កងទ័ព​ខ្មែរ​និង​សៀម​ជីក​លេណដ្ឋាន​រៀងៗ​ខ្លួន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ


2008-07-23

មន្រ្តី ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា ស្ថានការណ៍​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ឈាន​ដល់​ការជីក​លេណដ្ឋាន​ រៀងៗខ្លួន​រវាង​កងទ័ព​កម្ពុជា​និង​ថៃ ប៉ុន្តែ​មិន​មាន​សញ្ញា​នៃ​ការវាយ​ប្រយុទ្ធ​កើតឡើង​នៅ​ឡើយ​ទេ ។

AFP Photo

ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា មិន​មាន​សេចក្តី​រាយការណ៍​ណា​មួយ​ស្តីពី​ការបង្កើន​កងទ័ព​នៃ​ភាគី​ទាំង​ពីរ​ ទេ ក្រោយពី​មាន​ការព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​ក្នុង​ស្រុក​អារញ្ញ​ ប្រទេស​ថៃ​នា​ពេល​កន្លង​មក ប៉ុន្តែ​ក៏​មិន​មាន​ភាគី​ណា​មួយ​ដក​ថយ​ឡើយ ។

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា ៖ «តំបន់​វត្ត​ហ្នឹង​ដូច​ជា​រាង​ស្រាក​ បន្តិច​ភាព​ចម្រូង​ចម្រាស​ហ្នឹង​ណា៎ ប៉ុន្តែ​វា​នៅតែ​ដដែល​ត្រង់​ហ្នុងឯង ។ ហើយ​ទី​២ គេ​ឃើញ​មាន​ការជីក​លេណដ្ឋាន​នៅ​តំបន់​ចម្រុះ​គ្នា ផ្លូវ​របៀង​ដែល​ទ័ព​ថៃ​ចល័ត​ចុះ​ឡើង… ហើយ​មាន​កងទ័ព​យើង​និង​កងទ័ព​គេ​នៅ​ជាប់​គ្នា​ហ្នឹង​ឯង»

ស្ថានការណ៍​យោធា​បាន​ចាប់ផ្តើម​តានតឹង​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ ព្រះវិហារ​រវាង​ខ្មែរ​និង​ថៃ ក្រោយ​ពេល​ដែល​មាន​កងទ័ព​ថៃ​ជា​ច្រើន​នាក់​បាន​សម្រុក​ចូល​ក្នុង​វត្ត​មួយ​ ជាប់​នឹង​ប្រាសាទ​នោះ ដែល​កម្ពុជា​បាន​ចាត់ទុក​ថា​ជា​ការឈ្លានពាន​ទឹក​ដី ។

ចាប់តាំង​ពី​ដើម​សប្តាហ៍​នេះ​មក​ការចរចា​រវាង​ភាគី​ទាំង​ពីរ​ជា​បន្ត​ បន្ទាប់ ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​ការប្រកាស​ពី​លទ្ធផល​ល្អ​ឡើយ ហើយ​ដែល​ធ្វើឲ្យ​ភាគី​កម្ពុជា​បាន​ស្នើសុំ​ឲ្យ​មាន​ការអន្តរាគមន៍​ពី​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ។

តាម​សារព័ត៌មាន​បរទេស​មួយចំនួន​បាន​ដកស្រង់​សម្តី​របស់​ឯកអគ្គរាជទូត​ថៃ​ ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​និយាយ​ថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ​ជា​ បន្ទាន់​មួយ ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ខ្មែរ​ថៃ​នោះ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​កក្កដា​នេះ ក្រោយ​ពី​មាន​សេចក្តី​ស្នើ​ពី​កម្ពុជា ។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ប្រទេស​ថៃ​ដែល​តែងតែ​ទទូច​ចង់​ឲ្យ​មាន​ ការចរចា​តែ​ទ្វេ​ភាគី​នោះ នៅ​ថ្ងៃ​នេះ​លោក​នាយក​រដ្ឋមន្រ្តី​ថៃ សាម៉ាក់ ស៊ុនថរាវ៉េទ បាន​ថ្លែង​ថា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​បាន​យក​ជម្លោះ​បញ្ហា​ប្រាសាទ​ព្រះវិហារ​នេះ ដើម្បី​ឈ្នះ​ក្នុង​ការបោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​តែប៉ុណ្ណោះ ។

លោក សាម៉ាក់ ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​អ្នកកាសែត​និយាយ​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រើប្រាស់​បញ្ហា​ជាតិ​និយម​នៅ​មុន​ពេល​បោះ​ឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ឲ្យ​បាន​ជ័យជម្នះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក​ក៏​សង្ឃឹម​ថា ការចរចា​នឹង​មាន​ភាព​ល្អ​ប្រសើរ​នៅ​ក្រោយ​ការបោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ លោក ផៃ ស៊ីផាន បាន​បដិសេធ​សេចក្តី​ថ្លែង​នោះ​ថា ៖ «គាត់ ​ចង់​ឃើញ​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​ថៃ​ហ្នឹង ប្រើប្រាស់​ពាក្យ​មួយ​ដែល​សមរម្យ​ជាជាង​ការពង្រីក​បរិយាកាស​ដែល​កំពុងតែ​ ក្ដៅ​គគុក​ហ្នឹង​ឲ្យ​រីក​ធំ ។ ហើយ​គួរតែ​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី​ថៃ​ហ្នឹង គិតគូរ​តែ​រឿង​ផ្ទៃក្នុង​ខ្លួនឯង»

គួរ​បញ្ជាក់​ថា​ការប្រឈមមុខ​ផ្នែក​យោធា​ដែល​កើតឡើង​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ​នេះ គឺ​ក្រោយ​ពេល​ដែល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ បេតិកភណ្ឌ​ពិភពលោក​ដែល​ប្រទេស​ថៃ​តែងតែ​ធ្វើការ​ប្រឆាំង​តវ៉ា​ជា​យូរ​មក​ហើយ ៕

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 24, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s