បុណ្យកឋិន​ទាន


កឋិន​ទាន ជា​ផ្នែក​មួយ​របស់​ចីវរ​ទាន ប៉ុន្តែ​ទាន​នេះ​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ចីវរ​ទាន ធម្មតា    ព្រោះ​អ្នក​ធ្វើ​និង​អ្នក​ទទួល ត្រូវ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខខ័ណ្ឌ​មួយ​ចំនួន​ដែល​មាន​ចែង​ក្នុង​ព្រះ​វិន័យ​។

I- ប្រភព​កឋិន​ទាន

សម័យ​ពុទ្ធកាល ពេល​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​បាន​ត្រាស់​ដឹង​ថ្មី​ៗ ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​សង្ឃ​ប្រើ​ប្រាស់​តែ​សំពត់​បង្សុកូល គឺ​សំពត់​ឥត​ម្ចាស់ ដែល​ភិក្ខុ​រក​បាន​ពី​ព្រៃ​ស្មសាន ឬ​ពី​គំនរ​សំរាម ប៉ុន្តែ​ក្រោយ​មក​ទើប​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​អាច​ប្រើ​ប្រាស់​គហបតី​ចីវរ គឺ​សំពត់​មាន​ម្ចាស់ ដែល​ភិក្ខុ​បាន​មក​ដោយ​សារ​គេ​ប្រគេន​។ ចាប់​ពី​ពេល​នេះ​ហើយ ដែល​កឋិន​ទាន​ចាប់​ផ្ដើម​មាន​កំណើត​ឡើង​។ ឯ​រឿងរ៉ាវ​ដែល​ទាក់ទង​ដល់​បញ្ហា​នេះ មាន​ដំណើរ​សង្ខេប​ដូច​ត​ទៅ ៖
សម័យ​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​ក្នុង​វត្ត​ជេតពន ជា​អារាម​របស់​អនាថបិណ្ឌិក​សេដ្ឋី​ទៀប​ក្រុង​សាវត្ថី​។ គ្រា​នោះ ពួក​ភិក្ខុ​នៅ​ក្នុង​ដែន​បាឋេយ្យ ប្រមាណ​៣០​រូប សុទ្ធ​តែ​ជា​អ្នក​ប្រព្រឹត្ត​ប្រើ​តែ​ចីវរ​បី នាំ​គ្នា​ទៅ​កាន់​ក្រុង​សាវត្ថី ដើម្បី​គាល់​ព្រះ​មាន​ព្រះ​ភាគ, កាល​បើ​តិថី​ចូល​វស្សា​ជិត​ណាស់​មក​ហើយ ក៏​មិន​អាច​នឹង​ទៅ​ឲ្យ​ទាន់​ចូល​វស្សា ក្នុង​ក្រុង​សាវត្ថី​បាន​ឡើយ ហើយ​ក៏​នាំ​គ្នា​ចូល​ទៅ​ចាំ​វស្សា​ក្នុង​ក្រុង​សាកេត នា​កណ្ដាល​ផ្លូវ​។ ភិក្ខុ​ទាំង​នោះ នៅ​ចាំ​វស្សា​ទាំង​មាន​សេចក្ដី​អផ្សុក​យ៉ាង​ខ្លាំង ព្រោះ​គិត​ថា ព្រះ​មាន​ព្រះ​ភាគ​គង់​នៅ​ក្នុង​ទី​ជិត​យើង​ទាំងឡាយ ចម្ងាយ​៦​យោជន៍​អំពី​ទី​នេះ តែ​យើង​ទាំងឡាយ មិន​សម​បើ​មិន​បាន​ទៅ​គាល់​ព្រះ​អង្គ​សោះ​។
លុះ​ភិក្ខុ​ទាំងឡាយ នៅ​ចាំ​វស្សា​គ្រប់​បី​ខែ​ហើយ ក៏​នាំ​គ្នា​ធ្វើ​បវារណា​ចេញ​វស្សា រួច​ធ្វើ​ដំណើរ​តម្រង់​ទៅ​កាន់​ក្រុង​សាវត្ថី​។ ដោយ​រដូវ​នោះ​នៅ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ មាន​ទឹក​ភក់​រអិល​នៅ​ឡើយ, ភិក្ខុ​ទាំង​នោះ​ក៏​មាន​ចីវរ​ទទឹក​ជោគ មាន​ការ​លំបាក ប៉ុន្តែ​តស៊ូ​ធ្វើ​ដំណើរ​រហូត​ដល់​វត្ត​ជេតពន ដែល​ព្រះ​មាន ព្រះ​ភាគ​គង់​នៅ​។ ពេល​ចូល​ទៅ​ដល់​ពួក​ភិក្ខុ​ទាំង​នោះ​ក៏​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ រួច​អង្គុយ​ក្នុង​ទី​សម​គួរ​។ លំដាប់​នោះ ព្រះ​សាស្ដា​មាន​ព្រះ​បន្ទូល​ថា “ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​រាល់​គ្នា​ល្មម​អត់​ទ្រាំ​បាន​ទេ​ឬ អ្នក​រាល់​គ្នា​ល្មម​ប្រព្រឹត្ត​ទៅ​បាន​ស្រួល​ទេ ឬ​អ្នក​ទាំងឡាយ​មាន​សាមគ្គី​ស្មោះសរ មិន​វិវាទ​ទាស់ទែង​គ្នា នៅ​ចាំ​វស្សា​ស្រួលបួល មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេ​ឬ​? ភិក្ខុ​ទាំង​នោះ​ក៏​ក្រាប​ទូល​រៀបរាប់​អំពី​ដំណើរ​ដើម​ដាន​ដែល​ខក​មក​ចូល​វស្សា​នៅ​ក្នុង​ក្រុង​សាវត្ថី​ជាមួយ​ព្រះ​អង្គ និង​ពី​សុខ​ទុក្ខ​របស់​ខ្លួន​ក្នុង​ការ​នៅ​ចាំ​វស្សា​ពាក់​កណ្ដាល​ផ្លូវ​នោះ ព្រម​ទាំង​ទូល​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​គាល់​ព្រះ​អង្គ​នៅ​ទី​នេះ​។ ព្រះ​សាស្ដា​លុះ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ក៏​ទ្រង់​ធ្វើ​ធម្មិកថា ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ឲ្យ​មក​ជួបជុំ​គ្នា ហើយ​ទ្រង់​អនុញ្ញាត​ថា អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខូនំ កឋិនំ អត្ថរិតុំអត្ថតកឋិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ អនាមន្តចារោ អស្មាទានចារោ គណភោជនំ យាវទត្ថចីវរំ យោ ច គត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ  ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​បាន​នៅ​ចាំ​វស្សា​រួច​ហើយ​ក្រាល​កឋិន​បាន​។ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​បើ​អ្នក​ទាំងឡាយ​បាន​ក្រាល​កឋិន (ប្រកាស​ឲ្យ​សង្ឃ​ឮ​គ្រប់​រូប​ថា​យក​ចីវរ​ណា (ស្បង់​ចីពរ ឬ​សង្ឃាដី ជា​កឋិន)​។ ហើយ​និង​សម្រេច​អានិសង្ស​៥​យ៉ាង​គឺ ត្រាច់​ទៅ​ណា​មិន​បាច់​លា​ភិក្ខុ​ផង​គ្នា​១ ត្រាច់​ទៅ​ណា​មិន​បាច់​យក​ត្រៃចីវរ គ្រប់​ប្រដាប់​១ ឆាន់​គណ​ភោជន​បាន​១ ទុក​ដាក់​អតិរេក​ចីវរ​បាន​តាម​ត្រូវ​ការ​១ ចីវរ​ណា​ដែល​កើត​ឡើង​ក្នុង​អាវាស​នោះ ចីវរ​នោះ​នឹង​មាន​ដល់​ភិក្ខុ​ទាំង​នោះ​១​។
ដោយសារ​មាន​ពុទ្ធានុញ្ញាត​នោះ​ហើយ ទើប​ពុទ្ធ​បរិស័ទ​នាំ​គ្នា​ចាត់​ចែង​សំពត់​ឬ​ចីវរ​យក​ទៅ​វេរ​ប្រគេន​ចំពោះ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​ម៉ត់​ចត់​មិន​ដាច់ ដើម្បី​អនុគ្រោះ​ឲ្យ​ព្រះ​សង្ឃ​មាន​ចីវរ​ប្រើ​ប្រាស់​ផង ដើម្បី​ឲ្យ​ព្រះ​សង្ឃ​បាន​អានិសង្ស​៥​ប្រការ​ផង ដើម្បី​ជា​ការ​កុសល​ផ្ទាល់​ខ្លួន​ផង​។

II- លក្ខខណ្ឌ​បុណ្យ​កឋិន​ទាន

ដោយ​កឋិន​ជា​ទាន​ពិសេស​ប្លែក​ពី​ទាន​នានា ឬ​ចីវរ​ទាន​ធម្មតា​នោះ​អ្នក​ធ្វើ​និង​ភិក្ខុ​សង្ឃ​អ្នក​ទទួល ត្រូវ​គោរព​ដាច់​ខាត និង​ម៉ឺងម៉ាត់​បំផុត​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​វិនយប្បញ្ញត្តិ ដូច​ត​ទៅ ៖

១-លក្ខខណ្ឌ​សម្រាប់​អ្នក​ធ្វើ៖ អ្នក​ណា​ក៏​អាច​ធ្វើ​កឋិន​ទាន​បាន​ទោះ​ជា​មនុស្ស​ក្ដី ទេពតា​ក្ដី អ្នក​បួស​ក្ដី គ្រហស្ថ​ក្ដី កាល​ណា​ដល់​កឋិន​កាល គឺ​រដូវ​កឋិន​ដែល​មាន​រយៈ​កាល ២៩​ថ្ងៃ ដោយ គិត​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ ដល់​១៥​កើត ខែ​កត្តិក ហើយ​អាច​យក​សំពត់​ដែល​ល្មម​កាត់​ដែរ​ធ្វើ​ជា​ស្បង់ ឬ​ចីពរ​ឬ​ក៏​សង្ឃា​ដី​បាន​ទៅ​វេរ​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​ត្រី​មាស​ដោយ​ពាក្យ​ថា ឥមំ ទុស្សំ កឋិនំ សង្ឃស្ស ទេម យើង​ខ្ញុំ​សូម​វេរ​សំពត់​នេះ ចំពោះ​ព្រះ​សង្ឃ​ដើម្បី​ក្រាល​កឋិន ប៉ុណ្ណេះ​ជា​ការ​ស្រេច​។ ប្រសិន​បើ អ្នក​ចេះ​កាត់​ដេរ​ជ្រលក់​ធ្វើ​ជា​ស្បង់​ឬ​ចីពរ ឬ​សង្ឃាដី​ឲ្យ​ស្រេច ទើប​យក​ទៅ​វេរ​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​គ្រប់​ត្រី​មាស​ក្នុង​វត្ត​ណា​មួយ​នោះ​ដោយ​បញ្ចេញ​វាចា​ថា ឥមំ កឋិនចីវរំ សង្ឃស្ស ទេម យើង​ខ្ញុំ​សូម​វេរ​កឋិន​ចីវរ​នេះ ចំពោះ​ព្រះ​សង្ឃ ប៉ុណ្ណេះ​ជា​ការ​ស្រេច​អ្នក​នោះ​ឈ្មោះ​ថា​បាន​ធ្វើ​កឋិន​ហើយ​។

២-លក្ខខណ្ឌ​សម្រាប់​ទទួល ៖ ព្រះ​សង្ឃ​ឬ​ភិក្ខុ​ជា​អ្នក​ទទួល​ឬ​ជា​អ្នក​ក្រាល​កឋិន ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​វិនយប្បញ្ញត្តិ​ជា​អាទិ៍ ៖

– សង្ឃ​អាច​ទទួល​កឋិន​បាន​តែ​ក្នុង​រដូវ​កឋិនកាល​។

– ភិក្ខុ​អ្នក​បាន​នៅ​ចាំ​វស្សា​អស់​ត្រី​មាស​។

– សង្ឃ​អ្នក​ទទួល ត្រូវ​មាន​ភិក្ខុ​ចាប់​ពី ៥​រូប​ឡើង​ទៅ​។

– បើ​គេ​ប្រគេន​ជា​ដាច់​សំពត់​សុទ្ធ សង្ឃ​ត្រូវ​យក​ទៅ​ធ្វើ​ឲ្យ​កើត​ជា​ស្បង់​ឬ​ចីពរ​ឬ​ជា​សង្ឃាដី​ត្រឹមត្រូវ ​    ទើប​យក​ទៅ​ក្រាល​។

–  ត្រូវ​ធ្វើ​ពិធី​ក្រាល​កឋិន​ឲ្យ​ចប់​ក្នុង​ថ្ងៃ​ដែល​គេ​វេរ​ប្រគេន គឺ​មិន​ត្រូវ​បង្អង់​ពេល ឬ​ពន្យារ​ពេល​ឲ្យ​កន្លង​រាត្រី​បាន​ឡើយ​។

– ភិក្ខុ​ក្រាល​ត្រូវ​ចេះ​អានិសង្ស​៥ មាតិកា ៨ បលោពោធ ២ អនត្ថតាការៈ ២៤ អត្ថតាការៈ ១៧​។

–  ភិក្ខុ​អ្នក​ក្រា​មាន​សិទ្ធ​យក​តែ​ស្បង់​១ ឬ​ចីពរ​១ ឬ​សង្ឃាដី​១ ប៉ុណ្ណោះ​លាភ ឬ​ជា​បរិក្ខារ​បន្ទាប់​បន្សំ​របស់​កឋិន​។

III- កឋិន​ទាន​នៅ​កម្ពុជា

កឋិន​ទាន​ក្នុង​ជំនាន់​ពុទ្ធកាល ហាក់​ដូច​ជា​ងាយ​នឹង​ធ្វើ​សោះ ទោះបី​ជន​ក្រីក្រ ខ្វះខាត ថ្នាក់​ទាប​បំផុត​ក៏​ដោយ ឲ្យ​ទេ​មាន​ស្បង់​១ ឬ​ចីពរ​១ ឬ​សង្ឃាដី​១​ឬ​មាន​សំពត់​ត្រឹម​តែ​ពីរ​ឬ​បី​ម៉ែត្រ ក៏​អាច​យក​ទៅ​វេរ​ចំពោះ ព្រះ​សង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ត្រី​មាស​ក្នុង​វត្ត​ណា​មួយ ក៏​ឈ្មោះ​ថា​ជា​អ្នក​បាន​ធ្វើ​កឋិន​ហើយ ប៉ុន្តែ​បុណ្យ​កឋិន​ទាន​នៅ​កម្ពុជា លុះ​ណា​ទេ​អ្នក​មាន​ស្ដុកស្ដម្ភ ឬ​គ្នា​ច្រើន​ទើប​អាច​ធ្វើ​កឋិន​កើត​ព្រោះ​កឋិន​ទាន​នៅ​កម្ពុជា ពុំ​មែន​មាន​ត្រឹម​តែ​ស្បង់​១​ចីពរ​១ ឬ​សង្ឃាដី​១​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​បរិក្ខារ​ដ៏​ច្រើន​ផ្សេង​ៗ​ទៀត​ជា​ពិសេស បច្ច័យ​សង្កត់​ត្រៃ​សម្រាប់​កសាង​វត្ត​អារាម​និង​សមិទ្ធិ​សាធារណៈ មាន​សាលា​រៀន មន្ទីរ​ពេទ្យ ជាដើម​។

១-គម្រោង​បុណ្យ​កឋិន​ទាន៖ កាល​ណា​ថ្ងៃ​បវារណា​ចេញ​វស្សា​របស់​ព្រះ​សង្ឃ​ជិត​មក​ដល់ ពុទ្ធ​បរិស័ទ​គ្រប់​ជើង​វត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល តែងតែ​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​កឋិន​ទាន​ប្រគេន​ព្រះ​សង្ឃ​គ្រប់​វត្ត​អារាម​តាម​ស្ម័គ្រ​រៀង​ខ្លួន​ដោយ​មាន​ជំនឿ​ជាប់​មក​ជា​ទំនៀម​ថា កឋិន​ទាន ជា​កាល​ទាន មាន​ផលានិសង្ស​ច្រើន​ជាង​ទាន​ទាំង​ពួង គឺ​អ្នក​ធ្វើ​ក៏​បាន​អានិសង្ស អ្នក​ទទួល​ក៏​បាន​អានិសង្ស​។ ជំនឿ​នេះ​បាន​ចាក់​ឫស​ជាប់​នៅ​ក្នុង​ចិត​ថ្លើម​របស់​ពុទ្ធសាសនិក​ជន​ទូទាំង​ប្រទេស រហូត​ដល់​សំគាល់​វត្ត​ដែល​ដល់​រដូវ​កឋិន​ហើយ គ្មាន​នរណា​ហែ​កឋិន​ចូល​ជា​វត្ត​មិន​ស្មើ​មុខ​និង​វត្ត​ដែល​មាន​។ ដូច្នេះ​ហើយ​បាន​ជា​វត្ត​ណា ដែល​គ្មាន​ពុទ្ធបរិស័ទ​ក្រៅ​ជើង​វត្ត​ហែ​កឋិន​ចូល ពុទ្ធបរិស័ទ​ជា​ចំណុះ​ជើង​វត្ត​នោះ តែង​ស្ទុះ​ស្ទា អង្គាស​គ្នា​ធ្វើ​ទាល់​តែ​កើត​ជា​អង្គ​កឋិន​ទាន​ឡើង​មិន​ទុក​ឲ្យ​ទំនេរ​ឡើយ​។ បុណ្យ​កឋិន​នេះ មិនមែន​ត្រឹមតែ​ជា​ទំនៀមទម្លាប់​របស់​ប្រជារាស្ត្រ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ព្រះ​រាជា ព្រះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​តែងតែ​ទ្រង់​ធ្វើ​និង​ចូល​រួម​ពុំ​ដែល​អាក់ខាន​ឆ្នាំ​ណា​ឡើយ​។
អ្នក​មាន​ធនធាន​ច្រើន ដែល​មាន​បំណង​នឹង​ធ្វើ​កឋិន​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះ​សង្ឃ​ក្នុង​វត្ត​ណាមួយ តែងតែ​សុំ ឬ​ឲ្យ​ដំណឹង​ទៅ​ព្រះ​សង្ឃ ឬ​អាចារ្យ​វត្ត​នោះ​ដឹង​ជា​មុន ជា​ពិសេស​តាំង​ពី​ក្នុង​វស្សា​ម្ល៉េះ ថា​ខ្លួន​ហែ​កឋិន​ទាន​មក​កាន់​វត្ត​នោះ​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​នោះ​ពុំខាន​។ ឯ​ពុទ្ធបរិស័ទ ចំណុះ​ជើង​វត្ត​នីមួយ​ៗ ក៏​តែងតែ​ទន្ទឹង​រង់ចាំ​ដំណឹង​តាំង​ពី​ក្នុង​វស្សា​ដែរ ថា​តើ​វត្ត​របស់​ខ្លួន​មាន​ភ័ព្វ​វាសនា និង​បាន​ទទួល​កឋិន​ទាន​របស់​លោក​អ្នកណា​? កឋិន​ទាន​នោះ​ឱឡារិក ធំ​ដុំ ឬ​ក៏​តូច​តាម​ល្មម​ទេ​?

២-រណ្ដាប់​កឋិន​ទាន ៖ បន្ទាប់​ពី​បាន​សម្រេច​ថា និង​រៀបចំ​ធ្វើ​ជា​អង្គ​កឋិន​ហើយ អ្នក​សាមី​ដើម​ទាន​តែងតែ​ខ្វល់ខ្វាយ​ពឹងពាក់​លោក​អាចារ្យ ឬ​ព្រឹទ្ធាចារ្យ​ដែល​ធ្លាប់​យល់​ដឹង ឬ​ធ្លាប់​មាន​ពិសោធន៍ ក្នុង​ការ​រៀប​គ្រឿង​រណ្ដាប់​កឋិន ឲ្យ​ជួយ​ចាត់ចែង​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ទម្លាប់ និង​ក្រឹត្យក្រម​ព្រះ​វិន័យ ។

 

 

ប្រភព៖វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 24, 2012, in ព្រះពុទ្ធសាសនា and tagged , , , . Bookmark the permalink. 5 Comments.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: