Category Archives: បុណ្យជាតិ

អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១


https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fptbona%2Fvideos%2F1960369630862118%2F&show_text=1&width=560

Advertisements

អនុមោទនា​ បុណ្យ​កាន់បិណ្ឌ


ថ្ងៃនេះគឺជាថ្ងៃទី ០១ រោច ខែ ភទ្របទ  ពស ២៥៥៨ ត្រូវនឹងថ្ងៃអង្គារ ទី ០៩ ខែ កញ្ញា​ ឆ្នាំ ២០១៤ ជាថ្ងៃកាន់បិណ្ឌទី ០១ពិតជាកាលវេលាដ៏មាអត្ថន័យសម្រាប់ពុទ្ធសាសនិកជនទូទាំងប្រទេស យកឱកាសនេះឧទ្ទិសកុសលជូនដល់ញាតិសន្ដាន និង បុព្វការីជន ។  

សង្ឃឹម​ថា​ព្រឹក​នេះ​ អ្នកភូមិវ៉ើតប្រេស​នឹង​បាន​ទៅវត្ត​គ្រប់ៗគ្នា !!!  ដើម្បី​អបអរ​សាទរ​ និង​ អនុមោទនា​ បុណ្យ​កាន់បិណ្ឌ​ និង​ ភ្ជុំបិណ្ឌ  ។

ខាង​ក្រោម​នេះ​ជា​អត្ថបទ​កំណាព្យ​ចាស់​ តែ​សូម​រំឭកឡើងវិញ​សម្រាប់​ឱកាសនេះ​

Ben

អបអរសាទរ​បុណ្យចូលឆ្នាំខ្មែរ​ ប្រពៃណីជាតិ


2557

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ


បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

គ្រប់​ប្រជាជាតិ​ក្នុង​លោក សុទ្ធ​តែ​មាន​ការ​ចូល​ឆ្នាំ​របស់​ខ្លួន គ្រាន់​តែ​ប្លែក​គ្នា​ត្រង់​ការ​កំណត់​ពេក​ចូល និង​ពិធី​ធ្វើ​ខុស​គ្នា​ប៉ុណ្ណោះ ។ ឯ​ប្រជាជន​ខ្មែរ ក៏​មាន​ការ​ចូល​ឆ្នាំ​ប្រពៃណី​របស់​ខ្លួន តាំង​ពី​បុរាណ​កាល​មក​ដែរ ។

I- ពេល​វេលា​ចូល​ឆ្នាំ​ខ្មែរ

កាល​ដើម​ឡើយ ខ្មែរ​យើង​ប្រារព្ធ​ធ្វើ​បុណ្យ​ចូល​ឆ្នាំ ក្នុង​ខែ​មិគសិរ ព្រោះ​គេ​កំណត់​យក​ខែ​នេះ ជា​ខែ​ដើម​ឆ្នាំ ។ នា​សម័យ​ព្រេងនាយ ឆ្នាំ​នីមួយ ៗ ចែក​ជា ៣ រដូវ តាម​ចន្ទ​គតិ គឺ ហេមន្ត​រដូវ គិម្ហ​រដូវ និង វស្សាន​រដូវ ។ បុរាណាចារ្យ​លោក​គិត​ថា ហេមន្ត​រដូវ ជា​រដូវ​ត្រជាក់ ត្រូវ​ចាត់​ទុក​ជា​រដូវ​ដើម​ឆ្នាំ ប្រៀប​បាន​នឹង​ពេល​ព្រឹក ដែល​ផុត​ពី​រាត្រី គឺ​ជា​ដើម​ថ្ងៃ ។ គិម្ហ​រដូវ ជា​រដូវ​ក្ដៅ ត្រូវ​ចាត់​ទុក​ជា​កណ្ដាល​ឆ្នាំ ប្រៀប​ដូចជា​ពេល​ថ្ងៃ​ត្រង់ ។ វស្សាន​រដូវ ជា​រដូវ​ដែល​មេឃ​មីរ ងងឹត​មាន​ភ្លៀង​ផ្គរ ត្រូវ​ចាត់​ទុក​ជា​ចុង​ឆ្នាំ ប្រៀប​បាន​នឹង​ពេល​ព្រលប់ ។

ចំណេរ​កាល​ក្រោយ​មក, គ្រា​ដែល​បុព្វបុរស​ខ្មែរ​យើង អនុលោម​ប្រើ​ចុល្លសករាជ​ជា​សំខាន់​នោះ (មិន​ដឹង​ជា​ប្រើ​នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះ​រាជា​អង្គ​ណា​ទេ) ទើប​ការ​ចូល​ឆ្នាំ​ថ្មី មាន​ការ​ប្រែប្រួល ហើយ​កំណត់​យក​ខែ​ចេត្រ ជា​ខែ​ដើម​ឆ្នាំ​វិញ ។ ឯ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ តែង​ប្រព្រឹត្ត​ទៅ មិន​មុន​ថ្ងៃ ៤ កើត ខែ​ចេត្រ និង​មិន​ក្រោយ​ថ្ងៃ ៤ កើត ខែ​ពិសាខ ព្រោះ​បុព្វបុរស​យើង​យល់​ឃើញ​ថា នៅ​ខែ​មិគសិរ​នេះ ប្រជា​កសិករ​ខ្មែរ​យើង រវល់​មមាញឹក​ក្នុង​របរ​កសិកម្ម មាន​ស្រែ​ចំការ ជាដើម ទើប​លោក​លើក​កំណត់​ពេល​ចូល​ឆ្នាំ មក​ធ្វើ​នៅ​ក្នុង​ខែ​ចេត្រ​វិញ ដោយ​ហេតុ​ថា ខែ​ចេត្រ​កិច្ចការ​ច្រូត​កាត់ បោក​បែន បាន​ចប់​សព្វ​គ្រប់ ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ទំនេរ មាន​ឱកាស​ធ្វើ​បុណ្យ​ទាន កំសាន្ត សប្បាយ តាម​ប្រាថ្នា ។ ការ​កំណត់​នេះ ក៏​ជាប់​ជា​ប្រពៃណី រហូត​មក​ដល់​សព្វ​ថ្ងៃ ។

II- ទិដ្ឋភាព​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​ព្រឹត្តិការណ៍​យ៉ាង​ធំ​មួយ​ក្នុង​ទឹក​ចិត្ត និង​ជីវភាព​ខ្មែរ ។ មុន​ពេល​ចូល​ឆ្នាំ​ថ្មី​មក​ដល់ គេ​នាំ​គ្នា​រៀបចំ តុបតែង​ផ្ទះ​សម្បែង សំអាត​ទីធ្លា វត្ត​អារាម ផ្លូវ​ថ្នល់ ចេតិយ រមណីយដ្ឋាន សង់​រាន​ទេវតា បុក​អង្ករ រក​ឧស ដង​ទឹក ត្រៀម​សំលៀក​បំពាក់​ថ្មី ៗ – ល – អោយ​ហើយ​ស្រេច ។ពេល​ចូល​ឆ្នាំ ជា​ពេល​ជម្រះ​ឧបទ្រព​ចង្រៃ​នៃ​ឆ្នាំ​ចាស់​អោយ​ជ្រះ​ស្រឡះ ដើម្បី​ទទួល​ឆ្នាំ​ថ្មី ទេវតា​ថ្មី ក្នុង​ក្ដី​សោមនស្ស ក្សេមក្សាន្ត និង​សុភមង្គល ។

ឆ្នាំ​ថ្មី​មក​ដល់, ស្នូរ​ស្គរ រគាំង សំឡេង​ធម៌​ពរ​ជ័យ លាន់​ឮ​រន្ទឺ​អឺងកង ចេញ​ពី​វត្ត​អារាម ។ ភ្លើង​ទៀន​ឆេះ​ព្រោងព្រាត ផ្សែង​ធូប​ហុយ​ចេញ​ពី​គ្រប់​រាន​ទេវតា តាម​ដង​ផ្លូវ មុខ​ផ្ទះ​សម្បែង វត្ត​អារាម ។ ចាស់​ទុំ ក្រមុំ កម្លោះ និង​ក្មេង ៗ សប្បាយ​ក្អាក​ក្អាយ​ជាង​គេ ព្រោះ​ជា​ឱកាស​ដ៏​ពិសេស​បំផុត សំរាប់​ពួក​គេ​ចូល​ឆ្នាំ កំសាន្ត​ល្បែង​ប្រជាប្រិយ ជា​មួយ​គ្នា ដោយ​គ្មាន​ចាស់​ទុំ​ណា ខា​ឃាំង​រាំង​ជាត់​អ្វី​ឡើយ​។

ពេល​ព្រលប់, គេ​នាំ​គ្នា​ទៅ​ស្ដាប់​ធម៌​អាថ៌​ក្នុង​វត្ត ។ អ្នក​ខ្លះ​ដែល​មិន​បាន​ទៅ​ស្ដាប់​លោក​ឯ​វត្ត ក៏​ប្រមូល​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ផ្សេង ៗ តាម​ចំណង់ ។ គេ​នាំ​គ្នា​លេង​ល្បែង​ចាប់​កូនខ្លែង, លាក់​កន្សែង, ក្រុង​មាន់, ទាញ​ព្រ័ត្រ, ច្រៀង​ប្របកៃ, ស្ដេច​ចង់, ឈូង, អង្គញ់, រាំ​វង់ ល – យ៉ាង​សប្បាយ​រីករាយ ។ គេ​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការីជន ញាតិ​សន្តាន ដែល​បាន​ចែក​ស្ថាន​ទៅ​កាន់​បរលោក​ហើយ ។ គេ​នាំ​គ្នា​ជញ្ជូន​ដី​ចំរើន​ទី​វត្ត ពូន​ភ្នំ​ខ្សាច់ រែក​ទឹក​ស្រង់​ព្រះ ស្រង់​ព្រះ​សង្ឃ និង​ចាស់​ព្រឹទ្ធាចារ្យ ។ ពេល​ត្រឡប់​ទៅ​ភូមិ​វិញ គេ​អញ្ជើញ​មាតា​បិតា ជីដូន​ជីតា ចាស់​ទុំ មក​ផ្ងូត​ទឹក ជូន​សំលៀក​បំពាក់​ថ្មី នំ ចំណី ដើម្បី​ជា​កិច្ច​តបស្នង​សងគុណ ចំពោះ​បុព្វការី​ជន​របស់​គេ តាម​គ្រប់​វត្ត​អារាម គេ​សង្កេត​ឃើញ​ចាស់​ទុំ ក្រមុំ កម្លោះ ក្មេង​ក្មាង ប្រមូល​ផ្ដុំ​ជួប​ជុំ​គ្នា​ក្រោម​ម្លប់​ឈើ​ធំ ៗ ក្រសាល​លេង​ល្បែង​ប្រជាប្រិយ​ផ្សេង ៗ តាម​ចំណង់​ចំណូល​ចិត្ត ។ គេ​នាំ​គ្នា​ទៅ​ទស្សនា​កំសាន្ត​ប្រាសាទ​បុរាណ រមណីយដ្ឋាន គោរព​បូជា​វត្ថុ​សក្តិសិទ្ធិ ភ្ជាប់​បរិយាកាស​រីករាយ​នេះ ទៅ​នឹង​បរិយាកាស នា​សម័យ​ព្រេងនាយ ដ៏​រុងរឿង ។ នៅ​តាម​ខេត្ត តំបន់​ខ្លះ ពេល​ចូល​ឆ្នាំ​ម្ដង ៗ គេ​មិនមែន​សប្បាយ​តែ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​ទេ, គេ​ចាប់​ផ្ដើម​លេង​សប្បាយ​របៀប​នេះ មុន និង ក្រោយ​ប៉ុន្មាន​ថ្ងៃ​ចូល​ឆ្នាំ ទៀត​ផង ។ គេ​នាំ​គ្នា​ធ្វើ​បុណ្យ​អោយ​អស់​ចិត្ត សប្បាយ​អោយ​អស់​ចិត្ត ដើម្បី​អបអរ​សាទរ​ចំពោះ​ជីវិត​ថ្មី​របស់​គេ ដែល​បាន​ហែល​ឆ្លង​កាត់​ឧបសគ្គ ទទួល​ជោគជ័យ​ក្នុង​រយៈ​ពេល​ឆ្នាំ​ចាស់​កន្លង​ទៅ និង​ដើម្បី​ត្រៀម​ចាំ​បំពេញ​ភារកិច្ច​ថ្មី ត្រៀម​ចាំ​រដូវ​ដក​ស្ទូង ត្រៀម​ចាំ​ទឹក​ភ្លៀង​ដែល​នឹង​បង្អុរ​ចុះ នា​ដើម​វស្សាន្ត​រដូវ​នៃ​ឆ្នាំ​ថ្មី ដ៏​ខ្លី​ខាង​មុខ ។

III- ជំនឿ និង ពិធី​ផ្សេង ៗ 1

ទេវតា​ឆ្នាំ​ថ្មី​ ក្នុង​សង្ក្រាន្ត​សូត្រ និទាន​ថា ក្នុង​ដើម​ភទ្ទ​កប្ប​នេះ មាន​បុរស​ម្នាក់​ឈ្មោះ​ធម្មបាល ជា​អ្នក​ប្រាជ្ញ​ចេះ​ចប់​ត្រៃវេទ ព្រម​ទាំង​ចេះ​ភាសា​សត្វ​បក្សី​ផង ។ ធម្មបាល តែង​សម្ដែង​មង្គល​ដល់​មនុស្ស​ផង​ទាំង​ពួង ។ លុះ​កបិល​មហា​ព្រហ្ម (សម័យ​កាល​នោះ គេ​គោរព​បូជា​មហា​ព្រហ្ម និង​កបិល​មហា​ព្រហ្ម) ជ្រាប​ថា ធម្មបាល​កុមារ ជា​អ្នក​ប្រាជ្ញ ក៏​មក​សួរ​ប្រស្នា ៣ ខ ហើយ​សន្យា​ថា ប្រសិន​បើ​ធម្មបាល​ដោះស្រាយ​ប្រស្នា​នេះ​រួច កបិល​មហា​ព្រហ្ម នឹង​កាត់​ក្បាល​ខ្លួន​បូជា​ធម្មបាល តែ​បើ​ធម្មបាល​ដោះ​មិន​រួច​ទេ ត្រូវ​កាត់​ក្បាល​បូជា​មហា​ព្រហ្ម​វិញ ។ ធម្មបាល សុំ​បង្អង់ ៧ ថ្ងៃ​សិន ដើម្បី​គិត​ប្រស្នា ប៉ុន្តែ ៦ ថ្ងៃ​កន្លង​ផុត​ទៅ​ហើយ នៅ​តែ​គិត​មិន​ឃើញ​សោះ ធម្មបាល ក៏​ភៀស​ខ្លួន​ទៅ​ពួន​នៅ​ក្រោម​ដើម​ត្នោត​មួយ​គូ ដែល​ជា​លំនៅ​សំបុក​នៃ​សត្វ​ឥន្ទ្រី ។ ជា​ភ័ព្វ​សំណាង​ល្អ ធម្មបាល​ក៏​បាន​ឮ​ឥន្ទ្រី​ញី ឈ្មោល និយាយ​គ្នា​ថា​៖

ញីព្រឹក​នេះ យើង​បាន​អាហារ​ពី​ណា​ស៊ី ?

ឈ្មោល​៖យើង​នឹង​បាន​ស៊ី​សាច់​ធម្មបាល ដែល​ត្រូវ​កបិល​មហា​ព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច ។

ញីប្រស្នា​នោះ ដូចម្ដេច ?

ឈ្មោល​៖ – (ខ ១) វេលា​ព្រឹក សិរី ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ, ហេតុ​នោះ មនុស្ស​ទាំងឡាយ ត្រូវ​យក​ទឹក​លាង​មុខ ។

– (ខ ២) ថ្ងៃ​ត្រង់ សិរី ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង, ហេតុ​នោះ មនុស្ស​ទាំងឡាយ ទើប​យក​ទឹក​លាង​ទ្រូង ។

– (ខ ៣) វេលា​ល្ងាច សិរី ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង, ហេតុ​នោះ មនុស្ស​ទាំងឡាយ ទើប​យក​ទឹក​លាង​ជើង ។

ពាក្យ​ពេចន៍​ទាំង​ប៉ុន្មាន​របស់​ឥន្ទ្រី ក៏​បាន​ជា​ពន្លឺ​មក​បំភ្លឺ​ដោះស្រាយ​ប្រស្នា​កបិល​មហា​ព្រហ្ម​រួច ជៀស​ផុត​ពី​ក្ដី​មរណៈ ។ កបិល​មហា​ព្រហ្ម សុខ​ចិត្ត​ចាញ់ ព្រម​កាត់​ក្បាល​បូជា​ធម្មបាល ។ មុន​នឹង​កាត់​ក្បាល កបិល​មហា​ព្រហ្ម ហៅ​ទេពធីតា ៧ អង្គ ដែល​ជា​បុត្រី​របស់​ខ្លួន អោយ​យក​ពាន​មក​ទ្រ​ក្បាល (ព្រោះ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នឹង​កើត​ជា​ភ្លើង​ឆេះ​លោកធាតុ, បើ​បោះ​ទៅ​លើ​អាកាស នឹង​រាំង​ភ្លៀង, បើ​ចោល​ទៅ​ក្នុង​សមុទ្រ ទឹក​នឹង​រីង​ស្ងួត​អស់) រួច​ហើយ ក៏​កាត់​ក្បាល​អោយ​ទៅ​នាង ទុង្សា ជា​កូន​ច្បង ។ នាង​ទុង្សា ហែ​ក្បាល​កបិល​មហា​ព្រហ្ម ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ អស់ ៦០ នាទី ទើប​អញ្ជើញ​ក្បាល​នោះ​ទៅ​ប្រតិស្ឋាន​ទុក​ក្នុង​មណ្ឌប ភ្នំ​កៃលាស ។ លុះ​ដល់​គម្រប់​មួយ​ឆ្នាំ​សង្ក្រាន្ត ទើប​នាង​ទេពធីតា​ទាំង ៧ អង្គ ផ្លាស់​វេន​គ្នា មក​ដង្ហែ​ក្បាល​កបិល​មហា​ព្រហ្ម ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ជា​រៀង​រាល់​ឆ្នាំ ។ បុត្រី​ទាំង ៧ អង្គ​នោះ​គឺ​៖

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​អាទិត្យត្រូវ​វេន​នាង ទុង្សា,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃចន្ទត្រូវ​វេន​នាង គោរាគៈ,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​អង្គារត្រូវ​វេន​នាង រាក្យសា,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​ពុធត្រូវ​វេន​នាង មណ្ឌា,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​ព្រហស្បតិ៍ត្រូវ​វេន​នាង កិរិណី,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​សុក្រត្រូវ​វេន​នាង កិមិរា,

បើ​សង្ក្រាន្ត​ចំ​ថ្ងៃ​សៅរ៍ត្រូវ​វេន​នាង មហោទរា ។

ដោយ​មាន​និទាន​បែប​នេះ​ហើយ ទើប​ខ្មែរ​យើង​មាន​ជំនឿ ហើយ​បាន​រៀបចំ​ជា​ពិធី​បូជា​ទេវតា ដែក​ត្រូវ​វេន​ដង្ហែ​ក្បាល​កបិល​មហា​ព្រហ្ម និង​ត្រូវ​អភិបាល​ពិភពលោក រៀងរាល់​ឆ្នាំ​ថ្មី​ចូល​មក​ថល់ ពុំ​ដែល​អាក់​ខាន​ឡើយ ។

ពិធី​ស្រង់​ព្រះ​មហា​សំការសូត្រ ដែល​មាន​មក​ក្នុង​គម្ពីរ​សុត្តជាតក ជា​មគធ​ភាសា បាន​និទាន​ថា ថ្ងៃ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជិត​ចូល​មក​ដល់ ព្រះ​បាទ​បសេនទិកោសល បាន​រៀបចំ​ជា​បារាំ​យ៉ាង​ស្អាត​នៅ​ឆ្នេរ​ស្ទឹង​មួយ ហើយ​ក៏​និមន្ត​ព្រះ​ពុទ្ធ និង​ព្រះ​សង្ឃ​ស្រង់​ទឹក រួច​សមាទាន​សីល ប្រគេន​ភត្តាហារ​ចំពោះ​ព្រះ​ពុទ្ធ ព្រម​ទាំង​ភិក្ខុ​សង្ឃ នៅ​ទី​នោះ ។ គម្ពីរ​នេះ​ដដែល បញ្ជាក់​ទៀត​ថា អ្នក​ដែល​បាន​ស្រង់​ទឹក​ព្រះ​សង្ឃ មាតា​បិតា គ្រូ ឧបជ្ឈាយ៍ មាន​អានិសង្ស​ច្រើន​ណាស់ ។ អនាគត​ជាតិ នឹង​បាន​ទៅ​កើត​ក្នុង​ទេវលោក បាន​ជា​ស្ដេច​ចក្រពត្តិ មាន​បុណ្យ​បារមី​ច្រើន មាន​រូប​ល្អ មាន​ទ្រព្យ​សម្បត្តិ​ច្រើន មាន​សេចក្ដី​សុខ​គ្រប់​យ៉ាង – ល

គម្ពីរ​បញ្ញាសជាតក ត្រង់​ជាតក​ទី ៣១ បាន​បញ្ជាក់​អំពី​អានិសង្ស នៃ​ការ​ស្រង់​ទឹក​ព្រះ​សង្ឃ ដូច​មហា​សំការសូត្រ​ដែរ គ្រាន់​តែ​ខុស​គ្នា​ត្រង់​មិន​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​នោះ​ប៉ុណ្ណោះ ។ លោក​លើក​ឧទាហរណ៍ ដូចជា ព្រះ​បាទ​បុប្ជរាជ​ដែល​បាន​និមន្ត​ព្រះ​ឧសភត្ថេរ ក្នុង​សាសនា​ព្រះ​ពុទ្ធ​សរណង្ករ អោយ​ស្រង់​ទឹក ។ លុះ​អនាគត​ជាតិ​ទៅ បាន​ទៅ​កើត​ក្នុង​ទេវលោក មាន​បុណ្យ​បារមី​ច្រើន ហើយ​ទី​បំផុត​បាន​ទៅ​ជា​ស្ដេច​ចក្រពត្តិ ក្នុង​ជម្ពូទ្វីប​នេះ ។

នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី ៧ ពេល​ចូល​ឆ្នាំ​ម្ដង ៗ គេ​តែង​ធ្វើ​ពិធី​មួយ ដោយ​និមន្ត​ព្រះ​ពុទ្ធរូប​មាន​មហិទ្ធិឫទ្ធិ ២៥ អង្គ ដែល​ជា​តំណាង​អាណា​ខេត្ត​ទាំងឡាយ​ក្នុង​ព្រះ​រាជា​អាណាចក្រ មក​ធ្វើ​ពិធី​ស្រង់​ទឹក​នៅ​ប្រាសាទ​ជ័យស្រី (ប្រាសាទ​ព្រះ​ខ័ន) រួច​គេ​ដង្ហែ​ព្រះ​ពុទ្ធរូប​ទាំង​នោះ ជា​ក្បួន​យ៉ាង​មហោឡារិក មុន​នឹង​យក​ទៅ​តំកល់​នៅ​កន្លែង​ដើម​វិញ ។

ដោយ​មាន​ជំនឿ​លើ​និទាន និង​ទំនៀម​របស់​ដូនតា​យើង ដូច​ខាង​លើ​នេះ​ហើយ បាន​ជា​មាន​ទម្លាប់​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ តែ​ដល់​ពេល​ចូល​ឆ្នាំ​ម្ដង ៗ គេ​តែង​ធ្វើ​ពិធី​ស្រង់​ទឹក​ព្រះ​ពុទ្ធរូប – ព្រះ​សង្ឃ – មាតា​បិតា ជីដូន​ជីតា បុព្វការី នៅ​តាម​វត្ត​អារាម និង​តាម​ភូមិ ស្រុក ។

ពិធី​ពូន​ភ្នំ​ខ្សាច់​ មហា​សំការសូត្រ​បាន​បញ្ជាក់​ថា​ៈ ពេល​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជិត​មក​ដល់ ព្រះ​បាទ​បសេនទិកោសល បាន​ទូល​សួរ​ព្រះ​ពុទ្ធ​ថា ក្រោយ​ព្រះ​អង្គ​បរិនិព្វាន​ទៅ បើ​ដល់​រដូវ​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី​ម្ដង ៗ តើ​ខ្ញុំ​ព្រះ​អង្គ​គួរ​បំពេញ​កុសល​អ្វី​ខ្លះ ? ព្រះ​ពុទ្ធ​ត្រាស់​ថា «គួរ​សាង​វាលុក​ចេតិយ នៅ​ឆ្នេរ​ស្ទឹង ទន្លេ ហើយ​នាំ​យក​គ្រឿង​សក្ការៈ ទៀន​ធូប គ្រឿង​ក្រអូប ផ្កា ជាដើម មក​បូជា​ចុះ» ។ ព្រះ​អង្គ​បាន​បញ្ជាក់​អំពី​អានិសង្ស​នៃ​ការ​សាង​វាលុក​ចេតិយ​នោះ ថា​មាន​អានិសង្ស​ច្រើន​វិសេស​ណាស់ ដូច​គ្នា​នឹង​ស្រង់​ទឹក​ព្រះ​សង្ឃ​ដែរ ។

គម្ពីរ​អានិសង្ស​វិលុក​ចេតិយ ជា​សាស្ត្រា​ស្លឹករឹត​ភាសា​ខ្មែរ មាន​តែ​មួយ​ខ្សែ ហើយ​មាន​បី​និទាន​៖

និទាន​ទី ១ ៖ ដំណាល​ពី​បារិក​ពោធិសត្វ និង​ពួក​ពាណិជ ដែល​បាន​ពូន​ភ្នំ​ខ្សាច់​ឧទ្ទិស​ជា​តំណាង​ចូឡាម​មណីចេតិយ ដែល​តំកល់​ព្រះ​ចង្កូម​កែវ​របស់​ព្រះ​ពុទ្ធ​ពី​បុរាណ ប្រតិស្ឋ​នៅ​ស្ថាន​ត្រៃត្រិង្ស​ទេវលោក​នោះ ។ លុះ​អនាគត​ជាតិ​ទៅ បាន​ទៅ​កើត​ក្នុង​សុគតិភព កើត​ជា​ស្ដេច​ចក្រពត្តិ ជា​ច្រើន​ជាតិ ហើយ​ទី​បំផុត បាន​ត្រាស់​ថា​ព្រះ​ពុទ្ធ​យើង​នេះ ។

និទាន​ទី ២ ៖ ដំណាល​ពី​នាយ​នេសាទ​ម្នាក់ (ឈ្មោះ​មិន​ប្រាកដ) ដែល​ជា​អ្នក​សម្លាប់​សត្វ​ជា​អាហារ តាំង​ពី​តូច​មក ។ ថ្ងៃ​មួយ អ្នក​នេសាទ​នេះ បាន​ប្រគេន​បាយ​មួយ​ពំនូត​ដល់​ភិក្ខុ​មួយ​អង្គ ។ ពេល​ដែល​គាត់​ស្លាប់​ទៅ យមរាជ​បាន​យក​ទៅ​វាយ​សួរ​ចម្លើយ ហើយ​ចាប់​បោះ​ទៅ​ក្នុង​រណ្ដៅ​ភ្លើង​នរក តែ​មិន​ឆេះ បែរ​ជា​ខ្ទាត​ចេញ​មក​វិញ ។ នាយ​យមបាល ក៏​វាយ​សួរ​ម្ដង​ទៀត ។ ទទួល​ពេល​នោះ នាយ​នេសាទ​ក្រឡេក​ឃើញ​អណ្ដាត​ភ្លើង​នរក មាន​សម្បុរ​ដូច​ចីវរលោក ក៏​នឹក​ដល់​ទាន​របស់​ខ្លួន ហើយ​ជំរាប​យមបាល តាម​ដំណើរ​រឿង​ធ្វើ​ទាន ។ ពួក​យមបាល ក៏​អនុញ្ញាត​អោយ​បុរស​នោះ ទៅ​កើត​ក្នុង​ទេវលោក​ចំនួន ៧ ថ្ងៃ ហើយ​សឹម​ត្រឡប់​មក​ស្ថាន​នរក​វិញ ។ ទេវបុត្រ​នោះ ឈ្មោះ​ថា «អន្នំលោកង្សិនី 2» មាន​ប្រពន្ធ​សំណប់​ចិត្ត​ឈ្មោះ​នាង សុបណ្ណឱរ៉ៃ ។ គាត់​បាន​និយាយ​រឿងរ៉ាវ​របស់​គាត់ ដែល​ធ្លាក់​ទៅ​នរក​នោះ​ប្រាប់​ភរិយា ដោយ​សព្វ​គ្រប់ ។ នាង​សុវណ្ណឱរ៉ៃ ក៏​អោយ​ស្វាមី​ខ្លួន​សាង​វាលុក​ចេតិយ ហើយ​ឆ្លង​អោយ​ស្រេច​ក្នុង​ថ្ងៃ​ទី ៧ ។ លុះ​ដល់​ថ្ងៃ​ទី ៧ យមរាជ ក៏​តាម​មក​ហៅ អន្នំលោកង្សិនី ទៅ​ស្ថាន​នរក​វិញ ។ នាង​ប្រពន្ធ ក៏​ចេញ​មក​និយាយ​តប​ថា យើង​មិន​បើក​ទ្វារ​អោយ​ស្វាមី​យើង​ទៅ​ទេ ព្រោះ​ស្វាមី​យើង បាន​សាង​វាលុក​ចេតិយ និង​ធ្វើ ពិធី​ឆ្លង​រួច​ហើយ, បើ​នៅ​តែ​ត្រូវ​ការ​យក​ប្ដី​យើង​ទៅ​ធ្វើ​ទោស​នោះ ចូរ​អ្នក​រាប់​គ្រាប់​ខ្សាច់​នេះ​អោយ​អស់​សិន។ យមរាជ ក៏​ចាប់​ផ្ដើម​រាប់​គ្រាប់​ខ្សាច់​ពេញ​មួយ​ព្រឹក​ថ្ងៃ​ត្រង់ មិន​ចេះ​អស់​សោះ ។ យមរាជ ក៏​ទាល់​តម្រិះ ហើយ​ត្រឡប់​ទៅ​ស្ថាន​នរក​វិញ ។

និទាន​ទី ៣ ៖ ដំណាល​ពី​ចៅ​កម្ជិល​ខ្សាច់ ថា មាន​ក្មេង​ម្នាក់ ចេះ​តែ​ពូន​ខ្សាច់ នៅ​ទី​ផ្នូក​ខ្សាច់​មុខ​ផ្ទះ ហើយ​ដេក​ននៀល​លេង​រាល់ ៗ ថ្ងៃ ប្រឡាក់​ប្រឡូស​ទៅ​ដោយ​ខ្សាច់ មើល​មិន​យល់, គេ​ក៏​នាំ​គ្នា​ហៅ​ថា ចៅ​កម្ជិល​ខ្សាច់ ត​មក ។ ថ្ងៃ​មួយ ព្រះ​ឥន្ទ្រ​ទត​ឃើញ​យ៉ាង​នេះ ក៏​អោយ​នាង​ទេពធីតា​ម្នាក់ ចុះ​មក​ធ្វើ​ជា​ប្រពន្ធ ។ ក្រោយ​មក ព្រះ​រាជា​ទ្រង់​ចូល​ទីវង្គត ហើយ​គ្មាន​អ្នក​ណា​ស្នង​រាជ្យ ពួក​មន្ត្រី ក៏​ធ្វើ​បុស្បុក​ផ្សង​រក​អ្នក​មាន​បុណ្យ​បារមី ។ បុស្បុក ក៏​ទៅ​ត្រូវ​លើ​ចៅ​កម្ជិល​ខ្សាច់ ។ គេ​ក៏​នាំ​គ្នា​អញ្ជើញ​ចៅ​កម្ជិល​ខ្សាច់​នោះ ទៅ​អោយ​សោយរាជ្យ​ជា​សុខ តទៅ

ដោយ​មាន​និទាន​បែប​នេះ​ហើយ​បាន​ជា ខ្មែរ​យើង​មាន​ជំនឿ​ជាប់​តរៀង​រហូត​មក​ដល់​បច្ចុប្បន្ន ប៉ុន្តែ​ភ្នំ​ខ្សាច់​នេះ គេ​មិនមែន​ធ្វើ​តែ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប៉ុណ្ណោះ​ទេ សូម្បី​នៅ​ក្នុង​ពិធី​បុណ្យ​ផ្សេង ៗ ក៏​គេ​និយម​ធ្វើ​ដែរ ព្រោះ​ជឿ​ថា​ជា​ការ​រំដោះ​កម្ម​ពៀរ​វេរា​ដែល​ធ្វើ​អាក្រក់ កន្លង​មក ។

សេចក្ដី​សន្និដ្ឋាន​៖

កាល​បរិច្ឆេទ នៃ​ការ​ចូល​ឆ្នាំ​ប្រពៃណី​របស់​ប្រជាជាតិ​នានា​ក្នុង​លោក តែង​មាន​ការ​ប្រែប្រួល​ជា​ធម្មតា មិន​ថា​ឡើយ​តែ​ពេល​វេលា​ចូល​ឆ្នាំ របស់​ប្រជាជន​កម្ពុជា​ទេ ។ ពិធី​នានា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នោះ ក៏​មាន​ប្រការ​ខ្លះ​មិន​សមរម្យ រក​កល់​ទៅ​ជា​រឿង​ភូតភរ គួរ​អោយ​ពិបាក​​ជឿ​កើត សំរាប់​មនុស្ស​មាន​វិចារណញ្ញាណ ។ ប៉ុន្តែ​រឿង​ខ្លះ ក៏​ជា​ប្រភព​នៃ​ការ​ដឹកនាំ​មនុស្ស​អោយ​ចេះ​សាមគ្គី​គ្នា ស្រឡាញ់ រាប់អាន​គ្នា បំផុស​លើក​ទឹក​ចិត្ត​មនុស្ស​អោយ​ខិតខំ​បំពេញ​កុសលកម្ម លើក​ស្ទួយ​សង្គម​ជាតិ ឆ្ពោះ​ទៅ​កាន់​ភាព​រឹងមាំ រីក​ចំរើន​ដែរ ។

កាល​ពី​ព្រេងនាយ ពិធី​ទាំងឡាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ សុទ្ធសឹង​មាន​ប្រភព​ភ្ជាប់​មក​ពី​លទ្ធិ​ព្រាហ្មណ៍ ប៉ុន្តែ​ចាប់​ពី​ពេល​ដែល​ប្រជារាស្ត្រ ទទួល​យក​ពុទ្ធសាសនា មក​គោរព​ប្រតិបត្តិ​ជំនួស​សាសនា​ព្រាហ្មណ៍ ពិធី​ខាង​ដើម​មួយ​ចំនួន ក៏​បាន​សម្រប​សម្រួល​ខ្លួន​ទៅ​តាម​ពិធី​របស់​ពុទ្ធសាសនា ហើយ​ក្រោយ​មក ក៏​រលាយ​សាច់​ឈាម​ផ្សំ​ចូល​គ្នា​គ្រប់​អន្លើ ស្ទើរ​មើល​ពុំ​យល់ ហើយ​ប្រការ​មួយ​ចំនួន​ទៀត ដែល​ប្រាស​ចាកហេតុ​ផល​ខ្លាំង​ពេក ក៏​រលាយ​រសាយ​បាត់​ធាតុ​ពី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ក៏​មាន ។

ទោះបី​យ៉ាង​ណា​ក៏​ដោយ បុណ្យ​ចូល​ឆ្នាំ​នេះ ពិ​ជា​កថាខ័ណ្ឌ​មួយ​សំខាន់​ចាំបាច់​បំផុត ក្នុង​ទំព័រ​ជីវិត​មនុស្ស​គ្រប់​រូប គ្រប់​ជាតិ​សាសន៍ ក៏​ដូចជា​ខ្មែរ​គ្រប់​រូប​ដែរ​សំរាប់​ត្រួត​ពិនិត្យ វាយ​តំលែ​សរុប​លទ្ធផល​ការងារ បេសកកម្ម បទ​ពិសោធន៍​ដែល​ខ្លួន​បាន​អនុវត្ត​កន្លង​មក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​ប្រមើល​មើល​ទៅ​ក្រោយ ដក​ស្រង់​យក​ចំណុច​ល្អ ៗ បន្ត​អនុវត្ត​អោយ​ប្រាកដ និង ជោគជ័យ​ជាង​ទៀត នា​ឆ្នាំ​ថ្មី ដ៏​ក្សេមក្សាន្ត ។

រៀបរៀង​សង្ខេប ដោយ

ម៉ែន ប្រាង * អាំ ឆន

1ស្រង់​សង្ខេប​ពី​ព្រះ​រាជ​ពិធី​ទ្វា​ទសមាស ភាគ ១

2អាន​ថា អាន់ណាំង លោកាំង សិណី

អបអរសាទរ ខួបទី៥៩បុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា


ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ គឺជាខួបទី៥៩ នៃទិវាបុណ្យឯករាជ្យជាតិ។​ បុណ្យ​ឯករាជ្យ​ជាតិជាទិវាមួយ​ដ៏​ធំ​ប្រចាំ​ឆ្នាំ ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​នូវ​គុណូបការៈ​ដល់​យុទ្ធជន យុទ្ធនារី​ខ្មែរ ដែល​បាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាពលរដ្ឋ​ ឈានទៅដល់ការ​ដណ្តើម​បានឯករាជ្យ​ភាព​ពេញលេញ​ពី​ប្រទេស​បារាំង​។ ក្នុងរយៈពេល៩០ឆ្នាំ បារាំង​បាន​ធ្វើ​ជា​អាណាព្យាបាលប្រទេស​កម្ពុជា គឺគិតចាប់តាំង​ពី​ឆ្នាំ​១៨៦៣ រហូតដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣​។​​ គិតមកដល់ថ្ងៃនេះកម្ពុជា​យើងទទួលបាន​ឯករាជ្យ​៥៩ឆ្នាំ​ហើយ ។

បុណ្យជាតិ


សួស្ដីឆ្នាំថ្មី


មហាសង្រ្កាន្ដ ឆ្នាំជូត សំរឹទ្ធិស័ក


ដកស្រង់ពីសៀវភៅមហាចង្ក្រាន អ៊ឹម បុរិន
មហាសង្រ្កាន្ដ ឆ្នាំជូត សំរឹទ្ធិស័ក
ចុល្លសករាជ ១៣៧០ មហាសករាជ ១៩៣០ ពុទ្ធសករាជ ២៥៥២ គ្រឹស្ដសករាជ ២០០៨
សុភមស្ដុ វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តា កន្លងទៅ
ហើយបាន ២៥៥១ ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះ
ដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំជូតសំរឹទ្ធិស័កតទៅចូល
ពុទ្ធសករាជ ២៥៥២។

នឹងគណនាឆ្នាំ​ជូត អិលូវនេះ សង្ក្រាន្តចូលមកនៅ
ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេ
សា គ.ស២០០៨ វេលាម៉ោង១៨:២៤នាទី ។ ពេល
នោះ ព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅអែមេ
សរាសីតាមផ្លូវគោវិថីគឺផ្លូវកន្ដាល ទើបមានទេពធីតា
មួយព្រះអង្គជាមគ្គនាយិកាព្រះនាម ទុង្សទេវី ជាបុ
ត្រីទី១ នៃកបិលមហាព្រហ្មគង់នៅចាតុម្មហារាជិកា
ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយ ផ្កា
ទទឹម អភរណ ទ្រង់ពាក់កែវបទុមរាគ ភក្សាហារ ទ្រ
ង់សោយផ្លែបទុម្ពរ ព្រះហស្ថស្តាំ ទ្រង់កងចក្រ ព្រហ
ស្ដឆ្វេង ទ្រង់ ស័ង្ខ ទ្រង់គង់ពាក់ឆៀងបើកព្រះនេត្រ
លើខ្នងសត្វ គ្រុឌបក្សី ជាពាហនៈ។ ទើបនាំអស់ទេវ
បុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុ
ហារកែវធម្មមាលី នាទីភ្នំកៃលាសខេត្ត ហេមពាន្ត
ជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែល
តំកល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។ ទើបនាំយកទៅតំកល់ទុកកន្លែងដើម
វិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ ថ្មកែវ ដែ
លជាមាត់គោអុសសភរាជ ទាំង៧ ត្រជាក់ ក្សេមក្សាន្តព្រះរាជហរិទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីក
រាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្ម ទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលអោយជ្រះស្រលះ ហើយចំរើន
នូវសិរីសួស្តីជ័យមង្គលជន្មាយុ យឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេម
ក្សាន្តតរៀងទៅ ។

ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០០៨ វេលាម៉ោង១៨ និង២៤នាទី ជាថ្ងៃចូលឆ្នាំជូត សំរិទ្ធិ
ស័ក។
ថ្ងៃចន្ទ ៩កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តករាជ ២០០៨ ជាវារៈវ័នបត ។
ថ្ងៃអង្គា ១០កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ ២០០៨ នៅវេលាម៉ោង២២ និង ២៣នាទី ៥៤វិនាទី ជាវារៈឡើង
ស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំជូត សំរឹទ្ធិស័ក ចុល្លសករាជ១៣៧០តទៅ។

ក្នុងអោកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុស-ស្រីផងទាំងឡាយរៀបចំពលិការគ្រឿង សក្ការបូជា អុជប្រទីប
ជ្វាលា ថ្វាយព្រះរតនត្រ័យ និង ទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំ លះបង់ចិត្តអាក្រក់អន្សតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយ
គំនុំគំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ អោយស្រលះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា អុបេក្ខា
និង បញ្ញា
ធ្វើបុណ្យទាន តាមប្រពៃនីរក្សាសីលប្រាំអោយបានជាប់ជានិច្ច នោះទើបទេវតានឹងអោយពរសព្ទសាធុការ លោកអ្នក នឹង
មានសិរីសួស្តីសុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី នេះតរៀងទៅ ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក មានរានទទួលទេវតាមួយសំរាប់ តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបចំ
សំពត់ពណ៌ស ហើយរៀបចំបាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយ
គូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ ផ្កាដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ាមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពានជា
គូៗ ដូងឡៅមួយគូ។ នៅក្នុងឆ្នាំថ្មីនេះគួរដាក់ផ្លែល្វា សំរាប់ទេវតាផង ។

ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ សំរាប់នៅព្រះបរមរាជវាំង ចំនែកប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមកក៏ល្អដែរ។ ចំពោះផ្លែឈើ សំរាប់
ប្រជារាស្ត្រ គួររៀបអោយបានត្រឹម៣ រឺ៥មុខជាការប្រសើរ តែបើសំបូរបានដល់១១មុខ ក៏រឹតតែប្រសើរ ។

ទំនាយប្រចាំឆ្នាំ

កេណ្ឌព្រះពិរុណសាស្ត្រ : ឆ្នាំនេះ ភពព្រះអាទិត្យ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀងពីស្តេចនាគ ហើយនាគ២ បង្អុរទឹកភ្លៀង ៤០០
មេ ដែលចែកចេញជាៈ
-ចក្រវាល ១៦០មេ
-ព្រៃហេមពាន្ត ១២០មេ
-មហាសមុទ្រ ៨០មេ
-និងជម្ពូទ្វីបមនុស្សលោកយើងមានចំនួន៤០មេ ដើមឆ្នាំភ្លៀងល្អ កន្ដាលឆ្នាំភ្លៀងតិច និងចុងឆ្នាំ ភ្លៀងច្រើន ។

កេណ្ឌធារានិគុណ: ឆ្នាំនេះត្រូវបឋវីធាតុចុះ អាកាសធាតុមិនក្ដៅមិនត្រជាក់។
ទឹកជំនន់ និងទឹកទន្លេ : ឆ្នាំទឹកជំនន់ដោយភ្លៀង និងទឹកទន្លេមានច្រើន គឺមាន កំរិត១៦/១៦ គឺមាន សំនល់(០)ច្រើនជាងឆ្នាំទាំងពួង។
កេណ្ឌធញ្ញាហារ : ឈ្មោះបជ្ឈឹម ទំនាយថា ស្រូវ សំនាប ស្រែ ចំការ ផលដំនាំ បានតែពាក់កន្ដាល ខូចអស់ពាក់កន្ដាល ភោជនា
ហារបានជាមធ្យម។ ប្រជាជនបានសេចក្ដីសុខខ្លះ ទុកខ្លះស្មើគ្នា ធញ្ញាហារ មង្សាហារ ផល្លាហារ និង មានធម្យម។

ទំនាយការធ្វើស្រែ ៖ ឆ្នាំនេះទឹកភ្លៀងអំនោយផលនៅដើមឆ្នាំល្អ កន្ដាលឆ្នាំតិច ចុងឆ្នាំភ្លៀងច្រើន ដូច្នេះការធ្វើស្រែទំនាប និង
ស្រែខ្ពស់ បានទទួលផលមិនសូវល្អដូចគ្នា។
កេណ្ឌព្រឹក្សា ៖ ឆ្នាំនេះត្រូវដើមល្វា ជាស្តេច មានសេចក្ដីទំនាយថា ៖ មនុស្សផងទាំងឡាយ នឹងមានសេចក្ដីសុខសាន្ដពន់ពេក។
កេណ្ឌព្រះអាទិត្យ ៖ ឆ្នាំនេះព្រះអាទិត្យធ្វើដំនើរទៅដោយជិះ នាគរាជ ទំនាយថា ៖ មនុស្សផង ទាំងឡាយនឹងត្រូវខ្វះខាតបាយទឹក
មានសេចក្តីខ្លាច និងមរណភ័យ (ភ័យព្រោះសេចក្តីស្លាប់) ។

ទំនាយតាមថ្ងៃសង្ក្រាន្ត

ទំនាយថ្ងៃមហាសង្ក្រាន្ត ៖ ថ្ងៃចូលឆ្នាំត្រូវ នឹងថ្ងៃអាទិត្រ ជាថ្ងៃចូលឆ្នាំទី១ ទំនាយថា ៖ ឆ្នាំនេះ ធ្វើស្រែមិនបានល្អឡើយ។ របស់ក្នុង
ដែនដីស្រូវអង្ករ នឹង ថ្លៃ ដំនាំ ផល្លាបានផលតែពាក់កន្ដាល ខូចអស់ពាក់កន្ដាលមានមនុស្សកាប់សំលាប់គ្នាច្រើន និង ចាញ់អែអ្នកប្រាជ្ញ
និង សប្បុរស មនុស្សផងទាំងឡាយនឹងទទួលនូវក្ដីលំបាកច្រើន។

ទំនាយថ្ងៃវារៈវ័នបត ថ្ងៃកន្ដាល ៖ ត្រូវនឹងថ្ងៃចន្ទទំនាយថា ៖ ឆ្នាំនេះអំបិលឡើងថ្លៃ ជំទាវខុណ្ណាងទាំងឡាយ នឹង ក្ដៅក្រហាយចិត្ដ
ក្នុងស្រុករមែងមានជំងឺដំកាត់ច្រើន។

ទំនាយថ្ងៃឡើងស័ក ថ្ងៃសង្ក្រាន្តចុងក្រោយ ៖ ត្រូវនឹងថ្ងៃអង្គារ ទំនាយថា ៖ ឆ្នាំនោះ អាមាត្យ នាហ្មឺនសព្វមុខមន្រ្ដី នឹង រស់នៅត្រ
ជាក់ត្រជុំ ជាសុខស្រួល ទោះបីជាតស៊ូប្រយុទ្ធជាមួយសត្រូវ បច្ចាមិត្ដក្នុងគ្រប់ទិសទី ក៏នឹងមានជ័យជំនះគ្រប់វេលា ភ្លៀងអោយដោយ
អន្លើ និងកើត កល្លិយុកនៅព្រះនគរ។

រិក្សនៃថ្ងៃខែ

កេណ្ឌ ខែ តិថី រិក្ស ថ្ងៃ យាម
ស្ដេច
អធិបតី
អុត្បាត
ឃ្លុប
ជេស្ឋ
ផល្គុន
មាឃ
អស្សុជ
១៤
២៣
២២
២៧
២៣
១៤
១៣
អង្គារ
ពុធ
អង្គារ
ព្រហស្សតិ៍



ការទស្សន៍ទាយទាំងអស់ខាងលើនេះ ខ្ញុំបាទបានធ្វើការទស្សន៍ទាយ និងអនុវត្ដទៅតាមក្បួនបូរាណខ្មែរតែប៉ុណ្ណោះ អែការប្រាកដ
ប្រជា រឺយ៉ាងណានោះ ពុំហ៊ានអះអាងថាត្រឹមត្រូវទាំងអស់ឡើយ។ ការដែលខ្ញុំសរសេរ ចុះផ្សាយនេះដើម្បីចង់រក្សានូវក្បួនខ្នាតរប
ស់ខ្មែរ ដែលមាននៅសេសសល់បន្ដិចបន្ដួចដែលមានចុះ ទស្សន៍ទាយក្នុងមហាសង្រ្កាន្ដ ពីបូរារៀងមកតែប៉ុណ្ណោះ។

ការកំនត់ប្រតិទិន ៖ ឆ្នាំនេះជាឆ្នាំអធិកសុទិន ខែកុម្ភៈ មាន ២៩ ថ្ងែ ថ្ងៃខាងសុរិយគតិមាន ៣៦៦ថ្ងៃ។
ចូលព្រះវស្សា : នៅថ្ងៃសុក្រ ១រោច ខែអាសាធ ត្រូវ នឹង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៨ ជាវារៈចូលាធិកបានរក្ស២១ តិថី១៥ ជាកាល
វស្សានរដូវត្រូវតាមប្រពៃណីពីបូរាណ មានព្រះអាទិត្យ ព្រះចន្ទចរតាមចក្ររាសីជាប្រធានបានដឹងកំនត់ទ្វាទសមាស ទើបធ្វើការសារ
ពើទាំងពួងបានចំរើននូវសិរីសួស្ដីមហាជ័យមង្គលបរិបូណ៍ហោង។

បាតុភូតផ្ទៃមេឃ
នៅក្នុងឆ្នាំ២០០៨ នេះមានគ្រាសចំនួន ៤ដងដែលមានសូរ្យគ្រាសចំនួន ២ដង និងចន្ទគ្រាសចំនួន ២ដង តាមកាលបរិច្ឆេតដូចនេះ៖
១ -នៅថ្ងៃព្រហស្សត្ដិ៍ ១កើតខែមាឃ ឆ្នាំកុរ នព្វស័ក ច.ស. ១៣៦៩ ត្រូវនឹងថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០០៨ មានសូរ្យគ្រាស ជា
អឌ្ឍគ្រាសពសេស (Annular Eclipse)មើលឃើញនៅអង់តាក់ទិក អូស្រ្ដាលីខាងកើត នូវែលហ្សេឡង់ នៅប្រទេស
កម្ពុជាមើលមិនឃើញទេ។
គ្រាសចាប់ផ្ដើមពីម៉ោង ០៨:៣៩ ដល់ម៉ោង ១៣:១២ រសៀល។

២. នៅថ្ងៃព្រហស្សតិ៍ ១៥កើត ខែមាឃ ឆ្នាំកុរ នព្វស័ក ច.ស. ១៣៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៨ មានចន្ទគ្រាស
សារពើគ្រាស (Total Eclipse) ដែលមើលឃើញនៅ ប៉ាស៊ីហ្វិកអាមេរិក អឺរ៉ុប អាហ្វ្រិក។
គ្រាសនេះចាប់ផ្ដើមពីម៉ោង ០៧:៣៦ ដល់ម៉ោង ១៣:១៨ រសៀល។ នៅប្រទេសកម្ពុជាមើលមិនឃើញទេ។

៣. នៅថ្ងៃសុក្រ ១៥រោច ខែអាសាធ ឆ្នាំជូត សំរិទ្ធិស័ក ចុល្លសករាជ ១៣៧០ ត្រូវនឹងថ្ងៃទី ១ខែសីហា ឆ្នាំ២០០៨ មានសូរ្យ
គ្រាស ជាសារពើ ( Total Eclipse) មើលឃើញនៅ អាមេរិក អឺរ៉ុប អាស៊ី Total។ នៅកាណាដា គ្រិនឡេន ស៊ីបេរី ម៉ុងហ្គោលី និង
ចិន នៅកម្ពុជាមើលឃើញចាប់ពីម៉ោង ១៨:០៤ ដល់ម៉ោង ១៨:២៦ មើលឃើញពី ១៧% ទៅ ៣៧%។

៤. នៅរាត្រីថ្ងៃសៅរ៍ ១៥កើត ខែ ស្រាពណ៍ ឆ្នាំជូត សំរិទ្ធស័ក ចុល្លសករាជ ១៣៧០ ត្រូវនឹងថ្ងៃទី១៦ ឈានចូល ១៧ ខែសីហា
ឆ្នាំ២០០៨មានចន្ទអឌ្ឍគ្រាស (Partial Eclipse)ដែលមើលឃើញនៅ អាមេរិកខាងត្បូង អឺរ៉ុប អាហ្វ្រិក អស៊ី អូស្ដ្រាលី។ នៅកម្ពុជា
មើលឃើញនៅម៉ោង ២:៣៥ រំលងអាធ្រាត ដល់ម៉ោង ០៥:៤៥ ទៀបភ្លឺ មើលឃើញព្រះចន្ទនៅសល់តែ ១៥% រាហូលេបអស់ ៨៥%។

ពណ៌សំពត់ស្លៀកតំរូវតាមថ្ងៃទាំង ៧

អាទិត្យក្រហម ខ្ចី រឺ ចាស់          ចន្ទផ្លាស់លឿងទុំ ស្វាយអង្គារ
ថ្ងៃស៊ីលៀបសមសោភា          ព្រហស្សតិ៍បៃតងត្រួយចេកខ្ចី។
ពណ៌ខៀវក្រនៀវប្រើថ្ងៃសុក្រ        ពណ៌និលព្រិលទុកសៅរ៍សេរី
តែងខ្លួនតាមក្បួនលោកស្រដី         ចំរើនសេរីជោគជ័យអើយ។

តំរាស្លៀកពាក់សំពត់ថ្មី

បើកស្លៀកពាក់ថ្មី        អាទិត្យសម័យ        មានជ័យតេជៈ
សត្រូវខ្លបខ្លាច        អំនាចរិទ្ធិត្បៈ        មានជ័យជំនះ
ឈ្នះមារយង់ឃ្នង។
ចន្ទៈសិនេហា        មន្រ្ដីរាជការ        គាប់ចិត្ដកន្លង
អង្គារនឹងបាន        ទុក្ខទោសសៅហ្មង        ពុធមានសុខផង
ដល់អង្គអាត្មា។
ព្រហស្សតិ៍ស្លៀកពាក់        មានសុវត្ដិស័ក្ដិ        សុក្របានទ្រព្យា
សៅរ៍តំរាកាត់        កាចក្ដាត់ណាស់ណា        ប្រយ័ត្នអាត្មា
នាំអាប់រាសី។

តំរាទទួដំនឹង
បុគ្គលណាដែលបានលឺពាក្យពេជន៍យ៉ាងណា ៗថាពិត រឺ មិនពិតនោះ តាមតំរាហោ
រាសសាស្រ្ដ លោកអោយមើលតាមថ្ងៃដំនឹនោះ លឺប្រកដដល់យើងដូច្នេះ ៖
ពុធ និង អាទិត្យ     ដំនឹងនោះពិត     អិតពោលមុសា
ព្រហស្បតិ៍ និង ចន្ទ     ពុំទាន់ជាក់ជា     កុំយកជាការ
កុំអាលជឿពេក។
សៅរ៍ និង អង្គារ     ដំនឹងពុំជា     ភូតភរអនេក
ដំនឹងថ្ងៃសុក្រ     ជាដំនឹងប្លែក     ពិតអិតប្រកែក
អិតពោលមុសា។

ដង្ហើមរស់ប្រចាំថ្ងៃ
រីថ្ងៃអាទិត្យ     ដង្ហើមរស់ពិត     នៅទិសអុត្ដរ
ចន្ទបូរាណថា     និរតិបវរ     អង្គារពុធត
នៅទិសអីសាន។
រីថ្ងៃព្រហស្បត្ដិ៍     នោះនៅចំពោះ     ទិសបូព៌ស្មោះសាន
សុក្រទិសអគ្នេយ៍     សៅរ៍ទក្សិណឋាន     នេះហើយបូរាណ
លោកចងទុកអោយ។
នឹងធ្វើការអ្វី     ចង់បានសេរី     ប្រព្រឹត្ដកុំធ្លោយ
ទើបមានបំនង     ពុំមានស្ដាយក្រោយ     រុងរឿងមកអោយ
ដល់អង្គអាត្មា។
ទទួលព័រជ័យ     មង្គលសួស្ដី     រឺប៉ងប្រាថ្នា
ដំនឹងទៅជួញ     ជំនួញនានា     ត្រូវបែរភក្រ្ដា
ទៅទិសដែលចែង។

តិថីដែលត្រូវហាម

ភិក្ខុ ១៤ ៖ ហាមប្រកបវិធីមង្គលដែលទាក់ទងដល់ព្រះសង្ឃ ក្នុងថ្ងៃខ្នើត និង រនោច ១៤ ដូចជាការបំបួសនាគជាដើម។
ហេតុដែលហាមនេះ យោងមកពីតំរាកាលកិណី ចុះក្នុងតំរាអ័គ្គនិរោធ ធ្លាក់ចុះខ័ណ្ឌសីមាក្នុងថ្ងៃខ្នើត និង រនោច តិថីទី ១៤។

នារី ១១ ៖ ហាមប្រកបពិធីមង្គលដែលទាក់ទងដល់ស្រ្ដីភេទ ដូចជា កោរជុកក្មេងស្រី រៀបអាពាហ៍ពិពាហ៍ ហាមចាត់ចែងក្នុងថ្ងៃ ខ្នើត
និង រនោច ១១។ រិតតែអាក្រក់ទៅទៀតនោះ គឺថ្ងៃសុក្រ ហើយត្រូវ ១១ទៀត។

រៀបអាពាហ៍ពីពាហ៍ ៧ ៖ ហាមប្រកបពិធីមង្គលសមរស ក្នុងថ្ងៃ ខ្នើតនិងរនោច ៧។ ក្នុងការដែលប្រកាន់បែបនេះ ប្រកាន់ច្រើនតែ
ក្នុងថ្ងៃសុក្រ ៧កើត រឺ រោចតែប៉ុណ្ណោះ។

បូជាសព ១៥ ៖ ខ្នើតរនោច ១៥ ហាមរំលាយសពហើយមានជំនឿមួយផ្លូវទៀតទាក់ទង នឹង តិថីនេះ គឺខាងខ្នើត អោយរំលាយ រឺ បូ
ជាក្នុងថ្ងៃសេស ខាងរនោចអោយបូជា រឺ បញ្ចុះសពក្នុងថ្ងៃគូ។

%d bloggers like this: