ប្រទេសខ្មែរក្រោមអានាព្យាបាលបារាំង


ប្រទេសខ្មែរក្រោមអានាព្យាបាលបារាំង
ស.វ.ទី ១៩ និង ២០

ព្រះបាទនរោត្ដម ១៨៥៩ – ១៩០៤
នៅពេលដែលព្រះបាទហរិស្សរាមាអិស្សរាធិបតីសោយទីវង្គង់ទៅ ពួកមន្រ្ដី
និង ព្រាហ្មណ៍បុរោហិត បានលើកព្រះរាជបុត្រច្បងនាម អង្គច្រលឹង រឺ អង្គវ
តី អោយឡើងគ្រងរាជស្នងព្រះបិតានៅរាជធានីអដុង្គ។
កិច្ចការដែលព្រះអង្គត្រូវបំពេញជាដំបូង គឺថ្វាយដំនឹងទៅព្រះចៅសៀម ពីកា
រជ្រើសរើសអោយព្រះអង្គឡើងគ្រងរាជ។ ព្រះចៅសៀមបានបញ្ជូនមន្រ្ដីម្នា
ក់មករាជធានីអុដុង្គ ដើម្បីបញ្ជាក់ពីការយល់ព្រមរបស់ព្រះអង្គ និងដើម្បីចូល
រួមក្នុងរាជពិធីបុណ្យសពព្រះអង្គដួងផង។ នៅពេលជាមួយគ្នានោះ ព្រះអង្គ
ស៊ីវត្ថា ព្រះរាជបុត្រទី៣ របស់ព្រះអង្គដួង ក៏បានយាងត្រលប់ចូលស្រុកវិញ
ដែរ។

ការតស៊ូរបស់ខ្មែរនៅកម្ពុជាក្រោម
គួរកត់សំគាល់ថា នៅខាងដើមរជ្ជកាលនៃព្រះបាទនរោត្ដម ខ្មែរនៅកម្ពុជា
ក្រោមបានបន្ដការតស៊ូរបស់ខ្លួនប្រឆាំងនឹងអំពើឈ្លានពានរបស់យួនទៀត។
នៅគ.ស. ១៨៥៩ ពួកយួនបានរៀបចំគំរោងការថ្មី ហើយបានទាក់ទាញពួកចា
មដែលភៀសទៅនៅមាត់ជ្រូក អោយចូលខាងខ្លួន។ ដូច្នេះខ្មែរនៅកម្ពុជា
ក្រោមត្រូវតស៊ូជាថ្មីទៀត : លោកសេនា សួស និងបក្សពួករបស់លោកបាន
ក្រោកឡើងប្រយុទ្ធនឹងយួននៅ មហាទប់ និង ចុងបល្លង្ក ក្នុងខេត្ដឃ្លាំង។ក្នុង
រយពេល ៣ឆ្នាំនៃការតស៊ូ ខាងខ្មែរបានទទួលជោគជ័យជានិច្ច ប៉ុន្តែអកុសល
នៅទីបំផុតលោកសេនា សួស ត្រូវទទួលមរណភាពដោយថ្នាំបំពុលរបស់ពួក
ចាមដែលចុះចូលខាងយួន។

នៅឆ្នាំបន្ទាប់មកទៀត គឺនៅគ.ស. ១៨៦០ មានបងប្អូនពីរនាក់ ឈ្មោះសេនា ទា និង សេនា មន បានក្រោកឡើង
ប្រឆាំង នឹងយួនទៀតនៅ លំពួយា ក្នុងខេត្ដឃ្លាំងដដែល។ ដំបូងទ័ពខ្មែរទន់ដៃជាងត្រូវដកថយចូលទៅខេត្ដ ពល
លាវ នៅត្រង់តំបន់ ត្រាខា។ ក្រោយមកក៏មានជោគជ័យវិញ ហើយដេញតាមកំចាត់ទ័ពយួនរហូតដល់ពាម ពល
លាវ។ ប៉ុន្ដែនៅទីនោះយួនមានទ័ពជំនួយមកជួយ ហើយលោកសេនាទា ក៏ត្រូវទទួលមរណភាពទៀត ដោយត្រូវ
គ្រាប់កាំភ្លើងរបស់ជ្វាបាញ់។ សពរបស់លោកត្រូវបានដឹកនាំយកទៅកប់នៅក្បែរវត្ដ ខ្វែងបបែល ក្នុងភូមិ ហ៊ឹង
ហូយ សព្វថ្ងៃ។

ការបះបោររបស់ព្រះអង្គស៊ីវត្ថា ១៨៦១ – ១៨៦២
លោកមួរា បានសរសេរថា ទោះបីព្រះបាទនរោត្ដម ទ្រង់បានទទួលរាក់ទាក់ និងជួយទំនុកបំរុងយ៉ាងណាក៏ដោយ
ក៏ព្រះអង្គមិនអាចបំបាត់អោយអស់នូវការច្រនែនរបស់ព្រះអនុជរបស់ព្រះអង្គដែរ។ ដោយពុំមានហេតុផលអ្វី
អោយសមរម្យផង ព្រះអង្គស៊ីវុត្ថា បានគិតថាព្រះរៀមព្រះអង្គទាំងពីរ គឺ នរោត្ដម និង ស៊ីសុវត្ដិ មិនត្រូវមានសិទ្ធិ
ឡើងសោយរាជសម្បត្ដិ ដែលត្រូវតែបានទៅព្រះអង្គជាដាច់ខាត។ ម្លោះហើយ ព្រះអង្គក៏បញ្ចេញអាកប្បកិរិយា
រឹងរូសមិនគោរព មិនស្ដាប់ព្រះរៀម មិនឡើងគាល់ព្រះរៀម ហើយនៅទីបំផុតបានគេចបាត់ពីរាជធានីតែម្ដង
គ.ស ១៨៦១។

ចំបាំងគ្នាអែងក្នុងស្រុកបានកើតឡើងជាថ្មីទៀត។ តែមិនបានយូរប៉ុន្មានព្រះអង្គ ស៊ីវត្ថាបានភៀសព្រះអង្គទៅ
ប្រទេសសៀមជាមួយអនុជនាម សិរីវង្ស។ ទោះបីព្រះអង្កភៀសទៅហើយ ក៏ចំបាំងនៅមិនទាន់ចប់ ព្រោះបក្ស
ពួករបស់ព្រះអង្គ គឺ ស្នងសូរ និង កំហែងយុទ្ធា (អែកសារខ្លះថា ឈ្មោះ មនោកែវ) បានបន្ដសកម្មភាពទៅទៀត
។ មេដឹកនាំទាំងពីរនេះបានទៅបំបះបំបោររាស្រ្ដនៅតំបន់បាភ្នំ ស្វាយរៀង អែពួកចៅហ្វាយខេត្ដសឹងចុះចូលទាំង
អស់។

ពួកបះបោរបានលើកទ័ពទៅវាយយកបានក្រុងភ្នំពេញ។ ពេលនោះដោយពុំមានទ័ពគ្រប់គ្រាន់ ព្រះបាទនរោត្ដម
ទ្រង់ភៀសព្រះអង្គទៅគង់នៅបាត់ដំបងសិន។ រាជធានីអុដុង្គ ត្រូវយកបានទៀត ប៉ុន្ដែចាមជ្វាដែលបានរត់ទៅ
មាត់ជ្រូកពីមុនបានសុំសំដេចនរោត្ដម ធ្វើការរាជការថ្វាយ ហើយប្រយុទ្ធនឹងពួកបះបោរវិញ។
ពេលនោះព្រះចៅសៀមទ្រង់អោយយាងសំដេចនរោត្ដម ទៅបឹងកក។ ការប្រយុទ្ធគ្នាបានបន្ដទៅទៀតនៅត្រើយ
ខាងកើត។ ជោគជ័យត្រូវបានទៅខាងទ័ពព្រះនរោត្ដម ដែលបានយាងត្រលប់ចូលប្រទេសវិញនៅខែមិនា ១៨៦២
ដោយមានការគាំទ្រពីព្រចៅសៀម។ នៅខែតុលា ឆ្នាំដដែល យុទ្ធា (មនោកែវ) ត្រូវគេសំលាប់បាន អែស្នងសូរ
ត្រូៗរបួសបានភៀសទៅស្រុកក្រោម ទៅពឹងមេទ័ពបារាំងនៅរោងដំរី បារាំងក៏ចាប់យកទៅដាក់ក្នុងកោះ។ ដូច្នេះ
វិបត្ដិក្នុងរាជវង្សក៏ត្រូវដោះស្រាយបានចាប់ពីពេលនោះមក។

សន្ធិសញ្ញា ថ្ងៃទី១១ សីហា ១៨៦៣
សន្ធិសញ្ញានេះបានបើកអោយបារាំងមកតាំងអានាព្យាបាលភាពលើប្រទេសខ្មែរជាលើកដំបូង។ តំនាងអំនាច
របស់បារាំងនេះបានចោទជាចំនោទមួយចំពោះអ្នកប្រវត្ដិសាស្រ្ដ ដែលតែងតែចោទសួរថា តើស្ដេចខ្មែរ គឺសំដេច
នរោត្ដម ទ្រង់បានហៅបារាំងអោយមកគ្រប់គ្រងស្រុកខ្មែរ រឺក៏បារាំង បានមកបង្ខំអោយព្រះអង្គទទួលយកអានា
ព្យាបាលភាពរបស់បារាំង?

បើតាមអែកសារសៀម (៨-៤៩) គេបានអះអាងថា បារាំងបានបង្ខំអោយសំដេច នរោត្ដមធ្វើសន្ធិសញ្ញាដាក់ប្រ
ទេសខ្មែរក្រោមអានាព្យាបាលភាពបារាំង ប៉ុន្ដែខាងបារាំងបានប្រកែកថា ពុំបានធ្វើការកៀបសង្កត់អ្វីមួយក្នុងរឿង
នោះទេ ព្រោះថាប្រទេសកម្ពុជា ជាប្រទេសអែករាជ្យ ហើយមានសិទ្ធិ ធ្វើការចរចាតាមប្រយោជន៍របស់ខ្លួន។
ដូច្នេះ តើការពិតស្ថិតនៅត្រង់ណា? យើងនឹងសាកល្បងធ្វើការវិនិច្ឆ័យដោយផ្អែកទៅលើព្រឹត្ដិការណ៍ដែលបានកើ
តឡើង។ រួចមកហើយ យើងបានឃើញថា ព្រះហរិរក្សរាមាអិស្សរាធិបតីអង្គដួង ទ្រង់មានបំនងចង់ចងស្ពានមេ
ត្រីជាមួយមហាអំនាចអឺរ៉ុបណាមួយមានបារាំងជាដើម ដោយព្រះអង្គមានសង្ឃឹថា នឹងយកមហិទ្ធិរិទ្ធរបស់មហា
អំនាចនោះមករំដោះប្រទេសព្រះអង្គ អោយរួចពីក្រញាំយួននិងសៀម ប៉ុន្ដែកាលណោះបារាំងពុំបានធ្វើអោយ
ព្រះអង្គសំរេចព្រះបំនងបានឡើយ។

ក្រោយមកដោយយកលេសថា ស្ដេចយួនធ្វើទុក្ខបុកម្នេញ លើរូបអ្នកផ្សាយសាសនាជាតិបារាំង ក៏បារាំងបានវាយ
យកកំពង់ផែ ទូរ៉ាន Tourane នៅថ្ងៃទី ១ ខែកញ្ញា ១៨៥៨ រួចវាយយកបានបន្ទាយព្រៃនគរ នៅថ្ងៃទី១៧ ខែ កុម្ភៈ
១៨៥៩ ទៀត។ តាមសន្ធិសញ្ញាចុះថ្ងៃទី៥ កក្កដា ១៨៦២ ស្ដេច ទីឌឹក បានទទួលជាកម្មសិទ្ធិរបស់បារាំងនូវខេត្ដ បៀ
នវ៉ា យ៉ាឌិញ ឌិញទឿង(មេសរ) និង កោះត្រលាច ដែលយួនបានប្រវ័ញ្ចយកពីខ្មែរពីមុនមក។ លុះបានចូលមក
នៅជាអ្នកជិតខាងរបស់ខ្មែរលើដែនដី កូសាំងស៊ីន ហើយទើបបារាំងបានចាប់អារម្មណ៍យ៉ាងខ្លាំងមកលើប្រទេស
ខ្មែរ។ រាជការអានានិគមនិយមបារាំងជឿថា ទន្លេមេគង្គជាផ្លូវទឹកមួយសំខាន់អាចអោយគេធ្វើការជ្រៀតចូលទៅ
ក្នុងប្រទេសចិនខាងត្បូងបាន ហើយម្យ៉ាងទៀត គេត្រូវរកមធ្យោបាយកំចាត់ អោយអស់នូវគ្រោះថ្នាក់ទាំងឡាយ
ដែលគំរាមកំហែងលើអានានិគមថ្មីរបស់គេ ជាពិសេសគ្រោះថ្នាក់មកពីប្រទេសសៀម ដែលនៅខាងក្រោយនោះ
មានអធិរាជនៃរាជានាចក្ររបស់ពួកអង់គ្លេសថែមទៀត។

គេបានដឹងថា នៅគ.ស. ១៨៦១ ក្រោយពីបានវាយបែកបន្ទាយ ព្រៃនគរ លោកអុត្ដមនាវី ហ្សានើរ Charner បា
នបញ្ជូននាយទាហានម្នាក់អោយទៅ អុដុង្គ ដើម្បីធ្វើការទាក់ទងនឹងព្រះរាជាខ្មែរ ដើម្បីទូលប្រាប់ពីជោគជ័យរប
ស់បារាំងលើទ័ពយួន ពីបំនងរបស់បារាំងចង់តាំងនៅកូសាំងស៊ីន និងពីសេចក្ដីសង្ឃឹមថា នឹងអាចទាក់ទងជាមិត្ដ
ភាពជាមួយខ្មែរ។
ក្រោយមកនៅគ.ស ១៨៦២ លោកអុត្ដមនាវីត្រី បូនាដ Bonard ទេសាភិបាលនៃដែនដី កូសាំងស៊ីន បានធ្វើដំនើរ
មកប្រទេសខ្មែរ ដោយមានបំនងចង់ស្គាល់ច្បាស់ពីស្ថានភាពប្រទេសនេះ ជាពិសេសពីពួកមន្រ្ដីជាបរិវារនៅក្រុង
អុដុង្គ ពីសារៈសំខាន់ក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម ពីទំនាក់ទំនងជាមួយប្រទេសសៀម៘ លោកទេសាភិ
បាលក៏បានឆ្លៀតអោកាសនោះ សុំចូលគាល់សំដេច នរោត្តម ដែលបានទទួលលោកយ៉ាងរាក់ទាក់ លោកបានទៅ
ទស្សនាប្រាសាទបុរាណនៅតំបន់អង្គរ ហើយធ្វើដំនើរតាមដងទន្លេមេគង្គឡើងរហូតដល់ល្បាក់ទឹក(៤២)។ លុះ
ត្រលប់ទៅដល់ព្រៃនគរ វិញ លោកបានផ្ញើកំនត់មួយទៅជូនលោក Chasseloup Laubat រដ្ឋមន្រ្ដីក្រសួងទ័ពជើង
ទឹក និង អានានិគម និយាយពីសិទ្ធិរបស់ប្រទេសបារាំងមកលើប្រទេសខ្មែរ។ បើតាមលោក ប្រទេសបារាំងមាន
សិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ព្រោះប្រទេសនេះបានទទួលមត៌កជាសិទ្ធអធិរាជ(droits de suzerai-
neté) ប្រទេសអាណ្ណាម លើប្រទេសខ្មែរ ដោយមធ្យោបាយវៀចវេរមួយ ពីការបញ្ជូលដែនដី កូសាំងស៊ីន ជាកម្ម
សិទ្ធរបស់បារាំង។ ម្យ៉ាងទៀត លោកទេសាភិបាល បូនាដ Bonard ក៏បានអោយពត៌មានដល់លោក Chassloup
Laubat ពីការប្រាថ្នារបស់សៀមមកលើប្រទេសខ្មែរ ហើយលោកបានសង្កត់លើការចាំបាច់របស់ប្រទេសបារាំង
ត្រូវតែការពារអែករាជភាពនៃប្រទេសនេះ ដែលមានទាក់ទង ទៅនឹងសន្ដិសុខនៃដែនដីកូសាំងស៊ីន។

នៅឆ្នាំបន្ទាប់មកទៀត ១៨៦៣ ក្រោយពីត្រូវបានតែងតាំងជាទេសាភិបាលនៃដែនដីកូសាំងស៊ីនហើយ លោកអុ
ត្ដមនាវី De la Grandière បានបញ្ជាអោយលោក អនុនាវីអែក ឌូដាដដឺលាក្រេ ធ្វើដំនើរតាមកប៉ាល់ឈ្មោះ យ៉ា
ឌិញ មកធ្វើសង្កេតការណ៍ផ្សេងៗនៅប្រទេសខ្មែរ ដើម្បីផ្ដល់ពត៌មានដ៏ជាក់លាក់ដល់លោកទេសាភិបាល។

លទ្ធផលនៃបេសកកម្មចុងក្រោយនេះបានបង្ហាញអោយឃើញថា សំដេចនរោត្ដម ទ្រង់មានការចងព្រះទ័យល្អ
ទៅលើប្រទេសបារាំង។ ហើយទោះបីមានបញ្ជាដ៏ស្ទាក់ស្ទើរពីលោក Chasseloup Laubat ដែលប្រាថ្នាចង់រំ
ដោះប្រទេសខ្មែរ ទុកជាប្រទេសទ្រនាប់មួយរវាងប្រទេសសៀម ដែលទទួលអិទ្ធិពលពីអង់គ្លេស និងដែនដីកូសាំង
ស៊ីនជាអានានិគមរបស់បារាំងក៏ដោយ លោកទេសាភិបាល ដីលាក្ហ្រង់និញែ បានធ្វើដំនើរទៅក្រុងអុដុង្គ នៅខែ
សីហា ១៨៦៣។ បើតាមលោក មួរា គឺការជ្រៀតជ្រែករបស់សៀមក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរនោះហើយ ដែល
ជាមូលហេតុញ៉ាំងលោកទេសាភិបាលអោយទៅគាល់ព្រះរាជាខ្មែរក្នុងពេលនោះ ព្រោះបារាំងបានសង្កេតឃើញ
ថា គឺតំនាងសៀមនៅអមព្រះរាជាខ្មែរនោះទេ ជាព្រះរាជាខ្មែរពិតប្រាកដ។ ដូច្នេះ គឺដើម្បីកំចាត់អោយអស់នូវ
អុបាយសំងាត់ទាំងឡាយ របស់សៀមដែលអាចគំរាមគំហែងដល់ជំហររបស់បារាំងនៅអិន្ឌូចិន ដើម្បីបង្កើតអោ
យមានសន្ដិសុខនៅព្រំដែននៃអានានិគមថ្មី និង ដើម្បីត្រួតពិនិតមើលនូវដែនដីខាងក្នុងមួយដែលផ្ដល់ប្រយោជន៍
ច្រើនដែលបារាំងបានតាំងអានាព្យាបាលភាពរបស់ខ្លួនលើប្រទេសខ្មែរ។ លោកទេសាភិបាល ដឺលាក្រ្ហង់ដិយែ បា
នទទួលហេតុផលទាំងនោះយ៉ាងសព្វគ្រប់ដល់ព្រះរាជាខ្មែរ ហើយសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរអោយបារាំង
ជួយការពារ។ សំដេច មិស ទ្រង់បានថ្វាយនូវគំរោងសន្ធិសញ្ញាមួយ ហើយទ្រង់បានធ្វើការពិភាក្សាជាមួយព្រះរា
ជាខ្មែរ ហើយនៅថ្ងៃទី១១ សិហា ១៨៦៣ លោក ដឺលាក្រ្ហង់និញែ បានចុះហត្ថលេខាក្នុងនាមលោកផ្ទាល់ លើសន្ធិ
សញ្ញាមិត្ដភាព ការការពារ និង ពានិជ្ជកម្មមួយជាមួយ សំដេចនរោត្ដម ដែលបានទទួលយល់ព្រមដោយមានការ
ញញើតញញើមយ៉ាងច្រើន។

ដូច្នេះយើងឃើញថា ព្រះបាទនរោត្ដម ពុំបានហៅបារាំងអោយមកតាំងអានាព្យាបាលភាពលើប្រទេសខ្មែរទេ
ហើយព្រះអង្គទ្រង់បានទទួលយកសន្ធិសញ្ញាថ្ងៃ ១១ ខែសីហា ១៨៦៣ នោះ គឺទំនងជាមានការកៀបសង្កត់ដោ
យមិត្ដភាព ពីសំនាក់លោកទេសាភិបាល ដឺលាក្រ្ហង់ដិយែ ជាមិនខាន។ ភស្ដុតាងមួយជាក់ស្ដែងក្នុងរឿងនេះគឺសា
រលិខិតមួយដែលព្រះអង្គទ្រង់បានផ្ញើទៅថ្វាយព្រះចៅសៀម ក្រោយពេលដែលព្រះអង្គបានលាយព្រះហត្ដលេខា
លើសន្ធិសញ្ញាខាងលើ។ ក្នុងសារលិខិតនោះព្រះអង្គទ្រង់ត្អូនត្អែរថា ព្រះអង្គត្រូវគេបង្ខំអោយធ្វើសន្ធិសញ្ញាជាមួ
យបារាំង។

តើមានអ្វីខ្លះជា ខសំខាន់ក្នុងសន្ធិសញ្ញាចុះថ្ងៃទី១១ ខែ សីហា ១៨៦៣?
ក្នុងមាត្រាទី១ មានសេចក្ដីចែងថា ព្រះចៅអធិរាជនៃជនជាតិបារាំងន នឹងផ្ដល់នូវការការពារដល់ព្រះរាជាខ្មែរ
។ ក្នុងមាត្របន្ដបន្ទាប់មកទៀតមានចែងថា ព្រះចៅនៃជនជាតិបារាំង នឹងតែងតាំងរេស៊ីដង់ខ្មែរម្នាក់អោយនៅ
អមលោកទេសាភិបាលនៃដែនដីកូសាំងស៊ីនវិញ។ ប៉ុន្ដែមានការតែងតាំងកុងស៊ុលដទៃក្រៅពីប្រទេសបារាំង
នោះតំរូវអោយមានការយល់ព្រមពីលោកទេសាភិបាលកូសាំងស៊ីនផងដែរ។

ជនជាតិបារាំងដែលមករស់នៅលើទឹកដីខ្មែរក្ដី ជនជាតិខ្មែរដែលរស់នៅក្នុងអធិរាជនាចក្របារាំងក្ដី សុទ្ធតែមាន
សេរីភាពពេញលេញក្នុងការទៅមក និងក្នុងការរស់នៅ អោយតែជនជាតិទាំងនោះ បានទៅសុំចុះឈ្មោះច្បាប់
អនុញ្ញាតពីរេស៊ីដង់របស់ខ្លួន។ លោករេស៊ីដង់បារាំង មានសិទ្ធិជំនំជំរះវិវាទដែលបានកើតឡើងរវាងជនជាតិបា
រាំងនិងជាតិអឺរ៉ុបដទៃទៀត។ ក្នុងករណីមានជំលោះរវាងជនជាតិបារាំង នឹងជាតិខ្មែរវិញនោះ នឹងមានមន្រ្ដីខ្មែរ
ម្នាក់នៅអមលោករេស៊ីដង់បារាំងក្នុងការជំនំជំរះ។

កប៉ាល់របស់បារាំងមានសេរីពេញលេញ ក្នុងការធ្វើជំនួញក្នុងដែនទឹកខ្មែរ ដោយមិនបាច់បង់ពន្ធគយអ្វីទាំងអស់
លើកលែងតែពន្ធលើអាភៀនចេញ ។ អែកប៉ាល់ខ្មែរវិញក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើជំនួញក្នុងកំពង់ផែទាំង
ឡាយនៃដែនកូសាំងស៊ីនវិញដែរ។

រដ្ឋាភិបាលខ្មែរត្រូវសន្យាថា ការពារអ្នកផ្សាយសាសនា ពួកអ្នកប្រាជ្ញបារាំង និងជនជាតិបារាំងជាទូទៅដែលរស់
នៅ រឺដែលធ្វើជំនួញក្នុងទឹកដីខ្មែរ ។ ចំនែកអែជនជាតិខ្មែរដែលរស់នៅ រឺធ្វើជំនួញក្នុងទឹកដីកម្មសិទ្ធបារាំង ក៏នឹង
ត្រូវបានទេសាភិបាលនៃទឹកដីនោះការពារវិញដែរ។

ព្រះចៅអធិរាជនៃជនជាតិបារាំងសន្យាថា នឹងរៀបចំអោយប្រទេសកម្ពុជាបានស្ថិតក្នុងសន្ដិភាពរបៀបរៀបរយ
និងការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ និងផ្ដល់គ្រប់ភាពងាយ
ស្រួល ក្នុការធ្វើគមនាគមន៍ជាមួយនឹងសមុទ្រ។

ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមអោយជាសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា ដើម្បីស្ថាបនាឃ្លាំងផ្ទុក
ធ្យូង ឃ្លាំងសំរាប់ផ្ដល់ស្បៀងដល់កប៉ាល់បារាំង និង បន្ទាយសំរាប់អោយទាហាននៅ។ ពិសេសទៅទៀត ដើម្បី
ជាការដឹងគុណចំពោះប្រទេសបារាំង ដែលបានផ្ដល់នូវការការពារដល់ប្រទេសកម្ពុជា ខ្មែរត្រូវបើសិទ្ធិអោយបារាំ
ងកាប់ឈើ ក្នុងព្រៃទាំងឡាយក្នុងព្រះរាជានាចក្រ ដើម្បីយកទៅស្ថាបនាកប៉ាល់។

សរុបសេចក្ដីមក យើងឃើញថាទោះបីខាងគូភាគីខ្មែរចាញ់ប្រៀបខាងគូភាគីបារាំងខ្លះក៏ដោយ ក៏មានមតិភាគច្រើ
នយល់ឃើញថា ខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃ ១១ខែសីហា១៨៦៣ ព្រោះបារាំងពុំបានដកហូតអំនាចពីព្រះ
រាជាខ្មែរនៅឡើយ។ ប៉ុន្ដែ ទោះបីបារាំងបានសន្យាថា នឹងការពារប្រទេសកម្ពុជាប្រឆាំងនឹងអំពើវាយលុកពី
ក្រៅក៏ដោយ ក៏ព្រះបាទនរោត្ដម ទ្រង់បានធ្វើសន្ធិសញ្ញាសំងាត់មួយជាមួយព្រះចៅសៀមចុះថ្ងៃទី១ ខែធ្នូ ១៧៦៣
ដោយទទួលស្គាស់ថា ប្រទេសកម្ពុជាជាសាមន្ដរដ្ឋរបស់សៀមដដែល និងដោយព្រមលះបង់អោយប្រទេសសៀម
នូវខេត្ដបាត់ដំបង អង្គរ មង្គបុរី ស៊ីសុផុន កំពង់ស្វាយ និងពោធិសាត់(៤៨)។ គួរគប្បីជ្រាបថា សន្ធិសញ្ញាសំងាត់
នេះ បានធ្វើឡើងក្នុងពេលដែលសន្ធិសញ្ញាថ្ងៃ ១១ ខែសីហា ១៨១៣ ត្រូវផ្ញើទៅប្រទេសបារាំងសុំសច្ចាប័នពីព្រះ
ចៅនាប់ប៉ូលេអុងទី៣ ប៉ុន្ដែ លុះបានទទួលសន្ធិសញ្ញាដែលមានសច្ចាប័នពីព្រះចៅ នាប់ប៉ូលេអុងទី៣ហើយ
លោកទេសាភិបាលបារាំងនៅកូសាំងស៊ីន បានតំរូវអោយព្រះចៅសៀមបញ្ជូនគ្រឿងសំរាប់រាជមកអុដុង្គ យ៉ាង
ឆាប់រហ័ស ដើម្បីធ្វើពិធីអភិសេកព្រះបាទ នរោត្ដម នៅថ្ងៃទី៣ ខែមិថុនា ១៨៦៤។ បន្ទាប់ពីនោះរាជទូតសៀម
ត្រូវចាកចេញពីក្រុងអុដុង្គ ហើយព្រះចៅសៀមក៏អស់អំនាចគ្រប់គ្រងមកលើប្រទេសខ្មែរចាប់តាំងពីពេលនោះ
ដែរ។

ការតស៊ូរបស់លោកអាចារ្យស្វា និងលោពោធិកំបោរ
ទោះសន្ធិសញ្ញាថ្ងៃ ១១នខែសីហា ១៨៦៣ ដែលស្ថិតលើដិការ ក្នុងការផ្ដល់ប្រយោជន៍ អោយគ្នាទៅវិញទៅមក
ក៏ដោយ ក៏មានអ្នកស្នែហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំង នឹងការប៉ុនប៉ងរបស់បារាំងក្នុងការត្រួតត្រាប្រ
ទេសខ្មែរដែរ។
គួរគប្បីជ្រាបថា បើតាមអែកសារបារាំង រឺតាមទស្សនៈរបស់អ្នកប្រវត្ដិសាស្រ្ដបារាំងភាគច្រើន គេពុំបានចាត់ទុក
ថា លោកអាចារ្យស្វា និងលោកពោធិកំបោរ ជាវិរជនស្នែហាជាតិទេ តែគេនិយមទុកថា ជាមេចោរ ជាជនបោក
ប្រាស់(៥១) ជាមេអុទ្ទាមទៅវិញ(៩)។
អ្នកប្រវត្ដិសាស្រ្ដខ្លះទៀតបានយល់ថា ការតស៊ូរបស់លោក អាចារ្យស្វា និង ពោធិកំបោរ គឺបន្ដាលមកពីជំលោះរា
ជវង្សវិញ ព្រោះគេបានឃើញថា លោកអាចារ្យស្វា បានតាំងខ្លួនលោកជា អង្គភិម ដែលត្រូវជារាជបុត្ររបស់ព្រះ
អង្គអិម អែពោធិកំបោរបានតាំងខ្លួនជាចៅរបស់ព្រះអង្គចន្ទ។ ប៉ុន្ដែមានមតិខ្លះយល់ថា ការតាំងខ្លួនដូច្នេះគឺគ្មាន
បំនងអ្វីក្រៅទាក់ទាញអោយប្រជារាស្រ្ដចុះចូលអោយបានច្រើន គឺថាធ្វើស្របទៅតាមចិត្ដគំនិតរបស់ខ្មែរក្នុងសម័
យនោះ ដែលនៅគោរពបូជាស្ដេចថាជាអាទិទេពនៅឡើយ(៤៨)។

បើតាមអែកសារខ្មែរ (៥២) និងតាមពាក្យដំនាលតៗមក លោកអាចារ្យស្វា នេះជាខ្ញុំបំរើរបស់នាម៉ឺនម្នាក់ក្នុងរាជ
ធានី អុដង្គ។ លុះបារាំងមកតាំអានាព្យាបាលភាពលើប្រទេសខ្មែរនៅគ.ស. ១៨៦៤ លោកអាចារ្យស្វា បានភៀស
ទៅកទ័ពវាយយកបានខេត្ដទ្រាំង ហើយលើកឆ្ពោះមកក្រុងភ្នំពេញទៀត។ ប៉ុន្ដែ លោកត្រូវវាយថយចូលទៅខេត្ដ
មាត់ជ្រូក។ តាមសំនូមពររបស់លោក ឌូដាដដឺលាក្ហ្រេ លោករូស ជាទេសាភិបាលនៃកូសាំងស៊ីន បានធ្វើអន្ដរា
គមន៍ដោយសុំអោយអាជ្ញាធម៌យួនប្រគល់ខ្លួនលោកអាចារ្យស្វា អោយទៅបារាំង។ ក្រោយមកលោកឌូដាដដឺលា
ក្រ្ហេ និងលោកអនុសេនីអែក អូប្រាយ Obry បានធ្វើប្រតិបត្ដិការសឹកដេញតាមចាប់លោកនៅថ្ងៃទី ១៩ ខែសីហា
១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រលាច រួចនៅកោះ ឡារេអុយនិញ៉ុង La Réunion
ហើយនៅទីបំផុតនៅកោះអង់ទីល Antiles។

ចំនែកលោកពោធិកំបោរ ជាព្រះសង្ឃមួយព្រះអង្គមានដើមកំនើតនៅរោងដំរី។ នៅគ.ស. ១៨៦៥ លោកទេសា
ភិបាល ដឺឡាក្ហ្រង់ដិយែ De la Gradière និង លោករូស Roze បានផ្ដល់មធ្យោបាយជាលុយកាក់អោយលោក
រស់នៅព្រៃនគរ ទំនងជាដើម្បីស្រួលឃ្លាំមើលសកម្មភាពរបស់លោកតែប៉ុណ្ណោះ។ នៅខែ អុសភា ១៨៦៦ លោក
បានភៀសចូលទៅក្នុងខេត្ដរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយមេទាហានបារាំងពីរនាក់ត្រូវអ្នកស្នេ
ហាជាតិសំលាប់។ ទ័ពបារាំងនៅព្រៃនគរបានលើកទ័ពទៅបំរុងនឹងកំចាត់លោក។ លោកក៏ឆ្លងចូលទៅប្រទេស
ខ្មែរ ហើយនៅខែធ្នូ ១៨៦៦ លោកបានលើកទ័ពឆ្ពោះទៅរាជធានីអុដុង្គ និង ភ្នំពេញ។ បារាំងបានសុំជំនួយទ័ពពី
ក្រសួងទ័ពជើងទឹក និង អានានិគម ហើយធ្វើអន្ដរាគមន៍ការពារក្រុងទាំងពីរនេះ។ ប៉ុន្ដែ នៅខែមករា ១៨៦៧
ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង : រាស្រ្ដក្រោកឈរប្រឆាំងបារាំងគ្រប់ទី
កន្លែង។

នៅថ្ងៃទី៩ ខែមករា ១៨៦៧ បារាំងសុំជំនួយទ័ព និងថវិការថែមទៀត។ នៅខែកុម្ភៈ និងមិនានៅឆ្នាំដដែល ទ័ពបា
រាំងវាយឈ្នះទ័ពលោកពោធិកំបោរ នៅអុដុង្គ លោកដកថយទៅនៅខេត្ដកំពុងស្វាយ តែបារាំងដេញតាមចាប់
លោក លោកក៏ថយទៅខាងជើងទៀត។

គួរគប្បីជ្រាបថា នៅខែមិថុនា ១៨៦៧ ខេត្ដទាំង៣ គឺលង់ហោរ មាត់ជ្រូក និង ពាម ដែលយួនបានយកពីខ្មែរនោះ
ត្រូវបារាំងវាយយកបញ្ចូលជាអានានិគមកូសាំងស៊ីនរបស់ខ្លួនទៀត ព្រោះខេត្ដទាំង៣ នោះជាទីតាំងរបស់ពួកយួ
នដែលប្រឆាំងបារាំង និងជួយគាំទ្រពួកអ្នកស្នេហាជាតិខ្មែរ ក្នុងការប្រឆាំងបារាំងដូចខ្លួនដែរ។ នៅពេលនោះ
លោកពោធិកំបោរបានធ្វើសកម្មភាពជាថ្មីនៅខាងជើងខេត្ដរោងដំរី និង នៅតំបន់បាភ្នំ។ ប៉ុន្ដែលោកត្រូវទ័ពរបស់
ព្រះកែវហ្វាស៊ីសុវត្ដិ រុញច្រានអោយភៀសទៅប្រទេសលាវ ហើយគេសំលាប់លោកបានក្នុងពេលភៀសខ្លួននោះ
នៅថ្ងៃទី៣០ ខែវិច្ឆកា ១៨៦៧។ មានអែកសារខ្លះថា លោកត្រូវគេសំលាប់នៅខែធ្នូ (៧០) ហើយរាស្រ្ដដែលនឿ
យនាយនិងការជិះជាន់របស់លោកនេះអែងដែលបានសំលាប់លោក(៩)។

គួរគប្បីជ្រាបម្យ៉ាងទៀតថា នៅពេលដំនាលៗគ្នានោះគឺ នៅថ្ងៃ ១៥ កក្កដា ១៨៦៧ ព្រះចៅសៀម និងព្រះចៅអ
ធិរាជបារាំង បានធ្វើសន្ធិសញ្ញាមួយជាមួយគ្នា។ តាមរយសន្ធិសញ្ញានេះ ព្រះចៅសៀមទ្រង់ទទួលស្គាល់ជាអោ
លារិក នូវអានាព្យាបាលភាពរបស់បារាំងមកលើប្រទេសកម្ពុជា។ ចំនែកខាងបារាំងបានសន្យាថា មិនវាយយក
ប្រទេសនេះទៅបញ្ចូលជាមួយអានានិគមកូសាំងស៊ីនរបស់ខ្លួន ហើយត្រូវទទួលស្គាល់ថាខេត្ដ បាត់តំបង អង្គរនិ
ង ស៊ីសុផុន ជាកម្មសិទ្ធិរបស់សៀមជាស្ថាពរ។ គឺនៅឆ្នាំ ១៨៦៧ ដដែលនេះដែរដែលព្រះបាទនរោត្ដមទ្រង់បាន
លើករាជធានីពី អុដុង្គទៅតាំងនៅក្រុងភ្នំពេញវិញ។

ការកែទំរង់លើកដំបូង
នៅគ.ស. ១៨៧០ ព្រះកែវហ្វាស៊ីសុវត្ដិ ព្រះអនុជព្រះបាទ នរោត្ដម បានយាងពីព្រៃនគរ ចូលប្រទេសខ្មែរវិញ ហើ
យត្រូវបានតាំងជាមហាអុបរាជ។ នៅគ.ស. ១៨៧៦ ព្រះអង្គស៊ីវត្ថា ដែលភៀសទៅសៀមពីមុនបានត្រលប់ចូល
ស្រុកវិញ ហើយបំបះបំបោររាស្រ្ដម្ដងទៀតនៅត្រង់ បាភ្នំ រំដួល ព្រៃវែង។ តាមរាជពង្សាវតារខ្មែរ ថានេះជាអុ
បាយកលថ្មីមួយទៀតរបស់សៀមដែលបានគិតថា បើបានបារាំងទំនុកបំរុងយូរទៅ មុខជាទាមទារយកទឹកដីដែ
លសៀមបានយករួចហើយទើបសៀមអោយព្រះអង្គស៊ីវត្ថាមកច្បាំងដន្ដើមរាជ។ លើកនេះទៀតព្រះមហាអុប
រាជស៊ីសុវត្ដិ ត្រូវចាត់អោយចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយទ័ពបារាំងផង។

លុះបានសន្ដិភាពឡើងវិញ ហើយក្រោយពីបានធ្វើទស្សនកិច្ចនៅក្រុងខ្លះដូចជា ហុងកុង ម៉ាកាវ កង់តុង និង ម៉ា
នីល(១៨៧២) ដើម្បីទ្រង់ជ្រាបពីវឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារ
បច្ចេកទេសអ្នកគ្របគ្រង ពួកឈ្មួញ និង ពួកអ្នកជំនួញ ខាងហិរញ្ញវត្ថុជាតិអឺរ៉ុប និង ក្រោយពីបានធ្វើការចរចាជា
ច្រើនលើកជាមួយអ្នកដំនាងប្រទេសបារាំង ទើបព្រះបាទនរោត្ដម ទ្រង់បានសំរេចព្រះទ័យថា ត្រូវតែធ្វើការកែទំ
រង់តាមព្រះរាជបញ្ញត្ដិចុះថ្ងៃទី ១៥ ខែមករា ១៨៧៧ ដើម្បីអោយប្រទេសជាតិបានរីកចំរើនលូតលាស់ទាន់សម័យ
នឹងគេ។

– បញ្ញត្ដិទាក់ទងនឹងរាជវង្សានុវង្ស
បញ្ញត្ដិនេះបានសំរេចលុបចោលនូវឋានៈ ជាអុភយោរាជ អុបរាជ និងវររាជជិនីព្រមទាំងមន្រ្ដីទាំង៣ សំរាប់នៃ
ក្សត្រទាំង៣នេះ ក្រោយពេលដែលក្សត្រក្នុងឋានៈនេះសោយទីវង្គតទៅ។ ប្រាក់បៀរវត្សនៃក្សត្រា ក្សត្រីក្នុងរាជ
វង្សានុវង្សត្រូវបានតំលើង ដើម្បីអោយក្សត្រទាំងនោះ អាចមានជីវភាពរស់នៅដោយសមរម្យផង។ អែប្រាក់ចំ
នូលមួយភាគធំត្រូវយកទៅចាយក្នុងកិច្ចការប្រយោជន៍រួមវិញ។
ព្រះមហាក្សត្រិយ ទ្រង់គង់នៅជាម្ចាស់នៃដីទាំងឡាយក្នុងព្រះរាជានាចក្រ ប៉ុន្ដែព្រះអង្គទ្រង់បានសន្យាថា និង
ពន្យារយៈពេលនៃការជួលដីសំរាប់ធ្វើស្រែចំការអោយបានវែងជាងមុន។

– បញ្ញត្ដិទាក់ទងនឹងរដ្ឋាភិបាល
មានការបង្កើតក្រុមប្រឹក្សា មួយដែលមានមន្រ្ដីជាន់ខ្ពស់៥នាក់ រដ្ឋមន្រ្ដី ដែលអាចពិភាក្សាកិច្ចការរដ្ឋ ដោយគ្មានវត្ដ
មានរបស់ព្រះរាជា។ ក្រុមប្រឹក្សានេះត្រូវទទួលភារៈត្រួតពិនិត្យមើលការអនុវត្ដច្បាប់ សិក្សាពីការកែទំរង់ចាំបាច់
ដែលត្រូវធ្វើ និងពិនិត្យមើលនូវកិច្ចព្រមព្រៀងទាំងឡាយរវាងរដ្ឋាភិបាល និងជនទាំងឡាយណាដែលចង់ធ្វើអាជីវ
កម្មអ្វីមួយក្នុងរាជានាចក្រ។

– បញ្ញត្ដិទាក់ទងនឹងរដ្ឋបាល
ទឹកដីខ្មែរទាំងមូលត្រូវបែងចែកជា មណ្ឌលរដ្ឋបាល ធំៗប្រាំ តាមចំនួននៃរដ្ឋមន្រ្ដីទាំងប្រាំ ដែលត្រូវគ្រប់គ្រងមណ្ឌ
លនិមួយៗ។ ចំនួនខេត្ដត្រូវបង្រួញពី ៥៧មកនៅត្រឹម ៥០វិញ។ អំនេះតទៅ ពួកនាម៉ឺនត្រូវទទួលប្រាក់បៀរវត្ស
ដែលមានកំរិតជាក់លាក់ ហើយត្រូវហាមឃាត់មិនអោយធ្វើជំនួញ។ ពួកអុកញ៉ាហ្លួងដែលមានភារៈទៅត្រួតមើល
ខេត្ដនានាត្រូវលប់ចោល ព្រោះពួកនេះបានទាញយកផលប្រយោជន៍ពីព្រះរាជាផង និងពីប្រជារាស្រ្ដផង(៥៣)។
ម្យ៉ាងទៀតប្រជារាស្រ្ដមានសិទ្ធិជ្រើសរើស មេស្រុក មេឃុំ និង ជំទប់ របស់ខ្លួន។

– បញ្ញត្ដិទាក់ទងនឹងពន្ធដា
គេបានលប់ចោលនូវរបបទារពន្ធតាមភាស៊ី លើកលែងតែភាស៊ីខាងអាភៀន និងស្រាចេញ។ ម្យ៉ាងទៀតពន្ធមួយ
ចំនួនក៏ត្រូវគេលប់ចោលដែរ ជាពិសេសពន្ធលើល្បែងស៊ីសង ដែលត្រូវហាមឃាត់ក្នុងសម័យនោះ។ កំនែនអោ
យធ្វើការជូនរដ្ឋ ត្រូវរក្សាទុកនៅដដែល ប៉ុន្ដែថេរវេលាត្រូវបន្ថយមកនៅត្រឹម៩០ថ្ងៃក្នុង១ឆ្នាំ ហើយដែលគេអាច
យកប្រាក់ទៅលោះបាន។ ពន្ធលើផលិតផលកសិកម្មខ្លះដូចជា ម្លូ ម្រេច ស្ករ ត្រូវបានបន្ធូរបន្ថយ(៥៣)។

– បញ្ញត្ដិទាក់ទងនឹងតុលាការ
មានការគ្រោងបង្កើតនូវតុលាការជាន់ខ្ពស់មួយ ដែលមានមុខងារជាសាលាអុទ្ធរណ៍។ ពួកមន្រ្ដី ដែលទទួលសំនូ
កពីគូក្ដីត្រូវទទួលទណ្ឌកម្មជាទំងន់។ ប្រាក់ពិន័យលែងបានទៅពួកចៅក្រមទៀតហើយ។ មន្រ្ដីប្រភេទនេះត្រូវទទួ
លប្រាក់បៀរវត្សដែលមានកំរិតជាក់លាក់ ដូចមន្រ្ដីអែទៀតៗដែរ។ ជីវភាពរបស់ជនជាប់គុកត្រូវបានរៀបចំអោយ
បានប្រសើរជាងមុន។

– បញ្ញត្ដិទាក់ទងនឹងទាសភាព
ពួកទាសាទាសីដែលត្រូវទៅនៅបំរើម្ចាស់បំនុលអស់មួយជីវិតពីមុននោះ អាចលោះខ្លួនអោយរួចពីខ្ញុំគេបាន។
ការលក់ដូរពួកមនុស្សព្រៃ និង កូនក្មេងត្រូវហាមឃាត់។
ក្រៅពីបញ្ញត្ដិចុះថ្ងៃទី១៥ ខែមករា ១៨៧៧នេះ គួរកត់សំគាល់ថា នៅមានអនុញ្ញាមួយចុះថ្ងៃទី២៨ ខែមករា ឆ្នាំដ
ដែល ហើយដែលធ្វើឡើងរវាងព្រះបាទ នរោត្ដម និងលោកទេសាភិបាលកូសាំងស៊ីន។ អនុសញ្ញានេះបានបើក
អំនាចយ៉ាងទូលាយថែមទៀតដល់តំនាងប្រទេសបារាំងនៅអមព្រះរាជាខ្មែរ ដោយអុញ្ញាតអោយលោកចូលរួម
ក្នុងកិច្ចប្រជុំទាំងឡាយរបស់គណៈរដ្ឋមន្រ្ដី ដើម្បីផ្ដល់យោបល់ផ្សែងៗបាន។ ក្នុងករណីណាដែលមានបញ្ហាសំខា
ន់ៗត្រូវដោះស្រាយនោះ វត្ដមានរបស់តំនាងប្រទេសបារាំងជាការចាំបាច់។

About Bona

បណ្ដាញសម្រាប់ទំនាក់ទំនង ចែករំលែក ពិភាក្សា ពីជ្រុងមួយនៃប្រទេសកម្ពុជា

Posted on February 19, 2008, in ប្រវត្តិសាស្រ្ដ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s