ទាហាន​សៀម​យល់ព្រម​បើក​ច្រក​ទ្វារ​ឲ្យ​ខ្មែរ​ចូល​ប្រាសាទ​តាមាន់


2008-08-13

មន្រ្តី ​យោធា​ខ្មែរ​បាន​អះអាង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​កំពុង​កាន់កាប់​ប្រាសាទ​តាមាន់ នៅ​ទឹក​ដី​ខ្មែរ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ បាន​យល់ព្រម​បើក​ច្រក​ទ្វារ​ដែល​បិទ​ដោយ​លួសបន្លា​កន្លងមក ដើម្បី​ឲ្យ​កង​ទាហាន​និង​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចេញ​ចូល​ទៅ​ប្រាសាទ​តាមាន់​ ហើយ ។

RFA Photo/Chea Makara

ទាហាន​ខ្មែរ​ឈរ​ជើង​នៅ​ក្បែរ​ប្រាសាទ​តាមាន់​ធំ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មានជ័យ នា​ថ្ងៃ​ទី​៨ សីហា ២០០៨។

មេ​បញ្ជាការ​កង​វរសេនា​តូច​លេខ​៤២២​របស់​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ នៅ​តំបន់​ប្រាសាទ​តាមាន់ លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែ​សីហា ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​យល់ព្រម​បើក​ច្រក​ទ្វារ​ចេញ​ចូល​កាលពី​វេលា​ម៉ោង​ ប្រមាណ​១​រសៀល។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្រៅពី​កង​ទាហាន​ថៃ​យល់ព្រម​បើក​ច្រក​ចេញ​ចូល​ប្រាសាទ​តាមាន់​នោះ កង​ទាហាន​ថៃ​ទាំងអស់​បាន​ដក​ថយ​ចេញ​ពី​ប្រាសាទ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ហើយ​កង​ទាហាន​ខ្មែរ​ក៏​បាន​ដក​ថយ​១០០​ម៉ែត្រ​ដែរ ដោយ​ទុកតែ​ទាហាន​ថៃ​៥​នាក់ និង​ទាហាន​ខ្មែរ​៥​នាក់​ប៉ុណ្ណោះ​សម្រាប់​ដើរ​ល្បាត។

លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ថា ៖ «វា​បើក​ទ្វារ​ទាំងអស់​ហើយ ឲ្យ​យើង​ចេញ​ចូល​ធម្មតា​វិញ​បាន​ហើយ ប៉ុន្តែ​គ្រាន់តែ​យើង​នៅ​និយាយ​គ្នា​បណ្ដើរៗ​នៅ​លើ​ហ្នឹង វា​ដក​ចេញ ។ ចម្ងាយ​ពី​ប្រាសាទ​ទៅ​បន្ទាយ​វា​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ទាំង​សងខាង។ ទុក​ឲ្យ​កងទ័ព​ដើរ​ល្បាត​ចំនួន​៥​នាក់​រៀងៗខ្លួន ក្រៅពី​ហ្នឹង​គឺ​ថា​នៅ​ចំណុច​ខាង​ក្រោម។ ពីរ​ម៉ោង​មុន​រាង​តឹងតែង​ដែរ យើង​និយាយ​ដោះស្រាយ​គ្នា​អត់​ទាន់​ត្រូវ»

តាម​មេ​បញ្ជាការ​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា ការយល់ព្រម​បើក​ច្រក​ចេញ​ចូល​ប្រាសាទ​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ ការជជែក​គ្នា​ដ៏​តឹងតែង​រវាង​មេ​បញ្ជាការ​ថ្នាក់​ភូមិភាគ​ខ្មែរ​និង​ថៃ អស់​រយៈពេល​ប្រមាណ​ជា​ពីរ​ម៉ោង ដោយ​ភាគី​ខ្មែរ​ទាមទារ​ឲ្យ​មាន​ការរុះរើ​របង​លួស​បន្លា​ចេញ​ពី​មុខ​ប្រាសាទ និង​ឲ្យ​កង​ទាហាន​ថៃ​ទាំងអស់​ដក​ចេញ ។ បើ​ទោះបី​ជា​ស្ថានការណ៍​ប្រឈម​មុខ​ដោយ​យោធា​នៅ​ប្រាសាទ​តាមាន់ ត្រូវ​បាន​កង​ទាហាន​ថៃ​បន្ទន់​ឥរិយាបថ​ក៏​ដោយ ក៏​កង​ទាហាន​ខ្មែរ​មួយចំនួន​នៅតែ​បញ្ជូន​បន្ថែម​ទៅ​កាន់​តំបន់​នោះ​នៅ​ថ្ងៃ​ ពុធ​នេះ ។

ចំណែក​នៅ​ឯ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​ឯណោះ​វិញ មាន​សេចក្ដី​រាយការណ៍​ថា​កង​ទាហាន​ប៉ារ៉ា​ថៃ នៅតែ​ធ្វើ​សមយុទ្ធ​យោធា​ក្បែរៗ​ព្រំដែន​ខ្មែរ ។

អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​ថៃ លោក​វរសេនីយ៍ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា កង​ទាហាន​ថៃ​បាន​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​ហ្វឹកហាត់​របស់​គេ នៅ​តាម​បន្ទាត់​ព្រំដែន​ថៃ​កម្ពុជា ហើយ​កងទ័ព​ខ្មែរ​ជា​ច្រើន​នៅតែ​រាយ​បណ្ដាក់​តាម​ព្រំដែន​ទាំង​នោះ ។

លោក​វរសេនីយ៍ តូច រ៉ា បាន​ឲ្យ​ដឹង​ថា ៖ «សកម្មភាព​របស់​វា​នៅតែ​ ហ្វឹកហាត់​ដដែល ស្ពាយ​បាឡូ ដាក់​ដុំ​ថ្ម ដាក់​ដុំ​ដី​អ៊ីចឹង កូន​ទាហាន​កាតព្វកិច្ច ១៨​ខែ របស់​គេ​ហ្នឹង។ ហ្វឹកហាត់​តាំងពី​២​ខែ​មុន​រហូត​ដល់​ខែ​កញ្ញា​នេះ ឃើញ​អ៊ីចឹង តាម​គុម្ពោត តាម​ព្រៃ»

លោក តូច រ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា​កង​ទាហាន​ខ្មែរ​មួយចំនួន​ដែល​កំពុងតែ​រាយ​បណ្ដាក់​ ការពារ​ព្រំដែន​ខ្មែរ​ក្នុង​ព្រៃ កំពុង​ទទួល​រង​ជំងឺ​គ្រុនចាញ់ ក្ដៅ​សន្ធម និង​ខ្វះ​ស្បៀង​អាហារ​នៅ​ឡើយ ៖ «បង​ប្អូន​យើង​អាច ១០% អី​ហើយ មាន​ជំងឺ​គ្រុន​ចាញ់​ដែរ គ្រុន​របៀប​ក្ដៅ​ភ្លាមៗ​តែម្ដង តាម​ខ្សែ​បន្ទាត់​ព្រំដែន ទើប​ខាង​ហ្នុង​ឯង បើ​គ្នា​នៅ​ក្នុង​ព្រៃ​អី»

ក្រុម​កង​ទាហាន​បាន​ឲ្យ​ដឹង​ថា គេ​ត្រូវការ​មុង តង់​កៅស៊ូ​ធ្វើ​ជា​ជម្រក និង​ថ្នាំ​ពេទ្យ ដើម្បី​ជួយ​ថែទាំ​ដល់​សុខភាព​កង​ទាហាន​ខ្មែរ​នា​តំបន់​ព្រំដែន​ទាំង​នោះ​ផង ៕

ស្ដាប់សំឡេង

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on August 14, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s