Blog Archives

អបអរសាទរ ខួបទី៥៩បុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា


ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ គឺជាខួបទី៥៩ នៃទិវាបុណ្យឯករាជ្យជាតិ។​ បុណ្យ​ឯករាជ្យ​ជាតិជាទិវាមួយ​ដ៏​ធំ​ប្រចាំ​ឆ្នាំ ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​នូវ​គុណូបការៈ​ដល់​យុទ្ធជន យុទ្ធនារី​ខ្មែរ ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ​ ឈានទៅដល់ការ​ដណ្តើម​បានឯករាជ្យ​ភាព​ពេញលេញ​ពី​ប្រទេស​បារាំង​។ ក្នុងរយៈពេល៩០ឆ្នាំ បារាំង​បាន​ធ្វើ​ជា​អាណាព្យាបាលប្រទេស​កម្ពុជា គឺគិតចាប់តាំង​ពី​ឆ្នាំ​១៨៦៣ រហូតដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣​។​​ គិតមកដល់ថ្ងៃនេះកម្ពុជា​យើងទទួលបាន​ឯករាជ្យ​៥៩ឆ្នាំ​ហើយ ។

Advertisements

ទំនៀម​របស់​ប្រជារាស្ត្រ​កម្ពុជា ក្នុង​ការ​រៀប​រណ្ដាប់​អង្គ​កឋិន​ទាន


ទំនៀម​របស់​ប្រជារាស្ត្រ​កម្ពុជាក្នុង​ការ​រៀប​រណ្ដាប់​អង្គ​កឋិន​ទាន​មាន​ដូច​ខាង​ក្រោម៖

-​ រណ្ដាប់​អង្គ​កឋិន​១​សម្រាប់ សម្រាប់​ប្រគេន​ព្រះ​ថេរៈ​១​អង្គ​ដែល​ក្រាល​គ្រង​គឺ ស្បង់​១ ចីពរ​១, សង្ឃាដី​១, អង្ស័ក​១, វត្ថពន្ធ​ចង្កេះ​១, វត្ថពន្ធ​ទ្រូង​១, និសីទនៈ​១, ឆត្រ​១, បាត​១, កំសៀវ​ទឹក​១, កន្ទេល​១, ខ្នើយ​១, មុង​១, ភួយ​១, គ្រែ​១, ឆ្នាំង​១, ចាន​ស្លាប​ព្រា….។
រណ្ដាប់​ញត្តិ ឬ​រណ្ដាប់​សូត្រ​ឆ្វេង-ស្ដាំ ២​សម្រាប់ : សំរាប់​ប្រគេន​ព្រះ​ថេរៈ​២​អង្គ ដែល​សូត្រ​ញត្តិ​គឺ​មាន​ចីវរ​១, លៀង, (ស្បង់​១, ចីពរ​១) និង​បរិក្ខារ​មួយ​ចំនួន​ទៀត….។

រណ្ដាប់​បរិក្ខារ​ច្រើន​សម្រាប់ សម្រាប់​ប្រគេន​ព្រះ​ភិក្ខុ​សង្ឃ​បរិស័ទ ដែល​គង់​ហត្ថបាស​អនុមោទនា​កឋិន​។ រណ្ដាប់​នេះ គេ​និយម​រៀប​ធ្វើ​ជា​កញ្ចប់ ហើយ​ក្នុង​កញ្ចប់​នេះ​មាន​ជា​អាទិ៍៖ ស្បង់​ឬ​សាដក​១​ទៀន​ធូប តែ ស្ករ បារី ឈើ​គូស ច្រាស​ថ្នាំ​ដុស​ធ្មេញ ថ្នាំ​ពេទ្យ សាប៊ូ សៀវភៅ ប៊ិច ខ្មៅ​ដៃ (ប្រាក់)​។ រណ្ដាប់​នេះ គេ​អាច​ធ្វើ​ឲ្យ​មាន​ចំនួន​ច្រើន សម្រាប់​ប្រគេន​សាមណេរ​ផង ប្រសិន​បើ​វត្ត​នោះ​មាន​សាមណេរ​។ ក្រៅ​ពី​រណ្ដាប់​ទាំង​បី​ផ្នែក​នេះ អ្នក​សាមី​ដើម​ទាន តែង​ប្រកាស​បវារណា​នូវ​ប្រាក់​មួយ​ចំនួន​សម្រាប់​ប្រគេន​ព្រះ​សង្ឃ​ផ្ទាល់ និង​មួយ​ចំនួន​ធំ​សម្រាប់​កសាង​សមិទ្ធិ​ផ្សេង​ៗ ដូច​ជា កុដិ វិហារ ស្រះ ខ្លោង​ទ្វារ របង​វត្ត សាលា​រៀន មន្ទីរ​ពេទ្យ…។    បណ្ដា​បរិក្ខារ​ទាំងអស់​នៃ​កឋិន​ទាន និយាយ​សរុប​មាន​តែ​ពីរ​យ៉ាង​គឺ​ស្បង់​១​ឬ​ចីពរ​១, ឬ​សង្ឃាដី​១, ប៉ុណ្ណោះ​ជា​កឋិន​ចីវរ គឺ​ចីវរ​ដែល​ភិក្ខុ​ត្រូវ​ក្រាល​និង​បរិក្ខារ​ក្រៅ​ពី​នេះ​ហៅ​ថា អានិសង្ស​លាភ​។

កម្ម​វិធី​កឋិន ៖

បណ្ដា​២៩​ថ្ងៃ គឺ​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​កត្តិក បើ​អ្នក​សាមី​ដើម​ទាន​ស្ម័គ្រ​ថ្ងៃ​ណាមួយ​ហើយ គេ​តែង​បោះ​ជា​កម្មវិធី​ផ្សព្វ​ផ្សាយ​ចែក​ចាយ​ដល់​ញាតិ មិត្ត ជិត​ឆ្ងាយ​ដើម្បី​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កឋិន​របស់​គេ​។ សម័យ​បច្ចុប្បន្ន គេ​ចូល​ចិត្ត​កំណត់​កម្ម​វិធី​នេះ​ឲ្យ​ត្រូវ​លើ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ គឺ​សូត្រ​មន្ត​ថ្ងៃ​សៅ ដង្ហែ​ទៅ​អាទិត្យ​។

ក/ថ្ងៃ​សូត្រ​មន្ត ៖ ថ្ងៃ​សូត្រ​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​កឋិន​ទាន ដែល​គេ​និយម​ធ្វើ​នៅ​វេលា​ល្ងាច​។ ល្ងាច​នោះ នៅ​គេហដ្ឋាន​អ្នក​សាមី​ដើម​កឋិន​ទាន គេ​សង្កេត​ឃើញ​មាន ៖
-​ ពិធី​ទទួល​បដិសណ្ឋារៈ​យ៉ាង​អធិកអធម​ដោយ​ភោជនាហារ​យ៉ាង​ពោរពាស ចំពោះ​ភ្ញៀវ​ជិត​ឆ្ងាយ ដែល​អញ្ជើញ​មក​ចូល​បច្ច័យ​ចាប់​កុសល​ជាមួយ​។
– ពិធី​ចម្រើន​ព្រះ​បរិត្ត និង​សំដែង​ធម៌​ទេសនា​។
– ជួន​កាល​មាន​សំដែង​សិល្បៈ ជូន​ភ្ញៀវ​កម្សាន្ត​ផង​។
– នៅ​ក្នុង​វត្ត​ដែល​ទទួល​អង្គ​កឋិនទាន ក៏មាន​ពិធី​សូត្រ​មន្ត​ទេសនា​ដែរ

ខ/ថ្ងៃ​ដង្ហែ ឬ​ថ្ងៃ​ថត ៖ជា​ថ្ងៃ​ទី​២​នៃ​កឋិន​ទាន ដែល​គេ​និយម​ធ្វើ​នៅ​ពេល​ព្រឹក​។ ព្រឹក​នេះ គេ​សង្កេត​ឃើញ៖
– ការ​ជបជុំ​គ្នា​នៅ​ផ្ទះ​អ្នក​សាមី​ដើម​ទាន ដើម្បី​រថយន្ត​ចូល​រួម​ដង្ហែ​អង្គ​កឋិន​ទាន​ឆ្ពោះ​ទៅ​កាន់​វត្ត​ដែល​បាន​ គ្រោង​ទុក​។
– ពេល​ដង្ហែ គេ​សង្កេត​ឃើញ​នៅ​ជាប់​និង​មុខ​រថយន្ត នៃ​អង្គ​កឋិន​មាន​ចង​បដា​អក្សរ​ធំ​ៗ​ថា “កឋិនទាន​ដង្ហែ​ទៅ​កាន់​វត្ត…….”​។
– នៅ​លើ​រថយន្ត មាន​ក្រុម​ឆៃយ៉ាំ ឡក​លេង​ប្រគំ​កំដរ លាន់​ឮ​រំពង​រហូត​ដល់​វត្ត​។
– នៅ​ឯ​វត្ត​អារាម​វិញ គេ​បាន​រៀបចំ​បោស​ច្រាស​យ៉ាង​ស្អាត​តុបតែង​លំអ​ដោយ​ទង់​ជ្វាលា ទង់​ជាតិ ទង់​សាសនា រំយោល​ផ្កា​ភ្ញី​យ៉ាង​ល្អល្អះ​ព្រោងព្រាត​។
– បន្ទាប់​ពី​ប្រគេន​ភត្តាហារ និង​ពិធី​ទទួល​អង្គ​កឋិន និង​ជួន​ភោជនាហារ​ចំពោះ​ភ្ញៀវ​មក​មាន​ពិធី​ដង្ហែ​អង្គ​កឋិន​ប្រទក្សិណ​ព្រះ​ វិហារ​ជា​ទក្ខិណាព័ត៌ (បត់​ពី​ឆ្វេង​ទៅ​ស្ដាំ) ដោយ​មាន​ក្រុម​ឆៃយ៉ាំ​ប្រគំ​ឡក​លេង​រាំ​លេង​រាំ​យោង​មុខ​យ៉ាង​ក្រមិចក្រមើម​ គួរ​សប្បាយ​រីករាយ​ជ្រះថ្លា, បន្ទាប់​មក មាន​លោក​អាចារ្យ​នាំ​មុខ​អ្នក​ដើម​ទាន​ទូល​ត្រៃ​ធំ រណ្ដាប់​សូត្រ​ឆ្វេង-ស្ដាំ និង​កាន់​រណ្ដាប់​បរិក្ខារ​ផ្សេង​ៗ រួច​ហើយ​ចូល​ទៅ​តម្កល់​ក្នុង​កណ្ដាល​ព្រះ​វិហារ ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ពុទ្ធ​បដិមា និង​ព្រះ​ភិក្ខុ​សង្ឃ​។ ពេល​នោះ មាន​ពិធី​នមស្សការ​ព្រះ​រតនត្រ័យ សមាទាន​សីល ប្រកាស​បច្ច័យ​សង្កត់​ត្រៃ​វេរ​អង្គ​កឋិន​ចំពោះ​ព្រះ​សង្ឃ ពិធី​ក្រាល​កឋិន ព្រះ​សង្ឃ​សូត្រ​ធម៌​អនុមោទនា​ឲ្យ​ពរ​សាធុការ​ដល់​សាមី​ដើម​ទាន និង​សប្បុរសជន​ទាំងអស់​។

វិធី​វេរ​អង្គ​កឋិន ៖

តាម​ទម្លាប់​របស់​លោក​អាចារ្យ​ដែល​ជា​អ្នក​តំណាង​ម្ចាស់​កឋិន តែង​វេរ​អង្គ​កឋិន​ចំពោះ​ព្រះ​សង្ឃ​តាម​វិធី​ពីរ​យ៉ាង ស្រេច​ហើយ​លើ​ការ​ចូល​ចិត្ត​របស់​ខ្លួន ៖

-​ ពិធី​វេរ​បែប​ទី​១៖ បើ​គេ​យក​សាច់​សំពត់​សុទ្ធ​មក​វេរ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ក្រាល​កឋិន​នោះ លោក​អាចារ្យ​តែង​វេរ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់)​។ ឥមំ ទុស្សំ កឋិនំ សង្ឃស្ស ទេម, ទុតិយម្បិ ឥមំ….ទេម, តតិយម្បិ ឥមំ…ទេម យើង​ខ្ញុំ​ទាំងឡាយ សូម​វេរ​នូវ​សំពត់​នេះ​ដើម្បី​កឋិន​ចំពោះ​ព្រះ​សង្ឃ, អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង​។
– បើ​គេ​យក​ចីវរ​ធ្វើ​ស្រេច​មក​វេរ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ក្រាល​កឋិន​នោះ​លោក​អាចារ្យ​តែង​វេរ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់) ឥមំ កឋិនចីវរំ សង្ឃស្ស ទេម, ទុតិយម្បិ ឥមំ…ទេម, តតិយម្បិ ឥមំ…ទេម យើង​ខ្ញុំ​ទាំងឡាយ សូម​វេរ​នូវ​កឋិន​ចីវរ​នេះ​ចំពោះ​ព្រះ​សង្ឃ អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង​។
– ប្រសិន​បើ​មាន​បរិក្ខារ​ផ្សេង​ៗ ក្រៅ​ពី​សំពត់​កឋិន ឬ​កឋិន​ចីវរ​ផង​ដែល​ហៅ​ថា​អានិសង្ស​លាភ នោះ​លោក​អាចារ្យ​តែង​វេរ​បន្ថែម​ទៀត​ថា យេនម្ហាកំ កឋិនំ គហិតំ កឋិនានិសំសានិតស្សេវ ទេម, ទុតិយម្បិ យេនម្ហាកំ…ទេម, តតិយម្បិ យេនម្ហាកំ… ទេម រី​កឋិន​នៃ​យើង​ខ្ញុំ​ទាំងឡាយ គឺ​លោក​ម្ចាស់​អង្គ​ណា​ទទួល​កាន់​យក យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​នូវ​បរិក្ខារ​ទាំងឡាយ​ជា​អានិសង្សលាភ នៃ​កឋិន​ចំពោះ​លោក​ម្ចាស់​អង្គ​នោះ​ឯង​។ អស់​វារៈ​ពីរ​ដង​ផង​។ អស់​វារ​បី​ដង​ផង​។

ចុចដើម្បីមើលអត្ថបទទាំងស្រុង

បុណ្យកឋិន​ទាន


កឋិន​ទាន ជា​ផ្នែក​មួយ​របស់​ចីវរ​ទាន ប៉ុន្តែ​ទាន​នេះ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ចីវរ​ទាន ធម្មតា    ព្រោះ​អ្នក​ធ្វើ​និង​អ្នក​ទទួល ត្រូវ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខខ័ណ្ឌ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​ព្រះ​វិន័យ​។

I- ប្រភព​កឋិន​ទាន

សម័យ​ពុទ្ធកាល ពេល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​បាន​ត្រាស់​ដឹង​ថ្មី​ៗ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​សង្ឃ​ប្រើ​ប្រាស់​តែ​សំពត់​បង្សុកូល គឺ​សំពត់​ឥត​ម្ចាស់ ដែល​ភិក្ខុ​រក​បាន​ពី​ព្រៃ​ស្មសាន ឬ​ពី​គំនរ​សំរាម ប៉ុន្តែ​ក្រោយ​មក​ទើប​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​អាច​ប្រើ​ប្រាស់​គហបតី​ចីវរ គឺ​សំពត់​មាន​ម្ចាស់ ដែល​ភិក្ខុ​បាន​មក​ដោយ​សារ​គេ​ប្រគេន​។ ចាប់​ពី​ពេល​នេះ​ហើយ ដែល​កឋិន​ទាន​ចាប់​ផ្ដើម​មាន​កំណើត​ឡើង​។ ឯ​រឿងរ៉ាវ​ដែល​ទាក់ទង​ដល់​បញ្ហា​នេះ មាន​ដំណើរ​សង្ខេប​ដូច​ត​ទៅ ៖
សម័យ​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​ក្នុង​វត្ត​ជេតពន ជា​អារាម​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។ គ្រា​នោះ ពួក​ភិក្ខុ​នៅ​ក្នុង​ដែន​បាឋេយ្យ ប្រមាណ​៣០​រូប សុទ្ធ​តែ​ជា​អ្នក​ប្រព្រឹត្ត​ប្រើ​តែ​ចីវរ​បី នាំ​គ្នា​ទៅ​កាន់​ក្រុង​សាវត្ថី ដើម្បី​គាល់​ព្រះ​មាន​ព្រះ​ភាគ, កាល​បើ​តិថី​ចូល​វស្សា​ជិត​ណាស់​មក​ហើយ ក៏​មិន​អាច​នឹង​ទៅ​ឲ្យ​ទាន់​ចូល​វស្សា ក្នុង​ក្រុង​សាវត្ថី​បាន​ឡើយ ហើយ​ក៏​នាំ​គ្នា​ចូល​ទៅ​ចាំ​វស្សា​ក្នុង​ក្រុង​សាកេត នា​កណ្ដាល​ផ្លូវ​។ ភិក្ខុ​ទាំង​នោះ នៅ​ចាំ​វស្សា​ទាំង​មាន​សេចក្ដី​អផ្សុក​យ៉ាង​ខ្លាំង ព្រោះ​គិត​ថា ព្រះ​មាន​ព្រះ​ភាគ​គង់​នៅ​ក្នុង​ទី​ជិត​យើង​ទាំងឡាយ ចម្ងាយ​៦​យោជន៍​អំពី​ទី​នេះ តែ​យើង​ទាំងឡាយ មិន​សម​បើ​មិន​បាន​ទៅ​គាល់​ព្រះ​អង្គ​សោះ​។
លុះ​ភិក្ខុ​ទាំងឡាយ នៅ​ចាំ​វស្សា​គ្រប់​បី​ខែ​ហើយ ក៏​នាំ​គ្នា​ធ្វើ​បវារណា​ចេញ​វស្សា រួច​ធ្វើ​ដំណើរ​តម្រង់​ទៅ​កាន់​ក្រុង​សាវត្ថី​។ ដោយ​រដូវ​នោះ​នៅ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ មាន​ទឹក​ភក់​រអិល​នៅ​ឡើយ, ភិក្ខុ​ទាំង​នោះ​ក៏​មាន​ចីវរ​ទទឹក​ជោគ មាន​ការ​លំបាក ប៉ុន្តែ​តស៊ូ​ធ្វើ​ដំណើរ​រហូត​ដល់​វត្ត​ជេតពន ដែល​ព្រះ​មាន ព្រះ​ភាគ​គង់​នៅ​។ ពេល​ចូល​ទៅ​ដល់​ពួក​ភិក្ខុ​ទាំង​នោះ​ក៏​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ រួច​អង្គុយ​ក្នុង​ទី​សម​គួរ​។ លំដាប់​នោះ ព្រះ​សាស្ដា​មាន​ព្រះ​បន្ទូល​ថា “ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​រាល់​គ្នា​ល្មម​អត់​ទ្រាំ​បាន​ទេ​ឬ អ្នក​រាល់​គ្នា​ល្មម​ប្រព្រឹត្ត​ទៅ​បាន​ស្រួល​ទេ ឬ​អ្នក​ទាំងឡាយ​មាន​សាមគ្គី​ស្មោះសរ មិន​វិវាទ​ទាស់ទែង​គ្នា នៅ​ចាំ​វស្សា​ស្រួលបួល មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេ​ឬ​? ភិក្ខុ​ទាំង​នោះ​ក៏​ក្រាប​ទូល​រៀបរាប់​អំពី​ដំណើរ​ដើម​ដាន​ដែល​ខក​មក​ចូល​វស្សា​នៅ​ក្នុង​ក្រុង​សាវត្ថី​ជាមួយ​ព្រះ​អង្គ និង​ពី​សុខ​ទុក្ខ​របស់​ខ្លួន​ក្នុង​ការ​នៅ​ចាំ​វស្សា​ពាក់​កណ្ដាល​ផ្លូវ​នោះ ព្រម​ទាំង​ទូល​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​គាល់​ព្រះ​អង្គ​នៅ​ទី​នេះ​។ ព្រះ​សាស្ដា​លុះ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ក៏​ទ្រង់​ធ្វើ​ធម្មិកថា ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ឲ្យ​មក​ជួបជុំ​គ្នា ហើយ​ទ្រង់​អនុញ្ញាត​ថា អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខូនំ កឋិនំ អត្ថរិតុំអត្ថតកឋិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ អនាមន្តចារោ អស្មាទានចារោ គណភោជនំ យាវទត្ថចីវរំ យោ ច គត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ  ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​បាន​នៅ​ចាំ​វស្សា​រួច​ហើយ​ក្រាល​កឋិន​បាន​។ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​បើ​អ្នក​ទាំងឡាយ​បាន​ក្រាល​កឋិន (ប្រកាស​ឲ្យ​សង្ឃ​ឮ​គ្រប់​រូប​ថា​យក​ចីវរ​ណា (ស្បង់​ចីពរ ឬ​សង្ឃាដី ជា​កឋិន)​។ ហើយ​និង​សម្រេច​អានិសង្ស​៥​យ៉ាង​គឺ ត្រាច់​ទៅ​ណា​មិន​បាច់​លា​ភិក្ខុ​ផង​គ្នា​១ ត្រាច់​ទៅ​ណា​មិន​បាច់​យក​ត្រៃចីវរ គ្រប់​ប្រដាប់​១ ឆាន់​គណ​ភោជន​បាន​១ ទុក​ដាក់​អតិរេក​ចីវរ​បាន​តាម​ត្រូវ​ការ​១ ចីវរ​ណា​ដែល​កើត​ឡើង​ក្នុង​អាវាស​នោះ ចីវរ​នោះ​នឹង​មាន​ដល់​ភិក្ខុ​ទាំង​នោះ​១​។
ដោយសារ​មាន​ពុទ្ធានុញ្ញាត​នោះ​ហើយ ទើប​ពុទ្ធ​បរិស័ទ​នាំ​គ្នា​ចាត់​ចែង​សំពត់​ឬ​ចីវរ​យក​ទៅ​វេរ​ប្រគេន​ចំពោះ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​ម៉ត់​ចត់​មិន​ដាច់ ដើម្បី​អនុគ្រោះ​ឲ្យ​ព្រះ​សង្ឃ​មាន​ចីវរ​ប្រើ​ប្រាស់​ផង ដើម្បី​ឲ្យ​ព្រះ​សង្ឃ​បាន​អានិសង្ស​៥​ប្រការ​ផង ដើម្បី​ជា​ការ​កុសល​ផ្ទាល់​ខ្លួន​ផង​។

II- លក្ខខណ្ឌ​បុណ្យ​កឋិន​ទាន

ដោយ​កឋិន​ជា​ទាន​ពិសេស​ប្លែក​ពី​ទាន​នានា ឬ​ចីវរ​ទាន​ធម្មតា​នោះ​អ្នក​ធ្វើ​និង​ភិក្ខុ​សង្ឃ​អ្នក​ទទួល ត្រូវ​គោរព​ដាច់​ខាត និង​ម៉ឺងម៉ាត់​បំផុត​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​វិនយប្បញ្ញត្តិ ដូច​ត​ទៅ ៖

១-លក្ខខណ្ឌ​សម្រាប់​អ្នក​ធ្វើ៖ អ្នក​ណា​ក៏​អាច​ធ្វើ​កឋិន​ទាន​បាន​ទោះ​ជា​មនុស្ស​ក្ដី ទេពតា​ក្ដី អ្នក​បួស​ក្ដី គ្រហស្ថ​ក្ដី កាល​ណា​ដល់​កឋិន​កាល គឺ​រដូវ​កឋិន​ដែល​មាន​រយៈ​កាល ២៩​ថ្ងៃ ដោយ គិត​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ ដល់​១៥​កើត ខែ​កត្តិក ហើយ​អាច​យក​សំពត់​ដែល​ល្មម​កាត់​ដែរ​ធ្វើ​ជា​ស្បង់ ឬ​ចីពរ​ឬ​ក៏​សង្ឃា​ដី​បាន​ទៅ​វេរ​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​ត្រី​មាស​ដោយ​ពាក្យ​ថា ឥមំ ទុស្សំ កឋិនំ សង្ឃស្ស ទេម យើង​ខ្ញុំ​សូម​វេរ​សំពត់​នេះ ចំពោះ​ព្រះ​សង្ឃ​ដើម្បី​ក្រាល​កឋិន ប៉ុណ្ណេះ​ជា​ការ​ស្រេច​។ ប្រសិន​បើ អ្នក​ចេះ​កាត់​ដេរ​ជ្រលក់​ធ្វើ​ជា​ស្បង់​ឬ​ចីពរ ឬ​សង្ឃាដី​ឲ្យ​ស្រេច ទើប​យក​ទៅ​វេរ​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​គ្រប់​ត្រី​មាស​ក្នុង​វត្ត​ណា​មួយ​នោះ​ដោយ​បញ្ចេញ​វាចា​ថា ឥមំ កឋិនចីវរំ សង្ឃស្ស ទេម យើង​ខ្ញុំ​សូម​វេរ​កឋិន​ចីវរ​នេះ ចំពោះ​ព្រះ​សង្ឃ ប៉ុណ្ណេះ​ជា​ការ​ស្រេច​អ្នក​នោះ​ឈ្មោះ​ថា​បាន​ធ្វើ​កឋិន​ហើយ​។

២-លក្ខខណ្ឌ​សម្រាប់​ទទួល ៖ ព្រះ​សង្ឃ​ឬ​ភិក្ខុ​ជា​អ្នក​ទទួល​ឬ​ជា​អ្នក​ក្រាល​កឋិន ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​វិនយប្បញ្ញត្តិ​ជា​អាទិ៍ ៖

– សង្ឃ​អាច​ទទួល​កឋិន​បាន​តែ​ក្នុង​រដូវ​កឋិនកាល​។

– ភិក្ខុ​អ្នក​បាន​នៅ​ចាំ​វស្សា​អស់​ត្រី​មាស​។

– សង្ឃ​អ្នក​ទទួល ត្រូវ​មាន​ភិក្ខុ​ចាប់​ពី ៥​រូប​ឡើង​ទៅ​។

– បើ​គេ​ប្រគេន​ជា​ដាច់​សំពត់​សុទ្ធ សង្ឃ​ត្រូវ​យក​ទៅ​ធ្វើ​ឲ្យ​កើត​ជា​ស្បង់​ឬ​ចីពរ​ឬ​ជា​សង្ឃាដី​ត្រឹមត្រូវ ​    ទើប​យក​ទៅ​ក្រាល​។

–  ត្រូវ​ធ្វើ​ពិធី​ក្រាល​កឋិន​ឲ្យ​ចប់​ក្នុង​ថ្ងៃ​ដែល​គេ​វេរ​ប្រគេន គឺ​មិន​ត្រូវ​បង្អង់​ពេល ឬ​ពន្យារ​ពេល​ឲ្យ​កន្លង​រាត្រី​បាន​ឡើយ​។

– ភិក្ខុ​ក្រាល​ត្រូវ​ចេះ​អានិសង្ស​៥ មាតិកា ៨ បលោពោធ ២ អនត្ថតាការៈ ២៤ អត្ថតាការៈ ១៧​។

–  ភិក្ខុ​អ្នក​ក្រា​មាន​សិទ្ធ​យក​តែ​ស្បង់​១ ឬ​ចីពរ​១ ឬ​សង្ឃាដី​១ ប៉ុណ្ណោះ​លាភ ឬ​ជា​បរិក្ខារ​បន្ទាប់​បន្សំ​របស់​កឋិន​។

III- កឋិន​ទាន​នៅ​កម្ពុជា

កឋិន​ទាន​ក្នុង​ជំនាន់​ពុទ្ធកាល ហាក់​ដូច​ជា​ងាយ​នឹង​ធ្វើ​សោះ ទោះបី​ជន​ក្រីក្រ ខ្វះខាត ថ្នាក់​ទាប​បំផុត​ក៏​ដោយ ឲ្យ​ទេ​មាន​ស្បង់​១ ឬ​ចីពរ​១ ឬ​សង្ឃាដី​១​ឬ​មាន​សំពត់​ត្រឹម​តែ​ពីរ​ឬ​បី​ម៉ែត្រ ក៏​អាច​យក​ទៅ​វេរ​ចំពោះ ព្រះ​សង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ត្រី​មាស​ក្នុង​វត្ត​ណា​មួយ ក៏​ឈ្មោះ​ថា​ជា​អ្នក​បាន​ធ្វើ​កឋិន​ហើយ ប៉ុន្តែ​បុណ្យ​កឋិន​ទាន​នៅ​កម្ពុជា លុះ​ណា​ទេ​អ្នក​មាន​ស្ដុកស្ដម្ភ ឬ​គ្នា​ច្រើន​ទើប​អាច​ធ្វើ​កឋិន​កើត​ព្រោះ​កឋិន​ទាន​នៅ​កម្ពុជា ពុំ​មែន​មាន​ត្រឹម​តែ​ស្បង់​១​ចីពរ​១ ឬ​សង្ឃាដី​១​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​បរិក្ខារ​ដ៏​ច្រើន​ផ្សេង​ៗ​ទៀត​ជា​ពិសេស បច្ច័យ​សង្កត់​ត្រៃ​សម្រាប់​កសាង​វត្ត​អារាម​និង​សមិទ្ធិ​សាធារណៈ មាន​សាលា​រៀន មន្ទីរ​ពេទ្យ ជាដើម​។

១-គម្រោង​បុណ្យ​កឋិន​ទាន៖ កាល​ណា​ថ្ងៃ​បវារណា​ចេញ​វស្សា​របស់​ព្រះ​សង្ឃ​ជិត​មក​ដល់ ពុទ្ធ​បរិស័ទ​គ្រប់​ជើង​វត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល តែងតែ​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​កឋិន​ទាន​ប្រគេន​ព្រះ​សង្ឃ​គ្រប់​វត្ត​អារាម​តាម​ស្ម័គ្រ​រៀង​ខ្លួន​ដោយ​មាន​ជំនឿ​ជាប់​មក​ជា​ទំនៀម​ថា កឋិន​ទាន ជា​កាល​ទាន មាន​ផលានិសង្ស​ច្រើន​ជាង​ទាន​ទាំង​ពួង គឺ​អ្នក​ធ្វើ​ក៏​បាន​អានិសង្ស អ្នក​ទទួល​ក៏​បាន​អានិសង្ស​។ ជំនឿ​នេះ​បាន​ចាក់​ឫស​ជាប់​នៅ​ក្នុង​ចិត​ថ្លើម​របស់​ពុទ្ធសាសនិក​ជន​ទូទាំង​ប្រទេស រហូត​ដល់​សំគាល់​វត្ត​ដែល​ដល់​រដូវ​កឋិន​ហើយ គ្មាន​នរណា​ហែ​កឋិន​ចូល​ជា​វត្ត​មិន​ស្មើ​មុខ​និង​វត្ត​ដែល​មាន​។ ដូច្នេះ​ហើយ​បាន​ជា​វត្ត​ណា ដែល​គ្មាន​ពុទ្ធបរិស័ទ​ក្រៅ​ជើង​វត្ត​ហែ​កឋិន​ចូល ពុទ្ធបរិស័ទ​ជា​ចំណុះ​ជើង​វត្ត​នោះ តែង​ស្ទុះ​ស្ទា អង្គាស​គ្នា​ធ្វើ​ទាល់​តែ​កើត​ជា​អង្គ​កឋិន​ទាន​ឡើង​មិន​ទុក​ឲ្យ​ទំនេរ​ឡើយ​។ បុណ្យ​កឋិន​នេះ មិនមែន​ត្រឹមតែ​ជា​ទំនៀមទម្លាប់​របស់​ប្រជារាស្ត្រ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ព្រះ​រាជា ព្រះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​តែងតែ​ទ្រង់​ធ្វើ​និង​ចូល​រួម​ពុំ​ដែល​អាក់ខាន​ឆ្នាំ​ណា​ឡើយ​។
អ្នក​មាន​ធនធាន​ច្រើន ដែល​មាន​បំណង​នឹង​ធ្វើ​កឋិន​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះ​សង្ឃ​ក្នុង​វត្ត​ណាមួយ តែងតែ​សុំ ឬ​ឲ្យ​ដំណឹង​ទៅ​ព្រះ​សង្ឃ ឬ​អាចារ្យ​វត្ត​នោះ​ដឹង​ជា​មុន ជា​ពិសេស​តាំង​ពី​ក្នុង​វស្សា​ម្ល៉េះ ថា​ខ្លួន​ហែ​កឋិន​ទាន​មក​កាន់​វត្ត​នោះ​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​នោះ​ពុំខាន​។ ឯ​ពុទ្ធបរិស័ទ ចំណុះ​ជើង​វត្ត​នីមួយ​ៗ ក៏​តែងតែ​ទន្ទឹង​រង់ចាំ​ដំណឹង​តាំង​ពី​ក្នុង​វស្សា​ដែរ ថា​តើ​វត្ត​របស់​ខ្លួន​មាន​ភ័ព្វ​វាសនា និង​បាន​ទទួល​កឋិន​ទាន​របស់​លោក​អ្នកណា​? កឋិន​ទាន​នោះ​ឱឡារិក ធំ​ដុំ ឬ​ក៏​តូច​តាម​ល្មម​ទេ​?

២-រណ្ដាប់​កឋិន​ទាន ៖ បន្ទាប់​ពី​បាន​សម្រេច​ថា និង​រៀបចំ​ធ្វើ​ជា​អង្គ​កឋិន​ហើយ អ្នក​សាមី​ដើម​ទាន​តែងតែ​ខ្វល់ខ្វាយ​ពឹងពាក់​លោក​អាចារ្យ ឬ​ព្រឹទ្ធាចារ្យ​ដែល​ធ្លាប់​យល់​ដឹង ឬ​ធ្លាប់​មាន​ពិសោធន៍ ក្នុង​ការ​រៀប​គ្រឿង​រណ្ដាប់​កឋិន ឲ្យ​ជួយ​ចាត់ចែង​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ទម្លាប់ និង​ក្រឹត្យក្រម​ព្រះ​វិន័យ ។

 

 

ប្រភព៖វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

មរណទុក្ខ របស់ប្រជាជាតិកម្ពុជា ចំពោះព្រះវររាជបិតាឯករាជ្យជាតិ


 

ទិដ្ឋភាព​នៃ​ការ​ដង្ហែ​ព្រះ​បរម​សព​ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហនុ


ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ​បាន​សោយទិវង្គត​កាល​ពី​វេលា​ម៉ោង១ និង២០នាទី​រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃទី១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​មន្ទីរ​ពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ បរម​សព​របស់​ព្រះអង្គ​ត្រូវ​បាន​យាង​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​នៅ​វេលា​ ម៉ោង១១​ព្រឹក​ថ្ងៃទី១៧ ខែ​តុលា ឆ្នាំ​២០១២ ហើយ​បាន​មក​ដល់​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​នៅ​វេលា​ម៉ោង២ និង៤៥​នាទី​រសៀល។

ចុចដើម្បីមើលបន្ថែម

ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហនុ​


​ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិ​ក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។​

ការសិក្សា​

​ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា Francois Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (​វៀតណាម​ខាងត្បូង​)​។​

​នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក​នៅ​សូ​មៀរ (Saumur) ប្រទេស​បារាំង​។​

​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​១

 

​នៅ​ខែមេសា ឆ្នាំ​១៩៤១ ក្រុមប្រឹក្សា​ព្រះរាជបល្ល័ង្គ បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះ​អង្គជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​១៩៤១​។​បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ​បានដាក់​រាជ្យ​ថ្វាយ​ព្រះបិតា​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​១៩៥៥។​

​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​២

​ព្រះអង្គ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​២៤ កញ្ញា ១៩៩៣ ហើយ​ទ្រង់​បានដាក់​រាជ្យ​វិញ​នៅ​ថ្ងៃទី​០៧ ខែ តុលា ឆ្នាំ ២០០៤​។ ក្រោយពី​ការដាក់រាជ្យ ព្រះអង្គ​ត្រូវបាន​គេ​ថ្វាយ​ព្រះនាម​ថា ព្រះមហាវីរក្សត្រ ។​

​ព្រះរាជ​បូជនីយកិច្ច​

​ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ​ក្នុងការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់​ដ៍ សង​មក​ព្រះរាជ​អាណាចក្រ​កម្ពុជា​វិញ​ជាដាច់ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុងពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់​ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង​។​

​ឆ្នាំ​១៩៤៩ ព្រះអង្គ​បានទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ ព្រះរាជ​អាណាចក្រ​កម្ពុជា​។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។​

​ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ​។​

​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ត្ត​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជ​អាណាចក្រ​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​ ។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស សូម​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា “​ព្រះមហា​វីរបុរស​ជាតិ – ព្រះបិតា​ឯករាជ្យ​ជាតិ​”​។​

​ថ្ងៃទី​១៥ មិថុនា ១៩៥២ ព្រះបាទ​នរោត្តម​សីហនុ​វរ្ម័ន ទ្រង់​បាន​ថ្លែង​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរ​ជូន​ជាតិ មាតុភូមិ​ឲ្យ​បាន​ដាច់ខាត​ក្នុង​រយៈពេល​៣​ឆ្នាំ​។ ក្នុងពេលនោះ ដោយមាន​សហការី​ជួយ​គាំទ្រ​ផង ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ប្រទេស​បារាំង​ក្នុង​ខែកុម្ភៈ​១៩៥៣​។ នៅ​ទីនោះ ព្រះអង្គ​បាន​ផ្ញើ​សារលិខិត​ជូន​លោក វ៉ាំ​ង​សង់​អូ​រី​យ៉ូ​ល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ចំនួន​៣​លើក​៖

លើក​ទី​១ ថ្ងៃទី ៥ មីនា ១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​
លើក​ទី​២ ថ្ងៃទី ១៨ មីនា ១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​ដែរ​
លើក​ទី​៣ ថ្ងៃទី ៣ មេសា ១៩៥៣ ពី​ទីក្រុង​ផុង​តែ​ណឺ​ប្លូ​។​

ដោយ​រដ្ឋាភិបាល​បារាំង​ពុំមាន​អើពើ​អ្វី​នឹង​សំណើ​នោះ ព្រះអង្គ​ទ្រង់​សម្រេច​ព្រះទ័យ​យាង​ទៅធ្វើ​យុទ្ធនាការ​ទាមទារ​ឯក​រាជ្យ​ នៅក្នុង​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក​ទៀត​។​

​នៅ​កាណាដា ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់ ទ្រង់​បាន​ថ្លែង​ទៅ​ពួក​អ្នកសារព័ត៌មាន​ដោយ​សង្កត់ធ្ងន់​លើ​បញ្ហា​ពីរ​ ទាក់ទង​នឹង​រាជាណាចក្រ​កម្ពុជា និង​ប្រទេស​បារាំង ដែលជា​តំណាង​ប្រទេស​លោក​សេរី ក្នុង​ឥណ្ឌូចិន​៖

​ទី​១ គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​កុំ​មុយ​នី​ស​
​ទី​២ គឺ​បញ្ហា​ឯករាជ្យ​បរិបូរ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោង​លើ​បញ្ហា​នេះ ព្រះអង្គ​ទ្រង់​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​ត្រូវការ​របប​កុំ​មុយ​នី​ស​ទេ ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​សុទ្ធ​តែមាន​ដីធ្លី​ជា​កម្មសិទ្ធិ សម្រាប់​បង្កបង្កើនផល​របស់ខ្លួន​។ បញ្ហា​ដែល​គេ​ចង់បាន​នោះ​គឺ ឯករាជ្យ​បរិបូរ​សម្រាប់​ប្រទេសជាតិ​។ ចំណែក​ពួក​កុំ​មុយ​នី​ស គេ​មើលឃើញថា​ប្រទេស​កម្ពុជា ជាទី​តាំង​មួយ​ប្រសើរ​សម្រាប់​ពួកគេ​។​

​នៅ​សហរដ្ឋអាមេរិក ព្រះអង្គ​ទ្រង់​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​សារព័ត៌មាន​ដ៏​ធំ​ មួយ​ឈ្មោះ ញូវយ៉ក​ថែម ចុះផ្សាយ​ក្នុង​ទំព័រ​ទី​១​របស់គេ នៅ​ថ្ងៃទី ១៩ មេសា ១៩៥៣ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល​។ ខ្លឹមសារ​គឺ “… បើ​បារាំង​មិន​យល់ព្រម​ប្រគល់​ឯករាជ្យ​ឲ្យ​កម្ពុជា​ទេនោះ នឹងមាន​គ្រោះថ្នាក់​មួយ​យ៉ាងពិត​ប្រាកដ គឺថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ក្រោកឈរឡើង​ប្រឆាំងនឹង​បារាំង ហើយ​គេ​នឹង​ងាក​ទៅរក​ចលនា​វៀត​មិញ ដែល​ដឹកនាំ​ដោយ​ពួក​កុំ​មុយ​នី​ស​”​។ ក្នុងករណី​មានការ​គំរាមកំហែង ប្រជាពលរដ្ឋ​ប្ដេជ្ញា​ថា “​ពួក​បារាំង​ទាំងអស់​ដែល​នៅក្នុង​ស្រុក​ខ្មែរ នឹងត្រូវ​ឡោមព័ទ្ធ ហើយ​ជីវិតចុងក្រោយ​របស់​ពួកគេ​នឹង​មកដល់ … “​។​

​ព្រះ​បញ្ញាញាណ​ខាងលើនេះ បានធ្វើ​ឲ្យ​មតិ​សកលលោក ពិសេស​លោកខាងលិច តម្រូវ​ឲ្យ​រដ្ឋាភិបាល​បារាំង​ព្រម​ចូលរួម​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ កម្ពុជា ស្ដីពី​ឯករាជ្យ​បរិបូរ​នៃ​រាជាណាចក្រ​កម្ពុជា​។​

(​ដកស្រង់​ពី​គេហទំព័រ វិ​គី​ភី​ឌា​)​

ដំណើរទៅស្រុក


ព្រឹកស្អែកនេះជាថ្ងៃកាន់បិណ្ឌទី ១៣  ខ្ញុំនឹង⁣ធ្វើដំណើរទៅផ្ទះ⁣ ដើម្បីចូលរួមបុណ្យភ្ជុំបិណ្ឌ⁣ដែលនៅសល់ត្រឹមតែ ៣ថ្ងៃទៀតប៉ុណ្ណោះ⁣ ។ អ្នកភូមិវ៉ើតប្រេស⁣ សំណាងល្អ ក្នុងឱកាសភ្ជុំបិណ្ឌទាំងអស់គ្នា !!! ខាងក្រោមនេះជាផ្លូវត្រូវធ្វើដំណើរទៅផ្ទះ ៖

ផែនទីធ្វើដំណើរព្រឹកស្អែក

ថ្ងៃបុណ្យទាន៖បើមិនអញ្ជឹងទេ មិនចំណេញ


បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកាន់​តែខិត​ជិតមកដល់ហើយ​​​​​​​​​​​​​​​  គឺ​​​​​​នៅសល់តែ ០៤ថ្ងៃទៀត ប៉ុណ្ណោះ។  ប្រជាពលរដ្ឋដែល នៅ​ខេត្តឆ្ងាយៗ  ក៏ត្រៀមខ្លួនជា​ស្រេច​ដើម្បី​ទៅ ស្រុក​កំណើត​រៀងៗខ្លួន។​

ពេលនេះគឺជាឱកាស​ដ៏ល្អសម្រាប់​សេវា​កម្មដឹកជញ្ជូន​ដែល​រក​​បានចំណូល​ច្រើន ជាងថ្ងៃធម្មតា ព្រោះឲ្យតែ​​​​​​​​​​​ដល់​រដូវ​បុណ្យ​​ទាន ដូច្នេះពួកគេតែងតែ​ដំឡើ​ង​ថ្លៃ​ឈ្នួល​ ​មួយ ទ្វេជាពីរ ជាបី ​ដើម្បី​បាន​ប្រាក់ចំណេញ​។

តាមរយៈរូបត្លុកនេះតើយ៉ាងម៉េចដែរ ? ខ្ញុំប្រហែលជាអត់ទៅផ្ទះទេ :D​

ទំនួញប្រេត


ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌទី ០២ !!!​ តើអ្នកភូមិទាំងអស់គ្នាទៅបានប៉ុន្មានវត្តហើយ​ ?

ចុចដើម្បីមើលអត្ថបទកំណាព្យទាំងស្រុង

បរាភវសូត្រ


បរាភវសូត្រ​ (អាន​ថា​ ប៉ៈ រ៉ា​ ភៈ​ វៈ)៖​  ជាធម៌សម្ដែងពីហេតុនៃសេចក្ដីវិនាស(១២ប្រការ) យើងតែង​​ត្រូវ​​បានឮ​ព្រះសង្ឃ​សូត្រជា​រៀងរាល់​ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ និង​ ភ្ជុំបិណ្ឌ។ នៅ​ក្នុង​បរាភវសូត្រ​នេះ​​ជា​រឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា​ នាំ​ឲ្យ​វិនាស។

តាម​ពិត​បរាភវសូត្រ​មាន​ន័យ​ថា “មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស”។ សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។ ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស​ ហើយ​ឲ្យ​គេ​ជៀសវាង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស​ហើយ​ ប្រសិន​បើ​គេ​មិន​បាន​ស្ដាប់​ធម៌​នេះ​ គេ​អាច​​នឹង​មិន​ដឹង​ពី​ហេតុ​​ដែល​នាំ​ឲ្យ​វិនាស​​ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស​ជា​​ហេតុ​នាំ​ឲ្យ​វិនាស​ទៅ​វិញ​ទេ។ ក្នុង​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុ​ផល​សាមញ្ញៗ​ និង​ជាក់ស្ដែង​​ដូចជា​ថា​ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាព​ជា​បុគ្គល​អកត្ដញ្ញូ​ មិន​ដឹង​គុណ​ឪពុកម្ដាយ​ អ្នក​លេង​ល្បែង​ ៣​ប្រការ​ គឺ​​ល្បែង​ស្រី​ ល្បែង​ស្រា​ និង​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ ភាព​ជា​អ្នក​ខ្ជិល​ច្រអូស​ជា​ដើម​ថា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស។

ស្ដាប់សំឡេង៖ [audio “http://www.bodhikaram.com/Dhamma%20Talks/para-sutha.mp3%5D

បរាភវសូត្រ
(បទបឋ្យាវត្ត)

បរាភវន្តំ បុរិសំ មយំ បុច្ឆា… មគោតមំ
ភវន្តំ បុដ្ឋុមាគម្ម កឹ… បរា…ភវតោ មុខំ ។

យើង​ខ្ញុំ​ទាំង​ឡាយ          មក​សូម​ទូល​សួរ            នូវ​ហេតុ​ដែល​គួរ             ចម្រើន​វិនាស
ប្រុស​ស្រី​ក្នុង​លោ            ក​សន្និវាស                   ដែល​នឹង​វិនាស              សាប​សូន្យ​ចាក​គុណ។
ឆ្ពោះ​ព្រះ​គោត្ដម             ព្រះ​អង្គ​មាន​បុណ្យ           មេត្តា​និមន្ត                   សម្តែង​ឲ្យ​ទាន
ធម្មជាតិ​ដូច​ម្តេច            ដែល​ជា​ប្រធាន               នាំ​សត្វ​…ឲ្យ​មាន…         សេចក្តី​វិនាស។

ចុចដើម្បីមើលអត្ថបទទាំងស្រុង

%d bloggers like this: