Category Archives: បទវិចារណកថា

បទវិចារណកថាខ្លី៖ អ្នកសារព័ត៌មានស្ទើរភ្លើង


អ្នកសារព័ត៌មានស្ទើរភ្លើង

ជា​រៀង​រាល់​ថ្ងៃ​ព័ត៌មាន​ទាំងឡាយ​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណេត​យ៉ាង​គគ្រឹក​គគ្រេង​ ទាំង​មាន​ប្រភព​ច្បាស់លាស់​ និង​ គ្មាន​ប្រភព​ច្បាស់លាស់​។​ អាស្រ័យ​ហេតុ​នេះ​ សូម​សាធារណជន​ទូទៅ​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​មានការ​ពិចារណា​ខ្ពស់​ ដើម្បី​ញែក​ឲ្យ​ដាច់​រវាង​ដំណឹង​ពិត​ និង​ ដំណឹង​មិនពិត​។

ការ​ចែក​រំលែក​នូវ​ព័ត៌មាន​គឺ​ជា​អំពើ​មួយ​គួរ​ត្រូវ​បាន​សរសើរ​ និង​ផ្ដល់តម្លៃ​ ប្រសិន​បើ​វា​នាំ​មកនូវ​វឌ្ឍនភាព​សង្គម​ ប៉ុន្តែ​អ្នក​ចែករំលែក​មួយ​ចំនួន​ ហាក់​ដូចជា​ខ្វះ​សីលធម៌វីជ្ជាជីវៈ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន។ ​រាល់​ព័ត៌មាន​ទាំង​ឡាយ​ ដែល​យើង​ដកស្រង់​យករូបភាព​ ខ្លឹមសារ​ ឬ​ ផ្នែក​ណា​មួយ​នោះ​ យើង​ត្រូវ​តែ​បញ្ជាក់​ពី​ប្រភព​ដើម​ផង​ ដើម្បី​ជា​ការ​គោរព​សិទ្ធិ​ទៅ​ដល់​ម្ចាស់​ដើម​នៃ​អត្ថបទ​។

គេហទំព័រ​មួយ​ដែល​មាន​ឈ្មោះ​ថា​ សារព័ត៌មាន​ កំណើត​ថ្មី​ “​ ហាក់​នៅ​មាន​ចន្លោះ​ប្រហោង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​ ព្រោះ​អត្ថបទ​មួយ​ចំនួន​ដែលខ្លួន​​ដកស្រង់​របស់​អ្នក​ដទៃ​មកចុះ​ផ្សាយ​បន្តនោះ​ ​គឺ​មិន​បាន​បញ្ជាក់​ប្រភព​ដើម​ទេ​។ ឧទាហរណ៍​ អត្ថបទ​មួយ​និយាយ​ពី​អន្សម​ ត្រូវ​បាន​គេហទំព័រ​នេះ​ ប្រើ​ប្រាស់​រូបភាព​របស់​ប្លក់​ ខ្ញុំ​ដោយ​មិន​បញ្ជាក់​ប្រភព​ថា​ខ្លួន​បាន​យក​រូបភាព​នំ​របស់​ប្លក់​អ្នក​ដទៃ​មក​ប្រើ​នោះ​ទេ​។ ដូច្នេះ​ទង្វើ​នេះ​ជា​ការ​ខ្វះ​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​

សូម​អ្នក​សារព័ត៌មាន​ទាំង​ឡាយ​ មេត្តា​មាន​សតិ​សម្បជញ្ញៈ​ ប្រសិន​បើ​ខ្លួន​ដក​ស្រង់​អត្ថបទ​របស់​អ្នក​ដទៃ​មក​ផ្សព្វផ្សាយ​បន្ដ​នោះ​​ ៕

បញ្ជាក់បន្ថែម៖​

  • អត្ថបទដើម៖ នំអន្សម រដូវភ្ជុំបិណ្ឌ ចុះផ្សាយនៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១២
  • អត្ថបទដែលចម្លងរូបភាពមិនបញ្ជាក់ប្រភព៖ នំអន្សម ចុះផ្សាយនៅថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៥

រូបភាពខ្លះ៖

original

អត្ថបទដើម

Untitled picture

អត្ថបទដែលចម្លងរូបភាពមិនបញ្ជាក់ប្រភព

 ដោយ៖ បូណា

បទវិចារណកថាខ្លី៖​ វប្បធម៌នយោបាយ ដែលគួរយកធ្វើជាគំរូ


វប្បធម៌នយោបាយ ដែលគួរយកធ្វើជាគម្រូ

យើង​សាក​ក្រឡេក​ទៅ​មើល​ប្រទេស​មួយ​នៅ​ទ្វីប​អូសេអានី​ ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ក្នុង​សកលលោក​។ ប្រទេស​ដែល​នឹង​ត្រូវ​លើក​យក​មក​បរិយាយ​នោះ ​គឺ​ប្រទេស​អូស្ត្រាលី​ ដែល​ប្រជាជន​របស់​ពួកគេ​ទើប​តែ​បាន​បញ្ចប់​ការ​បោះឆ្នោត​ជាតិ​ កាល​ពីថ្ងៃ​ទី ០៧ ខែ កញ្ញា ឆ្នាំ​ ២០១៣​ នេះ​ ។ នៅ​ក្នុង​ការបោះឆ្នោត​នោះ​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​គណបក្ស​ធំៗ​ ចំនួន​ពីរ​ គឺ​គណបក្ស​ពលករ​របស់​លោក​នាយករដ្ឋមន្ដ្រី​ ខេវិន រ៉ាដ្ដ​ និង គណបក្ស​សេរីនិយម​របស់​លោក​ ថូនី​ អាប៊ិត (បក្សប្រឆាំង​) និង​ មាន​គណបក្ស​តូច​ៗ ដទៃ​ទៀត​។​

ក្រោយ​ការ​បោះឆ្នោត​បាន​បញ្ចប់​ និង​ ការ​រាប់​សន្លឹកឆ្នោត​បឋម​បាន​ឲ្យ​ដឹង​ថា​គណបក្ស​សេរីនិយម​របស់​លោក ថូនី​ អាប៊ិត បានឈ្នះការ​បោះ​ឆ្នោត​នេះ​ ក្នុង​ចំនួន​ប្រហែល​ជា​ជិត​ ៩០ អាសនៈ​ ដែល​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ដ្រី​ទី​ ២៨​ របស់​ប្រទេស​អូស្ដ្រាលី​ ។

ការ​ទទួល​ខុសត្រូវ​របស់ពលរដ្ឋ​

ពលរដ្ឋ​របស់​អូស្ដ្រាលី​ទាំងអស់​មិនត្រឹម​តែ​បង្ហាញ​ពី​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​ទេ​ ពោល​គឺ​ជាកាតព្វកិច្ច​ផង​ដែរ​ ដែល​ពលរដ្ឋ​ម្នាក់ៗ​ ត្រូវ​តែ​អនុវត្តន៍​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស​។ មិន​តិច​ជាង​ ៩០ %​ ទេ​ ដែល​ពលរដ្ឋអូស្ដ្រាលី​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ០៧​ ខែ​ កញ្ញា​ ឆ្នាំ ២០១៣​ នេះ ហើយ​ក៏ដូច​ជា​អាណត្តិ​មុនៗ​ដែរ​។ ដោយឈរ​លើ​ជំហរ​អព្យាក្រឹត​ពលរដ្ឋអូស្ដ្រាលី​អាច​ជ្រើសរើស​បាន​មេដឹកនាំ​គួរ​ជា​ទី​ពេញ​ចិត្ត​ និង​ ប្រកប​ដោយ​ការ​ជឿ​ជាក់​សម្រាប់​ជាតិ។​

ស្ថាប័ន​រៀប​ចំ​ការ​បោះឆ្នោត​ដែល​អព្យាក្រឹត

ជា​ប្រទេស​ប្រជាធិបតេយ្យ​ និង អភិវឌ្ឍន៍​ផងនោះ​ គ្រប់ស្ថាប័ន​រដ្ឋ​សុទ្ធ​តែ​មាន​ជំហរ​ឯករាជ្យ​ និង អព្យាក្រឹត​ ដែល​កត្តា​នេះ​ ធ្វើ​ឲ្យ​អ្នក​នយោបាយ​ និង ប្រជាពលរដ្ឋ​អូស្ដ្រាលី​ មាន​ទំនុក​ចិត្ត​ខ្ពស់​។​

លទ្ធផល​នៃការ​បោះឆ្នោត​

ក្រោយ​ការ​បោះឆ្នោត​បាន​បញ្ចប់​នៅ​ម៉ោង​ ០៦ ល្ងាច​ ហើយ​ការរាប់សន្លឹក​ឆ្នោត​ក៏ចាប់​ផ្ដើម​ជា​បន្តបន្ទាប់​រហូត​ចប់​ ។ លទ្ធផល​បឋម​បង្ហាញ​ថា​គណបក្ស​កាន់​អំណាច​រយៈ​ពេល ០៦ឆ្នាំ​ជាប់គ្នា​របស់​លោក​ ខេវិន រ៉ាដ្ដ និង លោកស្រី ជូលៀ ហ្គីឡាត​ បាន​ចាញ់​ការ​បោះឆ្នោត​នេះ​ ដែល​ទទួលបាន​ប្រមាណ​ជា​ជាង​ ៥០​អាសនៈ​ប៉ុណ្ណោះ​។

ភ្លាមៗ​ ក្រោយ​ពី​ដឹង​លទ្ធផល​បោះឆ្នោត​ លោក​ ខេវិន រ៉ាដ្ដបាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​​​របស់​​លោក​ ​ប្រកាស​ពី​ការ​ចាញ់​ឆ្នោត  លោក​រ៉ាដ្ដ​បាន​​និយាយ​​ថា​ ពេល​នេះ​គឺជា​ពេល​ដែល​លោក​​ត្រូវ​​​​លា​ចេញ​ពី​មុខតំណែង​ជា​មេដឹកនាំ​បក្សពលករ​ ហើយ​ លោកបាន​​ទូរសព្ទ​ស្វាគមន៍​ជូន​ពរ​លោកថូនី អាប៊ិត ​ចំពោះ​ការដឹកនាំ​ប្រទេស​​​អូស្រ្តាលី​​សម្រាប់​​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​នេះ​ផងដែរ​ ។ ក្នុង​ខណៈនេះ​ដែរ លោក ​ថូនី អាប៊ិត ក៏​បាន​ថ្លែង​ប្រកាស​​ទទួលយក​ជ័យ​ជម្នះ ដោយ​​ធ្វើការ​បញ្ជាក់​តាំង​ចិត្ត​​ដឹកនាំ​ប្រទេស​ទៅ​តាម​ការ​សន្យា​របស់​លោក ​នៅ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត។

ក្នុង​ពេល​នេះ​ ការ​ផ្លាស់​ប្ដូរ​បាន​កើត​មាន​ឡើង​ដោយ​គ្មាន​ការ​ជាប់​គាំង​នយោបាយ​ឡើយ​ ដោយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​បក្ស​ប្រឆាំង​វិញ​ រីឯ​មេដឹកនាំបក្សប្រឆាំង​ដ៏​មាន​ប្រសិទ្ធ​ភាព​ម្នាក់ត្រូវ​ប្ដូរ​មក​ធ្វើជា​នាយក​រដ្ឋមន្រ្ដី​ម្ដង​

សរុបសេចក្ដី​មក​ ការ​បរិយាយ​ខាងលើ​នេះ​សុទ្ធ​តែ​ជា​បទ​ពិសោធន៍​នយោបាយ​ដ៏​ល្អ​ប្រពៃ​ សម្រាប់​ពលរដ្ឋ​ និង​ អ្នក​នយោបាយ​នៅ​កម្ពុជា​គួរ​តែ​យក​ធ្វើ​ជា​គម្រូ​ដោយ​កុំ​មើល​រំលង​ឲ្យ​សោះ​​  ប្រសិនបើយើង​ជា​បុគ្គល​ដែល​គិត​អំពីផល​ប្រយោជន៍​ជាតិ​ទាំង​អស់​គ្នា​។ តើអ្នកយល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ បើ​ធៀបជា​មួយ​អូស្ត្រាលី​? ឬធៀប​ជា​មួយ​ការបោះឆ្នោត​នៅ​ហ្ស៊ីមបាវ៉េ​ ?

បទវិចារណកថាខ្លី៖ ពលរដ្ឋគួរតែធ្វើខ្លួនឯងឲ្យក្លាយជាបុគ្គលអព្យាក្រឹត


ពលរដ្ឋគួរតែធ្វើខ្លួនឯងឲ្យក្លាយជាបុគ្គលអព្យាក្រឹត

ជា​ការពិតណាស់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​ទាន់​មាន​ភាព​អព្យាក្រឹត​សម្រាប់​ខ្លួន​ឯង​នោះទេ ​ក្នុងការ​​ជ្រើសរើស​តំណាង​របស់​ខ្លួន​នៅ​មានភាពលម្អៀង​នៅឡើយ​។​ ចំណុច​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋក្នុងសង្គម​ជាតិខ្វះ​តុល្យភាពក្នុង​ការសម្រេច​​ចិត្ត​ និង​ ការ​បញ្ចេញ​សិទ្ធិ​របស់ខ្លួន​។

យើង​ក្នុង​នាម​ជា​ម្ចាស់​នៃ​វាសនា​ប្រទេស​ជាតិ​​របស់​ យើង​គួរ​តែ​ឈរ​លើ​មូលដ្ឋាន​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ដើម្បី​ប្រជាជាតិ​ខ្លួន​ឆ្ពោះ​ទៅ​រក​វឌ្ឍ​នភាព​ដូច​អារ្យ​ប្រទេស​នានា​ក្នុង​ពិភពលោក​។ 

ការ​ផ្កាប់​មុខ​ទៅ​តែ​ម្ខាង​ៗ

វប្បធម៌​នៃ​ការ​គាំ​ទ្រ​ផ្កាប់​មុខ​ទៅ​តែ​ម្ខាង​ៗ បាន​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​មាន​ការ​បែង​ចែក​បក្ខ​ពួក​គ្នា  មាន​ការ​លាប​ពណ៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​ចេះ​ចប់​។​ ផ្កាប់​មុខ​ព្រោះ​តែ​លោភៈ​ ចង់​បាន​បុណ្យ​ស័ក្ដិ​ អំណាច​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន បើ​ទោះ​ជាដឹង​ថា​ស្ថិត​ក្នុង​ផ្លូវ​មិនត្រឹមត្រូវ​ក៏​ដោយ​ក៏​នៅ​តែ​បន្ត​ធ្វើ​ពើ ធ្វើគ​ថ្លង់​។​ ការ​គាំ​ទ្រ​ផ្កាប់​មុខ​បែប​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់​បង់​នូវ​ស្មារតី​ពិចារណា​ក្នុងការ​ស្វែង​រក​ហេតុ​ផលពិត​  ភាពត្រឹមត្រូវ​ និង​ ស្រប​ច្បាប់។​ ថ្មី​ៗ នេះ​នៅ​លើ​បណ្ដាញ​សង្គម​ មាន​ភាគី​ជា​ច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​វប្បធម៌​នៃការ​គាំទ្រ​ផ្កាប់​មុខ​ទៅ​លើ​ក្រុម​ខ្លួន​តែ​ម្ខាង​ៗ  ខ្លះ​លើក​ឡើង​ពី​មហា​គុណ​សម្បត្តិ​ មហា​អស្ចារ្យ​ មហា​លោតផ្លោះ​ មហាគតិបណ្ឌិត​របស់​មេដឹកនាំ​ខ្លួន​ដែល​គ្មាន​គូរ​ប្រៀប​ក្នុង​លោក​នេះ​ ក្រៅ​ពី​ក្រុម​ខ្លួនទៅ​សង្គមជាតិ​គ្មាន​នរណា​អាច​ដឹក​នាំ​បានទេ   ខ្លះ​ទៀត​ក៏​លើក​ឡើង​ថា​ល្អ​អី​តែ​ក្រុម​ឯង​ខាង​យើង​ឯណេះ​វិញ​ក៏មិន​ធម្មតា​ដែរ​។

កត្តា​ខាង​លើ​ធ្វើ​ឲ្យ​បុគ្គល​ខ្មែរ​បាត់បង់​នូវអព្យាក្រឹតភាព​ជា​ពលរដ្ឋ​ប្រកប​ដោយ​សតិសម្បជញៈ​ និង មនសិការ​ជាតិ​ ហើយគិត​ថា​ មាន​តែ​ក្រុមខ្លួន​ទេ​ដែលល្អ​ប្រពៃនោះ​។

ម្ពុជា​មិនមែន​ជា​មរតក​នៃ​គ្រួសារ​ណា​មួយ​នោះ​ឡើយ

ទឹកដី​កម្ពុជា​គឺ​ជា​សម្បត្តិ​រួម​របស់​ជនជាតិ​ដែល​មាន​ឈាម​ជា​ខ្មែរ​ទាំង​អស់​ មិនមែន​ជា​កម្មសិទ្ធិ​នៃ​គ្រួសារ​​អភិជន​ណា​ម្នាក់​នោះ​ឡើយ។​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​ម្ដងៗ​មាន​ន័យ​ថា​ពលរដ្ឋ ជ្រើស​រើស​អ្នក​តំណាង​ដើម្បី​ឲ្យ​កាន់ការងារ​ដឹក​នាំ​ប្រទេស​ជាតិ​ ធ្វើ​ជា​អ្នក​បម្រើ​រាស្ដ្រ​ មិនមែន​ជា​ថៅកែ​ធ្វើ​ស្រែ​លើ​ខ្នង​រាស្ដ្រ​នោះ​ទេ​  ហើយ​ក៏មិនមែន​ផ្ដល់​កម្ពុជា​ឲ្យ​ក្លាយ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់បុគ្គល​ម្នាក់នោះទេ​គាត់​គ្មាន​សិទ្ធិ​យកកម្ពុជា​ចែក​បន្ដ​ដល់​កូនចៅ​គាត់​នោះ​ឡើយ​។

ពលរដ្ឋគួរចាប់ផ្ដើមធ្វើខ្លួនឲ្យអព្យាក្រឹត

ដោយ​ឈរលើ​គោល​ការណ៍​ពិចារណា​ ពលរដ្ឋ​គ្រប់ៗ​រូប​គួរ​ងាក​មកគិត​ឡើងវិញ​ ហើយ​លះបង់​នូវ​គំនិត​គាំទ្រ​ផ្កាប់មុខ​ចោល​ឲ្យ​អស់​។​ យើង​គួរ​ឆ្លុះ​បញ្ចាំង​គ្រប់​ទិដ្ឋភាព​នយោបាយ​ ដើម្បី​រក​ឲ្យឃើញ​ភាព​សុចរិត​ត្រឹមត្រូវ​ដែល​អាច​ទទួល​យក​បាន​ ចៀសវាង​ការ​ជឿ​ស៊ប់​ទៅ​លើ​តែ​ក្រុម​ម្ខាង​ៗ​ ដែលនាំ​ឲ្យ​ជាតិ​ទាំង​មូល​ជួប​បញ្ហា​ប្រឈម​នា​ពេល​អនាគត​។

ជា​អ្នក​ដែល​ត្រូវ​យល់​ដឹង​ពី​សកម្ម​ភាព​នយោបាយ​នៅ​កម្ពុជា​ទាំអស់ កុំធ្វើខ្លួន​ឲ្យ​ក្លាយ​ជា​ឧបករណ៍​នយោបាយ​នៃ​ក្រុម​អ្នក​នយោបាយ​ទាំអស់​នោះ ។ ជាពលរដ្ឋអព្យាក្រឹត យើង​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​វាសនា​ជាតិសាសន៍​ខ្លួន​ដោយ​មិន​ផ្កាប់​មុខ​ទៅ​តែ​ក្រុម​ណា​មួយ​។

ហេតុផលពីអតីតកាល

ហេតុ​ផល​សំខាន់​ៗ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​គ្មាន​ភាព​អព្យាក្រឹត​ គឺ​ដោយសារ​កត្តា​មួយ​ចំនួន​ដូចជា​៖ចំណេះ​ដឹងនៅ​មាន​កម្រិត​​  ​ ភាព​ក្រី​ក្រ​​   ភាព​ភ័យ​ខ្លាច​   បទ​ពិសោធន៍​ក្នុង​សម័យ​សង្គ្រាម​   ការគិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ និង​ ​​​​​​​​​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​មិន​អព្យាក្រឹត​​។

ប្រសិន​បើ​ចំណុច​ទាំង​ឡាយ​ខាងលើ​ត្រូវ​បាន​លុប​បំបាត់​ចោល​នោះ​ ពលរដ្ឋ​គ្រប់​រូប​នឹងមានភាព​អព្យាក្រឹត​ជាក់​ជា​មិនខានឡើយ​៕

បទវិចារណកថាខ្លី៖​ នយោបាយប្រៀបបីដូចសាច់រឿងល្ខោន


នយោបាយ ​ប្រៀប​បី​ដូច​ជា​ឆាកល្ខោន​ ឬ ​ក៏សាច់​រឿង​ដែល​អ្នក​និពន្ធ​បានសរសេរ​ឡើង​ដោយ​បាន​កំណត់​ពី​តួអង្គ​ មុខងារ​សម្ដែងរបស់​បុគ្គល​ម្នាក់​ៗរួចរាល់អស់​ទៅហើយ។ ​ ខ្លះ​សម្ដែង​ជាតួត្លុក​គ្រាន់​តែ​កំដរ​ឆាកកុំ​ឲ្យស្ងាត់​ ​ ខ្លះជា​តួកាច​ឆ្នាស់ឆ្នើម​ ខ្លះ​កំសត់​ ខ្លះ​មាន​អំណាច​ ខ្លះ​ត្រូវ​ចាក​ឆ្ងាយ​ស្រុក និង​ តួសម្ដែង​ដទៃទៀត​។

បើ ​ទោះបី​ជា​ស្ថិត​ក្នុង​បរិបទ​បែប​នេះ​ក៏​ដោយ​ក្ដី​ យើង​ជា​អ្នក​ទស្សនា​ត្រូវ​តែ​ពិនិត្យ​ និង តាម​ដាន​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​ពី​ដំណើរ​នៃ​សាច់​រឿង​មួយ​នេះ​។ រឿង​ប្រឌិត​ដ៏​ជក់ចិត្ត​ និង ពេញ​និយម​មួយ​នេះអាច​នាំ​ឲ្យ​អ្នក​ទស្សនា​ ចូលចិត្តតួអង្គ​សម្ដែង​ផ្សេងៗ​គ្នា​ រហូត​ដល់​គាំទ្រ​ខ្លាំង​ទៅ​ក៏​កើត​ទំនាស់​ក្នុង​គ្រួសារ​ដោយ​សារតែ​ការ​ ប្រកាន់​យក​តួ​អង្គ​ខុសៗគ្នា​ ។

លទ្ធផល ​នៃ​សាច់​រឿង​ប្រឌិត​ដល់​ពេញ​និយម​នេះ​ ត្រូវ​បាន​អ្នកនិពន្ធ​គូស​ក្រឡា​ឲ្យ​តួអង្គ​ម្នាក់​ៗ​ ដើរ​រួចជា​ស្រេច​ទៅ​តាមអ្វី​ដែល​គាត់​ចង់​បាន​ដើម្បី​ធ្វើ​ឲ្យ​សាច់​រឿង​នេះ ​កាន់​តែ​ទទួលបាន​ការ​ចាប់​អារម្មណ៍​ពី​អ្នកទស្សនា​ទូទាំង​ប្រទេស​។ តួ​ឯកគឺ​ជាតួអង្គ​ដែល​អ្នក​និពន្ធ​រំលេច​ពីសកម្មភាព​ខ្លាំង​ជាងគេ​ រីឯតួរង​ក៏ប្រហាក់​ប្រហែល​គ្នា​ដែរ​ ។

អាស្រ័យ​ហេតុ​នេះ​ សូមអ្នក​ទស្សនា​ទាំង​ឡាយ​គួរគប្បី​តាមដាន​សាច់​រឿង​មួយនេះ​ដោយស្មារតីប្រុងប្រយ័ត្ន​ខ្ពស់​ និង​មាន​សម្បជញ្ញៈ​ផង ​។ ទោះ​ជា​សាច់​រឿង​នយោបាយ​នេះ​ត្រូវ​អ្នក​និពន្ធ​សរសេរ​ឡើង​ដោយ​ម្នាក់​ឯង​ក៏​ដោយ​ក្ដី​ ក្នុង​នាម​យើង​ជា​អ្នក​ទស្សនា​ត្រូវ​ជួយ​ស្វែង​រក​ចំណុច​ខ្វះ​ខាត​នៃ​សាច់​រឿង​នេះ​ ដើម្បី​ផ្ដល់ជាអនុសាសន៍​កែតម្រូវ​ត្រឡប់​ទៅ​អ្នកនិពន្ធ​វិញ​ នោះ​ភាគ​បន្ដ​នៃ​រឿង​នេះ​អាច​នឹង​កាន់តែ​ប្រសើរជាង​មុន​ខ្លះ​ ចង់​មិន​ចង់​អ្នក​ពិត​ជា​ត្រូវ​ជ្រើស​យក​តួ​អង្គ​មួយ​ដែលអ្នក​ពេញ​ចិត្ត​ បើ​បាន​ជា​ទស្សនា​ទៅ​ហើយ​នោះ​ ៕

បទវិចារណកថាខ្លី៖ បើមិនបានជួយឲ្យថ្កុំថ្កើងទេ កុំមកបន្ថោកតម្លៃវប្បធម៌ និង សង្គមជាតិខ្លួនឯង


thinking

ប្រទេស​នានា​នៅ​លើ​ពិភពលោក​នេះ​ សុទ្ធ​តែ​មាន​វប្បធម៌​ អរិយធម៌​ រៀង​ៗ​ខ្លួន​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ជាតិ​ ទៅ​កាន់​មនុស្ស​ម្នា​ទាំង​ពួង​ក្នុង​លោក​ឲ្យ​ដឹង​ និង​ ស្គាល់​កាន់​តែ​ច្បាស់​ពី​តម្លៃ​នៃ​ជាតិសាសន៍​ខ្លួន​។​ ពី​ជាតិ​សាសន៍​មួយ​ទៅ​ជាតិ​សាសន៍​មួយ​ទៀត​ តែង​តែ​មាន​ការ​ចម្លង​ ឬ​ ដក​ស្រង់​យក​ចំណុច​ល្អ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​សង្គម​រៀង​ៗ​ខ្លួន​ ប៉ុន្ដែ​ចំណុច​ខ្លះយើង​មិន​គួរ​បណ្ដោយ​ឲ្យ​មាន​សកលភាវូបនីយកម្ម​នៃ​វប្បធម៌​ជ្រុល​ហួស​ហេតុ​ពេក​នោះ​ទេ​ ពិសេស​គឺ​ការ​ដែល​យើង​មិន​បាន​ច្នៃ​ប្រឌិត​ឲ្យ​មាន​លក្ខណៈ​ជាតិ​ វា​នឹង​ក្លាយ​ជា​ការ​បន្ថោក​តម្លៃ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ភាព​ថ្លៃ​ថ្នូរ​នៃ​សង្គម​មនុស្ស​ក្នុង​ប្រទេស​ជាតិ​ខ្លួន​ជាក់​ជា​មិន​ខាន​ឡើយ​។​

១៤​ កុម្ភៈ​ ដែល​លោក​ខាង​លិច​ចាត់​ទុក​ថា​ជា​ ទិវា​នៃ​សេចក្ដី​ស្រឡាញ់​ នោះ​ត្រូវ​បាន​យុវវ័យ​ខ្មែរ​ឈាម​រាវ​ ឬ​ ប្រភេទ​នៃ​សត្វ​មមាច​ដែល​ចង់​ខ្លាំង​ជា​មួយ​នឹង​ភ្លើង​មួយ​ក្ដាប់​ធំ​ យក​មក​កាឡៃ​ក្នុង​ន័យ​ដើម្បី​ស្វែង​រក​ការ​សប្បាយ​ក្នុង​ផ្លូវ​កាម​គុណ​ ដែល​ជា​កត្តា​នាំ​មក​នូវ​ភាព​អាម៉ាស់​ និង​ ជា​ការ​បន្ថោក​តម្លៃ​វប្បធម៌​ សីលធម៌​សង្គម​យ៉ាង​ខ្លាំង​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ​។​ គេ​ប្រើ​ប្រាស់​ថ្ងៃ​មួយ​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​សេចក្ដី​សប្បាយ​ផ្ទាល់​ខ្លួន​ ប៉ុន្ដែ​វា​បាន​ធ្វើ​ឲ្យ​ជន​រួម​ជាតិ​ដទៃ​ទៀត​ដែល​រស់​ក្នុង​សង្គម​កម្ពុជា​ ត្រូវ​រង​នូវ​ភាព​អាម៉ាស់​ផង​ដែរ​ ដោយ​សារ​តែ​ប្រភេទ​នៃ​យុវវ័យ​ជំពូក​នោះ​។​

ទាំងស្រី​ ទាំងប្រុស​ សុទ្ធ​តែ​ជ្រួលជ្រើម​ ត្រេកត្រអាល​ក្នុង​ផ្លូវ​កាមគុណ​ និង​ ឈ្លក់​វង្វេង​ដោយ​ចេតនា​ពិត​ៗ​ ហើយ​កំពុង​តែ​នាំ​គ្នា​ព្រួត​ដៃ​វាយ​បន្ថោក​តម្លៃ​កិត្តិយស​ខ្លួន​ឯង​ឲ្យស្អុយ​រលួយ​ កិត្តយស​គ្រួសារ​ ពិសេស​នោះ​គឺ​បន្ថោក​ដល់​តម្លៃ​សង្គម​កម្ពុជា​ទាំង​មូល​ឲ្យ​កាន់​តែ​ធ្លាក់​ទាប​ស្ទើរ​ដល់​ដី​ ដោយ​សារ​តែ​អំពើ​អបាយមុខ​នៃ​យុវវ័យ​ពាលា​អាវាសែ​ ដែល​ប្រព្រឹត្ត​ទាំង​ងងើល​ ដើម្បី​តែ​ក្ដី​សប្បាយ​ផ្ទាល់​ខ្លួន​។​

សង្គម​គេ​មិន​បំបិទ​សិទ្ធិ​នោះ​ទេ​ ប៉ុន្តែ​យុវវ័យ​ប្រភេទ​នេះ​ គួរ​ប្រើប្រាស់​សេរីភាព​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​ និង​ មាន​ដែន​កំណត់​។​ ទិវា​នេះ​បើ​យក​មក​កាឡៃ​ឲ្យ​ល្អ​គឺ​ពិត​ជា​ល្អ​ តែ​បើ​យក​មក​កាឡៃ​ឲ្យ​អាក្រក់​គឺ​ពិត​ជា​អាក្រក់​ និង​គួរ​ឲ្យ​ស្អប់​ខ្ពើម​ជា​ទី​បំផុត​។​ យើងអាចយកទិវានេះមកសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះជីដូនជីតា មាតាបិតា បងប្អូន មិត្តភក្ដិ និង មនុស្សផ្សេងៗ ក្នុងន័យត្រឹមត្រូវ ប្រកបដោយភាពថ្លៃថ្នូរបំផុត(ករណីដែលយើងចង់ទទួលយកវប្បធម៌នេះ ) ប៉ុន្ដែ​ក្រុម​យុវជន​ យុវតី​ដែល​ពោរពេញ​ដោយ​ភាព​ជ្រួលជ្រើម​ និង​ ត្រេកត្រអាល​បំផុត​នោះ​ មិន​បាន​យក​មក​អនុវត្តន៍​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​ទេ​ គេ​មាន​ចេតនា​តែ​មួយ​មុខ​គត់​គឺ​សេចក្ដី​សប្បាយ​ផ្នែក​កាមគុណ​។​

១៤​ កុម្ភៈ​ មិន​បាន​ធ្វើ​ឲ្យ​យុវវ័យ​ខ្មែរ​ឈ្លក់​វង្វេង​ ជ្រួលជ្រើម​ និង​ ត្រេកត្រអាល​នោះ​ទេ​ ប៉ុន្តែ​យុវវ័យ​ខ្មែរ​មួយ​ក្ដាប់​ធំ​នេះ​ទេ​ ដែល​ជា​អ្នក​ឈ្លក់​វង្វេង​ ជ្រួលជ្រើម​ និង​ ត្រេកត្រអាល​ ដោយ​ចេតនា​ពិត​ៗ​ជា​មួយ​ថ្ងៃ​ ១៤​ កុម្ភៈ​។​

១៤​ កុម្ភៈ មិន​បាន​បំផ្លិចបំផ្លាញ​វប្បធម៌​ដ៏​ផូរផង់​នៃ​ប្រជាជាតិ​កម្ពុជា​នោះ​ទេ​ ប៉ុន្ដែ​យុវវ័យ​នៃ​ប្រជាជាតិ​កម្ពុជា​មួយ​ក្ដាប់​ធំ​នេះ​ទេ​ ដែល​ជា​អ្នក​យក​ថ្ងៃ​ ១៤​ កុម្ភៈ​ មក​បំផ្លិចបំផ្លាញ​វប្បធម៌​ដ៏​ផូរផង់​នៃ​ប្រជាជាតិ​ខ្លួន​។​

១៤​ កុម្ភៈ​ មិន​បាន​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​កិត្តិយស​ និង​ ភាព​ថ្លៃថ្នូរ​នៃ​ស្ដ្រី​ខ្មែរ​នោះ​ទេ​ ប៉ុន្ដែ​ស្ដ្រី​ខ្មែរ​ជា​យុវតី​មួយ​ពួក​នេះ​ទេ​ ដែល​យក​ថ្ងៃ​ ១៤​ កុម្ភៈ​ ដើម្បី​បំផ្លាញ​តម្លៃ​កិត្តិយស​ និង​ ភាព​ថ្លៃថ្នូរ​របស់​ខ្លួន​ឯង​។

១៤​ កុម្ភៈ​ មិន​បាន​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​កិត្តិយស​ និង​ ភាព​ថ្លៃថ្នូរ​នៃ​បុរស​ខ្មែរ​នោះ​ទេ​ ប៉ុន្ដែ​បុរស​ខ្មែរ​ជា​យុវជន​មួយ​ពួក​នេះ​ទេ​ ដែល​យក​ថ្ងៃ​ ១៤​ កុម្ភៈ​ ដើម្បី​បំផ្លាញ​តម្លៃ​កិត្តិយស​ និង​ ភាព​ថ្លៃថ្នូរ​របស់​ខ្លួន​ឯង​។​

សរុប​សេចក្ដី​មក​បើ​មិន​បាន​ជួយ​ចូក​ជួយ​ចែវ​ដល់​វប្បធម៌​ជាតិ​ឲ្យ​បាន​រុងរឿង​ទេ កុំ​យក​ជើង​រា​ទឹក​ដោយ​អំពើ​ពាល​ អាវាសែ​ដែល​បន្ថោក​តម្លៃ​វប្បធម៌​ជាតិ​សាសន៍​ខ្លួន​។ បើ​ឥត​ទ្រាំ​ពុំ​បាន​ចង់​ទទួល​យក​ថ្ងៃ​ ១៤​ កុម្ភៈ​ មក​អនុវត្តន៍​ ក៏​គួរ​តែ​អនុវត្តន៍​ដោយ​ភាព​ថ្លៃថ្នូរ​ ត្រឹម​ត្រូវ​បំផុត​ នាំ​ផល​ចំណេញ​ដល់​វប្បធម៌​ និង​ សង្គម​ជាតិ​ខ្លួន​៕​

បទ​វិចារណកថា​ខ្លី​នេះ​ បរិយាយ​តែចំពោះ​យុវវ័យ​ដែល​ភ្លើតភ្លើន​ និង​ មាន​ចេតនា​ប្រព្រឹត្ត​អំពើ​អបាយ​ទាំង​ងងើល​តែ​ប៉ុណ្ណោះ​ !!!​

ដោយ៖ បូណា

%d bloggers like this: