ការឃោសនា​មាន​ភាព​ប្រសើរ​ជាង​មុន បើ​ទោះ​បី​មាន​អំពើ​ហិង្សា​ខ្លះ​ក៏​ដោយ


2008-07-25

ក្រុម ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា បាន​វាយតម្លៃ​ថា បរិយាកាស​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​១១ ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​មួយ​ខែ នៅមុន​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ គឺ​បាន​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការឃោសនា​រក​សំឡេង​ឆ្នោត នា​អាណត្តិ​កន្លង​ទៅ បើទោះ​បី​ជា​មាន​អំពើ​ហិង្សា​និង​ករណី​សម្លាប់​សកម្មជន​នយោបាយ​មួយ​ចំនួន ក៏​ដោយ ។

RFA Photo

លោក សម រង្ស៊ី (ពាក់​កម្រង​ផ្កា) ស្វាគមន៍​អ្នកគាំទ្រ​ក្នុង​ពេល​ដឹកនាំ​ក្បួន​ដង្ហែ​ដើម្បី​ធ្វើ​យុទ្ធនាការ​ ឃោសនា​រក​សំឡេង​ឆ្នោត​ ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ ២៦ មិថុនា ២០០៨។

ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ឈ្មោះ​ថា និកហ្វិច លោក ហង្ស ពុទ្ធា បាន​ថ្លែង​ជុំវិញ​បរិយាកាស​នៃ​ការឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​អាណត្តិ​ទី​ ៤​នេះ​យ៉ាង​ដូច្នេះ​ថា ៖ «ទី​មួយ ការឃោសនា​លើក​នេះ​ហាក់​ដូចជា​បាន​ចាប់​ផ្ដើម​មុន​កាល​បរិច្ឆេទ​របស់​គ.ជ.ប. ទី​ពីរ ការឃោសនា​ទាំងនេះ​និយាយ​ចំ​ៗ​តែម្ដង ធ្វើ​ឲ្យ​ប៉ះពារ​ដល់​គណបក្ស​ផ្សេង​ដោយ​ត្រង់​ៗ តែ​ម្ដង ក្នុង​ន័យ​បង្អាប់​គណបក្ស​ផ្សេង ហើយ​លើក​តម្កើង​ខ្លួន​ឯង»

ទាក់ទិន​នឹង​អំពើ​ហិង្សា ដែល​កើត​មាន​នៅ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​នេះ លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា មាន​ការថយ​ចុះ​ប្រមាណ​៣០​% បើ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​កន្លង​ទៅ ៖ «ករណី​មិន​ប្រក្រតី​ដែល​យើង ​បាន​រក​ឃើញ​ហ្នឹង មាន​ចំនួន​តិច​ជាង​កាល​ពី​ការបោះឆ្នោត​នា​ពេល​កន្លង​មក អាហ្នឹង​យើង​គិត​ពី​ចំនួន គឺ​ថយ​ចុះ​ប្រមាណ ៣០​% ។ ខ្ញុំ​ទាញ​ឧទាហរណ៍​ករណី​សម្លាប់ ពី​មុន រក​ឃើញ​មាន ១៧​ករណី ឥឡូវ រក​ឃើញ​តែ​១២​ករណី​ទេ»

ចំណែកឯ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក អ៊ូ វីរៈ ដែល​បាន​ឃ្លាំមើល​បរិយាកាស​នយោបាយ នៅ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​នេះ​ដែរ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​អំពើ​ហិង្សា​នយោបាយ មាន​ការថយចុះ​ក៏​ដោយ ក៏​ប៉ុន្តែ រូបភាព​ហិង្សា​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​នា​ថ្ងៃ​២៧ កក្កដា ខាង​មុខ​នេះ ៖ «ជា​ទូទៅ​ស្ថានភាព​នៅ​មុន​ការបោះឆ្នោត ចំពោះ​ស្ថានភាព​នៃ​ការឃោសនា​មាន​ការរលូន​គ្រាន់​បើ​ជាង​ការបោះឆ្នោត​លើក​មុន ដូច្នេះ​នេះ​ជា​ចំណុច​មួយ​វិជ្ជមាន ។ យើង​ឃើញ​មាន​អំពើ​ហិង្សា​មួយ​ចំនួន ប៉ុន្តែ​បច្ចុប្បន្ន​នេះ ករណី​ភាគ​ច្រើន​យើង​មិន​អាច​សន្និដ្ឋាន​ថា​ទាក់ទង​នឹង​រឿង​នយោបាយ​ទាំងស្រុង ​ទេ ប៉ុន្តែ​ដោយសារ​មាន​អំពើ​ហិង្សា​ច្រើន ដូច្នេះ​ក៏​វា​បណ្ដាល​ឲ្យ​មាន​ការភ័យ​ខ្លាច​ចំពោះ​គណបក្ស​ដែល​កំពុង​ប្រកួត​ ប្រជែង​នោះ​ដែរ»

ជាមួយ​គ្នា​នេះ លោក អ៊ូ វីរៈ បាន​ធ្វើការ​កត់​សម្គាល់​ថា ក្រៅពី​ការប្រើប្រាស់​គោល​នយោបាយ​ដែល​បាន​ចែង​នោះ គណបក្ស​នីមួយ​ៗ ក៏​បាន​ឆ្លៀត​យក​បញ្ហា​សង្គម និង​បញ្ហា​សន្តិសុខ​របស់​ជាតិ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការទាក់ទាញ​រក​សំឡេង​ឆ្នោត​ផង​ដែរ ៖ «រឿង​ទាក់ទង ​នឹង​នយោបាយ ខ្ញុំ​គិត​ថា ករណី​ដូច​ជា ព្រះវិហារ គឺ​គណបក្ស​កាន់​អំណាច​កំពុង​តែ​យក​ចំណេញ​រឿង​នយោបាយ​នេះ ។ រឿង​ដី​ធ្លី នៅ​តែ​ជា​ជម្លោះ​មួយ​ដ៏​ក្ដៅ ហើយ​ករណី​រឿង​ដី​ធ្លី​នេះ គណបក្ស​ប្រឆាំង​ដែល​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច គឺ​គាត់​តែងតែ​លើក​ឡើង​ជា​ច្រើន​ដង រឿង​ទំនិញ​ឡើង​ថ្លៃ​ក៏​គាត់​តែងតែ​លើក​ឡើង​ដែរ»

ប្រទេស​កម្ពុជា​បាន​គ្រោង​រៀបចំ​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤ នៅថ្ងៃ​ទី​២៧ កក្កដា ខាង​មុខ​នេះ ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ចំនួន​១២៣​រូប ។

របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ ដែល​ចុះ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​នេះ គឺ​មាន​ជាង ៨​លាន​នាក់ ។

អ្នកបោះឆ្នោត​ម្នាក់​នៅ​ឯ​ខេត្ត​ព្រៃវែង គឺ​លោកស្រី ម៉ាទីន មាន​ប្រសាសន៍​ថា ក្រោយពី​បាន​តាមដាន​ការឃោសនា​របស់​គណបក្ស​នានា​កន្លង​មក លោកស្រី​មាន​សំណួរ​ចំពោះ​ខ្លឹមសារ​នៃ​ការសន្យា ដែល​គណបក្ស​មួយ​ចំនួន​បាន​លើក​ឡើង ៖ «កន្លង​មក គឺ​គ្រាន់​តែ​និយាយ​ចោល ហើយ​ខ្លះ ក៏​និយាយ​ហួស​ពី​អ្វី​ដែល​ខ្លួន​ធ្វើ​បាន​ទៅ​ទៀត ។ ឧទាហរណ៍ ដូចជា​ថា បើ​គណបក្ស​ខ្ញុំ​ឈ្នះ​ឆ្នោត គេ​នឹង​ឲ្យ​គោ​ម្នាក់​១៣​ក្បាល ឲ្យ​ប្រាក់​និស្សិត​ខ្ចី​ម្នាក់​បាន ១០០០​ដុល្លារ ដូច្នេះ​វា​ហួស​នឹង​អ្វី​ដែល​យើង​ធ្វើ​បាន»

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ លោកស្រី ម៉ាទីន បាន​អះអាង​ថា ការឃោសនា​កន្លង​មក​នេះ បាន​ជួយ​ឲ្យ​លោកស្រី​កាន់តែ​មាន​ភាព​ប្រាកដ​ក្នុង​ចិត្ត ក្នុង​ការជ្រើសរើស​យក​គណបក្ស​ដែល​លោកស្រី​នឹង​ត្រូវ​បោះឆ្នោត​ឲ្យ បើ​ទោះបី​ជា​លោកស្រី មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ​គណបក្ស​នោះ​ក៏​ដោយ ៖ «ផ្លាស់ប្ដូរ ព្រោះ​កន្លង​មក ដូចជា​នៅ​ដដែល​ៗ ។ យោង​ទៅ​លើ​ខ្លឹមសារ​នៃ​ការឃោសនា​របស់​គេ គឺ​ខ្ញុំ​យល់​ច្បាស់​អំពី​អ្វី​ដែល​ត្រូវ និង​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ»

ខណៈ​ដែល​មេបក្ស​មួយ​ចំនួន​ចូលរួម​ជា​បន្តបន្ទាប់ ជាមួយ​សមាជិក​បក្ស​របស់​ខ្លួន នៅក្នុង​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត នៅតាម​ទីក្រុង​និង​ទី​ជនបទ​នោះ គេ​សង្កេត​ឃើញ​យ៉ាង​ហោច មាន​មេ​បក្ស​ចំនួន ៣​គណបក្ស ដែល​មិន​បាន​ចេញ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​និង​ចុះ​ជួយ​ម្ចាស់​ឆ្នោត​ ដោយ​ផ្ទាល់​នោះ​ឡើយ ។

តំណាង​គណបក្ស​គណបក្ស​ហង្ស​ដារ៉ា​ចលនា​ប្រជាធិបតេយ្យ បាន​ថ្លែង​ថា លោក ហង្ស ដារ៉ា ជា​ប្រធាន​គណបក្ស ដែល​មិន​បាន​ចូលរួម​ឃោសនា​នោះ គឺ​ដោយសារ​លោក​កំពុង​នៅ​សាង​ភ្នួស ។

ចំណែកឯ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ ក៏​មិន​បាន​ចូលរួម​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដោយសារ​សម្តេច​ក្រុមព្រះ កំពុង​ភៀស​ព្រះកាយ​នៅ​ក្រៅ​ប្រទេស ដោយសារ​តែ​មាន​រឿង​ក្តីក្តាំ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ។

ចំណែក​ឯ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ហ៊ុន សែន ក៏​បាន​ប្រកាស​នៅមុន​ការឃោសនា​បោះឆ្នោត​នោះ​ថា លោក​មិន​ចេញ​ឃោសនា​នោះ​ឡើយ ។

ពលរដ្ឋ​មួយ​រូប​នៅឯ​ខេត្ត​មណ្ឌលគិរី គឺ​លោក សុខ ខេង មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​កំណត់​ក្នុង​ចិត្ត​ជាមុន​រួច​ហើយ ចំពោះ​គណបក្ស​ដែល​លោក​នឹង​បោះឆ្នោត​ឲ្យ​នោះ ៖ «សំខាន់​ណាស់​ក្នុង​ សន្លឹក​ឆ្នោត​របស់​យើង​មួយ​សន្លឹក ដូច្នេះ​ការសម្រេច​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​គិតគូរ​រួច​ទៅ​ហើយ​ថា ខ្ញុំ​នឹង​បោះ​ឲ្យ​គណបក្ស​ណា»

សូម​ជម្រាប​ថា នៅ​ទូទាំង​ប្រទេស​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ជាង ១​ម៉ឺន ៥​ពាន់​ការិយាល័យ ។ ស្ថានទូត​សហរដ្ឋ​អាមេរិក​គ្រោង​បញ្ជូន​មន្ត្រី​ស្ថានទូត​ចំនួន ៨០​នាក់​ចូលរួម​ជា​អ្នក​សង្កេត​ការណ៍ ។ សហគមន៍​អឺរ៉ុប​គ្រោង​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន ចំនួន ១៣០​នាក់ ។

ចំណែក​ឯ​ប្រទេស​ជប៉ុន ដែល​បាន​ផ្តល់​ថវិកា​ជិត ៣​លាន​ដុល្លារ ជួយ​ដល់​ការរៀបចំ​ដំណើរការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ ក៏​បាន​ដាក់​អ្នក​អង្កេតការណ៍​របស់​ខ្លួន​ចំនួន​២៣​នាក់​ផង​ដែរ ។

ជាមួយ​គ្នា​នេះ អង្គការ​និកហ្វិច នឹង​មាន​អ្នកសង្កេតការណ៍​ជាតិ​ទូទៅ​ចំនួន ៧​ពាន់​នាក់ និង​អ្នក​សង្កេត​ការណ៍​ជា​ជន​បរទេស​ចំនួន ៨០​នាក់ ។ ចំណែកឯ​អង្គការ ខុមហ្វ្រែល នឹង​មាន​អ្នក​សង្កេត​ការណ៍​ជាតិ ជាង​១​ម៉ឺន​នាក់ និង​អ្នក​សង្កេត​ការណ៍​ជា​ជន​បរទេស​ចំនួន​ជាង ១០០​នាក់ ៕

ស្ដាប់សំឡេង

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 26, 2008, in នយោបាយ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s