Category Archives: នយោបាយ

ខួបទី២១ ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ១៩៩១-២០១២


ថ្ងៃ​អង្គារ ទី២៣ តុលា ២០១២​នេះ គឺ​ជា​ថ្ងៃ​គម្រប់​ខួប​២១ឆ្នាំ​   នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីសដែល​

ចុះ​កាល​ពី​ថ្ងៃទី​២៣ តុលា ១៩៩១ ដើម្បី​បញ្ចប់​សង្រ្គាមស៊ីវិល​ខ្មែរ។ ឆ្លៀត​ក្នុង​ឱកាស​នេះ យើង​ចង់​​​ត្រឡប់​មក​​រំឭក​ត្រួសៗ​ឡើងវិញ អំពី​ខ្លឹមសារ​នៃ​​​កិច្ចព្រមព្រៀង​នេះ។

តើ​អ្នកណាខ្លះ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស?

ប្រទេស​ដែល​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ មាន ១៨​ប្រទេស បូកនឹង​កម្ពុជា។
ក៏ប៉ុន្តែ កម្ពុជា​នៅ​ពេលនោះ​ ត្រូវ​បែងចែក​ជា​ ៤​ភាគី​ទៀត គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ  និង​ខ្មែរក្រហម ដែល​រួមបញ្ចូល​គ្នា​ បង្កើត​ជា ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់។

ប្រទេស​ជា​ហត្ថលេខី ១៨​ ផ្សេង​ទៀត រួមមានមាន៖

  • សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​​អ.ស.ប. (៥ប្រទេស)៖ អាមេរិក, អង់គ្លេស, បារាំង (សហប្រធាន​សន្និសីទ), ចិន និង​សហភាព​សូវៀត
  • ប្រទេស​​នៅ​អាស៊ី​អាគ្នេយ៍ (៨​ប្រទេស)៖ ​ឥណ្ឌូនេស៊ី (សហប្រធាន​សន្និសីទ), ​វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និង​ប៊្រុយណេ ពោល​គឺ ​ប្រទេស​ក្នុង​អាស៊ាន​បច្ចុប្បន្ន លើក​លែង​តែ​​ភូមា​ចេញ។
  • យូហ្គោស្លាវី (ពេលនោះ​ជា​ប្រធាន​ក្រុមប្រទេស​មិនចូល​បក្ស​សម្ព័ន្ធ)
  • ប្រទេស៤​ផ្សេង​​ទៀត គឺ ​ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី

ភាគី​ខ្មែរ ក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ក្រុងប៉ារីស ២៣ តុលា ១៩៩១

តើ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ២៣ តុលា ១៩៩១​ ចែង​អំពី​អ្វី​ខ្លះ?

កិច្ចព្រមព្រៀង​ក្រុងប៉ារីស មិនមែន​តែ​មួយ​ទេ គឺ​មាន កិច្ចព្រមព្រៀង២ និង​សេចក្តី​ថ្លែងការណ៍​មួយ។

កិច្ចព្រមព្រៀង​ទី១ ​ស្តី​​អំពី​​ការដោះស្រាយ​ជម្លោះ​​នៅ​កម្ពុជា

ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​នេះ រួមមាន៖

  • ការឈប់បាញ់​រវាង​​ភាគី​ជម្លោះ
  • ការ​កាត់រំសាយទ័ព​
  • ការ​ដកកងទ័ព​បរទេស​ចេញ​ពី​កម្ពុជា
  • ការ​រៀបចំការបោះឆ្នោត
  • ការកំណត់​អាណត្តិ​របស់​អ៊ុនតាក់
  • ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួនខ្មែរ
  • ​​គោលការណ៍​​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កម្ពុជា

កិច្ចព្រមព្រៀង​ទី២ ​អំពី​​ការគោរពឯករាជ្យ អធិបតេយ្យ បូរណភាព​​ និង​អព្យាក្រឹត្យ​របស់​កម្ពុជា

តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ កម្ពុជា​ និង​ប្រទេស​ជា​ហត្ថលេខី​ផ្សេង​ទៀត មានកាតព្វកិច្ច​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ និង​អព្យាក្រឹត្យ​គ្នា​ទៅវិញ​ទៅមក។

សេចក្តី​ថ្លែងការណ៍​ស្តី​អំពី​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ

តាមរយៈ​សេចក្តី​ថ្លែងការណ៍​នេះ ​ប្រទេស​ហត្ថលេខី​សន្យា​ផ្តល់​ជំនួយ ដើម្បី​ជួយ​ស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​​ឡើងវិញ។

Advertisements

អ្នក​សង្កេត​ការណ៍​អន្តរជាតិ៖ ការបោះ​ឆ្នោត​គ្មាន​អំពើ​ហិង្សា ប៉ុន្តែ​មិន​ទាន់​យុត្តិធម៌​ទេ


2008-07-30

ការិយាល័យ ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​មួយ នៅ​ថ្ងៃ​២៩ កក្កដា កត់​សម្គាល់​ថា ការបោះឆ្នោត​នា​ថ្ងៃ ២៧ កក្កដា ២០០៨ គ្មាន​អំពើ​ហិង្សា​ធំដុំ​អ្វី​ទេ ប៉ុន្តែ ជាមួយ​គ្នា​នេះ ក៏​កត់​សម្គាល់​ឃើញ​ថា មាន​យុទ្ធនាការ​ដាក់​សម្ពាធ​បង្ក​ការ​គំរាម​កំហែង បំភិត​បំភ័យ ចំពោះ​សកម្មជន​គណបក្ស​នយោបាយ​នៅ​គ្រប់​ស្រទាប់ ក្នុង​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ដូរ​បក្ស ។

RFA Photo/Thai Sothea

ស្រ្តី ​ចំណាស់​ (ខាង​ឆ្វេង) ថ្លែង​តវ៉ា​អំពី​ការ​មិន​បាន​បោះឆ្នោត​ នៅ​ឯ​សន្និសីទ​កាសែត​នៅ​ទី​ស្នាក់ការ​គណបក្ស​សម​រង្ស៊ី​ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨។

អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​អាស៊ី​មួយ ឈ្មោះ បណ្តាញ​អាស៊ី​ដើម្បី​ការ​បោះឆ្នោត​សេរី ហៅកាត់ អាន់ហ្វ្រែល (ANFREL) បាន​ធ្វើការ​កត់​សម្គាល់​លើ​សម័យ​បោះឆ្នោត​អាណត្តិ​ទី​៤​នេះ​ថា ថ្វីត្បិត​តែ​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ពេល​បោះឆ្នោត​ក្តី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ ហៅ​ថា សិក (CEC) មិន​ចង់​ជួយ​រក​ដំណោះស្រាយ​ដល់​ពាក្យ​បណ្តឹង​តវ៉ា​របស់​ពលរដ្ឋ​ដែល​បាត់​ ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត​នោះ​ទេ ។

នាយ​ក្រុម​សង្កេតការណ៍ អាន់ហ្រ្វែល មួយ​រូប មាន​ប្រសាសន៍​ថា គេ​ប្រហែល​ជា​អាច​ហៅ​ការ​បោះឆ្នោត​នេះ​ថា សេរី ប៉ុន្តែ មិន​យុត្តិធម៌​ទាល់​តែ​សោះ ។

ចំណែក​ឯ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ពី​សហគមន៍​អឺរ៉ុប​វិញ គេ​ថា ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ ២៧ កក្កដា មិន​ឈាន​ដល់​កម្រិត​អន្តរជាតិ​ជា​ច្រើន​អន្លើ ដែល​គេ​មិន​អាច​ហៅ​ថា ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ។

លោក Martin Callanan នាយ​ក្រុម​សង្កេត​ការណ៍​ពី​សហភាព​អឺរ៉ុប បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា រាល់​ទិដ្ឋភាព​ទាំង​អស់​នៃ​ការរៀបចំ​ការបោះឆ្នោត​នេះ គឺ​ត្រួតត្រា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​អាច​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​ការចោទ​ប្រកាន់​ផ្សេង​ៗ អំពី​កង្វះ​ភាព​មិន​លំអៀង ភាព​មិន​យុត្តិធម៌​នោះ ។

លោក​ថា នៅ​ទីបំផុត ការសម្រេច​ចិត្ត​គឺ​ស្ថិតលើ​ពលរដ្ឋ​ខ្មែរ ថា​តើ​ចង់​ទទួល​ស្គាល់ ឬ​បដិសេធ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​នោះ ៕

ទាហាន​សៀមប៉ុនប៉ង​ពង្រាយ​កម្លាំង​លើ​ដែន​ដី​ខ្មែរ​ក្នុង​ខែត្រ​ឧត្ដរមានជ័យ


2008-07-25

នាយ ​ទាហាន​ខ្មែរ​ប្រចាំ​នៅ​ច្រក​ជាំស្រង៉ាំ​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​ថា គេ​បាន​រារាំង​ទាហាន​ថៃ​នៅ​ក្នុង​កង​អនុសេនា​ធំ ២៣០៧ (ម្ភៃបី សូន្យប្រាំពីរ) នៅ​ថ្ងៃ​នេះ ដែល​ប៉ុនប៉ង​ចូល​មក​ពង្រាយ​កម្លាំង​ក្នុង​ដែន​ដី​ខ្មែរ ។

អនុ​ប្រធាន​ក្រុម​ការងារ​ព្រំដែន​ខ្មែរ​ថៃ លោក​វរសេនីយ៍​ទោ តូច រ៉ា ដែល​កំពុង​ប្រចាំការ​នៅ​ច្រក​ជាំស្រង៉ាំ​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​រឿង​ហេតុ​នោះ​បាន​កើតឡើង​នៅ​វេលា​ព្រឹក​ស្រាងៗ​ថ្ងៃ​ទី ​២៥ ខែ​កក្កដា វេលា​ម៉ោង​៥​កន្លះ ។

លោក​បាន​មាន​ប្រសាសន៍​ថា​នៅ​ពេល​នោះ​មាន​ក្រុម​ទាហាន​ថៃ​១០​នាក់​ដែល​ជា​ មេកើយ​ក្នុង​កង​អនុសេនា​ធំ ២៣០៧ របស់​ថៃ បាន​មក​សុំ​ដាក់​ទាហាន​ថៃ​មក​នៅ​ឡូកឡំ​ក្បែរ​ជាមួយ​ទាហាន​ខ្មែរ ។ នាយ​ទាហាន​ខ្មែរ​បាន​ថ្លែង​ជំទាស់​ថា មិន​អាច​ធ្វើ​ទៅ​បាន​ទេ ។

លោក​វរសេនីយ៍​ទោ តូច រ៉ា បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ក៏​អត់​ឯកភាព ។ អ៊ីចឹង​វា​សុំ​ដាក់ មិន​ឲ្យ​ដាក់ វា​សុំ​ដាក់​នៅ​កន្លែង​មាត់​ថ្នល់​កៅស៊ូ កន្លែង​ចំណុច​គីឡូម៉ែត្រ​របស់​ខាង​ភាគី​ថៃ ធ្វើ​អា​១៨​គីឡូម៉ែត្រ​មុន​ហ្នឹង វា​សុំ​ដាក់​នៅ​នឹង​ផ្នូរ ប៉ុល ពត ហ្នឹង​ឯង នៅ​នឹង​ថ្នល់​កៅស៊ូ​ហ្នឹង​តែម្ដង វា​សុំ​ដាក់​នៅ​ត្រង់​ហ្នឹង ។ ហើយ​សួរ​មូលហេតុ​អី​ដាក់​នៅ​ត្រង់​ហ្នឹង ? វា​ថា​ដាក់​ដើម្បី​ទប់ស្កាត់​ទាហាន​របស់​ពួក​យើង​ដែល​ឡើង​មក​ហ្នឹង គឺ​កងទ័ព​យើង​ដែល​ឡើង​មក​ហ្នឹង គឺ​ថា​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ មិន​បាច់​ឲ្យ​ដើរ​មក​ផ្លូវ​នេះ​ទៀត​ទេ ។ ហើយ​ខ្ញុំ​ថា​អត់​មាន​ទេ អា​ហ្នឹង​សុទ្ធតែ​ក្នុង​រង្វង់​ការប្រជុំ​ហ្នឹង​ទាំងអស់ គឺ​អត់​ឲ្យ​មាន​អ្វី​ទាំងអស់ អ៊ីចឹង​យើង​ក៏​អត់​ឯកភាព​ដែរ ហើយ​ពួក​វា​ត្រឡប់​ទៅ​វិញ​ទៅ»

ការសុំ​ដាក់​ពង្រាយ​កងទ័ព​គឺ​នៅ​គ្រា​ដែល​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ​បាន ​យល់ព្រម​គ្នា​កាលពី​ម្សិលមិញ ដោយ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​នៅ​ ក្នុង​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២៨ កក្កដា ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​តានតឹង​យោធា​នៅ​ឯ​តំបន់​ប្រាសាទ​ព្រះវិហារ​ ខ្មែរ ។

លោក​វរសេនីយ៍​ទោ​ដដែល​បាន​បញ្ជាក់​ថា នាយ​ទាហាន​ថៃ​បាន​ព្យាយាម​២​ដង​កាលពី​ព្រឹក​មិញ ក្នុង​បំណង​ចង់​ដាក់​ពង្រាយ​ទាហាន​ថៃ​នៅ​ឯ​តំបន់​ជាំស្រង៉ាំ​នោះ ប៉ុន្តែ​ទាហាន​ខ្មែរ​នៅតែ​បញ្ជាក់​ដាច់ណាត់​ថា​នឹង​មិន​យល់ព្រម​នោះ​ទេ ។

លោក​វរសេនីយ៍​ទោ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «មួយ​សន្ទុះ​ក្រោយ​មក ​ប្រហែលជា​កន្លះ​ម៉ោង វា​មក​វិញ អា​ក្រៃភុន​ហ្នឹង ។ ត្រឡប់​មក​វិញ​គ្នា​៣​នាក់​ឯកសណ្ឋាន​ឈុត​ខ្មៅ មក​សុំ​ជួប​ខ្ញុំ​ម្ដងទៀត វរសេនីយ៍​ឯក ថាន់យ៉ា​ហ្នឹង គេ​សុំ​ជួប​ខ្ញុំ​តាម​ទូរស័ព្ទ ខ្ញុំ​បាន​ជួប​បាន​បន្តិច​ដែរ ។ មេបញ្ជាការ​ភូមិភាគ​គាត់​ក៏​ត្រឡប់​មក​វិញ​ភ្លាម​ដែរ ព្រោះ​គាត់​ដឹង​ថា​ពួក​ហ្នឹង​មក​ដល់ គាត់​ត្រឡប់​មក​វិញ ហើយ​ក៏​ខ្ញុំ​ប្រគល់​ទូរស័ព្ទ​ហ្នឹង​ទៅ​ជូន​គាត់​ទៅ ។ ហើយ​ក្នុង​នោះ​ដែរ​មេបញ្ជាការ​២៣ ហើយ​និង​មេបញ្ជាការ​រង​កងកម្លាំង​ភារធារី​ហ្នឹង លោក ឆៃយ៉ាន់​ហ្នឹង ក៏​បាន​បញ្ជាក់​ជូន​ថា​មិន​ឲ្យ​មាន​បញ្ហា​ហ្នឹង​ទេ អា​ហ្នឹង​គឺ​ថា​ឲ្យ​ត្រឡប់​មក​ក្រោយ​វិញ កម្លាំង​របស់​គាត់​ហ្នឹង​គឹ​មក​ក្នុង​ទឹក​ដី​របស់​គាត់​ដែល​ធ្លាប់​ឈរ​ហ្នឹង ​វិញ ហើយ​ឲ្យ​ដើរ​សហការ​គ្នា បើ​ថា​ដើរ ដើរ​តាម​បន្ទាត់​កន្លែង​ដែល​យើង​ធ្លាប់​ដើរ​ល្បាត​កន្លែង​ផ្លូវ​ចាស់​ហ្នឹង គឺ​ឲ្យ​ដើរ​ឡើងវិញ​តែ​ត្រង់​ហ្នឹង​ឯង អត់​មាន​ឲ្យ​អី​ទេ»

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ ការចរចា​តាម​មធ្យោបាយ​ការទូត​នៅតែ​បន្ត ហើយ​កម្ពុជា​នឹង​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បើសិន​ណា​លទ្ធផល​នៃ​ការចរចា​ថ្ងៃ​ទី​២៨ កក្កដា ក្នុង​ខេត្ត​សៀមរាប មិន​បាន​សម្រេច​ជា​លទ្ធផល​ទេ​នោះ ៕

ការឃោសនា​មាន​ភាព​ប្រសើរ​ជាង​មុន បើ​ទោះ​បី​មាន​អំពើ​ហិង្សា​ខ្លះ​ក៏​ដោយ


2008-07-25

ក្រុម ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា បាន​វាយតម្លៃ​ថា បរិយាកាស​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​១១ ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​មួយ​ខែ នៅមុន​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ គឺ​បាន​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការឃោសនា​រក​សំឡេង​ឆ្នោត នា​អាណត្តិ​កន្លង​ទៅ បើទោះ​បី​ជា​មាន​អំពើ​ហិង្សា​និង​ករណី​សម្លាប់​សកម្មជន​នយោបាយ​មួយ​ចំនួន ក៏​ដោយ ។

RFA Photo

លោក សម រង្ស៊ី (ពាក់​កម្រង​ផ្កា) ស្វាគមន៍​អ្នកគាំទ្រ​ក្នុង​ពេល​ដឹកនាំ​ក្បួន​ដង្ហែ​ដើម្បី​ធ្វើ​យុទ្ធនាការ​ ឃោសនា​រក​សំឡេង​ឆ្នោត​ ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ ២៦ មិថុនា ២០០៨។

ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ឈ្មោះ​ថា និកហ្វិច លោក ហង្ស ពុទ្ធា បាន​ថ្លែង​ជុំវិញ​បរិយាកាស​នៃ​ការឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​អាណត្តិ​ទី​ ៤​នេះ​យ៉ាង​ដូច្នេះ​ថា ៖ «ទី​មួយ ការឃោសនា​លើក​នេះ​ហាក់​ដូចជា​បាន​ចាប់​ផ្ដើម​មុន​កាល​បរិច្ឆេទ​របស់​គ.ជ.ប. ទី​ពីរ ការឃោសនា​ទាំងនេះ​និយាយ​ចំ​ៗ​តែម្ដង ធ្វើ​ឲ្យ​ប៉ះពារ​ដល់​គណបក្ស​ផ្សេង​ដោយ​ត្រង់​ៗ តែ​ម្ដង ក្នុង​ន័យ​បង្អាប់​គណបក្ស​ផ្សេង ហើយ​លើក​តម្កើង​ខ្លួន​ឯង»

ទាក់ទិន​នឹង​អំពើ​ហិង្សា ដែល​កើត​មាន​នៅ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​នេះ លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា មាន​ការថយ​ចុះ​ប្រមាណ​៣០​% បើ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​កន្លង​ទៅ ៖ «ករណី​មិន​ប្រក្រតី​ដែល​យើង ​បាន​រក​ឃើញ​ហ្នឹង មាន​ចំនួន​តិច​ជាង​កាល​ពី​ការបោះឆ្នោត​នា​ពេល​កន្លង​មក អាហ្នឹង​យើង​គិត​ពី​ចំនួន គឺ​ថយ​ចុះ​ប្រមាណ ៣០​% ។ ខ្ញុំ​ទាញ​ឧទាហរណ៍​ករណី​សម្លាប់ ពី​មុន រក​ឃើញ​មាន ១៧​ករណី ឥឡូវ រក​ឃើញ​តែ​១២​ករណី​ទេ»

ចំណែកឯ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក អ៊ូ វីរៈ ដែល​បាន​ឃ្លាំមើល​បរិយាកាស​នយោបាយ នៅ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​នេះ​ដែរ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​អំពើ​ហិង្សា​នយោបាយ មាន​ការថយចុះ​ក៏​ដោយ ក៏​ប៉ុន្តែ រូបភាព​ហិង្សា​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​នា​ថ្ងៃ​២៧ កក្កដា ខាង​មុខ​នេះ ៖ «ជា​ទូទៅ​ស្ថានភាព​នៅ​មុន​ការបោះឆ្នោត ចំពោះ​ស្ថានភាព​នៃ​ការឃោសនា​មាន​ការរលូន​គ្រាន់​បើ​ជាង​ការបោះឆ្នោត​លើក​មុន ដូច្នេះ​នេះ​ជា​ចំណុច​មួយ​វិជ្ជមាន ។ យើង​ឃើញ​មាន​អំពើ​ហិង្សា​មួយ​ចំនួន ប៉ុន្តែ​បច្ចុប្បន្ន​នេះ ករណី​ភាគ​ច្រើន​យើង​មិន​អាច​សន្និដ្ឋាន​ថា​ទាក់ទង​នឹង​រឿង​នយោបាយ​ទាំងស្រុង ​ទេ ប៉ុន្តែ​ដោយសារ​មាន​អំពើ​ហិង្សា​ច្រើន ដូច្នេះ​ក៏​វា​បណ្ដាល​ឲ្យ​មាន​ការភ័យ​ខ្លាច​ចំពោះ​គណបក្ស​ដែល​កំពុង​ប្រកួត​ ប្រជែង​នោះ​ដែរ»

ជាមួយ​គ្នា​នេះ លោក អ៊ូ វីរៈ បាន​ធ្វើការ​កត់​សម្គាល់​ថា ក្រៅពី​ការប្រើប្រាស់​គោល​នយោបាយ​ដែល​បាន​ចែង​នោះ គណបក្ស​នីមួយ​ៗ ក៏​បាន​ឆ្លៀត​យក​បញ្ហា​សង្គម និង​បញ្ហា​សន្តិសុខ​របស់​ជាតិ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការទាក់ទាញ​រក​សំឡេង​ឆ្នោត​ផង​ដែរ ៖ «រឿង​ទាក់ទង ​នឹង​នយោបាយ ខ្ញុំ​គិត​ថា ករណី​ដូច​ជា ព្រះវិហារ គឺ​គណបក្ស​កាន់​អំណាច​កំពុង​តែ​យក​ចំណេញ​រឿង​នយោបាយ​នេះ ។ រឿង​ដី​ធ្លី នៅ​តែ​ជា​ជម្លោះ​មួយ​ដ៏​ក្ដៅ ហើយ​ករណី​រឿង​ដី​ធ្លី​នេះ គណបក្ស​ប្រឆាំង​ដែល​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច គឺ​គាត់​តែងតែ​លើក​ឡើង​ជា​ច្រើន​ដង រឿង​ទំនិញ​ឡើង​ថ្លៃ​ក៏​គាត់​តែងតែ​លើក​ឡើង​ដែរ»

ប្រទេស​កម្ពុជា​បាន​គ្រោង​រៀបចំ​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤ នៅថ្ងៃ​ទី​២៧ កក្កដា ខាង​មុខ​នេះ ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន​១២៣​រូប ។

របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ ដែល​ចុះ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​នេះ គឺ​មាន​ជាង ៨​លាន​នាក់ ។

អ្នកបោះឆ្នោត​ម្នាក់​នៅ​ឯ​ខេត្ត​ព្រៃវែង គឺ​លោកស្រី ម៉ាទីន មាន​ប្រសាសន៍​ថា ក្រោយពី​បាន​តាមដាន​ការឃោសនា​របស់​គណបក្ស​នានា​កន្លង​មក លោកស្រី​មាន​សំណួរ​ចំពោះ​ខ្លឹមសារ​នៃ​ការសន្យា ដែល​គណបក្ស​មួយ​ចំនួន​បាន​លើក​ឡើង ៖ «កន្លង​មក គឺ​គ្រាន់​តែ​និយាយ​ចោល ហើយ​ខ្លះ ក៏​និយាយ​ហួស​ពី​អ្វី​ដែល​ខ្លួន​ធ្វើ​បាន​ទៅ​ទៀត ។ ឧទាហរណ៍ ដូចជា​ថា បើ​គណបក្ស​ខ្ញុំ​ឈ្នះ​ឆ្នោត គេ​នឹង​ឲ្យ​គោ​ម្នាក់​១៣​ក្បាល ឲ្យ​ប្រាក់​និស្សិត​ខ្ចី​ម្នាក់​បាន ១០០០​ដុល្លារ ដូច្នេះ​វា​ហួស​នឹង​អ្វី​ដែល​យើង​ធ្វើ​បាន»

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ លោកស្រី ម៉ាទីន បាន​អះអាង​ថា ការឃោសនា​កន្លង​មក​នេះ បាន​ជួយ​ឲ្យ​លោកស្រី​កាន់តែ​មាន​ភាព​ប្រាកដ​ក្នុង​ចិត្ត ក្នុង​ការជ្រើសរើស​យក​គណបក្ស​ដែល​លោកស្រី​នឹង​ត្រូវ​បោះឆ្នោត​ឲ្យ បើ​ទោះបី​ជា​លោកស្រី មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ​គណបក្ស​នោះ​ក៏​ដោយ ៖ «ផ្លាស់ប្ដូរ ព្រោះ​កន្លង​មក ដូចជា​នៅ​ដដែល​ៗ ។ យោង​ទៅ​លើ​ខ្លឹមសារ​នៃ​ការឃោសនា​របស់​គេ គឺ​ខ្ញុំ​យល់​ច្បាស់​អំពី​អ្វី​ដែល​ត្រូវ និង​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ»

ខណៈ​ដែល​មេបក្ស​មួយ​ចំនួន​ចូលរួម​ជា​បន្តបន្ទាប់ ជាមួយ​សមាជិក​បក្ស​របស់​ខ្លួន នៅក្នុង​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត នៅតាម​ទីក្រុង​និង​ទី​ជនបទ​នោះ គេ​សង្កេត​ឃើញ​យ៉ាង​ហោច មាន​មេ​បក្ស​ចំនួន ៣​គណបក្ស ដែល​មិន​បាន​ចេញ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​និង​ចុះ​ជួយ​ម្ចាស់​ឆ្នោត​ ដោយ​ផ្ទាល់​នោះ​ឡើយ ។

តំណាង​គណបក្ស​គណបក្ស​ហង្ស​ដារ៉ា​ចលនា​ប្រជាធិបតេយ្យ បាន​ថ្លែង​ថា លោក ហង្ស ដារ៉ា ជា​ប្រធាន​គណបក្ស ដែល​មិន​បាន​ចូលរួម​ឃោសនា​នោះ គឺ​ដោយសារ​លោក​កំពុង​នៅ​សាង​ភ្នួស ។

ចំណែកឯ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ ក៏​មិន​បាន​ចូលរួម​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយសារ​សម្តេច​ក្រុមព្រះ កំពុង​ភៀស​ព្រះកាយ​នៅ​ក្រៅ​ប្រទេស ដោយសារ​តែ​មាន​រឿង​ក្តីក្តាំ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

ចំណែក​ឯ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ហ៊ុន សែន ក៏​បាន​ប្រកាស​នៅមុន​ការឃោសនា​បោះឆ្នោត​នោះ​ថា លោក​មិន​ចេញ​ឃោសនា​នោះ​ឡើយ ។

ពលរដ្ឋ​មួយ​រូប​នៅឯ​ខេត្ត​មណ្ឌលគិរី គឺ​លោក សុខ ខេង មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​កំណត់​ក្នុង​ចិត្ត​ជាមុន​រួច​ហើយ ចំពោះ​គណបក្ស​ដែល​លោក​នឹង​បោះឆ្នោត​ឲ្យ​នោះ ៖ «សំខាន់​ណាស់​ក្នុង​ សន្លឹក​ឆ្នោត​របស់​យើង​មួយ​សន្លឹក ដូច្នេះ​ការសម្រេច​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​គិតគូរ​រួច​ទៅ​ហើយ​ថា ខ្ញុំ​នឹង​បោះ​ឲ្យ​គណបក្ស​ណា»

សូម​ជម្រាប​ថា នៅ​ទូទាំង​ប្រទេស​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ជាង ១​ម៉ឺន ៥​ពាន់​ការិយាល័យ ។ ស្ថានទូត​សហរដ្ឋ​អាមេរិក​គ្រោង​បញ្ជូន​មន្ត្រី​ស្ថានទូត​ចំនួន ៨០​នាក់​ចូលរួម​ជា​អ្នក​សង្កេត​ការណ៍ ។ សហគមន៍​អឺរ៉ុប​គ្រោង​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន ចំនួន ១៣០​នាក់ ។

ចំណែក​ឯ​ប្រទេស​ជប៉ុន ដែល​បាន​ផ្តល់​ថវិកា​ជិត ៣​លាន​ដុល្លារ ជួយ​ដល់​ការរៀបចំ​ដំណើរការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ ក៏​បាន​ដាក់​អ្នក​អង្កេតការណ៍​របស់​ខ្លួន​ចំនួន​២៣​នាក់​ផង​ដែរ ។

ជាមួយ​គ្នា​នេះ អង្គការ​និកហ្វិច នឹង​មាន​អ្នកសង្កេតការណ៍​ជាតិ​ទូទៅ​ចំនួន ៧​ពាន់​នាក់ និង​អ្នក​សង្កេត​ការណ៍​ជា​ជន​បរទេស​ចំនួន ៨០​នាក់ ។ ចំណែកឯ​អង្គការ ខុមហ្វ្រែល នឹង​មាន​អ្នក​សង្កេត​ការណ៍​ជាតិ ជាង​១​ម៉ឺន​នាក់ និង​អ្នក​សង្កេត​ការណ៍​ជា​ជន​បរទេស​ចំនួន​ជាង ១០០​នាក់ ៕

ស្ដាប់សំឡេង

%d bloggers like this: