អំពីអំបូរខ្មែរ-មន



អំពីអំបូរខ្មែរមន

កាលពីដើមអំបូរខ្មែរមន នេះគេយល់ថា គ្រាន់តែជាអំបូរភាសាមួយប៉ុណ្ណោះ។ យ៉ាងណាមិញ​ ភាសាវិទូមួយក្រុមមានជាអាទិ លោក James R.Lagan បានរកឃើញនូវអត្ដិភាពនៃអំបូរភាសានេះ​មុនគេនៅឆ្នាំ១៨៥៦ប៉ុន្ដែកាលណោះ គេនិយមហៅអំបូរនេះហៅថា «មនអាណ្ណាម» រឺ មនខ្មែរ​ =អាណ្ណាម។ ក្រោយទៀតដោយសិក្សាទៅឃើញថា ភាសាអាណ្ណាម មានលក្ខណខុសប្លែកពីអំបូរភាសាមន = ខ្មែរ ទើបភាសាវិទូខ្លះបានដកភាសានេះចេញ ហើយយកទៅបញ្ចូលក្នុងក្រុម​ភាសាថៃវិញ ។ នេះជាទស្សនៈរបស់លោក Henri Maspéro ដែលលោកបានលាតត្រដាងយ៉ាង​ច្បាស់លាស់ក្នុងអត្ថបទសិក្សាមួយមានចំនងជើងថា «Etude Sur La phonétique
​historique de la langue annamite…les initiales.»

ចំពោះភាសាវិទូជាតិអាល្លឺមង់ P.W. Schmidt អំបូរ មនខ្មែរ មិនគ្រាន់តែជាអំបូរភាសាទេ តែជា​អំបូរជាតិសាស្ដ្រផងដែរ ។ ក្នុងសៀវភៅ «Les peuple mon-Khmer» បោះពុម្ពផ្សាយនៅឆ្នាំ ១៩០៨ ​នៅហាណូយ លោកបានបង្ហាញនូវលក្ខណៈរូបរាងកាយរបស់ជនជាតិទាំងនោះដែលមាន​​ដូចតទៅ៖

  • មាឌតូចល្មម អាចឡើងដល់មធ្យម

  • ស្បែកសំបុរសន្ដែកបាយ (Foncé)

  • ភ្នែកមានសន្ឋានត្រង់ហើយផ្ដេក បើកធំៗ

  • ច្រមុះទូលាយ

  • ក្បាលពយ

គួរកត់​សំគាល់ថា ចំពោះមាឌក្ដី លលាដ៍ក្បាលក្ដី លោក P.W. Schmidt ពុំបានបង្ហាញលេខក្នុងការវា​ស់វែងអោយបានច្បាស់លាល់ទេ ហើយមានចំនុចខ្លះដូចជាលលាដ៍ក្បាលជាដើមលោកបានប​ង្ហាញលទ្ធផលដែលមានទំនាស់នឹងលទ្ធផល ផ្ដល់ដោយអ្នកប្រាជ្ញផ្សេងទៀត ។ ក្នុងសៀវភៅមាន​ចំនងជើងថា « Les Population duCambodge» លោកបណ្ឌិត G.Olivier បានចុះផ្សាយនូវតារាងនៃ​លទ្ធផល ការវាស់វែងរបស់លោក ហើយដែលយើងអាចដកស្រង់បានដូចតទៅ៖

  • ខ្មែរមានកំពស់មធ្យម ១.៦១ម និងមានសន្ទស្សលលាដ៍ក្បាល ៨៤.

  • មនមានកំពល់មធ្យម ១.៦២ម និងសន្ទស្សលលាដ៍ ៨៥.

បើយោលតាមលទ្ធផលខាងលើនេះយើងឃើញថា ខ្មែរ និងមន មានកំពល់មធ្យមដូចគ្នា (ខុសគ្នា​តែមួយភាគរយប៉ុណ្ណោះ អែក្បាលរាងមូលដូចគ្នាទៀត (ខុសគ្នាតែ ១.) មិនមែនពយដូចលោក​ P.W. Schmidt យល់នោះទេ។ប៉ុន្ដែទោះជាយ៉ាងនេះក៏ដោយ ក៏យើងអាចយល់ថា ត្រង់ហ្នឹង​គ្រាន់តែជាការភាន់ច្រលំទេ ព្រោះលោកបានសរសេរសន្និដ្ឋានថា លក្ខណៈទាំងនោះ អនុញ្ញាត​​អោយលោកអះអាងថា ពួកមនុស្សនោះស្ថិតដាច់ចេញពីអំបូរមុងហ្គោលផង និងអំពីអំបូរអារ្យ​ផង។លោក Maurice Glaize អតីតអភិរក្សអង្គរ បានសរសេរក្នុងសៀវភៅ Les Monuments du ​grouped’Akorថា Les Khmers se rattachent en effet, tant au point de vue eth mologique ​quelinguistique, auxpopulations môn de Basse Birmanie… (ជនជាតិខ្មែរ ជាប់ពូជអំបូរទាំងខាង​ជាតិសាសន៍ និងទាំងខាងភាសា ទៅនឹងជនជាតិមននេះ ប្រទេសភូមាខាងក្រោម L’Asie du Sud ​Est ក្បាលទី២ថា Khmer, peuple demême souche ethnolinguistique les Môns ខ្មែរជាជនជាតិរិ​សគល់ខាងជាតិសាសន៍ និងភាសាជាមួយនឹងជនជាតិមន។សរុបសេចក្ដីមក យើងឃើញថា ​លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់លោក P.W.Schmidt លោក G.Olivierលោក Maurice Glaize ​និងលោក Philippe Devilers ដូចបានរៀបរាប់រួចមក ហើយជាភស្ដុតាងសំរាប់បញ្ជាក់និងគាំទ្រនូវ​ទស្សនៈរបស់លោកអ្នកប្រាជ្ញទាំងឡាយដែលបានចាត់ទុកថាអំបូរ ខ្មែរមន ជាអំបូរពិសេសមួយ។

បើតាមអែកសារថ្មីដែលបោះពុម្ពផ្សាយនៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦៤ (Ethnic groups of ​mainlandsouth-East) អំបូរខ្មែរ=មន មានគ្នាទាំងអស់ ៧៦ ក្រុម រស់ចាប់តាំងពីប្រទេសអិន្ឌា​ខាងកើត រហូតដល់សមុទ្រចិនកាត់តាមប្រទេសភូមា ប្រទេសថៃ ប្រទេសលាវ ប្រទេសវៀតណាម ​និងប្រទេសខ្មែរ។ ក្នុងចំនោមជនជាតិខ្មែរមនទាំងឡាយមានតែខ្មែរ និងមនទេដែលបានកសាង​អរិយធម៌ខ្ពស់ជាងគេ ព្រោះម្យ៉ាងដោយហេតុជនជាតិទាំងនេះ បានទៅរស់នៅត្រង់វាលទំនាបនៃ​ទន្លេធំៗ ដែលមានជីជាតិល្អ ហើយម្យ៉ាងទៀតដោយមានការប្រាស្រ័យទាក់ទងនឹងបរទេស​ទៀតផង ។ ចំនែកអែជនជាតិខ្មែរមនអែទៀត ដែលរស់នៅតាមព្រៃភ្នំ ស្ទើរតែគ្មាន
ទំនាក់ទំនងជាមួយគ្នាផងនោះ ក៏ឃើញថាគ្មានការចំរើនលូតលាស់ នៅទន់ខ្សោយគ្រប់វិស័យ​ទាំងអស់។ ដោយហេតុនេះហើយបានជាអ្នកប្រាជ្ញលោកបានយកឈ្មោះពីរនេះ គឺ «មន» និង ​«ខ្មែរ» មកធ្វើជាឈ្មោះសំរាប់សំគាល់អំបូរទាំងមូល គឺអំបូរខ្មែរមន ប៉ុន្ដែខ្មែរយើងបានផ្លាស់ឈ្មោះ​នេះពី មន = ខ្មែរ មកជាខ្មែរមនវិញ ព្រោះយើងយល់ថា ខ្មែរជាធាតុសំខាន់ជាងគេ ព្រោះជា​ជនជាតិមួយមានគ្នាច្រើនជាងគេ ហើយមានឋានៈ ជារដ្ឋប្រកបដោយអែករាជ្យ និងអរិយធម៌​ខ្ពង់ខ្ពស់ទៀតផង ។ គួរបញ្ជាក់ដែរថា ការកែប្រែមកហើយនេះ បានទទួលការយល់ព្រមពីអង្គកា​រយូនេស្កូ ក្នុងសម័យប្រជុំកាលពីខែតុលា វិច្ឆកាឆ្នាំ១៩៧០ហើយ។ តទៅនេយើងសូមលើក
យកធាតុសំខាន់ជាងគេពីរ នៃអំបូរខ្មែរមនមកសិក្សា ដើម្បីអោយបានដឹងថាតើខ្មែរ និងមននេះជា​អ្វី?

. ខ្មែរក្នុងការសិក្សាស្រាវជ្រាវពីខ្មែរ ទោះក្នុងផ្នែកជាតិសាសន៍ក្ដី ក្នុងផ្នែកប្រវត្ដិសាស្រ្ដក្ដី ក្នុងផ្នែក​វប្បធម៌ អរីយធម៌ក្ដីគេតែងឃើញមានបញ្ហាចោទឡើងចំពោះពាក្យថា ខ្មែរមន កម្ពុជានេះអែង ។ ​ចំពោះពាក្យទាំងបីខាងលើនេះអ្នកសិក្សាស្រាវជ្រាវ បានផ្ដល់យោបល់ច្រើនបែបច្រើនយ៉ាង​ណាស់ ។ រហូតដល់ពេលនេះ យើងមិនទាន់ហ៊ានសន្និដ្ឋានថាយោបល់ណាត្រឹមត្រូវជាងយោបល់​ណាទេ។ ដើម្បីជាការត្រិះរិះសំរាប់អ្នកសិក្សា យើងសូមលើកយកទស្សនៈទាំងនោះ មក​លាតត្រដាងមួយម្ដងៗដូចតទៅនេះ៖

. ទស្សនៈលោក G. Coedèsអ្នកប្រាជ្ញរូបនេះបានយល់ថា «ខ្មែរ» ប្រហែលជាកើតមកពីការផ្សំ​រវាងឈ្មោះ «កម្ពុ» និង «មេរា» ដោយសំអាងទៅលើរឿងព្រេងក្នុងសិលាចារឹក បក្សីចាំក្រុង ​(..ទី១០) ដែលបាននិទានថា ស្ដេចខ្មែរយើងមានដើមកំនើតមកពីអិសី «កម្ពុស្វយម្ភុវ» និង​នាងទេពអប្សរ «មេរា» ដែលព្រះអិសូរបានប្រទានអោយជាមហេសី។ ទស្សនៈបែបនេះលោក ​G.Coe-dès បានត្រដាងក្នុងស្នាដៃលោកឈ្មោះ Histore ancienne des Etats Hindouisés
​d’Extrême-Orient
បោះពុម្ពផ្សាយនៅក្រុងហាណូយកាលពីឆ្នាំ ១៩៤៤ ហើយត្រូវបានព្រះភិក្ខុវិរិយ​បណ្ឌិតោប៉ាងខាត់ យល់ស្របតាមទាំងស្រុង ។ នៅក្នុងទស្សនាវត្ដីពុទ្ធកសិក្សាឆ្នាំទី១ ​លេខ៥ឆ្នាំ១៩៥៧ ព្រះអង្គបានសរសេរជាអាទិថា «ការសម្ព័ន្ធរិសីកម្ពុ និងនាងមេរា នេះជា​បុព្វហេតុដែលនាំអោយកើតជាសូរ្យវង្ស រឺអាទិច្ចវង្សឡើងនៅខាងចេលា ។ បើយើងអានប្រមៀល​ពាក្យ កម្ពុ មេរា នេះបន្ដិចម្ដងៗ ក៏នឹងបានទៅជាពាក្យខ្មែរដូចកម្ពុ+មេរា > កម្ពុ+មេរ > កមព + មេរ ​> ក័ម + មេរ > ក មេរ > ក្មេរ =ខ្មែរ។ដំនើរនេះមានន័យសមរម្យទំនងបានទៅជាពាក្យថាខ្មែរ​ណាស់។..អ្នកបាលីបានធ្វើពាក្យថា ខ្មែរ ទៅជាបាលីថាខេមរប្រែថា អ្នកមានសេចក្ដីក្សេមក្សាន្ដ ។

ពាក្យកម្ពុជាកើតចេញមកពីពាក្យរិសីកម្ពុ + ស្វយម្ភុវនេះដែរ ព្រោះកាលដែលរិសីកម្ពុ បាននាង​អប្សរ មេរានោះក៏បានកើតជាវង្សមួយខាងចេលាហៅថា សូរ្យវង្ស រឺអាទិច្ចវង្ស គឺវង្សស្រីកម្ពុ។ តាម​ប្រវត្ដិថា ការសម្ព័ន្ធ កម្ពុមេរានេះកើតបានជាបុត្រពីរព្រះអង្គហៅថា កម្ពុជៈ = បុត្រកម្ពុ គឺស្រកវរ្ម័ន ​និងស្រេស្ធវរ័្មន សោយរាជ្យសន្ដិវង្សងខាងចេនលាជាប់រៀងដរាបមក។ ដើមឡើយគេមិនសូវឃើញ​មានប្រើពាក្យ កម្ពុជៈនេះទេ តែកាលព្រះបាទជ័យវរ្ម័នទី២ បានសោយរាជ្យមានអំនាចខ្លាំងពូកែ ​បានរួបរួមចេនលាលើក្រោមអោយជាអែកភាព ហើយទើបឃើញមានសិលាចារឹកប្រើពាក្យ កម្វុជ​ទេស រឺ កម្ពុជទេស ប្រទេសនៃបុត្រកម្ពុ។ ចំពោះយោបល់ដែលថាពាក្យ ខ្មែរកើតមកពីការផ្សំ កម្ពុ ​និងមេរា លោកឆត្រាប្រេមរឺឌី និងលោក Pierre Fabricius ថាមិនសមហេតុផលទេ ព្រោះ
មិនស្របតាមក្បួនច្បាប់និរុត្ដិវិជ្ជា។

. ទស្សនៈលោក ឈឹម ក្រសេមនៅក្នុងជំពូកទី១ ស្ដីពីដើមកំនើតជាតិខ្មែរ យើងមានអោកាស​លើកយកទស្សនៈនេះមកលាតម្ដងរួចមកហើយ។នៅពេលនេះយើងគ្រាន់តែស្រង់យកអន្លើខ្លះ ​បង្ហាញឡើងវិញសំរាប់បំភ្លឺនូវការសិក្សារបស់យើងប៉ុណ្ណោះ។
លោកឈឹមក្រសេម បានសរសេរជាអាទិថា «ខ្មែរយើងដើមឡើយមុនដែលផ្សាយមកក្នុងកម្ពុជរដ្ឋ​អាស្រ័យនៅក្នុងកុមេរុរដ្ឋនោះៗ ជាប្រទេសរបស់ខ្មែរ អំពីបុរាណកាលមក។ ឈ្មោះជាតិខ្មែរហៅ​ត្រឹមត្រូវតាមសូរសព្ទដើមថា កុមេរុ ដូច្នេះតែតាមសំលេងជាធម្មតា កុមេរុ៍ ទំនងដូចឈ្មោះ​ភ្នំព្រះសុមេរុគេហៅនៅត្រឹមសុមេរុ៍។ លុះយូរមកឈ្មោះនេះបានក្លាយទៅទៀតប្រាកដនៅ​សិលាចារឹករបស់ខ្មែរថា ក្មេរ ទៅជាសំលេងផ្សំក្រោយសម័យសិលាចារឹកមកបានប្រែថា ខ្មែរ ។

ដូច្នេះបើតាមលោកឈឹម ក្រសេម ពាក្យ ខ្មែរ បានក្លាយមកពីពាក្យ កុមេរុ ដែលជាឈ្មោះសំគាល់​ជនជាតិខ្មែរនិងប្រទេសរបស់ខ្លួនកាលដែលរស់នៅក្នុងប្រទេសអិន្ឌាម៉្លេះ។ លោកឆត្រាប្រេមរឺឌី ក្នុង​អត្ថបទ «ខ្មែរមកពីណាផ្សាយតាមវិទ្យុជាតិនៅខែ កុម្ភៈ ១៩៧៣ បានគ្រាំទ្រទស្សនៈនេះ​យ៉ាងសកម្មណាស់។កុមេរុ > ក្មេរ > ខ្មែរ

. ទស្សនៈលោក រស់ សារេតក្នុងអត្ថបទសុំធ្វើវិសោធនកម្មផ្ញើជូនសភាធម្មនុញ្ញ ហើយដែលចុះ​ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧១ លោករស់ សារេតសមាជិកនៃអង្ការជាន់ខ្ពស់នេះ បានសរសេរជាអាទិ​ថា ៖ «បើតាមកាសិក្សាស្រាវជ្រាវដែលខ្ញុំធ្លាប់បានពិចារណាចេះចាំមកឃើញថាប្រទេសខ្មែរ ដែល​កាលពីជំនាន់ហៅថា ក្រុងខម នោះគឺ ជាតួដែនដី រឺអុបទ្វីប សុវណ្ណភូមិ ដែលភាសាបារាំងហៅថា ​La chersonèse d’or..ការដែលយើងយកន័យខាងលើនេះមកពោលគឺ គ្រាន់តែចង់បង្ហាញអោយ​ឃើញថា សុវណ្ណភូមិ គឺជា នគរខម រឺហៅថាក្រុងខម ដែលមានន័យថាមាសដូចគ្នា។ ពាក្យថា
ខម នេះក្លាយមកពីពាក្យថា កម ដែលប្រែថា មាស ។ អែស្ដេចដែលសោយរាជ្យបឋមវង្សនៃនគរ​ខម មានព្រះនាមថា កុមេរាជ ដែលប្រែថា មាសដែរ ហើយដែលត្រូវនឹងភាសាសៀមថា ព្រះថង ​រួចក្លាយយារទៅជាព្រះថោង ដូចដែលយើងធ្លាប់ថារត់មាត់មកហើយហេតុអ្វីបានជាជនជាតិខម​ក្លាយទៅឈ្មោះថា ខ្មែរ ទៅវិញ? ត្រង់ណេះប្រហែលមកពីជនជាតិខម នៅពេលជំ
នេរចេរកាលតមកក្រោយទៀត ចង់រក្សាតំលៃរិទ្ធិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញខ្លាំងពូកែ កាលពី​ជំនាន់កមេរុរាជជាក្សត្របឋមវង្សគ្រប់គ្រងខមនោះហើយ បានជាប្រែក្លាយឈ្មោះពី កម រឺ ខម មក​ជា កមេរុ រឺ ខមេរុ ហើយដែលយាយូរៗមក ទៅជា ក្មេរ រួចទីបំផុតទៅជាខ្មែរសព្វថ្ងៃនេះ ។

ចុះចំពោះពាក្យថា កម្ពុជា វិញយ៉ាងម៉េចដែរ? បើយើងបានពិចារណានូវសម្មតិកម្មពីខាងលើនេះ​រួចហើយ យើងប្រហែលជាអាចយល់បានដោយងាយអំពីន័យនៃឈ្មោះ កម្ពុជានេះ។ នៅក្នុងពាក្យ​ថា កម្ពុជា យើងឃើញមានពាក្យ កម ដែលប្រែថាមាស ហើយនិងពាក្យ ពុជា ដែលប្រែថាពូជ ​ផ្សំគ្នាទៅជា កម្ពុជា គឺ កម រឺខម រឺ ក្មេរ រឺខ្មែរដដែលហ្នឹង។ សរុបសេចក្ដីមក យើងអាចសង្ខេប​ទស្សនៈរបស់លោករស់ សារេត ក្នុងតារាងខាងក្រោមនេះ។

កម > ខម > កមេរុ > ក្មេរ > ខ្មែរ > កម + ពុជា > កម្ពុជា រឺ កមពុជា

. ទស្សនៈលោក ពៅ ឈិនលោកពៅ ឈិន ជាព្រឹទ្ធបុរសនៃក្រុមសាលាសន្សំសុខ សង្កាត់លេខ៥ ​ក្រុងភ្នំពេញបានសរសេរក្នុងសៀវភៅ «អរិយធម៌ខ្មែរមន» បោះពុម្ពចុងឆ្នាំ១៩៧១ ថា «ពាក្យថា​ខ្មែរ ក្នុងវចនានុក្រមសំដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គទ្រង់បានប្រាប់ថា នៅក្នុងអក្សរ​សិលាចារឹកពីបុរាណឃើញមានសរសេរ ក្មេរ យ៉ាងនេះខ្លះដែរ ប៉ុន្ដែព្រះអង្គទ្រង់យល់ថា ពាក្យ​នេះ ទំនងមកពីមគធភាសាថា ខេមរៈ ដែលប្រែថា «មនុស្សមានសេចក្ដីក្សេម» ដោយសំរេច
រូបមកពីអត្ថិតទ្ធិតថា ខេមំយស្សអត្ថិតិខេមរោ»។ មួយទៀតពាក្យថា ខេមរ មកពី «ខិ + មៈ + រៈ» ​ប្រែថា «ក្សេមល្អ ការរក្សានូវប្រយោជន៍ដែលបានហើយ»

ដូច្នេះត្រង់ពាក្យថា ខ្មែរ ដែលសំដេចព្រះសង្ឃរាជព្រះអង្គទ្រង់យល់ថា ទំនងជាមកពីមគធ ភាសា​ថា ខេមរៈនោះបើតាមការពិចារណារបស់ខ្ញុំ ខ្ញុំយល់ថាពិតជាមកពីពាក្យថា ខេមរៈ នោះមែន ​ពីព្រោះកាលខ្ញុំនៅវត្ដពីក្មេងនោះខ្ញុំធ្លាប់បានមើលឃើញនៅក្នុងសាស្រ្ដាស្លឹករិត ដែលចាស់ពី​បុរាណកាល បានចារសរសេរអក្សរតំរួតគ្នារបៀបនេះច្រើនណាស់ «គឺយកព្យញ្ចនៈដើមព្យាង្គទៅ​ត្រួតលើព្យញ្ជនៈប្រកបដូចជា ត្មា = តាម, ថែ្មទ្ងាំ = ថែមទាំង ផ្មើ =ផើម៘ដោយអាស្រ័យហេតុ​ដូចមានចង្អុលខាងលើនេះ លោកពៅ ឈិន ជឿថា ខេមរ > ខ្មេរ > ខ្មែរ (ស្រះអែកើតមក
ពីការនិយមរបស់ខ្មែរក្នុងការអានស្រះ «» បាលីសំស្រ្កិត។ ចំពោះពាក្យ ខម លោកពៅ ឈិន ​បានសរសេរថា(?) មួយទៀតពាក្យថា ខម នេះបើថាវាក្លាយមកពីពាក្យដើមថា «ខមៈ + » ដែល​ប្រែថា អត់ អត់ធន គួរ រឺថាផែនដី នោះវិញក៏បានដែរ ដោយហេតុថា ខ្មែរយើងនេះជាអ្នកទទួល​អរិយធម៌ព្រះពុទ្ធសាសនា ដែលមានអវិហឹង្សាធម៌ គឺត្រូវមានចិត្ដគំនិតអត់ធន មិនបៀតបៀន​មនុស្សសត្វទូទៅជាប្រធាន។ចំពោះពាក្យកម្ពុជា លោកពៅ ឈិន បានសរសេរថា «ព្រះថោងនោះ​បានផ្លាស់នាមប្រទេសពី នគរគោកធ្លកនោះមកក្រុងកម្ពុជាធិបតី។ ថាបានជាអោយឈ្មោះថា ​ក្រុងកម្ពុជាធិបតី វិញនោះ ពីព្រោះចង់ប្រើជំនួសពាក្យសុវណ្ណភូមិ ប្រែថា កន្លែងមានមាស ដោយ​ពាក្យទាំងពីរនេះមានន័យថា «កន្លែងកើតមាស» ដូចគ្នា។ ថាចុះហេតុអ្វីក៏ចាំយកពាក្យថា កម្ពុជា ​មកប្រើជំនួសពាក្យសុវណ្ណភូមិ បើពាក្យទាំងពីរនេះមានន័យដូចគ្នាទេ? ត្រង់នេះថា វាមកពីពួក​មន ដែលគេបាននៅតាមមាត់ទន្លេមេនាមរហូតដល់ខាងត្បូងប្រទេសភូមា ក្នុងជ្រោយសុវណ្ណភូមិ ​ជាមួយគ្នាដែរនោះ គេបានតាំងរដ្ឋអំនាចមួយដែរ។

. ទស្សៈរបស់លោក មាស ហាំលោកមាស ហាំមន្រ្ដីចូលនិវត្ដន៍ម្នាក់បានសរសេរក្នុងអត្ថបទ ​ពង្សាវតារអក្សរខម (វាយអង្គុលីលេខ)ថា នៅប្រទេសអិន្ឌាមានរដ្ឋមួយហៅថា ខមបុត្ដ រឺ ខមពុជ រឺ ​កមបុត្ដ រឺ កមពុជ។ ដូច្នេះយើងអាចនឹងយល់បានថា ដោយហេតុតែអ្នកស្រុករដ្ឋ ខមពុជ រឺ កម្ពុជា ​មកតាំងទីលំនៅ នៅប្រទេសគោកធ្លកច្រើន ហើយអ្នកទាំងនោះសុទ្ធសឹងតែជាអ្នកដំរេះវិជ្ជា​ឆើតឆាយជាជាងអ្នកស្រុកជាតិដើមនៃនគរគោកធ្លក ក៏ប្រែឈ្មោះនគរគោកធ្លកអោយទៅជា
កម្ពុជា តមក។ អែត្រង់ពាក្យហៅទៅពលរដ្ឋវិញ គេហៅ កម ទៅដូចជាពុំស្របតាមពាក្យសំដីខ្មែរ ​ដូច្នេះគេហៅថា ខមទៅវិញ។ ដោយហេតុតែជាតិ ខម ស្និទ្ធស្នាលជាមួយអ្នកគោកធ្លកទើបគេ​ហៅថា ខេមរៈ (ក្លើម្រាក់) ដែលក្លាយទៅទៀតថា ខេមរៈតែដោយពាក្យនេះវែងពិបាកនិយាយ ​ទើបកែថា ខមមែ ដែលក្លាយទៅជា ខ្មែរ។

. ទស្សនៈលោក ហ៊ឹម ខាន់លោក ហ៊ឹម ខាន់ជានាយទាហានម្នាក់នៃកងទ័ពជាតិខ្មែរ។ ក្នុងអត្ថបទ​វាយអង្គុលីលេខ «ខមអធិប្បាយ» លោកបានពន្យល់ថា ពួកនាគដែលជាម្ចាស់ដើមនៃប្រទេសអិន្ឌា ​ត្រូវខ្ចាត់ភ្លាត់មកសុវណ្ណភូមិដោយច្បាំងចាញ់ពួកគ្រុឌឈ្លានពាន(ពួកអារ្យ)។ មុននាគមកដល់ គេ​ឃើញផែនដី សុវណ្ណភូមិមានម្ចាស់ដើមហើយគឺពួកខែ និងពួក មនក៏ប៉ុន្ដែលោកអ្នកប្រាជ្ញ​ភាគច្រើនបានអះអាងស្របគ្នាថា ទីស្ថាននេះត្រូវអ្នកបស្ចឹមប្រទេសធ្វើអិន្ឌូបនីយកម្មទាល់តែ​ក្លាយទៅជាប្រទេសអន្ឌាទី២ តាំងពីច្រើនរយឆ្នាំមុនសម័យពុទ្ធកាលម្ល៉េះ។ ពួកមនរមញ្ញជាអ្នក​គោរពព្រះអាទិត្យ រីអែពួកខែ (គឺខ្មែរយើងនេះ) ជាអ្នកគោរពព្រះចន្ទ។ ចំបាំងបានកើតឡើងរវាង​ពួកនាគ និងពួកខែមនហើយទោះបីជ័យជំនះបានទៅពួកនាគក៏ដោយ ក៏មួយភាគធំត្រូវក្លាយជា​ខែ ហើយមួយភាគទៀតក្លាយជាមន។តាំងពីកាលនោះមក នាមនាគក៏កាន់តែបាត់ទៅៗ។ គេពុំដឹង​បា្រកដថា ជនជាតិខែរួមនឹងមនហៅថា ខមពីកាលណាទេ។ អ្នកខ្លះហៅខមទៅជា ក្រម ត្លម យុម​ខាំ ចាម សៀម លាវ ល្វោ ក៏មាន។ គេថាខមនេះច្រើនមានពណ៌សំបុរខ្មៅ។ ក្នុងសៀវភៅចិន្ដាមុនី​ចែងថា ខម រឺខ្មែរជាជាតិសាសនតែមួយ។ ខ្មែរ ខេមរ និង កម្ពុជាមានន័យដូច
គ្នា។

. ទស្សនៈលោក ឆត្រាប្រេមរឺឌីឮលោកឆត្រាប្រេមរឺឌីជាអ្នកស្រាវជ្រាវខ្មែរម្នាក់នៅបរទេស។ ក្នុង​អត្ថបទមួយមានចំនងជើងថា «ខ្មែរមកពីណា»ផ្សាយតាមវិទ្យុជាតិ កាលពីខែកម្ភៈ ១៩៧៣ លោក​បានបញ្ចេញយោបល់របស់លោកថា កាលពីសម័យបុរាណប្រទេសខ្មែរផ្នែកខាងលើហៅថា ​ជាន់លើ អែផ្នែកខាងក្រោមហៅថា ក្រោមពូជ។ ពាក្យនេះក្លាយមកទៀតទៅជាក្រមពូជ រួច កម​ពូជ រួច កម្ពុជា រឺ ខម។

. ទស្សនៈលោក កេង វ៉ាន់សាក់ក្នុងសម័យប្រជុំពេញអង្គ នៃក្រុមប្រឹក្សារាជានាចក្រ (អិលូវ​ព្រឹទ្ធសភា) ស្ដីពីការបង្កើតវិទ្យាស្ថានខ្មែមន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៧០ លោកកេង វ៉ាន​សាក់បានថ្លែងបំភ្លឺអង្គប្រជុំចំពោះពាក្យ ខ្មែរ និងកម្ពុជា មានសេចក្ដីដូចតទៅ៖

*ពាក្យ ខ្មែរ ក្លាយមកពីពាក្យ ក + មេ ។ ហេតុបានជាដូច្នេះ ព្រោះខ្មែរយើងជាអ្នកនិយមទុកស្រីជាធំក្នុងគ្រួសារ និងក្នុងសង្គម បានសេចក្ដីថាខ្មែរយើងជាអ្នកមេនិយម matriarcaliste។ បុព្វបទ «» មាននាទីធ្វើន័យរបស់ពាក្យណាមួយមានលក្ខណៈកាន់តែខ្លាំងឡើង ដូច្នេះ ក + មេ មានន័យថា អ្នកគោរពមេខ្លាំងជាងអ្នកអែទៀត ដែលគោរពល្មមៗ រឺគោរពអូវពុកទៅវិញ។ក + មេ > កមេ > ក្មេ > ក្មេរ > ខ្មេរ > ខ្មែរ
*ពាក្យ កម្ពុជា ក្លាយមកពី ក + ពូជជា ។ ហេតុដែលគេហៅខ្មែរយើងថា ពូជជា ព្រោះយើងពុំដែលធ្វើខ្ញុំកញ្ជះអ្នកអែទៀតឡើយ។ ហើយដើម្បីអោយឃើញន័យកាន់តែខ្លាំង គេដាក់បុព្វបទ «» ​​ពីមុខមកទៅជា ក + ពូជជា > កពូជជា ដែលអ្នកបាលីសំស្រ្កឹតនិយមសរសេរទៅជា កម្ពុជា ដូច្នេះ​​វិញ។សរុបសេចក្ដីមក យើងឃើញថាទស្សនៈចំពោះពាក្យថា ខ្មែខម កម្ពុជា នេះមានច្រើនមែន ​​តែមិនទាន់ចុះសំរុងគ្នានៅឡើយ។ ភាគច្រើនបានខិតខំពន្យល់ពាក្យទាំងនេះដោយនិយមភ្ជាប់ទៅរិ​​សគល់អិន្ឌា មានតែលោកកេងវ៉ាន់សាក់ម្នាក់ទេដែលបានយករិសគល់ ខ្មែរមន មកធ្វើជាមូលដ្ឋាន​​ក្នុងការពន្យល់នេះ។ គួរកត់សំគាល់ថា ពាក្យខ្មែរនេះច្បាស់ជាបានក្លាយមកពីពាក្យ ខ្មេរ (សម័យ​​អង្គរ) ដែលបានក្លាមកពី ក្មេរ ទៀត(សម័យមុនអង្គរ)។ គួរកត់សំគាល់ម្យ៉ាងទៀតថា ខ្មែរយើង​​និយមហៅខ្លួនអែងថា ខ្មែរ អែប្រទេសយើងៗហៅថា ស្រុកខ្មែរ។ ពាក្យថា
កម្ពុជាបានក្លាយមកពីពាក្យ កម្ពុជា ដែលបានប្រើក្នុងសិលាចារឹក(ព្រះគោល) រឺ កម្វុជទេស(បន្ទាយឆ្មារ)។ លិលាចារឹកចាមក៏មានប្រើពាក្យ កម្វុជទេសនេះ សំរាប់សំគាល់ប្រទេសខ្មែរយើងដែរ។ សិលាចារឹកបក្សីចាំក្រុង នៅស.វ ទី១០ បានពន្យល់ថា ស្ដេចកម្ពុជាមានដើមកំនើតមកពីអិសី កម្ពុ និងនាងអប្សរ មេរា។ បើដូច្នេះឃើញថាពាក្យ កម្ពុជា មានជាប់ទាក់ទង នឹងស្ដេច រឺរាជវង្សនេះច្រើន។ តើពាក្យ កម្ពុជា នេះត្រូវគ្នានឹងពាក្យចិនថា ចេនឡា រឺទេ ? ព្រោះជនជាតិនេះច្រើនហៅប្រទេសយើងថា ចេនឡា តាំងតែពីចេនឡាជារដ្ឋចំនុះរបស់ហ្វូននរហូត
ដល់ពេលវាយ ហ្វូនន ពង្រីកអោយទៅជាចេនឡាធំគឺ នៅពេលដែលមានប្រើពាក្យ កម្វុជទេស ក្នុងសិលាចារឹក។អែជនជាតិយួនក៏បានប្រើពាក្យ ចិនឡាប = ចេនឡា តមកទៀត សំរាប់សំគាល់ប្រទេសខ្មែរ នៅសម័យក្រោយអង្គរ គឺសម័យដែលស្ដេចខ្មែរមានឋានន្ដរនាមថា ក្រុងកម្ពុជាធិបតី។

គួរកត់សំគាល់ជាបន្ថែមទៀតថា ពាក្យខ្មែរនេះត្រូវបានជនជាតិបរទេស ស្គាល់យូរយាណាស់មក​ហើយ។ ចិនហៅយើងថា គីម៉ាវ អារ៉ាប់ហៅថា កោម៉ារ (Qomar) ចាមហៅ ក្វីរក្មីរ យួនហៅ កាវ​មេន រឺកាវមៀន សៀមលាវហៅខម។ ចំពោះពាក្យ ខម នេះលោកពញាអនុមាន រាជធន អ្នកប្រាជ្ញ​ថៃខាងអក្សរសាស្រ្ដបានសរសេរក្នុងសៀវភៅ «Thai literature in Relation to the Diffusion of her ​cultures ថា Who were tho Khoms?They were probably a race of people akin to the Mons and ​the Khmers Cambodians of thepresent-day The olmon alphabet and also the old Khmer ​alphabet were called khom by theThai។ បើតាន័យខាងលើពាក្យ ខម ទំនងជាកើតមកពី ខ(ខ្មែរ) ​+ (មន)ទេដឹង? ព្រោះខ្មែរយើងមិននិយមហៅខ្លួនអែងថាខមទេ មានតែសៀម លាវ ហើយពួក​នេះមានការកោតស្ញប់ស្ញែងចំពោះពួកខមនេះណាស់ ព្រោះខម(ខ្មែរ + មន?) ជាអ្នកមានអរិយធម៌​ខ្ពង់ខ្ពស់ដែលបានជះអិទ្ធិពលទៅលើពួកសៀមលាវ យ៉ាងសំបើម។

. មនក្នុងអំបូរខ្មែរមន មនជាធាតុមួយសំខាន់បន្ទាប់ពីខ្មែរមក។ យ៉ាងណាមិញ ក្នុងអតីតកាល ​មនជាជាតិមួយធ្លាប់ថ្កុំថ្កើងរុងរឿង មានទឹកដីធំទូលាយ មានប្រវត្ដិសាស្រ្ដយូរអង្វែងមកហើយ។ ​ដូនតាខ្មែរបុរាណស្គាស់ជាតិមននេះច្បាស់ណាស់បានជាលោកចងក្រងទំនុកច្រៀង និងបទភ្លេង​ជាច្រើនដែលមានទាក់ទងនឹងជនជាតិនេះដូចជាបទ«មនមុជទឹក» បទ «សំនាងមន»

ជនជាតិមនហៅខ្លួនអែងថា មន ប៉ុន្ដែជាតិភូមាបែរជាហៅជាតិនេះថា តៈលាញ់ Talaing វិញ។ តើ​ពាក្យមននេះមានន័យសេចក្ដីដូចម្ដេច? ហើយពាក្យថា តៈលាញ់នោះមានន័យសេចក្ដីដូចម្ដេច​ទៀតដែរ?។ ជនជាតិមនបានបញ្ជាក់ថាគេពុំដែលប្រើពាក្យអ្វីដទៃក្រៅពីពាក្យ មន សំរាប់សំគាល់​ខ្លួនគេទេ ហើយបានបញ្ជាក់ទៀតថាតាមទស្សនៈរបស់អ្នកប្រាជ្ញខ្លះ ពាក្យ មន នេះទំនងជា​ក្លាយមកពីពាក្យបាលី មនុ ហើយមានន័យថាប្រជាជាតិដែលមានមហិទ្ធិរិទ្ធិខ្លាំងពូកែ។ នៅក្នុង​សិលាចារឹកបុរាណ គេឃើញមានប្រើពាក្យថា ម៌េញ៍ ដែលអ្នកសិក្សាស្រាវជ្រាវសន្មតថាបានវិវត្ដ​បន្ដិចៗដូចនេះ៖ម៌េញ៍ > រមេញ៍ > មញ៍ > មន៍

សព្វថ្ងៃនេះ ជនជាតិមនជួនកាលសរសេរថា មញ៍ ជួនកាលសរសេរថា មន៍។ ចំពោះថា តៈលាញ់​វិញ មានទស្សនៈច្រើនបែបយ៉ាងដែលខិតខំពន្យល់ ។ នៅទីនេះយើងសូមលើកយកតែបីមកជំរាប​ដូចតទៅនេះ។

. ទស្សនៈដែលយល់ថា តៈលាញ់ក្លាយមកពី តយលយ (Toi loin) តយ មានន័យថា មិច្ឆាទិដ្ឋិជន ​អែ លយមានន័យថា ត្រូវវិនាសអន្ដរាយ។ តយលយ មានន័យថា ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវវិ​នាសអន្ដរាយ។ទស្សនៈបែបនេះមានសំអាងលើរឿងព្រេងដែលនិទានថា ក្នុងអតីតកាលមាន​ព្រះមហាក្សត្រមួយអង្គមាននាមថា តិស សោយរាជ្យនៅនគរថាទង។ កាលនោះមានពួកមិច្ឆាទិដ្ឋិ​ជនវាមកញុះញង់ស្ដេចអង្គនេះអោយយល់ខុសជាត្រូវ ដោយបោះបង់ចោលនូវជំនឿ​ព្រះពុទ្ធសាសនា ព្រះពុទ្ធរូបទាំងឡាយ ត្រូវបញ្ជាអោយយកទៅបោះចោលក្នុងទឹកទន្លេ។ គ្រានោះ​មានកូនស្រីសេដ្ឋីម្នាក់ មានឈ្មោះហៅថា មិត្លថូ នាងនោះជាពុទ្ធសាសនិកយកចិត្ដទុកដាក់គោរព​បូជាព្រះពុទ្ធខ្លាំងណាស់ ហើយដោយមិនបានដឹងពីបញ្ជារបស់ស្ដេចទមិឡនោះ តិសៈ ក៏បានស្រង់​យកព្រះពុទ្ធបដិមាករ ខ្លះដែលគេទំលាក់ក្នុងទឹកទន្លេ យកទៅតំកល់ទុកក្នុងផ្ទះនាង។ អាស្រ័យ​ដោយហេតុនោះ នាងក៏ត្រូវកាត់ទោសប្រហារជីវិតដោយដុតនឹងភ្លើង និងដោយអោយដំរីជាន់ ​ប៉ុន្ដែទោះបីពេជ្ឃឃាតខិតខំប្រើគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏ពុំអាចសំលាប់នាងបាន។ ​ដោយងឿងឆ្ងល់ខ្លាំង ស្ដេចក៏សួរទៅនាងថា តើនាងចេះមុខវិជ្ជាគាថាអ្វីទេ? នាងឆ្លើយថា នាងពុំ​មានសិល្បសាស្រ្ដអ្វីក្រៅពីជំនឿដ៏មុតមាំលើព្រះពុទ្ធឡើយ។ ស្ដេច តិសៈ យល់កំហុសរបស់ខ្លួន ក៏​វិលទៅរកព្រះពុទ្ធសាសនាជាថ្មីឡើងវិញ។ បន្ទាប់មកក៏បញ្ជាអោយចាប់ពួកមិច្ឆាទិដ្ឋិជនទាំងឡាយ ​ព្រមជាមួយនឹងញាតិសន្ដានទាំងអស់យកទៅកប់ត្រឹមក សំលាប់ដោយភ្ជួរពីលើ។ ខ្លះទៀតដែល​មិនចង់ស្លាប់ដោយវិធីនោះ ក៏រត់ទៅលោតទឹកធ្វើអត្ដឃាតទៅ ដូច្នេះពួកមិច្ឆាទិដ្ឋិជនទាំង
ឡាយត្រូវស្លាប់វិនាសអស់រលីងពីនគរ។ ក្នុងភាសាមន «ពួកមិច្ឆាទិដ្ឋិជនទាំងឡាយត្រូវិនាសអន្ដរា​យ» គេនិយាយថា តយឡយ ទើបមានជនខ្លះយល់ស្មានថា យូរៗទៅពាក្យនេះក៏ប្រែក្លាយទៅជា ​តៈលាញ់ ដែលជនជាតិភូមាប្រើសំគាស់ជាតិមននេះអែង។

. ទស្សនៈដែលយល់ឃើញថា តៈលាញ់ ក្លាយមកពីពាក្យភូមាពីរម៉ាត់ តាន និងលាញ (Tan ​lgaing)។ នេះគឺជាទស្សនៈរបស់អ្នកប្រាជ្ញភូមាម្នាក់ឈ្មោះ អ៊ូឆាន់ម្យៈ (U Chan Mya) សាស្រ្ដាចារ្យ​អក្សរសាស្រ្ដនៅសកលវិទ្យាល័យម៉ាន់ តៈលេ (Mandalay)។ លោកនេះយល់ថា តាន មានន័យថា ​ទឹក អែ លាញ មាន័យថា ចំរើនលូតលាស់ខ្លាំង រឺ កន្លែងដែលមានទឹកជោរជន់ ។ ចំនេរតមកពាក្យ ​តាន ក្លាយជាពាក្យ តៈ ហើយ លាយក្លាយជាហ្លាញ (Hliang)។ នៅទីនេះពាក្យ តៈ គ្មានន័យ​សេចក្ដីអ្វីអោយពិតប្រាកដទេ។ ហ្លាញ វិញមានន័យថា រលក រឺរលកធំៗ។ ចំពោះអ្នកប្រាជ្ញរូបនេះ ​ប្រទេសមនដែលស្ថិតនៅក្នុង ប្រទេសភូមាខាងត្បូងសព្វថ្ងៃ ជាតំបន់ស្ថិតនៅតាមឆ្នេរសមុទ្រ ​ហើយដែលតែងតែមានភ្លៀងធ្លាក់ជោគជាំផង នោះសមជាមានឈ្មោះហៅថា តានលាញ
ណាស់ ហើយយូរៗទៅក៏គេប្រើពាក្យនេះសំរាប់សំគាល់ជនជាតិដែលរស់នៅទីនោះតែម្ដង គឺ​ជនជាតិមនហ្នឹងអែង។ ទស្សនៈបែបនេះយើងឃើញថាមានលក្ខណៈសមហេតុផលច្រើន គួរយក​ទៅពិចារណា ក៏ប៉ុន្ដែគេពុំឃើញប្រើពាក្យនោះ ក្នុងសិលាចារឹក សំរាប់សំគាល់ជនជាតិមនសោះ​ឡើយ។

. ទស្សនៈទី៣ ដែលចាត់ទុកថា តៈលាញ់ ក្លាយមកពីពាក្យ តេលិង្គណ ដែលជាតំបន់មួយ​ស្ថិតនៅលើឆ្នេរសមុទ្រខាងកើតនៃប្រទេសអិន្ឌា។ តាមទស្សនៈនេះគេយល់ថា ជនជាតិអិន្ឌាកាលពី​ដើមបានមកធ្វើជំនួញនៅប្រទេសមន ហើយបានរៀបការជមួយនឹងស្រីមន តែលុះដល់ត្រលប់ទៅ​ស្រុកកំនើតវិញ ពុំបាននាំប្រពន្ធកូនទៅជាមួយផងទេ។ ចំពោះពួកមនជាកូនទាំងនោះហើយដែល​គេអោយឈ្មោះហៅថា តៈលាញ់ គឺមានន័យថា គ្មានបា រឺកូនអិតបា ក៏ប៉ុន្ដែចំនេរតមកពាក្យ តៈ​លាញ់ នេះក៏បានប្រើជាទូទៅសំរាប់ជនជាតិមនទាំងមូល។ ជាការពិតណាស់ថាក្នុងបុរាណកាល ​ជនជាតិអិន្ឌា និងមនមានការប្រាស្រ័យទាក់ទងនឹងគ្នាជាច្រើន។ ជាភស្ដុតាង គឺជនជាតិមនបាន​ទទួលអិទ្ធិពល វប្បធម៌ពីជនជាតិអិន្ឌាច្រើន មានតួអក្សរពុទ្ធសាសនាថេរវាទជាដើម។ ក្នុងទំនាក់ទំ
នងរវាងជនជាតិទាំងពីរនេះ ទំនងជាមានពួកអិន្ឌាមកពីតំបន់តេលិង្គណមែនហើយ។ លោកសឺ​ដេស Coedèsក៏មានយោបល់ដូចនេះដែរ L’appellation de Talaing, appliquée aux Môns par ley ​Birmans, sembleindiquer qu’à une certaine époque le Telingana ou région de Madras fut ​enrelations partière-maent actives avec le pays môn តែការដែលយកពាក្យថា តៈលាញ់ ប្រើ​សំរាប់សំគាល់ជនជាតិមនទាំងអស់ហាក់ដូចជាពុំសមរម្យ ។ តាមយោបល់របស់ជនជាតិមនផ្ទាល់​ថា ពាក្យ តៈលាញ់ ដែលមានន័យថា កូនអិតបា ជារឿងប្រឌិតឡើងដើម្បីបង្ខូចកេរឈ្មោះរបស់​ជាតិគេប៉ុណ្ណោះ។ តាមការពិតពាក្យ តៈលាញ់ មានន័យថាបាត់បង់អូវពុក រឺ អូវពុកត្រូវបាត់បង់ ​ហើយបានក្លាយមកពីពាក្យ អិត លញរៈ (I’ta loin ra) ពាក្យថា អិតៈ រឺតៈនេះមានន័យថា អូវពុក ​អែពាក្យ លញរៈ មានន័យថា បាត់បង់ រឺវិនាស តែនៅទីនេះពាក្យថា អិតៈ ពុំមែនសំ
គាល់ត្រឹមតែអូវពុកជាមនុស្សម្នាក់រឺច្រើននាក់ប៉ុណ្ណោះទេ តែសំគាល់នូវទឹកដីទាំងមូល ជាគេដំនែ​លពីដូនតារបស់ជនជាតិមនតែម្ដង។ សូមជ្រាបថា ក្នុងគ្រាដែលជនជាតិភូមា វាយលុកចូលក្នុងរដ្ឋ​មន ជនជាតិនេះរត់គេចពីភូមិស្រុកបន្ដើរស្រែកបន្ដើរថា អិតៈ លញរៈ! បានសេចក្ដីថា ទឹកដីអូវពុក​យើងត្រូវវិនាសអន្ដរាយអស់ហើយ តែពាក្យខាងដើមគឺ អិ និង ពាក្យខាងចុង លឺមិនសូវច្បាស់ ​នៅសល់តែពាក្យ តៈលញ ដែលក្លាយទៅជា តៈលាញ់ តាមសំដីរបស់ជនជាតិភូមាតែម្ដងទៅ។ តើ​ជនជាតិដែលមានឈ្មោះថាមននេះ មានគ្នាប៉ុន្មាននាក់ ហើយរស់នៅទីណាខ្លះ? និងជាពិសេសតើ​ជនជាតិនេះមានប្រវត្ដិពីខាងដើមរៀងដូចម្ដេចខ្លះដែរ?បើតាមពត៌មានដែលយើងបានទទួល ​ឃើញថាមនមានចំនួនសរុបប្រហែល ៧លាននាក់។ ក្នុងប្រទេសភូមា ទីកន្លែងដែលជនជាតិនេះ​រស់នៅច្រើនកុះករបំផុត គឺតំបន់ឆ្នេរសមុទ្រ តេណាស្សេរីម (Tenasserim) និងបេគូ
​(Pegu)
។ ប៉ុន្ដែនៅរដ្ឋធានីយ៉ាងកូង (Rangoon) និងក្នុងភូមិឆ្ងាយដាច់ស្រយាល ស្ថិតនៅខាងលិច ក៏​មានជនជាតិមនរស់នៅខ្លះដែរ។ ជនជាតិមនក្នុងប្រទេសថៃមានចំនួនតិចជាងប្រទេសភូមា ហើយ​ច្រើននៅជិតៗក្រុងបឹងកក់ នៅជុំវិញកាន់បុរី (ពួកនេះជាកូនចៅរបស់ជនភៀសខ្លួននៅ ស..ទី១៨-​១៩) នៅលព្វបុរី នៅអុថៃថានីនិងនៅជិតនគររាជ។ប្រពៃនីប្រវត្ដិសាស្រ្ដមនបានដំនាលថា ជនជាតិ​មនមានកំនើតនៅត្រង់ថាទង (សុធម្មវតី) នៅប្រមាណ ៦០០ឆ្នាំមុន គ..ម៉្លេះ។ តែចំលែកត្រង់​សព្វថ្ងៃហាក់ដូចជាគ្មានសល់អ្វីជាដុំកំភួន ល្មមអោយចាត់ទុកទីនោះ ថាជារាជធានីចាស់ រឺមួយ​បុរាណវត្ថុដែលនៅសល់ ត្រូវកប់បាត់ទៅក្នុងដីអស់ទៅហើយ? បើយើងពឹងផ្អែកទៅលើអែក
សារចិន ឃើញថាជនជាតិមនបានបង្កើត រដ្ឋទ្វារវតី នៅស.វទី៧ ដែលមានទីតាំងនៅត្រង់​វាលទំនាបខាងក្រោមនៃទន្លេមេណាម ក្នុងប្រទេសថៃសព្វថ្ងៃ។ ប៉ុន្ដែបើតាមប៉ាន់ស្មានមើលទៅរដ្ឋ​នេះប្រហែលកកើតឡើងនូវមុនស..ទី៧ ព្រោះនៅត្រង់ព្រះបឋមពងទឹក ដែលស្ថិតនៅក្នុងរដ្ឋទ្វារ​វតីគេបានរកឃើញវត្ថុជាច្រើន ដែលមានកាលកំនត់ មុនពាក់កន្ដាល ស..ទី៦។ ចិនប្រហែល​មិនបានស្គាល់រដ្ឋនេះមុន ស..ទី៧ ព្រោះវានៅមិនចំផ្លូវជំនួញ។នៅក្រោយកាលកំនត់នេះបន្ដិច ​ក្រោមកិច្ចដឹកនាំរបស់ព្រះនាងឆាម្មទេវី ជនជាតិមនបានកសាងរដ្ឋមួយទៀតគឺរដ្ឋហវិបុញ្ជ័យ​នៅត្រង់វាលទំនាបខាងលើនៃទន្លេមេណាម។ ព្រភពចិនបានអោយដឹងថែមទៀតថា រដ្ឋថ្មីមួយ
ត្រូវបានស្ថាបនាឡើងមួយទៀត គឺរាជានាចក្រហង្សវតីនៅឆ្នាំ ៨២៥ ដោយបងប្អូនភ្លោះពីរនាក់​ឈ្មោះ សមលនិងវិមល ហើយរដ្ឋនេះ ស្ថិតនៅខាងត្បូងប្រទេសភូមា នៅចន្លោះទន្លេ អិរវតី និង​សាល់វិន។គេបានដឹងថា នៅឆ្នាំ ១០៥៧ ស្ដេចអនោរថដែលបានបង្កើតរដ្ឋភូមាដំបូងគឺ រដ្ឋបូកាន ​បានលើកទ័ពទៅវាយមននៅថាទង ហើយថែមទាំងបានចាប់យកជាឈ្លើយអស់ជាច្រើទៅជាមួយ​ផង ។ គួកត់សំគាល់ថា ក្នុងចំនោមឈ្លើយទាំងនោះ មានអ្នកប្រាជ្ញបណ្ឌិតកវីជាច្រើនដែលបាន​ផ្សាយអរិយធម៌របស់ខ្លួនដល់ពួកអ្នកឈ្នះ មានតួអក្សរ និងលទ្ធិពុទ្ធាសាសនាថេរវាទជាដើម។ មក​ដល់ស..ទី១៦ គឺក្នុងឆ្នាំ ១៥៤០ មេទ័ពភូមាម្នាក់មកពីតងអ៊ូ(Taungo) បានបង្កើតរាជវង្សថ្មី​មួយទៀត ហើយលើទ័ពទៅវាយក្រុងបេគួយធ្វើជារាជធានីរបស់ខ្លួនរហូតទៅដែលបន្ដាលអោយ​ជនជាតិមនបាត់បង់អែករាជ្យ អធិបតេយ្យរបស់ខ្លួន ហើយចាប់ពីពេលនោះមក ក៏អស់មាន
ឋានៈជារដ្ឋរស់នៅបែកខ្ញែកគ្នា ហើយចំនួនប្រជារាស្រ្ដក៏កាន់តែរលោះទៅៗ រហូតដល់សព្វថ្ងៃ ​ដោយហេតុតែមានការបង្ក្រាបដោយសំលាប់រង្គាល បន្ទាប់ពីមានការបេះបោះទាមទារសេរីភាពពីរ​លើក គឺក្នុងរជ្ជកាលស្ដេចបាយិណោងម្ដង ១៥៥១១៥៨១ និងដោយមេទ័ពអាលោងផាយ៉ាម្ដង​ក្នុងឆ្នាំ ១៧៥៧ ហើយប្រហែលជាដោយហេតុនេះហើយ បានជាជនជាតិភូមា និយមហៅមនថា​តៈលាញ់ ( តៈលើង ខ្មែរថា ថ្លើង ក្នុងពាក្យថ្លើងបះ គឺអ្នកចូលចិត្ដបះបោរ។

អត្ថបទស្រង់ពីប្រវត្ដិសាស្រ្ដខ្មែរ
ត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 17, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s