ប្រតិកម្ម​ជុំវិញ​ការឈ្លានពាន​របស់​ទាហាន​សៀមក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ


2008-07-17

វត្តមាន ​របស់​ទាហាន​ឈុតខ្មៅ​ថៃ​ជា​ច្រើន​រយ​នាក់ ដែល​បាន​ឆ្លងកាត់​ព្រំដែន​ចូល​វត្ត​ខ្មែរ​មួយ ស្ថិត​នៅក្បែរ​ប្រាសាទ​ព្រះវិហារ​នេះ បាន​ញ៉ាំង​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង សាស្ត្រាចារ្យ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល នៅ​ប្រទេស​កម្ពុជា ចាត់​ទុក​ថា នេះ​ជា​អំពើ​ឈ្លានពាន និង​ប្រមាថ​មាក់ងាយ​កម្ពុជា ។

AFP Photo

ទាហាន ​ខ្មែរ (រូប​ខាង​ឆ្វេង) ឈរ​យាម ខណៈ​ដែល​ទាហាន​ថៃ​ឈប់​សម្រាក​នៅ​មុខ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨។

លោក​តំណាងរាស្ត្រ សុន ឆ័យ នៃ​គណបក្ស​សម​រង្ស៊ី នៅថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែង​ថ្កោលទោស​វត្តមាន​កងទ័ព​ថៃ​យ៉ាង​ដូច្នេះ​ថា ៖ «យើង​មើល​ឃើញ​ថា ថៃ​មាក់ងាយ​មិន​ត្រឹម​តែ​ជាតិ​សាសន៍​របស់​យើង​ទេ គឺ​គេ​មាក់ងាយ​ដល់​រដ្ឋាភិបាល​របស់​ខ្មែរ ដែល​គេ​យល់​ថា គ្មាន​សមត្ថភាព​ក្នុង​ការការពារ​បូរណភាព​ទឹក​ដី​របស់​ខ្មែរ​យើង ។ ហើយ​រឿង​ការឈ្លានពាន​នេះ ត្រូវ​តែ​រដ្ឋាភិបាល​ខ្មែរ ធ្វើ​ការតវ៉ា​ទៅ​គេ​ជា​ផ្លូវការ​បន្ទាន់ មិន​អាច​នៅ​ពន្យារ​បែប​នេះ​ទេ» ។

ចំណែក​ឯ​លោក​សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ជា​សមាជិក​អាស៊ាន និង​ដល់​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ ឲ្យ​ធ្វើ​អន្តរាគមន៍​ចំពោះ​វត្តមាន​កងទ័ព​ថៃ​ឈុត​ខ្មៅ​នៅ​កម្ពុជា​នេះ ។

លោក​សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ពីព្រោះ ​ក្នុង​ពេល​នេះ យើង​ឃើញ​ថា កងទ័ព​សៀម​ជាន់​ឈ្លី​អ្វី​ដែល​ជា​សេចក្ដី​សម្រេច អ្វី​ដែល​ច្បាប់​អន្តរជាតិ គាត់​បាន​ឈ្លី​អ្វី​ដែល​គាត់​បាន​ចុះ​ហត្ថលេខា​រួច​មក​ហើយ ។ អ៊ីចឹង បាន​សេចក្ដី​ថា គាត់​អត់​ទទួលស្គាល់​អ្វី​ដែល​ជា​ច្បាប់​ទេ ហើយ​តាម​ទស្សនៈ​របស់​ខ្ញុំ​គឺ​ថា ក្នុង​កាលៈទេសៈ​នេះ យើង​ជា​ខ្មែរ​មិន​អាច​នៅ​ព្រងើយ​កន្តើយ​ឲ្យ​យូរ​ទៅ​ទៀត​បាន​ទេ ប៉ុន្តែ​នៅ​ក្នុង​ពេល​ដែល​យើង​ចរចា​ជាមួយ​គ្នា​នេះ យើង​ក៏​ត្រូវ​ធ្វើការ​ប្ដឹងផ្ដល់ ដំបូង​គឺ​ទៅ​ដល់​អង្គការ​សហប្រជាជាតិ ដើម្បី​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ កោះ​ប្រជុំ​ជា​ប្រញាប់​ជា​ដាច់​ខាត ។ ទីពីរ យើង​ត្រូវ​តែ​ប្ដឹង​និង​សុំ​ឲ្យ​ប្រទេស​ទាំងអស់​ដែល​ជា​សមាជិក​អាស៊ាន លើក​បញ្ហា​ខ្មែរ​យក​មក​ជជែក ហើយ​ត្រូវ​ថ្កោលទោស​ប្រទេស​ថៃ ដែល​ឈ្លានពាន​ប្រទេស​កម្ពុជា»

«… យើង​ដាច់​ខាត​មិន​ប្រើ​កម្លាំង​យោធា​ទេ លើកលែង​តែ​យើង​ត្រូវ​គេ​វាយ​ប្រហារ​តែម្ដង» មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ខ្មែរ

នៅឯ​សន្និសីទ​កាសែត​មួយ លោក សុក សំអឿន មន្ត្រី​ច្បាប់​និង​ជា​ប្រធាន​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​ កម្ពុជា បាន​ថ្លែង​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ ដាក់​ទណ្ឌកម្ម​ចំពោះ​ថៃ ដែល​យាយី​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​អន្តរជាតិ​នេះ ៖ «ទីមួយ យើង​ដឹង​ហើយ​ថា ឥឡូវ​នេះ ព្រះវិហារ​បាន​ក្លាយ​ទៅ​ជា​បេតិកភណ្ឌ​អន្តរជាតិ​ហើយ ហេតុ​ដូច្នេះ​បើ​សិន​ជា​មាន​នរណា​មួយ​បំពាន​ទៅ​លើ​ប្រាសាទ​នេះ នោះ​គឺ​ជា​ការទទួល​ខុសត្រូវ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​នឹង​ពិនិត្យ​ មើល ហើយ​អាច​នឹង​ធ្វើ​ការទាមទារ​ឲ្យ​មាន​សំណង ឬ​ក៏​ទណ្ឌកម្ម​ណាមួយ បើ​សិន​មាន​នរណា​មួយ ជាតិ​ណា​មួយ​បំពាន​ទៅ​លើ​បេតិកភណ្ឌ​អន្តរជាតិ»

យោងតាម​មន្ត្រី​ខ្មែរ​ប្រចាំ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​កើន​ឡើង​ពី ៥០​នាក់ រហូត​ដល់​៤០០​នាក់​ហើយ ។ ចំណែកឯ​ទាហាន​ខ្មែរ ក៏​ត្រូវ​បាន​បង្កើន​រហូត​ដល់​ច្រីន​ជាង ៨០០​នាក់​ដែរ ដែល​កម្លាំង​ទាំង​នេះ ត្រូវ​បាន​ដាក់​ពង្រាយ​នៅឯ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

រហូត​មក​ទល់​ថ្ងៃ​នេះ មិនទាន់​មាន​ប្រតិកម្ម​ណាមួយ​ពី​ស្ថានទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដែល​រួមមាន​ទាំង​សហរដ្ឋ​អាមេរិក​និង​ទូត​ចិន​ផង ជុំវិញ​វត្តមាន​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ នៅឡើយ​ទេ ។

ចំណែក​ឯ​មន្ត្រី​ទូត​ថៃ​ប្រចាំ​នៅក្រុង​ភ្នំពេញ វិទ្យុ​អាស៊ីសេរី មិន​អាច​ទំនាក់ទំនង​បាន​នៅ​ឡើយ​ទេ ។ ក៏​ប៉ុន្តែ ទីភ្នាក់ងារ​ព័ត៌មាន​បរទេសAPបាន​ដក​ស្រង់​សម្តី​របស់​មេបញ្ជាការ​កងទ័ព​ថៃ​ មួយ​រូប​គឺ​លោក​ឧត្តមសេនីយ៍ អានុពង់ ផាជីនដាសេដ (Gen. Anupong Paojindasiad) ដែល​អះអាង​ថា លោក​បាន​ដាក់​បញ្ជា​កងទ័ព​ថៃ​របស់​លោក​មិន​ឲ្យ​ផ្ទុះ​អាវុធ​ឡើយ ។

ជាមួយ​នឹង​ការឈឺឆ្អាល​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ផង​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ ក៏​បាន​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ខ្មែរ ដើម្បី​រក​វិធានការ​ទប់ទល់​ចំពោះ​វត្តមាន​កងទ័ព​ថៃ​ក្នុង​ទឹកដី​កម្ពុជា​នេះ ផងដែរ ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​មន្ត្រី​នាំពាក្យ​រាជរដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា មិន​មាន​សភាពការណ៍​តឹងតែង នៅ​ប្រាសាទ​ព្រះវិហារ​ទេ ៖ «សួរ​ថា​យើង​គួរ​ ប្រើ​កម្លាំង​យោធា​ដើម្បី​ដេញ​កម្លាំង​យោធា​ថៃ​នោះ​ទេ យើង​ឃើញ​ថា ឥឡូវ​នេះ ផ្នែក​ច្បាប់​យើង​ឈ្នះ ផ្នែក​កាទូត​ក៏​យើង​ឈ្នះ អ៊ីចឹង​យើង​មិន​គួរ​ប្រើ​អ្វី​ដែល​ជា​ការខុស​ទេ ។ ហើយ​បើ​សិន​ជា​យើង​ប្រើប្រាស់​កម្លាំង​អាវុធ​ឥឡូវ​នេះ ពិតមែន​តែ​វត្ត​នេះ​នៅ​ឆ្ងាយ​ពី​ប្រាសាទ​ព្រះវិហារ ជាង​២០០​ម៉ែត្រ​ក្ដី ប៉ុន្តែ​បើ​សិន​មាន​ការបាញ់​គ្នា​ទៅ វា​អាច​ខូច​ប្រាសាទ​ព្រះវិហារ​ដែរ ។ ហើយ​ឥឡូវ​នេះ យោធា​ថៃ​អត់​បាន​បង្ហាញ​អាកប្បកិរិយា​ណា​មួយ ដើម្បី​រុល​មក​មុខ​ទៀត ក៏​អត់​ដែរ ។ សំខាន់​គឺ​ធ្វើ​យ៉ាង​ណា សូម​ឲ្យ​សារព័ត៌មាន​យើង​ទាំង​អស់ ជៀសវាង​កុំ​ជំរុញ​សភាពការណ៍​នេះ ទៅ​ជា​ការតឹងតែង ពីព្រោះ​នៅ​ព្រំដែន​គឺ​អត់​តឹងតែង​ទេ ។ អ៊ីចឹង យើង​សុំ​ទី​មួយ គឺ​យើង​កុំ​ដុត​បំពក់ កុំ​យក​ប្រេង​ជះ​លើ​ភ្លើង ។ … យើង​ដាច់​ខាត​មិន​ប្រើ​កម្លាំង​យោធា​ទេ លើកលែង​តែ​យើង​ត្រូវ​គេ​វាយ​ប្រហារ​តែម្ដង»

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​គូស​បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​រៀបចំ​គណៈប្រតិភូ​កម្រិត​ខ្ពស់​មួយ ដើម្បី​ចរចា​ជាមួយ​ថៃ នៅ​ថ្ងៃច័ន្ទ​ដើម​សប្តាហ៍​ក្រោយ​នេះ ។

វត្តមាន​របស់​ទាហាន​ឈុតខ្មៅ​ថៃ​នៅក្បែរ​ប្រាសាទ​ព្រះវិហារ​នេះ បាន​កើត​មាន​មិន​ដល់​មួយ​សប្តាហ៍​ផង បន្ទាប់ពី​ប្រាសាទ​របស់​ខ្មែរ​មួយ​នេះ ត្រូវ​បាន​អង្គការ យូណេស្កូ បាន​សម្រេច​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ដែល​ជា​តំណាង​កម្ពុជា​ក្នុង​ការជំរុញ​ឲ្យ​សកលលោក​ទទួល​ស្គាល់​ថា ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​នោះ លោក​បាន​ថ្លែង​រំឭក នៅឯ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ថា ទាក់ទិន​ប្រាសាទ​ព្រះវិហារ​នេះ មន្ត្រី​ថៃ​បាន​ព្យាយាម​បង្អាក់​កិច្ចប្រឹងប្រែង​របស់​កម្ពុជា​ជាយូរ​មក​ហើយ ៖ «ចំពោះ​ប្រាសាទ​ព្រះវិហារ​គឺ​ពិបាក​ជាង​គេ យើង​បាន​ដាក់​ជូន​ទៅ​អង្គ​ប្រជុំ​លើក​ដំបូង​នៅ Christchurch ប្រទេស​ញូហ្ស៊ីលែន ហើយ​ខាង​ជំនាញ​គេ​ពិនិត្យ​ថា​បាន​អស់​ហើយ ប៉ុន្តែ​គណៈកម្មាធិការ​អត់​ព្រម​សម្រេច ដោយសារ​ថៃ​ដើរ​ទៅ​ជួប​គេ​ជួប​ឯង​ទាំងអស់​ហ្នឹង គាត់​សុំ​កុំ​ឲ្យ​គេ​សម្រេច»

លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន បាន​ថ្លែង​បន្ថែម​ថា យោងតាម​សាលដីកា​របស់​តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ បាន​គូស​បញ្ជាក់​ថា ថៃ​ត្រូវ​ដក​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ៖ «តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​ចេញ​ដីកា​បញ្ជាក់​ថា បា្រសាទ​ព្រះវិហារ​ស្ថិត​នៅក្នុង​ដែន​ដី​ក្រោម​អធិបតេយ្យ​ជាតិ​កម្ពុជា ហើយ​ថៃ​ត្រូវ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​ទឹកដី​កម្ពុជា ហើយ​ត្រូវ​សង​មក​វិញ​នូវ​វត្ថុ​បុរាណ​ទាំងអស់​ដែល​បាន​យក​ចេញ​ពី​ប្រាសាទ»

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on July 18, 2008, in ព័ត៌មានក្នុងប្រទេស. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s