ព្រះ​ពុទ្ធសាសនា គឺ​ជា​គ្រឹះ​នៃ​ការ​ប្រតិបត្តិ សំរាប់​ការ​រស់​នៅ​ទាំងអស់​គ្នា


ព្រះ​ពុទ្ធសាសនា គឺ​ជា​គ្រឹះ​នៃ​ការ​ប្រតិបត្តិ

សំរាប់​ការ​រស់​នៅ​ទាំងអស់​គ្នា *

buddhaសត្វ​លោក​ដែល​ត្រូវ​អវិជ្ជា​បិទ​បាំង មាន​សេចក្ដី​ត្រេក​ត្រអាល (នន្ទិរាគៈ) ជា​គ្រឿង​ចង​ទុក មាន​ការ​រិះ​គិត (វិតក្កស្ស វិចារណា) ជា​គ្រឿង​បញ្ជា​ទៅ រមែង​ក្ដៅ​ផ្សា​ដោយ​ភ្លើង​ទុក្ខ​និង​ភ្លើង​កិលេស ហើយ​អន្ទោល​ទៅ​ក្នុង​សង្សាវដ្ដ គ្មាន​ទី​បញ្ចប់ ។

ធម្មជាតិ​ទាំងឡាយ​ណា មាន​កិរិយា​កើត​ឡើង​ជា​ធម្មតា ធម្មជាតិ​ទាំង​នោះ ក៏​រីក​លូត​លាស់​ទៅ​រក​សេចក្ដី​វិនាស​អន្តរធាន​សាប​សូន្យ​ទៅ​ជា​ធម្មតា, មិន​បាន​ទៀង​នៅ​ជា​អមតៈ​ទេ, សូម្បី​តែ​ដំណើរ​នៃ​លោក​ដែល​មាន​ការ​កើត​ជា​ខាង​ដើម និង​ការ​វិនាស​ទៅ​ជា​ខាង​ចុង ក៏​មាន​ការ​វិល​ទៅ​មុខ​ជានិច្ច ឥត​ឈប់​ឈរ ដូចជា​កង់ចក្រ ហើយ​ក៏​គ្មាន​អ្នក​ណា​ជា​អ្នក​បង្កើត​ក្រៅ​តែ​ពី​ហេតុ​បច្ច័យ ប៉ុណ្ណោះ ល្គឹក​ណា​បើ​គ្មាន​ហេតុ​បច្ច័យ​ទេ ក៏​មិន​អាច​កើត​ឡើង​បាន​ដែរ ។

ក្នុង​ដំណើរ​នៃ​លោក​ដែល​វិវត្ត​មក​ដល់​សម័យ​កាល​វិទ្យាសាស្ត្រ​កាន់​ត​រីក​ចំរើន​ឥត​ឈប់​ឈរ​នេះ, អាវុធ​ប្រល័យ​ជីវិត​ក៏​កាន់​តែ​ទំនើប និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចំណែក​គ្រោះថ្នាក់​នៃ​បាតុភូត​ដ៏​អាក្រក់​នៃ​ធម្មជាតិ ក៏​កាន់​តែ​កើត​មាន​ឡើង​ប្លែក ៗ ហើយ​ជម្លោះ​នៃ​សង្គ្រាម​សដ្ឋកិច្ច សង្គ្រាម​ឈ្លានពាន សង្គ្រាម​សាសនា សង្គ្រាម​ស៊ីវិល សង្គ្រាម​ដណ្ដើម​អំណាច​នៃ​លទ្ធិ​នយោបាយ ការ​វាយ​ប្រហារ​ដោយ​សង្គ្រាម​ពាក្យ​សំដី អំពើ​ហិង្សា​ជាដើម ជា​ទូទៅ ក៏​បន្ត​កើត​មាន​នៅ​ឡើយ ទោះបី​ជា​មាន​ច្បាប់ និង​ទណ្ឌកម្ម​ក៏​ដោយ ទាំង​នេះ​ក៏​ព្រោះ​តែ​មាន​ហេតុ​របស់​វា​ដែរ គឺ​ការ​ថយ​ចុះ​នៃ​គុណធម៌ សីលធម៌ មនុស្ស​ធម៌ និង​ព្រហ្មវិហារ​ធម៌​ជាដើម​នោះ​ឯង និង​ការ​រីក​ដុះ​ដាល​ឡើង​នៃ​អកុសល​ធម៌ អមនុស្ស​ធម៌ មហិច្ឆតា​លោភលន់ ការ​ចង​គំនុំ​គុំគួន មិច្ឆា​ទិដ្ឋិ ការ​ប្រកាន់​មានះ​រើស​អើង ការ​មិន​ចេះ​អនុគ្រោះ ការ​បំផ្លាញ​បរិដ្ឋាន សេចក្ដី​កំណាញ់ សេចក្ដី​និន្ទា​ឈ្នានីស ជាដើម​នោះ​ឯង ។

ចំណែក​ឯ​ព្រះ​ពុទ្ធ បាន​ណែនាំ​អោយ​លះបង់​នូវ​លោភៈ ទោសៈ មោហៈ ដែល​ជា​ហេតុ​នៃ​រឿងរ៉ាវ​ដ៏​អាស្រូវ​ទាំង​នោះ ចេះ​រស់​នៅ​ដោយ​សុខ​ស្ងប់​ផ្លូវ​កាយ និង​សន្តិភាព​ផ្លូវ​ចិត្ត​ក្នុង​អហិង្សា​ធម៌ ដោយ​មិន​បៀតបៀន​ខ្លួន​ង ជាង​មិន​បៀតបៀន​អ្នក​ដទៃ​ផង ពោល​គឺ អោយ​ចេះ​អនុគ្រោះ​គ្នា​ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​ធម៌ ៤ យ៉ាង​គឺ : ការ​មាន​ចិត្ត​ទូលាយ ចេះ​ចែក​ចាយ​ធ្វើ​ទាន ១, ពោល​ពាក្យ​គួរ​ជា​ទី​ស្រឡាញ់ ១, ប្រព្រឹត្ត​ជា​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ១, តម្កល់​ខ្លួន​ស្មើ​ក្នុង​ព្រះ​ធម៌ ១ ; ទាំង​បាន​មន​ពុទ្ធដីកា​ថា «ការ​ស្រុះ​ស្រួល​សាមគ្គី​គ្នា រមែង​បាន​សេចក្ដី​សុខ» «សេចក្ដី​សន្តោស​ព្រម​ត្រេកអរ​របស់​តាម​មាន​តាម​បាន ជា​ទ្រព្យ​ដ៏​ប្រសើរ របស់​បុគ្គល» តែ​មិនមែន​មាន​ន័យ​ថា​អោយ​ខ្ចី​ទេ គឺ​ថា ការ​ស្វែង​រក​ប្រយោជន៍​បច្ចុប្បន្ន ត្រូវ​ប្រកប​ដោយ​អង្គ ៤ : មាន​ការ​ប្រឹងប្រែង​ព្យាយាម ១, ការ​ចេះ​រក្សា​ទុក​ដាក់ ១, ការ​ចិញ្ចឹម​ជីវិត​អោយ​ស្មើ​តាម​ព្រះ​ធម៌ ១, ការ​សេពគប់​មនុស្ស​បាន​ត្រឹមត្រូវ ១ ។ ម្យ៉ាង​ទៀត ក៏​បាន​អោយ​ចៀសវាង​នូវ​ហេតុ នូវ​សេចក្ដី​វិនាស ចង្រៃ​ឧត្បាត ដែល​មាន ១២ ជំពូក ក្នុង​បរាភវសូត្រ ដូចជា​ការ​ពេញ​ចិត្ត​នឹង​ធម៌​របស់​អសប្បុរស, ការ​ប្រាកដ​តែ​ខាង​ខឹង​ក្រេវ​ក្រោធ ការ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ហើយ​មិន​ចិញ្ចឹម​មាតា​បិតា ជាដើម និង​អោយ​ស្វែង​រក​នូវ​សុភមង្គល​សិរី​សួស្ដី ដែល​មាន ៣៨ ប្រការ​ក្នុង​មង្គលសូត្រ ដូចជា​ការ​មិន​សេពគប់​បុគ្គល​ពាល ការ​នៅ​ក្នុង​ស្រុក​ទេស​ដ៏​សមគួរ ភាព​ជា​អ្នក​ចេះ​ដឹង​ច្រើន ការ​តម្កល់​ខ្លួន​អោយ​ល្អ ការ​ប្រព្រឹត្ត​បន្ទាប​ខ្លួន ការ​ធ្វើ​ការងារ​អោយ​ពិត​ប្រាកដ មិន​ច្របូក​ច្របល់ ការ​ចេះ​ព្រម​ត្រេកអរ​របស់​តាម​មាន​តាម​បាន ការ​បរិច្ចាគ​ទាន​ចែក​ចាយ សេចក្ដី​អត់ធ្មត់ ការ​អោយ​ចេះ​អនុគ្រោះ​គ្នា​តាម​សង្កហធម៌​ក្នុង​សង្គម​គ្រួសារ ការ​ពោល​វាចា​អោយ​បាន​ត្រឹមត្រូវ​ជាដើម ។ ទាំង​នេះ​គ្រាន់​តែ​ជា​ចំណែក​ដ៏​តូច​មួយ​នៃ​ព្រះ​ធម៌ ដែល​មាន ៨៤.០០០ ធម្មក្ខន្ធ ប៉ុណ្ណោះ តែ​ទោះ​យ៉ាង​ដូច្នោះ​ក៏​ដោយ បើ​បំព្រួញ​អោយ​ខ្លី នៅ​ត្រង់​ឱវាទ ៣ ម៉ាត់​គឺ : ការ​មិន​អោយ​ធ្វើ​អំពើ​អាក្រក់​គ្រប់​យ៉ាង, ការ​ធ្វើ​តែ​អំពើ​ល្អ, ការ​សំអាត​ចិត្ត​អោយ​បរិសុទ្ធ​ចាក​មន្ទិល មាន​លោភៈ ទោសៈ មោហៈ ជាដើម ។

វា​ចាំបាច់​ដែរ សម្រាប់​យើង​រាល់​គ្នា ក្នុង​ការ​ដុះ​ខាត់​កិលេស មាន​លោភៈ ទោសៈ មោហៈ ជាដើម ព្រោះ​ថា កាល​បើ​កិលេស​នេះ​ក្លៀវក្លា​ឡើង​ហើយ ធ្វើ​អោយ​មនុស្ស​ចេះ​ភូត​កុហក បោកប្រាស ការ​កាប់​សម្លាប់ អំពើ​ហិង្សា និង​អំពើ​ដ៏​លាមក​ដទៃ​ទៀត ។

លោភៈ បើ​គ្រប​សង្កត់​បុគ្គល​ណា​ហើយ ធ្វើ​អោយ​មនុស្ស​នោះ​វង្វេង​មិន​ឃើញ​ធម៌​អនិច្ចំ គ្មាន​សេចក្ដី​ខ្មាស គ្មាន​ធម៌​សន្តោស (ត្រេកអរ​តាម​មាន​តាម​បាន) ក្រាស់​ដោយ​មហិច្ចតា ទោះបី​ជា​មាន​ទ្រព្យ អំណាច​ច្រើន​ហើយ​ក៏​ដោយ ក៏​មិន​បាន​សុខ​ស្ងប់​ចិត្ត ពោល​គឺ តែង​តែ​អន្ទះ​សា​ក្ដៅ​ក្រហាយ រហូត​ដល់​ធ្វើ​នូវ​អំពើ​ដែល​មិន​ប្រកប​តាម​គន្លង​ធម៌​បាន​កាន់​តែ​ច្រើន សេចក្ដី​ខ្វះ​ខាត​កាន់​តែ​ធំធេង ដូច​ពុទ្ធភាសិត​ថា អ្នក​បរិភោគ​កាម សុទ្ធ​តែ​ជា​អ្នក​ខ្វះ​ខាត​រហូត​ដល់​លះបង់​រាង​កាយ​ទៅ ។

ទោសៈ កាល​បើ​គ្រប​សង្កត់​ជន​ណា​ហើយ ជន​នោះ​គឺ​ជា​មនុស្ស​គ្មាន​មេត្តា​ធម៌ មនុស្ស​វង្វេង​បាំង​ទុក្ខំ និង​ប្រព្រឹត្ត​ទុច្ចរិត​ផ្សេង ៗ ដូចជា​ការ​បង្ក​ជម្លោះ ការ​ចង់​កំចាត់​នូវ​ពៀរ​ដោយ​តាម​សងសឹក ចង់​ឈ្នះ​កោធជន​ដោយ​ការ​ខឹង​ក្រេវក្រោធ​ត​តប​ដែល​មិន​ខុស​អ្វី​អំពី​ការ​ចង់​ឈ្នះ​អគ្គី​កំពុង​ឆេះ ដោយ​ការ​យក​ឥន្ធនៈ​មក​ជះ​ពន្លត់​ដូច្នេះ​ឯង ហើយ​ទី​បំផុត គឺ​សុទ្ធ​តែ​ជា​អ្នក​ចាញ់ គឺ​ចាញ់​កិលេស​បាប​ក្នុង​ខ្លួន​ឯង ច្រើន​តែ​បង្ក​វេរា​គ្មាន​ទី​បញ្ចប់ ។

ដូច្នេះ យើង​គួរ​តែ​យក​ជ័យជំនះ​លើ​ខ្លួន​ឯង ដោយ​អប់រំ​ចំរើន​ព្រហ្មវិហារ​ធម៌​ដល់​បុគ្គល​ទូទៅ ទោះ​ជា​មិន​ជា​ទី​ស្រឡាញ់ ទោះបី​ជា​យ៉ាង​ណា, ចំពោះ​បុគ្គល​មិន​ជា​ទី​ស្រឡាញ់ យើង​ចំរើន​មេត្តា​ម្លឹង​តែ​ត្រង់​ចំណុច​ល្អ​របស់​ជន​នោះ ដូច​បុគ្គល​ណា​ដើរ​ផ្លូវ​ឆ្ងាយ​ស្រេក​ទឹក​ហើយ​បាន​ជួប​ស្រះ គួរ​តែ​វែក​ចក​និង​សារាយ​ចេញ ហើយ​ក្រេប​ផឹក​តែ​ត្រង់​ទឹក​ថ្លា​ប៉ុណ្ណោះ ។ ដូច្នេះ យើង​មិន​ត្រូវ​ក្រោធ​ខឹង​នឹង​មនុស្ស​ឆ្កួត​ទេ តែ​យើង​គ្រាន់​តែ​ធ្វើ​យ៉ាង​ណា កុំ​អោយ​មនុស្ស​ឆ្កួត​នោះ​បៀតបៀន​បាន និង​ធ្វើ​អោយ​ចិត្ត​របស់​យើង​បាន​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​កិលេស​មារ​ដ៏​លាមក និង​បាន​ជ័យជំនះ​លើ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ។ ទោះបី​បុគ្គល​ឈ្នះ​ក្នុង​សង្គ្រាម​មួយពាន់ គុណ​នឹង​មួយ​ពាន់​ដង​ក៏​ដោយ ក៏​ព្រះ​ពុទ្ធ​មិន​ទាន់​អោយ​ឈ្មោះ​ថា​អ្នក​មាន​ជ័យជំនះ​ដែរ ចំពោះ​ឯ​បុគ្គល​ណា​ដែល​ឈ្នះ​ខ្លួន​ឯង​តែ​ម្នាក់​គត់​បាន ទើប​មាន​ឈ្មោះ​ថា​ជា​អ្នក​មាន​ជ័យជំនះ​ដ៏​ប្រសើរ​ឯង ព្រោះ​គ្មាន​បុគ្គល​ណា​មួយ សូម្បី​មនុស្ស ទេវតា ក៏​មិន​អាច​ធ្វើ​អោយ​បរាជ័យ​បាន​ដែរ ម្យ៉ាង​ទៀត បុគ្គល​ណា​រក្សា​ខ្លួន​បាន​ខាង​ក្រៅ​របស់​អ្នក​នោះ ឈ្មោះ​ថា ខ្លួន​បាន​រក្សា​ល្អ​ហើយ ។

មុន​នឹង​ស្វែង​រក​កល្យាណ​មិត្ត​ល្អ​ខាង​ក្រៅ គួរ​តែ​ធ្វើ​ខ្លួន​ឯង​អោយ​ជា​មិត្ត​ល្អ​សិន ក៏​ដូចជា​មុន​នឹង​ស្វែង​រក​សុខ​សន្តិភាព​ជូន​សង្គម​ជាតិ គួរ​តែ​ធ្វើ​ខ្លួន​ឯង​អោយ​មាន​សន្តិភាព និង​គុណធម៌​ជា​មុន​សិន ព្រោះ​ថា ចំណេះ​វិជ្ជា ទ្រព្យ​សម្បត្តិ អំណាច បើ​ធ្លាក់​ដល់​កណ្ដាប់​ដៃ​បុគ្គល​គ្មាន​គុណធម៌​ហើយ វា​តែង​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​បំផ្លាញ​នូវ​កុសល​ធម៌​របស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ។

នរជន​ណា​រស់​នៅ​បាន​តែ​មួយ​ថ្ងៃ ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ​វិញ តែ​ជា​បុគ្គល​មាន​គុណធម៌ ដូចជា​សីល ទាន បញ្ញា ឬ ការ​បាន​ឃើញ​ព្រះ​ធម៌​ជាដើម គង់​ប្រសើរ​វិសេស​ជាង​បុគ្គល​រស់​នៅ​បាន​រាប់​រយ​ឆ្នាំ ដែល​គ្មាន​គុណធម៌ ដូច្នេះ បើ​យើង​ចង់​អោយ​ជីវិត​មាន​ន័យ​ខ្លឹមសារ និង​ឈ្មោះ​ជា​អ្នក​ស្រឡាញ់​ខ្លួន និង​សន្តិភាព​ពិត​ប្រាកដ​នោះ គួរ​តែ​រក​សន្តិភាព​អោយ​ខ្លួន កុំ​អោយ​ជា​មនុស្ស​ចង្អៀត​លោក និង​រក្សា​ខ្លួន​រឿយ ៗ ដោយ​កុំ​ដុត​ខ្លួន​ឯង​ឡើយ ព្រោះ​ថា បុគ្គល​ល្ងង់ មាន​ខ្លួន​ឯង​ជា​សត្រូវ​ចំពោះ​ខ្លួន​ឯង ដូច​ច្រេះ​កើត​អំពី​ដែក រមែង​ស៊ី​នូវ​ដែក​នោះ​វិញ ។

បុគ្គល​ដែល​មាន​ការ​ទូន្មាន​ដោយ​ព្រះ​ធម៌​នៃ​ព្រះ​ពុទ្ធសាសនា​បាន​ល្អ​ហើយ​នោះ ឈ្មោះ​ថា​បាន​នូវ​ទីពឹង​ដែល​គេ​បាន​ដោយ​កម្រ និង​រស់​នៅ​ដោយ​សុខ​សន្តិភាព ដូច្នេះ ព្រះ​ពុទ្ធសាសនា​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ទប់​ស្កាត់ និង​លុប​បំបាត់​នូវ​អំពើ​ហិង្សា ការ​លួច ឆក់ ប្លន់ ការ​កាប់​សម្លាប់ ការ​បង្ក​សង្គ្រាម អំពើ​ពុករលួយ ការ​រំលោភ​ច្បាប់ អំពើ​លាមក​រាប់​រយ​ជំពូក​ដទៃ​ទៀត ។

ព្រះ​ពុទ្ធសាសនា គឺ​ជា​គ្រឹះ​កំពូល​នៃ​ប្រព័ន្ធ​សីលធម៌ ប្រសើរ​លើស​ច្បាប់ និង​សីលធម៌​ធម្មតា និង​ក៏​ជា​ទ្រឹស្ដី​នៃ​វិទ្យាសាស្ត្រ ដែល​ភ្ជាប់​ហេតុ​ពិត​ទៅ​នឹង​ផល ដូចជា​បដិច្ច​សមុប្បាទ ចតុរារិយ​សច្ចៈ​ជាដើម លើស​ពី​នេះ​ទៅ​ទៀត ព្រះ​ធម៌ ៤.២០០ ធម្មក្ខន្ធ​ក្នុង​អភិធម្មបិដក មាន​អត្ថន័យ​ទស្សនវិជ្ជា​ជ្រាលជ្រៅ​ហួស​និស្ស័យ​នៃ​គំនិត​របស់​មនុស្ស​លោក​សាមញ្ញ ដែល​ប្រឹង​គិត​រាវ​រក​អោយ​ឃើញ​បាន​ដោយ​ខ្លួន​ឯង និង​ដោយ​គ្មាន​ព្រះ​ពុទ្ធ​ត្រាស់​ដឹង​ឡើង​ទេ​នោះ ។

ព្រះ​ពុទ្ធ​មិនមែន​ជា​អ្នក​បង្កើត​ធម៌​ទេ តែ​ព្រះ​អង្គ​គ្រាន់​តែ​រក​ធម៌​ឃើញ​ប៉ុណ្ណោះ ដោយ​ប្រើ​ពេល​កសាង​សន្សំ​អភិនីហារ​បារមី ដើម្បី​ត្រាស់​ដឹង អស់ ៤ អសង្ខេយ្យ និង​មួយ​សែន​កប្ប ។ ធម៌​នេះ​ក៏​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​បុគ្គល ឬ​ជនជាតិ​ណា​មួយ​ឡើយ ព្រោះ​ថា បុគ្គល​ណា​ក៏​ដោយ​អោយ​តែ​ប្រព្រឹត្ត​តាម​ព្រះ​ធម៌​បាន​ត្រឹមត្រូវ​ហើយ ព្រះ​ធម៌​តែ​នាំ​សេចក្ដី​សុខ​អោយ​ដល់​ជន​ទាំងអស់​នោះ «ធម្មោ សុចិណ្ណោ សុខមាវហាតិ» ដូច្នេះ ព្រះ​ពុទ្ធសាសនា គឺ​ជា​ច្បាប់​សកល និង​ជា​គ្រឹះ​សំរាប់​យើង​ទាំងអស់​គ្នា ក្នុង​ពិភពលោក​គោរព​ប្រតិបត្តិ ដើម្បី​បាន​សុខ​សន្តិភាព ស្ថិរភាព សុភមង្គល ការ​បាន​ប្រយោជន៍​ខ្លួន​ឯង​ផង ប្រយោជន៍​អ្នក​ដទៃ​ផង ប្រយោជន៍​ក្នុង​ការ​រស់​នៅ​បច្ចុប្បន្ន​ផង ប្រយោជន៍​បរលោក​ផង បិង​ប្រយោជន៍ ដ៏​ក្រៃលែង គឺ​ព្រះ​និព្វាន​ជា​ទី​បំផុត នៃ​ការ​អន្ទោល​ទៅ​ក្នុង​សង្សាវដ្ត​ផង​ដែរ ៕

*ធម្មទេសនា​របស់​សម្ដេច​ព្រះ​មហា​ឃោសនន្ទ ក្នុង​ពិធី​ប្រកាស​ទទួល​រង្វាន់ នីវ៉ាណូ

កម្ពុជសុរិយា ១៩៩៨

 

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on April 2, 2014, in គតិ, គំនិតគួរពិចារណា, ព្រះពុទ្ធសាសនា. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: