៥ – ប្រភពនៃប្រវត្ដិសាស្រ្ដខ្មែរ


អត្ថបទស្រង់ពីប្រវត្ដិសាស្រ្ដខ្មែរ
ត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី

៥ – ប្រភពនៃប្រវត្ដិសាស្រ្ដខ្មែរ
ប្រវត្ដិសាស្រ្ដខ្មែរមានប្រភពសំខាន់ពីរ គឺប្រភពជាតិមួយ និងប្រភពបរទេសមួយ

I .ប្រភពជាតិ
ក. សិលាចារឹកនិងបុរាណវត្ថុ
ពិតមែនហើយសិលាចារឹក និងបុរាណវត្ថុជាប្រភពយ៉ាងសំខាន់ តែការសិក្សាស្រាវជ្រាវក្នុងវិស័យទាំងពីរនេះ
គឺជនជាតិអឺរុបទេដែលបានផ្ដើមធ្វើឡើងមុនគេ។ ដូច្នេះគួរគប្បីយើងសិក្សាពីបុព្វហេតុដែលជំរុញអោយជនជាតិ
នេះចូលធ្វើការទាក់ទង នឹងខ្មែរហើយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវប្បធម៌អរិយធម៌យើងរហូតដល់ខំធ្វើការសិ
ក្សាស្រាវជ្រាវយ៉ាងសកម្ម។

១.បុព្វហេតុដែលបន្ដាលអោយពួកអឺរុបមកកាន់អាស៊ីអគ្នេយ៍
គេនៅចាំបានថា នៅគ.ស.វ ទី១៥ មនុស្សនៅបស្ចឹមប្រទេសមានសេចក្ដីត្រូវការគ្រឿងទេសយ៉ាងខ្លាំង។ ជនជាតិ
អឺរុបបានស្គាល់គ្រឿងបរិភោគប្រភេទនេះជាលើកដំបូង ដោយសារពួកទាហានដែលទៅច្បាំងដន្ដើមយកផ្នូរព្រះ
យេស៊ូពីកន្ដាប់ដៃពួកអារ៉ាប់នៅប៉ាលេស្ទីន ហើយនាំយកទៅស្រុកវិញ ដើម្បីអោយក្រុមគ្រួសារខ្លួនបានស្គាល់រស
ជាតិផង។ លុះចេះប្រើប្រាស់គ្រឿងបរិភោគថ្មីនេះហើយ សេចក្ដីត្រូវការរបស់គេក៏ចេះតែកើនឡើងជាលំដាប់។
ពួកឈ្មួញអារ៉ាប់ និងប៉ែរ្ស បានទៅនាំគ្រឿងទេសទាំងនោះ ពីអាស៊ីអគ្នេយ៍ហើយយកទៅលក់នៅអឺរុបដោយ
បានទទួលប្រាក់ចំនេញជាច្រើន។ នៅអឺរុបពួកឈ្មួញនៅក្រុង Yenise និង Génés បានទទួលគ្រឿងទេសនោះ
ដើម្បីយកទៅលក់អោយប្រទេសអែទៀតៗ ដោយបានចំនេញច្រើន ជាហេតុនាំអោយតំលៃទំនិញកាន់តែកើន
ឡើងៗ។ ដោយហេតុនោះជនជាតិព័រទុយហ្គាល ក៏មានគំនិតគិតឃើញថា ប្រសិនបើគេអាចធ្វើដំនើរទៅដល់
កន្លែងផលិត គ្រឿងទេសតែម្ដង នោះគេនឹងទិញបានដោយតំលៃថោកជាទីបំផុត។

ក្រោយពីការរុករកអស់រយៈពេលច្រើនឆ្នាំ (ពី១៤៣៤ ដល់ ១៤៩៨) កងនាវាព័រទុយហ្គាល ក៏បានធ្វើដំនើរទៅដល់
អាស៊ីអគ្នេយ៍។ ចំបាំងកើតមានឡើងរវាងពួកព័រទុយហ្គាល នឹងពួកអារ៉ាប់ជាអ្នកមកដល់ទីនោះមុន។ នៅទី
បំផុត ពួកព័រទុយហ្គាលបានទទួលជោគជ័យដោយវាយយកបានក្រុងម៉ាលាកា ជាផ្សារអន្ដរជាតិមួយយ៉ាងធំនៅ
ឆ្នាំ ១៥១១។ ឃើញដូច្នោះហើយជនជាតិអឺរុបអែទៀតៗ ក៏បញ្ជូនកងនាវាមកភូមិភាគអាស៊ីអគ្នេយ៍ជាបន្ដបន្ទាប់
គ្នា គឺហុល្លង់ អេស្បាញ អង់គ្លេស បារាំង ហើយជំលោះក៏កើតមានឡើងជានិច្ចជាកាលក្នុងវិស័យជំនួញ។

២. ទំនាក់ទំនងខ្មែរ -អឺរុប
ក្រោយពីបានពង្រឹងជំហររបស់ខ្លួននៅជ្រោយម៉ាលាយូ ហើយពួកព័រទុយហ្គាល គឺជនជាតិអឺរុបដំបូងដែលបាន
ចូលមកទាក់ទងជាមួយខ្មែរក្នុងរជ្ជកាលរបស់ព្រះបាទអង្គចន្ទ (១៥៥៥)។ ក្នុងចំនោមអ្នកដែលចូលមកក្នុងប្រទេស
ខ្មែរ មានខ្លះជាអ្នកផ្សាយសាសនា ហើយខ្លះទៀតជាអ្នកផ្សងព្រេង។ គឺពួកចុងក្រោយនេះហើយដែលបានទៅ
នៅបំរើស្ដេចខ្មែរ បានធ្វើដំនើរទស្សនាប្រទេសខ្មែរ ហើយបានកត់ត្រាទុកនូវហេតុការណ៍ដែលខ្លួនបានឃើញ។
គឺកំនត់ទាំងនោះហើយដែលអ្នកប្រវត្ដិសាស្រ្ដបានយកទៅប្រើជាអែកសារសំរាប់ឆ្លុះមើលសង្គមខ្មែរក្នុងសម័យ
ក្រោយអង្គរ ជាពិសេសក្នុងស.វ ១៦នេះអែង។ បន្ទាប់ពីជនជាតិព័រទុយហ្គាលមក មានពួកអេស្បាញ ហើយចុង
ក្រោយបង្អស់ គឺពួកបារាំង ដែលបានចូលមកតាំងអានាព្យាបាលរបស់គេលើប្រទេសខ្មែរ។

៣. ការសិក្សាស្រាវជ្រាវពីអរិយធម៌ខ្មែរដោយជនជាតិអឺរុប
បើពិនិត្យទៅឃើញថា គឺការរុករករបស់ពួកអានានិគមនិយមស្បែកស នេះហើយជារិសគល់នៃការសិក្សាស្រាវ
ជ្រាវយ៉ាងពេញទំហឹងពីអាស៊ីអគ្នេយ៍ជាទូទៅ និងពីប្រទេសខ្មែរជាពិសេស។ បុព្វហេតុធំៗគឺថាពួកនេះមានការ
ចាំបាច់ក្នុងផ្នែកនយោបាយផង មានចំនង់ចង់ចេះដឹងរបស់ដែលនៅក្រៅប្រទេសផង ហើយចង់បានចំនេះថ្មីខាង
ផ្នែកមនុស្សសាស្រ្ដដែលកំពុងតែរីកចំរើនឡើងនៅថ្វីបអឺរុប (១៨)។
១៨ = ប្រវត្ដិសាស្រ្ដភាគ១ ថ្នាក់ទី១ ខេមរយានកម្ម ភ្នំពេញ ១៩៧២

សូមបញ្ជាក់ថា ការសិក្សាស្រាវជ្រាវពីអាស៊ីអគ្នេយ៍ បានធ្វើឡើងក្រោយការសិក្សាស្រាវជ្រាវពីប្រទេសចិននិង
អិន្ឌា ដូច្នេះហើយបានជាមានទំនោរចង់ចាត់ទុកថា អាស៊ីអគ្នេយ៍គ្រាន់តែជាអានាខេត្ដរបស់ប្រទេសធំៗ ទាំងពីរ
ខាងលើប៉ុណ្ណោះ។ តែការសិក្សាស្រាវជ្រាវជាបន្ទាប់មកបានបង្ហាញអោយឃើញនូវភាពប្លែក និងភាពរុងរឿង
នៃអរិយធម៌នៅអាស៊ីអគ្នេយ៍។

នៅឆ្នាំ១៨៦១ លោក Henri Mouhot ធម្មជាតិវិទូបារាំងម្នាក់បានមកដល់អង្គរ។ ក្នុងកំនត់ហេតុរបស់លោក ៗ
បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ នៅឆ្នាំ១៨៦៣ បូព៌ាវិទូ Orientaliste ជាជាតិអាល្លឺម៉ង់ A Bas-
tian បានរកឃើញថា អក្សរ និងសាសនាខ្មែរនៅសម័យអង្គរ មានដើមកំនើតមកពីអិន្ឌា។ ៣ឆ្នាំក្រោយទៀត
(១៨៦៦) លោក J.Thomson ជាតិអេកូស បានថតរូបអង្គជាលើកដំបូង ហើយបានបកស្រាយអំពីនិមិត្ដរូបនិ
យមលោកធាតុនៃអង្គរវត្ដតាមបែបហិន្ឌូនិយម។

សូមបញ្ជាក់ថា ការរកឃើញប្រាង្គប្រាសាទ ដ៏ល្បីឈ្មោះរបស់ខ្មែរបានធ្វើស្របពេលជាមួយនឹងការវាយយកដែន
កូសាំងស៊ីន និងកិច្ចចចាខាងផ្លូវទូតរវាងបារាំងនិងសៀម ដែលព្រមព្រៀងអោយបារាំងតាំងអានាព្យាបាលភាព
របស់ខ្លួនលើប្រទេសខ្មែរ(១៩)។ ក្រោយពីបានមកគ្រប់គ្រងប្រទេសខ្មែរហើយ រាជការបារាំងបានចាត់តាំងគណ
បេសកកម្មរុករកជាច្រើនក្នុងបំនងធ្វើអោយស្គាល់អរិយធម៌ខ្មែរ។ គណបេសកកម្មសំខាន់បំផុតបានតាំងឡើងនៅ
ឆ្នាំ ១៨៦៦ – ១៨៦៧ ហើយបានដឹកនាំដោយលោកវរៈនាវីទោ Doudart de Lagrée។ នាយទាហានរូបនេះបាន
ទៅធ្វើការរុករកនៅតំបន់អង្គរ តែលោកពុំទាន់បានទាញយកផលប្រយោជន៍អំពីកិច្ចការរបស់លោកនៅឡើយ
ព្រោះលោកបានទទួលមរណភាពក្នុងអានាខេត្ដយូនាន។ សហការីរបស់លោកពិសេស លោកអនុនាវីអែក
Francis Garnier បានយកអែកសារទាំងឡាយ ដែលលោកបានប្រមូលនោះ យកទៅធ្វើប្រភេទវិភាគ រួចបោះ
ពុម្ពផ្សាយដោយដាក់ចំនងជើងថា «Voyage d’exploration en Indochine» នៅឆ្នាំ១៨៧៣។ សហការីម្នាក់
ទៀតគឺលោក Louis Delaporte បាននាំយកទៅប្រទេសបារាំងនូវរូបចំលាក់ និងរូបស្មិតជាច្រើន ហើយបានរៀប
ចំតាំងពិពណ៌មួយនៅក្រុងបារីស ស្ដីពីស្នាដៃខ្មែរ ដែលបានធ្វើអោយសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ពី
ឆ្នាំ១៨៧៥ ដល់ឆ្នាំ ១៨៧៧ លោកបណ្ឌិត Jules Harmand ក្រោយពីបានធ្វើករារុករកនៅប្រទេសខ្មែរ និងប្រទេស
លាវហើយ បានផ្ញើទៅជូនលោក Hendrik Kern បូព៌ាវិទូជាតិហុល្លង់ម្នាក់នូវផ្ទាំងអក្សរផ្ដិត estampages នៃសិ
លាចារឹក។ អ្នកប្រាជ្ញរូបនេះបានអានដាច់អត្ថបទសំស្រ្កឹត ហើយបានបោះពុម្ពផ្សាយនៅឆ្នាំ១៨៧៩។ ចំនែកអែ
លោក Etienne Aymonier ដំបូងជាអធិការកិច្ចអ្នកស្រុកអាយ បន្ទាប់មកជា Résident Supérieur នៃប្រទេស
កម្ពុជា បានប្រមូលអក្សរផ្ដិតចំនួន ៣៤០ ផ្ទាំង ខ្លះជាភាសាសំស្រ្កិត ខ្លះជាភាសាខ្មែរបុរាណ ១៨៨៣ – ១៨៨៥ ហើ
យបានអានដាច់ខ្លួនលោកអស់មួយភាគធំ។ លោក Auguste Barth អ្នកផ្ដើមធ្វើការសិក្សាស្រាវជ្រាវពីប្រទេស
អិន្ឌា និងសហការីម្នាក់ លោក Abel Bergaigne បានបកប្រែ និងបបោះពុម្ពផ្សាយអត្ថបទសិលាចារឹកជាភាសា
សំស្រ្កឹតរបស់ខ្មែរ និងរបស់ចាម ដែលផ្ដល់ជូនលោកនូវកាលបរិច្ឆេត និងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដ។ នៅឆ្នាំ
១៨៨៣ លោក Jean Moura ជា Résident Supérieur បានបោះពុម្ពផ្សាយប្រវត្ដិសាស្រ្ដទី១នៃប្រទេសខ្មែរ «Le
Royaume du Cambodge» ។ លោក Etienne Aymonier ដែលបានបន្ដតំនែង ពីលោក Moura បានបោះ
ពុម្ពសៀវភៅ «Le Cambodge» នៅឆ្នាំ១៩០០។

ការសិក្សាស្រាវជ្រាវនៅចុងបូព៌ាប្រទេស មានទំហំកាន់តែធំឡើង សេចក្ដីត្រូវការ និងសេចក្ដីចំរើនលូតលាស់
ក្នុងវិស័យនេះ តំរូវអោយមានការបង្កើត អង្គការអចិន្រ្តៃយ៍ ព្រោះអែកជនម្នាក់ៗ រឺសមាគមអ្នកប្រាជ្ញខ្លះ ដូចជា
Societé des Etudes Indochinoises ដែលតាំងនៅព្រៃនគរពីឆ្នាំ១៨៦៥ មិនអាចបំពេញកិច្ចការដ៏ធំធេងខាងលើ
អោយបានពេញលេញឡើយ។ គឺនៅក្នុងក្របខណ្ឌនេះហើយដែល ភាសាបារាំងនៅចុងបូព៌ាប្រទេស Ecolfran-
çaise d’ Extreme Orient ត្រូវបង្កើតឡើងដោយអិន្ឌាវិទូសំខាន់ៗ ដូចជាលោក Barth Bréal និង Bergaigne។
ដំបូងឡើងអង្គការនេះមានទីតាំងនៅព្រៃនគរ (១៨៩៨) ក្រោយមកត្រូវបានលើកទៅតាំងនៅក្រុងហានណូយ
ដោយលោក Paul Doumer ដែលបានបង្កើតនៅទីនោះ នូវក្រសួងភូមិសាស្រ្ដ និងក្រសួងភូគព្ភសាស្រ្ដ (១៨៩៩)
ថែមទៀត។ ក្រោយមកទៀតអង្គការនេះត្រូវទទួលមើលការខុសត្រូវលើសារមន្ទីរ និងប្រាង្គប្រាសាទទាំងឡាយ
នៅអិន្ឌូចិនទៀត។

ជាមួយនឹងការបង្កើត «សាលាបារាំងនៅចុងបូព៌ាប្រទេស» លោក Georges Coedès និងលាក Louis Finot
បានអោយការសិក្សាស្រាវជ្រាវផ្នែកសិលាចារឹកខ្មែរ ចេះតែមានការចំរើនលូតលាស់ជានិច្ច មានសិលាចារឹក
ជាង១០០០ អត្ថបទ ត្រូវបានបកប្រែ និងបោះពុម្ពផ្សាយ។

ចាប់ពីឆ្នាំ១៩០០ ហើយដើម្បីផលប្រយោជន៍ លាសាបារាំងនៅចុងបូព៌ាប្រទេស លោក Lunet de Lajonquière
បានធ្វើបញ្ជីសារពើភ័ណ្ឌនៃប្រាង្គប្រាសាទខ្មែរ។ ក្នុងពេលជាមួយគ្នានោះលោក Henri Parmentier ត្រូវបានទទួ
លបន្ទុកមើលការខុសត្រូវកិច្ចការខាងបុរាណវត្ថុវិទ្យា។ នៅឆ្នាំ១៩០៧ ខេត្របាត់ដំបង និងខេត្ដសៀមរាប ត្រូវបាន
សៀមសងមកអោយខ្មែរវិញ។ ភ្លាមនោះ ការអភិរក្សអង្គរ Conservation d’ Angkor ក៏បានបង្កើតឡើងហើ
យដឹកនាំដោយលោក J.Comaille និងបន្ទាប់មកលោក Heneri Marchal។ កិច្ចការដំបូងដែលគេចាប់ធ្វើគឺ កាប់
ឆ្ការព្រៃដែលដុះព័ទ្ធជុំវិញប្រាសាទ និងស្រង់ឈ្មោះប្រាសាទជាបន្ដពីកិច្ចការរបស់លោក Lunet del la Jonqui-
ère មានប្រាសាទទាំងអស់ ១០០០ ត្រូវគេរកឃើញ។ លោក Georges Groslier បានបង្កើតសារមន្ទីរមួយនៅភ្នំ
ពេញ នៅឆ្នាំ ១៩១៨។ ការថតរូបប្រាសាទសំខាន់ៗខ្លះបានធ្វើឡើងនៅប្រាសាទបាយ័ន (១៩០៨) ដោយលោក
Dufour និង Carpeaux រួចនៅអង្គរវត្ដ និងបន្ទាយឆ្មារ។

ក្នុងដំនាក់ការទីមួយនេះ កិច្ចការសំខាន់របស់សិលាចារឹកវិទូ គឺរកអោយឃើញឈ្មោះ និងកាលកំនត់ កសាងប្រា
សាទ។ នៅឆ្នាំ ១៩៣៥ លោក Philippe Stern បានទៅបំពេញបេសកកម្មនៅតំបន់អង្គរ និងភ្នំគូលែន ហើយ
លោកបានអោយគេកាប់ឆ្ការព្រៃដុះព័ទ្ធប្រាសាទនៅទីនោះ។ នៅឆ្នាំ១៩៣៩ គឺជាលើកដំបូងហើយដែលលោក
ស្រី Gilberte de Coral Rémusat បានបង្ហាញអោយឃើញជាស្ថាពរនូវតំន កាលកំនត់ និងវិវត្ដន៍រចនាបថនៃ
ប្រាសាទទាំងឡាយរបស់ខ្មែរ។

ក្នងពេលជាមួយគ្នានោះ សេចក្ដីចំរើនលូតលាស់ ក្នុងវិស័យរុះរើប្រាសាទដើម្បីសាងសង់ឡើងវិញ anastylose
ដែលសំរេចឡើងដោយក្រសួងបុរាណវត្ថុវិទ្យាហុល្លង់នៅកោះជ្វាបានធ្វើអោយក្រុមអភិរក្សអង្គរចាប់អារម្មណ៍
យ៉ាងខ្លាំង។ លោក Georges Trouvé អភិរក្សអង្គរពីឆ្នាំ ១៩៣១ ដល់ ១៩៣៥ បានយកបច្ចេកទេសថ្មីនោះមក
អនុវត្ដនៅប្រទេសខ្មែរ។ លោកបានរកឃើញវត្ថុបុរាណជាច្រើន និងបានយល់ច្បាស់ពីសារសំខាន់នៃការបង្ហូទឹក
បញ្ចូលស្រែរបស់ជនជាតិខ្មែរក្នុងសម័យបុរាណ។ លោក Maurice Glaize ដែលបានបន្ដដំនែងពីលោកពីឆ្នាំ
១៩៣៧ ដល់ឆ្នាំ ១៩៤៥ បានយកបច្ចេកទេសថ្មីនោះមកអនុវត្ដជាបន្ដទៅទៀតចំពោះប្រាសាទសំខាន់ៗរបស់ខ្មែរ
ដែលអាចនៅគង់វង់បានដោយសារតែរូបលោក។ នៅទីបំផុតកិច្ចការស្រាវជ្រាវ និងរក្សាបានប្រព្រឹត្ដជាទូទៅក្នុង
ប្រទេសខ្មែរ ដូចជានៅប្រាសាទអាស្រមមហារិសី នៅភ្នំជីសូរ និងនៅភ្នំបាយ៉ង់ជាដើម។

ចាប់ពីឆ្នាំ១៩០៨ ដល់ឆ្នាំ ១៩១១ វត្ថុ និងស្ថានីយ៍ខ្លះក្នុងចំនោមវត្ថុ និងស្ថានីយ៍ខ្មែរ ដែលមានចំនាស់ជាងគេបាន
រកឃើញដោយលោក Heneri Parmentier និងលោកអុត្ដមសេនីយ de Beylié ។ លោក Louse Mallenet អភិ
រក្សសារមន្ទីរព្រៃនគរ (បង្កើតនៅឆ្នាំ ១៩២៨)បានធ្វើការរុករកយ៉ាងសកម្មហើយរកឃើញស្ថានីយអូរកែវក្នុងដែន
ដីកម្ពុជាក្រោមសព្វថ្ងៃ

រាជពង្សាវតារ
ពាក្យរាជពង្សាតារនេះកើឡើងពីការផ្សំពាក្យ :

រាជ + ពង្ស + អវតារ  >  រាជពង្សាវតារ
រាជៈ អ្វីដែលជារបស់ស្ដេចផែនដី
ពង្ស < វង្ស : ក្រសែ
អវតា : ដំនើរឆ្លងចុះ ដំនើរប្រែប្រួល

ដូច្នេះ រាជពង្សាវតារ គឺអែកសារដែលអធិប្បាយអំពីដំនើរប្រែប្រួលរបស់វង្សស្ដេចផែនដីក្នុងអតីតកាល។
បើតាមអែកសារចិន រាជពង្សាវតារ ប្រហែលមានតាំងពីសម័យអានាចក្រភ្នំម៉្លេះ ព្រោះអ្នកធ្វើដំនើរចិន បានកត់
ទុកថាមានកន្លែងទុកបណ្ណសារ។ មួយផ្នែកទៀតសិលាចារឹករបស់ព្រះបាទសូរ្យវរ្ម័នទី១ នៅប្រាសាទព្រះវិហារ
បាននិយាយពីត្រកូលមន្រ្ដីដែលមានមុខងារថែរក្សារាជពង្សាវតារ។ តែគួរអោយស្ដាយ! រាជពង្សាវតារនៅសម័
យនោះ មិនស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះទេ នេះប្រហែលជា ត្រូវអន្ដរាយទៅដោយធាតុអាកាស រឺដោយបំ
ផ្លិចបំផ្លាញរបស់ខ្មាំងសត្រូវដែលចូលមកឈ្លានពានទឹកដី រឺមួយដោយប្រការណាមួយដែលគេមិនអាចដឹងបាន។

១. រាជពង្សាវតារដែលគង់វង់រហូតមកដល់សព្វថ្ងៃ
រាជពង្សាវតារជាអែកសារអ្នកប្រវត្ដិសាស្រ្ដ ប្រើសំរាប់ចងក្រងប្រវត្ដិសាស្រ្ដខ្មែរជាបន្ដពីអែកសារសិលាចារឹកគឺ
ចាប់ពីស.វ. ទី១៤មក។ ពង្សាវតារទាំងនេះបានរៀបចំឡើងនៅស.វ.ទី១៩ ដោយពឹងផ្អែកទៅលើការទន្ទេញចាំ
មាត់ខ្លះ និងលើអត្ថបទបុរាណខ្លះ ដែលពីដើមតំកល់ទុកក្រុងអុដុង្គ។ ដោយអាស្រ័យហេតុទាំងនេះហើយទើប
មានភាពខុសប្លែកគ្នាក្នុងផ្នែកព្រឹត្ដិការណ៍ផង និងក្នុងផ្នែកកាលកំនត់ផង ពីច្បាប់មួយទៅច្បាប់មួយទៀត។

២. រាជពង្សាវតាររបស់អុកញ៉ាវង្សា សារពេជនង
អុកញ៉ាវង្សា សារពេជនង ជារាជគ្រូរបស់ព្រះបាទហរិរក្សរាមាអង្គឌួង។ លោកបានចងក្រងរាជពង្សាវតារមួយ
ច្បាប់ពីឆ្នាំ១៨១៣ ដល់ឆ្នាំ១៨១៨។ ស្នាដៃរបស់លោកត្រូវបានប្រែជាភាសាយួននៅឆ្នាំ១៨៣៥ និងជាភាសាសៀ
មក្នុងឆ្នាំ១៨៥៥ រួចមកត្រូវបានចំលងជាតួអក្សរឡាតាំងដោយអុកញ៉ា កុលដឺម៉ុងតេរ៉ូ សំរាប់លោក Douldart de
Lagrée ។ លោក Francis Garnier បានអោយប្រែស្នាដៃនេះជាភាសាបារាំងនៅឆ្នាំ ១៨៥៥ – ១៨៦៦ ហើយ
បានចុះផ្សាយក្នុងទស្សនាវដ្ដី Journal Nsiatique (១៨៧៣) តែដោយហេតុមានកង្វះព្រឹត្ដិការណ៍នៅស្រុកខ្មែរ
ពីឆ្នាំ ១៧៣៩ ដល់ឆ្នាំ ១៧៨៥ ទើបលោកយកអែកសារ Gia dinh Thong Chi មកបង្រ្គប់។ អែកសារនេះប្រ
ហែលបានសរសេរនៅឆ្នាំ១៨១០ ដោយលោកទ្រិញហ្វាយឌឹក ក្នុងរជ្ជកាលរបស់ស្ដេចមិញម៉ាង ហើយត្រូវបាន
បកប្រែជាបារាំងដោយលោកអនុនាវីអែក Gabriel Aubaret (20)។
20 = H. sutton. Singapore in history, federal publications, Singapore, 1967

៣.រាជពង្សាវតារអែទៀតៗ
រាជពង្សាវតារអែទៀតៗដែលស្ថិតស្ថេររហូតដល់សព្វថ្ងៃគឺ : នៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត៖

  • ព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតី របស់អុកញ៉ាវាំងជួន។
  • ព្រះរាជពង្សាវតារនគរខ្មែរ ចំលងតាមក្បួនវត្ដកោកកាកតាំងពីឆ្នាំ ១៩៤១។
  • ព្រះរាជពង្សាវតារខត្ដិយារមហារាជ ចំលងតាមក្បួនវត្ដសិតបូរ តាំងពីឆ្នាំ១៩៤១

ក្បួនវត្ដសិតបូរនេះជាសេចក្ដីចំលងពីរាជពង្សាវតារបស់អុកញ៉ាវង្សា សារពេជនង ផ្នែកចាប់ពីរជ្ជកាលព្រះបាទ
និព្វានបាទតទៅ អែផ្នែករឿងចងក្រងឡើងដោយព្រះអង្គម្ចាស់ នពរត្ន នៅបណ្ណាល័យអតីតវាំង។
ពង្សាវតារប្រទេសកម្ពុជា ស្លឹករិតមានចំនួន៣២ខ្សែ ចាប់ពីស្ដេចចាម៦អង្គ និងវង្សស្ដេចខ្មែរ ចាប់ពីព្រះថោង
កុមែរាជរហូតដល់ព្រះរាមាធីតី ព្រះស្រីសុរិយោពណ៌ គ.ស. ១៦៣៧ ចារដោយព្រះគ្រូសរិវង្សាមេគណ ហាស់
ស៊ុក វត្ដទឹកវិលសង្កាត់កោះខែល ស្រុកស្អាង ខេត្ដកន្ដាល ពីឆ្នាំ១៩៤១។
ពង្សាវតារប្រទេសកម្ពុជា ស្លឹករិតមានចំនួន១២ខ្សែ ពីស្ដេចចាម៥អង្គ និងស្ដេចខ្មែរចាប់ពីព្រះបាទអាទិច្ចវង្ស
មុន គ.ស.៣១២ឆ្នាំ ដល់ព្រះអង្គទងគំរប់ ២ដង គ.ស. ១៧៥១។

II ប្រភពបរទេស
ក. ប្រភពចិន

ប្រទេសចិនបានចាប់អារម្មណ៍មកលើភូមិភាគនៅអាស៊ីអគ្នេយ៍នេះជាយូរណាស់មកហើយ ហើយបានលើកទ័ព
វាយយកប្រទេសតុងកឹង ដើម្បីត្រួតត្រាផ្ទាល់តាំងពីឆ្នាំ ១១១មុន គ.ស. ដល់ឆ្នាំ ៩៣៩ នៃគ.សទៀតផង(២១)។
២១ = ព្រះរាជពិធីទ្វារទសមាសភាគ១ បោះពុម្ពលើទី២ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត ពស.២៥០០ គស១៩៥៦

នៅពាក់កន្ដាលសតវត្សទី៣នៃគ.ស បេសកជនចិនពីរនាក់គឺលោកកាំងថៃ Kang Thai និងលោកឈូយីង Tchou
Ying បានមកស្នាក់នៅក្នុងអានាចក្រភ្នំអស់មួយរយៈពេល។ លុះត្រលប់ទៅវិញលោកកាំងថៃបានបោះពុម្ពផ្សា
យនូវកំនត់រឿងរ៉ាវដែលទាក់ទង នឹងការធ្វើដំនើរដ៏វែងឆ្ងាយរបស់លោក។ តមកព្រះរាជាគ្រប់គ្រងលើអានាចក្រ
ភ្នំតែងបានទាក់ទងយ៉ាងខ្ចប់ខ្ជួនជាមួយនឹងប្រទេសចិន។ ដោយហេតុនេះហើយទើបមានគណបេសកកម្មខាង
ទូត ខាងជំនួញ និងខាងវប្បធម៌ត្រូវបានប្ដូរគ្នាទៅវិញទៅមកជាញឹកញាប់ ហើយហេតុការណ៍ទាំងនោះបានអ្នក
ប្រវត្ដិសាស្រ្ដចិនកត់ទុកយ៉ាងហ្មត់ចត់។

ក្រៅពីអែកសារដែលមានលក្ខណៈផ្លូវការខាងលើនេះ នៅមានកំនត់ហេតុស្ដីពីរឿងរ៉ាវទាក់ទងនឹងបូជនីយេស
ក៏ចិនកាន់ពុទ្ធសាសនា។ ពុទ្ធសាសនិកទាំងនោះ ភាគច្រើនជាអ្នកចេះដឹង ហើយមានជំនឿយ៉ាងមុះមុតលើពុទ្ធ
សាសនា បានធ្វើដំនើរទៅប្រទេសអិន្ឌាដើម្បីទស្សនាកន្លែងពិសិដ្ឋៗខ្លះ និងដើម្បីបង្កើនចំនេះខាងសាសនាថែម
ទៀតផង។ ការធ្វើដំនើរតាមសមុទ្រ ហើយបានចូលឈប់សំចតក្នុងរដ្ឋដែលបានទទួលអិទ្ធិពលអិន្ឌា។ ស្នាដៃដែល
មាននិយាយពីស្រុកខ្មែរ គឺកំនត់ហេតុលោកស្យុនសាង Huian tsang និងលោកយីស៊ីង Yitsing ស.វ.ទី៧។

ក្នុងចំនោមអែកសារចិនទាំងឡាយ អែកដែលសំខាន់ជាងគេគឺ កំនត់ហេតុរបស់លោកជីវតាក្វាន់ Tcheou ta
Kouan មានចំនងជើងថា «កំនត់ហេតុស្ដីពីទំនៀមទំលាប់នៃប្រទេសចេនលា» Tchen La fong t’ou Ki។ កំនត់
ហេតុនេះបាននិយាយរៀបរាប់ពីប្រទេសខ្មែរនៅចុងសម័យអង្គរគឺ បានធ្វើការពណ៌នាពីរាជធានី ពីជីវភាព ការ
រស់នៅ ទំនៀមទំលាប់របស់អ្នកស្រុក និងពីស្ថាប័ននានាក្នុងសម័យនោះ។ ស្នាដៃរបស់លោកជីវតាក្វាន់បានប្រែ
ជាភាសាបារាំងពីរលើក លើកទី១ : ដោយលោក Abel Rémusat នៅឆ្នាំ១៨១៩ និងលើទី២ ដោយលោក Paul
Pelliot នៅឆ្នាំ១៩០២។ គឺសេចក្ដីបកប្រែចុងក្រោយនេះហើយដែលអ្នកសិក្សាស្រាវជ្រាវច្រើនប្រើជាអែកសារ
ក្នុងការស្រាវជ្រាវអំពីអរិយធម៌ខ្មែរ។ គួរបន្ថែមដែរថា លោកលី ធាមតេង ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ
ដែលបានទៅទស្សនាប្រទេសចិននៅក្នុងឆ្នាំ ១៩៦២ បានចំលងយកអែកសាររបស់លោកជីវតាក្វាន់ជាភាសា
ចិន ហើយយកមកប្រែជាភាសាខ្មែរបោះពុម្ពផ្សាយនៅឆ្នាំ១៩៧១។

ខ. ប្រភពប្រទេសអែទៀត
ក្រៅពីអែកសារជាតិ និងអែកសារចិន ដែលជាអែកសារមូលដ្ឋាននៅមានអែកសារបន្ទាប់បន្សំខ្លះទៀត ដែល
ចងក្រងឡើងដោយជនជាតិក្រិច អិន្ឌា អារ៉ាប់ ព័រទុយហ្គាល អេស្បាញ យួន សៀម និងលាវ។

នៅស.វ. ទី២ នៃគ.ស. អ្នកភូមិសាស្រ្ដក្រិចឈ្មោះ Ptolémée បានសរសេរសៀវភៅភូមិសាស្រ្ដដែលមានវគ្គ
មួយនិយាយពីភូមិភាគអាស៊ីអគ្នេយ៍ដីគោក និងកោះ។អ្នកស្វែងរកមាសអោយឈ្មោះ ភូមិភាគនេះថា សុវណ្ណ
ភូមិ (សំគាល់ដីគោក) និង សុវណ្ណទ្វីប (សំគាល់ដីកោះ) គឺត្រូវនឹងពាក្យ La Chrysé និង La Chersonèse របស់
ជនជាតិក្រិច។

មានផ្នែកខ្លះក្នុងគម្ពីរត្រៃបិតកក៏បានសរសេរពីកំពង់ផែសំខាន់ៗទាក់ទងនឹងការធ្វើជំនួញរវាង ប្រទេសអិន្ឌា និង
ភូមិភាគអាស៊ីអគ្នេយ៍ដែរ។ ក្នុងអត្ថបទទាំងនោះគឺរឿង ជាតក និង និទ្ទេស។

អែកសារព័រទុយហ្គាល និង អេស្បាញ ក៏បានរួមចំនែកខ្លះក្នុងការចងក្រងប្រវត្ដិសាស្រ្ដខ្មែរដែរ។ នៅឆ្នាំ១៩៥៤
ក្នុងអោកាសបើកសម័យប្រជុំសមាជអន្ដរជាតិលើកទី២៣ នៃបូព៌ាវិទូនៅក្រុង Cambridge លោក Boxer បាន
យកអែកសារមួយរបស់លោក Diogo docouto ដែលនិយាយពីក្រុងអង្គរនៅស.វ ទី១៦ទៅលាតត្រដាង(២២)
។ លោក Bernata Philippe Groslier បច្ចុប្បន្នអភិរក្សអង្គរបានសរសេរសៀវភៅមួយមានចំនងជើងថា Ang-
kor et le Cambodge au 16 siécle ដោយពឹងផ្អែកទៅលើអែកសារព័រទុយហ្គាល និងអេស្បាញ ហើយបោះ
ពុម្ពនៅប៉ារីសនៅឆ្នាំ១៩៥៨។
ចុងក្រោយបង្អស់ រាជពង្សាវតារសៀម លាវ និងយួនក៏អាចជួយបំភ្លឺប្រវត្ដិសាស្រ្ដខ្មែរ ដោយអន្លើខ្លះដែរ តែអែក
សារទាំងនេះមានគុណវិបត្ដិដូចរាជពង្សាវតារខ្មែរដែរ។

Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 14, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s