៦ -អាណាចក្រភ្នំ


៦ -អានាចក្រភ្នំ

I. គ្រាដំបូងនៃអានាចក្រភ្នំ
១. បញ្ហាឈ្មោះស្រុក

នៅខាងដើមគ្រិស្ដសករាជ រដ្ឋដែលខំខាន់ជាងគេនៅអាស៊ីអគ្នេយ៍គឺ អានាចក្រភ្នំ។ ចិនហៅថា ហ្វូណន។ ពាក្យ
ហ្វូណន ចិនបូរាណអានថា បឺយូណាម ដែលជាពាក្យគ្មានន័យ អ្វីអោយប្រាដកក្នុងភាសាចិនទេ។ ដោយហេតុនេះ
ហើយបានជាអ្នកសិក្សាស្រាវជ្រាវ បានព្យាយាមរាវរកមើលថាតើពាក្យ ហ្វូណន នេះត្រូវ នឹងពាក្យអ្នកស្រុកអាយ
ថាម៉េច?។
មានមតិខ្លះចាត់ទុកថា ហ្វូណន ត្រូវនឹងពាក្យខ្មែរថា ភ្នង ដោយសំអាងថា កុលសំព័ន្ធភ្នង ដែលរស់នៅលើខ្ពង់
រាបសព្វថ្ងៃ ស្ថិតនៅក្នុងអំបូរជាមួយខ្មែរនេះម្យ៉ាង ហើយម្យ៉ាងទៀត ដោយសំអាងថារូបចំលាក់នៅលើជញ្ជាំង
ប្រាសាទបូរាណខ្មែរ បានបង្ហាញថាខ្មែរក្នុងសម័យនោះ មានសំលៀកបំពាក់ និងទំលាប់ខ្លះដូចពួកភ្នងដែរ។ ចំ
ពោះរឿងនេះគួរកត់សំគាល់ថាលោកសាស្រ្ដចារ្យ L. Brumpt បានបញ្ជាក់ថា ខ្មែរ និងភ្នងពិតជាមានពូជអំបូរជា
មួយគ្នាមែនដោយសំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោកទៅលើឈាមក្រហម hémoglobines(23)។

ចំនែកលោក G. Coedès លោកយល់ថា ហ្វូណន ត្រូវនឹងពាក្យខ្មែរបុរាណ វ្នំ ដែលសព្វថ្ងៃក្លាយជា ភ្នំ។ លោក
បានបញ្ជាក់ថា ស្ដេចនៅសម័យនោះមានឋានន្ដរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំស្រ្កឹតថា
បវិតភូបាល រឺ សៃលរាជ។ ជនជាតិចិនក៏បានយកឋានន្ដរនាមនេះប្រើសំរាប់ ហៅប្រទេសដែលស្ដេចទាំងនោះ
គ្រប់គ្រងផងដែរ។

ចំពោះទំលាប់ខាងលើនេះ លោក E Aymonier បានកត់សំគាល់ឃើញថា ក្នុងសម័យបុរាណចិនមិនចេះវែកញែ
កមនុស្សអោយដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែមួយសំរាប់សំគាល់មនុស្សផង រាជធានីផង ប្រ
ទេសទាំងមូលផង រឺ ក៏ឈ្មោះឋានន្ដរនាមរបស់អ្នកដឹកនាំផង(២៤)។

ចំពោះទស្សនៈរបស់លោក G.coedès នេះ គួរកត់សំគាល់ថា អែកសារចិនបាននិយាយច្បាស់ថា អធិរាជអានា
ចក្រភ្នំមានឋានន្ដរនាម គូលុង គឺ ក្រុង ដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ បើដូច្នេះពាក្យ ហ្វូណន ចិន
ហៅតាមឋានន្ដរនាមរបស់អធិរាជអានាចក្រភ្នំ គឺកុរុងភ្នំ នេះអែង។ អែការដែលមានឋានន្ដរនាមយ៉ាងនេះគឺ
ប្រហែលមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនឹងព្រះអិសូរ អែចិនបាននិយាយថា «ព្រះអាទិទេពយាង
ចុះលើភ្នំម៉ូតាន Mo-tan ជាញឹកញាប់ ព្រះអង្គមកទីនោះ ដើម្បីបញ្ចេញមហិទ្ធិរិទ្ធរបស់ព្រះអង្គ ព្រះអធិរាជទាំង
ឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្រ្ដក៏បានសុខចំរើនដោយសារនោះផង»។

២. បញ្ហាទីតាំង
នៅមុនពេលសង្គ្រាមសកលលោកលើកទី១ គេឃើញមានសង្វែងយោបល់ច្រើនចំពោះទីតាំងរបស់អានាចក្រ
ភ្នំ។លោក A. Rémusat ជឿថា ហ្វូណនជាអានាខេត្ដមួយរបស់ចិន ហើយស្ថិតនៅត្រង់ប្រទេសតុងកឹង។
លោក klaproth និង Pauthier ថា ហ្វូណនត្រូវនឹងដែនដី pégou និងប្រទេសភូមា។ លោក Dequines ថាត្រូវ
នឹងកោះមួយនៅខាងលិចប្រទេសសៀម។ អែលោក Barth ថាត្រូវនឹងឆ្នេរសមុទ្រតេណាស្សេរីម ក្រៅពីនេះអ្នក
សិក្សាអែទៀតជឿថា ហ្វូណននៅត្រង់ប្រទេសខ្មែរ រឺប្រទេសសៀម។

ដើម្បីអោយបានដឹងច្បាស់ពីទីតាំងរបស់ហ្វូណន គួរគប្បីយើងលើកយកអែកសារចិនមកពិនិត្យអោយបានហ្មត់ចត់
សិន។ អែកសារទាំងនោះបានផ្ដល់ពត៌មានសំខាន់ៗដូចតទៅ៖
១. ហ្វូណនមានចំងាយ ៣០០០លី ខាងលិចប្រទេសលីនយី
២. ហ្វូណនមានចំងាយ ៧០០០លី ពី Jenan តុងកឹង
៣. ហ្វូណនមានទំហំ ៣០០០ លី ក្រោយពង្រីកធំដល់ ៥០០០ រឺ ៦០០០លី
៤. ហ្វូណនស្ថិតនៅក្នុងឈូងសមុទ្រធំមួយ
៥. មានទន្លេធំមួយហូរពីខាងលិច អែកសារខ្លះថាពាយព្យ ហើយចាក់ទៅសមុទ្រ។
ប្រសិនបើយើងគិតថា ១លីមានប្រវែង៥៧៦ មែត្រចំងាយពីលីនយីមកហ្វូណនមាន ១៧២៨ គ.ម គឺត្រូវនឹងប្រទេស
ខ្មែរសព្វថ្ងៃ កម្ពុជាក្រោម និងប្រទេសថៃផ្នែកកន្ដាល។ ឈូងសមុទ្រធំក្នុងអែកសារចិនគឺឈូងសមុទ្រថៃ អែទន្លេ
ធំដែលហូរចាក់ទៅក្នុងសមុទ្រ គឺគ្មានអ្វីក្រៅពីទន្លេមេគង្គ រឺ បើនិយាយអោយចំទៅ គឺទន្លេសាបហ្នឹងអែង។ សរុប
សេចក្ដីមកឃើញថាមជ្ឈមណ្ឌលរបស់ហ្វូណន ស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេគង្គនេះអែង។ ត្រង់
នេះអ្នកសិក្សាហាក់ដូចជាយល់ស្របគ្នាហើយ តែនៅមានចំនុចមួយទៀតដែលអ្នកសិក្សានៅមិនទាន់ហ៊ានអារ
កាត់នៅឡើយ គឺរឿងទីតាំងនៃរាជធានីដំបូងរបស់ហ្វូណន។

យ៉ាងនាមិញ សិលាចារឹកខ្មែរសម័យក្រោយមកទៀតបាននិយាយពីក្រុង វ្យាធបុរ (បុរីនៃស្ដេចទាក់ដំរី) ដែលអ្នក
ប្រវត្ដិសាស្រ្ដចាត់ទុកថា ជារាជធានីមួយរបស់ហ្វូណន ចិនហៅរាជធានីហ្វូណនថា តូម៉ូ (T’o mou) ដែលលោក
G. Coedès ថាត្រូវនឹងពាក្យខ្មែរបុរាណ ទ្មាក់ រឺ ទល្មាក់ (អ្នកទាក់ដំរី)។ លោកយល់ទៀតថា ក្រុងវ្យាធបុរនេះស្ថិត
នៅម្ដុំបាភ្នំនិងបាណាមក្នុងខេត្ដព្រៃវែងសព្វថ្ងៃ។ ព្រះភិក្ខុប៉ាង ខាត់ ក៏មានព្រះយោបល់ដូច្នេះដែរ។ ព្រះអង្គ
បានសរសេរថា «រាជធានីវ្យាធបុរ តាំងនៅតំបន់បាភ្នំ ទំនងជានៅខេត្ដខ្សាច់បច្ចុប្បន្ននេះ ព្រោះគេបានរកឃើញ
បុរាណដ្ឋាន និងបុរាណទេវរូបជាច្រើន នៅទីនោះ។ លិលាចារឹកមួយនៅវត្ដចក្រិតនៅជើងភ្នំពីស.វទី១០ បាននិ
យាយពីការកសាងទេវរូបព្រះអិសូរហៅថា អទ្រិវ្យាធបុរេស្វរ តំកល់ទុកនៅទីនោះ» (២៥។

គួរកត់សំគាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះមានភូមិជាច្រើនដែលមានឈ្មោះទាក់ទងនឹង
ដំរី គឺភូមិ រោងដំរី ក្បាលដំរី និងព្រៃដំរី។ តើយើងអាចចាត់ទុកឈ្មោះទាំងនេះថា ជាអនុស្សាវរីយ៍លើទីតាំងរាជ
ធានីអានាចក្រភ្នំបានទេ? តាមប្រវត្ដិរាជវង្សលាង ក្រុងនេះស្ថិតនៅប្រហែល២០០ លីពីសមុទ្រ បើគិតទៅគឺត្រូវ
នឹងចំងាយពីបាភ្នំទៅ អូរកែវដែលជាកំពង់ផែធំមួយរបស់ហ្វូណន។ នៅពេលសង្គ្រាមលោកលើកទី២ លោក Louis
Malleret អ្នកប្រាជ្ញបារាំងបានធ្វើកំនាយផ្សេងៗ ក្នុងដែនដីសន្ដរទន្លេមេគង្គ ហើយបានរកឃើញរម្មនីយដ្ឋាន អូរ
កែវនេះ ដែល លោកចាត់ទុកថា ជាកំពង់ផែធំរបស់ហ្វូណន ព្រោះនៅទីនោះគឺនៅខាងត្បូងភ្នំបាថេ ខេត្ដក្រមួនស
គេបានជីករកឃើញឃឿនសំនង់ផ្សេងៗ ព្រមទាំងវត្ថុផ្សេងៗទៀតជាច្រើន ខ្លួះមកពីចក្រភពរ៉ូម ខ្លះទៀតមកពីប្រ
ទេសអិន្ឌា និងខ្លះទៀតជាវត្ថុធ្វើពីថ្មរំលីង។ ដោយហេតុនេះហើយទើបមានមតិខ្លះយល់ថា អូរកែវនេះរាជធានី
ដើមបង្អស់របស់ហ្វូណន។ ប៉ុន្ដែមានអ្នកសិក្សាខ្លះទៀតដូចជាលោក Jean Boisselier ជាដើមបែរជាយល់ថា រាជ
ធានីនេះស្ថិតនៅត្រង់វាលទំនាប ខាងក្រោមនៃទន្លេមេនាមវិញ ព្រោះលោកសំអាងថា នៅទីនោះលោកបានរក
ឃើញរូបខ្លះធ្វើពីអិដ្ឋ។ បើតាមលោក របស់បែបនេះគឺជារបស់ធ្វើក្នុងស្រុក មិនមែននាំយកមកពីក្រៅទេ។ ប៉ុន្ដែ
អ្នកប្រាជ្ញបារាំងនេះយល់ដែរថា នៅខាងចុងសម័យហ្វូណន រាជធានីនេះត្រូវលើកយកទៅតាំងត្រង់កន្លែងមួយ
នៅជិតពាមទន្លមេគង្គខាងត្បូងប្រទេសកម្ពុជា (២៦)។

៣. បញ្ហាបង្កើតរាជវង្សដំបូង
ព្រះបាទហ៊ុនទៀន ព្រះនាងលីវយី

លោក កាំង ថៃ រាជទូតចិនដែលបានធ្វើដំនើរមកហ្វូណននៅពាក់កន្ដាលស.វ.ទី៣ បានកត់ទុកថា បឋមក្សត្រនៃ
រដ្ឋហ្វូណនឈ្មោះ ហ៊ុនទៀន បានមកពីប្រទេសអន្ឌារឺពីជ្រោយម៉ាលាយូ រឺពីកោះខាងត្បូង។ ហ៊ុនទៀន បានយល់
សប្ដិឃើញទេវតារក្សាខ្លួនប្រគល់ធ្នូទិព្វអោយ ហើយបញ្ជាអាយឡើងជិះសំពៅធំមួយ។ ព្រលឹមឡើងហ៊ុនទៀន
បានទៅកាន់ប្រាសាទតំកល់ទេវតា ហើយបានឃើញធ្នូដូចយល់សប្ដិមែន។ បន្ទាប់ពីនោះក៏បានធ្វើដំនើរតាមសមុ
ទ្រ ហើយទៅដល់ហ្វូណន។ រាជនីរដ្ឋនេះឈ្មោះនាង លីវយី លុះបានឃើញសំពៅចំលែកក៏លើកទ័ពមកបំរុងដេញ
កំចាត់សត្រូវ តែត្រូវ ហ៊ុនទៀន យកធ្នូទិព្វបាញ់សំពៅរបស់នាងធ្លាយពីម្ខាងទៅម្ខាង។ នាងភិតភ័យខ្លាំង ហើយ
សុំចុះចាញ់ ហ៊ុនទៀន ក៏យកនាងធ្វើជាមហេសី។ រួចមកក៏នៅគ្រប់គ្រងរដ្ឋហ្វូណនជាតំន តទៅកូនចៅទៀតផង។

ព្រះបាទកៅឌិញ្ញ ព្រះនាងសោមា
បើយោងទៅតាមសិលាចារឹកនៅមីសុន និងព្រះអិន្ទកោសីវិញ គេអាចកត់សំគាល់បានថា ព្រះមហាក្សត្រខ្មែរទី១
មានព្រះនាម កៅឌិញ ព្រះអង្គជាជនជាតិអិន្ឌា មកពីស្រុកអិន្ឌាក្នុងវណ្ណៈព្រាហ្មណ៍។ ព្រះអង្គបានធ្វើដំនើរតាម
សំពៅ ឆ្លងកាត់តាមមហាសាគរមកដល់នគរគោកធ្លក។ សំពៅព្រះអង្គត្រូវប្រជាជននៅទីនោះ នាំគ្នាវាយប្រ
ហារចង់លួចប្លន់។ ព្រះកៅឌិញ្ញបានវាយតបទៅលើកងទ័ពព្រះនាងសោមា ដែលត្រូវបរាជ័យ បាក់ទ័ពលិចលង់
ទូកកន្ដាលសមុទ្រ រត់ចុះចាញ់អស់។ ក្រោយបានជ័យជំនះហើយ ព្រះកៅឌិញ្ញក៏រៀបអភិសេកនឹងព្រះនាងសោ
មា ស្ដេចស្រីនគរភ្នំ។ ព្រះអង្គក៏បានឡើងសោយរាជ្យជាព្រះមហាក្សត្រនៅនគរភ្នំ ព្រឹត្ដិការណ៍នេះបើតាមប្រវត្ដិ
វិទូខ្លះបានកើតឡើងនៅក្នុងស.វទី១ នៃគ្រឹស្ដសាសនា។

ដោយឃើញស្រ្ដី និង បុរសនៅនគរភ្នំ ជាពិសេសម្ចាស់ក្សត្រីលីវយី មិនចេះស្លៀកពាក់បញ្ចេញខ្លួនអាក្រាត អិត
អៀនខ្មាស ព្រះបាទកៅឌិញ្ញ ក៏បង្ហាត់បង្រៀនអ្នកទាំងនោះ អោយចេះកាត់ដេរសំលៀកបំពាក់បិទបាំងកេរខ្មាស់
។ ដំបូងព្រះអង្គបានអោយយកក្រនាត់មកចោះធ្វើប្រហោងល្មមស៊កក្បាលចុះ ដែលថ្ងៃក្រោយ ក្លាយទៅជាអាវ
បំពង់វែង។នេះបើតាមអែកសារចិនដដែល។ ប៉ុន្ដែអ្វីដែលសំខាន់ ដែលព្រះអង្គបាននាំមកផ្ដល់ដល់សង្គមខ្មែរ
នោះគឺ វិជ្ជា ចំនេះចេះដឹង ដែលមាននៅក្នុងភាសា អក្សរសំស្រ្កិត ទ្រឹស្ដី អុត្ដមគតិ ទស្សនៈ ច្បាប់វិន័យក្បួនខ្នាត
គម្ពីរតំរា និង របៀបរៀបចំ ចាត់ចែងគ្រប់គ្រងនគរ ដែលមាននៅក្នុងលទ្ធិព្រហ្មញ្ញសាសនា។

របបរាជានិយមខ្មែរ ត្រូវបានរៀបចំ ចាត់ចែងកំនត់ទៅតាមក្រិត្យក្រមវិន័យក្បួនខ្នាត ដែលមាននៅក្នុងគម្ពីរព្រហ្ម
ញ្ញសាសនា។ អែការគោរពបូជាផ្នែកសាសនាវិញ បានផ្លាស់ប្ដូរ មកព្រះសិវៈ រឺព្រះអិសូរ ដែលជាព្រះអាទិទេព
មួយអង្គយ៉ាងសំខាន់ នៅក្នុងព្រហ្មញ្ញសាសនា។ លិង្គជាច្រើនត្រូវបានគេសាងសង់ឡើង សំរាប់តំនាងព្រះអាទិ
ទេពអង្គនេះ។ ដូច្នេះ នេះជាលើកទី១ក្នុងប្រវត្ដិសាស្រ្ដ ដែលនគរខ្មែរ រឺ នគរគោកធ្លកបានទទួលអរិយធម៌ វប្ប
ធម៌ និង អិទ្ធិពលអិន្ឌា។ព្រះរាជធានីដំបូងរបស់នគរហ្វូណន រឺ នគរភ្នំ មានឈ្មោះថាវ័យធបុរៈ ដែលស្ថិតនៅជិត
ទន្លេមេគង្គ ជិតស្រុកបានាម និងបាភ្នំ។

រាជវង្សអានាចក្រភ្នំ
១ ព្រះបាទហ៊ុនហ្វាន់ហួង

ព្រះបាទហ៊ុនហ្វាន់ហួង ជាបុត្រច្បងរបស់ព្រះបាទហ៊ុនទៀន(កៅឌិញ) ព្រះអង្គបានទទួលស្នងរាជពីបិតា។កាល
នោះនគរហ្វូណនមាននគរចំណុះ៧ ហើយនគរទាំង៧នោះមានបំនងរើបំរះទារយកអែករាជ្យវិញ តែត្រូវព្រះបាទ
ហ៊ុនហ្វាន់ហួងវាយបង្រួបបង្រួមធ្វើជាប្រទេសតែមួយ និងដាក់ញាតិវង្សរបស់ព្រះអង្គអោយគ្រប់គ្រងលើនគរ
ចំណុះទាំងអស់នោះផង។

២ ព្រះបានហ្វាន់ហ្វាន់
ព្រះអង្គគឺជាបុត្រទី២របស់ព្រះបាទហ៊ុនហ្វាន់ហួង ព្រះអង្គបានទទួលស្នងរាជពីបិតា តែព្រះអង្គជាមនុស្សខ្ជិល
ច្រអូសមិនរវីរវល់ពីរឿងនគរទេ ដូច្នេះកិច្ចការតូចធំត្រូវបានមេទ័ពដ៏អង់អាចម្នាក់ (ហ្វាន់ឆេម៉ាន់)ទទួលរ៉ាប់រង
ជំនួសទាំងអស់។ បីឆ្នាំក្រោយមកព្រះអង្គក៏ចូលទីវង្គត់បាត់ទៅ នាហ្មឺនសព្វមន្រ្ដីបានសំរេចលើកលោកមេទ័ព
ហ្វាន់ឆេម៉ាន់អោយស្នងរាជបន្ដពីព្រះអង្គ ព្រោះលោកក៏ជារាជវង្សម្នាក់របស់ព្រះបាទហ្វាន់ហ្វាន់ដែរ។

ព្រះបាទហ្វាន់ឆេម៉ាន់ រឺហ្វាន់ម៉ាន់ រឺព្រះបាទស្រីមារៈ
វត្ដមានរបស់ព្រះបាទហ្វាន់ម៉ាន់ក្នុងការស្នងរាជ ពុំបានធ្វើអោយស្ដេចក្រាញ់ទាំងឡាយសប្បាយចិត្ដទេ។ ពួកគេ
បានធ្វើការបះបោរជាខ្លាំង តែត្រូវបានព្រះបាទហ្វាន់ម៉ាន់វាយបង្រ្កាបអោយស្ងាត់ស្ងៀមទៅវិញ។ ព្រះបាទហ្វាន់
ម៉ាន់ជាក្សត្រអង់អាចក្លាហានណាស់។ ព្រះអង្គបានបញ្ជាអោយគេធ្វើសំពៅធំៗ ដាក់បានមនុស្សរហូតដល់
៧០០នាក់។ ព្រះអង្គបានវាយបង្រ្កាបប្រទេសជិតខាងរហូតដល់ជ្រោយមាលាកា និងបានយកនគរជាច្រើនមក
ដាក់ជាចំនុះ។ ព្រះអង្គបានគ្រប់គ្រងលើដីធំទូលាយ និងលើផ្ទៃសមុទ្រដ៏ល្វឹងល្វើយ ពីសមុទ្រចិន គឺម្ដុំញ៉ាត្រាង
(កម្ពុជាក្រោម) ទៅឈូងសមុទ្រថៃរហូតដល់ឈូងសមុទ្របឹងហ្គាល។ បើយោលទៅតាមលោកហ្សកកូដេស
ព្រះបាទហ្វាន់ម៉ាន់ បានបាត់បង់ព្រះជន្មនាពេលដែល ព្រះអង្គយាងចេញទៅបំពេញបេសកកម្មនៅតាមព្រំប្រ
ទល់មានគីនលីន (ម្ដុំជ្រោយម៉ាលាកា)។

ក្នុងពេលប្រតិបត្តិការមួយ ដោយព្រះអង្គចាប់ផ្ដើមមានជំងឺ ព្រះអង្គបានបញ្ជូនកូនឈ្មោះ គិនចេង អោយដឹកនាំ
ទ័ពចេញច្បាំងជំនួសព្រះអង្គ។ ព្រះអង្គហ្វាន់ម៉ាន់ បានទុកក្មួយឈ្មោះចាន់ដែលមានកងពលប្រមាណ២០០០
នាក់ នៅជិត សំរាប់ការពារ។ ចាន់ជាកូនប្រុសរបស់បងស្រីព្រះអង្គ។ តែមេទ័ពចាន់បែរជាឆ្លៀតអោកាសនេះ
ធ្វើរដ្ឋប្រហារ សំលាប់ព្រះបាទហ្វាន់ម៉ាន់ជាមា ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរភ្នំ។ ព្រឹត្ដិការនេះ
ប្រហែលជាផ្ទុះនៅក្នុងគ.ស២២៥-២៣០។

ព្រះបាទហ្វាន់ចាន់ រឺព្រះបាទធរនិន្រ្ទវរ្ម័ន(គស២២៥-២៤៥)
ពេលឡើងគ្រងរាជភ្លាម ព្រះបាទហ្វាន់ចាន់បានចេញបញ្ជាអោយគេធ្វើឃាតពួកក្សត្រពេញច្បាប់ចោលអស់ តែ
កាលនោះអនុជព្រះបាទគិនចេងបានរត់រួចពីការកាប់សំលាប់នេះ។ លុះធំដឹងក្ដីកាលណាព្រះអង្គក៏វិលត្រលប់
មកសម្លាប់ព្រះបាទហ្វាន់ចាន់សងសឹកជួសរាជវង្សព្រះអង្គបានដូចប្រាថ្នាមែន។ តែមិនបានប៉ុន្មានផងព្រះអង្គ
បែរជាត្រូវមេទ័ពជំនិតរបស់ព្រះហ្វាន់ចាន់ធ្វើគតវិញម្ដង។ រឿងរាវនេះកើតនៅរវាង គស២២៥-២៣០គេបាន
រកឃើញសិលាចារឹកមួយដែលមានចំនាស់ជាងគេបំផុតនៅវ៉ូកាញ់ ដែលចាពីទំនាក់ទំនងការទូតរវាងព្រះអង្គ
នឹងមហាក្សត្រអិន្ឌា(រាជវង្សមុរុណទស)។

កាលណោះព្រះបាទហ្វាន់ចាន់បានចងសម្ព័ន្ធជាលើកទី១ជាមួយប្រទេសអិន្ឌានិងប្រទេសចិន។ នៅដើមគ.ស
២២៥ ព្រះបាទហ្វាន់ចាន់បានបញ្ជូនរាជវង្សទ្រង់ម្នាក់ទៅដល់ពាមសៃហ្កង់ ហើយបានឡើងទៅដល់រាជធានី
របស់ព្រះមហាក្សត្រនៃរាជ្យវង្សមុរុណទស (ងារនៃរាជវង្សកុសច័ន្ទនៃកុសនៈ)។ ពេលត្រលប់មកប្រទេសខ្មែរ
វិញ ព្រះមហាក្សត្រមុរុណទស បានជូនអំនោយនូវសេះអាជានេយ្យបួនពីអិន្ឌាសីតផង។ នៅគស២៤៣ ព្រះអង្គ
បានបញ្ជូនបេសកជនទៅប្រទេសចិនម្ដង ដោយនាំយកសួយសារអាករ និង ក្រុមភ្លេងទៅថ្វាយអធិរាជចិនផង។
មួយឆ្នាំក្រោយមកអធិរាជចិនក៏បានរៀបចំស្ថានទូតមួយអោយខ្មែរនៅណង់កាំង។

បេសកកម្មចិនដែលត្រូវបានមកហ្វូណន នៅចន្លោះ គស២៤៥-២៥០ បានពើបប្រទះជនជែងរាជម្នាក់ នៅលើ
រាជបល្ល័ង្គខ្មែរគឺហ្វាន់ស៊ីយុន(ហ្វាន់ស៊ីហុង) រឺព្រះបាទអស្សាជ័យ ហើយក៏បានជួបរាជទូតមរុណទសនៅទីនោះ
ដែរ។ បេសកកម្មចិនលើកនេះបានផ្ដល់នូវពត៌មានសំខាន់ៗជាច្រើនពីនគរហ្វូណនដូចតទៅ  “ប្រជាជននៅនគរ
នោះមិនសូវស្អាតទេគឺមានសំបុរខ្មៅ មានសក់ក្រញ៉ាញ់ មានខ្លួនអាក្រាតហើយដើរនឹងជើងទទេ ចូលចិត្ដរបរកសិ
កម្ម និងចូលចិត្ដឆ្លាក់រចនា។ របស់ប្រើប្រាស់ដែលគេសំរាប់ដាក់គ្រឿងបរិភោគសុទ្ធតែធ្វើអំពីប្រាក់។ អែពន្ធដារ
គេបង់ជាមាស ប្រាក់ គុជ រឺគ្រឿងកំញាន។ ពួកគេមានសៀវភៅ និងប័នសារពន្ធអាករដែលមានអក្សរស្រដៀង
អក្សរហ៊ូ (បានន័យថាដូចពួកអាស៊ីកន្ដាលដែលប្រើប្រាស់អក្សរដើមពីអិន្ឌាដែរ(ហ្សកកូដេស))។

ព្រះបាទហ្វាន់ស៊ីយុន(ស៊ីហុង) រឺព្រះបាទអស្សាជ័យ(គស២៤៥-២៨៧)
ក្រោយពីបានធ្វើគតបុត្រាទី២របស់ព្រះបាទហ្វាន់ម៉ាន់ មេទ័ពរបស់ហ្វាន់ចាន់ គឺហ្វាន់ស៊ីហុងក៏បានក្លាយទៅជា
ស្ដេចនៃនគរហ្វូណន នៅគ.ស.២៤៥ ព្រះអង្គបានទទួលរាជទូតចិនពីរនាក់។ នៅចន្លោះ ស.គ. ២៦៨ -២៨៧ ព្រះ
អង្គបានបញ្ជូនរាជទូតខ្មែរទៅស្រុកចិនវិញជាបន្ដបន្ទាប់។ ព្រះបាទហ្វាន់ស៊ីហុងគ្រងរាជនៅនគរភ្នំយ៉ាងហោច
ណាស់ក៏ដល់ គស២៨៧ដែរ គឺជាឆ្នាំទំនាក់ទំនងការទូតចុងក្រោយរបស់ព្រះអង្គជាមួយប្រទេសចិន។ បើតាមអែ
កសារចិននោះ រាជវង្សរបស់ព្រះថោងនិងនាងនាគ បានគ្រប់គ្រងនៅប្រទេសខ្មែររហូតពីរសតវត្ស ដូច្នេះស្ដេច
ទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើសុទ្ធសឹងតែជារាជវង្សរបស់ព្រះថោងនិងនាងនាគទាំងអស់។

II. សង្គមខ្មែរសម័យអានាចក្រភ្នំ

ដំនើរវិវត្ដន៍នៃប្រវត្ដិសាស្រ្ដបានង្ហាញថា អានាចក្រភ្នំ បានទទួលអិទ្ធិលពលអរិយធម៌ អិន្ឌាយាងខ្លាំងអស់ពីរលើក
គឺមួយលើកនៅដើម គ.សទី១ និងមួយលើកទៀតនៅដើមគ.សទី៥។ តទៅទៀត យើងនឹងសាកល្បងគូសវាសរូប
ភាពសង្គមខ្មែរនៅសម័យនោះដោយពឹងផ្អែកទៅលើអែកសារចិន (២៨) និងសិលាចារឹក។

ក. ជីវភាពសង្គម លក្ខណមនុស្ស ការរស់នៅ ទំនៀមទំលាប់
អែកសារចិនជាច្រើនបាននិយាយបញ្ជាក់ថា មនុស្សនៅអានាចក្រភ្នំមានសំបុរខ្មៅ សក់រួញអង្គាដី រូបច្រើនមិន
សូវបាន។ ព៌តមានប៉ុណ្ណោះអាចប្រាប់យើងពីលក្ខណនរវិទ្យារបស់ជនជាតិខ្មែរ-មនជាទូទៅ និងជាពិសេសរបស់
ជនជាតិខ្មែរយើងនេះអែង ដែលចិននិយាយថា មានសំបុរខ្មៅក្ដី រូបច្រើនមិនសូវបានក្ដី  គឺគេនិយាយដោយ
ប្រៀបធៀបជាមួយលក្ខណរបស់មនុស្សចិន។ ប៉ុន្ដែដោយមានកង្វះអែកសារជាភាសាខ្មែរនៅសម័យនោះ ទើប
អ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈប្លែកៗចំពោះម្ចាស់ដើមនៃអានាចក្រភ្នំនេះ អ្នកខ្លះយល់ថារដ្ឋនេះជា
រដ្ឋអិន្ឌា ខ្លះទៀតយល់ថារដ្ឋមន រឺខ្មែរ មនផង រឺមលយូទៅវិញ។ តាមការពិតជាតិទាំងប៉ុន្មានខាងលើនេះសុទ្ធតែ
បានរស់នៅក្នុងអានាចក្រភ្នំជាមួយគ្នាទាំងអស់ ហើយអ្នកខ្លះជាអ្នកកាន់អំនាចគ្រប់គ្រងគេ(ខ្មែរនិងអិន្ឌាខ្លះ) អែ
អ្នកអែទៀតជាអ្នកត្រូវគេគ្រប់គ្រងប៉ុណ្ណោះ (មន-មលយូ) (ចំពោះបញ្ហានេះ សូមមើលអត្ថបទ «ហ្វូណនជារដ្ឋខ្មែរ
រឺពុំមែនទេ? » ចុះផ្សាយក្នុងព្រិត្ដិប័ត្រវិទ្យាស្ថានខ្មែរលេខ ៥ខែសីហា គ.ស.១៩៧៣)។

អែកសារចិនដដែលបាននិយាយទៀតថា មនុស្សនៅអានាចក្រភ្នំច្រើនលែងខ្លួន អ្នកក្រស្លៀកសារុងអំបោះដើរ
ជើងទទេ អ្នកមាននិងនាម៉ឺនស្លៀកសារុងចរបាប់ពាក់ស្បែកជើង។ ផ្ទះសង់ខ្ពស់ពីដីប្រក់ស្លឹកចាក ដែលដុះនៅ
មាត់សមុទ្រ ហើយមានការតុបតែង។ ផ្ទះទាំងនោះសុទ្ធសង់ពីឈើដែលគេកាប់យកមកពីក្នុងព្រៃ មានរបងព័ទ្ធជុំ
វិញ ហើយផ្ដុំគ្នាជាភូមិ មានពី៥០ ទៅ៦០ ផ្ទះ ដែលមានស្រះមួយសំរាប់យកទឹកប្រើប្រាស់រួមគ្នា។

មនុស្សនៅអានាចក្រភ្នំ គ្មានគំនិតរញិមរញ៉ាំ ត្រង់ណាស់ មិនចេះលួចទេ (អែកសារខ្លះថា មានចិត្ដលោភលន់)
មានការប៉ិនប្រសប់ហើយខិល ព្រោះចូលចិត្ដចាប់យកមនុស្សនៅក្រុងជិតខាង ដែលមិនព្រមគោរពរាប់អានខ្លួន
មកធ្វើជាខ្ញុំកំដរ។ នៅពេលទំនេរ គេចូលចិត្ដលេងប្រជល់មាន់ និងប្រជល់ជ្រូក។

សង្គមអានាចក្រភ្នំជាសង្គម «មេនិយម» គឺគេទុកស្រីជាធំ ក្នុងគ្រួសារផង ក្នុងសង្គមផង រឿងនាងលីវយី លើក
ទ័ពទៅតទល់នឹងហ៊ុនទៀន ជាភស្ដុតាងមួយយ៉ាងជាក់ស្ដែង។ អែកសារចិនបាននិយាយថា ពិធីបុណ្យការ និង
បុណ្យសពមានលំនាំដូចនៅលើយី ហើយបានបញ្ជាក់ថា នៅស្រុកនោះស្រីៗទៅដន្ដឹងប្រុសៗ បើដូច្នេះអ្នកស្រុក
ភ្នំ សម័យនោះច្បាស់ជានៅនិយាយអោយស្រីទៅដន្ដឹងប្រុសនៅឡើយ។ នេះជាធាតុមួយទៀតសំរាប់បញ្ជាក់ពី
អត្ថិភាពនៃលទ្ធិ «មេនិយម» ទៀតដែរ។ ចំពោះរឿងនេះពួកចិនបានកត់សំគាល់ម្យ៉ាងទៀតថា នៅក្នុងគ្រួសារពួក
ស្រីប្រុសគេអាចទាក់ទងគ្នាបានតាមទំនើងចិត្ដ។ ក្នុងករណីកាន់ទុក្ខ គេត្រូវតែកោរសក់កោរពុកមាត់ អែពិធីរំលាយ
សព្វមាន៤យ៉ាង
១. បោះសពចោលទៅក្នុងទឹកទន្លេ
២. បូជាដោយភ្លើង
៣. យកសពទៅកប់
៤. យកសពទៅដាក់ចោលក្នុងព្រៃស្មសានអោយសត្វស៊ី។ ក្នុករណីបូជាដោយភ្លើង គេតែងប្រមូលធាតុ
ដែលនៅសល់យកទៅដាក់ក្នុងកោដ្ឋ១បិទជិត ហើយយកទៅបោះចោលក្នុងទឹកទន្លេ។ បើជាព្រះមហាក្សត្រកោ
ដ្ឋនោះធ្វើពីមាស បើជានាម៉ឺនសព្វមុខមន្រ្តីគេប្រើកោដ្ឋជាប្រាក់ ហើយបើជារាស្រ្ដសាមញ្ញប្រើកោដ្ឋដី។ អ្នកស្រុក
អានាចក្រភ្នំចូលចិត្ដប្រើវិធីអស្ចារ្យដើម្បីរកសេចក្ដីពិត។ កាលណាមានបាត់របស់អ្វីមួយ គេយកបាយមួយពុំនូត
យកទៅដាក់ចំពោះព្រះភក្រ្ដទេព្ដា រួចគេអង្វរសូមអោយព្រះអង្គជួយបង្ហាញមុខជនទុច្ចរិត។ ស្អែកឡើងគេយក
បាយនោះ ទៅចែកអោយពួកខ្ញុំនៅក្នុងផ្ទះអោយបរិភោគ ក្នុងមាត់របស់ចោរនឹងមានឈាមហូរចេញយ៉ាងជាក់
ស្ដែង ហើយវាមិនអាចទំពារបាយផង អែមាត់របស់ជនទៀងត្រង់បាយនោះអាចរអិលទៅក្នុងមាត់ដោយស្រួល
។ ម្យ៉ាងទៀតបើកាលណាមានជនជាប់ចោទ គេអោយជននោះអត់បាយ៣ថ្ងៃ រួចគេតំរូវអោយលូកយកវត្ថុផ្សេង
ៗ ចេញពីទឹកកំពុងពុះ រឺកាន់ពូថៅ រឺច្រវាក់ដុតក្រហមដើរ ៧ជំហាន។ បើមានកំហុសមែន ដៃរបស់ជននោះត្រូវ
រលាករលួយ ផ្ទុយទៅវិញគឺគ្មានហ្មងអ្វីទាំងអស់។

III. អិន្ឌាវូបនីយកម្មលើកទី២

បន្ទាប់ពីរាជរបស់ស្ដេចអស្សាជ័យ រឺហ្វាន់ស៊ីយុន រឺហ្វាន់ស៊ីហុង មក ស្ថានភាពរាជបល័្លង្គនៃនគរហ្វូណនហាក់ដូច
ជាមានការល្អក់កករ ស្រពិចស្រពិលជាខ្លាំង។ ដោយខ្វះអែកសារគេពុំអាចដឹងបានពីព្រឹត្ដិការណ៍ផ្សេងៗ ដែល
កីតឡើងនៅក្នុងពេលនោះទេ។ នៅចេន្លាះ គ.ស.២៨៥ ២៨៨ មានរាជទូតហ្វូណនបីនាក់បានចូលទៅគាល់មហា
ក្សត្រចិន ព្រោះកាលនោះពាណិជ្ចកម្មនាវាចររវាងចិននឹងខ្មែរ មានការរីកចំរើនជាខ្លាំង ដោយសាររាជវង្សចិន
ទើបតែបង្រួបបង្រួមគ្នា ដូច្នេះបានជាគេត្រូវការវត្ថុមានតំលៃផ្សេងៗ សម្រាប់បំពេញសេចក្ដីត្រូវការបស់អធិរាជ
ថ្មី។ បើតាមយោបល់របស់លោកហ្សកកូដេស នៅរវាង គស៣៥៧ ដោយសារមានវិបត្ដិនិងការវិកវរជាថ្មីនៅប្រ
ទេសអិន្ឌា នគរហ្វូណនត្រូវបានទទួលការរាតត្បាត រឺនឹងហូរចូលជាថ្មីនៃជនអន្ដោប្រវសេន៍អិន្ឌា មានជាអាទិព្រះ
បាទត្ថានតាន់ រឺចាន់ដាន់(រាជងាររបស់ពួកសកៈ រាជវង្សនៃពួកសកៈ រាជវង្សនៃពួកកុសនៈដែលទើបតែត្រូវរលត់
រលាយនៅប្រទេសអិន្ឌា) ដែលប្រហែលជាមានដើមកំនើតចេញពីអ៉ីរ៉ង់ ប្រហែលជាពួក “កុសច័ន្ទ”។ ក្រោយ
ពេលដែលព្រះអង្គបានទទួលរាជាភិសេក ព្រះអង្គមាននាមថា ព្រះបាទកៅឌិញវរ្ម័នទី២។ សិលាចារឹកខ្លះនៅ
អង្គរក៏បានរៀបរាប់ពីប្រវត្ដិរបស់ទ្រង់ដែរ។ ព្រះអង្គជាក្សត្រមកពីប្រទេសអិន្ឌា ជាត្រកូលព្រាហ្មណ៍ដូចគ្នានឹង
ព្រះបាទកៅឌិញទី១ (ព្រះថោង)ដែរ។ ព្រះអង្គគ្រងរាជនៅ “វ័យធបុរៈ” រឺ “បុរីទម័ក” ដដែល។នៅពេលជាមួយ
គ្នានោះដែរ មានការកកើតនគរអិន្ឌូជាបន្ដបន្ទាប់នៅបកនេអូ និងនៅកោះជ្វា។ គឺនៅក្នុងជំនាន់នោះអែង
ដែលប្រជាជនខ្មែរនៅហ្វូណនបានធ្វើពាណិជ្ជកម្មអន្ដរជាតិជាមួយប្រទេសនានានៅអាស៊ី និងនៅទ្វីបអឺរុបផង
ដែរ។ កំពុងផែសំខាន់របស់ខ្មែរនាសម័យនោះស្ថិតនៅ អូរអោ (កម្ពុជាក្រោម) និងនៅអូរកែវ(បច្ចុប្បន្នឈូងស
មុទ្រថៃ)។

ព្រះបាទកៅឌិញវរ្ម័នទី២
កាលឡើងគ្រងរាជសម្បត្ដិនៅស្រុកខ្មែរ ព្រះអង្គបន្ថែមឈ្មោះវរ្ម័ន មកលើព្រះនាមព្រះអង្គ ដែលក្លាយទៅជា
ព្រះបាទកៅឌិញវរ្ម័ន ព្រះអង្គជាក្សត្រមួយអង្គ ប្រកបដោយទសពិធរាជធម៌ ស្រលាញ់សន្ដិភាព និងមានរិទ្ធិចេស្ដា
ខ្លាំងណាស់។ ព្រះអង្គតែងមានចិត្ដប្រនីចំពោះបន្ដាជនទាំងឡាយ។ ព្រះអង្គជាក្សត្រកាន់ព្រហ្មញ្ញសាសនាគោរ
ពបូជាព្រះសីវៈ (ព្រះអិសូរ)។ នៅក្នុងរាជព្រះអង្គ ប្រជាជនខ្មែររស់នៅដោយសុខសាន្ដ និងបរិបូណ៌ណាស់។
អែស្ថាប័នផ្សេងៗ ដូចជាការអប់រំ ជំនឿសាសនា វប្បធម៌ អរិយធម៌ជាដើម ត្រូវព្រះអង្គរៀបចំតាមរបៀបព្រហ្ម
ញ្ញសាសនាដដែល។ ទោះជាព្រហ្មញ្ញសាសនាមានអិទ្ធពលខ្លាំងមែន តែពុទ្ធសាសនា(មហាយាន) ក៏នៅតែអាច
នៅស្រុះស្រួលជាមួយគ្នាបានដោយសុខសាន្ដដែរ។ ព្រះបាទកៅឌិញវរ្ម័នទី២ បានស្នើសុំក្សត្រនៅអិន្ឌា ដែល
ត្រូវជាញាតិវង្សទ្រង់ អោយបញ្ជូនព្រាហ្មណ៍បន្ឌិតជាច្រើនមកពីអិន្ឌា ដើម្បីជួយរៀបចំស្រុកអោយបានរុងរឿង
ព្រះអង្គក៏បានប្រទានរង្វន់ជាទីគាប់ចិត្ដ ជាកិត្ដិយស មាសប្រាក់ បុណ្យសក្ដិ និងទ្រព្យសម្បត្ដិជាច្រើនដល់ពួកព្រា
ហ្មណ៍ទាំងនោះ។

ព្រះបាទកៅឌិញវរ្ម័នទី២  ជាព្រះមហាក្សត្រមួយអង្គ ខ្លាំងពូកែ ល្បីល្បាញ មាននគរជិតឆ្ងាយជាច្រើនបានចុះចូល
ជានគរចំនុះ។ ព្រះអង្គមានបុត្រាមួយដែលគេបានស្គាល់ក្រោមព្រះនាមថា ព្រះបាទស្រីអន្រ្ទវរ្ម័ន។ ព្រះអង្គ
ឡើងសោយរាជពី គ.ស ៣៥៧ ដល់ ៤៣០ ព្រះរាជធានីតាំងនៅ វ័ធបុរៈ ហើយដែលចិនហៅក្លាយទៅជា ទូមូ
រឺទម័ក។

ព្រះបាទស្រីអន្រ្ទវរ្ម័ន(គស៤៣០-៤៨០)
ព្រះបាទស្រីអន្រ្ទវរ្ម័ន ជាព្រះរាជបុត្ររបស់ព្រះបាទកៅឌិញវរ្ម័នទី២ ព្រះអង្គបានទទួលស្នងរាជពីបិតាទ្រង់នៅ
រវាង គស៤៣០-៤៣៥។ ព្រះអង្គបានរក្សាទំនាក់ទំនងការទូតជាមួយប្រទេសចិនជានិច្ច។ នៅគស៤៣៤ ៤៣៥
និង ៤៣៨ ព្រះអង្គបានបញ្ជូនរាជទូតព្រះអង្គបីដងទៅគាល់ព្រះចៅចិនឈ្មោះ «វេន» ត្រកូលសុង។ កាលណោះ
ប្រទេសចិនកំពុងមានទំនាស់ជាមួយប្រទេសចំប៉ាក្នុងការដន្ដើមគ្នាយកអានាខេត្ដតុងកឹង។ ក្នុងនាមជាមិត្ដភាព
ព្រះអង្គមិនបានគាំទ្រ ជួយជ្រោមជ្រែងស្ដេចចាមដែលច្បាំងនឹងប្រទេសចិននោះទេ។

ព្រះបាទកៅឌិញជ័យវរ្ម័ន(គ.ស.៤៨០ ៥១៤ )
ព្រះអង្គគឺជាបុត្ររបស់ព្រះបាទស្រីអិន្រ្ទវរ្ម័ន។ ព្រះអង្គបានបន្ដកិច្ចការទូតជាមួយប្រទេសចិនដដែល។ ព្រះចៅ
ក្រុងចិនបានដាក់ងារព្រះអង្គថា «មេទ័ពមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង»។ ព្រះបាទកៅឌិញជ័យវរ្ម័នក៏ជាក្សត្រ
ហិណ្ឌូម្នាក់ដែរ គោរពប្រតិបត្ដិព្រះមហិស្វរៈ(សីវៈ, ព្រះអិសូរ) ជាព្រះចុះមកលើភ្នំខ្ពស់ និម្មិតរូបដោយលិង្គ(សីវៈ
គីរីសៈ)។

នៅគ.ស.៤៨៤ នគរហ្វូណន មានទំនាស់ជាមួយនគរចំប៉ា ព្រះបាទកៅឌិញជ័យវរ្ម័ន ក៏បានបញ្ជូនតំនាងពុទ្ធសាស
និកខ្មែរម្នាក់ឈ្មោះ «សក្សនាគសេន» ទៅស្រុកចិនដើម្បីសុំជំនួយពីព្រះចៅចិន ប៉ុន្ដែសំនូមពរនេះត្រូវបានបដិ
សេធ។ នៅគស៤៩២ ស្ដេចចាមនោះត្រូវជនជែងរាជចាមម្នាក់ធ្វើឃាតបាត់ទៅ សង្រ្គាមជាមួយនឹងចំប៉ាក៏ត្រូវ
ចប់ត្រឹមនេះ។

ព្រះបាទកៅឌិញជ័យវរ្ម័ន គឺជាមហាក្សត្រអុស្សាហ៍ព្យាយាមក្នុងការកសាង និងអភិវឌ្ឍន៍នគររបស់ទ្រង់ណាស់
ព្រះអង្គបានរៀបចំតំបន់លិចទឹក(កម្ពុជាក្រោម) បច្ចុប្បន្នវៀតណាមខាងត្បូង) ដើម្បីពង្រីកភូមិដ្ឋានថ្មី និងដីធ្លីដាំ
ដំនាំបន្ថែមទៀតដែលមានបន្ដោយប្រវែង២០០គម។ នៅសម័យនោះពុទ្ធសាសនាបានរីកដុះដាលជាខ្លាំង ហេតុ
នេះបានជាព្រះមហាក្សត្របានបញ្ជូនតំនាងពុទ្ធសាសនិកពីររូប គឺលោកមន្ទ្រសេនា និងភិក្ខុប៉ាល អោយទៅស្រុក
ចិនដើម្បីបកប្រែភាសាសំស្រ្កឹត។ ព្រះបាទកៅឌិញជ័យវរ្ម័នបានចូលទីវង្គត់នៅឆ្នាំ៥១៤។

ពួកចិនបានបន្សល់ទុកនូវពត៌មានខ្លះៗស្ដីពីអរិយធម៌ហ្វូណនកាលពីសម័យនោះ។ ពួកគេបានកត់ត្រាពីការអនុវត្ដន៍
របបទាសភាពដែលបានមកពីការចាប់ឈ្លើយប្រទេសជិតខាង ពីការធ្វើជំនួញ មាស ប្រាក់ សំពត់ ព្រែ សូត ការ
ផលិតគ្រឿងអលង្កាពីមាស គ្រឿងចានឆ្នាំងធ្វើអំពីប្រាក់។ល។ គេសំគាល់ឃើញថាស្ដេចតែងរស់ នៅក្នុងពន្លា
ជាថ្នាក់ៗ ប្រជារាស្រ្ដរស់នៅក្នុងផ្ទះផុតពីដីដែល ប្រក់ស្លឹកបបុស។ គេបានឃើញសំពៅធំៗជាច្រើនដែលមាន
ប្រវែង៨០-៩០ម៉ែត្រ និងទទឹង៦-៧ម៉ែត្រ។ សំពៅទាំងនេះអាចផ្ទុកមនុស្សបានរហូតដល់៧០០នាក់ និងអាចបើក
បរលើសមុទ្រធំល្វឹងល្វើយ។ នៅលើក្បាលនិងកន្ទុយសំពៅទាំងនោះមានឆ្លាក់រូបត្រី (ក្បាល និងកន្ទុយត្រី)។
ពេលចេញយាត្រាទៅណាមកណា មហាក្សត្រតែងជិះដំរី។ អែល្បែងកំសាន្ដរបស់គេគឺការជល់មាន់ និងជល់
ជ្រូក។នៅពេលកាត់សេចក្ដីគេដាំទឹកអោយពុះរួចដាក់ចិញ្ចៀនមាស និងពងមាន់ រឺដុតច្រវាក់ដែកអោយឡើងក្រ
ហម បន្ទាប់មកគេអោយអ្នកក្ដីក្ដាន់ដើរចំនួន៧ជំហាន ដៃពិរុទ្ធជននឹងរលាករលួយ តែដៃសុចរិតជននឹងមិនត្រូវ
រលាកទេ។ ម្យ៉ាងទៀតគេយកអ្នកក្ដីទាំងពីរទៅជ្រមុជទឹក បើគេជាជនទុច្ចរិត គេនឹងលង់ទឹកនោះ តែបើសុចរិត
ជនមិនលង់ទឹកឡើយ។ គេបានចារទៀតថា «នៅតាមភូមិដ្ឋាននិមួយៗគ្មានអន្ដូងទឹកទេ តែនៅកន្លែងផ្ដុំគ្នាប្រ
មាណបួនដប់គ្រួសារ ទើបមានស្រះទឹកមួយដែលគេជីកប្រើរួមគ្នា។ គេគោរពប្រតិបត្ដិព្រះនៃផ្ទៃមេឃ ដោយ
បានធ្វើរូបទាំងនោះពីសំរិត រូបដែលមានក្បាលពីរគេធ្វើដៃបួន អែរូបដែលមាក្បាលបួនគេធ្វើដៃប្រាំបីហើយនៅ
នឹងដៃនិមួយៗមានកាន់វត្ថុផ្សេងៗ ដូចជាកូនក្មេង សត្វបក្សី សត្វចតុប្បាទ ព្រះអាទិត្យរឺព្រះច័ន្ទ។ល។ ពេលព្រះ
មហាក្សត្រគង់លើបល្ល័ង្គ ព្រះអង្គតែងបញ្ឈរជង្គង់ខាងស្ដាំ។ នៅពីមុខព្រះអង្គមានជើងពាន ផ្ដិលមាស និងមាន
ដុតគ្រឿងកំញានទៀតផង។ គេកាន់មរណទុក្ខដោយកោរពុកមាត់រឺពុកចង្កា។ របៀបរំលាយសពមានបួនយ៉ាងគឺ
ទំលាក់សពចោលទៅក្នុងទឹក បូជាដោយភ្លើង បញ្ចុះ(កប់)ដី រឺយកទៅចោលក្នុងព្រៃស្មសានទុកជាចំនីសត្វបក្សី
(ហ្សកកូដេស)។

ព្រះបាទរុទ្រ្ទវរ្ម័ន(គស៥១៤-៥៥០ រាជធានីបុរីទម័ក)
ព្រះអង្គជាបុត្រក្រៅច្បាប់របស់ព្រះបាទកៅឌិញជ័យ(កូនជាមួយស្នំ) តាមប្រពៃនី និងក្រិតក្រមនៅជំនាន់នោះ
ព្រះអង្គគ្មានសិទ្ធិ និងគ្រងរាជទេ។ ដោយសារការលោភលន់អំនាចខ្លាំងពេក ព្រះអង្គបានសំលាប់បុត្រពេញ
ច្បាប់របស់ព្រះបាទកៅឌិញជ័យវរ្ម័នគឺព្រះបាទគុណវរ្ម័ន ដើម្បីដន្ដើមយករាជបល្ល័ង្គ។ ចំនែកមាតាព្រះបាទគុណ
វរ្ម័ន ម្ចាស់ក្សត្រីកុលារដ្ឋាវត្ដីមានការឈឺចាប់ ឆ្អែតចិត្ដនឹងអំពើកាចសាហាវយង់ឃ្នងរបស់ព្រះបាទរុទ្រ្ទវរ្ម័ន ព្រះ
នាងក៏បានចេញទៅសាងផ្នួសក្នុងព្រៃស្មសានតែម្នាក់អែងបាត់ទៅ។

ព្រះបាទរុទ្រ្ទវរ្ម័ន បានបន្ដការទូតជាមួយប្រទេសចិនដដែល នៅគស៥១៧ និង៥៣៩ ព្រះអង្គបានបញ្ជូនរាជទូត
ខ្មែរទៅគាល់ព្រះចៅចិនជាបន្ដបន្ទាប់។ អែកសារចិនបានបញ្ជាក់ថា ព្រះអង្គបានទាំងធ្វើអំនោយសក់ព្រះពុទ្ធ
មួយសសៃដល់ស្ដេចចិនទៀតផង។ ដោយសារអំពើយង់ឃ្នងខុសតំរារបស់ព្រះបាទរុទ្រ្ទវរ្ម័ន នគរហ្វូណនបានធ្លា
ក់ចុះក្នុងស្ថានភាពវឹកវរជាខ្លាំង មិនបានប៉ុន្មានផងព្រះអង្គបានបាត់ខ្លួនដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ទេ។
សង្គ្រាមផ្ទៃក្នុង ក្នុងចន្លោះគ.ស ៥៤០-៥៥០ បានបន្ដាលអោយនគរភ្នំបែកបាក់ប្រះឆា លែងមានអែករាជភាព
ក្លាយជានគរតូចៗដាច់ៗពីគ្នា ក្រោយមកនគរហ្វូណនបានត្រូវគ្រប់គ្រងដោយញាតិវង្សរបស់ព្រះបាទគុណវរ្ម័នវិញ
។ តែបន្ទាប់មកទៀត រាជរបស់ញាតិវង្សព្រះបាទគុណវរ្ម័ននេះ ត្រូវចៅរបស់ព្រះបាទរុទ្រ្ទវរ្ម័ន ដែលបានរៀបអភិ
សេកជាមួយបុត្រីនៃនគរកម្ពុជា លើកគ្នាមកវាយយកនគរហ្វូណន និងបង្រួបបង្រួមគ្នាជានគរតែមួយវិញ គឺនគរ
ចេនឡារួម។ ដូច្នេះតាមដែលគេបានស្គាល់គឺព្រះបាទរុទ្រ្ទវរ្ម័នជាមហាក្សត្រចុងក្រោយនៃនគរហ្វូណន។


Advertisements

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on March 13, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s