ប្រាសាទ​ព្រះវិហារ៖ ដំណើរការ​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ (១)


2008-08-10

ថ្មីៗ ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ទើប​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​ការចោទ​ប្រកាន់​របស់​ប្រទេស​ថៃ ដែល​ថា កម្ពុជា​បាន​បំពាន​លើ​អធិបតេយ្យ​របស់​ថៃ នៅ​បរិវេណ​ប្រាសាទ​ព្រះវិហារ តំបន់​ដែល​កំពុង​ប្រទាញ​ប្រទង់​គ្នា​នោះ។

RFA file photo/Uy Sophea

ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នៅ​លើ​កំពូល​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

ប៉ុន្តែ សេចក្តី​ថ្លែងការណ៍​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០០៨​នេះ គឺ​បាន​ឆ្លើយតប​ទៅ​ថៃ​ថា កម្ពុជា​ពុំ​មាន​បញ្ហា​តំបន់​ត្រួតស៊ី​គ្នា​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​ ព្រះវិហារ​ទេ។

ភាគី​កម្ពុជា​អះអាង​ដូច្នេះ គឺ​សំអាង​ទៅ​លើ​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ដែល​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ឈ្នះ​ក្តី​លើ​ភាគី​ប្រទេស​ថៃ ដោយ​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​ របស់​ខ្មែរ។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ថៃ​នៅតែ​មាន​បញ្ហា​មិន​ឈប់ឈរ​ទាក់ទិន​ទៅ​នឹង​ករណី​ប្រាសាទ​ព្រះវិហារ​នេះ។

ហេតុនេះ​ហើយ ទើប​មាន​លោក​អ្នកស្តាប់​មួយ​ចំនួន បាន​ស្នើសុំ​ឲ្យ​វិទ្យុ​អាស៊ីសេរី ផ្សាយ​ជូន​អំពី​ថា​តើ​ដំណើរការ​កាត់ក្តី​នោះ ធ្វើ​ឡើង​បែប​ណា? តើ​ភាគី​ខ្មែរ មាន​អ្វី​ជា​ភស្តុតាង​ខ្លះ ដែល​ជួយ​ឲ្យ​ខ្មែរ​ឈ្នះ​ក្តី​លើ​ភាគី​ថៃ ក្នុង​ករណី​ប្រាសាទ​ព្រះវិហារ​នេះ។

ដើម្បី​ចង់ដឹង​ករណី​នេះ នាង​ខ្ញុំ​សូម​អញ្ជើញ​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​មាន​ជំនាញ​ច្បាស់​លាស់ ផ្នែក​ខាង​ព្រំដែន​និង​ផែនទី​នៃ​ប្រទេស​កម្ពុជា​នោះ នាង​ខ្ញុំ​សូម​អញ្ជើញ​លោក​មាន​ប្រសាសន៍​រំឭក​អំពី​ករណី​ដែល​ខ្មែរ​មាន​ ការប្តឹង​ផ្តល់​ជាមួយ​នឹង​ប្រទេស​ថៃ ស្តីពី​ប្រាសាទ​ព្រះវិហារ​នេះ ជូន​អស់​លោក​អ្នកស្តាប់​ឲ្យ​បាន​ជ្រាប​ផង។

ស៊ាន ប៉េងសែ ៖ «បាទ! សូម​អរគុណ។ ការកាត់ក្តី​នោះ​មាន​ឯកសារ​ច្រើន ៧០០​សន្លឹក ជា​សៀវភៅ​នោះ​បី​-បួន​ក្បាល ជា​ភាសា​បារាំង​ផង ជា​ភាសា​អង់គ្លេស​ផង។ រឿង​អី បាន​ជា​មាន​រឿង​ព្រះវិហារ? ព្រោះ​ព្រះវិហារ​នេះ តាម​សន្ធិសញ្ញា​ឆ្នាំ​១៩០៤ ឆ្នាំ​១៩០៨ ដែល​សៀម​និង​បារាំង​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​នោះ ប្រាសាទ​ព្រះវិហារ​គឺ​មាន​នៅក្នុង​ទឹក​ដី​ខ្មែរ​រួច​ទៅ​ហើយ។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៩៥៤ គឺ​មួយ​ឆ្នាំ ក្រោយ​ដែល​ខ្មែរ​បាន​ឯករាជ្យ​នោះ សៀម​បាន​មក​កាន់​កាប់​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ឯង។ គឺ​មក​ជួសជុល មក​កាន់កាប់។ ដូច្នោះ បាន​ខ្មែរ​យើង ទៅ​ធ្វើការ​បដិសេធ​ភ្លាម​ទៅ​អង្គការ​សហប្រជាជាតិ​ថា សៀម​នោះ​មក​កាន់កាប់​ខុស​ច្បាប់ រំលោភ​លើ​បូរណភាព​ទឹក​ដី​ខ្មែរ»

មឿង ទុម ៖ ដូច្នេះ​បាន​ន័យ​ថា របប​សង្គមរាស្រ្ត​និយម ដែល​មាន​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ជា​ព្រះប្រមុខរដ្ឋ​កាល​ណោះ គឺ​ភាគី​ខ្មែរ​ជា​ដើម​ចោទ ឬ​ដើម​បណ្តឹង ចំណែក​ប្រទេស​ថៃ​គឺ​ជា​ចុងចោទ តើ​អ៊ីចឹង​មែន​ទេ​លោក?

ស៊ាន ប៉េងសែ ៖ «បាទ! រដ្ឋាភិបាល​ខ្មែរ​ជំនាន់​ហ្នឹង បាន​ចាប់​ផ្តើម​ធ្វើ​ឯកសារ​ប្តឹង​ទៅ​អន្តរជាតិ​ដើម្បី​ឲ្យ​សៀម​នោះ​ដកទ័ព​ ចេញ​ពី​ស្រុក​ខ្មែរ​ទៅ។ នៅក្នុង​ឆ្នាំ​១៩៥៩ ខ្មែរ​យើង​បាន​ដាក់​ពាក្យ​នោះ​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ»

មឿង ទុម ៖ តើ​លោក​អាច​បញ្ជាក់​ជូន​អស់​លោក​អ្នកស្តាប់​បាន​ទេ ថា​តើ​ភាគី​ខ្មែរ​ជា​ដើម​ចោទ ដែល​បាន​ដាក់​បណ្តឹង​ប្តឹង​ទៅ​ថៃ កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៥៩​នោះ ដាក់​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ តើ​ខ្មែរ​ប្តឹង​ថៃ​ក្នុង​ន័យ​ថា​ម៉េច​ខ្លះ កាល​ណោះ?

ស៊ាន ប៉េងសែ ៖ «បណ្តឹង​របស់​ខ្មែរ កាលណោះ​និយាយ​តែ​បន្តិច​ទេ គឺ​ថា សុំ​ឲ្យ​ប្រទេស​សៀម​នោះ ដកទ័ព​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ក្នុង​ការកាន់កាប់​ខុស​ច្បាប់​ហ្នឹង។ គេ​និយាយ​ថា តំបន់​ព្រះវិហារ​និង​តំបន់​ជុំវិញ​ឬ​បរិវេណ​ព្រះវិហារ។ គេ​និយាយ​ច្បាស់​ណាស់»

មឿង ទុម ៖ បើ​តាម​នាង​ខ្ញុំ​ដឹង គឺ​ថា នៅ​ឆ្នាំ​១៩៥៩ ពេល​ដែល​ភាគី​ខ្មែរ​ដាក់​បណ្តឹង​ជូន​ទៅ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ ឡាអេ គឺ​ថា តុលាការ​អន្តរជាតិ​នោះ ពុំទាន់​បាន​ចាត់ការ​លើ​បណ្តឹង​នោះ​ភ្លាម​ៗ​នៅ​ឡើយ​ទេ គឺ​ទាល់តែ​ដល់​ឆ្នាំ​១៩៦២ បាន​ន័យ​ថា ៣​ឆ្នាំ​ក្រោយ​មក ទើប​គេ​លើក​យក​បណ្តឹង​ខ្មែរ​នោះ​មក​ពិនិត្យ។ តើ​រឿង​នោះ ត្រឹម​ត្រូវ​អ៊ីចឹង​ទេ?

ស៊ាន ប៉េងសែ ៖ «បាទ! តុលាការ​អន្តរជាតិ គេ​ចាប់​ធ្វើការ​ពិនិត្យ​បណ្តឹង​របស់​ខ្មែរ​នោះ ក្នុង​ឆ្នាំ​១៩៦២ គឺ​គេ ចាប់​ធ្វើ​ហើយ។ ដូច្នោះ​គេ​យក​សេចក្តី​បណ្តឹង​ហ្នឹង​មក​ពិនិត្យ។ ហើយ​មុន​នឹង​ពិនិត្យ គេ​ត្រូវ​មើល​ផែនទី។ ខ្ញុំ​សូម​ជម្រាប​ថា ក្នុង​ឆ្នាំ​១៩៦២​ហ្នឹង មុន​គេ​ចាប់​ធ្វើការ​ពិនិត្យ ដល់​ពិនិត្យ​រួច​ទៅ គេ​ឃើញ​ថា បណ្តឹង​របស់​ខ្មែរ​នោះ​គឺ​អាច​ទទួល​យក​បាន។ ហ្នឹង​ទី​មួយ។ ហើយ​ទី​២ ដែល​ហៅ​ថា សមត្ថភាព​តុលាការ​ហ្នឹង តើ​គូ​ភាគី​ហ្នឹង​ត្រូវ​ទទួល​ស្គាល់​ទេ។ ដល់​គេ​បោះឆ្នោត​ទៅ គេ​ថា តុលាការ​ហ្នឹង​គេ​អាច​មាន​សមត្ថភាព។ ហើយ​ទី​៣ តុលាការ​ហ្នឹង​គេ​សួរ​ថា បើ​សិន​ណា​ជា​គេ​កាត់​សេចក្តី​ទៅ ឈ្នះ ឬ​ចាញ់ តើ​ភាគី​ទាំង​២ ត្រូវ​ទទួល​ឬ​យ៉ាងម៉េច? ដល់​គេ​បោះឆ្នោត​ទៅ គឺ​ថា ត្រូវតែ​អ្នក​ទាំងពីរ​ហ្នឹង ទទួល​យក។ ខ្មែរ​ហ្នឹង គឺ​ចាញ់​ក៏​ដោយ ឈ្នះ​ក៏​ដោយ ក៏​ខ្មែរ​ទទួល​យក។ ហើយ​សៀម​ហ្នឹង​វា ត្រូវតែ​ទទួល​ដូច​ខ្មែរ​ដែរ ពីព្រោះ​គាត់​ចូល​ក្នុង​តុលាការ​អន្តរជាតិ​នេះ​ឯង។ គេ​សួរ​សំណួរ​បី​នោះ​ច្បាស់​ណាស់ ថា​តើ​សំណុំ​រឿង​ខ្មែរ​នោះ អាច​ទទួល​យក​បាន​ទេ ហ្នឹង​ទី​មួយ បោះឆ្នោត​ឈ្នះ​។ ទី​២ តើ​គេ​មាន​សមត្ថភាព​ទេ បោះឆ្នោត​ឈ្នះ។ ទី​៣ បើ​បាន​សម្រេច​ហើយ អ្នក​ឯង​ទាំង​ពីរ​នាក់ ទទួល​យក​ទេ»

មឿង ទុម ៖ ខ្ញុំ​សូម​សួរ​កាត់ លោក​មាន​ប្រសាសន៍​ថា គេ​បោះឆ្នោត​ឈ្នះ គេ​ហ្នឹង តើ​ជា​អ្នកណា?

ស៊ាន ប៉េងសែ ៖ «គេ​ហ្នឹង សូម​ជម្រាប​ថា ជា​ពួក​អ្នក​កាត់​ក្តី ហៅ​ថា​ចៅក្រម»

មឿង ទុម ៖ តើ​ចៅក្រម ដែល​មាន​វត្តមាន​ដោះស្រាយ​បណ្តឹង​ខ្មែរ​ថៃ ក្នុង​តុលាការ​អន្តរជាតិ​នោះ មាន​មក​ពី​ប្រទេស​ណា​ខ្លះ?

ស៊ាន ប៉េងសែ ៖ «ចៅក្រម​ហ្នឹង គេ​មាន​ប្រទេស​ច្រើន គេ​ដាក់​នៅ​ក្នុង​ហ្នឹង តាម​តុលាការ​ហ្នឹង ដូចជា​មាន​ជប៉ុន មាន​អាមេរិកាំង មាន​ស្អី​ៗ​អីចឹង​ទៅ។ ហើយ​ចៅក្រម​ហ្នឹង មាន​៣, ៤, ៥​សាសន៍។ ចំណែក ខាង​ខ្មែរ​និង​សៀម គេ​មាន​មេធាវី​ការពារ​ជា​ការ​ធម្មតា»

មឿង ទុម ៖ តើ​លោក​អាច​មាន​ប្រសាសន៍​សរុប​ថា តើ​មាន​ប៉ុន្មាន​ប្រទេស​ទេ ចៅក្រម​តំណាង​ហ្នឹង?

ស៊ាន ប៉េងសែ ៖ «តាម​ខ្ញុំ​មើល ដូចជា​មាន ៧​ប្រទេស។ អាហ្នឹង​គឺ​ថា នៅ​ក្នុង​ច្បាប់​លក្ខន្តិកៈ​តុលាការ​អន្តរជាតិ​ហ្នឹង គឺ​ថា គេ​មាន​ឲ្យ​ប្រទេស​ណា​ខ្លះ​ចូល​ក្នុង​ហ្នឹង។ គេ​មាន​លក្ខន្តិកៈ ហើយ​ការ​ដែល​ជ្រើសរើស​រក​ចៅក្រម​ហ្នឹង ក៏​គេ​មាន​លក្ខន្តិកៈ​ផ្ទៃក្នុង​របស់​គេ​ហើយ»

មឿង ទុម ៖ តែ​លោក​អត់​អាច​រាប់​ជូន​លោក​អ្នក​ស្តាប់​បាន​ទេ?

ស៊ាន ប៉េងសែ ៖ «អត់​បាន​ទេ ព្រោះ​គេ​អត់​ដាក់​ឈ្មោះ​ប្រទេស​ណា  តែ​គេ​ដាក់​ឈ្មោះ​ចៅក្រម។  ចៅក្រម​ហ្នឹង ខ្ញុំ​មើល​ទៅ វា​មាន​អាមេរិកាំង អាស៊ី​ដូច​មាន​ជប៉ុន និង​មាន​អ្នក​ខ្លះ​ផ្សេង​ទៀត ដែល​ខ្ញុំ​ពុំ​អាច​បញ្ជាក់​បាន​នៅក្នុង​ពេល​នេះ»

មឿង ទុម ៖ តើ​កាល​បរិច្ឆេទ​ជា​ផ្លូវការ ក្នុងការ​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ផ្តើម​បើក​សវនាការ​ធ្វើការ​កាត់​ក្តី​ក្នុង​បណ្តឹង​របស់​ខ្មែរ​ដែល​ប្តឹង​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ​នា​កាលណោះ តើ​គេ​ផ្តើម​នៅ​ពេល​ណា?

ស៊ាន ប៉េងសែ ៖ «កាត់​ក្តី​នោះ ក្នុង​ថ្ងៃ​២៦ ខែ​៥ (ឧសភា) ឆ្នាំ​១៩៦១ ហ្នឹង​គេ​ចាប់​កាត់​ក្តី​ហើយ។ ពីព្រោះ​គេ​បាន​ផែនទី​សព្វគ្រប់​អស់​ហើយ បាន​ឯកសារ​អស់​ហើយ។ គេ​សួរ​អ្នក​នេះ គេ​សួរ​អ្នក​នោះ ឲ្យ​ឆ្លើយ គេ​មើល​ទៅ​ក្នុង​ផែនទី។ គឺ​ថា​សេចក្តី​រាយការណ៍​របស់​គេ​នោះ ហើយ​ដែល​គេ​បាន​បោះពុម្ព​នោះ សៀវភៅ ៥ ឬ​៦​ក្បាល​ដែល​មាន​ប្រហែល ៧​រយ​សន្លឹក​នោះ​ឯង។ ខ្ញុំ​និយាយ​អម្បាញ់មិញ​គឺ​ថ្ងៃ​២៦ ខែ​៥ (ឧសភា) ឆ្នាំ​១៩៦១ គេ​ចាប់​កាត់​ក្តី។ ពីមុន​ហ្នឹង​គេ​មើល​ផែនទី​អស់​ហើយ។ ឆ្នាំ​១៩៥៩ គេ​មើល​ផែនទី​អស់​ហើយ យូរ​ដែរ។ រហូត​ដល់​ទី​បញ្ចប់​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​១៩៦២ អា​ហ្នឹង​គេ​សម្រេច​តែ​ម្តង​បាទ»

ស្ដាប់សំឡេង

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on August 11, 2008, in បទសម្ភាសន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s