Category Archives: សិទ្ធិមនុស្ស

ខួបទី២១ ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ១៩៩១-២០១២


ថ្ងៃ​អង្គារ ទី២៣ តុលា ២០១២​នេះ គឺ​ជា​ថ្ងៃ​គម្រប់​ខួប​២១ឆ្នាំ​   នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីសដែល​

ចុះ​កាល​ពី​ថ្ងៃទី​២៣ តុលា ១៩៩១ ដើម្បី​បញ្ចប់​សង្រ្គាមស៊ីវិល​ខ្មែរ។ ឆ្លៀត​ក្នុង​ឱកាស​នេះ យើង​ចង់​​​ត្រឡប់​មក​​រំឭក​ត្រួសៗ​ឡើងវិញ អំពី​ខ្លឹមសារ​នៃ​​​កិច្ចព្រមព្រៀង​នេះ។

តើ​អ្នកណាខ្លះ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស?

ប្រទេស​ដែល​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ មាន ១៨​ប្រទេស បូកនឹង​កម្ពុជា។
ក៏ប៉ុន្តែ កម្ពុជា​នៅ​ពេលនោះ​ ត្រូវ​បែងចែក​ជា​ ៤​ភាគី​ទៀត គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ  និង​ខ្មែរក្រហម ដែល​រួមបញ្ចូល​គ្នា​ បង្កើត​ជា ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់។

ប្រទេស​ជា​ហត្ថលេខី ១៨​ ផ្សេង​ទៀត រួមមានមាន៖

  • សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​​អ.ស.ប. (៥ប្រទេស)៖ អាមេរិក, អង់គ្លេស, បារាំង (សហប្រធាន​សន្និសីទ), ចិន និង​សហភាព​សូវៀត
  • ប្រទេស​​នៅ​អាស៊ី​អាគ្នេយ៍ (៨​ប្រទេស)៖ ​ឥណ្ឌូនេស៊ី (សហប្រធាន​សន្និសីទ), ​វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និង​ប៊្រុយណេ ពោល​គឺ ​ប្រទេស​ក្នុង​អាស៊ាន​បច្ចុប្បន្ន លើក​លែង​តែ​​ភូមា​ចេញ។
  • យូហ្គោស្លាវី (ពេលនោះ​ជា​ប្រធាន​ក្រុមប្រទេស​មិនចូល​បក្ស​សម្ព័ន្ធ)
  • ប្រទេស៤​ផ្សេង​​ទៀត គឺ ​ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី

ភាគី​ខ្មែរ ក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ក្រុងប៉ារីស ២៣ តុលា ១៩៩១

តើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ២៣ តុលា ១៩៩១​ ចែង​អំពី​អ្វី​ខ្លះ?

កិច្ចព្រមព្រៀង​ក្រុងប៉ារីស មិនមែន​តែ​មួយ​ទេ គឺ​មាន កិច្ចព្រមព្រៀង២ និង​សេចក្តី​ថ្លែងការណ៍​មួយ។

កិច្ចព្រមព្រៀង​ទី១ ​ស្តី​​អំពី​​ការដោះស្រាយ​ជម្លោះ​​នៅ​កម្ពុជា

ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​នេះ រួមមាន៖

  • ការឈប់បាញ់​រវាង​​ភាគី​ជម្លោះ
  • ការ​កាត់រំសាយទ័ព​
  • ការ​ដកកងទ័ព​បរទេស​ចេញ​ពី​កម្ពុជា
  • ការ​រៀបចំការបោះឆ្នោត
  • ការកំណត់​អាណត្តិ​របស់​អ៊ុនតាក់
  • ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួនខ្មែរ
  • ​​គោលការណ៍​​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កម្ពុជា

កិច្ចព្រមព្រៀង​ទី២ ​អំពី​​ការគោរពឯករាជ្យ អធិបតេយ្យ បូរណភាព​​ និង​អព្យាក្រឹត្យ​របស់​កម្ពុជា

តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ កម្ពុជា​ និង​ប្រទេស​ជា​ហត្ថលេខី​ផ្សេង​ទៀត មានកាតព្វកិច្ច​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ និង​អព្យាក្រឹត្យ​គ្នា​ទៅវិញ​ទៅមក។

សេចក្តី​ថ្លែងការណ៍​ស្តី​អំពី​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ

តាមរយៈ​សេចក្តី​ថ្លែងការណ៍​នេះ ​ប្រទេស​ហត្ថលេខី​សន្យា​ផ្តល់​ជំនួយ ដើម្បី​ជួយ​ស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​​ឡើងវិញ។

Advertisements

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​សហភាពអឺរុប-អាស៊ានៈ ​ករណី​​របស់​លោកស្រី អ៊ុង​ ស៊ាន​ស៊ូជី ត្រូវ​បាន​​លើក​​យក​មក​ពិភាក្សា​


ដោយ ស្ទេហ្វានី ហ្សេ

០៤-០៦-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២៧ ឧសភា ២០០៩៖ សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស និង​ក្រុម​បាតុករ​​ភូមា​ជាច្រើន​​នាក់​ បាន​ធ្វើ​ការ​ទាម​ទារ​អោយ​ដោះលែង​លោកស្រី​អ៊ុង ស៊ាន​ស៊ូជី នៅ​​មុខ​ស្ថាន​ទូត​មីយ៉ាន់​ម៉ា​ ប្រចាំ​នៅ​កម្ពុជា
© ចន វីង/ Magnum
វិបត្តិ ​សេដ្ឋកិច្ច ការ​គំរាម​កំហែង​នៃជម្ងឺ​ឆ្លង​ជុំ​វិញ​ពិភព​លោក ការ​ប្រែប្រួល​អាកាស​ធាតុ… ​ប្រធាន​បទ​ទាំង​នេះ​​​សុទ្ធ​សឹង​តែ​ជា​របៀប​វារៈ ដែលត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​​កិច្ច​ប្រជុំ​ថ្នាក់រដ្ឋ​ មន្រ្តី​ លើក​ទី​១៧ រវាង​តំណាង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន​) និង​សហភាព​អឺរុប នៅ​ថ្ងៃ​ពុធ ទី​២៧ និង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​ឧសភា​ នា​ទីក្រុង​​ភ្នំពេញ។ ក្រៅ​អំពី​របៀប​វារៈ​ដែល​បាន​គ្រោង​ទុក កិច្ច​ប្រជុំ​ក៏​បាន​និយាយ​អំពី​បញ្ហា​​របស់​លោក​ស្រី​ អ៊ុង សាន​ស៊ូជី មេដឹកនាំ​ប្រឆាំង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ភូមា​​ឃុំខ្លួន​នៅ​គេហដ្ឋាន​​អស់​រយៈ​ពេល​៦​ ឆ្នាំ​ និង​កំពុង​ទទួល​រង​ការ​កាត់ទោស​ថ្មី​មួយ​។ ​នៅ​មុន​កិច្ច​ប្រជុំ​នេះ​បន្តិច  ប្រទេស​ថៃ ដែល​បច្ចុប្បន្ន​ ជា​ប្រធាន​​អាស៊ាន​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​​បាន​អំពាវនាវ​សុំ​អោយ​មាន​ការ​ដោះ​លែង​មេដឹកនាំ​ចលនា​​ប្រជាធិបតេយ្យ​ រូប​នេះ​អោយ​បាន​ឆាប់​រហ័ស​​ ហើយ​បន្ទាប់​មក តំណាង​​សមាគម​​ក៏​បាន​​ចេញ​សេចក្តី​ថ្លែង​ការណ៍​​​​ដូច​គ្នា​នេះ​​ផង​ដែរ។ ​ចំណែក​ តំណាង​សហគមន៍​អឺរុប​​បាន​លើក​ឡើង​ថា ការ​ដោះ​លែង​មេ​ដឹក​នាំ​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​រូប​នេះ គឺ​ជា​​ដំណាក់កាល​​ចាប់​ផ្តើម​​​សម្រាប់​ប្រទេស​មីយ៉ាន់​ម៉ា (ភូមា) នៅក្នុង​ការ​ផ្សះ​ផ្សារ​ជាតិ និង​​ការ​ធ្វើ​សមាហរណ​កម្ម​​ចូល​ក្នុង​សមាគម​អាស៊ាន។

កម្ម​វិធី​ជាន់​គ្នា​ដោយ​ចៃដន្យ
ជា ​​ហេតុ​ចៃដន្យ ជំនួប​អន្តរ​ជាតិ​រវាង​សហភាព​អឺរុប​និង​អាស៊ាន ត្រូវ​បាន​រៀប​ចំ​ឡើង​ចំ​ពេល​នឹង​ការ​លើក​លែង​ការ​ឃុំ​ខ្លួននៅ​គេហដ្ឋាន​ របស់​​លោក​ស្រី​ អ៊ុង សាន​ស៊ូជី  ប៉ុន្តែ ក៏​ចំ​​​ពេល​ចាប់​ផ្តើម​ការ​បើក​ការ​ជំនុំជម្រះ​ជា​ផ្លូវ​ការ​លើ​រូប​លោក​ ស្រី កាល​ពី​​១០​ថ្ងៃ​មុន​នេះ (ថ្ងៃទី​១៨ ឧសភា) ហើយ​ដែល​នឹង​កំពុង​បន្ត​ធ្វើ​រហូត​មក​ទល់​សព្វ​ថ្ងៃ​។ រដ្ឋាភិបាល​យោធា​​​ភូមា​​​បាន​ចោទ​ប្រកាន់​ជ័យ​លាភី​រង្វាន់​​ណូប៊ែល​ សន្តិភាព​ឆ្នាំ​១៩៩១ រូប​នេះ​ ពីបទ​រំលោភ​គោល​ការណ៍​នៃការ​ឃុំខ្លួន​នៅគេហដ្ឋាន​  បន្ទាប់​ពី​ជនជាតិ​អាមេរិកាំង​ម្នាក់​បាន​ហែល​​ឆ្លង​ទឹកបឹង​​​ទៅ​ផ្ទះ​របស់​ លោកស្រី។ ​គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​គណបក្ស​របស់​លោក​​ស្រីបាន​ឈ្នះ​ការ​បោះ​ឆ្នោតថ្នាក់ជាតិ កាល​ពី​ឆ្នាំ​១៩៩០ លោកស្រី​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ អស់រយៈ​ពេល​សរុប​១៣​ឆ្នាំ។ ​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​យល់​ឃើញ​ថា​ការ​កាត់​​ទោស​ថ្មី​នេះ​ មាន​​​គោល​បំណង​រា​រាំង​លោក​ស្រី​ មិន​អោយ​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​​ខាង​មុខ​ ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ ក្រោយ​នេះ។

ទន្ទឹម​នឹង​នេះ​ បាតុកម្ម​អហិង្សា​មួយ​ត្រូវ​បាន​រៀប​ចំធ្វើឡើង នៅ​ព្រឹក​​ថ្ងៃ​ពុធ ទី​២៧ ខែ​ឧសភា នៅ​មុខ​ស្ថាន​ទូត​ភូមាប្រចាំ​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​សកម្ម​​​ជន​​​ការ​ពារ​សិទ្ធិមនុស្ស​កម្ពុជា និង​ជន​ជាតិ​ភូមា​ជាច្រើន នាក់ ដើម្បី​ទាម​ទារ​អោយ​មាន​ការ​ដោះ​លែង​លោក​ស្រី​​អ៊ុង សាន​ស៊ូជី ​និង​អ្នក​ទោស​នយោបាយ​ចំនួន​២ពាន់​នាក់​ផ្សេង​​​ទៀត​។ ម្យ៉ាង​ទៀត​​ ក្រុម​បាតុករ​ក៏​បាន​អំពាវ​នាវ​ដល់​​​តំណាង​​ប្រទេស​ ដែល​បា​ន​ចូល​​រួម​កិច្ច​នៅ​ក្នុង​​ប្រជុំ​កំពូល​លើក​នេះ​អោយ​ដាក់​សំពាធ​លើ ​រដ្ឋាភិបាល​យោធា​ភូមា​ ទាក់​ទង​នឹង​ករណី​របស់​លោកស្រី​អ៊ុង សាន​ស៊ូជី​។

លោកស្រី ពុង ឈីវកេក ប្រធាន​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ការ​ពារ​សិទ្ធិ​មនុស្ស (លីកាដូ) បាន​ពន្យល់​​ថា «យើង​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍​របស់​អាស៊ាន​ ហើយ​​យើង​សង្ឃឹម​ថា នៅក្នុង​កិច្ច​​ប្រជុំ​អាស៊ាន-សហភាព​អឺរុប​ ប្រទេស​​ជា​សមាជិក​អាស៊ាន​នឹង​និយាយ​អំពី​ការ​ដោះ​លែង​​លោក​ស្រី​អ៊ុង សាន​ស៊ូជី ដើម្បី​ជម្រុញ​តំណាង​ប្រទេស​ភូមា អោយ​លើក​យក​បញ្ហា​​​នេះ​ទៅ​​​​​ពិភាក្សា​ជាមួយ​មេដឹក​នាំរបស់​ខ្លួន​ ក្នុង​គោល​បំណង​ដោះលែង​លោកស្រី​អោយ​មាន​សេរីភាព​ឡើង​វិញ។

ការ​ជជែក​ពិភាក្សា ទាក់ទង​នឹង «មីយ៉ាន់ម៉ា-​ភូមា»
ជាក់​ស្តែង ជ័យ​លាភី​ពាន​រង្វាន់​ណូប៊ែ​ល​សន្តិភាព​ឆ្នាំ​១៩៩១​រូបនេះ​មិន​ត្រូវ​បាន​ បំភ្លេច នៅ​ក្នុង​​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃនេះ​នោះទេ។ ​ដោយ​ឡែក បញ្ហា​របស់​លោកស្រី អ៊ុង សាន​ស៊ូជី ក៏​ត្រូវ​បាន​លើក​ឡើង​រួចមកហើយ នៅក្នុង​កិច្ច​ប្រជុំ​អាស៊ី​-​អឺរ៉ុប នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃ​អង្គារ ទី​២៦ ឧសភា ដោយមាន​ការ​ចូលរួម​ពី​សំណាក់​បណ្តា​ប្រទេស​អាស៊ី​ផ្សេង​ៗ រួម​មាន​ប្រទេស​ចិន​ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ប្រទេស​មីយ៉ាន់​ម៉ា​​ផង​ដែរ​។​ លោក​ស្រី រ៉ាម៉ា យ៉ាត (Rama Yade) ​រដ្ឋលេខា​ធិ​ការ​​ក្រសួង​ការ​បរទេស​​និង​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​បារាំង បាន​សំដែង​សោមនស្សរីក​រាយ នៅក្រោយ​កិច្ច​ប្រជុំកំពូល នា​ទីក្រុង​ភ្នំពេញ​ថា «ខ្ញុំ​បាន​ចូល​រួម​រាល់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អឺរុប​ អស់រយៈ​ពេល​២​ឆ្នាំ​មកហើយ ហើយ​យើង​មិន​បាន​និយាយ​អំពី​ប្រទេស​ភូមា​​នោះទេ។ នៅទីនេះ គ្រប់​គ្នា​និយាយ​អំពី​វា មិន​ថា​ជនជាតិ​អាស៊ី និង​ចិន»។

នៅ ​ថ្ងៃ​ទី​​១​​នៃ​កិច្ច​ប្រជុំ​​​កំពូល​នេះ​ លោក​ Maung Myint តំណាង​ប្រទេស​មីយ៉ាន​ម៉ា​ បាន​ឡើង​ថ្លែង​​សុន្ទរកថា​ដ៏​វែង​មួយ ដោយគ្មាន​ភាព​ភ្ញាក់​ផ្អើល​អ្វី​ឡើយ។  លោក​បាន​អះអាង​ប្រាប់​​អង្គ​ប្រជុំ​ប្រមុខ​ការទូត​អាស៊ាន និង​សហភាព​​អឺរ៉ុប​ថាការ​ចាប់ខ្លួន​លោក​ស្រី​អ៊ុង សាន​ស៊ូជី គឺជា​សិទ្ធិ​របស់​ប្រទេស​លោក​ ព្រោះ​​លោកស្រី អ៊ុង សាន ស៊ូជី ត្រូវ​បាន​ចាត់​ទុក​ថា​ជា «ជន​បំផ្លាញ»។​ ម្យ៉ាង​ទៀត លោក​​​មិនអាច​ទទួល​បាន​ទេ​ចំពោះ​​ការ​​ជ្រៀត​ជ្រែក​​​ពី​បរទេស​ នៅក្នុង​កិច្ច​ការ​នេះ​។ លោក​បាន​គូស​បញ្ជាក់​ថា  «វា​គឺជា​កិច្ច​ការ​ផ្ទៃក្នុង​… មិនមែន​ជា​កិច្ចការ​សិទ្ធិ​មនុស្ស ហេតុ​ដូច្នេះ យើង​មិ​ន​អាច​ទទួល​យក​បាន​ទេ នូវការ​ដាក់​​សំពាធ​ និង​ការ​ជ្រៀត​ជ្រែក​ពីបរទេស​»។​ លោក​ក៏​បាន​ថ្កោល​ទោស​ចំពោះ​ការ​បដិសេធ​​របស់​សហភាព​អឺរុប ក្នុង​ការ​ហៅ​ប្រទេស​របស់លោក​ថា «មីយ៉ាន់ម៉ា» (​ឈ្មោះ​ផ្លូវ​ការ​ ដែល​​រដ្ឋាភិបាល​យោធា​បាន​ដាក់​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩មក។ ​សហភាព​​អឺរុប​ប្រើ​ប្រាស់ឈ្មោះ «មីយ៉ាន់ម៉ា-​ភូមា» ខណៈ​ពេល​ប្រទេស​បារាំង​ហៅ​ «ភូមា» ដោយ​បា​ន​ចាត់​​ទុក​អំណាច​គ្រប់​​គ្រង​នៅក្នុង​ប្រទេស​ជា​​អំណាច​​​ខុស​ ច្បាប់​ ចំណែក​​​លទ្ធផល​នៃការ​បោះឆ្នោត​លើក​ចុង​ក្រោយ នៅ​ឆ្នាំ​១៩៩០ មិន​ត្រូវ​បាន​គោរព។

យោង​តាម​ប្រសាសន៍​របស់​លោកស្រី​រដ្ឋលេខា​ធិការ ​បារាំង សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅក្នុង​កិច្ច​ប្រជុំ​ កំពូល​​ទាំង​ពីរ​លើកនេះ បាន​​លើក​ឡើង​អំពី​ករណី​​ប្រទេស​ភូមា «យ៉ាង​​គាប់​ចិត្ត» មាន​ន័យថា​ អង្គ​ប្រជុំ​​​បាន​អំពាវ​នាវ​សុំអោយ​មាន​ការ​ដោះ​​លែង​លោកស្រី អ៊ុង សាន​ស៊ូជី ​និង​​អ្នក​ទោស​នយោបាយ​ផ្សេង​​ទៀត ហើយ​និង​​សុំ​អោយមាន​ដំណើរការ​ផ្សះផ្សារ​ជាតិ​មួយ រួមទាំង​ការ​បោះ​ឆ្នោត​ដោយ​​សេរី និង​ប្រជាធិបតេយ្យ​។ ម្យ៉ាង​វិញ​ទៀត​ អង្គ​ប្រជុំ​ក៏​បាន​​​អះអាង​ទទួល​ស្គាល់​អធិបតេយ្យ​ភាព និង​​បូរណភាព​ទឹក​ដី​របស់​ប្រទេសមីយ៉ាន់​ម៉ាផង​ដែរ​។

ដោយ​ឡែក នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ពេល​បិទ​បញ្ចប់​កិច្ច​ប្រជុំ លោក​ឧបនាយករដ្ឋ​មន្រ្តី ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា​​បានលើក​ឡើង​អំពី​កិច្ច​ពិភាក្សា​ជាច្រើន​ ទាក់ទងនឹង​ប្រទេស​​មីយ៉ាន់​ម៉ា ហើយ​បញ្ហា​នៅ​ប្រទេស​នេះ ​គឺ​ត្រូវ​បាន​សហភាព​អឺរុប​ជា​អ្នក​​​ជម្រុញអោយមាន​ការ​ពិភាក្សា​នេះ​ឡើង​។ លោក​រដ្ឋ​មន្រ្តី​ក៏​បាន​គាំទ្រ​​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រទេស​ថៃ ដែល​បាន​អំពាវ​នាវ ក្នុងនាម​អាស៊ាន​ ​សុំ​​អោយ​​អោយ​រដ្ឋាភិបាល​យោធា​ភូមា​ដោះលែង​លោកស្រី​អ៊ុង សាន​ស៊ូជី ​អោយ​បាន​ឆាប់​រហ័ស។

តើ​មានលទ្ធផល​អ្វី សម្រាប់​រដ្ឋ​មីយ៉ាន់​ម៉ា?

ជា ​ជំហានដំបូង រដ្ឋាភិបាល​យោធា​ភូមា​​ត្រូវ​បាន​ថ្កោល​ទោស​ជា​ឯកច្ឆ័ន្ទ​​ពី​សំណាក់​ «សហគមន៍​អន្តរ​ជាតិ​»​ រួម​ទាំង​ពីសំណាក់​សម្ព័ន្ធ​មិត្ត​ផ្នែក​សេដ្ឋកិច្ច​សំខាន់ៗ​មួយ​ចំនួន​របស់ ​ប្រទេស​ភូមា​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​យោធា​មិនគិត​ចង់​ធ្វើការ​ផ្លាស់​​ប្តូរ​គោល​ជំហរ​ឡើងវិញ​នោះ​ទេ ហើយ​ហាក់​បីដូចជា​នៅតែ​ដាក់​បន្ទុក​ទៅលើ​ស្រ្តី​ប្រឆាំង​ជា​ប្រវត្តិសាស្រ្ត ​រូប​នេះ​ដដែល។ លោក​ស្រី​រ៉ាម៉ា យ៉ាត មាន​ប្រសាសន៍ថា​៖ «​នេះ​មិនមែន​ជា​បរាជ័យ​នោះទេ។ ខ្ញុំយល់ឃើញ​ថា​ជំហាន​ដ៏សំខាន់​ត្រូវ​បាន​ឆ្លង​ផុត​ហើយ។​នៅ​ប្រទេស​ភូមា ខ្ញុំ​ជឿជាក់​ថា​​ពិត​មាន​អ្វី​បាន​កើត​ឡើង។ នៅពេល​យើង​ធ្វើ​ការ​ប្រៀប​ធៀប​​ជាមួយ​រយៈ​ពេល​២​ឆ្នាំ​កន្លង​ទៅនេះ​ យើង​សង្កេត​ឃើញថា​​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​»។

លោកស្រី​ រដ្ឋលេខាធិការ​បារាំង​រូប​នេះ​បាន​​​ធ្វើការ​ពន្យល់​បក​ស្រាយ​អំពីកិច្ច​ខិត ​ខំ​ប្រឹង​ប្រែង​ការ​ទូត​ ដែល​ត្រូវ​យកមកអនុវត្ត​នៅក្នុង​កិច្ច​ប្រជុំ​កំពូលនេះ​ថា៖​ «នៅ​ពេល​ចាប់​ផ្តើម ប្រទេស​វៀតណាម​មិន​ត្រូវ​ការ​ឯកសារ​ ដែលនិយាយ​អំពី​ប្រទេស​ភូមា​នោះទេ។ យើង​​បាន​ពុះពារ​​​តស៊ូ ហើយ​ក៏​បាន​ទទួល​ជោគ​ជ័យ។ រាល់​ការ​តស៊ូ​ទាំង​នេះ មិន​មែន​មាន​ន័យ​ថា​ ‘ឯង​ចង់ ឯង​អាច’ ​នោះទេ! […]។ កិច្ច​ប្រជុំ​ទាំង​នេះ​គឺជា​ឱកាស​វាស់​ស្ទង់ការ​ប្រៀប​ធៀប​កម្លាំង​ បច្ចុប្បន្ន​​របស់​​​ប្រទេស​ភូមា។ នៅទីនេះ ខ្ញុំ​គិត​ថា​យើង​ពិត​ជា​មានការ​រីក​ចម្រើន​ប្រាកដ​មែន។ ខ្ញុំ​មិន​គិត​ថា​យើង​អាច​ត្រឡប់​ថយ​ក្រោយ​វិញ​នោះ​ទេ»។

ផ្តើម​ចេញ​ពីគោល​ការណ៍​មិន​ជ្រៀត​ជ្រែក​ផ្ទៃក្នុង មក​ជាគណៈកម្មការ​​​សិទ្ធិ​មនុស្ស
ជំនួប ​​​ពិភាក្សា​​​ស្តីពី​ប្រទេស​មីយ៉ាន​ម៉ា​ បានសំដែង​អោយ​ឃើញ​​ជា​ពិសេស​អំពី​ការ​ផ្លាស់​ប្តូរ​​ចរឹត​របស់​​ប្រទេស​ អាស៊ាន​​ ចំពោះ «គោលការណ៍មិន​ជ្រៀត​ជ្រែង​ផ្ទៃក្នុង»។ រហូត​មក​​ទល់​សព្វ​ថ្ងៃ​នេះ រដ្ឋាភិបាល​នៃ​បណ្តាល​រដ្ឋ​ជា​សមាជិក​អាស៊ាន​នៅ​តែ​​រក្សា​មិន​​​​បញ្ចេញ​​​ ប្រតិកម្ម​​​ចំពោះ​សភាព​​ការណ៍​នៅក្នុង​ប្រទេស​មីយ៉ាន់​ម៉ា ដោយ​គោរព​ទៅតាម​គោល​ការណ៍​នេះ​​។ ប៉ុន្តែ បន្ទាប់​ពី​ការ​ផ្តល់​សច្ចាប័ន​​លើ​​ធម្មនុញ្ញ​អាស៊ាន​​កាល​ពីប៉ុន្មាន​ខែ​ កន្លង​​មក​នេះ ​ការ​ផ្លាស់​ប្តូរ​បាន​ចាប់ផ្តើម​។ នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន​ ​មាន​បញ្ចូល​​​មាត្រា​ ដែល​​កំណត់​​អោយ​​​ប្រទេស​ជា​សមាជិក​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​ និង​ត្រូវ​បង្កើត​ស្ថាប័ន​មួយ​​ទទួល​បន្ទុក​ផ្នែក​​សិទ្ធិ​មនុស្ស​។ លោក​ស្រី​ រ៉ាម៉ា​ យ៉ាត បាន​សំដែង​សោមនស្ស​​រីក​រាយ​ថា «​ពី​ទីក្រុង​ហាណូយ មកកាន់ទីនេះ ខ្ញុំមិន​មែន​បាន​លឺ​ពាក្យ​អន្តរាគមន៍​តែ​មួយ​ដង​នោះទេ សូម្បី​ចេញ​ពី​សំណាក់​ប្រទេស​តំបន់​អាស៊ី។ គ្រប់​គ្នា​បាន​និយាយ​​ពាក្យនេះ ទោះ​បី​គ្រាន់​តែ​ដើម្បី​រិះគន់​ក៏ដោយ»។

កា​រ​ថ្កោលទោស​លើ​ការ​សាក​ល្បង​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង

ប្រធាន ​បទ​​មួយ​ផ្សេង​ទៀត​ក៏​ត្រូវ​បា​ន​លើក​យក​មក​ពិភាក្សា​ផង​ដែរ នោះគឺ​ការ​សាក​ល្បង​​អាវុធ​នុយក្លេអ៊ែរ​​របស់​ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី​២៥ ខែ ឧសភា​។ តំណាង​អាស៊ាន​​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ធ្វើការ​ថ្កោល​ទោស និង​ប្រកាស​គាំទ្រ​គំនិត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​នៃ​អង្គការ​សហ​ ប្រជាជាតិ​។ លោក​ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា «​យើង​ព្យាយាម​ស្វែង​រក​វិធាន​ការ​​ដ៏​ត្រឹម​ត្រូវ និង​ដាក់​គំនាប​លើ​​[​ប្រទេស​កូរ៉េ​ខាង​ជើង​] អោយ​ត្រឡប់​មក​កាន់​តុ​ចរចា​វិញ។ កាល​ពី​នៅក្នុង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ សម្តេច​​នាយក​រដ្ឋ​​មន្រ្តី​ ​​ហ៊ុន សែនបាន​ធ្វើ​ការ​ថ្កោល​ទោស​ការ​សាក​ល្បង​របស់​កូរ៉េ​ខាង​ជើង​ថា៖ «ខ្ញុំ​គិត​ថា ពិភព​លោក​លែង​មាន​សន្តិភាព រឺ​ស្ថេរភាព​ដូច​មុន​ទៀត​ហើយ ខណៈ​ពេល​ប្រទេស​កាន់​តែ​ច្រើន​​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ រឺ​អាវុធ​ប្រល័យ​លោក​»។

វិបត្តិ​សេដ្ឋកិច្ច​ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ
វិបត្តិ ​សេដ្ឋកិច្ច​និង​ការ​ប្រែប្រួល​អាកាស​ធាតុ​គឺជា​របៀបវារៈសំខាន់​បំផុត​នៃ​​​ កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​អាស៊ាន-សហភាព​អឺរុប។ ទោះ​ជា​យ៉ាង​ណា ប្រធាន​បទទាំង​២​ពីរ​ត្រូវ​បាន​បាំង​បិទ​​អ័ព្ទ​ពន្លឺ​បន្តិច​បន្តួច​ដោយ​​​ ប្រធាន​បទ​ ទាក់ទង​នឹង​បច្ចុប្បន្នភាព​ពិភព​លោក​។ ​បញ្ហា​សំខាន់​គឺ​ត្រូវ​ដឹង​ថា​តើ​វិបត្តិ​សេដ្ឋ​កិច្ច​​នឹង​មាន​ផល​ប៉ះពាល់ ​អ្វី​ខ្លះ​លើ​ការ​ដោះដូរ​ពាណិជ្ជកម្ម​​រវាង​តំបន់​ទាំង​ពីរ ដែល​សព្វ​ថ្ងៃនេះ បាន​កើន​ឡើង​រហូតដល់​១៣៤ពាន់​លាន​អឺរូ (ប្រហែល​១៩១​ពាន់​លាន​ដុល្លារ)។ អាស៊ាន​គឺជា​គោលដៅ​ពាណិជ្ជកម្ម​សំខាន់​ជាង​គេ​បំផុត​ទី​៥ របស់​សហភាព​​អឺរុប។ ចំណែក​សហភាព​អឺរុប​គឺជា​ប្រភព​វិនិយោគទុន​បរទេស​សំខាន់​ជាង​គេ​បំផុត​ នៅ​តំបន់​អាស៊ាន។ សហភាព​អឺរុប​ក៏​ជា​ទីផ្សារ​មួយ​ ចំណោម​ទីផ្សារ​នាំ​ចេញ​ផលិត​​ផល​កសិកម្ម​របស់​អាស៊ី​ផង​ដែរ​។

អាស៊ាន-សហភាព​អឺរុបៈ សមាគម​ពីរ​ ដែលមាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា?
នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើកទី​១៧​នេះ លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​រវាង​សហភាព​អឺរុប និង​អាស៊ាន​ក៏ត្រូវ​បាន​ពិភាក្សា​ច្រើនផងដែរ។ សមាគម​ទាំង​ពីរ​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោល​បំណង​​តែមួយ គឺ​ការ​ពារ​សន្តិភាព ស្ថេរភាព​ និងវិបុលភាព ​ក្រោយពី​បញ្ចប់​សម័យ​​​កាលជម្លោះ​ជាច្រើន​នៅក្នុង​តំបន់​រួច​មក។ ក្រោយ​​កិច្ច​ប្រជុំ តំណាង​តំបន់​ទាំង​ពីរ​បាន​​ធ្វើការ​ផ្លាស់​ប្តូរ​ការ​អនុវត្ត​ល្អ​ទៅវិញ​ ទៅមក ស្តីពីការ​កាត់​បន្ថយ​ភាព​ខុសគ្នា​នៃ​ការ​អភិវឌ្ឍន៍​រវាង​ប្រទេស​សមាជិក តាម​​រយៈ​យន្តការ​សមាហរណកម្ម​​ថ្នាក់​តំបន់។ លោក​​ Surin Pitsuwan ​អគ្គលេខាធិការ​អាស៊ាន​ បាន​ថ្លែង​នៅក្នុង​​កិច្ច​បើក​អង្គ​ប្រជុំ​ថា «យើង​ចង់​ស្តាប់ ប្រៀប​ធៀប​ការ​អនុវត្ត​ល្អ​ប្រសើរ… យើង​ប្រហែលជា​មិន​ត្រូវ​ការ​ចាប់​យក​ទាំង​អស់នោះទេ ប៉ុន្តែ គោល​បំណង​គឺ​សិក្សា និង​បង្កើត​ការ​អនុវត្ត​ល្អ​ប្រសើរ​ផ្ទាល់​របស់​យើង»។ «ប្រសិន​ជា​អាស៊ាន​សម្រេច​ជោគ​ជ័យ មាន​ន័យថា​ពិភព​លោក​នឹង​អស់តំបន់​មួយ ដែល​គេ​ត្រូវ​ព្រួយ​បារម្ភ»។

ការ​លំបាក​ស្វែង​រក​មូលនិធិ​រួម​ របស់អាស៊ាន​​ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ផងដែរ។ បញ្ហា​នេះបណ្តាល​មក​ពី​ការ​បាត់​ប្រាក់ចំណូល​ដែល​បាន​មកពី​ពន្ធគយនិង​ សារពើពន្ធ។ ដើម្បី​ជួយ​សមាគម​នេះ សហគមន៍អឺរុប​បាន​ផ្តល់​ថវិកា ១,៣ពាន់​លាន​អឺរូ (១,៨ពាន់​លាន​ដុល្លារ) ដល់​រដ្ឋ​សមាជិក​អាស៊ាន និង​៧០លាន​អឺរូ (១០០,១លាន​ដុល្លារ) ដល់​លេខាធិការ​ដ្ឋាន​អាស៊ាន សម្រាប់​រយៈពេល​​២០០៧-២០១៣។


ទំនាក់ទំនង​រវាង​អាស៊ាន-អឺរុបត្រូវ​បាន​រឹត​បន្តឹង​ អស់​រយៈ​ពេល​៣០​មកហើយ
ទំនាក់ ​ទំនង​រវាង​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង​សហភាព​អឺរុប មាន​រយៈ​កាល​ជាង​៣០​ឆ្នាំ​មកហើយ។ នៅឆ្នាំ​១៩៧៧ អាស៊ាន​និង​សហគមន៍​សេដ្ឋកិច្ច​អឺរុប (អតីត​ភាព​របស់​សហភាព​អឺរុប) បាន​បង្កើត​ទំនាក់​ទំនង​រវាង​គ្នា​ជាផ្លូវការ​លើកដំបូង ហើយ​នៅឆ្នាំ​១៩៧៨ តំណាង​សមាគម​ទាំង​ពីរ​បាន​ជួប​ប្រជុំគ្នា​ជា​លើក​ទី១ នៅ​ទីក្រុង​ Bruxelles​ (ប៊ែល​ហ្សិក)។ នៅ​ឆ្នាំ​១៩៨០ កិច្ច​ព្រមព្រៀង​​សហប្រតិបត្តិការ​ដំបូង​រវាង​អាស៊ាន​ និង​សហគមន៍​សេដ្ឋកិច្ច​អឺរុប​ត្រូវ​បាន​ចុះ​ហត្ថលេខា។ កិច្ច​ព្រមព្រៀង​នេះ​តម្រូវ​អោយ​រៀប​ចំ​ជំនួប​បច្ចេកទេស​និង​ជំនួប​ថ្នាក់​ រដ្ឋមន្រ្តី​ រយៈពេល​២លើក ក្នុង​មួយ​ឆ្នាំ។ នៅ​ឆ្នាំ​២០០៧ សេចក្តី​ថ្លែង​ការណ៍​ទីក្រុង​នុយរ៉ង់ប៊ែរ (Nuremberg) បានកំណត់​អោយ​មាន​​នយោបាយ​​មួយ ដើម្បី​ពង្រឹង​សហ​ប្រតិបត្តិ​ការ​រវាង​សហភាព​អឺរុប​និង​អាស៊ាន​ ក្នុងនោះ​មាន​វិស័យ​ថ្មីពីរ គឺ​នយោបាយ​-​សន្តិសុខ ​និង ពាណិជ្ជកម្ម-វិនិយោគ​ទុន ព្រម​ទាំង​​សន្តិសុខ​ថាមពល និង​ការ​ប្រែប្រួល​អាកាស​ធាតុ។


អាស៊ាន (១០ប្រទេស​)
សមាគម ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ឥណ្ឌូ​ណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ថៃ។ ក្រោយមក មាន​សមាជិក​ចូល​រួម​ដូចជា​ ប្រទេស​ប្រ៊ុយណេ (១៩៨៤) វៀតណាម (១៩៨៥) ឡាវ និង​មីយ៉ាន់​ម៉ា (១៩៩៧) និង​កម្ពុជា (១៩៩៩)។


សហភាព​អឺរុប (២៧ប្រទេស)
នៅ ​ឆ្នាំ​១៩៥៧ សន្ធិសញ្ញា​ទីក្រុង​រ៉ូម ត្រូវ​បាន​​ចុះ​ហត្ថលេខា​ដោយ​ស្ថាបនិក​ចំនួន​៦ប្រទេស រួមមាន Benelux (ប៊ែល​ហ្សិក ឡុចហ្សំបួរ និង​ហូឡង់) បារាំង អ៊ីតាលី និង​អាល្លឺម៉ង់ ដើម្បី​បង្កើត​សហគន៍​សេដ្ឋកិច្ច​អឺរុប ហើយ​ក្រោយមក ក្លាយជា​សហភាព​អឺរុប នៅឆ្នាំ​១៩៩៣។ មាន​សមាជិកចូល​រួម​បន្ថែម ដូចជា​ប្រទេស​ដាណឺម៉ាក ចក្រ​ភព​អង់គ្លេស និង​អៀរឡង់ (១៩៧៣) ប្រទេស​ក្រិក (១៩៨១) អេស្ប៉ាញ​និង​ព័រទុយ​ហ្គាល់ (១៩៨៦) អូទ្រីស ហ្វាំងឡង់ និង​ស៊ុយ​អែដ(១៩៩៥) សាធារណរដ្ឋ​ឆែក ស្លូវ៉ាគី ប៉ូឡូញ ស្លូវេនី លីទុយអានី ហ្សីព្រ ម៉ាលត៍ និង​ហុងគ្រី (២០០៤) រ៉ូម៉ានី និង​ប៊ុយ​ហ្គារី (២០០៧)។

សិទ្ធិជនជាតិដើម


Click file below:

humanright11

humanright21

humanright31

humanright41

humanright51

humanright61

%d bloggers like this: