ពិធី​បង្ហោះ​គោម​ខ្មែរ


ពិធី​បង្ហោះ​គោម​ខ្មែរ

I- សេចក្ដី​ផ្ដើម

ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ ដូចជា​ពុំ​បាន​ប្រទះ​ឃើញ​មាន​ឯកសារ​ជា​លាយលក្ខណ៍ ដែល​និយាយ​អំពី​ប្រវត្តិ នៃ​ពិធី​បង្ហោះ​គោម​ខ្មែរ​យើង​ទេ គឺ​បាន​ឮ​តែ​ត្រឹម​ត ៗ គ្នា​ប៉ុណ្ណោះ ។ សូម្បី​នៅ​ពុទ្ធសាសនបណ្ឌិត្យ ដែល​សម្បូរ​ដោយ​អត្ថបទ​ស្ដីពី​ទំនៀម​ទម្លាប់​ខ្មែរ​ក៏​គ្មាន​ដែរ ។ តែ​តាម​ការ​ប៉ាន់ស្មាន ពិធី​បង្ហោះ​គោម មិន​ខុស​គ្នា​នឹង​ពិធី​បង្ហោះ​ខ្លែង​ទេ​មើល​ទៅ ព្រោះ​ពិធី​បង្ហោះ​ខ្លែង​មិន​គ្រាន់​តែ​ជា​ការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ​ទៀត​ផង ។ ឯ​ពិធី​បង្ហោះ​គោម ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​តថភាព​សង្គម ក្រោម​រូបភាព​ជំនឿ​ទៅ​លើ​ពិធី​បុណ្យ ដែល​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ ព្រម​ទាំង​ផ្ដោត​អារម្មណ៍​យ៉ាង​សំខាន់​លើ​វិស័យ​កសិកម្ម ក្នុង​ការ​ប្រមូល​ផល​ស្រូវ​ទុក​ដាក់ ។ ខ្មែរ​យើង​មន​ទម្លាប់​មួយ​រៀន​ត ៗ គ្នា ចេះ​ចាំ​ត ៗ គ្ន ដោយ​ពុំ​បាន​គិត​ដល់​ការ​កត់ត្រា​ទុក អាង​តែ​ចេះ​ហើយ​ក៏​បង្រៀន​ត ៗ គ្នា​រហូត​មក ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្វះ​ឯកសារ​សម្រាប់​បញ្ជាក់​ជា​តឹកតាង ណា​មួយ​ដោយ​សារ​មាន​សង្គ្រាម​ជា​ញឹក​ញយ​ផង ។

ដោយ​យល់​ឃើញ​នូវ​កង្វះ​ខាត​បជ​ហើយ បាន​ជា​យើង​ខ្ញុំ​សិក្សា​សាក​ល្បង​សិក្សា​ស្រាវជ្រាវ ចងក្រង​ជា​ឯកសារ​នេះ​ឡើង ព្រម​ទាំង​ចាត់​មន្ត្រី​បី​រូប​ឲ្យ​ចុះ​ដល់​មូលដ្ឋាន សម្រាប់​ការ​ស្វែង​យល់ និង​ជា​ពន្លឺ​មួយ​ដល់​ការ​សរសេរ ។

ដំបូង​នេះ​យើង​ត្រូវ​ស្គាល់​ពាក្យ គោមសិន

វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ពន្យល់ ៖

គោម ១ នប្រទីប​មាន​ឡត មាន​ប្រឆេះ មាន​លំផូង មាន​ច្រើន​បែប​ច្រើន​យ៉ាង​រូបរាង​សណ្ឋាន​ផ្សេង ៗ គ្នា សម្រាប់​ប្រើ​កាន់​លើក​ដាក់​បាន ហៅ​ថា​គោម​ដៃ សម្រាប់​ព្យួរ ហៅ​ថា គោម​ព្យួរ ។

គោម២ នក្រឡា​បួន​ជ្រុង ឬ​ក្រឡា​មាន​សណ្ឋាន​ផ្សេង ៗ ដែល​មាន​នៅ​សំពត់ ឬ​នៅ​ខ្លួន​សត្វ​មាន​ពស់ថ្លាន់​ជាដើម ឬ​ក្រឡា​ឥដ្ឋ​ពណ៌​ជាដើម គោម​ហូល គោម​ពស់ថ្លាន់ ។

គោម ៣ នឈ្មោះ​ចាន​មួយ​យ៉ាង រាង​ក្រឡូម​ធំ​ជាង​ចាន​សម្ល ចាន​គោម សម្ល​មួយ​គោម ។

គោម​ហោះ ៤ នគោម ធ្វើ​ដោយ​ក្រដាស​ស្ដើង​មាន​សណ្ឋាន​ស្រដៀង​នឹង​ជាល​អម្រែក សម្រាប់​អុជ​បង្ហោះ​ទៅ​លើ​អាកាស ។

II- ប្រភព

តាម​ប្រសាសន៍​ឯកឧត្តម ជុច ភឿន អនុ​រដ្ឋលេខាធិការ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ គោម​ហោះ​នេះ​ប្រហែល​មក​ពី​ចិន ព្រោះ​ចិន​បាន​រក​ឃើញ កាំជ្រួច​មុន​គេ ក្នុង​អំឡុង​សតវត្ស​ទី ៦ – ៧ (បណ្ដា​សតវត្ស​ខាង​ដើម) (Lespremiers Siècles de l’ère Chrétienne) ។ ហើយ​មក​សម័យ​អង្គរ លោក ជាវ តាកួន ក៏​បាន​សរសេរ​ថា មាន​ការ​បាញ់​កាំជ្រួច​ភ្លឺ​ព្រោង​ព្រាត​ក្នុង​ទី​លាន​អង្គរ​ដែរ (.. ទី ១៣) ។ បើ​យើង​ធ្វើ​ការ​ពិចារណា​ទៅ ហាក់​ដូចជា​សម​ហេតុ​ផល​ផង​ដែរ ព្រោះ​កាំជ្រួច​ក៏​ប្រើ​ឡត គ្រាន់​ត​គេ​យក​រំសវ​មក​ដាក់ ហើយ​ដុត​យក​កម្លាំង​ធាក់​ឡើង​ទៅ​ផ្ទុះ​លើ​អាកាស ។ ចំពោះ​គោម​ក៏​ដូច​គ្នា គ្រាន់​តែ​គោម​គេ​ប្រើ​ប្រឆេះ​អំបោះ មាន​ប្រេង ឬ​ខ្លាញ់​សម្រាប់​អុជ​ឲ្យ​ហោះ​ដូច​គ្នា ។

ដូច្នេះ​គោម​ហោះ​នេះ ប្រហែល​មាន​ប្រភព​ពី​ចិន​មែន ឬ​យ៉ាង​ណា ? តែ​នេះ​គ្រាន់​ជា​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ ។

III- ប្រវត្តិ

តាម​ប្រសាសន៍​របស់​ឯកឧត្តម មីសែល ត្រាណេ បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា​យើង ឃើញ​មាន​ប្រភេទ​គោម​ម្យ៉ាង​ដែល​ធ្វើ​ឡើង​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី ដូចជា​ខេត្ត​សៀមរាប កំពង់ធំ ជាដើម ដែល​មាន​លក្ខណៈ​បុរាណ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ទី​បំផុត ។ គោម​ប្រភេទ​នេះ ធ្វើ​អំពី​ដើម​ចេក ដោយ​គេ​កាត់​យក ១ កំណាត់ ។ គេ​ដោត​ទៀន ឬ​ដាក់​ចង្កៀង​ខ្លាញ់​ត្រី ឬ​ប្រេង​សម្រាប់​អុជ​នៅ​ពេល​យប់ ម្យ៉ាង​វិញ​ទៀត មាន​ហ៊ុំ​ក្រដាស​ស្ដើន​ពណ៌​ក្រហម​ជុំ​វិញ​ចង្កៀង​គោម​កុំ​ឲ្យ​រលត់ ។ គោម​នេះ ជា​ប្រពៃណី​ខ្មែរ​សុទ្ធសាធ ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​គោរព​បូជា​ព្រះ​ភ្លើង និង​ព្រះ​អាទិត្យ ដែល​ជា​ប្រភព​នៃ​ជីវិត ។ ការ​ដែល​បង្ហោះ ឬ​ដុត​គោម នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ ក៏​ប៉ុន្តែ វា​ឆ្លុះ​បញ្ចាំង​នូវ​លក្ខណៈ​ជីវចល​និយម​នៃ​ប្រពៃណី​ដ៏​មាន​ចំណាស់​ដូច​ខាង​លើ​នេះ​ដែរ ។ អ្វី​ដែល​ជា​ប្រជាជន​ខ្មែរ​ចង់​បង្ហាញ​នោះ គឺ​គោម ជា​វត្ថុ​សញ្ញា​បង្ហាញ​នូវ​ការ​គោរព​បូជា​សក្ការៈ​ភ្លើង ។ សម័យ​បុរាណ គេ​ហ៊ុំ​គោម​ដោយ​ក្រណាត់ ស្រទប​ចេក ឬ​ធ្វ់​អំពី​ដើម​ស្មាច់ ។

ម្យ៉ាង​វិញ​ទៀត វា​ក៏​ជា​វត្ថុ​ចម្លង​មនុស្ស​ពី​ឆ្នាំ​ចាស់ ចូល​ទៅ​កាន់​ឆ្នាំ​ថ្មី​ដែរ ដោយ​ផ្សារ​ភ្ជាប់​ពី​ឋាន​មនុស្ស ទៅ​នឹង​ឋាន​លើ ឬ​ទេវ​ស្ថាន ។ ទ្រូង​គោម ដែល​ធ្វើ​ដោយ​ដើម​ចេក​មួយ​កង់ តំណាង​ឲ្យ​ស្ថាន​មនុស្ស​លោក ឬ​ផែនដី​នេះ រី​ឯ​ចង្កៀង​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ក្រដាស​ក្រហម គឺ​តំណាង​ឲ្យ​អវកាស ឬ​មេឃ ឬ​ស្ថាន​សួគ៌ ដូច​នេះ ការ​ធ្វើ​គោម​បែប​នេះ គឺ​ជា​ប្រពៃណី​ខ្មែរ​សុទ្ធសាធ ពុំ​មែន​មក​ពី​បរទេស​នោះ​ឡើយ ដែល​បង្ហាញ​នូវ​លក្ខណៈ​សកល​របស់​គោម វា​គ្រាន់​តែ​ជា​ចង្កៀង​មួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​ជា​និមិត្តរូប​នៃ​ថ្ងៃ ពន្លឺ​ព្រះ​អាទិត្យ ឬ​ប្រភព​នៃ​ជីវិត ។ គោម​នៅ​ទី​នេះ ក៏​តំណាង​ឲ្យ​នូវ​សសរ​ទ្រូង បង្គោល​នៃ​ចក្រវាល ជា​ទស្សនៈ​របស់​ខ្មែរ ។

សរុប​មក​គោម​ហោះ​ខ្មែរ គឺ​កើត​ចេញ​ពី​មូលដ្ឋាន​ខ្មែរ ហើយ​ក្រោម​ឥទ្ធិពល​បរទេស បាន​ផ្លាស់​ប្ដូរ​រូបភាព ទ្រង់​ក្រោម​ការ​ប៉ិន​ប្រសប់​គំនិត​ច្នៃ​ប្រឌិត​របស់​បុព្វ​បុរស​ខ្មែរ ។

គោម​ម្យ៉ាង​ទៀត​រាង​ជា​ផ្កាយ ឬ​តារា ដែល​មាន​កាំរស្មី​ប្រាំ គោម​នេះ​ចេញ​មក​ពី​វប្បធម៌​អឺរ៉ុប ពោល​គឺ​បាន​នាំ​ចូល​មក​ដោយ​ព្រះ​យេស៊ូ ឬ​កាតូលិក ព្រោះ​ជា​ប្រពៃណី​អឺរ៉ុប​សុទ្ធសាធ ។ គឺ​គោម​រាង​ផ្កាយ​នេះ​ហើយ ដែល​បាន​នាំ​ផ្លូវ​ស្ដេច​បី​ព្រះ​អង្គ (Rois mages) ទៅ​កាន់​ជម្រក ដែល​ព្រះ​យេស៊ូ​ប្រសូត គេ​បង្ហោះ ឬ​ដុត​គោម​នេះ​នៅ​ពេល​បុណ្យ​ណូអែល ។

ឯកឧត្តម ជុច ភឿន លោក​មាន​ប្រសាសន៍​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក ឃើញ​មាន​ស្ទើរ​គ្រប់​ប្រាសាទ ដែល​មាន​រឿង​ព្រេង​ទាក់ទង​នឹង​ការ​កសាង​ប្រាសាទ រវាង​ក្រុម​មនុស្ស​ប្រុស និង​ក្រុម​មនុស្ស​ស្រី ប្រណាំង​គ្នា​ក្នុង​ការ​កសាង​ប្រាសាទ​ដូច​ជា​រឿង​ភ្នំ​ប្រុស ភ្នំ​ស្រី នៅ​ខេត្ត​កំពង់ចាម និង​ប្រាសាទ​វត្ត​បាសែត នៅ​បាត់ដំបង ដោយ​ក្រុម​ខាង​ស្រី​សន្យា​នឹង​ក្រុម​ខាង​ប្រុស​ថា កាល​ណា​ផ្កាយ​ព្រឹក​រះ យើង​ឈប់​ធ្វើ​ទាំងអស់​គ្នា ។ ក្រុម​ស្រី ៗ មាន​ល្បិច ព្រោះ​ថា បើ​ធ្វើ​តាម​កម្លាំង​មិន​ឈ្នះ​ប្រុស ៗ ទេ ។ ដើម្បី​យក​ឈ្នះ​ប្រុស ៗ បាន គេ​នាំ​គ្នា​ធ្វើ​គោម​បង្ហូត​ឲ្យ​ខ្ពស់ មើល​ទៅ​ឃើញ​ស្មាន​តែ​ផ្កាយ​ព្រឹក​រះ​ឡើយ ក៏​នាំ​គ្នា​ឈប់​សម្រាក​ដេក​លក់​អស់ ឯ​ក្រុម​ស្រី ៗ គិត​តែ​នាំ​គ្នា​ប្រឹង​ធ្វើ​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ទើប​ឈប់ ហេតុ​នេះ​ហើយ បាន​ជា​ភ្នំ​ប្រុស​មាន​កម្ពស់​ទាប​ជាង​ភ្នំ​ស្រី ហើយ​ប្រុស ៗ ត្រូវ​ចូល​ស្ដី​ដណ្ដឹង​ស្រី​ចាប់​ពី​ពេល​នោះ​មក ។

រឿង​ភាពយន្ត​ចិន ម្ដាយ​ក្មេក​រើស​កូន​ប្រសារត្រង់​ម្ដាយ​បង្គាប់​កូន​រើស​ក្រដាស​ខ្ចប់​ខ្យល់ ។ នេះ​ហើយ​ជា​គន្លឹះ​មួយ​ពិសោធន៍ ថា​តើ​កូន​ប្រសារ​នេះ អាច​រក​ឃើញ​នូវ​វិធី​ការពារ​ខ្យល់​ទុក​កុំ​ឲ្យ​រលត់​ភ្លើង​បាន​ទេ ។ អញ្ជឹង​ពាក្យ​ថា​គោម គឺ​គេ​យក​ក្រដាស​មក​ធ្វើ​ជា​ស៊ុំ​ពី​ក្រៅ ដើម្បី​ការពារ​ខ្យល់​កុំ​ឲ្យ​រលត់​ភ្លើង ។ យើង​ធ្លាប់​ឮ​ចាស់ ៗ និយាយ​ថា អុជ​ប្រទីប ៗ បាន​សេចក្ដី​ថា អុជ​ចង្កៀង អុជ​គោម​នេះ​ឯង សម្រាប់​បំភ្លឺ ដូចជា​នៅ​ពេល​មាន​បុណ្យ​ទាន​ធំ ៗ គេ​តែង​លម្អ ដោយ​អុជ​ប្រទីប​ជ្វាលា​ភ្លឺ​ព្រោង​ព្រាត (បុណ្យ​អុំទូក) ជ្វាលា អណ្ដាត​ភ្លើង, ពន្លឺ​ដែល​ភ្លឺ​ព្រោង​ព្រាត…..

នៅ​ក្នុង​ឯកសារ​ស្ដីពី​ប្រវត្តិ​បុណ្យ​វិសាខ​បូជា ក៏​បាន​លើក​ថា នៅ​ប្រទេស​ឥណ្ឌា ពេល​បុណ្យ​វិសាខ​បូជា គេ​រៀបចំ​ធ្វើ​ធំ​ណាស់ មាន​រៀប​ជា​ក្បួន​ដង្ហែ ហើយ​នៅ​ពេល​ឈប់​មាន​អុជ​ប្រទីប​ជ្វាលា​ភ្លឺ​ព្រោង​ព្រាត​នៅ​តាម​ដង​ផ្លូវ តាម​មុខ​គេហដ្ឋាន​គ្រប់ ៗ គ្នា ។ លោក អ៊ុក សៅបុល មន្ត្រី​នៅ​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា គោម​បង្ហោះ គឺ​ប្រៀប​បាន​ជា​ទង់​សញ្ញា ឬ​ការ​ផ្សព្វផ្សាយ​នូវ​ដំណឹង​ផ្សេង ៗ ឬ​ការ​បង្ហូត​បង្ហាញ​សម្គាល់​ក្រុម​នីមួយ ៗ របស់​កុលសម្ព័ន្ធ​ជា​សម័យ​ដើម 1 ហើយ​ការ​បង្ហោះ​គោម មិន​ចំពោះ​តែ​ពេល​យប់​ទេ ពេល​ថ្ងៃ​ក៏​គេ​បង្ហោះ​ដែរ ឲ្យ​តែ​មាន​ការ​ប្រារព្ធ​ពិធី​អ្វី​មួយ​ធំ​ម្ដង ៗ ។ មិន​តែ​ប៉ុណ្ណោះ លោក​មាន​ប្រសាសន៍​ថែម​ទៀត​ថា ជំនាន់​ដូនតា​យើង​ក៏​ធ្វើ​ដូច្នេះ​ដែរ ។ ឧទាហរណ៍ វត្ត នៅ​ក្នុង​ភូមិ ត្រូវ​ធ្វើ​បុណ្យ​ផ្កា​មួយ ដើម្បី​ប្រមូល​បច្ច័យ​កសាង​ធម្មសាលា ឬ​ក៏​ភូមិ​ណា​មួយ​ខ្វះ​ខាត​ស្បៀង​អាហារ គឺ​គេ​សរសេរ​សេចក្ដី​អំពាវនាប ឬ​សេចក្ដី​ជូន​ដំណឹង​នោះ ភ្ជាប់​ជា​មួយ​គោម​បង្ហោះ​តែ​ម្ដង ។ ពេល​គោម​អស់​ប្រេង អស់​ប្រឆេះ​ភ្លើង​រលត់ គោម​ត្រូវ​ធ្លាក់​នៅ​ភូមិ​ណា ឃុំ​ណា ពេល​នោះ អ្នក​ស្រុក​ភូមិ​ឃើញ ក៏​នាំ​គ្នា​ទៅ​ចូល​រួម​តាម​សេចក្ដី​អំពាវនាវ ឬ​សេចក្ដី​ជូន​ដំណឹង តាម​រយៈ​គោម​បង្ហោះ​នោះ​ដែរ ។

សន្និដ្ឋាន :ជា​រួម​យើង​អាច​សន្និដ្ឋាន​បាន​ថា ពិធី​បង្ហោះ​គោម​ពិត​ជា​ប្រពៃណី​របស់​ខ្មែរ​យើង​តាំង​ពី​បុរាណ​មក ព្រោះ​យើង​សង្កេត​ឃើញ​នៅ​តាម​ទី​អារាម​មួយ​ចំនួន នៅ​ពេល​មាន​បុណ្យ​ទាន​ម្ដង ៗ គេ​តែ​មាន​ការ​បង្ហោះ​គោម​ព្រោង​ព្រាត ពិសស​គឺ​បុណ្យ​វិសាខ​បូជា និង​មាឃ​បូជា ព្រោះ​គេ​យល់​ថា ពិធី​បង្ហោះ​គោម​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​កុសល ចំពោះ​ចូឡាមណី​ចេតិយ ។ ឯ​ប្រភព និង​ប្រវត្តិ​ប្រហែល​ដូច ឯកឧត្តម ជុច ភឿន មាន​ប្រសាសន៍​មែន​ក៏​មិន​ដឹង តែ​បើ​តាម​ប្រវត្តិ​របស់​រឿង​ព្រេង​ខាង​លើ យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រាកដ​ជា​ដូច​ប្រសាសន៍​ឯកឧត្តម ជុច ភឿន មែន ។

របៀប​ធ្វើ​គោម :

    • លោក​អ៊ុំ ស្វាយ សន ហៅ តា ពក នៅ​ភូមិ​ចាប ឃុំ​ចំបក់ ស្រុក​បាទី ខេត្ត​កាតែវ បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​គោម​ត្រូវ​មាន​ក្បួន​ខ្នាត​ត្រឹមត្រូវ​ណាស់ ដូចជា​ការ​ថ្លឹង​ទម្ងន់ វាស់​ទំហំ បណ្ដោយ​ទទឹង និង​ការ​ធ្វើ​ឆ្អឹង ។ បាន​សេចក្ដី​ថា បើ​យើង​ធ្វើ​ពុំ​បាន​ត្រឹមត្រូវ ដូច​ការ​រៀបរាប់​នេះ​ទេ នោះ​គោម​ក៏​មិន​អាច​ហោះ​ឡើង​ល្អ​បាន​ដែរ ជួន​កាល​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ទៀត​ផង ។ ឧទាហរណ៍ : ប្រឆេះ​ធ្ងន់​លើស​ទម្ងន់ ក៏​មិន​អាច​ហោះ​បាន ហោះ​អាច​បន្តិច​អាច​ធ្លាក់​មក​លើ​ផ្ទះ ឬ​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ ធ្លាក់​លើ​ស្រូវ​ទុំ​ឆេះ​អស់​ក៏​មាន ។ បើ​យើង​ធ្វើ​ត្រូវ​តាម​ក្បួន​ខ្នាត វា​នឹង​ឆេះ​ល្អ​រហូត​អស់​ប្រឆេះ ហើយ​រលត់​ធ្លាក់ តែ​សំបក​គោម​មក​ដី​វិញ មាន​សុវត្ថិភាព គ្មាន​បង្ក​គ្រោះ​មហន្តរាយ​អ្វី​ឡើយ ។

korm sr

ក្បួន​ខ្នាត​របស់​គោម​ហោះ

បើ​ប្រវែង​បណ្ដោយ​គោម : ២ ម៉ែត្រ ២ តឹក ២,២០ m

ត្រូវ​មាន​ទំហំ​រង្វង់​គោម : ,៣២ តឹក = ,៣២ dm

បណ្ដោយ​ឫស្សី​សម្រាប់​ធ្វើ​ឆ្អឹង​រង្វង់​គោម ៣,៣០ m

ក្រដាស​គោម ត្រូវ​ប្រើ​ក្រដាស​ស្ដើង​ដូច​ក្រដាស​ជក់ (ហៅ​ក្រដាស​យៃ) ត្រូវ​បិទ​ត​ភ្ជាប់​គ្នា​ជា​រង្វង់ ហើយ​ច្រក​ក្រដាស​គោម ស៊ក​ភ្ជាប់​ខាង​ក្រោម​គោម ។ (បញ្ជាក់) = គោម ១ ប្រើ​រង្វង់​ឆ្អឹង​តែ​មួយ​ផ្នែក​ខាង​ក្រោម​ប៉ុណ្ណោះ​ទេ ។

ឆ្អឹង​រង្វង់​ត្រូវ​ចង​ខ្វែង​ដែក​លួស សម្រាប់​ព្យួរ​ប្រឆេះ ។

ប្រឆេះ​ត្រូវ​ថ្លឹង​ឲ្យ​បាន​ទម្ងន់ ២ ខាំ​កន្លះ (.៥ ហ.ក្រ)

ប្រឆេះ​ត្រូវ​ប្រើ​គ ឬ​អំបោះ​ជ្រលក់​ជ័រ​ទឹក បើ​ជ្រលក់​លាយ​ប្រេងកាត​ទៀត​ជា​ការ​ល្អ ។

korm

ដោយ​លោក វ៉ាន់ ផេន

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on November 18, 2015, in ទំនៀមទម្លាប់ ប្រពៃណី. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: