អំពី​អ្នកតា


អំពីអ្នកតា

គេគ្រាន់តែដើរកំសាន្តនៅប្រទេសកម្ពុជា គេអាចប្រទះឃើញខ្ទមតូច ៗ សង់លើចន្ទល់ ឋិតនៅក្រោមម្លប់ឈើធំ ៗ ដែលផាគច្រើននៃខ្ទមទាំងនោះ មានប្រវែងជ្រុងនីមួយ ៗ មិនលើសពី ៨០ សង្ទីម៉ែត្រទេ ។ បែរមុខទៅរកដើមឈើ ដែលផ្ដល់ជម្រក, ខ្ទមទាំងនោះ ច្រើនតែទទេ ឬមានឫសឈើដែលមានរាងរៅចម្លែកបែបណាមួយ, ឬមានបំណែក ថ្មឆ្លាក់មួយដុំពីរ, ជួនកាលមានរូបសំណាកមួយ ។

ខ្ទមទាំងនោះ គឺជាលំនៅឋានរបស់អ្នកតា, ជាភូមិទេពតា រក្សាទឹកដីប្រទេសកម្ពុជា ។ កាលពីដើម, មានស្ដេចអ្នកតា, មានអ្នកតារក្សាខែត្រ, អ្នកតារក្សាទីប្រជុំជន, អ្នកតារក្សាភូមិ ។ អ្នកតាទាំងនោះ មានឋានានុក្រមធំតូច, ព្រោះហេតុ នេះហើយ ទើបអ្នកតាចាស់ស្រុក នៅកំពង់ត្រាច មានអ្នកតាស្មៀនមួយ ដែលជាអ្នកពាំនាំសំណូមពរ របស់ប្រជាជន ជូនទៅអ្នកតាចាស់ស្រុក ។

 

អ្នកតាគឺជាម្ចាស់ទឹកដី,ដោយហេតុនេះមានភារកិច្ចទទួលខុសត្រូវចពោះអ្វីដែលបានកើតមានឡើងនៅលើទឹកដីនេះ គឺចំពោះអ្នកតាទាំងនោះឯងដែលគេត្រូវបន់ស្រន់បើកាលណាមានជំងឺឆ្លងកើតឡើងឬមានជំងីរាតត្បាតសត្វពាហនៈ, ឬក៏ប្រទេសកើតមានចលាចល, គឺចំពោះអ្នកតាហ្នឹងឯងដែលគេតែងបន់ស្រន់សុំទឹកភ្លៀង និងសុំឱ្យផលិតផលកើត មានសម្បូរពោរពាស ។

ប៉ុន្តែបើគេចង់សិក្សាអោយស៊ីជម្រៅអំពីអ្វីដែលជាអ្នកតា គេនឹងបានឃើញថាក្រៅពីចំណងទាក់ទដ៏តិចតួចរបស់ អ្នកតា ជាមួយនឹងចំណែកដែនដី, អ្នកតាទាំងឡាយ មិនដូចគ្នានៅគ្រប់ទីកន្លែងទេ ។ ជាទូទៅ ហើយក៏ដូចជាលោក អាដេម៉ា ឡឺក្លែរ រៀបរាប់ដែរ, គេបានចាត់ទុកថា អ្នកតាទាំងឡាយ គឺជាព្រលឹង ឬជាវិញ្ញាណរបស់ដូនតា (បុព្វបុរស) ។ ប៉ុន្តែ ជាញឹកញយមានអ្នកតាដែលគេលើកតាំងឡើង ពីព្រោះតែការបន់ស្រន់ទាំងឡាយដែល គេបានធ្វើឡើងចំពោះដើមឈើធំណានិមួយនោះ ត្រូវបានបំពេញតាមបំណងរបស់គេ, ហើយឈ្មោះ ឬតំណាង របស់អ្នកតាជាច្រើន ដែលពូកែ ៗ បញ្ជាក់អោយឃើញថា ឈ្មោះ ឬតំណាងទាំងឡាយនោះ គឺជាឈ្មោះ ឬតំណាង របស់ទេព្តា សាសនាព្រាហ្មណ៍សម័យបុរាណ ។

ដោយហេតុនេះ ចំណងទាក់ទងរបស់អ្នកតា ជាមួយនឹងដើមឈើធំ ៗ ដែលគេច្រើនតែធ្វើសម្ភារូបនីយកម្ម (matérialisation) ដើមឈើទាំងនោះ ដោយយកឫសឈើមានទ្រង់ទ្រាយចម្លែកបែបណាមួយនោះ (មកដាក់នៅ ក្នុងខ្ទមអ្នកតា) បញ្ជាក់អោយឃើញថា អ្នកតាទាំងនោះ នៅក្នុងកំរិតណាមួយនោះ គឺជាព្រលឹង ឬជាវិញ្ញាណនៃ រុក្ខជាតិ, ហើយប្រហែលជារុក្ខជាតិខ្លួនឯងនេះ ត្រូវបានចាត់ទុកថា គឺជាការភាយចេញមកអំពីដែនដី (une émanation du territoire) ។ ក្រៅពីនេះ, នៅមានអ្នកតា នារាយណ៍ (វិស្ណុ), អ្នកតា ឥសូរ (សីវៈ), អ្នកតា ឥន្ទ (ឥន្ទ្រ), នាងខ្មៅ (កាឡី) ។ នៅស្រុកបាភ្នំ, រូបរបស់ឧមា មហិសាសុរ (Uma Mahishâsura) ក្លាយទៅជា អ្នកតាមេ សរ ដោយការបំផ្លែងពាក្យ បំព្រួញមកពីសព្ទមហិសាសុរ (Mahishâsura)

បច្ចុប្បន្ននេះ នៅពេលធ្វើពិធីប្រចាំឆ្នាំជាកិត្តិយស ចំពោះអ្នកតាមេ សរ នៅបាភ្នំ, គេបានថ្វាយជ្រូកដែលសម្លាប់ និងស្រោចទឹកក្ដៅកោសដោយអ្នកកាប់ជ្រូកជាតិចិន, ប៉ុន្តែ ខ្ញុំបានទទួលពិតមានរៀបរាប់អំពីពិធីតាមដូចដែលគេ ធ្លាប់បានធ្វើ កាលពីគេនៅសម្លាប់គោឡើងកបូជាយញ្ញ ចំពោះអ្នកតា. ដោយតាចាស់ម្នាក់ ដែលឪពុករបស់គាត់ធ្លាប់ បានឃើញគេសម្លាប់មនុស្សបូជាយញ្ញ ។ តាចាស់នោះ ពុំបានចាំច្បាស់នូវអ្វីដែលគេបាននិយាយប្រាប់គាត់អំពីរឿង សម្លាប់មនុស្សបូជាយញ្ញនោះទេ, ប៉ុន្តែ គាត់បានសន្និដ្ឋានថា ការសម្លាប់មនុស្សបូជាយញ្ញ ក៏មិនខុសប្លែកអំពីការ សម្លាប់សត្វបូជាយញ្ញដែរទេ ។ ភពជាអចិន្ត្រៃយ៍នៃការធ្វើពិធី (rites) ឃើញនៅមានដដែលយ៉ាងល្អិតល្អន់ អស់ សចក្ដី ដែលអ្នកសង្កេតការណ៍សើ ៗ អាចមិនចាប់អារម្មណ៍ដល់ ។ ព្រោះហេតុនេះហើយ ទើបខ្ញុំកាន់តែចង់ ដឹងអំពីក្រដាសបួនជ្រុងពណ៌ក្រហមបិទនៅលើច្រមុះជ្រូក ថ្វាយអ្នកតាមេ សេ ។ ក្រដាសបួនជ្រុងបែបនេះ ធ្លាប់ឃើញប្រើតែនៅក្នុងពិធីបុណ្យសាសនាចិន និងវៀតណាម, ហើយក្រដាសក្រហមបួនជ្រុងនេះ វាអាចជា គំនិតបង្កើតឡើងដ៍រវើរវាយ (une fantaisie) មួយរបស់ចិនកាប់ជ្រូក ។ ប៉ុន្តែ ដោយបានដឹងថា គេបានគ្រប ក្បាលគោឡើងក ដោយកំណាត់ពណ៌ក្រហមដែរនោះ, វាកាន់តែធ្វើអោយខ្ញុំសង្ស័យថា ក្រដាសមួយដុំតូចនោះ អាចជា សំណល់ចុងក្រោយនៃកំណាត់ពណ៌ក្រហមនោះឯង ។ ហើយដោយហេតុថា, នៅនឹងជើងទួលនៃខ្ទម អ្នកតា, គេកាត់កសត្វដោយដាវយ៉ាងមុត ដោយគេបានសន្មតថា បើឈាមសត្វបាញ់ចេញចំទិសណា, តំបន់ទាំង ឡាយក្នុងទិសនោះ នឹងមានភ្លៀងធ្លាក់ដោយបរិបូរ, គេអាចសន្និដ្ឋានបានយ៉ាងងាយទៀតថា វាដូចតែគ្នា, កាលណា មនុស្សម្នាក់ត្រូវគេសម្លាប់បូជាយញ្ញ ។ នៅពេលកំពុងតែរាំ, រូបដែលអ្នកតាមេ សរចូលនោះ ក៏ទាត់បញ្ជូនក្បាលគោ នោះអោយរមៀលធ្លាក់មកជើងទួល ។ អ្វីដែលអាចធ្វើឱ្យព្រឺខ្លាចជាងនេះទៅទៀតនោះ, គឺកាលណាគេគិតទៅដល់ សម័យដើម ដែលគេត្រូវទាត់ក្បាលមនុស្ស អោយរមៀលធ្លាក់ចុះទៅជើងទួល ដូចគ្នានេះ ។

ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ពិធីសម្លាប់មនុស្សបូជាយញ្ញ គឺគ្រាន់តែជាអនុស្សាវរីយ៍ប៉ុណ្ណោះទេ, ហើយនៅស្ទើរតែគ្រប់ ទីកន្លែង គេបានបញ្ឈប់សម្លាប់សត្វបូជាយញ្ញទៅទៀតហើយ ។ នៅក្នុងប្រទេសមួយកាន់ព្រះពុទ្ធសាសនាយ៉ាង ជ្រាលជ្រៅដូច្នេះ, ពិធីប្រកបដោយការបង្ហូរឈាម ត្រូវបានឋិតថេរនៅអស់កាលដ៏យូរ, នេះជាភស្ដុតាងបញ្ជាក់ថា ពិធីប្រកបដោយការបង្ហូរឈាមនោះ តើមានវាសារសំខាន់ប៉ុណ្ណាទៅ នៅក្នុងអតីតកាលនោះ !

ឥឡូវនេះ, គេថ្វាយចំពោះអ្នកតា ក្រៅពីវត្ថុចាំបាច់សម្រាប់បូជាធ្វើពីដើមចេក និងស្លឹកចេក គឺគេថ្វាយបាយសម្លរ នំ ចំណី បារី ស្លា ព្រមទាំងទៀន និងធូបផង ។ ក្នុងករណីមានជំងឺត្រូវសែនព្រេន, គេធ្វើពែអំពីស្រទបចេក មានពំនូត ដីអិដ្ឋតូច ៗ បីបួនដុំដាក់នៅលើពែនោះ ប្រើសម្រាប់ជំនួសមនុស្ស ឬ សត្វដែលឈឺ ។ នៅទីកន្លែងជាច្រើន, មនុស្ស រូបអារក្ស ឬរូបអ្នកតា ជួនកាលជាប្រុស ជួនកាលជាស្រី ត្រូវបានខ្មោចចូល ហើយខ្មោចនោះ និយាយតាមមាត់ មនុស្ស ។ តាមការយល់សប្តិ, តាមប្រកាសនា (une révétation) គឺការឆ្លុះបញ្ចាំងអោយឃើញបែបណាមួយនោះ យោលទៅតាមវិបត្តិសរសៃប្រសាទ, មនុស្សនោះដឹងខ្លួនថាត្រូវធ្វើជារូប ពោលគឺ ជារូបរាងរបស់អ្នកតា ។ ជួនកាល, មុខងារនេះ ត្រូវបានកាន់កាប់តពូជ ។ គឺរូបនេះហើយ ដែលប្រាប់អ្នកភូមិ អំពីចំណង់របស់អ្នកតាចង់បានអ្វី, គឺរូបនេះហើយ ដែលប្រាប់អោយដឹងក្រោយពេលរៀបពិធីរួចថា ភូតបីសាចសប្បាយរីករាយ គេនឹងផ្ដល់ដល់អ្នកភូមិ នូវអ្វីដែលគេបន់ស្រន់សុំ ។

ជាញឹកញយ អ្នកតាតែងមានរឿងនិទាន ដែលភ្ជាប់ទៅនឹងអ្នកតាទាំងនោះ ; តាមរៀងនិទាននេះ គេអាចរកឃើញ ឡើងវិញ នូវទេវកថាសាសនាព្រាហ្មណ៍ពីបុរាណ, ព្រមទាំងពិធី (rites) សាសនាទាំងឡាយ ដែលគេបានភ្លេច ហើយនោះ ឬក៏រកឃើញដានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ។ជាក់ស្ដែង, ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចុងក្រោយគេ, ដ៏ច្បាស់ លាស់បំផុត, និស្រួលផ្ទៀងផ្ទាត់បំផុតនោះ គឺព្រឹត្តិការណ៍ដែលមានទំនាក់ទំនងពេលថ្មី ៗ បំផុត ។ ឧទាហរណ៍ រឿង និទានទាក់ទងនឹងអ្នកតាកំពត រក្សាបានយ៉ាងត្រឹមត្រូវនូវអនុស្សាវរីយ៍នៃព្រឹត្តិការណ៍ដែលបានកើតមាន នាសតវត្ស ទី ១៧ ។ ដទៃពីនេះ, រឿងនិទាន មានឫសគល់តាំងតែពីអតីតកាលវែងឆ្ងាយ, ប៉ុន្តែ ខ្ញុំជឿថា ការសិក្សាដោយយក ចិត្តទុកដាក់អំពីរឿងនិទានទាំងឡាយន៉ នឹងមានតម្លៃណាស់ សំរាប់អ្នកប្រវត្តិសាស្ត្រ ។

រឿងនិទាន ក៏នឹងមានតម្លៃណាស់ដែរ សម្រាប់បុរាណវត្ថុវិទូ ។ ខ្ញុំសូមលើកយកឧទាហរណ៍មួយដែលខ្ញុំចាំ គឺមាន អ្នកតាមួយ ដែលគេមកសុំខ្ចីចានក្បាន សំរាប់ធ្វើបុណ្យទានធំ ៗ ឬធ្វើបុណ្យទានជាឯកជន ។ ក្រោយពេលបាន ធ្វើការបន់ស្រន់ដោយមានទៀនបីដើម ធូបបីសរសៃរួចហើយ, គេក៏ជីកដីនៅជើងទួល ហើយគេប្រទះឃើញចាន ក្បាន បិងប៉ានពែងយ៉ាងច្រើន, នេះបើអ្នកតាពេញចិត្ត, ប៉ុន្តែ គេត្រូវយកចិត្តទុកដាក់នាំយកវត្ថុទាំងនោះ មកកប់នៅ ក្នុងដីកន្លែងដដែលវិញ ក្រោយពេលចប់កិច្ចការ, បើមិនដូចនោះទេ អ្នកឯងនឹងត្រូវជំងឺ និងមច្ចុរាជកាត់យកមិនខាន ។ ជាការណ៍ពិតណាស់, ទួល ឬ អង្គអាចជាកន្លែងជីកកកាយរកវត្ថុបុរាណ, បីដូចជាកន្លែងដ៏ច្រើនទៀត ដែលមាន រោងអ្នកតាតាំងនៅ ។

ខ្ញុំគិតថា អត្ថបទដ៏ខ្លីនេះ គ្រប់គ្រាន់ល្មមនឹងបង្ហាញថា តើការសិក្សាអំពីអ្នកតាក្នុងស្រុករបស់ប្រទេសកម្ពុជា, ដ៏ជា អនុស្សាវរីយ៍ដីសាមញ្ញប្រកបដោយអតីតកាលវែងឆ្ងាយ និងសម្បូរខ្លឹមសារនោះ តើមានអត្ថប្រយោជន៍យ៉ាងណា ។ កាលណាអ្នកដើរកំសាន្ត ក្រឡេកឃើញកូនខ្ទមរញីរញ័រមួយ សង់នៅលើទួល, ក្រោមម្លប់ឈើកណ្ដាលវាលស្រែ ក្ដៅហែងដោយកំដៅព្រះអាទិត្យ, ដែលនៅក្នុងខ្ទមនោះ មានតង្វាយបន្តិចបន្តួចគ្របដណ្ដប់ដោយធូលីក្រៀម ក្រញង់, អ្នកដើរកំសាន្តនោះអាចប៉ាន់ស្មាន់ឃើញថា គឺជាលំនៅឋានរបស់ទេវៈមួយអង្គ ដែលពីដើមមានឫទ្ធានុភាព, ហើយពីដើម ត្រូវបានទទួលការគោរពបូជាអំពីតួអង្គដដែលទាំងនោះ ដែលបានតុបតែងខ្លួនយ៉ាងឆើតឆាយ ហើយរូបភាពរបស់គេ ត្រូវបានឆ្លាក់នៅលើចម្លាក់ក្រឡោត (bas-reliefs) នៃប្រាសាទអង្គរវត្ត ។

អេឡេវីន ប៉ូរ៉េ ម៉ាស្បេរ៉ូ

(Elevine Porée – Maspero)

ក្នុងហ្វ្រង់ អាស៊ី លេខ ៣៧ – ៣៨ ពិសេស

ឆ្នាំ ១៩៤៩

ប្រែសម្រួល : ឈន អៀម

 

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on June 24, 2016, in ទំនៀមទម្លាប់ ប្រពៃណី, វប្បធម៌. Bookmark the permalink. 1 Comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s