របៀប​ទស្សន៍ទាយ​ទឹក​ភ្លៀង


របៀប​ទស្សន៍ទាយ​ទឹក​ភ្លៀង

ដោយ​ផ្សារ​ភ្ជាប់​ជីវិត​ទៅ​នឹង​ការងារ​កសិកម្ម ដាំដុះ ប្រជា​កសិករ​ខ្មែរ​ត្រូវ​ការ​ទឹក​ភ្លៀង​ជា​ចាំបាច់​បំផុត ។ ដូច្នេះ ដើម្បី​តម្រូវ​កិច្ចការ​ភ្ជួរ​រាស់ សាប​ព្រោះ ដក ស្ទូង អោយ​ស៊ី​ចង្វាក់​គ្នា​នឹង​របប​ទឹក​ភ្លៀង កសិករ​ខ្មែរ​បុរាណ មាន​ចំណេះ​ដឹង នឹង​មាន​បទ​ពិសោធន៍​ខ្លះ ៗ ក្នុង​ការ​ទស្សន៍ទាយ ឬ​ក៏​អាច​ដឹង​ទុក​ជា​មុន​អំពី​របប​ទឹក​ភ្លៀង​ក្នុង​រដូវ​នេះ ក៏​ដូចជា​រដូវ​ក្រោយ ។ វា​ពិត​ណាស់​ហើយ​ថា ការ​ទស្សន៍ទាយ​តាម​បែប​ពិសោធ​និយម (emporique) នេះ មិន​អាច​ត្រឹមត្រូវ​បាន ១០០ % ទេ ទោះបី​ផ្នែក​ឧតុនិយម ដែល​មាន​របៀប​ព្យាករណ៍ តាម​បែប​វិទ្យាសាស្ត្រ ក៏​ទស្សន៍ទាយ​ធាតុ​អាកាស​នៅ​ខុស​ឆ្គង​ខ្លះ ៗ ដែរ ។ ដូច្នេះ ទោះ​ជា​ត្រឹមត្រូវ​ត្រឹម​កំរិត​ណា ឬ មិន​ត្រឹមត្រូវ​ក៏​ដោយ ក៏​យើង​សូម​លើក​យក​របៀប​ទស្សន៍ទាយ​ទឹក​ភ្លៀង​នេះ មក​ជំរាប​ជូន​ជន្មានុជន​ជំនាន់​ក្រោយ ដើម្បី​បាន​ជា​ពន្លឹក​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ជំនឿ ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ​យើង​ពី​បុរាណ​ផង ។

I. ទស្សន៍ទាយ​ភ្លៀង​តិច – ច្រើន

/របៀប​ទស្សន៍ទាយ​ដោយ​មើល​ជើង​មេឃ :

នៅ​ពេល​ព្រលឹម​ស្រាង ៗ នា​ទិស​ខាង​កើត​ជាប់​នឹង​ជើង​មេឃ បើ​កាល​ណា គេ​ឃើញ​មាន​ពពក​ខ្មៅ 1 ជា​ជួរ លាត​សន្ធឹង​យ៉ាង​វែង ស្រប​នឹង​បន្ទាត់​ជើង​មេឃ ឬ​ឃើញ​ដុំ​ពពក​ខ្មៅ​ជា​ផ្ទាំង​ធំ នោះ​ជា​សញ្ញា​ថា ថ្ងៃ​នេះ​នឹង​មាន​ភ្លៀង​ធំ ពិសេស​ពេល​រសៀល ។

/របៀប​ទស្សន៍ទាយ​តាម​កំដៅ​ធាតុ​អាកាស :

ចាប់​ពី​ពេល​ថ្ងៃ​ពេញ​ពន្លឺ រហូត​ដល់​ថ្ងៃ​ជ្រៀលជ្រេ ប្រសិន​បើ​ធាតុ​អាកាស​ក្ដៅ​ខ្លាំង ហើយ​ស្អុះ​ស្អាប់ ស្ងប់ ហប់​ខ្យល់, នោះ​គេ​ទាយ​ថា ថ្ងៃ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ជា​មិន​ខាន ។

/របៀប​ទស្សន៍ទាយ​ដោយ​ពិនិត្យ​សកម្មភាព​សត្វ :

ចាស់​ព្រឹទ្ធាចារ្យ​ខ្មែរ​យើង ចេះ​វិធី​សង្កេត​សត្វ​ស្រមោច​ដែល​ធ្វើ​សកម្មភាព​ពាំ​ពង – ពាំ​ចំណី​របស់​វា តម្រៀប​គ្នា​វារ​ដង្ហែរ​ជា​ជួរ​វែង​ចេញ​ពី​សំបុក ឬ​ពីរ​រន្ធ​ក្នុង​ដី​ឡើង​តាម​សសរ​ផ្ទះ ។ សកម្មភាព​បែប​នេះ ធ្វើ​អោយ​គាត់​ដឹង​ថា យ៉ាង​យូរ​ណាស់ ពីរ​បី​ថ្ងៃ​ទៀត​នឹង​មាន​ភ្លៀង​ធំ ជា​ប្រាកដ ។ ម្យ៉ាង​ទៀត នៅ​ពេល​ថ្ងៃ​ត្រង់ បើ​ព្រះ​អាទិត្យ​បញ្ចេញ​ចំហាយ​ក្ដៅ​យ៉ាង​ខ្លាំង ហើយ​គេ​ឮ​គីង្គក់​យំ «ក្រត ៗ» 2 នោះ​គេ​ដឹង​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ហើយ ។

/របៀប​ទស្សន៍ទាយ​ដោយ​ពិនិត្យ​ក្រយៅ​ឈូក 3 :

បើ​ភ្លៀង​កំពុង​ធ្លាក់​ជាប់​ពីរ – បី​ថ្ងៃ ហើយ​គេ​ឃើញ​ក្រយៅ​ឈូក​ធ្លាក់​ពី​លើ​មេឃ នោះ​គេ​កំណត់​ថា​នឹង​រាំង​ភ្លៀង ។ តែ​បើ​កំពុង​រាំង ហើយ​ឃើញ​ក្រយៅ​ឈូក​ធ្លាក់ នោះ​គេ​ទាយ​ថា​នឹង​មាន​ភ្លៀង​វិញ ។

/របៀប​ទស្សន៍ទាយ​ដោយ​ពិនិត្យ​ខ្យល់​ជំនោរ 4 :

នៅ​ពេល​កំពុង​រាំង បើ​កាល​ណា​គេ​សង្កេត​ឃើញ​មាន​ខ្យល់​ជំនោរ​បក់​មក​វឹង ៗ ជាប់​ចំនួន​ប៉ុន្មាន​ថ្ងៃ​នោះ គេ​ដឹង​ថា នៅ​រវាង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ នឹង​មាន «ភ្លៀង​រលឹម» ចំនួន​ប៉ុន្មាន​ថ្ងៃ​ដែរ ។

/របៀប​ទស្សន៍ទាយ​ទឹក​ភ្លៀង​ប្រយោល​ពេល 5 :

() ដោយ​ពិនិត្យ​ផ្កា​ឈើ

ក្នុង​ចំណោម​រុក្ខជាតិ​ទាំង​ប៉ុន្មាន ចាស់​បុរាណ​លោក​កំណត់​យក​តែ​ផ្កា​អំពិល ឬ ផ្កា​ស្វាយ​ប៉ុណ្ណោះ ធ្វើ​ជា​គោល​នៃ​ការ​ពិនិត្យ ។ ធម្មតា អំពិល​តែង​ចេញ​ផ្កា​នៅ​រដូវ​ដើម​ឆ្នាំ ។ កាល​ណា​គេ​ឃើញ​អំពិល​ចេញ​ផ្កា​ច្រើន​ស្គុសស្គាយ​ពេញ​ទាំង​ដើម, ហើយ​ចេញ​ផ្កា​ស្រុះ​គ្នា ពុំ​មាន​រកេត​រកូត ខ្លះ​មុន ខ្លះ​ក្រោយ នោះ​គេ​សន្មត​ថា ឆ្នាំ​នេះ (រដូវ​ខាង​មុខ) នឹង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​បរិបូណ៌, របរ​កសិកម្ម​នឹង​មាន​ផល​ច្រើន ។ ផ្ទុយ​ទៅ​វិញ បើ​អំពិល​ចេញ​ផ្កា​បន្តិច​បន្តួច​ដោយ​មែក​ខ្លះ ៗ ជួន​កាល​មែក​មុន​ចេញ​ក្ដិប​ទៅ ហើយ​មែក​ក្រោយ​ទើប​តែ​ចេញ​ផ្កា​រដាច់​រដោច​បន្ត​បន្ទាប់ បាតុភូត​បែប​នេះ គេ​ដឹង​ថា ឆ្នាំ​នេះ​ភ្លៀង​ធ្លាក់​តិច ហើយ​មិន​ទៀងទាត់ ។ ដំណាំ​គ្រប់​ប្រភេទ ច្បាស់​ជា​មិន​ហុច​ផល​ល្អ​ឡើយ ។

() តាម​ការ​ពិនិត្យ​សត្វ​ព្រៃ

ជា​ធម្មតា ជនបទ​ភាគ​ច្រើន​នៅ​ស្រុក​ស្រែ​យើង តែង​តែ​ផ្សារ​ភ្ជាប់​ជីវិត​ទៅ​នឹង​ធម្មជាតិ​ព្រៃ​ភ្នំ​នានា ។ បណ្ដា​កសិករ​ចូល​ចិត្ត​ទៅ​ដេញ​សត្វ បណ្ដើរ​ឆ្កែ​តាម​ទ្រូង​ព្រៃ លើ​ភ្នំ រក​អណ្ដើក ដេញ​ត្រកួត សំពោច ជ្រូក​ព្រៃ ប្រើស ក្ដាន់ រមាំង ជាដើម ។ ជួន​កាល ពួក​ថ្មើរ​ព្រៃ​ទាំង​នេះ ដេក​សម្រាក ដាំ​បាយ​បរិភោគ​នៅ​ក្នុង​ព្រៃ 6 នោះ​ទៀត​ផង ។ នៅ​ពេល​ដេញ​សត្វ គេ​ច្រើន​តែ​ចាប់​បាន​កូន​ត្រកួត​តូច ៗ 7 ដែល​មេ​រត់​ចោល ឬ​ក៏​រអិល​ជើង​ធ្លាក់​ពី​លើ​មែក​ឈើ ។ គេ​យក​កូន​ត្រកួត​មក​ប្រជុំ​គ្នា​ពិនិត្យ​មើល​តាំង​ពី​គល់​កន្ទុយ (ដើម​ឆ្នាំ) ពាក់​កណ្ដាល​កន្ទុយ (ពាក់​កណ្ដាល​ឆ្នាំ) ចុង​កន្ទុយ (ចុង​ឆ្នាំ) 8 ។ ធម្មតា កន្ទុយ​ត្រកួត​មាន​ពីរ​ពណ៌​គឺ ខ្មៅ និង ស ឆ្លាស់​គ្នា​ដូចជា​ចង្កំ​កាំបិត ។ ពណ៌​ខ្មៅ ជា​សញ្ញា​ទឹក​ភ្លៀង ឯ​ពណ៌​ស ជា​សញ្ញា​រាំង​ភ្លៀង ។ កាល​បើ​ពិនិត្យ​ឃើញ​ថា នៅ​គល់​កន្ទុយ​មាន​ពណ៌​ខ្មៅ​វែង​ជាង​ពណ៌​ស នោះ​គេ​ទាយ​ថា នៅ​ដើម​ឆ្នាំ​មាន​ភ្លៀង​ច្រើន ។ រួច​គេ​ពិនិត្យ​នៅ​ពាក់​កណ្ដាល​កន្ទុយ និង​ចុង​កន្ទុយ មើល​អោយ​ដឹង​ថា តើ​មាន​ពណ៌​អ្វី​ធំ​ជាង​ពណ៌​អ្វីរួច​ទើប​គេ​ទាយ​តាម​នោះ​ទៅ ។ ឧទាហរណ៍ បើ​នៅ​ពាក់​កណ្ដាល​កន្ទុយ មាន​ចន្លោះ​ពណ៌​ស​ច្រើន​ជាង​ពណ៌​ខ្មៅ គេ​ទាយ​ថា នៅ​ពាក់​កណ្ដាល​ឆ្នាំ​មាន​ភ្លៀង​តិច ឬ រាំង​ភ្លៀង ។ បើ​នៅ​ចុង​កន្ទុយ មាន​ពណ៌​ខ្មៅ​វែង​ជាង​ពណ៌​ស ឬ មាន​សុទ្ធ​តែ​ខ្មៅ​រហូត​ដល់​ចុង គេ​ទាយ​ថា នៅ​ចុង​ឆ្នាំ​នឹង​មាន​ពណ៌​ច្រើន ។

() របៀប​ទស្សន៍ទាយ​ទឹក​ភ្លៀង​តាម​ការ​ផ្សង​ទៀន​នៅ​ក្នុង​ពិធី​សំពះ​ព្រះ​ខែ

អាចារ្យ​ដែល​មាន​នាទី​ចាត់​ចែង​កម្មវិធី​បុណ្យ​សំពះ​ព្រះ​ខែ បាន​បង្គាប់​អោយ​សរសេរ​ដាក់​ឈ្មោះ​ខេត្ត នៅ​លើ​ទៀន​នីមួយ ៗ ។ នៅ​ពេល​ដែល​ទៀន​កំពុង​ឆេះ គេ​បង្វិល​ឈើ 9 ដែល​បិទ​ទៀន​នោះ​អោយ​ផ្អៀង​ទៅ​ម្ខាង (ឆ្វេង ឬ ស្ដាំ) ។ ពេល​នោះ បើ​គេ​ពិនិត្យ​ទៅ​ឃើញ​ថា ទៀន​តំណាង​ខេត្ត​ណា​ស្រក់​ញាប់ (ច្រើន​ជាង​គេ) គេ​សន្មត​ថា ខេត្ត​នោះ ៗ មាន​ភ្លៀង​ច្រើន 10

II- ទស្សន៍ទាយ​អំពី​ការ​អស់​ទឹក​ភ្លៀង

/ដោយ​ពិនិត្យ​ផ្កា​ឈើ :

គេ​ច្រើន​ពិនិត្យ​មើល​ផ្កា​ទន្ទ្រានខេត្ត និង​ផ្កា​កន្ទ្រាំងបាយស (ស្មៅ​អំបោស) ក្នុង​ការ​កំណត់​ទំនាយ ។ បើ​កាល​ណា​គេ​ឃើញ​ដើម​ទន្ទ្រានខេត្ត និង​ដើម​កន្ទ្រាំងបាយស​ចេញ​ផ្កា​ហើយ​នោះ គេ​អាច​នឹង​ដឹង​បាន​ថា​លែង​មាន​ភ្លៀង​ទៀត​ហើយ ។ រុក្ខជាតិ​ទាំង​ពីរ​ប្រភេទ​នេះ​ចេញ​ផ្កា​ពុំ​មាន​ពេល​កំណត់ ទៀង​ទាត់​ច្បាស់លាស់​ទេ ។ ជួន​កាល​វ​ឆាប់​ចេញ​ផ្កា ជួន​កាល​វា​ក៏​ចេញ​ផ្កា​យឺត​ពេល ។

/ដោយ​ស្ដាប់​សំគាល់​សំឡេង​សត្វ :

ក្រោយ​ពេក​ចេញ​វស្សា ចាស់ ៗ ច្រើន​សង្កេត​សត្វ​ពីរ​ពួក ដើម្បី​កំណត់​សំគាល់​ការ​អស់​ទឹក​ភ្លៀង​គឺ :

+ កាល​ណា​គេ​ឮ​សំឡេង​កង្កែប ដែល​ខំ​ស្រែក​ដោយ​ត្រូវ​ពស់​លេប ឮ​សូរ «វ៉ែប ៗ» នៅ​ក្បែរ អណ្ដូង – មុំ​ភ្លឺ​ស្រែ កៀន​ដំបូក នោះ​គេ​សំគាល់​ថា អស់​ភ្លៀង​ហើយ, ឯ​ទឹក​ជំនន់ ក៏​ស្រក​ទៅ​វិញ​ផង​ដែរ ។

+ កាល​ណា​គេ​ឮ​សូរ​កុកក្រក ដែល​ចុះ​រក​ស៊ី​ក្នុង​ស្រែ និង​ថ្លុក ត្រពាំង បន្លឺ​សំឡេង​ឮ​សូរ «ក្រក ៗ» នោះ​គេ​ដឹង​ថា រដូវ​ភ្លៀង​នឹង​ចប់​ហើយ ។ ហើយ​នេះ ក៏​ជា​សញ្ញា​នៃ​រដូវ​ទឹក​សម្រក​ផង​ដែរ ។

/ដោយ​ចំណាំ​លើ​ការ​ប្រែប្រួល​ខ្យល់​រដូវ និង ធាតុអាកាស

+ កាល​ណា​គេ​ឃើញ​មេឃ​ស្រឡះ ខៀង​ស្រងាត់ 11 ពុំ​មាន​ពពក​សោះ ហើយ​នៅ​ពេល​យប់ ផ្កាយ​ទាំងឡាយ​រះ​យ៉ាង​ច្បាស់​ក្រឡែត ៗ មើល​ទៅ​ឃើញ​ធំ ៗ ជាង​សព្វ​ដង នោះ​គេ​ដឹង​ថា​នឹង​អស់​ភ្លៀង​ហើយ ។

+ កាល​ណា​ខ្យល់​រដូវ (Mousson) ផ្លាស់​ប្ដូរ​ទិស គឺ​ត្រឡប់​ជា​បក់​មក​ពី​ទិស​ខាង​ជើង ឬ​ពី​ឱសាន​វិញ​នោះ គេ​ដឹង​ថា​របប​ទឹក​ភ្លៀង​ត្រូវ​បាន​បញ្ចប់​ហើយ ។

+ កាល​ណា​មាន​ភ្លៀង​ពេល​អធ្រាត ធ្លាក់​ចុះ​មក​ជា​មេ​ធំ ៗ ភ្លៀង​របៀប​នេះ គេ​ហៅ​ថា​ភ្លៀង «លាង​ស្លែ» ។ នេះ​មិនមែន​ជា​ភ្លៀង​ធម្មតា​ទេ ប៉ុន្តែ គឺ​ជា​ភ្លៀង «ផ្ដាំ» ភ្លៀង​ចុង​ក្រោយ ឧបមា​ដូច​យើង​ខ្ពុរ​មាត់​ឈប់​បរិភោគ​ដូច្នេះ​ដែរ ។

+ ជួន​កាល​ភ្លៀង​ធំ នា​ពេល​អធ្រាត​នេះ មាន​រន្ទះ​បាញ់​ផូងផាង​ផង​ដែរ ។ គេ​ច្រើន​និយម​ហៅ​ថា «រន្ទះ​បាញ់​ក្បាល​ត្រី​ក្រាញ់» ព្រោះ​ជា​ចៃដន្យ​នៅ​ពេល​ស្រប​ជា​មួយ​នេះ​ដែរ​ក្បាល​ត្រី​ក្រាញ់​ទាំងឡាយ​មាន​ស្នាម​របក​ពពាល រលាត់ ទំពែក ។ នេះ​ក៏​ជា​សញ្ញា​ថា​អស់​ទឹក​ភ្លៀង​ដែរ ។

/ ដោយ​ពិនិត្យ​ភ្លៀង​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ :

ចាស់​បុរាណ លោក​អោយ​ពិនិត្យ​ថ្ងៃ​ភ្ជុំបិណ្ឌ ដើម្បី​គំណត់​អោយ​ដឹង​ថា តើ​ឆ្នាំ​នេះ ភ្លៀង​ជូន​ចុង​រដូវ ឬ​ក៏​រាំង​រឹះ ។

ឆ្លង​តាម​រយៈ​ការ​ពិនិត្យ​នេះ លោក​សំគាល់​ថា :

ប្រសិន​បើ​មាន​ភ្លៀង នៅ​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​នោះ គេ​សន្មត​ថា ស្រូវ​នឹង​ស្កក ព្រោះ​ភ្លៀង​មិន​ជូន​ចុង​ឆ្នាំ​ទេ ។

ប្រសិន​បើ​ពុំ​មាន​ភ្លៀង​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ទេ ចាស់​ៗ លោក​សប្បាយ​រីករាយ ហើយ​ប្រកាស​ប្រាប់​គ្នីគ្នា​ថា ឆ្នាំ​នេះ​ភ្លៀង​នឹង​ជូន​ចុង​ឆ្នាំ ។ ស្រូវ​ធ្ងន់​យើង​នឹង​បាន​ផល​ពេញ​លេញ​ជា​មិន​ខាន ។

/ ដោយ​ឮ​សំឡេង​ផ្គរ​លា ឬ ផ្គរ​ផ្ដាំ​ក្ដាម​ខ្យង :

នៅ​ចុង​ខែ​អស្សុជ ឬ​នៅ​ដើម​ខែ​កត្តិក នា​ពេល​អធ្រាត​ស្ងាត់​ជ្រងំ គេ​តែង​ឮ​សូរ​ផ្គរ​លាន់​បន្លឺ​សំឡេង​បង្អូស​យ៉ាង​វែង ឮ​ពី​ជ្រុង​ទិស​និរតី ឬ​ទក្សិណ ។ មុន​ដំបូង​ផ្គរ​នោះ​ឮ​សូរ​ដូចជា​នៅ​ជិត ។ ប៉ុន្តែ​សំឡេង​ផ្គរ​ឮ​កាន់​តែ​ឆ្ងាយ​ទៅ ៗ តិច​ទៅ ៗ រហូត​បាត់​សូរ​សំឡេង​តែ​ម្ដង ។ អ្នក​ទាំងឡាយ​ណា​ដែល​ធ្លាប់​ព្រាត់​គូ​ស្នេហា ព្រាត់​ប្រាស់​គ្រួសារ ឬ រស់​នៅ​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត កាល​បើ​បាន​ឮ​ផ្គរ​នេះ​ហើយ គេ​ច្បាស់​ជា​ស្រងេះ​ស្រងោច ហៀរ​ទឹក​ភ្នែក​ដោយ​ពុំ​ដឹង​ខ្លួន ។ ចាស់ ៗ អោយ​ឈ្មោះ​ផ្គរ​ប្រភេទ​នេះ​ថា «ផ្គរ​លា» «ផ្គរ​ផ្ដាំ​ក្ដាម – ខ្យង» ។ ព្រះ​បាទ​រាជសម្ភារ 12 ជា​កវី​ដ៏​ឆ្នើម នា​សតវត្ស​ទី ១៧ ទ្រង់​ព្រះ​រាជ​និពន្ធ​កំណាព្យ​មួយ​ឈ្មោះ «សរសើរ​ហេមន្ត​មាស 13» ក្នុង​នោះ កំណាព្យ​ក៏​បាន​និយាយ​ដល់​ផ្គរ​លាន់​ផ្ដាំ​ក្ដាមខ្យង ដែល​ចាស់ ៗ ពី​ដើម តែង​ស្មូត​ធ្វើ​បទ​យ៉ាង​ពីរោះ នៅ​ពេល​ដែល​ឮ​ផ្គរ​នេះ​។ ឧទាហរណ៍ «… ផ្គរ​ផ្ដាំ​ក្ដាម​ខ្យង​កង្កែប​គ្រំ អោយ​ខំ​កាយ​រន្ធ​ពួន​អាត្មា តែ​ទឹក​រីង​ខះ​អស់​កាល​ណា ប្រយ័ត្ន​មនុស្សា​ប្រហារ​ឆី …»

ផ្គរ​លាន់​ផ្ដាំ​ក្ដាម​ខ្យង ឬ ផ្គរ​លា​នេះ ជា​សំឡេង​ធម្មជាតិ​អោយ​ដំណឹង​ដល់​កសិករ​ថា​អស់​ទឹក​ភ្លៀង​ហើយ គួរ​ស្រវា​ស្រទេញ​តម្កល់​ទឹក​ទុក​ក្នុង​ស្រែ ការពារ​ក្រែង​ស្រូវ​ស្កក ។

ដោយ មៀច ប៉ុណ្ណ

1គេ​ហៅ​ថា ភ្នំ​ទឹក ឬ ភ្នំ​យោង ក៏​បាន

2ជួន​កាល​កូន​ក្អាត់​យំ​នៅ​ក្នុង​ស្រែ ពេល​ថ្ងៃ​ត្រង់​កំពុង​ក្ដៅ​ខ្លាំង ក៏​គេ​ទាយ​ថា​មិន​មាន ភ្លៀង​ដែរ ។

3គេ​ហៅ​ថា អំបោះ​ខ្មោច​ក៏​បាន ។ អ្នក​ស្រុក​ខ្លះ (កោះ​ធំ) ហៅ​ថា អំបោះ​ព្រះ ។

* មាន​មតិ​ចាស់ ៗ ខ្លះ បាន​ពោល​មក​ត ៗ គ្នា​ថា នៅ​នា​ស្ថាន​កៃលាស ស្ដេច​នាគរាជ​ដែល​មាន​ភារៈ​ផ្ដល់​ទឹក​ភ្លៀង​ប្រចាំ​ឆ្នាំ​មក​អោយ​មនុស្ស​លោក បាន​លេង​ទឹក​យ៉ាង​សប្បាយ​នៅ​ក្នុង​ស្រះ​បោក្ខរណី ។ ពេល​ហែល​មុជ បត់បែន ប្រែប្រួល​ខ្លួន​ចុះ​ឡើង​នោះ ស្ដេច​នាគរាជ​វាស​វ័ធ​កន្ទុយ​ទៅ​លើ​ដើម​ឈូក ធ្វើ​អោយ​ដាច់​ពាស​ពេញ​ស្រះ ។ ដូច្នេះ​ហើយ​បាន​ជា​ជ័រ ដែល​ហូរ​ចេញ​ពី​ដើម​ឈូក​នេះ បាន​រសាត់​អណ្ដែត​ហោះ​ហើរ​តាម​ខ្យល់ ធ្លាក់​មក​ស្ថាន​កណ្ដាល​យើង​យ៉ាង​ច្រើន នាំ​អោយ​យើង​រាល់​គ្នា​បកស្រាយ​ទៅ​តាម​ការ​យល់​ប្លែក ៗ គ្នា ក្នុង​ការ​ទស្សន៍ទាយ​ទឹក​ភ្លៀង ។

4ខ្យល់​ជំនោរ​រដូវ​វស្សា ច្រើន​បក់​មក​ពី​ទិស​ខាង​ត្បូង ឬ​ពី​និរតី ។

5ទាយ​ក្នុង​រដូវ​នេះ ឬ រដូវ​ក្រោយ ។

6គេ​ច្រើន​សម្រាក​នៅ​ក្នុង​គុហា​ចាស់​សម័យ​បុរេ​ប្រវត្តិសាស្ត្រ ។ ដេក​លើ​ធ្នះ​ដើម្បី​បង្កា​សត្វ​សាហាវ ។

7កាល​វា​នៅ​តូច គេ​ហៅ​ថា «តម្រា​ព្រៃ» គឺ​ទុក​វា​ជា​ក្បួន​សម្រាប់​ទាយ​ទឹក​ភ្លៀង ។

8ពណ៌​នៅ​កន្ទុយ​សត្វ​ព្រៃ មិន​ដូច​គ្នា​រាល់​ឆ្នាំ​នោះ​ទេ គឺ​ប្លែក​ពណ៌​គ្នា​ជានិច្ច ។

9ឈើ​បិទ​ទៀន​ប្រវែង​ប្រមាណ ២,៥០ ម ឬ ៣ ម មាន​ឆ្លាក់​ក្បាល​នាគ​នៅ​សង្ខាង ។

10ចំនួន​ទៀន ស្មើ​នឹង​ចំនួន​ខេត្ត ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ។

11រាត្រី​ខែ​អស្សុជ ឬ កត្តិក

12ព្រះ​រាជសម្ភារ ឬ ស្រីធម្មរាជា ឬ ពញា តូ (១៦២៩ – ១៦៣៤)

13កំណាព្យ​នេះ ទ្រង់​បាន​ព្រះ​រាជ​និពន្ធ​ពី​ឆ្នាំ ១៦២៩ ។

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on June 17, 2014, in ទំនៀមទម្លាប់ ប្រពៃណី. Bookmark the permalink. 2 Comments.

  1. បាន​ប៉ុណ្ណេះ រកស៊ីបានហើយ ហាហាហា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s