Category Archives: បុគ្គលល្បីល្បាយនៃកម្ពុជា

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ


ជីវប្រវត្ដិសង្ខេប
ឈ្មោះ ៖ ក្រមង៉ុយ
នាមដើម​​​​៖ អ៊ុក អ៊ូ
នាមអ្នកស្រុកហៅ៖ ភិរម្យ ង៉ុយ
គោរមងារ៖ ព្រះភិរម្យភាសា
នាមបិតា៖ អ៊ុក (គរម្យងារបិតា ចៅពញាធម្មធារា)
នាមមាតា៖ អៀង
ចាប់កំណើត៖ ឆ្នាំ ១៨៦៥
ស្រុកកំណើត៖ ភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល
នាមភរិយា៖ អ៊ិន
កូន៖ ៦នាក់
អនិច្ចកម្ម៖ នៅឆ្នាំ ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ
ក្រមង៉ុយ ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ទខ្មែរ។

អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជាចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូន ទីពីរ នៅក្នុងគ្រួសារ។

កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់ លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាក សិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឳពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំលោកបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានឧបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុ ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹង ចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើន កន្លែងទៀត។

លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេល សុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក សិករធម្មតា។

លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះ ភ្លេងនិងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយ គេ និយមហៅ លោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់ អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។

ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវ គាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។

ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀងឬទេសនា ក្នុងពេល មានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែង ប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀត ពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង៖

១-អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
២-អំពីការជ្រើសរើសគូស្រករ
៣-អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
៤-អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
៥-អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
៦-អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នក បួស
៧-អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
៨-អំពីការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ
៩-អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘

កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះ ស៊ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យ នឹង ថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាត អោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ»ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជ វាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះ មួយទៀតថា ង៉ុយ ឬ ក្រមង៉ុយរៀងដរាបមក។

កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃ ថែមទៀត។ ស្ដេច សៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេសជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះអ្នកព្រះ ភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំ អញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយឯក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួល សេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រ ទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។

មានដំណាលថា ក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នក ចំរៀងមាត់ឯកម្នាក់ ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបាន សួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅឯណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍? ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិ រម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ ឬ អោយឆ្លើយកុហក ?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើយអោយ ត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្ណេះទៀតបើភិ រម្យយូ មិនជឿត្រូវទៅមើលចុះ។

ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើ ទៅតាម ទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូ យ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនឯង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យ ង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀង ហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។

លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យ ជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយ បានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំង នឹង ថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅ ឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិ និង ជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរ នេះទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។

នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស (Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់ គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រី សុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។

ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោក ជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។ តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតា ង៉ុយ ជាកវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖

១ – ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២

២ – ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២

៣ – សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១

៤ – ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ

៥ – បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។

ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូដែរ គឺចំរៀងស្ដីអំពី៖ កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស…..

អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺ៖

១ – ឈ្មោះដូង
២ – ឈ្មោះចេង
៣ – ឈ្មោះចា
៤ – ឈ្មោះចិន
៥ – ឈ្មោះចុង
៦ – ឈ្មោះចេវ

ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺ កូនទី៥ ដែលគេនិយម ហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គម ស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅឯលិចពោចិនតុង កូន អាចារ្យចុងចៅអាចារ្យង៉ុយ។

អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយជំងឺទល់លាមក។ សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦)

នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយ មានវិបរិតទូទាំងប្រ ទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និង ប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិ សេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវក គ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគម បារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជា ប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។

ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រង បារាំង ទាំងខាងរដ្ឋ បាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖

១-មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
២-មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
៣-មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
៤-ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du Royaume (៣)
៥-ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីល ធម៌រស់នៅ សំលៀក បំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘

ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ – ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើ ទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិ គមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗអោយ ធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយឥតមាន ស្គាល់ឈ្មោះ និង ស្រុកកំណើតរបស់គេឡើយ(៤)

ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និង រាំង ស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីឯ ពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងឧបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បី ស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និង ការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខាន មិនបានផលិត បណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រ ជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។

១ – នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីឯក រាជ្យ(La Monarchie Cambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀប រាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ ឯកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។

២ – នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញ ទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការនៃរាជ រដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul Pelliot Adrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ ឯកសារមហាបុរស លុះមកដល់ ឆ្នាំ១៥៩៥ ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមាន ការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La Monarchie Cambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…។

៣ – បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានឯកសារមហាបុ រសខ្មែរ។
៤ – កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាលសួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំ ដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយ ច្បាំងបារាំង។ ក្រោយឆ្នាំ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់ អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

ប្រភព៖មណ្ឌលវប្បធម៌ខ្មែរនៅស្វីស

ជីវប្រវត្តិ សាស្ដ្រាចារ្យបណ្ឌិត កេង វ៉ាន់សាក់


កេង វ៉ាន់សាក់.jpg

ប្រវត្តិរូបសង្ខេប

ឈ្មោះពេញ៖ កេង​ វ៉ាន់សាក់
ឈ្មោះ​ដើម៖ កេង​ វ៉ាន់សាក់
ថ្ងៃកំណើត៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥
ទីកន្លែងកំណើត៖ ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង។
ឪពុកឈ្មោះ ៖កេង ស៊ីផាន់
មា្តយឈ្មោះ​៖ ហម អ្នក
មុខងារ៖ អ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខ និង ធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០។

មរណភាព៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨

មរណភាព៖

លោក​សាស្រ្តា​ចារ្យបណ្ឌិត​កេង​​វ៉ាន់​សាក់​​ បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​ទឹក​ចូល​សួត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ កន្លង​ទៅ។ សព​​​​កវី​និពន្ធ​អក្សរសាស្រ្ដ​ខ្មែរ​ដ៏​ល្បី​ល្បាញ​និង​ជាស្ថាបត្យករ អង្គុលី​លេខ​ខ្មែរ​សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវ​បាន​គេ​ដង្ហែ​ចេញ​ពី​ទីតម្កល់ទៅ​កាន់​ទី​ប៉ាឆា​មួយកន្លែងនៅ ទីក្រុងប៉ារីស ប្រទេសបារាំង នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​បូជា​យក​អដ្ឋិធាតុ​ទៅ​តម្កល់​ជាមួយ​មាតា​របស់​លោក​នៅ​កម្ពុជា​ដោយ មាន​ព្រះ​សង្ឃ​ស្វាធ្យាយ​ព្រះ​សត្តប្បការ​ណា​ភិធម្ម​បង្សុ​ កូលឧទ្ទិសកុសលបច្ឆា មរណៈផង។

ជីវប្រវត្តិសង្ខេប៖

លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃ សៅរ៍ ២កើត ខែ​អស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។

លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់​សែ​ស្រឡាយ​ជា​ញាតិ​វង្ស​ទៅ​នឹង​ម្ចាស់​ក្សត្រី​មល្លីកា ព្រះមហេសី​នៃ​ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្ត កំពង់ចាម មាន​វ័យ​ចម្រើន​ធំធាត់​នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។ ប្រវត្តិ​ស្មុគស្មាញ​របស់​លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែល​លោក​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​មនុស្ស​ទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ច​ចម្លងប៉ុណ្ណោះ ហើយ​ឪពុក​ចម្លង​រូប​នេះ​តែង​តាម​ព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោក តាំងពីកុមារភាពរហូតមក។ ទោះ​បី​យ៉ាង​ណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែង​បាន​ចូល​ប្រឡូក​នឹង​ការ​ប្រែ​ប្រួល​របស់​ប្រទេស​ជាតិ​សឹង​តែ​គ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និង​ចលនា​នយោបាយ​ចម្រើន​ជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់​មនុស្ស​រាប់​លាន​នាក់​នា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង។

ប្រវត្តិការងារ៖

ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីត​ប្រធាន​រដ្ឋសភា​នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេ ខ្មែរក្រហមឡើយ។

គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខ កង្វល់​ដល់​ក្រុម​គ្រួសារ​និង​ខ្លួន​លោក​ផ្ទាល់​ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើម​ឡើង​នៅ​ព្រលប់​មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្ស ប្រជាធិបតេយ្យដែលមាន លោកជា អគ្គលេខាធិការបានចាញ់ ឆ្នោត​គណបក្ស​សង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែន​ការ​បាញ់សម្លាប់មេដឹកនាំនិង បេក្ខជនក្នុងគណបក្ស សង្គម រាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុង​ក្រសួង​ចារកម្ម​ម្នាក់ ឈ្មោះ ជ័យ សុផល។

នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុង​បទ​សង្ស័យ​ថា​បាន​ធ្វើ​ឲ្យ​មានការរំជើបរំជួល ច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេល​ដែល​លោក​ធ្វើ​ជា​សាស្រ្ដា​ចារ្យ​អក្សរ​សាស្រ្ដ​ខ្មែរនៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ។

លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជា បុគ្គលិក​សិក្សា​លេខ​រៀង​ទី១​ផងនោះ ជាបញ្ញាជន ដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោក​មើលឃើញថា អ្នកដឹកនាំទាំងនោះ ពុំមានឆន្ទៈ ពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាក​ផុត​ពី​ការ​ត្របាក់​យក​នៃពួកបរទេសឡើយ។

ស្នាដៃ៖

ស្នាដៃរបស់លោក ដូចជារឿង សាច់មិនបានស៊ីយកឆ្អឹងព្យួរក, អន្ទិតគោលោត, ចិត្តក្រមុំ, គុកកាមកិលេស, ល្បែងល្បោយ, ខ្មែរស្លាប់ខ្មែររស់ និងការ និពន្ធជាភាសាបារាំងវិញ ដូចជា សំណេរ ហ្គ្វលកេ អាស់ស្ពេក ឌឺឡា លីតឈើរែតឈើខ្មែរ រឿង រៀមកេរ ដែលបានបោះពុម្ពនៅកម្ពុជា អត្ថបទនៃនិក្ខេបទ វប្បធម៌ខ្មែរដ៏ល្អ និងកំរ​រកបាន ​ និងកំណាព្យជាភាសាបារាំង ឈ្មោះ ត្រេនឌីដេ ដាន់ផាប់ផូល. គឺជាអ្នកបង្កើតពុម្ពអក្សរ​ខ្មែរសម្រាប់​ប្រើក្នុងម៉ាស៊ីនអង្គុលី លេខនិងធ្លាប់បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗ តាំងពីទសវត្សរ៍ ១៩៤០ នោះមក។

សំដីកាលនៅរស់៖

កាលនៅមានជីវិតលោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ធ្លាប់មានប្រសាសន៍ថា ៖ «កាលហ្នឹង ខ្ញុំជាអ្នក​ស្រឡាញ់​ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្រ្ដ យើង ហ្នឹងល្ងង់ខ្លៅពេញស្រុក​ទាំង​អស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយ ខ្ញុំ​ពិបាក ថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀនឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។ ខ្ញុំខំធ្វើ​ម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយ យកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើត គឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃ ហ្នឹង កិច្ចការរដ្ឋទៅមិនទាន់ទេ…»។

ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជបង្កើតរបស់ ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។

បាតុភូតពីកំណើត៖

តាមប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុ​អស្ចារ្យមួយដោយមាន​ភាព​ងងឹតពេញផ្ទៃរាជវាំង បណ្ដាល ដោយសូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ។ ស្របនឹង​ព្រឹត្តិ​ការណ៍​នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុម រាជវង្សក្នុងព្រះរាជវាំង បណ្ដាលឲ្យសមាជិក​រាជ​វង្សានុវង្សប្រមាណ៤០ ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ។

អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងទៀតថា ហោរារាជវាំងបានព្យាករណ៍ថា មានទារកចង្រៃកើត ចំថ្ងៃនោះដែលត្រូវតែយក ទៅប្រហារជីវិត ឬបំបរបង់ ចោល។ សូមបញ្ជាក់ថា ពុំមានឯកសារផ្លូវការ​ណា​មួយដែលបានបញ្ជាក់ឬបដិសេធនូវប្រវត្តិដែល បានផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាង​លើនេះឡើយ។

ភាពផ្ទាល់ខ្លួន៖

រីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយម​ដ៏ស្លាប់រស់ម្នាក់​នោះ​ធ្លាប់ឲ្យដឹងថា មាតារបស់លោកបានជ្រើស​រើសយកការចាកចេញពី​រាជវាំង​​ដើម្បីរស់នៅ​និងថែ​ទាំ​​លោកជា​រៀងរហូតមក។

ជាញឹកញាប់លោកបណ្ឌិត កេងវ៉ាន់សាក់តែងមានប្រសាសន៍ប្រាប់អ្នកផងទាំងពួងអំពី​ការជាប់ចិត្តដឹង​គុណ​គ្មានថ្ងៃភ្លេចបាននិងពុំមានអ្វីប្រៀបអំពី​គុណូបការៈ​ដ៏ធំធេងរបស់ មាតាលោក។ សូម្បីលោកមានជន្មាយុ​ក្នុង​វ័យ​៨០ឆ្នាំហើយក្ដី លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់បានឲ្យដឹងថា លោកតែងនឹកឃើញ​និងមាន​ពេល​ខ្លះ​​លោក​សម្រាន្តសោកសង្រេងយំខ្សឹកខ្សួល រហូតពេញមួយថ្ងៃក៏មាន ព្រោះនឹក​ឃើញសម្ដីដ៏ពិរោះ​ប្រកបដោយ​ក្ដីមេត្តា​ភាពថ្នាក់ថ្នម​​លួងលោមឥតឃ្នើស​របស់មាតាលោកជានិច្ចនិងជាដរាប។

ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍​ដល់វិទ្យុអាស៊ីសេរី​ជា​ច្រើន​រយម៉ោងអំពី រឿងរ៉ាវផ្សេងៗ ទាក់ទង នឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំង​ក្នុងបញ្ហា​ជាតិ ​និង​នយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹង នាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍​សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យ និង ភាពដែលអាចធ្វើទៅបានតាម​ការគួរ៕

ប្រភព៖​អាស៊ីសេរី

%d bloggers like this: