កម្ពុជា​និង​សៀមយល់ព្រម​ជួប​ចរចា​គ្នា​ម្ដង​ទៀត​ដើម្បី​ដោះស្រាយ​ជម្លោះ


2008-07-24

រដ្ឋាភិបាល ​កម្ពុជា​និង​ថៃ​បាន​យល់ព្រម​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ ទាំង​ពីរ​ជួប​គ្នា​ម្តង​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​ប្រាសាទ​ ព្រះវិហារ​ខ្មែរ ។

RFA Photo/Keo Nimol

ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ​លោក​រដ្ឋមន្ត្រី​ក្រសួង​ ព័ត៌មាន ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បន្ទាប់ពី​នាយក​រដ្ឋមន្ត្រី​នៃ​ ប្រទេស​ទាំង​២ បាន​ពិភាក្សា​ជាមួយ​គ្នា​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ ​ជួប​គ្នា គឺ​យើង​ឈាន​បាន​អ៊ីចេះ ទី១ យើង​បាន​សម្រេច​ផ្អាក ខ្ញុំ​និយាយ​ពាក្យ​ផ្អាក ព្រោះ​ឥឡូវ​ថៃ​គាត់​និយាយ​ថា​យើង​ដក​ពាក្យ​បណ្ដឹង មិនមែន​ទេ​យើង​ផ្អាក​ពាក្យ​បណ្ដឹង​របស់​យើង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ហ្នឹង​ សិន ។ ទន្ទឹម​នឹង​ហ្នឹង​យើង​សម្រេច​ជំរុញ​ការចរចា​ឡើង​ទៅ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ បរទេស​ដែល​យើង​នឹង​ធ្វើ​នៅ​ថ្ងៃ​២៨ (ខែកក្កដា) នៅ​ទីក្រុង​សៀមរាប»

កិច្ច​ព្រមព្រៀង​ឲ្យ​មាន​ការជួប​រវាង​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​និង​ថៃ​សា ​ជា​ថ្មី គឺ​នៅ​បន្ទាប់ពី​ជំនួប​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ បាន​ទទួល​បរាជ័យ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ ។

ការចរចា​កាលពី​ដើម​សប្តាហ៍​នេះ​បាន​ជាប់គាំង​នៅ​ត្រង់​ចំណុច​មួយ​ដែល​ថៃ​ ស្នើ​ឲ្យ​សើរើ​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ​សា​ឡើង​វិញ ប៉ុន្តែ​ការសើរើ​នោះ​មិន​បាន​ផ្អែក​តាម​សន្ធិសញ្ញា​ព្រំដែន​ខ្មែរ​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ដែល​អន្តរជាតិ​បាន​ទទួល​ស្គាល់​នោះ​ឡើយ ។

ក្រោយ​ពី​បរាជ័យ​នោះ​មក​មន្ត្រី​ខ្មែរ​ក៏​បាន​អំពាវនាវ​សូម​ឲ្យ​មាន​ កិច្ច​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ចំពោះ​ជម្លោះ​ទឹក​ដី​ជាមួយ​នឹង​ប្រទេស​ថៃ ប៉ុន្តែ​ថៃ​បាន​ជំទាស់​ហើយ​បាន​ស្នើ​ចង់​ជជែក​ដោះស្រាយ​តែ​រវាង​ទ្វេភាគី​ កម្ពុជា​ថៃ​តែប៉ុណ្ណោះ ។

នៅ​ជាមួយនឹង​ការព្យាយាម​ខ្ទាស់​ពី​ថៃ​នោះ​ទៀត កម្ពុជា​ក៏​បាន​ប្រឹង​រក​វិធានការ​ផ្លូវ​ច្បាប់​មួយ​ទៀត ។ ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​សម្រេចចិត្ត​ស្នើ​រក​កិច្ចប្រជុំ​បន្ទាន់​របស់ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ សមស្រប ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោកស្រី Condoleezza Rice ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ការងារ​ក្នុង​ប្រទេស​សិង្ហបុរី បាន​ថ្លែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សភាពការណ៍​កម្ពុជា ។

លោកស្រី​បាន​ថ្លែង​យ៉ាង​នេះ​ថា ៖ «វា​ជា​រឿង​ដែល​ត្រូវ​ពិភាក្សា​ហើយ​ យើង​មាន​ការព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ជម្លោះ​នេះ ។ វា​គួរតែ​មាន​ផ្លូវ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ជម្លោះ​ហ្នឹង​ដោយ​សន្តិវិធី ។ យើង​នឹង​បន្ត​ពិគ្រោះ​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់ ហើយ​យើង​នឹង​លើក​យក​ទស្សនៈ​របស់​ប្រទេស​ក្នុង​តំបន់​ជា​គោល​ដើម្បី​វាយតម្លៃ ​ស្ថានការណ៍​នៃ​ជម្លោះ​នោះ»

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​បាន​ជូន​ដំណឹង​ទៅ​មន្ត្រី​ស្ថាន​បេសកកម្ម​ ខ្មែរ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) ក្នុង​បុរី​ញូវយ៉ក ឲ្យ​ធ្វើការ​ផ្អាក​ការប្តឹង​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​សិន ដើម្បី​រង់ចាំ​មើល​លទ្ធផល​នៃ​ការចរចា​ថ្ងៃ​ទី​២៨ កក្កដា​ខាង​មុខ​នេះ ៕

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 25, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s