ពិធីបុណ្យវិសាខបូជា


ពិធីបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយយ៉ាងធំ​ក្នុង​ព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុស្សរណកិច្ច​ដ៏សំខាន់​សម្រាប់​រំឭក​ដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូ នាថ្ងៃពេញបូណ៌មី(គឹ​ថ្ងៃ១៥កើត)ខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថាជាហាមង្គល អភិលក្ខិតកាលគឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ

ទ្រង់ប្រសូតចាកឧទរមាតា

ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ 

៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន

សម្ដេច​ព្រះបរមសាស្ដ្រាចារ្យ​របស់យើង​ ទ្រង់​ប្រសូត​ ត្រាស់ដឹង​ និងបរិនិព្វាន​ សុទ្ធ​តែ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ​ខែពិសាខ​ ទាំងអស់​ប្លែក​តែ​ឆ្នាំ​ប៉ុណ្ណោះ​ ។​​ ព្រោះ​ហេតុនោះ​ហើយ​បាន​ជា​អ្នក​ប្រាជ្ញ​ចងក្រង​ជា​គាថា​ទុក​ដូច្នេះថា​ ៖​អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ សេចក្ដីថា ៖ ព្រះពុទ្ធ​យាង​ចុះទៅ​កាន់​គភ៌​នៃ​ព្រះវរមាតា​ ក្នុង​ថ្ងៃពេញបូណ៌មី​ ខែអាសាធ​ ទ្រង់​ប្រសូតក្នុង​ថ្ងៃពេញបូណ៌មី​ ខែពិសាខ​ បាន​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​ក្នុង​ថ្ងៃពេញបូណ៌មី​ ខែពិសាខ​ និង​ទ្រង់​ចូលបរិនិព្វាន​ ក៏​ថ្ងៃពេញបូណ៌មី​ ខែពិសាខ ​(ផ្សេងតែឆ្នាំ) ។ ជាប្រពៃណី​ ពិធីវិសាខបូជា​ គេតែងនាំគ្នា​ធ្វើ​ក្នុង​វេលារាត្រី​ ព្រោះ​តម្រូវ​ទៅ​តាម​ពាក្យ​ថា​ បុណ្ណមី មាន​សេចក្ដីថា​ ខែពេញបូណ៌មី​ ។​ ម្យ៉ាងទៀត​ការប្រារឰពិធី​ក្នុងពេល​រាត្រី​ អាស្រ័យ​ដោយ​លក្ខណៈ​ងាយស្រួល​២យ៉ាង​ គឺម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជគ្រឿងប្រទីប ​ជ្វាលា​ បូជា​ភ្លើង​អគ្គិសនី​ឱ្យ​ភ្លឺ​រុងរឿង​រន្ទាល​ ច្រាលឆ្អៅផង​ និង​ម្យ៉ាងទៀត​ដើម្បីបើក​ឱកាស​ឱ្យ​ពុទ្ធបរិស័ទ​បាន​ជួបជុំ​គ្នា​ដ៏ច្រើន​កុះករ​ទាំងប្រុស​ទាំងស្រី​ អាច​បំពេញ​កុសលកម្ម​នេះ​ ដោយ​សប្បាយ​រីករាយ​ ព្រោះ​ពេលយប់​ជា​វេលាទំនេរផង​ ។​
បុណ្យ​វិសាខបូជា​ត្រូវ​បាន​ចាត់ទុកថា​ ជា​បុណ្យដ៏ធំ​ ដោយ​មាន​មហាជន​ ចាស់​ ក្មេង​ ប្រុស​ ស្រី ​នៅ​ជុំគ្នា​អ៊ូអូរ​ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿងសក្ការបូជា​ មានទៀន​ ធូប​ ផ្កាភ្ញី​ និង​ប្រទីបជ្វាលា​តូចធំ​ អុជបំភ្លឺ​ព្រោងព្រាត​នៅ​គ្រប់វត្ដអារាម​ ។ និយាយរួ​មការ​ធ្វើបុណ្យវិសាខបូជា​គឺ​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ជា​មហាមង្គល​អភិលក្ខិតកាល​ទាំង៣​ ដូចពោលខាងលើ​ ។ រីឯ​ពិធីដែល​ធ្វើ​កំណត់​ថា​ ត្រឹមត្រូវគឺត្រូវមាន​ការសម្ដែង​រឿងពុទ្ធប្បវត្ដិ​តាំងអំពី​ដើមរហូត​ដល់ចប់​ដើម្បី​ជា​គ្រឿង​បណ្ដុះ​បសាទ​សទ្ធា​ឱ្យ​កើតមាន ​ក្នុង​គុណ ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ ឱ្យខ្លាំងក្លា​ឡើង​ ។ ​ពិធី​ដែលប្រជាជនខ្មែរ​យើង​ធ្លាប់​ធ្វើរួចហើយ​ចាត់ទុក​ជា​បែប​ដែល​ល្អ ​និងសមស្រប​ទៅនឹង​ប្រពៃណី​ពីបុរាណ​ ។​


ប្រភពកំណើតនៃវិសាខបូជា​៖
តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើបុណ្យវិសាខបូជានេះមុនគេ?
តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាពីត្រឹមពេលណាមក?


នៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនាទាំងឡាយបានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយម គឺថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថាសុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែវិសាខហើយ​នោះ ​ក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក ។ តាមការស្រាវជ្រាវឃើញថាការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ
បញ្ជាក់ ៖ បុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេស កាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ២០០០មកម្ល៉េះ ។ចំណែកប្រទេសកម្ពុជា ដែលមានព្រះពុទ្ធសាសនាបានមកប្រតិស្ឋានតាំងពីដំបូង ហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយតែបើតាមការស្រាវជ្រាវពិនិត្យមើលក្នុងព្រះរាជពង្សាវតារក្នុងសេចក្ដីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំហ្វូណនរហូតមកដល់សម័យក្រុងលង្វែក មិនប្រាកដថា មានទំនៀមធ្វើវិសាខបូជាឡើយប៉ុន្ដែ​បើយោងទៅលើសេចក្ដីថាព្រះពុទ្ធសាសនាលទ្ធិលង្កា បានផ្សាយចូលមកកម្ពុជរដ្ឋក្នុង​សម័យជាមួយគ្នានឹងក្រុងសុខោទ័យ គួរសន្និដ្ឋានបានថាមានទំនៀមធ្វើវិសាខបូជារួចមកហើយដូចជាប្រទេសថៃដែរ តែកម្ពុជាយើងពុំឃើញមានឯកសារជាភស្ដុតាង ឬក៏មានដែរ តែត្រូវរលាយសាបសូន្យអស់ទៅ ។ លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុង អយុធ្យាខាងថៃ និងក្នុងសម័យក្រុងលង្វែក ខាងខ្មែរ ទំនៀមទំលាប់ធ្វើវិសាខបូជាត្រឡប់ជាសាបសូន្យទៅវិញ ដូចជា ភ្លេចសូន្យឈឹងទាំងស្រុង ព្រោះមិនមានប្រាកដ ក្នុងឯកសារណាមួយថា បានធ្វើឡើយទាំងនេះព្រោះហេតុអ្វី?

តាមការសន្និដ្ឋានឃើញថា
ព្រោះព្រះសង្ឃអំពីលង្កានោះផុតរលត់អស់ទៅ
ព្រោះរឿងបឋមសម្ពោធិកថា ស្ដ្ដីពី រឿងពុទ្ធប្រវត្ដិ​ក្នុង​ពេលនោះមានតែភាសាបាលីហើយនៅរាត់រាយក្នុងគម្ពីរព្រះត្រៃបិដក ខ្លះក្នុងអដ្ឋកថា ខ្លះពុំទាន់ចងក្រងរួបរួម និងពុំទាន់បានប្រែរៀបរៀងជាភាសាសំរាប់ជាតិនៅឡើយ រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នាមានតែព្រះសង្ឃ ដែលចេះភាសាបាលី ទើបអាច​ដឹបានខ្លះព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជា ត្រូវបានសាបសូន្យទៅវិញចំណេរក្រោយមកប្រទេសថៃក្នុងសម័យ ក្រុងទេពបាងកកតាមសេចក្ដីដែលមានក្នុងសៀវភៅព្រះរាជពិធីស៊ិបសងដឿនថាក្នុងរជ្ជកាលទី២ ក្នុងឆ្នាំឆ្លូវ នព្វស័កពុទ្ធសករាជ២៣៦០គ្រិស្ដសករាជ១៨១៧ ទើបកើតមានពិធីវិសាខបូជាដោយពេលនោះ មានសម្ដេចព្រះសង្ឃរាជព្រះអង្គព្រះនាម មីនៅវត្ដរាជបូរណៈមកថ្វាយព្រះពរសុំឱ្យទ្រង់ធ្វើវិសាខបូជាជាដំបូងរីរបៀបធ្វើពិធីក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុង សុខោទ័យប៉ុន្ដែមិនសូវជាអធិកអធមដូចគ្រានោះទេ។
ចំណែកនៅប្រទេសកម្ពុជាវិញ ក្នុងសម័យជាមួយគ្នានេះប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយដោយហេតុថា ការធ្វើវិសាខ បូជានៅប្រទេសថៃក្នុងជំនាន់នោះនៅមិនទាន់មាំមួននៅឡើយ ទាំងគម្ពីរបឋមសម្ពោធិ ដែលសំរាប់ប្រើប្រាស់ក្នុងការនេះ ក៏មិនទាន់មាននៅឡើយដែរហើយទំនងជាមិនទាន់បានជ្រួតជ្រាបដល់ប្រជាជនខ្មែរផង។រីគម្ពីរបឋមសម្ពោធិជារឿងពុទ្ធប្រវត្ដិដំណាល​រឿងចាប់ផ្ដើមតាំងពីព្រះអង្គចុះចាកតុសិតទេវលោកមកយកកំណើតជាព្រះរាជបុត្រព្រះបាទសុទ្ធោទនៈនិងព្រះនាងមហា​មាយានៅនគរ កបិលពស្ដុ ក្នុងមជ្ឈិមប្រទេសរៀងរាបដរាបដល់ទ្រង់បានត្រាស់ជាអង្គព្រះពុទ្ធប្រោសសត្វហើយស្ដេចទ្រង់រំលត់ខន្ធចូលកាន់ព្រះ បរមនិព្វានជាទីបំផុត។ គម្ពីរបឋមសម្ពោធិនេះអ្នកប្រាជ្ញតែងឡើងសំរាប់ប្រើប្រាស់ទេសនានៅ​ក្នុង​បុណ្យវិសាខបូជាព្រោះថាការដែលនាំយកប្រវត្ដិរបស់រឿងនេះមកសម្ដែងដើម្បីជាភស្ដុតាងបញ្ជាក់ឱ្យដឹងថា វិសាខបូជាកើតឡើងពិតប្រាកដនោះពីត្រឹមពេលដែលកើត គម្ពីរនេះឡើង។ គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះណាំងក្លៅរជ្ជកាលទី៣ជាដំបូងហើយក្នុងជំនាន់នោះគម្ពីរនេះមាន២ប្រភេទគឺ​៖​


បឋម​សម្ពោធិសង្ខេប​មាន​២០បរិច្ឆេទ​ មិនមាន​ឈ្មោះ​អ្នកនិពន្ធ​ពិតប្រាកដ​ទេ​ ប្រហែល​ជា​និពន្ធ​ឡើង​ក្នុង​រជ្ជកាល​ទី២ ។​


បឋមសម្ពោធិវិត្ថារ​ ជា​ភាសាមគធៈ​មាន២១​ខ្សែ​ ឬ៣០​បរិច្ឆេទ​ទាំង​ជាភាសាបាលី​ និង​សម្រាយ​ ។​


ព្រះបាទ​សម្ដេចព្រះណាំងក្លៅ​ ទ្រង់​អារាធនា​សម្ដេច​ក្រុម​ព្រះបរមានុជិត​ជិនោរស​ សង្ឃរាជ​នៅ​វត្ដព្រះជេតព័ន​ ក្នុង​ក្រុងទេព​ឱ្យ​និពន្ធ ឡើង​ ។ សម្ដេចក្រុម​ព្រះអង្គ​នេះ​បាន​ រួបរួម​សេចក្ដីចេញ​ពី​គម្ពីរផ្សេងៗ​ និង​និពន្ធ​បន្ថែម​ឡើង​ខ្លះ​ក្នុង​ពុទ្ធសករាជ​ ២៣៨៧​ គ្រិស្ដសករាជ​ ១៨៤៥​ ។ ចំណែក​ប្រទេសខ្មែរ​យើង​ គម្ពីរបឋម សម្ពោធិ​ជា​ភាសាមគធៈ​ មាន​២១ខ្សែ​ ឬ​៣០បរិច្ឆេទ​ ។​ គម្ពីរ​ជាសំរាយ​មាន៣បែប​គឺ​ ទី១​ ហៅថា​ បឋមសម្ពោធិសង្ខេប ឬហៅថា បឋមត្រាស់ មាន​៥៦ខ្សែ​ ឬ​មួយខ្សែចប់​ ពណ៌នា​សេចក្ដី​តាំងពី​ព្រះអង្គយាង​ចុះ​ចាក​តុសិត​ មក​ចាប់​បដិសន្ធិ​ជា​ឱរស​ព្រះបាទសុទ្ធោទនៈ​ និង​ព្រះនាងសិរិមហាមាយា​ រហូត​មក​ត្រឹម​ព្រះអង្គ​ចេញ​ទ្រង់​ព្រះផ្នួស​ បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ។​ អត្ថបទនេះ​មិន​ដឹង​ជា​អ្នក​ណា​ជា​អ្នកនិពន្ធ​ទេ​ ហើយ​និពន្ធ​ពី​ក្នុង​ពុទ្ធសករាជ​ណាទេ​ ។ តែ​តាម​ការសង្កេត​មើល​ពាក្យពេចន៍​ ក្នុង​គម្ពីរ​នោះ​ ឃើញ​ថា​មិន​ជា​ចាស់​ណាស់​ណា​ទេ​ យ៉ាង​យូរ​ណាស់​ត្រឹម​សម័យ​ក្រុងឧដុង្គ​ ខាងដើម​ ។ គម្ពីរ​នេះ​គេ​ច្រើន​ប្រើ​សំរាប់​ទេសនាក្នុង​ពិធីបុណ្យ​អភិសេក​ព្រះពុទ្ធរូប​ ផង​ដែរ​ ។ គម្ពីរ​ទី២​ ហៅថា​ បឋមសម្ពោធិវិត្ថារ មាន​៣០ បរិច្ឆេទ​ ។ គម្ពីរ​នេះ​សម្ដេច​ព្រះមហាសុមេធាធិបតី​ ព្រះសង្ឃរាជ​ ជួន ណាត​ (កាល​នៅ​ជាសង្ឃ​នាយក) បាន​មាន​ថេរដីកា​ថា​ មហា ណាក​ មហាភូ​ និង​អាចារ្យសន​ ។ល។​ នៅ​ខេត្ដបាត់ដំបង​ បាន​ប្រែ​ចេញ​ពី​ បឋមសម្ពោធិវិត្ថារ​របស់​សម្ដេច​ក្រុមព្រះបរមានុជិត​ ជិនោរស​ ក្នុង​សម័យ​ព្រះយ៉ាកថាថន​ តទាធរ ឈុម​ ធ្វើ​ជា​ចៅ​មឿង​បាត់ដំបង​ ហើយ​ដែល​បាន​ផ្សព្វផ្សាយ​ ។​


នៅប្រទេសកម្ពុជា​៖​
បុណ្យវិសាខបូជាតាមដែលចាស់ទុំអ្នកមុខអ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងថាគេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួងដែលគង់នៅក្នុងឧដុង្គជាដំបូងព្រោះថាកាលក្នុងពុទ្ធសករាជ២៣៩៧គ្រិស្ដសករាជ១៨៥៤សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ​​ គម្ពីរទី៣ ហៅថាបឋមសម្ពោធិកថាគឺ បឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនីប៉ែនគង់នៅវត្ដបទុមវតីក្រុងភ្នំពេញ ប្រែនិងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះមហាសង្ឃរាជសាក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមាន៣០បរិច្ឆេទ ដូចច្បាប់ដើម គម្ពីរនេះមានជាបែបបទសំរាប់ ទេសនាក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្មយុត្ដិកនិកាយទូទាំងប្រទេសខ្មែរការធ្វើវិសាខបូជា ក្នុងសម័យរជ្ជកាលទី២ នោះប្រហែលជាមានធ្វើតែក្នុងក្រុងមិនទាន់ បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេហើយក៏មិនទាន់មានភាពឱឡារិកអធិកអធមដែរពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាមលក្ខណៈកើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដក ជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពីកាលទ្រង់ព្រះផ្នួសនៅឡើយលុះដល់ទ្រង់ ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅ​​តែបន្ដធ្វើវិសាខបូជារៀងដរាបមករហូតដល់ ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសំរាប់ទេសនាក្នុងពិធីបុណ្យនេះដូចបានពោលខាងលើព្រះមហាប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតីជាគណៈធម្មយុត្ដិកនិកាយនៅក្រុងទេពបាងកកអំពីព្រះបាទសម្ដេចព្រះចមក្លៅរជ្ជកាលទី៤បន្ទាប់មកក្រោយនោះមួយឆ្នាំគឺក្នុងពុទ្ធសករាជ២៣៩៨ ព្រះមហាប៉ាន ទើបនិមន្ដមក អំពីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្ស ទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយបាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដ សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ​​តរៀងមកដោយហេតុថា ព្រះមហាថេរ អង្គនេះកាលដែលលោកគង់នៅទីក្រុងទេពធ្លាប់ធ្វើវិសាខបូជារួចមកហើយ កាល បានគង់នៅប្រទេសខ្មែរព្រមទាំងបានធ្វើជាធំក្នុងគណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើមឡើងតាមដែលធ្លាប់​បាន​ធ្វើកន្លងមកប៉ុន្ដែយើងពុំបានដឹងច្បាស់នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុងឆ្នាំណា សករាជ ប៉ុន្មាននោះទេ ព្រោះគ្មានឯកសារជាក់ស្ដែងគ្រាន់តែមានសេចក្ដីអះអាងពីអ្នកមុខអ្នកការទាំងឡាយថាប្រាកដជាមានធ្វើវិសាខបូជាតាំងពីក្នុង​ពេលដែលលោកគង់នៅក្រុងឧដុង្គ​មកម្ល៉េះលុះដល់ពេលលោកមកគង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ២៤០៨ក៏បានប្រារឰវិសាខបូជារហូតដល់អស់ព្រះជន្ម ។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយទូទៅនៅគ្រប់វត្ដគណៈ ធម្មយុត្ដិកនិកាយជាប់ជាទំនៀមរហូតមក ។ ចំណែកវត្ដខាងមហានិកាយ ទើបមានធ្វើក្នុងសម័យក្រុងភ្នំពេញក្នុងរជ្ជកាលព្រះ ស៊ីសុវត្ថិ​តាមដែលសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជជួន ណាតកាលនៅជា​ព្រះសង្ឃនាយកដំណាលថា ក្នុងឆ្នាំមួយនោះលោកគ្រូព្រះវនរ័តន្ទ​ គង់នៅវត្ដឧណ្ណាលោម បាននិន្ដ​ទៅក្រុងទេពឃើញព្រះសង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិក និកាយ ទាំងគណៈមហានិកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេលនិមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេចព្រះ មហាសង្ឃរាជព្រះនាមទៀងសុំឱ្យធ្វើវិសាខបូជា សម្ដេច ព្រះមហាសង្ឃរាជទៀង ក៏ទ្រង់បានព្រះរាជានុញាតតាមសំណូមពរទើបវិសាខបូជាត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាបមក ។ ប៉ុន្ដែពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដនៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង​ប៉ុណ្ណោះ​រីវត្ដនៅតាមខេត្ដក្រៅមានធ្វើតែ​នៅ​វត្ដធំៗ វត្ដតូចៗ ច្រើនពុំបានធ្វើនៅឡើយ​ទេ​ចំណែកព្រះមហាក្សត្រដែនដីតាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សព្រះអង្គ ឌួងមកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្ តាមឯកសារបានលើកសរសើរព្រះគុណសម្បត្តិ​ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជាអ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូង ព្រោះរាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុងទេពបាងកកនិងទ្រង់ធ្លាប់សាងព្រះផ្នួសនៅទីនោះ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ ជ្រួតជ្រាបគម្ពីរព្រះត្រៃ បិដកជ្រៅជ្រះនៅពេលដែលទ្រង់បានឡើងសោយរាជសម្បត្តិ​ ក៏ទ្រង់ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ធ្លាប់បានជ្រួតជ្រាប និងធ្លាប់បានទតឃើញ របៀបបែបផែនដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ

(ដកស្រង់ចេញពីសៀវភៅគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ)

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on May 2, 2014, in ព្រះពុទ្ធសាសនា. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: