Category Archives: ទស្សនាវដ្ដី​កម្ពុជសុរិយា

អំពី​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស


អំពី​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស

ក្រុម​ការ ជុំម៉ៅ

ប្រែ​ពី​ភាសា​បារាំង​សែស មក​ជា​ខេមរ​ភាសា

(អត្ថបទ៖ ឆ្នាំ១៩២៧)

ប្រទេស​ឥណ្ឌូស៊ីន​មិនមែន​ជា​ស្រុក​ថ្មី​ទេ គឺ​ជា​ស្រុក​ដែល​មាន​ពង្សាវតារ​ជា​យូរ​អង្វែង​ណាស់​មក​ហើយ ដូច​មាន​គម្ពីរ​ដីកា​ផ្សេង ៗ នៅ​ក្នុង​ហោត្រ័យ​ជា​តាង​ស្រាប់ មួយ​អន្លើ​នឹង​សិលា​ចារឹក​នៃ​ប្រាសាទ​ទាំងឡាយ និង​សសរ​ថ្ម​បុរាណ​ដែល​នៅ​ឈរ​សព្វ​ថ្ងៃ​នៅ​ឡើយ ឬ​ដែល​កប់​បាត់​នៅ​ក្រោម​ជញ្ជាំង​ដែល​ទ្រុឌទ្រោម​ទៅ ដោយ​អំណាច​ចារឹក​និង​អក្សរ​ទាំង​នេះ ទើប​ពង្សាវតា​បូរាណ​បាន​ទុក​ស្នាម​ដាន​ឲ្យ​យើង​ដឹង​អំពី​ជាតិ​ផ្សេង ៗ និង​ភាសា​ដែល​មាន​នៅ​ក្នុង​ស្រុក​នោះ ហើយ​ចប​ដែល​កាប់​គាស់​បាន​ប្រទះ​ជា​ញយ ៗ នៅ​ក្នុង​ដី គ្រឿង​ប្រដាប់​បុរាណ​ពី​ថ្ម​សកអាត គ្រឿង​តែង​កាយ​ពី​ខ្យង និង​គ្រឿង​ប្រដាប់​ចម្លែក ៗ ពី​ស្ពាន់ ដែល​ជា​សំអាង​នាំ​ឲ្យ​ដឹង​សេចក្ដី​ស៊ីវិឡៃ​ក្នុង​ជាន់​ដំបូង ប៉ុន្តែ​របស់​ដែល​ប៉ះ​ពាល់​ដល់​ភ្នែក​ជាង​គេ​នោះ គឺ​ប្រាសាទ​បុរាណ​ដែល​មាន​ចំនួន​ជា​ច្រើន​រចនា​ដោយ​ចម្លាក់​ដ៏​វិចិត្រ គួរ​ជាទី​កោត ជាទី​ស្រឡាញ់​រាប់អាន ដែល​មាន​លើ​ដី​បុរាណ​នោះ ហើយ​មាន​ប្រាសាទ​បុរាណ​ខ្លះ ក្នុង​ពួក​នោះ​ល្អ​ឆើត​ជាង​គេ​ទាំងអស់ ក្នុង​ទ្វីប​អាស៊ី វេលា​ដែល​បាន​មក​កាន់​កាប់​ទំនុក​បំរុង​ស្រុក​ឥណ្ឌូស៊ីន​នោះ ក្រុង​បារាំង​សែស​ទទួល​បន្ទុក​ថែទាំ​នូវ​របស់​ទាំង​នេះ មិន​ឲ្យ​អន្តរាយ​ឡើយ ដែល​ក្រុង​បារាំង​សែស​បាន​មក​តាំង​នៅ​ជា​ដំបូង​នោះ កិច្​ទាំងឡាយ​នេះ ក៏​បាន​សម្រេច​ធ្វើ​ឡើង​បាន​ចាត់​ពួក​មិស្យុង​មួយ​ក្រុម គឺ​ឌូដាត៌ដឺឡាគ្រេ និង​ហ្វ្រងស៊ីគានៅញេរ, ល្វីដឺឡាពរត៍, អេចែនអេម៉ូនីញេ, អូគុស្ដ៍ប៉ាវី ទៅ​ធ្វើ​ការ​បាន​ចម្រើន​ដ៏​ប្រសើរ​ក្នុង​កិច្ច​ពិនិត្យ​នូវ​ផែនដី ប៉ុន្តែ​ពួក​មិស្យុង​តែ​ប៉ុណ្ណេះ ដែល​បាន​តាំង​បង្កើត​ក្នុង​ជាន់​នោះ មិន​ទាន់​ធួន​ល្មម​នៅ​ឡើយ​ដោយ​ការ​ដែល​រិះរក​តាម​ក្បួន​ខ្នាត សេចក្ដី​សិក្សា​យ៉ាង​ជ្រៅ​នៃ​ពង្សាវតា និង​ការ​ដែល​រក្សា​នៃ​ប្រាសាទ​បុរាណ​នោះ ត្រូវ​ការ​ឲ្យ​មាន​តាំង​បង្កើត​ជា​ក្រសួង ១ ជាប់​ជា​អចិន្ត្រៃយ៍ ដោយ​ហេតុ​ទាំងនេះ​ហើយ ទើប​បាន​តាំង​បង្កើត​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ។

អំពី​សាង​សាលា

សាលា​នេះ បាន​តាំង​បង្កើត​ឡើង​ដោយ​ប្រកាស​អារេតេ ១ ច្បាប់ ពី​លោក​គូវែរណើរ ហ្សេណេរ៉ាល់ ប្រទេស​ឥណ្ឌូស៊ីន នាម​ប៉ូល​ឌូមែរ ចុះ​ថ្ងៃ ១៥ ដេសម ឆ្នាំ ១៨៩៨ ក្នុង​វេលា​នោះ​សាលា​នេះ​មាន​នាម​ថា សាលា​ពិនិត្យ​ក្បាច់​អលង្ការ ក្នុង​ប្រទេស​ឥណ្ឌូស៊ីន លុះ ១ ឆ្នាំ ត​ពី​នោះ​មក ដើម្បី​នឹង​វាត​មុខ​ក្រសួង​សិក្សា​ឲ្យ​ធំ​ទូលាយ​ទៅ​ទៀត​នោះ បាន​ឲ្យ​នាម​សាលា​ដូច​សព្វ​ថ្ងៃ​នេះ ហៅ​ថា សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស (ប្រកាស​អារេតេ ចុះ​ថ្ងៃ ២០ ខែ យ៉ាំងវិយេរ ឆ្នាំ ១៩២០)

មុខ​ក្រសួង​ជា​ដាច់​ខាត របស់​សាលា​នេះ បាន​សម្រេច​ដោយ​ប្រកាស​ដេក្រេ​លោក​ប្រេស៊ីដង្គ ដឺឡារេពុព្លិក ចុះ​ថ្ងៃ ២៦ ហ្វេវរីយេរ ឆ្នាំ ១៩០១ ក្រោយ​ទៀត​មាន​ប្រកាស​ដេក្រេ ១ ច្បាប់ ចុះ​ថ្ងៃ ៣ ខែ​អាវរិល ឆ្នាំ ១៩២០ ចេញ​បញ្ញត្តិ​តាម​សេចក្ដី​ពត៌មាន​ពី​លោក អាល់បែរសារ៉ូ ជា​សេនាបតី​ត្រួត​ស្រុក​ចំណុះ នឹង​ដោយ​សេចក្ដី​យល់​ព្រម​ពី​លោក គូវែរណើរ ហ្សេណេរ៉ាល ឡុង ប្រគល់​នូវ​អត្តភាព​ដោយ​សន្មត​មក​សាលា​នេះ រាប់​តាំង​ពី​ថ្ងៃ យ៉ាំងវីយេរ ឆ្នាំ ១៩២១ ត​មក ។

ចុចដើម្បីអានអត្ថបទបន្ដទៀត…

Advertisements
%d bloggers like this: