ទំនៀម​របស់​ប្រជារាស្ត្រ​កម្ពុជា ក្នុង​ការ​រៀប​រណ្ដាប់​អង្គ​កឋិន​ទាន


ទំនៀម​របស់​ប្រជារាស្ត្រ​កម្ពុជាក្នុង​ការ​រៀប​រណ្ដាប់​អង្គ​កឋិន​ទាន​មាន​ដូច​ខាង​ក្រោម៖

-​ រណ្ដាប់​អង្គ​កឋិន​១​សម្រាប់ សម្រាប់​ប្រគេន​ព្រះ​ថេរៈ​១​អង្គ​ដែល​ក្រាល​គ្រង​គឺ ស្បង់​១ ចីពរ​១, សង្ឃាដី​១, អង្ស័ក​១, វត្ថពន្ធ​ចង្កេះ​១, វត្ថពន្ធ​ទ្រូង​១, និសីទនៈ​១, ឆត្រ​១, បាត​១, កំសៀវ​ទឹក​១, កន្ទេល​១, ខ្នើយ​១, មុង​១, ភួយ​១, គ្រែ​១, ឆ្នាំង​១, ចាន​ស្លាប​ព្រា….។
រណ្ដាប់​ញត្តិ ឬ​រណ្ដាប់​សូត្រ​ឆ្វេង-ស្ដាំ ២​សម្រាប់ : សំរាប់​ប្រគេន​ព្រះ​ថេរៈ​២​អង្គ ដែល​សូត្រ​ញត្តិ​គឺ​មាន​ចីវរ​១, លៀង, (ស្បង់​១, ចីពរ​១) និង​បរិក្ខារ​មួយ​ចំនួន​ទៀត….។

រណ្ដាប់​បរិក្ខារ​ច្រើន​សម្រាប់ សម្រាប់​ប្រគេន​ព្រះ​ភិក្ខុ​សង្ឃ​បរិស័ទ ដែល​គង់​ហត្ថបាស​អនុមោទនា​កឋិន​។ រណ្ដាប់​នេះ គេ​និយម​រៀប​ធ្វើ​ជា​កញ្ចប់ ហើយ​ក្នុង​កញ្ចប់​នេះ​មាន​ជា​អាទិ៍៖ ស្បង់​ឬ​សាដក​១​ទៀន​ធូប តែ ស្ករ បារី ឈើ​គូស ច្រាស​ថ្នាំ​ដុស​ធ្មេញ ថ្នាំ​ពេទ្យ សាប៊ូ សៀវភៅ ប៊ិច ខ្មៅ​ដៃ (ប្រាក់)​។ រណ្ដាប់​នេះ គេ​អាច​ធ្វើ​ឲ្យ​មាន​ចំនួន​ច្រើន សម្រាប់​ប្រគេន​សាមណេរ​ផង ប្រសិន​បើ​វត្ត​នោះ​មាន​សាមណេរ​។ ក្រៅ​ពី​រណ្ដាប់​ទាំង​បី​ផ្នែក​នេះ អ្នក​សាមី​ដើម​ទាន តែង​ប្រកាស​បវារណា​នូវ​ប្រាក់​មួយ​ចំនួន​សម្រាប់​ប្រគេន​ព្រះ​សង្ឃ​ផ្ទាល់ និង​មួយ​ចំនួន​ធំ​សម្រាប់​កសាង​សមិទ្ធិ​ផ្សេង​ៗ ដូច​ជា កុដិ វិហារ ស្រះ ខ្លោង​ទ្វារ របង​វត្ត សាលា​រៀន មន្ទីរ​ពេទ្យ…។    បណ្ដា​បរិក្ខារ​ទាំងអស់​នៃ​កឋិន​ទាន និយាយ​សរុប​មាន​តែ​ពីរ​យ៉ាង​គឺ​ស្បង់​១​ឬ​ចីពរ​១, ឬ​សង្ឃាដី​១, ប៉ុណ្ណោះ​ជា​កឋិន​ចីវរ គឺ​ចីវរ​ដែល​ភិក្ខុ​ត្រូវ​ក្រាល​និង​បរិក្ខារ​ក្រៅ​ពី​នេះ​ហៅ​ថា អានិសង្ស​លាភ​។

កម្ម​វិធី​កឋិន ៖

បណ្ដា​២៩​ថ្ងៃ គឺ​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​កត្តិក បើ​អ្នក​សាមី​ដើម​ទាន​ស្ម័គ្រ​ថ្ងៃ​ណាមួយ​ហើយ គេ​តែង​បោះ​ជា​កម្មវិធី​ផ្សព្វ​ផ្សាយ​ចែក​ចាយ​ដល់​ញាតិ មិត្ត ជិត​ឆ្ងាយ​ដើម្បី​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កឋិន​របស់​គេ​។ សម័យ​បច្ចុប្បន្ន គេ​ចូល​ចិត្ត​កំណត់​កម្ម​វិធី​នេះ​ឲ្យ​ត្រូវ​លើ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ គឺ​សូត្រ​មន្ត​ថ្ងៃ​សៅ ដង្ហែ​ទៅ​អាទិត្យ​។

ក/ថ្ងៃ​សូត្រ​មន្ត ៖ ថ្ងៃ​សូត្រ​ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​កឋិន​ទាន ដែល​គេ​និយម​ធ្វើ​នៅ​វេលា​ល្ងាច​។ ល្ងាច​នោះ នៅ​គេហដ្ឋាន​អ្នក​សាមី​ដើម​កឋិន​ទាន គេ​សង្កេត​ឃើញ​មាន ៖
-​ ពិធី​ទទួល​បដិសណ្ឋារៈ​យ៉ាង​អធិកអធម​ដោយ​ភោជនាហារ​យ៉ាង​ពោរពាស ចំពោះ​ភ្ញៀវ​ជិត​ឆ្ងាយ ដែល​អញ្ជើញ​មក​ចូល​បច្ច័យ​ចាប់​កុសល​ជាមួយ​។
– ពិធី​ចម្រើន​ព្រះ​បរិត្ត និង​សំដែង​ធម៌​ទេសនា​។
– ជួន​កាល​មាន​សំដែង​សិល្បៈ ជូន​ភ្ញៀវ​កម្សាន្ត​ផង​។
– នៅ​ក្នុង​វត្ត​ដែល​ទទួល​អង្គ​កឋិនទាន ក៏មាន​ពិធី​សូត្រ​មន្ត​ទេសនា​ដែរ

ខ/ថ្ងៃ​ដង្ហែ ឬ​ថ្ងៃ​ថត ៖ជា​ថ្ងៃ​ទី​២​នៃ​កឋិន​ទាន ដែល​គេ​និយម​ធ្វើ​នៅ​ពេល​ព្រឹក​។ ព្រឹក​នេះ គេ​សង្កេត​ឃើញ៖
– ការ​ជបជុំ​គ្នា​នៅ​ផ្ទះ​អ្នក​សាមី​ដើម​ទាន ដើម្បី​រថយន្ត​ចូល​រួម​ដង្ហែ​អង្គ​កឋិន​ទាន​ឆ្ពោះ​ទៅ​កាន់​វត្ត​ដែល​បាន​ គ្រោង​ទុក​។
– ពេល​ដង្ហែ គេ​សង្កេត​ឃើញ​នៅ​ជាប់​និង​មុខ​រថយន្ត នៃ​អង្គ​កឋិន​មាន​ចង​បដា​អក្សរ​ធំ​ៗ​ថា “កឋិនទាន​ដង្ហែ​ទៅ​កាន់​វត្ត…….”​។
– នៅ​លើ​រថយន្ត មាន​ក្រុម​ឆៃយ៉ាំ ឡក​លេង​ប្រគំ​កំដរ លាន់​ឮ​រំពង​រហូត​ដល់​វត្ត​។
– នៅ​ឯ​វត្ត​អារាម​វិញ គេ​បាន​រៀបចំ​បោស​ច្រាស​យ៉ាង​ស្អាត​តុបតែង​លំអ​ដោយ​ទង់​ជ្វាលា ទង់​ជាតិ ទង់​សាសនា រំយោល​ផ្កា​ភ្ញី​យ៉ាង​ល្អល្អះ​ព្រោងព្រាត​។
– បន្ទាប់​ពី​ប្រគេន​ភត្តាហារ និង​ពិធី​ទទួល​អង្គ​កឋិន និង​ជួន​ភោជនាហារ​ចំពោះ​ភ្ញៀវ​មក​មាន​ពិធី​ដង្ហែ​អង្គ​កឋិន​ប្រទក្សិណ​ព្រះ​ វិហារ​ជា​ទក្ខិណាព័ត៌ (បត់​ពី​ឆ្វេង​ទៅ​ស្ដាំ) ដោយ​មាន​ក្រុម​ឆៃយ៉ាំ​ប្រគំ​ឡក​លេង​រាំ​លេង​រាំ​យោង​មុខ​យ៉ាង​ក្រមិចក្រមើម​ គួរ​សប្បាយ​រីករាយ​ជ្រះថ្លា, បន្ទាប់​មក មាន​លោក​អាចារ្យ​នាំ​មុខ​អ្នក​ដើម​ទាន​ទូល​ត្រៃ​ធំ រណ្ដាប់​សូត្រ​ឆ្វេង-ស្ដាំ និង​កាន់​រណ្ដាប់​បរិក្ខារ​ផ្សេង​ៗ រួច​ហើយ​ចូល​ទៅ​តម្កល់​ក្នុង​កណ្ដាល​ព្រះ​វិហារ ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ពុទ្ធ​បដិមា និង​ព្រះ​ភិក្ខុ​សង្ឃ​។ ពេល​នោះ មាន​ពិធី​នមស្សការ​ព្រះ​រតនត្រ័យ សមាទាន​សីល ប្រកាស​បច្ច័យ​សង្កត់​ត្រៃ​វេរ​អង្គ​កឋិន​ចំពោះ​ព្រះ​សង្ឃ ពិធី​ក្រាល​កឋិន ព្រះ​សង្ឃ​សូត្រ​ធម៌​អនុមោទនា​ឲ្យ​ពរ​សាធុការ​ដល់​សាមី​ដើម​ទាន និង​សប្បុរសជន​ទាំងអស់​។

វិធី​វេរ​អង្គ​កឋិន ៖

តាម​ទម្លាប់​របស់​លោក​អាចារ្យ​ដែល​ជា​អ្នក​តំណាង​ម្ចាស់​កឋិន តែង​វេរ​អង្គ​កឋិន​ចំពោះ​ព្រះ​សង្ឃ​តាម​វិធី​ពីរ​យ៉ាង ស្រេច​ហើយ​លើ​ការ​ចូល​ចិត្ត​របស់​ខ្លួន ៖

-​ ពិធី​វេរ​បែប​ទី​១៖ បើ​គេ​យក​សាច់​សំពត់​សុទ្ធ​មក​វេរ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ក្រាល​កឋិន​នោះ លោក​អាចារ្យ​តែង​វេរ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់)​។ ឥមំ ទុស្សំ កឋិនំ សង្ឃស្ស ទេម, ទុតិយម្បិ ឥមំ….ទេម, តតិយម្បិ ឥមំ…ទេម យើង​ខ្ញុំ​ទាំងឡាយ សូម​វេរ​នូវ​សំពត់​នេះ​ដើម្បី​កឋិន​ចំពោះ​ព្រះ​សង្ឃ, អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង​។
– បើ​គេ​យក​ចីវរ​ធ្វើ​ស្រេច​មក​វេរ​ចំពោះ​ព្រះ​សង្ឃ ដើម្បី​ក្រាល​កឋិន​នោះ​លោក​អាចារ្យ​តែង​វេរ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់) ឥមំ កឋិនចីវរំ សង្ឃស្ស ទេម, ទុតិយម្បិ ឥមំ…ទេម, តតិយម្បិ ឥមំ…ទេម យើង​ខ្ញុំ​ទាំងឡាយ សូម​វេរ​នូវ​កឋិន​ចីវរ​នេះ​ចំពោះ​ព្រះ​សង្ឃ អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង​។
– ប្រសិន​បើ​មាន​បរិក្ខារ​ផ្សេង​ៗ ក្រៅ​ពី​សំពត់​កឋិន ឬ​កឋិន​ចីវរ​ផង​ដែល​ហៅ​ថា​អានិសង្ស​លាភ នោះ​លោក​អាចារ្យ​តែង​វេរ​បន្ថែម​ទៀត​ថា យេនម្ហាកំ កឋិនំ គហិតំ កឋិនានិសំសានិតស្សេវ ទេម, ទុតិយម្បិ យេនម្ហាកំ…ទេម, តតិយម្បិ យេនម្ហាកំ… ទេម រី​កឋិន​នៃ​យើង​ខ្ញុំ​ទាំងឡាយ គឺ​លោក​ម្ចាស់​អង្គ​ណា​ទទួល​កាន់​យក យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​នូវ​បរិក្ខារ​ទាំងឡាយ​ជា​អានិសង្សលាភ នៃ​កឋិន​ចំពោះ​លោក​ម្ចាស់​អង្គ​នោះ​ឯង​។ អស់​វារៈ​ពីរ​ដង​ផង​។ អស់​វារ​បី​ដង​ផង​។

– វិធី​វេរ​បែប​ទី​២ ៖ សម័យ​បច្ចុប្បន្ន លោក​អាចារ្យ​គ្រប់​វត្ត​និយម​វេរ​ស្ទើរ​តែ​ទូទៅ​ថា នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស (បី​ចប់)​។ មយំ ភន្តេ ឥមំ កឋិនចីវរំ សានិសំសំ សង្ឃស្ស ទេម កឋិនំ អត្ថរិតុំ សាធុ ភន្តេ សង្ឃោ ឥមំ កឋិនចីវរំ សានិសំសំ សង្ឃស្ស ទេម កឋិនំ អត្ថរិតុំ មាតាបិតាទីនំ គុណវន្តានញ្ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ, ទុតិយម្បិ មយំ ភន្តេ…ហិតាយ សុខាយ, តតិយម្បិ មយំ ភន្តេ….ហិតាយ សុខាយ បពិត្រ​ ព្រះ​សង្ឃ​ដ៏​ចម្រើន យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​នូវ​កឋិន​ចីវរ​ព្រម​ទាំង​អានិសង្សលាភ​នេះ​ចំពោះ​ ព្រះ​សង្ឃ​ដើម្បី​ក្រាល​កឋិន, បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃ​មេត្តា​ទទួល​នូវ​កឋិន​ចីវរ ព្រម​ទាំង​អានិសង្សលាភ​នេះ ដើម្បី​ក្រាល​កឋិន, ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​ដល់​លោក​អ្នក​មាន​គុណ​ទាំងឡាយ មាន​មាតាបិតា​ជាដើម អស់​កាល​ជា​យូរ​អង្វែង​ទៅ​ហោង អស់​វារៈ​ពីរ​ដង​ផង អស់​វារៈ​បី​ដង​ផង​។

ពិធី​ក្រាល​កឋិន ៖

ចំណែក​ព្រះ​សង្ឃ កាល​បើ​បាន​ទទួល​កឋិន​ចីវរ​នោះ​ដោយ​ពិនិត្យ​ពិច័យ​ឃើញ​ថា​ត្រឹមត្រូវ​តាម​ វិន័យ​សព្វ​គ្រប់​ហើយ ក៏​អបលោក​ឲ្យ​ភិក្ខុ​១​រូប ដែល​ជំនុំ​សង្ឃ​យល់​ថា​គួរ​ក្រាល​កឋិន​បាន, រួច​ចាត់​ភិក្ខុ​២​រូប​សូត្រ​ញត្តិ​ជា​ភាសា​បាលី​ប្រគល់​ចីវរ​នោះ ដែល​មាន​លំដាប់​លំដោយ​ដូច​ត​ទៅ ៖
“ដំបូង​ភិក្ខុ​១​រូប​ដែល​ហៅ​ថា “សូត្រ​ឆ្វេង” ចាប់​ផ្ដើម​ក្រើន​កឋិន​ដោយ ពាក្យ​ថា “ភន្តេ​បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន រី​អង្គ​កឋិន​ទាន​នេះ ជា​របស់​លោក (….) និង (…) សុទ្ធ​សឹង​ជា​ពុទ្ធមាមកជន​ប្រកប​ដោយ​បសាទសទ្ធា និង​កុសលចេតនា ជា​អសង្ខារិក ជ្រះថ្លា​ចំពោះ​គុណ​ព្រះ​រតនត្រ័យ បាន​បំពេញ​នូវ​បុញ្ញករិយាវត្ថុ​ចេះ​លៃលក​យក​ធនធាន​ដែល​គ្មាន​ខ្លឹមសារ ធ្វើ​ឲ្យ​ជា​របស់​មាន​ខ្លឹមសារ​កប់​ទុក​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដើម្បី​ជា​ទ្រព្យ​មត៌ក​សម្រាប់​ប្រើប្រាស់​ទៅ​ក្នុង​ភព​ខាង​មុខ​ទៀត បាន​ស្រុះស្រួល​បបួល​ផ្ដួចផ្ដើម​បង្កើត​ជា​អង្គ​កឋិន​ទាន​នេះ​ឡើង ដើម្បី​យក​មក​វេរ​ថ្វាយ​ភិក្ខុ​សង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ត្រី​មាស​ក្នុង​ ទី​វត្ត (…) នេះ​។ ដូច្នេះ​សំពត់​កឋិន​នេះ​ហាក់​ដូច​ជា​សំពត់​ទិព្វ​កោសេយ្យពស្ត្រ អណ្ដែត​ត្រសែត​ឰដ៏​អាកាស​វេហាស៍នភាល័យ ហើយ​ធ្លាក់​ចុះ​មក​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ ជា​សង្ឃទាន​ដ៏​ស្មោះ​ឥត​ចំពោះ​ព្រះ​ករុណា​អង្គ​ណាមួយ​ឡើយ​។ ហេតុ​នេះ​ហើយ បើ​ព្រះ​ករុណា​អង្គ​ណា​មាន​ត្រៃ​ចីវរ​ទុព្វលភាព​ដាច់ដាច​មិន​អាច​ប្រើ​ ប្រាស់​បាន ហើយ​ចេះ​នូវ​អានិសង្ស​៥ ចាំ​មាតិកា ៨ បលិពោធ ២ អនត្ថតាការៈ ២៤ អត្ថតាការៈ ១៧ អាច​ញ៉ាំង​សង្ឃ​ឲ្យ​ត្រេកអរ​ដោយ​កឋិនត្ថារកិច្ច​បាន ក៏​សូម​មាន​ព្រះ​ពុទ្ធដីកា​ឆ្លើយ​មក​ចុះ ព្រះ​សង្ឃ​នឹង​អបលោក​សំពត់​កឋិន​នេះ ដល់​ព្រះ​ករុណា​អង្គ​នោះ​ដោយ​ញត្តិទុតិយកម្មវាចា​ក្រាល​គ្រង​ត​ទៅ​។ (ពេល​ដែល​ភិក្ខុ​រូប​នេះ ប្រកាស​ចប់ ត្រូវ​ឈប់​បង្អង់​២ ឬ​៣ នាទី​ដើម្បី​រង់​ចាំ​មើល​ក្រែង​មាន​ភិក្ខុ​រូប​ណា​ដែល​មាន​ចីវរ​ដាច់ដាច ឆ្លើយ​ថា​ខ្លួន​ចង់​ក្រាល​កឋិន​នេះ)​។
– បើ​គ្មាន​ភិក្ខុ​រូប​ណាមួយ ឆ្លើយ​ថា​ខ្លួន​សុំ​ក្រាល​កឋិន​នេះ​ទេ ភិក្ខុ​១​រូប​ទៀត​ដែល​ហៅ​ថា “សូត្រ​ស្ដាំ” ត្រូវ​ប្រកាស​ក្រើន​កឋិន​ដោយ​ពាក្យ​ថា “ភន្តេ​បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​ករុណា​ជា​អ្នក​តំណាង​សង្ឃ​គ្រប់​អង្គ​ក្នុង​ឱកាស​នេះ សូម​ពិត​ព្រះ​ពុទ្ធ​ដីកា​ចំពោះ​ព្រះ​សង្ឃ​គ្រប់​អង្គ សូម​ទាន​ជ្រាប​។ យើង​ខ្ញុំ​ទាំងអស់​សុទ្ធ​សឹង​តែ​មាន​ចីវរ​ល្មម​គ្រប់គ្រាន់​ប្រើប្រាស់​ហើយ ប៉ុន្តែ​តាម​យោបល់​របស់​ខ្ញុំ​ព្រះ​ករុណា​យល់​ឃើញ​ថា មាន​តែ​ព្រះ​តេជគុណ (…) អង្គ​នេះ ទើប​សម​គួរ​នឹង​ក្រាល​គ្រង​នូវ​សំពត់​កឋិន​នេះ ព្រោះ​លោក​ជា​អ្នក​ចេះ​នូវ​អានិសង្ស​៥ ចាំ​នូវ​មាតិកា​៨ បលិពោធ​២ អនត្ថតាការៈ​២៤ អត្ថតាការៈ​១៧ ហើយ​ឆ្លៀវឆ្លាស​ក្នុង​កឋិនត្ថារកិច្ច​អាច​ញ៉ាំង​សង្ឃ​ឲ្យ​ត្រេកអរ​បាន​។ ហេតុ​នេះ បើ​ព្រះ​សង្ឃ​គ្រប់​អង្គ​យល់​ឃើញ​ថា​សម​គួរ​ដូច​ជា​បកាសនវាចា ដែល​ខ្ញុំ​ព្រះ​ករុណា​បាន​ថ្លែង​មក​នេះ ក៏​សូម​បញ្ចេញ​នូវ​សញ្ញា​ថា សាធុ ឲ្យ​ព្រម​ៗ​គ្រប់​អង្គ​ទៅ​ហោង​។ (ពេល​នោះ ជំនុំ​សង្ឃ​ក៏​ទទួល​ព្រម​ៗ​គ្នា​ថា “សាធុ”​។
– បន្ទាប់​មក លោក​អ្នក​សូត្រ​ទាំង​ពីរ​រូប អង្គុយ​ច្រហោង​ទឹម​គ្នា​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​ទៅ​រក​ភិក្ខុ​ដែល​ត្រូវ​ក្រាល ​គ្រង ដោយ​សូត្រ​បាលី ញត្តិទុតិយកម្មវាចា ថា សុណាតុ មេ ភន្តេ សង្ឃោ ឥទំ សង្ឃស្ស កឋិនទុស្សំ ឧប្បន្នំ ។ យទិសង្ឃស្ស បត្តកល្លំ សង្ឃោ ឥទំ កឋិនទុស្សំ (ឥត្ថន្នាមស្ស) ភិក្ខុនោ ទទេយ្យ កឋិនំ អត្ថរិតុំ ។ ឯសា ញត្តិ ។ សុណាតុ មេ ភន្តេ សង្ឃោ ឥទំ សង្ឃស្ស កឋិនទុស្សំ ឧប្បន្នំសង្ឃោ ឥទំ កឋិនទុស្សំ (ឥត្ថន្នាមស្ស) ភិក្ខុនោ ទេតិ កឋិនំ អត្ថរិតុំយស្សាយស្មតោ ខមតិ ឥមស្ស យស្ស នក្ខមតិ សោ ភាសេយ្យ ។ ទិន្នំ ឥទំ សង្ឃេន កឋិនទុស្សំ (ឥត្ថន្នាមស្ស) ភិក្ខុនោ កឋិនំ អត្ថរិតុំ ។ ខមតិ សង្ឃស្ស តស្មា តុណ្ហី ឯវមេតំ ធារយាមិ បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃ​ស្ដាប់​ខ្ញុំ ដ្បិត​សំពត់​កឋិន​នេះ​កើត​ឡើង​ដល់​សង្ឃ​ហើយ​។ បើ​កម្ម​មាន​កាល​គួរ​ដល់​សង្ឃ​ហើយ គួរ​សង្ឃ​ឲ្យ​សំពត់​កឋិន​នេះ​ដល់​ភិក្ខុ (ឈ្មោះ​នេះ) ដើម្បី​នឹង​ក្រាល​កឋិន​។ នេះ​ជា​ញត្តិ​។ បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃ​ស្ដាប់​ខ្ញុំ ដ្បិត​សំពត់​កឋិន​នេះ​កើត​ឡើង​ដល់​សង្ឃ​ហើយ​។ ឥឡូវ​សង្ឃ​ឲ្យ​សំពត់​កឋិន​នេះ​ដល់​ភិក្ខុ (ឈ្មោះ​នេះ) ដើម្បី​នឹង​ក្រាល​កឋិន​។ ការ​ឲ្យ​សំពត់​កឋិន​នេះ​ដល់​ភិក្ខុ​(ឈ្មោះ​នេះ) ដើម្បី​នឹង​ក្រាល​កឋិន​បើ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា ត្រូវ​លោក​មាន​អាយុ​អង្គ​នោះ​ស្ងៀម បើ​មិន​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ទេ ត្រូវ​លោក​មាន​អាយុ​អង្គ​នោះ​និយាយ​ឡើង​។ សំពត់​កឋិន​នេះ សង្ឃ​ឲ្យ​ដល់​ភិក្ខុ​ឈ្មោះ​នេះ ដើម្បី​និង​ក្រាល​កឋិន​ហើយ​។ ការ​ឲ្យ​សំពត់​កឋិន​នេះ​គួរ​ដល់​សង្ឃ​ហើយ ព្រោះ​ហេតុ​នេះ​បាន​ជា​សង្ឃ​ស្ងៀម​។ ខ្ញុំ​សូម​ចាំ​ទុក​នូវ​ការ​នេះ​ដោយ​អាការៈ​ស្ងៀម​នៅ​យ៉ាង​នេះ​។
-ភិក្ខុ​អ្នក​ក្រាល ត្រូវ​សូត្រ​បាលី​ដក​សង្ឃាដី ចីពរ ស្បង់​ចាស់​ចេញ​ថា ឥមំ សង្ឃាដឹ បច្ចុទ្ធរាមិ អាត្មា​អញ​ដក​នូវ​សង្ឃាដី​នេះ​។ ឥមំ ឧត្តរាសង្គំ បច្ចុទ្ធរាមិ អាត្មា​អញ​ដក​នូវ​ចីពរ​នេះ​។ ឥមំ អន្តរវាសកំ បច្ចុទ្ធរាមិ អាត្មា​អញ​ដក​នូវ​ស្បង់​នេះ​។
– ភិក្ខុ​អ្នក​ក្រាល​ត្រូវ​យក​ខ្មៅ​ដៃ​ធ្វើ​ពិន្ទុកប្ប​ត្រង់​មុម​ចីវរ ដែល​បម្រុង​ក្រាល (គឺ​ធ្វើ​ជា​ចំណុច​មួយ​មូល​ដូច​ជា​រាង​កូន​ឃ្លី) បើ​យក​ស្បង់​ថា ឥមំ អន្តរវាសកំ អធិដ្ឋាមិទុតិយម្បិ… តតិយម្បិ… អាត្មា​អញ​អធិដ្ឋាន​នូវ​ស្បង់​នេះ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង​។ បើ​ចីពរ​ថា ឥមំ ឧត្តរាសង្គំ អធិដ្ឋាន​នូវ​ចីពរ​នេះ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង​។ បើ​សង្ឃាដី​ថា ឥមំ សង្ឃាដឹ អធិដ្ឋាមិ…, ទុតិយម្បិ… តតិយម្បិ… អាត្មា​អញ​អធិដ្ឋាន​នូវ​សង្ឃាដី​នេះ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង​។
ភិក្ខុ​អ្នក​ក្រាល ត្រូវ​ដោះ​សង្ឃាដី​ចាស់ ចីពរ​ចាស់ ស្បង់​ចាស់​ណាមួយ​ដែល​ខ្លួន​ត្រូវ​ក្រាល​គ្រង​ចេញ ហើយ​ទ្រង់​ស្បង់​ថ្មី ចីពរ​ថ្មី សង្ឃាដី​ថ្មី រួច​គង់​បត់​ព្រះ​បាទ​លើក​ព្រះ​ហស្ត​សំពះ​ជំនុំ​សង្ឃ​ៗ សំពះ​តប​វិញ បើ​យក​សង្ឃាដី​ក្រាល​ត្រូវ​ប្រកាស​ប្រាប់​ជំនុំ​សង្ឃ​ថា ឥមាយ សង្ឃាដិយា កឋិនំ អត្ថរាមិ ខ្ញុំ​ក្រាល​កឋិន​ដោយ​សង្ឃាដី​នេះ​។ បើ​យក​ចីពរ​ក្រាល​ត្រូវ​ប្រកាស​ប្រាប់​ជំនុំ​សង្ឃ​ថា ឥមិនា ឧត្តរាសង្គេន កឋិនំ អត្ថរាមិ ខ្ញុំ​ក្រាល​កឋិន​ដោយ​ចីពរ​នេះ​។ បើ​យក​ស្បង់​ក្រាល​ត្រូវ​ប្រកាស​ប្រាប់​ជំនុំ​សង្ឃ​ថា ឥមិនា អន្តរវាសកេន កឋិនំ អត្ថរាមិ ខ្ញុំ​ក្រាល​កឋិន​ដោយ​ស្បង់​នេះ​។
– ភិក្ខុ​អ្នក​ក្រាល​ត្រូវ​អង្គុយ​ច្រហោង​ប្រណម្យ​អញ្ជលី​ឆ្ពោះ​ទៅ​រក​សង្ឃ​ឬ ​គណៈ ឬ​បុគ្គល (ដែល​បាន គង់​ចាំ​វស្សា​ជាមួយ​គ្នា) ហើយ​ពោល​ថា អត្ថតំ អាវុសោ សង្ឃស្ស កឋិនំ ធម្មិកោ កឋិនត្ថារោ អនុមោទថ (អនុមោទាហិ) ម្នាល​អាវុសោ កឋិន​របស់​សង្ឃ ខ្ញុំ​ក្រាល​ហើយ ការ​ក្រាល​កឋិន (នេះ) ប្រកប​ដោយ​ធម៌ សូម​លោក​ទាំងឡាយ​អនុមោទនា​ចុះ​។
– ភិក្ខុ​អ្នក​អនុមោទនា ត្រូវ​អង្គុយ​ច្រហោង​ប្រណម្យ​អញ្ជលី​ពោល​ថា អត្ថតំ ភន្តេ សង្ឃស្ស កឋិនំ ធម្មិកោ កឋិនត្ថារោ អនុមោទាម បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន កឋិន​របស់​សង្ឃ លោក​ក្រាល​រួច​ហើយ, ការ​ក្រាល​កឋិន (នេះ) ប្រកប​ដោយ​ធម៌ យើង​សូម​អនុមោទនា”​។
លុះ​ចប់​ពិធី​ក្រាល​នេះ​ហើយ ព្រះ​សង្ឃ​ក៏​សូត្រ​ធម៌​ប្រសិទ្ធិពរ​ជូន​សាមី​ដើម​ទាន និង​សប្បុរស​ជន​ទាំងអស់​។ លោក​អាចារ្យ ក៏​នាំ​សូត្រ​ធម៌ យំ កិញ្ចិ… ឧទ្ទិស​កុសល​ជូន​ចំពោះ​បុព្វការី​ជន ដែល​បាន​ធ្វើ​មរណកាល​ទៅ​ហើយ ជា​កិច្ច​បញ្ចប់​ពិធី​បុណ្យ​កឋិន​ទាន​របស់​ខ្លួន ក្នុង​បរិយាកាស​សប្បាយ​រីករាយ និង​មនោសញ្ចេតនា​ជ្រះថ្លា​ឥត​ឧបមា​។

អត្ថបទដែលទាក់ទង៖

ប្រភព៖វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 30, 2012, in ព្រះពុទ្ធសាសនា and tagged , , , . Bookmark the permalink. 10 Comments.

  1. បងបានចូលបុណ្យកឋិនជាមួយយាយៗ ទិញព្រំមួយ កឋិននោះដង្ហែវត្តភ្នំអណ្ដើក ឯបាត់ដំបង សូមជូនបុណ្យបូណាផង

  2. វែងណាស់ ខ្ជិលមើល ចាំយប់ទំនេរតិច ចាំមកមើលវិញ

    • មិនហ៊ានសង្ខេបទេ ខ្លាចមិនពិស្ដារ !! ហាហា ទំនេរបានមើលហើយឬនៅម្ចាស់បង?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: