាជិកឆ្លើយឆ្លងសាសាលាចុងបូព៌ា។
  • ថ្ងៃទី ២៦​ ឧសភា ១៩៤៨ បានឡើងជាព្រះពោធិវ័ង្ស ទីរាជាគណៈថ្នាក់ឯក និង តែងតាំងជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ និង ជាអធិបតីនៃក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ។
  • ថ្ងៃទី ២៨​ វិច្ឆិកា ១៩៥៥ រាជការតែងតាំងជាអគ្គាធិការនៃពុទ្ធិកសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា។
  • ថ្ងៃទី ២៤​ ខែកក្កដា ឆ្នាំ១៩៦៤ បានទទួលព្រះឋានៈដ៏ខ្ពង់ខ្ពស់ជាទីប្រឹក្សាជាទីសម្ដេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្យលេខ៥ រវ ចុះថ្ងៃទី ២៤ ខែកក្កដា​ ឆ្នាំ ១៩៦៤។
  • ឆ្នាំ ១៩៦៩ ក្រោយពីសម្ដេចព្រះសង្ឃរាជ ជួន ណា ចូលព្រះទីវង្គតទៅ សម្ដេចព្រះពោធិវ័ង្ស ហួត តាត បានទទួលឋានៈជាព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃរាជ។

សម្ដេចព្រះប្រមុខរដ្ឋទ្រង់ប្រគេនគ្រឿងឥស្សរិយយស មហាសិរីវឌ្ឍន៍សុវត្ថារា ចំពោះសម្ដេចព្រះពោធិវ័ង្ស ហួត តាត

កិច្ចការងារបម្រើសាសនា៖

  • ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥២ សម្ដេចព្រះពោធិវ័ង្ស ហួត តាត ត្រូវរាជរដ្ឋាភិបាលតែងតាំងជាប្រធានគណៈប្រតិភូ តំណាំងពុទ្ធសាសនាកម្ពុជា ទៅប្រទេសជប៉ុន ចូលរួមមហាសន្និបាតលើកទី២ នៃពុទ្ធិកសមាគមពិភពលោក នៅតូក្យូ និង ក្រុងផ្សេងទៀតក្នុងប្រទេសនេះរយៈពេល ១ខែ ២០ថ្ងៃ។
  • ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៥៣ ព្រះករុណាជីវិតលើត្បូង នរោត្ដម សីហនុ រាជានុញ្ញាតសម្ដេចព្រះពោធិវ័ង្ស ព្រះមហាប៉ាង ខាត់ ដើម្បីសង្កេតការសិក្សា នៅពុទ្ធិកមហាវិទ្យាល័យនានា នៅប្រទេសថៃ។ ត្រឡប់មកវិញរាយការណ៍ថ្វាយសម្ដេចអគ្គសាសនូបត្ថម្ភ ទ្រង់អនុញ្ញាតឲ្យបង្កើតពុទ្ធិមហាវិទ្យាល័យព្រះសីហនុរាជ សម្រាប់បព្វជិតជាតិខ្មែរ ដោយព្រះរាជក្រមលេខ៨៧៩ ន.ស. ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ១៩៥៤។
  • ថ្ងៃទី២៣ ខែមីនា ឆ្នាំ ១៩៥៤ សម្ដេចព្រះពោធិវ័ង្ស ជាប្រធានប្រតិភូខ្មែរទៅប្រទេសជប៉ុន ចូលរួមសន្និសិទអន្ដរជាតិ ដើម្បីស្វែងរកសន្ដិភាពក្នុងពិភពលោក។ ដំណើរលើកនេះអស់រយៈពេល ២ខែ ២០ថ្ងៃ។
  • ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៥៤ បាននិមន្ដទៅប្រទេសភូមាចូលរួមធ្វើឆដ្ឋសង្គាយនា និង ចូលរួមសន្និសិទលើកទី៣ នៃពុទ្ធិកសមាគមពិភពលោក ដែលធ្វើនៅទីក្រុងរ៉ង់ហ្គូន។
  • ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៥៥ សម្ដេចព្រះពោធិវ័ង្ស ជាមួយលោក យឹម វ៉ែន ទីប្រឹក្សាបច្ចេកទេស នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និង លោក កាន់ ម៉េងកៅ ជាវេយ្យាវច្ចករក្នុងដំណើរទស្សនាពិនិត្យការសិក្សាលើកទី២ នៅប្រទេសថៃម្ដងទៀត។
  • ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៥៦ សម្ដេចព្រះពោធិវ័ង្ស អមដំណើរដោយលោក ជា ទន់ សាស្ដ្រាចារ្យពុទ្ធិកវិទ្យាល័យបាននិមន្ដទៅធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិចអស់រយៈពេល ៣ខែ តាមការនិមន្ដរបស់រដ្ឋាភិបាលអាមេរិច ដោយបានយល់ព្រមពីរាជរដ្ឋាផិបាលខ្មែរ។
  • ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៧៥ សម្ដេចដឹកនាំគណៈប្រតិភូខ្មែរ ទៅប្រទេសលាវ ចូលរួមបុណ្យពុទ្ធសតវត្សទី២៥ នៅទីក្រុងវៀងចន្ទន៍ និង ក្រុងហ្លួងព្រះបាង។
  • ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៨ ត្រូវបានពុទ្ធិកសមាគមចិន និមន្ដទៅទស្សនាប្រទេសចិន រយៈពេល ១ខែកន្លះ។
  • ឆ្នាំ១៩៥៩ រាជរដ្ឋាភិបាលកម្ពុជា ចាត់តាំងសម្ដេចជាតំណាងចូលរួមបុណ្យអនុឆដ្ឋសង្គាយនា នៅក្រុងរ៉ង់ហ្គូន ជាមួយនឹងលោក ជា ទន់ សាស្ដ្រាចារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត អស់រយៈពេល ២សប្ដាហ៍។ បន្ទាប់ពីនោះនិមន្ដបង្ហួសទៅគោរពពុទ្ធបូជនីយដ្ឋាននានា នៅប្រទេសឥណ្ឌា ចំនួន ១ខែ ហើយឆ្លងទៅកោះសិរីលង្កា ដើម្បីធ្វើអភិវន្ទន៍ព្រះចង្កូមកែវ និង ទស្សនាសាលារៀនខាងពុទ្ធសាសនា នៅទីនោះចំនួន ២សប្ដាហ៍ទៀត។

(តទៅវគ្គទី ៣)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

ព្រះរាជ​ជីវប្រវត្តិ​ សម្ដេច​ព្រះ​សុមេធាធិបតី ហួត តាត (វគ្គទី ១)


ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៥ នៃ​គណៈ​មហា​និកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ជីវប្រវត្តិសង្ខេប
ព្រះនាម​ដើម៖ ហួត តាត​
ព្រះនាម​ពេញ៖ សម្ដេចព្រះ​មហាសុមេធាធិបតី ហួត តាត ព្រះសង្ឃរាជ គណៈមហានិកាយ​
ប្រសូត៖ ថ្ងៃ​អាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៣៥/គ.ស.​១៨៩២ សុគត ឆ្នាំ​ថោះ ព.ស.​២៥១៩/គ.ស.​១៩៧៥
ស្រុកកំណើត៖⁣ ​ភូមិ​ផ្សារ​ឧដ្ដុង្គ ឃុំវាំងចាស់⁣ ស្រុកឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ
​សុគត៖ ព​.​ស​.២៥១៩/​គ​.​ស​.១៩៧៥ (៨៤​ឆ្នាំ​)
​ឋានៈ ៖សម្ដេចព្រះសង្ឃរាជ (​គណៈមហានិកាយ​)
ទ្រង់​កាន់​តំណែង​៖ ពី​ព.ស.​២៥១៣ ដល់ ព.ស.​២៥១៩(៦​ឆ្នាំ​) ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ
បន្ត​ពី៖ ជួន ណាត​
​បន្ត​ដោយ៖ ទេព វង្ស​

សម្ដេច​ព្រះ​មហាសុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៥ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយត្រូវបានចាត់ទុកជាមហា​បុរស​ខ្មែរទី២។ សម្តេចព្រះ​មហាសុមេធាធិបតី​ ហួត តាត ជា​សមាជិក​គណៈកម្មកា​រ​រៀបចំ និង ពិនិត្យ​វចនានុក្រម​ខ្មែរ និង ជា​អ្នក​មាន​ចំណែក​គុណូបការៈ​ដ៏​សំខាន់​ក្នុង​ព្រះពុទ្ធសាសនា អក្សរសាស្ត្រ ប្រពៃណីជាតិ​, វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ និង សាលា​បាលី​ជាន់ខ្ពស់ ហើយព្រះអង្គជា​កល្យាណមិត្ត និង សហការី​របស់​សម្តេច​សង្ឃរាជ​មហា​បុរស​ខ្មែរទី១ ជួន ណាត ។​

សម្តេចព្រះ​មហាសុមេធាធិបតី សង្ឃ​រាជ ហួត តាត ប្រសូត្រ​នៅ​ថ្ងៃអាទិត្យ ១៥​កើត ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស​២៤៣៥ គ​.​ស ១៨៩២ នៅ​ភូមិ​ផ្សារ​ឧដុង្គ ឃុំវាំងចាស់⁣ ស្រុកឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ ។ ព្រះអង្គមាន បិតា​នាម ហុក សេង ហៅ ហួត មាតា​នាម ង៉ែត និងមានបងប្អូនចំនួន ០៤នាក់គឺ៖

  • អ្នកស្រី ហួត ⁣ស៊ុន
  • អ្នកស្រី ហួត ហួយ
  • ខ្លួនសម្ដេចផ្ទាល់ និង
  • លោក ហួត ⁣គ្រុយ ។

​    ​អាយុ ​៧​ឆ្នាំ កុមារ​ហួត តាត ត្រូវបានមាតាបិតានាំទៅរៀន​អក្សរសាស្ត្រជាតិ លេខនព្វន្ត​ ក្នុង​សំណាក់ព្រះ​ធម្ម​ឃោសា​ចារ្យ មាស គង់នៅវត្តប្រាង្គ រហូតចេះអាន សរសេរច្បាស់លាស់ អាចប្រើការបាន។

អាយុ ១៣ឆ្នាំ បួសជាសាមណេរក្នុង​សំណាក់ព្រះ​ធម្ម​ឃោសា​ចារ្យ មាស។ សាមណេរ ហួត តាត បានបំពេញឧបជ្ឈាយវត្ត[១] ១វស្សា ព្រះធម្ម​ឃោសា​ចារ្យ ជាឧ​បជ្ឈាយ៍ [២] ក៏អនិច្ចធម្មទៅ។ សាមណេរក៏ទៅរៀននៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះធម្មលិខិត សូរ ជាក្មួយព្រះឧបជ្ឈាយ៍ កាលលោកនៅមានព្រះ ជន្មតែងបាន ផ្ដាំឲ្យមើលខុសត្រូវ សាមណេរ ហួត តាតនោះផង។

ព្រះធម្មលិខិត សូរ អនិច្ចធម្មដោយជរាពាធ នាំឲ្យសាមណេរ ហួត តាត អស់ទីពឹងពំនាក់ដូចមុន ប៉ុន្ដែម្ដងនេះនេន អាយុ ១៧ឆ្នាំ លោកបានតស៊ូប្រឹងប្រែងរៀនសូត្រ ដល់ អាយុ ១៩ឆ្នាំ បានចេះដឹងអាចបង្រៀនបាន ហើយលោកក៏ធ្វើជាអាចារ្យបង្រៀនព្រះត្រៃបិដកផង ខំរៀនខ្លួនឯងផង នាំឲ្យមានកិត្តិស័ព្ទល្បីរន្ទឺឆ្ងាយ រហូតដល់ព្រះ មហាសង្ឃរាជ ទៀង ប្រោសប្រណីដល់សាមណេរ ហួត តាត ជាច្រើន។

ឆ្នាំ ១៩១២ សាមណេរ ហួត តាត មានអាយុ ២០ឆ្នាំបរិបូណ៌ ដែលកំពុងជាប់ចិត្តរៀនព្រះត្រៃបិដក ដោយកម្លាំងសទ្ធាដ៏បរិសុទ្ធ បានសូមឧបសម្ប័ទ[៣]ជា ភិក្ខុក្នុងពុទ្ធសីមាវត្ត ឧណ្ណាលោម មានព្រះ មហាសង្ឃរាជ ទៀង ជាឧបជ្ឈាយ៍ មានព្រះវនរ័ត ចាន់  និង លោកគ្រូវិមលធម្ម គង់ ជាឧបសម្បទាចារ្យ [៤]ដែលមាន ព្រះឧបជ្ឈាយ៍ប្រទានប្បញ្ញតិ្តថា “វជិរប្បញ្ញោ” ។

តាំងពីឧបសម្បទា[៥]ហើយ ភិក្ខុ ហួត តាត កាន់តែខិតខំព្យាយាមសិក្សារៀនសូត្រទ្វេឡើង។ ឆ្នាំ ១៩១៣ បានប្រឡងជាប់មហា៤ប្រយោគ ដែលជាប្រយោគផុតថ្នាក់ ក្នុងសម័យនោះ នៅវិហារព្រះកែវមរកត ក្រុងភ្នំពេញ នាំឲ្យអាចារ្យ និង មន្ដ្រីសង្ឃគ្រប់អង្គស្ងើចសរសើរ។

 

[១] វត្ត​ប្រតិបត្តិ​ដែល​សទ្ធិ​វិហារិក​ត្រូវ​ធ្វើ​ចំពោះ​ឧ​បជ្ឈាយ៍​របស់​ខ្លួន

[២] គ្រូ​បង្រៀន​ធម៌ ឬ​គ្រូបង្រៀន​ច្បាប់ ។ ព. ពុ. ព្រះ​ថេរៈ ដែល​ភិក្ខុ​ឬ​សាម​ណេរ​សូម​និស្ស័យ​ប្រគល់​ខ្លួន​ឲ្យ​លោក​ត្រួត​ត្រា​ស្តី​ថា ទូន្មាន​បង្រៀន​ប្រដៅ​។

[៣]ការ​ដល់​នូវ​ភាព​ជា​ភិក្ខុ ឬ​ការ​បាន​ជា​ភិក្ខុ​ភាព គឺ​ការ​បួសជា​ភិក្ខុ ឬ​ការ​បំបួស​សាមណេរ​ឲ្យ​បាន​ជាភិក្ខុ ( ដោយ​ញត្តិចតុត្ថកម្ម​វាចា​តាម​លក្ខណ​ប្បញ្ញត្តិ​ក្នុង​វិន័យ​ពុទ្ធ​សាសនា ) : បាន​ឧ​បសម្ប័ទ សម្រេច​ឧបសម្បទានៅ​វេលា… ។

[៤] លោក​គ្រូ​សូត្រ

[៥] (​សំ. បា. ឧបសម្បទា, ឬ​សំ. ឧបសម្បទ៑ ក៏​មាន​ខ្លះ )

(តទៅវគ្គទី ២)

អត្ថបទដែលទាក់ទង៖

ប្រភព៖ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរ

ស្វែងយល់ពីពាក្យខ្មែរ ៖ គប់គិត និង ឃុបឃិត


កន្លងមក តាមការសង្កេតរបស់ខ្ញុំ នៅលើទំព័រកាសែតក្ដី ទូរទស្សន៍ក្ដី និង កន្លែងផ្សេងៗទៀតមានការ ប្រើប្រាស់ ពាក្យខុស ពោលគឺ លើការសរសេរ និងការអានជាដើម ដែលនាំឲ្យភាសាខ្មែរស្ថិតក្នុងភាពមិនច្បាស់លាស់ ។ គួរខ្មែរគ្រប់រូបប្រើប្រាស់ពាក្យដែល ត្រឹម ត្រូវបំផុត កុំប្រើតាមទម្លាប់តៗគ្នា ព្រោះពេលខ្លះវាខុសទាំងស្រុង ដែល នាំឲ្យបាត់បង់តម្លៃនៃភាសាជាតិយើង ។ ក្នុងការប្រើប្រាស់ ពាក្យពេចន៍នេះដែរ យើងឃើញថាខ្មែររស់នៅកម្ពុជា ក្រោមប្រើប្រាស់បានត្រឹមត្រូវជាង ខ្មែរនៅ កម្ពុជា។ ខាងក្រោមនេះជា ពាក្យ ដែលយើងគួរស្វែងយល់ទាំងអស់ គ្នា និង ប្រើប្រាស់ឲ្យបាន ត្រឹមត្រូវតាម វចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត  ដែលពេលនេះខ្ញុំ លើកយក ពាក្យចំនួន ពីរ មកបង្ហាញដូចតទៅ ៖

យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទំព័រ ១២៩ ជួរខាងស្ដាំ បន្ទាត់ទី ២ ៖

គប់គិត  កិ.  រួមគំនិតគ្នា, គិតគូរគ្នា។  ឧទាហរណ៍៖ សុខ គប់គិតជាមួយសៅ ដើម្បីដណ្ដើមយក​កង់របស់ ណារី ។

គួរកត់សម្គាល់ ៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ។  ឧទាហរណ៍៖ សុខ ឃុបឃិតជាមួយសៅ ដើម្បីដណ្ដើមយកកង់របស់ ណារី។

យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ដដែល ៖

ឃុបឃិត  ពុំឃើញមាននៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ ។ មួយវិញទៀត ពាក្យ “ឃុបឃិត” នេះគ្មានអត្ថន័យទាល់តែសោះ  មិនដឹងជាចង់មានន័យថាយ៉ាងដូចម្ដេច?  មិនដឹងជាចង់សំដៅទៅលើអ្វី? ….?

គួរកត់សម្គាល់៖ ខ្មែរភាគច្រើន ទាំងក្មេង ទាំងចាស់ តែងតែប្រើប្រាស់ពាក្យខុស ពោលគឺច្រើនតែនិយាយ ឬ សរសេរ ថា ឃុបឃិត ដែលគ្មានអត្ថន័យទាល់តែសោះ មកជំនួសពាក្យ គប់គិត ដែលត្រឹមត្រូវ ។

តាមរយៈពាក្យពេចន៍ទាំងពីរ ដែលបានលើកឡើងខាងលើនេះ យើងគួរតែពិចារណាឡើងវិញ ដើម្បីកុំឲ្យភាសាខ្មែរស្ថិតក្នុងភាពមិនច្បាស់លាស់។ ពិសេសគឺអង្គភាពដែលពាក់ព័ន្ធនឹងការងារភាសាជាតិ ត្រូវតែពិនិត្យ ជជែកពិភាក្សាគ្នា និង លើកហេតុផលឲ្យកាន់តែច្បាស់លាស់ អំពីពាក្យពេចន៍ខ្មែរ ដើម្បីឆ្ពោះទៅរកការឯកភាពគ្នាក្នងការប្រើប្រាស់ភាសាជាតិខ្មែរយើង។ បើទោះបីជាយើងបង្កើតពាក្យថ្មីជំនួសពាក្យចាស់ យ៉ាងណាក្ដី ពាក្យថ្មីនោះត្រូវតែមានអត្ថន័យ មានភាពត្រឹមត្រូវ និង សមស្របបំផុត  ប៉ុន្ដែបើពាក្យចាស់ មានអត្ថន័យត្រឹមត្រូវ គ្រប់គ្រាន់ហើយ យើងគួរគប្បីបន្ដប្រើប្រាស់ កុំយកពាក្យដែលគ្មានអន្ថន័យមកជំនួស ព្រោះនាំឲ្យបាត់បង់តម្លៃនៃភាសាជាតិ ។

ដោយ៖ បូណា

%d bloggers like this: