ពិធី​បំបួស​នាគ


ពិធីបំបួសនាគ

ដោយ អ្នកស្រី ពេជ សល់

(.. ១៩៦៦)

ពិធីបំបួសនាគអាចធ្វើនៅខែណាក៏បាន លើកលែងតែខែ ៣ ដែលព្រះសង្ឃចូលព្រះវស្សា គឺចាប់តាំងពីថ្ងៃ ១រោច ខែ អាសាធទៅ ។ ប៉ុន្តែជាទំនៀមរៀងមកពិធីបំបួសនាគហ្លួងតែងធ្វើនៅថ្ងៃ ១៥ កើត ខែអាសាធជានិច្ច គឺថាមុនថ្ងៃ កំណត់ចូលព្រះវស្សា ។

ក្នុងមួយឆ្នាំ ៗ បុត្រនៃក្រុមព្រះរាជវង្សានុវង្ស និងបុត្រនៃមន្ត្រីជន់ខ្ពស់ដែលបានចូលទៅសុំព្រះករុណាបំបួស សុទ្ធតែមានកំណត់គឺថា យកត្រឹមតែ ១២ នាក់ យ៉ាងច្រើន លើសចំនួនកំណត់នេះ អ្នកចូលទៅសុំត្រូវចាំទៅឆ្នាំមុខទៀត ។

មានដំណាលកាលពីព្រេងនាយថា មានសត្វនាគមួយដំណែងខ្លួនជាមនុស្ស ហើយចូលទៅសុំបួសយកនិស្ស័យក្នុងសំណាក់ព្រះពុទ្ធសាសនា ។ ថ្ងៃមួយលោកគ្រូប្រើលោកនេនឲ្យទៅហៅ ជួនជាពេលនោះលោកដែលជាសត្វនាគនោះ កំពុងដេកលក់ពុំដឹងខ្លួន ហើយក្លាយខ្លួនជាសត្វនាគពេនទ្រេលពេញក្នុងបន្ទប់ ។ ដំណឹងនោះ ក៏ជ្រាបទៅដល់ព្រះបរមសាស្ដា ព្រះអង្គទ្រង់បង្គាប់ឲ្យលោកនាគនោះ ចាកសិក្ខាបទទៅវិញ ដោយហេតុថា ច្បាប់ព្រះពុទ្ធសាសនាហាមមិឲ្យសត្វចូលបួសបានទេ ប៉ុន្តែដោយទ្រង់មេត្តាករុណាដល់នាគដែលមានសេចក្ដីជ្រះថ្លា នឹងសាសនាព្រះអង្គ ទ្រង់ក៏សន្យានឹងនាគថា ចាប់អំពីថ្ងៃនេះទៅ តថាគតសន្មតឲ្យនាមអ្នកសុំផ្នួសថា នាគជាទីរំលឹកដល់នាគអ្នក ។ ហេតុនេះបានជាមានឈ្មោះថា បំបួសនាគដរាបរៀងមកដល់សព្វថ្ងៃ1

ឯទំនៀមបួសនាគ ក៏មានលំនាំផ្សេង ៗ ខុសគ្នាបន្តិច ៗ ដូចជាទំនៀមធំ ៗ ដទៃទៀតដែរ មានទំនៀមខ្លះ ដែលគេយល់ឃើញថា មិនត្រឹមត្រូវតាមច្បាប់ព្រះពុទ្ធសាសនា គេក៏កាត់ចោលទៅ ទំនៀមខ្លះដែលកើតឡើងតាមកាលៈទេសៈ ក៏ត្រូវបញ្ចូលមកវិញ ។ ហេតុនេះយើងសូមជម្រាបថា សេចក្ដីអធិប្បាយអំពីពិធីបំបួសនាគ ដែលយើងនឹងអធិប្បាយជូនក្នុងទីនេះ ពុំមែនជារបៀបតួយ៉ាង ដែលគេត្រូវតែធ្វើតាមនោះទេ គឺជារបៀបទំនៀមយ៉ាងសង្ខេបមួយ ដែលគេធ្លាប់បានឃើញធ្វើមកហើយ ។

មុនថ្ងៃបំបួសចំនួន ៤៥ ថ្ងៃ អ្នកដែលត្រូវចេញទៅបួស ត្រូវកាន់ទៀនធូបទៅជម្រាបលាបងប្អូន និងញាតិមិត្តរបស់ខ្លួន ដើម្បីឲ្យគេបានដឹងផងថា : ខ្លួននឹងចូលទៅបម្រើព្រះពុទ្ធសាសនាហើយ ។

ទំនៀមដែលយើងអធិប្បាយដូចតទៅនេះ ជាទំនៀមដែគេធ្វើនៅគេហដ្ឋានសាមីខ្លួនក៏បាន ឬធ្វើនៅទីអារាមក៏បាន ប៉ុន្តែពិធីខ្លះគេលះបង់អស់ទៅហើយ ។

បើបំបួសសាមណេរ ត្រូវមានរៀបចំត្រៃចីវរ បាត្រ កន្ទេល ខ្នើយ ។ បើបំបួសជាភិក្ខុវិញ ត្រូវមានកាំបិតកោ ថ្មសំលៀង បំពង់ម្ជុលថែមលើបរិក្ខារខាងលើនេះទៀតទើបគ្រប់ ។ ក្រៅអំពីបរិក្ខារទាំងនេះ មានដបទឹកអប់ បាយសីធំមួយ ធ្វើដោយដើមចេកមួយដើម ដែលមានកំពស់ត្រឹមចិញ្ចើមមនុស្សឈរ ។ បាយសីនោះមាន ១៩ ថ្នាក ដែលជាតំណាងព្រលឹងមនុស្សទាំង ១៩ ប៉ុន្តែមានអ្នកខ្លះ ធ្វើសង្ខេបត្រឹមតែ ៩ ថ្នាក់ ។ នៅលើកំពូលបាយសីមានកន្ទោងស្លឹកចេកមួយ ដាក់បាយព្រលឹង ១៩ (ឬ ៩) ពំនូត មានសាជីធ្វើដោយស្លឹកចេកគ្របពីលើ ហើយនៅលើកំពូលសាជីមានដោតទៀនរាយមួយផង ។ គេយកស្លឹកចេក ៣ ធាងមករុំព័ទ្ធបាយសីនោះ ១ ជាន់ រួចទើបយកសំពត់ហូលរុំ ១ ជាន់ពីក្រៅទៀត ។

លុះរៀបគ្រឿងបរិក្ខារដូចបានពោលមកនេះ ជាជួរតាមលំដាប់ស្រេចហើយ នាគត្រូវចូលទៅអង្គុយជិតបាយសីធំ ដើម្បីស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្ត ដោយមានឪពុកម្ដាយបងប្អូននឹងក្រុមញាតិមិត្រអង្គុយអមផង ។ បន្ទាប់មកគេរៀបធ្វើពិធី ហៅព្រលឹងនាគគ្រានោះអាចារ្យកាន់អំពៅខ្មៅ ១ ដើមដែលគេទុកឲ្យមានសន្លឹកពីរឬបីនៅចុង ហើយចងឲ្យមានទំនងដូចចំពុះបក្សី ។ អាចារ្យកាន់ដើមបង្វែរចំពុះនោះនៅគ្រប់ទិស បោយហៅព្រលឹងឲ្យនាគ2 បន្ទាប់មកគេរៀប ធ្វើធ្មេញឲ្យនាគទៀត ។

កាលជំនាន់ដើម នៅពេលបំបួសនាគក្ដី នៅពេលរៀបអាពាហ៍ពិពាហ៍ក្ដី គេនិយមយកម្រ័ក្សបុកលាយជាមួយរុក្ខជាតិខ្លះទៀត ដើម្បីយកទៅលាបធ្មេញសាមីខ្លួនឲ្យមានសម្បុរខ្មៅស្រិលមែន ៗ ។ សព្វថ្ងៃនេះ អាចារ្យគ្រាន់តែរៀប ធ្វើធ្មេញ” “បំពេញកិច្ចទេ តមកទៀតអាចារ្យរៀបចំបញ្ចុកបាយនាគគឺគេយកបាយព្រលឹងទៅដាក់ក្នុងទឹកដូងហើយបញ្ចុកមាត់នាគទៅ រួចហើយទើបគេយកអំបោះជ្រលក់ទឹកមន្ត ចងដៃនាគ ។ បន្ទាប់មកទៀត ពួកក្រុមញាតិសាច់សាលោហិតនាំគ្នាអង្គុយជាវង់ជុំវិញនាគ ហើយរៀបបង្វិលពពិល ដើម្បីចំរើនសិរីសួស្ដីជ័យមង្គលដល់នាគនោះ ។ ជាធម្មតា គេត្រូវបង្វិលពពិល ១៩ ជុំ ហើយបក់ផ្សែងសំដៅទៅរកនាគផង ។ លុះគ្រប់កំណត់ជុំហើយ អាចារ្យពន្លត់ទៀន រួចយកកំញម លាយជាមួយនឹងទឹកអប់បន្តិចយកទៅលាបចិញ្ចើមនិងថ្ងាសនាគ ។

ថ្ងៃបន្ទាប់មក គេរៀបក្បួនហែនាគទៅកាន់វត្តព្រះកែវមក៌ត បើប្រសិនជានាគនោះជាវង្សក្សត្រ ឬជាកូននាម៉ឺនជាន់ខ្ពស់ ការហែរនាគមានសភាពគគ្រឹកគ្រេងណាស់ ស្ទើរតែប្រហាក់ប្រហែលនឹងការរៀបចំហែស្ដេច ១ ព្រះអង្គដែរ ព្រោះកាលដែលព្រះបរមសាស្ដាយើង ទ្រង់ចេញទៅសាងព្រះផ្នួស ព្រះអង្គជារាជបុត្រាក្សត្រគ្រងរាជ្យដែរ ។ គេឃើញមានភ្លេងឆៃយ៉ាំ ១ ក្រុមចេញដើរមុខក្បួនមានមនុស្ស ទ្រពានប្រាក់តំកល់ត្រៃចីវរ ទ្របាត្រនិងគ្រឿងសក្ការៈបូជា ដើរមុខនាគ ។ បន្ទាប់មកទៀត នាគដែលមានសំលៀកបំពាក់ដូចស្ដេចសម័យបុរាណជិះសេះមាន មនុស្សបាំងក្លស់ឲ្យផង ។

នៅមុខវត្ត មានមនុស្សកំប្លែងម្នាក់ធ្វើជាមារាធិរាជ ដែលចាំរារាំងព្រះពោធិសត្វ មិនឲ្យចេញទៅបួស ស្ទុះទៅចាប់មុខសេះដែលនាគជិះ ហើយធ្វើហាក់ដូចជាឃាត់មិនឲ្យនាគចូលទៅបួស ។ ប៉ុន្តែនាគមិនព្រមលោតចុះពីលើខ្នងសេះ ហើយដើរចូលទៅក្នុងទីវត្ត ដោយមានក្រុមញាតិសាលោហិតហែតាមពីក្រោយផង ។ ដល់ហើយក្បួនហែនាគដើរប្រទក្សិណព្រះវិហារ ៣ ជុំ អាចារ្យស្រែកអនុមោទនា ហើយទទួលយកភេទជាបព្វជិត ។ នៅពេលដែលអាចារ្យស្រែកថា ៖អនុមោទនា លោអើយ ! “ អ្នកដើរហែទាំងប៉ុន្មានក៏ទទួលព្រមគ្នាថា សាធុ ! ប្រែថា ប្រពៃហើយ ប្រសើរហើយ ។

លុះហែប្រទក្សិណគ្រប់ ៣ ជុំហើយ នាគចូលទៅក្នុងព្រះវិហារ អុជធូបទៀនដោតនៅមុខពុទ្ធាសនៈ រួចថ្វាយបង្គំព្រះពុទ្ធរូប ៣ ដង ទើបថយទៅអង្គុយពីមុខត្រៃចីវរ និងបាត្រ ។ បើមាននាគច្រើនរូប នាគត្រូវអង្គុយជាជួរ តាមលំដាប់អាយុចាស់ក្មេង ។ បើបួសជាសាមណេរមានតែលោកជាឧបជ្ឈាយ ១ អង្គជាការស្រេច តែបើបួសជាភិក្ខុវិញ ច្បាប់វិន័យពុទ្ធសាសនាថា ត្រូវមានព្រះសង្ឃយ៉ាងតិចត្រឹម ៥ អង្គ ។

តពីនេះ នាគកាន់ទ្រសំពត់កាសាវៈគឺ ស្បង់ចីពរចូលទៅដាក់ចំពោះមុខព្រះឧបជ្ឈយ៍ហើយថ្វាយបង្គំ ៣ ដង សូត្រធម៌វន្ទាសូមខមាទោសរួចហើយសូត្រពាក្យសុំផ្នួសជាគម្រប់ ៣ ដង ព្រមទាំងប្រគេនសំពត់កាសាវៈទៅព្រះឧបជ្ឈយ៍ ៗ ទទួលហើយ នាគសូត្រសុំសំពត់កាសាវៈនោះមកវិញ ។ ព្រះឧបជ្ឈាយ៍ក៏ប្រគល់ឲ្យតាមសុំ នាគអង្គុយច្រហោងប្រណម្យអញ្ចលី កាន់ទ្រសំពត់កាសាវៈនៅមុខព្រះឧបជ្ឈាយ៍ ៗ ចាប់ចុងម្រាមដៃហើយប្រាប់ធម៌កម្មដ្ឋាន ៥ យ៉ាងហៅថា តចបញ្ចកកម្មដ្ឋាន ដែលហៅតាមទម្លាប់ថាឲ្យធម៌ កេសាឲ្យនាគថាតាមដោយមានបាលីថា កេសា លោមា នខា ទន្តា តចោ ប្រែថា សក់ រោម ក្រចក ធ្មេញ ស្បែក។ ហើយប្រាប់ច្រាសមកវិញទៀតថា តចោ ទន្តា នខា លោមា កេសា ប្រាប់ពន្យល់នាគឲ្យយល់ច្បាស់ថា របស់ទាំង ៥ យ៉ាងនេះ ជាវត្ថុបដិកូលស្មោគគ្រោក គួរខ្ពើមរអើម ។ រួចកិច្ចនេះហើយ ព្រះឧបជ្ឈាយ៍យកអង្ស័កពាក់កនាគជាសញ្ញាថា នឹងបានទៅជាសាមណេរហើយ ។ នាគងយខ្លួនទៅផ្លាស់សំលៀកបំពាក់គ្រហស្ថចេញក្នុងទីដ៏សមគួរ ហើយទើបស្លៀកស្បង់ចីពរ ត្រឹមត្រូវតាមច្បាប់វិន័យ ។ បន្ទាប់ពីនេះនាគកាន់គ្រឿងសក្ការៈបូជា មានទៀនធូបជាដើមចូល ទៅថ្វាយបង្គំព្រះឧបជ្ឈាយ៍ សូត្រពាក្យសុំត្រៃសរណគមន៍និងសីលព្រះឧបជ្ឈាយ៍ឲ្យត្រៃសរណគមន៍និងសីល ១០ តាមសុំ រួចហើយទើបសាមណេរសូត្រសុំនិស្ស័យ (ទីនៅអាស្រ័យ) ចំពោះព្រះឧបជ្ឈាយ៍ បើបួសជាសាមណេរ ពិធីបំបួសត្រូវចប់អស់តែត្រឹមប៉ុណ្ណេះឯង ។

បើត្រូវការបំពេញឧបសម្បទាជាភិក្ខុ ត្រូវមានកិច្ចបន្តទៅទៀតគឺសាមណេរនោះ ត្រូវស្ពាយបាត្រក្រោកឈរឡើង ចូលទៅកណ្ដាលជំនុំសង្ឃ ចំពោះមុខព្រះឧបជ្ឈាយ៍ ទើបឧបសម្បទាចារ្យ (គ្រូសូត្រ) សូត្រតាំងនាមឧបសម្បទាបេក្ខៈ និងព្រះឧបជ្ឈាយ៍ប្រាប់បង្ហាញដល់នាគនូវបាត្រ សង្ឃាដី ចីពរនិងស្បង់ ឲ្យនាគទទួលស្គាល់យល់ដឹងថា នេះបាត្ររបស់អ្នកជាដើម ហើយឲ្យនាគថយទៅឈរឆ្ងាយបន្តិច ផុតពីទីប្រជុំសង្ឃ ទើបសូត្រប្រកាសប្រាប់សង្ឃសុំឱកាសប្រៀនប្រដៅនាគព្រមទាំងសាកសួរនូវកិច្ចផ្សេង ៗ មានរោគពាធក្នុងខ្លួនជាដើម ដើម្បីឲ្យដឹងថា សាមីខ្លួននោះបរិសុទ្ធស្អាត អាចនឹងទទួលឧបសម្បទាពេញលក្ខណៈជាភិក្ខុបានឬទេ ។ លុះប្រៀនប្រដៅសាកសួររួចហើយ ទើបលោកគ្រូសូត្រនោះ ត្រឡប់ចូលមកក្នុងកណ្ដាលជំនុំសង្ឃវិញសូត្រប្រកាសប្រាប់សង្ឃ និងហៅនាគឲ្យចូលមកអង្គុយកណ្ដាលជំនុំសង្ឃថ្វាយបង្គំព្រះឧបជ្ឈាយ៍ និងព្រះសង្ឃរួចហើយ ឲ្យអង្គុយច្រហោងប្រណម្យអញ្ជលីសូត្រសូមឧបសម្បទា ចំពោះសង្ឃ ៣ ដង គឺ សូមឲ្យសង្ឃអនុគ្រោះ លើកខ្លួនឲ្យផុតពីភេទជាសាមណេរ ហើយតំកល់តំកើងឲ្យឡើងពេញលក្ខណៈជាភិក្ខុ ។ ពេលនោះជំនុំសង្ឃត្រូវអង្គុយព័ទ្ធចូលឲ្យជាប់ហត្ថបាសគ្នា ទើបលោកគ្រូសូត្រសួរបញ្ជាក់នាគ នូវអន្តរាយិកធម៌ គឺរោគាពាធផ្សេង ៗ ជាដើម ដែលបានសួរខាងក្រៅជំនុំសង្ឃហើយនោះថែមមួយលើកទៀត ។ លុះបានសាកសួរកិច្ចនេះចប់សព្វគ្រប់ហើយឧបសម្បទាចារ្យ (លោកគ្រូសូត្រ) សូត្រញត្តិចតុក្កកម្មវាចា3 ។ ចប់ញត្តិចតុក្កកម្មវាចាខណៈណា ឧបសម្បទាបេក្ខ គឺសាមណេរនោះ ក៏បានឋិតនៅក្នុងភពជាភិក្ខុពេញបរុបូណ៌ក្នុងខណៈនោះ ។ បន្ទាប់ពីនេះព្រះឧបជ្ឈាយ៍ ឬលោកគ្រូសូត្រប្រៀនប្រដៅប្រាប់នូវវិន័យសង្ឃករណីកិច្ចចំពោះភិក្ខុថ្មីនោះ (ហៅតាមទម្លាប់ថា ផ្ដាំនាគតាមប្រពៃណីពីបុរាណ ផ្ដាំនាគនេះលោកសូត្រជាបទយ៉ាងគ្រលួច គួរជាទីចាប់អារម្មណ៍ពីរោះណាស់ នាំឲ្យមាតាបិតា និងបងប្អូនរបស់ភិក្ខុថ្មី យំស្រក់ទឹកភ្នែកស្រណោះអាឡោះអាល័យយ៉ាងក្រលែង ។

ចាប់តាំងពីថ្ងៃនោះមក ភិក្ខុថ្មីក៏អាស្រ័យនៅជាមួយនឹងព្រះសង្ឃឯទៀតក្នុងទីវត្ត ។

1តាមពិតពាក្យថា នាគ ក្នុងទីនេះគឺជា តំខណិកនាមដែលឧបសម្បាចារ្យសន្មតដាក់ឲ្យកុលបុត្រ ជាឧបសម្បាបេក្ខ (ចូរមើលសៀវភៅបព្វជ្ជាខន្ធសង្ខេបរបស់សម្ដេចព្រះធម្មលិខិត ល្វី ឯម ដែលបោះពុម្ពផ្សាយនៅពុទ្ធសាសនបណ្ឌិត្យ ។

2ពិធីហៅព្រលឹងមនុស្សឈឺ ក៏មានសភាពដូច្នេះដែរ ។

3តាមទម្លាប់ គេតែងហៅថា ញត្តិនាគ ឬសូត្រញត្តិនាគ ! អាសាញត្តិនាគ)

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on November 18, 2015, in ព្រះពុទ្ធសាសនា. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s