លក្ខណៈ​ពិសេស របស់​សម្ដេច​ព្រះ​សង្ឃរាជ​បី​ព្រះ​អង្គ


លក្ខណៈ​ពិសេស

របស់​សម្ដេច​ព្រះ​សង្ឃរាជ​បី​ព្រះ​អង្គ

ព្រះ​ពុទ្ធសាសនា និកាយ​ហីនយាន ប្រកាន់​តាម​ថេរវាទ យក​ព្រះ​ត្រៃបិដក​ភាសា​បាលី​ជា​គោល បាន​ចូល​មក​ប្រតិស្ឋាន​គង់វង្ស​ក្នុង​កម្ពុជរដ្ឋ តាំង​ពី​ពុទ្ធសករាជ ១៩៦៩ មក​ម៉្លេះ 1 ។ ព្រះ​ពុទ្ធសាសនា​ក្នុង​រាជ្យ​ស្ដេច​មួយ​អង្គ ៗ ជួន​កាល​ងើប​ខ្ពស់​ត្រដែត​ឡើង ជួន​កាល​ទៀត ត្រូវ​ធ្លាក់​ចុះ​ដុនដាប​អាស្រ័យ​ទៅ​លើ​ព្រះ​សមត្ថភាព​ដឹកនាំ​របស់​ព្រះ​ចៅ​ផែនដី និង​នាហ្មឺន​សព្វ​មុខ​មន្ត្រី ជា​ពិសេស ភាព​ឈ្លាសវៃ​ប៉ិនប្រសប់ របស់​សម្ដេច​ព្រះ​សង្ឃរាជ និង​ព្រះ​រាជា​គណៈ​ឋានានុក្រម ក្នុង​ការ​ទ្រទ្រង់​សាសនា ។

តាម​រយៈ​ឯកសារ​ប្រវត្តិសាស្ត្រ ព្រះ​រាជ​ពង្សាវតារ​ខ្មែរ បាន​បញ្ជាក់​ថា សម្ដេច​ព្រះ​សង្ឃរាជ​ចំនួន​បី​ព្រះ​អង្គ អាច​ចាត់​ទុក​ជា​បុគ្គល​ដ៏​ឆ្នើម លើស​សម្ដេច​សង្ឃរាជ​អង្គ​ឯ​ទៀត ដូច​មាន​ព្រះ​នាម​ខាង​ក្រោម​នេះ

សម្ដេច​ព្រះ​សុគន្ធាធិបតី ជឹម ក្នុង​រជ្ជកាល​ព្រះ​បាទ​ស្រីធម្មរាជ ឬ ព្រះ​រាជ​សម្ភារ

សម្ដេច​ព្រះ​សុគន្ធាធិបតី ប៉ឹម ក្នុង​រជ្ជកាល​ព្រះ​បាទ​ឧទ័យ​រាជា​អង្គ​តន់

សម្ដេច​ព្រះ​មហា​សុមាធាធិបតី ជួន ណាត ក្នុង​រជ្ជកាល​ព្រះ​បាទ​នរោត្តម សីហនុ ។

សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​បី​ព្រះ​អង្គ​នេះ បើ​ទោះបី​ជា​ព្រះ​អង្គ​សោយ​ទិវង្គត​កន្លង​ផុត​ទៅ​ហើយ​ក្ដី ក៏​ប៉ន្តែ​ព្រះ​រាជ​កិត្តិយស កិត្តិស័ព្ទ កិត្តិគុណ បាន​ចារឹក​ទុក​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ និង​បង្កប់​ក្នុង​ដួង​ចិត្ត ពុទ្ធសាសនិកជន​ស្រករ​ក្រោយ ដែល​ពុំ​អាច​បំភ្លេច​បាន​ឡើយ ។ តើ​សម្ដេច​សង្ឃ​ទាំង​បី​ព្រះ​អង្គ​នេះ មាន​ព្រះ​លក្ខណៈ​ជា​ពិសេស ប្លែក​ពី​ជន​ទាំង​ពួង​ដូចម្ដេច​ខ្លះ ? យើង​សាកល្បង​សិក្សា​ស្រាវជ្រាវ​រាវរក នូវ​ព្រះ​រាជ​ជីវប្រវត្តិ មក​លាត​ត្រដាង តាម​លំដាប់​លំដោយ​នៃ​រជ្ជកាល​ព្រះ​មហា​ក្សត្រ​ដូច​តទៅ :

I- សម្ដេច​ព្រះ​សុគន្ធាធិបតី ព្រះ​នាម ជឹម

កាល​ពី​បុរាណ​ព្រេង​នាយ ព្រះ​ពុទ្ធសាសនា ដែល​ផ្សាយ​ចូល​មក​កាន់​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង គឺ​គ្មាន​គណៈ​ធម្មយុត្តិកនិកាយ​ដូច​បច្ចុប្បន្ន​នេះ​ទេ មាន​តែ​មួយ​គឺ​គណៈ​មហានិកាយ ។ រី​ឯ​សម្ដេច​ព្រះ​សង្ឃរាជ ឬ​សម្ដេច​ព្រះ​មហា​សង្ឃរាជ មាន​ព្រះ​បរម​នាម​ថា សម្ដេច​ព្រះ​សុគន្ធាធិបតី ស្ដីទី​លើ​រាជា​គណៈ​ឋានានុក្រម និង​ព្រះ​សង្ឃ​គ្រប់​វត្ត​អារាម​ទូទាំង​ព្រះ​នគរ ។ ក្នុង​រជ្ជកាល​ព្រះ​បាទ​ស្រីធម្មា​រាជា​ព្រះ​រាជ​សម្ភារ មាន​ព្រះ​មហា​ថេរ​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម សម្ដេច​ព្រះ​សុគន្ធា​មហា​សង្ឃ​រាជា​គណៈធិបតី ជឹម ។ ព្រះ​អង្គ​ប្រកប​ដោយ​ទិព្វញ្ញាណ ចាក់​ធ្លុះ​ក្នុង​ព្រះ​ត្រៃបិដក ប្រកប​ក្នុង​ឈាន​លោកិយ​វិសេស​វិសាល​ណាស់ ។ ទ្រង់​ស្ទាត់​ជំនាញ​ក្នុង​ប្រស្នា​អាថ៌​បាលី​ពុំ​មាន​ទើស​ទាល់ ដោយ​គ្មាន​ព្រះ​សង្ឃ​អង្គ​ណា អាច​យក​ប្រៀប​បាន ។ ព្រះ​អង្គ​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​ស្ដេច​ផែនដី និង​ជា​មហា​គរុ​តែង​ទេសនា​ប្រៀន​ប្រដៅ​ពុទ្ធបរិស័ទ ពុំ​ខ្លាច​នឿយ​ព្រះ​កាយ​ពល​ឡើយ ។

ក្នុង​រវាង​គ្រិស្តសករាជ ១៦៣៦ ដល់ ១៦៤០ សម្ដេច​តែង​តែ​ផ្ដល់​នូវ​ព្រះ​រាជ​ដំបូន្មាន ថ្វាយ​ព្រះ​ចៅ​ផែនដី ដែល​ជា​សិស្ស​តាំង​ស៊ប់ ក្នុង​ទសពិធ​រាជធម៌ ស្គាល់​គតិធម៌ គតិលោក ដើម្បី​ដឹកនាំ​សង្គម​កម្ពុជា​ឲ្យ​មាន​វឌ្ឍនភាព ។ គួរ​បញ្ជាក់​ថា ព្រះ​រាជ​សម្ភារ ក៏​ជា​ព្រះ​មហា​ក្សត្រ​មួយ​អង្គ មាន​ព្រះ​បញ្ញា​ឆ្លៀវ​ឆ្លាត ទ្រង់​ស្ទាត់​ជំនាញ​ក្នុង​ព្រះ​ត្រៃបិដក និង​បាន​តាក់តែង នូវ​កំណាព្យ​កាព្យ​ឃ្លោង​ជា​ច្បាច់​ប្រដៅ ព្រម​ទាំង​សាស្ត្រា​បាលី​ផ្សេង ៗ ព្រោះ​តែ​មាន​មហា​គ្រូ​ដ៏​ជំនាញ​ជួយ​បង្ហាត់​បង្រៀន កាល​ស្ដេច​សាង​ព្រះ​ផ្នួស​ជា​បព្វជិត​នៅ​នគរវត្ត ។ ព្រ្ះ​រាជា​អង្គ​នេះ សោយរាជ្យ​បាន​តែ​បួន​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​មាន​វិបត្តិ​ស្នេហា រហូត​ត្រូវ​បារាំង​ធ្វើ​គត់​ក្ស័យ​ព្រះ​ជន្ម ធ្លាក់​ពី​លើ​ចុង​ត្នោត គួរ​ឲ្យ​សោកស្ដាយ ព្រោះ​តែ​ចាញ់​កម្លាំង​តណ្ហា និង​ភ្លេច​បណ្ដាំ​ព្រះ​គ្រូ​ឧបជ្ឈាយ៍ ។ សម្ដេច​ព្រះ​សុគន្ធាធិបតី ជឹម ទ្រង់​គង់​នៅ​ក្នុង​វត្ត​តាសឹង នា​ក្រុង​ឧដុង្គមានជ័យ ព្រះ​អង្គ​បាន​ចងក្រង​នូវ​សាស្ត្រា ច្បាប់​ក្រមទុក​ប្រដៅ​ជន​ផង​ទាំង​ពួង ស្នា​ព្រះហស្ត​នោះ ត្រូវ​បាន​រក្សា​ទុក​រហូត​ដល់​សព្វ​ថ្ងៃ ។ យើង​សូម​ដកស្រង់​សាស្ត្រា​ច្បាប់​ក្រម​ចំនួន​បី​ល្បះ មក​បញ្ជាក់​ជូន​ជា​ភស្ដុតាង

នេះ​គឺ​ច្បាប់​ក្រមប្រសើរ​ឧត្តមទូន្មាន​អ្នក​ផង

ប្រើ​ឱន​លំទោនកុំ​បី​មាន​ឆ្គងប្រាជ្ញា​បុណ្យ​ផង

កើត​ដោយ​ប្រណិប័តន៍ ។

នរូ​អ្នក​ណាទោះ​យក​អាត្មាចូល​សាសន​ពុទ្ធរតន៍

ចូរ​ធ្វើ​ឲ្យ​ត្រង់ដោយ​នូវ​បន្ទាត់ហៅ​ស្វែង​សម្បត្តិ

យក​ផ្លូវ​និព្វាន ។

នរុ​អ្នក​ផងទោះ​ដឹង​យល់​ហោងចិត្ត​នោះ​ឲ្យ​ហ៊ាន

បំពេញ​ព្រះ​ផ្នួសដោយ​ព្រះ​ទូន្មានកុំ​ធ្វើ​លឹក​លាន

ដោយ​ចិត្ត​អន្ធពាល ។

ច្បាប់​ប្រដៅ​ខាង​លើ​នេះ ពុទ្ធសាសនបណ្ឌិត្យ បាន​បោះពុម្ព​រួច​ហើយ ប៉ុន្តែ​នៅ​ក្នុង​អារម្ភកថា​ដាក់​ថា ច្បាប់​ក្រមកើត​ពី​ព្រះ​សង្ឃ​ឧបជ្ឈាយាចារ្យ ដែល​ប្រៀន​ប្រដៅ​សិស្ស ដោយ​រក​ឈ្មោះ​អ្នក​និពន្ធ​មិន​ឃើញ ។ តាម​ពិត គឺ​ព្រះ​សុគន្ធាធិបតី ជឹម បាន​តែង​ទុក​មិន​អាច​ប្រកែក​បាន ។ សូម​មើល​ឯកសារ​មហា​បុរស​ខ្មែរ​ផង​ចុះ ។ ក្រៅ​ពី​អត្ថបទ​ស្នា​ព្រហស្ត​ខាង​លើ​នេះ សម្ដេច​ព្រះ​សង្ឃរាជ ជឹម នៅ​មាន​ញាណ​ញេយ្យ ប្លែក​ពី​មនុស្ស​ទាំង​ពួង ។ ព្រះ​អង្គ​អាច​អធិដ្ឋាន​បារមី​ឲ្យ​ដើម​ស្រម៉ ដែល​ដុះ​ក្បែរ​ជើង​ភ្នំ​ព្រះ​រាជទ្រព្យ ឲ្យ​ទៅ​ដុះ​មុខ​កុដិ​ឯ​វត្ត​អ្នកតា​សឹង​បាន ដើម្បី​បាន​ផ្លែ​សម្រាប់​ព្រះ​សង្ឃ​ឆាន់ និង​យក​ធ្វើ​ជា​ឱសថ​សម្រាប់​កែ​រោគ ។ ព្រះ​អង្គ​អាច​ជួយ​រំលត់​ភ្លើង​ដែល​ឆេះ​ស្រុក​ចិន​ឲ្យ​រលត់​បាន គ្រាន់​តែ​ជះ​ទឹក​មួយ​ផ្តិល សំដៅ​ទៅ​ទិស​ឧត្តរ និង​ឧបកិច្ច ដោយ​លោកិយ​ឈាន ។ ព្រះ​អង្គ​ទ្រង់​ញាណ​ដឹង​ថា ស្ដេច​ក្រុង​ចិន​ធ្លាប់​កើត​ជា​ឆ្កែ​ដ៏​មាន​ភក្ដី​ភាព ហើយ​នៅ​បម្រើ​ព្រះ​មហា​នាគត្ថេរ ដែល​គង់​នៅ​វត្ត​កស្សប ។ នៅ​ពេល​ស្ដេច​ក្រុង​ចិន​ប្រឈួន​ព្រះ​សិរ 2 ជា​ទម្ងន់ ហើយ​គ្មាន​គ្រូ​ណា​មើល​ជា ព្រះ​អង្គ​បាត់​ចាត់​រាជទូត​មក​ក្រុង​ឧដុង្គ តាម​ពាក្យ​ហោរា ដើម្បី​និមន្ត​សម្ដេច​ព្រះ​សង្ឃរាជ​ឲ្យ​ជួយ​ព្យាបាល ។ សម្ដេច​សង្ឃ​គ្រាន់​តែ​បង្គាប់ ឲ្យ​ពួក​សេនា​ទាហាន​ចិន ទៅ​ជីក​យក​ឫស​ឫស្សី ដែល​ដុះ​ចាក់​ស្រេះ​ចំលលាដ៏​ក្បាល​ខ្មោច​ឆ្កែ​ឈ្មោះ អាម៉ៅដែល​លោក​គ្រូ​មហា​នាគត្ថេរ ឲ្យ​គេ​កប់​នៅ​ក្បែរ​វត្ត នា​ជើង​ភ្នំ​ព្រះ​រាជទ្រព្យ​ភ្លាម ស្ដេច​ក្រុង​ចិន​ក៏​បាន​ជា​សះ​ស្បើយ ពី​ព្រះ​រោគ​ឈឺ​ក្បាល​នោះ​មួយ​រំពេច​ដែរ ទើប​ជឿ​ថា ស្ដេច​ធ្លាប់​កើត​ជា​ឆ្កែ​មែន ដោយ​កុសល​ផលានិសង្ស ដែល​ខ្មោច​សុនខ​នោះ​បម្រើ​ព្រះ​សង្ឃ លុះ​វា​ស្លាប់​ទៅ ក៏​បាន​ទៅ​កើត​ជា​ស្ដេច​ក្រុង​ចិន ។ សម្ដេច​បាន​ត្រាស់​បង្គាប់ ឲ្យ​សេនាមាត្យ​ចិន នាំ​ទេយ្យទាន​មក​ប្រគេន​សម្ដេច​ព្រះ​សង្ឃ​សុគន្ធាធិបតី ជឹម មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​រន្ទឺ​រហូត​ដល់​ស្រុក​ចិន និង​នានា​ប្រទេស ជា​វន្ទីយ​បុគ្គល​ដ៏​អស្ចារ្យ​កម្រ​រក​បាន នា​សតវត្ស​ទី ១៧ ។

II- សម្ដេច​ព្រះ​សុគន្ធាធិបតី ព្រះ​នាម ប៉ឹម

ក្នុង​រជ្ជកាល​ព្រះ​ឧទ័យ​រាជា អង្គ​តន់ដែល​ឡើង​សោយរាជ្យ​សម្បត្តិ​ក្នុង​គ្រិស្តសករាជ ១៧៧៥ មាន​ព្រះ​មហា​ថេរ​មួយ​ព្រះ​អង្គ គង់​នៅ​វត្ត​ស្បែង នា​ក្រុង​ឧដុង្គមាជ័យ ។ ព្រះ​អង្គ ជា​អ្នក​ទ្រទ្រង់​គម្ពីរ​ព្រះត្រៃបិដក​ចេះ​ចប់ គ្មាន​ទើស​ទាល់​អាថ៌​ប្រស្នា​អ្វី​ឡើយ ។ ព្រះ​ចៅ​ផែនដី​ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ​នឹង ព្រះ​មហា​ថេរ​នេះ​ណាស់ តែង​ចាត់​ក្រុម​សង្ឃ​ការី ឲ្យ​ទៅ​និមន្ត​ព្រះ​អង្គ​ចូល​ទៅ​សម្ដែង​ធម៌​ទេសនា ក្នុង​ព្រះ​បរម​រាជវាំង​ក្រុង​ឧដុង្គ ជា​រៀង​រាល់​ថ្ងៃ​ឧបោសថសីល ។ ព្រះ​អង្គ​តន់​ជា​ព្រះ​មហា​ក្សត្រ​ប្រកាន់​ខ្ជាប់ នូវ​ទសពិធ​រាជធម៌ និង​ជា​ព្រះ​អគ្គ​ពុទ្ធសាសនូបត្ថម្ភក៍ ទ្រង់​បរិច្ចាគ​ព្រះ​រាជទ្រព្យ ប្រដាប់​ចតុប្បច្ច័យ​ទំនុក​បម្រុង​ព្រះ​សង្ឃ​កសាង​វត្ត​អារាម ជម្រុញ​ព្រះ​ពុទ្ធសាសនា​បាន​ថ្កុំថ្កើង​រុងរឿង​ប្រពៃ​ក្រៃពេក ។ ព្រះ​អង្គ​ក៏​មាន​ព្រះ​រាជ​សទ្ធា​ផង​ដែរ រហូត​ដល់ លះបង់​ព្រះ​មហា​ស្វេតឆ័ត្រ​រាជ​សម្បត្តិ ផ្ទេរ​រាជការ​ផ្ទៃ​ក្រោម ឲ្យ​មហា​សេនាបតី​កាន់​កាប់ ហើយ​ព្រះ​អង្គ​ចេញ​សាង​បព្វជ្ជា​បំបេញ ឧបសម្បទា​ជា​ភិក្ខុ និង ព្រះ​សុគន្ធាធិបតី ប៉ឹម អស់​រយៈ​កាល​មួយ​ត្រីមាស ។ សម្ដេច​ព្រះ​សង្ឃរាជ​អង្គ​នេះ តែង​ចម្រើន​ឈាន​ជា​លោកិយ អាច​ឈ្វេង​យល់ ដល់​ស្ថានការណ៍​ព្រះ​នគរ និង​ដឹង​ដល់​កំណត់​កាល​នៃ​អាយុ​សង្ខារ របស់​ព្រះ​អង្គ​ទៀត​ផង ។ យើង​គប្បី​យល់​ថា សម្ដេច​ព្រះ​សង្ឃរាជ​នា​សតវត្ស​ទី ១៨ ពុំ​មែន​ជា​អង្គ​អរហន្តា​ខីណាស្រព​នោះ​ឡើយ ព្រោះ​ថា ពុទ្ធ​ព្យាករណ៍ បាន​កំណត់​ត្រឹម​មួយ​ពាន់​ឆ្នាំ បន្ទាប់​ពី​ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ ទ្រង់​បរិនិព្វាន​ទៅ នឹង​អស់​អង្គ​អរហន្ត ចុះ​ហេតុ​អ្វី បាន​ជា​សម្ដេច​ព្រះ​សង្ឃរាជ​មាន​ទិព្វ​ញ្ញាណ​អាច​ដឹង​និស្ស័យ​សត្វ ? ។ ចំណុច​នេះ បើ​យើង​នើក​ព្រះ​រាជ​ពង្សាវតារ​មើល ពិត​ជា​បាន​ដឹង​ថា មនុស្ស​ជំនាន់​នោះ នៅ​មាន​អ្នក​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​នៅ​ឡើយ ។

សម័យ​លង្វែក ឧដុង្គ មាន អ្នក​សិល្ប៍កើត​ឡើង​បញ្ចេញ​សកម្មភាព​ជា​បន្ត​បន្ទាប់​ដូចជា តេជោ​មាស តេជោ​យ៉ត ស្ដេច​កែវ​ព្រះ​ភ្លើង ស្ដេច​បាលី​កងចក្រ ស្ដេច​សំរែ ព្រះ​បាទ​ជាន់​ជុំ ព្រះ​រាម​ទ្រាំង ។ល។ ចំណែក​ខាង​ព្រះ​សង្ឃ ក៏​មាន​ព្រះ​បទុម​បារមី ស៊ីន ដែល​ជា​គ្រូ​របស់​តេជោ​មាស សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ចេះ​មន្ត​អាគម​អាច​ប្រែ​កាឡា​ជា​សត្វ​អ្វី​ក៏​បាន និង​អាច​រាយ​មន្ត​ហៅ​ភ្លៀង ខ្យល់ ជប​ឲ្យ​កើត​ជា​ខ្លា ដំរី ឃ្មុំ ស្រាំង ឪម៉ាល់ ដេញ​ជាន់ ដេញ​ទិច​បច្ចាមិត្ត​បាន ។ ក្នុង​ចំណោម​អ្នក​ខ្លាំង​ពូកែ​ទាំង​នោះ ខ្លះ​បាន​ធ្វើ​ជា​ស្ដេច​ត្រាញ់​បម្រើ ជាតិ សាសនា ព្រះ​មហា​ក្សត្រ ខ្លះ​ទៀត​តាំង​ខ្លួន​ជា​អ្នក​បុណ្យ អួត​អាង​បហិទ្ធិឫទ្ធិ ទ្រុស្ត​មិត្ត ប្រឆាំង នឹង​ស្ដេច​ផែនដី​ក៏​មាន ។ ករណី​ដែល​ថា សម្ដេច​ព្រះ​សង្ឃរាជ​មាន​ញាណ​ពិសេស​ខ្លាំង​ពូកែ ប្លែក​ពី​គេ​បែប​នេះ ក៏​ទំនង​ជា​ព្រះ​អង្គ​ឋិត​នៅ​ក្នុង​ជំពូក​អ្នក​សិល្ប៍​ទាំង​នោះ​ហើយ ប៉ុន្តែ​ជា​ជំពូក​អ្នក​ប្រើ​សិល្ប៍​មន្ត តាម​លក្ខណៈ​ពុទ្ធ​និយម​ពុំ​មែន​ជា​ព្រហ្ម​និយម កាប់​សម្លាប់​មនុស្ស យក​កំហឹង​ទល់​កំហល់​នោះ​ឡើយ ពោល​ឲ្យ​ចំ គឺ​ព្រះ​អង្គ​បាន​សម្រេច​លោកិយ​ឈាន ពុំ​មែន​ជា លោកុត្តរ​ឈាន។ សូម្បី​ព្រះ​ភិក្ខុ​ទេវទត្ត ជំនាន់​ពុទ្ធ​កាល ដែល​អាច​ហោះ​ហើរ​ដើរ​លើ​អាកាស​បាន ក៏​សម្រេច​លោកិយ​ឈាន​ជា​របស់​បុថុជ្ជន​នោះ​ដែរ ។

សម្ដេច​ព្រះ​សង្ឃរាជ​អង្គ​នេះ លុះ​មាន​ព្រះ​ជន្ម​ដល់ ៩៤ វស្សា ក៏​ទ្រង់​ដល់ នូវ​ព្រះ​ជរា​រោគ​ជា​ទម្ងន់ ។ ព្រះ​បាទ​អង្គ​តន់ ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង បាន​នាំ​ព្រះ​រាជ​អគ្គ​មហេសី ស្រី​ស្នំ​យាង​ទៅ​សួរ​ព្រះ​អាការ​រោគ និង​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដោយ​ព្រះ​ទ័យ​ស្នេហា អាឡោះ​អាល័យ មិន​ចង់​ឲ្យ​ព្រះ​មហា​ថេរ​ជា​ទី​សក្ការៈ​ាង​ទៅ​កាន់​ភព​ថ្មី​ឡើយ ។ ព្រះ​នរបតី ទ្រង់​មាន​ព្រះ​បន្ទូល​ថា បើ​អំណឹះ​អត់​ពី​សម្ដេច​ព្រះ​សង្ឃរាជ​ទៅ ព្រះ​នគរ​នឹង​បាត់បង​អ្នក​ប្រាជ្ញដ៏​ចម្បង​មួយ​អង្គ​ជា​មិន​ខាន។ ព្រះ​មហា​ក្សត្រ​បាន​អារាធនា​ព្រះ​មហា​ថេរ ឲ្យ​យាង​ចាប់​បដិ​សន្ធិ​និង​អគ្គ​មហេសី ដោយ​មាន​ព្រះ​ឱង្ការ​ថា : ញោម 3 គ្មាន​ព្រះ​រាជ​បុត្រា​នឹង​គ្រប់គ្រង​ព្រះ​នគរ​ជា​តំណ​ព្រះ​ប្រយូរវង្ស​តទៅ​សោះ បើ​គ្មាន​ព្រះ​មហា​ក្សត្រ​សោយរាជ្យ​ហើយ​ព្រះ​នគរ នឹង​សាប​សូន្យ​ជា​មិន​ខាន ។ ខ្ញុំ​ព្រះ​ករុណា សូម​និមន្ត​ព្រះ​ជីតន់​សូម​មេត្តា​មក ចាប់​បដិ​សន្ធិ​នឹង​ញោម​ចុះ ដើម្បី​ជួយ​ទំនុក​បម្រុង​ព្រះ​នគរ​ផង ព្រះ​ពុទ្ធសាសនា​ផង ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​ជា​អង្វែង​តទៅសម្ដេច​ព្រះ​សុគន្ធាធិបតី​ថ្វាយ​ព្រះ​ពរ​ថា ដែល​ព្រះ​មហា​បពិត្រ​និមន្ត​នោះ អាច​ក្ដី​ទទួល​តាម​ព្រះ​រាជ​និមន្ត​ក៏​បាន តែ​ពុំ​បាន​វែង​ឆ្ងាយ​ទេ គឺ​គ្រាន់​តែ​ជួយ​ព្រះ​មហា​ពពិត្រ​បន្តិច​បាន ទើប​ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះ​តម្រាស់​ថា : បណ្ដាល​ព្រះ​មហេសី ព្រះ​ស្នំ​មេនាង​ទាំង​ប៉ុន្មាន​របស់​ញោម​នោះ បើ​ព្រះ​ជីតន់​សព្វ​ព្រះ​ទ័យ​នឹង​ឈ្មោះ​ថា សូម​មេត្តា​ចាប់​បដិ​សន្ធិ​នឹង​ឈ្មោះ​នោះ តាម​សព្វ​ព្រះ​ទ័យ​ចុះ។ សម្ដេច​ព្រះ​សង្ឃរាជ ដែល​កំពុង​ទុរន់​ទុរា​នោះ ទ្រង់​ឲ្យ​ប្រជុំ​ព្រះ​មហេសី ស្រី​ស្នំ អ្នក​ម្នាង មក​ជួប​ជុំ​ជិត​ព្រះ​នេត្រ ព្រះ​អង្គ​ទត​ទាំងអស់ ទ្រង់​សព្វ​ព្រះ​ទ័យ​លើ​អ្នក​ម្នាង ជៃកវែងដែល​មាន​ស័ក្តិ​ទាប​ជាង​គេ ទើប​នឹង​ថ្វាយ​ខ្លួន ហើយ​ស្ដេច​ពុំ​សូវ​ប្រោស​មេត្តា​ផ ព្រោះ​មាន​រូប​សម្ផស្ស​មិន​ល្អ​ដល់​គេ ។

សម្ដេច​ព្រះ​សុគន្ធាធិបតី ទ្រង់​សព្វ​ព្រះ​ទ័យ​នេះ ដោយ​ចង់​អនុគ្រោះ​អ្នក​ម្នាង​នោះ ឲ្យ​មាន​កេរ្តិ៍ ឈ្មោះ​នឹង​គេ ហើយ​ទូល​ថ្វាយ​ព្រះ​ពរ​ថា ឲ្យ​ស្ដេច និង​ព្រះ​មហេសី ព្រះ​ស្នំ អ្នក​ម្នាង​ទាំងអស់​ត្រឡប់​ទៅ​ព្រះ​រាជវាំង​វិញ​ចុះ ទ្រង់​នឹង​អស់​អាយុ​សង្ខារ​ទៅ​ចាប់​បដិ​សន្ធិ​នឹង​អ្នក​ម្នាង​ជ័យ​នោះ​ហើយ។ គ្រាន់​តែ ស្ដេច​នាំ​ព្រះ​រាជ​បរិពារ​ចេញ​ផុត​ខ្លោង​ទ្វារ​វត្ត សម្ដេច​ព្រះ​សង្ឃរាជ ក៏​លោយ​ទិវង្គត​ទៅ​មែន​ក្នុង​ព្រះ​ជន្មាយុ ៩៤ ព្រះ​វស្សា ។ ស្ដេច ក៏​វិល​មក​រៀបចំ​ធ្វើ​បុណ្យ ថ្វាយ​ព្រះ​ភ្លើង​យ៉ាង​អធិក​អធម ។ មួយ​ខែ​ក្រោយ​មក​អ្នក​ម្នាល​ជ័យ ក៏​ដឹង​ខ្លួន​ថា​មាន​គភ៌ ។ ព្រះ​មហា​ក្សត្រ បាន​លើក​អ្នក​ម្នាង​ជៃ​ជា​ស្នំ​ឯក ដោយ​អាណិត​ស្រឡាញ់​លើស​គេ ព្រោះ​ទ្រង់​ជ្រាប​ថា អ្នក​ម្នាល​ទ្រង់​គភ៌ ពិត​ជា​សម្ដេច​ព្រះ​សង្ឃរាជ យាង​មក​ចាប់​បដិ​សន្ធិ​នឹង​បាន​ស្នង​រាជ​សម្បត្តិ​ជា​មិន​ខាន ។ ស្ដេច​ចាត់​ឲ្យ​អ្នក​យាយ​ចាស់​ទុំ​ចូល​ប្រចាំការ រក្សា​គភ៌​អ្នក​ម្នាង​ជៃ​រាល់​ពេល​រាល់​វេលា លុះត្រា​តែ​គ្រប់​ទស្សមាស បាន​ប្រសូត​ព្រះ​រាជ​បុត្រ​មក ជា​បុត្រា​មែន ហើយ​ថ្វាយ​ព្រះ​នាម​ថា ព្រះ​អង្គ​អេង។ លុះ​ព្រះ​វររាជ​បិតា​សោយ​ទិវង្គត​ទៅ ព្រះ​នរាយណ៍​រាមា​អង្គ​អេង ដែល​ជា​តួ​អង្គ​សម្ដេច​ព្រះ​សុគន្ធាធិបតី ប៉ឹម មក​សោយ​ព្រះ​ជាតិ​នោះ បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះ​បិតា​ចំ​ពេល​ដែល​ព្រះ​នគរ កើត​កលិយុគ​ឈាម​ដាប​ព្រះ​ធរណី​។

កាល​ព្រះ​អង្គ​អេង​ឡើង​គ្រង​រាជ្យ​ដំបូង​នោះ ទើប​មាន​ព្រះ​ជន្ម ៦ ព្រះ​វស្សា​ប៉ុណ្ណោះ កិច្ចការ​ដែនដី​ធ្លាក់​ទៅ​លើ សម្ដេច​ចៅហ្វា​ប៉ុក ជា​ធម្ម​បិតា លុះ​ព្រះ​ជន្ម​បាន ២២ ព្រះ​វស្សា ទើប​ឡើង​អភិសេក​ជា​ស្ដេច​ពេញ​សិទ្ធិ ។ ព្រះ​ករុណា​អង្គ​នេះ​មាន ព្រះ​ជន្មាយុ​ខ្លី​ណាស់​បាន​ត្រឹម​តែ ៤៤ ឆ្នាំ ក៏​សោយ​ទិវង្គត​ទៅ សម​ដូច​ទំនាយ​របស់​ព្រះ​សុគន្ធាធិបតី ប៉ឹម (កាល​ពី​ជាតិ​មុន) ដែល​មាន​ថេរ​ដីកា​ទូល​ព្រះ​អង្គ​តន់​ថា អាច​ក្ដី​គ្រាន់​តែ​ជួយ មហា​បពិត្រ​បន្តិច​បាន​តែ​ពុំ​បាន​វែង​ឆ្ងាយ​ទេ ។ ព្រះ​អង្គ​អេង​មាន​បុត្រ​តំណ​ប្រយូរវង្ស គឺ​ព្រះ​ហរិរក្ស​រាមាធិបតី​អង្គ​ឌួង ជា​មហា​ក្សត្រ​កវី​និពន្ធ​ដ៏​ល្បីល្បាញ បាន​និពន្ធ​រឿង​កាកី ចម្ប៉ា​ថោង ច្បាប់​ស្រី ព្រះ​វេស្សន្តរ​ជាតក ជា​ពាក្យ​កម្រង​កែវ ហើយ​ព្រះ​អង្គ​ឌួង ត្រូវ​ជា​ព្រះ​អយ្យកោ​លួត (តា​លួច) របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម​សីហនុ គ្រង​រាជ្យ​បច្ចុប្បន្ន​នេះ ។

III- សម្ដេច​ព្រះ​មហា​សុមេធាធិបតី ព្រះ​នាម ជួន ណាត

សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ជោញ្ញាណោប្រសូត​នៅ​ថ្ងៃ ១១ រោច ខែ ផល្គុន ឆ្នាំ វក ឆស័ក ព.. ២៤២៧ ត្រូវ​នឹង​ថ្ងៃ ១១ មីនា គ.. ១៨៨៣ នៅ​ភូមិ​កំរៀង ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។ ញោម​ប្រុស នាម ជួន និង​ញោម​ស្រី នាម យក់ ជា​កសិករ ។ ព្រះ​អង្គ​មាន​ប្អូន​ប្រុស​ម្នាក់ នាម ឧកញ៉ា​សោភ័ណ មន្ត្រី ជួន នុត ។ សម្ដេច​បាន​ចូល​សាង​ព្រះ​ផ្នួស តាំង​ពី​បឋម​វ័យ​របស់​ដល់​អស់​ព្រះ​ជន្ម ដោយ​ឧទ្ទិស​អ្វី ៗ ទាំងអស់ ដើម្បី​ព្រះ​ពុទ្ធសាសនា និង​វប្បធម៌​ជាតិ​ឲ្យ​បាន​រីក​ចម្រើន ។ ព្រះ​មហា​ថេរ​អង្គ​នេះ តែង​មាន​អំណត់​ព្យាយាម ក្នុង​ការ​សិក្សា​ជានិច្ចកាល ដោយ​ពុំ​មាន​ខ្លាច​អាជ្ញាធរ​ដែនដី​ចាប់​ទោស​កំហុស​ឡើយ ។ ជំនាន់​រាជការ​អាណាព្យាបាល​បារាំង គេ​បាន​ហាម​ឃាត់​ព្រះ​សង្ឃ មិន​ឲ្យ​រៀន​ភាសា​បរទេស មិន​ឲ្យ​រៀន​តាម​សៀវភៅ ដែល​ចាត់​ទុក​ថា​ជា​ធម៌​ថ្មី គឺ​ឲ្យ​រៀន​តែ​តាម​សាស្ត្រា​ស្លឹករឹត ដែល​ចាត់​ជា​ធម៌​ចាស់ បន្សល់​ទុក​ពី​បុរាណ​កាល​មក ។ ទោះ​ជា​មាន​ការ​ហាម​ឃាយ់​យ៉ាង​នេះ​ក្ដី ក៏​ព្រះ​ភិក្ខុ ជួន ណាត នៅ​តែ​ព្យាយាម​រៀន​សូត្រ​ឥត​រា​ថយ ជួន​កាល​ត្រូវ​បិទ​ទ្វារ​កុដិ​ឲ្យ​ជិត​ដើម្បី​លួច​រៀន ភាសា​បារាំង​ពី​សម្នាក់​លោក ជួន នុត ជា​ប្អូន​ប្រុស​របស់​ព្រះ​អង្គ​រហូត ចេះ​អាន​សរសេរ និង​សន្ទនា ហើយ​គ្មាន​អ្នក​ណា​បាន​ដឹង​ថា​ព្រះ​អង្គ​ចេះ​បារាំង​ផង ។ មុន​នឹង​ចេញ​ទៅ​រៀន​ភាសា​សំស្ក្រឹត​នៅ​ទីក្រុង​ហាណូយ ក្នុង​សម្នាក់​លោក​ល្វីហ្វីណូត៍ ចាងហ្វាង​សាលា​បារាំងសែស​នៅ​ចុង​បូព៌ា​ប្រទេស ព្រះ​អង្គ​ធ្លាប់​ចេះ​សំស្ក្រឹត​រួច​ទៅ​ហើយ ដោយ​ជួល​ក្លឹង្គ​លក់​សណ្ដែកដី​ម្នាក់ ឲ្យ​មក​បង្រៀន​ព្រះ​អង្គ​ដល់​ក្នុង​កុដិ​ជា​មួយ​នឹង​ព្រះ​គ្រ​សង្ឃ​វិជ្ជា ហួត តាត ជា​មិត្ត​កម្សត់​កម្រ​នឹង​គ្នា ។ ទី​បំផុត​ដោយ​ការ​ព្យាយាម​ដ៏​អស្ចារ្យ​នេះ ព្រះ​អង្គ​បាន​យក​ឈ្នះ​គូ​ប្រឆាំង​ដោយ​សន្តិវិធី ទន្ទឹម​នឹង​ពុទ្ធិ​ដ៏​ឧត្តុង្គ​ឧត្តម រក​គូ​ប្រដូច​គ្មាន ។ ព្រះ​អង្គ​ចេះ​រហូត​ដល់​ជាង​ដប់​ភាសា ក្នុង​សកលលោក​នឹង​ក្លាយ​ទៅ​ជា​អ្នក​ប្រាជ្ញ​ខាង​អក្សរសាស្ត្រ​ខ្មែរ ចាក់​ធ្លុះ​ក្នុង​ព្រះត្រៃបិដក ដោយ​គ្មាន​ទើស​ទាល់​សល់​ចន្លោះ​ឡើយ ។ ក្រៅ​ពី​ចំណេះ​វិជ្ជា​ផ្នែក​អក្សរសាស្ត្រ ព្រះ​អង្គ​ក៏​នៅ​មាន​ព្រះ​លក្ខណៈ ខុស​ម្លែក​ពី​ជន​ទាំង​ពួង​ដែរ ។

តាម​សិស្ស​គណ​ខ្លះ បាន​តំណាល​ថា ទោះបី​ជា​នឿយ​ព្រះ​កាយពល​យ៉ាង​ណា​ក្ដី ក៏​ព្រះ​អង្គ តែង​តែ​បំពេញ​ព្រះ​រាជ​តួនាទី ជា​ស្ដេច​សង្ឃ​តម្រង់​វិន័យ ព្រះ​ពុទ្ធសាសនា​ជានិច្ច ពិសេស​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់ ទៅ​លើ​វចនានុក្រម​ខ្មែរ​ជាង​អ្វី ៗ ទាំងអស់ ។ បើ​សិន​ជា​ព្រះ​អង្គ​ចង់​ផ្ទំ ក៏​ផ្ទំ​លក់​ភ្លាម​មួយ​រំពេច គ្រាន់​តែ​លាន់​ព្រះ​ឱស្ឋ​ប្រាប់​អ្នក​មក​គាល់​ថា អាត្មា​សុំ​សឹង​មួយ​ម៉ោង​សិន។ ដល់​កំណត់​មួយ​ម៉ោង​ក៏​តើន​ឡើង​ភ្លាម បន្ត​ព្រះ​រាជកិច្ច​ទៀត​ហាក់​ដូចជា អ្នក​សិល្ប៍ចេះ​ដក​ដួង​ចិត្ត​បាន ឬ​ក៏​ដូច​ព្រះ​អរហន្ត​ចូល​ឈាន​សមាបត្តិ ។ ព្រះ​អង្គ​អាច​ស្ដាប់​ដឹង​ភាសា​សត្វ​ដូចជា ពេល​មួយ​មាន​សត្វ​គ្រលីង​គ្រលោង​មួយ​គូ​វា​យំ​កឹក ៗ ចង់​ចឹក​សំបុក​អង្ក្រង​លើ​មែក​ស្វាយ ដោយ​មិន​ព្រម​ហើរ​ទៅ​ណា​សោះ ។ ព្រះ​អង្គ​ប្រើ​សិស្ស​ម្នាក់​ឲ្យ​ឡើង​ទៅ​មើល ក្នុង​សំបុក​អង្ក្រង​ថា មាន​ស្វាយ​ទុំ​នៅ​ក្នុង​ហ្នឹង​អាសត្វ​ទាំង​ពីរ​នេះ វា​ចង់​ស៊ី​ផ្លែ​ស្វាយ តែ​វា​ខ្លាច​អង្ក្រង​ខាំ ។ សិស្ស​ឡើង​ទៅ​មើល​ក៏​ឃើញ​ស្វាយ​ទុំ​ក្រហម​រលោង ពិត​ដូច​ព្រះ​បន្ទូល​មែន ក្រៅ​ពី​មាន​ទិព្វ​វិញ្ញាណ​ដូច​រៀបរាប់​ខាង​លើ​នេះ សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត តែង​មាន​ព្រះ​បន្ទូល​ដាស់តឿន​ក្រើន​រំលឹក​ចង់​ឲ្យ​អ្នក​ដទៃ ចេះ​ដឹង​តាម​ព្រះ​អង្គ មិន​ចង់​ឲ្យ​នៅ​ល្ងង់​ខ្លៅ​ទេ​ពោល​គឺ ឲ្យ​ចេះ​រក​ស៊ី​តាម​សម្មាជីវោ កុំ​ដេក​តែ​ក្រ​កុំ​ពឹង​លើ​ព្រេង​វាសនា ។ល។ ក្រៅ​ពី​សៀវភៅ​ធម៌​ផ្សេង ៗ ដែល​ព្រះ​អង្គ​បាន​តែង​ទុក ក៏​នៅ​មាន​ព្រះ​រាជ​ឱវាទ​ខ្លះ ៗ ដែល​យើង​សូម​ដក​ស្រ់​មក​ចុះ​ក្នុង​ទី​នេះ

ត្រូវ​រិះគន់​ខ្លួន​ឯង​ជា​មុន    កុំ​ឲ្យ​ស៊យ​ស៊ុន​ខុស​ទទេ

បើ​ឆ្ងល់​មិន​យល់​ត្រូវ​សួរ​គេ”   ឥត​ថោក​អ្វី​ទេ​ថ្លៃ​ទេ​តើ ។

……………………………

បាន​វត្ត​ជា​ភោជន៍​មាន​ព្រលឹង គួរ​នឹង​រំពឹង​កុំ​ទីសទាស

នាហ្មឺន​មន្ត្រី​មក​ពី​រាស្ត្រ គឺ​រាស្ត្រ​ឡើង​ទៅ​ជា​មន្ត្រី ។

……………………………

ការ​អម្បាល កុំ​អាល​ពោល​អួត​មុន ។

រអិល​មាត់ ច្រើន​តែ​ភ្លាត់​ស្នៀត ។

ប្រាំបួន​ទិញ ដប់​ទិញ កុំ​ទិញ​របស់​ថោក ។

……………………………

អក្សរ​វិបត្តិ​ជាតិ​វិបត្តិ ខ្ចាយ​ខ្ចាត់​រាត់​រាយ​ក្លាយ​ឃ្លៀង​ឃ្លាយ

ហេតុ​នេះ​ខ្មែរ​យើង​កុំ​រវាត ត្រូវ​រក្សា​ជាតិ​ឲ្យ​រឹងប៉ឹង ។

បើ​ដឹង​មិន​ដល់​កុំ​ធ្វើ​ចេះ ចំណេះ​តិចតួច​ស្ដួច​ស្ដើង​ស្ដឹង

បើ​ចង់​ច្បាស់លាស់​ត្រូវ​ខំ​ប្រឹង កុំ​ដេល​សម្លឹង​ថា​ចេះ​ឯង ។

……………………………

ព្រះ​រាជ​ដំបូន្មាន​ដ៏​ថ្លៃថ្លា​នេះ នៅ​តែ​មាន​តម្លៃ​មិន​ចេះ​ស្លាប់ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ច្រើន​ទៀត​រាប់​ពុំ​អស់ ទាំង​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា សម្ដេច​តែង​មាន​ព្រះ​ទ័យ អាណិត​អាសូរ ដល់​ជន​ជាតិ​រួម​លោហិត​មិន​ចង់​ឃើញ​មនុស្ស​ល្ងង់​ខ្លៅ មនុស្ស​ពាល មនុស្ស​កំសត់​ទុគ៌ត​អ្វី​ឡើយ គឺ​ព្រះ​អង្គ​ចង់​ឲ្យ​មនុស្ស​រស់​ស្មើ​ភាព​គ្នា រាប់​រក​គ្នា​ជា​ភាតរៈ ។

ស្នា​ព្រះ​ហស្ត​ខាង​តែង​និពន្ធ​របស់​ព្រះ​អង្គ ដែល​សំខាន់​បំផុត​គឺ វចនានុក្រម​ខ្មែរ ដែល​ចាត់​ទុក​ជា​បេតិកភណ្ឌ​ជាតិ មាន​តម្លៃ​មហា​សាល ។ អ្នក​ស្នេហា​អក្សរសាស្ត្រ​ជាតិ​មួយ​ចំនួន​តូច តែង​តែ​ថ្វាយ​បង្គំ​វចនានុក្រម​រៀងរាល់​ទិវា​រាត្រី ដោយ​ចាត់​ទុក​វត្ថុ​នេះ ជា​គ្រឿង​សក្ការៈ​បូជា​បន្ទាប់​ពី​ព្រះ​ត្រៃរតន៍ បាន​ជា​ខ្មែរ​មួយ​ចំនួន​បែរ​ជា​មើល​រំលង​វចនានុក្រម ហើយ​នាំ​គ្នា​សរសេរ​អក្សរ ពាស​វាល​ពាស​កាល ខុស​អក្ខរា​វិរុទ្ធ ដែល​សម្ដេច​ជា​អម្ចាស់ បាន​ចងក្រង​ទុក​មក​នោះ​ទៅ​វិញ ?”

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត ទ្រង់​សោយ​ទិវង្គត​កាល ពី​ថ្ងៃ ១៤ កើត ខែ​ទទ្របទ ឆ្នាំ​រកា ឯកស័ក ព.ស ២៥១៣ ត្រូវ​នឹង​ថ្ងៃ ២៥ កញ្ញា គ.ស ១៩៦៩ វេលា​ម៉ោង ២០ និហ ២០ នាទី នៅ​ក្នុង​មហា​កុដិ​ព្រះ​អង្គ នា​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ ក្នុង​ព្រះ​ជន្មាយុ ៨៦ ព្រះ​វស្សា ដោយ​ព្រះ​ជរាពាធ ។

សរុប​មក សម្ដេច​ព្រះ​សង្ឃរាជ​ទាំង​បី​ព្រះ​អង្គ​នេះ គួរ​សល់​ឋានៈ​ឯតទគ្គៈ​ដ៏​ឆ្នើម លើស​សម្ដេច​សង្ឃ​អង្គ​ឯ​ទៀត ដែល​គ្រប់គ្រង​ព្រះ​ពុទ្ធសាសនា ក្នុង​កម្ពុជ​រដ្ឋ ។ សម្ដេច​ព្រះ​សុគន្ធាធិបតី ជឹម បាន​បន្សល់​ទុក​នូវ​ច្បាប់ ច្បាប់​ក្រមសម្រាប់​ដាស់តឿន​ក្រើន​រំលឹក​មហាជន ។ សម្ដេច​ព្រះ​សុគន្ធាធិបតី ប៉ឹម បាន​បន្សល់​ទុក នូវ​រាជវង្ស​ខ្មែរ ខ្សែ​ព្រះ​បាទ​អង្គ​អេង ព្រះ​បាទ​អង្គ​ឌួង ព្រះ​បាទ​នរោត្តម ព្រះ​បាទ​សុរាម្រឹត ព្រះ​បាទ​សីហនុ ។ សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត ក៏​បាន​បន្សល់​ស្នា​ព្រះ​ហស្ត ជា​វចនានុក្រម​ខ្មែរ​ដ៏​ល្បីល្បាញ​មាន​តម្លៃ​ជា​អមត និង​ស្នាដៃ​ជា​ច្រើន​ផ្សេង​ទៀត ។ ពេល​នេះ សម្ដេច​ទាំង​បី បាន​សោយ​ព្រះ​ទិវង្គត​កន្លង​ផុត​ទៅ​ហើយ យើង​ខ្ញុំ​ព្រះ​ករុណា​ជា​បច្ឆាជន សូម​លើក​ហត្ថ​បួងសួង ដល់​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ សូម​ស្ដេច​យាង​មក​ជួយ​ថែរក្សា ព្រះ​ពុទ្ធសាសា និង​វប្បធម៌​ជាតិ​ខ្មែរ ឲ្យ​បាន​ឋិតថេរ​ចីរកាល​គង់វង្ស ងើប​ត្រដែត​ឡើង ដើម្បី​ដើរ​ឲ្យ​ទាន់​អារ្យ​ប្រទេស​នានា ក្នុង​សកល​លោក កុំ​បី​ក្លាយ​ទៅ​ជា​បការៈ​ដទៃ​ឡើយ ។

ដោយ៖ លោក ង៉ែត សោភ័ណ

1ជិន​កាល​មាលីបករណ៍ ទំព័រ ៩៨

2ឈឺ​ក្បាល

3ព្រះ​រាជា​អង្គ​ឯង​តែ​ម្ដង

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on January 25, 2013, in ព្រះពុទ្ធសាសនា. Bookmark the permalink. 2 Comments.

  1. សុំយកទៅប្រើដែលហើ្យ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: