ខ្មែរ​និង​សៀម​យល់ព្រម​កាត់​បន្ថយ​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ


2008-08-14

មន្ត្រី ​យោធា​ជាន់ខ្ពស់​ខ្មែរ​បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ សីហា ថា ភាគី​ខ្មែរ​និង​ភាគី​ថៃ​បាន​យល់ព្រម​កាត់​បន្ថយ​ចំនួន​កងទ័ព​ដែល​ឈរ​ជើង​នៅ​ តំបន់​ប្រាសាទ​ព្រះវិហារ និង​វត្ត​កែវសិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ​នោះ​ហើយ ។

AFP Photo

ទាហាន ​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។

រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ ឧត្តមសេនីយ៍ នាង ផាត បាន​មាន​ប្រសាសន៍​ថា​ការយល់ព្រម​កាត់​បន្ថយ​ចំនួន​កងទ័ព​នោះ​ត្រូវ​បាន​ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ រវាង​មន្ត្រី​យោធា​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ឯ​ខេត្ត​សូរិន្ទ ដើម្បី​ចៀសវាង​ការប្រឈម​មុខ​ដាក់​គ្នា​ខាង​ផ្នែក​យោធា ។

លោក​ឧត្តម​សេនីយ៍ នាង ផាត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ការកាត់បន្ថយ​ចំនួន​កងទ័ព​នៅ​ជុំវិញ​តំបន់​ ប្រាសាទ​ព្រះវិហារ​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​មុន​កិច្ចប្រជុំ​រវាង​ មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ហួហ៊ីន ប្រទេស​ថៃ នា​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​ក្រោយ​នេះ ។

លោក​ឧត្តម​សេនីយ៍ នាង ផាត បាន​មាន​ប្រសាសន៍​ថា ៖ «ការកែ​សម្រួល​ កម្លាំង​ដូច​បាន​ព្រមព្រៀង​គ្នា​ខាង​លើ នឹង​ត្រូវ​ធ្វើ​ឲ្យ​ចប់​សព្វគ្រប់​នៅ​មុន​ថ្នាក់​រដ្ឋមន្ត្រី​ប្រជុំ​នា​ ថ្ងៃ​ទី​១៨ ហើយ​ខ្ញុំ​មិន​ដឹង​ថា​ថ្ងៃ​ណា​ទេ បើ​ថា​មុន​ថ្ងៃ​ទី​១៨ អាច​ថ្ងៃ ១៦ ១៧ អី​អ៊ីចឹង ។ ដូច្នេះ​មុន​ថ្ងៃ ១៨ ធ្វើ​ឲ្យ​ចប់​សព្វគ្រប់ ដែល​ខ្ញុំ​បាន​លើក​ឡើង​ថា​កែ​សម្រួល​កម្លាំង​ឲ្យ​តិច​បំផុត និង​នៅ​បណ្ដា​ចំណុច​ផ្សេងៗឲ្យ​មាន​ចំនួន​សមស្រប​បំផុត ដើម្បី​ធ្វើ​យ៉ាង​ណា​ភាគី​ទាំង​ពីរ​មាន​ភាព​បន្ថយ​នូវ​ការប្រឈម​មុខ​ដាក់​ គ្នា»

លោក​ឧត្តមសេនីយ៍ នាង ផាត បាន​មាន​ប្រសាសន៍​ផងដែរ​ថា មេ​បញ្ជាការ​កងទ័ព​ទាំង​សងខាង​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​តំបន់​ជុំវិញ​ ប្រាសាទ​ព្រះវិហារ​នោះ ត្រូវ​មាន​ឋានៈ​ត្រឹម​វរសេនីយ៍​ឯក ហើយ​ថា​ទាហាន​ដែល​នៅសល់​នឹង​ប្រើប្រាស់​អាវុធ​ធម្មតា ហើយ​មិន​មាន​កាន់​អាវុធ​ធុន​ធ្ងន់​នោះ​ឡើយ ។ លោក​ក៏​បាន​បន្ត​ថា ព្រះសង្ឃ តាជី និង​យាយជី នឹង​បន្ត​ស្នាក់​នៅ​ក្នុង​វត្ត​ប្រាសាទ​ព្រះវិហារ​ដដែល ។

លោក​ឧត្តមសេនីយ៍ នាង ផាត បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​សូម​ជម្រាប​ផងដែរ​ ថា នៅ​មួយ​ក្រុម​យ៉ាង​តូច​នេះ​គឺ​យើង​មាន​អាវុធ​ធម្មតា ដូច​ជា​អាវុធ​ស្ពាយ​នឹង​ខ្លួន ហើយ​មេ​បញ្ជាការ​មាន​អាវុធ​ខ្លី អា​ហ្នឹង​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​មិន​មាន​ដល់​អាវុធ​ធុនធ្ងន់​ទេ ដូច​ជា​បេ​៤០ ឬ​ក៏​អាវុធ មាន​កាំភ្លើង​គេ​ហៅ​ស្វ័យប្រវត្តិ​ធំៗ មិន​មាន​ទេ ។ សូម​បញ្ជាក់​គឺ​ថា​ធ្វើ​ឲ្យ​ស្រាល​បំផុត ហើយ​ចំណែក​ព្រះសង្ឃ យាយជី ដូនជី​យើង នៅ​ដដែល ដើម្បី​ជា​កន្លែង​សម្រាប់​យើង​គោរព​សាសនា​របស់​យើង»

លោក​ឧត្តមសេនីយ៍ នាង ផាត បាន​មាន​ប្រសាសន៍​ថា​កងកម្លាំង​ដែល​នៅសល់​នឹង​បន្ត​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ ​ព្រះវិហារ​នោះ​ដដែល ហើយ​រង់ចាំ​លទ្ធផល​កិច្ចប្រជុំ​រវាង​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នោះ ហើយ​ថា​ភាគី​យោធា​ទាំងអស់​ត្រូវ​លុប​លេណដ្ឋាន​ដែល​គេ​បាន​ជីក​នៅ​តំបន់​ ប្រាសាទ​ព្រះវិហារ​នោះ​ផងដែរ ។

គួរ​ជម្រាប​ថា​ទាហាន​ថៃ​បាន​ចូល​មក​កាន់កាប់​វត្ត​កែវសិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ ដែល​មាន​ទីតាំង​ជិត​ប្រាសាទ​ព្រះវិហារ​នោះ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ ២០០៨ បន្ទាប់ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់​ បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួច​មក ។

ទាហាន​ថៃ​ក្រោយ​មក​បាន​បង្កើន​កម្លាំង​ទ័ព​ពី​រាប់​សិប​នាក់​រហូត​ដល់​ រាប់​រយ​នាក់​នៅ​តំបន់​វត្ត​កែវសិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ ហើយ​បាន​ថែម​ទាំង​ដាក់​អាវុធ​ធុន​ធ្ងន់​ផងដែរ ៕

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on August 15, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s