ព្រះរាជជីវប្រវត្តិសម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត (វគ្គទី ៤)


(តពីវគ្គទី ៣)

១១. ចរិត​លក្ខណៈ​បរិច្ឆេទ (កំណត់​អំពី​លក្ខណៈ​នៃ​ចរិត​ប្រក្រតី)៖

ការ ​ប្រព្រឹត្ត​ជាប់​ដោយ​កាយ វាចា ចិត្ត​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា “ចរិត​ប្រក្រតី”។ ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោតគ្រាត។ ការ​និយាយ​កុហក​លេង​ចំពោះ​មិត្ត​សំឡាញ់ យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​កុហក។

ការ​ជក់​បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី។

ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ។

ការ ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគ ដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា “ចរិត​ប្រក្រតី” សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ ប៉ុន្តែ​ចរិត​របស់​សម្ដេច​ជា​ចរិត​ធូរ​ស្រាល ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេល​វេលា ខូចខាត​ប្រយោជន៍​នោះ​ឡើយ។

មនុស្ស​ ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់ជោក​ធ្ងន់​ណាស់ ដូច​យ៉ាង​ចរិតប្រក្រតី​ផឹក​ស្រា​ទាល់​តែ​កឹកជាប់ ដែល​អាច​លះបង់​ចេញ​មិន​បាន។ ចរិត​ប្រក្រតី​បែប​នេះ ឈ្មោះ​ថា​ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួន​ឯង ទាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។

ការ​ជក់​អាភៀន ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀន លះ​ចេញ​បាន​ដោយ​កម្រ​ណាស់។ ការ​ញៀន​អាភៀន​នេះ ហៅ​ថា ចរិត​ប្រក្រតី​ជក់​អាភៀន។ មនុស្ស​អ្នក​មាន​ចរិត​បែប​នេះ នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត ទាំង​ទ្រព្យ​សម្បត្តិ ជាង​ចរិត​អ្នក​ផឹក​សុរា​ច្រើន​ណាស់​ទៅ​ទៀត។

ចរិត​ប្រក្រតី​នៃ​សម្ដេច​ព្រះសង្ឃរាជ៖

១. ព្រះអង្គ​សោយ​ស្លា​ម្លូ ជា​ញឹក​ញយ​ណាស់​ក្នុង​ថ្ងៃ​នីមួយ​ៗ មិន​សោយ​បារី។ ប៉ុន្តែ​លោក​អ្នក​ធ្លាប់​ដឹង​ឃើញ​និយាយ​ថា សម្ដេច​ព្រះសង្ឃរាជ កាល​ពី​ព្រះជន្ម​រវាង​២០​ឆ្នាំ រហូត​ដល់​ព្រះជន្ម​ជាង​៣០​ឆ្នាំ ឃើញ​សម្ដេច​សោយ​បារី​ដែរ ប៉ុន្តែ​សោយ​រង្វើល​ៗ​មិន​ញឹកញាប់​ទេ លុះ​ដល់​មក​ព្រះជន្ម​រវាង​៤០​ឆ្នាំ ទើប​សម្ដេច​សោយ​ស្លា​ម្លូ​កាន់​តែ​ញឹកញាយ​ឡើង​ដរាប​មក។

២. សម្ដេច កាល​បើ​មាន​រោគ​ផ្ដាសាយ ដែល​នាំ​ឲ្យ​តឹង​ច្រមុះ និង​ក្អក​ដោយ​រោគ​ផ្ដាសាយ​នោះ ច្រើន​តែ​ឃើញ​សម្ដេច​សោយ​ថ្នាំ​ចិន​ញាត់​ខ្សៀ ហើយ​សម្ដេច​មាន​បន្ទូល​ថា រោគ​ផ្ដាសាយ​នេះ​បាន​តែ​ជក់​ថ្នាំ​ចិន ទើប​ឆាប់​ជា​សះ​ស្បើយ ថ្នាំ​ចិន​នេះ​នាំ​ឲ្យ​ជា​ឫស​ដូង​ច្រមុះ​ថែម​ទៀត។

៣. សម្ដេច​មាន​ចរិត​ប្រក្រតី ក្នុង​ការ​សោយ​ក្រយាហារ ច្រើន​តែ​សព្វ​ព្រះទ័យ​នឹង​សម្ល​ស្រឡក់ ប្រហើរ និង​កកូរ ពុំ​សូវ​សោយ​សាច់​ឈាម​ទេ។ ម្ហូប​៣​មុខ​ខាង​លើ​នេះ ច្រើន​តែ​ឲ្យ​គេ​ស្ល​នឹង​ត្រី​ឆ្អើរ បើ​ពុំ​មាន​ម្ហូប​នេះ​ទេ ច្រើន​សព្វ​ព្រះទ័យ​ម្ហូប​ក្រៀមក្រោះ មាន​បុក​ត្រី​ឆ្អើរ ម្ជូរ​ក្រសាំង ឬ​ផ្លែ​ម្កាក់​ជា​ដើម។ សម្ដេច ពុំ​សូវ​សោយ​បង្អែម​ច្រើន​ទេ សោយ​តែ​បន្ដិចបន្តួច មិន​សូវ​សោយ​កាហ្វេ ទឹក​ក្រូច ទឹក​ម៉ាណាត់​ញឹកញាយ​ទេ សោយ​តែ​ទឹក​តែ និង​ស្ករ​ស។

៤. សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​នឹង​កូន​ឈើ​ផ្សេង​ៗ ដែល​មាន​មែក​ច្រើន ដូច​យ៉ាង​ដើម​ច្រកែង ទួយ រទាំង​ជា​ដើម យក​មក​ដាំ​ដាក់​ក្នុង​ផើង​ជា​ច្រើន ចំនួន​ជាង​១០០​ផើង។

៥. ដើម​ឈើ​ឯ​ទៀត​ៗ ជា​ឈើ​ដំណាំ​ស្រុក​ក្ដី ឈើ​ក្នុង​ព្រៃ​ក្ដី សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ដាំ​ច្រើន​ណាស់ ដូច​ឈើ​ក្នុង​របង​ឈាបនដ្ឋាន​វត្ត​ឧណ្ណាលោម និង​ឈើ​វត្ត​ពោធិព្រឹក្ស។

កម្មវិធី​ប្រចាំ​ថ្ងៃ​របស់​សម្ដេច៖

កម្មវិធី​របស់​សម្ដេច​ទៀងទាត់​ចំពោះ​ត្រង់​តែ​សោយ​ក្រយាហារ​ពេល​ថ្ងៃ​ ត្រង់ ហើយ​នឹង​ពេល​ដែល​ធ្វើ​ការ ដូច​យ៉ាង​សម្ដេច​សរសេរ​ដក​ស្រង់​ធម៌​អាថ៌​រៀបចំ​ធ្វើ​សៀវភៅ​ផ្សេង​ៗ មាន​វចនានុក្រម​ខ្មែរ​ជា​ដើម​នេះ ទៀងទាត់​រៀងរាល់​យប់​ទាល់​ៗ​ភ្លឺ រវាង​ម៉ោង​៦​កន្លះ ឬ​ម៉ោង​៧ ទើប​សោយ​យាគូ ជួន​កាល​ពេល​ព្រឹក មិន​ទាំង​សោយ​យាគូ​ថែម​ទៀត ឃើញ​ថា​ពេល​យាគូ​ពុំ​សូវ​ទៀងទាត់​ទេ។

ពេល​ដែល​សម្ដេច​កំពុង​ជាប់​ព្រះហស្ថ​សរសេរ ហើយ​មាន​ភ្ញៀវ​ចូល​មក​ថ្វាយ​បង្គំ​គាល់ សម្ដេច​ក៏​ចូល​មក​គាល់​ធ្វើ​បដិសណ្ឋារៈ​ភ្លាម​ៗ ហើយ​មិន​ឲ្យ​នៅ​យូរ​ទេ ព្រោះ​មាន​កិច្ចការ​ច្រើន​ណាស់ បើ​ថ្ងៃ​ណា​មួយ​ដែល​សម្ដេច​ទំនេរ​មិន​មាន​កិច្ចការ ហើយ​មាន​ភ្ញៀវ បព្វជិត ឬ​គ្រហស្ថ​ចូល​មក​ថ្វាយ​បង្គំ​គាល់​នោះ សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ប្រាស្រ័យ​ទាក់ទង ដោយ​ព្រះរាជ​ឱង្ការ​សាកសួរ​ពី​នេះ ពី​នោះ ហើយ​ទ្រង់​ដឹក​នាំ​បំភ្លឺ​អំពី​ផ្លូវ​លោក ផ្លូវ​សាសនា​យ៉ាង​ពិស្ដារ វែង​ឆ្ងាយ​ណាស់​អស់​៤-៥​ម៉ោង​ក៏​មាន ទាល់​តែ​ភ្លឺ​ក៏​មាន មិន​ចេះ​ត្អូញ​ថា​ងងុយ​សឹង ថា​ចុក​រួយស្រពន់​ទេ ឲ្យ​តែ​ភ្ញៀវ​នោះ​ទ្រាំ​អង្គុយ​ចូល​ចិត្ត​ស្ដាប់​ចុះ។ ការណ៍​នេះ ចំពោះ​តែ​ពេល​ណា​មួយ​ដែល​សម្ដេច​មាន​ព្រះ​សុខភាព​រាង​កាយ​ស្រួល​ល្អ។

ក្នុង​ថ្ងៃ​យប់​នីមួយ​ៗ សម្ដេច​ព្រះសង្ឃរាជ ចេះ​តែ​មាន​កម្មវិធី​ជានិច្ចកាល ដូច​យ៉ាង​កាល​សម្ដេច​នៅ​ក្នុង​រវាង​ព្រះជន្ម​៣០​ឆ្នាំ រហូត​ដល់​មក​ព្រះជន្ម​ជាង​៦០​ឆ្នាំ ក៏​នៅ​តែ​ខំ​ប្រឹង​បង្រៀន​ភិក្ខុ សាមណេរ​ចំនួន​២០ ឬ​៣០​អង្គ​ក្នុង​ពេល​យប់​ៗ ចំពោះ​ភិក្ខុ សាមណេរ នៅ​ក្នុង​កុដិ​របស់​ព្រះ​អង្គ​ខ្លះ មក​ពី​កុដិ​ដទៃ​ខ្លះ។ សម្ដេច​មាន​កម្មវិធី​ចំពោះ​ពេល​បង្រៀន​នោះ​ទៀងទាត់​ណាស់ កម្មវិធី​ដែល​ត្រូវ​បង្រៀន​ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ ដែល​ឥឡូវ​នេះ​ហៅ​ថា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត​ផង កម្មវិធី​បង្រៀន​ក្នុង​ពេល​យប់​ឯ​កុដិ​នោះ​ផង។

អព្ភូត​ហេតុ​មុន​ពេល​ដែល​ព្រះសង្ឃរាជ​ព្រះអាពាធ៖

នៅ​ថ្ងៃ​ពុធ ១៣​រោច ខែ​ស្រាពណ៍ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៦៩ សម្ដេច​ព្រះសង្ឃរាជ​មាន​ព្រះ​ឱង្ការ​ថា​ “ខ្ញុំ​ពី​យប់​មិញ​សុបិន​និមិត្ត​មួយ​ចំឡែក​ណាស់ គឺ​ឃើញ​ចេតិយ​ពីរ​លើ​អាកាស មក​អំពី​ទិស​ឦសាន​តម្រង់​មក​រក​ខ្ញុំ​ដែល​កំពុង​អង្គុយ​នៅ​យ៉​កុដិ​ខាង​មុន​ ចេតិយ​នោះ មាន​ពណ៌​ដូច​មាស លុះ​អណ្ដែត​ចូល​មក​ជិត ឃើញ​ចេតិយ​នោះ​កាន់​តែ​តូច ហើយ​បាត់​មួយ នៅ​តែ​មួយ​អណ្ដែត​មក​ជិត​អាត្មា អាត្មា​ក៏​លូក​ដៃ​ទៅ​ទ្រ​ចេតិយ​នោះ រួច​ក៏​ភ្ញាក់​ខ្លួន​ព្រឺត​ឡើង ក្នុង​ពេល​ជិត​ភ្លឺ​រវាង​ម៉ោង​៤។ ព្រះ​ឱង្ការ សម្ដេច​ព្រះសង្ឃរាជ​នេះ ក្នុង​ពេល​ប្រជុំ​សង្ឃ ដើម្បី​តាំង​គណៈ​កម្មការ​ធម្មវិន័យ ក្នុង​ថ្ងៃ​២​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ឆ្នាំ​១៩៦៩។ បន្ទាប់​មក​ទៀត​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា អង្គការ​ធម្មវិន័យ​របស់​យើង​នៅ​ខ្វះ​សៀវភៅ​ធម៌​ជា​ច្រើន​មុខ ព្រោះ​ហេតុ​នោះ​យើង​ត្រូវ​តាំង​គណៈ​កម្មការ​ជា​ថ្មី​ទៀត ដើម្បី​ប្រជុំ​គ្នា​រៀប​ចំ​ធ្វើ​សៀវភៅ​ធម៌ ត្រូវ​ដក​ស្រង់​ធម៌វិន័យ អំពី​បាលី និង​អដ្ឋកថា មក​រៀបរៀង​អត្ថាធិប្បាយ តម្រូវ​តាម​ថ្នាក់​ត្រី ទោ ឯក។

“ត្រង់​ដែល​អាត្មា​យល់​សប្ដិ​ឃើញ​ចេតិយ​នោះ ប្រហែល​ជា​និម្មិត្ត​មួយ​ប្រផ្នូល​ឲ្យ​យើង​ដឹង​ថា​គណៈ​កម្មការ​ធម្មវិន័យ​ របស់​យើង នឹង​បាន​សម្រេច​ដោយ​ល្អ”។ ព្រះ​សុបិន​និមិត្ត នៃ​សម្ដេច​ដែល​ឃើញ​ចេតិយ​មួយ​គូ​នេះ ទុក​ជា​អព្ភូត​ហេតុ​មួយ​ដ៏​អស្ចារ្យ​ចម្លែក​ណាស់។

អព្ភូត​ហេតុ​មួយ​ទៀត នៅ​ថ្ងៃ​១៣​កើត និង​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ និង​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩ នៅ​វេលា​យប់​ពី​ម៉ោង​២០​ទៅ​ម៉ោង​២២ ឃើញ​ព្រះ​ច័ន្ទ​មាន​រស្មី​លឿង ខៀវ ក្រហម មាន​រង្វង់​មូល​ព័ទ្ធ​ជុំវិញ​ព្រះ​ច័ន្ទ ដែល​យើង​ធ្លាប់​ហៅ​ថា​ព្រះ​ច័ន្ទ​បាំង​ឆ័ត្រ។

១២. ជីវិតាវសាន​បរិច្ឆេទ (កំណត់​អំពី​ទី​បំផុត​នៃ​ព្រះ​ជីវិត)៖

រាប់​តាំង​ពី​ថ្ងៃ​១៣​រោច ខែ​ស្រាពណ៍ ជា​ថ្ងៃ​ដែល​ទ្រង់​ឃើញ​សុបិន​និម្មិត្ត រហូត​មក​ដល់​ថ្ងៃ​១២​កើត ខែ​ភទ្របទ គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា មក​ដល់​ថ្ងៃ​ទី​២៣ កញ្ញា ត្រូវ​ជា​១៤​ថ្ងៃ គឺ​សម្ដេច​ចាប់​មាន​អាពាធ ក្នុង​ថ្ងៃ​១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​១៥ និង​៤៥​នាទី។

ព្រះសង្ឃ​ដែល​ធ្លាប់​ចូល​គាល់​បម្រើ​ព្រះអង្គ នាំ​គ្នា​អង្គុយ​នៅ​ក្រៅ​បន្ទប់​ក្រឡា​ព្រះ​បន្ទំ ស្រាប់​តែ​ឮ​សូរ​កណ្ដឹង​រោទ៍​ប្លែក​ពី​ធម្មតា ក៏​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​ភ្លាម។ គ្រា​នោះ​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា “អាត្មា​ចុក​ទ្រូង​ណាស់!”។ ក្នុង​ពេល​នោះ ព្រះសង្ឃ​ដែល​នៅ​កំដរ​នោះ ក៏​ជំនុំ​ពិគ្រោះ​គ្នា​ឲ្យ​ព្រះ​សិរិវិសុទ្ធ ម៉ី យ៉ាំ និយាយ​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ក្រសួង​ធម្មការ។ គ្រូ​ពេទ្យ​ជា​ច្រើន​នាក់ គឺ​លោក វេជ្ជបណ្ឌិត ថោ ប៉េងថុង, មី សាម៉ឺឌី, យូ គឹមយាន, ព្រំ ភួន, រស សារី, និង​លោក​វេជ្ជបណ្ឌិត ម៉ា ហ្សូ ជាតិ​បារាំង ក៏​បាន​មក​ជា​បន្ទាប់​គ្នា ពិនិត្យ​ឃើញ​ថា​អាការ​រោគ​នៃ​សម្ដេច​មិន​ទាន់​ធ្ងន់ធ្ងរ​ប៉ុន្មានទេ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រសួង​សុខាភិបាល​ក៏​បាន​ចាត់​លោក​គ្រូ​ពេទ្យ យូ គឹមយាន និង​លី គឹមសាន ឲ្យ​មក​នៅ​រក្សា​ព្រះរោគ​ប្រចាំ​ការ ប្រកប​ឱសថ​ថ្វាយ​ជា​ដរាប​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​២៥ កញ្ញា ១៩៦៩ វេលា​ម៉ោង​២០​និង​២០​នាទី ស្រាប់​តែ​ព្រះ​អស្សាសៈ បស្សាសៈ នៃ​ព្រះ​អង្គ​រលត់​ស្ងប់​ឈឹង អំពី​ព្រះ​កាយ​ទ្រង់​សោយ​ទិវង្គត ក្នុង​គម្រប់​ព្រះជន្ម​៨៦​ព្រះ​វស្សា នៅ​លើ​ព្រះ​ទែន​សយនា ដោយ​ស្ងប់ស្ងៀម​នា​ល្វែង​ធំ នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​ព្រះអង្គ កណ្ដាល​ពួក​ថេរានុត្ថេរៈ មាន​ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម នា​វត្ត​ឧណ្ណាលោម។ ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុបដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​ក្រុង​ភ្នំពេញ។

បន្ទាប់​ពី​បាន​ដំណឹង​នៃ​ការ​សោយ​ព្រះទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​ជា​ អម្ចាស់​ភ្លាម ក្នុង​រាត្រី​នោះ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​ស្ដេច​យាង​រលះរលាំង​មក​កាន់​មហា​កុដិ​ វត្ត​ឧណ្ណាលោម​ភ្លាម ដើម្បី​ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​សព។ សម្ដេច​ព្រះ​ពោធិវ័ង្ស ក៏​និមន្ត​មក​គង់​នៅ​ជិត​ព្រះ​បរម​សព តាំង​ពី​ពេល​មុន​សម្ដែង​ព្រះ​សមាន​ទុក្ខ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បរម​ សព។

ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ដែរ ហើយ​ពេល​ជាមួយ​គ្នា​នោះ ឯកឧត្ដម ឧត្ដម​សេនីយ៍​ឯក លន់ នល់ នាយករដ្ឋមន្ត្រី, អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ឧបនាយក​រដ្ឋមន្ត្រី​ទី​១ ព្រម​ទាំង​សមាជិក​រដ្ឋមន្ត្រី ឧកញ៉ា​មហា​មន្ត្រី កែ មាស ចាងហ្វាង​ពិធីការ​ព្រះបរមរាជវាំង និង​មន្ត្រី​នានា​ក្នុង​ព្រះ​បរម​រាជ​វាំង ឧត្ដម​សេនីយ៍​ឯក ង៉ោ ហ៊ូ ទី​ប្រឹក្សា​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ លោក​អ៊ី ទុយ អភិបាល ក្រុង​ភ្នំពេញ ឯកឧត្ដម ទិម ដុង ប្រតិភូ​រាជរដ្ឋាភិបាល​ប្រចាំ​ខេត្ត​កណ្ដាល ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ទាំង​ឡាយ សហជីវិន លាង ហ័បអាន នាយក​វិជ្ជាឋាន​ពុទ្ធសាសនបណ្ឌិត្យ ក្រុម​អភិបាល​ពុទ្ធិក​សមាគម​ទាំង​បី មាន​លោក​ ទា ប៊ុនឡុង ជាដើម។

អស់​លោក​អ្នក​ឥស្សរជន​ធំ​តូច ដែល​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។

បន្ទាប់​ពី​ពេល​នោះ​មក ព្រះសង្ឃ​ជា​ច្រើន​អង្គ​មាន​ព្រះ​ពុទ្ធឃោសាចារ្យ រាជ កឹង មេ​គណ​ក្រុង​ភ្នំពេញ និង​ព្រះ​មុនីកោសល្យ សូរ ហាយ ចៅ​អធិការ​វត្ត​និរោធរង្សី ជា​ដើម ព្រម​ទាំង​ព្រះ​រាជា​គណៈ និង​ឋានានុក្រម ជា​ច្រើន​រយ​អង្គ​និមន្ត​មក​ព្រោងព្រាត សុទ្ធ​តែ​មាន​មុខ​ក្រៀមក្រំ ស្រងូតស្រងាត់​គ្រប់​ៗ​អង្គ ដោយ​សេចក្ដី​ស្ដាយ​ស្រណោះ​អាឡោះ​អាល័យ ចំពោះ​សម្ដេច​ជា​អង្គ​ម្ចាស់។

លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សពសុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។ លោក​អ្នក​ខ្លះ​មាន​ទឹក​ភ្នែក​ហូរ​រហាម ហើយ​បន្លឺ​វាចារ​ថ្ងូរ​ថា ឱ! សម្ដេច​ព្រះសង្ឃរាជ ចូល​ទិវង្គត​ហើយ​តើ! សូម្បី​ព្រះ​អង្គ មាន​ព្រះ​ជន្ម​៨៦​ពិត​មែន ប៉ុន្តែ​យើង​ខ្ញុំ​ព្រះ​អង្គ​នៅ​តែ​ស្ដាយ​ស្រណោះ ចង់​ឲ្យ​សម្ដេច​គង់​នៅ​ជាង​រយ​ព្រះ​វស្សា​ដោយ​យើង​ខ្ញុំ​ព្រះ​អង្គ​ធ្លាប់​ ស្ដាប់​ព្រះ​រាជ​ឱវាទ ធ្លាប់​ឃើញ​ធ្លាប់​គោរព​សម្ដេច​ជា​អង្គ​ម្ចាស់ ឥឡូវ​នេះ​ស្រាប់​តែ​សម្ដេច​ជា​អង្គ​ម្ចាស់​ចូល​ទិវង្គត ទៅ​កាន់​បរលោក​នាយ​ចោល​យើង​ខ្ញុំ​ទៅ​ហើយ។ ការ​ចូល​ទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ នាំ​ឲ្យ​ទូល​ព្រះ​បង្គំ​គ្រប់​រូប​រហេងរហាង ត្រមង់ត្រមោច​ក្នុង​ចិត្ត​អស់​សេចក្ដី​សង្ឃឹម​កក់​ក្ដៅ​ចំពោះ​សម្ដេច​ទៅ​ ហើយ។

សម្ដេច​ព្រះសង្ឃរាជ ដែល​ព្រះ​អង្គ​បាន​យាង​មក​សោយ ព្រះ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ព្រះ​អង្គ​បាន​ធ្វើ​ប្រយោជន៍ ទាំង​ផ្លូវ​ព្រះពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ណាស់ ឈ្មោះ​ថា​ព្រះ​អង្គ​បាន​លើក​ព្រះ​ពុទ្ធ​សាសនា លើក​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំថ្កើន​រុង​រឿង រួម​ជាមួយ​នឹង​សម្ដេច​ព្រះ​ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ​ដែល​យឹតយោង​ប្រជា​ ពលរដ្ឋ ដោយ​ព្រះ​មធ្យោបាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត ឲ្យ​ប្រទេស​ជាតិ​មាន​ឯកភាព សាមគ្គីភាព សន្តិភាព បាន​ឯករាជ្យ​ដ៏​បរិបូរណ៍ ដូច​សេចក្ដី​ប្រាថ្នា ហើយ​យ៉ាង​ណា​សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះរាជ​ជីវ​ប្រវត្តិ​ល្អ​ណាស់ មាន​ព្រះ​បំណង​សម្រេច​ក៏​យ៉ាង​នោះ​ដែរ។

ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ ព្រះ​បរម​សព​ត​ទៅ។

រយៈ​កាល​មុន​អំពី​កាល​ដែល​សម្ដេច​ទ្រង់​សោយ​ព្រះ​ទិវង្គត៖

សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះ​អាពាធ​ជា​ដំបូង​ក្នុង​ថ្ងៃ​អង្គារ ១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯកស័ក ត្រូវ​នឹង​ថ្ងៃ​២៣ ខែ​កញ្ញា ឆ្នាំ​១៩៦៩។ ដំណឹង​ព្រះ​អាពាធ​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ បាន​ថ្វាយ​ចំពោះ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​រួច​ហើយ។ ឯកឧត្ដម អ៊ឹង ហុងសាធ តាម​ព្រះរាជ​បញ្ជា​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​ចាត់​ឲ្យ​អស់​លោក​វេជ្ជបណ្ឌិត​ខ្មែរ បារាំង​ដ៏​ជំនាញ​ៗ​ទាំង​ឡាយ មក​ជួយ​ខ្វល់ខ្វាយ​ព្យាបាល​រោគ​ព្រះអង្គ​យ៉ាង​ពេញ​សមត្ថភាព ប៉ុន្តែ​ធ្វើ​ម្ដេច​ឡើយ​នឹង​អាច​យក​ជ័យ​ជម្នះ​លើ​មច្ចុសង្គ្រាម​បាន។

សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​ទ្រង់​បាន​ជ្រាប​ព្រះអង្គ​ជា​មុន ចាប់​តាំង​ពី​ថ្ងៃ​ប្រឈួន ទ្រង់​មាន​ព្រះ​ឱង្ការ​ប្រាប់​ព្រះសង្ឃ និង​អស់​លោក​ដែល​មក​ថ្វាយ​បង្គំ​សាកសួរ​ព្រះសុខភាព​ថា “អាត្មា​មាន​ជំងឺ​ម្ដង​នេះ ដូច​ជា​គ្មាន​សង្ឃឹម​ទេ” ព្រះរាជ​ឱង្ការ​នេះ ធ្វើ​ឲ្យ​យើង​រាល់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ប៉ុន្តែ​យើង​រាល់​គ្នា​ជឿ​ទុក​ថា ព្រះអង្គ​មុខ​ជា​នឹង​គង់​ព្រះជន្មាយុ​ត​ទៅ​ទៀត​បាន ពីព្រោះ​សង្កេត​ទៅ​ព្រះសរីរាង្គកាយ​ព្រះអង្គ​ ពុំ​ឃើញ​មាន​ប្រែ​ប្រួល​ប្លែក​ប៉ុន្មាន​ទេ ម្យ៉ាង​ទៀត ទ្រង់​នៅ​ចាំ​ព្រះ​ស្មារតី​ល្អ​ណាស់ អាច​មាន​ព្រះ​ឱង្ការ​មាំមួន សំណេះសំណាល​នឹង​អស់​លោក ទាំង​ព្រះសង្ឃ គ្រហស្ថ ដែល​មក​ក្រាប​បង្គំ​គាល់​នោះ បាន​ស្រួល​នៅ​ឡើយ ជា​ពិសេស​កាល​ពី​ព្រឹក​នៃ​ថ្ងៃ​សោយ​ព្រះទិវង្គត​នេះ​ឯកឧត្ដម​នាយក​ រដ្ឋមន្ត្រី នឹង​អ្នក​អង្គ​ម្ចាស់​ឧបនាយករដ្ឋមន្ត្រី​ទី​១ បាន​ចូល​បង្គំ​គាល់​ព្រះអង្គ​ដើម្បី​សាកសួរ​ព្រះរោគ​ព្រះអង្គ​ផង ដើម្បី​ក្រាប​បង្គំ​លា​ព្រះអង្គ​ទៅ​កាន់​បរទេស​តាម​ការ​អញ្ជើញ​នៃ​ សាធារណរដ្ឋ​ចិន​ប្រជាមានិត និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​ផង។

គ្រា​នោះ​ព្រះអង្គ​បាន​ទទួល​រាក់ទាក់ ហើយ​បាន​ប្រសិទ្ធពរ​ជូន​ចំពោះ ឯកឧត្ដម​នាយករដ្ឋមន្ត្រី និង​ថ្វាយ​ចំពោះ​អ្នក​អង្គ​ម្ចាស់ ឧបនាយករដ្ឋមន្ត្រី​ទី​១ សូម​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ក្រៅ​បាន​ជោគជ័យ។ ក្រោយ​មក​ទៀត​សម្ដេច​ក៏​ព្រះរាជទាន​សន្ទនា​ជាមួយ​លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​លោក ទ្រិញ វ៉ាញ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​អំពី​ការ​ធ្វើ​ចេតិយ។ ព្រះអង្គ​ទ្រង់​មាន​ព្រះរាជ​បន្ទូល​ហូរហែ ហើយ​ទ្រង់​និទាន​អំពី​ចេតិយ​ឈ្មោះ សិង្គុត្តរៈ នៅ​សហភាព​ភូមា​ថែម​ទៀត​ផង។ រួច​ព្រះអង្គ​ត្រាស់​រំលឹក​អំពី​ការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​ដែល​ទ្រង់​ បាន​ខិតខំ​កែ​សម្រួល​បន្ថែម​ពាក្យ​ជា​ច្រើន​ទៀត ទោះ​បី​ជរា​និង​ព្យាធិ​ចេះ​តែ​បៀតបៀន​ព្រះអង្គ​ក៏​ដោយ។ សភាព​ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះអង្គ​នៅ​រឹងប៉ឹង​ណាស់ មិន​គួរ​ឡើយ​នឹង​ប្រែប្រួល​ដោយ​ឆាប់​រហ័ស​ដូច្នេះ​សោះ នាំ​ឲ្យ​យើង​ក្រៀមក្រំ​ស្រងាក​ចិត្ត​ដូច​ជា​យើង​ធ្លាក់​បេះដូង។ នេះ​ហើយ​សម​ដូច​ព្រះ​ថេរដីកា​របស់​ព្រះអង្គ ដែល​ទ្រង់​ត្រាស់​ជា​រឿយ​ៗ​ថា៖ ជួន​កាល​ពេល​ព្រឹក​មនុស្ស​សត្វ​ជួប​គ្នា​រញង់ លុះ​ពេល​ល្ងាច​ក៏​ស្រាប់​តែ​បែក​គ្នា​ភ្លាម​ៗ។ សភាព​នេះ​ត្រូវ​ដូច​ព្រះ​តម្រាស់​នោះ​ណាស់ ព្រះអង្គ​យាង​ទៅ​ចោល​ពុទ្ធ​បរិស័ទ​រាល់​គ្នា ឥត​មាន​ប្រទាន​ដំណឹង​ជា​មុន​ឲ្យ​ច្បាស់​ដល់​យើង ដើម្បី​នឹង​ព្យាបាល​ព្រះអាការ​រោគ​ឲ្យ​បាន​យូរ​ថ្ងៃ​សោះ គួរ​ឲ្យ​យើង​ខ្ញុំ​ស្ដាយ​ក្រៃ​ពេក​ណាស់​នឹង​រក​ពាក្យ​ណា​មួយ​ថ្លែង​រៀបរាប់​ ពុំ​បាន​ឡើយ។ ព្រះអង្គ​សោយ​ទិវង្គត​នេះ ធ្វើ​ឲ្យ​រញ្ជួយ​សកល​កម្ពុជា ព្រោះ​ព្រះអង្គ​មាន​ព្រះគុណ​ធម៌​ច្រើន​ណាស់​លើ​ពុទ្ធ​បរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ។ សម្ដេច​ទ្រង់​សោយ​ព្រះទិវង្គត បាត់​ព្រះ​រូប​ពិត​មែន ប៉ុន្តែ​ព្រះ​កិត្តិនាម​ឋិត​នៅ​ដដែល។

អស់​លោក​អ្នក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ! ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ​នេះ ជា​ព្រះ​សព​ត្រូវ​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ទក្ខិណា​នុប្បទាន​រៀង​រាល់​ថ្ងៃ​ត​ទៅ ទម្រាំ​គណៈ​កម្មការ​បុណ្យ​ជំនុំ​គ្នា​ដោះស្រាយ រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​កំណត់​យក​ថ្ងៃ​ណា ខែ​ណា ត​ទៅ​ជា​ក្រោយ។ ឥឡូវ​នេះ គណៈ​កម្មការ​បុណ្យ​បណ្ដោះ​អសន្ន បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ត​រៀង​ទៅ ចំនួន​៦​ខែ គិត​ពី​ខែ​នេះ​ទៅ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ៕ ចប់ដោយបរិបូរណ៍

អត្ថបទដែលទាក់ទង៖

ប្រភព៖ ឯកសាររបស់ពុទ្ធសាសនបណ្ឌិត្យ និង សៀវភៅព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្ដេចសង្ឃរាជ

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 25, 2012, in សម្ដេច​ព្រះសង្ឃរាជ and tagged , , . Bookmark the permalink. 4 Comments.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: