បរាភវសូត្រ


បរាភវសូត្រ​ (អាន​ថា​ ប៉ៈ រ៉ា​ ភៈ​ វៈ)៖​  ជាធម៌សម្ដែងពីហេតុនៃសេចក្ដីវិនាស(១២ប្រការ) យើងតែង​​ត្រូវ​​បានឮ​ព្រះសង្ឃ​សូត្រជា​រៀងរាល់​ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ និង​ ភ្ជុំបិណ្ឌ។ នៅ​ក្នុង​បរាភវសូត្រ​នេះ​​ជា​រឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា​ នាំ​ឲ្យ​វិនាស។

តាម​ពិត​បរាភវសូត្រ​មាន​ន័យ​ថា “មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស”។ សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដក​ខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។ ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស​ ហើយ​ឲ្យ​គេ​ជៀសវាង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស​ហើយ​ ប្រសិន​បើ​គេ​មិន​បាន​ស្ដាប់​ធម៌​នេះ​ គេ​អាច​​នឹង​មិន​ដឹង​ពី​ហេតុ​​ដែល​នាំ​ឲ្យ​វិនាស​​ហេតុ​នេះ​អាច​នឹង​ប្រព្រឹត្ត​ខុស​ជា​​ហេតុ​នាំ​ឲ្យ​វិនាស​ទៅ​វិញ​ទេ។ ក្នុង​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុ​ផល​សាមញ្ញៗ​ និង​ជាក់ស្ដែង​​ដូចជា​ថា​ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាព​ជា​បុគ្គល​អកត្ដញ្ញូ​ មិន​ដឹង​គុណ​ឪពុកម្ដាយ​ អ្នក​លេង​ល្បែង​ ៣​ប្រការ​ គឺ​​ល្បែង​ស្រី​ ល្បែង​ស្រា​ និង​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ ភាព​ជា​អ្នក​ខ្ជិល​ច្រអូស​ជា​ដើម​ថា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស។

ស្ដាប់សំឡេង៖ [audio “http://www.bodhikaram.com/Dhamma%20Talks/para-sutha.mp3%5D

បរាភវសូត្រ
(បទបឋ្យាវត្ត)

បរាភវន្តំ បុរិសំ មយំ បុច្ឆា… មគោតមំ
ភវន្តំ បុដ្ឋុមាគម្ម កឹ… បរា…ភវតោ មុខំ ។

យើង​ខ្ញុំ​ទាំង​ឡាយ          មក​សូម​ទូល​សួរ            នូវ​ហេតុ​ដែល​គួរ             ចម្រើន​វិនាស
ប្រុស​ស្រី​ក្នុង​លោ            ក​សន្និវាស                   ដែល​នឹង​វិនាស              សាប​សូន្យ​ចាក​គុណ។
ឆ្ពោះ​ព្រះ​គោត្ដម             ព្រះ​អង្គ​មាន​បុណ្យ           មេត្តា​និមន្ត                   សម្តែង​ឲ្យ​ទាន
ធម្មជាតិ​ដូច​ម្តេច            ដែល​ជា​ប្រធាន               នាំ​សត្វ​…ឲ្យ​មាន…         សេចក្តី​វិនាស។

សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ
ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី… បរាភវោ​ ។


អ្នក​ដែល​ចម្រើន            គេ​អាច​ស្គាល់​ងាយ            អ្នក​ដែល​អន្តរាយ           គេ​អាច​ស្គាល់​ពិត
អ្នក​ប្រាថ្នា​ធម៌               ល្អិត​ល្អ​ក្នុង​ចិត្ត                  ហើយ​ខំ​ប្រព្រឹត្ត             នឹង​បាន​ចម្រើន។
អ្នក​ដែល​ទ្រូស្តធម៌         ស្អប់​ធម៌​ឥត​កើន                 ឥត​កើន…​ចម្រើន…       វិនាស​ទៅ​មុខ។​

ឥតិ ហេ…តំ… វិជានាម បឋមោ សោ…បរាភវោ
ទុតិយំ ភគវា ព្រូហិ កឹ…បរា…ភវតោ មុខំ។


បពិត្រ​ព្រះ​អង្គ               ព្រះ​នាម​ភគវ័ន្ត                   សូម​ទ្រង់​និមន្ត             សម្តែង​ឲ្យ​ទាន
វិនាស​ទី​២                   អ្វី​ជា​ប្រធាន                       នាំ​សត្វ​ឲ្យ​មាន             សេចក្តី​វិនាស។


អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ
អសតំ ធម្មរោចេតិ តំ… បរា…ភវតោ មុខំ។

អ្នក​ដែល​ស្រឡាញ់        ពេញ​ចិត្ត​សេ្នហា                  តែ​នឹង​មនុស្ស​ណា         អ​សប្បុរស
តែង​មិន​ស្រឡាញ់         ពេញ​ចិត្ត​ទាំង​អស់                នឹង​អ្នក​សប្បរស           មក​ធ្វើ​ជា​មិត្រ។
សេចក្តី​ស្រឡាញ់          ពេញ​ចិត្ត​គំនិត                     ហើយ​ទៅ​គប់​មិត្រ        អ​សប្បុរស
គាប់​ចិត្ត​ក្នុង​ធម៌            ឬ​មួយ​របស់                        ហេតុ​នោះ​ទាំង​​អស់       នាំ​ឲ្យ​វិនាស។

ឥតិ ហេ…តំ… វិជានាម ទុតិយោ សោ… បរាភវោ
តតិយំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។


បពិត្រ​ព្រះ​អង្គ             ព្រះ​នាម​ភគវ័ន្ត                      សូម​ទ្រង់​និមន្ត            សម្តែង​ឲ្យ​ទាន
វិនាស​ទី​៣                 អ្វី​ជា​ប្រធាន                          នាំ​សត្វ​…ឲ្យ​មាន         (សេចក្តី​វិនាស)។

អ្នក​​ដេក​​ច្រើន​១           និយាយ​ច្រើន​១                     និង​អ្នក​ឥត​ព្រួយ          ឥត​គិត​ប្រឹង​ប្រែង
អ្នក​ខ្ជិល​ច្រអូស           មិន​មាន​ខ្នះ​ខ្នែង                     ខឹង​ច្រើន​សម្តែង          ឲ្យ​គេ​ឃើញ​បាន។
ហេតុធម៌​ទាំង​នោះ        មិន​ជា​កល្យាណ                    នាំ​ឲ្យ​ខក​ខាន             ខាត​ខូច​ប្រយោជន៍
មាន​ជា​ប្រធាន            តិច​ច្រើន​ដោយ​ហោច              នាំ​បង់​ប្រយោជន៍         ហើយ​ឲ្យ​វិនាស។

បពិត្រ​ព្រះ​អង្គ             ព្រះនាមភគវ័ន្ត                      សូម​ទ្រង់​និមន្ត            សម្តែង​ឲ្យ​ទាន
វិនាស​ទី​៤                  អ្វី​ជា​ប្រធាន                         នាំ​សត្វ​ឲ្យ​មាន             សេចក្តី​វិនាស។

នរ​ជន​ណា                 មាន​ទ្រព្យ​ធន​ធាន                  ហើយ​ខ្លួន​មិន​បាន        ចិញ្ចឹម​រក្សា
មាតា​បិតា                  ដែល​ចាស់​ជរា                      ហេតុ​នោះ​ទៅ​ជា          នាំ​ឲ្យ​វិនាស។

បពិត្រ​ព្រះ​អង្គ              ព្រះ​នាម​ភគវ័ន្ត                     សូម​ទ្រង់​និមន្ត            សម្តែង​ឲ្យ​ទាន
វិនាស​ទី​៥                   អ្វី​ជា​ប្រធាន                        នាំ​សត្វ​ឲ្យ​មាន             សេចក្តី​វិនាស។

ជន​បញ្ឆោត​ព្រាហ្មណ៍     ឬ​ពួក​សមណៈ                    ពួក​ស្មូម                     ឬ​អ្នក​ដទៃ
ដោយ​មុសាវាទ            ឃ្លាត​ពាក្យ​ប្រពៃ                   នោះ​ប្រធាន​នៃ             សេចក្តី​វិនាស។

បពិត្រ​ព្រះ​អង្គ              ព្រះ​នាម​ភគវ័ន្ត                     សូម​ទ្រង់​និមន្ត             សម្តែង​ឲ្យ​ទាន
វិនាស​ទី​៦                   អ្វី​ជា​ប្រធាន                        នាំ​សត្វ​ឲ្យ​មាន              សេចក្តី​វិនាស។

បុរស​អ្នក​មាន              ទ្រព្យ​ធន​ធាន​ច្រើន                មាស​ប្រាក់​ចម្រើន          និង​គ្រឿង​អាហារ
លប​លាក់​របស់            ដែល​ឆ្ងាញ់​ពិសា                   ស៊ី​ម្នាក់…​ឯង​ជា            ប្រធាន​វិនាស។

បពិត្រ​ព្រះ​អង្គ              ព្រះ​នាម​ភគវ័ន្ត                     សូម​ទ្រង់​និមន្ត              សម្តែង​ឲ្យ​ទាន
វិនាស​ទី​៧                   អ្វី​ជា​ប្រធាន                        នាំ​សត្វ​ឲ្យ​មាន              សេចក្តី​វិនាស។

អ្នក​ដែល​ប្រកាន់           ជាតិ​ទ្រព្យ​ត្រកូល                  ហើយ​មិន​ប្រមូល           សាច់​ញាតិ​សន្តាន
មើល​ងាយ​ញតិ​ខ្លួន       ដោយ​អាង​ខ្លួន​មាន                នោះ​ជា​ប្រធាន               សេចក្តី​វិនាស។

បពិត្រ​ព្រះ​អង្គ              ព្រះ​នាម​ភគវ័ន្ត                     សូម​ទ្រង់​និមន្ត               សម្តែង​ឲ្យ​ទាន
វិនាស​ទី​៨                   អ្វី​ជា​ប្រធាន                        នាំ​សត្វ​ឲ្យ​មាន                សេចក្តី​វិនាស។

ជន​អ្នក​ប្រព្រឹត្ត             ល្បែង​បី​ប្រការ                   ល្បែង​ស្រី​ល្បែង​ស្រា         ល្បែង​ភ្នាល់​ទាំង​ឡាយ
ធ្វើ​ទ្រព្យ​ខ្លួន​មាន           ឲ្យ​អន្តរាយ                       ការ​ល្បែង​ទាំង​ឡាយ         នោះ​នាំ​វិនាស។

បពិត្រ​ព្រះ​អង្គ              ព្រះ​នាម​ភគវ័ន្ត                  សូម​ទ្រង់​និមន្ត                 សម្តែង​ឲ្យ​ទាន
វិនាស​ទី​៩                  អ្វី​ជា​ប្រធាន                      នាំ​សត្វ​ឲ្យ​មាន                 សេចក្តី​វិនាស។

សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ
ទុស្សតិ បរទារេសុ តំ…បរា…ភវតោ មុខំ។

ប្រុស​មិន​ត្រេក​អរ          នឹង​ប្រពន្ធ​ខ្លួន                   ហើយ​ទៅ​ជាប់​ជួន              នឹង​ស្រី​ពេស្យា
ទ្រុស្ត​នឹង​ប្រពន្ធ            កូន​ជន​នា​នា                    ហេតុ​នោះ​ទៅ​ជា                នាំ​ឲ្យ​វិនាស។

ឥតិ ហេ…តំ… វិជានាម នវមោ សោ… បរាភវោ
ទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។


បពិត្រ​ព្រះ​អង្គ             ព្រះ​នាម​ភគវ័ន្ត                   សូម​ទ្រង់​និមន្ត                  សម្តែង​ឲ្យ​ទាន
វិនាស​ទី​១០               អ្វី​ជា​ប្រធាន                       នាំ​សត្វ​ឲ្យ​មាន                  សេចក្តី​វិនាស។

អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ
តស្សា ឥស្សា ន សុបតិ តំ… បរា…ភវតោ មុខំ។


បុរស​មាន​វ័យ              ដែល​ចាស់​ហួស​ពេក            ហើយ​មាន​តម្រេក              ដោយ​ក្តី​តណ្ហា
នាំ​យក​ស្រី​ក្មេង            មក​ធ្វើ​ភរិយា                      ហេតុ​នោះ​ទៅ​ជា                នាំ​ឲ្យ​វិនាស។

ឥតិ ហេតំ… វិជានាម ទសមោ សោ… បរាភវោ
ឯកាទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។


បពិត្រ​ព្រះ​អង្គ             ព្រះ​នាម​ភគវ័ន្ត                   សូម​ទ្រង់​និមន្ត                     សម្តែង​ឲ្យ​ទាន
វិនាស​ទី​១១               អ្វី​ជា​ប្រធាន                       នាំ​សត្វ​ឲ្យ​មាន                     សេចក្តី​វិនាស។

ឥត្ថឹ សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ
ឥស្សរិយស្មឹ ឋបេតិ តំ… បរា…ភវតោ មុខំ។


បុរស​តាំង​ស្រី             អ្នក​លេង​ខ្ជះ​ខ្ជាយ                ឬ​ស្រី​ទាំង​ឡាយ                   តាំង​បុរស​នោះ
ដែល​ជា​អ្នក​លេង        ខ្ជះ​ខ្ជាយ​ដូច្នោះ                    អំពើ​ទាំង​នោះ                      នាំ​ឲ្យ​វិនាស។


ឥតិ ហេតំ… វិជានាម ឯកាទសមោ សោ… បរាភវោ
ទ្វាទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។


បពិត្រ​ព្រះ​អង្គ            ព្រះ​នាម​ភគវ័ន្ត                     សូម​ទ្រង់​និមន្ត                     សម្តែង​ឲ្យ​ទាន
វិនាស​ទី​១២              អ្វី​ជា​ប្រធាន                         នាំ​សត្វ​ឲ្យ​មាន                     សេចក្តី​វិនាស។

អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ
សោ ច រជ្ជំ បត្ថយតិ តំ… បរា…ភវតោ មុខំ។

ជន​ណា​កើត​ក្នុង         ត្រកូល​ជា​ក្សត្រ                    អ្នក​ក្សត់​សម្បតិ្ត                   ហើយ​ប្រាថ្នា​ធំ
ចង់​បាន​ជា​ស្តេច         សោយ​រាជ្យ​ស្តុក​ស្តម្ភ              ហេតុ​នោះ​នឹង​នាំ                  ឲ្យ​ដល់​វិនាស។

ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ
អរិយទស្សនសម្បន្នោ ស លោកំ… ភជតេ សិវំ៕

ជន​ជា​បណ្ឌិត           គំនិត​ប្រសើរ                         បាន​ឃើញ​ដំណើរ               នៃ​ហេតុ​វិនាស
ដល់​សត្វ​ក្នុង​លោ-      ក​សន្និវាស                           គេច​ពី​វិនាស                     គប់​រក​ចម្រើន៕

បរាភវសុត្តំ និដ្ឋិតំ
(បរាភវសូត្រ ចប់)

អត្ថបទកាទ្យដកស្រង់ពី៖​ ​​វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on October 1, 2012, in កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ, កំណាព្យ, បរាភវសូត្រ, ព្រះពុទ្ធសាសនា and tagged , , , , , , , , , , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: