សម្ដេចឪ​នឹង​ដឹកនាំ​ការតស៊ូ​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​បើ​សៀមឈ្លានពាន


2008-07-30

ព្រះ ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​មាន​ព្រះរាជ​ឱង្ការ​ថា​ព្រះអង្គ​នឹង​ដឹកនាំ​ការតស៊ូ​ដើម្បី​ការពារ​ ប្រាសាទ​ព្រះវិហារ​និង​ប្រទេស​កម្ពុជា ប្រសិនបើ​ប្រទេស​ថៃ​ធ្វើការ​ឈ្លានពាន​វាតទី​យក​នោះ ។

AFP Photo

សម្តេច នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ព្រះរាជ​ឱង្ការ​នៅ​ក្នុង​ព្រះរាជ​សារ​ដែល​បាន​ធ្វើឡើង​តាំងតែ​ពី​ចុង​ខែ​ ធ្នូ ឆ្នាំ​២០០៣ ប្រទាន​ចំពោះ​អ្នក​សរសេរ​ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះអង្គ​ជា​ជនជាតិ​ អូស្ត្រាលី គឺ​លោក Julio Jeldres ហើយ​ដែល​ទើប​នឹង​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ បេអឹមដេ នៅ​ក្នុង​សប្តាហ៍​នេះ គឺ​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​នោះ ព្រះ​មហាវីរក្សត្រ​បាន​បញ្ជាក់​ថា ៖ “ខ្ញុំ​យល់​ឃើញ​ថា យើង​មិន​ត្រូវ​រំឭក​ឬ​សរសេរ​ឡើង​វិញ​នូវ​រឿង​ប្រាសាទ​ព្រះវិហារ​ទេ ។ ការកាត់ក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ គឺ​ជា​ការបញ្ជាក់​ច្បាស់លាស់​ណាស់​ទៅ​ហើយ” ។

នៅ​ក្នុង​ព្រះរាជ​សារ​ជា​ភាសា​បារាំង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ហើយ ​មាន​ការបក​ប្រែ​ក្រៅ​ផ្លូវការ​នោះ ព្រះ​មហាវីរក្សត្រ​បាន​មាន​ព្រះរាជ​ឱង្ការ​ថា ៖ “ចំពោះ​ពួក​ថៃ​ដែល​នៅតែ​បន្ត​ចង់​ទាមទារ​យក​ប្រាសាទ​ព្រះវិហារ​នោះ គ្មាន​នរណា​អាច​ឃាត់ឃាំង​ពួក​គេ​ដោយ​ការសរសេរ​ឬ​និយាយ​ឲ្យ​ពួក​ថៃ​នេះ​ បញ្ឈប់​ការចង់​ទាមទារ​ប្រាសាទ​ព្រះវិហារ ឬ​ក៏​អង្គរវត្ត​នោះ​ឡើយ ។ បើ​ពួក​ថៃ​មិន​ធ្វើ​ដូច​ហ៊ីត្លែរ ដែល​គាត់​បាន​លើក​កងទ័ព​ដ៏​មហិមា​របស់​គាត់ ក្នុង​ឆ្នាំ​១៩៣៩​-​១៩៤០ ដើម្បី​លុកលុយ​យក​ទឹក​ដី L’Alsace និង Lorrain នៅ​ប្រទេស​បារាំង​នោះ​ទេ ពួក​ថៃ​មិន​អាច​យក​ជោគជ័យ​ក្នុង​ការវាតទី​យក​ទឹក​ដី​ប្រទេស​កម្ពុជា និង​ប្រាសាទ​ព្រះវិហារ​នោះ​បាន​ទេ” ។

ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែល​ជា​អ្នក​ដឹកនាំ​ការទាមទារ​ប្រាសាទ​ព្រះវិហារ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​ ក្នុង​ការសម្រេច​ក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បាន​បញ្ជាក់​ទៀត​ថា ៖ “យ៉ាងណា​ក៏ដោយ​ចុះ​ក្នុង​ករណី​នេះ​ទោះបី​ជា​ខ្ញុំ​មាន​វ័យ​ចំណាស់​ហើយ​ក៏​ ដោយ ខ្ញុំ​នឹង​ចូល​ព្រៃ​ម៉ាគី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​វាតទី​និយម​ថៃ នៅ​ពេល​ដែល​កងទ័ព​ថៃ​ចូល​ឈ្លានពាន​កម្ពុជា​នោះ” ។

គួរ​បញ្ជាក់​ថា​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ដែល​ស្ថិត​លើ​ភ្នំ​ដងរែក​ក្បែរ​ ព្រំដែន​ថៃ​នោះ​បាន​កើត​ជា​ជម្លោះ​រវាង​ខ្មែរ​និង​ថៃ​ជា​យូរ​មក​ហើយ រហូត​ដល់​មាន​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ ថា​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​ខ្មែរ ។

ប៉ុន្តែ​ជម្លោះ​បាន​កើត​មាន​សា​ជា​ថ្មី​ទៀត​នៅ​តំបន់​ព្រំដែន​ក្បែរ​ ប្រាសាទ​ព្រះវិហារ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ប្រកាស​ពី​ការចូល​ឈ្លានពាន​របស់​ថៃ ជាពិសេស​គឺ​ការចូល​កាន់កាប់​ទឹក​ដី​នៃ​វត្ត​សិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ ​ជា​បេតិកភណ្ឌ​ពិភពលោក​ដែល​ប្រទេស​ថៃ​ធ្លាប់​បាន​ធ្វើការ​ប្រឆាំង​ជំទាស់​ជា ​យូរ​មក​ហើយ ។

ក្រោយ​ពី​ការចូល​លុកលុយ​នោះ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ចរចា​ជាមួយនឹង​ ប្រទេស​ថៃ​មួយ​លើក​ជា​ពីរ​លើក​រួច​មក​ហើយ ដើម្បី​ឲ្យ​មាន​ការដក​កងទ័ព​ចេញ​ពី​តំបន់​នោះ ។

ការចរចា​ចុង​ក្រោយ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដក​កង​ទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​នោះ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​គេ​នៅតែ​មិន​អាច​ដឹង​បាន​ថា ការដក​ទ័ព​នោះ​កើត​មាន​នៅ​ពេល​ណា​នោះ​ទេ ? ៕

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 31, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s