៤ – ការចាក់រិសគល់នៃអរិយធម៌អិន្ឌានៅអាស៊ីអគ្នេយ


អត្ថបទស្រង់ពីប្រវត្ដិសាស្រ្ដខ្មែរ
ត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី

៤ – ការចាក់រិសគល់នៃអរិយធម៌អិន្ឌានៅអាស៊ីអគ្នេយ៍

ភូមិភាគអាស៊ីអគ្នេយ៍ទាំងមូល លើកលែងតែប្រទេសវៀតណាមនិងប្រទេសហ្វីលលីពីនចេញ សុទ្ធតែទទួលអិទ្ធិព
លអិន្ឌាទាំងអស់។ តើជនជាតិនេះបានធ្វើដំនើរមកកាន់អាស៊ីអគ្នេយ៍តាំងពីពេលណា? ហើយអ្វីទៅជាបុព្វហេតុ
នាំអោយគេមកកាន់ភូមិភាគនេះ?

ខុសពីការមកដល់របស់ជនជាតិចិន ដែលគេមានអែកសារប្រវត្ដិសាស្រ្ដគ្រប់គ្រាន់ និងដឹងកាលកំនត់ច្បាស់លាស់
ការមកដល់របស់ជនជាតិអិន្ឌានៅចោទជាបញ្ហានៅឡើយ។ គេគ្រាន់តែដឹងថាជនជាតិអិន្ឌា មកកាន់អាស៊ីអគ្នេ
យ៍តាំងពីសម័យបុព្វប្រវត្ដិសាស្រ្ដម៉្លេះ។ ព្រោះគេបានរកឃើញវត្ថុមកពីអិន្ឌា ដូចជាត្រាឆ្លាក់ អក្សរសំស្រ្កឹត អូរកែវ
Kuala Selinsing នៅម៉ាលេស្សា និងព្រះពុទ្ធរូប Sempaga នៅកោះ Célèbes នៅត្រង់ស្ថានីយថ្មរំលីងតែម្ដង
។ អែកសាសរសេរមានអាយុចាស់ជាងគេគឺ សិលាចារឹកវូកាញ់ ស.វ.ទី២,៣ នៃ គ.ស.។

ក.បុព្វហេតុ
ចំបុព្វហេតុនៃការមកដល់របស់ជនជាតិអិន្ឌា អ្នកស្រាវជ្រាវបានបញ្ចេញសម្មតិកម្មច្រើនបែបយ៉ាងដែលមានជា
អាទិដូចតទៅ៖
១. នៅស.វ ទី៣ មុនគ.ស. ព្រះបាទអសោកបានលើកទ័ពទៅវាយលុករដ្ឋកលិង្គ នៅឆ្នេរសមុទ្រខាងកើតនៃប្រ
ទេសអិន្ឌា ជាហេតុនាំអោយអ្នកស្រុកភៀសខ្លួនចេញពីទីនេះ ប៉ុន្ដែគេនៅតែឆ្ងល់ថា ចុះហេតុអ្វីបានជាដល់
៣ ស.វ.ក្រោយទើបឃើញមានផលជាក់ស្ដែងកើតឡើង។ ដូច្នេះគេយល់ថា កាលប្រហែលជាមានអ្នក
ភៀសខ្លួនខ្លះមែន ហើយពួកនេះគ្រាន់តែជាអ្នកបើកផ្លូវអោយពួកក្រោយៗដែលមានចំនួនច្រើនជាង
ប៉ុណ្ណោះ។
២. អ្នកខ្លះយល់ថាបុព្វហេតុ គឺបន្ដាលមកពីការលុកលុយរបស់ពួកកុសាននៅគ្រិស្គស.វ.ទី១ ដែលបានរុញច្រាន
អោយអ្នកស្រុករត់ចេញពីទីនោះ។ សម្មតិកម្មនេះមើលទៅហាក់ដូចជាសមរម្យច្រើន តែនៅមិនទាន់មាន
ភស្ដុតាងជាក់លាក់នៅឡើយ។
៣. អ្នកខ្លះទៀតយល់ថា មានអ្នកផ្សងព្រេងអិន្ឌាក្នុងវណ្ណៈខ្ពស់ៗ បានមកស្វែងរកភោគទ្រព្យនៅក្នុងភាគដែល
សំបូរដោយមាស និងគ្រឿងទេស តែនេះក៏ជាសម្មតិកម្មដែលមិនទាន់មានអ្វីអាចបញ្ជាក់នៅឡើយដែរ។
៤. អ្នកស្រាវជ្រាវភាគច្រើននិយមចាត់ទុកថា ការមកដល់របស់ជនជាតិអិន្ឌាមានប្រភពមកពីជំនួញទៅវិញ។

ទំនាក់ទំនងរវាងពិភពមេឌីទែរ៉ានេ និងបូព៌ាប្រទេសបន្ទាប់ពីយុទ្ធការរបស់ព្រះបាទអាលិចសង់មហារាជ ការ
បង្កើតចក្រភពរបស់ព្រះបាទអសោក និងក្រោយមករបស់ព្រះបាទកនិស្ក កំនើតនៃចក្រភព Séleucide និងចក្រ
ភពរ៉ូម៉ាំង ទាំងនេះជាហេតុជំរុញអោយជំនួញគ្រឿងប្រនិតមានសន្ទុះយ៉ាងខ្លាំង។ ម្យ៉ាងទៀតគេដឹងថា អាស៊ី
អគ្គេយ៍ជាកន្លែងសំបូរដោយគ្រឿងទាំងនោះ (គ្រឿងទេស ឈើក្រអូប និងមាស) ដូចដែលឈ្មោះផ្សេងៗអាច
បង្ហាញអោយឃើញស្រាប់៖

    • តក្តោល (ផ្សារលក់ក្រវាញ)
    • កប៌ូរទ្វីប (កោះកប៌ូរ)
    • នរិកេលទ្វីប (កោះដើមដូង)
    • កនកបុរី (ក្រុងមាស)
    • សុវណ្ណភូមិ (ដីមាស)
    • សុវណ្ណទ្វីប (កោះមាស)

ប្រទេសអិន្ឌាធ្លាប់តែទិញមាសពីភូមិភាគស៊ីបេរី Sibérie ប៉ុន្ដែនៅមុនគ.ស.បន្ដិច ការរំជើបរំជួលក្នុងចំនោមជន
ជាតិផ្សេងៗ នៅអាស៊ីកន្តាលធ្វើអោយផ្លូវទៅកាន់ភូមិភាគនោះ ដោយឆ្លងកាត់តាមបាក់ទ្រី Bactriane ត្រូវកាត់
ដាច់ធ្វើគមនាគមន៍តទៅទៀតមិនកើត។ ដោយហេតុនោះហើយបានជានៅគ.ស.ស.វទី១ អិន្ឌាបានងាកទៅរក
ទិញមាសពីចក្រភពរ៉ូម៉ាំងវិញ ប៉ុន្ដែមិនយូរប៉ុន្មានអធិរាជវេស្បាស្យាង Vespasien 69-79 គ.ស. ទ្រង់ចេញបញ្ញាត្ដិ
ហាមឃាត់មិនអោយនាំមាសចេញ។ អ្នកស្រាវជ្រាវខ្លះយល់ថា នេះហើយជាហេតុនាំអោយអិន្ឌាបែរមកស្វែង
រកមាសនៅភូមិភាគអាស៊ីអគ្នេយ៍វិញ។

ការធ្វើដំនើរដ៏វែងឆ្ងាយនេះ ត្រូវបានសំរួលដោយកត្ដាបីគឺៈ
១. ការចំរើនលូតលាស់ក្នុងផ្នែកនាវាចរណ៍របស់អិន្ឌា ដោយពេលនោះគេចេះធ្វើសំពៅធំៗ អាចផ្ទុកមនុស្ស
បានពី៦០០ ទៅ ៧០០នាក់។ ម្យ៉ាងទៀតនៅពាក់កន្ដាលស.វទី១ នៃគ.ស អ្នកបើកបរសំពៅជាតិក្រិកគឺៈ
លោក Hippalos បានរកឃើញនូវភាពឆ្លាស់គ្នានៃខ្យល់រដូវ ជាហេតុជំរុញអោយមានសន្ទុះយ៉ាងខ្លាំងក្នុង
ផ្នែកជំនួញតាមផ្លូវសមុទ្ររវាងប្រទេសអិន្ឌា និងកំពង់ផែទាំងឡាយនៅតាមឆ្នេរសមុទ្រក្រហម។
២. ការចំរើនលូតលាស់នៃព្រះពុទ្ធសាសនា ព្រោះសាសនានេះបានលប់ចោលនូវប្រព័ន្ធវណ្ណៈដែលជាហេតុ
នាំអោយពួកអិន្ឌាឈប់ខ្លាចបាត់ភាពបរិសុទ្ធខាងជាតិសាសន៍របស់ខ្លួន ដោយធ្វើការទាក់ទងជាមួយបរទេស
រឿងរ៉ាវដែលជាប់ទាក់ទង និងការធ្វើនាវាចរណ៍តាមសមុទ្រ ត្រូវបានពួកអ្នកនិពន្ធអិន្ឌារៀបរាប់ក្នុងគម្ពីរ
ជាតក។
៣. ការរីកធំនៃផ្សារជំនួញចិន ក្រោយដែលជនជាតិនេះបានវាយលុកយកបានតំបន់ផ្សេងៗនៅខាងត្បូងទន្លេ
យ៉ង់សេ (១៧)។
១៧ = អែកសារមហាបុរសខ្មែរ លេខ ២៧-២៨ របស់លោកអែសុត បោះពុម្ពផ្សាយនៅក្រុងភ្នំពេញ គ.ស.១៩៦៩

ចំពោះបុព្វហេតុទី៤ ដែលទាក់ទងនឹងការធ្វើជំនួញនេះ អ្នកខ្លះយល់ថាពួកឈ្មួញអិន្ឌាដែលគ្រាន់តែបានមកតាំង
គ្រិះស្ថានជំនួញរបស់ខ្លួននៅលើឆ្នេរសមុទ្រ ឃើញថាមិនអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងយ៉ាងយូរជាមួយ
នឹងអ្នកស្រុកអាយ និងពួកមេកោយ ដើម្បីផ្សព្វផ្សាយអិទ្ធិពលវប្បធម៌របស់ខ្លួនបានឡើយ។ ដោយហេតុនេះហើ
យបានជាគេបានសង្កត់ទៅលើវត្ដមាននៃពួកបញ្ញវន្ដអិន្ឌា និងការត្រលប់មកកាន់មាតុប្រទេសវិញនៃពួកអ្នកស្រុក
ក្រោយពីបានស្នាក់នៅ នៅប្រទេសអិន្ឌាអស់មួយរយៈពេល។

ខ. អិន្ឌាបានមកផ្សាយអរិយធម៌របៀបណា?

ក្នុងរឿងនេះ លោក G. Ferrand បានធ្វើសម្មតិកម្មមួយសំរាប់កោះជ្វា តែអ្នកស្រាវជ្រាវយល់ថា អាចយកទៅ
អនុវត្ដចំពោះប្រទេសផ្សេងៗ នៅអាស៊ីអគ្នេយ៍ទាំងមូលបាន។ លោកសរសេរថា : «ពួកចំនូលថ្មី (អិន្ឌា)»បាន
មកទាក់ទងជាមួយពួកមេដឹកនាំហើយយកចិត្ដពួកនេះដោយជំនូន ការពារជំងឺ និងការផ្ដល់អោយនូវយ័នគាថា
។ ដោយពុំទាន់មានអ្នកបកប្រែភាសាអិន្ឌាត្រូវតែខិតខំរៀនភាសារបស់ពួកអ្នកស្រុក។ បន្ទាប់មកបានរៀបមង្គល
ការជាមួយកូនស្រីរបស់ពួកអ្នកដឹកនាំ : គឺចាប់ពីពេលនេះហើយដែលពួកអិន្ឌាមានលទ្ធភាពផ្សព្វផ្សាយអរិយធម៌
របស់ខ្លួនដោយជោគជ័យ ព្រោះថាពួកស្រីស្រុកអាយនេះ បើកាលណាជ្រួតជ្រាបដោយគំនិត និងជំនឿរបស់ប្ដី
ខ្លួនហើយ ហើយនិយាយផ្សាយតទៅទៀតនោះច្បាស់ជាពួកអ្នកស្រុកជឿតាមភ្លាមមិនខាន។ តែដើម្បីសំដែងរឺ
ពន្យល់គំនិត និងជំនឿថ្មីនេះបាន គេត្រូវតែប្រើពាក្យពេជន៍របស់អិន្ឌាដោយខានមិនបាន ព្រោះក្នុងភាសារបស់
គេពុំមានពាក្យណាអាចយកទៅប្រើក្នុងកិច្ចការបែបនោះបានឡើយ។

ក្នុងដំនាក់ការទីពីរ គឺបន្ទាប់ពីពួកឈ្មួញមក មានពួកបញ្ញវន្ដក្នុងវណ្ណៈខ្ពង់ខ្ពស់ទាំងពីរមកដល់។ ចំពោះរឿងនេះគេ
យល់ថា ពួកព្រាហ្មណ៍ខ្លះដែលមានឈ្មោះល្បីពូកែខាងមន្ដអាគម ដោយការអោយពត៌មានរបស់ពួកឈ្មួញច្បាស់
ជាបានពួកមេដឹកនាំអោយអារាធនាមកដើម្បីជួយបង្កើនអំនាច និងលើកតិត្យានុភាពរបស់ខ្លួនថែមទៀត។

រួចមកហើយ យើងបានឃើញថាព្រះពុទ្ធសាសនាមានមុខងារយ៉ាងសំខាន់ក្នុងជំនួញផ្លូវសមុទ្រ រវាងអិន្ឌានិងអា
ស៊ីអគ្នេយ៍ ហើយគេបានសង្កេតឃើញទៀតថា ក្នុងប្រទេសជាច្រើន វត្ថុជាសាក្ខីភាពចាស់បំផុតនៃការផ្សាយអរិ
យធម៌អិន្ឌាគឺព្រះពុទ្ធរូប ទីបង្ករ ដែលអ្នកធ្វើដំនើរតាមសមុទ្រនិយមគោរពណាស់។ ដូច្នេះឃើញថាពុទ្ធសាសនា
មាននាទីយ៉ាងសំខាន់ ព្រោះហាក់ដូចជាបានបើកផ្លូវនាំអោយអិន្ឌាមកកាន់អាស៊ីអគ្នេយ៍។ ក៏ប៉ុន្ដែរាជាណាចក្រ
នានាដែលបានបង្កើតឡើងនៅភូមិភាគនេះ មិនយូរប៉ុន្មានក៏បានទទួលនូវទស្សនៈសិវនិយមនៃរាជាធិបតេយ្យ
ដែលមានមូលដ្ឋានស្ថិតលើទំនាក់ទំនងរវាង ព្រាហ្មណ៍និងក្សត្រិយ និងការគោរពបូជាលិង្គទេវរាជ។

ការបង្កើតរាជាណាចក្រ ដោយផ្លាស់ប្ដូរគ្រិះស្ថានជំនួសអោយទៅជារដ្ឋបែបនេះអាចប្រព្រឹត្ដទៅដោយវីធី២យ៉ាង
១. រឺមួយមានអិន្ឌាណាម្នាក់តាំងខ្លួនជាមេដឹកនាំរបស់អ្នកស្រុកអាយ ដែលបានទទួលអិទ្ធិពលអិន្ឌាច្រើនរឺតិច។
២. រឺមួយមានមេដឹកនាំអ្នកស្រុកចង់ពង្រឹងអំនាចរបស់ខ្លួន ដោយទទួលយកទស្សនៈបរទេស។

ករណីទាំងពីរនេះអាចកើតឡើងបានដូចគ្នា។ ប៉ុន្ដែក្នុងករណីទី១ បើទោះជារាជវង្សមានសញ្ជាតិជាអិន្ឌាសុទ្ធ
សាធ តាំងពីដើមមក ក៏មិនអាចមានលក្ខណៈនេះវែងឆ្ងាយបានទេ ព្រោះពុំអាចជៀសវាងបាននូវការយកគ្នាជា
ប្ដីប្រពន្ធរវាងអិន្ឌា និងអ្នកស្រុកបានឡើយ។

រឿង ព្រះថោង នាងនាគ រឺរឿង ហ៊ុន ទៀន លីវយី អាចបញ្ជាក់យើងពីរចំនុចនេះបាន។ ប៉ុន្ដែចំពោះករណីទី២
គឺការលើកពួកមេដឹក នាំអ្នកស្រុកអោយឡើងឋានៈជាក្សត្រដោយពីធី រវាត្យស្ដោម នោះ គេយល់ថាមានញឹក
ញាប់ជាង។

គ. អិន្ឌាបានចេញពីតំបន់ណាខ្លះ

រឿងនេះពិបាកបញ្ជាក់ ព្រោះក្រៅពីអត្ថបទ ៣ ដែលសរសេរដោយភាសទមិឡ ហើយដែលមានកាលកំនត់ថ្មីៗ
នេះ គេឃើញមានតែអែកសារសំស្ក្រឹត ដែលជាភាសាដែលគេប្រើទូទៅនៅប្រទេសអិន្ឌា។ បើគេពិនិត្យអែកសា
រអិន្ឌាដែលទាក់ទង នឹងការធ្វើនាវាចរណ៍កំនត់ហេតុរបស់អ្នកដំនើរចិន ឈ្មោះទីកន្លែង អក្សរបុរាណ បុរាណវត្ថុ
គេនឹងឃើញថា ពិតមែនហើយ ប្រទេសអិន្ឌាខាងត្បូងជាពិសេសតំបន់ Kanchi (Conjeveram) បានចូលរួមចំ
នែកយ៉ាងសំខាន់ក្នុងការផ្សាយអរិយធម៌អិន្ឌានៅអាស៊ីអគ្នេយ៍ តែតំបន់ផ្សេងៗទៀតនៃប្រទេសអិន្ឌាខ្ពង់រាប
ទក្សិណ វាលទំនាបគង្គា និងអិន្ឌាភាគពាព្យ សុទ្ធតែបានរួមចំនែកតិចរឺច្រើនក្នុងព្រឹត្ដិការណ៍ខាងលើទាំងអស់។

ឃ. អិន្ឌាបានចេញដំនើរពីកន្លែងណា

អែកសារផ្សេងៗមានជាអាទិ កំនត់ហេតុរបស់អ្នកភូមិសាស្រ្ដ Ptolémée និងអ្នកដំនើរអឺរុប និងចិន បានចែងពី
កំពង់ផែសមុទ្រធំៗដែលជាកន្លែចេញដំនើររបស់ជនជាតិអិន្ឌាមកកាន់អាស៊ីអគ្នេយ៍

  • ក. លើឆ្នេរសមុទ្រខាងកើតមានកំពង់ផែ តាម្រលិព្ដិ (តាម្លុក) កមរៈបោឌុកេ។
  • ខ. លើឆ្នេរសមុទ្រខាងលិចមានកំពង់ផែ ករុគច្ឆ (ប្រួច) សូបារកៈ និង មុឆិរិ។

ក្នុងការធ្វើដំនើរឆ្ពោះមកកាន់អាស៊ីអគ្នេយ៍នេះ ពួកអិន្ឌាអាចប្រកាន់យកផ្លូវពីរ ចំពោះពួកណាដែលធ្វើដំនើរទៅ
កាន់កោះនានានោះ ការប្រើប្រាស់ផ្លូវសមុទ្រជាការជៀសវាងពុំបាន ប៉ុន្ដែចំពោះពួកណាដែលធ្វើដំនើរទៅកាន់
ដីគោក ការចាំបាច់តំរូវអោយគេប្រើផ្លូវទឹកផង ផ្លូវគោកផង។ ពិតមែនហើយថា ដីសន្ដរនៅអន្ឌូចិនដែលពោរ
ពេញទៅដោយដើមចាកនោះ គឺជាអុបសគ្គមួយ ហើយគឺការដែល មានពួកចោរសមុទ្រនៅកកកុញក្នុងច្រកសមុ
ទ្រ និងក្រោយមកទៀត ការអនុវត្ដនយោបាយផ្ដាច់ការ ខាងផ្លូវជំនួញរបស់រាជាណាចក្រប៉ាលេមបាងនេះហើយ
ដែលផ្ដល់អោយផ្លូវគោកនូវសារសំខាន់យ៉ាងធំដែលមានបុរាណវត្ថុជាភស្ដុតាង។

ក្រៅពីកំពង់ផែធំៗដែលបានរៀបរាប់មកហើយ គួរគប្បីបញ្ចូលក្នុង កន្លែងចេញដំនើរ ដែលមជ្ឈមណ្ឌលវប្បធម៌ខ្លះ
នៅលើជ្រោយមាលាយូដូចជា Takna Pa (តក្កោល) និង កេដៈ Kedah ដែលមានមុខងារជាតំនាងបន្លាស់
Relais។ គឺនៅត្រង់កន្លែងនេះហើយដែលពួកអិន្ឌាបានដាក់ទំនិញចុះ រួចដឹកឆ្លងកាត់ បួដីក្រា តាមផ្លូវដីគោកយក
ទៅដាក់សំពៅនៅឆ្នេរម្ខាងទៀត ដើម្បីធ្វើដំនើរទៅកាន់ឈូងសមុទ្រសៀម និងសមុទ្រចិន។ គេធ្វើដូច្នេះដើម្បី
ចៀសវាងនូវការធ្វើដំនើរដ៏វែងឆ្ងាយ ដោយកុងព័ទ្ធតាមច្រកសមុទ្រដែលនៅខាងត្បូង។

ង. តើសង្គមអ្នកស្រុកអាយទទួលអិទ្ធិពលអិន្ឌាដល់កំរិតណា?

ក្នុងតំនោះស្រាយបញ្ហាសំខាន់នេះគេឃើញមានទស្សនៈ២ ផ្ទុយគ្នាស្រលះ។ ចំពួកសង្គមវិទូដែលនិយមអោយ
តំលៃច្រើនទៅលើធាតុពូជសាសន៍ និងប្រពៃនីយល់ថា អរិយធម៌របស់អ្នកស្រុកអាយ បានរក្សាលក្ខណៈផ្ទាល់
របស់ខ្លួននៅពេលដែលបានពើបប្រទះ នឹងអរិយធម៌អិន្ឌា។ ចំពោះអ្នកសិក្សាអរិយធម៌អិន្ឌា Indiauistes ដែល
ផ្អែកទៅលើបុរាណវត្ថុនិងសិលាចារឹកយល់ថា អរិយធម៌នៅអាស៊ីអគ្នេយ៍ គ្រាន់តែជាមែកធាងនៃអរិយធម៌អិន្ឌា
ប៉ុណ្ណោះ។

ដូច្នេះឃើញថា ចំពោះពួកសង្គមវិទូ អរិយធម៌បុរាណទាំងនោះ ជាលទ្ធផលនៃការវិវត្ដន៍របស់អរិយធម៌អ្នកស្រុក
មានហើយ genic local ហើយដែលមានប្រតិកម្មនឹងធាតុអិន្ឌា Stimulus អែពួកអ្នកសិក្សាអរិយធម៌អិន្ឌាតាម
ប្រទេសនិមួយៗទៅវិញ គឺចាត់ទុកថា អរិយធម៌អិន្ឌា ជាឈើតែមួយដើមដែលបានផ្ដល់ផ្លែផ្កាទៅតាមលក្ខណៈដី
ផ្សេងៗ។

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 15, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s