អាថ៌​កំបាំង​ និង ​អត្ថន័យ​នៃ​ប្រាសាទ​បាយ័ន​


ថ្មីៗ​កន្លង​ទៅ​នេះ​ សហស្សវត្ស​ឆ្នាំ​២០០០​ បាន​ធ្វើ​សេចក្ដី​ ថ្លែង​ការណ៍​យ៉ាង​ឱឡារិក​ ដើម្បី​វប្បធម៌​សន្តិភាព​ និង​អហិង្សា​ ហើយ​កំណត់​ជា​ឆ្នាំ​អន្តរជាតិ​ ដើម្បី​សន្តិភាព​ក្នុង​ដំណើរ​ថ្មី​មួយ ។

ចំពោះ​គំនិត​របស់​សកល​លោក​ខាង​លើ​នេះ​ ខ្មែរ​យើង​បាន​ ឃើញ​ថា​ ដូនតា​បុព្វ​បុរស​របស់​យើង​បាន​ចាប់​អារម្មណ៍​ខ្ពស់​ និង​ យូរ​លង់​ណាស់​មក​ហើយ​ ‘ កន្លង​ច្រើន​សត​វត្សរ៍​ ’ ចំពោះ​វប្បធម៌​សន្តិភាព​ និង​អហិង្សា​នេះ​ ដោយ​លោក​បាន​សាប​ព្រោះ​បណ្ដុះ​ បណ្ដាល​ពាស​ពេញ​ផ្ទៃ​ប្រទេស​ : ក្នុង​សិល្បៈ​ ក្នុង​រូប​ចម្លាក់​ ក្នុង​ ក្បូរ​ក្បាច់​រចនា​ ក្នុង​ស្ថាបត្យកម្ម​ ក្នុង​ទំនៀម​ទម្លាប់​ ក្នុង​ប្រពៃណី​ ក្នុង​ជំនឿ​សាសនា​ ក្នុង​អារ្យ​ធម៌ និង​វប្បធម៌​ទូទៅ​ មាន​ : ភាសា​ ពាក្យ​ របាំ​ ចម្រៀង​ តូរ្យ​តន្ត្រី កាយវិការ​ សម្រស់​ សម្ផស្ស​ ញញឹម​ ពិធីការ​ បុណ្យ​ទាន​ មនោ​សញ្ចេតនា​ អក្សរ​សាស្ត្រ អក្សរសិល្ប៍​ កីឡា​ ប្រយុទ្ធ​ សិប្បកម្ម​ សំណង់​ ផ្ទាំង​សិលា​ចារឹក​ ប្រាង្គ​ប្រាសាទ​ និង​កសិណ​ច្រើន​ទៀត​ ជា​និមិត្ត​រូប​នៃ​វប្បធម៌​សន្តិភាព​ និង​អហិង្សា​នោះ ។

ប្រាសាទ​បាយ័ន​ : មាន​ទី​តាំង​ស្ថិត​នៅ​ចំ​កណ្ដាល​ នៃ​អង្គរ​ធំ​ កសាង​នៅ​សត​វត្សរ៍​ទី​ ៩​ ក្នុង​បរិវេណ​ប្រវែង​ ១២​ គ.ម ។ ប្រាសាទ​បាយ័ន​ មាន​មុខ​ព្រហ្ម​ ៤​ ស្ថិត​នៅ​លើ​ប្រាង្គ​ថ្ម​ញញឹម​ ដូច​គ្នា​ បិទ​ភ្នែក​ជិត​ពាក់កណ្ដាល​ ‘ សមាធិ​ ’ ដូច​គ្នា​ មាន​ចំនួន​ ៤២​ ប្រាង្គ​ នៅ​លើ​ប្រាសាទ​ផ្ទៃ​ស្មើ​ ហើយ​មាន​នៅ​លើ​ក្លោង​ទ្វារ​ កំពែង​ និង​តាម​កំពែង​ ១២​ ប្រាង្គ​ទៀត​ រួម​ទាំង​អស់​មក​មាន​ចំនួន​ ៥៤​ប្រាង្គ ។ តាម​ការ​ស្រាវ​ជ្រាវ​ ប្រវត្តិ​សាស្ត្រ​ ប្រាសាទ​បាយ័ន​កសាង​ នៅ​ចុង​ សត​វត្សរ៍​ទី​ ១២​ ដោយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​ ៧​ ចាប់​ពី​កំណើត​ អាណាព្យាបាល​បារាំងសែស​ ក្នុង​គ.ស​ ១៨៦៣​ មក​ ជន​ជាតិ​បារាំង​ជា​ច្រើន​រូប​ មាន​នាម​ល្បី​ល្បាញ​បាន​ចូល​ មក​ប្រទេស​កម្ពុជា​ បាន​រុក​រក​ឃើញ​ និង​ទស្សនា​ប្រាសាទ​ទាំង​ឡាយ​នៅ​តំបន់​អង្គរ​ អតីត​ព្រះ​រាជធានី​ខ្មែរ​ ដែល​កប់​បាត់​ និង​ការពារ​ ដោយ​ធម្មជាតិ​ព្រៃ​ឈើ​ស្រោង​នោះ​ បាន​ចាប់​អារម្មណ៍​ស្វែង​ យល់​ និង​ពិចារណា​រក​ “សច្ច​ភាព​” នៃ​ប្រាសាទ​បាយ័ន​នេះ​ខ្លាំង​ បំផុត​ តាម​ទស្សនៈ​ផ្សេងៗ​ ដោយ​បង្ហូរ​ទឹក​ខ្មៅ​អស់​យ៉ាង​ច្រើន ។

លុះ​មក​ដល់​ គ.ស​ ១៩២៤​ លោក​ហង់រីប៉ាម៉ង់ជេ ‘(Henri Parmentier)’ បាន​រក​ឃើញ​ពន្លឺ​ អាថ៌​កំបាំង​ នៃ​ប្រាសាទ​បាយ័ន​នេះ​ ដោយ​ប្រទះ​ឃើញ​ “រូប​ពោធិ​សត្វ​លោកេស្វរៈ”​ នៅ​ហោ​ជាង​ ថែវ​ប្រាសាទ​ ហើយ​នៅ​គ.ស​ ១៩២៥​ លោក​ល្វីហ្វីណូត៍​ (Louis Finot)បាន​សរសេរ​ថា​ : នៅ​ចំពោះ​មុខ​សាក្សី​ រូប​ចម្លាក់​ដ៏​ច្បាស់​ក្រឡែត​ នេះ​ យើង​អាច​សន្និដ្ឋាន​ថា​ ប្រាសាទ​ដើម​ពុំ​មែន​ ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​ទេ​ តែ​ជា​ប្រាសាទ​ពុទ្ធ​សាសនា​ ដោយ​ឧទ្ទិស​ដល់​ព្រះ​ពោធិ​សត្វ​ លោកេស្វរៈ ។

សេចក្ដី​សន្និដ្ឋាន​ខាង​លើ​ របស់​លោក​ហង់រីប៉ាម៉ង់ជេ ‘(Henri Parmentier)’’ និង​លោក​ ល្វីហ្វីណូត៍ ‘(Louis Finot)’ គឺ​ពិត​ជា​ត្រឹម​ត្រូវ​ ពី​ព្រោះ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​ ៧​ នោះ​ ‘ ១១៨១១២១៩​ ’ ជា​ពុទ្ធ​សាសនិក​សំខាន់​មួយ​រូប​ តែ​ខាង​មហា​យាន​ (Grand Véhiculeនិង​ពេល​ ក្រោយ​មក​ ព្រះអង្គ​ទ្រង់​កាន់​សាសនា​ព្រះ​ពុទ្ធ​ផង​ និង​ សាសនា​ព្រហ្មញ្ញ​ផង​ “សំយោគ​សាសនា​” ដើម្បី​បង្រួប​បង្រួម​ជាតិ​ ដែល​និយម​សាសនា​ពីរ​នេះ​ ក្នុង​រជ្ជ​កាល​របស់​ព្រះអង្គ ។

វត្តមាន​ព្រះ​ពុទ្ធ​សាសនា​ នៅ​ប្រាសាទ​បាយ័ន​ ជា​ការ​ពិត​ ប្រាកដ​ណាស់​នៅ​ឆ្នាំ​១៩៣៣​ គេ​បាន​រក​ឃើញ​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​មួយ​ព្រះអង្គ​ នៅ​ប្រាសាទ​កណ្ដាល​ (Sanctuaire Central) ហើយ​ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​នោះ​ត្រូវ​បាន​ព្រះ​បាទ​មុនី​វង្ស​ ជា​ព្រះ​មហា​ក្សត្រ​ស្ដេច​យាង​ ទៅ​ធ្វើ​ពិធី​ បុណ្យ​នៅ​ គ.ស​ ១៩៣៥​ ហើយ​បាន​យក​មក​តម្កល់​ នៅ​ក្នុង​សាលា​ខាង​ត្បូង​មហាវិថី​ ដែល​ភ្ជាប់​ព្រះ​បរម​រាជ​វាំង​ ទៅ​ទ្វារ​ ជ័យ​ ‘(La porte de la victoire)

ដូច​បាន​ជម្រាប​ខាង​ដើម​ អំពី​ឧត្ដម​គតិ​ និង​គោល​បំណង​ របស់​ដូនតា​បុព្វ​បុរស​ខ្មែរ​ គឺ​អ្វី​មួយ​នោះ​ លោក​ផ្សារ​ភ្ជាប់​នឹង​សន្តិភាព​ និង​សេចក្ដី​ស្ងប់​ ‘(La paix de l´âme)​ ’ ជានិច្ច ។ ព្រោះ​លោក​ ប្រារព្ធ​ដោយ​ពុទ្ធ​សុភាសិត​ “ នត្ថិ សន្តិ បរំសុខំ ” ប្រែ​ថា​ គ្មាន​សេចក្ដី​សុខ​ឯ​ណា ​ក្រៅ​ពី​សេចក្ដី​ស្ងប់​ឡើយ​ បាន​ន័យ​ថា​ : ជា​ដំបូង​ត្រូវ​ មាន​សេចក្ដី​ស្ងប់​ក្នុង​សង្គម​មុន ។

ដូច្នេះ​ ចំពោះ​មុខ​ព្រហ្ម​ ៤​ ទាំង​នៅ​លើ​ប្រាង្គ​ ទំហំ​ខុស​គ្នា​ នៅ​លើ​ផ្ទៃ​រាប​ស្មើ​ ពុំ​មាន​ជាន់​ទេ​‘ ថ្នាក់​ខុស​គ្នា​មាន​៣​ក្រុម​ ’ នៅ​លើ​ប្រាសាទ​បាយ័ន​នោះ​ គឺ​មាន​អត្ថន័យ​ដូច​ត​ទៅ​ ៖

មុខ​ព្រហ្ម​ ១​ ដែល​ធំ​ជាង​គេ​ ខ្ពស់​ជាង​គេ​ កណ្ដាល​គេ​ គឺ​ តំណាង​ឲ្យ​ព្រហ្ម​វិហារ​ធម៌​ ៤​ របស់​ព្រះ​មហា​ក្សត្រ​ ចំពោះ​ផ្ទៃ​ខាង​ ក្រោម​ទាំង​មូល​ មាន​ទាំង​ប្រជានុរាស្ត្រ​ សត្វ​ធាតុ​ សម្បត្តិ​ធម្មជាតិ និយាយ​រួម​ព្រះ​នគរ​ទាំង​មូល​ មាន​ទាំង​ដែន​គោក​ ដែន​ទឹក​ និង​ដែន​អាកាស​ មាន​ ៤​ ដូច​ត​ទៅ​ :

១-មេត្តា គឺ​ការ​រាប់​អាន​ស្មើ​ មិន​រើស​មុខ​ ‘ ស្រឡាញ់​រាជបុត្រ​ស្មើ​នឹង​កូន​ពលរដ្ឋ ’

២-ករុណា គឺ​ការ​អាណិត​អាសូរ​ ជួយ​សង្គ្រោះ​ផ្ទៃ​ក្រោម​ ‘ ទុក្ខ​ប្រជា​រាស្ត្រ​ គឺ​ជា​ទុក្ខ​របស់​ព្រះ​រា​ជា ’

៣-មុទិតា គឺ​ការ​សប្បាយ​រីករាយ​ ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​ ផ្ទៃ​ក្រោម​ ដែល​បាន​ដោយ​ធម៌​ គឺ​ដោយ​អំពើ​សុចរិត ។

៤-ឧបេក្ខា គឺ​ការ​តម្កល់​ចិត្ត​កណ្ដាល​ ចំពោះ​ផ្ទៃ​ក្រោម​ទូទៅ​ ដោយ​ប្រាស​ចាក​អគតិ​ទាំង​ ៤​ មាន​ : មិន​លំអៀង​ដោយ​ស្រឡាញ់​ ‘បក្ស​ពួក​និយម​’ ដោយ​លាភ​ ‘(សម្ភារៈគឺ​ឆន្ទា​គតិ​១​ មិន​លំអៀង​ ដោយ​ស្អប់​ ‘ (គំនុំ​គុំកួន​ ព្យាបាទ)​ ’ គឺ​ទោ​សា​គតិ​១​ មិន​លំអៀង​ ដោយ​ខ្លាច​ ‘(សំពាធ​ពី​ក្រៅ​) ’ គឺ​ ភ​យា​គតិ​១​ មិន​លំអៀង​ដោយ​ ល្ងង់​ខ្លៅ​ អវិជ្ជាគឺ​ មោហាគតិ​ ១ ។

ព្រហ្ម​វិហារ​ធម៌​ទាំង​៤​នេះ​ សម្រាប់​ជា​មូលដ្ឋាន​ ដល់​ “ទសពិធរាជធម៌​របស់​ព្រះ​មហា​ក្សត្រ​” ហេតុ​នេះ​ នៅ​លើ​ដំបូល​ប្រាសាទ​ ទេវា​វិនិច្ឆ័យ​នៃ​បរម​រាជ​វាំង​ មាន​សាង​សង់​កំពូល​កណ្ដាល​ ធំ​មួយ​មាន​មុខ​ព្រហ្ម​ ៤​ តំណាង​ឲ្យ​ព្រហ្ម​វិហារ​ធម៌​ របស់​ព្រះ​មហា​ក្សត្រ ។

មុខ​ព្រហ្ម​ ក្រុម​ទី​ ២​ បន្ទាប់​ គឺ​តំណាង​ឲ្យ​ព្រហ្ម​វិហារ​ធម៌​ ៤​ និង​ គតិ​ធម៌​ ៤​ ដូច​បាន​អធិប្បាយ​ខាង​លើ​ ’ របស់​សេនា​ធិបតី​ នាម៉ឺន​មន្ត្រី​ ព្រាហ្មណ៍​បុរោហិត​ អាមាត្យ​ និង​អ្នក​រាជការ​ ត្រូវ​មាន​ចំពោះ​អ្នក​នៅ​ក្រោម​ឱវាទ​ ចំពោះ​ប្រជានុរាស្ត្រ ។ ហេតុ​នេះ​ហើយ​ ទើប​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ​លើក​សេនាបតី​ នាម៉ឺន​មុខ​មន្ត្រី​​ ឲ្យ​មាន​ ឋានៈ​ខ្ពស់​ មាន​ស័ក្ដិមួយ​ បន្ទាប់​ពី​ស្ដេច​ផែន​ដី ​ជា​“មនុស្ស​ទេវតា​” គឺ​ខ្ពស់​ជាង​មនុស្ស​ ចិត្ត​ជា​ទេវតា​ ដូច​តុលាការ​ ត្រូវ​ពាក់​អាវ​ផាយ​ ‘អាវស័ក្ដិ​ខ្មែរ​’ ក្នុង​ពេល​សវនាការ​ជំនុំ​ជម្រះ​កាត់​ក្ដី​នោះ​ គឺ​ដោយ​ បុរាណ​លោក​កំណត់​ចៅក្រម​ អយ្យការ​ ”ជា​ទេវតា​” ត្រូវ​ប្រកប​ ដោយ​ធម៌​ “ ហិរិ ឱត្តប្បៈ ” មាន​ន័យ​ថា​ ហិរិ​ គឺ​ ខ្មាស​បាប​មិន​ហ៊ាន​ធ្វើ​អាក្រក់​ មិន​សម​ឋានៈ​ខ្លួន​ជា​អ្នក​ចេះ​ដឹង៘ គឺ​ខ្លាច​បាប​ មិន​ហ៊ាន​ ធ្វើ​អំពើ​អាក្រក់​ ដោយ​ខ្លាច​គេ​ដៀល​ត្មិះ​ ខ្លាច​ធ្លាក់​ទៅ​នរក​ ប្រេត​ អសុរកាយ​ តិរច្ឆាន​ ‘អបាយភូមិ​ ៤​’ ធម៌​នេះ​ហៅថា​ “ទេវ​ធម៌​ ” ។ បុរាណ​លើក​ឋានៈ​ធុន​នាម៉ឺន​មន្ត្រី​ គ្មាន​អ្វី​ក្រៅ​ពី​គុណ​ធម៌​នេះ​ ឡើយ ។

មុខ​ព្រហ្ម​ : ក្រុម​ទី​ ៣​ បន្ទាប់​មក​ទៀត​ គឺ​តំណាង​ព្រហ្ម​ វិហារ​ ៤​ និង​គតិ​ធម៌​ ៤​ របស់​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​ ដូច​ជា​ មាតា​បិតា​ ញាតិកា​ គ្រូ​អាចារ្យ​ គ្រូ​បាធ្យាយ​ ថៅកែ​ នាយ​កើយ​ នាយ​ចៅហ្វាយ ៘ ត្រូវ​មាន​ព្រហ្ម​វិហារ​ធម៌​ ៤​ និង​គតិ​ធម៌​ ៤​ ខាង​លើ​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ ដោយ​មាន​ “សង្គហធម៌” ជា​មូលដ្ឋាន​ ទើប​សង្គម​មាន​ដំណើរ​ការ​ល្អ ។

មុខ​ព្រហ្ម​ទី​ ៤​ ចំនួន​១២​ : នៅ​លើ​ក្លោង​ទ្វារ​កំពែង​ និង​ តាម​កំពែង​ព័ទ្ធ​ជុំវិញ​ កំពែង​ នៃ​ ប្រាសាទ​ គឺ​តំណាង​ព្រហ្ម​វិហារ​ធម៌​ និង​គតិ​ធម៌​របស់​អ្នក​យាម​ អ្នក​ការពារ​ប្រទេស​ មាន​កង​ទ័ព​ គ្រប់​ប្រភេទ​ គឺ​ត្រូវ​មាន​ធម៌​ទាំង​ពីរ​នេះ​ជា​មូលដ្ឋាន​ នៃ​អង្គការ​វិន័យ​ របស់​ខ្លួន​ ទើប​ការ​បម្រើ​ជាតិ​ មាតុភូមិ​ ប្រវត្តិ​សាស្ត្រ​ទៅ​បាន​ល្អ​ឥត​ ខ្ចោះ ។

ម៉្យាង​ទៀត​ តាម​លក្ខណៈ​មុខ​ព្រហ្ម​ទាំង​អស់​ ញញឹម​ដូច​ គ្នា​ ភ្នែក​ “ សមាធិ ” ដូច​គ្នា​ នោះ​មានន័យ​ថា​ តាំង​ពី​ស្ដេច​ចុះ​មក​ ត្រូវ​មាន​មេត្តា​ចិត្ត​ ចំពោះ​អ្នក​តូច​ អ្នក​ក្រោម​ឱវាទ​ និង​ត្រូវ​មាន​ករុណា​ចិត្ត​ ដោយ​ត្រូវ​ជួយ​ដោះ​ទុក្ខ​ នឹង​ផ្ដល់​ប្រយោជន៍​ តាម​សង្គហធម៌​ ៤​ មាន​ការ​ធ្វើ​ទាន​ដល់​មនុស្ស​ដែល​គួរ​ឲ្យ​១​ ពោល​វាចា​ពីរោះ​ គួរ​ជា​ទី​ស្រឡាញ់​១​ ធ្វើ​ប្រយោជន៍​ដល់​អ្នក​ដទៃ​១​ ភាព​ជា​អ្នក​មិន​ប្រកាន់​ខ្លួន ១ ។ រី​ឯ​ភ្នែក​បិទ​ជិត​ពាក់កណ្ដាល​មើល​ក្រោម​ ជា​ ” សមាធិ ” នោះ​ មាន​ន័យ​ថា​ គុណ​ធម៌​ទាំង​ឡាយ​ រមែង​តែ​កើត​ពី​ “សមាធិ​ ចិត្ត​ ” ‘ La concentration ’ គឺ​ការ​ តម្កល់​ចិត្ត​ឲ្យ​ជាប់​ ក្នុង​គុណ​ធម៌​ ជា​ប្រក្រតី ។

ម៉្យាង​ទៀត​ តាម​លក្ខណៈ​ទី​តាំង​ប្រាសាទ​ នៅ​ចំ​កណ្ដាល​ ផ្ចិត​អង្គរ​ធំ​ហើយ​មាន​បញ្ចុះ​ ព្រះ​ពុទ្ធ​បដិមា​ដ៏​ធំ​មួយ​អង្គ​ចំ​កណ្ដាល​ ប្រាសាទ​ មាន​ន័យ​ថា​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​ ៧​ ជា​ព្រះ​រាជ​ ស្ថាបនិក​ ស្ដេច​មាន​រាជ​បំណង​ឲ្យ​ព្រះ​រាជ​ណា​ចក្រ​ គឺ​ចក្រ​ភព​អង្គរ​ ប្រតិបត្តិ​ ព្រហ្ម​វិហារ​ធម៌​ឲ្យ​ខ្ពង់​ខ្ពស់​ពិសេស​ “ អំណាច​កណ្ដាល​ ” ដោយ​ គោរព​ធម៌​ព្រះ​ពុទ្ធ​ជា​មូលដ្ឋាន​ តាម​ការ​បញ្ចុះ​ ព្រះ​ពុទ្ធ​ បដិមា​ដ៏​ធំ​មួយ​អង្គ​ ចំ​កណ្ដាល​ប្រាសាទ​ជា​និមិត្ត​រូប​ ដូច្នេះ​ការ​ដាក់​ពុទ្ធ​បដិមា​១​អង្គ​ នោះ​ក៏​អាច​ជា​ ប្រ​ផ្នូល​មិន​ល្អ​ ដល់​វាសនា​ប្រទេស​ជាតិ​ដែរ ។

ម៉្យាង​ទៀត​ តាម​លក្ខណៈ​ឆ្លាក់​រូប​ព្រះ​ពោធិ​សត្វ​ លោកេស្វរៈ​នៅ​ថែវ​ខាង​ក្នុង​ ក៏​ជា​ និមិត្ត​រូប​នៃ​រាជ​បំណង​ប្រាថ្នា​ ឲ្យ​មហាជន​របស់​ខ្មែរ​គ្រប់​ជំនាន់​ កាន់​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្ជាប់​ខ្ជួន​ ហើយ​ប្រតិបត្តិ​តាម​គំរូ​វីរភាព​របស់​ព្រះអង្គ​ ដែល​កំពង់​ត្រាច់​រង្គត់​ ក្នុង​ វាល​វដ្តសង្សារ​ បំពេញ​បារមី​ ៣០​ មហា​បរិច្ចាគ​ ៥​ ចរិយា​ ៣​ ជា​ អនេក​ជាតិ​សំខាន់​ ដើម្បី​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​មួយ​អង្គ​ ដឹក​នាំ​សត្វ​ លោក​ទៅ​កាន់​ព្រះ​និព្វាន​ ជា​ឋាន​ផុត​ទុក្ខ​ (Au-delà dela misè)

មួយ​វិញ​ទៀត​ យើង​ក៏​សង្កេត​ឃើញ​ថា​ នៅ​សហ​កាល​សម័យ​ (époque contemporaine) ដែល​សកល​លោក​កំពុង​ទាល់​ច្រក​ ហើយ​កំពុង​ពិចារណា​(Examen de Conscience)‘ ’នេះ​ ប្រាសាទ​បាយ័ន​របស់​ព្រះ​បាទ​ព្រះ​ជ័យវរ្ម័ន​ទី​៧​ ត្រូវ​ដើរ​តួ​សំខាន់​បំផុត​ ក្នុង​ផ្លូវ​សន្តិភាព​ និង​អហិង្សា​ ក្នុង​លក្ខណៈ​ និង​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ ដូច​មាន​អត្ថន័យ​ខាង​ក្រោម​នេះ​ ៖

ពី​ព្រោះ​មេត្តា​ : មាន​ប្រយោជន៍​ “លះ​បង់​ព្យាបាទ” មាន​ការ​ឈ្នានីស​ ប្រកាន់​ពូជ​សាសន៍​ ការ​ឈ្លាន​ពាន ។ល។ ផ្ទុយ​ទៅ​វិញ​មេត្តា​នាំ​ឲ្យ​មាន​ការ​សន្ដោស​គ្នា​ ការ​រាប់​អាន​គ្នា​ ការ​យោគយល់​គ្នា​ ការ​អត់​ឱន​គ្នា​ ការ​ស្មោះ​ត្រង់​នឹង​គ្នា​ ហើយ​ក៏​ជា​មូលដ្ឋាន​នៃ​សីល (សុចរិត)

ពី​ព្រោះ​ករុណា​ : មាន​ប្រយោជន៍​ “លះ​បង់​ការ​បៀតបៀន​គ្នា​” មាន​ការ​មិន​ជ្រៀត​ជ្រែក​ ផ្ទៃ​ក្នុង​របស់​អ្នក​ដទៃ​ របស់​ ប្រទេស​ដទៃ​ មិន​បំផ្លាញ​អ្នក​ដទៃ ៘ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ធ្វើ​ជំនួយ​ ឥត​ចំណង​ (Aide Inconditionnelle) ’ជា​សង្គហធម៌​ពិតៗ ។

ពុទ្ធ​សុភាសិត : ការ​មិន​បៀតបៀន​គ្នា​ ជា​កម្លាំង​ ១ ។ ចេញ​ពី​បញ្ហា​នេះ​ ក៏​មាន​ការ​ចរចា​គ្នា​ ការ​ផ្សះ​ផ្សារ​គ្នា​ ដែល​ជាតិ​និមួយៗ​ និង​ពិភព​លោក​ កំពុង​និយម​យ៉ាង​ពេញ​បន្ទុក ។ តែ​លទ្ធផល​ល្អ​ អាស្រ័យ​ពី​មេត្តា​ចិត្ត​ ករុណា​ចិត្ត​ ស្ដែង​ចេញ​ពី​ការ​ស្មោះ​ត្រង់​ពិតៗ ។

ពី​ព្រោះ​មុទិតា​ : មាន​ប្រយោជន៍​“លះ​បង់​សេចក្ដី​អផ្សុក​”

គឺ​ការ​មិន​ត្រេកអរ​ ការ​មិន​ធុញ​ទ្រាន់​ ការ​មិន​ពេញ​ចិត្ត​ ឈាន​ទៅ​រក​ការ​ច្រណែន​ជា​ដើម ។ មុទិតា​ បណ្ដុះ​ និង​ជំរុញ​ស្មារតី​ សហ​ប្រតិបត្តិការ​ ដើម្បី​បម្រើ​ និង​បំពេញ​ផល​ប្រយោជន៍​ ឲ្យ​គ្នា​ទៅ​វិញ​ ទៅ​មក​ (គ្មាន​ទោស

ពី​ព្រោះ​ឧបេក្ខា : មាន​ប្រយោជន៍​ ”លះ​បង់​តម្រេក” គឺ​រាគ : មិន​ឲ្យ​អារម្មណ៍​មិន​ល្អ​ កើត​តាម​ទ្វារ​ទាំង​ ៦​ គាប​សង្កត់​បាន​មាន​រូប​សំឡេង​ ក្លិន​ រស​ ផស្សៈ​ ចិត្ត ។ ក្នុង​វិស័យ​នយោបាយ​ ឧបេក្ខា​ បណ្ដុះ​ស្មារតី​យុត្តិធម៌​ និង​អព្យាក្រឹត្យ​មិន​ ចូល​បក្ស​ពួក​រួម​ជម្លោះ​អន្តរជាតិ​ តែ​ក៏​មិន​សម្ងំ​សុខ​ដែរ​ (Non égoïste) មាន​អត្ថិភាព​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​ ជា​ភស្តុតាង​ស្រាប់​ ដែល​តួ​សំខាន់​បំផុត​ ក្នុង​ការ​លប់​បំបាត់​សព្វាវុធ​ និង​បង្កើត​សន្តិភាព​ (Le désarmement et la Coexistence pacifique) ដើម្បី​សន្តិភាព​សង្គម​ និង​សាកល ។

មួយ​វិញ​ទៀត​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ប្រាសាទ​បាយ័ន​ មាន​អត្ថន័យ​ប្រវត្តិ​សាស្ត្រ​ និង​សាកល​យ៉ាង​ពេញ​បន្ទុក​ ដោយ​ការ​ ប្រៀប​ធៀប​ខាង​ក្រោយ​នេះ​ ៖

ពី​ព្រោះ​ លោក​អគ្គលេខាធិការ​ អង្គការ​សហ​ប្រជា​ជាតិ​ ត្រូវ​មាន​នាទី​ជា​ប្រាង្គ​កណ្ដាល​ មាន​មុខ​ព្រហ្ម​បួន​ធំ​ជាង​គេ​ ខ្ពស់​ជាង​គេ​ក្នុង​កម្ពស់​ថ្នាក់​ទី​មួយ ។

ពី​ព្រោះ​ មហា​អំណាច​ទាំង​ប្រាំ​ និង​គណៈ​កម្មការ​សន្តិសុខ​ អ..ប​ ត្រូវ​មាន​នាទី​ជា​ប្រាង្គ​បន្ទាប់​ ក្នុង​កម្ពស់​ថ្នាក់​ទី​២ ។

ពី​ព្រោះ​អង្គការ​នានា​ និង​បណ្ដា​ប្រទេស​ទាំង​ឡាយ​ ជា​សមាជិក​ អ..ប​ ត្រូវ​មាន​នាទី​ជា​ប្រាង្គ​បន្ទាប់​ទៀត​ ក្នុង​កម្ពស់​ថ្នាក់​ទី​បី ។

ពី​ព្រោះ​អ្នក​យាម​កាម​ កង​ទ័ព​ជា​សេនាធិការ​ អ..ប​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ អន្តរ​ជាតិ​ ត្រូវ​មាន​នាទី​ជា​ប្រាង្គ​ នៅ​លើ​ ក្លោង​ទ្វារ​ និង​នៅ​តាម​បរិវេណ​កំពែង​ប្រាសាទ ។

ឈរ​លើ​លទ្ធផល​ នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​នេះ​ ស​ឲ្យ​ឃើញ​ថា​ ប្រាសាទ​បាយ័ន​របស់​ខ្មែរ​យើង​ មាន​តម្លៃ​ជាតិ​ និង​ សាកល​ ហើយ​អាច​ផ្ដល់​វប្បធម៌​សន្តិភាព​ និង​អហិង្សា​បរិបូរណ៍ ។

តាម​គំរូ​ស្ថាបត្យកម្ម​ប្រាសាទ​បាយ័ន​ របស់​ព្រះ​បាទ​ជ័យវរ្ម័ន​ ទី​៧​នោះ​បុព្វ​បុរស​ខ្មែរ​យើង​បាន​ បញ្ចូល​ “ព្រហ្ម​មុខ​ ៤​” ជា​និមិត្ត​រូប​ នៃ​ព្រហ្ម​វិហារ​ធម៌​ ៤​ ក្នុង​ជំនឿ​ប្រពៃណី​ជាតិ​ ត​រៀង​រហូត​ មក​ដល់​សព្វ​ថ្ងៃ​នេះ ។

យើង​សង្កេត​ឃើញ​ព្រហ្ម​មុខ​ ៤​ សាង​សង់​នៅ​លើ​កំពូល​ ចេតិយ​ ដែល​បញ្ចុះ​ធាតុ​ បុព្វ​បុរស​មាន​មាតា​បិតា​ គ្រូ​បាធ្យាយ​ជា​ដើម​ ជា​និមិត្ត​រូប​ នៃ​ព្រហ្ម​វិហារ​ធម៌​របស់​បុព្វការី ។ បុព្វការី​ជន​នោះ​ក្នុង​កាល​លោក​នៅ​មាន​ជីវិត​ បម្រើ​សង្គម​ក្រុម​គ្រួសារ​ និង​មាតុភូមិ​ ហើយ​ក៏​ជា​ មេរៀន​ដ៏​ឲ្យ​កូន​ចៅ​សិស្ស​គណ​ជំនាន់​ក្រោយ​យល់​ និង​ដើរ​តាម​គំរូ​វីរភាព​ទាំង​ឡាយ​នោះ ។

យើង​សង្កេត​ឃើញ​ព្រហ្ម​មុខ​ ៤​ធំ​មួយ​ សាង​សង់​នៅ​លើ​ ចំ​កណ្ដាល​ព្រះ​វិហារ​ ឬ​ អារាម​ ជា​និមិត្ត​រូប​នៃ​ព្រហ្ម​វិហារ​ធម៌​ ៤​ របស់​ព្រះ​ពុទ្ធ​សាសនា​ ដែល​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​ ត្រូវ​ប្រតិបត្តិ​ និង​ពុទ្ធ​និគមន៍ ៘

យើង​សង្កេត​ឃើញ​ ពេល​ថ្មីៗ​នេះ​ មាន​រៀប​ចំ​ពិធី​បុណ្យ​ សហស្សវត្ស​ឆ្នាំ​ ២០០០​ នៅ​ក្នុង​បរិវេណ​អង្គរ​វត្ត​ យ៉ាង​គគ្រឹក​គគ្រេង​ មាន​អន្តរជាតិ​ចូល​រួម​ ទាំង​សម្ដែង​សិល្បៈ​ផង ។ ក្នុង​ពេល​នោះ​ មាន​ចែក​ប័ណ្ណ​និង​បិទ​ផ្សាយ​បដា​វប្បធម៌​សន្តិភាព​ វប្បធម៌​អហិង្សា​ និង​ប្រកាស​បួង​សួង​រក​សន្តិភាព​ សម្រាប់​ពិភព​លោក​យើង​ផង ។

ការ​ពិត​ ព្រហ្ម​វិហារ​ធម៌​ ៤​ នេះ​ អាច​ជា​មូលដ្ឋាន​សំខាន់​ សម្រាប់​ស្ថាបនា​សន្តិភាព​ ក្នុង​លោក​នេះ​ដូច​មាន​កំពូល​ព្រហ្ម​មុខ​ ៤​ ចំនួន​សរុប​ ៥៤​ ប្រាង្គ​ជា​និមិត្ត​រូប​ស្រាប់​ សម្រាប់​ជា​មេរៀន​ ឲ្យ​មហា​ក្សត្រ​ អាមាត្យ​ មន្ត្រី​ សេនាបតី​ កងទ័ព​ មេបា​ក្នុង​សង្គម​ជាតិ​ យល់​អំពី​ ករណីយកិច្ច​ និង​កាតព្វកិច្ច​ និង​សេចក្ដី​ចម្រើន​លើ​គ្រប់​វិស័យ​ ពុំ​អាក់​ខាន​ឡើយ ។

ប្រាសាទបាយ័ន

រៀបរៀង៖ រស់ ណុល

ឯកសារពិគ្រោះ ៖

សៀវភៅ​ ព្រះ​បាទ​ជ័យវរ្ម័ន​ ទី​ ៧​ ដោយ​មីសែលត្រាណេ​ “សង្គម​ ខ្មែរ​ ក្នុង​រជ្ជ​កាល​របស់​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​ ៧​ ឆ្នាំ​ ២០០៣ ។

សៀវភៅ​ ” ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​អង្គ ” ដោយ ហ្សក​ សឺដេស ” Pour Comprendre Angkor

 

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on January 11, 2014, in ប្រវត្តិសាស្រ្ដ and tagged , , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: