អំពី​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស


អំពី​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស

ក្រុម​ការ ជុំម៉ៅ

ប្រែ​ពី​ភាសា​បារាំង​សែស មក​ជា​ខេមរ​ភាសា

(អត្ថបទ៖ ឆ្នាំ១៩២៧)

ប្រទេស​ឥណ្ឌូស៊ីន​មិនមែន​ជា​ស្រុក​ថ្មី​ទេ គឺ​ជា​ស្រុក​ដែល​មាន​ពង្សាវតារ​ជា​យូរ​អង្វែង​ណាស់​មក​ហើយ ដូច​មាន​គម្ពីរ​ដីកា​ផ្សេង ៗ នៅ​ក្នុង​ហោត្រ័យ​ជា​តាង​ស្រាប់ មួយ​អន្លើ​នឹង​សិលា​ចារឹក​នៃ​ប្រាសាទ​ទាំងឡាយ និង​សសរ​ថ្ម​បុរាណ​ដែល​នៅ​ឈរ​សព្វ​ថ្ងៃ​នៅ​ឡើយ ឬ​ដែល​កប់​បាត់​នៅ​ក្រោម​ជញ្ជាំង​ដែល​ទ្រុឌទ្រោម​ទៅ ដោយ​អំណាច​ចារឹក​និង​អក្សរ​ទាំង​នេះ ទើប​ពង្សាវតា​បូរាណ​បាន​ទុក​ស្នាម​ដាន​ឲ្យ​យើង​ដឹង​អំពី​ជាតិ​ផ្សេង ៗ និង​ភាសា​ដែល​មាន​នៅ​ក្នុង​ស្រុក​នោះ ហើយ​ចប​ដែល​កាប់​គាស់​បាន​ប្រទះ​ជា​ញយ ៗ នៅ​ក្នុង​ដី គ្រឿង​ប្រដាប់​បុរាណ​ពី​ថ្ម​សកអាត គ្រឿង​តែង​កាយ​ពី​ខ្យង និង​គ្រឿង​ប្រដាប់​ចម្លែក ៗ ពី​ស្ពាន់ ដែល​ជា​សំអាង​នាំ​ឲ្យ​ដឹង​សេចក្ដី​ស៊ីវិឡៃ​ក្នុង​ជាន់​ដំបូង ប៉ុន្តែ​របស់​ដែល​ប៉ះ​ពាល់​ដល់​ភ្នែក​ជាង​គេ​នោះ គឺ​ប្រាសាទ​បុរាណ​ដែល​មាន​ចំនួន​ជា​ច្រើន​រចនា​ដោយ​ចម្លាក់​ដ៏​វិចិត្រ គួរ​ជាទី​កោត ជាទី​ស្រឡាញ់​រាប់អាន ដែល​មាន​លើ​ដី​បុរាណ​នោះ ហើយ​មាន​ប្រាសាទ​បុរាណ​ខ្លះ ក្នុង​ពួក​នោះ​ល្អ​ឆើត​ជាង​គេ​ទាំងអស់ ក្នុង​ទ្វីប​អាស៊ី វេលា​ដែល​បាន​មក​កាន់​កាប់​ទំនុក​បំរុង​ស្រុក​ឥណ្ឌូស៊ីន​នោះ ក្រុង​បារាំង​សែស​ទទួល​បន្ទុក​ថែទាំ​នូវ​របស់​ទាំង​នេះ មិន​ឲ្យ​អន្តរាយ​ឡើយ ដែល​ក្រុង​បារាំង​សែស​បាន​មក​តាំង​នៅ​ជា​ដំបូង​នោះ កិច្​ទាំងឡាយ​នេះ ក៏​បាន​សម្រេច​ធ្វើ​ឡើង​បាន​ចាត់​ពួក​មិស្យុង​មួយ​ក្រុម គឺ​ឌូដាត៌ដឺឡាគ្រេ និង​ហ្វ្រងស៊ីគានៅញេរ, ល្វីដឺឡាពរត៍, អេចែនអេម៉ូនីញេ, អូគុស្ដ៍ប៉ាវី ទៅ​ធ្វើ​ការ​បាន​ចម្រើន​ដ៏​ប្រសើរ​ក្នុង​កិច្ច​ពិនិត្យ​នូវ​ផែនដី ប៉ុន្តែ​ពួក​មិស្យុង​តែ​ប៉ុណ្ណេះ ដែល​បាន​តាំង​បង្កើត​ក្នុង​ជាន់​នោះ មិន​ទាន់​ធួន​ល្មម​នៅ​ឡើយ​ដោយ​ការ​ដែល​រិះរក​តាម​ក្បួន​ខ្នាត សេចក្ដី​សិក្សា​យ៉ាង​ជ្រៅ​នៃ​ពង្សាវតា និង​ការ​ដែល​រក្សា​នៃ​ប្រាសាទ​បុរាណ​នោះ ត្រូវ​ការ​ឲ្យ​មាន​តាំង​បង្កើត​ជា​ក្រសួង ១ ជាប់​ជា​អចិន្ត្រៃយ៍ ដោយ​ហេតុ​ទាំងនេះ​ហើយ ទើប​បាន​តាំង​បង្កើត​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ។

អំពី​សាង​សាលា

សាលា​នេះ បាន​តាំង​បង្កើត​ឡើង​ដោយ​ប្រកាស​អារេតេ ១ ច្បាប់ ពី​លោក​គូវែរណើរ ហ្សេណេរ៉ាល់ ប្រទេស​ឥណ្ឌូស៊ីន នាម​ប៉ូល​ឌូមែរ ចុះ​ថ្ងៃ ១៥ ដេសម ឆ្នាំ ១៨៩៨ ក្នុង​វេលា​នោះ​សាលា​នេះ​មាន​នាម​ថា សាលា​ពិនិត្យ​ក្បាច់​អលង្ការ ក្នុង​ប្រទេស​ឥណ្ឌូស៊ីន លុះ ១ ឆ្នាំ ត​ពី​នោះ​មក ដើម្បី​នឹង​វាត​មុខ​ក្រសួង​សិក្សា​ឲ្យ​ធំ​ទូលាយ​ទៅ​ទៀត​នោះ បាន​ឲ្យ​នាម​សាលា​ដូច​សព្វ​ថ្ងៃ​នេះ ហៅ​ថា សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស (ប្រកាស​អារេតេ ចុះ​ថ្ងៃ ២០ ខែ យ៉ាំងវិយេរ ឆ្នាំ ១៩២០)

មុខ​ក្រសួង​ជា​ដាច់​ខាត របស់​សាលា​នេះ បាន​សម្រេច​ដោយ​ប្រកាស​ដេក្រេ​លោក​ប្រេស៊ីដង្គ ដឺឡារេពុព្លិក ចុះ​ថ្ងៃ ២៦ ហ្វេវរីយេរ ឆ្នាំ ១៩០១ ក្រោយ​ទៀត​មាន​ប្រកាស​ដេក្រេ ១ ច្បាប់ ចុះ​ថ្ងៃ ៣ ខែ​អាវរិល ឆ្នាំ ១៩២០ ចេញ​បញ្ញត្តិ​តាម​សេចក្ដី​ពត៌មាន​ពី​លោក អាល់បែរសារ៉ូ ជា​សេនាបតី​ត្រួត​ស្រុក​ចំណុះ នឹង​ដោយ​សេចក្ដី​យល់​ព្រម​ពី​លោក គូវែរណើរ ហ្សេណេរ៉ាល ឡុង ប្រគល់​នូវ​អត្តភាព​ដោយ​សន្មត​មក​សាលា​នេះ រាប់​តាំង​ពី​ថ្ងៃ យ៉ាំងវីយេរ ឆ្នាំ ១៩២១ ត​មក ។

អំពី​លំនៅ​របស់​សាលា

នៅ​វេលា​ដែល​បង្កើត​សាលា​នោះ ទី​ប្រជុំ​រាជការ​ធំ​ក្នុង​ប្រទេស​ឥណ្ឌូស៊ីន​នៅ ៗ ក្រុង​ព្រៃ​នគរ​នៅ​ឡើយ​ទេ នៅ​ទី​នោះ​ហើយ​ដែល​គេ​បាន​តាំង​ហោ​សៀវភៅ និង​សារមន្ទីរ ប៉ុន្តែ​ដល់​មក​ក្នុង​ឆ្នាំ ១៩០១ ទី​ប្រជុំ​រាជការ​ធំ​ក៏​ផ្លាស់​ទៅ​តាំង​ឯ​ក្រុង​ហាណូយ​វិញ ហើយ​ឯ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ក៏​ផ្លាស់​ទៅ​តាម​ក្រសួង​រាជការ​ឯ​ទៀត​ដែរ ឯ​មន្ទីរ​ដែល​មាន​រចនា​ដោយ​ថ្ម ហើយ​ដែល​នឹង​រើរុះ​ទៅ​នាំ​ឲ្យ​អន្តរាយ​នោះ បាន​ទុក​នៅ ៗ ក្រុង​ព្រៃ​នគរ បាន​នាំ​យក​តែ​ហោ​សៀវភៅ​ទៅ​តាំង​ឯ​ក្រុង​ហាណូយ កាល​ពី​ឆ្នាំ ១៩០២ មួយ​អន្លើ នឹង​អក្ខរា​ចារឹក​ផ្សេង ៗ ជា​អក្សរ​ចិន និង​អក្សរ​សាសន៍​ឯ​ទៀត ចារឹក​ទាំង​ប៉ុន្មាន​នេះ​បាន​យក​ទៅ​តាំង​ក្នុង​ឱកាស​ប្រឡង​ដែល​បើក​នៅ​ក្នុង​ក្រុង​នេះ​កាល​ពី​ថ្ងៃ ១៦ ណោវ៉ម លុះ​ដល់​បង្ហើយ​ឈប់​ប្រឡង​ពី​ថ្ងៃ ១៥ ហ្វេវរីយេរ ឆ្នាំ ១៩០៣ របស់​ទាំង​ប៉ុន្មាន​នេះ​បាន​យក​ទៅ​ទុក​ក្នុង​វាំង​ដែល​ជា​សារមន្ទីរ សម្រាប់​សាលា​សព្វ​ថ្ងៃ​នេះ​ឯង ប៉ុន្តែ​ក្នុង​កាល​នោះ គេ​មិន​ទាន់​ពេញ​ចិត្ត​នឹង​មន្ទីរ​នេះ​សោះ ព្រោះ​ជា​មន្ទីរ​ដែល​គេ​សម្រាប់​ទុក​តាំង​របស់​ធម្មតា​ដូចជា​ផល​ក្សេត្រាធិការ និង​ផល​សិប្បិយការ​ដូច្នោះ ហើយ​ទៅ​យក​ធ្វើ​ជា​មន្ទីរ​សម្រាប់​តាំង​ក្បាច់​អលង្ការ​វិញ ទុក​ជា​រៀបចំ​របស់​ដោយ​ប្រុង​ប្រយ័ត្ន​ដូចម្ដេច ក៏​ហាក់​ដូចជា​នៅ​មិន​ទាន់​គត់មត់​ឲ្យ​ផុត​អំពី​សេចក្ដី​អន្តរាយ​សោះ ហើយ​សេចក្ដី​ដែល​សង្ស័យ​ក្នុង​ចិត្ត​នេះ​មាន​ឃើញ​ហេតុ​កើត​ឡើង​មែន​កើត​ឡើង​មិន​យូរ​ប៉ុន្មាន កាល​ពី​ថ្ងៃ ៧ យូវាំង ឆ្នាំ ១៩០៣ មាន​ព្យុះ​យ៉ាង​ធំ​ពារ​លើ​ក្រុង​ហាណូយ ធ្វើ​ឲ្យ​របើក​ទ្វារ​ដែក​យ៉ាង​ធ្ងន់ ៗ ដែល​បិទ​ជ្រុង​វាំង​ទាំង​សងខាង​ចូល​ដល់​ទៅ​ខាង​ក្នុង​ដែល​ជា​ទី​តម្កល់​នូវ​គ្រឿង​តាំង​របស់​សាលា អក្ខរា​ចារឹក​គ្រប់​ភាសា​ក៏​ខ្ទេច​ខ្ទី​អស់ គ្រឿង​ដែល​ធ្វើ​ពី​ដីស​ក៏​បាក់​បែក​អន្តរាយ ហើយ​ឯ​របស់​ដែល​គូ​នឹង​ថ្នាំ​ក៏​រសាត់​ទៅ​តាម​ខ្សែ​ទឹក​ទៅ សេចក្ដី​ពិសោធ​ល្បង​មើល​ដូច​ខាង​ក្រោយ​នេះ​ហាក់​ដូចជា​ស្រួល​ល្អ គឺ​គេ​ដក​យក​របស់​ទាំង​ប៉ុន្មាន​ដែល​គង់​សល់​នៅ​ពី​ក្នុង​វាំង​មុន ហើយ​យក​ទៅ​តម្កល់​ទុក​នៅ​កន្លែង ១ ដែល​បាន​សុខ​ជាង ។

កាល​ក្នុង​ឆ្នាំ ១៩០៤ រាជការ​គូវែរណើម៉ង់ ហ្សេណេរ៉ាល់ បាន​ធ្វើ​អំណោយ​ដី​មួយ​កន្លែង​នៅ​ជ្រុង​ផ្លូវ​ការូ នឹង​ផ្លូវ​ហង់រីរីវីយេរ​មក​ឲ្យ​សាលា កន្លែង​នោះ​សាលា​បាន​កាន់​កាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ឯង លុះ​ដល់​មក​ក្នុង​ឆ្នាំ​ក្រោយ​ទៀត គឺ​ឆ្នាំ ១៩០៥ សារមន្ទីរ និង​កន្លែង​ធ្វើ​រាជការ បាន​ផ្លាស់​ទៅ​នៅ​ជា​មួយ​នឹង​មន្ទីរ​ធំ ដែល​មាន​សាង​គេហស្ថាន ១ ទៀត​ភ្ជាប់​នៅ​ទី​នោះ សម្រាប់​លោក​ចាងហ្វាង​សាលា ហើយ​ចគេហស្ថាន ១ ទៀត សម្រាប់​អ្នក​សិក្សា (កាល​ពី​ឆ្នាំ ១៩០៦) និង​ហាង ១ ជា​ក្រោយ​កាល​ពី​ឆ្នាំ ១៩១២ ប្រជុំ​គេហស្ថាន​ទាំង​ប៉ុន្មាន​នេះ មិន​ទាន់​ធួន​ល្មម​ដល់​សាលា ដើម្បី​ដម្កល់​នូវ​ប្រដាប់​រចនា​នៅ​ឡើយ សេចក្ដី​ដែល​ខ្វះ​នេះ​បាន​បំពេញ ឲ្យ​គ្រប់​ឡើង​ដោយ​ប្រកាស​អារេតេ ១ ច្បាប់ ចុះ​ថ្ងៃ​ទី ២៨ យ៉ាំងវីយេរ ឆ្នាំ ១៩០៩ ដែល​ត​ភ្ជាប់​មក​សារមន្ទីរ​នេះ​ទៀត គេហស្ថាន​សម្រាប់​រាជការ​ធំ ៗ នៅ​ផ្លូវ​កុងសែសស្យុង ដែល​សាលា​ប្រជុំ​ស្រុក​ឥណ្ឌូស៊ីន​បាន​កាន់​កាប់​ជា​ក្រោយ​បង្អស់ ដូចនេះ​ហើយ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ក៏​បាន​ចាត់ចែង​រៀបចំ​ហើយ​ជា​ស្រេច នៅ​ក្នុង​ឆ្នាំ​គម្រប់​ទី ១០ តាំង​ពី​កើត​សាលា​នេះ​ឡើង ។

អំពី​តាំង​បង្កើត​សាលា

សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស មិនមែន​ជា​សាលា​បង្រៀន​ទេ គឺ​គ្រាន់​តែ​ជា​ទី​សម្រាប់​ធៀប​រក​ពង្សាវតារ ក្បាច់​អលង្ការ និង​ភាសា​ផ្សេង ៗ នៅ​ក្នុង​ឥណ្ឌូស៊ីន​នឹង​នៅ​ដែន​នានា ឯ​ទៀត​ក្នុង​ដំបន់​ចុង​បូព៌ា​ប្រទេស គឺ​ស្រុក​ឥណ្ឌា, ស្រុក​ចិន, ស្រុក​ជប៉ុន និង ស្រុក​ឥណ្ឌូស៊ីន ។

អ្នក​រាជការ​គ្រប់​សាលា​នោះ មាន​ចាងហ្វាង​ម្នាក់​ដែល​តាំង​ដោយ​ប្រកាស​ដេក្រេ និង​ម៉ម​ជា​ច្រើន​ដែល​បំពេញ​កិច្ច​ក្រសួងដោយ​ពេល​រដូវ ឬ​ជា​អចិន្ត្រៃយ៍ ហើយ​ដែល​តាំង​ដោយ​ប្រកាស​អារេតេ​លោក​គូវែរណើរ ហ៊្សេណេរ៉ាល់ តាម​សេចក្ដី​តម្រូវ​ពី​ក្រុម​អ័កកាដេមីដេ​សាំងស្ក្រិបស្យុង អេបែលឡែត្រ ។

ក្រុម​អ័កកាដេមី​នេះ ត្រូវ​ត្រួតត្រា​សាលា​នេះ ដោយ​វិទ្យាសាស្ត្រ ដោយ​មាន​ក្រុម​កុំមីស្យុង ១ ក្រុម​ដោយ​ឡែក​ទៀត ត្រូវ​ទទួល និង​បញ្ជូន​អ្នក​សិក្សា​ដែល​ត្រូវ​ប្រឡង​វិជ្ជា ត្រូវ​ធ្វើ​តាម​លំអាន​ការ​ទាំងឡាយ ត្រូវ​ជួបជុំ​នឹង​លោក​ចាងហ្វាង អំពី​គំនិត​ផ្សេង ៗ របស់​ក្រុម​នេះ ហើយ​ជូន​ដំណឹង​ដល់​លោក​គូវែរណើរ ហ៊្សេណេរ៉ាល់ អំពី​សេចក្ដី​យល់​ឃើញ​របស់​ខ្លួន ក្នុង​ការ​ជា​ប្រយោជន៍​ដល់​សាលា​នេះ ។

ឯ​ពួក​ម៉ម ដែល​បំពេញ​កិច្ច​ក្រសួង​ដោយ​ពេល​រដូវ​នោះ កាល​ដើម​ហៅ​ថា​អ្នក​សិក្សា ពួក​នេះ​តាម​ធម្មតា​សុទ្ធ​តែ​ជា​បណ្ដា​សិស្ស ដែល​បាន​សញ្ញា​ប័ត្រ​ពី​សាលា​ឧត្ដម​សិក្សា​មក ដែល​បាន​ហាត់​រៀន​នូវ​ភាសា​ផ្សេង ៗ សម្រាប់​បូព៌ា​ប្រទេស ឬ​ដែល​បាន​ហាត់​រៀន​ក្បាច់​អលង្ការ ប៉ែក​ខាង​សាង​គេហស្ថាន​ដោយ​ក្បួន​ខ្នាត ហើយ​ដែល​បាន​ចូល​កាន់​ការ​ខាង​វិទ្យា​សាស្ត្រ គឺ​ក្នុង​ផ្លូវ​ដែល​ចេះ​ដឹង​ខាង​ភាសា ពង្សាវតារ និង​ទំនៀម​ទម្លាប់​ក្នុង​បូព៌ា​ប្រទេស និង​ការ​ដែល​ចេះ​ដឹង អំពី​ក្បាច់​អលង្ការ ប៉ុន្តែ​តាម​ផ្លូវ​ច្បាប់​គ្មាន​និយាយ​អំពី​ស្ថាន​ដូចម្ដេច ដែល​ត្រូវ​ឲ្យ​ទទួល​យក​ពួក​ទាំង​នេះ​ឡើយ ហើយ​មិន​មែន​កំណត់​យក​តែ​ជាតិ​បារាំង​សែស​ទេ គឺ​គេ​ពិនិត្យ​តែ​អំពី​ការ​ដែល​បាន​ធ្វើ​ឲ្យ​ចម្រើន​ដល់​សាលា និង​ដល់​វិជ្ជា ចំនួន​ម៉ម​ទាំង​នេះ តាម​លក្ខណ​បញ្ញត្តិ​ថា​ត្រូវ​ឲ្យ​មាន​ត្រឹម​តែ ៣ នាក់ ហើយ​ម្នាក់ ៗ បាន​តាំង​តែ​ត្រឹម​កំណត់ ១ ឆ្នាំ​ទេ ប៉ុន្តែ​កំណត់​នេះ នឹង​ទម្រង់​ឲ្យ​យូរ ១ ឆ្នាំ ៗ ត​ៗ​ទៅ​ទៀត​បាន តាម​សេចក្ដី​តម្រូវ​ពី​លោក​ចាងហ្វាង នឹង​តាម​សេចក្ដី​យល់​ឃើញ​នៃ​ក្រុន​អាក់កាដេមី ។

ឯ​ពួក​ម៉ម​ជា​អចិន្ត្រៃយ៍ កាល​ដើម ដែល​ហៅ​ថា​ជា​ពួក​គ្រូ​នោះ​របៀប​ដែល​តាំង​មាន​លំអាន ដូច​ជា​ម៉ម​ដែល​បំពេញ​កិច្ច​ក្រសួង​ដោយ​កាល​រដូវ​ដែរ ប៉ុន្តែ​គ្មាន​កំណត់​ឆ្នាំ​ឡើយ ពួក​ម៉ម​ទាំង​នេះ ត្រូវ​នៅ​ក្នុង​លក្ខណ​បញ្ញត្តិ​ផ្សេង​នៃ​ពួក​អ្នក​រាជការ បែប​ដូច​នេះ អំពី​ឈប់​សម្រាក​កម្លាំង អំពី​យាន​ជំនិះ​នឹង​អំពី​ឈប់​ទទួល​រង្វាន់​រើត្រេត ។ល។ តាម​ធម្មតា​បណ្ដា​ម៉ម​ទាំង​នេះ សុទ្ធ​តែ​រើស​យក​ខ្លួន​ក្នុង​ពួក​ម៉ម ដែល​បំពេញ​កិច្ច​ក្រសួង​ដោយ​ពេល​រដូវ ហើយ​ដែល​មាន​ភ័ស្ដុតាង​ថា​ជា​អ្នក​រាជការ​មាន​តម្លៃ​ដ៏​ខ្ពស់ ឆ្លៀវ​ឆ្លាត​ក្នុង​វិទ្យា​សាស្ត្រ ក្នុង​គ្រា​សម័យ​ដែល​បាន​ធ្វើ​រាជការ ជា​យូរ​ឆ្នាំ​មក​ក្នុង​សាលា​នេះ ។

ពួក​ម៉ម​ជា​អចិន្ត្រៃយ៍​ទាំង​នេះ មាន​កន្លែង​រិះរក​ក្នុង​តំបន់​ផ្សេង ៗ ពី​គ្នា ដែល​ជា​ការ​រិះរក​របស់​សាលា គឺ​តំបន់​ស្រុក​ចិន និង​ស្រុក​យួន ១ ស្រុក​ឥណ្ឌូ និង​ស្រុក​ដែល​មាន​ប្រភេទ​ឥណ្ឌូ ១ ស្រុក​ជប៉ុន ១ និង​ការ​រិះរក​ខាង​ក្បាច់​អលង្ការ​ក្នុង​ប្រទេស​ឥណ្ឌូ​ស៊ីន ១ ចំណែក​ខាង​ក្រោយ​នេះ មាន​បង្កើត​ជា​ក្រុម​រាជការ​ផ្សេង​ដោយ​ឡែក ១ ដែល​មាន​នាម​ថា​ក្រសួង​ក្បាច់​អលង្ការ ក្នុង​ក្រសួង​នេះ​មាន​ម៉ម​ជា​អចិន្ត្រៃយ៍ ដែល​មាន​ស័ក្ដិ​ធំ​ម្នាក់​ជា​នាយក​ដែល​មាន​ងារ​ជា​ចាងហ្វាង​ក្រសួង​ក្បាច់​អលង្ការ ហើយ​ដែល​មាន​ម៉ម​ផ្សេង ៗ ទៀត​នៅ​ក្រោម​បង្គាប់ បំពេញ​មុខ​ក្រសួង​ជា​អ្នក​ថែរក្សា​ប្រជុំ​ប្រាសាទ​អង្គរ ឬ​ជា​អ្នក​ត្រួតត្រា​ប្រាសាទ​ក្នុង​ប្រទេស​ផ្សេង ៗ ក្នុង​ដែន​ឥណ្ឌូស៊ីន​បារាំង​សែស ។

ក្រៅ​ពី​ពួក​ម៉ម​ជា​អចិន្ត្រៃយ៍ និង​ម៉ម​ដែល​បំពេញ​កិច្ច​ក្រសួង​ដោយ​កាល​រដូវ​នោះ សាលា​មាន​ភ្នាក់​ងារ​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក​ចំណុះ នឹង​ក្នុង​ប្រទេស​ក្រៅ ហៅ​ថា​អ្នក​បញ្ជូន​ការ​ចូល ឯ​ងារ​អ្នក​បញ្ជូន​ការ​ចូល​នោះ លោក​គូវែរណើរ ហ៊្សេណេរ៉ាល់ អនុញ្ញាត​ឲ្យ​ដល់​បណ្ដា​អ្នក​ដែល​ធ្វើ​រាជការ​អ្វី​ផ្សេង​ទៀត បាន​ឥត​មាន​កំណត់ ។

ត្រូវ​សម្គាល់​ម្យ៉ាង​ទៀត​ថា លោក​គូវែរណើរ ហ៊្សេណេរ៉ាល់ បាន​ដាក់​ប្រាក់​នៅ​ក្រសួង​សិក្សា​ធិការ​កាល​ពី​ឆ្នាំ ១៩០៧ ដើម្បី​សាង​មន្ទីរ​មួយ​ក្នុង​សាលា​កូឡែស​ក្នុង​ក្រុង​បារាំង​សែស សម្រាប់​តម្កល់​ពង្សាវតា និង​លំអាន​ភាសា​ក្នុង​ប្រទេស​ឥណ្ឌូស៊ីន ហើយ​រូប​អ្នក​ដែល​កាន់​កាប់​វត្ថុ​ទាំង​នេះ​ត្រូវ​ធ្វើ​ជា​អ្នក​ដំណាង​សាលា​នេះ ចំពោះ​នឹង​ក្រុង​បារាំង​សែស​ផង ។

ឯ​អ្នក​រាជការ​ជាតិ​អាស៊ី​អាទិក ដែល​ធ្វើ​រាជការ​ក្នុង​សាលា​នោះ មាន​ស្មៀន ឡេត្រេ និង​ជាង​គំនូរ បណ្ដា​ពួក​ទាំង​នេះ​មាន​ខ្លះ​ជា​ជាតិ​ក្នុង​ស្រុក​ឥណ្ឌូស៊ីន ។

អំពី​ហោ​សៀវភៅ

ប្រដាប់​ដែល​ជា​ខ្លឹមសារ​ដល់​ការ​របស់​សាលា​នោះ គឺ​ហោ​សៀវភៅ​សាលា​នេះ ឯ​ហោ​សៀវភៅ​នេះ​បាន​តាំង​បង្កើត​ឲ្យ​មាន​ឡើង​តាំង​ពី​វេលា​ដែល​កើត​សាល​ជា​ដំបូង បាន​ចម្រើន​រៀង​រាល់​ឆ្នាំ​ដោយ​ទិញ ដោយ​ទទួល​អំណោយ ឬ​ដោយ​ដូរ​វត្ថុ​គ្នា​ទៅ​វិញ​ទៅ​មក ឯ​សៀវភៅ​ទាំងឡាយ​ដែល​ចេញ​បោះពុម្ព​ដោយ​ចំណាយ​ប្រាក់​សាលា ឬ​ដោយ​ជំនួស​ប្រាក់​របស់​រាជការ​នោះ ត្រូវ​ផ្ញើ​ជា ២ ក្បាល​ទៅ​ទុក​នៅ​ហោ​សៀវភៅ​របស់​សាលា ។

គេ​បាន​ដម្រូវ​ឲ្យ​រៀបចំ​សៀវភៅ​ទុក​ដោយ​ពួក​ដូច​មាន​ខាង​ក្រោយ ១ សៀវភៅ​ទាំងឡាយ​ដែល​បោះពុម្ព ឬ​ដែល​សរសេរ​ចារឹក​ដោយ​ដៃ ជា​របស់​ប្រទេស​ឥណ្ឌូស៊ីន​បារាំង​សែស ២ ប្រកាស​ទាំងឡាយ​ដែល​មាន​ប្រយោជន៍​ដល់​នានា ប្រទេស ក្នុង​ចុង​បូព៌ា សេចក្ដី​ដំម្រូវ​នេះ​សព្វ​ថ្ងៃ នេះ​បាន​ធ្វើ​តាម​ជា​ច្រើន​ហើយ ដូច​មាន​របៀប​រៀបរៀង​ខាង​ក្រោយ​នេះ​ជា​តាង​ស្រាប់ ។

ឯ​ហោ​សៀវភៅ​នោះ មាន​ចែក​ជា ៧ ប៉ែក

របស់​ប្រទេស​អឺរុប ។

របស់​ចិន ។

របស់​យួន ។

របស់​ជប៉ុន ។

ផែនទី ។

ចារឹក .- ឯ​ចារឹក​ទាំងឡាយ​នេះ មាន​គ្រប់​ភាសា លើក​តែ​ចារឹក​ចិន, យួន នឹង​ជប៉ុន​ចេញ ដែល​បាន​បញ្ចូល​គ្នា​ទៅ​ក្នុង​សៀវភៅ​ផ្សេង ៗ ដែល​ជា​របស់​ពួក​ទាំង​នេះ ក្នុង ១ ប៉ែក ៗ នោះ មាន​លំដាប់ ដូច​មាន​ខាង​ក្រោយ ។

ស្លឹក​រឹត ២៦១ ក្បាល ។

ក្រដាស ៦៨ ក្បាល

លាវ ។

សៀម ។

ថៃ ។

ចាម ។

ចារឹក ភូមា

មន ។

ឡូឡូ ។

បាត្ដាក ។

មាន​សារបាន​ចារឹក​ខ្មែរ ១ បោះពុម្ព​ផ្សាយ​ក្នុង​ប៊ុល្លើតាំង​ពី​ឆ្នាំ ១៩០២ ទំព័រ ៣៨៧ ឯ​គម្ពីរ​សាស្ត្រា​លាវ​នោះ​មោនសៀរ ល ហ្វីណូត៍ បាន​រៀន​បាន​រៀប​ជា​មាតិកា​ក្នុង​សៀវភៅ ដែល​រិះរក​អក្ខរ​វិធី​លាវ ក្នុង​ប៊ុល្លើតាំង​ទី ១៧ លេខ ៥ ទំព័រ ១៧៥ បញ្ជី​ធំ​សម្រាប់​ចារឹក​លាវ ។

ដោយ​សាលា​មាន​ចារឹក​លាវ​ជា ២ ក្បាល គ្រប់​មុខ​ទាំង​អស់​នោះ​ក៏​បាន​ធ្វើ​អំណោយ ១ មុខ ១ ក្បាល​ដល់​ក្រុម​ចូល​ហ៊ុន​អាស៊ី​អាទិក ។

ម្យ៉ាង​ទៀត​សាលា​បាន​ទទួល​ថែរក្សា​សំណៅ​លិខិត​ផ្សេង ៗ នៅ​កន្លែង​គិញ​លឿក​ចាស់ ឬ​ស្ដេច​រង​នៅ​ស្រុក​តុងកឹង ដែល​គេ​លប់​លើក​មិន​ឲ្យ​មាន​ស្ដេច​តាំង​ពី​ឆ្នាំ ១៨៩៧ ។

ពុម្ព​ផ្ដិត .- ពង្សាវតារ​ប្រទេស​ឥណ្ឌូស៊ីន​នោះ មាន​ជាប់​ជា​ច្រើន​ទៅ​លើ​សិលា​ចារឹក​ផ្សេង ៗ ហើយ​ចារឹក​ទាំងឡាយ​នេះ នឹង​ធ្វើ​ឲ្យ​បាន​ត​ថ្មី​ឡើង​វិញ លុះ​តែ​ឲ្យ​ផ្ដិត​ពុម្ព​ឲ្យ​បាន​ជាប់​ស្នាម​អក្សរ​ដែល​ឆ្លាក់​នៅ​លើ​ថ្ម​នោះ ។

ឯ​ផ្ដិត​នោះ​នឹង​ធ្វើ​ជា ២ បែប​បាន

បែប ឡុត្តាំងឡាវ័ល .- គេ​ដាក់​ក្រដាស ១ សន្លឹក​ទៅ​លើ​ផែន​ថ្ម​ទទឹក ហើយ​គេ​វាយ​ថ្មម​ដៃ​បន្តិច ៗ នឹង​ច្រាស ១ រឹង ដើម្បី​ឲ្យ​បាន​ក្រដាស​ផត​ចូល​ទៅ​ក្នុង​ស្នាម​អក្សរ​ដែល​ឆ្លាក់​គេ​ទុក​ក្រដាស​នោះ​នៅ​លើ​ថ្ម លុះ​ដល់​ស្ងួត​ទើប​ទាញ​យក​មក ហើយ​ក៏​ឃើញ​ស្នាម​អក្សរ​លេច​ឡើង ប៉ុន្តែ​ជា​អក្សរ​ច្រាស​ជើង​ទាំងអស់ ដូចជា​អក្សរ​ដែល​ឆ្លាក់​នៅ​លើ​ត្រា ។

បែប​ចិន .- គេ​ដាក់​ក្រដាស​តាម​លំអាន ដូច​ពោល​ខាង​លើ​នេះ​ដែរ ហើយ​គេ​ធ្វើ​ក្រដាស ឲ្យ​ទ្រុត​ចូល​ទៅ​ក្នុង​ស្នាម​អក្សរ ដោយ​យក​អន្លូង​ក្បាល​ស្វា​វាយ​ពី​លើ​សំពត់​សាក្លាត​យ៉ាង​ក្រាស់ លុះ​កាលណា​ក្រដាស​នោះ​ស្ងួត​ទៅ គេ​តាំង​យក​ទឹក​ខ្មៅ​ទៅ​ជូត​ពី​លើ ហើយ​អក្សរ​ក៏​លេច​ឡើង​ជាស​នៅ​ក្នុង​ផ្ទៃ​ខ្មៅ ។

អំពី​សារមន្ទីរ

ប្រកាស​ដែល​តាំង​បង្កើត​សាលា​បារាំង​សែស​នោះ បាន​តម្រូវ​ដល់​ចាងហ្វាង​សាលា​ឲ្យ​បង្កើត​សារមន្ទីរ ១ ហើយ​សារមន្ទីរ​នោះ នឹង​សាង​តែ ១ សម្រាប់​ស្រុក​ទាំងអស់​ក៏​បាន នឹង​សាង​ក្នុង​ស្រុក ១ មន្ទីរ ១ ក៏​បាន តែ​ក្នុង​វេលា​នោះ​បាន​សាង​មន្ទីរ​តែ ១ សម្រាប់​ប្រទេស​ឥណ្ឌូស៊ីន នៅ​ក្រុង​ព្រៃ​នគរ មាន​តាំង​មន្ទីរ ១ នៅ​ក្រុង​ដដែល​មុន​មន្ទីរ​នេះ តែ​មិន​បាន​ចម្រើន ហើយ​ក៏​លប់​លើង​លែង​ឲ្យ​មាន​វិញ​ទៅ មន្ទីរ​នេះ​បាន​តាំង​នៅ​លើ​កន្លែង ១ ជា​គេហស្ថាន​ដ៏​ឧត្ដម ដែល​សាង​សម្រាប់​ធ្វើ​ជា​មន្ទីរ​ហើយ​ក៏​រើ​ចេញ​វិញ​អស់​ទៅ​ដោយ​រួសរាន់ យក​កន្លែង​នោះ​ទុក​សម្រាប់​ជា​លំនៅ​លោក​លីយ៉ឺតឺណង់ គូរវែរណើរ ស្រុក​កូសាំងស៊ីន ដែល​បំពេញ​មុខ​ក្រសួង​ជា​រេស៊ីដង្គ​វិញ មាន​ចំណែក​ខ្លះ​ដែល​សល់​នៅ​នោះ យក​ទៅ​តម្កល់​ទុក​ក្នុង​សួន​សម្រាប់​ក្រុង​ខ្លះ ក្នុង​សួន​នៃ​ទី​រាជការ គូរវែរណើរម៉ង់ ហ៊្សេណេរ៉ាល់​ខ្លះ ចំណែង​ទាំង​នេះ​សុទ្ធ​តែ ជា​ក្បាច់​នឹង​សិលា​ចារឹក​ខ្មែរ លោក​ចាងហ្វាង​សាលា​បាន​យក​ចំណែក​ទាំង​នេះ ទៅ​ផ្គុំ​ជា​មួយ​នឹង​រូប​ធ្វើ​ពី​ថ្ម ដែល​យក​ពី​ស្រុក​ខ្មែរ​ទៅ​កាល​ពី​ឆ្នាំ ១៨៩៩ មួយ​អន្លើ​នឹង​ដុំ​ថ្ម​ចាម​ដែល​បាន​មក​ពី​ប្រាសាទ​បុរាណ ដែល​បាក់​បែក​នៅ​ស្រុក​មីសឺន ថ្ម​ទាំងឡាយ​នេះ បាន​ជា​គ្រាប់​ពូជ​សម្រាប់​មន្ទីរ​នេះ ដែល​បាន​តាំង​នៅ​លើ​ដី​ជា​មួយ​នឹង​សាលា​នៅ​ផ្លូវ​ប៉ែឡឺរង កាល​ពី​ឆ្នាំ ១៩០១ គេ​បាន​បន្ថែម​ពួក​របស់​ដែល​ធ្វើ​កីដីសរ,​ពី​ថ្មឹនល, ពី​ខ្មុក និង​សម្រិទ្ធ ដែល​មោនសៀរ​ប៉េលីយ៉ូ បាន​ប្រមូល នៅ​វេលា​ដែល​គេ​តាំង​ជា​មិស្យុង ទៅ​ក្នុង​ស្រុក​ចិន ព្រម​ទាំង​វត្ថុ​ផ្សេង ៗ ឯ​ទៀត ដែល​មាន​ចារឹក​នៅ​នោះ ។

លុះ​ដល់​មក​ក្នុង​ឆ្នាំ ១៩០២ គេ​លែង​ឲ្យ​នាំ​ចូល​ទៅ​ក្នុង​ស្រុក​តុងកឹង ក្បាច់​អលង្ការ​ទាំង​ប៉ុន្មាន ដែល​មិនមែន​ជា​វត្ថុ​សម្រាប់​សេចក្ដី​ស៊ីវិល័យ​របស់​ប្រទេស​ឥណ្ឌូស៊ីន ហើយ​គេ​ក៏​បញ្ចូល​ទៅ​ជា​មួយ នឹង​ចារឹក​ចាម របស់​ចិន​ទាំងឡាយ មួយ​អន្លើ​នឹង​វត្ថុ​ដែល​មាន​ចារឹក​ទៅ​នោះ ហើយ​ដែល​ប្រែ​ផ្លាស់​កន្លែង​ទៅ​នាំ​ឲ្យ​វិបលាស ឯ​មន្ទីរ​ដែល​តាំង​នៅ​លើ​ដី​របស់​សាលា​នោះ ក៏​បាន​រុះរើ​ចេញ​ពី​កន្លែង​នេះ​កាល​ពី​ឆ្នាំ ១៩០៤ ដោយ​ផុត​កំណត់​សន្យា ។

នគរ​ខ្មែរ ក៏​បាន​ទទួល​នូវ​ក្បាច់​អលង្ការ​ខ្មែរ​ក្នុង​នគរ គឺ​មាន​អារេតេ ១ ច្បាប់ ចុះ​ថ្ងៃ ១៧ អ៊ូត ឆ្នាំ ១៩០៥ តាំង​បង្កើត​ជា​ប៉ែក​ខាង​របស់​បុរាណ​ខ្មែរ​នៃ​មន្ទីរ​តាំង​សម្រាប់​ប្រទេស​ឥណ្ឌូស៊ីន នៅ​ក្នុង​សេចក្ដី​ត្រួតត្រា​នៃ​លោក​ឡឺរេស៊ីដង្ត សុប៉េរីយ៉ើរ និង​ក្រុម​ត្រួតត្រា​តាម​វិទ្យាសាស្ត្រ​ក្នុង​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ប៉ែក​នេះ​កាល​ដើម​ឡើយ បាន​តាំង​នៅ​ក្រុង​ថែវ​វត្ត​ព្រះ​កែវ ក្រោយ​មក​ទើប​ព្រះ​ចៅ​ក្រុង​កម្ពុជា​ទ្រង់​ព្រះ​តម្រិះ​ថា​នឹង​សាង​ជា​មន្ទីរ ១ ក្នុង​ព្រះ​បរម​រាជ​វាំង​ចាស់ ដែល​ប្រថាប់​មុន​គ្រង​រាជ្យ​ដោយ​ចេញ​ព្រះ​រាជ​ទ្រព្យ​ដើម្បី​ដាក់​របស់​ទាំង​នេះ របស់​ទាំង​នេះ​មោនសៀរ​ប៉ារមង់ចេ​បាន​រៀបចំ​ដោយ​ពួក​ដោយ​កង ហើយ​បាន​បោះ​ជា​សៀវភៅ​កាតតាឡុក លុះ​ដល់​មក​ក្នុង​ឆ្នាំ ១៩១៩ បាន​យក​មក​តម្កល់​ទុក​ក្នុង​មន្ទីរ​ក្រុង​កម្ពុជា ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា មន្ទីរ​អាល់បែរសារូត៍ នៅ​ក្នុង​សេចក្ដី​ត្រួតត្រា​នៃ​ក្រុម​ត្រួតត្រា​តាម​វិទ្យាសាស្ត្រ ជា​ដរាប ។

ឯ​របស់​បុរាណ​ខ្មែរ​ទាំង​ប៉ុន្មាន​នោះ ចាត់​ការ​ដោយ​ស្រួលបួល​ហើយ ឯ​ក្បាច់​រចនា​ចាម​នោះ មិន​ទាន់​បាន​ចាត់​ចាំង​ឲ្យ​ស្រួល​នៅ​ឡើយ ដោយ​គ្មាន​ស្ដេច​ចាម​នឹង​ចាត់​ការ​កសាង​មន្ទីរ សម្រាប់​តម្កល់​របស់​ទាំង​នេះ កាល​ដើម​បាន​តម្កល់​ទុក​ក្នុង​កន្លែង ក្រុម​តម្រួត​នៅ​ក្រុង​ព្រៃ​នគរ រួច​ពី​នោះ បាន​យក​ទៅ​តម្កល់ ក្នុង​កន្លែង​ចូល​ហ៊ុន​សម្រាប់រិះរក​វិជ្ជា​ក្នុង​ប្រទេស​ឥណ្ឌូស៊ីន ក្នុង​វេលា​នោះ គេ​បាន​បង្កើត​កន្លែង​តម្កល់​ជា​ច្រើន ដើម្បី​ឲ្យ​បាន​សាង​មន្ទីរ​ចាម ១ នៅ​ស្រុក​ទួរ៉ាន លុះ ១៥ ឆ្នាំ​ក្រោយ​មក ក៏​បាន​សម្រេច​តាម​គំនិត ប្រកាស​អារេតេ ១ ច្បាប់​ចុះ​ថ្ងៃ ២២ យូវាំង ឆ្នាំ ១៩១៨ បាន​បង្កើត​ប៉ែក​ខាង​របស់​បុរាណ​ចាម នៃ​មន្ទីរ​តាំង​សម្រាប់​ប្រទេស​ឥណ្ឌូស៊ីន ១ នៅ​ក្នុង​សេចក្ដី​ត្រួតត្រា​នៃ​លោក គូវែរណើរ​យេណេរ៉ាល់ នឹង​ក្រុម​ត្រួតត្រា​តាម​វិទ្យាសាស្ត្រ​ក្នុង​សាលា​បារាំង​សែស​ជាន់​ខ្ពស់​នៅ​ចុង​បូព៌ា​ប្រទេស ឯ​មន្ទីរ​តូច​នេះ​ដែល​បាន​រៀបចំ​ដោយ​សេចក្ដី​ប្រាថ្នា​យ៉ាង​ពិត​តាម​សេចក្ដី​រិះ​គិត របស់ មោនសៀរ ដឺឡាវ័ល់ និង មោនសៀរ អូក្លែរ ជា​ចាងហ្វាង​ក្រសួង​សង់​គេហស្ថាន​នៅ​ស្រុក​អណ្ណាម នោះ​បាន​សាង​ហើយ​ស្រេច​ក្នុង​ឆ្នាំ ១៩១៦ ហើយ​មោនសៀរ ប៉ារមង់ចេ បាន​រៀបចំ​ក្នុង​ឆ្នាំ ១៩១៩ បាន​ធ្វើ​ជា​កាតាឡុក​ចំនួន ២៦៨ ទំព័រ ហើយ​មាន​ទំព័រ​ជា​ច្រើន​ដែល​មាន​ក្បាច់​រចនា​ល្អ ៗ ។

ឯ​ក្បាច់​អលង្ការ​ចាម និង អលង្ការ​ខ្មែរ ដែល​មាន​មន្ទីរ​មួយ ៗ ផ្សេង​ពី​គ្នា​នោះ មិន​សូវ​យក​ទៅ​តាំង​នៅ​ក្រុង​ហាណូយ​ញឹកញយ​ទេ ដែល​យក​ទៅ​តាំង​ម្ដង ៗ នោះ គឺ​យក​តែ​របស់​ដែល​បាន​រើស​ផ្ចិតផ្ចង់ ច្រើន​តែ​របស់​ដែល​បាន​ធ្វើ​ពី​សម្រិទ្ធ និង​របស់​ឯ​ទៀត​ដែល​មាន​តម្លៃ ឯ​មន្ទីរ​នេះ​បរិបូណ៌​ខាង​ក្បាច់​អលង្ការ​ផ្សាយ​ទៅ​ក្នុង​ស្រុក​អណាមតុងកឹង, ស្រុក​សៀម, ស្រុក​កូឡា នឹង​ស្រុក​នានា​ឯ​ទៀត ដែល​នៅ​ជិត​ប្រទេស​ឥណ្ឌូស៊ីន គឺ​ស្រុក​ឥណ្ឌា, ស្រុក​ទីបេ, ស្រុក​ចិន, ស្រុក​ជប៉ុន,​ស្រុក​កូរេ មន្ទីរ​នេះ មាន​ទាំង​ប្រាក់​បុរាណ​ជា​ច្រើន​ផង ព្រម​ទាំង​ដើម​ពង្សាវតារ​ដែល​មាន​តួ​យ៉ាង​គំរូ​នៃ​របរ​សិប្បីយការ ដែល​ធ្វើ​ពី​ថ្ម និង​អាយុ​នៃ​សំរិទ្ធ​ក្នុង​ប្រទេស​ឥណ្ឌូស៊ីន ។

អំពី​ការ​ផ្សាយ

សាលា​បារាំង​សែស បាន​ចេញ​បោះ​ផ្សាយ​ការ​ដែល​រិះ​រក​តាំង​ពី​ឆ្នាំ ១៩០១ ក្នុង​ប៊ូល្លឺតាំង​របស់​សាលា​បារាំង​សេស នៅ​ចុង​បូព៌ា​ប្រទេស ដែល​បោះពុម្ព​នៅ​ប្រទេស​ហាណូយ កាល​ដើម​មាន​មោនសៀរ ហ្វ.ស្នែរដែរ ជា​អ្នក​បោះ​ហើយ​ត​ក្រោយ​មក​មាន​រោង​ពុម្ព​នៅ​ចុង​បូព៌ា​ប្រទេស ក្នុង​ប៊ូល្លឺតាំង​ទាំង​នោះ មាន​សុទ្ធ​តែ​ការ​ជា​ថ្វី​ដៃ​របស់​ពួក​ម៉ម និង​ពួក​ដែល​ធ្វើ​ការ​ក្នុង​សាលា​ទាំងអស់ ហើយ​ឯ​សេចក្ដី​ផ្សាយ​ទាំង​នេះ ដែល​បាន​បំពេញ​ដោយ​សៀវភៅ​ដែល​រិះ​រក​ថ្មី និង​សៀវភៅ​ពង្សាវតារ​ផ្សេង ៗ នោះ បាន​ឡើង​ជា​មេ​មួយ​ដ៏​ឧត្ដម សម្រាប់​នឹង​សិក្សា​វិទ្យាសាស្ត្រ​ក្នុង​ទ្វីប​អាស៊ី​ខាង​កើត បើ​នឹង​រៀបរាប់​ក្នុង​នេះ អំពី​រឿងរ៉ាវ​ដែល​បាន​ប្រកាស​នោះ ឃើញ​ជា​វែង​ឆ្ងាយ​ពន់ពេក​ណាស់ ដូច្នេះ​យើង​យល់​ឃើញ​ថា​នឹង​ធ្វើ​ឲ្យ​ដឹង​តែ​របស់​ណា​ដែល​មាន​ប្រយោជន៍​ជាង​គេ ។

ស្រុក​ឥណ្ឌា

សៀវភៅ​រឿង​ក្បាច់​អលង្ការ​ក្រិច ក្នុង​រឿង​ព្រះ​ពុទ្ធ នៅ​ស្រុក​គន្ធារ សេចក្ដី​រិះ​រក​ដើម​កំណើត​នៃ​រឿងរ៉ាវ​ក្នុង​ពុទ្ធ​សាសនា ក្នុង​ស្រុក​ឥណ្ឌា និង​ក្នុង​ចុង​បូព៌ា​ប្រទេស មាន​មោនសៀរ អហ្វូសេ ជា​អ្នក​តែង ខ្សែ ១ ឆ្នាំ ១៩០៥ ខ្សែ ១ ឆ្នាំ ១៩០៨ ។

សៀវភៅ​មាតិកា​ចារឹក សាសនា​ជន ដែល​មាន​ពង្សាវតារ​ពួក​ជន​ជា​ខាង​ដើម ស្រង់​យក​ពី​ចារឹក​ផ្សេង ៗ មោនសៀរ អ. គេរីណូ ជា​អ្នក​តែង​ពី​ឆ្នាំ ១៩០៨ ។

សៀវភៅ​ពួក​ទី ៣ ដែល​មាន​សារបាន​ថា ហោ​សៀវភៅ​នៃ​សាលា​បារាំង​សែស នៅ​ចុង​បូព៌ា​ប្រទេស​នោះ សម្រាប់​តែ​សេចក្ដី​ស្រង់​ផ្សេង​ក្នុង​អក្ខរ​វិធី ឯ​សៀវភៅ​ទាំង​នេះ​មាន​ផ្សាយ ២ ក្បាល ហើយ​ជា​របស់​មោនសៀរ វិកទ័រហង់រី ជា​គ្រូ​នៅ​មហា​វិទ្យាល័យ នៅ​ក្រុង​ប៉ារីស តែង ២ ក្បាល ។

គឺ​វិធី​ភាសា​សំស្ក្រឹត ដែល​បាន​រៀបចំ​ដោយ​ពួកកង ប៉ារីស​ឆ្នាំ ១៩០២ ។ ២ក្បួន​វេយ្យាករណ៍​បាលី ប៉ារីស​ឆ្នាំ ១៩០២ លុះ​ក្រោយ​មក​សាលា​បាន​ផ្សាយ​ក្រៅ​ពី​កាត្តាឡូក និង​ក្បួន​នែនាំ​ផ្លូវ​របស់​សារមន្ទីរ​ដូច​មាន​ពោល​ខាង​លើ​នេះ គឺ​ក្បាច់​អលង្ការ​ក្នុង​ប្រទេស​ឥណ្ឌូស៊ីន​ដែល​មោនសៀរ ឯ លុណេដឺឡាសុងគ្យែរ តែង ប៉ារីស​ឆ្នាំ ១៩០១ សេចក្ដី​រ៉ាពរ​នៃ​ក្រុំ​ប្រឹក្សា​តាង​ប្រទេស​អំពី​សេចក្ដី​រិះរក ក្នុង​ចុង​បូព៌ា​ប្រទេស​ដំបូង​ហាណូយ ឆ្នាំ ១៩០២ ។

កាល​ពី​ឆ្នាំ ១៩២១ សាលា​បាន​ចាប់​ផ្ដើម​ផ្សាយ​សៀវភៅ​ថ្មី ១ ពួក​ទៀត គឺ​ក្បួន​ចិន​ដែល​និយាយ​អំពី​ស្រុក​ឥណ្ឌូស៊ីន ឯ​សៀវភៅ​រចនា​ក្នុង​ស្រុក​អាស៊ី​ដែល​មោនសៀរ គោលូបែហ្វ តែង​នោះ បាន​បោះពុម្ព​តាំង​ពី​ឆ្នាំ ១៩២០ ដោយ​សេចក្ដី​ឧបត្ថម្ភ​នៃ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ។

អំពី​ប្រាសាទ​បុរាណ

កិច្ចការ​ដែល​មាន​ប្រយោជន៍​យ៉ាង​ធំ ដែល​ប្រគល់​មក​ឲ្យ​សាលា​បារាំង​សែស​នោះ គឺ​ការ​ថែទាំ​ប្រាសាទ​បុរាណ ក្នុង​ប្រទេស​ឥណ្ឌូស៊ីន ក៏​ដូចជា​ប្រទេស​ឯ​ទៀត​ដែរ មាន​ធ្វើ​ឲ្យ​អន្តរាយ​នូវ​ប្រាសាទ​បុរាណ​ជា​ច្រើន របស់​បុរាណ​ដែល​ល្អ ៗ ក៏​បាត់​បង់​អស់​ទៅ ដោយ​គ្មាន​អ្នក​ទំនុក​បម្រុង មាន​ប្រកាស​អារេតេ ១ ច្បាប់ ចុះ​ថ្ងៃ ៩ ម៉ារ្ស ឆ្នាំ ១៩០០ ឲ្យ​អំណាច​ដល់​សាលា ឲ្យ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​អន្តរាយ​តទៅ​ទៀត ។

ក្នុង​អារេតេ​នោះ​មាន​សេចក្ដី​ថា​ឯ​អចលន ឬ ចល្លន​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​មាន​រៀបរាប់​ក្នុង​សេចក្ដី​រ៉ាពរ​របស់​លោក​ចាងហ្វាង​សាលា​បារាំង​សែស នៅ​ចុង​បូព៌ា​ប្រទេស​នោះ នឹង​ជាវ នឹង​បំផ្លាញ ឬ នឹង​កែ​ប្រែ​ក្នុង​សណ្ឋាន​ដូចម្ដេច​ឥត​មាន​អនុញ្ញាត​ពី​លោក គូវែរណើរយេណេរ៉ាល មិន​បាន​ឡើយ ហាម​ផ្ដាច់​មិន​ឲ្យ​នាំ​វត្ថុ​ទាំង​នេះ ប្រាស​ចាក​ទី​កន្លែង របស់​បុរាណ​ទាំងឡាយ​ដែល​រក​ឃើញ​ដោយ​កាប់​គាស់​កកាយ ឬ ដោយ​ធ្វើ​ការងារ​អ្វី​ផ្សេង ៗ នោះ​ត្រូវ​ជូន​ដំណឹង​ដល់​លោក​គូវែរណើរ​យេណេរ៉ាល ដើម្បី​លោក​និង​ចាត់​ការ​ឲ្យ​ធ្វើ​ដូចម្ដេច ៗ លោក​ចាងហ្វាង​សាលា​បារាំង​សែស​មាន​កិច្ច​ធុរៈ​ត្រូវ​ត្រួតត្រា​ប្រាសាទ​បុរាណ ត្រូវ​តម្រូវ​សេចក្ដី​ជូន​លោក គូវែរណើរ​យេណេរ៉ាល អំពី​បែប​យ៉ាង​ដែល​ត្រូវ​ថែរក្សា​ប្រាសាទ​ទាំង​នេះ ។

មាន​ប្រកាស​អារេតេ​ជា​ច្រើន​ច្បាប់ ដែល​ចាត់​ការ​រៀបចំ​ដើម្បី​ថែរក្សា​ប្រាសាទ​បុរាណ​ទាំងឡាយ ដែល​មាន​នៅ​ក្នុង​ស្រុក​ផ្សេង ៗ ក្នុង​ដែន​អណ្ឌូស៊ីន​បារាំង​សែស ប្រកាស​អារេតេ​ចុះ​ថ្ងៃ ៦ អាវរិល ឆ្នាំ ១៩០១ ថ្ងៃ ១៥ ងាវរិល ឆ្នាំ ១៩០៥ ថ្ងៃ ២៤ ណូវ៉ម ឆ្នាំ ១៩០៦ ថ្ងៃ ១៨ ម៉េ ឆ្នាំ ១៩០៨ ចំនួន​ប្រាសាទ ឬ ពួក​ប្រាសាទ ដែល​បាន​រៀប​ជា​មាតិកា​នោះ មាន​ចំនួន​ដូច​មាន​ខាង​ក្រោយ ៖

ចម្បា . . . . . ៦០ ។

ក្រុង​កម្ពុជា និង កូសាំងស៊ីន . . ២២០ ។

ស្រុក​លាវ . . . . ២៥ ។

ស្រុក​តុងកឹង ហាណូយ . . ៧ ។

មាន​បញ្ជី​ថ្មី ១ ទៀត​ទើប​នឹង​រៀបចំ​ធ្វើ បញ្ជី​នោះ​មាន​បន្ថែម​ប្រាសាទ​នៅ​តុងកឹង​ទៀត ដែល​មិន​ទាន់​បាន​រៀប​ជា​មាតិកា​នៅ​ឡើយ មួយ​អន្លើ​នឹង​ប្រាសាទ​ផ្សេង ៗ ដែល​មាន​នៅ​ក្នុង​ខេត្ត​ទាំង​ប៉ុន្មាន ដែល​នគរ​សៀម​សង​មុខ​វិញ​កាល​ក្នុង​ឆ្នាំ ១៩០៧ គឺ​សៀមរាប ស៊ីសុផុន និង បាត់ដំបង ដែល​មាន​ប្រកាស​អារេតេ​ចុះ​ថ្ងៃ ១៨ ម៉េ ឆ្នាំ ១៩០៨ មាន​រៀប​ទុក​ទាំង​ដុំ ។

ឯ​ប្រាសាទ ២ នៅ​ស្រុក​អ័ណ្ណាម ដែល​ក្រសួង​ច្បាប់​អលង្ការ​ក្នុង​សាលា​បាន​ជួសជុល​ជា​ថ្មី​នោះ គឺ​ប្រាសាទ​ពោនគរ​នៅ​ស្រុក​ញ៉ាត្រាំង ១ (១៩០៦១៩០៩) និង​ប្រាសាទ​ពោក្លោងគារ៉ៃ​នៅ​ស្រុក​ផាងរ៉ាង ១ (១៩០៨) នៅ​ស្រុក តុងកឹង សាលា​បាន​ជួយ​ជួសជុល​ដល់​រាជការ​ប្រាសាទ វ៉ាង មៀវ នៅ​ក្រុង​ហាណូយ (១៩១៨១៩២០) ប៉ុន្តែ​ដែល​សាលា​ខិតខំ​ដោយ​អស់​ពី​ចិត្ត​នោះ គឺ​ប្រាសាទ​បុរាណ​នៅ​អង្គរ ។

សេចក្ដី​ដែល​យក​ប្រជុំ​ប្រាសាទ​បុរាណ​ដ៏​ឧត្ដម ឥត​មាន​ប្រាសាទ​ឯ​ណា​ស្មើ​មក​វិញ ដោយ​មាន​សញ្ញា​ត្រេតេ​ក្រុង​បារាំង​សែស និង​ក្រុង​សៀម ចុះ​ថ្ងៃ ២៣ ម៉ារ្ស ឆ្នាំ ១៩០៧ ប្រគល់​មក​ឲ្យ​រាជការ​បារាំង​សែស​នោះ នាំ​ឲ្យ​មាន​សេចក្ដី​ខុស​ត្រូវ​ក្នុង​ការ​ថែរក្សា​ប្រាសាទ​ទាំង​នេះ​រាជការ​គូវែរណើម៉ង់ យេណេរ៉ាល​ក្នុង​ស្រុក​ឥណ្ឌូស៊ីន ក៏​បាន​ចាត់​ការ​នេះ​ឥត​រួញរា ហើយ​តម្រូវ​ឲ្យ​សាលា​បារាំង​សែស​កាន់​កាប់​ការ​នេះ​ត្រួតត្រា​ជា​ឱរ៉ាល និង​ដោយ​ចាត់​អ្នក​រាជការ ១ ក្រុម​ដែល​ស្ទាត់​ខាង​វិជ្ជា​រចនា ឯ​កិច្ចការ​ដែល​ធ្វើ​នោះ ក្រសួង​ក្បាច់​អលង្ការ​ក្នុង​សាលា​បាន​ចាត់​ការ​រៀបចំ ហើយ​ដើម្បី​នឹង​សម្រេច​ការ​ទាំង​នេះ បាន​សង់​ជា​ប៉ុស្ត៍ ១ ហៅ​ថា សង់ កុម៉្មៃ អ្នក​រាជការ​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​រាជការ​ដោយ​ស្លូត​ត្រង់ កំណត់ ៩ ឆ្នាំ ដោយ​សេចក្ដី​ឱហាត និង​ដោយ​តម្រិះ​ប្រាជ្ញា​ខំ​ធ្វើ​ឲ្យ​ប្រាសាទ​ធំ ៗ ដែល​កប់​បាត់​ទៅ​ក្នុង​ព្រៃ​ស្បាត​នោះ លេច​ឡើង​កណ្ដាល​វាល​បាន គឺ​ជា​ដំបូង​បាន​ចាត់​ការ​នៅ​ប្រាសាទ​អង្គរ​វត្ត​រួច​ពី​នោះ​ប្រាសាទ​បាយ័ន ហើយ​ខាង​ក្រោយ​បំផុត​ប្រាសាទ​បាពួន លុះ​ដល់​មក​ក្នុង​ឆ្នាំ ១៩១៦ សេចក្ដី​មរណៈ​មក​ផ្ដាច់​កាត់​ពី​ការ​ដែល​កំពុង​ធ្វើ​ទៅ ទើប​មោនសៀរ ហង់រីម៉ាស័ល ចាត់​ធ្វើ​ការ​តទៅ​ទៀត អ្នក​រាជការ​ខាង​ក្រោយ​នេះ បាន​ចាត់​ការ​ឆ្កា​ព្រៃ​នៅ​ភីមានអាកាស ព្រះ​បាលីឡៃ, ព្រះ​ពីធូ និង​ព្រះ​លាន​ធំ ៗ លុះ​ដល់​ពេល​គាត់​ឈប់​សម្រាក​កម្លាំង​នោះ មោនសៀរ សាល៌ប័ត្តើរ​បាន​ចាប់​ធ្វើ​ការ​តទៅ​ទៀត​ក្នុង​ឆ្នាំ ១៩២០១៩២១ គឺ​ចាប់​ឆ្កា​ប្រាសាទ​តាព្រហ្ម ១ តាកែវ ១ និង​បន្ទាយ​ក្ដី ១ ព្រម​ទាំង​រៀបចំ​ផ្លូវ​យក្ស​នៅ​ទ្វារ​ជ័យ​ផង ការ​ទាំងឡាយ​នេះ​បាន​ចាត់ចែង​ដោយ​យក​ប្រាក់ ក្នុង​បញ្ជី​ចំណូល​ចំណាយ សម្រាប់​សាលា​បារាំង​សែស និង​ប្រាក់​ជំនួយ​ពី​រាជការ​ប្រតិកតូរា​ផង ការ​ពីនិត្យ​រិះ​រក​ប្រាសាទ​បុរាណ​នេះ បាន​ចំរើន​ឡើង​ជា​គូរ​នឹង​ការ​ថែទាំ​ប្រាសាទ​ទាំង​នេះ ការ​ទាំង​នេះ​ចំពោះ​តែ​ទៅ​លើ​ប្រាសាទ​បុរាណ​ក្នុង​ស្រុក​ចម្បា និង​ក្នុង​ស្រុក​ខ្មែរ​ជាដើម ឯ​ក្បាច់​អលង្ការ​នោះ គេ​បាន​ស្គាល់​ដោយ​ការ​ដែល​បាន​ធ្វើ​ពី​ដើម និង​ដោយ​សៀវភៅ​ផ្សេង ៗ នៅ​ក្នុង​សារមន្ទីរ​ត្រូកាដេរូ និង​មន្ទីរ​គីម៉េ ឯ​ស្រុក​ចម្ប៉ា​វិញ​នោះ​ក៏​បាត់​ស្ងាត់​សូន្យ គ្មាន​នរណា​ប្រាកដ​អំពី​នគរ​ចាស់​នេះ​សោះ មាន​តែ​អ្នក​ប្រាជ្ញ​ទើប​នឹង​នាំ​នគរ​នេះ ពី​ត្រើយ​សមុទ្រ​ស្រុក​អ័ណ្ណាម​ទៅ​ទុក​នៅ​ខាង​ត្បូង​ស្រុក​ខ្មែរ​បាន​ក្បាច់​រចនា​ចាម​សព្វ​ថ្ងៃ​នេះ ក៏​មនុស្ស​ស្គាល់​តិច​ណាស់ ហើយ​កាល​វេលា​ដែល​សាលា​កំពុង​រិះ​រក​ឲ្យ​ភ្លឺ​ច្បាស់​ឡើង​នោះ ក៏​គ្មាន​អ្នក​ឯ​ណា​មួយ​ដឹង​សោះ ការ​ដែល​រក​ឃើញ​ឡើង​វិញ​នោះ មាន​ចំនួន​ជា​ច្រើន​ដែរ ដែល​ជា​ថ្វីដៃ​របស់ មោនសៀរ ហង់រីប៉ារមង់ចេ កាល​ក្នុង​ឆ្នាំ ១៩០២ សេចក្ដី​ដែល​លោក​តែង​អំពី​ប្រាសាទ​ពោនគរ​នៅ​ស្រុក​ញ៉ាត្រាំង​នោះ នាំ​ឲ្យ​លោក​បាន​មេដាយ​ទី ៣ ក្នុង​វេលា​ដែល​ប្រឡង​របស់​ក្រោយ​មក​ទៀត គឺ​ក្នុង​ឆ្នាំ ១៩០២ លោក​បាន​រិះ​រក​ជា​មួយ​នឹង លោក​សាល៌ការប៉ូ ព្រះ​វិហារ​បុរាណ​ដែល​បាក់​បែក ឈ្មោះ លក្ស្មិន្ទ្រលោកេស្វរ នៅ​ស្រុក​ដុងឌឿង (ក្វាង​ណាំ) រួច​ពី​នោះ បាន​រិះ​រក​ក្នុង​ខេត្រ​ជា​មួយ​នេះ​ទៀត កន្លែង​ប្រជុំ​ប្រាសាទ​បុរាណ ដែល​បាក់បែក​ទៅ​ក្នុង​តំបន់​មីសឺន (១៩០៣១៩០៤) ហើយ​ខាង​ក្រោយ​មក​ទៀត បាន​រុក​រាន​រក​ប្រាសាទ​បុរាណ នៅ​ស្រុក​ចាន់​ឡូ (ក្វាង​ងាយ) ឆ្នាំ ១៩០៤ មាន​ការ​ជា​ច្រើន ដែល​រៀបចំ​សារបាន នៃ​ប្រាសាទ​បុរាណ​ចាម​នៅ​ស្រុក​អ័ណ្ណាម ហើយ​ដែល​មាន​រៀបរាប់​អំពី​ប្រាសាទ​ទាំង​ប៉ុន្មាន ដែល​ជា​ការ​រចនា​បែប​ឥណ្ឌូ​ក្នុង​ប្រទេស​ឥណ្ឌូស៊ីន ។

នៅ​ក្នុង​ក្រុង​កម្ពុជា មោនសៀរ ស. កុំស្មៃ បាន​ចាត់​ការ​រុក​រាន​ក្នុង​ស្រុក​បាសាក់ (ខែត្រ​រំដួល) មោនសៀរ ហ. ឌុចហ្វូរ និង ស. កាប៉ូ ទាំង ២ នាក់ បាន​គាស់​កកាយ​កំផែង​ពីរ នៅ​ប្រាសាទ​បាយ័ន ហើយ​បាន​ថត​យក​ក្បាច់​នៅ​ជញ្ជាំង​ទាំងអស់ ក្នុង​ឆ្នាំ ១៩០១, ១៩០២, ១៩០៤, មោនសៀរ ហ បារមង់ចេ បាន​អធិប្បាយ អំពី​ប្រាសាទ​នៅ​វត្ត​នគរ​កំពង់ចាម និង​វត្ត​ភូ នៅ​បាសាក់ ។

បើ​នឹង​រៀបរាប់​ឲ្យ​គ្រប់ តែ​ការ​ដែល​រិះ​រក​ខាង​ក្បាច់​រចនា​ក្នុង​ស្រុក​ចម្ប៉ា និង​ក្នុង​ស្រុក​ខ្មែរ​ទៅ ឃើញ​ជា​វែង​ឆ្ងាយ​ពន់ពេក​ណាស់ សេចក្ដី​ដែល​រក​ឃើញ ដោយ​ការ​ទាំងឡាយ​នេះ មាន​ចារឹក​ដែល​រក​ឃើញ​ថ្មី ៗ ជាដើម​នោះ ឃើញ​ថា​បាន​ការ​ជា​ច្រើន​ណាស់​ទៅ​ហើយ អំពី​ពង្សាវតារ និង​ក្បាច់​អលង្ការ​របស់​នគរ​ទាំង ២ នេះ ប៉ុន្តែ​ក្នុង​កន្លែង​ទាំង ២ នេះ នៅ​មាន​ការ​ដែល​ធ្វើ ច្រើន​ណាស់​ទៀត ហើយ​ការ​ដែល​រុករាន​រក​នោះ ជា​កិច្ច​ដើប​បំផុត​របស់​សាលា ។

អំពី​ដំណើរ​នឹង​ចាត់​ពួក​មិស្យុង

ការ​របស់​សាលា​នេះ បាន​ចម្រើន​ជា​ច្រើន អំពី​របស់​ដែល​រក​ឃើញ​ក្នុង​វេលា​ដែល​ពួក​ម៉ម​ក្នុង​សាលា​ចេញ​ដំណើរ​ទៅ​ពិនិត្យ​រិះ​រក ជួន​កាល​ក្នុង​ប្រទេស​ឥណ្ឌូស៊ីន ជួន​កាល​ក្នុង​ស្រុក​នានា ឯ​ទៀត​ក្នុង​ចុង​បូព៌ា​ប្រទេស ។

ការរិះ​រក​ហើយ​ផ្សាយ​ដែល​ស្រង់​យក​តែ​ការ​ណា

ដែល​មាន​ប្រយោជន៍​ដល់​ក្រុង​កម្ពុជា

ស្រុក​ខ្មែរ

ឆ្នាំ ១៨៩៩ ល. ហ្វីណូត៍ និង អ. បាតុង សេចក្ដី​រិះ​រក​អំពី​ភាសា ក្បាច់​រចនា និង សេចក្ដី​ចេះ​ដឹង អំពី​គាំង​ប្រជុំ​គម្ពីរ​ខ្មែរ​ជា​ដំបូង ។

ឆ្នាំ ១៩០០ ល. ដឺឡាសុងគ្យែរ អំពី​មាតិកា​នៃ​ប្រាសាទ ហៅ​សៀវភៅ ផែនទី​ក្បាច់​អលង្ការ​ក្នុង​ស្រុក​ឥណ្ឌូស៊ីន ប៉ារិស ឆ្នាំ ១៩០១ សន្លឹក​ស្រុក​ខ្មែរ មាតិកា​នៃ​ប្រាសាទ ក្នុង​ស្រុក​ខ្មែរ ខ្សែ ១ ប៉ារិស ឆ្នាំ ១៩០២ ។

ឆ្នាំ ១៩០៣ ហ. ឌុហ្វួរ និង ស. ការប៉ូ អំពី​គាស់​កកាយ​កំផែង​ប្រាសាទ​បាយ័ន ជាន់​ទី ២ ផែនទី និង​រូបថត​ក្បាច់​នៅ​ជញ្ជាំង ដេសម ឆ្នាំ ១៩០១ យ៉ាំវីយេរ ឆ្នាំ ១៩០២ ។

ឆ្នាំ ១៩០២ ស. កុម្មៃ អំពី​រុករាន​ក្នុង​ស្រុក​បាសាក់ ក្នុង​ខែត្រ​រំដួល (ប៊ុល្លឺតាំង លេខ ២ ទំព័រ ៦០)

ឆ្នាំ ១៩០៤ ហ. ឌុហ្វួរ និង ស. ការប៉ូ អំពី​មីស្យុង​លើក​ទី ២ ទៅ​ពិនិត្យ​ប្រាសាទ​បាយ័ន អំពី​កាប់​ឆ្កា និង ថត​ក្បាច់​នៅ​កំផែង​ជាន់​ទី ១ អំពី​ផែនទី​បាយ័ន​ទាំង​មូល (ម៉ារ្ស) ថែម​ការ​របស់​លោក ការប៉ូ ពី​ថ្ងៃ ២៨ យូវាំង ឆ្នាំ ១៩០៤ ទៀត អំពី​រឿងរ៉ាវ​ប្រាសាទ​បាយ័ន​នៅ​អង្គរ​ធំ ឯ​គំនូរ​ឆ្លាក់​នៅ​ជញ្ជាំង​នោះ បាន​ចេញ​ផ្សាយ​ដោយ​សេចក្ដី​ត្រួតត្រា​ពិនិត្យ នៃ​ក្រុម​កុំមិស្យុង ក្បាច់​អលង្ការ ក្នុង​ប្រទេស​ឥណ្ឌូស៊ីន តាម​កិច្ចការ​ដែល​លោក ហង់រីឌុហ្វួរ បាន​ចម្លង​មក ជា​មួយ​នឹង​លោក ការប៉ូ ប៉ារីស ឆ្នាំ ១៩១០១៩១៣ ២ ក្បាល មាន​សេចក្ដី​អធិប្បាយ​ដោយ​សង្ខេប អំពី​ក្បាច់​អលង្ការ ដែល​លោក កុម្មៃ និង សឺដេស តែង នៅ​ជា​ខាង​ដើម ។

ឆ្នាំ ១៩០៤១៩០៥ ល. ដឺឡាសុងគ្យែរ អំពី​មិស្យុង​ស្រុក​ខ្មែរ និង​ស្រុក​សៀម ទំនាប​ទន្លេ​មេណាម ទំនាប​ទន្លេ​មូន ខែត្រ​ម្លូព្រៃ ថាឡាបរិវាត់ ស្ទឹងត្រែង សេចក្ដី​អធិប្បាយ​ក្នុង​ប៊ុល្លឺតាំង​លេខ ៥ ទំព័រ ២៤២ សារបាន​មាតិកា​នៃ​ប្រាសាទ​ក្នុង​ស្រុក​ខ្មែរ​ខ្សែ ២ ប៉ារិស ឆ្នាំ ១៩០៧ ។

ឆ្នាំ ១៩០៧១៩០៨ ល. ដឺឡាសុងគ្យែរ អំពី​មិស្យុង​ទៅ​អង្គរ និង​ក្នុង​ខែត្រ ដែល​សៀម​ប្រគល់​ឲ្យ​មក​វិញ ជា​មួយ​នឹង​ល្យឺតឺណង់ ប៊ុអាត និង ឌុក្រេ ដើម្បី​គូរ​ផែនទី​អង្គរ សេចក្ដី​អធិប្បាយ​ក្នុង​ប៊ុល្លឺតាំង​លេខ ៧ ទំព័រ ៤១៩ លេខ ៨ ទំព័រ ២៩២ លេខ ៩ ទំព័រ ៣៥១ ប៊ុល្លឺតាំង ក្រុម​ជំនុំ​ក្បាច់​អលង្ការ ឆ្នាំ ១៩០៩ ទំព័រ ១៦២ សារបាន​មាតិកា នៃ​ប្រាសាទ​នៅ​ស្រុក​ខ្មែរ​ខ្សែ ៣ (មាន​ជាប់​ផែនទី​ក្បាច់​រចនា​ស្រុក​ខ្មែរ ខ្នាត​លេខ ផង និង​ផែនទី ២ ខ្នាត និង

ទៀត អំពី​ប្រជុំ​អង្គរ​ដែល ល្យឺតឺណង់ ប៊ុអាត និង ឌុក្រេ គូរ …​ហាណូយ ឆ្នាំ ១៩០៩ ។

ឆ្នាំ ១៩០៨ ស.​កុម្មៃ ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​អង្គរ លុះ​ដល់​មរណ​ភាព​នៅ​ថ្ងៃ ២៩ អាវរិល ឆ្នាំ ១៩១៦ ។

ឆ្នាំ ១៩១១ ហ. ប៉ារមង់ចេ អំពី​អង្គរ បេងមាលា ភ្នំ​គូលែន​កំពង់ធំ សំបូរព្រៃគុក (ពិនិត្យ​រក​កំណត់ ១ ខែ) សំរោង​សែន កំពង់ឆ្នាំង ពោធិសាត់,​កំពង់ចាម, តាកែវ, អង្គរបូរី, មាតិកា​នៅ​មន្ទីរ​តាំង​នៅ​ក្រុង​ភ្នំពេញ សេចក្ដី​អធិប្បាយ​ក្នុង​បុល្លឺតាំង​លេខ ១១ ទំព័រ ២៤៥ កាត្តាឡូក​របស់​មន្ទីរ​តាំង​របស់​ខ្មែរ​នៅ​ក្រុង​ភ្នំពេញ បុល្លឺតាំង​លេខ ១២ ទី ៣ សេចក្ដី​បំពេញ​មាតិកា​ប្រាសាទ ក្នុង​ស្រុក​ខ្មែរ បុល្លឺតាំង ៣ ទី ១ ។

ឆ្នាំ ១៩១២ ស. ដឺមិក្កឺណឹម បាន​ចាប់​ធ្វើ​ការ​នៅ​អង្គរ វេលា​ដែល​លោក កុម្មៃ ឈប់​សម្រាក​កម្លាំង ហើយ​បាន​ពិនិត្យ បេងមាលា អំពី​គេហស្ថាន​ដែល​ជាប់​នឹង​បេងមាលា បុល្លឺតាំង​លេខ ១៣ ទី ២ ។

ឆ្នាំ ១៩១២១៩១៣ សឺដេស សេចក្ដី​អធិប្បាយ​ក្នុង​បុល្លឺតាំង​លេខ ១២ ទំព័រ ១៧៦ លេខ ១៣ ទំព័រ ១១៥ ។

ឆ្នាំ ១៩១៤ ស. ដឺម៉ាស៊ុរ អង្គរ កោះកេ (ក្នុង​ខេត្រ​ព្រំទេព) ភ្នំ​ជី (ក្នុង​ខេត្ត​សៀមរាប) មរណភាព​ដោយ​គេ​សម្លាប់​នៅ​ស្រុក​សេឌុលបាហ្រ (ដារដាណែល) ពី​ថ្ងៃ ១ ម៉េ ឆ្នាំ ១៩១៥ ។

ឆ្នាំ ១៩១៦ ហ. ម៉ារស័ល បាន​ចាប់​ធ្វើ​ការ​ជា​ថ្មី​នៅ​អង្គរ ដែល​អាក់​ខាន​មួយ​គ្រា ដោយ​មរណ​ភាព​នៃ​លោក ស. កុម្មៃ លោក ល. ហ៊្វីណូត៍ និង ហ. ប៉ាមង់ចេ បាន​ចាប់​ធ្វើ​ការ​នៅ​អង្គរ កំពង់​ធំ សំបូរ​ព្រៃគុក លោក ប៉ាមង់ចេរ បាន​បញ្ចប់​សេចក្ដី​រិះ​រក​ក្នុង​វត្ត​នគរ នៅ​កំពង់ចាម ហើយ​យក​មក​តម្កល់​ទុក នៅ​មន្ទីរ​តាំង​របស់​នៅ​ក្រុង​ភ្នំពេញ លោក ហ. ប៉ារមង់ចេ អធិប្បាយ​ពី​វត្ត នគរ ក្នុង​ប៊ុល្លឺតាំង​លេខ ៦ ទី ៤ ។

ឆ្នាំ ១៩២០១៩២១ ល. ហ្វីណូត៍ ហ. ប៉ារមង់ចេ និង វ. គោលូបេហ្វ អំពី​អង្គរ​បន្ទាយ​ឆ្មា បាត់ដំបងមោនសៀរ ស. ប័ត្តើរ ចាប់​ធ្វើ​ការ​នៅ​អង្គរ វេលា​ដែល​មោនសៀរ ហ. ម៉ារស័ល ឈប់​សម្រាក​កម្លាំង ។

ក្រសួង​ថតរូប

ឯ​រូបថត​ទាំង​ប៉ុន្មាន ដែល​ពួក​មិស្យុង​បាន​ថត​នោះ បាន​ប្រមូល​ផ្ដុំ​ទុក​ដោយ​ពួក ដូច​មាន​ចំនួន​ខាង​ក្រោយ​នេះ

រូប​ទំហំ ១៨ x ២៤ នោះ​មាន​ចំនួន ១៦០០

១៣ x ១៨១៥០០

x ១២៧៦៤

x ១៣ (ផ្ទុយ) — ១១៣

x ១៣ (ធម្មតា) — ២០៥

កញ្ចក់​ឆ្លោះ​ផ្ទុយ១៨១

កញ្ចក់​ឆ្លោះ​ផ្ទុយ៩០

កែវ​សម្រាប់​បញ្ចាំង​ពន្លឺ៨៥០

ម្យ៉ាង​វិញ​ទៀត សាលា​មាន​ទាំង​រូបថត ដែល​លោក ធុំ​សុន ថត​តាំង​ពី​ឆ្នាំ ១៨៦៦ នៅ​អង្គរ​វត្ត បាន​តាំង​អ្នក​ថត​ជាតិ​យួន​ម្នាក់​សម្រាប់​ការៈ​នេះ ។

អំពី​ការ​សិក្សា

សាលា​បារាំង​សែស មិនមែន​ជា​សាលា​សម្រាប់​បង្ហាត់​បង្រៀន ដូច​សាលា​ទាំង​ពួង​ធម្មតា​នោះ​ទេ គឺ​គ្រាន់​តែ​បង្ហាត់​ប្រៀន​ក្នុង​ពួក​ក្រុម​សាលា​នេះ វិធី​ទាំងឡាយ​ដែល​ទៅ​រក​រៀន​នៅ​ទី​ឯ​ទៀត​មិន​បាន ហើយ​និង​ចូល​ជួយ​បង្រៀន​ក្នុង​សាលា​រាជការ ក្នុង​ប្រទេស​ឥណ្ឌូស៊ីន ដូច្នេះ​ហើយ​បាន​ជា​អក្សរ​ចិន​នោះ ត្រូវ​មោនសៀរ ម៉ៃបុង អក្សរ​ជប៉ុន​ត្រូវ​មោនសៀរ ប៉េរី អក្សរ​សំស្ក្រឹត និង អក្សរ​ទីបេ​ត្រូវ​មោនសៀរ គ័រឌីយេ នៅ​វេលា​ដែល​តាំង​ប្រជុំ​សាលា​ក្នុង​ប្រទេស​ឥណ្ឌូស៊ីន (ឆ្នាំ ១៩០៧១៩០៨) នោះ ពួក​ម៉ម​ក្នុង​សាលា​ចូល​បង្រៀន​វិជ្ជា ៤ មុខ គឺ​មោនសៀរ ក្លម៉ែត្រ បង្រៀន​ខាង​ពង្សាវតា​សៀម និង​សព្ទ​វិជ្ជា មោនសៀរ ម៉ៃបុង បង្រៀន​ខាង​ពង្សាវតារ​ប្រទេស​ឥណ្ឌូស៊ីន និង​នានា​ប្រទេស​ក្នុង​ចុង​ស្រុក​ទិស​បូព៌ា ម្យ៉ាង​វិញ​ទៀត ឯ​ក្រុម​ពិនិត្យ​សម្រួល​ការ​សិក្សា​ជាតិ​ស្រុក​អាយ ដែល​តាំង​ដោយ​ប្រកាស​អារេតេ​ចុះ​ថ្ងៃ ៨ ម៉េ ឆ្នាំ ១៩០៦ នោះ មោនសៀរ ហ៊្វូសេរ ចាងហ្វាង​សាលា​ជា​អធិបតី ហើយ​ជា​ម៉ម​នៃ​ពួក​នេះ​កាល​ក្នុង​ឆ្នាំ ១៩១០ និង ១៩១៣ នោះ មាន​មោនសៀរ ក្លម៉ែត្រ ១ ឯ​លោក​ចាងហ្វាង​សាលា និង​ម៉ម​សាលា​នេះ​ទាំង​ប៉ុន្មាន ក៏​ចូល​ជួយ​កាត​ពិនិត្យ​សម្រួល​ក្នុង​ការ​សិក្សា​នេះ​ដែរ ។

មាន​សាលា​ជាន់​ខ្ពស់ ២ ដែល​ជា​សាលា​ថ្មី​ក្នុង​ប្រជុំ​ដែន​ឥណ្ឌូស៊ីន ហើយ​បណ្ដា​គ្រូ​ទាំង​ប៉ុន្មាន​ក្នុង​សាលា​នេះ មាន​ម៉ម​របស់​សាលា​បារាំង​សែស​ម្នាក់ គឺ មោនសៀរ ល. អូរូស្សូ ទទួល​បងញកាប់​ប្រៀន​អក្ខរ​វិធី​បារាំង​សែស នៅ​សាលា​ច្បាប់​ឆ្នាំ​គម្រប់ ៣ និង​បង្រៀន​អក្សរ​ចិន​នៅ​សាលា​ជំនួញ ។

អំពី​ការ​ប្រាស្រ័យ​ចំពោះ​នឹង​ក្រុង​បារាំងសែស

សាលា​នេះ​មាន​ប្រាស្រ័យ​ទៅ​នឹង ក្រុម​អាក់កាដេមី​ដេសាំងស្ក្រឹបស្យុង​អេបែលឡែត្រ គឺ​បាន​បាត់​ក្រុម​មីស្យុង​ដោយ​ឡែក ពិនិត្យ​ការ​ក្នុង​សាលា​ធ្វើ​ពត៌មាន​ជូន​ទៅ​ក្រុម អាក់កាដេមី ប្រាស្រ័យ​ទៅ​នឹង​សាលា​កូឡែស​នៅ​ក្រុង​បារាំងសែស គឺ​បាន​តាំង​គ្រូ ១ ដែល​ស្ទាត់​ខាង​វិធី​ពង្សាវតារ និង​វិធី​ភាសា​ក្នុង​ស្រុក ឥណ្ឌូស៊ីន ហើយ​គ្រូ​នេះ​ជា​អ្នក​តំណាង​សាលា​បារាំង​សែស ចំពោះ​នឹង​ក្រុង​ប៉ារិស​ផង ប្រាស្រ័យ​ទៅ​នឹង​ក្រុម​កុម្មិស្យុង ក្បាច់​អលង្ការ ដែល​តាំង​នៅ​ប្រប​សេនាបតី ក្រសួង​សិក្សា​ធិការ ម្យ៉ាង​ទៀត​សាលា​នេះ បាន​ធ្វើ​អំណោយ​ជា​របស់​មាន​ប្រយោជន៍​ដល់​មន្ទីរ​ផ្សេង ៗ នៅ​ក្រុង​បារាំង​សែស​ជា​ច្រើន ដោយ​មាន​សេចក្ដី​អនុញ្ញាត​ពី​លោក គូវែរណើរ​យេណេរ៉ាល សាលា​បាន​ឲ្យ​ដល់​ហោ​សៀវភៅ​សម្រាប់​នគរ (ប៊‍ីប្ល៊‍ីយូតែកណាស្យូណាល់) រឿង​តន្ជុរ និង​កន្ជុរ​នៅ​ភ្នំ​ទីបេ ១ រឿង​កន្ជុរមន ១ រឿង គម្ពីរ​ចិន ១ និង សៀវភៅ ចិន ១ ដែល​មាន​វិជ្ជា​ផ្សេង ៗ នៅ​ក្នុង​នោះ គឺ​សៀវភៅ​ទូជូស៊ីផេង បាន​ឲ្យ​ដល់​មន្ទីរ​តាំង​នៅ​ស្រុក​លូវ្រិះ គំនូរ​ចិន​ធំ ៗ ៣៣ ដែល​គេ​បាន​ថ្វាយ​ស្ដេច​ស្រុក​ចិន​ពី​ឆ្នាំ ១៤៥៤ គំនូរ​រឿងរ៉ាវ​សព្វ​ថ្ងៃ​នេះ ២៦ ក្នុង​គំនូរ​ទាំង ៤ នេះ​មាន​ជា​រូប​ក្នុង​រជ្ជកាល​ពួក​សុង (ឆ្នាំ ១០០០១៣០០) គំនូរ​បែប​ទីបេ ៦ និង​ដុំ​មូល ៨៧ ដុំ ទាំងអស់​នេះ​ផ្សំ​ឡើង​បាន​ជា​ការ​រចនា ដែល​ធ្លាប់​ប្រើ​ជានិច្ច​របស់​ចិន​ធួន​បរិបូណ៌ ហើយ​ខាង​ក្រោយ​នេះ បាន​ឲ្យ​ដល់​ក្រុម​ចូល​ហ៊ុន​ក្នុង​ស្រុក​អាស៊ី សៀវភៅ​សាស្ត្រា​លាវ​ជា​ច្រើន បាន​យក​ទៅ​ដាក់​នៅ​សារមន្ទីរ​គីមេ រូបថត​ក្បាច់​រចនា​ជា​ច្រើន​ដែល​មោនសៀរ កុម៉្មៃ បាន​ថត​យក​រូប​នៅ​ជញ្ជាំង​ក្រោម នៃ​ប្រាសាទ​បាពួន ហើយ​បាន​បញ្ចូល​ទៅ​ជា​មួយ​រូប​ទាំង​នេះ​ទៀត រូបថត​ឯ​ទៀត ៣ បែប ដែល​តម្កល់​នៅ​ក្នុង​ទី​ចាងហ្វាង​ស្មៀន​របស់​សាលា គឺ​រូប​ជញ្ជាំង​ក្រោម​ប្រាសាទ​បាយ័ន​នៅ​អង្គរ​ធំ ដែល​ពួក​មិស្យុង ឌុហ្វួរ និង ការប៉ូ ថត​កាល​ពី​ឆ្នាំ ១៩០១ និង ១៩០៤ និង​រូប​អង្គរ​វត្ត និង​បន្ទាយ​ឆ្មារ​ដែល​សេណេរ៉ាលបីល្យេ ថត​កាល​ក្នុង​ឆ្នាំ ១៩១០ ។

អំពី​ម៉ម​សាលា​ដែល​មរណភាព ដោយ​ធ្វើ​ការ​តប​ស្នង​ដល់​ក្រុង​បារាំង​សែស ។

យើង​ត្រូវ​បញ្ចប់​រឿងរ៉ាវ​អំពី​សាលា​នេះ ដោយ​រំលឹក​ដល់​ពួក​ម៉ម​ដែល​ចេញ​ពី​សាលា​ទៅ​គឺ ៖

ប្រូស្ពែរអូដង្គហ័ល ១ ជា​អាទិ៍មីនិស្ត្រាទ័រ​ដេសែរវីស​ស៊ីវិល ដែល​ចាត់​ភ្ជាប់​មក​នឹង​សាលា​បារាំង​សែស ហើយ​ដែល​មរណ​ភាព ដោយ​ពួក​ជ្រាយ​សម្លាប់​កាល​ពី​ថ្ងៃ ៧ អាវរិល ឆ្នាំ ១៩០៤ នៅ​វេលា​ដែល​ដើរ​ធ្វើ​មិស្យុង សាល៌ការប៉ូ ១ ជា​មេ​ការ​នៅ​សាលា​បារាំង​សែស មរណ​ភាព​នៅ​ក្រុង​ព្រៃនគរ ពី​ថ្ងៃ ២៨ យូវាំង ឆ្នាំ ១៩០៤ ដោយ​ចាប់​ជម្ងឺ​ឈឺ​វេលា​ដែល​ធ្វើ​មិស្យុង​អង្គរ​ធំ ។

ឯ​ឌូអាហ៊ុបែរ ១ ជា​គ្រូ​នៅ​សាលា​បារាំង​សែស មរណ​ភាព​នៅ​ស្រុក​វិញឡុង ពី​ថ្ងៃ ៥ យ៉ាំងវិយេរ ឆ្នាំ ១៩១៤ នៅ​វេលា​ដែល​ដើរ​ធ្វើ​មិស្យុង ។

ស៊កដឺម៉ាស៊ុរ ១ ជា​គ្រូ​នៅ​សាលា​បារាំង​សែស គេ​សម្លាប់​នៅ​សិដឌុលពហ្រ (ដារដាណែល) ពី​ថ្ងៃ ១ ម៉េ ១៩១៥ ។

សង់កុម៉្មៃ ១ ជា​អ្នក​ថែរក្សា​អង្គរ គេ​សម្លាប់​នៅ​អង្គរ​ពី ២៩ អាវរិល ១៩១៦ ។

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on December 3, 2015, in ទស្សនាវដ្ដី​កម្ពុជសុរិយា, ប្រវត្តិសាស្រ្ដ, វិស័យអប់រំ and tagged . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s